Category: អន្តរជាតិ

  • អូស្ត្រាលី​មាន​គម្រោង​ទិញ​នាវាមុជទឹក​តម្លៃ​បី​ពាន់​លាន​ដុល្លារ​របស់​អាម៉េរិក

    អូស្ត្រាលី​មាន​គម្រោង​ទិញ​នាវាមុជទឹក​តម្លៃ​បី​ពាន់​លាន​ដុល្លារ​របស់​អាម៉េរិក

    ប្រទេស​អូស្ត្រាលី​មាន​ផែន​ការទិញ​នាវាមុជទឹក​ថ្នាក់ Virginia ទំនើប​បំផុត​ចំនួន​ប្រាំ​គ្រឿង​របស់​សហរដ្ឋ​អាម៉េរិក ទន្ទឹមនឹងនេះ​ក៏​អនុញ្ញាតឱ្យ​វ៉ា​ស៊ី​ង​តោន​ដាក់ពង្រាយ​នាវាមុជទឹក​នៅ​ប្រទេស​នេះ។

    មន្ត្រី​បួនរូប​របស់​សហរដ្ឋ​អាម៉េរិក សុំ​មិន​បញ្ចេញ​ឈ្មោះ កាលពី​ថ្ងៃទី 08 មីនា បានឱ្យដឹងថា ការ​ទិញដូរ​នាវាមុជទឹក​ថ្នាក់ Virginia ប្រាំ​គ្រឿងក្នុង​ទសវត្សរ៍​ឆ្នាំ 2030 នឹង​ជា​ផ្នែក​មួយ​ក្នុង​កិច្ចព្រមព្រៀង AUKUS រវាង​អូស្ត្រាលី សហរដ្ឋ​អាម៉េរិក និង​អង់គ្លេស។ នាវាមុជទឹក​ថ្នាក់ Virginia សម្រាប់​ទ័ពជើងទឹក​អាម៉េរិក មានតម្លៃ​ពី 2.8 ដល់ 3.5 ពាន់​លាន​ដុល្លារ ប៉ុន្តែ​មិនទាន់​ដឹង​ច្បាស់​ថា អូស្ត្រាលី​បានជ្រើសរើស​កំណែ​ណាមួយ​នៅឡើយ។

    យោងតាម​កិច្ចព្រមព្រៀង សហរដ្ឋ​អាម៉េរិក​នឹង​បញ្ជូន​នាវាមុជទឹក​នុយ​ក្លេ​អែរ​ទៅធ្វើ​ទស្សនកិច្ច​នៅ​អូស្ត្រាលី​ជា​រៀងរាល់ឆ្នាំ មុនពេល​បញ្ជូន​នាវាមុជទឹក​មួយចំនួន​ទៅ​បោះទ័ព​រយៈពេល​យូរ​នៅ​ភាគ​ខាងលិច​ប្រទេស​នេះ ដោយ​ចាប់ផ្ដើម​ពី​ឆ្នាំ 2027។ ទីក្រុង​កង់​បេរ៉ា​នឹង​ទិញ​នាវាមុជទឹក​ថ្នាក់ Virginia ចំនួន​បី​គ្រឿង​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ 2030 អម​នឹង​ជម្រើស​ទិញ​បន្ថែម​ពីរ​គ្រឿង​ទៀត បើសិន​ចាំបាច់។

    កិច្ចព្រមព្រៀង AUKUS គ្រោង​នឹង​បញ្ចប់​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ 2030 នៅពេលដែល​អូស្ត្រាលី​បានទទួល​នាវាមុជទឹក​ថ្មី​ដែល​រចនា​ឡើង​ដោយ​អង់គ្លេស និងបំពាក់​​បច្ចេកវិទ្យា​អាម៉េរិក។

    ទាក់ទង​នឹង​ព័ត៌មាន​ខាងលើនេះ សេត​វិមាន និង​មន្ទីរ​បញ្ច​កោណ មិនទាន់​បញ្ចេញ​ប្រតិកម្ម​អ្វី​នៅឡើយ។ យោងតាម​កិច្ចព្រមព្រៀង AUKUS ដែល​ចុះហត្ថលេខា​កាលពី​ឆ្នាំ 2021 អូស្ត្រាលី​អាច​ទិញ​នាវាមុជទឹក​នុយ​ក្លេ​អែរ​ពី​អាម៉េរិក។ វ៉ា​ស៊ី​ង​តោន កង់​បេ​រ៉ា និង​ក្រុង​ឡុង បាន​ចំណាយពេល 18 ខែ ក្នុងការ​ចរចា​អំពី​លទ្ធភាព​ដែល​អូស្ត្រាលី​អាចមាន​​បច្ចេកវិទ្យា​ម៉ាស៊ីន​នុយ​ក្លេ​អែរ​ដ៏​សម្ងាត់​របស់​អាម៉េរិក។

    ការ​ទិញដូរ​ដែលមាន​តម្លៃ​រាប់សិប​ពាន់​លាន​ដុល្លារ​ខាងលើ ​ក៏​ជា​របត់​ដំបូង​ដែល​អាម៉េរិក​នាំចេញ​បច្ចេកវិទ្យា​នាវាមុជទឹក​ដើរ​ដោយ​ថាមពល​នុយ​ក្លេ​អែរ រាប់​ចាប់ពី​ឆ្នាំ 1960 បន្ទាប់ពី​បាន​ជួយ​ឱ្យ​អង់គ្លេស​កសាង​ក្រុម​នាវាចម្បាំង៕

  • អ្នក​អវកាស​រុស្ស៊ី​ជិត​បាន​ជិះ​យាន SpaceX ឡើងទៅ​កាន់​ទី​អវកាស

    អ្នក​អវកាស​រុស្ស៊ី​ជិត​បាន​ជិះ​យាន SpaceX ឡើងទៅ​កាន់​ទី​អវកាស

    ណា​សា​មាន​ផែនការ​ប្រើប្រាស់​យានអវកាស​របស់ SpaceX ដើម្បី​នាំ​អវកាស​ចរ​រុស្ស៊ី​យ៉ាងតិច​ពីរ​នាក់​ទៀត ឡើងទៅ​កាន់​ស្ថានីយ​អវកាស​អន្តរជាតិ (ISS)។

    ណា​សា​កំពុង​ចរចា​ដើម្បី​បន្ថែម​អវកាស​ចរ​រុស្ស៊ី​ទៅក្នុង Crew-7 និង Crew-8 ដែលជា​បេសកកម្ម​បន្ទាប់​នៃ​គម្រោង​នាំ​អ្នក​អវកាស​ឡើងទៅ​កាន់ ISS។ នេះ​បើតាមទំព័រ​ Space ចុះផ្សាយ​កាលពី​ថ្ងៃទី 07 មីនា។

    កិច្ចព្រមព្រៀង​ក្នុង​ការបញ្ចូល​​អ្នក​អវកាស​រុស្ស៊ី​ទៅក្នុង​បេសកកម្ម Crew-7 ដែល​គ្រោង​នឹង​បាញ់​បង្ហោះ​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​ឆ្នាំនេះ កំពុង​​ត្រូវ​បាន​ចរចា​ជាមួយ​រដ្ឋាភិបាល​រុស្ស៊ី ហើយ​បន្ទាប់មក​នឹង​វិល​មក​ចរចា​ជាមួយ​ណា​សា​ដើម្បី​សម្រេច​កិច្ចព្រមព្រៀង​ចុងក្រោយ។ Kathy Lueders អនុប្រធាន​ផ្នែក​គ្រប់គ្រង​បេសកកម្ម​អវកាស​ប្រចាំ​ណា​សា ឱ្យដឹង​ដូច្នេះ​នៅក្នុង​កិច្ចប្រជុំ​មួយ​ដែល​ធ្វើឡើង​បន្ទាប់ពី​បេសកកម្ម Crew-6 ត្រូវបាន​បាញ់​បង្ហោះ​ដោយ​ជោគជ័យ​កាលពី​ថ្ងៃទី 02 មីនា 2023។

    Lueders បន្ថែមថា អាម៉េរិក និង​រុស្ស៊ី កំពុង​បន្ត​បញ្ជូន​អវកាស​ចរ​ទៅកាន់​អវកាស​តាមរយៈ​យាន​របស់​ប្រទេសនីមួយៗ ក្នុងករណី​យាន Soyuz របស់​រុស្ស៊ី ឬ​យាន​របស់​អាម៉េរិក​មិនអាច​ប្រើប្រាស់​ក្នុង​រយៈពេល​យូរ។ ការចរចា​ស្ដីពី Crew-8 ក៏​កំពុង​ត្រូវបាន​ធ្វើឡើង ប៉ុន្តែ​បេសកកម្ម​នេះ តាម​ផែនការ នឹងមិនត្រូវ​បាន​បាញ់​បង្ហោះ​មុន​ឆ្នាំ 2024 ឡើយ។

    ណា​សា​ធ្លាប់​ពឹងផ្អែក​ទាំងស្រុង​លើ​រុស្ស៊ី​ក្នុង​ការនាំ​អ្នក​អវកាស​ឡើងទៅ​កាន់​គន្លង​គោចរ​ផែនដី។ ស្ថាប័ន​នេះ​បានដាក់​យានអវកាស Shuttle ឱ្យចូល​និវត្តន៍​កាលពី​ឆ្នាំ 2011។ ក្នុងអំឡុង​ប្រហែល​មួយ​ទសវត្សរ៍​មកនេះ អវកាស​ចរ​ដែល​ឡើងទៅ​កាន់ ISS សុទ្ធតែ​ប្រើប្រាស់​យាន Soyuz ហើយ​ណា​សា​ត្រូវ​ចេញថ្លៃ​នៅពេល​ប្រើប្រាស់​យាន​របស់​រុស្ស៊ី។

    បច្ចុប្បន្ន ណា​សា​កំពុង​ត្រៀម​យានអវកាស​ចំនួន​ពីរ​ដើម្បី​ជំនួស​ឱ្យ​យាន Shuttle នោះ​គឺ​យានអវកាស Crew Dragon របស់ SpaceX និង Starliner របស់ Boeing៕

  • ប្អូនស្រី​របស់លោក Kim Jong-un ថា «ការបាញ់​ទម្លាក់​មី​ស៊ី​ល​កូរ៉េខាងជើង​គឺជា​ការប្រកាសសង្គ្រាម»

    ប្អូនស្រី​របស់លោក Kim Jong-un ថា «ការបាញ់​ទម្លាក់​មី​ស៊ី​ល​កូរ៉េខាងជើង​គឺជា​ការប្រកាសសង្គ្រាម»

    ប្អូនស្រី​បង្កើត​របស់​មេដឹកនាំ​កូរ៉េខាងជើង យល់ថា រាល់​សកម្មភាព​របស់​សហរដ្ឋ​អាម៉េរិក​ដើម្បី​បាញ់​ទម្លាក់​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​ដែល​បាញ់​សាកល្បង ​នឹង​ត្រូវបាន​ចាត់ទុកថា​ជាការ​ប្រកាសសង្គ្រាម។

    «ការសាកល្បង​អាវុធ​យុទ្ធសាស្ត្រ​របស់​កូរ៉េខាងជើង សុទ្ធតែ​ធ្វើឡើង​នៅលើ​ដែនអាកាស និង​ដែនសមុទ្រ​ដែល​ស្ថិតនៅ​ខាងក្រៅ​សិទ្ធិ​អារកា​ត់របស់​សហរដ្ឋ​អាម៉េរិក និង​មិន​គំរាមកំហែង​ដល់​​សុវត្ថិភាព​របស់​បណ្ដា​ប្រទេសជិតខាង។ រាល់​សកម្មភាព​ប្រតិកម្ម​យោធា មានដូចជា​ការបាញ់​ស្កាត់​មី​ស៊ី​ល​ជាដើម នឹងត្រូវ​បានចាត់ទុក​ជាការ​ប្រកាស​សង្គ្រាម​យ៉ាង​ច្បាស់​សំដៅលើ​កូរ៉េខាងជើង» លោកស្រី Kim Yo-Jong ប្អូនស្រី​បង្កើត​របស់​មេដឹកនាំ Kim Jong-un ប្រកាស​នា​ថ្ងៃនេះ​ដូច្នេះ។

    ការព្រមាន​នេះ​ត្រូវបាន​លោកស្រី Kim Yo-jong លើកឡើង បន្ទាប់ពី​សារព័ត៌មាន​កូរ៉េខាងត្បូង​កាលពី​ថ្ងៃទី 06 មីនា បាន​ដកស្រង់​សម្ដី​របស់ John Aquilino មេបញ្ជាការ​​​​​កងទ័ព​អាម៉េរិកប្រចាំ​តំបន់​ឥណ្ឌូ-ប៉ា​ស៊ី​ហ្វ៊ិ​ក​​ និយាយ​ថា វ៉ា​ស៊ី​ង​តោន​នឹង​បាញ់​ស្កាត់ភ្លាមៗទៅលើ​មី​ស៊ី​ល​ផ្លោង​អន្តរទ្វីប (ICBM) ដែល​ទីក្រុង​ព្យុងយ៉ាង​បាញ់​ទៅកាន់​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វ៊ិ​ក។

    លោកស្រី Kim Yo-jong និងមេដឹកនាំកូរ៉េខាងជើង លោក Kim Jong-un

    ភាគី​ខាង​សហរដ្ឋ​អាម៉េរិក មិនទាន់មាន​ប្រតិកម្ម​អ្វី​នៅឡើយ ទាក់ទិន​នឹង​ការព្រមាន​ខាងលើ​របស់​លោកស្រី Kim Yo-jong។

    កន្លងមក សហរដ្ឋ​អាម៉េរិក និង​បណ្ដា​ប្រទេស​លោកខាងលិច​មិន​ធ្លាប់បាន​បាញ់​ទម្លាក់ ឬ​រក​វិធី​ទប់ស្កាត់​ករណី​សាកល្បង​មី​ស៊ី​ល​អន្តរទ្វីប​របស់​ទីក្រុង​ព្យុងយ៉ាង ដែល​ត្រូវបាន​ហាមឃាត់​ទៅតាម​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​នៃ​អង្គការ​សហ​ប្រជា​តិ។ កូរ៉េខាងជើង​តែង​បាញ់​សាកល្បង​មី​ស៊ី​ល​ទៅតាម​ជ្រុង​ខ្ពស់​ដើម្បី​កាត់បន្ថយ​រយៈ​ចម្ងាយ​របស់​ក្បាល​គ្រាប់ និង​ទើបតែ​បាញ់ ICBM រំលង​ទឹកដី​ជប៉ុន​បាន​ប៉ុន្មាន​ដង​ប៉ុណ្ណោះ៕

  • ឥណ្ឌូណេស៊ី​ផ្ដល់ជំនួយ​សម្រាប់​ការទិញយានយន្ត​អគ្គិសនី​ចាប់ពី​ថ្ងៃទី 20 មីនា

    ឥណ្ឌូណេស៊ី​ផ្ដល់ជំនួយ​សម្រាប់​ការទិញយានយន្ត​អគ្គិសនី​ចាប់ពី​ថ្ងៃទី 20 មីនា

    មន្ត្រី​ឥណ្ឌូណេស៊ី​បានឱ្យដឹងថា រដ្ឋាភិបាល​នឹង​ផ្ដល់ជំនួយ​ដល់​ការទិញ​ម៉ូតូ​អគ្គិសនី​ថ្មី​រហូតដល់ 200,000 គ្រឿង និងការ​​ប្ដូរ​ម៉ូតូ​សាំង​ទៅប្រើ​ម៉ូតូ​អគ្គិសនី​ចំនួន 50,000 គ្រឿង​នៅក្នុង​ឆ្នាំនេះ។

    លោក Luhut Pandjaitan រដ្ឋមន្ត្រី​​ក្រសួង​សម្របសម្រួល​កិច្ចការ​សមុទ្រ និង​វិនិយោគ​ឥណ្ឌូណេស៊ី បានឱ្យដឹងថា រដ្ឋាភិបាល​ប្រទេស​នេះ​នឹង​ចាប់ផ្ដើម​អនុវត្ត​គោលនយោបាយ​ផ្ដល់ប្រាក់​ឧបត្ថម្ភ​​សម្រាប់​ការប្រើប្រាស់​យានយន្ត​ដែល​ដំណើរការ​ដោយ​ថាមពល​អគ្គិសនី (KBLBB) ចាប់ពី​ថ្ងៃទី 20 មីនា 2023 ដើម្បី​លើកទឹកចិត្ត​ឱ្យ​ប្រជាជន​ងាក​មកប្រើប្រាស់​​យានយន្ត​ដែល​មិន​បំ​ភាយ​ឧស្ម័ន និង​ទាក់ទាញ​ការវិនិយោគ​ក្នុង​វិស័យ​យានយន្ត​អគ្គិសនី​នៅក្នុង​ប្រទេស។

    ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី 06 មីនា រដ្ឋមន្ត្រី​ខាងលើ​សង្កត់ធ្ងន់ថា ការប្រើប្រាស់ KBLBB នឹង​ជួយ​ជំរុញ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព តាមរយៈ​ការកាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ និង​កសាង​វិស័យ​ឧស្សាហកម្ម​ថ្ម​ផ្ទុក​អគ្គិសនី​នៅក្នុង​ស្រុក ហើយ​ប្រការ​ទាំងនេះ​នឹង​ជួយ​បង្កើត​ការងារ​ថ្មី និង​បន្ថែម​ប្រាក់ចំណូល​ជូន​រដ្ឋ។

    ចំណែក Febrio Kacaribu ​ប្រធាន​ទីភ្នាក់ងារ​គោលនយោបាយ​សារពើពន្ធ​នៃ​ក្រសួង​ហិរញ្ញវត្ថុ ប្រកាសថា រដ្ឋាភិបាល​នឹង​ផ្ដល់ជំនួយ​សម្រាប់​ការទិញ​ម៉ូតូ​អគ្គិសនី​ថ្មី​ចំនួន 200,000 គ្រឿង និង​ការប្ដូរ​ពី​ម៉ូតូ​សាំង​ទៅប្រើ​ប្រាស់​​ម៉ូតូ​អគ្គីសនី​ចំនួន 50,000 គ្រឿង​នៅក្នុង​ឆ្នាំនេះ។ ការទិញ ឬ​ប្ដូរ​យក​ម៉ូតូ​អគ្គិសនី​ថ្មី​មួយគ្រឿង​នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ចំនួន 7 លាន​រូពៀ (457 ដុល្លារ​អាម៉េរិក)។

    កម្មវិធី​ឧបត្ថម្ភ​សម្រាប់​ការទិញ​ម៉ូតូ​ថ្មី​នឹង​ត្រូវបាន​អនុវត្ត​ចំពោះតែ​ម៉ូតូ​ផលិត​ក្នុងស្រុក​ដែលមាន​អត្រា​មូល​ដ្ឋា​នីយកម្ម​ចាប់ពី 40% ឡើងទៅ។ បណ្ដា​ក្រុមហ៊ុន​ផលិត​ម៉ូតូ​អគ្គិសនី​ក្នុងស្រុក​មិន​ត្រូវបាន​អនុញ្ញាតឱ្យ​ដំឡើងថ្លៃ​ក្នុងអំឡុងពេល​អនុវត្ត​ការគោលការណ៍​ឧបត្ថម្ភ និង​ត្រូវ​សន្យាថា ផលិត​ឱ្យបាន​គ្រប់​ចំនួន​សម្រាប់​កម្មវិធី​នេះ។

    អ្នក​ដែល​ត្រូវ​បានផ្ដល់​អាទិភាព​ក្នុង​ការទទួល​ប្រាក់ឧបត្ថម្ភ​ប្ដូរ​ក្នុង​កម្មវិធី​ខាងលើ​ ​គឺ​អាជីវកម្ម​ខ្នាត​​មីក្រូ តូច និង​មធ្យម (MSME) ក៏ដូចជា​គ្រួសារ​តែ​ប្រើប្រាស់​អគ្គិសនី​ប្រចាំខែ​ចន្លោះ​ពី 450 ទៅ 900VA ក្នុង​គោលដៅ​បង្កើន​ការផលិត និង​ប្រសិទ្ធភាព​ជំនួញ។

    យោងតាម​ក្រសួង​ថាមពល និង​រ៉ែ KBLBB អាច​នឹង​ជួយ​ឱ្យ​អ្នកប្រើប្រាស់ និង​រដ្ឋាភិបាល​សន្សំសំច័យ​ប្រា​ក់បាន 2.77 លាន និង 32.7 ពាន់​លាន​រូពៀ/ឆ្នាំ ព្រមទាំង​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​បាន 0.03 លាន​តោន/ឆ្នាំ និង​បង្កើន​ការងារ​បាន​ច្រើន បើ​ទោះ​ការប្រើប្រាស់​អគ្គិសនី​នឹង​កើន 15.2GWh ក្នុង​មួយឆ្នាំ៕

  • តៃវ៉ាន់​ព្រមាន​ពី​ហានិភ័យ​កងកម្លាំង​ចិនដីគោក​សម្រុក​ចូលមក​ឈ្លាន​ពាន

    តៃវ៉ាន់​ព្រមាន​ពី​ហានិភ័យ​កងកម្លាំង​ចិនដីគោក​សម្រុក​ចូលមក​ឈ្លាន​ពាន

    មេដឹកនាំ​កងកម្លាំង​ការពារជាតិ​តៃវ៉ាន់​បាន​ព្រមាន​ថា ក្នុងឆ្នាំនេះ កងទ័ព​ចិនដីគោក​អាច​នឹង​ស្វែងរក​លេស​ដើម្បី​សម្រុក​មកកាន់​កោះ​នេះភ្លាមៗ។

    ក្នុងពេល​ឆ្លើយតប​នឹង​សំណួរ​របស់​ក្រុមតំណាងរាស្ត្រ​នៅក្នុង​កិច្ចប្រជុំសភា​នា​ថ្ងៃទី 06 មីនា​នេះ មេដឹកនាំ​កងកម្លាំង​ការពារជាតិ​តៃវ៉ាន់ Chiu Kuo-cheng និយាយថា កងទ័ព​ចិន (PLA) អា​ចរក​ឧបាយ​ដើម្បី​សម្រុកចូល​តំបន់ 12 ម៉ា​យ (ជាង 22 គីឡូម៉ែត្រ) គិតពី​ឆ្នេរសមុទ្រ​តៃវ៉ាន់។

    យោងតាម​លោក Chiu PLA អាច​នឹង «សម្រុកចូលភ្លាមៗ» មកកាន់​តំបន់​ក្បែរ​កោះ​តៃវ៉ាន់ ក្នុង​គ្រា​ដែល​កោះ​នេះ​កំពុង​ផ្លាស់​ដូរ​ផ្នែក​យោធា​ជាមួយ​សហរដ្ឋ​អាម៉េរិក។ លោក​បញ្ជាក់ថា «រឿងនេះ​អាច​កើតឡើង​ក្នុងឆ្នាំនេះ មានន័យថា ពួកគេ​កំពុង​ត្រៀមខ្លួន។ ពួកគេ​នឹង​ប្រើប្រាស់​កម្លាំងបាយ បើសិន​ពិតជា​ត្រូវធ្វើ​ដូច្នេះ»។

    អាជ្ញាធរ​តៃវ៉ាន់​ធ្លាប់បាន​ប្រកាសថា នឹង​ប្រើប្រាស់​សិទ្ធិ​ការពារ​ខ្លួន និង​វាយបក បើសិន​កងទ័ព​ចិនដីគោក​សម្រុកចូល​តំបន់ 12 ម៉ា​យ​នៅ​ជុំវិញ​កោះ។

    តំបន់ឆ្នេរមួយ​កន្លែង​របស់​កោះតៃវ៉ាន់

    ប្រទេស​ចិន ថ្មីៗនេះ​បាន​បង្កើន​សកម្មភាព​យោធា​នៅ​ជុំវិញ​កោះ​តៃវ៉ាន់។ ប៉ុន្តែ ទីក្រុង​តៃប៉ិ​មិនទាន់​រកឃើញថា​ចិន​បាន​ចូល​តំបន់ 24 ម៉ា​យ​នៅឡើយ។

    ប្រទេស​ចិន​បានប្រកាសថា កោះ​តៃវ៉ាន់​ជា​ខេត្ត​មួយ​របស់ខ្លួន​ដែល​រង់ចាំតែ​ការបង្រួបបង្រួម និង​មិន​បោះបង់​លទ្ធភាព​នៃ​ការប្រើប្រាស់​កម្លាំងបាយ។ ចំណែក​កោះ​តៃវ៉ាន់​វិញ​បានប្រកាសថា មានតែ​ប្រជាជន​របស់​ពួកគេ​ប៉ុណ្ណោះ​ទើប​​អាច​សម្រេច​ជោគវាសនា​អនាគត​របស់​កោះ​នេះ៕

  • កុលសម្ព័ន្ធ​ដែល​អាច​មុជ​ក្នុង​ទឹក​បានយូរ​ជាង​គេ​លើ​ពិភពលោក

    កុលសម្ព័ន្ធ​ដែល​អាច​មុជ​ក្នុង​ទឹក​បានយូរ​ជាង​គេ​លើ​ពិភពលោក

    ជនជាតិ Bajau នៅ​អាស៊ីអាគ្នេយ៍ សម្រប​ខ្លួន​បាន​ល្អ​ទៅនឹង​សកម្មភាព​មុជ​ក្នុង​ទឹក​រយៈពេល​យូរ​ដោយ​ផាល​ក្នុង​រាងកាយ​​របស់​ពួក​គេ​​​​វិវឌ្ឍ​​​ទៅ​ជាធំ​ខុស​ប្រក្រតី។

    «ជនជាតិ Bajau ការពារ​សមុទ្រ។ យើង​មិនដែល​ចាកចោល​សមុទ្រ​ឡើយ ហើយ​មុជ​ទឹកជា​ញឹកញាប់។ នោះ​គឺជា​ទម្លាប់ និង​ជា​ប្រពៃណី» នេះ​បើតាម​ការអះអាង​របស់​ជនជាតិ Bajau។

    ជនជាតិ Bajau នៅ​អាស៊ីអាគ្នេយ៍​គឺជា​កុលសម្ព័ន្ធ​ពាក់កណ្ដាល​ពនេចរ ដែលមាន​សមត្ថភាព​មុជទឹក​សេរី​ដ៏​លេចធ្លោ​ជាងគេ។ ដោយ​រស់នៅ​ក្នុងប្រទេស​ឥណ្ឌូណេស៊ី ហ្វ៊ី​លី​ពី​ន និង​ម៉ាឡេស៊ី កុលសម្ព័ន្ធ​នេះ​គឺជា​អ្នក​នេសាទ ចិញ្ចឹមជីវិត​ដោយសារ​ត្រី​ជាសំខាន់។

    យោងតាម​ប្រពៃណី ការរស់នៅ និង​ភារកិច្ច​របស់​ពួកគេ​គឺ​ទាក់ទង​នឹង​ការការពារ​សមុទ្រ។ អ្នកស្រី Ima Baineng ដែលជា​អ្នកនេសាទ​ជនជាតិ Bajau និយាយថា «យើង​ទទួល​មរតក និង​បច្ចេកទេស​មុជទឹក​ពី​ដូនតា។ នៅទីនេះ កំលោះៗ និងនារីៗដែលមាន​កម្លាំង​ខ្លាំង សុទ្ធតែ​មុជទឹក»។

    កុលសម្ព័ន្ធ​ Bajau រៀន​មុជ​ទឹក​តាំង​ពី​នៅ​តូច

    ជនជាតិ Bajau អាច​មុជ​ទឹកបាន​រហូតដល់ 8 ម៉ោង/ថ្ងៃ។ មនុស្ស​មួយចំនួន​ចំណាយពេល​នៅក្រោម​ទឹក​រហូតដល់ 60%។ «ជា​រៀងរាល់ថ្ងៃ ខ្ញុំ​ចេញទៅ​សមុទ្រ​នៅ​ម៉ោង 4 ទៀបភ្លឺ និង​ត្រលប់មក​ផ្ទះ​នៅពេល​ថ្ងៃ។ ជាធម្មតា ខ្ញុំ​ចាប់បាន​ត្រី 15 គីឡូក្រាម។ កាល​ពី​នៅ​ក្មេង ខ្ញុំ​អាច​មុជទឹក​ក្នុង​ជម្រៅ​រហូតដល់ 20 ម៉ែត្រ។ ពេលនេះ​ចាស់​ហើយ ខ្ញុំ​អាច​មុជ​បាន​ជម្រៅ​ប្រហែល 16 ម៉ែត្រ​ប៉ុណ្ណោះ» អ្នកនេសាទ​ជនជាតិ Bajau លោក Mandor M Tembang ឱ្យដឹង​ដូច្នេះ។

    យោងតាម​ការស្រាវជ្រាវ ទាក់ទង​នឹង​តំណពូជ រាងកាយ​របស់​កុលសម្ព័ន្ធ Bajau បាន​សម្រប​ខ្លួន​ជាមួយនឹង​ការរស់នៅ​ក្រោម​ទឹក​រួចហើយ។ ផាល​ដែលជា​អវយវៈ​មួយ​ក្នុង​រាងកាយ​របស់​ពួកគេ​មាន​វិវឌ្ឍន៍​ទៅជា​ធំ​ជាង​ធម្មតា ជួយ​បង្កើន​អុកស៊ីសែន​ក្នុង​ឈាម​នៅពេល​មុជទឹក។ ផាល​រួញ​មកវិញ​ដើម្បី​រុញច្រាន​ឈាមក្រហម​ដែល​សម្បូរ​អុកស៊ីសែន​ទៅក្នុង​ចរន្តឈាម។ ផាល​ដែល​ធំ​មាន​ផ្ទុក​កោសិកា​ឈាមក្រហម​ដែល​សម្បូរ​អុកស៊ីសែន​ជាង​ផាល​តូច ដូច្នេះ​វា​ក៏​ជួយ​ឱ្យ​កុលសម្ព័ន្ធ Bajau អាច​អត់​ដណ្ដើម​បានយូរ​ជាង​ធម្មតា។

    វីដេអូស្ដីពី​កុលសម្ព័ន្ធ Bajau ដែល​អាច​មុជ​ទឹក​បាន​យូរ​ជាង​ធម្មតា

    Saiful M Amin អ្នក​មុជទឹក​អាជីព​​ដែល​ប្រើ​បំពង់​អុកស៊ីសែន បានឱ្យដឹងថា «ជនជាតិ Bajau នៅពេល​មុជទឹក​ពួកគេ…ផ្លាស់​ទីយឺតៗ។ ខ្ញុំ​ក៏​ជា​អ្នក​មុជទឹក ប៉ុន្តែ​ខ្ញុំ​មុជ​ចុះ​ជម្រៅ​បានតែ​ប្រហែល 5 ម៉ែត្រ​ប៉ុណ្ណោះ។ ក៏ប៉ុន្តែ ជនជាតិ Bajau វិញ តែង​មុជ​បាន​ពី 12 ទៅ 15 ម៉ែត្រ។ ដូច្នេះ ជនជាតិ Bajau ពិតជា​ពិសេស»។

    កុលសម្ព័ន្ធ Bajau ចាប់ផ្ដើម​មុជទឹក​ដោយ​សេរី​តាំងពី​នៅ​តូច។ អ្នកស្រី Ima Baineng និយាយថា «តាំងពី​អាយុ 4 ឆ្នាំ ខ្ញុំ​តែងតែ​ងូតទឹក​សមុទ្រ និង​តាម​ឪពុក​ចេញទៅ​សមុទ្រ ទើបបាន​ជា​​ខ្ញុំ​ចេះ​មុជទឹក»៕

  • អាម៉េរិក​ផ្ដល់ជំនួយ​យោធា​​បន្ថែម 400 លាន​ដុល្លារ​ដល់​អ៊ុយ​ក្រែ​ន

    អាម៉េរិក​ផ្ដល់ជំនួយ​យោធា​​បន្ថែម 400 លាន​ដុល្លារ​ដល់​អ៊ុយ​ក្រែ​ន

    ក្រសួងការបរទេស​អា​ម៉េ​រិ​ក ប្រកាស​អំពី​ខ្ទង់​ជំនួយ​យោធា​ថ្មី​តម្លៃ 400 លាន​ដុល្លារ ទៅឱ្យ​អ៊ុយ​ក្រែ​ន ក្នុងនោះ​មាន​ទាំង​យានយន្ត​សម្រាប់​កងវិស្វកម្ម រួម​នឹង​គ្រាប់រំសេវ​ជាច្រើន​ផ្សេងទៀត។

    «កញ្ចប់​ជំនួយ​ផ្នែក​យោធា​នេះ​មាន​គ្រាប់​រ៉ុក្កែត HIMARS និង​គ្រាប់​សម្រាប់​កាំភ្លើង​ធំ​ដែល​ផ្គត់ផ្គង់​ដោយ​សហរដ្ឋ​អាម៉េរិក» ក្រសួងការបរទេស​អា​ម៉េ​រិ​ក កាលពី​ថ្ងៃទី 03 មីនា ប្រកាស​ដូច្នេះ។ ខ្ទង់​ជំនួយ​ថ្មី​ដែលមាន​តម្លៃ 400 លាន​ដុល្លារ​នេះ​ធ្វើឱ្យ​កញ្ចប់​ជំនួយ​យោធា​សរុប​របស់​អាម៉េរិក​ស​ម្រា​ប់​អ៊ុយ​ក្រែ​ន ឡើងដល់​ជាង 32 ពាន់​លាន​ដុល្លារ គិត​ចាប់ពី​សង្គ្រាម​បាន​ផ្ទុះឡើង។

    កញ្ចប់​ជំនួយ​ខាងលើ​ក៏មាន​ទាំង​គ្រាប់ 25 មិល្លីម៉ែត្រ​សម្រាប់​រថពាសដែក M2 Bradley, ឧបករណ៍​ថែទាំ​យានយន្ត គ្រឿងបន្លាស់ និង​សម្ភារៈ​ជាច្រើន​ផ្សេងទៀត។ អាម៉េរិក​ក៏​ផ្ដល់​ជា​លើកដំបូង​នូវ M60 AVLB ដែល​ប្រព័ន្ធ​ស្ពាន​ចល័ត​សម្រាប់​រថក្រោះ និង​រថពាសដែក​ឆ្លងកាត់​ផងដែរ។

    សហរដ្ឋ​អាម៉េរិក​ប្រកាស​កញ្ចប់​ជំនួយ​ថ្មី​នេះ​នៅក្នុង​គ្រា​ដែល​រុស្ស៊ី​កំពុង​បង្កើន​ការវាយប្រហារ​ទៅលើ​តំបន់​ដែល​គ្រប់គ្រង​ដោយ​អ៊ុយ​ក្រែ​ន ក្នុងនោះ​មាន​ទីក្រុង Bakhmut នៅក្នុង​ខេត្ត Donetsk ជាដើម។

    បណ្ដា​ប្រទេស​ដែល​គាំទ្រ​អ៊ុយ​ក្រែ​ន កំពុង​បណ្ដុះបណ្ដាល​ទាហាន​របស់​ប្រទេស​នេះ​ឱ្យ​ចេះ​ប្រើ​អាវុធថ្មីៗដែល​ទីក្រុង​កៀវ​ទើបតែ​បានទទួល។ កងទ័ព​អាម៉េរិក កាលពី​ថ្ងៃទី 02 មីនា បានប្រកាស​បើក​វគ្គ​បណ្ដុះបណ្ដាល​ដល់​ទាហាន​អ៊ុយ​ក្រែ​ន​នៅ​មូលដ្ឋាន Wiesbaden ប្រទេស​អាល្លឺម៉ង់ ដើម្បី​ជួយ​ឱ្យ​ពួកគេ​រៀប​ផែនការ​ទប់ទល់​នឹង​ក​ង​កម្លាំង​រុស្ស៊ី៕

  • ស្ថានីយ​តារាសាស្ត្រ​ចិន រកឃើញ​ផ្កាយដុះកន្ទុយ​ថ្មីកំពុង​ហោះ​សំដៅ​មក​កាន់​ផែនដី

    ស្ថានីយ​តារាសាស្ត្រ​ចិន រកឃើញ​ផ្កាយដុះកន្ទុយ​ថ្មីកំពុង​ហោះ​សំដៅ​មក​កាន់​ផែនដី

    ផ្កាយដុះកន្ទុយ​ធំ​មួយ​ដែលមាន​វដ្ដ​នៃ​គន្លង​​គោចរ​ឡើងដល់ 30,000 ឆ្នាំ កំពុង​ហោះ​សំដៅ​មកកាន់​ប្រព័ន្ធ​ព្រះអាទិត្យ ហើយ​អាចមក​ក្បែរ​បំផុត​នៅក្នុង​ខែកញ្ញា 2024។

    ដុំថ្ម​អវកាស​នេះ​ត្រូវបាន​គេ​រកឃើញ​ជា​លើកដំបូង​កាលពី​ថ្ងៃទី 09 មករា 2023 ដោយ​ស្ថានីយ​សង្កេត​តារា​របស់​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​ចិន ប៉ុន្តែ មកដល់​ថ្ងៃទី 01 មីនា 2023  ទើប​មជ្ឈមណ្ឌល​អាចម៍​ផ្កាយ​នៃ​សមគម​តារាសាស្ត្រ​អន្តរជាតិ (MPC) បញ្ជាក់ថា វា​គឺជា​ផ្កាយដុះកន្ទុយ និង​ត្រូវបាន​ដាក់ឈ្មោះ​ឱ្យ​ថា C/2023 A3 (Tsuchinshan-ATLAS)។

    បច្ចុប្បន្ន C/2023 A3 ស្ថិតនៅ​ចម្ងាយ 7.3 AU (1,090 ពាន់​លាន​គីឡូម៉ែត្រ) ពី​ព្រះអាទិត្យ ឆ្ងាយ​ជាង​ពិភព​ព្រហស្បតិ៍​ទៅទៀត។ ក៏ប៉ុន្តែ វា​កំពុង​ហោះ​ឆ្ពោះ​មកកាន់​ព្រះអាទិត្យ ហើយ​កម្រិត​ពន្លឺ​របស់​វា​នឹង​កើនឡើង​យ៉ាង​ឆាប់រហ័ស​នា​ពេល​ខាងមុខ។

    យោងតាម​ស្ថានីយ​សង្កេត​តារា​របស់​ចិន ផ្កាយដុះកន្ទុយ​នេះ​នឹង​ហោះ​មក​ក្បែរ​ព្រះអាទិត្យ​បំផុត​នៅ​ថ្ងៃទី 28 កញ្ញា 2024 ដែល​ពេលនោះ​វា​មាន​ចម្ងាយ​ពី​ព្រះអាទិត្យ​ប្រហែល 58 លាន​គីឡូម៉ែត្រ និង​អាច​មើលឃើញ​ដោយ​ភ្នែក​ទទេ។ មនុស្សលោក​នឹងមាន​ឱកាស​បាន​ទស្សនាការ​បញ្ចេញ​ពន្លឺ​ដ៏​ស្រស់ស្អាត​របស់​ផ្កាយដុះកន្ទុយ​នេះ​មិន​ខាន៕

  • ព្រះ​ចន្ទ​ជិត​មាន​តំបន់​សម្គាល់​ពេលវេលា​ (Time Zone) ផ្ទាល់ខ្លួន

    ព្រះ​ចន្ទ​ជិត​មាន​តំបន់​សម្គាល់​ពេលវេលា​ (Time Zone) ផ្ទាល់ខ្លួន

    ទីភ្នាក់ងារ​អវកាស​អឺរ៉ុប (ESA) បាន​លើកសំណើ​បង្កើត​តំបន់​សម្គាល់​ពេលវេលា​ស្ដង់ដា ដើម្បី​បង្កើន​ភាពស៊ីចង្វាក់​គ្នា និង​ងាយស្រួល​សម្រាប់​បេសកកម្ម​អវកាស​នាពេល​អនាគត។

    ​បេសកកម្ម​ឡើងទៅ​កាន់​ឋាន​ព្រះ​ចន្ទ​​នៅ​ជុំវិញ​ពិភពលោក​ក្នុង​ទសវត្សរ៍​ខាងមុខ ​​មាន​រាប់សិប​គម្រោង ដូច្នេះ ទីភ្នាក់ងារ​អវកាស​អឺរ៉ុប បាន​លើកសំណើ​បង្កើត​តំបន់​សម្គាល់​ពេលវេលា​ថ្មី​នៅលើ​ឋាន​ព្រះ​ចន្ទ ដើម្បី​ជួយ​ឱ្យ​ការផ្លាស់ប្ដូរ​ព័ត៌មាន​មាន​ភាពងាយស្រួល​ជាង​បច្ចុប្បន្ន។ នេះ​បើតាម Smithsonian ចេញផ្សាយ​កាលពី​ថ្ងៃទី 28 កុម្ភៈ 2023។

    បច្ចុប្បន្ន បេសកកម្ម​ព្រះ​ចន្ទ​ប្រើប្រាស់​តំបន់​សម្គាល់​ម៉ោង​ទៅតាម​ប្រទេស​ម្ចាស់​បេសកកម្ម។ ក៏ប៉ុន្តែ វិធី​នេះ​មិនមាន​ភាព​សុក្រឹត និង​បណ្ដាលឱ្យ​យានអវកាស​របស់​បណ្ដា​ប្រទេស​ខ្វះ​ភាពស៊ីចង្វាក់​គ្នា។ ESA បានប្រកាស​អំពី​សំណើ​នេះ​កាលពី​ថ្ងៃទី 27 កុម្ភៈ 2023 ប៉ុន្តែ​គំនិតនេះ​​ត្រូវបាន​លើកឡើង​ដំបូង​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ហូ​ឡង់​កាលពី​ចុងឆ្នាំ 2022។

    ការបង្កើត​តំបន់​សម្គាល់​ពេលវេលា​ដោយឡែក​នៅលើ​ឋាន​ព្រះ​ចន្ទ មិន​ត្រឹមតែ​ជួយ​ឱ្យមាន​ភាពងាយស្រួល​ក្នុងការ​ផ្លាស់ប្ដូរ​ព័ត៌មាន​នោះទេ តែ​ក៏​នឹង​ជួយ​ឱ្យ​អវកាស​ចរ​ងាយស្រួល​កំ​ណ​ត់​ទិស​ផងដែរ។

    ទោះជា​យ៉ាងនេះ​ក្ដី ក្រុម​អ្នកជំនាញ​មិនទាន់​កំណត់​បាន​ថា ម៉ោង​នៅលើ​ឋាន​ព្រះ​ចន្ទ​គួរ​គណនា​បែបណា​នៅឡើយ។ លើ​ឋាន​ព្រះ​ចន្ទ នាឡិកា​ដើរ​លឿន​ជាង​លើ​ផែនដី ដោយសារតែ​កម្លាំង​ទំនាញ​ដែល​អាច​កាច់​កោង​ពេលវេលា។ ជាក់ស្ដែង នាឡិកា​នៅលើ​ឋាន​ព្រះ​ចន្ទ​នឹង​កើន​ប្រហែល 56 មីក្រូ​វិនាទី ក្រោយ​រយៈពេល 24 ម៉ោង។ យោងតាម ESA កម្រិត​នេះ​ក៏​ផ្លាស់ប្ដូរ​ទៅតាម​ទីតាំង​របស់​នាឡិកា៕

  • គ្រោះថ្នាក់​រថភ្លើង​បុក​គ្នា​នៅ​ប្រទេស​ក្រិ​ក​អាច​បណ្ដាលមកពី​កំហុស​របស់​មនុស្ស

    គ្រោះថ្នាក់​រថភ្លើង​បុក​គ្នា​នៅ​ប្រទេស​ក្រិ​ក​អាច​បណ្ដាលមកពី​កំហុស​របស់​មនុស្ស

    នាយករដ្ឋមន្ត្រី​ក្រិ​ក Mitsotakis ថ្លែងថា «កំហុស​របស់​មនុស្ស» អាចជា​មូលហេតុ​ដែល​នាំ​ឱ្យមាន​ឧបទ្ទវហេតុ​រថភ្លើង​ពីរ​គ្រឿង​បុក​គ្នា​បណ្ដាលឱ្យ​មនុស្ស 38 នាក់​បាត់​បង់ជីវិត។

    «ពិតជា​គួរឱ្យ​សោកស្ដាយ គ្រប់យ៉ាង​បង្ហាញថា សោកនាដកម្ម​ភាគច្រើន​គឺ​ដោយសារ​កំហុសឆ្គង​ដ៏​គ្រោះថ្នាក់​របស់​មនុស្ស» នាយករដ្ឋមន្ត្រី​ក្រិ​ក Kyriakos Mitsotakis ថ្លែង​លើ​កញ្ចក់​ទូរទស្សន៍​កាលពី​ថ្ងៃទី 01 មីនា។ លោក​បន្ថែមថា «នេះ​គឺជា​ករណី​គ្រោះថ្នាក់​រថភ្លើង​ដ៏​សាហាវ​មិន​ធ្លាប់​មានមុន​នេះ​នៅ​ប្រទេស​ក្រិ​ក ហើយ​វា​នឹង​ត្រូវបាន​ស៊ើបអង្កេត​យ៉ាង​ពេញលេញ»។

    ទូរថភ្លើង​ចំនួន​ពីរ​ត្រូវ​ខូច​ខ្ទេចខ្ទី​គ្មាន​សល់ និង​ទូ​មួយ​ផ្សេងទៀត​ត្រូវ​ភ្លើង​ឆាបឆេះ នៅពេល​រថភ្លើង​ដឹក​អ្នកដំណើរ​បុក​ពេញ​ទំហឹង​ជាមួយ​នឹង​រថភ្លើង​ដឹកទំនិញ​នៅក្បែរ​ទីក្រុង Larissa ភាគ​ខាងកើត​ប្រទេស​ក្រិ​ក​កាលពី​ថ្ងៃទី 28 កុម្ភៈ 2023។ អាជ្ញាធរ​ក្រិ​ក​ឱ្យដឹងថា មនុស្ស 38 នាក់​បាន​ស្លាប់ និង 57 នាក់​កំពុង​ត្រូវបាន​ព្យាបាល​នៅ​មន្ទីរពេទ្យ ក្នុងនោះ​មាន 6 នាក់​ត្រូវ​សង្គ្រោះបន្ទាន់។ យោងតាម​ក្រុមមន្ត្រី​ក្រិ​ក ចំនួន​អ្នកស្លាប់​អាច​នឹង​កើនឡើង​បន្តទៀត ដោយសារ​មនុស្ស​មួយចំនួន​នៅតែ​បាត់​ខ្លួន។

    ខ្សែ​រថភ្លើង​ដឹក​អ្នកដំណើរ​ជាង 350 នាក់​ ​បាន​ជួប​គ្រោះថ្នាក់​នៅពេល​កំពុងធ្វើដំណើ​រ​ពី​រដ្ឋធានី​អាថែន ទៅកាន់​ទីក្រុង Thessaloniki នៅ​ភាគ​ខាងជើង​ប្រទេស​ក្រិ​ក។

    សហរដ្ឋ​អាម៉េរិក រុស្ស៊ី ចិន បារាំង អាល្លឺម៉ង់ អ៊ុយ​ក្រែ​ន ក៏ដូចជាបណ្ដា​ប្រទេស​នានា​ និង​​បណ្ដា​ប្រទេស​ក្បែរ​ខាង​ បាន​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ប្រជាជន​ក្រិ​ក បន្ទាប់ពី​សោកនាដកម្ម​បានកើត​ឡើង។ ក្រុមមន្ត្រី​ក្រិ​ក​ប្រកាស​កាន់ទុក្ខ 3 ថ្ងៃ​ដើម្បី​គោរព និង​រម្លឹក​ដល់​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ៕