កម្ពុជារំពឹងទទួលបាន500លានដុល្លារពីផលិតកម្មប្រេងប្រចាំឆ្នាំ

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពលបានថ្លែងថា កម្ពុជានឹងទទួល​បានចំណូលប្រមាណ500លានដុល្លារអាមេរិកពីផលិតកម្មប្រេងលើកដំបូងដែលរំពឹងទទួលបានធនធានប្រេង47លានបារ៉ែលពីតំបន់ប្លុកA។

រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពលោក ម៉េង ស័ក្តិធារ៉ា បានថ្លែងឲ្យដឹងថា បើតាមការសន្និដ្ឋានបរិមាណប្រេងនៅក្នុងប្លុកA ដែលអាចធ្វើការបូមបាននាពេលអនាគត កម្ពុជាអាចទទួលបានប្រមាណ6.5ភាគរយ ស្មើនឹង47លានបារ៉ែល ជាប្រភេទប្រេងឆៅដែ​ល​អាចបូមយកមកលើដីបាន។ លោកបន្តថា ពាក់ព័ន្ធនឹងប្រេងកាតនៅក្នុងប្លុកAនេះ កន្លងមកយើងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសារពើរពន្ធ និងកិច្ចព្រមព្រៀ​ងបច្ចេកទេសរវាងរាជរដ្ឋាភិបាល និងក្រុមហ៊ុន គ្រីស អេនើជី   (Kris Energy) រួចមកហើយដើម្បីដំណើរឆ្ពោះទៅការផលិតប្រេងនៅក្នុងប្លុកនេះ ។

លោកបន្តថា “បើតាមការសន្និដ្ឋានដែលបានសិក្សាស្រាវជ្រាវកន្លងមក យើងអាចធ្វើការប៉ាន់ស្មានបានថា ប្រេងក្នុងប្លុកAនេះដែលយើងអាចធ្វើការបូមបានមានចំនួនប្រមាណ6.5ភាគរយ ស្មើនឹង47លានបារ៉ែល ជាប្រេងដែលយើងបូមពីក្នុងដីយកមកលើគោកពិតប្រាកដ”។

លោករដ្ឋលេខាធិការបានបន្តថា ប្រសិនមានការប្រែប្រួលលើលក្ខណៈសណ្ឋានដី និងភាពអំណោយផលនៅលើដីនោះ អត្រានៃការធ្វើអាជីវកម្មនឹងអាចកើនឡើងដល់15ភាគរយជាបន្តទៀត ដោយយើងអាចធ្វើការបូមទាញយកបានប្រមា​ណជា110លានបារ៉ែលថែមទៀត។

លោក ង៉ែត ជូ ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃក្រុមហ៊ុនEmerging Market Consulting បាន​ថ្លែងថា វាជារឿងដែលត្រូវអបអរសាទរចំពោះ​ដំណឹងដ៏ល្អនេះ ប៉ុន្តែជាមួយគ្នានេះកម្ពុជានៅមានរយៈពេលវែងបន្ថែមទៀតដើម្បីរៀបចំបទដ្ឋានច្បាប់ និងបទប្បញ្ញត្តិនានាដើម្បីធ្វើយ៉ាងណាឲ្យធនធានប្រេងទទួលបាន និងទឹកប្រាក់ដែលបានពីប្រេងនេះនឹងត្រូវប្រើប្រាស់បែងចែកច្បាស់លាស់ដើម្បីយកមកអភិវឌ្ឍប្រទេសជាតិ។

លោកបន្តថា “វិស័យនេះជាវិស័យថ្មីសម្រាប់កម្ពុជា ហេតុនេះការរៀបចំច្បា​ប់បទដ្ឋានច្បាស់លាស់ជារឿងមួយសំខាន់ណាស់ ព្រោះបច្ចុប្បន្នច្បាប់របស់យើងហាក់នៅមានភាពចន្លោះប្រហោងទាក់ទងនឹងវិស័យនេះ”៕

 

Advertisement