Category: អន្តរជាតិ

  • សារ​ព័ត៌មាន​នានា​សង្ស័យ​ថា Kim Jong-un បាន​បាត់បង់​ស្មារតី​ ខណៈ​ចិន​បាន​បញ្ជូន​ក្រុម​វេជ្ជ​បណ្ឌិត​ទៅកូរ៉េខាង​ជើង

    សារ​ព័ត៌មាន​នានា​សង្ស័យ​ថា Kim Jong-un បាន​បាត់បង់​ស្មារតី​ ខណៈ​ចិន​បាន​បញ្ជូន​ក្រុម​វេជ្ជ​បណ្ឌិត​ទៅកូរ៉េខាង​ជើង

    ទីភ្នាក់​ងារ​សារ​ព័ត៌មាន​​ល្បីៗ​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ជា​បន្តបន្ទាប់​ស្ដីអំពី​សុខ​ភាព​របស់​មេដឹកនាំ​កូរ៉េខាង​ជើង​ ខណៈ​ដែល​មាន​ដំណឹង​ចចាម​អារ៉ាម​ថា លោក Kim Jong-un កំពុង​ប្រឈម​នឹង​ការ​បាត់​បង់​ជីវិត។

    ទីភ្នាក់​ងារ​សារ​ព័ត៌មាន​ Shunkan Gendai របស់​ជប៉ុន ធ្លាប់​បាន​ដក​ស្រង់​ព័ត៌មាន​ពី​ប្រភព​ជិត​ស្និទ្ធ​នឹង​ប្រទេស​ចិន​ ដែល​ធ្វើ​ការ​ក្នុង​វិស័យ​សុខាភិបាល​ ឱ្យ​ដឹង​អំពី​ស្ថាន​ភាព​សុខ​ភាព​របស់​លោក Kim Jong-un ផងដែរ​។ ប្រភព​ព័ត៌មាន​​បាន​ឱ្យ​ដឹង​ថា នៅ​ក្នុងពេល​កំពុង​ធ្វើ​ទស្សនកិច្ច​ទឹក​ដី លោក Kim Jong-un ស្រាប់​តែ​យក​ដៃ​មក​ឱប​ទ្រូង​ រួច​ក៏ដួល​ទៅ​លើដី​។ ក្រុម​គ្រូពេទ្យ​ និង​មន្ត្រី​នៅ​ក្បែរ​នោះ​ ក៏បាន​បញ្ជូន​លោក​ទៅកាន់មន្ទីរពេទ្យ​សង្គ្រោះ​បន្ទាន់​។ ទន្ទឹមនឹង​នេះ​ កូរ៉េខាងជើង​ក៏​បាន​ស្នើ​សុំ​ជំនួយ​ពី​ចិន​ផងដែរ​ ទាក់​ទិន​នឹង​សុខ​ភាព​របស់​មេដឹក​នាំ​ប្រទេស​នេះ​។

    សារ​ព័ត៌មានកូរ៉េខាង​ត្បូង Daily NK ដែល​មាន​ជំនាញ​ខាង​ផ្ដល់​ព័ត៌មាន​អំពី​កូរ៉េខាង​ជើង ក៏​​ធ្លាប់​បាន​ផ្សាយ​ថា លោក Kim Jong-un បាន​ឆ្លង​កាត់ការ​វះកាត់​មួយ​កាល​ពី​ថ្ងៃទី​12​មេសា។ ចំណែក​ CNN ក៏បាន​រាយ​ការណ៍​ថា ទីក្រុង​វ៉ាស៊ីងតោន​ កំពុង​ស្រាវ​ជ្រាវ​ព័ត៌មាន​ដើម្បី​បញ្ជាក់​អំពី​ដំណឹង​ដែល​ថា​ មេដឹក​នាំ​កូរ៉េខាង​ជើង​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាពគ្រោះ​ថ្នាក់​ដល់​ជីវិត​ បន្ទាប់​ពី​បាន​ទទួល​ការ​វះកាត់​​។

    ប្រភព​ព័ត៌មាន​មួយចំនួន​ក៏បាន​ចេញ​ផ្សាយ​ថា ប្រទេស​ចិន​ប្រហែល​ជា​កំពុង​ “ព្រួយបារម្ភ​ខ្លាំង​” នៅ​មាន​លេច​ឮ​ព័ត៌មាន​ចចាមអារ៉ាម​ជា​ច្រើន​ស្ដីអំពី​សុខ​ភាព​ ក៏ដូច​ជា​ការ​ប្រឈម​នឹង​ការ​បាត់​បង់​ជីវិត​របស់​លោក Kim Jong-un ដែល​អាច​នាំ​ឱ្យ​មានបញ្ហា​អស្ថិរ​ភាព​ក្នុង​តំបន់​ឧបទ្វីប​កូរ៉េ។

    ប្រទេស​ចិន​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​បញ្ជូន​គណៈ​ប្រតិ​ភូ​​ដែល​មាន​ក្រុម​វេជ្ជ​បណ្ឌិត​ទៅ​កាន់​កូរ៉េ​ខាងជើង​ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​សុខ​ភាព​របស់​លោក Kim Jong-un កាល​ពីថ្ងៃទី​23​មេសា​ បន្ទាប់​ពី​មាន​ដំណឹង​ចចាម​អារ៉ាម​ជា​ច្រើន​ទាក់​ទិន​នឹង​បញ្ហា​សុខ​ភាព​របស់​មេដឹក​នាំ​​កូរ៉េខាង​ជើង​ ដែល​ត្រូវ​គេ​ជឿថា កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​គ្រោះ​ថ្នាក់​ដល់​ជីវិត​ព្រោះ​តែ​ជំងឺ​៕

    ប្រភព៖ សារ​ព័ត៌មានបរទេស

  • អាមេរិកាំង​បញ្ចេញ​ផែន​ទី​ភូមិ​សាស្ត្រ​ពេញ​លេញ​​នៃ​ឋាន​ព្រះ​ចន្ទ

    អាមេរិកាំង​បញ្ចេញ​ផែន​ទី​ភូមិ​សាស្ត្រ​ពេញ​លេញ​​នៃ​ឋាន​ព្រះ​ចន្ទ

    ជាលើក​ដំបូង​ហើយ​ដែល​ផ្ទៃ​ដី​​​ទាំង​មូល​របស់​ព្រះចន្ទ​ត្រូវ​បានគូរ​ឡើង​វិញ​ដោយ​មជ្ឈមណ្ឌល​តារា​សាស្ត្រ​នៃ​ទីភ្នាក់​ងារ​​​អង្កេត​ភូមិសាស្ត្រសហរដ្ឋអាមេរិក USGS (United States Geological Survey)។

    ផែន​ទី​ថ្មី​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ការ​បូក​ផ្សំ​គ្នា​រវាង​ផែន​ទី​ភូមិ​សាស្ត្រ​ចំនួន​6​ផ្សេង​ទៀត​នៃ​កម្មវិធី​ Apollo និង​ទិន្ន​ន័យ​ដែល​បាន​មក​ពី​ផ្កាយ​រណប​នានា​ក្នុង​ពេល​ថ្មី​ៗ​នេះ បាន​បង្ហាញ​អំពី​រចនា​សម្ព័ន្ធ​ផ្ទៃ​ខាងលើ​យ៉ាង​ច្បាស់​របស់​ឋាន​​ព្រះ​ចន្ទ​ ជាមួយ​នឹង​ភាព​លម្អិត​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​។

    ចំពោះ​សហគមន៍​អ្នក​វិទ្យា​សាស្ត្រ​ ផែន​ទី​នេះ​គឺជា​ឯក​សារ​​ដែល​កាត់​ថ្លៃ​មិន​បាន ​សម្រាប់​បេសកកម្ម​នៅ​លើ​ព្រះ​ចន្ទ​នា​ពេល​អនាគត​ ដែល​ជួយ​ដល់​ការ​សិក្សា​ស្រាវ​ជ្រាវ​ប្រវត្តិ​4.5​ពាន់​លាន​ឆ្នាំ​របស់​ភព​រណប​ធម្មជាតិ​តែ​មួយ​គត់​ដែល​​គោចរ​ជុំ​វិញ​ភព​ផែន​ដី​មួយនេះ​។

    Corey Fortezzo មក​ពី​ USGS ដែល​ជា​ប្រធាននៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​​នេះ​បាន​ឱ្យ​ដឹង​ថា “ផែន​ទី​នេះ​គឺជា​ចំណុច​កំពូល​នៃ​គម្រោង​ដែល​អូស​បន្លាយ​រាប់​ទសវត្សរ៍​។ វា​ផ្ដល់​ព័ត៌មាន​សំខាន់​ៗ​សម្រាប់​ការ​ស្រាវ​ជ្រាវ​​ផ្នែក​​វិទ្យា​សាស្ត្រ​ថ្មីៗ​ផ្សេង​ទៀត​”។

    ដើម្បី​អាចបង្កើត​បាន​ផែន​ទី​ភូមិ​សាស្ត្រ​ទូទាំង​ឋាន​ព្រះចន្ទ ទីភ្នាក់​ងារ​ USGS​ បាន​សហការ​ជាមួយ​ NASA និង​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​ភព និង​ព្រះចន្ទ​(LPI) របស់​សហរដ្ឋ​អាមេរិក​ រួ​ម​នឹង​ទីភ្នាក់​ងារ​រុក​រក​អវកាស​ជប៉ុន​(JAXA)។ អ្នក​វិទ្យា​សាស្ត្រ​បាន​ប្រើ​ប្រាស់​កាមេរ៉ា​ភូមិ​សាស្ត្រ​ពី​យាន​អវកាស​ SELENE របស់​ជប៉ុន​ ដើម្បី​ប្រមូល​ទិន្នន័យ​នៅ​តំបន់​អេក្វាទ័រ និង​ប្រើ​ប្រាស់​ម៉ាស៊ីន​ឡាហ្សែរ​វាស់​កម្ពស់​នៅ​លើ​​យាន​អវកាស​​ Lunar Reconnaissance Orbiter របស់​ NASA ដើម្បី​បន្ថែម​ផែន​ទី​ភូមិ​សាស្ត្រ​នៅ​ប៉ូល​ខាង​ជើង​ និង​ខាង​ត្បូង​។

    “ព្រះចន្ទ​តែង​មាន​កម្លាំង​ទាក់​ទាញ​យ៉ាង​ខ្លាំង​សម្រាប់​មនុស្ស​ ហើយ​យើង​ក៏តែង​តែ​រង់​ចាំ​ថ្ងៃ​មួយ​ដែល​អាច​វិល​ត្រឡប់​ទៅកាន់​ទី​នោះ​។ ពិត​ជា​អស្ចារ្យ​ណាស់​នៅ​ពេល​បាន​ឃើញ USGS បង្កើត​បាន​ប្រភព​ធន​ធាន​ដែល​អាច​ជួយ​ឱ្យ​ NASA រៀប​គម្រោង​សម្រាប់​បេសកកម្ម​នាពេល​អនាគត​” នេះ​បើ​តាម​សម្ដី​របស់ Jim Reilly ដែល​ជា​​ប្រធាន​ទីភ្នាក់​ងារ​ USGS និង​ជា​អតីត​អវកាស​ចរ​របស់​ NASA៕

    https://www.youtube.com/watch?v=lTKbXpIqGtY

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ចិន បញ្ជូនក្រុមពេទ្យទៅកូរ៉េខាងជើង ជួយផ្ដល់ការណែនាំការព្យាបាលលោក “គីម ជុងអ៊ុន”

    ចិន បញ្ជូនក្រុមពេទ្យទៅកូរ៉េខាងជើង ជួយផ្ដល់ការណែនាំការព្យាបាលលោក “គីម ជុងអ៊ុន”

    រដ្ឋបាលចិន បានបញ្ជូនក្រុមមន្ត្រី និងអ្នកជំនាញការខាងវេជ្ជសាស្ត្រ ទៅប្រទេសកូរ៉េខាងជើង ដើម្បីផ្ដល់ការណែនាំក្នុងការព្យាបាលលោក គីម ជុង អ៊ុន មេដឹកនាំកូរ៉េខាងជើង។ នេះបើតាមប្រភពស្និទ្ធនឹងប្រទេសខាងលើបានបង្ហើបឱ្យដឹង។

    ការធ្វើដំណើរទៅប្រទេសមើមយិនស៊ឹនក្រហម របស់ក្រុមគណៈគ្រូពេទ្យ និងអ្នកតំណាងចិន កើតឡើងក្រោមព័ត៌មានចចាមអារ៉ាមដ៏ច្រើនថា លោក គីម ជុងអ៊ុន បានធ្លាក់ខ្លួនឈឺ ដល់ថ្នាក់កើតអាការខូម៉ា។

    ប្រភពព័ត៌មាន 2នាក់ បានឱ្យដឹងថា ក្រុមគណៈអ្នកតំណាង ដែលដឹកនាំដោយមន្ត្រីថ្នាក់ខ្ពស់ចំណាស់ម្នាក់នៃគណៈកម្មការទំនាក់ទំនងអន្តរជាតិ របស់បក្សកុម្មុយនីស្តចិន បានចេញដំណើរពីទីក្រុងប៉េកាំង ទៅប្រទេសកូរ៉េខាងជើង កាលពីព្រឹកថ្ងៃព្រហស្បតិ៍(ទី23មេសា)។

    ទាំងអស់នេះ អ្នកឆ្លើយឆ្លងព័ត៌មានរ៉យទ័រ នៅមិនទាន់អាចទាក់ទងគណៈកម្មការទំនាក់ទំនងអន្តរជាតិរបស់​ចិន ដើម្បីសុំការអះអាងបាននៅឡើយទេ និងថែមទាំងមិនទាន់បានទទួលចម្លើយពីក្រសួងការបរទេសរបស់ប្រទេសចិននៅឡើយដូចគ្នា។

    វេបសាយ Daily NK ដែលជាទីភ្នាក់ងារព័ត៌មាន របស់ក្រុមអ្នកភៀសខ្លួនកូរ៉េខាងជើងនៅក្នុងទីក្រុងសេអ៊ូល បានរាយការណ៍កាលពីដើមសប្ដាហ៍នេះថា លោក គីម កំពុងស្ថិតក្នុងអំឡុងពេលសម្រាកសះស្បើយពីការវះកាត់សរសៃឈាមបេះដូង កាលពីថ្ងៃទី12 មេសាកន្លងទៅ។

    អាជ្ញាធររដ្ឋបាលកូរ៉េខាងត្បូង និងមន្ត្រីនៃគណៈកម្មការទំនាក់ទំនងអន្តរជាតិរបស់ចិនម្នាក់ បានចេញ មក​បដិសេធរបាយការណ៍របស់ CNN ដែលថា លោក គីម ជុងអ៊ុន មានអាការធ្ងន់ធ្ងរ “ដល់ដំណាក់កាលវិបត្តិ” ខណៈដែលទីស្ដីការប្រធានាធិបតីកូរ៉េខាងត្បូង ក៏បានអះអាងដែរថា មិនមានរកឃើញសញ្ញាណាមួយ ខុសប្រក្រតីពីខាងក្រុងព្យុងយ៉ាងឡើយ។

    ក្នុងថ្ងៃព្រហស្បតិ៍(ទី23មេសា) លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ក៏ជាមនុស្សម្នាក់ដែលបានចេញមកនិយាយក្នុងទំនងជាមិនសូវជឿព័ត៌មានរឿងលោក គីម ឈឺធ្ងន់ នេះដែរ។
    លោកថ្លែងថា “ខ្ញុំគិតថា របាយការណ៍នេះ មិនត្រឹមត្រូវទេ” លោកបានប្រាប់ទៅអ្នកសារព័ត៌មាន តែក៏មិនបានអះអាងថា លោកបានទាក់ទងសាកសួរទៅក្រុមមន្ត្រីកូរ៉េខាងជើងហើយឬនៅដែរ។

    ប្រភពព័ត៌មានក្នុងប្រទេសកូរ៉េខាងត្បូងម្នាក់ បានប្រាប់រ៉យទ័រកាលពីម្សិលមិញ(ទី24មេសា) ថា តាមរយៈសម្រង់ព័ត៌មានដែលពួកគេទទួលបាន គឺលោក គីម ជុងអ៊ុន នៅរស់នៅឡើយ ហើយប្រហែលជានឹងបង្ហាញខ្លួនចំពោះមុខសារព័ត៌មាន នាពេលឆាប់នេះដែរ។

    ប្រភពព័ត៌មានម្នាក់ទៀត ដែលចូលដល់អង្គភាពសម្រង់ព័ត៌មានរបស់សហរដ្ឋអាមេរិក បានបញ្ជាក់ថា ដូចដែលយើងបានដឹងស្រាប់ហើយថា លោក គីម ជុងអ៊ុន មានបញ្ហាសុខភាព ប៉ុន្តែរហូតមកដល់ពេលនេះ នៅមិនទាន់មានព័ត៌មានណាមួយ បញ្ជាក់ច្បាស់ថា គាត់ឈឺធ្ងន់ដល់ថ្នាក់ខូម៉ា ឬមិនអាចបង្ហាញខ្លួនចំពោះមុខសាធារណជនបាននោះទេ។

    លោក គីម ជុងអ៊ុន បានបង្ហាញខ្លួនលើកចុងក្រោយបង្អស់ នៅក្នុងកិច្ចប្រជុំគណៈកម្មការនយោបាយរបស់បក្សពលករកូរ៉េ កាលពីថ្ងៃទី11 មេសា តែបែរជាមិនបានចូលរួមពិធីអបអរសាទរថ្ងៃខួបកំណើតអតីតប្រធានាធិបតី គីម អ៊ីលស៊ុង ស្ថាបនិករដ្ឋកូរ៉េក្រហម កាលពីថ្ងៃទី15 មេសា ដែលរឿងនេះ គឺជារឿងដែលខុសប្រក្រតីយ៉ាងខ្លាំង។

    លោក គីម ដែលបច្ចុប្បន្ន ប្រហែលជាមានអាយុ 36ឆ្នាំ ធ្លាប់បានបាត់មុខពីសារព័ត៌មានរយៈពេល 1ខែ កាលពីឆ្នាំ2014 មុននឹងបង្ហាញខ្លួនឡើងវិញម្ដងទៀត ក្នុងសភាពដើរជើងប៉័ងពៀច។

    ព័ត៌មានចចាមអារ៉ាមរឿងសុខភាពរបស់លោក គីម ចាប់ផ្ដើមលាន់ឮកាន់តែច្រើនឡើងជារឿយៗ ដោយសារតែគាត់ជាអ្នកញៀនបារីខ្លាំង ថែមទាំងកាន់តែធាត់ឡើងយ៉ាងចម្លែក ក្រោយពីឡើងទទួលតំណែងជាមេដឹកនាំកូរ៉េខាងជើងក្នុងឆ្នាំ2011 ក្រៅពីនេះ មនុស្សនៅក្នុងត្រកូលគីម ថែមទាំងធ្លាប់មានប្រវត្តិ ឈឺជំងឺបេះដូង ជាច្រើននាក់ទៀតផង។

    អតីតមេដឹកនាំប្រទេសកូរ៉េក្រហម លោក គីម ចង់អ៊ីល ដែលជាឪពុករបស់លោក គីម ជុងអ៊ុន ធ្លាប់មានជំងឺសរសៃឈាមក្នុងខួរក្បាលក្នុងឆ្នាំ2008 ដែលកាលនោះ សារព័ត៌មានកូរ៉េខាងត្បូង បានរាយការណ៍ថា មានគ្រូពេទ្យពីប្រទេសចិន និងបារាំងចូលរួមក្នុងការព្យាបាលទៀតផង។

    លោក គីម ជុងអ៊ុន ជាទាយាទជំនាន់ទី3 ដែលបានទទួលតំណែងបន្ត ជាមេដឹកនាំខ្ពស់បំផុត ក្រោយពីឪពុករបស់លោកបានស្លាប់ដោយសភាវគាំងបេះដូងកាលពីចុងឆ្នាំ2011។

    លោក គីម ធ្លាប់បានធ្វើដំណើរទៅប្រទេសចិនរួចមកហើយចំនួន 4លើក តាំងពីឆ្នាំ2008 និងក្នុងឆ្នាំកន្លងទៅ លោកប្រធានាធិបតី ស៊ី ជីនភីង របស់ចិន ក៏ធ្លាប់បានទៅទស្សនកិច្ចប្រទេសកូរ៉េខាងជើងដែរ ដែលជាទស្សនកិច្ចបែបផ្លូវរដ្ឋ លើកដំបូងរបស់មេដឹកនាំចិនក្នុងរយៈពេល 14ឆ្នាំមកនេះ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • អាមេរិកាំង​-ចិនឈ្លោះ​គ្នា​​! កិច្ច​ប្រជុំ​G20 ក្នុង​ថ្ងៃ​ទី​24​មេសា​ ត្រូវ​បាន​លុប​ចោល​

    អាមេរិកាំង​-ចិនឈ្លោះ​គ្នា​​! កិច្ច​ប្រជុំ​G20 ក្នុង​ថ្ងៃ​ទី​24​មេសា​ ត្រូវ​បាន​លុប​ចោល​

    កិច្ច​ប្រជុំ​តាម​រយៈ​វីដេអូ​រវាង​បណ្ដា​មេដឹកនាំ​ប្រទេស​ G20 ត្រូវ​បាន​លុប​ចោល​នៅ​នាទី​ចុង​ក្រោយ​ ព្រោះ​តែ​ជម្លោះ​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ចិន​ ទាក់​ទិន​នឹង​តួនាទី​របស់​អង្គ​ការ​សុខ​ភាព​ពិភព​លោក​(WHO) នៅក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ COVID-19។

    ប្រភព​ព័ត៌មាន​មួយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ដែល​មាន​ការ​យល់​ដឹង​ស៊ីជម្រៅ​អំពី​បញ្ហា​ខាងលើ​ បាន​ឱ្យ​ដឹង​ថា កិច្ច​ប្រជុំ​នេះ​ តាម​គម្រោង​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​ថ្ងៃទី​24​មេសា ប៉ុន្តែ​ត្រូវ​បាន​លុប​ចោល​ទៅ​វិញ​ ព្រោះ​តែ​សហរដ្ឋ​អាមេរិក​អះអាង​ថា អង្គ​ការ​សុខ​ភាព​ពិភពលោក​ ជា​អ្នកទទួល​ខុស​ត្រូវ​ចំពោះ​សកម្ម​ភាព​​ទប់​ទល់​នឹង​វីរុស​COVID-19 ក្នុង​ដំណាក់​កាល​ដំបូង​ ខណៈ​ដែល​ប្រទេស​ចិន​ ប្ដេជ្ញា​បដិសេធ​មិន​​​ជជែក​អំពី​សំណើរ​ស៊ើប​អង្កេត​លើ​ WHO។

    ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា កិច្ច​ប្រជុំ​កំពូល​​របស់​​ក្រុម​ប្រទេស​ G20 នៅ​តែ​អាច​ត្រូវ​បាន​ធ្វើ​ឡើង​នា​ពេល​ខាង​មុខ​ បើ​សិន​ជា​ភាគី​អាមេរិកាំង​ និង​ចិន​យល់​ព្រម​លើ​ការ​សម្រប​សម្រួល​មួយ​ជាមួយ​ WHO​។

    តាម​គម្រោង កិច្ច​ប្រជុំ​កំពូល​​នឹង​មាន​វត្ត​មាន​របស់​ប្រធានាធិបតី​​អាមេរិកាំង​ លោក​ Donald Trump និង​ប្រធានាធិបតី​ចិន​​ លោក Xi Jinping។ ប៉ុន្តែ ចុង​ក្រោយ​ កិច្ច​ប្រជុំ​នេះ​មិន​បាន​កើត​ឡើង​នៅក្នុង​របៀបវារៈផ្លូវការ​ដែល​ត្រូវ​បាន​ អារ៉ាប៊ីសាអ៊ូឌីត​ ដែល​ជា​ប្រធានបន្ត​វេន​​ឆ្នាំ​នេះ​ ប្រកាស​នោះ​ទេ​។

    មក​ដល់​ពេល​នេះ គណៈកម្មធិការ​ G20 មិន​ទាន់​បាន​ចេញ​ប្រតិកម្ម​ជុំ​វិញ​ព័ត៌មាន​ខាង​លើ​នេះ​នៅ​ឡើយ​។

    Shen Dingli សាស្ត្រាចារ្យ​​ផ្នែក​ទំនាក់​ទំនង​កិច្ច​ការ​បរទេស​ មក​ពីសាកលវិទ្យា​ល័យ​ Fudan University នៅ​ទីក្រុង​សៀង​ហៃ​ ប្រទេស​ចិន​ បាន​ឱ្យ​ដឹង​ថា “ប្រទេស​ចិន​យល់​ថា​ អាមេរិកាំង​ផ្អាក​​ផ្ដល់​ជំនួយ​ដល់​ WHO គឺ​ដើម្បី​បង្វែរ​ចំណាប់​អារម្មណ៍​លើ​ការ​ដឹក​នាំ​ទន់​ខ្យោយ​ក្នុងការ​ទប់​ស្កាត់​ COVID-19 និង​ព្យាយាម​ទម្លាក់​កំហុស​ទៅ​លើ​ប្រទេស​ចិន​ ប៉ុន្តែ អាមេរិកាំង​វិញ និយាយ​ថា WHO គឺ​ជា​ផ្នែក​មួយ​នៃ​ប្រទេស​ចិន ហើយ​ប្រទេស​ចិន​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ទៅ​លើការ​ខូច​ខាត​ធ្ងន់​ធ្ងរ​នៅ​សហរដ្ឋ​អាមេរិក​”។ លោក​ Shen Dingli បន្ត​ថា “ទំនាក់​ទំនង​រវាង​ចិន​ជាមួយ​នឹង​សហ​រដ្ឋ​អាមេរិក​ បាន​ប្រែ​ជា​អាក្រក់​ជាង​មុន​ ដែល​វា​ជា​បញ្ហា​គួរ​ឱ្យ​ព្រួយ​បារម្ភ​។ អនាគត​នឹង​កាន់​តែ​អាក្រក់​ជាង​នេះ​”។

    សូម​រំឭក​ថា កិច្ច​ប្រជុំ​កំពូល​ដែល​ធ្វើ​ឡើង​តាម​រយៈ​វីដេអូ​រវាង​​មេដឹក​នាំ​នៃបណ្ដា​​ក្រុម​ប្រទេស​ G20​ ដែល​ពិភាក្សា​អំពី​វិធី​ទប់​ទល់​នឹង​ COVID-19 ​ត្រូវ​បាន​ធ្វើ​ឡើង​ជា​លើក​ដំបូង​នៅ​ក្នុង​ថ្ងៃទី​26​មីនា​កន្លង​ទៅ​។ ក្រុម​មេដឹក​នាំ​បាន​មូល​មតិ​គ្នា​ថា​នឹង​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង​ដើម្បី​ឆ្លង​ផុត​ពី​វិបត្តិ​សុខ​ភាព​នេះ​ និង​បាន​ព្រម​ព្រៀង​គ្នា​ក្នុងការ​ទម្លាក់​កញ្ចប់​ថវិកា​​ 5​លាន​លាន​ដុល្លារ​ដើម្បី​ជួយ​សង្គ្រោះ​សេដ្ឋ​កិច្ច​​នៅ​ទូទាំង​ពិភពលោក​។

    ក្រោយ​កិច្ច​ប្រជុំ​ដំបូង​របស់​ G20 សហរដ្ឋ​អាមេរិក និង​ប្រទេសចិន​​ បាន​ និង​កំពុង​ឈ្លោះ​ប្រកែក​គ្នា​អំពី​តួនាទី​របស់​អង្គ​ការ​សុខ​ភាព​ពិភពលោក​(WHO) ដែល​ជា​លទ្ធ​ផល​ សហរដ្ឋ​អាមេរិក​ បាន​ផ្អាក​ជំនួយ​ដល់​អង្គ​ការ​នេះ​។ ចំណែក​ប្រទេស​ចិន​វិញ កាល​ពី​ថ្ងៃទី​23​មេសា​ ប្រកាស​ថា​នឹង​ផ្ដល់​ជំនួយ​​​30​លាន​ដុល្លារ​បន្ថែម​ទៀត​ទៅ​ឱ្យ​អង្គ​ការ​អន្តរ​ជាតិ​មួយ​នេះ​ ដើម្បី​ទប់​ទល់​នឹង​វីរុស​COVID-19។

    Jia Qingguo សាស្ត្រា​ចារ្យ​មួយ​រូប​មក​ពី​មហាវិទ្យា​ល័យ​ស្រាវជ្រាវ​អន្តរជាតិ​នៃ​សាកលវិទ្យា​ល័យ​ប៉េកាំង​ បាន​ឱ្យ​ដឹង​ថា ទំនាក់​ទំនង​រវាង​ចិននិង​អាមេរិកាំង​ បាន​ធ្លាក់​ទៅ​ក្នុង​ស្ថានភាព​អាក្រក់​អស់​រយៈ​ពេល​ច្រើន​ឆ្នាំ​មក​ហើយ​ ប៉ុន្តែ​វា​កាន់​តែ​អាក្រក់​ជាង​មុន​ ដោយ​សារ​តែ​ COVID-19។ “នេះ​គួរ​ណស់​តែ​ជា​ឱកាស​ល្អ​ដើម្បី​ឱ្យ​ប្រទេស​ទាំង​2​ សហការ​គ្នា​ក្នុង​ការ​ទប់​ទល់នឹង​ COVID-19 ប៉ុន្តែ សហរដ្ឋ​អាមេរិក​បាន​ទម្លាក់​កំហុស​ទៅ​លើ​ចិន​ ហើយ​ការ​ប្រឆាំង​តប​ត​របស់​ចិន​ បាន​ធ្វើ​ឱ្យ​ភាគី​ទាំង​សង​ខាង​បង្កើន​ការ​ប្រឈម​មុខ​ដាក់​គ្នា​”។

    លោក​ Jia Qingguo បន្ត​ថា បើ​សិន​ជា​លោក​ Trump ជាប់​ឆ្នោត​ម្ដង​ទៀត​នៅ​ខែ​វិច្ឆកាឆ្នាំ​នេះ​ នោះ​ទំនាក់​ទំនង​រវាង​អាមេរិកាំង​ជាមួយ​ចិន ​អាច​នឹង​បន្ត​កើន​កម្ដៅ​ ហើយ​ក្លាយ​ជា​ការ​ប្រឈម​មុខ​ដាក់​គ្នា​លើ​គ្រប់​បញ្ហា​។

    ប្រទេសG20 (Group of 20) គឺជាក្រុម​ប្រទេស​ដែល​មានការអភិវឌ្ឍ​ខ្លាំងជាង​គេទាំង20 នៅក្នុង​ពិភពលោក ​ដែល​ត្រូវ​បាន​​បង្កើតឡើង​ក្នុង​ឆ្នាំ1999 នៅទីក្រុងវ៉ាស៊ីងតោននៃសហរដ្ឋអាមេរិក។ ​ជាទូទៅ G20 គឺជាជំនួប​រវាងរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ និងថ្នាក់ដឹកនាំធនាគារមក​ពីបណ្ដាលប្រទេសទាំង19 ដែល​មានសេដ្ឋកិច្ច​រីកចម្រើន​ខ្លាំង​ក្នុងពិភពលោក ​បូករួមទាំងប្រទេសអភិវឌ្ឃន៍ក្នុងសហភាពអឺរ៉ុប​​ផងដែរ​។ កាលពីដំបូងឡើយ សមាជិកនៃ​ក្រុមប្រទេស​​G7 ដែលបានបង្កើតឡើងនៅឆ្នាំ1975 គឺ​មាន​ដូច​ជា​ សហរដ្ឋអាមេរិក អាល្លឺម៉ង់ បារាំង រុស្ស៊ី កាណាដា អ៊ីតាលី ចក្រភពអង់គ្លេស និងជប៉ុន។ ហើយក្រុមប្រទេសG20ត្រូវបានផ្សំឡើងដោយសមា​ជិក12​ផ្សេងទៀត ដូចជា ប្រទេសអាហ្សង់ទីន ប្រេស៊ីល ចិន ឥណ្ឌា​​ ឥណ្ឌូនេស៊ី ម៉ិកស៊ិក ប្រទេស​រុស្ស៉ី អារ៉ាប៊ីសាអ៊ូឌីត អាហ្វ្រិក​ខាងត្បូង កូរ៉េខាងត្បូង និងតួរគី​។

    គោលបំណងសំខាន់នៃការបង្កើតក្រុមប្រទេសG20នេះឡើង គឺជួយជំរុញកំណើនសេដ្ឋកិច្ចពិភព​លោក កំណើនពាណិជ្ជកម្មអន្តរជាតិ និងការត្រួតពិនិត្យទីផ្សារហិរញ្ញវត្ថុសកល៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • មនុស្ស​ជិត​197,000​នាក់​បាន​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ទូទាំង​សកល​លោក

    មនុស្ស​ជិត​197,000​នាក់​បាន​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ទូទាំង​សកល​លោក

    ពិភពលោក​ទាំង​មូល​មាន​អ្នក​ស្លាប់​ជិត​197,000​នាក់​ ក្នុង​ចំណោម​អ្នក​ជំងឺ​ជាង​​2,8​លាន​នាក់​ ដែល​ភាគ​ច្រើន​កើត​ឡើង​នៅ​ក្នុង​ទ្វីប​អឺរ៉ុប និង​អាមេរិក។

    យោង​តាម​សាកល​វិទ្យា​ល័យ​ Johns Hopkins ​ប្រទេស​ និង​ដែន​ដី​ចំនួន​210​ ក្នុង​ពិភពលោក បាន​រក​ឃើញ​អ្នក​ជំងឺ​COVID-19 ចំនួន​2,826,847​នាក់​ ក្នុង​នោះ​ក៏​មាន​អ្នក​ស្លាប់​ប្រមាណជា​197,082​​នាក់​ផងដែរ​ ដោយ​មាន​អ្នកជំងឺ​ថ្មី​82,396​​នាក់ និង​អ្នក​ស្លាប់​ថ្មី​5,617​នាក់​។ ចំណែក​អ្នកជំងឺ​ដែល​បាន​ជា​សះស្បើយ​មាន​ចំនួន​779,774​នាក់​។

    សហរដ្ឋ​អាមេរិក​នៅ​តែ​ជា​សម្បុក​មេរោគ​កូរ៉ូណា​ធំជាង​គេ​ក្នុង​ពិភពលោក​ ជាមួយ​នឹង​អ្នកជំងឺ​សរុប​923,612​នាក់ និង​ស្លាប់​សរុប​51,017​នាក់​។ អ្នក​ជំងឺ​ថ្មី​ កើន​37,170​នាក់​ និង​អ្នក​ស្លាប់​កើន​ 1,858​នាក់។

    អេស្ប៉ាញ​ជា​សម្បុក​មេរោគ​ធំជាង​គេ​លំដាប់​ទី​2​ក្នុង​ពិភពលោក និង​ជា​ “វាល​ពិឃាត” របស់​ COVID-19 ធំជាង​គេ​លំដាប់​ទី​3​ បន្ទាប់​ពី​សហរដ្ឋ​អាមេរិក និង​អ៊ីតាលី​។ អេស្ប៉ាញ​មាន​អ្នក​ស្លាប់​សរុប​ឡើង​ដល់​ជាង​22,500​នាក់ ក្នុង​ចំណោម​អ្នក​ជំងឺ​ជិត​220,00​0​នាក់​។ អ្នកជំងឺ​ថ្មី​ មាន​6,740​នាក់​ និង​អ្នក​ស្លាប់​ថ្មី​​ មាន​367​នាក់​។

    អ៊ីតាលី​៖ អ្នក​ជំងឺ​ថ្មី​3,021​នាក់ អ្នក​ស្លាប់​ថ្មី​​420​នាក់ ក្នុង​ចំណោម​អ្នក​ជំងឺ​សរុប​192,994​នាក់ និង​អ្នក​ស្លាប់​សរុប​25,969​នាក់​។

    បារាំង​៖ មាន​អ្នកជំងឺ​ថ្មី​1,645​នាក់ អ្នក​ស្លាប់ថ្មី​389​នាក់​ ក្នុង​ចំណោម​អ្នក​ជំងឺ​សរុប​159,828​នាក់​ និង​អ្នក​ស្លាប់​សរុប​22,245​នាក់​។

    អាល្លឺម៉ង់​​ត្រូវ​បាន​វាយ​តម្លៃ​ថា​ បាន​ប្រតិកម្ម​ឆាប់​រហ័ស​ទៅ​នឹង​ COVID-19 ហើយ​អាច​គ្រប់​គ្រប​វីរុស​បាន​យ៉ាង​ល្អ​នៅ​ដំណាក់​កាល​ដំបូង​។ ប៉ុន្តែ អធិការបតី​ Angela Merkel បាន​ព្រមាន​ថា នេះ​គ្រាន់​តែ​ជា​ចំណុច​ចាប់​ផ្ដើម​ដំបូង​នៃ​រោគ​រាត​ត្បាត​តែ​ប៉ុណ្ណោះ។ អាល្លឺម៉ង់​ បច្ចុប្បន្ន​មាន​អ្នកជំងឺ​សរុប​143,464​នាក់ និង​អ្នក​ស្លាប់​សរុប​5,760​នាក់​ ក្នុង​នោះ​អ្នក​ជំងឺ​ថ្មី​មាន​1,870​នាក់​ និង​អ្នក​ស្លាប់ថ្មី​185​នាក់​។

    អង់គ្លេស​ទើបបាន​រកឃើញ​អ្នក​ជំងឺ​ថ្មី​ 5,386​នាក់​ និង​អ្នក​ស្លាប់​ថ្មី​684​នាក់​ ធ្វើ​ឱ្យ​ចំនួន​អ្នក​ជំងឺ​សរុប​ឡើង​ដល់​143,464​នាក់​ និង​អ្នក​ស្លាប់​សរុប​​19,506​នាក់។

    អ៊ីរ៉ង់​បាន​ក្លាយ​ជា​សម្បុក​មេរោគ​ធំជាង​គេ​នៅ​ក្នុង​ទ្វីប​អាស៊ី ដោយ​មាន​អ្នក​ជំងឺ​សរុប​88,194​នាក់។ ប្រទេស​នេះ​ទើប​​មាន​អ្នកស្លាប់​ថ្មី​93​នាក់​ ​នេះ​ជា​ថ្ងៃ​ទី​11​ហើយ​ដែល​​តួលេខ​អ្នក​ស្លាប់​ថ្មី​ក្រោម​100​នាក់​។ អ៊ីរ៉ង់​មាន​អ្នក​ស្លាប់​សរុប​5,574​នាក់​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • សហរដ្ឋ​អាមេរិកមាន​អ្នក​ស្លាប់​ជិត​52,000​នាក់​ដោយ​សារ​COVID-19 លោក​ Trump ថ្លែង​ថា “អាមេរិក​ធ្វើ​បានល្អ​”

    សហរដ្ឋ​អាមេរិកមាន​អ្នក​ស្លាប់​ជិត​52,000​នាក់​ដោយ​សារ​COVID-19 លោក​ Trump ថ្លែង​ថា “អាមេរិក​ធ្វើ​បានល្អ​”

    ប្រធានាធិបតី​សហរដ្ឋអាមរិក​ លោក Donald Trump បាន​ថ្លែង​ថា រដ្ឋាភិបាល​អាមេរិកាំង​ទប់ទល់នឹង​រោគ​រាត​ត្បាត​COVID-19 បាន​យ៉ាង​ល្អ និង​បាន​សង្ឃឹម​ថា តួលេខ​នៃ​អ្នក​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា​នេះ​នឹង​ទាប​ជាងច្រើន​ ធៀប​នឹង​ការ​ព្យាករ​100,000​នាក់​ពី​សំណាក់​​ក្រុម​អ្នក​ជំនាញ​ការ​។

    គិត​ត្រឹម​បច្ចុប្បន្ន សហរដ្ឋ​អាមេរិក​មាន​អ្នក​ស្លាប់​​ដោយ​សារ​វីរុស​COVID-19 សរុប​ឡើង​ដល់​ 52,092​នាក់ កើន​ជាង​1,800​នាក់​ បើ​ធៀប​នឹង​មុន​នេះ​មួយ​ថ្ងៃ​។ អ្នក​ជំងឺ​ថ្មី​ក្នុង​ប្រទេស​នេះមានជាង​3,700នាក់ ធ្វើ​ឱ្យ​ចំនួន​អ្នក​ជំងឺ​សរុប​កើន​ដល់​923,612​នាក់​។

    ឆ្លើយ​តប​នឹង​សំណួរ​របស់​អ្នក​យក​ព័ត៌មាន​ ស្ដី​អំពី​ការ​ទទួល​ខុស​ត្រូវ​ក្នុងការ​ទប់ស្កាត់​របស់​រដ្ឋាភិបាល​ ខណៈ​ដែល​មាន​អ្នក​ស្លាប់​ជាង​50,000​នាក់​ដោយ​សារ​COVID-19 លោក​ Trump បាន​ឆ្លើយ​ថា “ខ្ញុំ​គិត​ថា យើង​ធ្វើ​បាន​យ៉ាង​ល្អ​ហើយ”។ លោក​ក៏​បាន​លើក​ឡើង​អំពី​ការ​ព្យាករ​​កន្លង​មក​របស់​ក្រុម​អ្នក​ជំនាញ​ដែល​ថា តួលេខ​នៃ​អ្នក​ស្លាប់​ដោយ​សារ​វីរុស​COVID-19 នៅ​សហរដ្ឋ​អាមេរិក​ អាច​មាន​​យ៉ាង​តិច​100,000​នាក់​។ លោក​ Trump ថ្លែង​ថា “យើង​សង្ឃឹម​ថា តួលេខ​ជាក់​ស្ដែង​នឹង​ទាប​ជាង​នេះ​”។

    លោក​ Trump បាន​ប្រកាស​ថា “ការ​រឹត​បន្តឹង​ការ​ដើរ​ហើរ” អាច​អូស​បន្លាយ​ដល់​ក្រោយ​ថ្ងៃទី​1​ឧសភា​។ សភាជាន់​ទាប​អាមេរិកាំង​ កាល​ពី​ម្សិល​មិញ​ក៏​បាន​អនុម័ត​យល់​ព្រម​ទម្លាក់​កញ្ចប់​ថវិកា​ជំនួយសេដ្ឋ​កិច្ច​ ​ដែល​មាន​ទំហំ​ទឹក​ប្រាក់​ 480​ពាន់​លាន​ដុល្លារ​ដើម្បី​ជួយ​ដល់​អាជីវ​កម្ម​ខ្នាត​តូច​ មន្ទីរ​ពេទ្យ​ និង​ការ​ធ្វើ​តេស្ត​រកមេរោគ​ COVID-19៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • មន្ទីរ​បញ្ចកោណ​​​​ព្រមាន​អំពី​ហានិភ័យ​នៃ​ការ​ប្រើ​ប្រាស់ COVID-19 ជា​អាវុធ​ជីវសាស្ត្រ

    មន្ទីរ​បញ្ចកោណ​​​​ព្រមាន​អំពី​ហានិភ័យ​នៃ​ការ​ប្រើ​ប្រាស់ COVID-19 ជា​អាវុធ​ជីវសាស្ត្រ

    មន្ទីរ​បញ្ច​កោណ និង​ក្រុម​អ្នកស៊ើប​ការណ៍​សម្ងាត់​អាមេរិកាំង​កាន់​តែ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ហានិភ័យ​ដែល​ COVID-19 ត្រូវ​បាន​គេ​យក​មក​ប្រើ​ជា​អាវុធ​ជីវ​សាស្ត្រ ដែល​អាច​​ក្លាយ​ជា​ការ​គំរាម​កំហែងយ៉ាង​ធ្ងន់​ធ្ងរ​ដល់​​​ពិភពលោក​។

    Politico ដក​ស្រង់​សម្ដី​របស់​ក្រុម​មន្ត្រី​ស៊ើប​ការណ៍​សម្ងាត់​ និង​ការ​ពារ​ជាតិ​អាមេរិកាំង​ បាន​ឱ្យ​ដឹង​ថា មន្ទីរ​បញ្ច​កោណ​(The Pentagon) និង​ក្រុម​អ្នក​ស៊ើប​ការណ៍​សម្ងាត់​អាមេរិកាំង​ កាន់​តែ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​ស៊ើបអង្កេត​លើ​សម្មតិ​កម្ម​មួយ​ដែល​យល់​ថា សត្រូវ​អាច​នឹង​ប្រើ​ប្រាស់​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី ជា​អាវុធ​ជីវសាស្ត្រ​។ ប្រការ​នេះ​បាន​បង្ហាញ​អំពី​ការ​យល់​ដឹង​កាន់​តែ​កើន​ឡើង​ពី​សំណាក់​ក្រុម​អ្នក​ការ​ពារ​ជាតិ​អាមេរិកាំង​ អំពី​វីរុស​COVID-19 ក៏ដូចជា​ហានិភ័យ​​ដែល​វីរុស​នេះ​នឹង​បង្ក​ឡើង​។

    ក៏ប៉ុន្តែ ក្រុម​មន្ត្រី​សហរដ្ឋ​អាមេរិក​សង្កត់​ធ្ងន់​ថា ប្រការ​ខាងលើ​នេះ​មិន​មែន​មាន​ន័យ​ថា ពួកគេ​ជឿ​ថា COVID-19 ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មាន​គោល​ដៅ​ធ្វើ​ជា​អាវុធ​នោះ​ទេ​។ ក្រុម​អ្នកស៊ើប​ការ​ណ៍​​នៅ​តែ​បន្ត​ស៊ើប​អង្កេត​រក​ប្រភព​របស់​វីរុស​នេះ​ ប៉ុន្តែ បច្ចុប្បន្នមិន​ទាន់​មាន​ភ័ស្ដុ​តាង​បែប​វិទ្យា​សាស្ត្រ​ ឬ​ព័ត៌មាន​សម្ងាត់​​ណា​មួយ​ដែល​អាច​បង្ហាញ​ច្បាស់​ថា សម្មតិ​កម្ម​​​ដែល​ថា វីរុស​នេះ​បាន​រួច​ចេញ​ពី​បន្ទប់​ពិសោធន៍​នៅ​ប្រទេស​ចិន​នៅ​ឡើយ​។

    ទន្ទឹ​ម​នឹង​នេះ ក្រុម​អ្នក​ស៊ើប​ការណ៍​សម្ងាត់​ក៏បាន​ចាប់​ផ្ដើម​ស្រាវ​ជ្រាវ​ទៅ​លើ​គោល​ដៅនានា​​ដែល​មាន​លទ្ធ​ភាព​ក្លាយ​ជា​”កត្តា​អរិភាព​” ក្នុង​ការ​ធ្វើ​អាវុធូបនីយកម្ម​​លើ​វីរុស​COVID-19 ពិសេស​គឺ​សំដៅ​លើ​គោល​ដៅ​ធំៗ។ ប្រភព​ព័ត៌មាន​ចំនួន​3​ ដែល​​គួរ​ឱ្យ​ទុក​ចិត្ត​ បាន​ឱ្យ​ដឹង​ថា ក្រសួង​ការ​ពារ​ជាតិ​អាមេរិកាំង​ ថ្មី​ៗ​នេះ​បាន​បង្វែរ​ទិស​ដៅ​ ដោយ​ផ្ដោត​ទៅ​លើ​ការ​តាម​ដាន​លទ្ធ​ភាព​ខាងលើនេះ​​យ៉ាង​ហ្មត់ចត់​។

    អ្នក​នាំពាក្យ​របស់​មន្ទីរ​បញ្ចកោណ​ Mike Andrew បាន​ថ្លែង​ថា កម្មវិធី​ការ​ពារ​គីមីសាស្ត្រ និង​ជីវសាស្ត្រ​​របស់​មន្ទីរបញ្ចកោណ​ ដែល​មាន​ភារកិច្ច​អនុវត្ត​យុទ្ធ​សាស្ត្រ​របស់​ក្រសួង​ការ​ពារ​ជាតិ​សហរដ្ឋ​អាមេរិក​ទាក់​ទិន​នឹង​ការ​ទប់​ទល់​នឹង​អាវុធ​ប្រល័យ​លោក​ នឹង​បន្ត​គាំទ្រ​ដល់​បណ្ដា​ស្ថាប័ន​ ជាមួយ​នឹង​វិធានការ​ទប់​ស្កាត់​COVID-19 ដូច​ជា​ការ​ធ្វើតេស្ត​រក​មេរោគ ការ​អភិវឌ្ឍ​​វ៉ាក់​សាំង ការ​ផ្គត់​ផ្គង់​ម៉ាស់ និង​ម៉ាស៊ីន​ស្ទង់​កម្ដៅ​។ល។

    យ៉ាងណាក៏​ដោយ​ លោក Andrews បាន​បដិសេធ​មិន​ឆ្លើយ​តប​នឹង​សំណួរ​ដែល​សួរ​ថា​ តើ​ក្រសួង​ការ​ពារ​ជាតិ​កំពុង​តែ​ស៊ើប​អង្កេត​ទៅ​លើ​លទ្ធ​ភាព​ដែល​ថា​កម្លាំង​អរិភាព​ណា​មួយ​ប្រើ​ប្រាស់​COVID-19 ធ្វើ​ជា​អាវុធ​ដែរ​ ឬ​យ៉ាង​ណា​នោះ​ទេ​។

    មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ម្នាក់​របស់​សហរដ្ឋអាមេរិក​​ថ្លែង​ថា ហានិភ័យ​ដែល​COVID-19 អាច​ក្លាយជា​អាវុធ​ “ហាក់​នៅ​ជា​កត្តា​ដែល​បង្ក​ការ​ព្រួយ​បារម្ភ​កម្រិត​ទាប​នៅ​ឡើយ​” ខណៈ​ដែល​សំណួរ​នានា​ដែល​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​នា​បច្ចុប្បន្ន​​ នៅ​តែ​លើក​ឡើង​ជុំវិញ​ប្រភព​របស់​វីរុស​ ក៏ដូច​ជា​ព័ត៌មាន​ដែល​រដ្ឋា​ភិបាល​ចិន​បាន​ដឹង​នៅ​ក្នុង​ដំណាក់​កាល​ដំបូង​ៗនៃ​រោគ​រាត​ត្បាត​នេះ​។

    ក៏ប៉ុន្តែ ក្រុម​អតីត​មន្ត្រី​ជាន់​ខ្ពស់​របស់​មន្ទីរ​បញ្ច​កោណ​បាន​ឱ្យ​ដឹង​ថា ការ​ខិត​ខំ​ប្រឹង​ប្រែង​រួម​ នៅ​តែ​បន្ត​ធ្វើ​ឡើង​ដើម្បី​ពិនិត្យ​រាល់​ការ​គំរាម​កំហែង​ រួម​មាន​ទាំង​លទ្ធ​ភាព​នៃ​ការ​ប្រើ​ប្រាស់​ COVID-19 ជា​អាវុធជីវ​សាស្ត្រ​ផងដែរ​។

    “អាវុធ​ជីវសាស្ត្រ​មិន​ដូច​ទៅ​នឹង​អាវុធប្រភេទ​​គ្រាប់​រំសេវ​នោះ​ទេ​។ វា​គឺជា​មេរោគ។ បើគិត​អំពី​លក្ខណៈ​ធម្ម​ជាតិ វីរុស​បច្ចុប្បន្ន អាច​ត្រូវ​បាន​ក្រុម​ដែល​មាន​បច្ចេក​វិទ្យា​មិន​សូវ​ទំនើប​ប្រើប្រាស់​ជា​អាវុធ​ជីវសាស្ត្រ។ សម្រាប់​ប្រទេស​មួយ​ដែល​មាន​កម្មវិធី​អាវុធ​ជីវសាស្ត្រ​ទំនើប​ៗ វីរុស​នេះ​អាច​ត្រូវ​បាន​បន្ថែម​​លក្ខណៈ​ពិសេស​កម្រិត​ខ្ពស់ជា​ងនេះ” នេះ​បើ​តាម​ Andy Weber ដែលជា​ជំនួយ​ការ​របស់​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ ទទួល​បន្ទុក​គ្រប់​គ្រង​កម្ម​វិធី​នុយក្លេអែរ​ គីមីសាស្ត្រ និង​ជីវ​សាស្ត្រ​ ក្នុង​សម័យ​អតីត​ប្រធានាធិបតី​ Barack Obama។

    ការ​គំរាម​កំហែង​លាក់​មុខ

    អតីត​មន្ត្រី​ម្នាក់​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិកបាន​ឱ្យ​ដឹង​ថា បើ​សិន​ជា​ចង់​ប្រែ​ក្លាយ​ COVID-19 ឱ្យ​ទៅជា​អាវុធ​ជីវ​សាស្ត សត្រូវ​មិន​ចាំបាច់​ធ្វើ​ដោយ​ផ្ទាល់​ដៃ​នោះ​ទេ​ ព្រោះ​ថា​វា​អាច​បន្សល់​ដាន​។ ជំនួស​មក​វិញ សត្រូវ​អាច​ធ្វើ​ឱ្យ​អ្នក​ណា​ម្នាក់​ឆ្លង​វីរុស​COVID-19 ទៅ​តាម​លក្ខណៈ​ធម្មជាតិ​ ហើយ​ក្រោយ​មក​ សត្រូវ​នឹង​នាំ​មនុស្ស​នេះ​ទៅ​កាន់​តំបន់​ដែល​សត្រូវ​គិត​ថា គោល​ដៅ​របស់​ខ្លួន​តែង​តែ​មក​កាន់​ទី​នោះ​​។

    មន្ទីរ​បញ្ចកោណ​​​​ព្រមាន​អំពី​ហានិភ័យ​នៃ​ការ​ប្រើ​ប្រាស់ COVID-19 ជា​អាវុធ​ជីវសាស្ត្រ
    ​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​របស់​សហ​រដ្ឋ​អាមេរិក​ USS Theodore Roosevelt

    ការ​ឆ្លង​រាល​ដាល​យ៉ាង​ឆាប់​រហ័ស​របស់​ COVID-19 រវាង​សមាជិក​នៃ​ក្រុម​នាវិក​នៅ​លើ​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​​អាមេរិកាំង​ USS Theodore Roosevelt បាន​បង្ហាញ​អំពី​គ្រោះ​ថ្នាក់​ដ៏​ធំ​ ដោយ​វា​បាន​ធ្វើ​ឱ្យ​នាវា​ផ្ទុក​យន្តហោះ​យុទ្ធ​សាស្ត្រ​ដែល​ដំណើរ​ការ​ដោយ​ថាម​ពល​នុយក្លេអែរ​របស់​សហរដ្ឋ​អាមេរិក ត្រូវ​គាំង​ដំណើរ​​រាប់​សប្ដាហ៍​។ COVID-19 ក៏​បាន​ធ្វើ​ឱ្យ​មេបញ្ជា​ការ​នាវា​នេះ​ត្រូវ​ឆ្លង​វីរុស និង​ត្រូវ​ដក​ហូត​តំណែង​ ចំណែក​រដ្ឋមន្រ្តីស្តីទីនៃ​កងទ័ពជើងទឹកសហរដ្ឋអាមេរិក ក៏​ត្រូវ​បង្ខំ​ចិត្ត​លា​លែង​ពី​តំណែង​។

    CNN កាលពីថ្ងៃទី​22​មេសា បាន​ដក​ស្រង់​សម្ដី​មន្ត្រី​ជាន់​ខ្ពស់​កង​ទ័ព​ជើង​ទឹក​អាមេរិកាំង​ម្នាក់ ឱ្យ​ដឹង​ថា សហរដ្ឋ​អាមេរិក​ បច្ចុប្បន្ន​មាន​នាវា​ចម្បាំង​26​គ្រឿង​ហើយ​ដែល​កំពុង​មាន​បុគ្គលិក​ឆ្លង​វីរុស​COVID-19។ ក្រៅ​ពី​នេះ សហរដ្ឋ​អាមេរិក​ក៏​មាន​នាវា​ចម្បាំង​ចំនួន​14​គ្រឿង​ផ្សេង​ទៀត​ ធ្លាប់​មាន​បុគ្គលិក​ឆ្លង​វីរុស​នេះ​ដែរ​ ប៉ុន្តែ​ក្រុម​នាវិក​ទាំង​នោះ​បាន​ជា​សះ​ស្បើយអស់​ហើយ​មក​ដល់​បច្ចុប្បន្ន​​។

    គិត​ត្រឹម​ថ្ងៃទី​26​មីនា សហរដ្ឋអាមេរិកមាន​​ទាហាន​ប្រមាណជា​3,578​នាក់​បាន​ឆ្លង​វីរុស​​COVID-19 ក្នុង​នោះ​មាន​2នាក់​បាន​បាត់​បង់ជីវិត​។ ក្នុង​ចំណោម​ទាហាន​ដែល​បាន​ឆ្លង​វីរុសកូរ៉ូណា​ គឺមាន​ជិត​800​នាក់​ជា​ទាហាន​ជើង​ទឹក​​របស់​នាវា​ផ្ទុក​យន្តហោះ​ USS Theodore Roosevelt។

    ក្រុម​មេដឹក​នាំ​ជាន់​ខ្ពស់​របស់​កង​ទ័ព​ជើង​ទឹក​អាមេរិកាំង​ មកដល់បច្ចុប្បន្ន នៅ​តែ​មិន​ទាន់​ដឹង​ថា ការ​ឆ្លង​រាល​ដាល​វីរុស​នៅ​លើ​នាវា​ USS Theodore Roosevelt នេះ​ មាន​ប្រភព​ពី​ណា​នៅឡើយ​។ ក៏ប៉ុន្តែ​ ប្រការ​នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា កង​ទ័ព​ត្រូវ​ទទួល​រង​ការ​ខូច​ខាត​កម្រិត​ណា​ នៅពេល​ត្រូវ​បាន​វាយ​ប្រហារ​ដោយ​អាវុធជីវ​សាស្ត្រ​។

    យោង​តាម​ Reuters សហរដ្ឋ​អាមេរិក​នា​បច្ចុប្បន្ន នៅ​តែជា​សម្បុក​មេរោគ​​ COVID-19 ធំជាង​គេ​បង្អស់​ក្នុងពិភពលោក ដោយ​មាន​អ្នកជំងឺ​ជិត​900,000​នាក់ ក្នុង​នោះ​មាន​​អ្នក​ជំងឺ​ជាង​50,000​នាក់​បាន​បាត់បង់ជីវិត​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរ​ទេស

  • តារាវិទូថា ប្រព័ន្ធ​ព្រះអាទិត្យ​ប្រហែល​ជា​បាន​ “ប្លន់” អាចម៍​ផ្កាយ​ចំនួន​19​ ពីប្រព័ន្ធ​ផ្កាយ​ដទៃ​​

    តារាវិទូថា ប្រព័ន្ធ​ព្រះអាទិត្យ​ប្រហែល​ជា​បាន​ “ប្លន់” អាចម៍​ផ្កាយ​ចំនួន​19​ ពីប្រព័ន្ធ​ផ្កាយ​ដទៃ​​

    វត្ថុ​អវកាស​ដែល​មាន​គន្លង​គោចរ​ខុស​គេ​ ត្រូវ​បាន​អ្នក​វិទ្យា​សាស្ត្រ​យល់​ថា ដោយ​សារ​ប្រព័ន្ធ​ព្រះ​អាទិត្យ​របស់​មនុស្ស​ ស្រូប​​ទាញ​ពី​ប្រព័ន្ធ​ព្រះអាទិត្យ​(ផ្កាយ​) ដទៃ​​ ដែល​នៅ​ក្បែរ​ខាង​ តាំង​តែ​ពី​រាប់​ពាន់​លាន​ឆ្នាំ​មុន​។

    ក្រុម​អ្នក​វិទ្យា​សាស្ត្រ​បាន​ធ្វើ​ការ​សិក្សា​ទៅ​លើ​វត្ថុ​អវកាស​ចំនួន​19​ ដែល​ស្ថិត​នៅ​ក្នុង​ទិស​ដែល​ឆៀង​​ទៅ​​នឹង​ផ្ទៃស្រប​​​​នៃ​គន្លង​គោចរ​របស់​ប្រព័ន្ធ​ព្រះអាទិត្យ​​ទាំង​មូល​។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី​23​មេសា​ របស់​សារ​ព័ត៌​មាន IFL។ ក្នុង​នោះ​ វត្ថុ​អវកាស​ចំនួន​17​ គឺ​ស្ថិត​ក្នុង​ក្រុម​ Centaur ដែល​មាន​គន្លង​គោចរ​​​ចន្លោះ​​ពិភពព្រហស្បតិ៍ និង​ពិភព​សៅរ៍។ ចំណែក​សមាជិក​(វត្ថុអវកាស)​ចំនួន​2​ផ្សេង​ទៀត​ ធ្វើ​ដំណើរ​​​​ក្រៅ​គន្លង​គោចរ​របស់​ពិភព​ណិប​ទូន​។

    ក្រុម​អ្នកវិទ្យា​សាស្ត្រ​បាន​រកឃើញ​ គន្លង​គោចរ​ខុស​គេ​របស់​វត្ថុ​អវកាស​ទាំង​19​នេះ​ នៅ​ពេល​​ធ្វើ​ការ​វិភាគ​​​លើ​កុំព្យូទ័រ​ដើម្បី​ស្វែង​យល់​អំពី​ដំណាក់​កាល​ដំបូង​នៃ​ការ​កកើត​ប្រព័ន្ធ​ព្រះ​អាទិត្យ​។ ប្រការ​នេះ​បាន​បង្ហាញ​ថា វត្ថុ​អវកាស​​ចំនួន​19​ខាង​លើ មិន​មែន​កកើត​ឡើង​ជាមួយ​នឹង​ពិភព​ កូន​ភព ផ្កាយ​ដុះ​កន្ទុយ​ និង​អាចម៍​ផ្កាយ​ជា​ដើម​នៅ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​របស់​មនុស្ស​នោះ​ទេ​។ ផ្ទុយ​ទៅ​វិញ ពួក​វា​ប្រហែល​ជា​​ត្រូវ​បាន​ស្រូប​ទាញ​ចូល​ប្រព័ន្ធ​ព្រះ​អាទិត្យ​កាល​ពី​ជាង​4​ពាន់​លាន​ឆ្នាំ​មុន​ ដែល​កាល​ណោះ​ប្រព័ន្ធ​ព្រះអាទិត្យ​កំពុង​កកើត​នៅក្នុង​ពពក​ធូលី​អវកាស​។ ដើម្បី​ប្រការ​ខាង​លើ​អាច​កើត​ឡើងបាន​ ព្រះអាទិត្យ​របស់​មនុស្ស​ត្រូវ​តែ​ស្ថិត​នៅ​ក្បែរ​ៗ​ប្រព័ន្ធ​ផ្កាយ​ដទៃ​​។

    បណ្ឌិត ​Fathi Namouni មក​ពី​​ស្ថានីយ​អង្កេត​អវកាស​ Cote d’Azur បាន​ឱ្យ​ដឹង​ថា “កាល​ពី​ដើម​ឡើយ ដោយ​សារ​នៅ​មិន​ឆ្ងាយ​ពី​គ្នា ដូច្នេះ​ផ្កាយ​ទាំង​ឡាយ​​តែង​តែ​ទទួល​រង​ទំនាញ​ពី​គ្នា​ទៅវិញ​ទៅ​មក​ខ្លាំង​ជាង​បច្ចុប្បន្ន​ឆ្ងាយ​ណាស់​ ដែល​កាល​ណោះ កូនភព​(ឬ​អាចម៍​ផ្កាយ) អាច​ត្រូវ​បាន​ប្រព័ន្ធ​ផ្កាយ​មួយ​នេះ ទាញយក​​ពី​ប្រព័ន្ធ​ផ្កាយ​មួយ​ផ្សេង​ទៀត​”។

    បើ​សិន​ជា​វត្ថុ​អវកាស​ទាំង​19​នេះ​​ មាន​ប្រភព​ពី​ប្រព័ន្ធ​ផ្កាយ​ផ្សេង​ នោះ​វា​នឹង​មាន​តម្លៃ​ខ្លាំង​ណាស់​សម្រាប់​វិទ្យា​សាស្ត្រ​។
    Maria Helena Morais ដែល​ជា​សមាជិក​​នៃ​ក្រុម​ស្រាវ​ជ្រាវ​ខាង​លើ​ និង​ជា​តារាវិទូ​​​មក​ពី​សាកល​វិទ្យា​ល័យ​នៃ​​​រដ្ឋ​ Sao Paulo ប្រទេស​ប្រេស៊ីល ថ្លែង​ថា “ការ​រកឃើញ​ក្រុម​វត្ថុ​អវកាស​អន្តរ​តារា​​​ គឺជា​ជំហាន​ដ៏​សំខាន់​ដើម្បី​ស្វែង​យល់​អំពី​ចំណុច​ដូច​គ្នា និង​ខុស​គ្នា​ទាក់ទិន​នឹង​​រូប​សាស្ត្រ​​ និង​គីមី​សាស្ត្រ​រវាង​អាចម៍​ផ្កាយ​របស់​ប្រព័ន្ធ​ព្រះអាទិត្យ​ និង​អាចម៍​ផ្កាយ​របស់​ប្រព័ន្ធ​ផ្កាយ​ដទៃ​”។

    Morais បន្ថែម​ថា “ក្រុម​វត្ថុ​អវកាស​នេះ នាំ​មក​នូវ​ព័ត៌មាន​អំពី​កញ្ចុំ​ផ្កាយ​ដែល​ជា​កន្លែង​កកើត​របស់​ព្រះ​អាទិត្យ​ ដែល​នេះនឹង​​អនុញ្ញាតឱ្យ​​​ក្រុមតារា​វិទូ​​​យល់​បន្ថែម​អំពី​ដំណើរ​ការ​នៃ​ការ​ “ប្លន់​” យក​អាចម៍​ផ្កាយ​ និង​តួនាទី​របស់​វត្ថុ​អវកាស​អន្តរ​តារា​ នៅ​ក្នុង​ការ​ធ្វើ​ពិពិធ​កម្ម​ និង​កំណត់​រូប​រាង​​នៃ​​វិវត្តនាការ​របស់​ប្រព័ន្ធ​ព្រះអាទិត្យ​”៕

    ប្រភព៖​ សារ​ព័ត៌មាន​បរទេស

  • ក្ដីសង្ឃឹម រលាយអស់!! លទ្ធផល​នៃ​ការ​សាកល្បងថ្នាំ “Remdesivir” ព្យាបាលកូវីដ-19 បរាជ័យក្នុងការជួយអ្នកជំងឺធ្ងន់ធ្ងរនៅចិន

    ក្ដីសង្ឃឹម រលាយអស់!! លទ្ធផល​នៃ​ការ​សាកល្បងថ្នាំ “Remdesivir” ព្យាបាលកូវីដ-19 បរាជ័យក្នុងការជួយអ្នកជំងឺធ្ងន់ធ្ងរនៅចិន

    ថ្នាំសាកល្បងប្រឆាំងវីរុសឈ្មោះ“Remdesivir” របស់ក្រុមហ៊ុន Gilead Sciences Inc បានបរាជ័យក្នុងការជួយសង្គ្រោះអ្នកជំងឺកូវីដ-19 ដែលមានអាការធ្ងន់ធ្ងរ ក្នុងអំឡុងពេលសាកល្បងខាងគ្លីនិក(ព្យាបាល)នៅក្នុងប្រទេសចិន តែយ៉ាងណាក៏ដោយ ក្រុមហ៊ុនផលិតថ្នាំពេទ្យមួយនេះ បានប្រាប់ថា លទ្ធផលនៃការសិក្សាស្រាវជ្រាវទាំងនោះ មិនទាន់ជាបទសរុបទេ ដោយសារតែវា ចប់មុនកំណត់។ នេះបើតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

    ភាគហ៊ុនរបស់ Gilead បានធ្លាក់ចុះច្រើនជាង4% តាមក្រោយព័ត៌មានដែលលេចធ្លាយចេញមកដោយចៃដន្យ ដែលធ្វើឡើងដោយសារព័ត៌មាន Financial Times ដែលបានរាយការណ៍មុនគេ ខណៈដែលរបាយការណ៍នេះធ្វើឡើងមិនប៉ុន្មានថ្ងៃ ក្រោយពេលមានលេចឮដំណឹងថា អ្នកជំងឺដែលឆ្លងមេរោគកូវីដ-19 ដែលបានទទួលថ្នាំ“Remdesivir” ក្នុងការសាកល្បងខាងការព្យាបាលរបស់មន្ទីរពេទ្យ នៃមហាវិទ្យាល័យឈិកាហ្គោ សហរដ្ឋអាមេរិក បានជាសះស្បើយយ៉ាងឆាប់រហ័ស។

    ចំណែកឯទីភ្នាក់ងារព័ត៌មានSTAT បានរាយការណ៍ កាលពីសប្ដាហ៍មុន ដោយបានដកស្រង់សម្ដីអ្នកដឹកនាំការសាកល្បងដែលបានបញ្ជាក់ថា អ្នកជំងឺដែលបានចូលរួមក្នុងការសាកល្បងខាងគ្លិនិកថ្នាំមួយនេះ សុទ្ធតែមានអាការគ្រុនក្ដៅខ្លួនខ្លាំង និងមានអាការខាងប្រព័ន្ធដង្ហើមធ្ងន់ធ្ងរ អាចចាកចេញពីមន្ទីរពេទ្យបានក្នុងរយៈពេលមិនដល់1សប្ដាហ៍ផង។

    យ៉ាងណាក៏ដោយ ខាងមហាវិទ្យាល័យ បានដាស់តឿនថា វាហាក់ដូចជាលឿនពេកក្នុងប្រញាប់សរុបរឿងនេះ ដោយសារតែការសាកល្បងនោះ មិនបានរួមជាមួយការ “សាកល្បងបែបជាក្រុមដែលមានការគ្រប់គ្រង” នៅឡើយ ដូច្នេះទើបវាជារឿងពិបាកក្នុងការចង្អុលបង្ហាញច្បាស់ៗថា ការពិតទៅថ្នាំនេះ នឹងជួយឱ្យអ្នកជំងឺឆាប់ធូរស្រាលបានល្អឡើង ឬអត់នោះទេ?។ ទាំងអស់នេះ ក្នុងការសាកល្បងបែបគ្រប់គ្រង អ្នកជំងឺខ្លះ នឹងមិនបានទទួលថ្នាំដើម្បីបើកផ្លូវឱ្យក្រុមគណៈគ្រូពេទ្យរកបទសរុបថា ការពិតទៅ តើថ្នាំនេះហុចផលប៉ះពាល់ដល់អាការឈឺថ្កាត់របស់អ្នកជំងឺដែរឬទេ?

    ថ្នាំ “Remdesivir” របស់ Gilead បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែបច្ចុប្បន្នមិនទាន់មានថ្នាំ ឬវិធីការព្យាបាលណាមួយដែលបានទទួលការអនុម័តនៅឡើយ ដូចគ្នានឹងវ៉ាក់សាំងការពារមេរោគកូវីដ-19ដែរ ខណៈដែលបណ្ដាក្រុមគណៈគ្រូពេទ្យទូទាំងពិភពលោក កំពុងរិះរកគ្រប់បែបយ៉ាង តាមដែលអាចធ្វើបាន ដើម្បីបង្វែរដំណើរផ្លូវរបស់ជំងឺឆ្លងដ៏ធ្ងន់ធ្ងរនេះដែលអាចធ្វើទុក្ខសួតរបស់អ្នកឆ្លងមេរោគ។

    សេចក្ដីព្រាងឯកសារ ដែលអង្គការសុខភាពពិភពលោកធ្វើឱ្យបែកធ្លាយចេញមកដោយចៃដន្យ បានបញ្ជាក់ថា ក្នុងការសាកល្បងនៅប្រទេសចិន ដែលជាការប្រើថ្នាំចាក់ចូលទៅតាមសរសៃឈាម មិនទទួលបានជោគជ័យក្នុងការជួយអ្នកជំងឺឱ្យមានអាការល្អប្រសើរឡើង ឬបន្ថយមេរោគក្នុងក្រសែឈាមនោះទេ តែយ៉ាងណាក៏ដោយ សេចក្ដីលម្អិតផ្សេងៗមិនទាន់មានច្រើននៅឡើយ និងបានបង្ហាញថា ចំណុចមិនសមប្រកបផ្សេងៗក្នុងការវាយតម្លៃព័ត៌មាន មិនទាន់ល្អពេញលេញនៅឡើយ។

    ក្នុងសេចក្ដីព្រាងឯកសារនោះបានបញ្ជាក់ថា ការសាកល្បងខាងគ្លីនិក(ព្យាបាល)ពាក់ព័ន្ធនឹងអ្នកជំងឺ 237នាក់ ក្នុងនោះមាន 158នាក់បានទទួលថ្នាំ “Remdesivir” ចំណែក 79នាក់ទៀតបានទទួលថ្នាំបញ្ឆោត ដែលធ្វើឱ្យរកឃើញថា អត្រាការស្លាប់ក្នុងអ្នកជំងឺដែលបានទទួលថ្នាំ “Remdesivir” ស្ថិតក្នុងអត្រា 13.9% ប្រហាក់ប្រហែលនឹងអត្រាការស្លាប់ក្នុងក្រុមគ្រប់គ្រង(អ្នកទទួលថ្នាំបញ្ឆោត) ដែលស្ថិតក្នុងអត្រា 12.8%។

    Gilead បានថ្លែងថា “លទ្ធផលការសិក្សាស្រាវជ្រាវ នៅមិនទាន់ទទួលបានចំណុចសរុបដែលច្បាស់ពិតប្រាកដនៅឡើយទេ ទោះជាសញ្ញានៅក្នុងព័ត៌មានបានបង្ហាញពីសក្ដានុពលដែលជាប្រយោជន៍របស់ “Remdesivir” ជាពិសេសជាមួយអ្នកជំងឺដែលបានទទួលការព្យាបាលតាំងពីដំបូងៗក្ដី”

    យ៉ាងណាក៏ដោយ ពួកអ្នកវិភាគដទៃទៀត ទទួលបានចំណុចសរុបមួយចំនួន ពីការសាកល្បងទាំងនោះហើយ។ លោក ស្ទីហ្វេន ស៊ីដហៅស៍ អ្នកវិភាគពីស្ថាប័ន ចាដរេយ៍ម៉ន់ដ៍ ចេមស៍ និយាយថា “ឈុតព័ត៌មានដែលគ្រប់គ្រងដោយចិន នឹងបង្កឱ្យកើតមានទស្សនៈនៃការពិត ដែលមានចំពោះ “Remdesivir” នោះគឺ វាមើលទៅហាក់ដូចជាប្រើមិនបានលទ្ធផលល្អទេ ជាមួយអ្នកជំងឺដែលមានអាការធ្ងន់ធ្ងរ”៕

    ប្រភព៖ សារព័ត៌មានបរទេស

  • Trump ផ្ដល់​អនុសាសន៍​​៖ ​ចាក់​ពន្លឺ​ ឬ​ថ្នាំ​សម្អាត​មេរោគ​ទៅ​ក្នុង​រាង​កាយ​ ដើម្បី​ព្យាបាល​COVID-19

    Trump ផ្ដល់​អនុសាសន៍​​៖ ​ចាក់​ពន្លឺ​ ឬ​ថ្នាំ​សម្អាត​មេរោគ​ទៅ​ក្នុង​រាង​កាយ​ ដើម្បី​ព្យាបាល​COVID-19

    ការ​ចាក់ថ្នាំ​សម្អាត​​មេរោគ​ទៅ​ក្នុង​រាងកាយ​អ្នក​ជំងឺ​ អាច​សម្លាប់​COVID-19បាន ប៉ុន្តែ​ក្រុមអ្នក​ជំនាញ​ផ្នែក​សុខាភិបាល​​យល់​ថា គំនិត​នេះ​ “គ្រោះ​ថ្នាក់​​ណាស់​”។

    “ខ្ញុំ​ឃើញ​ថា សារធាតុ​​រម្ងាប់​​មេរោគ អាច​សម្លាប់​វីរុស​ដោយ​ប្រើ​ពេល​ត្រឹម​តែ​1នាទី​ គឺ​1​នាទី​តែ​ប៉ុណ្ណោះ​។ ហើយ​ថា​ តើ​មាន​វិធី​ណា​ដែល​យើង​អាច​ធ្វើ​បែប​នេះ​បាន​ ដោយ​ការ​ចាក់​បញ្ចូល​វា​ទៅ​ក្នុង​រាង​កាយ​ ឬ​ក៏​មាន​វិធីណា​មួយ​ដែល​អាច​សម្លាប់​វា​បាន​ដែរ​ទេ?” ប្រធានាធិបតី​ Donald Trump ថ្លែង​បែប​នេះ​នៅ​ក្នុង​សន្និ​សីទ​សារ​ព័ត៌មាន​មួយ​នៅ​សេត​វិមាន​កាលពី​ថ្ងៃទី​23​មេសា​។ ប៉ុន្តែ លោក Trump មិន​បាន​លើក​ឡើង​អំពី​ឈ្មោះ​ថ្នាំ​ណាមួយ​នោះ​ទេ​។

    លោក Trump យល់​ថា COVID-19 វាយ​លុក​ចូលទៅ​ក្នុង​សួត​ដោយ​ចំនួន​ដ៏ច្រើន​ ដូច្នេះ​លោក​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​គំនិត​មួយ​ នោះ​គឺ​ ការ​ប្រើ​ប្រាស់​សារ​ធាតុ​សម្អាត​មេរោគ​។ លោក Trump ថ្លែង​ថា “យើង​ទាំង​អស់​គ្នា​នឹង​ត្រូវ​ពឹង​លើ​ក្រុម​គ្រូពេទ្យ​ ប៉ុន្តែ​ប្រការ​នេះ​ចំពោះ​ខ្ញុំ​ គឺ​ពិត​ជា​គួរ​ឱ្យ​ចាប់​អារម្មណ៍​”។

    មន្ត្រី​សុខាភិបាល​ជាន់​ខ្ពស់​ម្នាក់​បាន​ឱ្យ​ដឹង​បន្ទាប់​ពី​ប្រសាសន៍​របស់​លោក​ Trump ថា បន្ទប់​ពិសោធន៍​​នានា​របស់​សហរដ្ឋ​អាមេរិក កំពុង​តែ​ពិនិត្យ​ និង​អភិវឌ្ឍ​វិធី​សាស្ត្រ​ព្យាបាល​ COVID-19 ដោយ​ប្រើ​សារ​ធាតុ​សម្អាត​​មេរោគ​នេះ​។

    យោបល់​របស់​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​នេះ ត្រូវ​បាន​លើក​ឡើង​បន្ទាប់​ពី Bill Bryan ដែល​ជា​មន្ត្រី​ក្រសួង​សន្តិ​សុខ​ផ្ទៃ​ក្នុង​ បាន​រាយ​ការណ៍​អំពី​ការ​ពិសោធ​ដែល​ក្រុម​នេះ​បាន​ធ្វើ​ឡើង​ ដែល​លទ្ធ​ផល​បង្ហាញ​ថា COVID-19 មិន​អាច​រស់​បាន​យូរ​នៅក្នង​បរិយាកាស​ក្ដៅនិង​​សើមនោះ​ឡើយ។ ការ​ដែល​លោក Bryan ​ថ្លែង​ថា “មេរោគ​នេះ​ងាប់​យ៉ាង​លឿន​នៅ​ក្រោម​ពន្លឺ​ថ្ងៃ​” ធ្វើ​ឱ្យ​លោក​ Trump សួរ​ខ្លួន​​ឯង​ថា តើ​គេ​អាច​នាំ​យក​ពន្លឺ​​​ “ចាក់​បញ្ចូល​​​ទៅក្នុង​រាង​កាយ​” ដើម្បី​សម្លាប់​វីរុស​នេះ​ដែរ​​ ឬ​អត់​?

    ឆ្លើយ​តប​បន្ថែម​ទៅ​នឹង​សំណួរ​របស់​អ្នកយក​ព័ត៌មាន លោក Bryan និយាយ​ថា បើ​មាន​តែ​កម្ដៅ និង​សំណើម​ នោះ​នឹង​មិន​អាច​សម្លាប់​ COVID-19 បាន​ទេ បើ​សិនជា​​អ្នក​រាល់​គ្នា​មិន​បន្ត​គោរព​វិធាន​ការ​បម្រាម​គោចរ​ និង​វិធាន​ការ​ផ្សេង​ៗ​។

    ក្រុម​អ្នកជំនាញ​ខាង​សុខាភិបាល​នៅ​សហរដ្ឋ​អាមេរិក​ ក្នុង​នោះ​មាន​ Vin Gupta ដែលជា​វេជ្ជ​បណ្ឌិត​ឯក​ទេស​ខាងជំងឺ​​សួត​ អ្នក​ជំនាញ​ផ្នែកខាង​​គោល​នយោបាយ​សុខាភិបាល​សកល បាន​ច្រាន​ចោល​ “អនុសាសន៍​មិន​សម​ស្រប​” របស់​ប្រធានាធិបតី​អាមេរិកាំង​។ Gupta បាន​ថ្លែង​ថា “គំនិត​ស្ដី​អំពី​ការ​ចាក់​បញ្ចូល​ ឬ​លេប​ផលិត​ផល​អ្វី​មួយ​ទៅ​ក្នុង​រាងកាយ​ដើម្បី​សម្អាត​មេរោគ​ គឺជារឿង​ដែល​មិន​អាច​ទៅ​រួច​ និងប្រកប​ដោយ​គ្រោះ​ថ្នាក់​។ នោះ​គឺជា​វិធី​ដែល​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ច្រើន​ នៅ​ពេល​ពួក​គេ​ចង់សម្លាប់​ខ្លួន​”។

    លោក​ Trump កន្លង​មក​ធ្លាប់​បាន​សរសើរ​ចំពោះ​វិធី​ព្យាបាល​អ្នក​ជំងឺ​COVID-19 ដែល​មិន​ទាន់​ត្រូវ​បាន​ត្រួត​ពិនិត្យ​ នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មានស្ដី​អំពី​ COVID-19។ លោក​ធ្លាប់​គាំទ្រ​ឱ្យ​ប្រើ​ថ្នាំ​ព្យាបាល​ជំងឺ​គ្រុន​ចាញ់​ hydroxychloroquine ដើម្បី​ព្យាបាល​ COVID-19 ហើយ​លោក​ Trump ថែម​ទាំង​បាន​សរសើរ​ថា​ នេះ​អាចជា​ “​អំណោយ​របស់​ព្រះ​” ទៀត​ផង​។ ក៏ប៉ុន្តែ ក្រុម​មន្ត្រី​សុខាភិបាល​បាន​ព្រមាន​អំពី​ការ​ប្រើ​ប្រាស់​ថ្នាំ​នេះ​​សម្រាប់​​ព្យាបាល​​COVID-19។

    បុរស​ម្នាក់​រស់នៅ​ក្នុង​រដ្ឋ Arizona នៃ​សហរដ្ឋ​អាមេរិក​ កាល​ពី​ខែ​មីនា​បាន​បាត់​បង់ជីវិត​ បន្ទាប់​​ពី​លេប​ថ្នាំ​ chloroquine phosphate ព្រោះ​តែ​ជឿ​ថា វា​ជួយឱ្យ​គាត់ទប់​ស្កាត់​ COVID-19។ ប្រពន្ធ​របស់​បុរស​ដែល​បាន​ស្លាប់​ខាង​លើ​នេះ​ បាន​ប្រាប់​ NBC News ថា អ្នក​ស្រី​ធ្លាប់​បាន​មើល​កម្មវិធី​ទូរទស្សន៍​មួយ​ ក្នុង​នោះ​មាន​ប្រធានាធិបតី​ Donald Trump បាន​និយាយ​អំពី​អត្ថ​ប្រយោជន៍​​នានា​របស់​ថ្នាំ chloroquine​នេះ​។

    ពិភពលោក​ទាំង​មូល បច្ចុប្បន្ន​មាន​ប្រទេស​ និង​ដែន​ដី​ចំនួន​210​ហើយ​ ដែល​មាន​វត្តមាន​របស់​COVID-19។ វីរុស​នេះ​ បាន​បណ្ដាល​ឱ្យ​មនុស្ស ​2,725,920​នាក់​កើត​រោគ​ ក្នុង​នោះ​មាន​191,061​នាក់​បាន​ស្លាប់​។ ចំណែក​នៅ​សហរដ្ឋ​អាមេរិកវិញ មាន​អ្នកជំងឺ​សរុប​​ 886,709​នាក់ ក្នុងនោះ​មាន​អ្នក​ស្លាប់​ 50,243​នាក់​ ខណៈ​អ្នក​ដែល​បាន​ជា​សះស្បើយ​ មាន​ចំនួន​ 85,922​នាក់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស