Category: អន្តរជាតិ

  • ឥណ្ឌូណេស៊ី​បញ្ជា​ទិញ​យន្តហោះ​ចម្បាំង 18 គ្រឿង​ទៀត​ពី​បារាំង

    ឥណ្ឌូណេស៊ី​បញ្ជា​ទិញ​យន្តហោះ​ចម្បាំង 18 គ្រឿង​ទៀត​ពី​បារាំង

    ការបញ្ជាទិញ​យន្តហោះ​ចម្បាំង​ 18 គ្រឿង​បន្ថែម​ទៀត​នេះ​ គឺ​​ស្ថិតក្នុង​ចំណោម​យន្តហោះ​ចម្បាំង Rafale 42 គ្រឿង​ដែល​ទីក្រុង​ហ្សា​កា​រ៉ា​តា​គ្រោង​នឹង​បញ្ជា​ទិញ​ពី​ប្រទេស​បារាំង ដើម្បី​ធ្វើ​ទំនើបកម្ម​កម្លាំង​ទ័ពអាកាស​របស់​ឥណ្ឌូណេស៊ី។

    បណ្ដាញ​ផ្សព្វផ្សាយ​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃទី 26 មេសា ដកស្រង់​ប្រភពព័ត៌មាន​ពី​សារព័ត៌មាន La Tribune របស់​បារាំង ឱ្យដឹងថា ប្រទេស​ឥណ្ឌូណេស៊ី​នឹង​បញ្ជា​ទិញ​យន្តហោះ​ចម្បាំង Rafale ចំនួន 18 គ្រឿង​បន្ថែមទៀត នៅក្នុង​កិច្ចព្រមព្រៀង​តម្លៃ 2.3 ពាន់​លាន​ដុល្លារ​អាម៉េរិក។

    ប្រភពព័ត៌មាន​ឱ្យដឹងថា ឥណ្ឌូណេស៊ី​បាន​ធានា​ចំពោះ​ប្រភព​ហិរញ្ញវត្ថុ​សម្រាប់​ការទិញ​យន្តហោះ​ចម្បាំង​ទាំងនោះ ក៏ដូចជា​បណ្ដា​មី​ស៊ី​ល​អាកាស​ប្រឆាំង​អាកាស។

    កិច្ចព្រមព្រៀង​ទិញ​យន្តហោះ​ចម្បាំង Rafale 18 គ្រឿង​បន្ថែមទៀត​នេះ​អាច​នឹង​ត្រូវបាន​ចុះហត្ថលេខា​ជា​ផ្លូវការ​នៅក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​បារាំង​នាពេលខាងមុខ​របស់រ​ដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ​ឥណ្ឌូណេស៊ី Prabowo Subianto។

    មុន​នោះ កាលពី​ខែកញ្ញា 2022 រដ្ឋមន្ត្រី​ក្រសួងការពារជាតិ Prabowo ក៏បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទិញ​យន្តហោះ​ចម្បាំង Rafale ចំនួន 6 គ្រឿង​ដំបូង​ដែលមាន​តម្លៃ​សរុប 1.1 ពាន់​លាន​ដុល្លារ​អាម៉េរិក។

    Rafale ដែល​ជា​យន្តហោះ​ចម្បាំង​ប្រតិកម្ម​រហ័ស​ដ៏​ទំនើប មាន​ម៉ាស៊ីន​ពីរ​គ្រឿង ត្រូវបាន​ផលិត​ដោយ​ក្រុមហ៊ុន Dassault Aviation និង​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​នៅក្នុង​ជួរ​កងទ័ព​បារាំង។ យន្តហោះ​នេះ​អាច​តាមដាន​គោលដៅ​ចំនួន 8 ក្នុងពេល​តែមួយ និង​បំពាក់​មី​ស៊ី​លបាញ់​ក្នុង​អាកាស​ ASRAAM, AMRAAM , មី​ស៊ី​ល​កម្ទេច​ផ្លូវ​រត់​ក្នុង​ព្រលានយន្តហោះ Apache រួម​នឹង​​មី​ស៊ី​ល​ប្រឆាំង​នាវាចម្បាំង Harpoon ជា​ដើម​៕

  • ថៃ​ទទួល​នាវា​វាយ​ឡើង​ច្រាំង​ដែល​ផលិត​ដោយ​ប្រទេស​ចិន

    ថៃ​ទទួល​នាវា​វាយ​ឡើង​ច្រាំង​ដែល​ផលិត​ដោយ​ប្រទេស​ចិន

    នាវា​វាយ​ឡើង​ច្រាំង HTMS Chang បាន​ទៅដល់​មូលដ្ឋាន​ទ័ពជើងទឹក​នៅ​ភាគខាងត្បូង​ប្រទេស​ថៃ បន្ទាប់ពី​ត្រូវបាន​រោងចក្រ​សាងសង់​កប៉ាល់​ចិន​ប្រគល់ជូន​កាល​ពីមួយ​សប្ដាហ៍​មុន។

    ពិធី​ប្រគល់ និង​ទទួល​នាវា​វាយ​ឡើង​ច្រាំង HTMS Chang រវាង​ចិន និង​ថៃ ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី 17 មេសា​នៅឯ​រោងចក្រ​សាងសង់​កប៉ាល់ Hudong Zhonghua ស្ថិតក្នុង​ខេត្ត Shanghai ប្រទេស​ចិន។ នាវាចម្បាំង Chang បាន​ចាក​ចេញពី​រោងចក្រ​មួយថ្ងៃ​ក្រោយ​ពិធី​ប្រគល់ និង​បាន​ចូល​ចត​នៅ​កំពង់ផែ Chuk Samet របស់​ទ័ពជើងទឹក Sattahip ក្នុង​ខេត្ត Chonburi ភាគខាងត្បូង​ប្រទេស​ថៃ​ កាលពី​ថ្ងៃទី 25 មេសា 2023។

    ប្រទេស​ចិន និង​ថៃ​មិនទាន់​ប្រកាស​ឱ្យដឹង​អំពី​តម្លៃ​របស់​នាវាចម្បាំង​​ដែល​ស្ថិតក្នុង​ថ្នាក់ Type-071E នេះ​នៅឡើយ។ ក៏​ប៉ុន្តែ Bangkok Post កាលពី​ឆ្នាំ 2017 បានឱ្យដឹងថា នាវា​ប្រភេទ​នេះ​មានតម្លៃ​ជាង 200 លាន​ដុល្លារ​អាម៉េរិក និង​ត្រូវការ​ពេល​បី​ឆ្នាំ​ក្នុង​ការផលិត។

  • យន្តហោះ​ចម្បាំង​ណា​តូ ដេញតាម​​ក្រុម​យន្តហោះ​រុស្ស៊ី​នៅ​សមុទ្រ​បាល់​ទិច

    យន្តហោះ​ចម្បាំង​ណា​តូ ដេញតាម​​ក្រុម​យន្តហោះ​រុស្ស៊ី​នៅ​សមុទ្រ​បាល់​ទិច

    ទ័ពអាកាស​អាល្លឺម៉ង់​ប្រកា​សថាបាន​ចាត់​យន្តហោះ​ចម្បាំង​ទៅ​កំណត់​អត្តសញ្ញាណ និង​តាមដាន​ក្រុម​យន្តហោះ​បី​គ្រឿង​របស់​កងទ័ព​រុស្ស៊ី​នៅលើ​ដែនអាកាស​សមុទ្រ​បាល់​ទិ​ក។

    «យន្តហោះ​ចម្បាំង Typhoon របស់​អាល្លឺម៉ង់ និង​អង់គ្លេស​ត្រូវបាន​ប្រកាស​ឱ្យ​ហោះ​ទៅ​កំណត់​អត្តសញ្ញាណ​យន្តហោះ​យោធា​បី​គ្រឿង ក្រោយមក​បានដឹងថា កងកម្លាំង​នេះ​មាន​យន្តហោះ​ចម្បាំង Su-27 បី​គ្រឿង និង​យន្តហោះ​ឈ្លប II-20 មួយគ្រឿង​របស់​រុស្ស៊ី ដែល​ធ្វើ​សកម្មភាព​ក្នុង​ដែនអាកាស​អន្តរជាតិ​នៅ​សមុទ្រ​បាល់​ទិ​ក ដោយ​មិនបាន​បើក​ឧបករណ៍​ផ្សាយ​សញ្ញា» ទ័ពអាកាស​អាល្លឺម៉ង់​ប្រកា​សនា​ថ្ងៃនេះ​ដូច្នេះ។

    ក្រុមមន្ត្រី​អាល្លឺម៉ង់ បាន​បញ្ចេញ​រូបភាព​ថត​ជិត បង្ហាញ​អំពី​ក្រុម​យន្តហោះ​រុស្ស៊ី ក្នុងនោះ​មាន​យន្តហោះ Su-27 ដែល​លាបថ្នាំ​ពណ៌​ជា​អក្សរ «Z» ​កំពុង​ផ្អៀងខ្លួន​មករក​យន្តហោះ​របស់​ណា​តូ។ ប៉ុន្តែ ទ័ពអាកាស​អាល្លឺម៉ង់​ពុំបាន​បញ្ជាក់ថា មាន​ហេតុការណ៍​កើតឡើង​រវាង​ក្រុម​យន្តហោះ​របស់​ភាគី​ទាំងពីរ ឬ​អត់។

    ក្រសួងការពារជាតិ​រុស្ស៊ី មកដល់​បច្ចុប្បន្ន​មិនទាន់​បញ្ចេញ​ប្រតិកម្ម​ឆ្លើយតប​ទៅនឹង​ព័ត៌មាន​ខាងលើ​នៅឡើយ។

    រុស្ស៊ី និង​ណា​តូ តែងតែ​ចាត់​យន្តហោះ​ចម្បាំង ឬ​យន្តហោះ​ឈ្លប​ឱ្យ​ហោះហើរ​ក្បែរ​ដែនអាកាស​របស់​ភា​គី​ទាំងពីរ។ យន្តហោះ​របស់​ពួកគេ​ក៏​តែងតែ​ប្រឈមមុខ​ដាក់គ្នា​នៅក្នុង​បេសកកម្ម​ទាំងនេះ ប៉ុន្តែ​ភាគ​ច្រើន​កើតឡើង​ប្រកប​ដោយ​វិជ្ជាជីវៈ និង​សុវត្ថិភាព។

    ភាព​តានតឹង​នៅ​តំបន់​សមុទ្រ​បាល់​ទិ​កបាន​កើនឡើង​តាំងពី​ពាក់កណ្ដាល​ឆ្នាំមុន ដោយសារតែ​យុទ្ធនាការ​យោធា​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន ក៏ដូចជា​បញ្ហា​ស៊ុយអែត និង​ហ្វាំ​ង​ឡង់​សុំចូល​ជា​សមាជិក​ណា​តូ។ សម្ព័ន្ធ​យោធា​ណា​តូ​បាន​បញ្ចូល​ហ្វាំ​ង​ឡង់​ជា​សមាជិក ហើយ​បើសិន​ស៊ុយអែត​បាន​ក្លាយជា​សមាជិក​ណា​តូ​ទៀត រុស្ស៊ី​នឹង​ក្លាយជា​ប្រទេស​តែមួយគត់​ដែលមាន​ឆ្នេរ​ជាប់​នឹង​សមុទ្រ​បាល់​ទិ​ក​ តែ​​មិនមែនជា​សមាជិក​ណា​តូ៕

  • សាសនិក​ជិត 90 បាន​ស្លាប់​ ព្រោះ​តែ​ «ចង់​ជួប​ព្រះយេស៊ូ»

    សាសនិក​ជិត 90 បាន​ស្លាប់​ ព្រោះ​តែ​ «ចង់​ជួប​ព្រះយេស៊ូ»

    ក្រុម​មន្ត្រី​ប្រទេស​កេនយ៉ាន បាន​រកឃើញ​សាកសព​ 89 នាក់​ដែល​ទាក់​ទង​នឹង​មេដឹក​នាំ​​សមាគម​សាសនា​ម្នាក់​ដែល​ត្រូវ​បាន​គេ​ចោទ​ថា បាន​អំពាវនាវ​ឱ្យ​សាសនិក​បង្អត់​អាហារ​ខ្លួន​ឯង​រហូត​ដល់​ស្លាប់ ដើម្បី​ «ជួប​ព្រះ​យេស៊ូ»។

    «ក្រៅ​ពី​សាកសព​ចំនួន 73 នាក់​ដែល​បាន​លើក​ឡើង​កាល​ពី​ម្សិលមិញ យើង​បាន​រកឃើញ​សាកសព​ 16 នាក់​ទៀត ដូច្នេះ​សាកសព​សរុប​បាន​កើន​ឡើង​ដល់ 89 នាក់​» រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កេនយ៉ា Kithure Kindiki ថ្លែង​កាល​ពី​ថ្ងៃទី 25 មេសា​ដូច្នេះ​នៅ​ពេល​ទៅ​កាន់​កន្លែង​កើត​ហេតុ​ក្នុង​ព្រៃ Shakahola ក្បែរ​ទី​រួម​ស្រុក​ភាគ​ខាង​ត្បូង Malindi។

    សាកសព​ភាគ​ច្រើន​ស្ថិត​ក្នុង​ផ្នូរ​បណ្ដោះ​អាសន្ន​ ខណៈ​មនុស្ស​មួយ​ចំនួន​ត្រូវ​បាន​រក​ឃើញ​ថា​នៅ​មាន​ជីវិត​ប៉ុន្តែ​ស្ថិត​ក្នុង​សភាព​អស់​កម្លាំង​ធ្ងន់​ធ្ងរ​ ហើយក្រោយ​មក​ក៏​បាន​ស្លាប់​។ ហេតុការណ៍​នេះ​ត្រូវ​បាន​គេ​ហៅ​ថា «អំពើ​សម្លាប់​រង្គាល​ក្នុងព្រៃ Shakahola»។

    សមត្ថកិច្ច​កេយ៉ា​បាន​ចាប់​ផ្ដើម​បិទ​ខ្ទប់​ និងស្វែងរក​នៅ​ក្នុង​តំបន់​ដែល​មាន​ទំហំ 325 ហិកតា​នៅ​ក្នុង​ព្រៃ Shakahola ចាប់​ពី​ថ្ងៃទី 21 មេសា បន្ទាប់​ពី​មាន​សេចក្ដី​រាយការណ៍​អំពី​ផ្នូរ​ខ្មោច​បណ្ដោះ​អាសន្ន​រាប់​សិប​​នៅ​ក្នុង​កសិដ្ឋាន​របស់ Makenzie Nthenge មេដឹក​នាំ​សមាគម​គ្រីស្ទបរិស័ទគណៈនិកាយប្រូតេស្តង់​អន្តរជាតិ​នៅ​កេនយ៉ា​។ Makenzie Nthenge ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​អំពាវនាវ​ដល់​សាសនិក​​ឱ្យ​អត់​អាហារ​រហូត​ដល់​ស្លាប់​ដើម្បី «បាន​ចួប​ព្រះ​យេស៊ូ»។

    លោក Kindiki បាន​ប្រាប់​ថា សមត្ថកិច្ច​កេនយ៉ា​បាន​រំដោះ​មនុស្ស​ចំនួន 34 នាក់​។ សមត្ថកិច្ច​កេនយ៉ា​ព្រមាន​ថា ចំនួន​មនុស្ស​ស្លាប់​អាច​នឹង​កើន​ឡើង ខណៈ​ដែល​កាកបាទ​ក្រហម​កេនយ៉ា​បាន​ទទួល​ដំណឹង​ថា មាន​មនុស្ស​បាត់​ខ្លួន​ជាង​ 200 នាក់​។ សាសនិក​ជា​ច្រើន​ត្រូវ​បាន​គេ​ជឿ​ថា កំពុង​គេច​ខ្លួន​នៅ​ក្នុង​ព្រៃ​។

    Makenzie Nthenge ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន គ្រា​ដែល​សារព័ត៌មាន​កេនយ៉ា​រាយការណ៍​ថា ជន​នេះ​សម្រេច​ចិត្ត​ធ្វើ​កូដកម្ម​អត់​អាហារ​ក្នុង​ពេល​រង់ចាំ​ឡើង​តុលាការ​។ «យើង​ជឿ​ថា Makenzi នឹង​ត្រូវ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​» លោក Kindiki និយាយ​ដូច្នេះ ​និង​បន្ថែម​ថា ក្រុម​ជន​ល្មើស​​ក៏នឹង​ត្រូវ​ប្រឈម​នឹង​ទណ្ឌកម្ម​ធ្ងន់​ធ្ងរ​។ ប៉ូលិស​កេយ៉ា​បាន​ចាប់​ខ្លួន​មនុស្ស​ 14 នាក់​ ដែល​ទាក់​ទិន​នឹង​ហេតុការណ៍​ខាងលើ​។

    ប្រធានាធិបតី​កេនយ៉ា William Ruto កាល​ពី​ថ្ងៃទី 24 មេសា ប្រកាស​ថា លោក​បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​ស៊ើប​អង្កេត​ឱ្យ​ដល់​ឫស​គល់​បញ្ហា​ ហើយ​ថា Makenzie Nthenge គឺជា​ «ឧក្រិដ្ឋជន​ដ៏​សាហាវ​ដែល​បន្លំ​ជា​មេដឹក​នាំ​សមាគម​សាសនា»៕

  • បេសកកម្ម​ឡើង​ទៅ​កាន់​ឋាន​ព្រះចន្ទ​ ៖ ណាសា​កំពុង​ញាប់​ដៃ​ញាប់​ជើង​ផលិត​ និង​ដំឡើង​រ៉ុក្កែត​សម្រាប់​​អ្នក​អវកាស​

    បេសកកម្ម​ឡើង​ទៅ​កាន់​ឋាន​ព្រះចន្ទ​ ៖ ណាសា​កំពុង​ញាប់​ដៃ​ញាប់​ជើង​ផលិត​ និង​ដំឡើង​រ៉ុក្កែត​សម្រាប់​​អ្នក​អវកាស​

    (សហរដ្ឋ​អាម៉េរិក) – ក្រុម​អ្នក​អវកាស​ដែល​ចូលរួម​ក្នុង​បេសកកម្ម Artemis កំពុង​ត្រៀម​សម្រាប់​ការហោះហើរ​ឆ្ងាយ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ នៅក្នុង​យានអវកាស Orion នា​ឆ្នាំ 2024 ក្នុងនោះ រ៉ុក្កែត​របស់​ពួកគេ​ក៏​កំពុងស្ថិត​ក្នុងដំណាក់កាល​ដំឡើង។

    នៅក្នុង​វីដេអូ​ដែល​ចែករំលែក​ដោយ​មជ្ឈមណ្ឌល​ហោះហើរ​អវកាស Marshall របស់​ណា​សា កំណាត់​ស្នូល​របស់​រ៉ុក្កែត​នៃ​ប្រព័ន្ធ​បាញ់​បង្ហោះ​ SLS ដែល​ប្រើ​ក្នុង​បេសកកម្ម Artemis 2 កំពុង​ត្រូវបាន​ផលិត​នៅឯ​រោងចក្រ​ដំឡើង Michoud របស់​ណា​សា ស្ថិត​ក្នុង​​តំបន់ New Orleans។ កំណាត់​ទាំង​ប្រាំ​របស់​រ៉ុក្កែត​ប្រវែង 65 ម៉ែត្រ ត្រូវបាន​ត​ភ្ជាប់​គ្នា ហើយ​កំណាត់​ដែល​ដាក់​គ្រឿង​ម៉ាស៊ីន​ទំនងជា​ផ្នែក​ចុងក្រោយបង្អស់។ នេះ​បើតាម Space ចុះផ្សាយ​កាលពី​ថ្ងៃទី 24 មេសា។

    បន្ទាប់ពី​បាន​ផលិត​រួចរាល់ កំណាត់​ស្នូល SLS នឹង​ត្រូវបាន​ដឹកជញ្ជូន​ឆ្លងកាត់​ឈូង​សមុទ្រ​ម៉ិ​ក​ស៊ិ​ក​ទៅកាន់ Florida ។ នៅ​ទីនោះ យាន​សម្រាប់​បាញ់​បង្ហោះ​នឹងត្រូវ​បាន​ដំ​ឡើងជា​រូបរាង​ពេញលេញ។

    បើសិន​គ្រប់យ៉ាង​កើតឡើង​ដូច​​​ផែនការ ទីភ្នាក់ងារ​អវកាស​អាម៉េរិក​នឹង​បាញ់​បង្ហោះ​បេសកកម្ម Artemis II នៅក្នុង​ខែវិច្ឆិកា ឆ្នាំ 2024។ បេសកកម្ម​នេះ​នឹង​ដឹក​អវកាស​ចរ​បួនរូប​នៅក្នុង​ជើងហោះហើរ​សាកល្បង​ដែល​ត្រូវ​គោចរ​ជុំវិញ​គន្លង​តារា​វិថី​របស់​ឋាន​ព្រះ​ចន្ទ មុនពេល​ត្រលប់​មកកាន់​ផែនដី​ដើម្បី​ពិនិត្យ និង​វាយតម្លៃ​ប្រព័ន្ធ​នានា​របស់​រ៉ុក្កែត និង​យានអវកាស។ ទិន្នន័យ​ដែល​ប្រមូលបាន​ពី​ជើងហោះហើរ​នេះ​នឹងត្រូវ​ប្រើប្រាស់​សម្រាប់​បេសកកម្ម Artemis III។

    អ្នក​អវកាស​ដែល​នឹង​ត្រូវ​ហោះ​ហើរ​​ក្នុង​បេសកម្ម​ Artemis II រួម​មាន បីនាក់​មក​ពី​ណាសា គឺ មេបញ្ជាការ Reid Wiseman, អ្នកបើកបរ Victor Glover និង​អ្នក​ជំនាញ​ខាង​បេសកកម្ម Christina Koch រួម​នឹង​អ្នក​អវកាស Jeremy Hansen មក​ពី​ទីភ្នាក់​ងារ​អវកាស​កាណាដា​៕

  • សង្គ្រាម​នៅ​ស៊ូដង់៖ ភាគី​​ក្នុង​ជម្លោះ​យល់ព្រម​ឈប់​បាញ់ 72 ម៉ោង

    សង្គ្រាម​នៅ​ស៊ូដង់៖ ភាគី​​ក្នុង​ជម្លោះ​យល់ព្រម​ឈប់​បាញ់ 72 ម៉ោង

    ភាគី​ជម្លោះ​ទាំងពីរ​នៅ​ប្រទេស​ស៊ូដង់ បាន​យល់ព្រម​ឈប់​បាញ់​រយៈពេល 72 ម៉ោង ដោយ​មូលហេតុ​មនុស្សធម៌ គ្រា​ដែល​ប្រទេស​នានា​នាំគ្នា​ជម្លៀស​ពលរដ្ឋ។

    កងកម្លាំងប្រដាប់អាវុធ​ស៊ូដង់ (SAF) ប្រកាស​អនុវត្ត​បទ​បញ្ជា​ឈប់​បាញ់ 72 ម៉ោង ដែល​ចាប់ផ្ដើម​ពី​ម៉ោង 00 ថ្ងៃទី 25 មេសា ដោយ​បញ្ជាក់ថា សហរដ្ឋ​អាម៉េរិក និង​អា​រ៉ា​ប៊ី​សា​អូឌីត បាន​ដើរតួនាទី​ជា​អ្នក​សម្រុះសម្រួល​ក្នុង​កិច្ចការ​នេះ។ កងកម្លាំង​ប៉ា​រ៉ា RSF នៅ​ប្រទេស​ស៊ូដង់ ក៏បាន​បញ្ជាក់ថា បាន​យល់ព្រម​ផ្អាក​ការប្រយុទ្ធ​ដើម្បី​គាំទ្រ​ដល់​កិច្ចការ​មនុស្សធម៌។

    រដ្ឋមន្ត្រីការបរទេស​ទេស​អាម៉េរិក Antoni Blinken ឱ្យដឹងថា កិច្ចព្រមព្រៀង​ឈប់​បាញ់​នេះ​សម្រេចបាន​ក្រោយ​មាន​កិច្ចចរចា​រយៈពេល​ពីរ​ថ្ងៃ ដោយសារតែ​ភាគី​ក្នុង​ជម្លោះ​មិនបាន​គោរព​តាម​បទបញ្ជា​ឈប់​បាញ់​មុន​នោះ។

    នៅមុន​បទបញ្ជា​ឈប់​បាញ់​​ថ្មី​មាន​សុពលភាព ភាគី​ជម្លោះ​នៅតែ​វាយប្រហារ​គ្នា​យ៉ាង​ខ្លាំងក្លា នៅ Omdurman ដែលជា​ទីក្រុង​មួយ​នៅក្បែរ​រដ្ឋធានី​ខា​ទុំ។

    បណ្ដា​ប្រទេស​កំពុង​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​ប្រទេស​ស៊ូដង់

    ស៊ូដង់​ស្ថិតនៅក្នុង​តំបន់​ភាគ​ឦសាន​ទ្វីបអាហ្វ្រិក ជាប់​នឹង​ប្រទេស​អេ​ហ្ស៊ី​ប មាន​ប្រជាជន​ជិត 48 លាន​នាក់។ សង្គ្រាម​បាន​ផ្ទុះឡើង​រវាង​កងទ័ព​ស៊ូដង់ និង​កងកម្លាំង RSF តាំងពី​ថ្ងៃទី 15 មេសា 2023 បន្ទាប់ពី​មាន​ភាព​តានតឹង​ខ្លាំង​ព្រោះតែ​ផែនការ​ច្របាច់​បញ្ចូល RSF ទៅក្នុង​ជួរ​កងទ័ព​ស៊ូដង់។ មន្ទីរពេទ្យ និង​សេវាសំខាន់ៗរបស់​ប្រទេស​នេះ​បាន​ផ្អាក​សកម្មភាព​ព្រោះតែ​សង្គ្រាម។

    «មនុស្ស​យ៉ាងតិច 430 នាក់​បាន​ស្លាប់ និង​ជាង 3,700 នាក់​រងរបួស​នៅក្នុង​ការប្រយុទ្ធ​គ្នា​រវាង​ភាគី​ជម្លោះ ធ្វើឱ្យ​ស្ថានភាព​មនុស្សធម៌​នៅ​ប្រទេស​នេះ​កាន់តែ​អាក្រក់ឡើង» នេះ​បើតាម​អង្គការ​សុខភាព​ពិភពលោក (WHO)។ អង្គការសហប្រជាជាតិ (UN) បានឱ្យដឹងថា ប្រជាជន​ស៊ូដង់​ប្រហែល​ពីរម៉ឺន​នាក់​បាន​រត់​ចេញពី​តំបន់​សង្គ្រាម និង​សុំ​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេសជិតខាង ឆាដ៕

  • ពេលណា​ទើប​ផែ​នី​ត្រូវ​បាត់បង់​ព្រះ​ចន្ទ បើ​សិន​ពួក​វា​នៅតែ​ចាក​ចេញ​​ពី​គ្នា​ក្នុង​ល្បឿន​ដូច​បច្ចុប្បន្ន​?

    ពេលណា​ទើប​ផែ​នី​ត្រូវ​បាត់បង់​ព្រះ​ចន្ទ បើ​សិន​ពួក​វា​នៅតែ​ចាក​ចេញ​​ពី​គ្នា​ក្នុង​ល្បឿន​ដូច​បច្ចុប្បន្ន​?

    ព្រះ​ចន្ទ​នឹងត្រូវ​ព្រះអាទិត្យ​លេប​យក​គ្មាន​សល់​ក្រោយ​រយៈពេល​ប្រហែល​ប្រាំ​ពាន់​លាន​ឆ្នាំ​ទៀត បើសិនជា​វា​បន្ត​ចាក​ឆ្ងាយ​ពី​ផែនដី​នៅ​ក្នុង​​ល្បឿន​ដូច​បច្ចុប្បន្ន។

    គន្លង​តារាវិថី​របស់​ព្រះ​ចន្ទ​នៅ​ជុំវិញ​ផែនដី ហាក់ដូចជា​មិន​ប្រែប្រួល ប៉ុន្តែ​ជាក់ស្ដែង ព្រះ​ចន្ទ​កំពុងតែ​ចាក​ឆ្ងាយ​ពី​ផែនដី​យ៉ាងសន្សឹមៗ។

    ក្រុម​អ្នកវិទ្យាសាស្ត្រ​កំណត់​បាន​ល្បឿន​ដែល​ព្រះ​ចន្ទ​ចរ​ចេញ​ឆ្ងាយ​ពី​ផែនដី​ដោយប្រើ​ប្រាស់​​កញ្ចក់​​ដែល​ណា​សាបាន​ដាក់​នៅ​ឯ​ឋាន​ព្រះ​ចន្ទ​​នៅក្នុង​បេសកកម្ម Apollo។ យោងតាម​ណា​សា ក្នុង​រយៈពេល 50 ឆ្នាំ​កន្លង ក្រុម​អ្នកស្រាវជ្រាវ​បាន​បាញ់​កាំរស្មី​ឡា​សែរ​ពី​ផែនដី​ទៅលើ​​កញ្ចក់​នោះ និង​វាស់​ពេលវេលា​ដើម្បី​រក​ចំណាំង​ផ្លាត។ ដោយ​ការប្រើប្រាស់​ល្បឿន​ពន្លឺ អ្នកវិទ្យាសាស្ត្រ​គណនា​ឃើញថា ព្រះ​ចន្ទ​កំពុង​ចរ​ចាក​ចេញពី​ផែនដី​ក្នុង​ល្បឿន​​ប្រហែល 3.8 សងទីម៉ែត្រ/ឆ្នាំ ដែល​ស្មើនឹង​ល្បឿន​នៃ​ការ​ដុះ​របស់​ក្រចកដៃ។

    ព្រះ​ចន្ទ​គោចរ​ចេញ​ឆ្ងាយ​ពី​ផែនដី​គឺ​ដោយសារ​ឥទ្ធិពល​ពី​កម្លាំង​ទំនាញ​រវាង​ពួកវា ហើយ​កម្លាំង​នេះ​ធ្វើឱ្យរ​ង្វិ​ល​ជុំនៃ​អ័ក្ស​​របស់​ផែនដី​ត្រូវ​យឺត​ជាង​មុន។ យោងតាម​អ្នកវិទ្យាសាស្ត្រ កាលពី​ប្រហែល 4.5 ពាន់​លាន​ឆ្នាំមុន នៅពេល​ព្រះ​ចន្ទ​កកើតដំបូង ល្បឿនរ​ង្វិល​ជុំ​នៃ​អ័ក្ស​​របស់​ផែនដី​គឺ​លឿន​ជាង​បច្ចុប្បន្ន​ឆ្ងាយ​ណាស់ ដោយ​មួយថ្ងៃ​មាន​រយៈពេល​ប្រហែល​តែ​ប្រាំ​ម៉ោង​ប៉ុណ្ណោះ។

    ក្រោយរយៈពេលប្រហែលប្រាំពាន់លានឆ្នាំទៀត ព្រះអាទិត្យនឹងស្លាប់ ដោយវានឹងរីកធំឡើងទៅជាផ្កាយយក្សក្រហម

    ឥទ្ធិពល​របស់​ជំនោរ​សមុទ្រ​ក៏​បន្ថយល្បឿនរ​ង្វិល​ជុំ​​នៃ​អ័ក្ស​របស់​ព្រះ​ចន្ទ ហើយ​ជា​លទ្ធផល អ័ក្ស​របស់​ព្រះ​ចន្ទ​ត្រូវ​ឈប់​វិល ដោយ​មួយផ្នែក​របស់​វា​ត្រូវ​បែរមក​រក​ផែនដី​ជា​ដរាប។ ឥទ្ធិពល​នេះ​ក៏​ប​ន្ល​យ​ល្បឿន​នៃរ​ង្វិល​ជុំ​របស់​អ័ក្ស​ផែនដី។ ក្នុង​រយៈពេល​ប្រហែល 50 ពាន់​លាន​ឆ្នាំ​ទៀត បើសិន​មិនមាន​ការរអាក់រអួល ល្បឿនរ​ង្វិ​ល​ជុំ​របស់​អ័ក្ស​ផែនដី​នឹងមាន​វាសនា​ដូច​ព្រះ​ចន្ទ ពោលគឺ​មួយផ្នែក​របស់​ផែនដី​នឹង​បែរ​ទៅរក​ព្រះ​ចន្ទ​ជានិច្ច។ ក្នុងពេលនោះ ផែនដី និង​ព្រះ​ចន្ទ​នឹង​ឈប់​ចាក​ឆ្ងាយ​ពីគ្នា។

    ក៏ប៉ុន្តែ ក្រោយ​រយៈពេល​ប្រហែល​ប្រាំ​ពាន់​លាន​ឆ្នាំ​ទៀត ព្រះអាទិត្យ​នឹង​ស្លាប់ ដោយវា​នឹង​​រីកធំឡើង​ទៅជា​ផ្កាយ​យក្ស​ក្រហម។ ពេលនោះ ប្រព័ន្ធ​ផែនដី – ព្រះ​ចន្ទ​ប្រាកដជា​នឹងត្រូវ​បាន​រំខាន និង​បែកធ្លាយ។ បើសិនជា​បន្ត​ចាក​ឆ្ងាយ​ពី​ផែនដី​ក្នុង​ល្បឿន​ដូច​បច្ចុប្បន្ន ព្រះ​ចន្ទ​នឹង​ឆ្ងាយ​ពី​ផែនដី​ប្រហែល 189,000 គីឡូម៉ែត្រ​បន្ថែមទៀត ហើយក៏​នឹងត្រូវ​ផ្កាយ​យក្ស​ក្រហម​លេប​យក​គ្មាន​សល់៕

  • សង្គ្រាម​នៅ​ស៊ូដង់ ៖ ប្រទេស​នានា​នាំ​គ្នា​ជម្លៀស​ពលរដ្ឋត្រលប់​ទៅ​ស្រុក

    សង្គ្រាម​នៅ​ស៊ូដង់ ៖ ប្រទេស​នានា​នាំ​គ្នា​ជម្លៀស​ពលរដ្ឋត្រលប់​ទៅ​ស្រុក

    បណ្ដា​ក្រុម​ប្រដាប់អាវុធ​របស់​អាម៉េរិក និង​អង់គ្លេស បាន​ជម្លៀស​បុគ្គលិក​ស្ថានទូត​ចេញពី​ប្រទេស​ស៊ូដង់ ស្រប​ពេលដែល​​ប្រទេស​ដទៃទៀតកំពុង​ «​ដុតដៃដុតជើង​» នាំ​ពលរដ្ឋ​របស់​ពួកគេ​ទៅកាន់​កន្លែង​មាន​សុវត្ថិភាព គ្រា​ដែល​ក្រុម​​ប្រដាប់​អាវុធ​​នានា​នៅ​ស៊ូដង់ ប្រយុទ្ធ​ដណ្ដើម​អំណាច​​គ្នា​នៅក្នុង​រដ្ឋធានី​ខាទុំ (Khartoum) កាលពី​ថ្ងៃទី 23 មេសា។

    ការប្រយុទ្ធ​គ្នា​ខាងលើ​ដែល​បាន​កើតឡើង​កាលពី 8 ថ្ងៃមុន រវាង​កងទ័ព​ស៊ូដង់ និង​កងកម្លាំង​យោធា​ប៉ា​រ៉ា (RSF) បាន​ផ្ទុះអាវុធ​ដាក់គ្នា បណ្ដាលឱ្យ​មនុស្ស​យ៉ាងតិច 420 នាក់​បាត់​បង់ជីវិត និង​រាប់លាន​នាក់​ត្រូវ​ជាប់គាំង មិនអាច​ទទួល​សេវាកម្ម​ចាំបាច់។

    នៅពេល​ប្រជាជន​ព្យាយាម​រត់គេច​ពី​សង្គ្រាម ប្រទេស​ជាច្រើន​ក៏បាន​បញ្ជូន​យន្តហោះ និង​ក្បួន​រថយន្ត​ទៅកាន់​រដ្ឋធានី​ខាទុំ ដើម្បី​ជម្លៀស​ពលរដ្ឋ​របស់​ពួកគេ។

    បារាំង​បានឱ្យដឹងថា យន្តហោះ​មួយគ្រឿង​របស់​ខ្លួន​បាន​ដឹក​មនុស្ស​ប្រហែល 100 នាក់​ចាកចេញ​ទៅ​​កាន់ Djibouti ហើយ​យន្តហោះ​ជើង​ទី​ពីរ​​នឹង​ធ្វើ​សកម្មភាព​ជម្លៀស​នាពេល​ដ៏​ខ្លី​ខាងមុខ។

    ប្រភពព័ត៌មាន​នានា​បាន​រាយការណ៍​ថា ការផ្ទុះអាវុធ​ដាក់គ្នា​រវាង​កងទ័ព​ស៊ូដង់ និង​កងកម្លាំង​ប៉ា​រ៉ា RSF នៅ​ស៊ូដង់ បានធ្វើឱ្យ​ពលរដ្ឋ​អ៊ីរ៉ាក់​ម្នាក់​បាត់បង់​ជីវិត និង​អ្នកការទូត​មួយរូប​របស់​អេ​ហ្ស៊ី​ប​ត្រូវ​រងរបួស។

    អាល្លឺម៉ង់​បានឱ្យដឹងថា ប្រទេស​នេះ​បាន​បញ្ជូន​យន្តហោះ​យោធា​មួយគ្រឿង​នៅ ខាទុំ​។ ចំណែក​អ៊ីតាលី​វិញ ក៏បាន​និយាយថា ជម្លៀស​ពលរដ្ឋ​របស់​ខ្លួន​ចេញពី​ស៊ូដង់ កាលពី​ថ្ងៃទី 23 មេសា។ ហ្កា​ណា ឥណ្ឌា និង​លី​ប៊ី កំពុងតែធ្វើការ​ដើម្បី​នាំ​ពលរដ្ឋ​ត្រលប់​ទៅ​ស្រុករៀងៗខ្លួន។

    ប្រទេស​នានា​នាំ​គ្នា​ជម្លៀស​ពលរដ្ឋត្រលប់​ទៅ​ស្រុក

    កាលពី​ថ្ងៃទី 23 មេសា អង់គ្លេស​បានឱ្យដឹងថា បាន​ជម្លៀស​បុគ្គលិក​ការទូត និង​ញាតិ​របស់​ពួកគេ​ចេញពី​ស៊ូដង់។ ហូ​ឡង់​គឺជា​ប្រទេស​ថ្មី​បំផុត​ដែល​បានប្រកាស​ជម្លៀស​ពលរ​ដ្ឋ​របស់​ខ្លួន​​ចេញពី​ស៊ូដង់។

    ការប្រយុទ្ធ​គ្នា​បាន​ផ្ទុះឡើង​នៅ ខាទុំ និង​បណ្ដា​ទីក្រុង​ដែល​នៅក្បែរនោះ រួមមាន Omdurman និង Bahri រួម​នឹង​បណ្ដា​តំបន់​នៅ​ស៊ូដង់​កាលពី​ថ្ងៃទី 15 មេសា។

    កងទ័ព​ស៊ូដង់ និង RSF បានរួម​គ្នា​ធ្វើ​រដ្ឋប្រហារ​មួយ​កាលពី​ឆ្នាំ 2021 ប៉ុន្តែ​បាន​បរាជ័យ​ក្នុងការ​ចរចា​អំពី​ផែនការ​បង្កើត​រដ្ឋាភិបាល​ស៊ីវិល និង​បញ្ចូល RSF ទៅក្នុង​កងកម្លាំងប្រដាប់អាវុធ។

    ការផ្ទុះ​សង្គ្រាមស៊ីវិលភ្លាមៗនៅ​ស៊ូដង់ បាន​បំផ្លាញ​ផែនការ​ស្ដារ​របប​ប្រជាធិបតេយ្យ រុញច្រាន​ប្រទេស​ក្រីក្រ​មួយ​នេះ​ធ្លាក់​ចូលទៅក្នុង​វិបត្តិ​មនុស្សធម៌ និង​ប្រឈម​នឹង​សង្គ្រាម​ធំ​ដែល​អាច​អូ​ទាញ​មហាអំណាច​បរទេស៕

  • សមាជិក​ទាំងអស់​​របស់​ណាតូ ​យល់ព្រម​ថា​នឹង​បញ្ចូល​អ៊ុយ​ក្រែ​ន​ជា​សមាជិក

    សមាជិក​ទាំងអស់​​របស់​ណាតូ ​យល់ព្រម​ថា​នឹង​បញ្ចូល​អ៊ុយ​ក្រែ​ន​ជា​សមាជិក

    អគ្គលេខាធិការ​នៃ​សម្ព័ន្ធមិត្ត​យោធា​ណា​តូ (NATO) លោក Stoltenberg បានឱ្យដឹងថា សមាជិក​ទាំងឡាយ​បាន​យល់ព្រម​បញ្ចូល​ប្រទេស​អ៊ុយ​ក្រែ​ន​ជា​សមាជិក ក្រោយពី​សង្គ្រាម​បានបញ្ចប់។

    «ប្រធានាធិបតី​វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡែ​ន​ស្គី មាន​ក្ដីសង្ឃឹម​យ៉ាង​ជាក់លាក់ ហើយ​យើង​បាន​ពិភាក្សាគ្នា​អំពី​បញ្ហា​ចូល​ជា​សមាជិក និង​ការធានា​សន្តិសុខសម្រាប់​ទីក្រុង​កៀវ» អគ្គលេខាធិការ​ណា​តូ លោក Jens Stoltenberg បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​កាលពី​ថ្ងៃទី 21 មេសា​ដូច្នេះ។ លោក​បន្ថែមថា «សមាជិក​ទាំងអស់​យល់​ស្រប​ថា អ៊ុយ​ក្រែ​ន​នឹង​ក្លាយជា​សមាជិក​របស់​ស​ម្ព័​ន្ធ​នេះ»។

    លោក Stoltenberg មិនបាន​លើកឡើង​ពេលវេលា​ដែល​អ៊ុយ​ក្រែ​ន​អាច​ចូល​ជា​សមាជិក​ណា​តូ ព្រោះថា ប្រការនេះ​នឹង​អាច​កើតឡើង​តែ​នៅពេល​សង្គ្រាម​បានបញ្ចប់។ «បច្ចុប្បន្ន​មិនមាន​នរណា​អាច​កំណត់​ពេលវេលា និង​រូបមន្ត​ក្នុងការ​បញ្ចប់សង្គ្រាម ប៉ុន្តែ​នៅពេល​បញ្ចប់ យើង​ត្រូវការ​ធានាថា ប្រវត្តិសាស្ត្រ​នេះ​នឹង​មិន​កើត​ឡើង​ជា​ថ្មី» អគ្គលេខា​ធិ​ប​កា​រណា​តូ​បញ្ជាក់បន្ថែម។

    ប្រកាស​ខាងលើ​ត្រូវបាន​លើកឡើង​នៅ​ខាងក្រៅ​កិច្ចប្រជុំ​របស់​ក្រុម​រដ្ឋមន្ត្រី​ការពារជាតិ​ស្ដីពី​ជំនួយ​យោធា​សម្រាប់​អ៊ុយ​ក្រែ​ន នៅ​ប្រទេស​អាល្លឺម៉ង់។

    លោក Stoltenberg មួយ​ថ្ងៃមុន​នោះបាន​ធ្វើដំណើរ​ទៅដល់​ទីក្រុង​កៀវ និង​ប្រកាសថា «អនាគត​របស់​អ៊ុយ​ក្រែ​ន​គឺ​ការ​​ក្លាយជា​សមាជិក​របស់​ណា​តូ»។ បន្ទាប់មក រុស្ស៊ី​ក៏បាន​បញ្ជាក់​ជាថ្មី​ថា ការរារាំង​អ៊ុយ​ក្រែ​ន​ចូល​ជា​សមាជិក​ណា​តូ​នៅតែ​ជា​គោលដៅ​មួយ​ក្នុងចំណោម​គោលដៅសំខាន់ៗរបស់​ប្រទេស​នេះ។

    រុស្ស៊ី តាំងពី​យូរ​មកហើយ ធ្លាប់បាន​ប្រកាសថា ដំណើរ​ឆ្ពោះ​មក​ទិសខាងកើត​របស់​ណា​តូ គឺជា​ការគំរាមកំហែង​ដ៏​ធ្ងន់ធ្ងរ​មួយ​ចំពោះ​សន្តិសុខ បង្ខំ​ឱ្យ​ទីក្រុង​មូ​ស្គូ​ត្រូវធ្វើ​យុទ្ធនាការ​យោធា​ពិសេស​នៅ​អ៊ុយ​ក្រែ​ន។

    កាលពី​ខែកញ្ញា 2022 អ៊ុយ​ក្រែ​ន​បាន​ចុះហត្ថលេខា​លើ​ពាក្យ​សុំចូល​ជា​សមាជិក​ណា​តូ បន្ទាប់ពី​រុស្ស៊ី​បាន​រឹបអូស​យក​ខេត្ត​ចំនួន​បួន​នៅ​អ៊ុយ​ក្រែ​ន។ ទីក្រុង​កៀវ​បាន​បញ្ចូល​គោលដៅ​នេះ​ទៅក្នុង​រដ្ឋធម្មនុញ្ញ​តាំងពី​ឆ្នាំ 2019 បើ​ទោះ​មានការ​ព្រមាន​ពី​រុស្ស៊ី៕

  • អាម៉េរិក​​សហការ​ជាមួយ​ជប៉ុន​ក្នុង​ការហោះ​ទៅយក​ដី​ពី​ព្រះ​ចន្ទ​របស់​ពិភព​អង្គារ

    អាម៉េរិក​​សហការ​ជាមួយ​ជប៉ុន​ក្នុង​ការហោះ​ទៅយក​ដី​ពី​ព្រះ​ចន្ទ​របស់​ពិភព​អង្គារ

    ទីភ្នាក់ងារ​អវកាស​អាម៉េរិក (ណា​សា-NASA) បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​នៃ​ការយោគយល់​ជាមួយនឹងចាសា (JAXA) របស់​ជប៉ុន ដើម្បី​ចូលរួម​បេសកកម្ម​ស្រាវជ្រាវ​ទៅលើ​ព្រះ​ចន្ទ​របស់​ផ្កាយ​ព្រះ​អង្គារ (MMX)។

    អនុស្សារណៈ​នៃ​ការយោគយល់​ខាងលើនេះ​នឹង​អនុញ្ញាតឱ្យ​ណា​សា​ផ្ដល់​ប្រព័ន្ធ​ពិសោធ​សម្រាប់​ការស្រាវជ្រាវ​នៅ​ឋាន​ព្រះ​ចន្ទ​របស់​ពិភព​អង្គារ និង​ឧបករណ៍​យក​សំណាក​ឧស្ម័ន​សម្រាប់​បំពាក់​លើ​យានអវកាស​របស់​បេសកកម្ម MMX។ MMX មាន​តួនាទី​យក​​សំណាក​ដី​ពី​ព្រះ​ចន្ទ Phobos របស់​ពិភព​អង្គារ និង​នាំមក​​កាន់​ផែនដី។

    យានអវកាស MMX របស់​ជប៉ុន​គ្រោង​នឹងត្រូវ​បាន​បាញ់​បង្ហោះ​នៅ​ឆ្នាំ 2024 និង​ឆ្ពោះ​ចូលដល់​គន្លង​គោចរ​របស់​ពិភព​អង្គារ​នៅ​ឆ្នាំ 2025។ MMX នឹង​ហោះ​ទៅកាន់​ព្រះ​ចន្ទ​ទាំងពីរ​របស់​ពិភព​អង្គារ គឺ Phobos និង Deimos ប៉ុន្តែ​នឹង​ចុះចត​លើតែ​​ព្រះ​ចន្ទ​ធំជាងគេ Phobos ប៉ុណ្ណោះ។

    MMX នឹង​ចុះចត​លើដី​ព្រះ​ចន្ទ Phobos ក្នុង​រយៈពេល​មិន​ច្រើន​​ម៉ោង​​ដើម្បី​យក​សំណាក​ដី។ សំណាក​ដី​នោះ​នឹងត្រូវ​បាន​នាំមក​កាន់​ផែនដី​នៅ​ឆ្នាំ 2029 ដើម្បីឱ្យ​អ្នកវិទ្យាសាស្ត្រ​ធ្វើការ​សិក្សា​ស្រាវជ្រាវ។ នេះ​នឹង​ក្លាយជា​សំណាក​ដី​ដំបូង​គេ​ដែល​ត្រូវបាន​យក​ដោយផ្ទាល់​ពី​ព្រះ​ចន្ទ Phobos។

    ​ព្រះ​ចន្ទ​ទាំងពីរ​របស់​ពិភព​អង្គារ គឺ Phobos និង Deimos

    ទីភ្នាក់ងារ​អវកាស​ជប៉ុន ចា​សា ធ្លាប់​ទទួលបាន​ជោគជ័យ​ក្នុង​ការយក​សំណាក​ដី​ពី​អាចម៍ផ្កាយ​នានា​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​នាពេល​កន្លង។ ឆ្នាំ 2010 យានអវកាស Hayabusa បាន​នាំយក​ដុំថ្ម​ពី​អាចម៍ផ្កាយ Itokawa មកកាន់​ផែនដី។ យាន Hayabusa2 របស់​ជប៉ុន​ក៏​ធ្លាប់បាន​នាំយក​សំណាក​ដី​ពី​អាចម៍​ផ្កាយ Ryugu មកកាន់​ផែនដី​ប្រកបដោយ​ភាពរលូន​​ផងដែរ​ កាលពី​ឆ្នាំ 2020៕