លោក​ឧកញ៉ា សៀ រិទ្ធី៖ ស្រុក​ខ្មែរ​មិនទាន់​ដល់ពេល​វិនិយោគ​លើ​ផលិតផល​ប្រ៊េ​ន​ដ៍​ល្បី​ទេ

ភ្នំពេញៈ ឧកញ៉ា​ដែលមាន​ឈ្មោះ​បោះ​សំឡេង​ក្នុង​វិស័យ​អចលនទ្រព្យ​បាន​ថ្លែងថា ស្រុក​ខ្មែរ​នាពេលនេះ​មិនទាន់​ដល់ពេល​ត្រូវ​វិនិយោគ​លើ​ផលិតផល​ដែលមាន​ប្រ៊េ​ន​ដ៍ល្បីៗទេ វា​ទាមទារ​ពេលវេលា​យ៉ាងហោចណាស់​ក៏5ឆ្នាំ​ទៀត​ដែរ។

លោក​ឧកញ៉ា សៀ រិទ្ធី ​អគ្គនាយក​ក្រុមហ៊ុន World Bridge Group បាន​ថ្លែង​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃទី២ ខែកញ្ញា​កន្លងទៅ​ថា ពេលណា​និយាយ​ពី​ផលិតផល​ប្រណីត គេ​និយាយ​ពី​ផ្នត់គំនិត​របស់​មនុស្ស​ក្នុង​ការទិញ ព្រោះ​ជនជាតិខ្មែរ​ក៏ដោយ ជនជាតិ​ថៃ​ក៏ដោយ​នៅតែ​និយម​ទៅ​ទិញ​ទំនិញ​នៅ​បរទេស។ សំណួរ​សូរ​ថា ហេតុ​អី​បាន​ខ្មែរ​ទៅ​ទិញ​នៅ​ប្រទេស​ថៃ ឯ​ជនជាតិ​ថៃ​ទៅ​ទិញ​ទំនិញ​នៅ​ក្រុងប៉ារីស ប្រទេស​បារាំង ដោយសារ​គាត់​យល់ថា ទំនិញ​នៅ​ទីនោះ​មានតម្លៃ​ថោក​ជាង ប៉ុន្តែ​ការ​ទៅ​ទិញ​នៅ​ប្រទេស​ថៃ​មិនមែន​ដោយសារ​ថោក​ជាង​នោះទេ តែ​ពួកគាត់​គិតថា ផលិតផល​នៅ​ទីនោះ​ជា​ផលិតផល​សុទ្ធ (មិនមែន​ផលិតផល​ក្លែងបន្លំ)។

លោក​បន្តថា “ការពិត​ផលិតផល​ដែល​នាំ​មកកាន់​កម្ពុជា​ក៏​ជា​ផលិតផល​សុទ្ធ​ដែរ តែបើ​អារម្មណ៍​មិន​ចង់​ទិញ​ហើយ មើលទៅ​វា​ទាស់ចិត្ត​ទាំងអស់។ លោក​បន្តថា “នៅ​ប្រទេស​វៀតណាម​ក៏មាន​ស្ថានភាព​ដូច​កម្ពុជា​ដែរ ជនជាតិ​វៀតណាម​មិន​ទិញ​ទំនិញ​ប្រ៊េ​នដ៍ៗនៅក្នុង​ប្រទេស​របស់ខ្លួន​ទេ តែ​អ្នកធ្វើ​ពាណិជ្ជកម្ម​យីហោ ឬ​ប្រ៊េ​ន​ដ៍ល្បីៗ ពួកគេ​មិន​ខ្វល់​ទេ ព្រោះ​ពួកគេ​បើក​លក់​ជុំវិញ​ពិភពលោក អ្វីដែល​សំខាន់​ពួកគេ​អាច​ចែកចាយ​ទូទាំង​ពិភពលោក។

លោក​ឧកញ៉ា សៀ រិទ្ធី បាន​បន្តថា ប្រសិនជា​និយាយ​ពី​កម្លាំង​ទិញ និង​និយាយ​ពី​ចំណូល វា​មិនទាន់​ស័ក្តិសម​ក្នុងការ​បោះទុន​វិនិយោគ​ក្នុង​វិស័យនេះ​នៅឡើយ​ទេ។

អ្នកនាង អាន សុធី​តា នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​អន្តរជាតិ CBRE Cambodia បានលើកឡើង​ស្រដៀង​គ្នា​ដែរ​ថា ទោះជា​ផលិតផល​ប្រ៊េ​ន​ដ៍​ម៉ាកល្បីៗចូលមក​កាន់​ទីផ្សារ​ក​ម្ពុ​ជា​ក្តី តែ​វា​មិនទាន់មាន​ចំនួន​ច្រើន​នៅឡើយ ហើយ​ផលិតផល​ប្រ៊េ​ន​ដ៍ល្បីៗខ្លាំង​មិនទាន់បាន​ចូលមក​កាន់​ទីផ្សារ​នេះ​នៅឡើយ​ទេ ទោះជា​ចូលមកខ្លះៗមែន តែ​ក៏​មិនទាន់មាន​ចំនួន​ច្រើន​នៅឡើយ។ អ្នកនាង​បន្តថា កត្តា​ទំនុកចិត្ត​លើ​ផលិតផល​ទាំងនោះ​ក៏​ជា​ផ្នែក​មួយ​ផងដែរ ប៉ុន្តែ​តាម​ធម្មតា​បើ​ធៀប​កម្ពុជា​ជាមួយ​ប្រទេស​ឡាវ កម្ពុ​ជាមាន​ភាព​ស៊ី​វិ​ល័យ​ជាង និង​ប្រជាជន​ចំណាយ​ប្រាក់​ច្រើនជាង ទោះជា​ប្រាក់ចំណូល​សម្រាប់​ប្រជាជន​ម្នាក់​របស់​កម្ពុជា​នៅ​ទាប​ជាង​ប្រទេស​ឡាវ​ក៏ដោយ។

អ្នកនាង​បន្តថា “កម្លាំង​ទិញ​នៅ​កម្ពុជា​នៅមានកម្រិត​នៅឡើយ ទោះជា​ប្រាក់ចំណូល​ប្រជាពលរដ្ឋ​កើនឡើង​ក្តី ប៉ុន្តែ​ទំហំ​នៃ​ការចំណាយ​លើ​ផលិតផល​ប្រ៊េ​នដ៍ៗក៏​នៅមានកម្រិត​ដែរ”៕

Advertisement