Category: អន្តរជាតិ

  • កម្ពុជា​រកឃើញ​ករណី​ឆ្លង​COVID-19​ ថ្មី​ 5​នាក់​ ខណៈ​ពិភពលោក​រកឃើញ​ជាង​291,000នាក់ក្នុង​រយៈ​ពេល​24​ម៉ោងចុង​ក្រោយ​នេះ​

    កម្ពុជា​រកឃើញ​ករណី​ឆ្លង​COVID-19​ ថ្មី​ 5​នាក់​ ខណៈ​ពិភពលោក​រកឃើញ​ជាង​291,000នាក់ក្នុង​រយៈ​ពេល​24​ម៉ោងចុង​ក្រោយ​នេះ​

    ក្រសួង​សុខាភិបាល​កម្ពុជា​ នាព្រឹក​នេះ​ (1សីហា) បាន​ប្រកាស​ឱ្យ​ដឹង​ថា បាន​រកឃើញ​អ្នក​ជំងឺCOVID-19 ​ថ្មី​ ចំនួន​5​ករណី​បន្ថែម​ទៀត​ ដែល​នេះ​ត្រូវ​បាន​រកឃើញ​កាល​ពី​ថ្ងៃទី​31​កក្កដា​2020។​

    គិត​មក​ដល់​បច្ចុប្បន្ន កម្ពុជា​បាន​រកឃើញ​អ្នកផ្ទុក​ COVID-19 សរុប​ ​ចំនួន​239​នាក់​ ក្នុង​នោះ​អ្នក​ជំងឺ​បាន​ជា​សះស្បើយ​មាន​ចំនួន​164​នាក់​ ចំណែក​អ្នក​ជំងឺ​កំពុង​សម្រាក​ព្យាបាល​មាន​ចំនួន​73​នាក់​។

    នៅក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ​ដែរ ពិភពលោក​ទាំង​មូល​ត្រូវ​បាន​រាយការណ៍​ថា បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19​ ថ្មី ចំនួន​291,536​នាក់ និង​អ្នក​ស្លាប់​ថ្មី​ដោយ​សារ​វីរុស​នេះ​មាន​ចំនួន​688​នាក់​ ដូច្នេះ តួលេខ​សរុប​នៃ​អ្នក​​ផ្ទុក​វីរុស​នេះ​នៅ​ទូទាំង​ពិភពលោក​បាន​កើន​ឡើង​ដល់​17,754,190​នាក់​ ចំណែក​អ្នក​ស្លាប់​សរុប​មាន​ចំនួន​682,885​នាក់​។ អ្នក​ជំងឺ​បាន​ជា​សះស្បើយ​មាន​ចំនួន​11,159,580​នាក់​។

  • ​បេក្ខ​ជន​​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Kanye West កំពុង​ប្រឈម​នឹង​​ការ​លែង​លះ​ ព្រោះ​មិ​នព្រម​ឈប់​ពី​ឆាក​នយោបាយ

    ​បេក្ខ​ជន​​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Kanye West កំពុង​ប្រឈម​នឹង​​ការ​លែង​លះ​ ព្រោះ​មិ​នព្រម​ឈប់​ពី​ឆាក​នយោបាយ

    ប្រភព​ជិត​ស្និទ្ធ​ជាមួយ​អ្នកស្រី​ Kim Kardashian បាន​ឱ្យ​ដឹង​ថា តារា​ទូរទស្សន៍​រូប​នេះ​កំពុង​ពិចារណា​ទៅលើ​រឿង​លែង​លះ​ បន្ទាប់​ពី​បាន​ជជែក​គ្នា​ជាមួយ​លោក Kanye West កាល​ពី​ដើម​សប្ដាហ៍​។

    កាលពី​ថ្ងៃទី​30​កក្កដា​ ប្រភព​ព័ត៌មាន​របស់​ People បាន​បង្ហើប​ឱ្យ​ដឹង​ថា “Kim មិន​ទទួលបាន​នូវ​អ្វី​ដែល​នាង​ប្រាថ្នា ក្រោយពី​បាន​ទៅជួប​ Kanye។ គាត់​ហាក់​មិន​យល់​អំពី​អ្វី​ដែល​ភរិយា​របស់​គាត់​បាន​និយាយ​សោះ​ឡើយ​។ Kanye មិន​បាន​ផ្លាស់​ប្ដូរ​អ្វី​ទាំង​អស់​ បើ​ទោះជា​ Kim ​បាន​និយាយ​ជា​ច្រើន​លើក​។ នាង​កំពុង​តែ​ពិចារណា​ចំពោះ​រឿង​​លែង​លះ​គ្នា​ បើ​ទោះ​វា​ជា​បញ្ហា​ចុង​ក្រោយ​ដែល​ត្រូវ​គិត​។ Kanye West គឺជា​ដៃគូជីវិត​របស់​ Kim ប៉ុន្តែ​ពេល​នេះ​ នាង​មិន​ដឹង​ថា​ត្រូវ​ធ្វើ​អ្វីនោះ​ទេ​​”។

    ប្រភព​ព័ត៌មាន​មួយ​ផ្សេង​ទៀត​ បាន​​ប្រាប់​សារ​ព័ត៌មាន​ People ថា អ្នកស្រី​ Kim បាន​ទៅ​រក​លោក Kanye West កាល​ពី​ដើម​សប្ដាហ៍​ដើម្បី​រំឭក​​គាត់​ឱ្យឈប់​ឈរ​ឈ្មោះ​ជា​បេក្ខភាព​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​។ នាង​ចង់​ឱ្យ​ស្វាមី​ផ្ដោត​ទៅ​លើ​ការ​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត​​ ព្រោះ​ថា លោក​ West មាន​រោគសញ្ញានៃ​ជំងឺផ្លូវ​ចិត្ត​បាយប៉ូឡា (bipolar disorder) ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ប៉ុន្តែ​គាត់​មិន​ចង់​ព្យាបាល​។​ ពេល​ខ្លះ តារា​ចម្រៀង​រ៉ែប​រូប​នេះ​ ថែម​ទាំង​បាន​និយាយ​ថា គ្រួសារ​របស់​លោក​ ចង់​បង្ខាំង​លោក​នៅក្នុង​មន្ទីរ​ពេទ្យ​ឆ្កួត​ទៀត​ផង​។

    ​បេក្ខ​ជន​​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Kanye West កំពុង​ប្រឈម​នឹង​​ការ​លែង​លះ​ ព្រោះ​មិ​នព្រម​ឈប់​ពី​ឆាក​នយោបាយ
    Kim Kardashian យំ​ ពេល​កំពុង​ជជែក​ជាមួយ​ West នៅក្នុង​រថយន្ត

    អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ លោក​ West ចេះ​តែ​គេច​ពី​គ្រួសារ​ ទៅរស់​នៅ​ក្នុង​កសិដ្ឋាន​នៅ​ Cody ក្នុង​រដ្ឋ​ Wyoming ដើម្បី​ផលិត​ចម្រៀង​។ Kim តែង​នាំ​កូន​ៗ​ពី​ Los Angeles ទៅ​​លេង​នឹង​ West ជា​រៀង​រាល់​ខែ​។

    Kanye West បាន​ទាក់​ទង​ Kim Kardashian តាំង​ពី​ខែ​មេសា​ ឆ្នាំ​2012 ហើយ​2​ឆ្នាំ​ក្រោយមក ពួកគេ​ក៏​បាន​រៀប​ការ​ជាមួយ​គ្នា​។ អ្នកទាំង​2 មាន​កូន​ចំនួន​4​នាក់ ៖ North (អាយុ​7​ឆ្នាំ​) Saint (4ឆ្នាំ) Chicago (2ឆ្នាំ) និង Psalm (អាយុ​1ឆ្នាំ​)។

    ​បេក្ខ​ជន​​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Kanye West កំពុង​ប្រឈម​នឹង​​ការ​លែង​លះ​ ព្រោះ​មិ​នព្រម​ឈប់​ពី​ឆាក​នយោបាយតារាចម្រៀង​រ៉ែប Kanye West បាន​​ក្លាយជា​បេក្ខ​ជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ចាប់​ពី​ថ្ងៃទី15​កក្កដា​។ បន្ទាប់​ពី​ថ្ងៃ​ឃោសនា​រកសំឡេង​ឆ្នោត​ដំបូង​ លោក West បាន​បង្ហោះ​សារ​រិះគន់ជា​ច្រើន​ទៅ​លើ​គ្រួសារ។ Kim Kardashian បាន​ឱ្យ​ដឹង​ថា ស្វាមី​របស់​អ្នក​ស្រី​មាន​ជំងឺ​ផ្លូវ​ចិត្ត​ ដូច្នេះ​ទើប​មិន​អាច​គ្រប់​គ្រង​សម្ដី​ខ្លួន​ឯង​បាន​។ ក្រោយមក លោក West ក៏បាន​សុំ​ទោស​ប្រពន្ធ​តាម​រយៈ​បណ្ដាញ​សង្គម​។ អ្នកស្រី​ Kim បាន​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋ Wyoming កាល​ពី​ថ្ងៃទី​24​កក្កដា​ ដើម្បី​ថែទាំ​ស្វាមី​ ក្រោយពី​បាន​ដឹង​ថា លោក West ត្រូវ​ចូល​ពេទ្យ​សង្គ្រោះ​បន្ទាន់​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

    >អត្ថបទ​ទាក់​ទង៖ តារាចម្រៀង​រ៉ែប Kanye West ​បាន​ចុះ​ឈ្មោះ​​​ជា​បេក្ខ​ភាព​​សម្រាប់​តំណែង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​​ជា​ផ្លូវ​ការ​រួច​ហើយ

  • វៀតណាម​រកឃើញ​អ្នក​ផ្ទុក​COVID-19 សរុប​ជាង​500​នាក់​! ក្រុម​អ្នក​ជំនាញ​​អាមេរិក​ និង​អូស្ត្រាលី​​អះអាង​ថា នេះ​មិន​ទាន់​ក្លាយ​ជា​រលកទី2នៃ​វីរុស​COVID-19 នៅឡើយ

    វៀតណាម​រកឃើញ​អ្នក​ផ្ទុក​COVID-19 សរុប​ជាង​500​នាក់​! ក្រុម​អ្នក​ជំនាញ​​អាមេរិក​ និង​អូស្ត្រាលី​​អះអាង​ថា នេះ​មិន​ទាន់​ក្លាយ​ជា​រលកទី2នៃ​វីរុស​COVID-19 នៅឡើយ

    ទីក្រុង​ហាណូយ​បាន​ធ្វើ​តេស្ត​លឿន​បាន​ចំនួន​​ជិត​52,000​លើកទៅលើ​ពលរដ្ឋ​ដែល​ជាប់​សង្ស័យ​ថា​អាច​មាន​ផ្ទុក​វីរុស​COVID-19 ក្នុង​ពេល​ដែល​​ទីក្រុង​ហូជីមិញ​បាន​បញ្ចេញ​​លទ្ធ​ផល​ធ្វើ​តេស្ត​​​ចំនួន​1,351​នាក់​។

    នៅ​ទីក្រុង​ហាណូយ ក្នុងចំណោម​សំណាក​ចំនួន​21,000​ករណី​ ដែល​ត្រូវ​បាន​ធ្វើ​តេស្ត​លឿន គឺ​មាន​2​ករណី​បង្ហាញ​ថា​វិជ្ជមាន​ជាមួយ​នឹង​COVID-19 ប៉ុន្តែលទ្ធ​ផល​នៃ​ការ​ធ្វើ​តេស្ត​ដោយ​ប្រើ​បច្ចេកទេស​ PCR សុទ្ធ​តែ​បង្ហាញ​លទ្ធ​ផល​អវិជ្ជមាន​។

    លោក Khong Minh Tuan នាយក​រង​នៃ​មជ្ឈមណ្ឌល​គ្រប់​គ្រង​ជំងឺ​នៃ​ក្រុង​ហាណូយ​បាន​ឱ្យ​ដឹង​ថា CDC របស់​ទីក្រុង​នេះ​ បាន​ធ្វើ​តេស្ត​លឿន​សរុប​ជិត​52,000​លើក​​នៅក្នុង​ខណ្ឌ​ចំនួន​30​។ គិត​ដល់ថ្ងៃ​នេះ​ (31​កក្កដា) ទីក្រុង​ហាណូយ​បាន​ធ្វើ​តេស្ត​លឿន​ទៅលើ​​ពលរដ្ឋ​ដែល​មក​ពី​ទីក្រុង​ដាណាំង​នៅក្នុង​ខែ​កក្កដា​ ចំនួន​21,732​នាក់។

    នៅក្នុង​ថ្ងៃ​នេះ ទីក្រុង​ហាណូយ​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 ចំនួន​2​ករណី​តែប៉ុណ្ណោះ​ ដែល​អ្នកទាំង​នេះ​មាន​ជាប់​ពាក់​ព័ន្ធនឹង​ទីក្រុង​ដាណាំង​។

    ចំណែក​នៅ​ទីក្រុង​ហូជីមិញ​វិញ គិត​មក​ដល់​ពេល​នេះ​ កំពុង​ធ្វើ​តេស្ត​លើ​សំណាក​របស់​ពលរដ្ឋ​ចំនួន​14,000​នាក់​​ ក្នុងចំណោម​មនុស្ស​ចំនួន​22,000​នាក់​ដែល​បាន​មក​រាយការណ៍​ បន្ទាប់​ពី​បាន​ត្រលប់​មក​ពី​ទីក្រុង​ដាណាំង រាប់​ចាប់​ពី​ថ្ងៃទី​1​កក្កដា​។ ក្នុង​ចំណោម​សំណាក​ចំនួន​14,000​ករណី​ដែល​​កំពុង​ធ្វើ​តេស្ត​ គឺ​មាន​លទ្ធ​ផលអ​វិជ្ជមាន​ចំនួន​1,351​នាក់ ក្រៅ​ពី​នេះ​ កំពុង​រង់​ចាំ​លទ្ធ​ផល​។

    បច្ចុប្បន្ន​ ទីក្រុង​ហូជីមិញ​កំពុង​ព្យាបាល​អ្នកជំងឺ​COVID-19 ថ្មី​ ចំនួន​2​នាក់​ ដែល​ជា​ជនជាតិ​អាមេរិកាំង​។ ទីក្រុង​នេះ​កំពុង​តាម​ដាន​មនុស្ស​ចំនួន​470​នាក់​ ចំណែក​​1,113​នាក់​ផ្សេង​ទៀត​កំពុង​ដាក់​ឱ្យ​នៅដោយ​ឡែក​ ខណៈ​3,350​នាក់​ទៀត​កំពុង​បង្ខាំង​ខ្លួន​នៅក្នុង​ផ្ទះ​។

    គិត​មក​ដល់​បច្ចុប្បន្ន​ ប្រទេស​វៀតណាម​បាន​រកឃើញ​អ្នកជំងឺ​សរុប​ចំនួន​ 509​នាក់​ ក្នុង​នោះ​មាន​136​នាក់​កំពុង​ទទួលការ​ព្យាបាល​ និង​373​នាក់បាន​ជាសះស្បើយ។ ទីក្រុង​ចំនួន​3​ដែល​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 ច្រើន​ជាង​គេ​ រួម​មាន​រដ្ឋធានី​ហាណូយ​ (123នាក់) ទីក្រុង​ដាណាំង (85​នាក់) និង​ទីក្រុង​ហូជីមិញ (64​នាក់)។

    ទាក់​ទិន​នឹងតួលេខ​នៃ​ករណី​រកឃើញ​អ្នក​ផ្ទុក​វីរុសCOVID-19 ​នៅ​វៀត​ណាម​ក្នុង​ពេល​ថ្មី​ៗ​នេះ ក្រុម​ជំនាញ​ផ្នែក​សុខាភិបាល​នៃ​សហរដ្ឋ​អាមេរិក​ និង​អូស្ត្រាលី បាន​អះអាង​ថា ស្ថាន​ភាព​ COVID-19 នៅ​ប្រទេស​វៀតណាម​ មិនទាន់​ក្លាយ​ជា​រលក​នៃ​ការ​រាត​ត្បាត​ទី​2​របស់​វីរុស​នេះ​នៅឡើយ។ ក៏ប៉ុន្តែ ក្រុម​វេជ្ជ​បណ្ឌិត​ទាំងនេះ​បាន​ផ្ដល់​យោបល់​ថា​​​វៀតណាម​គួរ​តែ​បន្ថែម​ការ​ប្រុង​ប្រយ័ត្ន​ជាង​នេះ​៕

    ប្រភព​៖ សារ​ព័ត៌មានបរទេស

  • ប្រទេស​ចំនួន​11​ដែល​មាន​អ្នក​ស្លាប់​ដោយ​សារ​COVID-19 ច្រើន​ជាង​1ម៉ឺន​នាក់​

    ប្រទេស​ចំនួន​11​ដែល​មាន​អ្នក​ស្លាប់​ដោយ​សារ​COVID-19 ច្រើន​ជាង​1ម៉ឺន​នាក់​

    ពិភពលោក​បានរកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 ចំនួនជាង​17.4លាន​នាក់​ និង​អ្នក​ស្លាប់​ចំនួន​ជាង​675,000​នាក់​ នៅ​ពេល​ WHO ស្នើឱ្យ​បណ្ដាប្រទេស​បន្ធូរបន្ថយ​ការ​រឹត​ត្បិត​លើ​ការ​ដើរ​ហើរ​ជា​អន្តរជាតិ​។

    ប្រទេស​និង​ដែនដី​ចំនួន​​ជាង​200​នៅ​ទូទាំង​ពិភពលោក​ត្រូវ​បាន​រាយការណ៍​ថា បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​COVID-19 ចំនួន​17,433,441​នាក់​ និង​អ្នក​ស្លាប់​ដោយ​សារ​វីរុស​នេះ​បាន​កើន​ដល់​675,178​នាក់​ ក្នុង​នោះ​មាន​អ្នក​ជំងឺ​ថ្មី​​297,674​នាក់​ និងអ្នក​ស្លាប់​ថ្មី​6,832​នាក់​ត្រូវ​បាន​រកឃើញ​ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ​។ ចំណែក​អ្នក​ជំងឺ​បាន​ជាសះស្បើយ​ មាន​ចំនួន​10,917,809​នាក់​ នេះ​បើ​តាម​ស្ថិតិ​របស់​ Worldometers។​

    សហរដ្ឋ​អាមេរិក​ ប្រេស៊ីល និង​ឥណ្ឌា​ គឺជា​បណ្ដា​ប្រទេស​ដែល​មាន​អ្នក​ជំងឺ​COVID-19​ ច្រើន​ជាង​គេ​ក្នុង​ពិភពលោក​ ក្នុង​នោះ​សហរដ្ឋ​អាមេរិក​មាន​អ្នកជំងឺ​សរុប​4,634,985នាក់​ ប្រេស៊ីល​មាន​2,613,789​នាក់ និង​ឥណ្ឌា​មាន​1,639,350​នាក់​។

    ប្រទេស​ចំនួន​11​ដែល​មាន​អ្នក​ស្លាប់​លើស​ពី​1ម៉ឺននាក់ រួម​មាន​ សហរដ្ឋ​អាមេរិក​ (155,285) ប្រេស៊ីល (91,377នាក់​) ម៉ិកស៊ិក​ (46,000​នាក់​) អង់គ្លេស​ (45,999​នាក់​) ឥណ្ឌា (35,786​នាក់​) អ៊ីតាលី (35,132​នាក់) បារាំង (30,254​នាក់​) អេស្ប៉ាញ (28,443នាក់​) ប៉េរូ (18,816នាក់​) អ៊ីរ៉ង់ (16,569​នាក់​) និង​រុស្ស៊ី (13,802​នាក់​)។

    អង្គ​ការ​សុខភាព​ពិភពលោក​ កាល​ពី​ថ្ងៃទី​30​កក្កដា​ យល់​ថា បណ្ដា​ប្រទេស​គួរ​តែ​ដក​វិធានការ​រឹត​ត្បិត​ការ​ដើរ​ហើរ​ទៅ​មក​ក្នុង​ពិភពលោក​បន្ទាប់​ពី​បាន​វាយ​តម្លៃ​ហានិភ័យ​ដោយ​ខ្លួន​ឯង​។ ទន្ទឹម​នឹង​នេះ​គួរ​តែ​ផ្ដល់​អាទិភាព​ដល់​​សកម្ម​ភាព​​ផ្ដល់​សេវា​កម្ម​បន្ទាន់​ សកម្ម​ភាព​មនុស្ស​ធម៌​ និង​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​របស់ខ្លួន​ត្រលប់​ចូល​ប្រទេស​របស់​ពួកគេ​​វិញ​៕

  • កុមារា​ខ្មែរ​ដែល​ចេះ​និយាយ​16​ភាសា​​ ពេល​នេះ​ជីវិត​បាន​ក្លាយ​ទៅ​ជា​យ៉ាង​ណា​ហើយ​?

    កុមារា​ខ្មែរ​ដែល​ចេះ​និយាយ​16​ភាសា​​ ពេល​នេះ​ជីវិត​បាន​ក្លាយ​ទៅ​ជា​យ៉ាង​ណា​ហើយ​?

    ដោយ​សារ​តែ​ចេះ​និយាយ​បាន​16​ភាសា​ និង​ព្រោះ​តែ​​វីដេអូ​ដែល​ត្រូវ​បាន​អ្នក​ទេស​ចរ​បរទេស​បង្ហោះ​លើ​បណ្ដាញ​សង្គម កុមារា ធុច សាលីក (Thuch Salik) ក៏​មាន​ឈ្មោះ​ល្បី​ល្បាញ​ក្រោយ​រយៈ​ពេល​តែ​មួយ​យប់​ប៉ុណ្ណោះ​។ បច្ចុប្បន្ន​ កុមារា​រូប​នេះ​មាន​ជីវ​ភាព​រស់​នៅ​ខុស​ពី​មុន​ឆ្ងាយ​ណាស់​។

    មាន​ឈ្មោះ​ល្បី​ល្បាញ​ដោយ​សារ​ទទួល​បាន​ចំណាប់​អារម្មណ៍​ពី​ស្ត្រី​អ្នក​ជំនួញ​

    ធុច​ សាលីក (14​ឆ្នាំ) គឹជា​កុមារា​ម្នាក់​រស់​នៅ​ជា​មួយ​គ្រួសារ​ដែល​មាន​សមាជិក​4​នាក់​នៅក្នុង​ផ្ទះ​ចាស់​ទ្រុឌ​ទ្រោម​មួយ​ខ្នង​ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ប្រាសាទ​តាព្រហ្មនៃ​ខេត្ត​សៀមរាប។ រាល់​ព្រឹក​ សា​លីក​ ត្រូវ​ជិះ​កង់​ផ្លូវ​ឆ្ងាយ​ទៅ​សាលា​រៀន​ ហើយ​ល្ងាច​ក៏​ស្ពាយ​កន្ត្រក​វត្ថុអនុស្សាវរីយ៍​ដើម្បី​លក់​ឱ្យ​អ្នក​ទេសចរ​​នៅ​មុខ​ក្លោង​ទ្វារ​ចូល​​ប្រាសាទ​អង្គរវត្ត​។

    ដើម្បី​អាច​ទំនាក់​ទំនង​ជាមួយ​ភ្ញៀវ​ទេសចរ​បរទេស​ សាលីក​ និង​ក្រុម​កុមារ​ផ្សេង​ទៀត​ ត្រូវ​រៀន​និយាយ​ភាសា​បរទេស​ដោយ​ខ្លួន​ឯង​។ ប៉ុន្តែ​ កុមារា​ សាលីក​ មាន​លក្ខណៈ​ពិសេស​ជា​ងគេ ​ព្រោះ​តែ​មាន​សមត្ថ​ភាព​ចាប់​យក​ភាសា​បរទេស​បាន​ល្អ​។ សមត្ថភាព​នៃ​ការ​និយាយ​ភាសា​បរទេស​របស់​ សាលីក​ កាន់តែ​រីក​ច្រើនឡើង​​ៗដោយ​សារ​បាន​ប្រាស្រ័យ​ទាក់​ទង​ផ្ទាល់​ជាមួយ​នឹង​អ្នក​ទេសចរ​បរទេស​ជា​រៀង​រាល់​ថ្ងៃ​ រហូត​ដល់​អាច​និយាយ​បាន​16​ភាសា​។

    សាលីក​បាន​ឱ្យ​ដឹង​ថា “ដំបូង​ ខ្ញុំ​រៀន​ភាសា​អង់គ្លេស​តិច​តួច​ ប៉ុន្តែ​ក្រោយ​មក ម្ដាយ​ខ្ញុំ​បាន​បញ្ជូន​ខ្ញុំ​ឱ្យ​ទៅ​លក់​​នៅ​ឯភ្នំ​បាក់​ខែង​ ជា​កន្លែង​ដែល​មាន​អ្នក​ទេស​ចរ​ជនជាតិ​ចិន​ច្រើន​ ហើយ​ខ្ញុំ​ក៏​ត្រូវ​រៀន​និយាយ​ជាមួយ​ពួកគេ​។ នៅ​ពេល​ឃើញ​អ្នកទេសចរ​ ខ្ញុំ​​ចាប់​ផ្ដើម​ច្រៀង​ដើម្បី​ទាក់​ទាញ​ពួកគេ​”។

    កុមារា ធុច សាលីក (Thuch Salik)
    កុមារា ធុច សាលីក (Thuch Salik)

    ភាព​ឆ្លាតវៃ​ និងភាព​ក្លាហាន​​របស់​ សាលីក​ បាន​ធ្វើ​ឱ្យ​អ្នក​ទេស​ចរ​ជា​ច្រើន​ចូល​ចិត្ត​ និង​ជួយ​ទិញ​។ ប្រាក់​ដែលរក​បាន​ សាលីក​ តែង​តែ​ប្រគល់​ទាំង​អស់​ជូន​ម្ដាយ​ដើម្បី​ចាត់​ចែង​ទៅលើ​ការ​សិក្សា​របស់​​ សាលីក​ និង​ប្អូន​ប្រុស​ឈ្មោះ​ ធុច​ ទិត្យា​។ សំណាង​ល្អ​សម្រាប់​ សាលីក​ បាន​មក​ដល់​ក្នុង​ឆ្នាំ​2018 នៅ​ពេល​ដែល​បាន​ជួប​ស្ត្រី​អ្នកជំនួញ​​ជន​ជាតិ​ម៉ាឡេស៊ី​ និង​ជា​ blogger ផ្នែក​ទេសចរណ៍​ម្នាក់​។

    ស្ត្រី​អ្នកជំនួញ​ខាង​លើ​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​នៅ​ពេល​បាន​ឃើញ​សមត្ថ​ភាព​នៃ​ការ​និយាយ​ភាសា​បរទេស​របស់​ សាលីក​។ ស្ត្រី​រូប​នេះ​ក៏​បាន​ថត​សកម្ម​ភាព​ដែល​ សាលីក​ និយាយ​ជា​ភាសា​ចិន​ ជប៉ុន ថៃ​ជា​ដើម​បាន​យ៉ាង​ល្អ​ និង​បាន​បង្ហោះ​វីដេអូ​នេះ​ទៅ​ក្នុង​បណ្ដាញ​សង្គម​ Facebook។ វីដេអូ​នេះ​ក៏ចាប់​ផ្ដើម​ទទួល​បាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​អ្នក​លេង​បណ្ដាញ​សង្គម​​ ដែល​កាល​ណោះ​មាន​អ្នក​ចូល​មើល​ជាង​1​លាន​នាក់​ និង​ចែក​រំលែក​រាប់​ម៉ឺន​លើក​ ក្នុង​​រយៈ​ពេល​តែ​5​ថ្ងៃប៉ុណ្ណោះ​ ​បន្ទាប់​ពី​បាន​បង្ហោះ​។

    កុមារា​ខ្មែរ​ដែល​ចេះ​និយាយ​16​ភាសា​​ ពេល​នេះ​ជីវិត​បាន​ក្លាយ​ទៅ​ជា​យ៉ាង​ណា​ហើយ​?
    សាលីក​ទទួល​បាន​ការ​ស្វាគមន៍​ពេល​ចុះ​ពី​លើយន្ត​ហោះ​នៅ​ប្រទេស​ចិន

    ធុច​ សាលីក​ ក៏​ស្រាប់​តែ​មាន​ឈ្មោះ​ល្បី​ល្បាញ និង​មាន​សារ​ព័ត៌មាន​ជា​ច្រើន​បាន​នាំ​គ្នា​ទៅ​សុំ​សម្ភាស​ និង​រាយការណ៍​។ នៅ​ពេល​ត្រូវ​បាន​អ្នក​យក​ព័ត៌មាន​របស់​ Channel News Asia សួរ​ថា អាច​និយាយ​បាន​ប៉ុន្មាន​ភាសា​ សាលីក​ បាន​ចាប់​ផ្ដើម​រាប់​ និង​ឆ្លើយ​ថា​ 16​ភាសា​ រួម​មាន​ ភាសា​អាល្លឺម៉ង់ អ៊ីតាលី បារាំង អេស្ប៉ាញ អង់គ្លេស​ ម៉ាឡេស៊ី រុស្ស៊ី ថៃ វៀត​ណាម​ កូរ៉េ ជប៉ុន​ និង​ភាសា​តំបន់​ចំនួន​3​ទៀត​របស់​ប្រទេស​ (ចិន​កុកងឺ ចិន​ក្វាង​តុង ចិន​ហៃណាន)។

    ជីវិត​ចាប់​ផ្ដើមទទួល​​ជោគ​ជ័យ​ បន្ទាប់​ពី​បាន​ល្បី​ឈ្មោះ​

    ក្រោយ​ពី​មាន​ឈ្មោះ​ល្បី​ល្បាញ​នៅ​លើ​បណ្ដាញ​សង្គម សាលីក​ ក៏​ទទួលបា​ន​ការ​អញ្ជើញ​ឱ្យ​ទៅទេសចរណ៍​នៅ​​ប្រទេសចិន​។ ទូរទស្សន៍​ជា​ច្រើន​បាន​នាំ​គ្នា​ផ្ដល់​ជំនួយ​ដល់​គ្រួសារ​របស់​ សាលីក​ ក្នុង​ការ​ទៅ​ធ្វើ​ជា​ភ្ញៀវ​នៃ​កម្ម​វិធី​ផ្សេងៗ។ ទន្ទឹម​នឹង​នេះ ក៏មាន​អ្នកជំនួញ​ ស្ថាប័ន​ និង​ក្រុម​មនុស្ស​ធម៌​ជា​ច្រើន​បាន​ជួយ​ដល់​កុមារា​រូប​នេះ​ ក្នុង​នោះ​ក៏​មាន​ការ​សន្យា​ផ្ដល់​ជំនួយ​ឧបត្ថម្ភ​ការ​សិក្សា​របស់​ សាលីក រហូត​ដល់​រៀន​ចប់​មហា​វិទ្យា​ល័យ​ទៀត​ផង។

    កុមារា​ខ្មែរ​ដែល​ចេះ​និយាយ​16​ភាសា​​ ពេល​នេះ​ជីវិត​បាន​ក្លាយ​ទៅ​ជា​យ៉ាង​ណា​ហើយ​?ឆ្នាំ​2019 សាលីក បាន​ទៅ​សិក្សា​នៅ​ប្រទេស​ចិន​ជា​ផ្លូវ​ការ​នៅ​សាលា​ភាសា​បរទេស​ Hailiang ក្នុង​ខេត្ត​ Zhejiang។ លោក​ឧកញ៉ា​ ឃិត​ ឈឿន​ ដែល​ជា​អគ្គនាយក​ផ្សារ​ KC គឺជា​អ្នក​ឧបត្ថម្ភ​ធំ​ដល់​កុមារា​ សាលីក​។

    ទៅដល់​ប្រទេស​ចិន​ នៅពេល​ចុះ​ពី​យន្ត​ហោះ​ភ្លាម​ សាលីក​ ត្រូវ​បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​សិស្ស និង​គ្រូបង្រៀន​ជា​ច្រើន​នៃ​សាលា​ Hailiang។ សាលីក​ ថែមទាំង​ទទួលបា​​ន​បាច់​ផ្កា​ និងការ​រាំ​ច្រៀង​ទទួល​ស្វាគមន៍​ទៀត​ផង​។ បន្ទាប់​ពី​បាន​ចូល​រៀន សាលីក​ ស្នាក់​នៅ​ក្នុង​បន្ទប់​អន្តេវាសិកដ្ឋាន​ជាមួយ​សិស្ស​​ជនជាតិ​កូរ៉េខាង​ត្បូង​ម្នាក់​។

    កុមារា​ខ្មែរ​ដែល​ចេះ​និយាយ​16​ភាសា​​ ពេល​នេះ​ជីវិត​បាន​ក្លាយ​ទៅ​ជា​យ៉ាង​ណា​ហើយ​?បច្ចុប្បន្ន សាលីក​ កំពុង​ប្រឹង​ប្រែង​សិក្សា​ខ្លាំង​ណាស់ ហើយ​ប្អូន​ក៏​មាន​បំណង​ប្រឡង​ចូល​សាកល​វិទ្យា​ល័យ​ប៉េកាំង​ផងដែរ​។ សាលីក​ ប្រាប់​ថា “ប្អូន​ចូល​ចិត្ត​សាលា​រៀន​ខ្លាំង​ណាស់​។ ប្អូន​ដឹង​ថា អក្សរ​​ចិន​ពិត​ជា​ពិបាក​សរសេរ ប៉ុន្តែ​ការ​និយាយ​វិញ ប្អូន​មិន​បាន​​ជួប​ការ​លំបាក​អ្វី​នោះ​ទេ​។ ផ្នែក​គណិត​វិទ្យា​ និង​ភាសា​អង់គ្លេស​ក៏​មិន​មាន​បញ្ហា​ដែរ​”។

    មិត្ត​ភក្ដិ​ក្នុង​សាលា​រៀន​នេះ អ្នក​ណា​ៗ​ក៏​ស្រលាញ់​ចូលចិត្ត​សាលីក​។ សិស្ស​ជនជាតិ​ចិន​ម្នាក់​បាន​សម្ដែង​ចំណាប់​អារម្មណ៍​ថា “ប្អូន​ចង់​រៀន​សូត្រ​ពី​ សាលីក​។ សាលីក​ ពិត​ជា​អស្ចារ្យ​ណាស់​។ គេ​ចេះ​ច្រើន​ភាសា​។ ស្ថាន​ភាព​របស់​ប្អូន​ល្អ​ជាង​ សាលីក​ ឆ្ងាយ​ណាស់ ប៉ុន្តែ​បែរ​ជា​រៀន​មិន​បាន​ល្អ​ដូច​ សាលីក”។

    ក្រៅ​ពី​ជនជាតិ​ចិន សាលីក​ ក៏​មាន​មិត្ត​ភក្ដិ​ជា​ជនជាតិ​កូរ៉េខាង​ត្បូង​ដែរ​។ សាលីក​ តែង​តែ​លេង​បាល់​ទះ និង​បាល់​បោះជា​មួយ​អ្នក​គ្រប់​គ្នា​ក្រោយពី​ចប់​ម៉ោង​សិក្សា​​ បើ​ទោះ​ជា​មាន​រូប​រាង​ “តូច​ ស្គម” ជាង​មិត្ត​ភក្ដិ​ផ្សេង​ៗក៏ដោយ​។ លោក​ ហានណា វ៉ាង​ (Hannah Wang) ដែល​ជា​គ្រូរបស់​ សាលីក​ ឱ្យ​ដឹង​ថា “សិស្ស​ម្នាក់​នេះ​ពិត​ជា​ស្ដាប់​បង្គាប់​ និង​ឧស្សាហ៍​រៀន​សូត្រ​ណាស់​។ ប៉ុន្តែ​ ខ្ញុំ​សង្ឃឹម​ថា សាលីក​ នឹង​កែលម្អ​ទម្លាប់​ហូប​ចុក គេ​គួរ​តែ​ហូប​ឱ្យ​បាន​គ្រប់​គ្រាន់​ជា​រៀង​រាល់​ថ្ងៃ​ ដើម្បី​សុខភាព​បាន​ប្រសើរ​ឡើង​”។

    ធុច សាលីក (ស្ដាំ) ជាមួយ​ម្ដាយ និង​ប្អូន​ប្រុស​ ធុច​ ទិត្យា

    ចំណែក​ក្រុម​គ្រួសារ​របស់​ ធុច​ សាលីក​ វិញ សមាជិក​គ្រួសារ​ទាំង​អស់​បាន​មក​រស់នៅ​ក្នុង​ក្រុង​ភ្នំ​ពេញ​ ដោយ​មាន​ការ​ជ្រោម​ជ្រែក​របស់​ក្រុម​អ្នក​ឧបត្ថម្ភ និង​ស្ថាប័ន​មនុស្ស​ធម៌​នានា។ នៅភ្នំ​ពេញ ពួក​គេ​បន្ត​មុខ​របរ​លក់​គ្រឿង​អលង្ការ​ឱ្យ​ភ្ញៀវ​ទេសចរ​​៕

  • សហរដ្ឋ​អាមេរិក​លេច​ចេញ​ចំណុច​ខ្សោយ​ បន្ទាប់​ពី​ទី​ប្រឹក្សា​សន្តិសុខ​ជាតិ​ឆ្លង​COVID-19

    សហរដ្ឋ​អាមេរិក​លេច​ចេញ​ចំណុច​ខ្សោយ​ បន្ទាប់​ពី​ទី​ប្រឹក្សា​សន្តិសុខ​ជាតិ​ឆ្លង​COVID-19

    ពលរដ្ឋ​អាមេរិកាំង​ហាក់​បាន​ដឹង​ថា​ មិន​មាន​នរណា​ម្នាក់​មានសុវត្ថិ​ភាព​នៅ​ចំពោះ​មុខ​ COVID-19 ឡើយ សូម្បី​តែ​ Robert O’Brien ដែលជា​អ្នក​គ្រប់​គ្រង​កិច្ច​ការ​សន្តិសុខ​ជាតិ​។

    សេត​វិមាន​បាន​ឱ្យ​ដឹង​ថា O’Brien គឺជា​មន្ត្រី​ជាន់​ខ្ពស់​បំផុត​ដែល​ត្រូវ​បាន​បញ្ជាក់​ថា វិជ្ជ​មាន​ជាមួយ​នឹង​វីរុស​COVID-19 រាប់​ចាប់តាំង​​ពី​វីរុស​នេះចាប់​ផ្ដើម​​រាត​ត្បាត​​នៅ​សហរដ្ឋ​អាមេរិក​។ នេះ​ក៏​ជា​ករណី​ថ្មី​បំផុត​ដែល​មន្ត្រី​ធ្វើ​ការ​នៅក្បែរ​ប្រធានាធិបតី​ Donald Trump ត្រូវ​បាន​គេ​រកឃើញ​ថា​មាន​ផ្ទុក​វីរុស​COVID-19។

    ព័ត៌មាន​ដែល​បញ្ជាក់​ថា O’Brien បាន​ឆ្លង​ COVID-19 នេះ​ បាន​បង្ហាញ​ថា ការ​គំរាម​កំហែង​ពី​វីរុស​នេះ​​កំពុង​តែ​ស្ថិត​នៅក្នុង​សេត​វិមាន​ និង​មាន​ការ​ព្រួយ​បារម្ភអំពី​វិធានការ​ដោះ​ស្រាយ​បញ្ហា​វិបត្តិ​សុខភាព​ដ៏ធ្ងន់​ធ្ងរ​របស់​រដ្ឋ​អំណាច​។ នេះ​បើ​តាម​ Samantha Vinograd ដែលជា​អ្នក​វិភាគ​មក​ពី​ CNN។

    អ្នក​ស្រី​ Samantha Vinograd សង្កត់​ធ្ងន់​ថា “បើ​សិនជា​រដ្ឋាភិបាល​មិនអាច​ការ​ពារ​សុខ​ភាព​របស់​មន្ត្រី​ជាន់​ខ្ពស់​ដូចជា​ O’Brien ជា​ដើម​បែប​នេះ គឺ​ពិត​ជា​ពិបាក​ក្នុង​ការ​ជឿ​ជាក់​ថា ពួកគេ​ពិត​ជា​អាច​ការ​ពារ​សុខ​ភាព​របស់​ពលរដ្ឋ​អាមេរិកាំង​បាន​”។

    Samantha Vinograd ថ្លែង​ថា ការ​ដែល​លោក​ Robert O’Brien បាន​ឆ្លង​វីរុស​នេះ គឺ​វា​ស្ទើរ​​ដូច​ទៅ​នឹង​ “ស្ថាន​ភាព​អាសន្ន​” អំពី​សុខ​ភាព​យ៉ាង​ដូច្នោះ​ដែរ​។ បើ​ទោះជា​សេត​វិមាន​ធ្លាប់​បាន​ប្រកាស​អំពី​ករណី​បុគ្គលិក​នៅ​ទីនេះ​ឆ្លង​វីរុស​COVID-19ក៏ដោយ ប៉ុន្តែករណី​របស់​លោក O’Brien គឺពិត​​គួរ​ឱ្យ​ប្រកាស​អាសន្ន​ជាង​ ព្រោះ​តែ​ជា​បុគ្គលដែល​​មាន​ទំនាក់​ទំនងទូលំទូលាយ​​ និង​មាន​ឥទ្ធិពល​​។

    ជាធម្មតា​ ទីប្រឹក្សា​សន្តិសុខ​ជាតិ​តែង​តែ​ស្ថិត​នៅក្បែរ​ប្រធានាធិបតី​ អនុប្រធានាធិបតី​ ប្រធាន​ការិយាល័យ​សេត​វិមាន​ រួម​ជាមួយ​នឹង​រដ្ឋ​មន្ត្រី​ជា​ច្រើន​ផ្សេង​ទៀត​ជា​ញឹក​ញាប់​នៅក្នុង​សន្និសីទ​សារ​ព័ត៌មាន​ ឬ​កិច្ច​ប្រជុំ​នានា​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​​។

    សហរដ្ឋ​អាមេរិក​លេច​ចេញ​ចំណុច​ខ្សោយ​ បន្ទាប់​ពី​ទី​ប្រឹក្សា​សន្តិសុខ​ជាតិ​ឆ្លង​COVID-19
    លោក​ Robert O’Brien​ និង​លោក​ Donald Trump

    ទីប្រឹក្សា​សន្តិសុខ​ជាតិ​ម្នាក់ ក៏​តែង​តែ​មាន​ទំនាក់​ទំនង​ផ្ទាល់​ជាមួយ​នឹង​បុគ្គលិក​ជាន់​ខ្ពស់​ផ្នែក​សន្តិ​សុខ​រាប់​សិប​នាក់​ នៅ​ពេល​បំពេញ​ភារ​កិច្ច​សំខាន់ៗ​ជា​រៀង​រាល់​ថ្ងៃ​ ព្រោះ​តែ​​​ត្រូវ​ទទួល​របាយ​ការណ៍​ផ្ទាល់​ពី​ទីភ្នាក់​ងារ​សន្តិសុខ​ជាតិ​ NSA (National Security Agency) បុគ្គលិក​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ NSC​ ( National Safety Council) រួម​នឹង​មន្ត្រី​ផ្សេង​ៗ​ទៀត​។

    ក៏ប៉ុន្តែ សេតវិមាន​បាន​បញ្ជាក់ថា លោក O’Brien មាន​អាការរោគ​ស្រាល​ៗ​ប៉ុណ្ណោះ ព្រម​ទាំង​បាន​អះអាង​ថា ប្រធានាធិបតី​ Donald Trump និង​អនុប្រធានាធិបតី​ Mike Pence មិន​មាន​ហានិភ័យ​នៃ​ការ​ឆ្លង​វីរុស​នេះ​ទេ​។ លោក​ O’Brien មិន​បាន​បង្ហាញ​វត្តមាន​នៅ​កន្លែង​ធ្វើ​ការ​របស់​លោក​តាំង​តែ​ពី​សប្ដាហ៍​មុន​ ហើយ​លោក​ក៏​នៅ​តេ​គ្រប់​គ្រង​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​ តាម​រយៈ​ទូរស័ព្ទ​។ នេះ​បើ​តាម​ Bloomberg។

    យ៉ាង​ណា​ក៏​ដោយ Samantha Vinograd​ យល់​ថា ការ​ដែល​លោក O’Brien បាន​ឆ្លង​វីរុស​នេះ​ ក៏មាន​ន័យថា COVID-19 មាន​វត្តមាន​នៅ​ទីតាំង​នានា​នៅ​ស្លាប​ខាងលិចនៃ​សេត​វិមាន​ (West Wing of the White House) អស់​មួយ​រយៈ​ពេល​មក​ហើយ​ដែរ​។ បញ្ហា​នេះ​អាច​ធ្ងន់​ធ្ងរ​ជាង​អ្វី​ដែល​យើង​បាន​ដឹង​ ដោយ​សារ​តែ​កាលពី​ពាក់កណ្ដាល​ខែ​កក្កដា លោក​ O’Brien និង​ក្រុម​ការ​ងារ​បាន​ធ្វើ​ដំណើរ​ទៅ​អឺរ៉ុប​ដើម្បី​ជួប​ពិភាក្សា​ជាមួយ​សមភាគី​​អង់គ្លេស​ បារាំង អាល្លឺម៉ង់ និង​អ៊ីតាលី​។ រូប​ថត​ដែល​ NSC បាន​ចែក​រំលែក​ បាន​បង្ហាញ​ថា ពួកគេ​ឈរ​ក្បែរ​គ្នា​ដោយ​មិន​បាន​ពាក់​ម៉ាស់​ការ​ពារ​ទេ​។

    អ្នក​ស្រី​ Vinograd ឱ្យ​ដឹង​ថា លោក O’Brien ប្រហែល​ជា​បាន​ចម្លង​វីរុស​ទៅ​អ្នក​ដទៃ​ជា​ច្រើន​នាក់​ បើ​សិន​ជា​លោក​បាន​ឆ្លង​វីរុស​នេះ​នៅ​មុន​ពេល​ធ្វើ​ដំណើរ​ទៅកាន់​អឺរ៉ុប​​។ អ្នក​ស្រី​ Vinograd យល់​ថា “ការ​ដែល​សេតវិមាន​មិន​អាច​ធានា​សុវត្ថិ​ភាព​​ដល់​ទីប្រឹក្សា​សន្តិសុខ​ជាតិ​​របស់​ខ្លួន​បាន​បែប​នេះ គឺជា​សារ​មួយ​ដ៏គួរ​ឱ្យ​ព្រួយ​បារម្ភ ដែល​បង្ហាញ​​ឱ្យ​ឃើញ​នូវ​​សមត្ថ​ភាព​នៃ​ការ​ទប់​ទល់​​ ​COVID-19​ របស់​រដ្ឋាភិបាល​”៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • “ដង្កូវយក្សអវកាស” ប្រវែងដល់​ទៅ​ជិត​10លានលានគីឡូម៉ែត្រ (វីដេអូ)

    “ដង្កូវយក្សអវកាស” ប្រវែងដល់​ទៅ​ជិត​10លានលានគីឡូម៉ែត្រ (វីដេអូ)

    បណ្ដុំពពកយក្សដែលមានរូបរាងស្រដៀងទៅនឹងដង្កូវយក្សមួយក្បាល កំពុងតែស្រូបទាញយកវត្ថុធាតុអវកាសដើម្បីក្លាយជាផ្កាយថ្មីមួយដួង។

    តើដង្កូវយក្សដែលកំពុងលេបយកវត្ថុអវកាសដ៏ធំមហិមា និងមានប្រវែងដល់ទៅ9.7លានលាន (9,700,000,000,000) គីឡូម៉ែត្រនេះគឺជាអ្វីឱ្យប្រាកដ?

    វត្ថុធាតុនេះត្រូវបានគេដាក់រហ័សនាមឱ្យថា “ដង្កូវអវកាស”។ “ដង្កូវអវកាស” នេះ គឺជាបណ្ដុំពពកដ៏ធំមហិមា និងត្រូវបានអ្នកវិទ្យាសាស្ត្រដាក់ឈ្មោះជាផ្លូវការថា IRAS 20324+4057។

    IRAS 20324+4057 កំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃការកកើតជាផ្កាយ (ផ្កាយគឺជាព្រះអាទិត្យដែលដូចទៅនឹងព្រះអាទិត្យរបស់មនុស្សនាបច្ចុប្បន្ន)។ មានន័យថា វាមិនទាន់ក្លាយជាផ្កាយមួយដួងនៅឡើយ។

    វត្ថុអវកាសនេះកំពុងតែរីកមាឌដោយការប្រមូលនិងលេបយករាល់វត្ថុដែលនៅជុំវិញផ្កាយមហាក្ដៅចំនួន65ដួងដែលស្ថិតក្នុងកញ្ចុំផ្កាយ Cygnus OB2 ដែលមានទីតាំងនៅមិនឆ្ងាយពី “ដង្កូវអវកាស” នេះ។

    IRAS 20324+4057 កំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃការកកើតជាផ្កាយ
    IRAS 20324+4057 កំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃការកកើតជាផ្កាយ

    កញ្ចុំផ្កាយ Cygnus OB2 ដែលកំពុងបញ្ចេញកម្ដៅខ្លាំង បង្កើតបានជាខ្យល់ផ្កាយដ៏សាហាវជាមួយនឹងវិទ្យុសកម្មអ៊ុលត្រាវីយ៉ូឡេត (ultraviolet radiation) ដ៏មហាសាល បណ្ដាលឱ្យបណ្ដុំពពកយក្ស IRAS 20324+4057 នេះ ប្រែរូបរាងទៅជាវែងអន្លាយយ៉ាងដូច្នេះ។ ប្រការនេះក៏កំពុងតែរារាំងដំណើរការនៃការប្រមូលលេបវត្ថុធាតុអវកាសនានារបស់ IRAS 20324+4057។

    អ្នកវិទ្យាសាស្ត្របានឱ្យដឹងថា ពេលវាលនឹងអាចឆ្លើយទៅនឹងសំណួរដែលសួរថា “តើបណ្ដុំពពកយក្សនេះ អាចប្រមូលបានវត្ថុធាតុចាំបាច់គ្រប់គ្រាន់ក្នុងការវិវឌ្ឍខ្លួនទៅជាផ្កាយមួយដួងបានដែរ ឬយ៉ាងណា?”។

    ប្រភព៖ សារព័ត៌មានបរទេស

  • និស្សិតចិន នៅអូស្ត្រាលី គឺមុខសញ្ញារបស់ក្រុមបោកប្រាស់ ឱ្យបន្លំធ្វើជាត្រូវចាប់ជំរិតទារប្រាក់ពីឪពុកម្ដាយ

    និស្សិតចិន នៅអូស្ត្រាលី គឺមុខសញ្ញារបស់ក្រុមបោកប្រាស់ ឱ្យបន្លំធ្វើជាត្រូវចាប់ជំរិតទារប្រាក់ពីឪពុកម្ដាយ

    ប៉ូលិសអូស្ត្រាលី បានបង្ហើបឱ្យដឹងថា ក្រុមនិស្សិតជនជាតិចិននៅក្នុងទីក្រុងស៊ីដនី កំពុងក្លាយជាមុខសញ្ញារបស់ក្រុមជនពាល ដែលបោកប្រាស់ និងបង្ខំឱ្យរៀបចំឆាកបន្លំធ្វើជា ខ្លួនឯងត្រូវពួកជនពាលចាប់ជំរិត ហើយផ្ញើឃ្លិបវីដេអូទៅឱ្យក្រុមគ្រួសារនៅឯប្រទេសចិន ដើម្បីជំរិតទារប្រាក់ថ្លៃដោះលែងក្នុងចំនួនដ៏ច្រើន។

    ជាពិសេស ក្នុងឆ្នាំនេះ មានការដាក់ពាក្យបណ្ដឹងក្នុងលក្ខណៈបែបនេះចំនួន 8នាក់រួចមកហើយ ដោយជនរងគ្រោះម្នាក់ បានបង់ប្រាក់ថ្លៃដោះលែងកូនរបស់ខ្លួន ទៅឱ្យជនល្មើសចំនួន 2លានដុល្លារអូស្ត្រាលី។ ប៉ូលិសបានឱ្យដឹងថា ជនរងគ្រោះសុខចិត្តបង់ប្រាក់ថ្លៃដោះលែង ក៏ព្រោះតែជឿថា កូនចៅជាទីស្រឡាញ់របស់ខ្លួន កំពុងតែស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។

    ប៉ូលិសរដ្ឋ នីវសៅថ៍វេលស៍ ថែមទាំងបញ្ជាក់ទៀតថា ការបោកប្រាស់ក្នុងលក្ខណៈនេះ “បានកើនឡើងច្រើន ពេញមួយពាក់កណ្ដាលឆ្នាំ2020នេះ” និងធ្វើឡើងជា “ប្រព័ន្ធដ៏ធំមួយ” ដូច្នេះហើយទើបសំណូមពរឱ្យនិស្សិតដែលបានទទួលទូរស័ព្ទគំរាមក្នុងលក្ខណៈបែបនេះ ប្រញាប់ចូលមកប្ដឹងប៉ូលិសភ្លាមៗកុំបង្អង់យូរ។

    តើពួកក្រុមបោកប្រាស់នោះធ្វើបែបណា?

    អាជ្ញាធរអូស្ត្រាលី បានបញ្ជាក់ថា ប្រព័ន្ធបោកប្រាស់ “បែបក្រុម ខល សិនធើរ៍” នេះ មានមូលដ្ឋានប្រតិបត្តិការនៅក្រៅប្រទេស ដែលធ្វើឱ្យពិបាកតាមដាន ដោយជាទូទៅ ជនល្មើសប្រភេទនេះ ច្រើនតែអះអាងថា ខ្លួនជាមន្ត្រីមកពីស្ថានទូតចិន ឬជាអាជ្ញាធរនៃរដ្ឋផ្សេងៗ ហើយទូរស័ព្ទទៅរកជនរងគ្រោះ ដោយឱ្យដំណឹងថា ជនរងគ្រោះមានចំណែកពាក់ព័ន្ធនឹងការបង្កបទឧក្រិដ្ឋនៅក្នុងប្រទេសចិន ឬកំពុងប្រឈមនឹងការបៀតបៀនផ្សេងៗ។

    បន្ទាប់ពីនោះ ជនល្មើស ដែលភាគច្រើនចេះនិយាយភាសាចិនកណ្ដាល ច្រើនតែបញ្ជាឱ្យនិស្សិតរងគ្រោះ បង់ថ្លៃឃុំគ្រង ដើម្បីកុំឱ្យត្រូវអាជ្ញាធរចាប់ឃុំខ្លួន ឬចាប់បញ្ជូនត្រឡប់ទៅប្រទេសវិញ។

    ក្នុងករណីខ្លះ និស្សិតទាំងនោះ ថែមទាំងត្រូវបោកប្រាស់ឱ្យឈប់ទាក់ទងទៅក្រុមគ្រួសារ និងមិត្តភក្តិ និងឱ្យទៅជួលបន្ទប់ស្នាក់នៅឯសណ្ឋាគារ ហើយបោកប្រាស់ឱ្យរៀបចំឆាក ថតរូប ឬវីដេអូ ធ្វើឱ្យគេជឿថា ខ្លួនឯងកំពុងត្រូវជនល្មើសចាប់ជំរិត ដើម្បីទារប្រាក់ថ្លៃដោះលែងពីក្រុមគ្រួសារ។

    ជនរងគ្រោះម្នាក់ ដែលជាឪពុករបស់និស្សិតរងគ្រោះម្នាក់ បានចាយប្រាក់ថ្លៃដោះលែងកូនរបស់គាត់ ជាង 2លានដុល្លារអូស្ត្រាលី ក្រោយពីបានទទួលឃ្លិបវីដេអូដែលបង្ហាញឱ្យឃើញថា កូនស្រីរបស់ខ្លួនកំពុងស្ថិតក្នុងសភាពត្រូវគេចាប់ចង ញ៉ុកក្រណាត់បិទមាត់ និងចងដៃ ចងជើង នៅក្នុងកន្លែងដែលមិនស្គាល់ទីតាំង។

    បន្ទាប់ពីនោះ បុរសជាឪពុក បានទាក់ទងទៅប៉ូលិសក្រុងស៊ីដនី និងបន្ទាប់ពីការស្វែងរកប្រមាណជា 1ម៉ោងក្រោយមក ក៏រកឃើញថា និស្សិតស្រីម្នាក់នោះមានសុវត្ថិភាព កំពុងស្ថិតនៅក្នុងបន្ទប់សណ្ឋាគារមួយក្នុងទីក្រុងស៊ីដនី។

    ចំណែកជនរងគ្រោះដទៃទៀត បានប្ដឹងទៅប៉ូលិសក្នុងឆ្នាំនេះថា ពួកគេបានបង់ប្រាក់ទៅឱ្យក្រុមបោកប្រាស់ទាំងនោះ ក្នុងចន្លោះពី 20,000-300,000ដុល្លារអូស្ត្រាលី។

    លោក ដារេន បិនណិតត៍ មេបញ្ជាការកងស៊ើបអង្កេតរបស់ប៉ូលិសរដ្ឋនីវសៅថ៍វេលស៍ បានថ្លែងថា គ្រួសារខ្លះ សុខចិត្តបង់ប្រាក់ទាំងអស់ដែលពួកគេមាន ឱ្យទៅពួកក្រុមប្រព័ន្ធបោកប្រាស់នេះ ដើម្បីសុវត្ថិភាពរបស់មនុស្សជាទីស្រឡាញ់។

    ក្នុងករណីជាច្រើន ក្រោយប៉ូលិសបានទទួលការផ្ដល់ដំណឹង ក៏រកឃើញជនរងគ្រោះក្នុងសភាពដែលមានសុវត្ថិភាពនៅថ្ងៃតមក និងជាញឹកញាប់ណាស់ ដែលជនរងគ្រោះមានអារម្មណ៍ខ្មាស់គេ និងខ្មាស់ខ្លួនឯង រហូតមិនហ៊ានចូលទៅប្ដឹងប៉ូលិស។

    ប៉ូលិសរដ្ឋនីវសៅថ៍វេលស៍ បញ្ជាក់ថា “ជនរងគ្រោះនៃការរៀបចំឆាកចាប់ជំរិតទារប្រាក់ ដែលយើងរកឃើញ បានទទួលការឈឺចាប់ខាងផ្លូវចិត្តពីហេតុការណ៍ដែលកើតឡើងនេះ ដោយជឿថា ពួកគេបានធ្វើឱ្យខ្លួនឯង និងបុគ្គលដែលជាទីស្រឡាញ់ ធ្លាក់ក្នុងគ្រោះថ្នាក់មែនទែន”

    និស្សិតចិន នៅអូស្ត្រាលី គឺមុខសញ្ញារបស់ក្រុមបោកប្រាស់ ឱ្យបន្លំធ្វើជាត្រូវចាប់ជំរិតទារប្រាក់ពីឪពុកម្ដាយ

    ហេតុអ្វី បានជាមនុស្សម្នាលង់ជឿ?

    ប៉ូលិសបានបញ្ជាក់ថា ការបោកប្រាស់ក្នុងលក្ខណៈនេះ ពួកគេធ្វើក្នុងលក្ខណៈជាប្រព័ន្ធធំមួយ និងមើលទៅហាក់ដូចជាប្រើការទូរស័ព្ទស្វ័យប្រវត្តិ ស្វែងរកគ្រប់មនុស្សនៅក្នុងបញ្ជីលេខទូរស័ព្ទដែលមាននាមត្រកូលចិន។

    លោកមេបញ្ជាការ បិនណិតត៍ ថ្លែងថា “ពួកនេះបង់សំណាញ់រកចាប់ជនរងគ្រោះជារង្វង់ធំមួយ និងទោះជាបានជនរងគ្រោះដែលលង់ជឿមិនប៉ុន្មាននាក់មែន តែក៏ទទួលបានប្រាក់យ៉ាងច្រើនដែរ”

    ក្រៅពីនេះ លោកបានចង្អុលបង្ហាញថា ការបោកប្រាស់ក្នុងលក្ខណៈនេះ កំពុងកើនឡើងខ្ពស់ ក្នុងអំឡុងប៉ុន្មានខែកន្លងមកនេះ ដោយ “ស្ទើរតែគ្រប់សប្ដាហ៍ យើងមានអ្នកធ្លាក់ខ្លួនក្លាយជាជនរងគ្រោះនៃការបោកប្រាស់បែបនេះ”

    ក្រុមអ្នកជួយសង្គ្រោះផ្នែកច្បាប់ដល់ក្រុមនិស្សិតបរទេសក្នុងប្រទេសអូស្ត្រាលី បញ្ជាក់ថា និស្សិត 1ក្រុមនេះ មានភាពប្រថុយប្រថានកើនឡើងក្នុងអំឡុងពេលដែលកើតវិបត្តិជំងឺកូវីដ-19 ដោយសារតែការដែលពួកគេត្រូវពឹងលើការធ្វើការងារបណ្ដោះអាសន្ន និងមិនបានទទួលការឃុំគ្រងអំពីរដ្ឋ។

    ខណៈដែលប៉ូលិសបញ្ជាក់ថា “បច្ច័យផ្នែកវប្បធម៌” រួមទាំងការរស់នៅយ៉ាងឯការបស់និស្សិតបរទេស ធ្វើឱ្យពួកគេធ្លាក់ខ្លួនក្លាយជាមុខសញ្ញារបស់ជនពាល បានយ៉ាងងាយ។

    លោក បិនណិតត៍ ប្រាប់ថា ជនរងគ្រោះទាំងនេះ អាចត្រូវពង្វក់ឱ្យធ្វើរឿងដែលហួសវិស័យ ដូចជា ការរៀបចំឆាកការចាប់ពង្រត់ជំរិតខ្លួនឯង ព្រោះពួកគេបានធ្លាក់ខ្លួនស្ថិតក្រោម “ការគ្រប់គ្រងខាងផ្លូវចិត្ត” របស់ជនល្មើស។

    ប៉ូលិសនីវសៅថ៍វេលស៍ បានណែនាំថា “មានរឿងសំខាន់ 2ប្រការ ដែលនិស្សិតបរទេសអាចធ្វើបាន ដើម្បីការពារខ្លួនឯងពីឧក្រិដ្ឋជនប្រភេទនេះ គឺទី1-ដឹងថាមានការបោកប្រាស់ក្នុងរូបបែបហ្នឹង។ ទី2-សុំការជួយសង្គ្រោះតាំងពីពេលដំបូងៗភ្លាម បើសង្ស័យថា ខ្លួនឯង ឬអ្នកដែលយើងស្គាល់កំពុងប្រឈមនឹងការបោកប្រាស់បែបនេះ។

    ក្រៅពីនៅក្នុងប្រទេសអូស្ត្រាលីហើយ នៅមានរបាយការណ៍ អំពីហេតុការណ៍បោកប្រាស់ក្នុងលក្ខណៈនេះ នៅក្នុងប្រទេសនីវហ្ស៊ីលែនដ៍ និងសហរដ្ឋអាមេរិក ដូចគ្នា៕

    ប្រភព៖ សារព័ត៌មានបរទេស

  • អ៊ីរ៉ង់​បាញ់​កម្ទេច​ “គំរូនាវា​ផ្ទុក​យន្ត​ហោះ​ចម្បាំង​អាមេរិក” (វីដេអូ)

    អ៊ីរ៉ង់​បាញ់​កម្ទេច​ “គំរូនាវា​ផ្ទុក​យន្ត​ហោះ​ចម្បាំង​អាមេរិក” (វីដេអូ)

    កង​កម្លាំង​ឆ្មាំ​បដិវត្ត​អ៊ីរ៉ង់​ បាន​បាញ់​មីស៊ីល​កម្ទេច​គំរូ​នាវា​ផ្ទុក​យន្ត​ហោះ​ចម្បាំង​សហរដ្ឋ​អាមេរិក​មួយ​គ្រឿង នៅក្នុង​សម​យុទ្ធ​យោធា​​របស់​ខ្លួន​នៅ​លើ​ឆក​សមុទ្រ​ Hormuz កាល​ពី​ម្សិលមិញ​។

    វីដេអូ​ដែល​ថត​សកម្ម​ភាព​​សម​យុទ្ធ​ដែល​មាន​ឈ្មោះ​ថា “Great prophet 14” បាន​បង្ហាញ​ថា កង​កម្លាំង​ពិសេស​អ៊ីរ៉ង់​ ប្រើប្រាស់​ទូក​ល្បឿន​លឿន​ឡោម​ព័ន្ធ​​គំរូនាវា​ផ្ទុក​យន្ត​ហោះ​អាមេរិក។ កម្លាំង​ពិសេស​នេះ​ក៏​បាន​ធ្វើ​សម​យុទ្ធ​សម្រុកចូល​ទៅ​គ្រប់​គ្រង​នាវា​នេះ​ដោយ​ប្រើ​ឧទ្ធម្ភាគ​ចក្រ​ ការ​ចូល​គ្រប់​គ្រង​​ពី​លើ​ផ្ទៃ​ទឹក​ និង​ពី​ក្រោម​ទឹក​។ ក្រោយ​មក​ ឧទ្ធម្ភាគ​ចក្រ​មួយ​គ្រឿង​របស់​កង​កម្លាំង​ឆ្មាំ​បដិវត្ត​អ៊ីរ៉ង់​ (IRGC) ក៏​បាន​បាញ់​គ្រាប់​រ៉ុកកែត​តម្រង់​គំរូ​នាវា​នេះ​។

    សមយុទ្ធ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្បែរ​ឆក​សមុទ្រ Hormuz ដែល​ជា​ផ្លូវ​នាវា​ចរណ៍​ដ៏​សំខាន់​ ជា​កន្លែង​ដែល​ទំនិញ​ប្រេង​ប្រមាណ​ជា​1/5​នៃ​ពិភពលោក​ ត្រូវនាំ​ឆ្លង​កាត់​។ សមយុទ្ធ​នេះ​ ត្រូវ​បាន​បង្កើត​ឡើង​នៅក្នុង​គ្រា​ដែល​ភាព​តាន​តឹង​រវាង​អ៊ីរ៉ង់​ និង​សហរដ្ឋ​អាមេរិក​ មិន​ទាន់​មាន​សញ្ញាថម​ថយ​នៅឡើយ​។

    កង​ទ័ព​អ៊ីរ៉ង់​ថែម​ទាំង​ហាត់​បាញ់​រ៉ុកកែត​សំដៅ​យន្តហោះ​គ្មាន​មនុស្ស​បើក​​ នៅ​ក្បែរ​តំបន់​ទីក្រុង​ Bandar Abbas ផងដែរ​។ ក្រៅ​ពី​នេះ​ក៏​មាន​ការ​ហាត់​បាញ់​រ៉ុក​កែត​ចេញពី​រថយន្ត​ដឹក​ទំនិញ ពី​ទូក​ល្បឿន​លឿន​ និង​ពី​ប្រព័ន្ធ​រ៉ុកកែត​ស្ពាយ​លើ​ស្មា​ជាដើម​។

    មេបញ្ជា​ការ​រង​ ទទួល​បន្ទុក​បេសក​កម្ម​ Abbas Nilforoushan ថ្លែង​ថា “កងកម្លាំង​ឆ្មាំបដិវត្ត​អ៊ីស្លាម​អ៊ីរ៉ង់​ ប្រើ​ប្រាស់​កាំជ្រួច​ផ្លោង​រយៈ​ចម្ងាយ​ឆ្ងាយ​ ដែល​មាន​សមត្ថ​ភាព​បាញ់​ចាំ​គោលដៅ​នៅ​លើ​ផ្ទៃ​ទឹក​របស់​សត្រូវ​ឈ្លាន​ពាន​នៅ​ទីឆ្ងាយ​ នៅក្នុង​សមយុទ្ធ​នេះ​”។

    អ៊ីរ៉ង់​បាញ់​កម្ទេច​ "គំរូនាវា​ផ្ទុក​យន្ត​ហោះ​ចម្បាំង​អាមេរិក" (វីដេអូ)សមយុទ្ធ​មួយ​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ការ​ព្រមាន​អំពី​ហានិភ័យ​នៃ​ការ​ផ្ទុះ​អាវុធ​ដាក់​គ្នា​រវាង​អ៊ីរ៉ង់​ជាមួយ​នឹងសហរដ្ឋ​អាមេរិក​ នៅ​ក្នុង​តំបន់​ផ្លូវ​នាវា​ចរណ៍​ដែល​កប៉ាល់​​ដឹក​ប្រេងនានា​​ឆ្លង​កាត់​។ កាលពី​ពាក់​កណ្ដាល​ឆ្នាំ​​2019 កប៉ាល់​ដឹក​ប្រេង​មួយ​ចំនួន​ដែល​ឆ្លង​កាត់​តំបន់​ឆក​សមុទ្រ​ Hormuz ត្រូវ​រង​ការ​វាយ​ប្រហារ​។ សហរដ្ឋ​អាមេរិក​បាន​ចោទ​អ៊ីរ៉ង់​ថា ជា​អ្នក​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​នេះ​ ប៉ុន្តែ​ត្រូវ​បាន​អ៊ីរ៉ង់​ច្រាន​ចោល​។

    ភាព​តាន​តឹង​រវាង​សហរដ្ឋ​អាមេរិក​និង​អ៊ីរ៉ង់ បាន​ចាប់​ផ្ដើម​កើន​កម្ដៅ​ខ្លាំង​បន្ទាប់​ពី​ប្រធានាធិបតិ​ Donald Trump បាន​ដក​សហរដ្ឋ​អាមេរិក​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​នុយក្លេអែរ​រវាង​អាមេរិក​និង​អ៊ីរ៉ង់​កាលពី​ឆ្នាំ​2018​។ អ៊ីរ៉ង់​ក៏ធ្លាប់​បាន​បាញ់​ទម្លាក់​យន្ត​ហោះ​គ្មាន​មនុស្ស​បើក​មួយ​គ្រឿង​របស់​សហរដ្ឋ​អាមេរិក​ផងដែរ​កាល​ពី​ខែ​មិថុនា​2019​ ដែល​ហេតុ​ការណ៍​នេះ​វិះ​​នឹង​បញ្ឆេះ​សង្គ្រាម​រវាង​ប្រទេស​ទាំង​2​ទៀត​ផង​។

    https://www.youtube.com/watch?v=CImlCIOUFgM

    ការ​ស្អប់​ខ្ពើម​គ្នា​រវាង​អ៊ីរ៉ង់​និង​សហរដ្ឋ​អាមេរិក​ បាន​កើន​កម្ដៅ​ថែម​មួយ​កម្រិត​ទៀត​ បន្ទាប់​ពី​​ឧត្តម​សេនីយ៍​​ Qasem Soleimani​ មេបញ្ជា​ការ​កង​កម្លាំង​ពិសេស​ Quds របស់​ IRGC ត្រូវ​បាន​ធ្វើឃាត​នៅ​ប្រទេស​អ៊ីរ៉ាក់​កាលពី​ខែ​មករា​។ បញ្ហា​ថ្មី​ៗ​នេះ​បំផុត​នោះ​គឺ​ករណី​ដែល​ IRGC បញ្ជូន​ទូក​ល្បឿន​លឿន​ទៅ​ក្បែរ​នាវា​ចម្បាំង​សហរដ្ឋ​អាមេរិក​ និង​ករណី​យន្ត​ហោះ​ F-15 ហោះ​ទៅ​ក្បែរ​យន្ត​ហោះ​ដឹក​អ្នក​ដំណើរ​របស់​អ៊ីរ៉ង់​នៅលើ​ដែន​អាកាស​ប្រទេស​ស៊ីរី​៕

    ប្រភព៖ សារ​ព័ត៌មានបរទេស​

  • លោក គីម ជុងអ៊ុន សប្បាយចិត្ត ក្នុងថ្ងៃគម្រប់ខួប 67ឆ្នាំ ផ្អាកសង្គ្រាមជាមួយកូរ៉េខាងត្បូង ចែកកាំភ្លើងខ្លីឱ្យទាហាន ដោយគ្មានពាក់ម៉ាស់ការពារវីរុស

    លោក គីម ជុងអ៊ុន សប្បាយចិត្ត ក្នុងថ្ងៃគម្រប់ខួប 67ឆ្នាំ ផ្អាកសង្គ្រាមជាមួយកូរ៉េខាងត្បូង ចែកកាំភ្លើងខ្លីឱ្យទាហាន ដោយគ្មានពាក់ម៉ាស់ការពារវីរុស

    ទីភ្នាក់ងារព័ត៌មានAFP បានរាយការណ៍អំពីបរិយាកាសក្នុងការរៀបចំពិធីរំឭកខួប 67ឆ្នាំ ថ្ងៃផ្អាកសង្គ្រាម ឬការបញ្ឈប់សង្គ្រាមរវាងកូរ៉េទាំង2 កាលពីថ្ងៃទី27 កក្កដា ឆ្នាំ1953 ថា ទាំងកូរ៉េខាងជើង និងកូរ៉េខាងត្បូង បានរៀបចំពិធីនេះដោយឡែកពីគ្នារៀងៗខ្លួន ក្រោមសម្ព័ន្ធភាពដ៏តានតឹងរបស់ប្រទេសទាំង2 ជាពិសេស ពេលកើតមានការចោទប្រកាន់ថា កូរ៉េខាងត្បូង បានសាយភាយមេរោគកូវីដ-19 ចូលទៅក្នុងប្រទេសកូរ៉េខាងជើង។

    នៅទីក្រុងព្យុងយ៉ាង ទីក្រុងធំរបស់ប្រទេសកូរ៉េខាងជើង លោកគីម ជុងអ៊ុន មេដឹកនាំខ្ពស់បំផុតរបស់កូរ៉េខាងជើង បានធ្វើជាអធិបតីភាពក្នុងពិធី ដោយបានប្រគល់កាំភ្លើងខ្លីឱ្យបណ្ដានាយទាហានថ្នាក់ឧត្ដមសេនីយ៍ និងថ្នាក់ដឹកនាំកងទ័ពជើងចាស់ ដែលបានថ្លែងសច្ចាប្រណិធាន ស្មោះស្ម័គ្រភក្ដីចំពោះលោកប្រធានគីម ដើម្បីជាការឆ្លងរបៀបវារៈសំខាន់នេះ។

    នាយទាហានគ្រប់រូបដែលចូលរួមក្នុងពិធីនេះ ក្រៅពីមិនបានពាក់ម៉ាស់ការពារវីរុសហើយ នៅបានឈរជិតៗគ្នា ដើម្បីថតរូបជាក្រុម បើទោះជាកូរ៉េខាងជើងទើបតែប្រកាសស្ថានការណ៍អាសន្នថា រកឃើញអ្នកជំងឺសង្ស័យឆ្លងមេរោគកូវីដ-19 ដំបូងគេនៅក្នុងប្រទេស និងបិទទីក្រុងឃែសុង ទីក្រុងព្រំដែនដែលធ្លាប់ធ្វើជំនួញរួមគ្នាក៏ដោយ។

    ខាងកូរ៉េខាងត្បូង

    កូរ៉េខាងជើង ថែមទាំងចាប់ឃាត់ខ្លួនអ្នកក្បត់ប្រទេសជាតិដែលប្ដូរចិត្ត វិលត្រឡប់មកពីកូរ៉េខាងត្បូងវិញ ឆ្លងកាត់តំបន់DMC មកពីខាងត្បូង ដើម្បីបន្ទោសថា បាននាំមេរោគកូវីដ-19 ពីកូរ៉េខាងត្បូង មកចម្លងនៅក្នុងកូរ៉េខាងជើង។

    ចំណែកខាងមន្ត្រីកូរ៉េខាងត្បូងវិញ បាននិយាយថា បុរសម្នាក់ដែលគេជឿថា ជាអ្នកក្បត់ប្រទេសជាតិ តែប្ដូរចិត្តវិញនោះ មិនដែលទទួលការអះអាងថា ឆ្លងមេរោគកូវីដ-19 ទេ និងថែមទាំងមិនដែលបានប៉ះពាល់ជាមួយអ្នកជំងឺទៀតផង។

    លោក គីម ឌូយ៉ន អ្នកជំនាញការរឿងកូរ៉េ មកពីក្រុមអ្នកស្រាវជ្រាវសិក្សាវិបត្តិអន្តរជាតិ បានបញ្ជាក់ថា កូរ៉េខាងជើង មានសញ្ញាក្នុងការមានអ្នកជំងឺកូវីដ-19 ស្រាប់ទៅហើយ តែបានឆ្លៀតឱកាសនេះ ចោទប្រកាន់ថា ជាកំហុសរបស់កូរ៉េខាងត្បូង ជាជាងបន្ទោសចិនដែលជាសម្ព័ន្ធមិត្តនឹងគ្នាដ៏យូរអង្វែង។

    ចំណែកនៅឯខាងកូរ៉េខាងត្បូងវិញ ក្រៅពីរៀបចំពិធីរំឭកខួបថ្ងៃផ្អាកសង្គ្រាមហើយ ថែមទាំងជាពិធីរំឭកខួបនៃការចូលរួមរបស់កងកម្លាំងសហប្រជាជាតិ ឬUN Forces Participation Day ដែលគម្រប់ខួប 67ឆ្នាំដូចគ្នា។

    ពិធីនេះ ត្រូវបានរៀបចំឡើងនៅក្នុងភូមិ ប៉ាន់ មុនចម ទីក្រុងប៉ាជូ ដែលមានអតីតយុទ្ធជនកូរ៉េខាងត្បូង រួមទាំងទាហានអាមេរិក និងតំណាងអង្គការសហប្រជាជាតិ ចូលរួមផងដែរ។ គ្រប់គ្នាសុទ្ធតែពាក់ម៉ាស់អនាម័យការពារ ឈរឆ្ងាយៗពីគ្នា តាមវិធានការការពារមេរោគកូវីដ-19។

    ការរៀបចំពិធីនេះ គឺដើម្បីរំឭកគុណដល់អតីតយុទ្ធជនជាង 2លាននាក់ មកពី 22ប្រទេស ដែលបានចូលរួមជាមួយកងកម្លាំងកូរ៉េខាងត្បូងក្រោមទង់អង្គការសហប្រជាជាតិ៕

    ប្រភព៖ សារព័ត៌មានបរទេស