ចំនួនសណ្ឋាគារនៅរាជធានីភ្នំពេញកើនឡើងជិត20ភាគរយ

ភ្នំពេញៈ ស្របពេលការមកដល់នៃភ្ញៀវទេសចរអន្តរជាតិ និងអ្នកជំនួញកាន់តែច្រើនបានធ្វើឲ្យការផ្គត់ផ្គង់សណ្ឋាគារនៅរាជធានីភ្នំពេញកើនឡើងជិត20ភាគរយក្នុង​ឆមាសទី1ឆ្នាំនេះ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមការសិក្សារបស់ក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុបបានរកឃើញថា គិតត្រឹមដំណាច់ឆមាសទី1ឆ្នាំនេះ ចំនួនបន្ទប់សណ្ឋាគារនៅរាជធានីភ្នំពេញបាន​កើនឡើងពី16,638បន្ទប់កាលពីឆ្នាំមុនដល់ចំនួន19,854បន្ទប់នៅដំណាច់​ឆមាសទី1ឆ្នាំនេះ ហើយចំនួនសណ្ឋាគារសរុបនៅរាជធានីភ្នំពេញបានកើនពី355ដល់ចំនួន437អគារនៅក្នុងរយៈពេលដដែលនេះ។

ក្នុងនោះសណ្ឋាគារលំដាប់ផ្កាយពីរមានចំនួន3,856បន្ទប់ ស្មើនឹង110អគារ សណ្ឋាគារផ្កាយបីមានចំនួន7,009បន្ទប់​ ស្មើនឹង194អគារ សណ្ឋាគារកម្រិតផ្កាយបួនមានចំនួន6,159បន្ទប់ ស្មើនឹង121អគារ និងសណ្ឋាគារកម្រិតផ្កាយប្រាំមានចំនួន2,930បន្ទប់ និងស្មើនឹងចំនួន12អគារ។

ការសិក្សាដដែលបានរកឃើញថា តម្លៃបន្ទប់សណ្ឋាគារបានកើនឡើងតិចតួចនៅឆ្នាំនេះធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយតម្លៃបន្ទប់សណ្ឋា​គារផ្កាយ5មានតម្លៃជាមធ្យម200ដុល្លារក្នុងមួយយប់កាលពីឆ្នាំមុន និងបានកើនឡើងជាង200ដុល្លារនៅឆ្នាំនេះ។

លោក ប៉ែន សុខគា នាយកផ្នែកវាយតម្លៃនៃក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុបបាន​ថ្លែងថា អ្នកវិនិយោគលើវិស័យសណ្ឋាគារនៅក្រុងភ្នំពេញភាគច្រើនជាអ្នកវិនិយោគក្នុងស្រុក ដោយសារអាជីវកម្មប្រភេទនេះមានការចាប់អារម្មណ៍ច្រើនពីអ្នកវិនិយោ​គ ព្រោះការវិនិយោគក្នុងវិស័យនេះមិនសូវមានហានិភ័យនោះទេ ដោយសារចំនួនភ្ញៀវអន្តរជាតិបានកើនឡើងជាបន្តបន្ទាប់។

លោកបន្តថា “កត្តាសន្តិភាព និងស្ថិរភាពនយោបាយក៏រួមចំណែកជួយជំរុញកំណើនវិនិយោគក្នុងវិស័យនេះផងដែរ”៕

Advertisement