Category: អន្តរជាតិ

  • អ្នក​វិទ្យា​សាស្ត្រ​រកឃើញ​ប្រហោង​ខ្មៅ (Black Hole) នៅ​ក្បែរ​ផែនដី​បំផុត

    អ្នក​វិទ្យា​សាស្ត្រ​រកឃើញ​ប្រហោង​ខ្មៅ (Black Hole) នៅ​ក្បែរ​ផែនដី​បំផុត

    ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​ប្រព័ន្ធ​ចម្លែក​មួយ​ដែលមាន​ប្រហោង​ខ្មៅ និង​ផ្កាយ​ដូច​ព្រះអាទិត្យ វិលជុំ​វិញ​គ្នា​នៅ​ខាងក្នុង​កញ្ចុំ​ផ្កាយ Ophiuchus។

    យោងតាម​ការស្រាវជ្រាវ​ដែល​បាន​ចុះផ្សាយ​លើ​ទស្សនាវដ្ដី Monthly Notices of the Royal Astronomical Society កាលពី​សប្ដាហ៍​កន្លង ប្រហោង​ខ្មៅ​ថ្មី (ឈ្មោះ Gaia BH1) មាន​ម៉ាស​ធំ​ជាង​ព្រះអាទិត្យ​ប្រហែល 10 ដង និង​មាន​ចម្ងាយ​ពី​ផែនដី​ប្រហែល 1,566 ឆ្នាំ​ពន្លឺ ស្ថិតនៅក្នុង​កញ្ចុំ​ផ្កាយ Ophiuchus។ ប្រការនេះ​ធ្វើឱ្យ Gaia BH1 ក្លាយជា​ប្រហោង​ខ្មៅ​ដែល​ស្ថិតនៅ​ជិត​ផែនដី​បំផុត​ដែល​មនុស្ស​ធ្លាប់បាន​រកឃើញ ពោលគឺ​ជិត​ជាង​ទ្វេដង​ធៀប​នឹង​ប្រហោង​ខ្មៅ​ដែល​កាន់កាប់​កំណត់ត្រា​មុន​នោះ។

    ប្រហោង​ខ្មៅ Gaia BH1 ពិសេស​ខ្លាំងណាស់ ដោយសារតែ​វា​មាន «មិត្ត​រួម​ដំណើរ» ដែលជា​ផ្កាយ​មួយ​ដួង​​ដូច​ព្រះអាទិត្យ (មាន​ទម្ងន់​ធ្ងន់​ជាង 0.93 ដង ធៀប​នឹង​ព្រះអាទិត្យ និង​មាន​កម្ដៅ​ប្រហែល 5,580 អង្សា​សេ)។ វត្ថុ​អវកាស​ទាំងពីរ​នេះ​វិល​ជុំវិញ​គ្នា​ក្នុង​វដ្ដ​នៃ​គន្លង​គោចរ​ដែលមាន​រយៈពេល 185.59 ថ្ងៃ និង​មា​នគ​ម្លា​ត​ប្រហាក់ប្រហែល​ពី​ផែនដី​ទៅ​ព្រះអាទិត្យ។

    ប្រធាន​ក្រុម​ស្រាវជ្រាវ Kareem El-Badry ដែល​ជា​អ្នកវិទ្យាសាស្ត្រ​​នៃ​​មជ្ឈមណ្ឌល Harvard-Smithsonian នៅ សហរដ្ឋ​អាម៉េរិក និយាយថា នេះ​គឺជា​ប្រព័ន្ធ​ដំបូង​ស្ថិតក្នុង​ប្រភេទ​នេះ​ដែល​ធ្លាប់​ត្រូវបាន​រកឃើញ​នៅក្នុង​កាឡាក់ស៊ីមីលគីវ៉េ។

    យោងតាម​អ្នកវិទ្យាសាស្ត្រ ប្រហោង​ខ្មៅ Gaia BH1 ទំនងជា​កកើត​ពី​ផ្កាយ​មួយ​ដួង​ដែលមាន​ទម្ងន់​ធ្ងន់​ជាង 20 ដង ធៀប​នឹង​ព្រះអាទិត្យ។ តាម​ធម្មតា ផ្កាយ​ខ្នាត​យក្ស​ដូចនេះ​នឹង​រីក​មាឌ​ចេញទៅ​ក្រៅ​នៅ​​ក្នុង​ដំណាក់​កាល​​ចុងក្រោយ​នៃ​ជីវិត​​របស់​វា ហើយ​ដុត​កម្ទេច​គ្រប់យ៉ាងដែល​ស្ថិត​ក្នុង​គន្លង​របស់​វា​ ​មុនពេល​បែកធ្លាយ​ដល់​ខាងក្នុង បង្កើតបានជា​ប្រហោង​ខ្មៅ។

    អ្នកវិទ្យាសាស្ត្រ​យល់ថា ដំណើរការ​នេះ​គួរ​ណាស់​តែ​លេប​ត្របាក់​ទាំង​ផ្កាយ​មួយ​ដួង​ដែលជា​មិត្ត​រួម​ដំណើរ​របស់​ប្រហោង​ខ្មៅ ឬ​យ៉ាងហោច​ក៏​អូ​សវា​ទៅក្នុង​គន្លង​គោចរ​មួយ​ដែល​ជិត​ជាង​នេះ ប៉ុន្តែ ផ្កាយ​នេះ​បែរជា​ស្ថិតនៅក្នុង​ទ្រង់ទ្រាយ​ដើម​​យ៉ាង​អាថ៌កំបាំង និង​វិល​ជុំវិញ​ប្រហោង​ខ្មៅ​ក្នុង​គម្លាត​យ៉ាង​ឆ្ងាយ។

    ឧបសគ្គ​បន្ទាប់​ដែល​ក្រុម​អ្នកវិទ្យាសាស្ត្រ​ខាងលើ​ត្រូវ​ដោះស្រាយ នោះ​គឺ​ការស្វែងយល់​អំពី​មូលហេតុ​ដែលនាំឱ្យ​កើតមាន​ករណី​ថ្មី​បំផុត​នេះ៕

  • ទាហាន 36,000 នាក់​របស់ អាម៉េរិក និង ជប៉ុន ធ្វើ​សមយុទ្ធ​ការពារ​កោះ​ជួរមុខ

    ទាហាន 36,000 នាក់​របស់ អាម៉េរិក និង ជប៉ុន ធ្វើ​សមយុទ្ធ​ការពារ​កោះ​ជួរមុខ

    កងទ័ព​អាម៉េរិក និង ជប៉ុន បញ្ជូនទាហាន 36,000 នាក់ រួម​នឹង​គ្រឿង​សព្វាវុធ​ធុន​ធ្ងន់​ជាច្រើន​ទៅ​ចូលរួម​ធ្វើ​សមយុទ្ធ​យោធា​ការពារ​បណ្ដា​កោះ​នៅ​ជួរមុខ​របស់ ជប៉ុន។

    ក្រសួងការពារជាតិ​ជប៉ុន នៅ​ថ្ងៃទី 10 វិច្ឆិកា 2022 ប្រកាស​ចាប់ផ្ដើម​សមយុទ្ធ​រួមជាមួយ​នឹង សហរដ្ឋ​អាម៉េរិក ដែលមាន​ឈ្មោះថា Keen Sword គ្រោង​ធ្វើឡើង​នៅ​ថ្ងៃទី 19 វិច្ឆិកា។ សមាជិក​ប្រហែល 26,000 នាក់​របស់​កងកម្លាំង​ស្វ័យការពារ​ជប៉ុន (JSDF) និង ទាហាន 10,000 នាក់​របស់ សហរដ្ឋ​អាម៉េរិក នឹងចូលរួម​សមយុទ្ធ​នេះ។

    សមយុទ្ធ​បង្ហាញ​ត្រាប់​ការការពារ​កោះ​ជួរមុខ​របស់ ជប៉ុន នឹងធ្វើ​ឡើង​នៅលើ​កោះ Tokunoshima នៃ​ខេត្ត Kagoshima ភាគ​និរតី​នៃ ប្រទេស​ជប៉ុន។ កងទ័ព​អាម៉េរិក និង ជប៉ុន បានដាក់​ពង្រាយ​ឧទ្ធម្ភាគចក្រ V-22 Osprey នៅលើ​កោះ Tokunoshima ដើម្បី​ត្រៀម​សម្រាប់​សមយុទ្ធ។

    ជប៉ុន បញ្ចេញ​នាវា​យោធា​ប្រហែល 20 គ្រឿង និង​យន្តហោះ 250 គ្រឿង​ចូលរួម​ធ្វើ​សមយុទ្ធ ខណៈដែល សហរដ្ឋ​អាម៉េរិក បញ្ចេញ​នាវា 10 គ្រឿង និង​យន្តហោះ 120 គ្រឿង។ នាវាចម្បាំង 4 គ្រឿង និង​យន្តហោះ 2 គ្រឿង​របស់ កងទ័ព​អូស្ត្រាលី កាណាដា និង អង់គ្លេស ក៏​ចូលរួម Keen Sword។ ទាហាន​របស់ ណា​តូ ចូលរួម​សមយុទ្ធ​រវាង អាម៉េរិក-ជប៉ុន ក្នុងនាម​ជា​អ្នកសង្កេតការណ៍។

    ក្រសួងការពារជាតិ​ជប៉ុន បានឱ្យដឹងថា សមយុទ្ធ​នេះ​ធ្វើឡើង​ដើម្បី «បង្កើន​សមត្ថភាព​កំញើញ និង​ប្រតិកម្ម​របស់ JSDF រួម​នឹង សហរដ្ឋ​អាម៉េរិក ក្នុងការ​ទប់ទល់​នឹង​ស្ថានការណ៍​បន្ទាន់»។

    Keen Sword ក៏មាន​សកម្មភាព​ហ្វឹកហាត់​ទប់ទល់​នឹង​មី​ស៊ី​ល​ប្លោង ការប្រយុទ្ធ​ក្នុង​បរិស្ថាន​ថ្មី​ដូចជា អវកាស និង​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​ជាដើម។ល។

  • អាម៉េរិក ប្រកាស​ផែនការ​ផ្ដល់ជំនួយ​ដើម្បី​បោះបង់​ឥន្ធនៈ​ហ្វូ​ស៊ី​ល​នៅក្នុង​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ

    អាម៉េរិក ប្រកាស​ផែនការ​ផ្ដល់ជំនួយ​ដើម្បី​បោះបង់​ឥន្ធនៈ​ហ្វូ​ស៊ី​ល​នៅក្នុង​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ

    យោងតាម​ផែនការ​ព​ន្លឿ​ន​ការផ្លាស់ប្ដូរ​ថាមពល សហរដ្ឋ​អាម៉េរិក គ្រោង​នឹង​ផ្ដល់ជំនួយ​ដល់​បណ្ដា​គម្រោង​ថាមពល​កកើត​ឡើងវិញ និង​ជំរុញ​ការ​ងាក​ទៅរក​ថាមពល​ស្អាត​នៅក្នុង​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ។

    កាលពី​ថ្ងៃទី 09 វិច្ឆិកា បេសកជន​ពិសេស​ផ្នែក​អាកាសធាតុ​របស់ សហរដ្ឋ​អាម៉េរិក លោក John Kerry បានប្រកាស​បង្កើត​ផែនការ​ប៉ះប៉ូវ​កាបូន ក្នុង​បំណង​ជួយ​ដល់​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ ដើម្បី​ព​ន្លឿ​ន​ដំណើរការ​ប្ដូរ​ពី​ការប្រើប្រាស់​ថាមពល​ហ្វូ​ស៊ី​ល ទៅរក​ការប្រើប្រាស់​ថាមពល​ស្អាត។

    លោក Kerry ប្រកាសថា គម្រោង​ព​ន្លឿ​ន​ដំណើរការ​ប្ដូរ​ថាមពល (ETA) នឹង​ជួយ​ដល់​បណ្ដា​គម្រោង​ថាមពល​កកើត​ឡើងវិញ និង​ជំរុញ​ឱ្យ​ប្រ​ណា​ប្រទេស​កំពុង​អភិវឌ្ឍ ងាក​ទៅរក​ថាមពល​ស្អាត (ថាមពល​កកើត​ឡើងវិញ)។

    រដ្ឋាភិបាល​អាម៉េរិក នឹង​អភិវឌ្ឍ​កម្មវិធី​រួម​នឹង​មូលនិធិ Bezos Earth និង​មូលនិធិ Rockefeller ដោយមាន​ការរួម ពី​វិស័យ​ឯកជន និង​រដ្ឋ ដែល​គ្រោង​នឹង​អនុវត្ត​រហូតដល់​ឆ្នាំ 2030 ហើយ​អាច​ពន្យារ​សុពលភាព​ដល់​ឆ្នាំ 2035។

    យោងតាម​លោក Kerry គោលដៅ​របស់​កម្មវិធី​ខាងលើ​គឺ​ការដឹកនាំ​ទីផ្សារ​កាបូន​ដើម្បី​បញ្ចេញ​ទុន​សម្រាប់​ព​ន្លឿ​ន​ការ​ងាក​ទៅរក​ថាមពល​ស្អាត ការបិទ​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពល​ធ្យូងថ្ម ហើយ​សាងសង់​បណ្ដា​រោងចក្រ​អគ្គិសនី​ដែល​ដើរ​ដោយ​ថាមពល​កកើត​ឡើងវិញ។

    លោក Kerry បញ្ជាក់ថា គំនិត​ផ្ដួចផ្ដើម​ស្ដីពី​ទីផ្សារ​កាបូន​របស់ សហរដ្ឋ​អាម៉េរិក បានទទួល​ការគាំទ្រ​ពី អគ្គលេខាធិការ​នៃ​អង្គការសហប្រជាជាតិ Antonio Guterres ក៏ដូចជា​បណ្ដា​ស្ថាប័នហិរញ្ញវត្ថុ​រដ្ឋ និង​ឯកជន​ជាច្រើន​ផងដែរ៕

  • មហាក្សត្រ​អង់គ្លេស និង​មហេសី ត្រូវគេ​គប់​នឹង​ស៊ុត​នៅ​កណ្ដាល​ដងផ្លូវ

    មហាក្សត្រ​អង់គ្លេស និង​មហេសី ត្រូវគេ​គប់​នឹង​ស៊ុត​នៅ​កណ្ដាល​ដងផ្លូវ

    មហាក្សត្រ​អង់គ្លេស ព្រះអង្គម្ចាស់ Charles ទី​បី និង​មហេសី Camilla ត្រូវបាន​គេ​គប់​នឹង​ស៊ុត​ ពេល​ទ្រង់​កំពុង​យាង​ចូលរួម​ពិធី​ប្រពៃណី​នៅ​តំបន់ York។

    វីដេអូ​ដែល​ត្រូវបាន​គេ​ចែករំលែក​លើ​បណ្ដាញ​សង្គម​កាលពី​ថ្ងៃទី 09 វិច្ឆិកា បង្ហាញថា ស៊ុត​ចំនួន 4 គ្រាប់​ត្រូវបាន​គប់​សំដៅលើ​មហាក្សត្រ Charles ទី​បី ដែលមាន​ព្រះជន្ម 73 វស្សា និង​មហេសី Camilla ព្រះជន្ម 75 វង្សា នៅពេល​ទ្រង់​កំពុង​យាង​ចូលរួម​ពិធី​ប្រពៃណី​មួយ​នៅ​តំបន់ York ភាគ​ខាងជើង​ប្រទេស។

    មហាក្សត្រ​អង់គ្លេស និង​មហេសី ហាក់​មិន​បាន​រង​ផល​ប៉ះ​ពាល់​​នៅក្នុង​ហេតុការណ៍​នេះ ដោយ​ទ្រង់​នៅតែ​បន្ត​សន្ទនា​ជាមួយ​ប្រជាពលរដ្ឋ។ ប៉ុន្តែ អង្គរក្សបាន​បាំង​ការពារ និង​យាង​ទ្រង់​ចូលទៅ​ខាងក្នុង។ មនុស្សម្នា​នៅ​ជុំវិញ​ក៏បាន​ស្រែក​ឡើង ប្រឆាំងនឹង​សកម្មភាព​គប់​ស៊ុត​នេះ។

    ប៉ូលិស​បានឱ្យដឹងថា កំលោះ​វ័យ 23 ឆ្នាំ​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​ព្រោះ​ជាប់​សង្ស័យពី​បទ​​បំពាន​ការកំណត់​អំពី​សណ្ដាប់ធ្នាប់​សាធារណៈ។ រាជវាំង​អង់គ្លេស មិនទាន់​បញ្ចេញ​ប្រតិកម្ម​ចំពោះ​ហេតុការណ៍​នេះ​នៅឡើយ។

    នេះ​មិនមែនជា​លើកទីមួយ​ឡើយ​ដែល​សមាជិក​រាជវង្ស​អង់គ្លេស​ រង​ការប្រឆាំង​ជា​សាធារណៈ​ពី​ប្រជាពលរដ្ឋ។ ក្នុង​ឆ្នាំ 2022 នេះ រថយន្ត​របស់​មហាក្សត្រី Elizabeth ក៏​ធ្លាប់​ត្រូវគេ​គប់​នឹង​ស៊ុត នៅពេល​ទ្រង់​យាង​ធ្វើ​ទស្សនកិច្ច​នៅ Nottingham ផងដែរ៕

  • ក្រោយ​រញ្ជួយ​ដី​ជាង 40 លើក​ក្នុងអំឡុង 24 ម៉ោង ក្វា​តេ​ម៉ា​ឡា ស្នើឱ្យ​ប្រជាជន «ត្រៀម​បង្វេច​សម្រាប់​ជម្លៀស»

    ក្រោយ​រញ្ជួយ​ដី​ជាង 40 លើក​ក្នុងអំឡុង 24 ម៉ោង ក្វា​តេ​ម៉ា​ឡា ស្នើឱ្យ​ប្រជាជន «ត្រៀម​បង្វេច​សម្រាប់​ជម្លៀស»

    ក្នុង​រង្វង់ 24 ម៉ោង​កន្លង ប្រទេស​ក្វា​តេ​ម៉ា​ឡា (Guatemala) មាន​គ្រោះរ​ញ្ជូ​ន​ធរណី​ជាង 40 លើក ធ្វើឱ្យ​អាជ្ញាធរ​ព្រួយបារម្ភ​អំពី​គ្រោះមហន្តរាយ​បន្ទាប់។

    ប្រភពព័ត៌មាន​នៅ អាម៉េរិក​កណ្ដាល បាន​រាយការណ៍​ថា វិទ្យាស្ថាន​ស្រាវជ្រាវ​រញ្ជួយ​ដី ភ្នំភ្លើង និង​ឧតុនិយម​ជាតិ​ក្វា​តា​ម៉ា​ឡា បាន​កត់ត្រា​អំពី​គ្រោះរ​ញ្ជូ​យ​ដី​ជាង 40 លើក ក្នុង​រយៈពេល 24 ម៉ោង​កន្លង​នៅក្នុង​ប្រទេស​កា​រ៉ា​បៀ​ន​មួយ​នេះ។

    យោងតាម​ស្ថាប័ន​ខាងលើ ករណី​រញ្ជួយ​ដី​កម្រិត​ធំជាងគេ​គឺ​ចាប់ពី 4.1 ទៅ 5.4 រិច​ទ័​រ។ ចំណែក​អាជ្ញាធរ​សម្របសម្រួល​ជាតិ​​ដើម្បី​ការកាត់បន្ថយ​គ្រោះមហន្តរាយ និង​បណ្ដា​អង្គភាព​ជួយសង្គ្រោះ បានឱ្យដឹងថា ពុំមាន​ករណី​ស្លាប់​នៅក្នុង​ហេតុការណ៍​រញ្ជួយ​ធរណី​ខាងលើនោះ​ទេ។

    ប្រទេស​ក្វាតាម៉ាឡា (Guatemala)

    ក៏ប៉ុន្តែ នៅ​ចំពោះ​ហានិភ័យ​កើតមាន​គ្រោះ​រញ្ជួយ​ដី​ដែល​អាច​នឹងមាន​កម្រិត​ធ្ងន់​ជាង​នេះ ក្រុមមន្ត្រី​របស់ ក្វា​តា​ម៉ា​ឡា បាន​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​រៀប​ផែនការ​សម្រាប់​ជ​ម្រៀ​ស។

    ប្រជាពលរដ្ឋ​ត្រូវ​ត្រៀម «បង្វេច 72 ម៉ោង» ដែល​ក្នុងនោះ​មានទឹក​ផឹក អាហារ​ដែល​អាច​ទុក​បានយូរ លិខិតស្នាម​ផ្ទាល់ខ្លួន ថ្នាំពេទ្យ សម្លៀកបំពាក់ ពិល វិទ្យុ​ដើរ​ដោយ​ថ្ម​ផ្ទុក​អគ្គិសនី។ល។

  • ប៊ុល​ហ្ការី ចំណាយ 1.32 ពាន់​លាន​ដុល្លារ ទិញ​យន្តហោះ​ចម្បាំង​របស់ សហរដ្ឋ​អាម៉េរិក

    ប៊ុល​ហ្ការី ចំណាយ 1.32 ពាន់​លាន​ដុល្លារ ទិញ​យន្តហោះ​ចម្បាំង​របស់ សហរដ្ឋ​អាម៉េរិក

    សភា​ប៊ុលហ្គារី បាន​យល់ព្រម​ទិញ​យន្តហោះ​ចម្បាំង F-16V របស់ សហរដ្ឋ​អាម៉េរិក ចំនួន 8 គ្រឿង​បន្ថែមទៀត អម​​ជា​មួយ​នឹង​​អាវុធ ដែល​ទាំងអស់នេះ​មានតម្លៃ​សរុប 1.32 ពាន់​លាន​ដុល្លារ​អាម៉េរិក។

    ក្រោយ​ការបោះឆ្នោត​កាលពី​ថ្ងៃទី 04 វិច្ឆិកា ដែល​ទទួលបាន​សន្លឹក​ឆ្នោត​គាំទ្រ 162 សំឡេង, ប្រឆាំង 49 សំឡេង និង​អនុបវាទ 11 សំឡេង សភា​ប៊ុលហ្គារី យល់ព្រម​ទិញ​យន្តហោះ​ចម្បាំង F-16V របស់​ក្រុមហ៊ុន​អាម៉េរិក Lockheed Martin ចំនួន 8 គ្រឿង។

    ប៊ុលហ្គារី មុន​នោះបាន​ចំណាយ​ប្រាក់ 1.67 ពាន់​លាន​ដុល្លារ​ក្នុង​ការទិញ​យន្តហោះ​ចម្បាំង F-16V ចំនួន 8 គ្រឿង​រួចហើយ ដោយ Lockheed Martin សន្យាថា នឹង​ប្រគល់​ចាប់ពី​ឆ្នាំ 2023។

    ប៊ុលហ្គារី បាន​ចូល​ជា​សមាជិក​ណា​តូ កាលពី​ឆ្នាំ 2004។ បច្ចុប្បន្ន​ប្រទេស​នេះ​កំពុង​រក​វិធី​ទិញ​យន្តហោះ​មក​ជំនួស​ក្រុម​ហោះហើរ MiG-29 ដែលមាន​តាំងពី​សម័យ​សូ​វៀត។ ប៊ុលហ្គារី កំពុង​ប្រើប្រាស់​យន្តហោះ MiG-29UB ចំនួន 11 គ្រឿង ក្នុងនោះ​មាន 2 គ្រឿង​ទុក​សម្រាប់​ការហ្វឹកហ្វឺន។

    ក្រោយពី​សង្គ្រោះ​នៅ អ៊ុយ​ក្រែ​ន បាន​ផ្ទុះឡើង ប៊ុលហ្គារី ក៏​មិនអាច​ទិញ​គ្រឿងបន្លាស់ និង​ម៉ាស៊ីន​សម្រាប់ MiG-29 របស់ខ្លួន​ពី រុស្ស៊ី។ ប៊ុលហ្គារី កំពុង​ចរចា​ទិញ​ម៉ាស៊ីន MiG-29 ពី ប៉ូឡូញ និង​បញ្ជូន​យន្តហោះ​ចម្បាំង 6 គ្រឿង​ទៅកាន់​ប្រទេស​នេះ​ដើម្បី​ជួសជុល។

    ដើម្បី​ការពារ​ដែនអាកាស ប៊ុលហ្គារី កំពុង​រក​វិធី​ជួល ឬ​ទិញ​យន្តហោះ​ចម្បាំង​មួយ​ទឹក​ពី ស៊ុយអែត ឬ បារាំង ខណៈដែល​យន្តហោះ​យោធា​របស់ អេ​ស្ប៉ា​ញ ប៉ូឡូញ និង សហរដ្ឋ​អាម៉េរិក ផ្លាស់​វេន​គ្នា​ជួយ​ការពារ​ដែនអាកាស​រប​ស់ ប៊ុលហ្គារី។ តាម​ផែនការ នៅ​ពាក់កណ្ដាល​ខែវិច្ឆិកា​ខាងមុខ យន្តហោះ​ចម្បាំង Eurofighter ចំនួន 6 គ្រឿង រួម​នឹង​ទាហាន 130 នាក់​របស់ ណា​តូ នឹង​ទៅ​បំពេញបេសកកម្ម​ថ្មី​នៅ ប៊ុលហ្គារី។

    សភា​ប៊ុលហ្គារី កាលពី​ថ្ងៃទី 03 វិ​ច្ឆ​កា បាន​ស្នើឱ្យ​រដ្ឋាភិបាល​ប្រទេស​នេះ ពិនិត្យ​លទ្ធភាព​ក្នុងការ​បញ្ជូន​ឧបករណ៍​យោធា​ទៅកាន់ អ៊ុយ​ក្រែ​ន។ រដ្ឋាភិបាល​ប៊ុលហ្គារី នឹងមាន​ពេល 1 ខែ​ដើម្បី​លើក​ជា​សំណើ​មកកាន់​សភា​ស្ដីពី​ឧបករណ៍​យោធា​ដែល​អាច​បញ្ជូន​ឱ្យ អ៊ុយ​ក្រែ​ន ដោយ​មិន​ប៉ះពាល់​ដល់​សមត្ថភាព​ការពារជាតិ​របស់ខ្លួន៕

  • បាតុភូត​ចន្ទ​គ្រាស​ទាំងមូល​លើកចុងក្រោយ​ក្នុងឆ្នាំនេះ​នឹង​កើតឡើង​សប្ដាហ៍​ក្រោយ

    បាតុភូត​ចន្ទ​គ្រាស​ទាំងមូល​លើកចុងក្រោយ​ក្នុងឆ្នាំនេះ​នឹង​កើតឡើង​សប្ដាហ៍​ក្រោយ

    ចន្ទ​គ្រាស​មួយផ្នែក​នឹង​ចាប់ផ្ដើម​កើតឡើង​នៅវេលា​ម៉ោង 16 និង 09 នាទី ថ្ងៃទី 08 វិច្ឆិកា 2022 (ម៉ោង​នៅ ភ្នំពេញ) និង​បាតុភូត​ចន្ទ​គ្រាស​ទាំងមូល​នឹង​កើតឡើង​នៅ​ម៉ោង 17 និង 17 នាទី ហើយ​អូស​បន្លាយពេល​ប្រហែល 85 នាទី។

    ចន្ទ​គ្រាស​មួយផ្នែក​នៅ​ថ្ងៃទី 08 វិច្ឆិកា អាច​មើលឃើញ​ពី អ៊ី​ស្លង់ បណ្ដា​តំបន់​នៅ អាម៉េរិក​ខាងត្បូង អាស៊ី​ខាងត្បូង អាស៊ី​កណ្ដាល និង រុស្ស៊ី។ ចំណែក​ចន្ទ​គ្រាស​ទាំងមូល​នឹង​អាច​មើលឃើញ​នៅ​តំបន់ អាម៉េរិក​ខាងជើង និង​តំបន់​ជាច្រើន​នៅ អាម៉េរិក​ខាងត្បូង ទ្វីបអាស៊ី អូស្ត្រាលី និង នូ​វែ​ល​សេ​ឡង់។

    ក្នុង​បាតុភូត​នេះ យើង​ក៏​អាច​មើលឃើញ​ពិភព​ទី 7 គឺ អ៊ុយ​រ៉ា​នុស (Uranus) បង្ហាញខ្លួន​នៅក្បែរ​ព្រះ​ចន្ទ​ដែល​ត្រូវ​បាំង​ដោយ​ស្រមោល​ផែនដី។ នៅ​តំបន់​មួយចំនួន​របស់ អាស៊ី រួមមាន ហុងកុង ជាដើម ពេលខ្លះ​ភព​អ៊ុយ​រ៉ា​នុស នឹង​លាក់ខ្លួន​ពីក្រោយ​ព្រះ​ចន្ទ​ក្នុងពេល​ចន្ទ​គ្រាស​ទាំងស្រុង។

    មូលហេតុ​នៃ​បាតុភូត​ចន្ទ​គ្រាស

    នេះ​នឹង​ជា​បាតុភូត​ចន្ទ​គ្រាស​ទី​ពីរ ហើយក៏​ជា​លើកចុងក្រោយ​នៅក្នុង​ឆ្នាំនេះ។ ចន្ទ​គ្រាស​មុននេះ​បានកើត​ឡើង​កាលពី​ថ្ងៃទី 16 ឧសភា។ ឆ្នាំ 2023 ក៏​នឹងមាន​បាតុភូត​ចន្ទ​គ្រាស​ចំនួន 2 លើក គឺ​នៅក្នុង​ខែឧសភា និង​ខែតុលា។

    បាតុភូត​ចន្ទ​គ្រាស​កើតឡើង​នៅពេល​ផែនដី​គោចរ​នៅ​ចន្លោះ​ព្រះ​ចន្ទ និង​ព្រះអាទិត្យ។ ពេលនោះ ផែនដី​នឹង​ជះ​ស្រមោល​ឡើង​ទៅលើ​ព្រះ​ចន្ទ។ ស្រមោល​របស់​ផែនដី​អាច​បាំង​ទាំងមូល (ចន្ទ​គ្រាស​ទាំងមូល) ឬមួយ​ផ្នែក (ចន្ទ​គ្រាស​មួយផ្នែក) នៃ​ពន្លឺ​របស់​ព្រះអាទិត្យ បណ្ដាលឱ្យ​ព្រះ​ចន្ទ​ត្រូវ​ងងឹត៕

  • កូរ៉េខាងត្បូង បញ្ចេញ​​​យន្តហោះ​​​ទៅ​ទប់​ទប់ ខណៈ​​យន្តហោះ​ចម្បាំង​កូរ៉េខាងជើង​ ជិត 200 គ្រឿង​នៅក្បែរ​ព្រំដែន

    កូរ៉េខាងត្បូង បញ្ចេញ​​​យន្តហោះ​​​ទៅ​ទប់​ទប់ ខណៈ​​យន្តហោះ​ចម្បាំង​កូរ៉េខាងជើង​ ជិត 200 គ្រឿង​នៅក្បែរ​ព្រំដែន

    ក្រោយពី​រកឃើញ​យន្តហោះ​ចម្បាំង​ជាង 180 គ្រឿង​របស់ កូរ៉េខាងជើង អគ្គសេនាធិការ​ចម្រុះ (JCS) របស់ កូរ៉េខាងត្បូង ក៏បាន​បញ្ចេញ​ក្រុម​យន្តហោះ​ចម្បាំង​របស់ខ្លួន​ទៅ​ទប់ទល់។

    យោងតាម​សារព័ត៌មាន Yonhap និង Reuters អគ្គសេនាធិការ​ចម្រុះ (JCS) របស់ កូរ៉េខាងត្បូង ប្រកាស​នា​ថ្ងៃទី 04 វិច្ឆិកា​នេះ​ថា ប្រទេស​នេះ​បាន​បញ្ចេញ​ក្រុម​យន្តហោះ​ចម្បាំង​ទៅទល់​ទប់ បន្ទាប់ពី​បាន​ឃើញ​យន្តហោះ​ចម្បាំង​ជាង 180 គ្រឿង​របស់ កូរ៉េខាងជើង ស្ថិត​នៅក្បែរ​ព្រំដែន។

    ក្នុង​ថ្ងៃ​ដដែល គណៈកម្មការ​ការពារ​ជាតិ​របស់ សភា​កូរ៉េខាងត្បូង ក៏បាន​អនុម័ត​សេចក្ដីសម្រេច​ថ្កោលទោស​ចំពោះ​សកម្មភាព​បង្កហេតុ​ដោយ​ការបាញ់​ប្លោង​មី​ស៊ី​ល​របស់ កូរ៉េខាងជើង ព្រមទាំង​បានស្នើ​ឱ្យ ទីក្រុង​ព្យុងយ៉ាង មិន​ធ្វើការ​សាកល្បង​អាវុធ​នុយ​ក្លេ​អែរ​លើក​ទី 7 ផងដែរ​។

    សេចក្ដី​ថ្កោលទោស​របស់ សភា​កូរ៉េខាងត្បូង លើកឡើងថា «បើសិន កូរ៉េខាងជើង នៅតែ​បន្ត​បង្កហេតុ ពួកគេ​ប្រាកដជា​ត្រូវ​អន្តរជាតិ​ដាក់​ឱ្យនៅ​ឯកោ បំផ្លាញ​ខ្លួនឯង នាំឱ្យ​របប​របស់ គីម ជុង​អុន ពិបាក​បន្ត​រស់រានមានជីវិត»។

    សេចក្ដីសម្រេច​ខាងលើ​ក៏បាន​ព្រមាន​ថា ទីក្រុង​ព្យុងយ៉ាង នឹងត្រូវ​ខាតបង់​ខ្ពស់​សម្រាប់​រាល់​ស្ថានការណ៍​ដែល​កើតមាន​បន្ទាប់​នោះ៕

  • G7 និង អូស្ត្រាលី ឯកភាពគ្នា​ក្នុងការ​កំណត់​តម្លៃ​ពិតាន​ចំពោះ​ប្រេង​ឆៅ​របស់ រុស្ស៊ី

    G7 និង អូស្ត្រាលី ឯកភាពគ្នា​ក្នុងការ​កំណត់​តម្លៃ​ពិតាន​ចំពោះ​ប្រេង​ឆៅ​របស់ រុស្ស៊ី

    ការកំណត់​តម្លៃ​ពិតាន​នេះ​គឺធ្វើឡើង​ដើម្បី​ធានាថា ទណ្ឌកម្ម​ដើម្បី​កាត់បន្ថយ​សមត្ថភាពរ​បស់ រុស្ស៊ី នៅក្នុង​ការប្រមូល​ធន​ធាន​សម្រាប់ធ្វើ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន មិន​បង្ក​សម្ពាធ​ទៅលើ​ទីផ្សារ​ប្រេង​ឆៅ​របស់​ពិភពលោក។

    ក្រុម​ប្រទេស​ដែលមាន​វិស័យ​ឧស្សាហកម្ម​រីកចម្រើន​ជាងគេ​ក្នុង​ពិភពលោក (G7) និង ប្រទេស​អូស្ត្រាលី បាន​ឯកភាពគ្នា​លើ​ការកំណត់​តម្លៃ​ពិតាន​ចំពោះ​ប្រេង​ឆៅ​របស់ រុស្ស៊ី ជំនួស​ឱ្យ​ការ​បណ្ដោយ​តាម​ទីផ្សារ។

    ក្រុមមន្ត្រី​អាម៉េរិក និង​បណ្ដា​ប្រទេស​សមាជិក G7 បាន​ពិភាក្សាគ្នា​យ៉ាងសកម្ម​នៅក្នុង​ប៉ុន្មាន​សប្ដាហ៍​កន្លងមកនេះ​អំពី​ផែនការ​កំណត់​តម្លៃ​ពិតាន​លើ​ប្រេង​ឆៅ​ដឹកជញ្ជូន​តាមផ្លូវ​សមុទ្រ ដែល​គ្រោង​នឹងមាន​សុពលភាព​ចាប់ពី​ថ្ងៃទី 05 ធ្នូ​ខាងមុខ ដើម្បី​ធានាថា ទណ្ឌកម្ម​នានា​របស់ សហភាព​អឺរ៉ុប និង សហរដ្ឋ​អាម៉េរិក ក្នុង​បំណង​កាត់បន្ថយ​សមត្ថភាពរ​បស់ រុស្ស៊ី នៅក្នុង​ការប្រមូល​ធន​ធាន​សម្រាប់ធ្វើ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន នឹងមិន​បង្ក​សម្ពាធ​ទៅលើ​ទីផ្សារ​ប្រេង​ឆៅ​របស់​ពិភពលោក។

    តម្លៃ​ពិតាន​ដំបូង​មិនទាន់​ត្រូវ​បានកំណត់​ជាក់លាក់ ប៉ុន្តែ​នឹងត្រូវ​បានលើកឡើង​នៅ​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ។ ដៃគូ​សហការ​ក្នុង​សម្ព័ន្ធភាព​ខាងលើ​បាន​ឯកភាពគ្នា​ថា នឹង​វាយតម្លៃ​អំពី​តម្លៃ​ពិតាន​នេះ​ទៅតាម​ដំណាក់កាល និង​កែសម្រួល​បើសិនជា​ចាំបាច់។

    ប្រទេស​រុស្ស៊ី អាច​ទទួលបាន​ផលចំណេញ​ទៅតាម​តម្លៃ​ប្រេង Brent បើសិន​មិនមាន​ការកំណត់​តម្លៃ​ពិតាន ដោយសារ​តម្លៃ​ប្រេង​របស់​ប្រទេស​នេះ​អាច​កើនឡើង​នៅពេល​តម្លៃ​ប្រេង Brent ឡើងថ្លៃ​ទៅតាម​ការកាត់បន្ថយ​ប្រភព​ផ្គត់ផ្គង់​របស់ ទីក្រុង​មូ​ស្គូ ព្រោះថា រុស្ស៊ី គឺជា​អ្នក​ផលិត​ប្រេង​ធំជាងគេ​មួយ​ក្នុង​ពិភពលោក។

    រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​អាម៉េរិក Janet Yellen និង​ក្រុមមន្ត្រី​ដទៃទៀត​របស់ G7 បាន​ឯកភាព​អនុវត្ត​ការកំណត់​តម្លៃ​ពិតាន​ចំពោះ​ប្រេង​ឆៅ​របស់ រុស្ស៊ី ចាប់ពី​ថ្ងៃទី 05 ធ្នូ 2022 និង​បណ្ដា​ផលិតផល​កែច្នៃ​ពី​ប្រេង​ឆៅ​ចាប់ពី​ថ្ងៃទី 05 កុម្ភៈ 2023។

    ចំណែក​ភាគី​ប្រទេស​រុស្ស៊ី វិញ បាន​និយាយថា ខ្លួន​នឹងមិន​ផ្គត់ផ្គង់​ប្រេង​ទៅឱ្យ​បណ្ដា​ប្រទេស​ដែល​កំណត់​តម្លៃ​ពិតាន​នេះ​ជាដាច់ខាត៕

  • កូរ៉េខាងត្បូង ប្រកាស​ផែនការ​ធ្វើ​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ Taegeuk ដើម្បី​ទប់ទល់​នឹង កូរ៉េខាងជើង

    កូរ៉េខាងត្បូង ប្រកាស​ផែនការ​ធ្វើ​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ Taegeuk ដើម្បី​ទប់ទល់​នឹង កូរ៉េខាងជើង

    នា​ថ្ងៃទី 04 វិច្ឆិកា​នេះ កងទ័ព​កូរ៉េខាងត្បូង បានប្រកាសថា នឹងធ្វើ​សមយុទ្ធ​យោធា​លើ​ប្រព័ន្ធ​កុំព្យូទ័រ​ប្រចាំឆ្នាំ​ដែលមាន​ឈ្មោះថា Taegeuk នៅ​សប្ដាហ៍​ក្រោយ ដើម្បី​បង្កើន​សមត្ថភាព​ប្រយុទ្ធ​ប្រឆាំងនឹង​ការគំរាមកំហែង​ពី​សំណាក់ កូរ៉េខាងជើង។

    យោងតាម អគ្គសេនាធិការ​ចម្រុះ (JCS) របស់ កូរ៉េខាងត្បូង សមយុទ្ធ​ថ្នាក់​បញ្ជាការដ្ឋាន​នេះ​នឹង​អូស​បន្លាយពេល 4 ថ្ងៃ ដោយ​គ្រោង​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី 07 វិច្ឆិកា។ សមយុទ្ធ​នេះ​នឹងធ្វើ​ការហ្វឹកហាត់​សមត្ថភាព​ប្រយុទ្ធ​នៅ​ចំពោះមុខ​ការគំរាមកំហែង​នានា ក្នុងនោះ​ក៏មាន​កម្មវិធី​មី​ស៊ី​ល​នុយ​ក្លេ​អែរ​របស់ កូរ៉េខាងជើង និង​សកម្មភាព​បង្កហេតុ​នានា​ក្នុងពេលថ្មីៗនេះ​របស់ ទីក្រុង​ព្យុងយ៉ាង។

    បណ្ដា​សមយុទ្ធ​ការពារ​បែបនេះ មិន​រួមបញ្ចូល​ជាមួយនឹង​ការហ្វឹកហាត់​នៅលើ​ទីតាំង​ជាក់ស្ដែង​នោះទេ ប៉ុន្តែ​នឹង​ផ្ដោតទៅលើ​ការបង្កើន​សមត្ថភាព​ដោះស្រាយ​វិបត្តិ និង​សមត្ថភាព​សម្រប​ខ្លួន​ទៅក្នុង​សម័យ​សង្គ្រាម។

    សមយុទ្ធ​លើ​កុំព្យូទ័រ​នេះ​នឹងមាន​ការចូលរួម​រប​ស់ប​ណ្ដា​ទីបញ្ជាការ​ប្រយុទ្ធ​របស់​ទ័ពជើងទឹក ជើងគោក និង​ជើង​អាកាស​របស់ កូរ៉េខាងត្បូង៕