Category: អន្តរជាតិ

  • វៀតណាម ប្រារព្ធ​ពិធី​​ដង្ហែ និង​បង្ហូតទង់ជាតិ ដើម្បី​អបអរ​ទិវា​ឯករាជ្យ ០២ កញ្ញា

    វៀតណាម ប្រារព្ធ​ពិធី​​ដង្ហែ និង​បង្ហូតទង់ជាតិ ដើម្បី​អបអរ​ទិវា​ឯករាជ្យ ០២ កញ្ញា

    ព្រឹក​ថ្ងៃទី ០១ កញ្ញា​នេះ ដើម្បី​ជាការ​អបអរ​ខួប ៧៧ ឆ្នាំ​នៃ​ទិវា​ឯករាជ្យ ពិធី​បង្ហូតទង់ជាតិ ត្រូវបាន​ប្រារព្ធ​ឡើងលើ​ទីលាន Ba Dinh នៅ រដ្ឋធានី​ហាណូយ។

    ពិធី​ដង្ហែ និង​បង្ហូតទង់ជាតិ​ខាងលើ ត្រូវបាន​ធ្វើឡើង​ដោយ​ក្រុម​ទាហាន​មកពី​អង្គភាព ២៧៥ ដែលជា​ក្រុម​ការពារ​ចេតិយ​របស់​សព​លោក ហូជីមិញ។

    គំនិត​នៃ​ការ​ប្រារព្ធ​ពិធី​ដង្ហែ និង​បង្ហូតទង់ជាតិ​បែបនេះ ត្រូវបាន រដ្ឋាភិបាល​វៀតណាម អនុម័ត​កាលពី​ឆ្នាំ ២០០១ ក្នុងឱកាស​ទិវា​គម្រប់ ១១១ ឆ្នាំ​នៃ​ថ្ងៃកំណើត​របស់លោក ហូជីមិញ។ នេះ​គឺជា​លើក​ទី ២១ ហើយ ដែល​ពិធី​នេះ​ត្រូវបាន​ប្រារព្ធ​ឡើង។

  • ណា​សា (NASA) ដោះស្រាយ​បញ្ហា​កុំព្យូទ័រ​នៅលើ​យានអវកាស​ ​ចម្ង​យជាង​ ២៣ ពាន់​លាន​គីឡូម៉ែត្រពី​​ពិភព​ផែនដី

    ណា​សា (NASA) ដោះស្រាយ​បញ្ហា​កុំព្យូទ័រ​នៅលើ​យានអវកាស​ ​ចម្ង​យជាង​ ២៣ ពាន់​លាន​គីឡូម៉ែត្រពី​​ពិភព​ផែនដី

    យានអវកាស Voyager 1 ដែល​ស្ថិតនៅ​ចម្ងាយ ២៣.៥ ពាន់​លាន​គីឡូម៉ែត្រ​ពី​ផែនដី បន្ត​បំពេញបេសកកម្ម​នៅ​តំបន់​អវកាស​អន្តរ​តារា បន្ទាប់ពី ណា​សា បាន​ដោះស្រាយ​បញ្ហា​ទាក់ទង​នឹង​ម៉ាស៊ីន​កុំព្យូទ័រ។

    ក្រោយ​រយៈពេល​ច្រើន​ខែ​ដែល​បាន​ផ្ញើ​ទិន្នន័យ​សំរាម​មកកាន់​ស្ថានីយ​គ្រប់គ្រង​នៅលើ​ផែនដី យានអវកាស Voyager 1 របស់ ណា​សា បាន​ដំណើរការ​ត្រឹមត្រូវ​ឡើងវិញ និង​បន្ត​ផ្ញើ​ទិន្នន័យ​ច្បាស់លាស់​ពី​ស្ថានភាព​របស់​វា​នៅក្នុង​តំបន់​អន្តរ​តារា ដែល​ស្ថិត​នៅក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ នេះ​បើតាម Space ចុះផ្សាយ​កាលពី​ថ្ងៃទី ៣១ សីហា។

    ណា​សា បានប្រកាស​អំពី​បញ្ហា​នៅលើ​យានអវកាស​ដែលមាន​អាយុ ៤៥ ឆ្នាំ ជា​លើកដំបូង​កាលពី​ខែឧសភា ២០២២។ ក្រុម​អ្នកជំនាញ​បានដឹងថា បញ្ហា​ស្ថិតនៅក្នុង​ប្រ​ព័​ន្ធ AACS ដែលជា​ប្រព័ន្ធ​អាច​កំណត់ឱ្យ​អង់​តែ​ន​រប​ស់វា បែរមក​កាន់​ផែនដី។

    នៅពេល​សង្ស័យថា Voyager 1 ប្រើប្រាស់​កុំព្យូទ័រ​ដែល «ងាប់» ក្រុម​វិស្វករ​របស់ ណា​សា ក៏បាន​បញ្ជា​ឱ្យ​វា​ប្រើប្រាស់​កុំព្យូទ័រ​មួយគ្រឿង​ផ្សេងទៀត​ដើម្បី​អាចឱ្យ AACS រក្សា​ទំនាក់ទំនង​ជាមួយ​ស្ថានីយ​គ្រប់គ្រង​នៅលើ​ផែនដី។

    សូមបញ្ជាក់ថា រលក​វិទ្យុ​ដែល​បញ្ជូន​ពី​ផែនដី​ នឹង​​ត្រូវការ​ពេល​ជិត ២២ ម៉ោង ដើម្បី​ទៅដល់​យាន Voyager 1 ដែលជា​យានអវកាស​មួយគ្រឿង​កំពុង​ស្ថិតនៅ​ឆ្ងាយ​ពី​ផែនដី​ប្រមាណ ២៣.៥ ពាន់​លាន​គីឡូម៉ែត្រ និង​កំពុង​ហោះ​ចេញទៅ​ឆ្ងាយ​ថែមទៀត។

    ណា​សា បាន​បាញ់​បង្ហោះ Voyager 1 និង Voyager 2 ឡើងទៅ​កាន់​ទី​អវកាស​កាលពី​ឆ្នាំ ១៩៧៧ ក្នុង​បំណង​ស្រាវជ្រាវ​ពិភព​នានា​នៅ​ខាងក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ។ Voyager 1 បាន​ហោះ​ឆ្លងកាត់​ពិភព​ព្រហស្បតិ៍ និង ពិភព​សៅរ៍ បន្ទាប់មក​ក៏បាន​ហោះ​ឆ្ពោះទៅកាន់​តំបន់​អន្តរ​តារា នៅ​ឆ្នាំ ២០១២។ Voyager 2 សម្រេចបាន​គោលដៅ​នេះ​នៅ​ឆ្នាំ ២០១៨៕

  • ត្រូវ​ឃ្មុំ​ទិច​រាប់ម៉ឺន​ទ្រនិច បុរស​ម្នាក់នេះ​សន្លប់​បាត់ស្មារតី និង​ត្រូវ​នាំ​ទៅ​សង្គ្រោះ​បន្ទាន់​

    ត្រូវ​ឃ្មុំ​ទិច​រាប់ម៉ឺន​ទ្រនិច បុរស​ម្នាក់នេះ​សន្លប់​បាត់ស្មារតី និង​ត្រូវ​នាំ​ទៅ​សង្គ្រោះ​បន្ទាន់​

    (សហរដ្ឋ​អាម៉េរិក)-Austin Bellamy អាយុ ២០ ឆ្នាំ រស់នៅក្នុង​រដ្ឋ Ohio បាន​បាត់បង់​ស្មារតី និង​ត្រូវ​ប្រើប្រាស់​ម៉ាស៊ីន​ជំនួយ​ដង្ហើម ក្រោយពី​ត្រូវ​ឃ្មុំ​ពិឃាត​អាហ្វ្រិក​ទិច​នៅពេល​កំពុង​ឆ្ការ​មែន​ឈើ។

    Austin Bellamy បាន​កាប់​ចំ​មែន​ឈើ​ដែល​មាន​សំបុក​ឃ្មុំ​ពិឃាត​អាហ្វ្រិក ពេល​កំពុង​ត្រួស​មែន​ឈើ​នៅក្នុង​តំបន់ Cincinnati រដ្ឋ Ohio សហរដ្ឋ​អាម៉េរិក ភ្លាមនោះ​ស្រាប់តែ​ត្រូវ​ហ្វូង​ឃ្មុំឡោមព័ទ្ធ និង​ទិច​យ៉ាង​ដំណំ​កាលពី​ល្ងាច​ថ្ងៃទី ៣០ សីហា។ នេះ​បើតាម​សារព័ត៌មាន AFP ដកស្រង់ព័ត៌មាន​​ពី​ទំព័រ​រៃអង្គាសប្រាក់​របស់​អ្នកស្រី Shawna Carters​ ដែល​ត្រូវ​ជា​ម្ដាយ​ជនរងគ្រោះ។

    លោកយាយ​របស់ Austin Bellamy រៀបរាប់ប្រាប់​ថា «ពេល​ចៅ​ខ្ញុំ​កាប់​ចំ​បែក​ឈើ ហ្វូង​ឃ្មុំ​ក៏បាន​ហោះ​ចេញ គេ​ព្យាយាម​បាំងបិទ​ប៉ុន្តែ​មិនអាច។ ចៅ​ខ្ញុំ​ស្រែក​ឱ្យជួយ ប៉ុន្តែ​មិនមាន​អ្នកណា​អាចជួយ​បាន»។

    អ្នកផ្ទះ​របស់ Austin Bellamy ដែល​នៅ​ខាងក្រោម​ដើមឈើ មិន​អាចជួយ​ជនរងគ្រោះ​បាន ព្រោះថា ពួកគេ​ក៏ត្រូវ​ឃ្មុំ​ទិច​ដូចគ្នា។

    ឃ្មុំពិឃាតអាហ្វ្រិក នៅ សហរដ្ឋ​អាម៉េរិក

    អ្នកស្រី Carters បានឱ្យដឹងថា Bellamy ត្រូវ​ឃ្មុំ​ទិច​ប្រហែល ២ ម៉ឺន​ទ្រនិច ក្នុងនោះ​មាន​ប្រហែល ៣០ ទ្រនិច​នៅក្នុង​មាត់ ធ្វើឱ្យ​ក្រុម​វេជ្ជបណ្ឌិត​ត្រូវ​ចំណាយពេល​ពេញ ១ ថ្ងៃ ទើប​ដកយក​ទ្រនិច​ចេញ​អស់។

    អ្នកស្រី Carters បាន​ថ្លែងអំណរគុណ​ដល់​ក្រុម​ពន្លត់​អគ្គិភ័យ​ដែល​បាន​ជួយសង្គ្រោះ​កូន​របស់គាត់ និង​នាំទៅ​សង្គ្រោះបន្ទាន់។ ក្រុម​វេជ្ជបណ្ឌិត​និយាយថា Bellamy នឹង​បានជា​សះស្បើយ​ឡើងវិញ​មិន​ខាន។

    ឃ្មុំ​ពិឃាត​អាហ្វ្រិក គឺជា​ប្រភេទ​ឃ្មុំ​ល្បីឈ្មោះ​នៅ សហរដ្ឋ​អាម៉េរិក ដោយសារតែ «ច​រិត​កោងកាច» របស់​ពួកវា។ នៅពេល​សំបុក​របស់​ពួកវា​រង​ការគំរាមកំហែង ហ្វូង​ឃ្មុំ​​នៅក្នុង​សំបុក និង​​នៅក្រៅ​សំបុក នឹង​ហោះ​សម្រុក​ចេញ​វាយប្រហារ​លើ​អ្នក​ឈ្លានពាន៕

  • សហភាព​អឺរ៉ុប ផ្ដល់​ថ្នាំ​បង្ការ​វិទ្យុសកម្ម​នុយ​ក្លេ​អែរ​ជាង ៥ លាន​គ្រាប់ ឱ្យ អ៊ុយ​ក្រែ​ន

    សហភាព​អឺរ៉ុប ផ្ដល់​ថ្នាំ​បង្ការ​វិទ្យុសកម្ម​នុយ​ក្លេ​អែរ​ជាង ៥ លាន​គ្រាប់ ឱ្យ អ៊ុយ​ក្រែ​ន

    សហភាព​អឺរ៉ុប (EU) នឹង​ផ្ដល់​ថ្នាំ​គ្រាប់ potassium iodide ចំនួន ៥.៥ លាន​គ្រាប់ ទៅឱ្យ អ៊ុយ​ក្រែ​ន នៅពេល​មានការ​ប្រយុទ្ធ​គ្នា​នៅ​ជុំវិញ​រោងចក្រ​អគ្គិសនី Zaporizhzhia ដែល​បង្កប់​នូវ​ហានិភ័យ​នៃ​គ្រោះមហន្តរាយ​នុយ​ក្លេ​អែរ។

    គណកម្មការ​អឺរ៉ុប បានឱ្យដឹងថា បានទទួល​សំណើ​ស្ដីពី​ថ្នាំ potassium iodide ពី រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន រួចហើយ។ ថ្នាំ​ Potassium iodide គឺជា​ថ្នាំ​ដែល​អាចជួយ​ឱ្យ​ប្រជាជន​ទប់ទល់​នឹង​ហានិភ័យ​រង​ឥទ្ធិពល​ពី​វិទ្យុសកម្ម​ក្នុងករណី​កើតមាន​គ្រោះមហន្តរាយ​នុយ​ក្លេ​អែរ​នៅ​រោងចក្រ​ខាងលើ។

    នៅពេល​កើតមាន​គ្រោះមហន្តរាយ​នុយ​ក្លេ​អែរ សារធាតុ​វិទ្យុសកម្ម iodine អាច​សាយភាយ​ទៅក្នុង​ខ្យល់ ហើយ​អាច​ត្រូវបាន​ស្រូប​ចូលក្នុង​រាងកាយ​មនុស្ស​តាមរយៈ ក្រ​ពេញទី​រ៉ូ​អ៊ី​ត នៅពេល​ដកដង្ហើម ឬ​តាមរយៈ​អាហារ។ ថ្នាំ potassium iodide នឹង​ទប់ស្កាត់​ការ​ស្រូប​សារធាតុ iodine របស់​ក្រ​ពេញទី​រ៉ូ​អ៊ី​ត និង​កាត់បន្ថយ​ហានិភ័យ​កើត​ជំងឺមហារីក​នៅលើ​ក្រពេញ​នេះ។

    EU បញ្ជាក់ថា ការផ្ដល់​ថ្នាំ potassium iodide ចំនួន ៥.៥ លាន​គ្រាប់​នេះ​ត្រូវបាន​ចាត់ទុកថា​ជា «វិធានការ​ទប់ស្កាត់» ដើម្បី​បង្កើន​ខែល​ការពារ​សម្រាប់​ប្រជាជន​នៅ​ជុំវិញ​រោងចក្រ​ផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពល​នុយ​ក្លេ​អែរ Zaporizhzhia ដែល​ស្ថិតក្នុង​តំបន់​គ្រប់គ្រង​ដោយ រុស្ស៊ី នៅ​ភាគខាងត្បូង​នៃ ប្រទេស​អ៊ុយ​ក្រែ​ន៕

  • ជាង ៤០% នៃ​ប្រជាជន​អាម៉េរិក ជឿថា នឹងមាន​សង្គ្រាមស៊ីវិល​នៅ ១០ ឆ្នាំ​ខាងមុខ

    ជាង ៤០% នៃ​ប្រជាជន​អាម៉េរិក ជឿថា នឹងមាន​សង្គ្រាមស៊ីវិល​នៅ ១០ ឆ្នាំ​ខាងមុខ

    ៤៣% ក្នុងចំណោម​ជនជាតិ​អាម៉េរិក ដែល​បាន​ចូលរួម​ការស្ទង់មតិ យល់ថា សហរដ្ឋ​អាម៉េរិក នឹង​ប្រឈមមុខ​ជាមួយនឹង​សង្គ្រាម​ក្នុងប្រទេស នៅ ១ ទសវត្សរ៍​ទៀត ដោយសារតែ​ការរើសអើង​ផ្នែក​នយោបាយ។

    លទ្ធផល​នៃ​ការស្ទង់មតិ​ខាងលើ​ត្រូវបាន YouGov និង Economist ប្រកាស​កាលពី​ចុង​សប្ដាហ៍​កន្លង។ ៤០% ក្នុង​ក្រុម​សមាជិក​របស់ បក្ស​ប្រជាធិបតេយ្យ និង ៥៤% នៃ​សមាជិក​បក្ស​សាធារណរដ្ឋ ជឿថា នឹងមាន​សង្គ្រាម​នៅ ១០ ឆ្នាំ​ខាងមុខ។

    លទ្ធផល​នៃ​ការស្ទង់មតិ​ក៏បាន​បង្ហាញថា ៦៥% ក្នុងចំណោម​អ្នក​ដែល​ត្រូវបាន​សួរ និយាយថា អំពើហិង្សា​ផ្នែក​នយោបាយ​នៅ សហរដ្ឋ​អាម៉េរិក បាន​កើនឡើង​គួរឱ្យកត់សម្គាល់​ចាប់ពី​ដើមឆ្នាំ ២០២១។ ៦២% ជឿថា ស្ថានការណ៍​នេះ​នឹង​នៅតែ​កើត​ឡើងជា​បន្ត​ក្នុងអំឡុង​ច្រើន​ឆ្នាំ​ទៀត។

    លទ្ធផល​នៃ​ការស្ទង់មតិ​នេះ​ត្រូវបាន​ប្រកាស​ក្នុង​គ្រា​ដែល តំណាងរាស្ត្រ​បក្ស​សាធារណរដ្ឋ នៅ​សភា​ជាន់ខ្ពស់ Lindsey Graham កាលពី​ថ្ងៃទី ២៨ សីហា ព្យាករ​ថា «អំពើហិង្សា​តាម​ដងផ្លូវ» នឹង​កើតមាន បើសិន អតីត​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ត្រូវគេ​កាត់ទោស​ពីបទ​រក្សា​ឯកសារ​សម្ងាត់​បន្ទាប់ពី​ចាក​ចេញពី សេត​វិមាន។ មតិ​របស់ Graham ភ្លាមនោះ​ក៏ត្រូវ​រង​ការរិះគន់​ជាច្រើន​ផងដែរ។

  • គ្រោះមហន្តរាយ​ទឹកជំនន់ កំពុង​ពន្លិច​ផ្ទៃដី ១/៣ របស់ ប្រទេស​ប៉ា​គី​ស្ថាន (វីដេអូ)

    គ្រោះមហន្តរាយ​ទឹកជំនន់ កំពុង​ពន្លិច​ផ្ទៃដី ១/៣ របស់ ប្រទេស​ប៉ា​គី​ស្ថាន (វីដេអូ)

    រដ្ឋមន្ត្រី​ឧតុនិយម​របស់ ប៉ា​គី​ស្ថាន បានឱ្យដឹងថា ជំនន់​ទឹកភ្លៀង​ចាប់ពី​ខែមិថុនា​រហូតដល់​បច្ចុប្បន្ន បាន​បណ្ដាលឱ្យ​ផ្ទៃដី ១/៣ របស់​ប្រទេស​នេះ ត្រូវ​លិចលង់​ទាំងស្រុង។

    «នោះ​គឺជា​សមុទ្រ​ទឹក​ដ៏​ធំ ពុំមាន​ដីគោក​ដើម្បី​បូមទឹក​ចេញទៅ​ក្រៅ» រដ្ឋមន្ត្រី​ឧតុនិយម​ប៉ា​គី​ស្ថាន Sherry Rehman ថ្លែង​កាលពី​ថ្ងៃទី ២៩ សីហា។ លោកស្រី​បន្ថែមថា «វិបត្តិ​នេះ​មាន​ទំហំ​ធំ​ដែល​នឹកស្មាន​មិន​ដល់ លើសពី​អ្វីដែល​យើង​ធ្លាប់​បានឃើញ​កន្លងមក»។

    ប្រទេស​ប៉ា​គី​ស្ថាន មាន​ផ្ទៃដី​ជាង ៩៧៦,០០០ គីឡូម៉ែត្រ​ក្រឡា។ យោងតាម​ប្រកាស​របស់លោក​ស្រី Rehman ផ្ទៃដី​ជាង ២៦៥,០០០ គីឡូម៉ែត្រ​ក្រឡា​របស់​ប្រទេស​នេះ កំពុង​លិចលង់​ក្នុង​ទឹកជំនន់។

    អាជ្ញាធរ​គ្រប់គ្រង​គ្រោះមហន្តរាយធម្មជាតិរ​បស់ ប៉ា​គី​ស្ថាន បាន​បញ្ជាក់ថា មនុស្ស​ប្រមាណ ៣៣ លាន​នាក់ ក្នុងចំណោម​ជិត ២២១ លាន​នាក់​របស់​ប្រទេស​នេះ ត្រូវ​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារ​ទឹកជំនន់​ចាប់ពី​ខែមិថុនា ព្រោះតែ​ភ្លៀង​ធំ​ធ្លាក់​ជា​បន្តបន្ទាប់។ ផ្ទះ​ប្រមាណ​កន្លះ​លាន​ខ្នង​ត្រូវ​រង​ផលប៉ះពាល់ ក្នុងនោះ​មាន ផ្ទះ​ជិត ២២០,០០០ ខ្នង​ត្រូវបាន​បំផ្លាញ​ទាំងស្រុង។

    https://www.youtube.com/watch?v=VDajhuqMcwY

  • មហា​សេដ្ឋ Elon Musk វាយតម្លៃ​អំពី «ការស្រេកឃ្លាន» ថាមពល​របស់​ពិភពលោក

    មហា​សេដ្ឋ Elon Musk វាយតម្លៃ​អំពី «ការស្រេកឃ្លាន» ថាមពល​របស់​ពិភពលោក

    មហាសេដ្ឋី​អាម៉េរិក​ដើមកំណើត​អាហ្វ្រិក​ខាងត្បូង លោក Elon Musk យល់ថា ពិភពលោក​នៅតែ​ត្រូវការ​ប្រើប្រាស់​រ៉ែ​ប្រេង និង​ឧស្ម័ន យ៉ាងហោច​ក៏​នៅក្នុង​រយៈពេល​ខ្លី មុនពេល​អាច​ប្ដូរ​ទៅប្រើ​ប្រាស់​ថាមពលបៃតង។

    ទន្ទឹមនឹង​ការអភិវឌ្ឍ​ប្រភព​ថាមពលបៃតង បណ្ដា​ប្រទេស​ក្នុង​ពិភពលោក​ត្រូវ​ការបន្ត​រុករក និង​ទាញយក​រ៉ែ​ប្រេង និង​ឧស្ម័ន​ដើម្បី​រក្សា​សេដ្ឋកិច្ច​បច្ចុប្បន្ន។

    ខាងលើ​គឺជា​ការអះអាង​របស់​ម្ចាស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla លោក Elon Musk ដែល​បានលើកឡើង​កាលពី​ថ្ងៃទី ២៩ សីហា នៅ​ខាងក្រៅ​សន្និសីទ​ស្ដីពី​ថាមពល ដែល​ត្រូវបាន​រៀបចំឡើង​នៅក្នុង​ទីក្រុង Stavanger របស់ ប្រទេស​ន័​រ​វែ​ស។

    លោក Musk ថ្លែងថា ពិភពលោក​នៅតែ​ត្រូវការ​ប្រើប្រាស់​ប្រេង​រ៉ែ និង​ឧស្ម័ន យ៉ាងហោច​ក៏​នៅក្នុង​រយៈពេល​ខ្លី មុនពេល​អាច​ប្ដូរ​ទៅប្រើ​ប្រាស់​ថាមពលបៃតង​ទាំងស្រុង មិន​ដូច្នេះ​ទេ សេដ្ឋកិច្ច​បច្ចុប្បន្ន​នឹងត្រូវ​ដួលរលំ។

    លោក Musk យល់ថា ការប្ដូរ​ពី​ការប្រើប្រាស់​រ៉ែ​ប្រេង និង​ឧស្ម័ន ទៅប្រើ​ប្រាស់​ថាមពល​ស្អាត ដូចជា​កម្ដៅ​ព្រះអាទិត្យ កម្លាំង​ខ្យល់ កម្លាំង​រលក​ទឹកសមុទ្រ​ជាដើម គឺ​ត្រូវការ​ពេល​រាប់​ទសវត្សរ៍​ទៅមុខទៀត។

  • សហរដ្ឋ​អាម៉េរិក ត្រៀម​លក់​អាវុធ​តម្លៃ​ជាង ១ ពាន់​លាន​ដុល្លារ ឱ្យ កោះតៃវ៉ាន់

    សហរដ្ឋ​អាម៉េរិក ត្រៀម​លក់​អាវុធ​តម្លៃ​ជាង ១ ពាន់​លាន​ដុល្លារ ឱ្យ កោះតៃវ៉ាន់

    រដ្ឋាភិបាល​របស់លោក ចូ បៃ​ដិ​ន កំពុងតែ​រៀបចំ​ស្នើ​សភា អនុម័ត​គម្រោង​លក់​អាវុធ​តម្លៃ​ខ្ទង់ពាន់​លាន​ដុល្លារ​អាម៉េរិក ឱ្យ កោះ​តៃវ៉ាន់។

    ប្រភពព័ត៌មាន​សុំ​មិន​បញ្ចេញ​ឈ្មោះ​ចំនួន ៣ ដែល​ដឹង​ច្បាប់​អំពី​បញ្ហា​ខាងលើ កាលពី​ថ្ងៃទី ២៩ សីហា បានឱ្យដឹងថា រដ្ឋាភិបាល​របស់​ប្រធានាធិបតី បៃ​ដិ​ន មាន​ផែនការ​ស្នើឱ្យ​សភា​អនុម័ត​គម្រោង​លក់​អាវុធ​តម្លៃ ១.១ ពាន់​លាន​ដុល្លារ​ទៅឱ្យ តៃវ៉ាន់ នៅពេល​ស្ថានការណ៍​នៅ ច្រក​សមុទ្រ​តៃវ៉ាន់ កំពុង «ឡើង​កម្ដៅ​ខ្លាំង»។

    សមាជិក​នានា​របស់​គ​ណ​កម្ម​ការ​កិច្ចការបរទេស នៅក្នុង​សភា​ជាន់​ទាប និង​ជាន់ខ្ពស់​របស់ សហរដ្ឋ​អាម៉េរិក នឹងត្រូវ​ធ្វើការ​អនុម័ត​គម្រោង​លក់​អាវុធ​ខាងលើនេះ មុនពេល​វា​ត្រូវបាន​អនុវត្ត។ គម្រោង​នេះ​ទំនងជា​នឹង​អាច​ឆ្លង​ផុត​សភា​ទាំងពីរ​របស់ សហរដ្ឋ​អាម៉េរិក ប៉ុន្តែ ដំណើរការ​នៃ​ការអនុម័ត​ប្រហែលជា​ត្រូវ​ចំណាយពេល​យូរ ដោយសារ​ថា សភា​អាម៉េរិក កំពុងស្ថិត​ក្នុង​រដូវ​វិស្សមកាល។

    ប្រភពព័ត៌មាន​នានា​បានឱ្យដឹងថា គម្រោង​លក់​អាវុធ​ខាងលើនេះ​នឹង​រួមមាន មី​ស៊ី​ល​ប្រឆាំង​នាវាចម្បាំង AGM-84L Harpoon Block II ដែល​បាញ់​ចេញពី​យន្តហោះ ចំនួន ៦០ គ្រាប់ តម្លៃ ៣៥៥ លាន​ដុល្លារ និង​មី​ស៊ី​ល​ការពារ​ដែនអាកាស AIM-9X Sidewinder Block II ១០០ គ្រាប់ តម្លៃ ៨៥.៦ លាន​ដុល្លារ រួម​នឹង​កញ្ចប់​អាវុធ​ដែល​ទាក់ទិន​នឹង​រ៉ា​ដា តម្លៃ ៦៥៥.៤ លាន​ដុល្លារ​ផងដែរ។

    ក្រុមមន្ត្រី​នៅ ក្រសួងការបរទេស​អា​ម៉េ​រិ​ក បាន​បដិសេធ​ការអធិប្បាយ​អំពី​ព័ត៌មាន​ក្រៅផ្លូវការ​នេះ ខណៈដែល​តំណាង​សភា​ទាំងពីរ​របស់ សហរដ្ឋ​អាម៉េរិក ក៏​មិនទាន់មាន​ការឆ្លើយតប​នឹង​សំណួរ​ទាក់ទិន​នឹង​បញ្ហា​ខាងលើនេះ​នៅឡើយ៕

  • ទិដ្ឋភាព​អគារ​ភ្លោះ​កម្ពស់ ៣០ ជាន់ ត្រូវបាន​កម្ទេចចោល ព្រោះ​សាងសង់​ខុសច្បាប់

    ទិដ្ឋភាព​អគារ​ភ្លោះ​កម្ពស់ ៣០ ជាន់ ត្រូវបាន​កម្ទេចចោល ព្រោះ​សាងសង់​ខុសច្បាប់

    អាជ្ញាធរ​នៃ ប្រទេស​ឥណ្ឌា ទើបតែ​បានធ្វើ​ការកម្ទេច​អគារ​សាងសង់​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​បំផុត​មិន​ធ្លាប់មាន​ពីមុនមក។

    អគារ​ភ្លោះ​មាន ៣០ ជាន់ និង​កម្ពស់ ១០៣ ម៉ែត្រ​ដែល​ត្រូវបាន​កម្ទេច​នេះ ស្ថិតនៅ​ជាយក្រុង New Delhi។ សកម្មភាព​កម្ទេច​អគារ​នេះ​ត្រូវបាន​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​នានា​នៅក្នុង ប្រទេស​ឥណ្ឌា។

    មនុស្ស​រាប់ម៉ឺន​នាក់​ត្រូវបាន​ឈ្លៀស​ចេញពី​អគារ​ស្នាក់នៅ​នេះ និង​អគារ​នៅ​ជុំវិញ មុនពេល​វា​ត្រូវបាន​បំផ្ទុះ​ដោយ​គ្រឿងផ្ទុះ​ជាង ៣,៧០០ គីឡូក្រាម។

  • សារមន្ទីរ​នាវាមុជទឹក​ដំបូងបង្អស់​នៅ​តំបន់ អាស៊ីអាគ្នេយ៍

    សារមន្ទីរ​នាវាមុជទឹក​ដំបូងបង្អស់​នៅ​តំបន់ អាស៊ីអាគ្នេយ៍

    Submarine Museum (សារមន្ទីរ​នាវាមុជទឹក) គឺជា​សារមន្ទីរ​មួយ​ត្រូវ​បានដាក់​នៅក្នុង​នាវាមុជទឹក​មួយគ្រឿង​ដែល​ចូលនិវត្តន៍ ស្ថិតនៅក្នុង​តំបន់ Klebang, Malacca នៃ ប្រទេស​ម៉ាឡេស៊ី។

    នេះ​គឺជា​នាវាមុជទឹក Agosta 70 ផលិត​ដោយ បារាំង និង​មាន​ឈ្មោះថា Quessant (S623)។ វា​ធ្លាប់​ត្រូវបាន​ប្រើប្រាស់​ក្នុងការ​ហ្វឹកហ្វឺន​ដល់​ក្រុម​នាវិក​នៅ ម៉ាឡេស៊ី ចាប់ពី​ឆ្នាំ ២០០៥ ដល់ ២០០៩។ Quessant គឺជា​នាវាមុជទឹក​ដើរ​ដោយ​ថាមពល​ប្រេងម៉ាស៊ូត។

    នាវា​នេះ​មាន​ប្រវែង ៦៧.៥ ម៉ែត្រ, កម្ពស់ ១១.៧ ម៉ែត្រ និង​ទទឹង ៦.៥ ម៉ែត្រ។ Quessant ត្រូវបាន​ប្រើប្រាស់​ក្នុងដំណាក់កាល​ចុងក្រោយ​ដោយ ប្រទេស​ម៉ាឡេស៊ី និង កងទ័ព​បារាំង នៅ​ខែកក្កដា ២០០៩។

    សារមន្ទីរ​នេះ​បាន​បើកទ្វារ​ទទួលភ្ញៀវ​សាក​ល្បង​កាលពី​ថ្ងៃទី ២២ វិច្ឆិកា ២០២១ មុនពេល​ជួសជុល និង​បើកទ្វារ​ជា​ផ្លូវការ​កាលពី​ថ្ងៃ ៤ មីនា ២០១២។

    នាវា Ouessant នៅតែ​ត្រូវបាន​បំពាក់​ឧបករណ៍សំខាន់ៗរបស់​នាវា ក្នុងនោះ​មាន​ទាំង​មី​ស៊ី​លបាញ់​ក្រោម​ទឹក ឃ្លាំង​ដាក់​មីន​ក្រោម​ទឹក។ល។ ក្រៅពីនេះ ក៏មាន​ឧទ្ធម្ភាគចក្រ ២ គ្រឿង ត្រូវបាន​ដាក់តាំង​ក្បែរ​សារមន្ទីរ​នេះដែរ។

    សារមន្ទីរ​នាវាមុជទឹក​នេះ បើកទ្វារ​ទទួល​ទេសចរ​ជា​រៀងរាល់ថ្ងៃ ចាប់ពី​ម៉ោង ៩ ព្រឹក ដល់​ម៉ោង ៥ រសៀល សម្រាប់​ពីថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​ព្រហស្បតិ៍ និង​ពី​ម៉ោង ៩ ព្រឹក​ដល់​ម៉ោង ៦កន្លង​រសៀល​សម្រាប់​ពីថ្ងៃ​សុក្រ​ដល់​អាទិត្យ៕