គម្រោង​ទីក្រុង​រ​ណ​ប​បឹង​ជើងឯក​នឹងធ្វើ​ឱ្យមាន​លំហូរ​សេដ្ឋកិច្ច​កាន់តែខ្លាំង

ភ្នំពេញ – មាន​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​ជាច្រើន​កំពុងតែ​បោះជំហាន​ឆ្ពោះទៅរក​តំបន់​ភាគខាងត្បូង​នៃ​រាជធានី​ភ្នំពេញ (ខណ្ឌដង្កោ)ដែល​នឹង​ជំរុញឱ្យមាន​លំហូរ​សេដ្ឋកិច្ច និង​ជួយ​លើក​កម្រិតជីវភាព​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីនោះ​ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ​ឡើង និង​អ្វីដែល​គួរឱ្យ​សាទរ​ជាង​នេះ​គឺ នៅក្នុង​នោះ​មាន​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណប​បឹង​ជើងឯក​នឹង​ចេញ​ជា​ផ្លូវការ​ក្នុងពេលឆាប់ៗ ដែល​នឹង​កាន់តែ​ធ្វើឱ្យ​កម្រិតជីវភាព​ប្រជាជន​ដែល​រស់នៅ​តំបន់​នោះ​កាន់​តែមាន​ភាពល្អប្រសើរ​ជាង​ពេលបច្ចុប្បន្ន​បន្ថែមទៀត។

ក្នុង​កិច្ចប្រជុំ​ពិនិត្យ​ការងារ​រៀបចំ​អភិវឌ្ឍន៍​ទីក្រុង​រណប​បឹង​ជើងឯក​ដែល​ដឹកនាំ​ដោយ​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ធ្វើឡើង​កាលពី​ថ្ងៃទី4 កញ្ញា បាន​ពិភាក្សា​លើ​បញ្ហា​នេះ ដោយ​ធ្វើយ៉ាងណា​ឱ្យ​ការអភិវឌ្ឍ​គម្រោង​ទីក្រុង​រណប​បឹង​ជើងឯក​នេះ​ដំណើរការ​ទៅមុខ​រលូន។ ជាងនេះទៅទៀត ឯកឧត្ដម​ក៏បាន​ជំរុញ​ឱ្យ​ក្រុមការងារ​កំណត់​ព្រំប្រទល់​តំបន់​អភិវឌ្ឍន៍ និង​ព្រំប្រទល់​អាង​ស្ដុក​ទឹក​ឱ្យបាន​ច្បាស់លាស់​មុននឹង​ឈានទៅដល់​ការងារ​ដោះស្រាយបាន​ល្អប្រសើ​រ​ឡើង។

ជុំវិញ​ការអភិវឌ្ឍ​តំបន់​ទីក្រុង​រណប​បឹង​ជើងឯក​នេះ លោក​ឧកញ៉ា នួន រិទ្ធី អគ្គនាយក​ក្រុមហ៊ុន KFA បាន​លើកឡើងថា ព័ត៌មាន​នៃ​ការអភិវឌ្ឍគម្រោង​ទីក្រុង​រណប​បឹង​ជើងឯក​ពិតជា​ដំណឹង​ល្អ​មួយ និង​គួរឱ្យ​រីករាយ​ជាខ្លាំង ព្រោះ​បានបង្ហាញ​ឱ្យឃើញ​ពី​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​ដែល​ធ្វើឱ្យមាន​ស្ថិរភាព និង​រក្សាបាន​កំណើនសេដ្ឋកិច្ច7% ដែល​ធ្វើឱ្យ​អ្នកវិនិយោគ​មាន​ទំនុក​ចិ​ត្ដ និង​បន្ដ​ការ​អភិ​វឌ្ឍ​ទោះជា​ក្នុង​កាលៈទេសៈ​ណាក៏ដោយ។

អគ្គនាយក​ក្រុមហ៊ុន KFA បាន​បន្ដថា៖ «ការបង្កើតឱ្យមាន​ទីក្រុង​រណប​ជា​រឿង​មួយ​ល្អ​ព្រោះ​វា​បានផ្ដល់​ផលប្រយោជន៍​ជាច្រើន និង​ជា​មុខមាត់​របស់​ប្រទេសជាតិ​យើង។ នៅ​េពល​មាន​គម្រោង​នោះ​កើតឡើង វា​នឹង​បានផ្ដល់​ការងារ​ជូន​ដល់​ប្រជាជន​កាន់តែច្រើន​ដែល​ចាប់ផ្ដើម​តាំងពី​ការងារ​សាងសង់​រហូតដល់​ការងារ​បដិសណ្ឋារកិច្ច និង​សេវាកម្មផ្សេងៗទៀតផង»។

បច្ចុប្បន្ន​តម្លៃ​ដី​នៅ​តំបន់​ដង្កោ​ទាប​បំផុត​ស្ថិតក្នុង​ចន្លោះ25-30ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។ សម្រាប់​តម្លៃ​ដី​លំនៅឋាន​មធ្យម​អាច​នៅ​ចន្លោះ100-200ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។  តំបន់​ពាណិជ្ជកម្ម​ចាប់ពី​រង្វង់​មូល​កួរស្រូវ​ទៅដល់​សាលាខណ្ឌ​ដង្កោ​តម្លៃ​ដី​ស្ថិតក្នុង​ចន្លោះ300-800ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។ លោក​ឧកញ៉ា​បាន​លើកឡើងថា ប្រសិនបើ​គម្រោង​ទីក្រុង​រណប​នោះ​ចេញ​ជា​ផ្លូវការ​តម្លៃ​ដី​នៅ​ទីនោះ​អាច​នឹង​កើនឡើង5ដង​នៃ​តម្លៃ​ធម្មតា។

ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ លោក​ឧកញ៉ា​នួន រិទ្ធី បញ្ជាក់ថា៖ «ជុំវិញ​ការអភិវឌ្ឍ​យើង​ត្រូវ​មើល​ទៅលើ​គម្រោង​មេ​របស់​សាលា​រាជធានី​ភ្នំពេញ។ សម្រាប់ខ្ញុំគិតថា​ ជាបឋម​ប្រហែលជា​អាច​កើតឡើង​នូវ​សូន​កម្សាន្ដ បន្ទាប់មក​អាចមាន​អគារ​ស្នាក់នៅ អគារ​ពាណិជ្ជកម្ម ផ្សារ​ទំនើប សាលារៀន មន្ទីរពេទ្យ ឬ​អគារ​រដ្ឋបាលផ្សេង។ យោងតាម​ការរីកចម្រើន​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​យើង ក្រុមហ៊ុន​នឹង​អាចមាន​ការកកើត​ច្រើន ដូច្នេះ​អគារ​ពាណិជ​កម្ម​ដែល​បង្កើតថ្មីៗ នឹង​បំពេញតម្រូវការ​សម្រាប់​ក្រុមហ៊ុនថ្មីៗដែល​ចង់​មក​ធ្វើ​ជំនួញ​ដែរ»។

អគ្គ​នាយ​ក្រុមហ៊ុន KFA បាន​លើក​ឧទាហរណ៍​ថា ដូចជា​តំបន់​បឹង​កេងកង​ដែល​សម្បូរ​ទៅដោយ​អគារ​ការិយាល័យ អគារ​អង្គការ ប៉ុន្ដែ​បច្ចុប្បន្ន​កន្លែង​ខ្លះ​ត្រូវបាន​ផ្លាស់ប្ដូរ​ទៅជា​ទីតាំង​ពី​ភោជនីយដ្ឋានល្បីៗ ទំនើបៗ ដូច្នេះ​អគារ​ការិយាល័យ​ទាំងនោះ​នឹងត្រូវ​ផ្លាស់ប្ដូរ​ទីតាំង​ទៅរក​កន្លែង​អភិវឌ្ឍន៍ថ្មីៗ ដែល​យើង​មើលឃើញថា វា​ជា​រឿង​ធម្មតា និង​ជា​ការវិវឌ្ឍ​នៃ​ប្រទេស​កំពុងអភិវឌ្ឍន៍៕

Advertisement