Category: អន្តរជាតិ

  • អត់ចប់!! ទីប្រឹក្សាលោកត្រាំ ថា ចិនអាចលាក់លៀម​ព័ត៌មាន​វីរុស ​ដើម្បី​ផល​ប្រយោជន៍ខាងពាណិជ្ជកម្ម និងសង្ឃឹមផលិត “វ៉ាក់សាំង” បានមុនគេ

    អត់ចប់!! ទីប្រឹក្សាលោកត្រាំ ថា ចិនអាចលាក់លៀម​ព័ត៌មាន​វីរុស ​ដើម្បី​ផល​ប្រយោជន៍ខាងពាណិជ្ជកម្ម និងសង្ឃឹមផលិត “វ៉ាក់សាំង” បានមុនគេ

    លោក ពីធើរ ណាវ៉ារ៉ូ ទីប្រឹក្សាផ្នែកពាណិជ្ជកម្មរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចេញមកចោទប្រទេសចិនថា អាចមានចេតនាបិទបាំងព័ត៌មានពាក់ព័ន្ធនឹងការឆ្លងរាលដាលរបស់មេរោគកូរ៉ូណាប្រភេទថ្មី ក្នុងរយៈចាប់ផ្ដើមដំបូង “ដើម្បីផលប្រយោជន៍ខាងពាណិជ្ជកម្ម” ដោយសង្ឃឹមថា នឹងក្លាយជាអ្នកផលិតវ៉ាក់សាំងការពារមេរោគមួយនេះបានមុនគេ។ នេះបើតាមសេចក្ដីរាយការណ៍ព័ត៌មានរបស់ រ៉យទ័រ។

    សហរដ្ឋអាមេរិក ដែលខណៈពេលនេះ បានក្លាយជាប្រទេសមួយដែលកំពុងរងទុក្ខទោសយ៉ាងធ្ងន់ធ្ងរបំផុតដោយសារជំងឺរាតត្បាតដ៏ធំ(Pandemic) កូវីដ-19 ធ្លាប់បានអំពាវនាវជាច្រើនលើក ឱ្យក្រុងប៉េកាំង ចែករំលែកព័ត៌មានពាក់ព័ន្ធនឹងវីរុសមរណៈ ដែលរាតត្បាតក្នុងទីក្រុងវូហានដំបូងគេ។

    លោក ណាវ៉ារ៉ូ បានផ្ដល់បទសម្ភាសជាមួយទីភ្នាក់ងារព័ត៌មាន Fox Business កាលពីថ្ងៃម្សិល​មិញ(ទី20មេសា)​ថា៖ “មូលហេតុមួយ ដែលពួកគេមិនអនុញ្ញាតឱ្យយើងចូលទៅ និងមិនចែករំលែកព័ត៌មានពាក់ព័ន្ធនឹងមេរោគវីរុសនេះតាំងពីដំបូង អាចដោយសារតែពួកគេត្រូវការផលិតវ៉ាក់សាំងឱ្យបានមុនអ្នកណាទាំងអស់ និងមើលឃើញថា នេះគឺជាការប្រកួតប្រជែងខាងពាណិជ្ជកម្ម ជាសំណើខាងធុរកិច្ច ដែលនឹងជួយឱ្យពួកគេលក់វ៉ាក់សាំងនេះទូទាំងពិភពលោក”

    “តែយើងនឹងធ្វើឱ្យពួកគេបរាជ័យ យើងនឹងឈ្នះពួកគេដោយការដឹកនាំរបស់លោកប្រធានាធិបតីត្រាំ…យើងនឹងឈ្នះពួកគេ ព្រោះក្រសួងសាធារណៈសុខាភិបាល និងសេវាកម្មសុខភាពមនុស្សរបស់យើង មានអ្នកផលិតដល់ទៅ 5នាក់ ដែលកំពុងប្រជែងគ្នាស្វែងរកវ៉ាក់សាំងការពារវីរុសមួយនេះនាពេលនេះ”

    លោក ដូណាល់ ត្រាំ បានតែងតាំងលោក ណាវ៉ារ៉ូ ដែលជាអ្នករិះគន់ចិនដ៏ចំណាប់ម្នាក់ ឱ្យមើលការខុសត្រូវខាងផ្នែកការចាត់ចែងស្វែងរកវត្ថុធាតុដើមផ្សេងៗ ដើម្បីតស៊ូនឹងការឆ្លងរាលដាលរបស់កូវីដ-19។

    រហូតមកដល់ពេលនេះ នៅមិនទាន់មានថ្នាំព្យាបាល ឬវ៉ាក់សាំងណាមួយដែលឆ្លងផុតការពិសោធអះអាងថា អាចការពារមេរោគកូវីដ-19 បាននៅឡើយ។

    តាមរយៈមូលដ្ឋានព័ត៌មានរបស់មហាវិទ្យាល័យ ចន ហប់គីនស៍ កាលពីវេលាម៉ោង 10.00នាទី ព្រឹកថ្ងៃនេះ(ទី21មេសា)បានឱ្យដឹងថា ទូទាំងពិភពលោក មានអ្នកឆ្លងមេរោគវីរុសនេះ កើនឡើងសរុប 2.47លាននាក់ ស្លាប់រួចហើយមិនតិចជាង 170,000នាក់ឡើយ ដោយសហរដ្ឋអាមេរិក មានចំនួនអ្នកឆ្លងសរុប 786,000នាក់ និងស្លាប់ជាង 41,100នាក់ រួចទៅហើយ។

    រដ្ឋបាលសហរដ្ឋអាមេរិក បានធ្វើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន ចនសុន អ៊ែន ចនសុន និងក្រុមហ៊ុន ម៉ូឌើណា អ៊ិងខ៍ និងកំពុងស្ថិតក្នុងអំឡុងការចរចាជាមួយក្រុមហ៊ុនយ៉ាងតិច 2ទៀត ដើម្បីឱ្យពួកគេត្រៀមផលិតវ៉ាក់សាំងការពារវីរុសកូរ៉ូណាប្រភេទថ្មីឱ្យបានក្នុងបរិមាណច្រើនៗ ទោះជាពិភពលោកនៅមិនទាន់រកឃើញវ៉ាក់សាំងដែលមានសុវត្ថិភាព និងមានប្រសិទ្ធភាពពិតប្រាកដនៅឡើយក៏ដោយ។

    អ្នកជំនាញការផ្នែកសាធារណៈសុខាភិបាលទូទាំងពិភពលោកជឿថា យ៉ាងលឿនបំផុត អាចនឹងត្រូវរង់ចាំដល់ឆ្នាំ2021ឯណោះ ទម្រាំនឹងវ៉ាក់សាំងការពារវីរុសកូវីដ-19 ត្រៀមរួចរាល់ក្នុងការប្រើការបានពិតប្រាកដ ដោយសារតែត្រូវមានការសាកល្បងលើមនុស្សយ៉ាងទូលំទូលាយ រហូតជឿជាក់លើប្រសិទ្ធភាព និងសុវត្ថិភាពជាមុនសិន។

    ចំណែកឯរដ្ឋបាលចិនវិញ ក៏បានអនុម័តឱ្យនាំយកវ៉ាក់សាំងគំរូដើម ទៅធ្វើការសាកល្បងលើមនុស្សរួចមកហើយ យ៉ាងតិចក៏ 3គំរូដែរ។

    សារព័ត៌មាន ប៉ាក់គីង ដេលី បានអះអាងលើព័ត៌មានពីអគ្គនាយកមជ្ឈមណ្ឌលគ្រប់គ្រងរោគរបស់ប្រទេស ដែលបានបញ្ជាក់ថា ប្រទេសចិនអាចនឹងសាកល្បងផ្ដល់វ៉ាក់សាំងទៅលើក្រុមមនុស្សមួយចំនួន ដូចជាធនធានមនុស្សខាងវេជ្ជសាស្ត្រជាដើម ក្នុងអំឡុងចុងឆ្នាំនេះ។

    លោក ម៉ៃក៍ ប៉ុមប៉េអូ រដ្ឋមន្ត្រីក្រសួងការបរទេសនៃសហរដ្ឋអាមេរិក បានចេញមកដាក់សម្ពាធលើប្រទេសចិន ឱ្យថ្លែងពីព័ត៌មានខាងផ្នែកការតស៊ូប្រឆាំងវីរុសយ៉ាងច្បាស់លាស់ ខណៈដែលប្រទេសចិន ក៏បានអះអាងរួចហើយថា ខ្លួនមិនបានលាក់បាំងអ្វីឡើយ និងនៅតែរិះគន់ពួកមន្ត្រីអាមេរិកាំងដែលចេញមកដាក់សំណួរបែបនេះដែរ។

    ប្រភព៖ សារព័ត៌មានបរទេស

  • Kim Jong-un កំពុង​បាត់​ខ្លួន​ព្រោះ​​វះកាត់​បេះ​ដូង​​! សហរដ្ឋ​អាមេរិក​ និង​កូរ៉េខាង​ត្បូង​​កំពុង​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​នេះ

    Kim Jong-un កំពុង​បាត់​ខ្លួន​ព្រោះ​​វះកាត់​បេះ​ដូង​​! សហរដ្ឋ​អាមេរិក​ និង​កូរ៉េខាង​ត្បូង​​កំពុង​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​នេះ

    សហរដ្ឋ​អាមេរិក និង​កូរ៉េខាង​ត្បូង​ កំពុង​តែ​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​ដែល​ថា មេដឹក​នាំ​កូរ៉េខាងជើង​ លោក Kum Jong-un កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​គ្រោះ​ថ្នាក់​ដល់​ជីវិត​ បន្ទាប់​ពី​បាន​ឆ្លង​កាត់​ការ​វះកាត់ព្យាបាល​ជំងឺ​។

    សារ​ព័ត៌មាន​ CNN ដក​ស្រង់​សម្ដី​មន្ត្រី​អាមេរិកាំង​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​​ បាន​ឱ្យ​ដឹង​ថា ទីក្រុង Washington កំពុង​តែ​ស្វែង​យល់​​ព័ត៌មាន​សម្ងាត់​ស្ដីអំពី​មេដឹក​នាំ​កូរ៉េខាង​ជើង​ ស្ថិត​ក្នុង​ស្ថាន​ភាព​ “គ្រោះ​ថ្នាក់​” ក្រោយ​ពី​បាន​ទទួល​ការ​វះកាត់​ព្យាបាល​រោគ​។ ប៉ុន្តែ ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ និង​ការិយាល័យ​អគ្គនាយកនៃ​​ទីភ្នាក់​ងារ​ស៊ើប​ការណ៍​សម្ងាត់​របស់​សហរដ្ឋ​អាមេរិក​ បដិសេធ​ក្នុង​ការ​បញ្ចេញ​មតិ​ទាក់​ទងនឹង​បញ្ហា​នេះ​។

    មុន​នេះ ទំព័រ​ Daily NK ដែល​ជា​អ្នក​ជំនាញ​ខាង​ព័ត៌មាន​ស្ដីអំពី​កូរ៉េខាង​ជើង​ ដក​ស្រង់ប្រភព​ព័ត៌មាន​សម្ងាត់​ក្នុង​ប្រទេស​នេះ​ បាន​ឱ្យ​ដឹង​ថា Kim Jong-un កំពុង​តែ​សម្រាក​ព្យាបាល​​នៅក្នុង​ភូមិ​គ្រឹះ​មួយ​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​លម្ហែ​កាយ​ លើភ្នំ​ Kumgang នៃ​ខេត្ត Hyangsan បន្ទាប់​ពី​បាន​ទទួល​ការ​វះកាត់​ព្យាបាល​បេះដូង​នៅក្នុង​មន្ទីរ​ពេទ្យ​មួយ​នៅក្បែរ​នោះ​កាល​ពី​ថ្ងៃទី​12​មេសា​កន្លងទៅ​។ Daily NK បាន​ឱ្យ​ដឹង​ថា​សុខ​ភាព​របស់​លោក Kim Jong-un មាន​ស្ថានភាព​អាក្រក់​ទៅ​ៗ​ក្នុង​អំឡុង​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ដោយ​សារ​តែ​លោក​ជក់​បារីច្រើន​​ ធាត់ជ្រុល​ និង​ធ្វើ​ការ​ហួស​កម្លាំង​ខ្លាំង​ពេក​។

    “អ្វី​ដែល​ខ្ញុំបាន​ដឹង​នោះ​គឺថា គាត់​បាន​ប្រឈម​នឹង​បញ្ហាសុខ​ភាព​បេះ​ដូង​យ៉ាង​​ធ្ងន់​ធ្ងរ​​ចាប់​ពី​ខែ​សីហា​ឆ្នាំមុន ប៉ុន្តែ ស្ថាន​ភាព​ជម្ងឺ​កាន់​តែ​អាក្រក់​ទៅ​ៗ​ ក្រោយ​ពី​បាន​មក​កាន់​ភ្នំ Paektu​ ជា​ច្រើន​លើក​” នេះ​បើ​តាម​ប្រភព​ព័ត៌មាន​សុំ​មិន​បញ្ច៣​ឈ្មោះ​ ដែល​និយាយ​អំពី​​លោក Kim Jong-un និង​ភ្នំ​ដ៏​ពិសិដ្ឋ​នៅ​កូរ៉េខាង​ជើង​។

    រដ្ឋាភិបាល​កូរ៉េខាង​ត្បូង​ក៏កំពុង​តែ​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​ខាងលើ​នេះ​ដែរ​។ មន្ត្រី​មក​ពី​ក្រសួង​បម្រួប​បង្រួម​កូរ៉េខាង​ត្បូង​ និង​ទីភ្នាក់​ងារ​ស៊ើបការណ៍​សម្ងាត់​របស់​កូរ៉េខាង​ត្បូង​បាន​ឱ្យ​ដឹង​ថា ពួក​គេ​មិន​ទាន់​ដឹង​ច្បាស់​អំពី​បញ្ហា​នេះ​នៅឡើយ​។

    អវត្តមាន​មិន​ធម្មតា​របស់​មេដឹក​នាំ​កូរ៉េខាង​ជើង​ក្នុង​មួយ​រយៈ​ខ្លី​ចុង​ក្រោយ​នេះ បាន​ធ្វើ​ឱ្យ​មាន​លេច​ឮ​ព័ត៌មាន​ថា​ លោក​កំពុង​មាន​បញ្ហា​សុខ​ភាព​។ លោក Kim Jong-un មិន​បាន​បង្ហាញ​ខ្លួន​ក្នុង “​ថ្ងៃ​នៃ​ព្រះ​អាទិត្យ​” កាល​ពី​ថ្ងៃទី​15​មេសា ដែល​ជា​​​ថ្ងៃខួប​​កំណើត​របស់​លោក​ Kim Il-sung និង​ជា​ថ្ងៃ​បុណ្យ​ជាតិ​ដ៏សំខាន់​​របស់​កូរ៉េខាងជើង​។

    មុន​នេះ​មួយ​ថ្ងៃ កូរ៉េខាង​ជើង​ក៏បាន​បាញ់​មីស៊ីល​​រយៈ​ចម្ងាយ​ខ្លី​មួយ​គ្រាប់​ ដែល​នេះ​ត្រូវ​បាន​កូរ៉េខាង​ត្បូង​និយាយ​ថា ជា​ផ្នែក​មួយ​នៃ​ពិធី​បុណ្យ​ជាតិ​ខាងលើ​របស់​កូរ៉េខាង​ជើង​​។ ព្រឹត្តិការណ៍​សំខាន់​ៗ​បែបនេះ​ ជាទូទៅ​តែង​មាន​វត្តមាន​របស់​លោក Kim Jong-un ក៏ប៉ុន្តែ សារ​ព័ត៌មាន KCNA មិន​បាន​និយាយ​អ្វី​អំពី​ការ​សាក​ល្បង​មីស៊ីល​ខាង​លើនេះ​នោះ​ទេ​។ មេដឹកនាំ​កូរ៉េខាង​ជើង​ក៏បាន​អវត្តមាន​នៅ​ក្នុង​​កិច្ច​ប្រជុំ​​សំខាន់​មួយ​ក្នុង​រដូវ​ក្ដៅ​​​របស់​ក្រុម​ប្រឹក្សា​ប្រជាជន​ជាន់​ខ្ពស់​ដែល​​​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ខែ​មេសា​​ ​នៅ​មុន​ “ថ្ងៃ​នៃ​ព្រះអាទិត្យ”។

    Kim Jong-un បង្ហាញ​ខ្លួន​ជា​លើក​ចុង​ក្រោយ​កាល​ពី​ចុង​សប្ដាហ៍​មុន​ ដែល​ពេល​នោះ​ លោក​ធ្វើ​ជា​ប្រធាន​កិច្ច​ប្រជុំ​​មួយ​នៃ​ក្រសួង​នយោបាយ​​នៃ​បក្ស​ពលករ​កូរ៉េខាង​ជើង​ កាល​ពីថ្ងៃទី​11​មេសា​។ Daily NK ផ្សាយ​ថា លោក​ Kim Jong-un បាន​ចូល​មន្ត្រី​ពេទ្យ បន្ទាប់​ពី​កិច្ច​ប្រជុំ​នេះ​បាន​បញ្ចប់​។

    សូម​រំឭក​ថា លោក Kim Jong-un ធ្លាប់​បាន​បាត់​ខ្លួន​ជាង​1ខែ​កាល​ពី​ឆ្នាំ​2014 នាំ​ឱ្យ​មាន​ការ​សង្ស័យ​ថា លោក​មាន​បញ្ហា​សុខ​ភាព​ធ្ងន់​ធ្ងរ​។ ក្រោយ​មក​ មេដឹកនាំ​រូប​នេះ ក៏បាន​ចេញ​មក​ដឹក​នាំ​ប្រទេស​ឡើង​វិញ ដោយ​ស្ថិត​ក្នុង​សភាព​កាន់​ឈើ​ច្រត់​។ កាល​ណោះ​ អ្នកយក​ការណ៍​សម្ងាត់​របស់​កូរ៉េខាង​ត្បូង​បាន​ឱ្យ​ដឹង​ថា លោក Kim Jong-un បាន​វះកាត់​​ដុំ​ពក​នៅ​ត្រង់​ក​ជើង​​៕

    ប្រភព៖ CNN, Reuters, AP

  • ពិភពលោកបាត់បង់មនុស្សឆ្នើមម្នាក់ទៀតហើយ! ស្ថាបនិក Tom & Jerry និង Popeye បានទទួលមរណៈភាពនៅអាយុ 95ឆ្នាំ

    ពិភពលោកបាត់បង់មនុស្សឆ្នើមម្នាក់ទៀតហើយ! ស្ថាបនិក Tom & Jerry និង Popeye បានទទួលមរណៈភាពនៅអាយុ 95ឆ្នាំ

    ស្ថាបនិក​គំនូរជីវចលកំប្លុកកំប្លែងឆ្មារកណ្តុរ ឬ Tom & Jerry និង​ Poepeye លោក Gene Deitch បានទទួលមរណភាពហើយនៅវ័យ 95ឆ្នាំ ​នៅទីក្រុងប្រាក សាធារណរដ្ឋឆេក។

    លោក Gene Deitch គឺជា​ម្ចាស់ពានរង្វាន់អូស្កាអាមេរិកផ្នែកគំនូរជីវចល អ្នកដឹកនាំរឿងគំនូរជីវចល និងជាអ្នកផលិតខ្សែភាពយន្តគំនូរជីវចលដ៏ល្បីល្បាញលើពិភលោក។ នៅក្នុងនោះស្នាដៃរបស់លោកជាច្រើនត្រូវបានសាធារណជនចាប់អារម្មណ៍ និង​ទទួលបានការគាំទ្ររាប់ទសវត្សរហូតមកដល់បច្ចុប្បន្ននេះ។

    នៅឆ្នាំ 1960 ភាពយន្តរបស់លោកឈ្មោះថា “Munro” បានឈ្នះពានរង្វាន់​គំនូរជីវចលល្អ និងបន្តឈ្នះពានរង្វាន់ផ្ទួនគ្នានៅឆ្នាំ 1964 លើខ្សែភាពយន្តរឿង “Here’s Nudnik” និង “How to Avoid Frienship”។

    នៅក្នុងឆ្នាំ 2004 លោក Dene Deitch បានទទួលពានរង្វាន់ Winsor McCay សម្រាប់ការខិតខំប្រឹងប្រែងផលិតខ្សែភាពយន្តគំនូរជីវចលក្នុងជីវិតរបស់គាត់៕

  • COVID-19 នៅ​អាស៊ីអាគ្នេយ៍៖ សិង្ហបុរី​ឈរ​កំពូល​តារាង​ ខណៈ​ដែល​4​ប្រទេស​​ទៀត​មិន​ទាន់​មាន​ករណី​ស្លាប់​

    COVID-19 នៅ​អាស៊ីអាគ្នេយ៍៖ សិង្ហបុរី​ឈរ​កំពូល​តារាង​ ខណៈ​ដែល​4​ប្រទេស​​ទៀត​មិន​ទាន់​មាន​ករណី​ស្លាប់​

    នៅ​អាស៊ីអាគ្នេយ៍​ តួលេខ​នៃ​អ្នក​ជំងឺ​ COVID-19 បាន​កើន​លើស​30,000​នាក់​។ សិង្ហបុរី​គឺជា​សម្បុក​មេរោគ​ធំជាង​គេ​បង្អស់​ក្នុង​តំបន់​នេះ​ ដោយ​មាន​អ្នក​ជំងឺ​សរុប​8,014​នាក់ កើន​1,426​ករណី ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ​ ក្នុង​នោះ​មាន​អ្នក​ស្លាប់​សរុប​11​នាក់​។

    ក្រសួង​សុខាភិបាល​សិង្ហបុរី​ បាន​ឱ្យ​ដឹង​ថា ករណី​ឆ្លង​ថ្មី​ភាគ​ច្រើន​នៅ​ក្នុង​ជំរំ​ស្នាក់​នៅ​របស់​ពលករ​បរទេស​ ខណៈ​ដែល​16​ករណី​គឺជា​ជនជាតិ​សិង្ហបុរី​ និង​អ្នក​ស្នាក់​នៅ​អចិន្ត្រៃយ៍​។ 90%​នៃ​អ្នក​ជំងឺ​សរុប​នៅ​សិង្ហបុរី​ គឺជាប់​ទាក់​ទង​ជាមួយ​​បុគ្គលិក​បរទេស​។

    ឥណ្ឌូនេស៊ី មាន​អ្នកជំងឺ​ថ្មី​185​នាក់ និង​អ្នក​ជំងឺសរុប​6,760​នាក់​ ខណៈ​អ្នកស្លាប់​ថ្មី​មាន​8​នាក់ និង​អ្នក​ស្លាប់​សរុប​ឡើង​ដល់​590​នាក់ ក្នុង​នោះ​មាន​វេជ្ជ​បណ្ឌិត​20​រូប​ផងដែរ​។

    ហ្វីលីពីន​៖ អ្នក​ស្លាប់​សរុប​បាន​កើន​ដល់​428​នាក់ បន្ទាប់​ពី​មាន​ករណី​ស្លាប់​ថ្មី​19​នាក់​កាល​ពី​ម្សិល​មិញ​។ អ្នក​ជំងឺថ្មី​មាន​ចំនួន​200​នាក់ និង​អ្នក​ជំងឺ​សរុប​មាន 6,459​នាក់​។

    ម៉ាឡេស៊ី មាន​អ្នក​ជំងឺ​ថ្មី​36​នាក់ និង​អ្នក​ជំងឺសរុប​មាន 5,425​នាក់​ ក្នុង​នោះ​មាន​អ្នក​ស្លាប់​89​នាក់​។

    ប្រទេសថៃ​៖ ថ្ងៃ​នេះ​បាន​រាយការណ៍​ថា មាន​អ្នក​ជំងឺ​ថ្មី​27​នាក់ ក្នុង​ចំណោម​អ្នក​ជំងឺសរុប​2,792​នាក់។ ចំនួន​អ្នក​ស្លាប់​សរុប​នៅ​ប្រទេស​នេះមាន​47​នាក់​។

    ឡាវ និង​ទីម័រ​ខាង​កើត​នៅ​តែ​ជា​ប្រទេស​ដែល​មាន​អ្នកជំងឺCOVID-19 តិច​ជាង​គេ​បង្អស់​ក្នុង​តំបន់​អាស៊ិអាគ្នេយ៍​ ដោយ​មាន​អ្នកជំងឺ​សរុប​ជា​បន្ត​បន្ទាប់​គឺ​19 និង​22​នាក់​។ វៀតណាម ឡាវ​ កម្ពុជា​ និង​ទីម័រ​ខាង​កើត​គឺជា​បណ្ដា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​ដែល​មិន​ទាន់​មាន​ករណី​ស្លាប់​ដោយ​សារ​វីរុស​ COVID-19 នៅ​ឡើយ​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • ជិត​170,000​នាក់​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ទូទាំង​ពិភពលោក​

    ជិត​170,000​នាក់​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ទូទាំង​ពិភពលោក​

    សកល​លោក​ទាំង​មូល​មាន​អ្នក​ស្លាប់​​ជិត​170,000​នាក់​​ ក្នុង​ចំណោម​អ្នក​ជំងឺ​COVID-19​​​ ជិត​2.5​លាន​នាក់​ ដែល​ភាគ​ច្រើន​នៅ​សហរដ្ឋ​អាមេរិក និង​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​។

    ស្ថិតិ​របស់​សាកល​វិទ្យា​ល័យ Johns Hopkins របស់​សហរដ្ឋ​អាមេរិក បាន​ឱ្យ​ដឹង​ថា មនុស្ស​​ចំនួន​ 2,470,410​នាក់​ បាន​ឆ្លង​វីរុស​ COVID-19 នៅ​ក្នុង​ប្រទេស​ និងដែន​ដី​ចំនួន​210​ នៅ​ទូទាំង​ពិភព​លោក​ ក្នុង​នោះ​មាន​ 169,595​​នាក់​បាន​ស្លាប់​។ អ្នក​ជំងឺ​ថ្មី​ កើន​76,117​នាក់ និង​អ្នក​ស្លាប់​ថ្មី​កើន​4,657​នាក់ បើ​ធៀប​នឹង​ម្សិល​មិញ​។

    សហរដ្ឋ​អាមេរិក​ នៅ​តែ​ជា​សម្បុកមេរោគ​ធំជាង​គេ​បង្អស់​ក្នុង​ពិភពលោក ដោយ​មាន​អ្នក​ជំងឺ​សរុប​782,159​នាក់ អ្នក​ស្លាប់​សរុប​41,872​នាក់​។ អ្នកជំងឺ​ COVID-19 ដែល​បាន​ជា​សះស្បើយ​ក្នុង​ប្រទេស​នេះ កើន​ដល់​71,832​នាក់​។

    អេស្ប៉ាញ​គឺជា​សម្បុក​មេរោគ​ធំជាង​គេ​ទី2​ក្នុង​ពិភពលោក ដោយ​មាន​អ្នក​ស្លាប់​20,852​នាក់​ ខណៈ​ដែល​អ្នក​ជំងឺ​ថ្មី​មាន​ចំនួន​4,266​នាក់ ធ្វើ​ឱ្យ​ចំនួន​អ្នកជំងឺ​សរុប​ឡើង​ដល់​200,210​នាក់​។ ប្រទេស​នេះ​​ទើប​បាន​ជួប​តួលេខ​​នៃ​អ្នក​ស្លាប់​ដោយសារ​ COVID-19 ទាប​បំផុត​ក្នុង​អំឡុង​1​ខែ​មក​នេះ​ ហើយ​ក៏ជា​លើក​ដំបូង​ដែល​អេស្ប៉ាញ​មាន​អ្នក​ស្លាប់​តិច​ជាង​400​នាក់​ក្នុង​1​ថ្ងៃ​ រាប់​ចាប់​ពី​រោគ​រាត​ត្បាត​នេះ​ឆ្លង​ដល់​ប្រទេស​នេះ​។

    អ៊ីតាលី៖ អ្នកជំងឺ​ថ្មី​2,256​នាក់ អ្នក​ជំងឺ​សរុប​181,228​នាក់ ខណៈ​​អ្នក​ស្លាប់ថ្មី​454​នាក់ អ្នក​ស្លាប់​សរុប​24,114​នាក់។

    បារាំង​៖ អ្នក​ជំងឺ​ថ្មី​3,585​នាក់ អ្នកស្លាប់​ថ្មី​574​នាក់ និង​អ្នកជំងឺ​សរុប​156,479​នាក់​ អ្នក​ស្លាប់​សរុប​20,292​នាក់​។

    អាល្លឺម៉ង់​៖ អ្នកជំងឺ​ថ្មី​1,469​នាក់ អ្នក​ស្លាប់ថ្មី​120​នាក់​ ចំណែក​អ្នក​ជំងឺ​សរុប​មាន​146,653​នាក់ និង​អ្នក​ស្លាប់​សរុប​4,706​នាក់​។

    អង់គ្លេស​៖ អ្នក​ជំងឺ​ថ្មី​4,676​នាក់ អ្នកស្លាប់​ថ្មី​449​នាក់ និង​អ្នកជំងឺ​សរុប​124,743​នាក់ អ្នក​ស្លាប់​សរុប​16,509​នាក់។

    ប្រទេស​ចិន៖ តួលេខ​ចុង​ក្រោយ​បង្ហាញ​ថា ប្រទេស​នេះ​មាន​អ្នកជំងឺសរុប​83,817​នាក់ និង​អ្នក​ស្លាប់​សរុប​4,636​នាក់​។

    អ៊ីរ៉ង់​នៅ​តែ​ជា​សម្បុកមេរោគ​ធំជាង​គេ​ទី​2​នៅ​អាស៊ី បន្ទាប់​ពី​ប្រទេស​ចិន​ ដោយ​មាន​អ្នក​ជំងឺសរុប​83,505​នាក់ ក្នុង​នោះ​មាន​អ្នក​ស្លាប់5,209​នាក់​​។ អ្នកជំងឺ​ថ្មី​ និង​អ្នក​ស្លាប់​ថ្មី​នៅ​ប្រទេស​នេះ គឺ​មាន​1,294​ និង​91​នាក់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • COVID-19! សហរដ្ឋអាមេរិក​៖ ជាង​42,000​នាក់​ស្លាប់​ និង​ជិត​790,000​នាក់​បាន​​ឆ្លង​វីរុស​​

    COVID-19! សហរដ្ឋអាមេរិក​៖ ជាង​42,000​នាក់​ស្លាប់​ និង​ជិត​790,000​នាក់​បាន​​ឆ្លង​វីរុស​​

    វីរុស​ COVID-19 បាន​ធ្វើ​ឱ្យ​មនុស្ស​ជិត​790,000​នាក់​ត្រូវ​កើត​ជំងឺ​​នៅ​សហរដ្ឋ​អាមេរិក ក្នុង​នោះ​មាន​ជាង​42,000​នាក់​បាន​ស្លាប់​ និង​4,003,551នាក់​បានជាះស្បើយ​។

    យោង​តាម​ទិន្ន​ន័យ​នៅ​លើ​ Worldometers គិត​មក​ដល់​បច្ចុប្បន្ន ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 នៅ​សហ​រដ្ឋ​អាមេរិក បាន​ឡើង​ដល់​​ជាង​42,300​នាក់ កើន​ជាង​1,700​នាក់​បើ​ធៀប​នឹង​មុន​នេះ​មួយ​ថ្ងៃ​។ ចំនួន​អ្នក​ជំងឺ​ថ្មី​នៅ​ប្រទេស​នេះ​ក៏បាន​កើន​ជិត​25,000​នាក់ ធ្វើ​ឱ្យ​អ្នកជំងឺ​សរុប​ឡើង​ដល់​ជាង​789,000​នាក់​។

    បច្ចុប្បន្ន អាមេរិក​គឺជា​ប្រទេស​ដែល​មាន​អ្នក​ជំងឺ និង​អ្នក​ស្លាប់​ដោយ​សរ​ ​COVID-19 ច្រើន​ជាង​គេ​បង្អស់​ក្នុង​ពិភពលោក​។ រដ្ឋ​មួយ​ចំនួន​មាន​សញ្ញា​បង្ហាញ​ថា បាន​ឆ្លង​ផុត​ដំណាក់​កាល​​កំពូល​នៃ​ការ​ឆ្លង​វីរុស ប៉ុន្តែ​អភិបាល​រដ្ឋ​នានា​នៅ​តែ​បង្ហាញ​ការ​​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជាមួយ​នឹង​គម្រោង​បើក​ដំណើរការ​សេដ្ឋ​កិច្ច​ឡើង​វិញ​។

    អភិបាល​រដ្ឋ New York យល់​ថា អាច​នឹង​ត្រូវ​ចំណាយ​ពេល​រាប់​សប្ដាហ៍ ឬ​រាប់ខែ​ទៀត​ ទើប​ទីក្រុង​ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​នៅ​សហរដ្ឋ​អាមេរិក​នេះ អាច​បើក​ដំណើរ​ការ​សេដ្ឋ​កិច្ច​ឡើង​វិញ ដោយ​សារ​តែ​មិន​ទាន់​ធ្វើ​តេស្ត​ជា​ទូទៅ​ដើម្បី​កំណត់​ទំហំ​នៃ​ស្ថាន​ភាព​រោគ​រាត​ត្បាត​នេះ​នៅ​ឡើយ។

    ក្រុម​អ្នក​ជំនាញ​យល់​ថា កត្តា​ចាំបាច់​បំផុត​ដើម្បី​អាច​បើក​ដំណើរ​ការ​សេដ្ឋ​កិច្ច​ឡើង​វិញ​ នោះ​គឺ​ត្រូវ​តែ​បង្កើន​ការ​ធ្វើ​តេស្ត​រក​វីរុស​។ ផ្ទុយ​ទៅ​វិញ ការ​បន្ធូរ​បន្ថយ​ការ​ដើរ​ហើរ ឬ​ការ​បើក​ដំណើរ​ការ​សេដ្ឋ​កិច្ច​ឡើង​វិញ​ឆាប់​ពេក​ អាច​ធ្វើ​ឱ្យ​វីរុស​នេះ​ បង្កើន​ឥទ្ធិពល​របស់​វា​ឡើង​វិញ​។

    ចំណែក​លោក​ប្រធានាធិបតី​ Donald Trump បាន​បង្ហាញ​ភាព​អន្ទះ​សា​ជាមួយ​នឹង​គម្រោង​បើក​ដំណើរ​ការ​សេដ្ឋ​កិច្ច​ឡើង​វិញ​របស់​ប្រទេស​នេះ​។ កាល​ពី​ចុង​សប្ដាហ៍​មុន លោក​បាន​អំពាវ​នាវ​ឱ្យ “ដោះលែង​” រដ្ឋ​មួយ​ចំនួន​ចេញ​ពី​ស្ថាន​ភាព​នៃ​បម្រាម​គោចរ​។ បន្ទាប់​ពី​មាន​ការ​លើក​ឡើង​បែប​នេះ បាតុកម្ម​ជា​ច្រើន​ដែល​ប្រឆាំង​ទៅ​នឹង​ការ​ពន្យារ​សុពល​ភាព​នៃ​បម្រាម​គោចរ​ ក៏​បាន​កើត​ឡើង​នៅ​ក្នុង​រដ្ឋ​មួយចំនួន​នៅ​ពាស​ពេញ​សហរដ្ឋ​អាមេរិក​។

    រោគ​រាត​ត្បាត​ COVID-19 បាន​ និង​កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​ខ្លាំង​ដល់​សេដ្ឋ​កិច្ច​សហរដ្ឋ​អាមេរិក ខណៈ​ដែល​ក្រុម​ហ៊ុន អាជីវ​កម្ម​មិន​ចាំបាច់​ទាំង​អស់ ត្រូវ​បាន​ផ្អាក​ដំណើរ​ការ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​វីរុស​នេះ​។ ពល​រដ្ឋ​អាមេរិកាំង​រាប់​សិប​លាន​នាក់​ត្រូវ​បាត់​បង់​ចំណូល​ប្រចាំ​ខែ​ ដោយ​សារ​គ្មាន​ការ​ងារ​ធ្វើ​ ក្នុង​នោះ​ក៏មាន​ពលរដ្ឋ​ជាង​22​លាន​នាក់​បាន​ដាក់​ពាក្យ​សុំ​ជំនួយ​ពី​រដ្ឋាភិបាល​៕

  • មនុស្ស​​ជាង​100,000​នាក់​ចូល​រួម​ពិធី​​បុណ្យ​​សព​ ដោយ​មិន​ខ្ចី​ខ្វល់​ដល់​បម្រាម​គោចរ​ដើម្បី​ទប់​ស្កាត់​ COVID-19 នៅ​បង់ក្លាដែស

    មនុស្ស​​ជាង​100,000​នាក់​ចូល​រួម​ពិធី​​បុណ្យ​​សព​ ដោយ​មិន​ខ្ចី​ខ្វល់​ដល់​បម្រាម​គោចរ​ដើម្បី​ទប់​ស្កាត់​ COVID-19 នៅ​បង់ក្លាដែស

    មនុស្ស​ប្រមាណ​ជា​ជាង​100,000​នាក់ បាន​នាំ​គ្នា​ចូល​រួម​ពិធី​បុណ្យ​សព​​អ្នក​ប្រាជ្ញ​ម្នាក់​នៃ​សាសនា​​ឥស្លាម​ នៅ​ឯ​ខណ្ឌ​ Brahmanbaria ដោយ​មិន​ខ្ចី​អើ​ពើ​ដល់​បម្រាម​គោចរ​ក្នុងការ​ទប់​ស្កាត​ការ​ឆ្លង​រាល​ដាល​វីរុស​COVID-19។

    ក្រុម​មនុស្ស​ទាំង​នេះ​ បាន​ចូល​រួម​ពិធី​បុណ្យ​សព​របស់​លោក Maulana Zubayer Ahmad Ansari ដែលជា​​អ្នក​អធិប្បាយ​(ទេសនា) ដ៏ល្បី​ល្បាញ​ក្នុង​សាសនា​ឥស្លាម កាល​ពី​ថ្ងៃទី​18មេសា ដោយ​មិន​ខ្វល់​អំពី​ការ​ហាម​ឃាត់ការ​ជួប​ជុំគ្នា​លើស​ពី​5​នាក់​របស់​រដ្ឋា​ភិបាល​បង់ក្លាដែស​ នាំ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ជាខ្លាំង​​អំពីហានិភ័យ​នៃ​ការ​ឆ្លង​វីរុស​COVID-19 ជា​សម្បុក​នៅ​ក្នុង​ប្រទេស​នេះ​។

    ចំនួន​មនុស្ស​​ដែល​បាន​ចូល​រួម​ក្នុង​ពិធី​បុណ្យ​សព​នេះ​ ត្រូវ​បាន​លោក​អាចារ្យ​ Ali Farhad ដែល​ជា​ជំនួយ​ការ​ពិសេស​របស់​នាយក​រដ្ឋ​មន្ត្រី​បង់ក្លា​ដែស​ និង​អ្នក​នាំ​ពាក្យ​របស់​​អង្គ​ភាព​នគរ​បាល​ Brahmanbaria បញ្ជាក់​ដូច​ខាង​លើ។

    ហ្វូង​មនុស្ស​ខាង​លើ​ បាន​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​​ជើង​ពី​តំបន់​ជុំវិញ​ និង​កាត់​តាម​បណ្ដា​ផ្លូវ​ទៅកាន់​តំបន់ Brahmanbaria ដើម្បី​ចូល​រួម​ពិធី​បុណ្យ​សព​ ប៉ុន្តែ ពួកគេ​ពុំ​បាន​ពាក់​ម៉ាស់​ ឬ​ស្រោម​ដៃ​ដើម្បី​ការ​ពារ​សុ​ខភាព​នោះ​ឡើយ​។

    មន្ត្រី​នគរ​បាល​​ម្នាក់​ឈ្មោះ Alamgir Hossain ឱ្យ​ដឹង​ថា “យើង​បាន​ស្នើ​ឱ្យ​ពួកគេ​ពាក់​ម៉ាស់​ដើម្បី​ការ​ពារ​សុខ​ភាព​​ តាម​រយៈ​ឧបករណ៍​បំពង​សំឡេង​ជា​បន្ត​បន្ទាប់​រហូត​ដល់​ពិធីបុណ្យ​បាន​បញ្ចប់​ ប៉ុន្តែ ពួកគេ​មិន​ស្ដាប់​នោះ​ទេ។

    ដោយ​សារ​តែ​មិន​អាច​គ្រប់​គ្រង​ក្រុម​មនុស្ស​នេះ​បាន ក្រុម​សមត្ថ​កិច្ច​ក៏បាន​ដកថយ​ពី​ពិធីបុណ្យ ហើយ​បាន​បង្កើត​គណៈ​កម្ម​ការ​មួយ​ដើម្បី​ស៊ើប​អង្កេត​រក​មូល​ហេតុ​ថា​ តើ​ហេតុ​អ្វី​ពិធី​បុណ្យ​ដ៏ធំនេះ​ នៅ​តែ​អាច​កើត​ឡើង​បាន​នៅ​ក្នុង​អំឡុង​ពេល​ដែល​បម្រាម​គោចរ​នៅ​មាន​សុពលភាព​។ នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​នគរ​បាល​បង់ក្លា​ដែស​ Sohel Rana។

    សូម​បញ្ជាក់​ថា បង់ក្លាដែស​បាន​ចេញ​បម្រាម​គោចរ​ទូទាំង​ប្រទេស​ចាប់​ពី​ថ្ងៃទី​26​មីនា រហូត​ដល់​ថ្ងៃទី​25​មេសា​ ដើម្បី​ទប់​ស្កាត់​ COVID-19។ បច្ចុប្បន្ន​ ប្រទេស​នេះ មាន​អ្នកជំងឺ​2,456​នាក់​ ក្នុង​នោះ​មាន​91​នាក់​បាន​ស្លាប់ ប៉ុន្តែ ក្រុម​មន្ត្រី​បាន​ឱ្យ​ដឹង​ថា តួលេខ​ជាក់ស្ដែង​អាច​ខ្ពស់​ជាង​នេះ​​ ដោយ​សារ​តែ​មិន​មាន​ឧបករណ៍​ធ្វើ​តេស្តគ្រប់​គ្រាន់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • អាជ្ញាធរកាណាដា បាញ់សម្លាប់ “ខ្មាន់កាំភ្លើង” ដែលស្លៀកឈុតប៉ូលិសបន្លំខ្លួន-បើកឡានបាញ់រះទូទាំងទីក្រុង សម្លាប់មនុស្ស 16នាក់

    អាជ្ញាធរកាណាដា បាញ់សម្លាប់ “ខ្មាន់កាំភ្លើង” ដែលស្លៀកឈុតប៉ូលិសបន្លំខ្លួន-បើកឡានបាញ់រះទូទាំងទីក្រុង សម្លាប់មនុស្ស 16នាក់

    ថ្ងៃទី20 មេសានេះ សារព័ត៌មាន ដេលី មេល និង ដឹ ហ្គាឌៀន បានរាយការណ៍បន្តអំពីហេតុការណ៍ ជនល្មើសបើករថយន្តដើរបាញ់រះនៅតាមទីកន្លែងជាច្រើននៅភាគខាងជើងទីក្រុងផូតាភីក រដ្ឋណូវ៉ាស្កូសៀ របស់ប្រទេសកាណាដា រយៈពេល 12ម៉ោង ដែលធ្វើឱ្យមានអ្នកស្លាប់យ៉ាងតិច 16នាក់ និងរងរបួសមួយចំនួនទៀត តាំងពីថ្ងៃសៅរ៍ទី18 មេសា កន្លងមក។

    មកដល់ពេលនេះ ក្រុមអាជ្ញាធរប៉ូលិស អាចគ្រប់គ្រងស្ថានការណ៍បានហើយ និងបានអះអាងថា ជនល្មើសដែលបានដឹងឈ្មោះនៅពេលក្រោយមកគឺ ហ្គាប្រៀល វ៉តមែន ជាជាងធ្វើធ្មេញសិប្បនិម្មិត អាយុ 51ឆ្នាំ បានស្លាប់ហើយ នៅក្នុងស្ថានីយប្រេងមួយកន្លែង នៅឆ្ងាយពីចំណុចបង្កហេតុទៅភាគខាងត្បូងប្រមាណ 96គីឡូម៉ែត្រ កាលពីអំឡុងពេលព្រឹក នៃថ្ងៃទី19 មេសា តាមពេលវេលាក្នុងស្រុក។

    ព័ត៌មានបឋម មិនបានបញ្ជាក់ថា តើជនល្មើស វ៉តមែន បានស្លាប់ដោយរបៀបណានោះទេ តែមានរូបភាពពីកាមេរ៉ារបស់ក្រុមអាជ្ញាធរដែលបំពាក់អាវុធ បានសម្រុកចូលទៅប្រកៀករថយន្តជនល្មើស និងប្រញាប់ប្រញាល់នាំយកសាកសពរបស់ វ៉តមែន ចេញពីស្ថានីយប្រេងនោះ ដែលគេប៉ាន់ស្មានថា អាចត្រូវប៉ូលិសបាញ់សម្លាប់ ចំណែកមូលហេតុ និងតើមានរឿងអ្វីដែលបណ្ដាលឱ្យឈានដល់ការបង្កហេតុបាញ់សម្លាប់មនុស្សរបស់ វ៉តមែន នោះ កំពុងស្ថិតក្នុងការស៊ើបសួរនៅឡើយ។

    ទីភ្នាក់ងារព័ត៌មានAP បានបញ្ជាក់ថា សោកនាដកម្មបាញ់រះ សម្លាប់មនុស្សដ៏សាហាវឃោរឃៅបំផុតក្នុងប្រវត្តិសាស្ត្រនៃប្រទេសកាណាដានេះ បានកើតឡើងក្នុងអំឡុងពេលព្រលប់ៗនៃថ្ងៃទី18 មេសា បន្ទាប់ពីជនល្មើស វ៉តមែន ដែលបានបន្លំខ្លួនដោយស្លៀកឯកសណ្ឋានប៉ូលិស បើករថយន្តត្រាច់ចរទៅតាមទីកន្លែងជាច្រើននៅក្នុងទីក្រុងផូថាភីក និងប្រើអាវុធដែលជាកាំភ្លើងយន្ត បាញ់រះទៅលើក្រុមមនុស្សចំនួនដ៏ច្រើន ដោយក្នុងរបាយការណ៍ បានបញ្ជាក់ថា ជនល្មើសបានបើកឡានប៉ូលិស តែក្រោយមកអគ្គស្នងការដ្ឋានប៉ូលិសផ្លូវគោក នៃប្រទេសកាណាដា បានថ្លែងអះអាងថា ជារថយន្តច្នៃប្រឌិតធ្វើឱ្យដូចរថយន្តប៉ូលិស។

    លោកវរសេនីយ៍ឯកប៉ូលិស គ្រីស លេធើរ ស្នងការប៉ូលិសកាណាដា បានថ្លែងបញ្ជាក់ ដោយបានជឿថា ហេតុការណ៍នោះ ជាទង្វើរបស់ជនល្មើសតែម្នាក់ឯងគត់ ខណៈដែលលោកឧត្ដមសេនីយ៍ទោប៉ូលិស លី ប៊ើរគើរមែន ជំនួយការអគ្គស្នងការប៉ូលិសជាតិ បានថ្លែងថា មន្ត្រីប៉ូលិសម្នាក់ឈ្មោះ ហេឌិ ស្ទីវេនសុន អាយុ 23ឆ្នាំ ជាជនរងគ្រោះម្នាក់ក្នុងចំណោមអ្នកស្លាប់ទាំងនោះ។

    ក្រោយពេលបំពេញតួនាទីដែលបានប្រញាប់ប្រញាល់ទៅកន្លែងកើតហេតុ និងព្យាយាមការពារប្រជាជន លោកបានធ្វើដំណើរទៅជួបក្រុមគ្រួសាររបស់មន្ត្រីប៉ូលិស ស្ទីវេនសុន និងគ្មានពាក្យអ្វី ថ្លែងក្នុងការប្រៀបធៀបក្ដីឈឺចាប់របស់ពួកគេបានឡើយ “កូនទាំង 2នាក់ត្រូវបាត់បង់ម្ដាយ ស្វាមីត្រូវបាត់បង់ភរិយា ឪពុកម្ដាយត្រូវបាត់បង់កូនស្រី និងក្ដីបាត់បង់ជាច្រើនទៀតពីមិត្តភក្តិ និងមន្ត្រីមិត្តរួមការងារ”

    ចំណែកលោកនាយករដ្ឋមន្ត្រី ចាស្ទីន ធ្រូដូ មេដឹកនាំកាណាដា បានថ្លែងថ្កោលទោសថា នេះគឺជាហេតុការណ៍ដ៏អាក្រក់បំផុតមួយ។ ចំណែកលោក ថម ធែកហ្គាត សមាជិកសភាតំបន់ក្រុងផូថាភីក បានថ្លែងថា អ្នករស់នៅក្នុងទីក្រុងដែលធ្លាប់តែស្ងប់សុខមួយនេះ កំពុងភ័យរន្ធត់ និងមិនចង់ជឿថា មានហេតុការណ៍ដ៏អាក្រក់កើតឡើងនៅទីនេះឡើយ។


    ប្រភព៖ សារព័ត៌មានបរទេស

  • ប្រធានាធិបតី​​ប្រទេស​ប្រេស៊ីល ចូល​រួម​ធ្វើ​បាតុកម្ម​ប្រឆាំង​បម្រាម​គោចរ​ក្នុង​ប្រទេស​របស់​ខ្លួន

    ប្រធានាធិបតី​​ប្រទេស​ប្រេស៊ីល ចូល​រួម​ធ្វើ​បាតុកម្ម​ប្រឆាំង​បម្រាម​គោចរ​ក្នុង​ប្រទេស​របស់​ខ្លួន

    ប្រធានាធិបតី​ Jair Bolsonaro រួម​ជាមួយ​មនុស្ស​រាប់​រយ​នាក់​ នាំ​គ្នា​ធ្វើ​បាតុ​កម្ម​នៅ​ខាង​ក្រៅ​អគ្គ​បញ្ជា​ការដ្ឋាន​កង​ទ័ព​នៅ​ Brasilia ដើម្បី​ប្រឆាំង​ទៅ​​នឹង​បទ​​បម្រាម​គោចរ​​របស់​អភិបាល​រដ្ឋ​នានា​ក្នុង​ប្រទេស​នេះ​។

    មនុស្ស​ប្រមាណ​ជា​600​នាក់ បាន​នាំ​គ្នា​ធ្វើ​បាតុ​កម្ម​កាល​ពី​ថ្ងៃទី​19​មេសា អំពាវ​នាវ​ឱ្យ​កង​ទ័ព​ ធ្វើ​អន្តរាគមន៍​ទៅ​លើ​វិធាន​ការ​ទប់​ទល់​នឹង​ COVID-19 ព្រម​ទាំង​ស្នើ​ឱ្យ​បិទ​ទ្វារ​សភា​ជាតិ​ផងដែរ​។ មនុស្ស​មួយ​ចំនួន​ លើក​បដា​ដែល​មាន​សរសេរ​ថា “យោធា​ធ្វើ​អន្តរា​គមន៍​ជាមួយ​ប្រធានា​ធិបតី​ Bolsonaro”។

    ក្រុម​អ្នក​សង្កេត​ការណ៍​នយោបាយ​ បាន​ឱ្យ​ដឹង​ថា ក្រុម​បាតុ​ករ​នេះ​គឺជា​អ្នក​គាំទ្រ​របស់​ប្រធានា​ធបិតី​ Jair Bolsonaro។​ ពួក​គេ​បាន​អំពាវ​នាវ​ឱ្យ​កង​ទ័ព​ ជួយ​ដល់​ប្រធានាធិបតី​ ដោយ​សារ​ពួកគេ​យល់​ថា តុលា​ការ​ជាន់​ខ្ពស់​ និង​សភា​ជាតិ​ កំពុង​តែ​រារាំង​ប្រធានាធិបតី​ ក្នុង​ការ​​ប្រឆាំង​ទៅ​នឹង​បទ​បញ្ជា​បម្រាម​គោចរ​ ទប់​ស្កាត់​ COVID-19 ដែល​​​អភិបាល​រដ្ឋ​នានា​ក្នុងប្រទេស​ បាន​ដាក់​ចេញ។

    “ខ្ញុំ​នៅ​ទី​នេះ​ ព្រោះ​តែ​ជឿ​ជាក់​អ្នក​ទាំង​អស់​គ្នា ហើយ​អ្នក​ទាំង​អស់គ្នា​នៅ​ទី​នេះ​ក៏ព្រោះ​តែ​ជឿ​ជាក់​ប្រេស៊ីល” ប្រធានាធិបតី​ Bolsonaro មាន​ប្រសាសន៍​​នៅ​លើ​រថយន្ត ទៅ​កាន់​ក្រុម​បាតុ​កម្ម​។ លោក​បន្ត​ថា “ចូរ​ប្រយុទ្ធ​ដើម្បី​ប្រទេស​ជាតិ​។ ចូរ​ជឿ​ជាក់​លើ​ប្រធានាធិបតី​របស់​អ្នក​ ជា​មនុស្ស​ដែល​នឹង​ធ្វើ​អ្វី​ៗ​ដែល​ចាំបាច់​ដើម្បី​ការ​ពារ​ខឿន​ប្រជា​ធិបតេយ្យ​ និង​សេរី​ភាព​ ដែលជា​ប្រការ​ដ៏​សំខាន់​សម្រាប់​យើង​គ្រប់​គ្នា​”។

    ក៏ប៉ុន្តេ ប្រធានាធិបតី​​រូប​នេះ មិន​បាន​បញ្ចេញ​មតិ​អ្វី​ទាំង​អស់​ជុំ​វិញ​​ការ​អំពាវ​នាវ​របស់​ក្រុម​បាតុ​ករ​ ដែល​ស្នើ​ឱ្យ​កង​ទ័ព​ធ្វើ​អន្តរាគមន៍​ ក៏ដូច​ជា​ការ​ស្នើ​ឱ្យ​បិទ​សភា​ជាតិនោះឡើយ​។

    ប្រធានាធិបតី​ប្រេស៊ីល ចូល​រួម​បាតុកម្ម​ប្រឆាំង​បម្រាម​គោចរ​ក្នុង​ប្រទេស​របស់​ខ្លួន
    ប្រធានាធិបតី​ប្រេស៊ីល ចូល​រួម​បាតុកម្ម​ប្រឆាំង​បម្រាម​គោចរ​ក្នុង​ប្រទេស​របស់​ខ្លួន

    Bolsonaro ដែល​ជា​អតីត​មន្ត្រី​យោធា​ម្នាក់​ដែរ​នោះ បាន​រិះ​គន់​ជា​បន្ត​បន្ទាប់​ទៅលើ​វិធាន​ការ​ដាក់​បម្រាម​គោចរ​ទប់ស្កាត់​ COVID-19 ពី​សំណាក់​អភិបាល​រដ្ឋ​នានា​នៃ​ប្រទេស​នេះ ដែល​ក្នុង​នោះ​ក៏​មាន​បណ្ដា​រដ្ឋ​ដែល​មាន​ប្រជា​ជន​ច្រើន​បំផុត​នៅ​ប្រេស៊ីល ដូចជា​រដ្ឋ Sao Paulo និង​រដ្ឋ​ Rio de Janeiro ជា​ដើម​។

    សូម​រំឭក​ថា កាល​ពី​ថ្ងៃទី​17​មេសា លោក​ Bolsonaro បាន​ដក​តំណែង​​​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​ ដែល​ជា​អ្នក​គាំទ្រ​វិធាន​ការ​ទប់​ស្កាត់​ COVID-19 ដែល​ត្រូវ​បាន​ប្រធានាធិបតី​ Bolsonaro យល់​ថា អាច​បំផ្លាញ​សេដ្ឋ​កិច្ច​ប្រទេស​នេះ​។

    គិត​ត្រឹម​ថ្ងៃទី​20មេសា​នេះ ប្រេស៊ីល​ដែល​ជា​ប្រទេស​មាន​ប្រជា​ជន​សរុប​ជាង​200​លាន​នាក់​នេះ ​បាន​រកឃើញ​អ្នក​ជំងឺ​កូរ៉ូណា​សរុប​ចំនួន​ 38,654​នាក់ ក្នុង​នោះ​មាន​2,462​នាក់​បាន​បាត់បង់​ជីវិត​៕

    ប្រភព​៖​ សារ​ព័ត៌មាន​បរទេស

  • ជិត​165,000​នាក់​ស្លាប់​ដោយ​សារ​COVID-19 នៅ​ទូទាំង​សកល​លោក​

    ជិត​165,000​នាក់​ស្លាប់​ដោយ​សារ​COVID-19 នៅ​ទូទាំង​សកល​លោក​

    ពិភពលោក​ទាំង​មូល​បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ​COVID-19 ជិត​2.4​លាន​នាក់ ក្នុង​នោះ​មាន​អ្នក​ជំងឺ​ជិត​165,000​នាក់​បាន​បាត់​បង់​ជីវិត​ ដែលភាគ​ច្រើន​នៅ​សហ​រដ្ឋ​អាមេរិក​​ និង​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​។

    ស្ថិតិ​របស់​សាកល​វិទ្យា​ល័យ Johns Hopkins ឱ្យ​ដឹង​ថា នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន210​ ក្នុង​ពិភពលោក មាន​អ្នកជំងឺសរុប​​2,394,291​នាក់ ក្នុង​នោះ​មាន​164,938​នាក់​បាន​ស្លាប់​ និង​611,880​នាក់​បាន​ជា​សះស្បើយ​។

    សហរដ្ឋ​អាមេរិក​គឺជា​សម្បុក​មេរោគ​ធំជាង​បង្អស់​នៅ​ក្នុង​ពិភពលោក​ ដោយ​មាន​អ្នកជំងឺ​សរុប​755,533​នាក់​ អ្នក​ស្លាប់​40,461​នាក់ និង​អ្នក​ជំងឺ​ជា​សះស្បើយ​មាន​67,172​នាក់​។

    អេស្ប៉ាញ​គឺជា​សម្បុក​មេរោគ​ធំជាង​គេ​លំដាប់​ទី2​នៅ​ក្នុង​ពិភពលោក ដោយ​មាន​អ្នកជំងឺ​ថ្មី​4,258​នាក់ និង​អ្នក​ស្លាប់​ថ្មី​410​នាក់ នៅ​ក្នុង​ចំណោម​អ្នក​ជំងឺ​សរុប​198,674​នាក់ និង​អ្នក​ស្លាប់​សរុប​20,453​នាក់។ តួលេខ​​នៃ​អ្នក​ស្លាប់​នៅ​ក្នុង​ប្រទេស​នេះ​បាន​ថយ​ចុះ​ទាប​បំផុត​ក្នុង​អំឡុង​ជិត​1ខែ​កន្លង​ទៅ​ ដែល​នេះ​បង្ហាញ​ថា វិធាន​ការ​ទប់ស្កាត់​ដោយ​បម្រាម​គោចរ​ដ៏ខ្លាំង​ក្លា​កំពុង​តែ​មាន​ប្រសិទ្ធ​ភាព​។

    អ៊ីតាលី​ រាយ​ការណ៍​ថា បាន​រកឃើញ​​អ្នកជំងឺ​ថ្មី​3,047​នាក់​បន្ថែម​ទៀត ធ្វើ​ឱ្យ​អ្នក​ជំងឺសរុប​ឡើង​ដល់​178,872​នាក់​។ ប្រទេស​នេះ​ក៏​មាន​អ្នក​ស្លាប់​ថ្មី​433​នាក់ នាំ​ឱ្យ​តួលេខ​នៃ​អ្នក​ស្លាប់​សរុបកើន​ដល់​23,660​នាក់​។

    រដ្ឋាភិបាល​ប្រទេសអ៊ីតាលី​បាន​ប្រកាស​ថា ទទួល​បាន​ជោគ​ជ័យ​លើ​ COVID-19 នៅ​ក្នុងតំបន់​ភាគ​ខាង​ត្បូង​ ខណៈ​មេដឹក​នាំ​តំបន់​ឧស្សាហ​កម្ម​នានា​នៅ​ភាគ​ខាង​ជើង​ប្រទេស​​ បាន​ជំរុញ​ឱ្យ​មាន​ការ​អនុញ្ញាត​ឱ្យ​ពួកគេ​បើក​ដំណើរ​ការ​អាជីវ​កម្ម​ និង​រោង​ចក្រ​ឡើង​វិញ​នៅ​ដើម​ខែ​ឧសភា​ខាង​មុខ​។

    បារាំង​បាន​រកឃើញ​អ្នកជំងឺ​ថ្មី​1,101​នាក់ និង​ស្លាប់​ថ្មី​395​នាក់។ អ្នក​ជំងឺ​សរុប​152,894​នាក់ និង​អ្នក​ស្លាប់​សរុប​19,718​នាក់​។

    អាល្លឺម៉ង់​៖ អ្នក​ជំងឺ​ថ្មី​1,460​នាក់ អ្នក​ស្លាប់​ថ្មី​48​នាក់ និងអ្នកជំងឺសរុប​145,184​នាក់ អ្នក​ស្លាប់​សរុប​4,586​នាក់​។

    អង់គ្លេស​៖ អ្នកជំងឺ​ថ្មី​5,850​នាក់ អ្នកស្លាប់ថ្មី​596​នាក់ និង​អ្នកជំងឺសរុប​120,067​នាក់ អ្នក​ស្លាប់​សរុប​16,000​នាក់​។ ស្ថិតិ​អ្នក​ស្លាប់​របស់​ប្រទេស​នេះ រាប់​តែ​អ្នកជំងឺ​ដែល​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​តែប៉ុណ្ណោះ​។ អង់គ្លេស​ក៏​កំពុង​តែ​ពន្យារ​សុពល​ភាព​នៃ​បម្រាម​គោចរ​យ៉ាង​តិច​3សប្ដាហ៍​ទៅមុខ​ទៀត​ ដោយ​សារ​ស្ថានភាព​មិន​ទាន់​ប្រសើរ​ឡើង​។

    ប្រទេស​ចិន​៖ មិន​ទាន់​ប្រកាស​តួលេខ​ថ្មី ក៏ប៉ុន្តែ​ តួលេខ​ចុងក្រោយ​បង្ហាញ​ថា មាន​អ្នកជំងឺ​សរុប​83,805​នាក់ និង​ស្លាប់​សរុប​4,636នាក់​។

    អ៊ីរ៉ង់​បន្ត​ជា​សម្បុកមេរោគ​ធំជាង​គេ​ទី2នៅ​អាស៊ី ដោយ​មាន​អ្នកជំងឺសរុប​82,211​នាក់ និង​អ្នកស្លាប់​សរុប​5,118​នាក់​​ ក្នុង​នោះ​មាន​អ្នកជំងឺ​ថ្មី​1,343​នាក់ និង​អ្នកស្លាប់​ថ្មី​87​នាក់​។ នេះ​ជា​ថ្ងៃ​ទី​6​ហើយ​ដែល​ប្រទេស​នេះ​មាន​អ្នកស្លាប់ដោយ​សារ​ COVID-19 ​ក្រោយ​100​នាក់​៕

    ប្រភព៖ សារ​ព័ត៌មាន​