តើគួរយកសំរាមទៅចាក់ចោល ឬគួរកែច្នៃឱ្យកើតប្រយោជន៍?

ភ្នំពេញ៖ សំរាមនៅតែជាបញ្ហាកង្វល់សម្រាប់ប្រជាពលរដ្ឋ ក៍ដូចជាអាជ្ញាធររាជធានីភ្នំពេញ នៅឡើយ ដោយ​សារ​តែវាបានបង្កការកកស្ទះលូបង្ហូរទឹក និងជិះក្លិនស្អុយដល់មនុស្សទូទៅ ពិសេសនៅរដូវបិណ្ឌភ្ជុំនេះតែម្តង។ ដូច្នេះសួរថា តើគេត្រូវកែច្នៃសំរាមទៅជារបស់មានប្រយោជន៍ ឬក៏គ្រាន់តែយកទៅចាក់ចោលនៅទីឆ្ងាយណាមួយ?។

ដើម្បីកែច្នៃឱ្យទៅជារបស់មានប្រយោជន៍ ក្រុមហ៊ុនគ្រួចស័កដាខូអិលធីឌី ដែលជាក្រុមហ៊ុនដំបូងគេបានទទួលសិទ្ធិអនុញ្ញាតពីសាលារាជធានីភ្នំពេញដើម្បីពិនិត្យ និងកែច្នៃសំរាមឱ្យក្លាយជាជីសរីរាង្គដ៏មានប្រយោជន៍ក្នុងវិស័យកសិកម្ម ក៏ដូចជាកាត់បន្ថយការកកស្ទះលូបង្ហូរទឹកស្អុយ និងកាត់បន្ថយក្លិនស្អុយចេញពីតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ។

យ៉ាងណាក៏ដោយក្រុមហ៊ុនខាងលើអាចធ្វើការកែច្នៃសំរាមបានប្រមាណតែចន្លោះពី70ទៅ150តោនប៉ុណ្ណោះក្នុងមួយថ្ងៃ និងត្រូវការផ្ទៃដីចំនួន4,000ម៉ែត្រការ៉េដើម្បីធ្វើជាកន្លែងលទ្ធកម្មក្នុងប្រតិបត្ដិការវិនិយោគរបស់ខ្លួន។ ប៉ុន្តែសំរាមនៅក្នុងរាជធានីភ្នំពេញមានបរិមាណច្រើនគួរឱ្យកត់សម្គាល់ដែលក្នុងមួយថ្ងៃត្រូវបានគេដឹកចេញប្រមាណជា 2,000តោន ដើម្បីយកទៅចាក់ចោលនៅទីលានចាក់សំរាមនៅជាយក្រុងភ្នំពេញ។

សំនួរសួរថា បើសិនជាសំរាមត្រូវបានប្រជាជនផលិតប្រមាណជា 2,000តោនក្នុងមួយថ្ងៃបែបនេះ តើរយៈពេលប្រហែល3ទសវត្សរ៍កន្លងមកនេះ សំរាមត្រូវបានគេយកទៅចាក់ចោលនៅទីណា ហើយ​ប៉ះពាល់ដល់ប្រជាពលរដ្ឋដូចម្តេចទៅ?។ ជាក់ស្តែងអតីតទីលានចាក់សំរាមនៅតំបន់ស្ទឹងមានជ័យក៍ដូចជាទីលានចាក់សំរាមនៅសង្កាត់ជើងឯកដែរ គេនៅមិនទាន់បានកែច្នៃឱ្យទៅជាប្រ​យោជន៍សម្រាប់បង្កើតជាជីសរីរាង្គនោះទេ។ ប្រជាពលរដ្ឋរស់នៅក្បែរគំនរសំរាម បានត្រឹមតែ​រអ៊ូរទាំថា ជួបការលំបាកក្នុងការរស់នៅ អំពីការដកដង្ហើមស្រូបយកក្លិនស្អុយជាប្រចាំ ហើយពេលខ្លះទទួលទានបាយត្រូវចងមុងទៀតផង ដើម្បីកុំឱ្យសត្វរុយមករោមម្ហូបអាហារ។

តែយ៉ាងណាក៏ដោយក្រុមហ៊ុនបារាំងមួយក៏មានចំណាប់អារម្មណ៍ក្នុងការកែច្នៃសំរាមឱ្យទៅជាថាមពលអគ្គិសនីផងដែរ។ ជាក់ស្តែងលោកជំទាវ EVA NGUYEN BING ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា កាលពីសប្តាហ៍មុនបានជួបជាមួយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញដើម្បីពិភាក្សាការងារពង្រឹងចំណងមិត្តភាពទាំងផ្នែកវិនិយោគ ផ្នែកទេសចរណ៍ និងផ្នែកសន្តិសុខនៃប្រជាជនព្រមទាំងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។

ក្នុងជំនួបនោះលោកស្រីក៏បានលើកឡើងដែរអំពីគម្រោងវិនិយោគកែច្នៃសំរាមឱ្យទៅជា​ថាមពល​អគ្គិសនីតាមរយៈក្រុមហ៊ុនបារាំងសហការជាមួយក្រុមហ៊ុនចិនផងដែរ តែយ៉ាងណាក្តីគេនៅមិនទាន់បានដឹងថា តើគម្រោងទាំងពីរខាងលើនេះនឹងត្រូវដំណើរការនៅពេលណានោះទេ។ តែបើទោះបីជាដូច្នេះក៏ដោយ ក៏គេរំពឹងថា នៅពេលដែលគម្រោងកែច្នៃសំរាមទាំងពីរកើតឡើងនោះ ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញទាំងមូលនឹងអស់ក្តីកង្វល់ពីបញ្ហាសំរាមនេះទៀតហើយ៕

 

Advertisement