Category: អន្តរជាតិ

  • ហុងកុង​ចាប់​ខ្លួនបាតុករ​370​នាក់​ ក្នុង​នោះ​មាន​​10​នាក់ត្រូវ​បាន​ចោទ​ពី​បទ​ “រំលោភ​ច្បាប់​សន្តិសុខ​ថ្មី​”

    ហុងកុង​ចាប់​ខ្លួនបាតុករ​370​នាក់​ ក្នុង​នោះ​មាន​​10​នាក់ត្រូវ​បាន​ចោទ​ពី​បទ​ “រំលោភ​ច្បាប់​សន្តិសុខ​ថ្មី​”

    ប៉ូលិស​ហុង​កុង​បាន​ចាប់​ខ្លួន​មនុស្ស​ប្រមាណ​ជា​370នាក់ ក្នុង​នោះ​មាន​10​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​យោង​ទៅ​លើ​ច្បាប់​សន្តិសុខ​ថ្មី​របស់​ហុង​កុង​​ ខណៈ​ដែល​មាន​មនុស្ស​រាប់​ពាន់​នាក់​បាន​ចេញ​ធ្វើ​បាតុកម្ម​។

    កង​កម្លាំង​ប៉ូលិស​ហុង​កុង​បាន​បាញ់​ទឹក​ គ្រាប់​ជ័រ​ និង​ផ្សែង​បង្ហូរ​ទឹក​ភ្នែក​ដើម្បី​បំបែក​ហ្វូង​បាតុករ​ដែល​បាន​ចេញ​ធ្វើ​បាតុកម្ម​កាល​ពី​ម្សិល​​មិញ​ នៅ​ពេល​ដែល​មនុស្ស​រាប់​ពាន់​នាក់​បាន​នាំ​គ្នា​ហែ​ក្បួន​​ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​ប្រទេស​អង់គ្លេស​ប្រគល់​ហុង​កុង​មក​ឱ្យ​ប្រទេស​ចិន​ ដោយ​មិន​ខ្វល់​អំពី​បម្រាម​របស់​អាជ្ញាធរ​​​។

    បាតុករ​ចំនួន​10​នាក់​ដែល​​ត្រូវ​បាន​ចាប់ខ្លួន​​ទៅតាម​ច្បាប់​សន្តិសុខ​ថ្មី ព្រោះ​តែ​ពួក​គេ​បាន​នាំយក​ទង់​ឯករាជ្យ​ ស្លាក​សម្រាប់​បិទ​ និង​ខិត្ត​ប័ណ្ណ​ទៅ​តាម​ខ្លួន​។ “ការ​ធ្វើ​យុទ្ធ​នាការ​ដើម្បី​ឯករាជ្យ​សម្រាប់​ហុង​កុង​គឺជា​រឿង​ខុស​ច្បាប់​” នេះ​បើ​តាម​សម្ដី​របស់​មេដឹកនាំ​ផ្នែក​សន្តិសុខ​ហុង​កុង​ លោក John Lee។

    នៅក្នុង​ហេតុការណ៍​ខាង​លើ​នេះ មាន​មន្ត្រី​រដ្ឋាភិបាល​ចំនួន​7​នាក់​បាន​រង​របួស​​ ក្នុង​នោះ​ម្នាក់​ត្រូវ​បាន​ចាក់​នឹង​របស់​ស្រួច​ចាំ​ស្មា​ ខណៈ​កំពុង​ចាប់​ខ្លួន​បាតុករ​ ចំណែក​មន្ត្រី​3រូប​ផ្សេង​ទៀត​រង​របួស​ដោយ​សារ​ត្រូវ​គេ​ជិះ​ម៉ូតូ​បុក​។

    ទីក្រុង​ប៉េកាំង​បាន​ប្រកាស​ថា ច្បាប់​សន្តិសុខ​ថ្មី​នេះ​នឹង​ជួយ​រក្សា​សណ្ដាប់​ធ្នាប់​ក្នុង​តំបន់​រដ្ឋបាល​ពិសេស​ហុង​កុង​ ក្រោយ​ពី​មាន​អស្ថិរ​ភាព​ជិត​មួយ​ឆ្នាំ​មក​នេះ​។ ច្បាប់​សន្តិសុខ​ហុង​កុង​ត្រូវ​បាន​ប្រធានាធិបតី​ចិន​ លោក​ ស៊ី ជីនភីង​ ចុះ​ហត្ថលេខា​កាល​ពី​ល្ងាច​ថ្ងៃទី​30​មិថុនា​កន្លង​ទៅ​ បន្ទាប់​ពីច្បាប់​នេះ​ត្រូវ​បាន​គណៈកម្មធិការ​អចិន្ត្រៃយ៍នៃ​​រដ្ឋ​សភា​ចិន​ អនុម័ត​​ក្នុង​សម័យ​ប្រជុំ​លើក​ទី​20​។

    ច្បាប់​នេះ​ដាក់​ទោស​ឧក្រិដ្ឋ​ចំពោះ​សកម្ម​ភាព​ល្មើស​ចំនួន​4ប្រភេទ រួម​មាន​ សកម្ម​ភាព​ផ្ដាច់​ខ្លួន​ រដ្ឋ​ប្រហារ ភេរវកម្ម​ និង​អំពើ​ឃុប​ឃិត​ជាមួយ​បរទេស​ ឬ​ក្រុម​មនុស្ស​នៅ​ខាង​ក្រៅ​ដើម្បី​បង្ក​គ្រោះ​ថ្នាក់​ដល់​សន្តិសុខជាតិ​។ ជនណា​ដែល​បាន​រំលោភ​លើ​ច្បាប់​នេះ​ អាច​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធ​នាគារ​អស់​មួយ​ជីវិត​ ហើ​យ​សិទ្ធិ​ក្នុង​ការ​ប្ដឹង​និង​កាត់​ទោស​លើ​ “ករណី​ធ្ងន់​ធ្ងរ” គឺ​ស្ថិត​ក្រោម​អាជ្ញាធរ​ថ្នាក់​ជាតិ​។

    រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋអាមេរិក​ លោក Mike Pompeo និង​ក្រុម​អ្នក​តំណាង​រាស្ត្រ​អាមេរិកាំង​ បាន​សម្ដែង​ការ​មិន​​សប្បាយ​ចិត្ត​នៅ​ពេល​ដែល​ចិន​អនុម័ត​​ច្បាប់​សន្តិសុខ​ថ្មី​នេះ​។​ សហភាព​អឺរ៉ុប​ (EU) ក៏បាន​ប្រកាស​ថា ច្បាប់​នេះ​មាន​ហានិភ័យ​បង្ក​ឱ្យ​មានការ​ធ្លាក់ចុះ​យ៉ាង​​ធ្ងន់ធ្ងរ​នូវ​កម្រិត​នៃ​​​ស្វ័យ​គ្រប់​គ្រង​របស់​ទីក្រុង​ហុង​កុង​ ហើយ​ទន្ទឹម​នឹង​នេះ​ក៏​ផ្ដល់​ផល​អាក្រក់​ដល់​ឯករាជ្យ​ភាព​​ផ្នែក​យុត្តិ​ធម៌​ និង​នីតិរដ្ឋ​របស់​តំបន់​រដ្ឋ​បាល​ពិសេស​នេះ​ផងដែរ​។

    ប្រទេស​អង់គ្លេស​ក៏​បាន​ប្រកាស​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ហុង​កុង​ដែល​មាន​លក្ខខណ្ឌ​គ្រប់​គ្រាន់​ចំនួន​3​លាន​នាក់​ ទទួល​យក​លិខិត​ឆ្លង​ដែន​បរទេស​របស់អង់គ្លេស​ រួម​នឹង​អ្នក​ដែល​ស្ថិត​ក្នុង​បន្ទុក​ ឱ្យ​មក​តាំង​ទី​លំនៅ​ក្នុង​ប្រទេស​នេះ​ និង​មាន​ឱកាស​ក្លាយ​ជា​ពល​រដ្ឋ​អង់គ្លេស​កទៀត​ផង​។ ក្រសួង​ការ​បរទេស​អង់គ្លេស​បាន​ឱ្យ​ដឹង​ថា ការ​ទទួល​យក​ជន​ភៀស​ខ្លួន​ថ្មី​នេះ​នឹង​ត្រូវបាន​ធ្វើ​ឡើង​ “ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​”។

    ចំណែក​ប្រទេស​ចិន​វិញ បាន​ឱ្យ​ដឹង​ថា ប្រទេស​ចំនួន​52​ បាន​គាំទ្រ​ច្បាប់​សន្តិសុខ​ហុងកុង​ ក្នុង​នោះ​មាន​ដូច​ជា ប្រទេស​គុយបា ប្រទេស​ប៉ាគីស្ថាន មីយ៉ានម៉ារ អាហ្ស៊ីប កាមេរូន វេណេស៊ុយអេឡា និង​បេឡារូស​។ល។

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • ឆ្លងមេរោគហើយជាង 10លាននាក់ តែ WHO ថា ចំណុចអាក្រក់បំផុត នៅមិនទាន់មកដល់ទេ និងត្រៀមបញ្ជូនក្រុមអ្នកជំនាញទៅចិន រកប្រភពកំណើតវីរុស…

    ឆ្លងមេរោគហើយជាង 10លាននាក់ តែ WHO ថា ចំណុចអាក្រក់បំផុត នៅមិនទាន់មកដល់ទេ និងត្រៀមបញ្ជូនក្រុមអ្នកជំនាញទៅចិន រកប្រភពកំណើតវីរុស…

    6ខែ រាប់ចាប់ពីមានការឆ្លងរាលដាលរបស់មេរោគវីរុសកូរ៉ូណាប្រទេសថ្មី ឬកូវីដ-19 មក ពិភពលោកនៅតែស្ថិតនៅឆ្ងាយពីពាក្យថា “ចប់” និងចំណុចអាក្រក់បំផុត ថែមទាំងមិនទាន់មកដល់ទៀតផង…នេះបើតាមរយៈការដាស់តឿនរបស់អង្គការសុខភាពពិភពលោក ឬ WHO កាលពីថ្ងៃចន្ទ(ទី29មិថុនា)ម្សិលមិញ និងថែមទាំងបានបង្ហើបឱ្យដឹងទៀតថា កំពុងតែត្រៀមបញ្ជូនក្រុមការងារទៅប្រទេសចិន ដើម្បីស្វែងរកដើមកំណើតរបស់ជំងឺរាតត្បាតដ៏ធំមួយនេះ។

    ក្រោយឆ្លងកាត់បង្គោលជោគជ័យដ៏គួរឱ្យសោកសង្រេង ដែលចំនួនអ្នកស្លាប់បានកើនដល់ 500,000នាក់ និងឆ្លងមេរោគហក់ឡើងលើស 10លាននាក់ អង្គការសុខភាពពិភពលោក បានបញ្ជាក់ថា ​នេះគឺជាអំឡុងពេលដែលត្រូវបង្កើនភាពពុះពារព្យាយាមក្នុងការតស៊ូ ដើម្បីការពារអាយុជីវិតមនុស្សជាតិ។

    លោក ថេដ្រូស អាត់ហាណូម ហ្គេប្រេយេស៊ុស ប្រធានអង្គការសុខភាពពិភពលោក បាននិយាយនៅក្នុងការថ្លែងការណ៍ពីចម្ងាយមួយថា “6ខែមុន ប្រហែលជាគ្មានអ្នកណានឹកស្រមៃឃើញថា ពិភពលោករបស់យើង និងវិថីជីវិតរបស់យើង នឹងត្រូវបានគ្រវែងចូលទៅរកភាពច្របូលច្របល់ដោយសារវីរុសថ្មីមួយនេះឡើយ…យើងគ្រប់គ្នាត្រូវការឱ្យវាបញ្ចប់ យើងគ្រប់គ្នាសុទ្ធតែត្រូវការឱ្យជីវិតដើរទៅមុខជាបន្តទៀត តែការពិតដ៏សែនលំបាកលំបិន នៅមិនទាន់ទៅជិតចំណុចបញ្ចប់នៅឡើយ”

    លោកបន្ថែមថា “ទោះជាប្រទេសជាច្រើនមានភាពរីកចម្រើនទៅមុខខ្លះៗហើយមែន តែការពិត គឺជំងឺរាតត្បាតដ៏ធំទូទាំងពិភពលោក នៅតែបង្កើនល្បឿនយ៉ាងលឿន យើងគ្រប់គ្នាស្ថិតនៅក្នុងស្ថានការណ៍នេះដូចគ្នា ហើយយើងគ្រប់គ្នា នឹងស្ថិតនៅក្នុងស្ថានការណ៍នេះយូរតទៅទៀត…យើងចាំបាច់ត្រូវតែប្រមូលសន្សំភាពបត់បែន ភាពស៊ូទ្រាំ ភាពទន់ភ្លន់ ដាក់ខ្លួន និងភាពសណ្ដោសប្រណី ឱ្យបានច្រើនឡើងក្នុងច្រើនខែខាងមុខទៀត យើងនឹងជួបការបាត់បង់យ៉ាងច្រើនមែនទែន តែយើងមិនអាចបាត់បង់សេចក្ដីសង្ឃឹមបានឡើយ”

    លោកថេដ្រូស ប្រាប់ថា ជំងឺរាតត្បាតដ៏ធំ បានបង្ហាញឱ្យឃើញពីផ្នែកល្អបំផុត និងអាក្រក់បំផុតរបស់មនុស្សជាតិ​ ដោយសំអាងលើទង្វើនៃក្ដីមេត្តាករុណា និងភាពជាធ្លុងមួយ តែមួយជ្រុងទៀត ក៏មានការបង្វែរ បំភ្លៃទិន្នន័យ និងយកមេរោគវីរុសមកធ្វើជាល្បែងនយោបាយ។

    លោកបន្តទៀតថា “ក្នុងបរិយាកាសនៃភាពបែកបាក់ខាងនយោបាយរបស់ពិភពលោក និងការប្រេះស្រាំក្នុងកម្រិតជាតិ ចំណុចអាក្រក់បំផុត មិនទាន់មកដល់នៅឡើយ…ខ្ញុំសោកស្ដាយ ដែលត្រូវនិយាយបែបនេះ…ដោយសភាពបរិស្ថាន និងសភាវការណ៍ដែលសុទ្ធតែស្ថិតក្នុងលក្ខណៈនេះ យើងមានកង្វល់ពាក់ព័ន្ធនឹងស្ថានការណ៍ដែលនឹងអាក្រក់បំផុត”

    ក្រៅពីនេះ លោកថេដ្រូស នៅបានថ្លែងទៀតថា អង្គការសុខភាពពិភពលោក នឹងបញ្ជូនក្រុមការងារពិសេសមួយទៅប្រទេសចិននាសប្ដាហ៍ក្រោយ ពាក់ព័ន្ធនឹងការស្វែងរកប្រភពកំណើតរបស់វីរុស ដែលដុតបញ្ឆេះជំងឺរាតត្បាតដ៏ធំកូវីដ-19 ធ្វើឱ្យឆេះរាលដាលទូទាំងពិភពលោក។

    ស្ថាប័នសុខភាពសាធារណៈរបស់អង្គការសហប្រជាជាតិមួយនេះ បានព្យាយាមដាក់សម្ពាធប្រទេសចិនមកតាំងពីដើមខែឧសភា ដោយបង្ខំឱ្យប្រទេសមួយនេះ អញ្ជើញគណៈអ្នកជំនាញការរបស់ពួកគេ(WHO) ចូលទៅស៊ើបអង្កេតស្វែងរកសត្វដើមកំណើតរបស់មេរោគកូរ៉ូណាប្រភេទថ្មី ដោយលោកថេដ្រូស បាននិយាយថា “ការបានដឹងពីប្រភពកំណើតរបស់មេរោគវីរុសនេះ គឺជារឿងមួយសំខាន់បំផុត”។

    លោកបានថ្លែងថា “យើងនឹងអាចប្រយុទ្ធនឹងមេរោគវីរុសនេះបានល្អឡើង ប្រសិនបើយើងបានដឹងគ្រប់យ៉ាងពាក់ព័ន្ធនឹងវីរុសនេះ ក្នុងនោះរួមទាំងដឹងថា វាចាប់ផ្ដើមឡើងដោយរបៀបណាទៀតផង…យើងនឹងបញ្ជូនក្រុមការងារទៅប្រទេសចិននាសប្ដាហ៍ក្រោយនេះ ដើម្បីត្រៀមការសម្រាប់រឿងនេះ ហើយយើងសង្ឃឹមថា វានឹងនាំមកនូវការ​យល់ដឹងថា វីរុសនេះ ចាប់ផ្ដើមឡើងរបៀបយ៉ាងម៉េច?”

    តែលោកមិនបានបញ្ជាក់ប្រាប់ថា ក្រុមការងារឈុតនេះ នឹងមានអ្នកជំនាញការមកពីប្រទេសណាខ្លះ ឬភារកិច្ចពិសេសរបស់ពួកគេ គឺអ្វីឡើយ។

    យ៉ាងណាក្ដី ពួកអ្នកវិទ្យាសាស្ត្រ ជឿថា មេរោគវីរុសកូរ៉ូណាប្រភេទថ្មិ ដែលចាប់កំណើតឡើងនៅក្នុងប្រទេសចិនកាលពីចុងឆ្នាំកន្លងទៅនោះ បានលោតចេញពីសត្វចូលមករកមនុស្ស ដោយមានភាពអាចទៅរួចថា មានចំណុចចាប់ផ្ដើមចេញពីផ្សារលក់សាច់សត្វប្លែកៗ នៅក្នុងទីក្រុងវូហាន៕

    ប្រភព៖ សារព័ត៌មានបរទេស

  • ដឹងហើយ ចង់ទន់ជង្គង់!! បើកតម្លៃ “Remdesivir” ថ្នាំកូវីដ-19 1ដប $390 និងព្យាបាលជាដាច់តម្លៃ $2,340

    ដឹងហើយ ចង់ទន់ជង្គង់!! បើកតម្លៃ “Remdesivir” ថ្នាំកូវីដ-19 1ដប $390 និងព្យាបាលជាដាច់តម្លៃ $2,340

    ហ្គីលលៀត សៃអេនសេស ក្រុមហ៊ុនផលិតឱសថដ៏ល្បីល្បាញរបស់អាមេរិក នឹងគិតប្រាក់ពីរដ្ឋបាលសហរដ្ឋអាមេរិក និងប្រទេសអភិវឌ្ឍន៍នានា 390ដុល្លារ ក្នុង​1ដប សម្រាប់ “រេមដេស៊ីវៀរ” ឬ Remdesivir ថ្នាំព្យាបាលជំងឺកូវីដ-19 ឬប្រមាណ 2,340ដុល្លារ ពេញមួយរយៈពេលព្យាបាលឱ្យជាដាច់ ដែលប្រើពេលវេលា 5ថ្ងៃ។

    នៅក្នុងសេចក្ដីថ្លែងការណ៍ ដែលបានផ្សព្វផ្សាយកាលពីថ្ងៃចន្ទ(ទី29មិថុនា)ម្សិលមិញ ក្រុមហ៊ុនហ្គីលលៀត បានបញ្ជាក់ថា ខ្លួននឹងដាក់ស្នើតម្លៃខាងលើ ទៅបណ្ដាប្រទេសអភិវឌ្ឍន៍ហើយនៅទូទាំងពិភពលោក ដើម្បីធ្វើជាគំរូតម្លៃស្តង់ដាតែមួយដូចគ្នា ចៀសវាងការចរចាតម្លៃតាមប្រទេសមួយៗ ដែលនឹងធ្វើឱ្យការទទួលបានថ្នាំមានភាពយឺតយ៉ាវ។

    លោក ដានៀល អូដេយ៍ CEO របស់ក្រុមហ៊ុន ហ្គីលលៀត សៃអេនសេស ថ្លែងថា “យើងត្រូវការការជឿជាក់ថា នឹងគ្មានអ្វីមករារាំង រេមដេស៊ីវៀរ ក្នុងការចូលទៅដល់អ្នកប្រើប្រាស់ឡើយ តម្លៃ នឹងសាងការជឿទុកចិត្តថា គ្រប់គ្នាទូទាំងពិភពលោក នឹងទទួលបានថ្នាំមួយនេះ”

    390ដុល្លារ ក្នុង 1ដប ជាតម្លៃសម្រាប់អង្គភាពផ្សេងៗរបស់រដ្ឋបាល និងនៅពេលការផ្គត់ផ្គង់មានច្រើនឡើង ខាងហ្គីលលៀត នឹងចាប់ផ្ដើមលក់ថ្នាំមួយនេះ តាមរយៈការចាត់ចែងចំណាយនៅតាមហាងទូទៅ ដោយតម្លៃសម្រាប់ក្រុមហ៊ុនធានារ៉ាប់រងសុខភាពឯកជន និងអ្នកទិញបែបពាណិជ្ជកម្មផ្សេងៗក្នុងសហរដ្ឋអាមេរិក នឹងស្ថិតក្នុងតម្លៃ 520ដុល្លារ ក្នុង​1ដប ឬ 3,120ដុល្លារ ពេញមួយរយៈពេល 5ថ្ងៃនៃការព្យាបាល។

    Remdesivir ជាថ្នាំមួយ ក្នុងចំណោមថ្នាំព្យាបាលកូវីដ-19 ដំបូងៗ ដែលគេស្គាល់យ៉ាងទូលំទូលាយ ដោយវាបានទទួលការអនុញ្ញាតពីគណៈអ្នកគ្រប់គ្រងច្បាប់ទម្លាប់របស់សហរដ្ឋអាមេរិក កាលពីខែឧសភា សម្រាប់ប្រើក្នុងករណីបន្ទាន់ ក្រោយពីការសាកល្បងប្រើទៅលើមនុស្ស 1ក្រុមធំ ហើយរកឃើញថា ថ្នាំនេះជួយជំរុញការស្ដារខ្លួនឡើងវិញរបស់អ្នកជំងឺកូវីដ-19 ដែលសម្រាកព្យាបាលនៅក្នុងមន្ទីពេទ្យ និងកាន់តែឆាប់ជាសះស្បើយឡើងប្រមាណជា 4ថ្ងៃ។

    ពេលនេះ ថ្នាំ​ និងវ៉ាក់សាំងជាច្រើនរយប្រភេទ កំពុងស្ថិតក្នុងអំឡុងការអភិវឌ្ឍទូទាំងពិភពលោក ខណៈដែលពួកអ្នកស្រាវជ្រាវ បាននាំគ្នាញាប់ដៃញាប់ជើងរិះរកវិធីទប់ស្កាត់ការឆ្លងរាលដាលរបស់មេរោគរាតត្បាតដ៏ធំនេះ ដែលចម្លងមេរោគឆ្លងទៅមនុស្សទូទាំងពិភពលោកជាង 10លាននាក់ និងស្លាប់រួចទៅហើយជាង 500,000នាក់។

    ក្រុមហ៊ុនផលិតឱសថ ហ្គីលលៀត សៃអេនសេស ធ្លាប់បានសន្យាបរិច្ចាគថ្នាំ ពេញមួយខែមិថុនានេះ តែឥរិយាបថរបស់ក្រុមហ៊ុន ដែលថានឹងគិតប្រាក់ ក្រោយពីការបរិច្ចាគបានបញ្ចប់នោះ បានធ្វើឱ្យកើតមានប្រធានបទជជែកតវ៉ាគ្នាយ៉ាងក្ដៅគគុក ដោយសារតែការដាក់តម្លៃរបស់ហ្គីលលៀតនេះនឹងបង្កឱ្យកើតមានផលប៉ះពាល់ឡើង ព្រោះវាបានក្លាយជាគំរូមូលដ្ឋានលើរឿងតម្លៃរបស់ថ្នាំព្យាបាលកូវីដ-19 ទាំងឡាយផ្សេងទៀត ដែលនឹងផលិតចេញមកនាពេលអនាគត។

    តម្លៃភាគហ៊ុនរបស់ ហ្គីលលៀត សៃអេនសេស​ បានហក់ឡើងដល់ 1.8% ក្រោយពីការដាក់តម្លៃថ្នាំ Remdesivir ក្នុងតម្លៃ 2,340ដុល្លារ សម្រាប់ការព្យាបាលដែលប្រើរយៈពេល 5ថ្ងៃ នៅក្នុងសហរដ្ឋអាមេរិក និងបណ្ដាប្រទេសអភិវឌ្ឍន៍ហើយមួយចំនួន។

    វិបត្តិវីរុសកូរ៉ូណាប្រភេទថ្មី នៅក្នុងសហរដ្ឋអាមេរិក កំពុងតែវិលត្រឡប់មករីករាលដាលជាថ្មីម្ដងទៀត ខណៈដែលករណីអ្នកឆ្លងមេរោគថ្មី បានឡើងដល់កម្រិតខ្ពស់បំផុតជាប្រវត្តិសាស្ត្រ ដោយនៅក្នុងរដ្ឋមួយចំនួន ដូចជា តិចសាស់ អារីហ្សូណា និងហ្វ្លរីដា ជាដើម អ្នកជំងឺបានចាប់ផ្ដើមពេញណែនក្នុងមន្ទីរពេទ្យ ហើយផែនការវិលមកបើកសេដ្ឋកិច្ចឡើងវិញនោះ ត្រូវបានផ្អាកទុកសិន។

    ទាំងអស់នេះ ក្នុងរយៈពេលនៃការព្យាបាល 5ថ្ងៃ ចាំបាច់ត្រូវប្រើថ្នាំ Remdesivir ចំនួន 6ដប តែក៏មានអ្នកជំងឺមួយចំនួន ដែលចាំបាច់ត្រូវប្រើពេលវេលាព្យាបាលដល់ទៅ 10ថ្ងៃ ឬអស់ថ្នាំ 11ដបដែរ ដូច្នេះ តម្លៃចាយវាយសរុបខ្ពស់បំផុត អាចកើនឡើងដល់ 4,290ដុល្លារឯណោះ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • មិនទាន់ចប់!! លោកដូណាល់ ត្រាំ ត្រូវអ៊ីរ៉ង់ត្រៀមសុំ “InterPol” ចេញដីកាចាប់ខ្លួន ក្នុងរឿងក្ដីសម្លាប់ឧត្ដមសេនីយ៍ សុឡៃម៉ានី

    មិនទាន់ចប់!! លោកដូណាល់ ត្រាំ ត្រូវអ៊ីរ៉ង់ត្រៀមសុំ “InterPol” ចេញដីកាចាប់ខ្លួន ក្នុងរឿងក្ដីសម្លាប់ឧត្ដមសេនីយ៍ សុឡៃម៉ានី

    អាជ្ញាធរប្រទេសអ៊ីរ៉ង់ បានអនុម័តវិធានការដើម្បីត្រៀមស្នើសុំទៅ InterPol ឬប៉ូលិសអន្តរជាតិ ឱ្យចេញដីកាចាប់ខ្លួនលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ក្នុងរឿងក្ដីលបធ្វើឃាតអតីតអគ្គមេបញ្ជាការអង្គភាពប្រយុទ្ធ ឃុតស៍ គឺឧត្ដមសេនីយ៍ កាសេម សុឡៃម៉ានី ក្នុងអំឡុងដែលឧត្ដមសេនីយ៍រូបនេះកំពុងស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់កាលពីខែមករាកន្លងទៅ។

    ស្ពុតនិក នីវស៍ សារព័ត៌មានរបស់ប្រទេសរុស្ស៊ី បានរាយការណ៍នៅថ្ងៃទី29 មិថុនាម្សិលមិញថា បានរកឃើញថា ទីភ្នាក់ងារព័ត៌មានរបស់អ៊ីរ៉ង់ជាច្រើន រួមទាំងMehr News និងហ្វារ៍ នីវស៍ផង បានរាយការណ៍ដោយអាងលើប្រភពព័ត៌មានខាងក្រសួងយុត្តិធម៌ នៃប្រទេសអ៊ីរ៉ង់ថា អាជ្ញាធរអ៊ីរ៉ង់កំពុងស្ថិតក្នុងដំណើរការវិធានការត្រៀមស្នើសុំឱ្យប៉ូលិសអន្តរជាតិ ចេញដីកាចាប់ខ្លួន ដែលហៅថា “ដីកាក្រហម” ប្រឆាំងមេដឹកនាំសហរដ្ឋអាមេរិក។

    អគ្គអយ្យការក្នុងទីក្រុងតេអេរ៉ង់ លោកអាលី អាល់ខាសៃ-មេហ៍រ (Ali Alqasi-Mehr) បានថ្លែងកាលពីថ្ងៃចន្ទ(ទី29មិថុនា)ម្សិលមិញថា “មានភាពអាចទៅរួច ក្នុងការបញ្ជាក់ពីតួបុគ្គលចំនួន 36នាក់ ដែលគេជឿថា ជាប់ពាក់ព័ន្ធក្នុងការត្រៀមការ ឬពាក់ព័ន្ធនឹងការលបធ្វើឃាតលោកឧត្ដមសេនីយ៍ កាសេម សុឡៃម៉ានី ដែលនៅក្នុងចំណោមក្រុមមនុស្សទាំងនោះ គឺជាអ្នកនយោបាយដ៏សំខាន់ និងនាយទាហានលំដាប់ខ្ពស់របស់អាមេរិក និងប្រទេសដទៃទៀត”។ លោកបានបន្តទៀតថា “ឈ្មោះដែលបង្ហាញឡើងដំបូងគេគឺ ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ”។

    យោងតាមមន្ត្រីដែលរកឃើញរឿងនេះ បាននិយាយថា អាជ្ញាធរនៃក្រសួងយុត្តិធម៌របស់អ៊ីរ៉ង់ កំពុងប្រើវិធានការ ដើម្បីត្រូវការនាំយកមនុស្សទាំងនោះ ចូលមកក្នុងកិច្ចដំណើរការយុត្តិធម៌នៅក្នុងប្រទេសអ៊ីរ៉ង់ និងបានអំពាវនាវទៅដល់ទីស្នាក់ការប៉ូលិសអ៊ីនធើរប៉ូល ដែលមានទីតាំងនៅក្នុងប្រទេសបារាំង ឱ្យរួមសហការដោយការចេញដីកាក្រហមចំពោះមនុស្សទាំងអស់នោះ ដែលសិនជាបានទទួលការអនុម័ត ខាងប៉ូលិសអន្តរជាតិ នឹងត្រូវស្នើសុំឱ្យស្ថាប័នចេញបញ្ជាប្រើច្បាប់ក្នុងប្រទេសផ្សេងៗ ផ្ដល់ការសហការក្នុងការតាមរក និងចាប់ខ្លួនជនត្រូវចោទទាំងនោះ។

    ទីភ្នាក់ងារព័ត៌មានរុស្ស៊ីថ្លែងថា ក្រុងតេអេរ៉ង់បានដាក់បទចោទទៅលើលោកត្រាំ និងមនុស្សដទៃទៀត ក្នុងរឿងក្ដីសម្លាប់មនុស្ស និងមានទង្វើបង្កភេរវកម្ម ដែលជារឿងក្ដីមានស្ថានទម្ងន់ទោសខ្ពស់បំផុត គឺប្រហារជីវិត ក្រោមច្បាប់អាជ្ញារបស់ប្រទេសអ៊ីរ៉ង់នៅពេលនេះ។

    យោងតាមអគ្គអយ្យការខ្ពស់បំផុតរបស់អ៊ីរ៉ង់បាននិយាយថា ក្រុងតេអេរ៉ង់នឹងធ្វើឱ្យលោកត្រាំ ចូលមកក្នុងកិច្ចដំណើរការខាងយុត្តិធម៌ឱ្យបាន ទោះបីជាលោកត្រាំផុតពីតំណែងហើយក៏ដោយ។

    សូមរំឭកថា លោកឧត្ដមសេនីយ៍ កាសេម សុឡៃម៉ានី ត្រូវសហរដ្ឋអាមេរិកប្រើយន្តហោះដ្រូនលបធ្វើឃាតកាលពីថ្ងៃទី3 មករា ដើមឆ្នាំនេះក្នុងអំឡុងពេលស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់ ដោយនៅក្នុងអំឡុងចុងខែមករានោះ សារព័ត៌មាន ប៊ីសស៊ីនីស អ៊ីនសៃឌើរ បានរាយការណ៍ថា តាមរយៈការធ្វើប្រជាមតិចេញមក បានបង្ហាញថា 1 ក្នុងចំណោម 4នាក់នៃប្រជាជនអាមេរិកាំង ជឿថា ​លោកប្រធានាធិបតី ដូណាល់ ត្រាំ គួរតែត្រូវឡើងតុលាការអាជ្ញាអន្តរជាតិ ដើម្បីស៊ើបអង្កេតពីករណីលបធ្វើឃាតឧត្ដមសេនីយ៍សុឡៃម៉ានី ក្នុងរឿងក្ដី ឧក្រិដ្ឋជនសង្គ្រាម ខណៈដែល 55%ទៀត ជឿថា ការលបធ្វើឃាតឧត្ដមសេនីយ៍សុឡៃម៉ានី នឹងធ្វើឱ្យប្រទេសអាមេរិក កាន់តែមានសុវត្ថិភាពតិចទៅៗ៕

     

    ប្រភព៖ សារព័ត៌មានបរទេស

  • ប្រើក្បាច់គុនគុងហ្វ៊ូ!!?? ក្រុងប៉េកាំងបញ្ជូន “អ្នកចេះវិជ្ជាគុន” ទៅព្រំដែនជាប់ប្រទេសឥណ្ឌា មុនកើតហេតុប៉ះទង្គិចគ្នាក្ដៅគគុក

    ប្រើក្បាច់គុនគុងហ្វ៊ូ!!?? ក្រុងប៉េកាំងបញ្ជូន “អ្នកចេះវិជ្ជាគុន” ទៅព្រំដែនជាប់ប្រទេសឥណ្ឌា មុនកើតហេតុប៉ះទង្គិចគ្នាក្ដៅគគុក

    ចិនបាននាំយកក្រុមអ្នកឡើងភ្នំ និងអ្នកចេះក្បាច់គុន ចូលទៅបន្ថែមកម្លាំងឱ្យកងទាហានរបស់ខ្លួន ដែលកំពុងប្រចាំការនៅក្បែរព្រំដែនជាប់នឹងប្រទេសឥណ្ឌា មិនយូរប៉ុន្មាន មុននឹងកើតហេតុការណ៍ប៉ះទង្គិចគ្នារវាងកងទាហានរបស់ប្រទេសទាំង2 ដែលធ្វើឱ្យមានអ្នកស្លាប់ជាច្រើននាក់ ដោយមិនមានការប្រើអាវុធ ឬគ្រឿងផ្ទុះអ្វីទាំងអស់ កាលពីពាក់កណ្ដាលខែមិថុនាកន្លងទៅថ្មីៗ។ នេះបើតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរបស់រដ្ឋចិន។

    ព្រំដែនរួមក្នុងតំបន់ នៅជ្រលងភ្នំចោតខ្ពស់របស់ប្រទេសជិតខាងគ្នាទាំង2 ដែលមានបំពាក់អាវុធនុយក្លេអ៊ែរដូចគ្នានេះ តែងតែកើតមានភាពតានតឹងឡើងជាប្រចាំ តែការប៉ះទង្គិចគ្នា ដែលកើតឡើងក្នុងគ្រានេះ អាចរាប់បានថា ជាការប្រឈមមុខដាក់គ្នាដែលមានអ្នកស្លាប់ច្រើនបំផុតក្នុងរង្វង់រយៈពេលជាង 50ឆ្នាំកន្លងមកនេះ។

    តាមរបាយការណ៍ព័ត៌មានរបស់ “ឆៃណា ណេស្សិននែល ឌីហ្វិនស៍ នីវស៍” សារព័ត៌មានផ្លូវការរបស់ភាគីទាហានចិន បានឱ្យដឹងថា កងកម្លាំងទាហានភូមិ (Militia) អង្គភាពថ្មីចំនួន 5កង ដែលក្នុងនោះមានពួកអតីតសមាជិករបស់ក្រុមអ្នករត់កាន់គប់ភ្លើងអូឡាំពិក ឆ្លងកំពូលភ្នំអេវើរេសត៍ និងពួកអ្នកប្រយុទ្ធ មកពីក្លិបហ្វឹកហាត់វិជ្ជាគុនលាយឡំនៅក្នុងនោះដែរ បានមកតម្រង់ជួរទទួលការត្រួតពលនៅក្នុងក្រុងឡាសា តំបន់គ្រប់គ្រងខ្លួនឯង ទីបេត៍ កាលពីថ្ងៃទី15 មិថុនា។

    ស្ថានីយទូរទស្សន៍មជ្ឈិមរបស់រដ្ឋបាលចិន(ស៊ីស៊ីធីវី) បានចាក់ផ្សាយក្លិបវីដេអូ ដែលបង្ហាញឱ្យឃើញពី កងទាហានថ្មី ចំនួនជាច្រើនរយនាក់ កំពុងឈរតម្រង់ជួរនៅក្នុងក្រុងឡាសា។

    តាមរបាយការណ៍របស់ “ឆៃណា ណេស្សិននែល ឌីហ្វិនស៍ នីវស៍” លោក វ៉ាង ហៃចៀង មេបញ្ជាការកងទាហានទីបេត៍ បានថ្លែងថា ពួកអ្នកប្រយុទ្ធដែលមកពីក្លិបហ្វឹកហាត់វិជ្ជាក្បាច់គុន “អ៊ឹនប៉ូ” នឹង “បង្កើនកម្រិតភាពរឹងមាំក្នុងការរៀបចំស្ថាប័ន និងក្នុងការប្រមូលផ្ដុំពលទាហាន” រហូតដល់ “ការឆ្លើយតបយ៉ាងឆាប់រហ័ស និងមានសមត្ថភាពខ្ពស់ក្នុងការផ្ដល់ការអន្តរាគមន៍” របស់កងទាហានភូមិទាំងនេះ “បានកើនឡើងយ៉ាងច្រើន”។ បើទោះជាលោកវ៉ាង មិនបានអះអាងយ៉ាងចំហច្បាស់លាស់ថា ការនាំមនុស្សទាំងអស់នេះចេញមកដាក់ប្រចាំការនៅត្រង់ចំណុចនោះ មានភាពពាក់ព័ន្ធនឹងភាពតានតឹងខាងព្រំដែនដែលកំពុងកើតឡើងក៏ដោយ។

    តែនៅអំឡុងពេលតមក ក្នុងថ្ងៃដដែលនោះឯង ស្រាប់តែ ទាហានចិន និងទាហានឥណ្ឌា បានកើតការប៉ះទង្គិចគ្នា នៅក្នុងតំបន់ឡាដាក់ ដែលស្ថិតនៅឆ្ងាយពីក្រុងឡាសា ប្រមាណជា 1,300គីឡូម៉ែត្រ ដោយខាងភាគីឥណ្ឌា បានថ្លែងថា ទាហានរបស់ខ្លួន 20នាក់ ត្រូវបានសម្លាប់ក្នុងការប្រយុទ្ធគ្នាដោយប្រើអាវុធសាហាវៗ អាក្រក់ៗនៅក្នុងថ្ងៃនោះ រួមទាំងបានអះអាងទៀតថា ភាគីទាហានចិន បានស្លាប់ច្រើនជាងខាងខ្លួនទៅទៀត តែខាងភាគីចិនវិញ មិនដែលបញ្ជាក់ថា មានអ្នករបួសឬក៏អត់ ឬមានចំនួនប៉ុន្មាននាក់ឡើយ។

    ទាំង 2ភាគី សុទ្ធតែថ្កោលទោសគ្នាទៅវិញទៅមកថា ជាអ្នកបង្កហេតុ ធ្វើឱ្យកើតការវាយប្រយុទ្ធគ្នាឡើង ដោយបានប្រើដុំថ្ម និងដំបងប្រភេទផ្សេងៗធ្វើជាអាវុធ និងគ្មានការបាញ់កាំភ្លើង ឬគ្រឿងផ្ទុះអ្វីទាំងអស់។

    ទាំងអស់នេះ កន្លងមក ចិន និងឥណ្ឌាបានធ្វើកិច្ចព្រមព្រៀងរួមគ្នាមួយ ដោយហាមប្រើប្រាស់កាំភ្លើង និងគ្រឿងផ្ទុះនៅក្នុងទីតាំងនោះ តែកងកម្លាំងទាំង 2ខាង ក៏នៅតែប៉ះទង្គិចគ្នាយ៉ាងកាចសាហាវ ដោយប្រើអាវុធដែលធ្វើឡើងដោយខ្លួនឯងបែបភ្លាមៗនៅនឹងកន្លែងនោះតែម្ដង។

    ឥណ្ឌាបានថ្លែងកាលពីថ្ងៃពុធ ទី25 មិថុនាកន្លងទៅថា ខ្លួនបានបន្ថែមកម្លាំងនៅក្នុងតំបន់ព្រំដែនលើជ្រលងភ្នំហិមាល័យ ត្រង់ចំណុចនោះ ដោយបាននិយាយថា ដើម្បីឱ្យមានភាពប្រដំប្រសងគ្នានឹងការបន្ថែមកម្លាំងក្នុងទំនងដូចគ្នារបស់ភាគីចិន។

    សម្រាប់ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ចិនវិញ ក្នុងអំឡុងប៉ុន្មានសប្ដាហ៍កន្លងមក បានបង្ហាញឱ្យឃើញដដែលៗថា មានកិច្ចការងារខាងយោធាដ៏អ៊ឹកធឹកក្លៀវក្លា រួមទាំងការហ្វឹកហាត់តតាំងប្រឆាំងអាកាសយាន នៅលើទីខ្ពង់រាបក្នុងតំបន់យោធាទីបេត៍ ដែលមានព្រំដែនជាប់គ្នានឹងខាងឥណ្ឌាផងដែរ។

    ឆៃណា ណេស្សិននែល ឌីហ្វិនស៍ នីវស៍ បានបន្ថែមទៀតថា ការបង្កើនកម្លាំងទាហានភូមិថ្មីៗបែបនេះ គឺក្នុងគោលបំណងដើម្បី “បង្កើនភាពរឹងមាំដល់តំបន់ព្រំដែន និងបង្កើនស្ថិរភាពរបស់ទីបេត៍”៕

     

    ប្រភព៖ សារព័ត៌មានបរទេស

    ប្រែសម្រួលដោយ តាវ៉ែនតា

  • យានអវកាសចិន បើកលើផ្នែកងងឹតបំផុត លើពិភពព្រះចន្ទ បានចម្ងាយ 463.26 ម៉ែត្រហើយ

    យានអវកាសចិន បើកលើផ្នែកងងឹតបំផុត លើពិភពព្រះចន្ទ បានចម្ងាយ 463.26 ម៉ែត្រហើយ

    កាលពីថ្ងៃទី28 ខែមិថុនា ឆ្នាំ​2020 នៅក្នុងសេចក្ដី​ប្រកាស​របស់​រដ្ឋបាល​អវកាស​ចិន បាន​រាយការណ៍​ថា រយៈពេល​ 1ឆ្នាំកន្លះមកនេះ យាន Yutu-2 នៃបេសកកម្ម​ Chang’e-4 បាន​បើកបរ​នៅ​លើផ្ទៃដី​ផ្នែកម្ខាង​ទៀត​នៃពិ​ភពព្រះចន្ទ (តំបន់​ងងឹត​ដែល​មនុស្ស​លើ​ផែនដី​មិនអាច​មើលឃើញ និង​ជា​តំបន់​ដែល​មិនទាន់​មាន​ប្រទេស​ណា​បញ្ជូន​យាន​អវកាស​ទៅដល់) បាន​ចម្ងាយ 463.26ម៉ែត្រ​ហើយ។

    រដ្ឋបាលអវកាស​ចិន​ បាន​សម្រេច​ជោគជ័យ​លើក​ដំបូង​ជា​ប្រវត្តិសាស្រ្ត​ ក្នុងការ​ចុះចត​យាន​ Yutu-2 លើផ្ទៃដី​ពិភពព្រះចន្ទ​ខាងលើ​នេះ កាលពី​ថ្ងៃទី​3 ខែ​មករា ឆ្នាំ​2019 ដើម្បី​រុករករ៉ែ និង​សិក្សាពី​រចនាសម្ព័ន្ធ​ និងគំរូនានា។

    ប្រតិបត្តិការ​របស់​យាន​នេះ នឹង​ជួយឱ្យអ្នក​វិទ្យាសាស្រ្ត​ដឹងអំពី​អាថ៌កំបាំង​នានា​ ដែល​ស្ថិតក្រោមដី​​ព្រះចន្ទ​នៅតំបន់ងងឹតនោះ ការប៉ះទង្គិច​គ្នា​រវាងពិភពព្រះចន្ទ និង​វត្ថុដទៃទៀត សកម្មភាពភ្នំភ្លើង និង​ការវិវឌ្ឍ​ភូគព្ភសាស្រ្តលើពិភពមួយនេះ​ជាដើម។

    ចិន​​ ក៏គ្រោងនឹង​បាន​បង្ហោះយានអវកាស Chang’e-5 ដើម្បី​នាំយកគំរូ​ដែល Yutu-2 ប្រមូលបាន​ពីពិភពព្រះចន្ទ មកផែនដី នៅចុងឆ្នាំនេះផងដែរ៕

  • សហរដ្ឋ​អាមេរិក​បញ្ចូល​ឈ្មោះ​ក្រុម​ហ៊ុន​​ចំនួន​20​​ទៅ​ក្នុង​​​បញ្ជី “​​​ក្រុម​ហ៊ុន​ដែល​គ្រប់​គ្រង​ដោយ​បក្ស​កុម្មុយនិស្ត​​ចិន​”​ ដើម្បី​រៀប​ចំ​ការ​ដាក់​ទណ្ឌ​កម្ម​ផ្នែក​ហិរញ្ញវត្ថុ​

    សហរដ្ឋ​អាមេរិក​បញ្ចូល​ឈ្មោះ​ក្រុម​ហ៊ុន​​ចំនួន​20​​ទៅ​ក្នុង​​​បញ្ជី “​​​ក្រុម​ហ៊ុន​ដែល​គ្រប់​គ្រង​ដោយ​បក្ស​កុម្មុយនិស្ត​​ចិន​”​ ដើម្បី​រៀប​ចំ​ការ​ដាក់​ទណ្ឌ​កម្ម​ផ្នែក​ហិរញ្ញវត្ថុ​

    អាជ្ញាធរ​របស់​ប្រធានាធិបតិ​អាមេរិកាំង​ Donald Trump បាន​រកឃើញ​ក្រុម​ហ៊ុន​ចិន​ចំនួន​20​ដែលជា​កម្មសិទ្ធិ​ ឬ​​គ្រប់​គ្រង​ដោយ​កង​ទ័ព​​នៃ​បក្ស​កុម្មុយនិស្ត​ចិន​ ដែល​នេះ​បាន​ធ្វើ​ឱ្យ​ក្រុម​អ្នក​វិភាគ​យល់​ថា វា​ជា​ជំហាន​បឋម​ដើម្បី​ឱ្យ​សហរដ្ឋ​អាមេរិក​ធ្វើការ​ដាក់​ទណ្ឌ​កម្ម​ថ្មី​មួយ​ទៀត​។ ក្នុង​បញ្ជី​ឈ្មោះ​នេះ​ ក៏​មាន​ក្រុម​ហ៊ុន​ Huawei, Hikvision, China Mobile និង​ក្រុម​ហ៊ុន​ China Telecom​ ផងដែរ​។

    យោង​តាម​ Reuters ឯកសារ​ពី​ក្រសួង​ការ​ពារ​ជាតិ​អាមេរិក​បាន​បង្ហើប​ឱ្យ​ដឹង​អំពី​បញ្ជី​ឈ្មោះមួយ​ដែល​មាន​រាយ​នាម​​ក្រុម​ហ៊ុន​ចិន​ចំនួន​20​ដែល​ទទួល​បាន​ជំនួយ​ពី​កង​ទ័ព​ចិន​ និង​កំពុង​រកស៊ី​នៅ​សហរដ្ឋ​អាមេរិក​ ភាគច្រើន​គឺជា​ក្រុម​ហ៊ុន​រដ្ឋ​ និង​គ្រប​ដណ្ដប់​ទៅ​លើ​វិស័យ​ជា​ច្រើន​ដូច​ជា អាកាស​ចរណ៍​ ទូរគមនាគមន៍​ ថាម​ពល​នុយក្លេអែរ​ ផលិត​កប៉ាល់​។ល។

    បណ្ដា​ក្រុម​ហ៊ុន​ចិន​ផ្សេង​ទៀត​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​នេះ​​ រួមមាន​ដូច​ជា​៖ ក្រុម​ហ៊ុន​ឧស្សាហ​កម្ម​អាកាស​ចរណ៍​ចិន​ (Aviation Industry Corporation of China) ក្រុម​ហ៊ុន​សាង​សង់​ផ្លូវ​ដែកចិន​ (China Railway Construction Corporation) ក្រុម​ហ៊ុន​បច្ចេកវិទ្យា​អាកាស​ចរណ៍​ចិន​ (AviChina Industry & Technology Company Limited) ក្រុម​ហ៊ុន​វិទ្យា​សាស្ត្រនិង​បច្ចវិទ្យា​ចិន​ (China Aviation Science and Industry Corporation) ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ចិន​ភាគ​ខាង​ត្បូង​ (China South Industries Group) ក្រុម​ហ៊ុន​ឧស្សាហកម្ម​ផលិត​កប៉ាល់​ចិន​ (China State Shipbuilding Corporation)​ ក្រុម​ហ៊ុន​ផលិត​កប៉ាល់​​រដ្ឋ​ចិន​ (China State Shipbuilding Corporation) ក្នុង​ក្រុម​ឧស្សាកម្ម​ចិន​ភាគ​ខាង​ជើង​ (China North Industries Group Corporation) ក្រុម​ហ៊ុន ​Inspur Group ក្រុម​ហ៊ុន​ Aero Engine Corporation of China ក្រុម​ហ៊ុន​ Panda Green Energy Group ក្រុម​ហ៊ុន​ China General Nuclear Power Group​​ ក្រុម​ហ៊ុន​ China General Nuclear Power Group និង​​ក្រុម​ហ៊ុន​ China National Nuclear Corporation​ ផងដែរ​។

    សហរដ្ឋ​អាមេរិក​បញ្ចូល​ឈ្មោះ​ក្រុម​ហ៊ុន​​ចំនួន​20​​ទៅ​ក្នុង​​​បញ្ជី "​​​ក្រុម​ហ៊ុន​ដែល​គ្រប់​គ្រង​ដោយ​បក្ស​កុម្មុយនិស្ត​​ចិន​"​ ដើម្បី​រៀប​ចំ​ការ​ដាក់​ទណ្ឌ​កម្ម​ផ្នែក​ហិរញ្ញវត្ថុ​ក្រសួង​ការ​ពារជាតិ​សហរដ្ឋ​អាមេរិក​ បាន​យោង​ទៅ​តាម​ច្បាប់​ផ្ដល់​សិទ្ធិ​ការ​ពារ​ជាតិ​ឆ្នាំ​1999 ដើម្បី​បង្កើត​បញ្ជី​ឈ្មោះ​ក្រុម​ហ៊ុន​ខាង​លើ​នេះ។ របាយការណ៍​បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​ មន្ទីរ​បញ្ចកោណ​មិនទាន់​បាន​កំណត់​សកម្ម​ភាព​ទាក់​ទិន​នឹងការ​ដាក់​ទណ្ឌកម្ម​ណា​មួយ​នៅ​ឡើយ​ ប៉ុន្តែ ដោយ​យោង​ទៅតាម​ច្បាប់​ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​​មាន​សិទ្ធិ​អនុវត្ត​ការ​ដាក់ទណ្ឌ​កម្ម​ហិរញ្ញវត្ថុ​ទៅលើ​ក្រុម​ហ៊ុន​ទាំង​នេះ​ រួម​មានទាំង​ការ​បង្កក​ទ្រព្យ​សម្បត្តិ​របស់​ក្រុម​ហ៊ុន​ទាំង​នេះ​ទៀត​ផង។ នេះ​បើ​តាម​ទំព័រ​ Axios។

    ក្រៅ​ពី​នេះ​ Axios ក៏​បាន​ឱ្យ​ដឹង​ថា​ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ក៏​នៅ​មាន​សិទ្ធិ​ក្នុង​ការ​ប្រើប្រាស់​ច្បាប់​ “កម្លាំង​សេដ្ឋកិច្ច​បន្ទាន់​អន្តរជាតិ ​IEEPA (International Emergency Economic Powers Act) ដើម្បី​ដាក់ទណ្ឌ​កម្ម​លើ​បណ្ដា​ក្រុម​ហ៊ុន​របស់កង​ទ័ព​ចិន​នៅ​លើ​ទឹក​ដី​សហរដ្ឋ​អាមេរិកផងដែរ​​។

    សេតវិមានមិន​បាន​បង្ហើប​ឱ្យ​ដឹង​ថា នឹង​បង្កក​ទ្រព្យ​សម្បត្តិ​របស់​បណ្ដា​ក្រុម​ហ៊ុន​នេះ​ឬ​អត់​ ប៉ុន្តែ​ មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ម្នាក់​បាន​ថ្លែង​ថា បញ្ជី​ឈ្មោះ​ខាងលើ​នេះ​នឹង​ត្រូវ​បាន​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ ក្រុម​ហ៊ុន​ អ្នក​វិនិយោគ​ ក្រុម​អ្នក​សិក្សា​ស្រាវ​ជ្រាវ​ និង​ដៃ​គូ​សហការជា​ដើម​ ធ្វើ​ការ​ស៊ើប​អង្កេត​លម្អិត​ មុន​ពេល​អញ្ជើញ​បណ្ដា​ក្រុម​ហ៊ុន​ចិន​ខាងលើ​មក​សហការ​ ពិសេស​គឺ​នៅ​ពេល​ដែល​ចំនួន​ក្រុម​ហ៊ុន​ក្នុង​បញ្ជី​នេះ​បាន​កើន​ឡើង​ច្រើន​។

    ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា បញ្ជី​ឈ្មោះ​នេះ​នឹង​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បណ្ដា​ក្រុម​ហ៊ុន​អាមេរិកាំង​ដែល​សហការ​ជាមួយ​ក្រុម​ហ៊ុន​ចិន​ និង​ក្រុម​ជំនាញ​នានា​របស់​ចិន​ដែល​កំពុង​រកស៊ី​​​នៅ​លើ​ទឹក​ដី​សហរដ្ឋ​អាមេរិក៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • មេដឹកនាំ 3រូប…ខ្លាំង! តែខ្លោច…

    មេដឹកនាំ 3រូប…ខ្លាំង! តែខ្លោច…

    ខណៈដែលមនុស្សទូទាំងពិភពលោកនៅតែត្រូវប្រុងប្រយ័ត្នការឆ្លងរាលដាលរបស់កូវីដ-19 ដែលនៅតែសាងបញ្ហានៅក្នុងភូមិភាគជាច្រើននោះ ប្រទេសដែលប្រកាសបន្ធូរបន្ថយវិធានការគ្រប់គ្រងការពារមួយចំនួន កំពុងប្រឈមនឹងការឆ្លងមេរោគរលកទី2 ដូចដែលយើងបានឃើញស្រាប់ហើយ ដូចជានៅក្នុងប្រទេសចិន កូរ៉េខាងត្បូង អូស្ត្រាលី និងថ្មីៗបំផុតគឺ អាល្លឺម៉ង់…។

    នៅអាល្លឺម៉ង់ មានបុគ្គលិកមន្ទីរសត្តឃាតឆ្លងមេរោគជាង 1,500នាក់ ក្នុងទីក្រុងគូទើស្លូហ៍ ត្រូវបិទទីក្រុងដែលមានមនុស្សរស់នៅជាង 3សែននាក់មួយនេះ និងត្រូវប្រើកងទាហានចូលទៅជួយក្នុងការពិនិត្យរកមេរោគពីអ្នកដែលស្ថិតក្នុងក្រុមមនុស្សដែលមានភាពប្រថុយប្រថាន និងនៅមានភាពអាចទៅរួចក្នុងការត្រូវតែបិទ និងដាក់ទីក្រុងនោះឱ្យនៅដាច់ដោយឡែក។

    ទោះជាយ៉ាងដូច្នោះក្ដី ក៏សហគមន៍ពិភពលោកនៅតែបានឃើញ និងបានដឹងពីអាការអំណួតអួតអាង មិនយកចិត្តទុកដាក់ខ្វល់ខ្វាយនឹងភាពប្រថុយប្រថានរបស់មេដឹកនាំ យ៉ាងតិច 3រូប របស់ប្រទេសដែលមានអ្នកឆ្លងមេរោគ និងស្លាប់ច្រើនបំផុត 3លំដាប់លើគេក្នុងពិភពលោក ក្នុងអំឡុងពេលកន្លងមក ដែលបានព្យាយាមមិនព្រមទទួលស្គាល់ថា កូវីដ-19 អាចសាងវិបត្តធ្ងន់ធ្ងរគ្រប់ផ្នែកបែបនេះ។

    មេដឹកនាំទាំង 3រូបនោះ គឺលោកដូណាល់ ត្រាំ នៃសហរដ្ឋអាមេរិក លោកឆាអ៊ី បូលសូណារូ នៃប្រទេសប្រេស៊ីល និងលោកបូរីស ចនសុន នៃប្រទេសអង់គ្លេស។ ទាំង 3នាក់នេះមានទង្វើមិនខុសគ្នាទេ គឺអួតខ្លួនឯងពូកែ មិនខ្លាចការឆ្លងមេរោគ មិនព្រមពាក់ម៉ាស់អនាម័យការពារពេលទៅបង្ហាញខ្លួននៅក្នុងហ្វូងមហាជន និងធ្វើព្រងើយកន្តើយចំពោះសំឡេងរិះគន់ទាំងឡាយ។

    ទីកន្លែង​សម្រាប់​កប់​ខ្មោច

    គឺជាគំរូមិនល្អចំពោះប្រជាជន ដែលមើលឃើញច្បាស់នោះ គឺជនស្បែកសភាគច្រើនដែលទៅចូលរួមស្ដាប់លោកត្រាំថ្លែងការណ៍ រកសំឡេងឆ្នោតនៅទីក្រុងថាល់សា អូក្លាហូម៉ា ភាគច្រើនមិនព្រមពាក់ម៉ាស់អនាម័យការពារ ទោះជាអង្គុយជិតៗគ្នានៅក្នុងទីលានកីឡដ្ឋាន ហើយមន្ត្រីរបស់លោកត្រាំ ត្រូវបានរកឃើញថា ឆ្លងមេរោគដល់ទៅ 8នាក់។
    លោកត្រាំ ត្រូវបាក់មុខ អារម្មណ៍មួម៉ៅល្អក់កករ ព្រោះអ្នកមកចូលរួមស្ដាប់ការថ្លែងប្រាស្រ័យនាពេលនោះ មានត្រឹមតែ 7ពាន់ជាងនាក់ នៅក្នុងទីលានកីឡាដ្ឋានដែលអាចដាក់មនុស្សបានដល់ទៅ 2ម៉ឺននាក់ ដែលមុនពេលនោះ មានការរំពឹងទុកថា នឹងមានមនុស្សមកក្បែរៗ 1លាននាក់ តាមរយៈការណាត់ទុកជាមុន។

    សហរដ្ឋអាមេរិក ជាប់លេខ1 ជាប្រទេសដែលមានចំនួនអ្នកឆ្លងមេរោគជាង 2.3លាននាក់ ស្លាប់ជាង 1.22សែននាក់ ហើយលោកត្រាំថែមទាំងបានដកវិធានការការពារផ្សេងៗចេញ និងថែមទាំងប្រើពាក្យសម្ដីស្ទើរលេងស្ទើរមែន ពាក់ព័ន្ធនឹងវិធានការពិនិត្យរកមេរោគទៀតផង។ ភាពបរាជ័យក្នុងការទប់ទល់នឹងស្ថានការណ៍នេះ ធ្វើឱ្យលោកត្រាំលែងមានភាពគួរឱ្យគោរពជឿជាក់។

    តែលោកត្រាំ ក៏នៅតែមាត់រឹង មិនព្រមទទួលស្គាល់ភាពខុសឆ្គងរបស់ខ្លួន គិតតែពីបន្ទោសអ្នកដទៃ និងរឿងហេតុផ្សេងៗ ព្រមទាំងបង្កើតរឿងផ្សេងៗឡើង ដើម្បីបិទបាំងភាពបរាជ័យរបស់ខ្លួន…ថ្មីៗបំផុតនេះ លោកត្រាំ បានចេញបញ្ជា ហាមជនបរទេសដែលមានជំនាញថ្វីដៃ មិនឱ្យចូលប្រទេសដើម្បីធ្វើការងារ ដោយយកលេសថា ត្រូវរក្សាការងារទុកឱ្យប្រជាជនអាមេរិក។

    បទបញ្ជានេះ នឹងហុចផលប៉ះពាល់ដល់កម្លាំងពលកម្មជាច្រើនសែននាក់ ជាពិសេសក្នុងផ្នែកធុរកិច្ចរបស់ព័ត៌មានវិទ្យា ធ្វើឱ្យ Google ធ្វីតធើរ ហ្វេសប៊ុក និងអាម៉ាហ្សូន មានការមិនពេញចិត្តយ៉ាងខ្លាំង និងបានប្រុងប្រៀបរៀបចំថា នឹងធ្វើលិខិតចំហមួយ សម្ដែងពីក្ដីមិនពេញចិត្ត ព្រោះបទបញ្ជានេះ វានឹងធ្វើឱ្យខ្វះខាតកម្លាំងពលកម្មខាងផ្នែកនេះ។

    លោក ត្រាំ នៅមិនទាន់មានវិធីណាមួយក្នុងការកែបញ្ហាកូវីដ-19 បាននៅឡើយ ព្រោះមិនបានយកចិត្តដាក់ចំពោះការដាស់តឿនរបស់បណ្ដាអ្នកជំនាញការ ដែលមិនអាចចូលជិតលោកត្រាំបាន ព្រោះទៅផ្ដល់ទិន្នន័យដែលធ្វើឱ្យលោកត្រាំមិនចូលចិត្ត ធ្វើឱ្យអ្នកជំនាញការពូកែៗ ដូចជាលោកវេជ្ជបណ្ឌិត អ៊ែនថូនី ហ្វៅស៊ី និងរូបឺត រេដហ្វ៊ីល របស់ស្ថាប័ន ស៊ីឌីស៊ី ត្រូវបិទមាត់។

    ទាំង 2នាក់នេះ ទើបតែទៅផ្ដល់យោបល់ជាមួយគណៈកម្មាធិការរបស់សភាតំណាងរាស្ត្រកាលពីថ្ងៃអង្គារ រួមជាមួយប្រធានស្ថាប័នផ្សេងៗ ដែលមានចំណែកក្នុងការទប់ទល់នឹងការឆ្លងរាលដាលរបស់មេរោគកូវីដ-19 ដោយបានសម្ដែងពីក្ដីបារម្ភកង្វល់ថា នឹងមានការឆ្លងរាលដាលជាថ្មីម្ដងទៀត ព្រោះមើលឃើញតួលេខអ្នកឆ្លងបានកើនឡើងខ្លាំងនៅក្នុងរដ្ឋជាច្រើន ខណៈនៅមានទាន់វ៉ាក់សាំងការពារ។

    មេដឹកនាំប្រទេសប្រេស៊ីល លោក ឆាអ៊ី បូលសូណារូ ត្រូវគេមើលឃើញថា ជាលោកត្រាំ នៃភូមិភាគអាមេរិកឡាទីន ក៏មានទង្វើមិនខុសគ្នាដែរ មិនពាក់ម៉ាស់អនាម័យការពារពេលទៅបង្ហាញខ្លួននៅក្នុងហ្វូងសាធារណជន ហើយរាងព្រហើនៗ មិនស្ដាប់អ្នកណា និងមិនជឿគោលការណ៍វិទ្យាសាស្ត្រ ធ្វើឱ្យតួលេខអ្នកឆ្លងមេរោគ និងស្លាប់នៅក្នុងប្រទេសប្រេស៊ីល ក្លាយជាប្រទេសលំដាប់លេខ2។

    ប្រជាជនប្រេស៊ីលឆ្លងមេរោគជាង 1.12លាននាក់ ស្លាប់រួចទៅហើយជាង 5ម៉ឺននាក់ ជាប់លំដាប់លេខ2 បន្ទាប់ពីសហរដ្ឋអាមេរិក។ ជនរងគ្រោះភាគច្រើន ជាជនកុលសម្ព័ន្ធព្រៃនៅតាមដងទន្លេអាម៉ាហ្សូន ដែលការសិក្សាអប់រំទៅមិនដល់ និងនៅក្នុងទីប្រជុំជនអនាធិបតេយ្យចំនួនដ៏ច្រើនក្នុងទីក្រុងធំៗ ដូចជា រីអូ ដឺ ចាណេរ៉ូ, ប្រាស៊ីលៀ និងសៅ ប៉ូឡូ ជាដើម។

    ការឆ្លងរាលដាលនៅប្រេស៊ីល ទើបតែមានតួលេខកើនឡើងក្នុងអត្រាខ្ពស់នៅក្នុងខែនេះឯង ហើយប្រទេសជិតខាង ដូចជា ប៉េរូ ឈីលី កូឡុំបៀ ជាដើម ក៏មានចំនួនអ្នកឆ្លងមេរោគច្រើនដូចគ្នា ក្លាយជាប្រភពចម្លងដ៏ធំមួយ នៅតំបន់អាមេរិកឡាទីន។

    លោក បូលសូណារូ ធ្វើឫកពូកែអួតអាង រហូតដល់តុលាការបញ្ជាឱ្យពាក់ម៉ាស់អនាម័យការពារកាលពីថ្ងៃអង្គារ ដូច្នេះ ចាំមើលថា តើមេដឹកនាំដែលយកគំរូតាមលោកត្រាំ នឹងហ៊ានប្រឆាំងនឹងបញ្ជាតុលាការដែរឬទេ? និងថែមទាំងត្រូវចាំមើលទៀតថា តើការឆ្លងមេរោគ និងស្លាប់ប្រចាំថ្ងៃរបស់ប្រជាជនប្រេស៊ីល នឹងថយចុះឬទេ? បើមេដឹកនាំនៅតែគ្មានវិធានការដែលទទួលបានលទ្ធផលល្អបែបនេះ។

    នៅមានម្នាក់ទៀត ដែលចេញក្បួនដូចលោកត្រាំដែរ នោះគឺលោក បូរីស ចនសុន នាយករដ្ឋមន្ត្រីនៃប្រទេសអង់គ្លេស ដែលច្រើនតែមិនពាក់ម៉ាស់អនាម័យការពារ និងយឺតយ៉ាវក្នុងការកែសម្រួលវិធានការទប់ទល់មេរោគកូវីដ-19។ អង់គ្លេសមានតួលេខអ្នកស្លាប់ជាង 5ម៉ឺននាក់ដូចគ្នា ហើយក្នុង 1ថ្ងៃៗ ការឆ្លងមេរោគ និងការស្លាប់ នៅតែស្ថិតក្នុងអត្រាខ្ពស់ជាងប្រទេសផ្សេងៗក្នុងទ្វីបអឺរ៉ុបនៅឡើយ។

    កាលពីមុនហ្នឹង លោកចនសុន បានអះអាងថា ត្រូវឱ្យប្រជាជនទទួលមេរោគ និងសាងប្រពន្ធប្រឆាំងជំងឺដោយខ្លួនឯង។ វិធានការគ្រប់គ្រងក៏មិនតឹងរ៉ឹង រហូតដល់ការឆ្លងមេរោគ និងចំនួនអ្នកស្លាប់កើនឡើងច្រើន ពេញហៀរក្នុងមន្ទីរពេទ្យ និងកន្លែងទុកសាកសព ដែលភាគច្រើនជាជនស្បែកពណ៌ផ្សេងៗ និងជនជាតិភាគតិច។

    ពេលខ្លះត្រូវប្រើប្រាស់អគារកន្លែងចតរថយន្ត ធ្វើជាកន្លែងដាក់សាកសពបណ្ដោះអាសន្នសម្រាប់អ្នកស្លាប់ដែលជាជនមុស្ល៊ីម រង់ចាំការនាំយកទៅបញ្ចុះ…និងទម្រាំតែចេញវិធានការតឹងរ៉ឹង ការឆ្លងរាលដាលក៏រីកធំបាត់ទៅហើយ តែលោកចនសុន ក៏ដូចលោកត្រាំដែរ គឺត្រូវការបន្ធូរបន្ថយវិធានការដើម្បីស្ដារសេដ្ឋកិច្ច ទាំងដែលការឆ្លងរាលដាលនៅមិនទាន់ថយចុះនៅឡើយ។

    ថ្ងៃទី4 ខែក្រោយ លោកចនសុន នឹងអនុញ្ញាតឱ្យធុរកិច្ចផ្សេងៗ ដូចជា រង្គសាល ភោជនីយដ្ឋាន ហាងអ៊ុតកែសម្ផស្ស និងហាងបម្រើសេវាកម្មផ្សេងៗ បើកដំណើរការតាមប្រក្រតី នៅសល់តែក្រុមអាជីពដែលប្រថុយប្រថានប៉ុណ្ណោះ ដែលត្រូវរង់ចាំមើលស្ថានការណ៍បន្តទៀត។

    មានអ្នកលើកចំណុចសង្កេតឡើងថា បើមេដឹកនាំ ទាំងលោកត្រាំ លោកបូលសូណារូ និងលោកចនសុន បានប្រកាសវិធានការគ្រប់គ្រងការពារតឹងរ៉ឹងឱ្យលឿនជាងនេះ ចំនួនអ្នកឆ្លងមេរោគ និងស្លាប់ ប្រហែលជាមិនច្រើនដល់ថ្នាក់នោះទេ តែទាំង 3នាក់មានភាពដូចគ្នាមួយ គឺមិនស្ដាប់អ្នកណា មិនជឿគោលការណ៍វិទ្យាសាស្ត្រ អំណួត និងមិនទទួលខុសត្រូវលើការខូចខាត។

    លោកត្រាំ ថែមទាំងត្រូវអ្នកសារព័ត៌មានដាក់ចំណុចសង្កេតទៀតថា តើមើលឃើញជីវិតប្រជាជនអាមេរិកាំង គ្មានន័យ ឬយ៉ាងណា? បានជាយកទៅធ្វើជារឿងកំប្លែង ក្នុងអំឡុងការថ្លែងប្រាស្រ័យរកសំឡេងឆ្នោត និងការថ្លែងការណ៍នាពេលកន្លងមក និងប្រហែលជាលោក មានគ្រឹះនៃការរិះគិតក្នុងអារម្មណ៍រើសអើងពណ៌សម្បុរ ជាតិសាសន៍ទៀតផងក៏មិនដឹង ទើបមានផ្នត់គំនិតស្ដាំនិយមយ៉ាងគ្មានបិទបាំងបែបនេះ។

    អ្នកជំនាញការដែលបានផ្ដល់យោបល់ទៅគណៈកម្មាធិការ បានឱ្យរង់ចាំមើលថា 2សប្ដាហ៍ទៀតបន្ទាប់ពីនេះទៅ តើតួលេខអ្នកឆ្លងមេរោគ នឹងកើនឡើងច្រើនឬទេ? ដោយសារតែការប្រមូលផ្ដុំគ្នានៅក្នុងទីកន្លែងផ្សេងៗ រួមទាំងអូក្លាហូម៉ាផង និងត្រូវចាំមើលថា នៅក្នុងតំបន់ផ្សេងៗ នៅក្នុងទ្វីបជាច្រើនដែលកំពុងបង្ហាញសញ្ញាថា មានការឆ្លងរាលដាលរលកទី2 នោះ មានភាពអាចទៅរួចខ្ពស់ណាស់៕

    ប្រភព៖ សារព័ត៌មានបរទេស
    ប្រែសម្រួលដោយ តាវ៉ែនតា

  • រន្ទះបាញ់​នៅ​ឥណ្ឌា​បាន​សម្លាប់​មនុស្ស​ជាង​100​នាក់​! គ្រួសារ​សព​ទទួល​បាន​សំណង​ច្រើន​

    រន្ទះបាញ់​នៅ​ឥណ្ឌា​បាន​សម្លាប់​មនុស្ស​ជាង​100​នាក់​! គ្រួសារ​សព​ទទួល​បាន​សំណង​ច្រើន​

    មនុស្ស​ជាង​100​នាក់​បាន​បាត់បង់​ជីវិត និង​រាប់​សិប​នាក់​រង​របួស​​ក្នុង​ថ្ងៃ​តែ​មួយ​នៅ​ក្នុង​រដ្ឋ​ Bihar និង​រដ្ឋ Uttar Pradesh នៅ​ភាគ​ខាង​ជើង​ប្រទេស​ឥណ្ឌា​ ដោយ​សារ​តែ​ត្រូវ​រន្ទះ​បាញ់​។

    មន្ទីរ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​នៃរដ្ឋ​ Bihar បាន​ឱ្យ​ដឹង​ថា ស្រុក​ Gopalganj មាន​អ្នក​ស្លាប់​ច្រើន​ជាង​គេ​ ដោយ​មាន​13​ករណី​។ ចំណែក​​ក្រៅ​ពី​នេះ​ គឺ​មាន​នៅ​ក្នុង​តំបន់​ចំនួន​22​ផ្សេង​ទៀត​របស់​រដ្ឋ​នេះ​ ខណៈ​ដែល​មាន​យ៉ាង​តិច​30​នាក់​ត្រូវ​រងរបួស​។ រដ្ឋ Uttar Pradesh ក៏​បាន​រាយ​ការណ៍​ថា មាន​មនុស្ស​ចំនួន​24​នាក់​បាន​ស្លាប់​ និង​12​នាក់​រង​របួស​ដោយ​សារ​រន្ទះ​បាញ់​។

    ករណី​ខាង​លើ​នេះ​បាន​កើត​ឡើង​នៅ​ក្នុង​ថ្ងៃទី​25​មិថុនា​2020​ដូច​គ្នា​។ Sandeep Kumar ដែល​ជា​មន្ត្រី​ម្នាក់​មក​ពី​មន្ទីរ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​នៃ​រដ្ឋ Bohar ថ្លែង​ថា ក្រុម​គ្រួ​សារ​នីមួយ​ៗ​ដែល​មាន​អ្នក​ស្លាប់​ដោយ​សារ​រន្ទះ​បាញ់ សុទ្ធ​តែ​ទទួល​បាន​ប្រាក់​ជំនួយ​ចំនួន​5,300​នាក់​។

    នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា​ លោក Narendra Modi បានបង្ហោះ​​សារ​នៅ​លើ​ទំព័រ​ Twitter របស់​លោក​ថា ករណី​ស្លាប់​ដោយ​សារ​រន្ទះ​បាញ់​​នៅក្នុង​បណ្ដា​ស្រុក​នៃ​រដ្ឋ​ Bihar និង​រដ្ឋ Uttar Pradesh គឺជា “ព័ត៌មាន​ដ៏គួរ​ឱ្យ​សង្វេគ”។ លោក​បន្ត​ថា អាជ្ញាធរ​មូលដ្ឋាន​បាន​ចូល​រួម​បំពេញ​បេសកកម្ម​ជួយ​សង្គ្រោះ​បន្ទាន់​ ព្រម​ទាំង​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​គ្រួ​សារ​នៃ​ជន​រង​គ្រោះ​ផងដែរ​។

    រន្ទះបាញ់​នៅ​ឥណ្ឌា​បាន​សម្លាប់​មនុស្ស​ជាង​100​នាក់​នៅប្រទេស​ឥណ្ឌា​ និង​តំបន់​អាស៊ី​ខាង​ត្បូង​ តែង​តែ​មាន​ករណី​ស្លាប់​ដោយ​សារ​រន្ទះ​បាញ់​ជាញឹក​ញាប់​នៅក្នុង​ខែ​ឧសភា​និង​ខែ​មិថុនា​ជា​រៀង​រាល់​ឆ្នាំ​។ យោង​តាម​អង្គ​ភាព​គ្រប់គ្រង​ឯកសារ​ជាតិ​ឥណ្ឌា​ មនុស្ស​ចំនួន​2,880​នាក់​បាន​ស្លាប់​ដោយ​សារ​រន្ទះ​បាញ់​​នៅ​ក្នុង​​ឆ្នាំ​2017 និង​2,357​នាក់​នៅ​ក្នុង​ឆ្នាំ​2018។

    ករណី​បាត់​បង់​ជីវិត​ដោយ​សារ​រន្ទះ​បាញ់​នៅ​ប្រទេស​ឥណ្ឌា​ ភាគ​ច្រើន​កើត​ឡើង​ទៅ​លើ​កសិករ​ដែល​ជា​អ្នក​តែង​តែ​ចេញ​ទៅ​ធ្វើ​ការ​នៅ​កណ្ដាល​វាល​ សូម្បី​តែ​ពេល​​មេឃ​កំពុង​​ភ្លៀង​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • តៃវ៉ាន់​បញ្ជូន​ទ័ព​ទៅកាន់​ប្រជុំ​កោះ​ដែល​កំពុង​ដណ្ដើម​គ្នា​ជាមួយ​ចិន​

    តៃវ៉ាន់​បញ្ជូន​ទ័ព​ទៅកាន់​ប្រជុំ​កោះ​ដែល​កំពុង​ដណ្ដើម​គ្នា​ជាមួយ​ចិន​

    កង​ទ័ព​ម៉ារីន​តៃវ៉ាន់​ បញ្ជូន​ទាហាន​របស់​ខ្លួន​ទៅ​កាន់​ប្រជុំ​កោះ​ Pratas (ឬ​ Dongsha/Tungsha) បន្ទាប់​ពី​មាន​ដំណឹង​ថា​ ទីក្រុង​ប៉េកាំង​ត្រៀម​ធ្វើ​សមយុទ្ធ​នៅក្នុង​តំបន់​។

    កាល​ពី​ថ្ងៃទី​22​មិថុនា​កន្លង​ទៅ​ មន្ត្រី​ម្នាក់​ដែល​ស្ថិត​ក្នុង​កង​កម្លាំង​ការ​ពារ​កោះ​របស់​តៃវ៉ាន់ បាន​ឱ្យ​ដឹង​ថា កង​ទ័ព​ម៉ារីន​របស់​តៃវ៉ាន់​កំពុង​ត្រូវ​បាន​បញ្ជូន​មក​កាន់​ប្រជុំ​កោះ​ Tungsha ក្នុង​រយៈ​ពេល​ខ្លី​ ដើម្បី​ធ្វើ​ការ​ហ្វឹក​ហាត់​។ ប៉ុន្តែ មន្ត្រី​រូប​នេះ​មិន​បាន​បង្ហើប​ឱ្យ​ដឹង​លម្អិត​អំពី​ចំនួន​ទាហាន​ដែល​ត្រូវ​បញ្ជូន​មក​កាន់​ទី​នេះ​ រួម​នឹង​ពេល​វេលា​ច្បាស់​លាស់​នោះ​ទេ​។

    ប្រជុំ​កោះ​ Tungsha ដែល​ស្ថិត​នៅ​​ភាគឦសាន​នៃ​សមុទ្រចិន​ខាង​ត្បូង​ មាន​តួនាទី​ជា​យុទ្ធ​សាស្ត្រ​យ៉ាង​សំខាន់​សម្រាប់​ចិន​ប៉េកាំង​ និង​ចិន​តៃប៉ិ ដោយ​សារ​តែ​ប្រជុំ​កោះ​នេះ​នៅ​ទល់​មុខ​ផ្លូវ​ចេញ​ចូលសមុទ្រ​ប៉ាស៊ីហ្វីក​របស់​កង​ទ័ព​ជើង​ទឹក​ចិន​ដែល​មាន​មូលដ្ឋាន​នៅ​កោះ​ Hainan។ បច្ចុប្បន្ន​ តៃវ៉ាន់​កំពុង​តែ​ដាក់​ពង្រាយ​កង​កម្លាំង​ប៉ូលិស​ជើង​ទឹក​​ដើម្បី​ត្រូត​ពិនិត្យ​ប្រជុំ​កោះ​Tungsha ប៉ុន្តែ ភាគី​ខាង​ទីក្រុង​ប៉េកាំង​ក៏​បាន​និង​កំពុង​អះអាង​ថា នេះគឺជា​ទឹក​ដី​របស់​ខ្លួន​។

    តៃវ៉ាន់​បញ្ជូន​ទ័ព​ទៅកាន់​ប្រជុំ​កោះ​កំពុង​ដណ្ដើម​គ្នា​ជាមួយ​ចិន​
    ​ប្រជុំ​កោះ​នេះ​នៅ​ទល់​មុខ​ផ្លូវ​ចេញ​ចូលសមុទ្រ​ប៉ាស៊ីហ្វីក​របស់​កង​ទ័ព​ជើង​ទឹក​ចិន​ដែល​មាន​មូលដ្ឋាន​នៅ​កោះ​ Hainan

    សកម្ម​ភាព​ខាង​លើ​របស់​កោះតៃវ៉ាន់ ត្រូវបាន​ធ្វើ​ឡើង​ក្រោយ​ពី​មាន​ដំណឹង​ថា កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ (PLA) មាន​គម្រោង​ធ្វើ​សមយុទ្ធ​ទ្រង់​ទ្រាយ​ធំ​​នៅ​ក្នុង​តំបន់​​នា​​​ខែ​សីហា​ខាងមុខ​ ក្នុង​នោះ​ក៏​នឹង​មាន​ឈុត​ឆាក​អនុវត្ត​សេនារីយោ​វាយ​លុក​ដណ្ដើម​ប្រជុំ​កោះ​Tungsha ផងដែរ​។

    ភាព​តាន​តឹង​នៅ​ឆក​សមុទ្រ​តៃវ៉ាន់​ ថ្មី​ៗនេះ​បាន​ឡើង​កម្ដៅ​ខ្លាំង​បន្ទាប់​ពី​ចិន​បាន​បញ្ជូន​យន្ត​ហោះ​ចម្បាំង​ យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក រួម​នឹង​យន្ត​ហោះ​ដឹកជញ្ជូន​​ចូល​ទៅ​ក្បែរ​កោះ​ក្នុង​រយៈ​ពេល​6ខែ​។ ភាគីក្រសួង​ការ​ពារ​ជាតិ​ចិន​ មិន​ទាន់​បាន​បញ្ជាក់​អំពី​មូលហេតុ​ដែល​នាំ​ឱ្យ​មាន​ការ​បង្កើន​វត្តមាន​ទ័ព​នៅ​ជុំ​វិញ​កោះ​តៃវ៉ាន់​នៅឡើយ។

    តៃវ៉ាន់​បញ្ជូន​ទ័ព​ទៅកាន់​ប្រជុំ​កោះ​កំពុង​ដណ្ដើម​គ្នា​ជាមួយ​ចិន​
    ទីតាំង​​ប្រជុំ​កោះ​ Pratas (ឬ​ Dongsha/Tungsha) ដែល​កំពុង​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​តៃវ៉ាន់

    ក្រុម​អ្នកវិភាគ​យល់​ថា សកម្ម​ភាព​ហោះ​ហើរ​ទៅកៀក​កោះ​តៃវ៉ាន់​ ហាក់​ដូច​ជា​ការ​ប្រតិកម្ម​របស់​ទីក្រុង​ប៉េកាំង​ ក្រោយ​ពី​ទីក្រុង​វ៉ាស៊ីង​តោន បាន​បញ្ជូន​យន្ត​ហោះ​ដឹក​ជញ្ជូន​ឱ្យ​ហោះ​ទៅ​ដល់​ជាយ​កោះ។​ ទន្ទឹម​នឹង​នេះ ទីក្រុង​ប៉េកាំង​ក៏មាន​បំណង​ព្រមាន​ទៅលើ​ករណី​តៃវ៉ាន់​បាញ់​រ៉ុក​កែត​ចំនួន​2គ្រាប់​កាលពីថ្ងៃទី​11​មិថុនាផងដែរ​។ ការ​បាញ់​សាកល្បង​កាំជ្រួច​របស់​តៃវ៉ាន់​នេះ​ ស្ថិត​នៅក្នុង​កម្មវិធី​អភិវឌ្ឍ​អាវុធ​ដើម្បី​បង្កើន​​សមត្ថ​ភាព​ការ​ពារ​​​កោះ​តៃវ៉ាន់​​នៅ​ចំពោះ​មុខ​ការ​គំរាម​កំហែង​ពី​ចិន​ដី​គោក​៕

    ប្រភព​៖ Focus Taiwan