Category: អន្តរជាតិ

  • «ចំណត​កង់​ក្រោម​ទឹក» ​ជួយ​ដោះស្រាយ​បញ្ហា​ធំ​សម្រាប់​រាជធានី​អាំ​ស្ទែ​ដាំ

    «ចំណត​កង់​ក្រោម​ទឹក» ​ជួយ​ដោះស្រាយ​បញ្ហា​ធំ​សម្រាប់​រាជធានី​អាំ​ស្ទែ​ដាំ

    (ហូ​ឡង់) – អាជ្ញាធរ​រាជធានី​អាំ​ស្ទែ​ដាំ កំពុង​ព្យាយាម​រំដោះ​​កន្លែង​ចត​កង់សាធារណៈ​​ដ៏​ស្អេកស្កះ​​ដោយ​ចំណត​ក្រោម​ទឹកទន្លេ​ដែលមាន​តម្លៃ​ទាប។

    ក្រោម​ទឹកថ្លា​ឆ្វង់​ក្បែរ​ស្ថានីយ​រថភ្លើង​នៅ​កណ្ដាល​រាជធានី​អាំ​ស្ទែ​ដាំ គឺជា​ចំណត​កង់​ដែល​អាចដាក់​បាន 7,000 គ្រឿង។ តាម​គម្រោង ចំណត់​កង់​ដែល​នឹងត្រូវ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នៅ​ថ្ងៃទី 26 មករា 2023 នេះ គឺជា​សមិទ្ធផល​ដែលមាន​តម្លៃ 60 លាន​អឺរ៉ូ (ជិត 65 លាន​ដុល្លារ​អាម៉េរិក) ដែល​ចាប់ផ្ដើម​ស្ថាបនា​តាំងពី 4 ឆ្នាំមុន។

    គោលដៅ​របស់​គម្រោង​នេះ​គឺ​ការរៀបចំ​សម្អាត​កន្លែង​ចត​កង់​ខូច​ដែល​អ្នកធ្វើដំណើរ​ទុកចោល ដើម្បី​សាងសង់​ចំណត​ថ្មី​ដែលមាន​របៀបរៀបរយ ស្អាត សុវត្ថិភាព និង​ស្ថិតនៅក្រោម​ទឹក។ អ្នកជិះ​កង់​អាច​ចត​ដោយ​មិន​គិតថ្លៃ​ក្នុង​រយៈពេល 24 ម៉ោង និង​បង់ 1.46 ដុល្លារ​អាម៉េរិកសម្រាប់ 24 បន្ទាប់។

    ជណ្ដើរយន្ត​មួយ​នឹង​នាំ​ភ្ញៀវ​ឡើងទៅ​កាន់​ចំណត​រថភ្លើង​នៅក្បែរនោះ ជាទី​ដែលមាន​រថភ្លើង​ទៅមក​ជាង 200,000 ជើង​ជា​រៀងរាល់ថ្ងៃ។ ចំណត់​កង់​មួយកន្លែងផ្សេង​ទៀត​​ក៏​ទើប​ត្រូវបាន​សាងសង់​រួចរាល់​នៅក្បែរ​កំពង់ផែ IJ ដោយ​ខ្ទង់​ប្រាក់​វិនិយោគ 27 លាន​ដុល្លារ​អាម៉េរិក និង​អាចដាក់​កង់​បាន​ជាង 4,000 គ្រឿង។

    ចំណត់​កង់​ខាងលើ​ត្រូវបាន​គ្រប់គ្រង​ដោយ​ប្រព័ន្ធ​ឆ្លាត​វៃ អាចឱ្យ​ម្ចាស់​កង់​ដឹងថា ទីតាំង​ណា​នៅសល់​កន្លែង​ចត​ចំនួន​ប៉ុន្មាន។

    «ស្ថានីយ​រថភ្លើង​កណ្ដាល​ក្រុង​គឺជា​ទីតាំង​មមាញឹក​បំផុត​នៅ​អាំ​ស្ទែ​ដាំ» Pieter Visser ប្រធាន​គម្រោង​ចំណត​កង់​របស់​រាជធានី​និយាយ​ដូច្នេះ។ «មនុស្ស​ជាច្រើន​យក​ទីសាធារណៈ​ធ្វើជា​កន្លែង​ចត​កង់។ រាជធានី​ចង់​ធ្វើ​ចំណត​កង់​ក្រោម​ដី​ដើម្បី​ទុក​ផ្លូវ​សាធារណៈ​សម្រាប់​អ្នក​ថ្មើរជើង ទេសចរ និង​ជនពិការ»។

    យោងតាម BOVAG និង RAI ដែលជា​អង្គការ​ស្រាវជ្រាវ​លើ​យានយន្ត បច្ចុប្បន្ន​ហូ​ឡង់​មាន​កង់​ជាង 23.4 លាន​គ្រឿង បើ​ទោះ​មាន​ប្រជាជន​តែ 17.8 លាន​នាក់។ កង់​គឺជា​មធ្យោបាយ​ធ្វើដំណើរ​ពេញនិយម​បំផុត​នៅ​ហូ​ឡង់ ពិសេស​គឺ​រាជធានី​អាំ​ស្ទែ​ដាំ។

    នៅហូឡង់ សូម្បី​តែ​ស្ត្រីមាន​ផ្ទៃពោះ​ក៏​ចូល​ចិត្ត​ជិះកង់ដែរ

    ចំពោះ​វិស័យ​ផ្លូវដែក គម្រោង​ស្ថានីយ​កង់​ក្រោម​ទឹក​បឹង ក៏​ជួយ​ឱ្យ​ការធ្វើដំណើរ​ដោយ​រថភ្លើង​អគ្គិសនីរ​បស់​ប្រជាជន មាន​ភាពងាយស្រួល និង​ទាក់ទាញ​ជាង​មុន។

    ចំណតកង់ក្រោមដី

    ប្រជាជន​នៅ​អាំ​ស្ទែ​ដាំ​បាន​សម្ដែង​ការសប្បាយរីករាយ​នៅពេល​គម្រោង​ចំណត​កង់​ជិត​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់។ Marco te Brommelstroet ប្រធាន​វិទ្យាស្ថាន​កង់​ទីក្រុង​នៅ​សាកលវិទ្យាល័យ​អាំ​ស្ទែ​ដាំ បានឱ្យដឹងថា គន្លឹះ​ជោគជ័យ​របស់​គមនាគមន៍​សាធារណៈ​គឺ​ការតភ្ជាប់បណ្ដា​​ប្រភេទ​មធ្យោបាយ​ធ្វើដំណើរ​ជាមួយគ្នា។

    សកម្មភាព​សាងសង់​ចំណត​កង់​ក្រោម​ទឹក​នៅអាំស្ទែដាំ ប្រទេស​ហូឡង់

    ចំណែក Lucas Snaije ប្រធាន​ផ្នែក​ស្រាវជ្រាវ និង​តស៊ូ​មតិ​របស់​អង្គការ​គាំទ្រ​ការ​ជិះ​កង់ BYCS ឱ្យដឹងថា គម្រោង​​ខាងលើ​អាចជា​គំរូ​សម្រាប់​បណ្ដា​ប្រទេស​យកទៅ​អនុវត្តតាម​ដើម្បី​លើកទឹកចិត្ត​ប្រជាជន​ឱ្យ​នាំ​គ្នា​ងាក​មក​ជិះ​កង់៕

  • មនុស្ស​ទី​ពីរ​ដែល​បាន​ដើរ​លើ​ដី​ឋាន​ព្រះ​ចន្ទ រៀបការ​ក្នុង​វ័យ​ជាង 90 ឆ្នាំ

    មនុស្ស​ទី​ពីរ​ដែល​បាន​ដើរ​លើ​ដី​ឋាន​ព្រះ​ចន្ទ រៀបការ​ក្នុង​វ័យ​ជាង 90 ឆ្នាំ

    អវកាស​ចរ Edwin Aldrin ដែលជា​មនុស្ស​ទី​ពីរបាន​ដើរ​លើដី​ឋាន​ព្រះ​ចន្ទ​កាលពី​ឆ្នាំ 1969 បាន​រៀបការ​ក្នុង​ថ្ងៃ​ខួបកំណើត​លើក​ទី 93 ជាមួយនឹង​កូនក្រមុំ​វ័យ 64 ឆ្នាំ។

    «នៅក្នុង​ថ្ងៃ​ខួបកំណើត​លើក​ទី 93 របស់ខ្ញុំ និង​ជា​ថ្ងៃ​ដែល​ខ្ញុំ​បានទទួល​ពានរង្វាន់ Living Legends of Aviation ខ្ញុំ​រីករាយ និង​សូម​ប្រកាសថា ខ្ញុំ និង​គូស្នេហ៍​យូរ​ឆ្នាំ Anca Faur បាន​រៀង​ការ» អតីត​អ្នក​អវកាស Edwin “Buzz” Aldrin ប្រកាស​លើ Twitter ស្ដីពី​អាពាហ៍ពិពាហ៍​កាលពី​ថ្ងៃទី 20 មករា 2023។

    «យើ​ង​បានធ្វើ​ពិធី​រៀប​មង្គលការ​ដ៏​ឧត្ដុង្គ​ឧត្ដម ប៉ុន្តែ​មាន​លក្ខណៈ​ជា​ឯកជន​នៅ Los Angeles និង​មានការ​រំភើប​ដូច​យុវវ័យ​ដទៃ» លោក Edwin Aldrin បន្ថែម​ដូច្នេះ។

    ក្នុង​សំណេរ លោក Edwin Aldrin ក៏​បង្ហោះ​អម​ជាមួយនឹង​រូបថត​ដែល​គាត់​ស្លៀកពាក់​ឈុត tuxedo ហើយ​កូនក្រមុំ Faur ក្នុង​ឈុត​រ៉ូ​ប​ដៃ​វែង​ផងដែរ។

    អតីតអវកាសចរ Edwin Aldrin និងគូស្នេហ៍យូរឆ្នាំ Anca Faur

    កើត​ឆ្នាំ 1959 អ្នកស្រី Anca Faur គឺជា​ប្រធាន​គម្រោង​របស់​ក្រុមហ៊ុន​វិទ្យាសាស្ត្រ និង​គីមី Johnson Matthey។ អ្នកស្រី ក៏​ជា​អនុប្រធាន​របស់​ក្រុមហ៊ុន Buzz Aldrin Venture ចាប់ពី​ឆ្នាំ 2019។

    លោក Edwin Aldrin បាន​រៀបការ​ជា​លើកដំបូង​កាលពី​ឆ្នាំ 1954 ជាមួយនឹង Joan Archer។ អ្នក​ទាំងពីរ​មានកូន​ជាមួយគ្នា 3 នាក់ មុនពេល​លែងលះ​កាលពី​ឆ្នាំ 1974។ ក្រោយមក Edwin Aldrin ក៏បាន​រៀបការ​ជាមួយ Beverly Van Zile កាលពី​ឆ្នាំ 1975 និង​រស់នៅ​ជាមួយគ្នា​បាន 3 ឆ្នាំ។ បន្ទាប់មកទៀត លោក Edwin Aldrin

    ក៏បាន​រៀបការ​ជាមួយនឹង Lois Driggs Cannon ក្នុង​ឆ្នាំ 1988 និង​រស់នៅ​ជាមួយគ្នា​បាន 24 ឆ្នាំ មុនពេល​លែងលះ។

    (ពី​ឆ្វេង​ទៅ​ស្ដាំ) លោក Neil Armstrong, Michael Collins និង Buzz Aldrin

    កាលពី​ខែកក្កដា 1969 យានអវកាស Apollo 11 រួម​នឹង​អវកាស​ចរ 3 រូប ដែល​រួមមាន​លោក Neil Armstrong, Buzz Aldrin និង​ពី​ឡុ​ត Michael Collins បានធ្វើ​ដំណើរ​ទៅកាន់​ឋាន​ព្រះ​ចន្ទ។ ពួកគេ​ចំណាយពេល 4 ថ្ងៃ​ដើម្បី​បញ្ចប់​ដំណើរ​ហោះហើរ​ក្នុង​រយៈ​ចម្ងាយ​ជាង 400,000 គីឡូម៉ែត្រ។

    លោក Armstrong បាន​ស្ថិតនៅ​លើដី​របស់​ព្រះ​ចន្ទ​ក្នុង​រយៈពេល 2 ម៉ោង និង 32 នាទី ខណៈ​លោក Aldrin តិចជាង​នេះ​ប្រហែល 15 នាទី។ អវកាស​ចរ​ទាំងពីរ​បាន​ដោត​ទង់ជាតិ​អាម៉េរិក រើសយក​សំណាក​ដុំថ្ម និង​ធ្វើ​ការពិសោធ​មុនពេល​ត្រលប់​មកកាន់​យានអវកាស។ អវកាស​ចរ​ទាំង 3 រូប​ខាងលើ​របស់​ក្រុម Apollo 11 បាន​ត្រ​លប់​មកកាន់​ផែនដី​វិញ​ដោយ​សុវត្ថិភាព និង​ត្រូវបាន​​ទទួលយ៉ាង​គគ្រឹក​គគ្រេង​​ដូច​ទៅនឹង​វី​រ​បុរស៕

  • ករណី​បាញ់ប្រហារ​ក្នុង​ថ្ងៃ​ចូលឆ្នាំថ្មី​នៅ Los Angeles ​សម្លាប់​មនុស្ស​ 10 នាក់​ ៖ ប៉ូលិស​រក​ឃើញ​ជន​សង្ស័យ

    ករណី​បាញ់ប្រហារ​ក្នុង​ថ្ងៃ​ចូលឆ្នាំថ្មី​នៅ Los Angeles ​សម្លាប់​មនុស្ស​ 10 នាក់​ ៖ ប៉ូលិស​រក​ឃើញ​ជន​សង្ស័យ

    ​មនុស្សយ៉ាង​ហោច​ 10 នាក់​បាន​ស្លាប់ និង 10 នាក់​រងរបួស​នៅក្នុង​ហេតុការណ៍​បាញ់ប្រហារ​កាលពី​យប់​ថ្ងៃទី 21 មករា នៅឯ​​ក្លឹប​មួយ​ក្នុង​ពិធី​អំណរ​បុណ្យ​ចូលឆ្នាំ​ចន្ទ​គតិ​នៅ​ទីប្រជុំជន Monterey Park នៃ​ទីក្រុង Los Angeles រដ្ឋ California សហរដ្ឋ​អាម៉េរិក។

    សមត្ថកិច្ច​បានឱ្យដឹង​ថា ករណី​បាញ់​ប្រហារ​នៅឯ​ឧទ្យាន Monterey នេះ​កើតឡើង​ពេល​ប្រជាជន​កំពុង​ធ្វើ​ពិធី ​អំណរ​បុណ្យ​ឆ្នាំ​ថ្មី​ចន្ទគតិ។ មនុស្ស​យ៉ាងហោច 10 នាក់​ត្រូវបាន​បាញ់សម្លាប់ និង​ប្រហែល 10 នាក់​ផ្សេងទៀត​បាន​រងរបួស និង​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ។

    ថ្មីៗនេះ ប៉ូលិស​ក្នុង​តំបន់​បានឱ្យដឹងថា បាន​រកឃើញ​រថយន្ត​ពណ៌​ស​មួយគ្រឿង​នៅ Torrance រដ្ឋ California ដែល​មាន​សាកសពមនុស្ស​​ម្នាក់​នៅ​ខាង​ក្នុង។ សមត្ថកិច្ច​ជឿថា រថយន្ត​នេះ​ជាប់​ទាក់ទិន​នឹង​ករណី​បាញ់ប្រហារ ប៉ុន្តែ​មិនទាន់​ប្រាកដថា អ្នកបើកបរ​ដែល​បាន​ស្លាប់​នោះ​​គឺជា​ជនសង្ស័យ ឬ​យ៉ាងណា​នៅឡើយ។

    ពិធីបុណ្យ​ខាងលើ​តែង​ត្រូវបាន​ប្រារព្ធ​ឡើង​រៀងរាល់ឆ្នាំ និង​មាន​មនុស្ស​ចូលរួម​ប្រហែល 100,000 នាក់​រៀងរាល់ថ្ងៃ។ តំបន់ Monterey មាន​ប្រជាជន​ដើមកំណើត​អាស៊ី​ប្រហែល 65%។

    ពិធីអំណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ចន្ទ​គតិ​កាលពី​ថ្ងៃទី 22 មករា 2023 ខាងលើ​ត្រូវបាន​លុបចោល​ក្រោយពី​មាន​ហេតុការណ៍​បាញ់ប្រហារ​នេះ៕

    ​ប៉ូលិស​រក​ឃើញ​សាកសព​មនុស្ស​ម្នាក់​ក្នុង​រថយន្តពណ៌​សមួយ​គ្រឿង​
    ​ប៉ូលិស​រក​ឃើញ​សាកសព​មនុស្ស​ម្នាក់​ក្នុង​រថយន្តពណ៌​សមួយ​គ្រឿង​
  • នាយករដ្ឋមន្ត្រី​អង់គ្លេស​ត្រូវ​ប៉ូលិស​ចរាចរណ៍ផាក​ពិន័យ​ព្រោះ​មិន​ដាក់​ខ្សែ​ក្រវាត់​សុវត្ថិភាព

    នាយករដ្ឋមន្ត្រី​អង់គ្លេស​ត្រូវ​ប៉ូលិស​ចរាចរណ៍ផាក​ពិន័យ​ព្រោះ​មិន​ដាក់​ខ្សែ​ក្រវាត់​សុវត្ថិភាព

    នាយករដ្ឋមន្ត្រី​ Rishi Sunak អាច​ត្រូវ​បាន​ផាក​ពិន័យ​ឡើង​ដល់ 620 ដុល្លារ​អាម៉េរិក ដោយ​សារ​មិន​បាន​ដាក់​ខ្សែ​ក្រវាត់​សុវត្ថិភាព​នៅ​ពេល​អង្គុយ​ក្នុង​រថយន្ត​កំពុង​ផ្លាស់​ទី​។

    «ថ្ងៃ​នេះ​ យើង​បាន​ប្រកាស​ពី​ការ​ផាក​ពិន័យថេរ​​ចំពោះ​បុរស​ម្នាក់​អាយុ 42 ឆ្នាំ​ មក​ពី​ទីក្រុង​ឡុងដ៍» ប៉ូលិស​ស្រុក Lancashire នៅ​ភាគ​ពាយព្យ​ប្រទេស​អង់គ្លេស​បាន​ឱ្យ​ដឹង​ដូច្នេះ​នៅលើ Twitter កាល​ពី​ថ្ងៃទី 20 មករា 2023​ ដែល​ចង់​​រម្លឹក​ដល់ករណី​​នាយក​រដ្ឋមន្ត្រី Rishi Sunak។

    ប្រកាស​ស្ដីពី​ការ​ផាក​ពិន័យថេរ​គឺ​មាន​ន័យ​ថា លោក Sunak អាច​បង់​ប្រាក់​ពិន័យ​ដើម្បី​បញ្ចៀស​ការ​ឡើង​តុលាការ​។ ចំណែក​អ្នក​នាំពាក្យ​របស់​​ការិយាល័យ​នាយករដ្ឋមន្ត្រី​អង់គ្លេស​បាន​ប្រាប់​ថា មេដឹក​នាំ​អង់គ្លេស​ «សារភាព​ថា បាន​បង្ក​ឱ្យ​មាន​កំហុស​»។

    កម្រិត​នៃ​ការ​ផាក​ពិន័យចំពោះ​អ្នក​មិន​ដាក់​ខ្សែ​ក្រវាត់​សុវត្ថិភាព​នៅ​លើ​កៅអី​រថយន្ត​ដែល​កំពុង​ផ្លាស់​ទី​នៅ​អង់គ្លេស​គឺ 100 ផោន (124 ដុល្លារ​អាម៉េរិក)។ បើ​សិន​ករណី​នេះ​ត្រូវ​បាន​ឡើង​ដល់​តុលាការ លោក Sunak អាច​នឹង​ត្រូវ​បង់​ប្រាក់​ឡើង​ដល់ 500 ផោន (620 ដុល្លារ​អាម៉េរិក)។

    នាយករដ្ឋមន្ត្រីអង់គ្លេសដើមកំណើតឥណ្ឌា លោក Rishi Sunak

    មុននោះ កាល​ពី​ថ្ងៃទី 19 មករា នាយករដ្ឋមន្ត្រីអង់គ្លេស​ដើម​កំណើត​ឥណ្ឌា លោក Rishi Sunak បាន​បង្ហោះ​វីដេអូ​លើ​បណ្ដាញ​សង្គម។ ក្នុង​វីដេអូ​នេះបង្ហាញ​ថា លោក​ Sunak មិន​បាន​ដាក់​ខ្សែ​ក្រវាត់​សុវត្ថិភាព​នៅ​ពេល​រថយន្ត​កំពុង​ផ្លាស់​ទី​។ ក្រោយ​មក លោក​ក៏​បាន​សូម​អភ័យ​ទោស​ និង​បាន​លុប​វីដេអូ​នេះ​ចេញ​ពី​ Instagram។

    សមត្ថកិច្ច​ក្នុង​តំបន់ បន្ទាប់​មក​ក៏​បាន​ប្រកាស​ធ្វើ​ការ​ស៊ើប​អង្កេត និង​បាន​បញ្ជាក់​ថា នាយករដ្ឋមន្ត្រី​អង់គ្លេស ​បាន​រំលោភ​ច្បាប់​ចរាចរណ៍​ពិត​មែន៕

  • លោត​ម៉ុង​សាយ​ក្រោម​ទឹក​ដើម្បី​ទទួល​អំណរ​បុណ្យចូលឆ្នាំថ្មីប្រពៃណី​ចិន

    លោត​ម៉ុង​សាយ​ក្រោម​ទឹក​ដើម្បី​ទទួល​អំណរ​បុណ្យចូលឆ្នាំថ្មីប្រពៃណី​ចិន

    (ម៉ាឡេស៊ី) – អ្នក​មុជទឹក​មួយក្រុម​នៅឯ​អាង​ពិព័រណ៍​ត្រី​មួយកន្លែង​ក្នុង​រដ្ឋធានី​កូ​ឡា​ឡាំ​ពួ ស្លៀកពាក់​ឈុត​ម៉ុង​សាយ និង​បំពាក់​ដោយ​បំពង់​អុកស៊ីសែន នាំគ្នា​លោត​សម្ដែង​ក្នុង​ទឹក​អាង​ពិព័រណ៍​ត្រី Aquaria KLCC។

    «ការសម្ដែង​ម៉ុង​សាយ​នៅលើ​គោក​ស្ទើរតែ​ទាំងអស់ ទាមទារ​ឱ្យមាន​ភាពទន់ភ្លន់​កម្រិត​ខ្ពស់។ យើង​បង្កើត​ព្រឹត្តិការណ៍​លោត​ម៉ុង​សាយ​ក្រោម​ទឹក ហើយ​នេះ​ក៏​ទាមទារ​ឱ្យមាន​បច្ចេកទេស​ប្រហាក់ប្រហែល គ្រាន់តែ​ខុស​ត្រង់ថា នៅពេល​អ្នក​សម្ដែង​លោត​ឡើង ពួកគេ​នឹងត្រូវ​អណ្ដែត​ដោយសារ​ស្ថិតនៅ​ក្នុង​ទឹក» Daryl Foong ប្រធាន​អាង​ពិព័រណ៍​ត្រី Aquaria KLCC កាលពី​ថ្ងៃទី 18 បានឱ្យដឹង​ដូច្នេះ។

    អាង​ពិព័រណ៍​ត្រី Aquaria KLCC ជួល​ក្រុម​អ្នក​មុជទឹក​មក​ធ្វើជា​អ្នក​លោត​ម៉ុង​សាយ​នៅឯ​បឹង​ចិញ្ចឹម​ត្រី និង​អណ្ដើក​សមុទ្រ។ ពួកគេ​មាន​ក្រុម​តន្ត្រី​ប្រគំ​ភ្លេង​កំដរ​នៅ​ខាងក្រៅ​ដើម្បី​បង្កើត​បរិយាកាស​អ៊ឹកធឹក​សម្រាប់​ការសម្ដែង​របស់​ក្រុម​លោត​ម៉ុង​សាយ​ក្នុង​ទឹក

    ក្រុម​អ្នក​លោត​ម៉ុង​សាយ​នេះ ប្រដាប់​ដោយ​បំពង់​អុកស៊ីសែន និង​ឈុត​ម៉ុង​សាយ​ប្រភេទ​ស្រាល​ជាង​ធម្មតា ដើម្បី​ធ្វើ​ចលនា​ក្នុង​ទឹកបាន​រហ័ស។ អាង​ពិព័រណ៍​ត្រី Aquaria KLCC បាន​បង្កើតឱ្យមាន​ព្រឹត្តិការណ៍​អបអរ​ចូលឆ្នាំ​ប្រពៃណី​ចិន​បែបនេះ​ជាច្រើន​ឆ្នាំ​មកហើយ។

    Daryl Foong ឱ្យដឹងថា ក្រុម​អ្នក​មុជទឹក​ត្រូវ​ឆ្លងកាត់​ការហ្វឹកហាត់​ដើម្បី​អាច​សម្ដែង​ក្បាច់​រាំ​ទៅតាម​ក្បួន​នៃ​ការ​លោត​ម៉ុង​សាយ។

    ការ​លោត​ម៉ុង​សាយ​គឺជា​​ទំនៀមទម្លាប់​បុរាណ​ដើម្បី​ទទួល​អំណរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​របស់​ពលរដ្ឋ​ដើមកំណើត​ចិន​នៅ​ម៉ាឡេស៊ី។ គិត​ត្រឹម​ឆ្នាំ 2019 ប្រទេស​នេះ​មាន​ប្រជាជន​សរុប 32 លាន​នាក់ ដែល​ភាគច្រើន​ជា​ជនជាតិ​មូស្លីម និង ¼ គឺជា​ពលរដ្ឋ​ដើមកំណើត​ចិន៕

    *វីដេអូ «លោត​ម៉ុង​សាយ​ក្រោម​ទឹក​ដើម្បី​ទទួល​អំណរ​បុណ្យចូលឆ្នាំថ្មីប្រពៃណី​ចិន»

  • ប្រជ្រៀត​​ជាន់​គ្នា​​ក្នុង​ព្រឹត្តិការណ៍​បាល់​ទាត់​ Arabian Gulf Cup​ បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ និង​រង​របួស​ច្រើន​សិប​នាក់​

    ប្រជ្រៀត​​ជាន់​គ្នា​​ក្នុង​ព្រឹត្តិការណ៍​បាល់​ទាត់​ Arabian Gulf Cup​ បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ និង​រង​របួស​ច្រើន​សិប​នាក់​

    ហេតុការណ៍​ប្រជ្រៀត​​ជាន់​គ្នា​​ក្នុង​ព្រឹត្តិការណ៍​បាល់​ទាត់​ Arabian Gulf Cup ​កើត​ឡើង​ក្បែរ​ច្រក​ចេញ-ចូល​របស់​កីឡដ្ឋាន​មួយ​នៅ​​ទីក្រុង Basra ​ប្រទេស​អ៊ីរ៉ាក់ បណ្ដាល​មនុស្ស​រាប់​សិប​នាក់​រង​របួស​ និង​ស្លាប់​។

    កាលពី​ថ្ងៃទី 19 មករា ហេតុការណ៍​ប្រជ្រៀត​ជាន់​គ្នា​មួយ​បាន​កើត​ឡើង​ខាងក្រៅ​កីឡដ្ឋានមួយ​នៅអ៊ីរ៉ាក់ នៅ​ប៉ុន្មាន​ម៉ោង​មុន​ការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​ដណ្ដើម​ពាន​រង្វាន់​ជើង​ឯក​បាល់​ទាត់​ឈូងសមុទ្រអារ៉ាប់ (Arabian Gulf Cup) រវាង​អ៊ីរ៉ាក់ និង​អូម៉ង់ បណ្ដាល​ឱ្យ​មនុស្ស​ម្នាក់​ស្លាប់ និង 83 នាក់​​រង​របួស​។

    ហេតុការណ៍​នេះ​កើត​ឡើង​ក្បែរ​ច្រក​ចេញ-ចូល​របស់​កីឡដ្ឋាន​នៅ​​ទីក្រុង Basra ភាគ​ខាង​ត្បូង​ប្រទេស​អ៊ីរ៉ាក់ នៅ​ពេល​អ្នក​គាំទ្រ​រាប់​ពាន់​នាក់​ព្យាយាម​ចូល​ទៅ​ខាង​ក្នុង​កីឡដ្ឋាន​។

    ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ខាងលើ​ អ៊ីរ៉ាក់​បាន​ឈ្នះ​អូម៉ង់ 3-2 និង​បាន​ក្លាយ​ជា​ជើង​ឯក​ Arabian Gulf Cup​ ជា​លើក​ដំបូង​រាប់​ចាប់​ពី​ឆ្នាំ 1988។

    Arabian Gulf Cup​ ដែល​ជា​ពាន​រង្វាន់​​​បាល់​ទាត់​​សម្រាប់ 8 ប្រទេស​​នៅ​តំបន់​ឈូងសមុទ្រអារ៉ាប់ តែង​តែ​ធ្វើ​ឡើង​ 2 ឆ្នាំ​ម្ដង​។ Arabian Gulf Cup​ លើក​ចុង​ក្រោយ​នេះ​ត្រូវ​បាន​សម្ពោធ​បើក​ការ​ប្រកួត​កាល​ពី​ថ្ងៃ​ទី 6 មករា 2023 ដោយ​មាន​ការ​ចូល​រួម​ពី​ប្រធាន FIFA លោក Gianni Infantino ផងដែរ៕

  • ក្មេង​​អាយុ​ 10 ឆ្នាំ​ដែល​​​ជាប់ 21 ថ្ងៃ​ ​ក្នុង​​សសរ​បេតុង​​​ក្រោម​ដី​ជម្រៅ​ 35 ម៉ែត្រ​​នៅ​វៀតណាម ត្រូវ​បាន​យក​ឡើង​មក​លើ​ហើយ

    ក្មេង​​អាយុ​ 10 ឆ្នាំ​ដែល​​​ជាប់ 21 ថ្ងៃ​ ​ក្នុង​​សសរ​បេតុង​​​ក្រោម​ដី​ជម្រៅ​ 35 ម៉ែត្រ​​នៅ​វៀតណាម ត្រូវ​បាន​យក​ឡើង​មក​លើ​ហើយ

    (វៀតណាម) – ក្រោយ​រយៈពេល 21 ថ្ងៃ​ដែល​បាន​ធ្លាក់​ចូល​ជាប់​ក្នុង​ប្រហោង​សសរ​បេតុង​ក្រោម​ដី​ជម្រៅ 35 ម៉ែត្រ នៅក្នុង​ការដ្ឋាន​សាងសង់​ស្ពាន​មួយកន្លែង​នៅ​ខេត្ត Dong Thap ចុក្រោយ​ សាកសព​របស់​ក្មេងប្រុស​រងគ្រោះ Thai Ly Hao Nam ក៏ត្រូវ​បាន​យក​ឡើង​មកលើ​​កាលពី​វេលា​ទៀបភ្លឺ​ថ្ងៃទី 20 មករា 2023។

    នៅវេលា​ម៉ោង 01 និង 20 នាទី ក្រុម​សង្គ្រោះបាន​ចុះ​ដល់​ជម្រៅ 25 ម៉ែត្រ​ខាងក្នុង​បំពង់​ដែក​ព័ទ្ធជុំវិញ​សសរ​បេតុង​ប្រហោង​ក្នុង ជាទី​ដែល​សព​របស់​ក្មេងប្រុស​វ័យ 10 ឆ្នាំ​ ឹកំពុង​ជាប់​ខាងក្នុង។ ជិត 2 ម៉ោង​ក្រោយមក ក្រុម​សង្គ្រោះក៏​យក​សាកសព​ឡើងមក​លើ​បានសម្រេច។

    មឈូស និង​សាកសព​របស់​ក្មេងរងគ្រោះ​នេះ​ត្រូវ​ដឹក​ទៅកាន់​ផ្ទះ​ដែល​នៅ​ឆ្ងាយ​ពី​កន្លែងកើតហេតុ​ប្រហែល 1 គីឡូម៉ែត្រ ដើម្បី​ធ្វើបុណ្យ​បញ្ចុះសព។

    អាជ្ញាធរ​វៀតណាម​បានឱ្យដឹងថា លទ្ធផល​នៃ​ការធ្វើ​កោសល្យ​វិ​ច្ច័​យ​បង្ហាញថា ក្មេងរងគ្រោះ​បាន​ស្លាប់​ដោយសារ​របួស​ច្រើន​កន្លែង​ពេល​ធ្លាក់​ប៉ះ​នឹង​ជញ្ជាំង​សសរ និង​ស្ថិតក្នុង​ទឹក។ បន្ទាប់ពី​បានធ្វើ​បុណ្យ​បញ្ចុះសព​រួចរាល់ សមត្ថកិច្ច​នឹង​ចាប់ផ្ដើម​ស៊ើបអង្កេត​រក​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ ហើយ​នឹងមាន​ចំណាត់ការ​ចំពោះ​បុគ្គល ឬ​អង្គភាព​ដែល​បាន​បង្កឱ្យមាន​កំហុសឆ្គង។

    ករណី​ធ្លាក់​ក្មេង​ចូល​បំពង់​សសរ​បេតុង​ខាងលើនេះ​បានកើត​ឡើង​កាលពី​ម៉ោង​ប្រហែល 11 និង 30 នាទី ថ្ងៃទី 31 ធ្នូ 2022។ មុន​ពេល​កើត​ហេតុ​ ក្មេងរងគ្រោះ​មានឈ្មោះ​ថា Thai Ly Hao Nam (អាយុ 10 ឆ្នាំ) និង​ក្មេង 3 នាក់​ទៀត បាន​ចូលក្នុង​ការដ្ឋាន​សាងសង់​ស្ពាន​មួយកន្លែង​ដើម្បី​រើស​អេតចាយ។ ប៉ុន្តែ Hao Nam ក៏បាន​ធ្លាក់​ទៅក្នុង​បំពង់​សសរ​បេតុង​ប្រហែល​ដែល​ត្រូវបាន​ដាំ​ទៅក្នុង​ដី​ជម្រៅ​ប្រហែល 35 ម៉ែត្រ។ ប្រហែល​កន្លះ​ម៉ោង​ក្រោយ​ពី​កុមារ​នេះ​បាន​ជួប​គ្រោះថ្នាក់ កម្លាំង​សង្គ្រោះ​ក៏បាន​ទៅដល់​កន្លែងកើតហេតុ និង​ចាប់ផ្ដើម​ដំណើរការ​ជួយ​សង្គ្រោះ​៕

  • ជិត​កើតមាន​បាតុភូត «ព្រះ​ចន្ទ​ថ្មី – New Moon» លើក​ដំបូង​ក្នុងអំឡុងជិត 1,000 ឆ្នាំ​កន្លង

    ជិត​កើតមាន​បាតុភូត «ព្រះ​ចន្ទ​ថ្មី – New Moon» លើក​ដំបូង​ក្នុងអំឡុងជិត 1,000 ឆ្នាំ​កន្លង

    នៅវេលា​ម៉ោង​ប្រហែល 03 និង 53 នាទី ថ្ងៃទី 22 មករា 2023 (ម៉ោង​នៅ​កម្ពុជា) ព្រះ​ចន្ទ​ថ្មី (New Moon) នឹងមាន​គម្លាត​ពី​ផែនដី​ប្រហែល 356,568 គីឡូម៉ែត្រ ដែលជា​រយៈ​ចម្ងាយ​ជិត​បំផុត​រាប់​ចាប់ពី​មជ្ឈិមសម័យ។

    ដោយសារតែ​ស្ថិតនៅ​ក្បែរ​ផែនដី​ពេក ព្រះ​ចន្ទ​​នៅ​ថ្ងៃទី 22 មករា​ខាងមុខ នឹង​ជាព្រឹត្តិការណ៍​​ព្រះ​ចន្ទ​ថ្មី​ធំជាងគេ​បង្អស់​ដែល​បង្ហាញខ្លួន​លើ​មេឃ រាប់​ចាប់ពី​ថ្ងៃទី 03 ធ្នូ 1030 នេះ​បើតាម​ទិន្នន័យ​នៅលើ​គេហទំព័រ Timeanddate។ ព្រឹត្តិការណ៍​ព្រះ​ចន្ទ​ថ្មី​នេះ​នឹង​កើតឡើង​ជាថ្មី​ម្ដង​ទៀត​នៅ​ថ្ងៃទី 20 មករា 2368។

    គន្លង​គោចរ​របស់​ព្រះ​ចន្ទ​ជុំវិញ​ផែនដី​មិនមែន​មូល​ល្អឥតខ្ចោះ​នោះទេ ប៉ុន្តែ​វា​មាន​រាង​ប្រហាក់​ប្រហែល​នឹង​​ពងក្រពើ ដែល​នេះ​មានន័យថា គម្លាត​រវាង​ព្រះ​ចន្ទ និង​ផែនដី​គឺ​មិន​ដូចគ្នា​គ្រប់ពេល​ឡើយ ក្នុងនោះ​ចំណុច​ឆ្ងាយ​បំផុត​ត្រូវបាន​ហៅថា Apogee និង​ចំណុច​ជិត​បំផុត​ហៅថា Perigee។

    ក្នុង​ព្រឹត្តិការណ៍​ព្រះ​ចន្ទ​ថ្មី ព្រះ​ចន្ទ​ស្ថិតនៅ​ចន្លោះ​រវាង​ព្រះអាទិត្យ និង​ផែនដី។ ពេលនោះ មនុស្ស​លើ​ផែនដី​មិនអាច​មើលឃើញ​ព្រះ​ចន្ទឡើយ ដោយសារ​ចំហៀង​ដែល​ងងឹត​របស់​ព្រះ​ចន្ទ​បែរមក​កាន់​ផែនដី ហើយ​វា​ក៏​កើតឡើង​នៅពេល​ថ្ងៃ និង​ចំ​ថ្ងៃ 15 រោច។ ក្នុង​ព្រឹត្តិការណ៍​នេះ ព្រះ​ចន្ទ​រះ និង​លិច​ជិត​ស្ទើរ​តែ​ដូច​ទៅនឹង​ព្រះអាទិត្យ ធ្វើឱ្យ​ភ្នែក​ធម្មតា​មិនអាច​មើលឃើញ​ព្រះ​ចន្ទ៕

  • សហរដ្ឋ​អាម៉េរិក​ប្រកាស​អំពី​កញ្ចប់​ជំនួយ​យោធាថ្មី​តម្លៃ​ 2.5 ពាន់​លាន​ដុល្លារ​សម្រាប់​អ៊ុយ​ក្រែ​ន

    សហរដ្ឋ​អាម៉េរិក​ប្រកាស​អំពី​កញ្ចប់​ជំនួយ​យោធាថ្មី​តម្លៃ​ 2.5 ពាន់​លាន​ដុល្លារ​សម្រាប់​អ៊ុយ​ក្រែ​ន

    ក្រសួងការពារជាតិ​អាម៉េរិក ប្រកាស​ឱ្យដឹង​អំពី​កញ្ចប់​ជំនួយ​យោធា​ថ្មី​តម្លៃ 2.5 ពាន់​លាន​ដុល្លារ​សម្រាប់​អ៊ុយ​ក្រែ​ន ក្នុងនោះ​មាន​ទាំង​រថពាសដែក រួម​នឹង​អាវុធ​ធំ​តូច​ជា​ច្រើន​ផ្សេង​ទៀត។

    យោងតាម​ប្រកាស​មួយ​កាលពី​ថ្ងៃទី 19 មករា របស់​មន្ទីរ​បញ្ច​កោណ កញ្ចប់​ជំនួយ​ថ្មី​បំផុត​នេះ​រួមមាន រថពាសដែក Bradley 59 គ្រឿង, រថពាសដែក Stryker 90 គ្រឿង, ប្រព័ន្ធ​ការពារ​ដែនអាកាស Avenger និង​អាវុធ​តូចធំ​ច្រើន​ប្រភេទ​ទៀត ប៉ុន្តែ​​មិនមាន​រថក្រោះ​ដូច​ការស្នើ​របស់​អ៊ុយ​ក្រែ​ន​នោះទេ។

    កញ្ចប់​ជំនួយ​ថ្មី​បំផុត​នេះ​បានធ្វើឱ្យ​ជំនួយ​យោធា​សរុប​របស់​សហរដ្ឋ​អាម៉េរិក សម្រាប់​អ៊ុយ​ក្រែ​ន ឡើងដល់​ជាង 26.7 ពាន់​លាន​ដុល្លារ រាប់​ចាប់តាំងពី​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​បាន​ផ្ទុះឡើង។

    រថពាសដែក Stryker មិន​ក្រាស់​ដូច​រថក្រោះ ប៉ុន្តែ​វា​ធ្វើ​សកម្មភាព​បានល្អ​នៅក្នុង​ភូមិសាស្ត្រ​ដែលមាន​ព្រឹល ខ្សាច់ និង​ល្បាប់។ រថពាសដែក Stryker អាច​ដឹក​ទាហាន 9 នាក់ ខណៈដែល​រថពាសដែក Bradley អាច​ដឹក​បាន 6 នាក់។

    ​រថពាសដែក Bradley

    អាម៉េរិក​ប្រើប្រាស់​រថពាសដែក Stryker តាំងពី​ឆ្នាំ 2002 រហូតដល់​បច្ចុប្បន្ន ក្នុងនោះ Stryker មួយគ្រឿង​មានតម្លៃ​ប្រហែល 4.9 លាន​ដុល្លារ។ Stryker ត្រូវបាន​បំពាក់​កាំភ្លើង​ធំ​ប្រភេទ 30 ម​ម, 40 ម​ម ឬ 105 ម​ម អាស្រ័យ​លើ​កំណែនីមួយៗ និង​មាន​កាំភ្លើងយន្ត 12.7 ម​ម និង 7.62 ម​ម។ រថពាសដែក​នេះ​អាច​រត់​ក្នុង​ល្បឿន 97 គីឡូម៉ែត្រ/ម៉ោង និង​មាន​រង្វង់​ប្រតិបត្តិការ​ប្រហែល 500 គីឡូម៉ែត្រ។

    ចំណែក​រថពាសដែក Bradley វិញ បំពាក់​កាំភ្លើង​ធំ 25 ម​ម, មី​ស៊ី​ល​ប្រឆាំង​រថក្រោះ និង​អាចធ្វើ​សកម្មភាព​ក្នុង​រង្វង់ 480 គីឡូម៉ែត្រ៕

  • គ្រាប់បែក​ប្រល័យ​លោក​ផ្ទុះ តើ​គួរ​លាក់ខ្លួន​នៅទីណា​ទើប​មាន​សុវត្ថិភាព​បំផុត?

    គ្រាប់បែក​ប្រល័យ​លោក​ផ្ទុះ តើ​គួរ​លាក់ខ្លួន​នៅទីណា​ទើប​មាន​សុវត្ថិភាព​បំផុត?

    (ប្រទេស​ស៊ី​ប) – យោងទៅតាម​ការបង្ហាញ​ត្រាប់​លើ​កុំព្យូទ័រ ក្រុម​អ្នកជំនាញ​កំណត់​បាន​ទីកន្លែង​ដែល​បង្ក​គ្រោះថ្នាក់​ និង​សុវត្ថិ​ភាព​បំផុត​ចំពោះ​​មនុស្ស​នៅក្នុង​ផ្ទះ​ដែល​ស្ថិតនៅ​មិន​ឆ្ងាយ​ពី​កន្លែង​ផ្ទុះ​គ្រាប់បែក​នុយ​ក្លេ​អែរ។

    ពេល​គ្រាប់បែក​ប្រល័យ​លោក​ផ្ទុះ គ្រប់យ៉ាង​ដែល​នៅក្បែរ​នឹងត្រូវ​បាត់​ខ្លួនភ្លាម​ៗ។ វិទ្យុសកម្ម​អាច​ប៉ះពាល់​ដល់​សុខភាព​មនុស្ស ទោះជា​ស្ថិតនៅ​ឆ្ងាយ។ គ្រោះថ្នាក់​ធំ​មួយទៀត​សម្រាប់​អ្នក​ស្ថិតនៅក្នុង​រយៈ​ចម្ងាយ​មធ្យម​ពី​កន្លែង​ផ្ទុះ នោះ​គឺ​រលក​ខ្យល់​កញ្ឆក់​ដែលមាន​កម្លាំង​ខ្លាំង និង​រហ័ស អា​ចប​ក់បំ​ប៉ើង​មនុស្ស​ទៅលើ​អាកាស។

    ក្រុម​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Nicosia ប្រទេស​ស៊ី​ប (Cyprus) បានធ្វើ​ការបង្ហាញ​ត្រាប់​​លើ​កុំព្យូទ័រ​ករណី​ផ្ទុះ​គ្រាប់បែក​នុយ​ក្លេ​អែរ​មួយ​គ្រាប់​ដែល​បំពាក់​លើ​មី​ស៊ី​ល​អន្តរទ្វីប និង​រលក​កញ្ឆក់​ដែល​កើតឡើង​ពី​ការផ្ទុះ ហើយ​វាយតម្លៃ​ផលប៉ះពាល់​ដល់​មនុស្ស​ដែល​លាក់ខ្លួន​ក្នុងផ្ទះ។ លទ្ធផល​នៃ​ការវិភាគ​ថ្មី​នេះ​ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនាវដ្ដី Physics of Fluids កាលពី​ថ្ងៃទី 17 មករា។

    នៅក្នុង​តំបន់​រង​ការខូចខាត​កម្រិត​មធ្យ​ម រលក​ខ្យល់​កញ្ឆក់​មាន​កម្លាំង​អាច​កម្ទេច​ផ្ទះមួយ​ចំនួន និង​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​នៅ​ខាងក្រៅ ប៉ុន្តែ អគារ​រឹងមាំ​ដែល​សាងសង់​ពី​បេតុង​ជាដើម អាច​ទប់ទល់​បាន។ យោងតាម​ការពិសោធ​ថ្មី​នេះ ការលាក់ខ្លួន​ក្នុងផ្ទះ​រឹងមាំ​នៅតែ​មិនទាន់​គ្រប់គ្រាន់​ក្នុងការ​រក្សា​ជីវិត។ បន្ទប់​ដែល​​ចង្អៀត​អាច​បង្កើនល្បឿន​រប​ស់ខ្យ​ល់ ហើយ​នៅពេល​មាន​រលក​កញ្ឆក់ ខ្យល់​នឹង​ជះ​ត្រលប់​ពី​ជញ្ជាំង និង​អាចបង្កើត​បានជា​កម្លាំង​មួយ​ដែល​ប្រហាក់ប្រហែល​នឹង​ទម្ងន់​របស់​មនុស្ស 18 នាក់។

    ករណី​ធ្វើ​តេស្តគ្រាប់​បែក​នុយក្លេអែរ​ចុង​ក្រោយ​ទាំង​ 5 របស់​ពិភពលោក

    «កន្លែង​ដែល​គ្រោះថ្នាក់​បំផុត​នៅក្នុង​ផ្ទះ​ដែល​យើង​ត្រូវ​ចៀសវាង រួមមាន បង្អួច ផ្លូវ​រួម​ក្នុង​អគារ និង​ទ្វារ​ចេញចូល។ ពេល​ស្ថិតក្នុង​បន្ទប់​ដែលនៅ​​ទល់មុខ​នឹង​កន្លែង​ផ្ទុះ យើង​នៅតែ​អាចមាន​សុវត្ថិភាព បើសិន​លាក់ខ្លួន​ត្រង់​ជ្រុង​ណាមួយ​ក្នុង​បន្ទប់» Ioannis Kokkinakis សមាជិក​ម្នាក់​របស់​ក្រុម​ខាងលើ​ឱ្យដឹង​ដូច្នេះ។

    ក្រុម​អ្នកវិទ្យាសាស្ត្រ​សង្កត់ធ្ងន់ថា អ្នកមាន​ពេល​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ​ក្នុង​ការរត់​រក​ជម្រក បន្ទាប់ពី​មាន​ករណី​ផ្ទុះ​គ្រាប់បែក​ប្រល័យ​លោក ហើយ​ក្នុង​អគារ​នានា​សុទ្ធ​តែមាន​ប្រព័ន្ធ​ខ្សែភ្លើង និង​ហ្កា​ស​ជាដើម ដូច្នេះ​នឹងមាន​អគ្គិភ័យ​កើតឡើង។ គ្រប់គ្នា​ត្រូវតែ​យកចិត្តទុកដាក់​រាល់​ហានិភ័យ​ខាងលើ និង​ប្រញាប់​រក​ដំណោះស្រាយភ្លាមៗ នេះ​បើតាម Drikakis។

    ក្រុម​អ្នកវិទ្យាសាស្ត្រ​សង្ឃឹមថា ការផ្ទុះ​គ្រាប់បែក​នុយ​ក្លេ​អែរ​នឹងមិន​កើតឡើង ប៉ុន្តែ​ពួកគេ​ជឿថា ការយល់​​ដឹង​អំពី​ផលវិបាក​ដែល​កើត​ឡើង​ពី​​ការផ្ទុះ​នេះ ​នឹង​ជួយ​បញ្ចៀស​ការស្លាប់ ឬ​រង​របួសធ្ងន់ និង​បង្ក​ភាពងាយស្រួល​ដល់​ការជួយ​សង្គ្រោះ៕