Category: អន្តរជាតិ

  • លោក ដូ​ណា​ល ត្រាំ ប្រកាស​ឈរឈ្មោះ «ដណ្ដើម​កៅអី» ប្រធានាធិបតី​អាម៉េរិក ជាថ្មី

    លោក ដូ​ណា​ល ត្រាំ ប្រកាស​ឈរឈ្មោះ «ដណ្ដើម​កៅអី» ប្រធានាធិបតី​អាម៉េរិក ជាថ្មី

    អតីត​ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក លោក ដូ​ណា​ល ត្រាំ (Donald Trump) បានប្រកាស​ចូលរួម​កា​រ​ប្រកួតប្រជែង​ដណ្ដើម​កៅអី​ប្រធានាធិបតី​នៅ​ឆ្នាំ 2024 បន្ទាប់ពី​បានដាក់​ឯកសារ​ឡើងទៅ​កាន់​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​របស់ សហរដ្ឋ​អាម៉េរិក។

    «ការវិល​ត្រលប់​របស់ ប្រទេស​អាម៉េរិក ចាប់ផ្ដើម​ពី​ពេលនេះ» អតីត​ប្រធានាធិបតី វ័យ 76 ឆ្នាំ ថ្លែង​នៅ​ចំពោះមុខ​អ្នកគាំទ្រ​នៅ វិមាន Mar-a-Lago រដ្ឋ Florida កាលពី​ព្រលប់​ថ្ងៃទី 15 វិច្ឆិកា។ «ដើម្បី​ធ្វើឱ្យ ប្រទេស​អាម៉េរិក មហាអស្ចារ្យ និង​រុងរឿង​មកវិញ ព្រលប់​នេះ​ខ្ញុំ​សូម​ប្រកាសថា ឈរឈ្មោះ​ជា​បេក្ខភាព​ប្រធានាធិបតី​អាម៉េរិក»។

    ក្រោយ​ការប្រកាស​របស់លោក ត្រាំ អ្នកគាំទ្រ​ក៏បាន​ស្រែក​ហ៊ោ និង​ទះដៃ​យ៉ាងយូរ។ នៅក្នុង​សេចក្ដីថ្លែងការណ៍ លោក ត្រាំ ក៏បាន​សន្យាថា នឹង​បង្រួបបង្រួម​ជាតិ។ «យើង​នឹង​នាំ​គ្រប់គ្នា​ឱ្យ​ខិតចូល​ជិតគ្នា» លោក ត្រាំ អះអាង​ដូច្នេះ។

    លោក ត្រាំ បញ្ជាក់ថា «ខ្ញុំ​ធានាថា លោក បៃ​ដិ​ន នឹងមិន​អាចមាន​អាណត្តិ​ទី​ពីរ។ ប្រទេសជាតិ​យើង​មិន​ទទួលយក​ប្រការ​នោះ»។

    ឆ្លើយតប​នឹង​ការប្រកាស​ឈរឈ្មោះ​បោះឆ្នោត​ជាថ្មី​របស់លោក ត្រាំ ប្រ​ធា​នាធ​បិ​តី​អាម៉េរិក លោក បៃ​ដិ​ន យល់ថា អតីត​ប្រធានាធិបតី «បានធ្វើឱ្យ ប្រទេស​អាម៉េរិក បរាជ័យ» គ្រា​ដែល​នៅ​កាន់អំណាច។ បច្ចុប្បន្ន លោក បៃ​ដិ​ន ស្ថិត​នៅឯ​កោះ Bali ប្រទេស​ឥណ្ឌូណេស៊ី ក្នុង​ដំណើរ​ចូលរួម​កិច្ចប្រជុំ​កំពូល G20។

    បក្ស​ប្រជាធិបតេយ្យ បាន​វាយតម្លៃ​ទាប​ចំពោះ​ការប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​នៅ​ឆ្នាំ 2024 របស់ បក្ស​សាធារណៈ ហើយ​យល់ថា លោក ត្រាំ មិនមែនជា​ដៃគូ​ប្រជែង​ដែល​គួរឱ្យ​ញញើត។

  • ប៉ូឡូញ ត្រៀមទ័ព​ប្រយុទ្ធប្រឆាំង រុស្ស៊ី ក្រោយ​មាន​រ៉ុក្កែត​ច្រើន​គ្រាប់​ធ្លាក់​លើទឹក​ដី

    ប៉ូឡូញ ត្រៀមទ័ព​ប្រយុទ្ធប្រឆាំង រុស្ស៊ី ក្រោយ​មាន​រ៉ុក្កែត​ច្រើន​គ្រាប់​ធ្លាក់​លើទឹក​ដី

    ទីក្រុង​វ៉ា​សូវី (Warsaw) បានដាក់​អង្គភាព​ទ័ព​មួយចំនួន​ឱ្យ​ស្ថិតក្នុង​ស្ថានភាព​រួចរាល់​កម្រិត​ខ្ពស់​សម្រាប់​ការប្រយុទ្ធ បន្ទាប់ពី​មាន​ព័ត៌មាន​មិនទាន់​ច្បាស់​ការណ៍​ថា រ៉ុក្កែត​របស់ រុស្ស៊ី បាន​ធ្លាក់​ទៅលើ​ទឹកដី​របស់ ប្រទេស​ប៉ូឡូញ។

    អ្នកនាំពាក្យ Piotr Muller បានឱ្យដឹងថា ការសម្រេចចិត្ត​ដាក់​អង្គភាព​ទ័ព​មួយចំនួន​ឱ្យ​ស្ថិតក្នុង​ស្ថានភាព​ត្រៀមប្រយុទ្ធ​កម្រិត​ខ្ពស់​ត្រូវបាន​ធ្វើឡើង។ ក៏ប៉ុន្តែ លោក Piotr មិនបាន​លើកឡើង​អំពី​ព័ត៌មាន​ស្ដីពី​ករណី​រ៉ុក្កែត​ធ្លាក់ ដោយនិយាយ​ដល់​តែ​ករណី​ផ្ទុះ​នៅ​ភាគ​ខាងកើត​ដែល​បាន​បណ្ដាលឱ្យ ពលរដ្ឋ​ប៉ូឡូញ 2 នាក់​បាត់​បង់ជីវិត។

    យោងតាម​អ្នកនាំពាក្យ Piotr Muller ក្រុមប្រឹក្សាសន្តិសុខ​ប៉ូឡូញ បាន​កោះប្រជុំ​បន្ទាន់ ខណៈ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​មូលហេតុ​នៃ​ការផ្ទុះ​ខាងលើ។

    ប្រធានាធិបតី​ប៉ូឡូញ Andrzej Duda ក៏បាន​ពិភាក្សា​តាម​ទូរស័ព្ទ​ជាមួយ ប្រធានាធិបតី​អាម៉េរិក បៃ​ដិ​ន និង អគ្គលេខាធិការ​នៃ​អង្គការ​ណា​តូ Jens Stoltenberg អំពី​ករណីនេះ​ផងដែរ។ ទីក្រុង​វ៉ា​សូវី កំពុង​ពិចារណា​ថា តើ​ត្រូវការ​ពិភាក្សា​បន្ទាន់​ជាមួយ​ក្រុម​មេដឹកនាំ​ណា​តូ ទៅតាម​មាត្រា​ទី 4 របស់​សម្ព័ន្ធ​យោធា​នេះ ឬ​អត់។

    យោងតាម​មាត្រា​ទី 4 របស់ ណា​តូ ការពិគ្រោះ​យោបល់​អាច​ត្រូវបាន​ធ្វើឡើង​នៅពេល​ប្រទេស​ជា​សមាជិក​ណាមួយ យល់ថា «បូរណភាព​ទឹកដី ឯករាជ្យ​ផ្នែក​នយោបាយ ឬ​សន្តិសុខ» ជួប​ហានិភ័យ។

    សារព័ត៌មាន Reuters បាន​ផ្សាយ​ថា អ្នកការទូត​អឺរ៉ុប បង្ហើប​ឱ្យដឹងថា ឯកអគ្គរដ្ឋទូត​ណា​តូ នឹង​កោះប្រជុំ​ក្នុង​ថ្ងៃទី 16 វិច្ឆិកា​នេះ ទៅតាម​សំណើ​របស់ ប៉ូឡូញ ដោយយោង​ទៅតាម​មាត្រា​ទី 4 របស់ ណា​តូ។ អ្នកការទូត​ម្នាក់​និយាយថា ណា​តូ នឹងធ្វើ​សកម្មភាព​ដោយ​ការប្រុងប្រយ័ត្ន និង​ត្រូវការ​ពេល​ដើម្បី​បញ្ជាក់​អំពី​ហេតុការណ៍។

    ក្នុង​ថ្ងៃ​ដដែល រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី បានប្រកាស​អះអាងថា មិន​ជាប់ទាក់ទង​ទៅនឹង​ហេតុការណ៍​ផ្ទុះ​នៅ ប៉ូឡូញ ហើយ​បាន​ចោទ​បណ្ដាញសារព័ត៌មាន និង​ក្រុមមន្ត្រី​ប៉ូឡូញ ថា កំពុង​រក​វិធី​ដើម្បី​បង្កើន​ភាព​តានតឹង៕

  • បើ​មាន​គម្រោង​ទៅ​មើល World Cup 2022 សូម​ស្វែងយល់​ជាមុន​អំពី​វប្បធម៌ខ្លះៗរបស់​ជនជាតិ​កាតា

    បើ​មាន​គម្រោង​ទៅ​មើល World Cup 2022 សូម​ស្វែងយល់​ជាមុន​អំពី​វប្បធម៌ខ្លះៗរបស់​ជនជាតិ​កាតា

    កាតា គឺជា​ដែនដី​ដែល​សម្បូរ​អគារ​ខ្ពស់កប់ពពក និង​ជា​ប្រទេស​ម្ចាស់ផ្ទះ World Cup 2022 ហើយក៏​ជា​ប្រទេស​កាន់សាសនា​អ៊ីស្លាម​ដែលមាន​លក្ខណៈ​អភិរក្ស​ច្រើន ក្នុងនោះ​ក៏មាន​វប្បធម៌​នៃ​របៀប​ស្វាគមន៍​គ្នា ឬ​របៀប​ផឹក​កាហ្វេ​ជាដើម។

    World Cup 2022 នឹងធ្វើ​ឡើង​នៅ កាតា ចាប់ពី​ថ្ងៃទី 20 វិច្ឆិកា ដល់ 18 ធ្នូ 2022។ ប្រទេស​ដ៏​តូច​មួយ​នេះ​កំពុង​ក្លាយ​ជាទី​ចាប់អារម្មណ៍​របស់​ពិភពលោក។

    នៅ​ទីសាធារណៈ ជនជាតិ​កាតា តែង​ក្រោកឈរ​នៅពេល​ជំរាបសួរ​អ្នកដទៃ ពិសេស​គឺ​មនុស្ស​ចាស់ ដើម្បី​បង្ហាញ​អំពី​ការគោរព។ បើសិន​អ្នកជា​បុរស និង​បាន​ជួប ហើយ​ជំរាបសួរ​ស្ត្រី​កាតា អ្នក​គួរតែ​រង់ចាំ​នាង​ហុចដៃ​ជាមុន។

    ជនជាតិ​កាតា​មួយចំនួន មិន​ចង់​ចាប់ដៃ ឬ​ប៉ះ​អ្នកដទៃ​នៅពេល​ជំរាបសួរ​គ្នា ដោយសារតែ​កត្តា​សាសនា។ ដូច្នេះ បុរស​ជនជាតិ​កាតា មិនមែន​ពេលណា​ក៏​ចាប់ដៃ​នៅពេល​ជំរាបសួរ​ស្ត្រី​នោះដែរ។ ជំនួស​ឱ្យ​ការ​ចាប់ដៃ ជនជាតិ​កាតា នឹងដាក់​ដៃស្ដាំ​លើ​ទ្រូង​ខាង​ខ្វេ​ង។

    ជនជាតិ​កាតា ចៀសវាង​ការបង្ហាញ​មនោសញ្ចេតនា​ស្នេហា ដូច​ជាការ​ឱបថើប​ជាដើម​នៅ​ទីសាធារណៈ ប៉ុន្តែ​អាច​កាន់​ដៃ​គ្នា​បាន។ បើទោះជា ភាសា​អង់គ្លេស នៅ​ប្រទេស​ដែលមាន​មនុស្ស 90% ជា​ជនបរទេស ប៉ុន្តែ កាតា ផ្ដល់​តម្លៃ​យ៉ាងខ្ពស់​ទៅលើ​អ្នក​ដែល​ចេះ​ជំរាបសួរ​ដោយ ភាសា​អារ៉ាប់ និង​ចេះ​សម្ដែង​ការដឹងគុណ។

    បើសិន​មាន ជនជាតិ​កាតា អញ្ជើញ​ឱ្យទៅ​លេង​ផ្ទះ ចូរ​កុំ​ភ្លេច​ដោះ​ស្រោមជើង​មុនពេល​ឈានចូល​ផ្ទះ​របស់​ពួកគេ។ អ្នក​ដែល​អង្គុយ​គង​អន្ទាក់ខ្លា​នឹងត្រូវ​បានចាត់ទុក​ថា ឈ្លើយ មិនមាន​ការគោរព​ដ​ល់​ម្ចាស់ផ្ទះ បើសិន​បាតជើង​បែរ​ទៅរក​ម្ចាស់ផ្ទះ។

    ជនជាតិ​កាតា តែង​ប្រើ​ម្រាមដៃ​ចាប់​អាហារ​នៅក្នុង​ចាន​រួម ដែល​នេះ​ក៏​ជា​របៀប​ទទួលទាន​អាហារ​តាម​វប្បធម៌​សមុទ្រ​ខ្សាច់ Bedouin។

    ប្រការ​សំខាន់​មួយទៀត នោះ​គឺ​អ្នក​គួរតែ​ទទួលយក​ការអញ្ជើញ​របស់ ជនជាតិ​កាតា ព្រោះថា បើសិន​បដិសេធ​នឹង​ត្រូវបាន​ចាត់ទុកថា ធ្វើឱ្យ​បាត់បង់​ទំនុកចិត្ត (ប៉ុន្តែ​កុំ​ភ្លេច​មើល​ស្ថានការណ៍​ផង!)។

    ដូច​ទៅនឹង​បណ្ដា​ប្រទេស​នៅ មជ្ឈិមបូព៌ា ដទៃទៀត​ដែរ ជនជាតិ​កាតា ចូលចិត្ត​កាហ្វេ​អារ៉ាប់ ដែល​ឆុង​ពី​គ្រាប់​កាហ្វេ​លីង និង​ដាំ​ឱ្យ​ពុះ​ជាមួយនឹង​គ្រាប់ nutmeg និង saffron។ កាហ្វេ​នេះ​មាន​ពណ៌​ស្រដៀង​ទឹកតែ និង​លឿង​បន្តិច ហើយ​សិត​ពី​ប៉ាន់ dallah ទៅក្នុង​ចាន​តូច សម្រាប់​ផឹក​អម​ជាមួយនឹង​ផ្លែ ឬ​តំណាប់​ផ្លែ​លម៉ើ។

    មុនពេល​អញ្ជើញ​ភ្ញៀវ ម្ចាស់ផ្ទះ​តែង​ភ្លក់​មុន​ដើម្បី​ពិនិត្យ​រសជាតិ។ ភ្ញៀវ​ត្រូវ​កាន់​ចាន​កាហ្វេ​ដោយ​ដៃស្ដាំ។ កាហ្វេ​នឹងត្រូវ​សិត​ជា​បន្តបន្ទាប់​រហូតដល់​អ្នក​អង្រួន​ចាន​កាហ្វេស្រាលៗដើម្បី​ជាស​ញ្ញា​ប្រាប់ថា គ្រប់គ្រាន់​ហើយ៕

  • អាចារ្យ​ម្នាក់​ត្រូវ​ដកហូត​ងារ ព្រោះតែ «បន់» ឱ្យ ប្រធានាធិបតី​កូរ៉េខាងត្បូង ជួប​គ្រោះថ្នាក់​យន្តហោះ

    អាចារ្យ​ម្នាក់​ត្រូវ​ដកហូត​ងារ ព្រោះតែ «បន់» ឱ្យ ប្រធានាធិបតី​កូរ៉េខាងត្បូង ជួប​គ្រោះថ្នាក់​យន្តហោះ

    អាចារ្យ​នៅ​វិហារ​អង់​គ្លី​កង់​កូរ៉េខាងត្បូង ត្រូវបាន​រិះគន់ និង​ដកហូត​ងារ បន្ទាប់ពី​បាន​បួងសួង​ជា​សាធារណៈ​ឱ្យ​យន្តហោះ​ដឹក ប្រធានាធិបតី Yoon ជួប​គ្រោះថ្នាក់។

    ប្រធានាធិបតី Yoon Suk-yeol និង​ភរិយា កាលពី​ថ្ងៃទី 11 វិច្ឆិកា បានធ្វើ​ដំណើរ​មកកាន់ អាស៊ីអាគ្នេយ៍ ដើម្បី​ចូលរួម​កិច្ចប្រជុំ​អាស៊ាន និង G20។ លោក Yoon គ្រោង​នឹង​ត្រលប់​ទៅវិញ​នៅ​ថ្ងៃទី 16 វិច្ឆិកា​ខាងមុខ។

    អាចារ្យ Kim Gyu-dong បាន​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​ថា គាត់​ចង់ឱ្យ​យន្តហោះ​ដឹក​ប្រធានាធិបតី​ជួប​គ្រោះថ្នាក់ និង​សង្ឃឹមថា ប្រជាជន​កូរ៉េខាងត្បូង ទាំងអស់ បួងសួង​បែបនេះ។

    លោក Kim Gyu-dong បាន​លុប​សារ​របស់គាត់​បន្ទាប់ពី​រង​ការរិះគន់។ គាត់​បាន​បកស្រាយ​ថា ខ្លឹមសារ​នេះ​គ្រាន់តែ​ជាការ​កត់ត្រា​ផ្ទាល់ខ្លួន ប៉ុន្តែ​ត្រូវបាន​បែកធ្លាយ​ជា​សាធារណៈ​ដោយ​អ​ចេតនា។

    ក្រុមប្រឹក្សា​ព្រះវិហារ​អង់​គ្លី​កង់ នៃ​តំបន់ Daejeon របស់ កូរ៉េខាងត្បូង កាលពី​ថ្ងៃទី 14 វិច្ឆិកា បានប្រកាស​ដកហូត​តំណែង​អាចារ្យ​របស់លោក Kim Gyu-dong រួចហើយ ក្រោយពី​មានការ​រិះគន់​ចំពោះ​ទង្វើ​ខាងលើ។

    មន្ត្រី​ខាង​សាសនា​មួយរូប​ថ្លែងថា សារ​របស់លោក Kim គឺជា​រឿង​មិនអាច​ទទួលយកបាន​ក្នុងនាម​គាត់​ជា​អាចារ្យ​ម្នាក់។

    មុន​នោះ អាចារ្យ​មួយរូប​របស់​វិហារ​រ៉ូ​ម៉ាំ​កាតូលិក​នៅ​តំបន់ Daejeon ក៏បាន​ធ្វើឱ្យមាន​ការរិះគន់​ដោយសារតែ​ការ​បង្ហោះ​សារ​ដែលមាន​ខ្លឹមសារ​ប្រហាក់ប្រហែល​នេះ។ អាចារ្យ​រូបនេះ ក្រោយមក​ក៏បាន​បិទ​គណនី​បណ្ដាញ​សង្គម និង​ឱ្យដឹងថា គាត់​គ្រាន់តែ​សម្ដែង​អំពី​ការខកចិត្ត​របស់​សាធារណជន​ប៉ុណ្ណោះ និង​មាន​អារម្មណ៍​ថា​ខ្មាសអៀន​នៅពេល​សារ​នេះ​ទទួលបាន​ចំណាប់អារម្មណ៍​ច្រើន។

    ថ្មីៗនេះ ពលរដ្ឋ​កូរ៉េខាងជើង នាំគ្នា​សម្ដែង​ការមិន​ពេញចិត្ត​ចំពោះ​ចំណាត់ការ​របស់​រដ្ឋាភិបាល ក្រោយពី​កើតមាន​ហេតុការណ៍​ប្រជ្រៀត​ជាន់គ្នា​ស្លាប់ 158 នាក់​នៅ Itaewon។ ប្រធានាធិបតី Yoon បាន​សុំទោស​ចំពោះ​ប្រជាជន និង​បាន​សន្យាថា កែទម្រង់​វិធានការ​ទប់ស្កាត់​ហានិភ័យ និង​គ្រោះថ្នាក់​ឱ្យបាន​សមស្រប៕

  • សម្ដេច​តេ​ជោ កំពុង​ត្រៀម​ចេញពី ឥណ្ឌូណេស៊ី ត្រឡប់មក កម្ពុជា វិញ ក្រោយ​ប្រកាសថា វិជ្ជមាន​នឹង​កូ​វីដ-19

    សម្ដេច​តេ​ជោ កំពុង​ត្រៀម​ចេញពី ឥណ្ឌូណេស៊ី ត្រឡប់មក កម្ពុជា វិញ ក្រោយ​ប្រកាសថា វិជ្ជមាន​នឹង​កូ​វីដ-19

    នា​រសៀល​ថ្ងៃទី 15 វិច្ឆិកា 2022 នេះ នៅលើ​ទំព័រ​បណ្ដាញ​សង្គម ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានឱ្យដឹងថា កំពុង​ត្រៀម​ចេញពី ឥណ្ឌូណេស៊ី ត្រឡប់មក កម្ពុជា វិញ ក្រោយពី​បានទទួល​លទ្ធផល​តេស្ដ​វិជ្ជមាន​នឹង​កូ​វីដ-19។

    «ខ្ញុំ​កំពុង​ត្រៀម​ចេញពី ឥណ្ឌូណេស៊ី ត្រឡប់​ទៅ កម្ពុជា វិញ បន្ទាប់ពី​អង្គុយ​រង់ចាំ​ការអនុញ្ញាត​ពី​ប្រទេស​ដែល​យើង​ត្រូវ​ហោះហើរ​ឆ្លងកាត់។ សូម​អរគុណ មិត្ត​ឥណ្ឌូណេស៊ី ដែល​បាន​យកចិត្តទុកដាក់​ទទួល​ប្រតិភូ​របស់​យើង និង​សូម​អធ្យាស្រ័យ​ដែល​យើង​មិនអាច​ចូលប្រជុំ G20 បាន» សម្ដេច​តេ​ជោ សរសេរ​ដូច្នេះ។ សម្ដេច​បន្ថែមថា «ការហោះ​រយៈពេល 3 ម៉ោង 30 នាទី ដែល​ខ្ញុំ​នឹង​ទៅដល់​ក្បាល​ព្រលប់​ល្ងាច​នេះ»។

    ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា នា​ព្រឹក​នេះ បានប្រកាសថា ទទួលលទ្ធផល​វិជ្ជមាន​នឹង​កូ​វីដ-19 ក្រោយពី​ពេទ្យ​នៅ ឥណ្ឌូណេស៊ី បានធ្វើ​តេស្ត នៅមុន​ការចូលរួម​កិច្ចប្រជុំ G20 នៅ ឥណ្ឌូណេស៊ី។

    ក្រោយ​ទទួលបាន​លទ្ធផល​នេះ សម្ដេច​ក៏បាន​ក៏បាន​សម្រេច​ឱ្យ​ប្រតិភូ​កម្ពុជា វិល​ត្រឡប់មក កម្ពុជា វិញ ដើម្បី​សុ​វត្តិភាព​សម្រាប់​ប្រតិភូ​ដែល​ចូលរួម​ប្រជុំ ខណៈដែល​តំណាង​ប្រទេស​អាស៊ាន កំពុង​ចរចា​ប្រគល់ជូន​ឥណ្ឌូណេស៊ី ធ្វើជា​តំណាង។

  • មនុស្ស​ទី 8 ពាន់​លាន​របស់​ពិភព​លោក បានចាប់កំណើត​នៅ អាស៊ីអាគ្នេយ៍

    មនុស្ស​ទី 8 ពាន់​លាន​របស់​ពិភព​លោក បានចាប់កំណើត​នៅ អាស៊ីអាគ្នេយ៍

    ទារិកា​ម្នាក់​បានចាប់កំណើត​នៅវេលា​ម៉ោង 1 និង 29 នាទី ថ្ងៃទី 15 វិច្ឆិកា 2022 នៅ រដ្ឋធានី​ម៉ានីល ប្រទេស​ហ្វ៊ី​លី​ពី​ន ត្រូវបាន​ទទួលស្គាល់ថា ជា​មនុស្ស​ទី 8 ពាន់​លាន​របស់​ពិភពលោក។

    «នេះ​គឺជា​ការចាប់​កំណើត​តាម​ធម្មតា» វេជ្ជបណ្ឌិត Romeo Bituin ប្រធាន​ផ្នែក​សុខាភិបាល​របស់​មន្ទីរ​ពេទ្យ Jose Fabella ជាទី​ដែល​ទារិកា​ខាងលើ​បានចាប់កំណើត បាន​ប្រាប់​ដូច្នេះ នេះ​បើតាម Manila Bulletin។

    ប្រធាន​រដ្ឋបាល​របស់ គណៈកម្មាធិការ​ប្រជាជន និង​អភិវឌ្ឍ​ហ្វ៊ី​លី​ពី​ន (POPCOM) នៃ​វិទ្យាស្ថាន​ស្ថិតិ​ហ្វ៊ី​លី​ពីង (PSA) លោកស្រី Lyneth Therese Monsalve សង្ឃឹមថា ទារិកា Venice ដែលជា​មនុស្ស​ទី 8 ពាន់​លាន​របស់​ពិភពលោក នឹង​ក្លាយ «ជា​និមិត្តរូប​នៃ​ភាពរុងរឿង​ក្នុងពេល​អនាគត»។

    ម្ដាយ​របស់​ Venice អ្នក​ស្រី Maria Margarette Villorente សប្បាយ​ចិត្ត​ជា​ខ្លាំង​នៅ​ពេល​កូន​ស្រី​របស់​គាត់​ត្រូវ​បាន​ទទួល​ស្គាល់​ថា​ជា​មនុស្ស​ទី 8 ពាន់​លាន​របស់​ពិភពលោក​។ «នេះ​គឺជា​​ភ័ព្វ​សំណាង​ចំពោះ​គ្រួសារ​» អ្នក​ស្រី Maria ថ្លែង​ដូច្នេះ​។

    ព្រឹក​ថ្ងៃ​ដដែល​នេះ មូលនិធិ​ប្រជាជន​នៃ​អង្គការសហប្រជាជាតិ (UNFPA) ក៏បាន​កត់ត្រា​អំពី​ចំនួន​ប្រជាជន​ដែល​បាន​កើន​ដល់ 8 ពាន់​លាន​នាក់ និង​ព្យាករ​ថា អាច​ឡើងដល់ 9 ពាន់​លាន​នាក់​នៅ​ឆ្នាំ 2037។

    យោងតាម UNFPA ការកើនឡើង​យ៉ាង​លឿន​នៃ​ចំនួន​ប្រជាជន​របស់​ពិភពលោក​នេះ​គឺ​ព្រោះតែ​អាយុ​របស់​មនុ​ស្សវែង​ជាង​មុន ដោយសារ​ការរីកចម្រើន​ផ្នែក​សុខុមាលភាព​ក្នុង​សហគមន៍ របប​អាហារ អនាម័យ​ផ្ទាល់ខ្លួន និង​ឱសថ។ នេះ​ក៏​ជា​លទ្ធផល​នៃ​ការចាប់​កំណើត​ដែលមាន​កម្រិត​ខ្ពស់ និង​ស្ថិរភាព​នៅក្នុង​ប្រទេស​ជាច្រើន​របស់​ពិភពលោក៕

  • ទេសចរ​ដែល​នាំយក​ផ្លែឈើ​ស្រស់​ចូល​ទឹកដី​ថៃ អាច​ត្រូវបាន​ពិន័យ​ដាក់ពន្ធនាគារ

    ទេសចរ​ដែល​នាំយក​ផ្លែឈើ​ស្រស់​ចូល​ទឹកដី​ថៃ អាច​ត្រូវបាន​ពិន័យ​ដាក់ពន្ធនាគារ

    បើសិនជា​នាំយក​ផ្លែឈើ​ដែល​មិន​ទទួលបាន​ការអនុញ្ញាត ចូលទៅក្នុង​ទឹកដី​របស់ ប្រទេស​ថៃ ទេសចរ​នឹងត្រូវ​ពិន័យ​ជា​ប្រាក់​រាប់រយ​ដុល្លារ​អាម៉េរិក ឬ​ជាប់ពន្ធនាគារ​ទៀតផង។

    Rapeephat Chantarasriwong អ្នកនាំពាក្យ​របស់ ក្រសួងកសិកម្ម​ថៃ បានឱ្យដឹងថា ទេសចរ​នាំយក​ផ្លែឈើ​ស្រស់​ចូល​ទឹកដី​របស់ ប្រទេស​ថៃ ដោយ​មិនមាន​លិខិត​បញ្ជាក់ថា មិនមាន​ជំងឺ​ដង្កូវ លិខិតអនុញ្ញាត​ការនាំ​ចូល ឬ​មិនបាន​រាយការណ៍ គឺជា​ការបំពានច្បាប់​ត្រួតពិនិត្យ​រុក្ខជាតិ​របស់ ប្រទេស​ថៃ នេះ​បើតាម Thai PBS World។

    យោងតាម National News Bureau of Thailand ពលរដ្ឋ​ថៃ ដែល​ទៅ​ទេសចរណ៍​នៅ​ប្រទេសក្រៅ ត្រូវបាន​ព្រមាន​មិនឱ្យ​នាំយក​បន្លែ​ផ្លែឈើ​ស្រស់​ត្រលប់មក ប្រទេស​ថៃ ព្រោះ​អាច​ប្រឈម​នឹង​បញ្ហា​ផ្លូវច្បាប់។

    អ្នកនាំពាក្យ​របស់ ក្រសួងកសិកម្ម​ថៃ បានឱ្យដឹងថា ការ​នាំចូល​ផ្លែឈើ​ដោយ​ខុសច្បាប់​នឹងត្រូវ​ពិន័យ​ជា​ប្រាក់ 20,000 បាត (ប្រហែល 560 ដុល្លារ​អាម៉េរិក) ឬ​ជាប់ពន្ធនាគារ 1 ឆ្នាំ។ បច្ចុប្បន្ន មាន​ទេសចរ​ជាច្រើន​នាក់​ត្រូវបាន​រឹបអូស​យក​ផ្លែឈើ និង​បំផ្លាញចោល​នៅឯ​ព្រលានយន្តហោះ ប៉ុន្តែ​មិនទាន់មាន​ករណី​រង​ការពិន័យ​នៅឡើយ។

    លោក Rapeephat Chantarasriwong បន្ថែមថា នាពេលខាងមុខ ក្រសួងកសិកម្ម​ថៃ នឹង​ស្នើឱ្យ​គ្រប់​អាកាសយានដ្ឋាន ផ្ដល់ព័ត៌មាន​នេះ​ដល់​អ្នកដំណើរ​គ្រប់រូប៕

  • ដោយសារ​​​តែ​វិជ្ជមាន​​នឹង​​កូ​វីដ​-​១៩​ ​សម្តេច​​តេ​ជោ​ ហ៊ុន​ សែន​ នឹង​​ត្រឡប់​​មក​ដល់​​កម្ពុជា​​វិញ​​នៅ​​ល្ងាច​​នេះ

    ដោយសារ​​​តែ​វិជ្ជមាន​​នឹង​​កូ​វីដ​-​១៩​ ​សម្តេច​​តេ​ជោ​ ហ៊ុន​ សែន​ នឹង​​ត្រឡប់​​មក​ដល់​​កម្ពុជា​​វិញ​​នៅ​​ល្ងាច​​នេះ

    ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានប្រកាសថា បានធ្វើ​តេស្ត​រក​វីរុស​បង្ក​ជំងឺ​កូ​វីដ-19 ជា​រៀងរាល់ថ្ងៃ ពិសេស​នៅមុន​ពេលចេញ​ដំណើរ​ឡើង​យន្តហោះ​ទៅកាន់ ឥណ្ឌូណេស៊ី តែ​ពុំមាន​ឃើញ​អ្វី​នោះឡើយ។

    ប្រសាសន៍​ខាងលើ​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន ត្រូវបាន​លើកឡើង​ក្រោយពី​ពេទ្យ​នៅ ឥណ្ឌូណេស៊ី បញ្ជាក់ថា សម្ដេច​វិជ្ជមាន​នឹង​កូ​វីដ-19 បន្ទាប់ពី​បានធ្វើ​តេស្ត។

    «ខ្ញុំ​មិន​ច្បាស់​ថា​មេរោគ​នេះ​មក​នៅ​ជាមួយ​ខ្លួន​ខ្ញុំ​ចាច់​ពី​ពេលណា​មក​នោះឡើយ​តែ​អ្វីដែល​ច្បាស់​ពេលមកដល់ពេទ្យ​ឥណ្ឌូណេស៊ី យក​សំណាក​ពេល​ល្ងាច លុះ​ព្រឹក​ឡើង​បញ្ជាក់ថា វិជ្ជមាន​កូ​វីដ-១៩ ដែល​យើង​ត្រូវតែទទួលស្គាល់ បើទោះជា​ក្នុង​ខ្លួន​យើង​មិនមាន​អា​ការៈចម្លែក​ក៏ដោយ» នេះ​បើតាម​ប្រសាសន៍​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន។

    ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​សម្រេច​ឱ្យ​ប្រតិភូ​កម្ពុជា វិល​ត្រឡប់មក កម្ពុជា វិញ ដើម្បី​សុ​វត្តិភាព​សម្រាប់​ប្រតិភូ​ដែល​ចូលរួម​ប្រជុំ ខណៈដែល​តំណាង​ប្រទេស​អាស៊ាន កំពុង​ចរចា​ប្រគល់ជូន​ឥណ្ឌូណេស៊ី ធ្វើជា​តំណាង។

  • ម្ចាស់ Amazon ប្រកាសថា បរិច្ចាគ​ទ្រព្យសម្បត្តិ​មួយ​ភាគ​ធំ​សម្រាប់​កិច្ចការ​មនុស្សធម៌

    ម្ចាស់ Amazon ប្រកាសថា បរិច្ចាគ​ទ្រព្យសម្បត្តិ​មួយ​ភាគ​ធំ​សម្រាប់​កិច្ចការ​មនុស្សធម៌

    មហាសេដ្ឋី ជេ​ហ្វ បេ​ហ្សូ​ស (Jeff Bezos) និយាយថា នឹង​បរិច្ចាគ​មួយ​ភាគ​ធំ​នៃ​ទ្រព្យសម្បត្តិ​តម្លៃ 124 ពាន់​លាន​ដុល្លារ​អាម៉េរិក​របស់គាត់ ដើម្បី​ជួយ​ដល់​កិច្ចការ​ទប់ទល់​នឹង​បម្រែបម្រួល​អាកាសធាតុ និង​គាំទ្រ​ដល់​ក្រុមមនុស្ស​ដែល «អាចបង្កើត​សាមគ្គីភាព​នៃ​មនុស្សជាតិ»។

    នៅក្នុង​កិច្ច​សម្ភាស​របស់ CNN នៅឯ​គេហដ្ឋាន​ផ្ទាល់ខ្លួន​នៅ វ៉ា​ស៊ី​ង​តោន កាលពី​ថ្ងៃទី 13 វិច្ឆិកា មហាសេដ្ឋី ជេ​ហ្វ បេ​ហ្សូ​ស ឆ្លើយថា «មាន» បន្ទាប់ពី​ត្រូវបាន​សួរថា «មានបំណង​បរិច្ចាគ​ទ្រព្យ​មួយ​ភាគ​ធំ​ដែរ ឬទេ»។

    នេះ​គឹជា​លើកដំបូង​ដែល​លោក ជេ​ហ្វ បេ​ហ្សូ​ស ប្រកាស​អំពី​ការបរិច្ចាគ​ទ្រព្យ​មួយ​ភាគ​ធំ​របស់គាត់។ មនុស្ស​ជាច្រើន​ធ្លាប់បាន​រិះគន់ថា លោក ជេ​ហ្វ បេ​ហ្សូ​ស មិន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​បរិច្ចាគ ជា​កិច្ចព្រមព្រៀង​ដែលមាន​កំពូល​អ្នកមាន​រាប់រយ​នាក់​ក្នុង​ពិភពលោក បាន​ចុះហត្ថលេខា​នាពេល​កន្លង។

    មហាសេដ្ឋី ជេ​ហ្វ បេ​ហ្សូ​ស និង​ភរិយា ក៏បាន​ប្រកាស​អំពី​ខ្ទង់​ប្រាក់រង្វាន់​សម្រាប់​ភាពក្លាហាន​និង​អរិយធម៌ ចំនួន 100 លាន​ដុល្លារ​សម្រាប់​តន្ត្រីករ និង​ជា​អ្នកចម្រៀង​មួយរូប​ឈ្មោះ Dolly Parton។ នេះ​គឺជា​លើក​ទី​បី​ហើយ​ដែល​លោក បេ​ហ្សូ​ស បានផ្ដល់​រង្វាន់​នេះ ក្រោយពី​បានប្រគល់​រង្វាន់​តម្លៃ​ដូច​គ្នាន​ដល់​មេ​ចុងភៅ Jose Andres ដែលជា​អ្នក​បាន​ចំណាយ​ប្រាក់​ផ្ទាល់ខ្លួន​សម្រាប់​ផ្ដល់​អាហារ​ដល់ ជនជាតិ​អ៊ុយ​ក្រែ​ន និង​រង្វាន់​សម្រាប់​សក​ម្ម​ជន​ប្រឆាំងនឹង​បម្រែបម្រួល​អាកាសធាតុ Van Jones។ លោក បេ​ហ្សូ​ស និយាយថា អ្នក​ដែល​បានទទួល​រង្វាន់​គឺ​សុទ្ធតែជា​អ្នក​ដែលមាន​សមត្ថភាព​បង្កើត​សាមគ្គីភាព​ដើម្បី​ដោះស្រាយ​បញ្ហាធំ។

    លោក បេ​ហ្សូ​ស ដែល​បច្ចុប្បន្ន​គឺជា​អ្នកមាន​ជាងគេ​លំដាប់​ទី 4 ក្នុង​ពិភពលោក (យោងតាម Bloomberg) មិនទាន់​បានកំណត់​គោលដៅ​បរិច្ចាគ​ប្រាក់​ប៉ុន្មាន​ក្នុង​ជីវិត​របស់គាត់​នៅឡើយ។ ប៉ុន្តែ គាត់​ធ្លាប់បាន​សន្យាថា នឹង​បរិច្ចាគ 10 ពាន់​លាន​ដុល្លារ ដែល​ស្មើនឹង 8% នៃ​ទ្រព្យ​សរុប​នាបច្ចុប្បន្ន ក្នុង​រយៈពេល 10 ឆ្នាំ សម្រាប់​មូលនិធិ​ផែនដី​បេ​ហ្សូ​ស។

  • សេដ្ឋកិច្ច​របស់​ពិភពលោក​ទាំង​មូល​ នឹង​ទៅជា​យ៉ាងណា​នៅ​ឆ្នាំក្រោយ?

    សេដ្ឋកិច្ច​របស់​ពិភពលោក​ទាំង​មូល​ នឹង​ទៅជា​យ៉ាងណា​នៅ​ឆ្នាំក្រោយ?

    2022 គឺជា​ឆ្នាំ​ដ៏​អាក្រក់​ចំពោះ​សេដ្ឋកិច្ចពិភពលោក ប៉ុន្តែ នៅ​ឆ្នាំក្រោយ សេដ្ឋកិច្ច​អាច​នឹង​កាន់តែ​អាក្រក់​ជាង​បច្ចុប្បន្ន នេះ​បើតាម Bloomberg។

    ប្រវត្តិសាស្ត្រ​បានបង្ហាញ​ថា ការដំឡើង​អត្រា​ការប្រាក់​ជា​បន្តបន្ទាប់រ​បស់ រតនាគារជាតិ​អាម៉េរិក (Fed) នឹង​រុញច្រាន​សេដ្ឋកិច្ច​របស់ សហរដ្ឋ​អាម៉េរិក និង​ពិភពលោក​ឱ្យ​ធ្លាក់​ទៅក្នុង​វិបត្តិ។ ទន្ទឹមនឹងនេះ ការដែល​តម្លៃ​ឧស្ម័ន​នៅ អឺរ៉ុប នឹង​បន្ត​ឡើងថ្លៃ ក៏​នឹង​មិនមែនជា​រឿង​ចម្លែក។ ចំណែក​គោលនយោបាយ​ប្រឆាំង​ជំងឺ​រាតត្បាត​ដ៏​តឹងរឹង និង​ទីផ្សារ​អចលនទ្រព្យ​ជួប​បញ្ហា ក៏​ធ្វើឱ្យ​កំណើនសេដ្ឋកិច្ច​របស់ ប្រទេស​ចិន មាន​ហានិភ័យ​ត្រូវ​ដាំ​ក្បាល​ចុះ។

    ក្នុង​សេណា​រី​យ៉ោ​អាក្រក់ បញ្ហា​ទាំងឡាយ​ខាងលើ​អាច​កើតមានឡើង​ដំណាលគ្នា។ ពេលនោះ វិស័យសេដ្ឋកិច្ច​ទូទាំង​សកលលោក​នឹង​បាត់បង់​ប្រហែល 5 ទ្រី​លាន (5,000,000,000,000.00) ដុល្លារ​អាម៉េរិក នេះ​បើតាម​ការ​ព្យាករ​របស់​ទី​ភ្នាក់​ងារ​សារព័ត៌មាន​ Bloomberg Economics។

    ទិដ្ឋភាព​មិនមាន​អំណោយផល​ល្អ​នោះ​បានកើត​ឡើងជាបណ្ដើរៗនៅក្នុង​ឆ្នាំនេះ។ ដំណាក់កាល​អត្រា​ការប្រាក់​ទាប តម្រូវការ​ខ្ពស់​ពី ប្រទេស​ចិន ដែល​ភូមិសាស្ត្រ​នយោបាយ​មិនសូវមាន​ការប្រែប្រួល គឺជា​កត្តា​សំខាន់​ដែល​បាន​នាំមក​នូវ​ការរីកចម្រើន និង​តម្លៃ​ទំនិញ​មាន​ស្ថិរភាព​អស់​ជាច្រើន​ទសវត្សរ៍​សម្រាប់​ពិភពលោក។ រាល់​ការប្រែប្រួល​វិជ្ជមាន​ទាំងនេះ​បាន​បាត់​ខ្លួន​ទាំងស្រុង​នៅក្នុង​ឆ្នាំនេះ ធ្វើឱ្យ​អតិផរណា​កើនឡើង​ខ្ពស់បំផុត​ក្នុង​រង្វង់​ច្រើន​ទសវត្សរ៍ ហើយ​ទីផ្សារ​ហិរញ្ញវត្ថុ​ក៏បាន​ខូចខាត​រហូតដល់​រាប់​ទ្រី​លាន​ដុល្លារ​អាម៉េរិក។

    ក៏ប៉ុន្តែ នៅតែមាន​ក្ដីសង្ឃឹម​សម្រាប់​ឆ្នាំ 2023។ Fed អាច​នឹង​នាំ​អតិផរណា​ទៅកាន់​គោលដៅ​ដោយ​មិន​បង្កឱ្យមាន​បញ្ហា​បាត់បង់​ការងារ​ច្រើន។ ចំណែក​អាកាសធាតុ​កក់ក្ដៅ​ក៏​អាចជួយ​ឱ្យ អឺរ៉ុប រួច​ផុតពី​ឱនភាព​សេដ្ឋកិច្ច។ប្រទេស​ចិន អាច​នឹង​បន្ធូរបន្ថយ​វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វីដ-19។ លទ្ធភាព​នេះ​មួយចំនួន​បានកើត​ឡើង​កាលពី​សប្ដាហ៍​កន្លង​រួចហើយ នៅពេល​ទីផ្សារ​នានា​មាន​ពិន្ទុ​កើនឡើង​ដោយសារ​អតិផរណា​របស់ សហរដ្ឋ​អាម៉េរិក មាន​កម្រិត​ទាប​ជាង​ការគ្រោងទុក និង​សញ្ញា​ទាំងឡាយ​ស្ដីពី​លទ្ធភាព​នៃ​ការកែសម្រួល​វិធានការ​ទប់ស្កាត់​ជំងឺ​រាតត្បាត​របស់ ប្រទេស​ចិន។

    សូម្បីតែ​នៅពេល​សញ្ញា​វិជ្ជមាន​ទាំងឡាយ​ខាងលើ​មិនបាន​ក្លាយជា​ការពិត​ក៏ដោយ ក៏​នឹង​នៅមាន​ក្រុម​អ្នកវិនិយោគ​ដែលមាន​សុទិដ្ឋិនិយម ចាប់ផ្ដើម​ផ្សងព្រេង​ជាមួយនឹង​ការរំពឹង​ដែលថា សេដ្ឋកិច្ច​នឹង​ងើប​ឡើងវិញ ដោយសារ​យល់ថា អត្រា​ការប្រាក់​បាន​ឡើងដល់​ចំណុច​ខ្ពស់​ខ្លាំង ហើយ​កំណើនសេដ្ឋកិច្ច​ក៏បាន​ធ្លាក់​ដល់​បាត។

    ក៏​ប៉​ន្តែ Bloomberg បានឱ្យដឹងថា ក្រោយ​ការខូចខាត​​អស់​ជា​​ច្រើន​ឆ្នាំ​ដោយសារតែ​កូ​វីដ-19 សង្គ្រាម និង​បញ្ហា​កង្វះ​ប្រភព​ផ្គត់ផ្គង់ គេ​ពិតជា​ពិបាក​ក្នុង​ការជឿជាក់​ទៅលើ​ភាព​វិជ្ជមាន​របស់​សេដ្ឋកិច្ច ដោយសារតែ​កត្តា​ហានិភ័យ​មួយចំនួន​មានដូចជា «ហានិភ័យ​នៃ​ការដំឡើង​អត្រា​ការប្រាក់​របស់ Fed, ហានិភ័យ​បំណុល​សាធារណៈ, កង្វះ​ថាមពល​នៅ អឺរ៉ុប, សុខភាព​របស់ ប្រទេស​ចិន រួម​នឹង​ហានិភ័យ​ជាច្រើន​ផ្សេងទៀត» ដែល​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការ​ងើបឡើង​របស់​សេដ្ឋកិច្ចពិភពលោក៕