អ្នកវិនិយោគ​កម្ពុជា និង​តៃវ៉ាន់​បោះទុន​ប្រមាណ 250លាន​ដុល្លារ​សាងសង់​អគារ​ពាណិជ្ជកម្ម

ភ្នំពេញៈ ទីផ្សារ​ខុន​ដូ​នៅតែ​មិនទាន់​ឆ្អែត​នៅឡើយ​ទេ ជាក់ស្តែង​អ្នកវិនិយោគ​កម្ពុជា និង​តៃវ៉ាន់​បាន​សហការគ្នា​បោះទុន​រួមគ្នា​នូវ​ទឹកប្រាក់​ចំនួន 250លាន​ដុល្លារ​អាមេរិក​ដើម្បី​សាងសង់​អគារ​ពាណិជ្ជកម្ម​ភ្លោះ​កណ្តាល​រាជធានី​ភ្នំពេញ។

ក្រុមហ៊ុន​ដែល​បាន​វិនិយោគ​អគារ​ពាណិជ្ជកម្ម​ខ្ពស់កប់ពពក​នេះ មាន​ក្រុមហ៊ុន​ខេ​ស៊ី ប៉ាស៊ីហ្វិក​គ្រុប​របស់​កម្ពុជា និង​ក្រុមហ៊ុន លី ស៊ីន គ្រុប​ដែលមាន​មូលដ្ឋាន​នៅ​កោះ​តៃវ៉ាន់។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​គម្រោង​អគារ​ពាណិជ្ជកម្ម ស៊ី​អ៊ី​អូ ខេ​ធី ប៉ាស៊ីហ្វិក ដែលមាន​ទីតាំង​ស្ថិត​នៅក្បែរ​វិទ្យាល័យ​បាក់​ទូក​កាលពី​ល្ងាច​ថ្ងៃ​ម្សិលមិញ ប្រធាន​ក្រុមហ៊ុន​លី​ស៊ីន លោក ស៊ី មឹង​ចោ​វ បាន​ឲ្យ​ដឹងថា អគារ​នេះ​នឹង​សាងសង់ឡើង​មាន​កម្ពស់ 33ជាន់ ដែល​ផ្តោតលើ​គោលដៅ​អភិ​វ​ឌ្ឈ​ន៍​ជា​គម្រោង​លំនៅដ្ឋាន និង​ពាណិជ្ជកម្ម រួមមាន​ការិយាល័យ សាលប្រជុំ​ ទទួលភ្ញៀវ​ មាន​លក្ខណៈ​ប្រណីត​លំដាប់​អន្តរជាតិ។ លោក​ឲ្យ​ដឹង​ទៀតថា អគារ​ថ្មី​នេះ​នឹង​ត្រូវការ​សាងសង់ឡើង​រយៈពេល3ឆ្នាំ ព្រម​ជាមួយនឹង​ការបំពាក់​ដោយ​គ្រឿង​បរិក្ខារ​គុណភាព​ខ្ពស់ និង​ស្តង់ដារ។

លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា-ព្រឹទ្ធសភា និង​អធិការកិច្ច​បានចាត់ទុក​វិស័យ​ឯកជន​ជា​ក្បាលម៉ាស៊ីន​ជំរុញ​កំណើនសេដ្ឋកិច្ច​យ៉ាង​លឿន ជាពិសេស​ខាង​ពាណិជ្ជកម្ម​សំណង់ ទេសចរណ៍ ទីផ្សារ​ពលករ​មានតម្លៃ​ទាប និង​ច្បាប់​វិនិយោគ​ដែល​ផ្តល់​ភាពអនុគ្រោះ​ដល់​ធុរជន ទើប​កម្ពុជា​កំពុងតែ​ក្លាយជា​គោលដៅ​ថ្មី​មួយ​គួរ​ឲ្យ​ចាប់អារម្មណ៍​ពី​អ្នកវិនិយោគ​ក្នុងស្រុក និង​បរទេស៕

Advertisement