Category: អន្តរជាតិ

  • នូ​វែ​ល​សេ​ឡង់ អនុម័ត​ហាម​លក់​បារី​ឱ្យ​មនុស្ស​កើត​ក្រោយ​ឆ្នាំ 2008

    នូ​វែ​ល​សេ​ឡង់ អនុម័ត​ហាម​លក់​បារី​ឱ្យ​មនុស្ស​កើត​ក្រោយ​ឆ្នាំ 2008

    អាជ្ញាធរ​នូ​វែ​ល​សេ​ឡង់ ទើបតែ​បានអនុម័ត​ច្បាប់​ហាម​លក់​ថ្នាំជក់​ឱ្យ​មនុស្ស​កើត​ក្រោយ​ឆ្នាំ 2008 ជា​រៀងរហូត ដើម្បី​ទប់ស្កាត់​មនុស្ស​ជំ​នាក់​ក្រោយ​ជក់បារី។

    ច្បាប់​ថ្មី​ដែល​ទើបត្រូវ​បានអនុម័ត​កាលពី​ថ្ងៃទី 13 ធ្នូ 2022 នេះ នឹងមាន​សុពលភាព​ចាប់ពី​ឆ្នាំ 2023។ យោងតាម​ច្បាប់​ថ្មី​នេះ ចាប់ពី​ឆ្នាំ 2023 មនុស្ស​ដែលមាន​អាយុ​ក្រោម 15 ឆ្នាំ ឬ​កើត​ក្រោយ​ឆ្នាំ 2008 នឹងត្រូវ​បាន​ហាម​មិនឱ្យ​ទិញ​បារី​ជា​រៀងរហូត។

    ចុងឆ្នាំ​ក្រោយ នូ​វែ​ល​សេ​ឡង់ នឹង​ដកហូត​អាជ្ញាប័ណ្ណ 90% ក្នុងចំណោម​លិខិតអនុញ្ញាត​ដែល​បាន​ផ្ដល់ឱ្យ​អ្នក​លក់រាយ​ថ្នាំជក់​នៅ​ប្រទេស​នេះ។

    បុគ្គល​ដែល​បំពាន​ច្បាប់​នេះ​នឹង​អាច​ត្រូវបាន​ពិន័យ​ជា​ប្រាក់​រហូតដល់ 95,000 ដុល្លារ​អាម៉េរិក។ ច្បាប់​នេះ​ក៏​តម្រូវឱ្យ​កាត់បន្ថយ​សារធាតុ nicotine ក្នុង​ថ្នាំជក់​ផងដែរ ដើម្បី​ធ្វើឱ្យ​វា​មិនសូវ​បង្កបញ្ហា​ញៀន៕

  • គិលានុបដ្ឋាក​​អង់គ្លេស 100,000 នាក់ ចូលរួម​ធ្វើ​កូដកម្ម​ធំ​មិន​ធ្លាប់មាន​ពីមុនមក

    គិលានុបដ្ឋាក​​អង់គ្លេស 100,000 នាក់ ចូលរួម​ធ្វើ​កូដកម្ម​ធំ​មិន​ធ្លាប់មាន​ពីមុនមក

    គិលានុបដ្ឋាក​​អង់គ្លេស​ប្រហែល 100,000 នាក់ នាំគ្នា​ធ្វើ​កូដកម្ម​ទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់មាន​ពីមុនមក ជា​ជម្រើស​ចុងក្រោយ​ក្នុងការ​ទាមទារ​ដំឡើង​ប្រាក់ខែ។

    សមាជិក​សហជីព RCN (Royal College of Nursing) នៅ​ទូទាំង​អង់គ្លេស វ៉ែល​ស៍ និង​អៀរ​ឡង់​ខាងជើង ឈប់​ធ្វើការ​ចាប់ពី​ម៉ោង 08 ដល់​ម៉ោង 20 ថ្ងៃទី 15 ធ្នូ ក្រោយពី​បដិសេធ​របប​​បើក​ប្រាក់ខែ​ថ្មី​ដែល​លើកឡើង​ដោយ​រដ្ឋាភិបាល​អង់គ្លេស។ នេះ​គឺជា​កូដកម្ម​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ 106 ឆ្នាំ​របស់ RCN ហើយក៏​ជា​កូដកម្ម​ធំជាងគេ​បង្អស់​នៅ អង់គ្លេស គិត​មក​ដល់​បច្ចុប្បន្ន។

    គិលានុបដ្ឋាក​​នៅ​ផ្នែក​លាង​ឈាម សង្គ្រោះបន្ទាន់ និង​ថែទាំ​ទារក​ជាដើម នៅ​បន្ត​ធ្វើ​ការ ប៉ុន្តែសេវាកម្ម​សុខាភិបាល​នៅក្នុង​ផ្នែក​ដទៃ​នឹងត្រូវ​កាត់បន្ថយ​ក្នុងពេលធ្វើ​​កូដកម្ម នេះ​បើ​តាម RCN។

    មនុស្ស​ជាច្រើន​នៅ អង់គ្លេស កំពុង​ត្រូវ​រងផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​ទំនិញ​ឡើងថ្លៃ​ខ្ពស់ ក្នុង​គ្រា​ដែល​​អតិផរណា​មាន​ល្បឿន​លឿន​ជាង​ល្បឿន​នៃ​ការដំឡើង​ប្រាក់ខែ ចំណែក​គិលានុបដ្ឋាក​ក៏ត្រូវ​ធ្វើការ​លើស​កម្លាំង​ព្រោះ​តែ​​បញ្ហា​ខ្វះ​ធនធានមនុស្ស ។ មូលហេតុ​​ទាំង​នេះហើយ​ដែល​បាន​នាំឱ្យមាន​កូដកម្ម​ដ៏​ធំ​នេះ​កើនឡើង៕

  • ប្រាក់ចំណូល​បាន​ពី​ប្រេង​ឆៅ​របស់ប្រទេស​រុស្ស៊ី ចាប់ផ្ដើម​ថយចុះ

    ប្រាក់ចំណូល​បាន​ពី​ប្រេង​ឆៅ​របស់ប្រទេស​រុស្ស៊ី ចាប់ផ្ដើម​ថយចុះ

    អង្គការ​ថាមពល​អន្ត​រ​ជាតិ និយាយថា ប្រាក់ចំណូល​របស់ ប្រទេស​រុស្ស៊ី ដែល​បាន​ពី​រ៉ែ​ប្រេង​ក្នុង​ខែវិច្ឆិកា បាន​ថយចុះ បើទោះជា​បរិមាណ​ប្រេង​ដែល​បាន​លក់​ចេញ​បាន​កើនឡើង ដែល​នេះ​គឺជា​សញ្ញា​បញ្ជាក់ថា ទណ្ឌកម្ម​របស់លោក​ខាងលិច ចាប់ផ្ដើម​មាន​ប្រសិទ្ធភាព។

    យោងតាម Guardian ដែល​ចុះផ្សាយ​នា​ថ្ងៃនេះ​បានឱ្យដឹងថា អង្គការ​ថាមពល​អន្ត​រ​ជាតិ (IEA) គណនា​ឃើញថា រុស្ស៊ី រកបាន​ចំណូល​ប្រហែល 15.8 ពាន់​លាន​ដុល្លារ​អាម៉េរិក ពី​ការលក់​ប្រេង​នៅក្នុង​ខែវិច្ឆិកា 2022 ដែល​នេះ​គឺជា​កម្រិត​ទាប​ទី​ពីរ​ក្នុងឆ្នាំនេះ។

    ចំណែក​បរិមាណ​ប្រេង​ឆៅ និង​ផលិតផល​ធ្វើ​ពី​ប្រេង​របស់ រុស្ស៊ី បាន​កើន​ឡើងដល់ 8.1 លាន​ធុង/ថ្ងៃ ដែល​នេះ​គឺជា​កម្រិត​ខ្ពស់បំផុត​រាប់​ចាប់ពី​ខែមេសា 2022។

    Guardian បានឱ្យដឹងថា នេះ​ទំនងជា​សញ្ញា​បញ្ជាក់ថា ទណ្ឌកម្ម​ពី​បណ្ដា​ប្រទេស​លោកខាងលិច​ដែល​ដាក់​ទៅលើ ទីក្រុង​មូ​ស្គូ ក្នុង​បំណង​កាត់បន្ថយ​ប្រាក់ចំណូល​ពី​ការនាំចេញ​ថាមពល​របស់ រុស្ស៊ី ចាប់ផ្ដើម​មាន​ប្រសិទ្ធភាព។

    សហភាព​អឺរ៉ុប (EU) និង G7 កាលពី​ថ្ងៃទី 05 ធ្នូ បាន​ឯកភាពគ្នា​ក្នុងការ​កំណត់​តម្លៃ​ពិតាន​ឱ្យនៅ​ត្រឹម 60 ដុល្លារ​អាម៉េរិក/ធុង ចំពោះ​ប្រេង​ដែល​ដឹកជញ្ជូន​តាមផ្លូវ​សមុទ្រ​របស់ រុស្ស៊ី គ្រា​ដែល​បស្ចិម​លោក​ចង់​កាត់បន្ថយ​ប្រាក់ចំណូល​របស់ មូ​ស្គូ ផង និង​ចង់​គ្រប់គ្រង​បញ្ហា​អតិផរណា​ក្នុង​វិស័យ​ថាមពល​ផង។ ប្រេង​ដែល​មិនមែនជា​របស់ រុស្ស៊ី កាលពី​ថ្ងៃទី 14 ធ្នូ មានតម្លៃ​ប្រហែល 81 ដុល្លារ​អាម៉េរិក/ធុង៕

  • (World Cup 2022)- អ្នកគាំទ្រ​ម៉ា​រ៉ុ​ក ប៉ះទង្គិច​ជាមួយ​ប៉ូលិស​នៅ បែលហ្ស៊ិក

    (World Cup 2022)- អ្នកគាំទ្រ​ម៉ា​រ៉ុ​ក ប៉ះទង្គិច​ជាមួយ​ប៉ូលិស​នៅ បែលហ្ស៊ិក

    អ្នកគាំទ្រ​ប្រហែល 100 នាក់ ក្នុងនោះ​មាន​ទាំង​អ្នក​ចង​ទង់​របស់ ប្រទេស​ម៉ា​រ៉ុ​ក បាន​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​នៅ ព្រុ​ច​សែ​ល បន្ទាប់ពី​ក្រុមបាល់ទាត់​ជម្រើសជាតិ​របស់ ម៉ា​រ៉ុ​ក ចាញ់ ក្រុម​បារាំង នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។

    ក្រុម​អ្នកគាំទ្រ​ម៉ា​រ៉ុ​ក កាលពី​យប់​ថ្ងៃទី 14 ធ្នូ បាន​ប្រមូល​ផ្ដុំគ្នា​នៅក្បែរ​ស្ថានីយ​រថភ្លើង Brussels South និង​បាននាំគ្នា​បាញ់​កាំជ្រួច និង​គប់​វត្ថុផ្សេងៗទៅលើ​ក្រុមប៉ូលិស​ប្រឆាំង​កុបកម្ម ព្រមទាំង​បាន​ដុត​ធុង​ក្រដាស និង​ថង់​សំរាម​ផងដែរ។ ប៉ូលិស​ក៏បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​បាញ់​ទឹក និង​បាញ់​ផ្សែង​បង្ហូរទឹកភ្នែក​ដើម្បី​រំសាយ​ហ្វូងមនុស្ស។

    ការប៉ះទង្គិច​គ្នា​រវាង​ប៉ូលិស និង​អ្នកគាំទ្រ​ម៉ា​រ៉ុ​ក បាន​កើតឡើង​ក្នុង​រយៈពេល​ខ្លី និង​មិន​បង្កឱ្យមាន​ការខូចខាត​ធ្ងន់ធ្ងរ​នោះទេ។ ប៉ូលិស​ក៏បាន​ចាប់ខ្លួន​មនុស្ស​មួយចំនួន​។

    យោងតាម Mirror ការប៉ះទង្គិច​បែបនេះ​ក៏បាន​កើតឡើង​ក្នុង​តំបន់​មួយចំនួន​នៅ ប្រទេស​បារាំង ផងដែរ។ ប៉ូលិស​ប្រឆាំង​កុបកម្ម​ត្រូវបាន​ដាក់ពង្រាយ​នៅ​តំបន់​មួយចំនួន​របស់ រដ្ឋធានី​ប៉ារីស ដើម្បី​បំបែក​ហ្វូងមនុស្ស​ដែល​គាំទ្រ ម៉ា​រ៉ុ​ក និង បារាំង។ រូបភាព​លើ​បណ្ដាញ​សង្គម​បង្ហាញថា មាន​មនុស្ស​មួយចំនួន​ពាក់មួក​ជិត​ក្បាល​ដេញតាម​អ្នកគាំទ្រ​ម៉ា​រ៉ុ​ក។

    អ្នកគាំទ្រ​ម៉ា​រ៉ុ​ក និង​អ្នកគាំទ្រ​បារាំង ក៏បាន​ប៉ះទង្គិច​គ្នា​នៅ Place de la Comedie ទីក្រុង Montpellier ក្នុងនោះ​មាន​អ្នកខ្លះ​បាញ់​កាំជ្រួច​សំដៅលើ​គូបដិបក្ខ ខណៈដែល​សំឡេង​ស្រែក​ដាក់គ្នា​លាន់ឮ​កងរំពង មុនពេល​ប៉ូលិស​ចូលធ្វើ​អន្តរាគមន៍។

    https://www.youtube.com/watch?v=UTu4Te79NA4

    ក្រុម​ជម្រើសជាតិ​ម៉ា​រ៉ុ​ក កាលពី​ថ្ងៃទី 14 ធ្នូ បាន​ចាញ់​ក្រុម​របស់ ​បារាំង 0-2 ក្នុង​​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ World Cup 2022។ ម៉ា​រ៉ុ​ក លើក​នេះ​បាន​យកឈ្នះ​លើ​ក្រុមធំៗជាច្រើន ហើយ​ក៏បាន​ក្លាយជា​តំណាង​ទ្វីបអាហ្វ្រិក​ដំបូង​គេ​ដែល​បាន​ឡើងដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ World Cup។

    ក្រុម​ជម្រើសជាតិ​បារាំង នឹង​ប៉ះ​ក្រុម​របស់ អា​ហ្ស​ង់​ទីន ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី 18 ធ្នូ ខណៈដែល ម៉ា​រ៉ុ​ក ត្រូវ​ជួប ក្រូ​អាត ក្នុងការ​ប្រកួត​ដណ្ដើមពាន​រង្វាន់​លេខ 3 មុន​នោះ​មួយថ្ងៃ៕

  • អ្នកគាំទ្រ​ប្រធានាធិបតី​ប្រេ​ស៊ី​ល ដុត​រថយន្ត និង​ប៉ះទង្គិច​ជាមួយ​ប៉ូលិស

    អ្នកគាំទ្រ​ប្រធានាធិបតី​ប្រេ​ស៊ី​ល ដុត​រថយន្ត និង​ប៉ះទង្គិច​ជាមួយ​ប៉ូលិស

    អ្នកគាំទ្រ​ប្រធានាធិបតី​ប្រេ​ស៊ី​ល​លោក Bolsonaro ដុតបំផ្លាញ​រថយន្ត និង​ព្យាយាម​សម្រុកចូល​ការិយាល័យ​ប៉ូលិស​នៅ ប្រា​ស៊ី​លី​យ៉ា ដើម្បី​រំដោះ​មេដឹកនាំ​បាតុករ​ម្នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន។

    បាតុកម្មហិង្សា​បានកើត​ឡើង​នៅ រដ្ឋធានី​ប្រា​ស៊ី​លី​យ៉ា កាលពី​ថ្ងៃទី 12 ធ្នូ ក្រោយពី​កម្លាំង​សន្តិសុខ​បាន​ចាប់ខ្លួន Jose Acacio Serere Xavante ទៅតាម​បញ្ជា​តុលាការ​ជាន់ខ្ពស់ (STF) ដែល​បាន​ចោទថា មាន​គំរាមកំហែង​ដល់​នីតិរដ្ឋ​ប្រជាធិបតេយ្យ។

    លោក Serere Xavante ដែលជា​មេដឹកនាំ​ក្រុមមនុស្ស​មួយ​ក្រុង​នៅក្នុង​តំបន់ គាំទ្រ​ប្រធានាធិបតី Jair Bolsonaro និង​បដិសេធ​លទ្ធផល​បោះឆ្នោត​កាលពី​ថ្ងៃទី 30 តុលា 2022 ដែល​លោក Bolsonaro ត្រូវ​ចាញ់​លោក Luiz Inacio Lula da Silva។

    សមត្ថកិច្ច​ត្រូវ​ប្រើប្រាស់​ផ្សែង​បង្ហូរទឹកភ្នែក និង​គ្រាប់កាំភ្លើង​ជ័រ​ដើម្បី​រំសាយ​បាតុករ។ រថយន្ត​ជាច្រើន​គ្រឿង​ត្រូវបាន​ដុតបំផ្លាញ​នៅក្នុង​បាតុកម្មហិង្សា​នេះ ខណៈ​មនុស្ស​មួយចំនួន​ប៉ះទង្គិច​ជាមួយ​ប៉ូលិស ក្នុងពេលដែល​បាតុករ​ព្យាយាម​សម្រុកចូល​អគារ​របស់​ប៉ូលិស​ដើម្បី​រំដោះ​លោក Serere Xavante។

    រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ប្រេ​ស៊ី​ល ប្រកាសថា នឹង​ស្រាវជ្រាវ​រឿងនេះ ហើយ​បាន​បញ្ជាក់ថា ស្ថានការណ៍​កំពុង​ស្ងប់ស្ងាត់​មកវិញ។

    កាលពី​ថ្ងៃទី 07 ធ្នូ លោក Lula បានទទួល​ឯកសារ​បញ្ជាក់ថា លោក​បាន​ជាប់ឆ្នោត ដែល​នេះ​ក៏​ជាការ​បញ្ចប់​រដូវ​កាល​ប្រកួតប្រជែង​ជាមួយនឹង​លោក Bolsonaro។ STF កាលពី​ថ្ងៃទី 12 ធ្នូ ក៏បាន​បញ្ជាក់ថា ជ័យជម្នះ​បាន​ទៅលើ​លោក Lula។

    ចំណែក​លោក Bolsonaro វិញ បាន​បដិសេធ​លទ្ធផល​នៃ​ការបោះឆ្នោត ដោយ​ចោទថា មាន​ការលួចបន្លំ។ ថ្វីបើ​បាន​បដិសេធ​លទ្ធផល ប៉ុន្តែ លោក Bolsonaro ក៏​មិន​រារាំង​ការផ្ទេរអំណាច ខណៈដែល​អ្នកគាំទ្រ​រប​ស់លោក នៅតែ​ធ្វើបាតុកម្ម និង​អំពាវនាវ​ឱ្យ​កងទ័ព​ចូលធ្វើ​អន្តរាគមន៍៕

  • រូបថត 10 សន្លឹក​ដ៏​អស្ចារ្យ​បំផុត​នៅក្នុង​បេសកកម្ម​ទៅកាន់​ឋាន​ព្រះ​ចន្ទ Artemis 1

    រូបថត 10 សន្លឹក​ដ៏​អស្ចារ្យ​បំផុត​នៅក្នុង​បេសកកម្ម​ទៅកាន់​ឋាន​ព្រះ​ចន្ទ Artemis 1

    បេសកកម្ម​ដំបូង​នៅក្នុង​កម្មវិធី Artemis របស់ ណា​សា (NASA) បានបញ្ចប់​ដោយ​ជោគជ័យ ក្នុងនោះ​មាន​រូបថត​ច្រើន​សន្លឹក​ដែល​ស្ដែង​ឱ្យ​ឃើញ​​ភាព​អស្ចារ្យ​នៃ​បេសកកម្ម​វិទ្យាសាស្ត្រ​នេះ។

    (រូប​ខាងលើ) 9 ថ្ងៃ​មុនពេល​ចាប់ផ្ដើម​ការហោះហើរ​រប​ស់ Artemis 1 ប្រព័ន្ធ​បាញ់​បង្ហោះ SLS របស់ ណា​សា ​ក្នុង​មជ្ឈមណ្ឌល​អវកាស Kennedy នៅ Florida បាន​ត្រៀម​ខ្លួនរួច​រាល់។

    នេះ​ជារូប​ភាព​នៅ​ប៉ុន្មាន​វិនាទី​ក្រោយពី​រ៉ុក្កែត​ត្រូវបាន​បញ្ឆេះ​ម៉ាស៊ីន ចាប់ផ្ដើម​ការហោះហើរ​ទៅកាន់​ឋាន​ព្រះ​ចន្ទ​កាលពី​ថ្ងៃទី 16 វិច្ឆិកា 2022។

    រូប​ភាព​បង្ហាញ​ពី​​​ SLS ​បន្ទាប់ពី​បានចាប់ផ្ដើម​ហោះ​ឡើង​បាន​មួយ​នាទី ។ SLS គឺជា​រ៉ុក្កែត​កម្លាំង​ខ្លាំង​បំផុត​របស់​ពិភពលោក។

    ថ្ងៃទី 16 វិច្ឆិកា 2022 ដែលជា​ថ្ងៃ​ដំបូង​នៃ​បេសកកម្ម Artemis 1 យានអវកាស Orion ថតរូប​របស់​ផែនដី​ពី​ទី​អវកាស​ដែលមាន​ចម្ងាយ​ប្រហែល 91,732 គីឡូម៉ែត្រ ក្នុងពេល​ហោះហើរ​ទៅ​ឋាន​ព្រះ​ចន្ទ។

    នៅ​ថ្ងៃទី 13 នៃ​បេសកកម្ម យាន Orion ហោះ​ទៅដល់​តំបន់​ឆ្ងាយ​ពី​ផែនដី​បំផុត (432,210 គីឡូម៉ែត្រ)។

    ក្នុង​ថ្ងៃទី 05 ធ្នូ 2022 ដែលជា​ថ្ងៃទី 20 របស់​បេសកកម្ម Artemis 1 យាន Orion ថតរូប​ភាព​ផ្ទៃ​របស់​ព្រះ​ចន្ទ​ពី​អវកាស​កម្រិត​ទាប។

    ថ្ងៃទី 21 នៃ​បេសកកម្ម (ថ្ងៃទី 05 ធ្នូ) យាន Orion បែរ​ទៅក្រោយ​មើល​ព្រះ​ចន្ទ បន្ទាប់ពី​បាន​ហោះ​ជុំវិញ​ឋាន​នេះ និង​ចាប់ផ្ដើម​ដំណើរ​ត្រលប់​មកកាន់​ផែនដី។

    ឧបករណ៍​នានា​របស់ ណា​សា ដែល​នៅក្នុង​យាន Orion ក្នុងនោះ​មាន​ទាំង​តុក្កតា​រូប​សុនក Snoopy ក្នុង​ឈុត​អ្នក​អវកាស កំពុង​អណ្ដែត​ដោយ​សារ​គ្មាន​កម្លាំង​ទំនាញ។

    ប៉ុន្មាន​នាទី​មុនពេល​យាន Orion ទម្លាក់ខ្លួន​ចូល​បរិយាកាស​ផែនដី​ក្នុង​ល្បឿន 40,000 គីឡូម៉ែត្រ/ម៉ោង វា​ក៏​ថតរូប​ចុងក្រោយ​របស់​ផែនដី​ពី​ទី​អវកាស។ ខែល​ការពារ​កម្ដៅ​របស់​យាន Orion អាច​ស៊ូ​ត​នឹង​សីតុណ្ហភាព 2,800 អង្សា​សេ ពេល​កំពុង​ធ្លាក់​​ឆ្លងកាត់​បរិយាកាស ដែល​កម្ដៅ​នេះ​ជិត​ស្មើនឹង​ពាក់កណ្ដាល​នៃ​កម្ដៅ​របស់​ផ្ទៃ​ព្រះអាទិត្យ។

    នៅវេលា​ម៉ោង 00 និង 40 នាទី ថ្ងៃទី 12 ធ្នូ 2022 ម៉ោង​នៅ កម្ពុជា យាន Orion បាន​ចុះចត​លើ​មហាសមុទ្រ​ប៉ាស៊ីហ្វិក ក្នុង​តំបន់​ដែលមាន​ចម្ងាយ 9.3 គីឡូម៉ែត្រ​ពី​កប៉ាល់​ស្រង់ USS Portland របស់​ទ័ពជើងទឹក​អាម៉េរិក៕

  • មក​ស្វែង​យល់​អំពី​ Oulu ដែលជា «ទីក្រុង​កង់​រដូវរងា» នៅ​ទ្វីបអឺរ៉ុប

    មក​ស្វែង​យល់​អំពី​ Oulu ដែលជា «ទីក្រុង​កង់​រដូវរងា» នៅ​ទ្វីបអឺរ៉ុប

    (ហ្វាំ​ង​ឡង់)- សីតុណ្ហភាព​ចុះ​ដល់ -25 អង្សា​សេ​ក៏​មិនអាច​រារាំង​អ្នកជិះ​កង់​នៅ​ទីក្រុង Oulu ជា​កន្លែង​ដែល​ហៅ​ខ្លួនឯង​ថា «ទីក្រុង​កង់​រដូវរងា» បានឡើយ។

    «ខ្ញុំ​ជិះ​កង់​ពេញ​មួយឆ្នាំ។ ខ្ញុំ​ថែមទាំង​គ្មាន​រថយន្ត» Ari Karjalainen ឱ្យដឹង​ដូច្នេះ​នៅពេល​ត្រលប់​ទៅផ្ទះ​ក្រោយពី​បាន​ទិញ​គ្រឿងទេស​កាលពី​ថ្ងៃទី 01 ធ្នូ។

    Oulu ដែលជា​ទីក្រុង​នៅ​ភាគ​ខាងជើង​ប្រទេស​ហ្វាំ​ង​ឡង់ មាន​ចម្ងាយ​ពី​តំបន់​អាក​ទិ​ក ឬ​ហៅថា​ប៉ូល​ខាងជើង​ប្រហែល 160 គីឡូម៉ែត្រ​ទៅ​ទិស​ខាងត្បូង។ បើទោះជា​មេឃ​ធ្លាក់​ព្រឹល ទីតាំង​ចត​កង់​នៅតែ​ពេញ​ណែន។ ប្រជាជន​ក្នុង​តំបន់​ស្ទើរតែ​គ្រប់រូប ចូលចិត្ត​ជិះ​កង់ មិន​ថា ក្ដៅ ឬ​ត្រជាក់។

    «ឱ្យតែ​ស្លៀកពាក់​កក់ក្ដៅ» Mimmi Kahkonen អាយុ 22 ឆ្នាំ ឆ្លើយតប​ដូច្នេះ​នៅពេល​ត្រូវបាន​សួរថា ធ្វើយ៉ាងណា​ដើម្បី​ជិះ​កង់​ក្នុង​អាកាសធាតុ​ត្រជាក់​បែបនេះ។

    មនុស្ស​មួយចំនួន​ជិះ​កង់​ដែល​ប្រើប្រាស់​សម្បក​កង់​ពិសេស​មិន​រអិល​សម្រាប់​រដូវរ​ងា ប៉ុន្តែ​អ្នកខ្លះ​ក៏​នៅតែ​ប្រើប្រាស់​សម្បក​កង់​ធម្មតា។

    «ពួកយើង​បាន​ស៊ាំ​នឹង​រដូវ​ត្រជាក់​ទៅហើយ ដូច្នេះ​មិន​គិតថា​នេះ​គឺជា​ឧបសគ្គ​ធំ​ឡើយ» Harri Vaarala វិស្វករ​ផ្នែក​គមនាគមន៍​របស់​ទីក្រុង ថ្លែង​ដូច្នេះ។

    ទីក្រុង​ឆ្នេរសមុទ្រ Oulu ជា​មធ្យម​ធ្លាក់​ព្រឹល 5 ខែ និង​សីតុណ្ហភាព​ក្រោម 0 អង្សា​សេ ពេញ​មួយឆ្នាំ។ កង់​គឺជា​មធ្យោបាយ​ធ្វើដំណើរ​ដែល​រួមចំណែក 1/5 នៃ​ចរាចរណ៍​សរុប​តាម​ដងផ្លូវ។ Harri Vaarala ពន្យល់ថា កត្តា​សំខាន់​មួយ​ដែល​ធ្វើឱ្យ​កង់​ទទួលបាន​ការពេញនិយម​គឺថា ទីក្រុង​មាន​គន្លង​ផ្លូវ​សម្រាប់​កង់ ដែល​ទទួលបាន​អាទិភាព​ក្នុងការ​ឈូសឆាយ និង​ថែទាំ​ជាពិសេស​នៅពេល​មាន​ព្រឹល​ធ្លាក់។

    សាលា Metsokangas មាន​សិស្ស 1,200 នាក់ ក្នុងនោះ​មាន​ប្រហែល 1,000 នាក់​ជិះ​កង់​ទៅ​រៀន​ពេញ​មួយ​រដូវរងា។ ប៉ុន្មាន​ឆ្នាំ​មកនេះ ទីក្រុង​បាន​បើក​ឱ្យប្រើ​ប្រាស់​គន្លង «ផ្លូវ​ល្បឿន​លឿន​សម្រាប់​កង់» ដែលមាន​ទទឹង 6 ម៉ែត្រ។

    យោងតាម Harri Vaarala នៅ​តំបន់​មួយចំនួន សាលាក្រុង​ថែមទាំង​ផ្ដល់​អាទិភាព​ដល់​កង់​ច្រើនជាង​រថយន្ត ហើយ​កន្លែង​ខ្លះទៀត​ក៏​ប្ដូរ​គន្លង​សម្រាប់​រថយន្ត​មកជា​គន្លង​សម្រាប់​កង់​ទៀតផង ដោយ​ផ្អែកទៅលើ​តម្លៃ និង​អត្ថប្រយោជន៍​ជាក់ស្ដែង។

    សាលាក្រុង Oulu មាន​ក្រុមការងារ​តាមដាន​គន្លង​ផ្លូវ​សម្រាប់​កង់ ដើម្បី​ធានាថា មិនមាន​ព្រឹល ឬ​ឧបសគ្គ​ដែល​អាច​បង្ក​ផលប៉ះពាល់​ដល់​អ្នកជិះ​កង់៕

  • យានអវកាស Orion ត្រលប់​មកកាន់​ផែនដី​វិញ បន្ទាប់ពី​បាន​បំពេញ​បេសកកម្ម​នៅ​ឋាន​​ព្រះ​ចន្ទ

    យានអវកាស Orion ត្រលប់​មកកាន់​ផែនដី​វិញ បន្ទាប់ពី​បាន​បំពេញ​បេសកកម្ម​នៅ​ឋាន​​ព្រះ​ចន្ទ

    (សហរដ្ឋ​អាម៉េរិក)- Artemis 1 ដែលជា​បេសកកម្ម​សាកល្បង​មិនមាន​មនុស្ស​ជិះ​រយៈ​​ពេល 25 ថ្ងៃ​នៅឯ​ឋាន​ព្រះ​ចន្ទ បានបញ្ចប់​​បេសក​កម្ម​របស់​ខ្លួន​នៅពេល​យានអវកាស Orion របស់ ណា​សា ចុះចត​ដោយ​ជោគជ័យ​លើ​សមុទ្រ​កាលពី​យប់​មិញ។

    យានអវកាស Orion សម្រេចបាន​ដំណាក់កាល​ចុងក្រោយ​នៃ​ដំណើរ​ហោះហើរ​ជាង 385,000 គីឡូម៉ែត្រ ពី​ព្រះ​ចន្ទ​ត្រលប់​មកកាន់​ផែនដី។ យានអវកាស​នេះ​បាន​ចុះចត​លើ​ផ្ទៃ​ទឹក​នៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក ក្នុង​លំហ​សមុទ្រ Baja California របស់ ម៉ិ​ក​ស៊ិ​ក កាលពី​ម៉ោង 12 និង 40 នាទី ថ្ងៃទី 11 ធ្នូ 2022 ត្រូវ​នឹង​ម៉ោង 00 និង 40 នាទី ថ្ងៃទី 12 ធ្នូ 2022 នៅ កម្ពុជា។

    ក្រោយពី​បាន​ចុះចត យាន Orion បាន​ឆ្លងកាត់​រយៈពេល 6 ម៉ោង​នៅលើ​ផ្ទៃសមុទ្រ ដោយសារ ណា​សា ត្រូវការ​ប្រមូល​ទិន្នន័យ និង​ធ្វើ​ការពិសោធ​មួយចំនួន​មុនពេល​ក្រុម​ជំនួយ​ចាប់​ផ្ដើម​ការ​ស្រង់។ យានយន្ត​មួយចំនួន​រួមមាន ឧទ្ធម្ភាគចក្រ និង​កប៉ាល់​ស្រង់ USS Portland ជាដើម របស់​ទ័ពជើងទឹក​អាម៉េរិក បាន​រង់ចាំ​ជាស្រេច​នៅក្បែរនោះ។

    ដោយ​ទទួលបាន​ជោគជ័យពី Artemis 1 ណា​សា នឹង​វិភាគ​ទិន្នន័យ​ដែល​ប្រមូលបាន​ក្នុង​ដំណើរ​ហោះហើរ​នេះ និង​ជ្រើសរើស​ក្រុម​ហោះហើរ​សម្រាប់​បេសកកម្ម Artemis 2 ដែល​នឹងធ្វើ​ការហោះហើរ​នៅ​ឆ្នាំ 2024។ Artemis 2 នឹង​នាំ​អវកាស​ចរហោះ​ទៅ​តាម​​គំរូ​​បេសកកម្ម Artemis 1 ដោយ​គោចរ​ជុំវិញ​ឋាន​ព្រះ​ចន្ទ ប៉ុន្តែ​​មិន​ចុះចត។ បេសកកម្ម Artemis 3 នឹងធ្វើ​ឡើង​នៅ​ឆ្នាំ 2025 ក្នុងនោះ អវកាស​ចរ​នឹង​ចុះចត​លើ​ឋាន​មួយ​នេះ​ជាថ្មី៕

  • ប្រធានាធិបតី​ឥណ្ឌូណេស៊ី បង្ហោះ​រូប​ស្ដីពី​ពិធី​រៀប​​​អាពាហ៍ពិពាហ៍​កូនប្រុស

    ប្រធានាធិបតី​ឥណ្ឌូណេស៊ី បង្ហោះ​រូប​ស្ដីពី​ពិធី​រៀប​​​អាពាហ៍ពិពាហ៍​កូនប្រុស

    ប្រធានាធិបតី​ឥណ្ឌូណេស៊ី Widodo បង្ហោះ​រូបថត​លោក​កំពុង​ធ្វើ​ពិធី​ងូតទឹក​អប់​ឱ្យ​កូនប្រុស​ពៅ Kaesang Pangarep និង​កូនប្រសា​ស្រី Erina Gudono។

    «ពី​ទីលំនៅ​របស់​យើង​នៅក្នុង​ទីក្រុង Surakarta ថ្ងៃនេះ យើង​រួម​នឹង​កូនប្រុស Kaesang Pangarep ធ្វើ​ពិធី​ទទួល​កូនប្រសា​ស្រី Erina Cudono។ សូម​អរ​ព្រះ​គុណ​ព្រះ ដែល​ការ​ប្រារព្ធ​ពិធី​ដំណើរការបាន​រលូត និង​ល្អប្រសើរ» ប្រធានាធិបតី Joko Widodo បង្ហោះ​លើ Instagram កាលពី​ថ្ងៃទី 09 ធ្នូ ក្នុង​ថ្ងៃ​អាពាហ៍ពិពាហ៍​កូនប្រុស​ពៅ Pangarep។

    ប្រធានាធិបតី​ឥណ្ឌូណេស៊ី ក៏បាន​ផ្ញើ​សារ​សូម​អភ័យទោស​ចំពោះ​ស្ថានភាព​កកស្ទះ​ចរាចរណ៍​ដែល​អាច​កើតឡើង​ដោយសារ​ពិធី​រៀប​មង្គលការ​កូនប្រុស​របស់លោក​ផងដែរ។

    Kaesang អាយុ 27 ឆ្នាំ គឺជា​កូនប្រុស​ពៅ​ក្នុងចំណោម​កូន 3 នាក់​របស់ ប្រធានាធិបតី​ឥណ្ឌូណេស៊ី។ Kaesang គឺជា​អ្នកជំនួញ​មួយរូប​ដែល​គ្រប់គ្រង​ក្រុមហ៊ុន​មួយចំនួន។

    កូនប្រសា​ស្រី​របស់ ប្រធានាធិបតី​ឥណ្ឌូណេស៊ី គឺ Erina អាយុ 25 ឆ្នាំ បច្ចុប្បន្ន​ធ្វើជា​អ្នកវិភាគ​ផ្នែក​ហិរញ្ញវត្ថុ​ប្រចាំ​ធនាគារ JP Morgan សាខា​នៅ ហ្សា​ការ​តា។ នាង​ក៏​ជា​តំណាង​របស់​ទីក្រុង Yogyakarta នៅក្នុង​ការប្រលង​សម្រស់​ថ្នាក់ជាតិ Puteri Indonesia ឆ្នាំ 2022 ដោយ​ជាប់​ក្នុង top 11។

    អ្នកលេង​បណ្ដាញ​សង្គម​នៅ ឥណ្ឌូណេស៊ី នាំគ្នា​ជូនពរ​ដល់​គូ​ស្វាមីភរិយា​ថ្មី​នេះ ហើយ​ថា ពួកគេ​សម​គ្នា​ណាស់។ មនុស្ស​មួយចំនួន​ក៏​សម្ដែង​ការសប្បាយ​ចិត្ត នៅពេល​បានឃើញ​ពិធីមង្គលការ​នេះ​ពោរពេញ​ដោយ​ទំនៀមទម្លាប់​ប្រពៃណី៕

  • តារាចម្រៀង​កូរ៉េខាងត្បូង នឹង​ហោះ​ទៅកាន់​អវកាស​ជាមួយ​មហាសេដ្ឋី​ជប៉ុន

    តារាចម្រៀង​កូរ៉េខាងត្បូង នឹង​ហោះ​ទៅកាន់​អវកាស​ជាមួយ​មហាសេដ្ឋី​ជប៉ុន

    មហាសេដ្ឋី Yusaku Maezawa កាលពី​ថ្ងៃទី 08 ធ្នូ បានប្រកាស​ឈ្មោះ​សមាជិក​ក្រុម​ហោះហើរ 8 នាក់ ក្នុងនោះ​មាន​ទាំង​តារាចម្រៀង​រ៉ែ​ប T.O.P របស់​ក្រុម Big Bang ផងដែរ ដែល​នឹង​រួម​ដំណើរ​ជាមួយ​គាត់ ហោះ​ទៅ​គោចរ​ជុំវិញ​ឋាន​ព្រះ​ចន្ទ​នៅ​ឆ្នាំ 2023។

    គម្រោង​ដំណើរ​ទេសចរណ៍​ជុំវិញ​ឋាន​ព្រះ​ចន្ទ​របស់ Maezawa ដែលមាន​ឈ្មោះថា DearMoon ត្រូវបាន​ប្រកាស​ជា​លើកដំបូង​កាលពី​ឆ្នាំ 2018 និង​យក​សិល្បករ​ជា​ចំណុចកណ្ដាល។ ដំបូង មហាសេដ្ឋី​ជប៉ុន គ្រោង​អញ្ជើញ​មនុស្ស​ដែល​គាត់​ចង់​ធ្វើដំណើរ​ជាមួយ ប៉ុន្តែ​ក្រោយមក​ក៏បាន​ប្ដូរផ្លាស់​ទៅជា​ការប្រកួតប្រជែង​មួយ​ដែល​បេក្ខជន​អាច​ចុះឈ្មោះ​តាម​អន​ឡាញ។ Maezawa នឹង​ចេញថ្លៃ​ទាំងស្រុង​សម្រាប់​ក្រុម​ហោះហើរ​នេះ។

    បេក្ខជន​ទាំង 8 នាក់​ដែល​ត្រូវបាន​ជ្រើសរើស​រួមមាន DJ និង​ជា​អ្នក​ផលិត​ចម្រៀង​រាំ​អេ​ឡិច​ត្រូ​និ​ច Steve Aoki របស់ សហរដ្ឋ​អាម៉េរិក, Youtuber ជនជាតិ​អាម៉េរិក Tim Dodd, សិល្បករ និងអ្នក​​បង្កើត​ក្បាច់​រាំ​ជនជាតិ​ឆែក Yemi AD, ជាង​ថតរូប​ជនជាតិ​អ​អៀរ​ឡង់ Rhiannon Adam, ជាង​ថតរូប​ជនជាតិ​អង់គ្លេស Karim Iliya, ផលិតករ​ភាពយន្ត​ជនជាតិ​អាម៉េរិក Brendan Hall, តារា​សម្ដែង​ជនជាតិ​ឥណ្ឌា Dev Joshi និង​តារាចម្រៀង​រ៉ែ​ប T.O.P របស់​ក្រុម​ចម្រៀង​កូរ៉េខាងត្បូង Big Bang។

    យោងតាម​ទិន្នន័យ​លើ​ទំព័រ DearMoon ដំណើរ​ហោះហើរ​តាម​យានអវកាស Starship ដែល​កំពុង​ត្រូវបាន​អភិវឌ្ឍ​របស់ SpaceX នេះ នឹង​អូស​បន្លាយពេល​ជិត 6 ថ្ងៃ និង​គោចរ​ជុំវិញ​ព្រះ​ចន្ទ ដោយ​មិន​មានការ​ចុះចត។ នៅពេល​ផលិត​រួចរាល់ Starship នឹង​ក្លាយជា​រ៉ុក្កែត​ដែលមាន​កម្លាំង​ខ្លាំង​បំផុត​នៅលើ​ពិភពលោក។

    កាលពី​ខែធ្នូ​ឆ្នាំ​កន្លង មហាសេដ្ឋី​ជប៉ុន Maezawa ស្ថាបនិក​របស់​មជ្ឈមណ្ឌល​ទិញដូរ​សម្លៀកបំពាក់​អន​ឡាញ​ធំ​បំផុត​នៅ ជប៉ុន បាន​ហោះ​ទៅកាន់​ស្ថានីយ​អវកាស​អន្តរជាតិ ក្នុង​រយៈពេល​ខ្លី ជាមួយនឹង​អ្នក​ផលិត​វីដេអូ​របស់គាត់​គឺ Yozo Hirano រួម​នឹង​​ក្រុម​អវកាស​ចរ​ជនជាតិ​រុស្ស៊ី តាម​រយៈ​​យានអវកាស Soyuz។ ថ្លៃ​សម្រាប់​ដំណើរ​ហោះហើរ​នេះ​គឺ​ប្រហែល 73 លាន​ដុល្លារ​អាម៉េរិក៕