Category: អន្តរជាតិ

  • រុស្ស៊ីបញ្ជូនយន្តចម្បាំង8គ្រឿងទៅបណ្ដេញយន្តហោះទម្លាក់គ្រាប់បែកB-52 3គ្រឿងរបស់អាម៉េរិកចេញ​ពី​​តំបន់​ក្បែរ​ Crimea

    រុស្ស៊ីបញ្ជូនយន្តចម្បាំង8គ្រឿងទៅបណ្ដេញយន្តហោះទម្លាក់គ្រាប់បែកB-52 3គ្រឿងរបស់អាម៉េរិកចេញ​ពី​​តំបន់​ក្បែរ​ Crimea

    រុស្ស៊ីបានប្រកាសថា កងទ័ពប្រទេសនេះបានបញ្ជូនយន្តហោះចម្បាំងចំនួន8គ្រឿង ទៅរារាំងយន្តហោះទម្លាក់គ្រាប់បែកមួយក្រុមរបស់សហរដ្ឋអាម៉េរិក ដែលហោះក្បែរតំបន់ឧបទ្វីប Crimea។

    សេចក្ដីប្រកាសដែលត្រូវបានធ្វើឡើងកាលពីថ្ងៃទី4កញ្ញាឱ្យដឹងថា ហេតុការណ៍ដែលបានកើតឡើងនេះគឺដោយសារមានយន្តហោះទម្លាក់គ្រាប់បែក B-52 ចំនួន3គ្រឿងរបស់សហរដ្ឋអាម៉េរិក បានហោះពីលើតំបន់សមុទ្រខ្មៅ (Black Sea) នៅក្បែរឧបទ្វីប Crimea។

    “ដើម្បីកុំឱ្យយន្តហោះរបស់សហរដ្ឋអាម៉េរិកបំពានលើដែនអាកាសរបស់រុស្ស៊ី យន្តហោះចម្បាំង Su-27 ចំនួន4គ្រឿង និង Su-30 ចំនួន4គ្រឿងរបស់កងកម្លាំងការពារដែនអាកាសភូមិភាគខាងត្បូង ត្រូវបានបញ្ជូនទៅកាន់តំបន់សមុទ្រខ្មៅ និងសមុទ្រ Azov” នេះបើតាមមជ្ឈមណ្ឌគ្រប់គ្រងកិច្ចការការពារជាតិរុស្ស៊ី។

    យន្តហោះ​ចម្បាំង Su-27 របស់​រុស្ស៊ី (ឆ្វេង) និង​យន្ត​ហោះ​ B-52 របស់​សហរដ្ឋ​អាម៉េរិក

    សេចក្ដីប្រកាសបានឱ្យដឹងថា យន្តហោះចម្បាំងរបស់រុស្ស៊ី បានបង្ហាញវត្តមាននៅកន្លែងកើតហេតុយ៉ាងឆាប់រហ័ស និងបាន “អមនិងជូនដំណើរ” យន្តហោះរបស់សហរដ្ឋអាម៉េរិក ឱ្យគេចចេញពីដែនអាកាសរបស់រស្ស៊ី។ សេចក្ដីប្រកាសបានបញ្ចប់ថា៖ “ការដែលយន្តហោះសហរដ្ឋអាម៉េរិក រំលោភព្រំដែនរុស្ស៊ី គឺជារឿងមួយដែលមិនត្រូវបានអនុញ្ញាតនោះឡើយ”។

    មុនហេតុនេះ កាលពីថ្ងៃទី28សីហា រុស្ស៊ីក៏បានបញ្ជូនយន្តហោះចម្បាំង Su-27 ចំនួន2គ្រឿង ទៅរារាំងយន្តហោះទម្លាក់គ្រាប់បែក B-52 ជាច្រើនគ្រឿងនៅលើសមុទ្រខ្មៅ។ ថ្ងៃទី29សីហា ក៏មានករណីដូចគ្នានេះមួយទៀតបានកើតឡើងនៅលើសមុទ្រ Baltic ផងដែរ។

    យោងតាមសារព័ត៌មាន Sputnik ហេតុការណ៍កាលពីថ្ងៃទី28សីហា ត្រូវបានមើលឃើញថាជាការបង្ហាញកម្លាំងសាច់ដុំនៃយោធាសហរដ្ឋអាម៉េរិក មិនធ្លាប់មានពីមុនមក នៅពេលដែលប្រទេសនេះបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B-52 ចំនួន6គ្រឿង ហោះទៅកាន់ប្រទេសចំនួន30 ដែលជាសមាជិករបស់អង្គការ NATO នៅក្នុងថ្ងៃតែមួយ។

    យន្តហោះ​ចម្បាំង​ Su-27 របស់​រុស្ស៊ី

    ចំណែកហេតុការណ៍កាលពីម្សិលមិញ (4កញ្ញា) បានកើតឡើងក្នុងពេលកងទ័ពសហរដ្ឋអាម៉េរិក ចាប់ផ្ដើមធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅអេស្តូនី (Estonia) ក្នុងតំបន់ដែលមានចម្ងាយពីព្រំដែនរុស្ស៊ីត្រឹមតែ112គូឡូម៉ែត្រប៉ុណ្ណោះ។

    សារព័ត៌មាន RT បានចេញផ្សាយថា ក្នុងគ្រាដែលយន្តហោះ B-52 កំពុងហោះក្បែរតំបន់ Crimea កាលពីម្សិលមិញ នាវា និងយន្តហោះឈ្លបយកការណ៍ជាច្រើនគ្រឿងរបស់អង់គ្លេស និងសហរដ្ឋអាម៉េរិក ក៏បានបង្ហាញខ្លួននៅលើសមុទ្រខ្មៅ និងដែនអាកាសរបស់ប្រទេសអ៊ុយក្រែនផងដែរ។ ប្រការនេះបានបង្ហាញថា យន្តហោះ B-52 ទំនងជាបានធ្វើតេស្តលើប្រព័ន្ធរ៉ាដា និងប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីនៅតំបន់ Crimea។

    យន្តហោះ​ទម្លាក់​គ្រាប់​បែក​ B-52 របស់​សហរដ្ឋ​អាម៉េរិក

    សារព័ត៌មាន RT យល់ថា នេះអាចជាសកម្មភាពបង្ហាញកម្លាំងរបស់កងទ័ពអាម៉េរិកាំងនៅក្បែរប្រទេសរុស្ស៊ី។

    ចំណែកឯបញ្ជាការដ្ឋានកងទ័ពសហរដ្ឋអាម៉េរិកប្រចាំនៅអឺរ៉ុប បានឱ្យដឹងថា យន្តហោះទម្លាក់គ្រាប់បែក B-52 ចំនួន3គ្រឿង បានសហការជាមួយយន្តហោះចម្បាំងរបស់អ៊ុយក្រែន ដើម្បី “ធ្វើសមយុទ្ធនៅលើអាកាស” ហើយកម្មវិធីនេះគឺចង់បង្ហាញអំពីកម្លាំងរបស់សហរដ្ឋអាម៉េរិក និង NATO ក្នុងការ “ទប់ទល់នឹងរុស្ស៊ី និងការធនាសន្តិសុខាចំពោះប្រទេសជាសម្ព័ន្ធមិត្ត និងដៃគូ”៕

    ប្រភព៖ RT, Sputnik

  • ប្រទេស Palau ​អញ្ជើញ​សហរដ្ឋ​អាម៉េរិក​ឱ្យ​បោះ​ទ័ពលើទឹកដីរបស់ខ្លួន ខណៈចិនកំពុងពង្រីកឥទ្ធិពលក្នុងតំបន់

    ប្រទេស Palau ​អញ្ជើញ​សហរដ្ឋ​អាម៉េរិក​ឱ្យ​បោះ​ទ័ពលើទឹកដីរបស់ខ្លួន ខណៈចិនកំពុងពង្រីកឥទ្ធិពលក្នុងតំបន់

    ប្រទេស Palau ដែលមានទីតាំងនៅមហាសមុទ្រប៉ាស៊ីហ្វិក បានស្នើឱ្យសហរដ្ឋអាម៉េរិក មកតាំងមូលដ្ឋានទ័ពនៅលើទឹកដីរបស់ខ្លួន ស្របពេលដែលប្រទេសចិនកំពុងតែពង្រីកឥទ្ធិពលនៅក្នុងតំបន់សមុទ្រចិនខាងត្បូងដែលជាប់នឹងមហាសមុទ្រប៉ាស៊ីហ្វិក។

    ប្រធានាធិបតីនៃប្រទេស Palau លោក Tommy Remengesau ក្នុងសប្ដាហ៍នេះបានផ្ញើលិខិតមួយច្បាប់ទៅកាន់រដ្ឋមន្ត្រីក្រសួងការពារជាតិអាម៉េរិក លោក Mark Esper ដើម្បីស្នើឱ្យកងទ័ពសហរដ្ឋអាម៉េរិក មកតាំងមូលដ្ឋាននៅលើទឹកដីរបស់ខ្លួន ដែលជាកោះមួយនៅកណ្ដាលមហាសមុទ្រប៉ាស៊ីហ្វិក និងមានចម្ងាយប្រមាណជា1,500គីឡូម៉ែត្រទៅទិសខាងកើតនៃប្រទេសហ្វីលីពីន។

    ប្រធានាធិបតី Remengesau បានសរសេរថា៖ “ការស្នើរបស់ Palau ចំពោះកងទ័ពអាម៉េរិកាំង គឺសាមញ្ញណាស់ ចូរបង្កើតមូលដ្ឋានទ័ពប្រើប្រាស់រួម ក្រោយមក កងទ័ពសហរដ្ឋអាម៉េរិកអាចមក និងប្រើប្រាស់បានគ្រប់ពេល”។

    ប្រធានាធិបតីនៃប្រទេស Palau អះអាងថា ប្រទេសកោះដែលមានប្រជាជនប្រមាណ22,000នាក់នេះ ត្រៀមខ្លួនជានិច្ចក្នុងការផ្ដល់ទីតាំងដីគោក កំពង់ផែ និងព្រលានយន្តហោះទៅឱ្យកងទ័ពសហរដ្ឋអាម៉េរិក។ ទន្ទឹមនឹងនេះ Palau ក៏ស្នើឱ្យកងកម្លាំងល្បាតសមុទ្រសហរដ្ឋអាម៉េរិក បង្ហាញវត្តមាននៅជុំវិញប្រទេស Palau ដើម្បីជួយការពារដែនសមុទ្រនៃប្រទេសនេះផងដែរ។

    ប្រធានាធិបតីនៃប្រទេស Palau លោក Tommy Remengesau
    ប្រធានាធិបតីនៃប្រទេស Palau លោក Tommy Remengesau

    រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាម៉េរិក លោក Esper កាលពីសប្ដាហ៍មុន បានទៅធ្វើទស្សនកិច្ចនៅប្រទេស Palau ជាកន្លែងដែលលោកបានសម្ដែងសុន្ទរកថា ចោទប្រទេសចិនថា កំពុងធ្វើសកម្មភាពបង្កអស្ថិរភាពនៅមហាសមុទ្រប៉ាស៊ីហ្វិក។

    Palau គឺជាប្រទេសឯករាជ្យមួយ ប៉ុន្តែមិនមានកងទ័ពនោះទេ ហើយសហរដ្ឋអាម៉េរិកទទួលខុសត្រូវក្នុងការការពារប្រទេសនេះទៅតាមសន្ធិសញ្ញា Compact of Free Association (COFA)។ តាមរយៈសន្ធិសញ្ញានេះ កងទ័ពសហរដ្ឋអាម៉េរិកមានសិទ្ធិក្នុងការពង្រាយកងទ័ពរបស់ខ្លួននៅ Palau ក៏ប៉ុន្តែបច្ចុប្បន្ននេះ ពុំវត្តមានកងទ័ពអាម៉េរិកាំងប្រចាំការនៅទីនេះនោះទេ។

    ប្រធានាធិបតី Remengesau ថ្លែងថា៖ “យើងគួរតែប្រើប្រាស់យន្តការនៃសន្ធិសញ្ញា COFA ដើម្បីជំរុញឱ្យមានវត្តមានកងទ័ពសហរដ្ឋអាម៉េរិកនៅប្រទេស Palau ជាអចិន្ត្រៃយ៍។ កងទ័ពអាម៉េរិកាំង មានសិទ្ធិក្នុងការបង្កើតមូលដ្ឋានការពារនៅសាធារណរដ្ឋ Palau”។

    ប្រទេស Palau អញ្ជើញអាម៉េរិកឱ្យបោះទ័ពលើទឹកដីរបស់ខ្លួន ខណៈចិនកំពុងពង្រីកឥទ្ធិពលក្នុងតំបន់
    ទិដ្ឋ​ភាព​កោះ​មួយ​ចំនួន​របស់​ប្រទេស​ Palau

    លោក Remengesau យល់ថា មូលដ្ឋានទ័ពរបស់សហរដ្ឋអាម៉េរិកនៅ Palau មិនត្រឹមតែជួយបង្កើនសមត្ថភាពការពារខ្លួនរបស់សហរដ្ឋអាម៉េរិកនោះទេ តែក៏ជួយលើកកម្ពស់សេដ្ឋកិច្ចជាតិរបស់កោះនេះផងដែរ ខណៈដែលកោះនេះកំពុងជួបការលំបាកខ្លាំងក្នុងសម័យ COVID-19 ដែលបានរារាំងសកម្មភាពទេសចរណ៍ និងវិស័យផ្សេងៗរបស់ប្រទេសនេះ។

    កោះ Palau ធ្លាប់ជាទីតាំងដែលកើតមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារវាងកងទ័ពសហរដ្ឋអាម៉េរិក និងកងទ័ពជប៉ុន នៅក្នុងសង្គ្រាមលោកលើកទីII។ ក៏ប៉ុន្តែ ក្រោយសង្គ្រាមនេះ ទីក្រុងវ៉ាស៊ីងតោនបានផ្ដោតទៅលើមូលដ្ឋានទ័ពនៅហ្វីលីពីន និងកោះ Guam។ មូលដ្ឋានរ៉ាដាយោធាមួយរបស់សហរដ្ឋអាម៉េរិក ត្រូវបាន​រៀប​គម្រោង​សាង​សង់រួចហើយ ប៉ុន្តែត្រូវបានពន្យារពេលទៅវិញដោយសារCOVID-19។

    ប្រទេស Palau អញ្ជើញអាម៉េរិកឱ្យបោះទ័ពលើទឹកដីរបស់ខ្លួន ខណៈចិនកំពុងពង្រីកឥទ្ធិពលក្នុងតំបន់
    ផែន​ទី​នៃ​ទី​តាំង​ប្រទេស​ Palau

    នៅក្នុងដំណើរទស្សនាកិច្ចមិនដល់3ម៉ោងរបស់លោក Esper ទៅកាន់ប្រទេស Palau កាលពីសប្ដាហ៍មុន លោក Remengesau បានថ្លែងថា ប្រទេសចិនកំពុងផ្ដល់ប្រាក់កម្ចីដែលមានការប្រាក់ទាបដើម្បីអូសទាញបណ្ដាប្រទេសកោះនៅមហាសមុទ្រប៉ាស៊ីហ្វិក។

    ក៏ប៉ុន្តែ អ្នកនាំពាក្យនៃក្រសួងការបរទេសចិន លោកស្រី Hua Chunying ធ្លាប់បានថ្លែងថា ពុំមានភ័ស្ដុតាងណាមួយបង្ហាញថា ទីក្រុងប៉េកាំងទទួលខុសត្រូវក្នុងការផ្ដល់ប្រាក់កម្ចីមិនមានស្ថិរភាពទៅឱ្យបណ្ដាប្រទេសកោះនៅមហាសមុទ្រប៉ាស៊ីហ្វិកនោះឡើយ៕

    ប្រភព៖ AFP

  • កាណាដា បដិសេធពាក្យសុំសិទ្ធិជ្រកកោន របស់អតីតអង្គរក្សលោក គីម ចង់ អ៊ីល

    កាណាដា បដិសេធពាក្យសុំសិទ្ធិជ្រកកោន របស់អតីតអង្គរក្សលោក គីម ចង់ អ៊ីល

    កាលពីថ្ងៃទី3 កញ្ញា សារព័ត៌មានThe Toronto Star បានរាយការណ៍ថា លោកអ៊ី យ៉ុង គុក អាយុ 57ឆ្នាំ ពលរដ្ឋសញ្ជាតិកូរ៉េខាងជើង អតីតអង្គរក្សរបស់អតីតមេដឹកនាំកូរ៉េខាងជើងដែលស្លាប់ទៅហើយ លោក គីម ចង់ អ៊ីល បាននិយាយថា លោកខ្លាចត្រូវគេចាប់ពង្រត់ បើសិនជាត្រូវនិរទេសខ្លួនត្រឡប់ទៅប្រទេសកូរ៉េខាងត្បូងវិញ បន្ទាប់ពីប្រទេសកាណាដាបានបញ្ជាក់ថា ពាក្សសុំសិទ្ធិជ្រកកោនរបស់លោកអ៊ី ខ្វះភាពគួរឱ្យជឿជាក់។

    លោកអ៊ី បានផ្ដល់បទសម្ភាសតាមរយៈអ្នកបកប្រែថា “ស្ថានការណ៍ខ្មៅងងឹតខ្លាំងណាស់ រដ្ឋបាលកូរ៉េខាងជើង ព្យាយាមចាប់ពង្រត់ខ្ញុំ ពេលនៅក្នុងប្រទេសកូរ៉េខាងត្បូង បើប្រទេសកាណាដាបញ្ជូនខ្ញុំត្រឡប់ទៅកូរ៉េខាងត្បូងវិញ ខ្ញុំនឹងក្លាយជាសាកសពមិនខាន”

    កាលពីឆ្នាំ2001 លោកអ៊ី បានចូលរួមក្នុងការរត់ភៀសខ្លួនមួយរបស់បណ្ដាអ្នកក្បត់ប្រទេសឯទៀត និងធ្វើដំណើរទៅទីក្រុងសេអ៊ូលរបស់កូរ៉េខាងត្បូង ឆ្លងកាត់ប្រទេសចិន។ តមក នៅឆ្នាំ2017 លោកបានធ្វើដំណើរទៅទីក្រុងតូរ៉ុនតូ របស់ប្រទេសកាណាដា ព្រមជាមួយភរិយា និងកូន 2នាក់ ដើម្បីស្នើសុំសិទ្ធិជ្រកកោននៅទីនោះ។

    លោកអ៊ី អះអាងថា គ្រួសាររបស់លោក កំពុងស្ថិតក្នុងភាពប្រថុយប្រថានក្នុងការត្រូវគំរាមកំហែង និងបានទទួលការគំរាមសម្លុត ដោយសារតែលោកបានរិះគន់ប្រទេសកូរ៉េខាងជើង ខណៈដែលប្រទេសកូរ៉េទាំង2 ព្យាយាមកែបញ្ហាសម្ព័ន្ធភាពដែលកំពុងតានតឹងរវាងគ្នា តែគណៈកម្មការអន្តោប្រវេសន៍ និងជនភៀសខ្លួនកាណាដា បានបដិសេធពាក្យស្នើសុំសិទ្ធិជ្រកកោនរបស់លោក កាលពីថ្ងៃទី31 កក្កដា ដោយសារតែខ្វះភាពគួរឱ្យជឿជាក់ ខណៈដែលលោកអ៊ី ត្រូវការដាក់ពាក្យឧទ្ធរណ៍លើសេចក្ដីសម្រេចរបស់គណៈកម្មការខាងលើជាបន្ត។

    ចំណែកសារព័ត៌មាន Daily Mail បានរាយការណ៍ថា អាជ្ញាធរនៃប្រទេសកាណាដា មិនអាចត្រួតពិនិត្យភាពត្រឹមត្រូវលើអំណះអំណាងរបស់លោកអ៊ី ដែលបានប្រាប់ថា ធ្លាប់ប៊ិះត្រូវគេចាប់ពង្រត់ ដល់ទៅ 2លើក អំឡុងពេលស្ថិតនៅក្នុងប្រទេសកូរ៉េខាងត្បូង។

    លោកអ៊ី យ៉ុងគុក បានប្រាប់ឱ្យដឹងថា លោកចាប់ផ្ដើមធ្វើជាអង្គរក្សលោកគីម ចង់អ៊ីល តាំងពីឆ្នាំ1977 ដែលកាលណោះ លោកគីម ចង់អ៊ីល នៅជាកូនប្រុសរបស់លោក គីម អ៊ីលស៊ុង ស្ថាបនិក និងមេដឹកនាំកូរ៉េខាងជើងក្នុងគ្រានោះនៅឡើយ ដោយទទួលបានប្រាក់ខែប្រមាណជា 100ដុល្លារអាមេរិក និងត្រូវតាមការពារលោកគីម ចង់អ៊ីល ទៅគ្រប់ទីកន្លែង។

    លោកអ៊ី ថែមទាំងបានផ្ដល់បទសម្ភាសជាមួយ CNN ទៀតផងថា ខណៈពេលនៅធ្វើការឱ្យលោកគីម អ៊ីលស៊ុង អំឡុងទសវត្សរ៍1980 លោកទទួលស្គាល់ថា លោកត្រូវបានលាងខួរក្បាលដោយរដ្ឋបាលកូរ៉េខាងជើង។ “ពេលលោកគីម ចង់អ៊ីល បម្រុងឡើងជិះរថយន្តផ្ទាល់ខ្លួន បណ្ដាទីប្រឹក្សាទាំងឡាយ នឹងរត់គេច និងទម្លាក់ខ្លួនដេកនៅលើស្មៅ ដើម្បីលាក់បំបាំងខ្លួនពីលោកគីម ចង់អ៊ីល ដោយសារតែម្នាក់ៗមានប្រឡាក់ធូលីដីនៅលើសម្លៀកបំពាក់ និងម្នាក់ៗសុទ្ធតែខ្លាចលោកគីម ចង់អ៊ីល ដែលមានសម្ដីអាក្រក់ កាចសាហាវ និងអាចបញ្ជាឱ្យកាត់ក្បាលនរណាក៏បាន ទោះជាពេលមានអារម្មណ៍សប្បាយរីករាយក៏ដោយ”។

    លោកអ៊ី ព្យាយាមរត់គេចចេញពីកូរ៉េខាងជើង 2ដង ដោយលើកដំបូង ធ្វើមិនបានសម្រេច ក៏ត្រូវបញ្ជូនខ្លួនទៅជំរំពលកម្មធ្ងន់ធ្ងរ ឬគុកអ្នកទោសនយោបាយរបស់កូរ៉េខាងជើង យ៉ូដុក ក្នុងខេត្តយ៉ុងណាំ។ ក្នុងពេលជាប់ឃុំនៅទីនោះ ដើម្បីឱ្យមានជីវិតរស់ និងបានទទួលអាហារច្រើនពីអ្នកយាម លោកអ៊ី ត្រូវស្ម័គ្រចិត្តលីខ្មោចអ្នកទោស យកទៅកប់នៅតាមភ្នំតែម្នាក់ឯង អស់ជាង 300សាកសព៕

    ប្រភព៖ សារព័ត៌មានបរទេស

     

     

     

  • លិចកប៉ាល់ដឹកមនុស្ស43នាក់ និងគោជិត6,000ក្បាលនៅកណ្ដាលសមុទ្រ

    លិចកប៉ាល់ដឹកមនុស្ស43នាក់ និងគោជិត6,000ក្បាលនៅកណ្ដាលសមុទ្រ

    កងកម្លាំងល្បាតសមុទ្របានរកឃើញជនរងគ្រោះម្នាក់ដែលនៅមានជីវិត ក្រោយពីមានហេតុការណ៍លិចកប៉ាល់ដែលដឹកមនុស្សចំនួន43នាក់ និងគោជិត6,000ក្បាល នៅលើសមុទ្រជប៉ុន។

    កប៉ាល់ Gulf Livestock 1 បានបញ្ចេញសញ្ញាសុំឱ្យជួយសង្គ្រោះបន្ទាន់កាលពីវេលាទៀបភ្លឺថ្ងៃទី2កញ្ញា នៅក្នុងតំបន់ដែលមានចម្ងាយពីកោះ Amami Sohima របស់ជប៉ុនប្រមាណជា185គីឡូម៉ែត្រទៅទិសខាងលិច។ នៅវេលាទៀបភ្លឺនោះដែរ កងកម្លាំងល្បាតសមុទ្ររបស់ជប៉ុនបានរកឃើញជនរងគ្រោះម្នាក់នៅមានជីវិត។ ជនរងគ្រោះនេះគឺជាបុរសមានសញ្ជាតិហ្វីលីពីន អាយុ45ឆ្នាំ។

    មូលហេតុដំបូងត្រូវបានគេជឿថា ដោយសារម៉ាស៊ីនរបស់កប៉ាល់នេះលែងដំណើរការបាន ហើយកប៉ាល់ក៏ត្រូវរលកសមុទ្រវាយពន្លិចចូលក្នុងទឹកសមុទ្រ។ បច្ចុប្បន្ន គេមិនទាន់ដឹងច្បាស់អំពីសេចក្ដីលម្អិតនៅឡើយ ប៉ុន្តែ ជងរងគ្រោះខាងលើនិយាយថា ខ្លួនមិនបានឃើញជនរងគ្រោះណាម្នាក់នោះឡើយនៅពេលកំពុងរង់ចាំការជួយសង្គ្រោះ។

    ទូកកៅស៊ូមួយគ្រឿងត្រូវបានប្រទះឃើញក្នុងតំបន់កើតហេតុ នៅពេលកងកម្លាំងល្បាតសមុទ្រជប៉ុនបានរកឃើញជនរងគ្រោះម្នាក់ខាងលើ ប៉ុន្តែ អាជ្ញាធរជប៉ុនមិនទាន់កំណត់ច្បាស់ថា វាជាប់ទាក់ទិននឹងហេតុការណ៍លិចកប៉ាល់នេះដែរ ឬយ៉ាងណានៅឡើយ៕

    ប្រភព៖ AFP

  • កូរ៉េខាងជើង បញ្ជាឱ្យបាញ់សម្លាប់ចោលទាំងអស់ អ្នកណាដែលចូលមកជិតព្រំដែនចម្ងាយ 1គ.ម៉ ដើម្បីទប់ស្កាត់កូវីដ-19 ចូលប្រទេស

    កូរ៉េខាងជើង បញ្ជាឱ្យបាញ់សម្លាប់ចោលទាំងអស់ អ្នកណាដែលចូលមកជិតព្រំដែនចម្ងាយ 1គ.ម៉ ដើម្បីទប់ស្កាត់កូវីដ-19 ចូលប្រទេស

    កាលពីថ្ងៃទី1 ខែកញ្ញា Radio Free Asia បានរាយការណ៍ថា កូរ៉េខាងជើង បានបញ្ជាឱ្យទាហាន និងប៉ូលិសបាញ់ភ្លាមៗទៅលើអ្នកណាក៏ដោយ ដែលស្ថិតនៅក្បែរព្រំដែនកូរ៉េខាងជើង និងចិនក្នុងរយៈចម្ងាយ 1គីឡូម៉ែត្រ ដើម្បីបញ្ឈប់ការឆ្លងរាលដាលរបស់មេរោគកូវីដ-19។

    ប្រភពព័ត៌មានរដ្ឋបាលកូរ៉េខាងជើង បានដឹងវិធានការដ៏ម៉ឹងម៉ាត់ថ្មីនេះមិនដល់ 1ថ្ងៃផង មុននឹងបទបញ្ជានេះត្រូវបានដាក់ឱ្យប្រើ កាលពីកណ្ដាលអធ្រាត្រនៃថ្ងៃព្រហស្បតិ៍ ទី27សីហា។ ប៉ូលិសនៅក្នុងតំបន់ហាំយ៉ង់ខាងជើង ភាគខាងកើតឆៀងខាងជើង បានបញ្ជាក់ថា ខ្លួននឹងបាញ់សម្លាប់មនុស្សគ្រប់រូបដែលស្ថិតក្បែរព្រំដែនក្នុងរយៈចម្ងាយដូចខាងលើ មិនថាអ្នកទាំងនោះ នៅត្រង់នោះដោយមូលហេតុអ្វីក៏ដោយ។

    រដ្ឋបាលកូរ៉េខាងជើងកំពុងបញ្ជូនគ្រាប់កាំភ្លើងទៅគាំទ្រប៉ូលិសព្រំដែន ហើយប្រភពព័ត៌មាន បានបញ្ជាក់ទៀតថា នឹងមិនចាំបាច់មានអ្នកណាត្រូវទទួលខុសត្រូវ លើការបាញ់សម្លាប់មនុស្សក្នុងរយៈចម្ងាយខាងលើនៅតាមព្រំដែននោះឡើយ។

    កូរ៉េខាងជើង ថែមទាំងបានដាក់បទបញ្ជាឱ្យប្រើគោលការណ៍ទាំងនោះនៅតាមបណ្ដោយព្រំដែនទាំងអស់ប្រវែង 1,287គីឡូម៉ែត្រទៀតផង ដើម្បីព្យាយាមការពារការឆ្លងរាលដាលនៃមេរោគកូវីដ-19 ពីអ្នកផ្ទុកមេរោគដែលមកពីប្រទេសចិន និងបញ្ជាឱ្យប្រើវិធានការនេះ រហូតទាល់តែការឆ្លងរាលដាលដ៏ធំនេះបាត់អស់ទៅវិញ។

    ទោះជាចិន និងកូរ៉េខាងជើង បានបញ្ជាឱ្យបិទព្រំដែន និងផ្អាកការធ្វើពាណិជ្ជកម្មរវាងគ្នាក្ដី តែក៏នៅតែមានការឆ្លងព្រំដែនទៅ-មកដដែល ដោយសារតែកូរ៉េខាងជើងត្រូវពឹងអាស្រ័យលើទំនិញនាំចូលរត់ពន្ធ ដែលយកមកពីប្រទេសចិន រហូតដល់លោក គីម ជុងអ៊ុន មេដឹកនាំខ្ពស់បំផុតរបស់ប្រទេសមួយនេះ ខឹងសម្បាយ៉ាងខ្លាំង និងបានរំលាយអង្គភាពយោធាដែលទទួលខុសត្រូវព្រំដែន ត្រង់ចំណុចដែលមានជនភៀសខ្លួនលបលួចរត់គេចចេញទៅ និងត្រឡប់ចូលមកកូរ៉េខាងជើងវិញដោយមិនត្រូវបានចាប់ខ្លួន។

    ទាហានក្នុងកងកម្លាំងពិសេស ត្រូវបានបញ្ជូនទៅជួយអន្តរាគមន៍ តែការងារចម្បង គឺទៅពិនិត្យមើលការទុច្ចរិត ក្រោយពីមានរបាយការណ៍ថា មានអ្នកលបលួចរត់ពន្ធទំនិញ បានសូកលុយទាហានព្រំដែន ដើម្បីឱ្យបំបិទភ្នែក ធ្វើមិនដឹងមិនឮពីការលបលួចនាំយកទំនិញរត់ពន្ធឆ្លងព្រំដែនរបស់ពួកគេ។

    ប្រភពព័ត៌មានបានបញ្ជាក់ថា បទបញ្ជាបន្ទាន់ខាងលើ បានកំណត់ឱ្យកងទាហានដែលប្រតិបត្តិតួនាទីការពារព្រំដែន បោះចោលគ្រាប់កាំភ្លើងគ្មានក្បាលគ្រាប់ តែឱ្យដាក់តាមខ្លួននូវគ្រាប់កាំភ្លើងពិត ដោយរដ្ឋបាលបានបញ្ជូនកងកម្លាំងពិសេស ដែលមានឈ្មោះល្បីល្បាញ ទៅប្រចាំការនៅតាមបណ្ដោយព្រំដែន ដើម្បីការពារព្រំដែន និងអនុវត្តតាមបទបញ្ជាខាងលើ ទោះជាអ្នកទៅក្បែរព្រំដែននោះ ជាអ្នកណាក៏ដោយ។

    ប្រទេសកូរ៉េខាងជើង បានអះអាងថា ខ្លួនជាប្រទេសតែមួយគត់នៅក្នុងពិភពលោកដែលគ្មានមេរោគវីរុសកូរ៉ូណាប្រភេទថ្មី2019 គ្មានរបាយការណ៍អ្នកឆ្លងមេរោគ សូម្បីតែម្នាក់ និងច្បាស់លាស់ម៉ឺងម៉ាត់យ៉ាងខ្លាំងជាមួយការរក្សាស្ថានភាពនេះ ក្រោមការសង្ស័យយ៉ាងទូលំទូលាយថា មានការលាក់បាំងព័ត៌មានពិត។

    កាលពីពេលថ្មីៗនេះ ជនជាតិកូរ៉េខាងជើង បានទទួលការផ្ដល់ដំណឹងថា សត្រូវកំពុងព្យាយាមជ្រៀតព្រំដែនចូលមក ដោយការបញ្ជូនមេរោគវីរុសឆ្លងព្រំដែន ខណៈដែលអាជ្ញាធរ បានបញ្ជាក់ពីភាពចាំបាច់ក្នុងការសាងការយល់ដឹង និងសាងប្រព័ន្ធរាយការណ៍អំពីទង្វើ ឬកិច្ចការងារណាដែលខុសប្រក្រតីនៅជិតទីតាំងដែលចិន និងកូរ៉េខាងជើងប្រសព្វគ្នា។

    ប្រភពព័ត៌មានផ្ទៃក្នុង បានឱ្យដឹងថា មន្ត្រីសុខាភិបាលជើងចាស់កូរ៉េខាងជើង ត្រូវបានបណ្ដេញចេញ ដោយសារតែមិនអាចទប់ស្កាត់វីរុសបាន ក្រោយពីមានរបាយការណ៍ថា វីរុសបានចម្លងសាយភាយនៅក្នុងតំបន់ 3ផ្នែករបស់កូរ៉េខាងជើង រួមទាំងទីក្រុងធំៗផង ហើយទីក្រុងឃែសុង ត្រូវបានបិទទាំងស្រុង កាលពីខែកក្កដា ដោយសារតែខ្លាចការឆ្លងរាលដាល៕

    ប្រភព៖ សារព័ត៌មានបរទេស

  • ការបង្រៀនកូនឱ្យក្លាយជាមនុស្សមានគុណភាពរបស់ មហាសេដ្ឋី លី កាស៊ីង

    ការបង្រៀនកូនឱ្យក្លាយជាមនុស្សមានគុណភាពរបស់ មហាសេដ្ឋី លី កាស៊ីង

    លី កាស៊ីង មហាសេដ្ឋីដែលចាប់ផ្ដើមពីចំណុចសូន្យ។ ក្នុងវ័យកុមារ កាស៊ីងត្រូវភៀសខ្លួនដោយសារភ្លើងសង្គ្រាមក្នុងប្រទេសមករស់នៅលើកោះហុងកុង ហើយពេលអាយុបាន 15 ឆ្នាំ មេគ្រួសារត្រូវស្លាប់បាត់បង់ជីវិតចោលទៀត។ កាស៊ីងត្រូវឈប់រៀនទាំងកណ្ដាលទី ចេញលក់អីវ៉ាន់រកប្រាក់ចិញ្ចឹមគ្រួសារដោយក្តីឧស្សាហ៍ព្យាយាម ធូរក៏ប្រឹង តឹងក៏ខំគ្រប់យ៉ាង។

    ជីវិតរបស់ លី កាស៊ីង គួរឱ្យសិក្សា និងយកធ្វើជាគំរូខ្លាំងណាស់ ដែលស្ទើរទូទាំងទ្វីបអាស៊ីគ្មាននរណាម្នាក់ដែលមិនស្គាល់គាត់នោះឡើយ។ នាគហុងកុង លី កាស៊ីង មានទ្រព្យសម្បត្តិជាប់លំដាប់លេខ 1 ជាច្រើនឆ្នាំ និងថែមទាំងជាមនុស្សចិត្តបុណ្យបំផុតទៀតផង។ គាត់បរិច្ចាគប្រាក់ដើម្បីសប្បុរសធម៌រាប់ពាន់លានដុល្លារអាមេរិក តែគាត់នៅតែមិនដែលភ្លេចឋានៈខ្លួនឯងកាលពីអតីតកាលដែលធ្លាប់ដើរលក់នាឡិកាដៃនោះឡើយ គាត់នៅតែមានជីវិតរស់នៅយ៉ាងមធ្យ័ត ពាក់នាឡិកាចាស់ដដែល ពាក់ស្បែកជើងគូចាស់ដដែល និងយកបទពិសោធជីវិតកន្លងមកធ្វើជាមេរៀនបង្រៀនកូនចៅបន្ត។

    លី កាស៊ីង មហាសេដ្ឋីលំដាប់លេខ 1 របស់កោះហុងកុងបានកំណត់ច្បាប់វិន័យនៅក្នុងផ្ទះថា មិនថាការងារមមាញឹកប៉ុនណាក៏ដោយ រៀងរាល់ល្ងាចថ្ងៃច័ន្ទ សមាជិកគ្រប់រូបក្នុងគ្រូសារត្រូវតែមកជួបជុំគ្នាញ៉ាំបាយល្ងាចរួមគ្នា។

    សុជីវធម៌ក្នុងពេលបាយរបស់គ្រួសារមួយនេះ បង្ហាញឱ្យឃើញពីគុណភាពរបស់មនុស្សក្នុងត្រកូលនេះ ហើយយើងនឹងមិននឹកចម្លែកចិត្តឡើយដែលកូនប្រុសរបស់គាត់ទាំងពីរនាក់ជាមនុស្សដែលពោរពេញទៅដោយគុណភាព។ គ្រប់គ្នានៅជុំវិញតុបាយនឹងពោលពាក្យអរគុណអ្នកលើកម្ហូបអាហារមកឱ្យ ទោះជាអ្នកទាំងនោះត្រឹមតែជាអ្នកបម្រើនៅក្នុងផ្ទះក៏ដោយ។

    ថ្ងៃនេះយើងនាំគ្នាមកសិក្សាមើលទាំងអស់គ្នាថា តើហេតុអ្វីបានជាមហាសេដ្ឋីលំដាប់ពិភពលោកដូច លី កាស៊ីង អាចចិញ្ចឹមមើលថែ អប់រំកូនៗទាំងពីររបស់គាត់យ៉ាងមានគុណភាពដូច្នេះបាន។

    1 . នាំជិះរថយន្តក្រុង (សុខចិត្តធ្វើខ្លួនជាឪពុកកំណាញ់ស្វិត)

    លី ​កាស៊ីងចិញ្ចឹមកូនយ៉ាងសាមញ្ញ ទោះជាកូនៗរៀនក្នុងសាលាល្អលំដាប់ជួរមុខនៃកោះហុងកុងក៏ដោយ។ កូនអ្នកដទៃមានឡានជូនមករៀន ប្រើរបស់របរសុទ្ធតែប្រ៊េនដ៍ពេញខ្លួន តែលីតែងតែនាំកូនរបស់គាត់ជិះឡានក្រុងទៅសាលារៀន តែងខ្លួន និងប្រើរបស់របរដូចមនុស្សធម្មតាទូទៅ រហូតដល់កូនរអ៊ូថា ហេតុអីបានប៉ាមិនព្រមឱ្យអ្នកបើកឡានជូនពួកគេទៅរៀន។ លីប្រាប់កូនៗថា ពេលនៅលើរថយន្តសាធារណៈ កូននឹងបានជួប ដឹង និងរៀនយល់ដឹងជាមួយនឹងសភាពពិតប្រាកដរបស់មនុស្សគ្រប់ជាន់ថ្នាក់ តែបើនៅក្នុងរថយន្តផ្ទាល់ខ្លួនវិញ កូននឹងមើលមិនឃើញអ្វីឡើយ។ នៅថ្ងៃឈប់សម្រាក លីឱ្យកូនៗទៅធ្វើការងារផាតថាម ជាអ្នករត់តុ ជាអ្នកស្ពាយថង់ដងវាយកូនហ្គោលនៅតាមទីលានវាយកូនហ្គោល ហើយអ្វីដែលធ្វើឱ្យគាត់ត្រេកអរបំផុតនោះគឺ កូនៗប្រាប់ថា នឹងយកប្រាក់ដែលរកបានទាំងអស់ទៅជួយក្មេងៗដែលក្រលំបាក។

    លី កាស៊ីង ជាអ្នកបរិច្ចាគប្រាក់ច្រើនបំផុតដល់មូលនិធិសប្បុរសធម៌ តែនាឡិកាដែលគាត់ពាក់ ជានាឡិកាជប៉ុនមានតម្លៃត្រឹមតែ 26 ដុល្លារអាមេរិកប៉ុណ្ណោះ។ ខោអាវតាំងពីដប់ឆ្នាំមុន ក៏គាត់នៅតែស្លៀករហូតមកដល់សព្វថ្ងៃ។ ផ្ទះក៏ជាផ្ទះកាលពី 30 ឆ្នាំមុន។ អ្វីៗទាំងអស់នេះសុទ្ធតែជាគំរូដែលធ្វើឱ្យកូនៗចងចាំទុករហូតទៅ។

    2 . បង្រៀនកូនឱ្យក្លាយជាមនុស្សល្អ គឺជាតួនាទីសំខាន់បំផុតរបស់មនុស្សជាឪពុកម្ដាយ

    លីប្រាប់ថា ការសិក្សារបស់កូនចៅ 99% ត្រូវបង្រៀនគេឱ្យស្គាល់ពីគោលការណ៍នៃការធ្វើជាមនុស្សល្អជាមុន និងទោះជានៅពេលធំក្លាយជាមនុស្សធំហើយក៏ដោយ 2 ភាគ 3 ក៏នៅតែត្រូវបង្រៀនឱ្យធ្វើជាមនុស្សល្អដែរ និងនៅសល់ 1 ភាគ 3 ទៀត ទើបបង្រៀនពីវិធីធ្វើជំនួញ។ គាត់បង្រៀនកូនជានិច្ចថា កុំគិតតែចង់បាន ត្រូវគិតដល់បេះដូងអ្នកដទៃផង។ មនុស្សនឹងទទួលបានជោគជ័យ ត្រូវឧស្សាហ៍ព្យាយាម ស្មោះត្រង់ និងគោរពពាក្យសន្យា។

    លី កាស៊ីង កើតក្នុងគ្រួសារក្រក្សត់ គាត់រៀនមិនចប់សូម្បីតែថ្នាក់បឋមផង គាត់ត្រូវខំព្យយាមសិក្សាបន្ថែមដោយខ្លួនឯង ជាពិសេសភាសាបរទេស។ ការងារមមាញឹកប៉ុនណា រៀងរាល់ល្ងាចគាត់នឹងទៅអង្គុយរៀនបន្ថែមចំណេះដឹងយ៉ាងមិនអស់សង្ឃឹម។ នេះជារូបបែបដែលនៅដិតជាប់នឹងភ្នែក និងក្នុងបេះដូងកូនៗរបស់គាត់តាំងពីតូចដល់ធំ(ឪពុកម្ដាយត្រូវធ្វើជាគំរូដល់កូនៗ)។

    គាត់តែងតែនាំយកទស្សនៈ ពាក្យប្រៀនប្រដៅ ចំណុចរិះគិតល្អៗរបស់អ្នកប្រាជ្ញចិនបុរាណមកបង្រៀនកូនរបស់គាត់ជាប្រចាំ។ នេះជាវិធីបណ្ដុះបណ្ដាលកូនៗរបស់គាត់រហូតដល់ក្លាយជាមនុស្សល្អរបស់សង្គម។

    (សូមរង់ចាំអានភាគបន្តនៅលេខក្រោយ)

  • អ្នកស្រុកចិន រួមគ្នាបន្ទោស “ផ្សារវូហាន” លបលួចលក់កង្កែបព្រៃ ព្រោះបារម្ភ ខ្លាចកើតមានវីរុសមរណៈ រាលដាលម្ដងទៀត

    អ្នកស្រុកចិន រួមគ្នាបន្ទោស “ផ្សារវូហាន” លបលួចលក់កង្កែបព្រៃ ព្រោះបារម្ភ ខ្លាចកើតមានវីរុសមរណៈ រាលដាលម្ដងទៀត

    របាយការណ៍របស់ក្រុមសារព័ត៌មានអន្តរជាតិអំពីរឿងរ៉ាវ “ផ្សារលក់ម្ហូបស្រស់វូហាន កំពុងលក់កង្កែបព្រៃ” បានក្លាយជាប្រធានបទក្ដៅគគុកនៅលើបណ្ដាញសង្គមអនឡាញ វេយបូ ដោយមានអ្នកចូលអានច្រើនជាង 170លានដង។

    របាយការណ៍នោះបាននិយាយថា អ្នកទីក្រុងវូហាន បានប្រទះឃើញអ្នកលក់នៅក្នុងផ្សារ ធៀនឆឹងចៀ លបលួចលក់សត្វកង្កែបព្រៃ តម្លៃក្នុង 1គីឡូក្រាម 50-60យន់(ប្រមាណជា 8-10ដុល្លារអាមេរិក)។

    https://youtu.be/_0u88BYfuLw

    អ្នកលេងបណ្ដាញសង្គមជនជាតិចិនជាច្រើន បានសម្ដែងក្ដីកង្វល់ និងមិនសប្បាយចិត្តយ៉ាងខ្លាំង ចំពោះទង្វើបែបនោះ និងបានទាមទារឱ្យរដ្ឋបាលក្នុងតំបន់ដំណើរការតាមច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះរឿងនេះ។

    អាជ្ញាធររដ្ឋបាលវូហាន បានធ្វើការត្រួតពិនិត្យ និងបានទទួលស្គាល់ថា បានដឹងតម្រុយខ្លះៗហើយថា មានការលបលួចលក់សត្វកង្កែបព្រៃនេះពិតមែន និងកំពុងស្ថិតក្នុងដំណាក់កាលស៊ើបសួរ ដើម្បីដំណើរការតាមនិតិវិធីច្បាប់ទៅលើអ្នកដែលល្មើសច្បាប់ទាំងនោះជាបន្ត។

    ការឆ្លងរាលដាលរបស់វីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 ដែលគេនាំគ្នាជឿយ៉ាងទូលំទូលាយថា បណ្ដាលមកពីសត្វព្រៃនោះ ធ្វើឱ្យសភានិតិបញ្ញត្តិនៃប្រទេសចិន សម្រេចចិត្តចេញច្បាប់ហាមឃាត់ការហូបសត្វព្រៃ ទូទាំងប្រទេសជាស្ថាពរ តាំងពីខែកុម្ភៈ ដើមឆ្នាំ2020 មក។

    គណៈកម្មាធិការប្រចាំការ នៃសភាតំណាងប្រជាជនចិន បានជូនដំណឹងយ៉ាងច្បាស់លាស់ថា ច្បាប់ហាមហូបសត្វព្រៃថ្មីនេះ គ្របដណ្ដប់លើសត្វព្រៃគ្រប់ប្រភេទដែលស្ថិតក្នុងបញ្ជីឈ្មោះសត្វ ដែលបានទទួលការឃុំគ្រងក្នុងច្បាប់ឃុំគ្រងសត្វព្រៃ(Wild Animal Protection Law) ច្បាប់ដែលកំពុងដាក់ប្រើ ឬច្បាប់ផ្សេងៗ និងសត្វព្រៃលើគោកគ្រប់ប្រភេទ រួមទាំងសត្វព្រៃនៅក្នុងមណ្ឌលបង្កាត់ពូជចិញ្ចឹម និងកសិដ្ឋានផងដែរ។

    ច្បាប់ហាមហូបសត្វព្រៃច្បាប់ថ្មី ដែលបានដាក់ឱ្យប្រើភ្លាមៗនេះ បានបញ្ជាក់ពីទោសទណ្ឌធ្ងន់ធ្ងរសម្រាប់ការប្រមាញ់ ការលក់ដូរ និងការដឹកជញ្ជូនសត្វព្រៃ ដែលមានក្នុងបញ្ជីឈ្មោះនៅក្នុងច្បាប់ឃុំគ្រងថ្មីដែលកំពុងដាក់ឱ្យប្រើ។ ទាំងអស់នេះ ការប្រមាញ់ ការលក់ដូរ និងការដឹកជញ្ជូនសត្វព្រៃលើគោក ដែលមានគោលបំណង ដើម្បីការបរិភោគ គឺជា “ការហាមឃាត់ថ្មី”៕

    ប្រភព៖ សារព័ត៌មានបរទេស

     

     

     

  • 1/10 នៃប្រជាជនសរុបរបស់ពិភព​លោក​ នឹង​ជួប​គ្រោះ​អត់​ឃ្លាន ព្រោះតែ COVID-19

    1/10 នៃប្រជាជនសរុបរបស់ពិភព​លោក​ នឹង​ជួប​គ្រោះ​អត់​ឃ្លាន ព្រោះតែ COVID-19

    អង្គការ Oxfam International បានគណនាឃើញថា រហូតដល់ចុងឆ្នាំ2020នេះ ប្រជាជនប្រមាណជា12,000នាក់នឹងស្លាប់ជារៀងរាល់ថ្ងៃព្រោះតែភាពអត់ឃ្លាន ដោយសារឥទ្ធិពលពីCOVID-19 ដែលតួលេខនេះច្រើនជាងចំនួនអ្នកជំងឺដែលបានស្លាប់ដោយសារវីរុសនេះទៅទៀត។

    យោងតាមសារព័ត៌មាន Bloomberg ពិភពលោកជិតនឹងត្រូវប្រឈមនឹងគ្រោះទុរភិក្សដ៏អាក្រក់បំផុតមិនធ្លាប់មានពីមុនមក ដោយសារតែវីរុស COVID-19។ របាយការណ៍ថ្មីបំផុតរបស់អង្គការស្បៀនអាហារនិងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) មូលនិធិកុមារនៃអង្គការសហប្រជាជាតិ (UNICEF) កម្មវិធីស្បៀនអាហារពិភពលោក (WFP) រួមនឹងអង្គការសុខភាពពិភពលោក បានបង្ហាញថា បច្ចុប្បន្នមានពលរដ្ឋជិត690លាននាក់នៅទូទាំងពិភពលោក ដែលភាគច្រើននៅអាស៊ី កំពុងធ្លាក់ទៅក្នុងស្ថានភាពខ្វះខាតស្បៀងអាហារ។ តួលខនេះគឺប្រហាក់ប្រហែលនឹង8.9% នៃប្រជាជនសរុបរបស់ពិភពលោក និងច្រើនជាង10លាននាក់ បើធៀបនឹងដំណាក់កាលដូចគ្នាកាលពីឆ្នាំមុន។

    ក៏ប៉ុន្តែ តួលេខខាងលើនេះ នៅមិនទាន់បានរាប់បញ្ចូលទាំងការខ្វះខាតស្បៀងអាហារដែលកើតឡើងដោយសារវីរុសCOVID-19នៅឡើយ។ មហារោគរាតត្បាត COVID-19 អាចបណ្ដាលឱ្យមនុស្សប្រមាណជា132លាននាក់ធ្លាក់ទៅក្នុងស្ថាភាពអត់ឃ្លាន។ ដូច្នេះ ជាសរុប មានមនុស្សដល់ទៅ822លាននាក់ ដែលស្មើនឹង10.6% នៃចំនួនប្រជាជនសរុប ត្រូវប្រឈមនឹងគ្រោះទុរភិក្ស។

    1/10 នៃប្រជាជនសរុបរបស់ពិភពលោក នឹង “ស្លាប់ដោយសារឃ្លាន” ព្រោះតែ COVID-19មហារោគរាតត្បាត COVID-19 កំពុងតែធ្វើឱ្យការផ្គត់ផ្គង់ស្បៀងអាហារត្រូវយឺតយ៉ាវ ព្រមទាំងបាននិងកំពុងបំផ្លិចបំផ្លាញសេដ្ឋកិច្ច ក៏ដូចជាកាត់បន្ថយលំហូរសាច់ប្រាក់នៅក្នុងសង្គម។ របាយការណ៍មួយចំនួនថែមទាំងបានឱ្យដឹងថា នៅចុងឆ្នាំនេះ តួលេខអ្នកស្លាប់ដោយសារគ្រោះអត់ឃ្លានគ្មានស៊ីដែលកើតឡើងជារៀងរាល់ថ្ងៃព្រោះតែរោគរាតត្បាត នឹងច្រើនជាតួលេខអ្នកស្លាប់ដោយសារបានឆ្លងវីរុសCOVID-19នេះទៅទៀត។

    ពីមួយថ្ងៃទៅមួយថ្ងៃ មានប្រជាជនកាន់តែច្រើនឡើងៗ ដែលត្រូវការជំនួយពីធនាគារស្បៀងអាហារ (Food Bank) និងអង្គការមនុស្សធម៌នានា។

    របាយការណ៍របស់ FAO ឱ្យដឹងថា មនុស្សប្រមាណជា2ពាន់លាននាក់ក្នុងពិភពលោក បច្ចុប្បន្នមិនមានស្បៀងអាហារ ឬប្រភពផ្គត់ផ្គង់សារជាតិបំប៉នចាំបាច់គ្រប់គ្រាន់។ អង្គការនេះព្រមានថា ដល់ឆ្នាំ3030 តួលេខនៃប្រជាជនដែលធ្លាក់ទៅក្នុងស្ថានភាពហូបមិនគ្រប់គ្រាន់នឹងកើនលើសពី840លាននាក់។

    1/10 នៃប្រជាជនសរុបរបស់ពិភពលោក នឹង “ស្លាប់ដោយសារឃ្លាន” ព្រោះតែ COVID-19អង្គការ Oxfam International បានគណនាឃើញថា រហូតដល់ចុងឆ្នាំនេះ ប្រជាជនប្រមាណជា12,000នាក់នឹងស្លាប់ជារៀងរាល់ថ្ងៃ ព្រោះតែភាពអត់ឃ្លានដោយសារបានទទួលឥទ្ធិពលពីCOVID-19 ដែលតួលេខនេះច្រើនជាងចំនួនអ្នកជំងឺដែលបានស្លាប់ដោយសារវីរុសនេះទៅទៀត។

    សារព័ត៌មាន Bloomberg បានរាយការណ៍ថា COVID-19 កំពុងបង្ហាញឱ្យឃើញកាន់តែច្បាស់អំពីគម្លាតរវាងអ្នកមាននិងអ្នកក្រនៅក្នុងសង្គម នៅពេលដែលអ្នកក្រ “ហូបមិនគ្រប់គ្រាន់” ចំណែកអ្នកមានវិញ “កាន់តែមានឡើងៗ” បើទោះជាត្រូវប្រឈមនឹងCOVID-19ដូចគ្នា។ កម្មកររាប់លាននាក់ត្រូវបាន “រុញច្រាន” ឱ្យចេញទៅផ្លូវ និងមិនមានប្រាក់ចំណូលសម្រាប់ចិញ្ចឹមគ្រួសារ បើទោះជារដ្ឋាភិបាលនានា បាននិងកំពុងប្រើប្រាស់ខ្ទង់ប្រាក់សម្រាប់ជំនួយរាប់លានលានដុល្លារដើម្បីសង្គ្រោះសេដ្ឋកិច្ចក៏ដោយ។ ប្រការដែលធ្វើឱ្យគេ “យំមិនចេញ” នោះគឺថា មូលបត្ររបស់ប្រទេសជាច្រើនបន្តឈានឡើងដល់ចំណុចកំពូលក្រោយពីរដ្ឋាភិបាលបានបញ្ចេញកញ្ចប់ថវិកាជំនួយ រីឯប្រជាជនទីទាល់ក្រក៏នៅតែស្លាប់ដោយសារភាពអត់ឃ្លាតជារៀងរាល់ថ្ងៃដដែល៕

    ប្រភព៖ Bloomberg

  • ស៊ី មិងចឺ “កូនស្រីទី1 នៃប្រទេសចិន”

    ស៊ី មិងចឺ “កូនស្រីទី1 នៃប្រទេសចិន”

     

    ស៊ី មិងចឺ កូនស្រីទោលរបស់លោកស៊ី ជីនភីង និងលោកស្រីភឹង លីយួន

    មនុស្សទូទាំងពិភពលោកបានឃើញ “កូនស្រីទី1” នៃសហរដ្ឋអាមេរិករួចមកហើយ ទាំង Ivanka Trump ឬម៉ារៀ និងសាសា អូបាម៉ា ដែលលេចធ្លោនៅក្នុងសារព័ត៌មានជាញឹកញាប់ តែ ស្ទើរតែគ្មានអ្នកណាស្គាល់ ស៊ី មិងចឺ បុត្រីទោលរបស់លោកប្រធានាធិបតី ស៊ី ជីនភីង មេដឹកនាំដ៏មានឥទ្ធិពលបំផុតក្នុងពិភពលោករូបនេះឡើយ។

    ស៊ី មិងចឺ (Xi Mingze/习明泽) វ័យ 29ឆ្នាំ ជាបុត្រីរបស់លោកស៊ី ជីនភីង និងស្ត្រីទី1 ភឹង លីយួន។ ស៊ី មិងចឺ មានឈ្មោះលេងថា ស៊ាវ មូជឺ(Xiao Muzi/小木 子) ដែលជីតា ជាអ្នកបដិវត្តន៍កុម្មុយនីស្ត គឺលោក ស៊ី ចុងឈុន(Xi Zhongxun/习仲勋) ជាអ្នកដាក់ឈ្មោះនេះឱ្យ ដែលមានអត្ថន័យបង្កប់ថា ជាជនស្មោះត្រង់ និងស្អាតបាត សាងគុណប្រយោជន៍ដល់សង្គម។

    ខណៈដែលឪពុក ជាបុគ្គលដ៏មានឥទ្ធិពលរបស់ពិភពលោក ស៊ី មិងចឺ បែរជា “Low Profile” រហូតដល់ក្រុមសារព័ត៌មានលោកខាងលិច ដាក់ចំណងជើងលើព័ត៌មានដែលពាក់ព័ន្ធនឹងនាងថា ជា “បុត្រីដ៏អាថ៌កំបាំងរបស់ស៊ី ជីនភីង”។

    ពេលលោកស៊ី ជីនភីង ឡើងធ្វើជាអគ្គលេខាធិការបក្សកុម្មុយនីស្តនៅថ្ងៃទី18 វិច្ឆិកា ឆ្នាំ2012 ក្រុមសារព័ត៌មានបរទេស បាននាំគ្នាដាក់រហស្សនាមឱ្យស៊ី មិងចឺ ថាជា “ម្ចាស់ក្សត្រីថ្មី” នៃដែនដីនាគធំ។

    “The Mail” សារព័ត៌មានលោកខាងលិច ដែលពូកែខាងស្រាវជ្រាវបើកកកាយ បានបង្ហាញរឿងរ៉ាវពាក់ព័ន្ធនឹងកូនស្រីទោលរបស់លោកស៊ី ជីនភីង និងលោកស្រី ភឹង លីយួន អតីតអ្នកចម្រៀងបទប្រពៃណីសំឡេងមាសរបស់កងទ័ពរំដោះប្រជាជនចិន និងជាភរិយាទី2 របស់លោកស៊ី ថា លោកស៊ី បានបញ្ជូនកូនស្រីទៅសិក្សាបន្តនៅឯ មហាវិទ្យាល័យ ហាវ៉ាដ យ៉ាងស្ងាត់ៗ។

    ស៊ី មិងចឺ ក្នុងពិធីទទួលបរិញ្ញាបត្រ នៅមហាវិទ្យាល័យ ហាវ៉ាដ សហរដ្ឋអាមេរិក ឆ្នាំ2014

    ប្រភពព័ត៌មានដែលជិតដិតម្នាក់ បានឱ្យដឹងថា លោកស៊ី ជីនភីង ក្រុមគ្រួសាររបស់លោក និងជនជាតិចិន សុទ្ធតែជឿជាក់អាមេរិក ឧត្ដមគតិ និងក្ដីស្រមៃនាពេលអនាគត ដូច្នេះហើយទើបបញ្ជូនកូនស្រីទៅរៀននៅអាមេរិក។

    ស៊ី មិងចឺ កើតនៅថ្ងៃទី25 មិថុនា ឆ្នាំ1992 នៅមណ្ឌលហ៊្វូចៀន រៀនភាសាបារាំង នៅសាលាអន្តរជាតិ ក្នុងទីក្រុងហាំងចូវ៍ ដែលជាសាលាកម្រិតហាយស្គូល ចន្លោះឆ្នាំ2006-2008 និងបានសិក្សាកម្រិតបរិញ្ញាត្រី 1ឆ្នាំ នៅមហាវិទ្យាល័យ ចឺចៀង បន្ទាប់ពីនោះ នៅឆ្នាំ2010 នាងបានធ្វើដំណើរទៅសិក្សាបន្តនៅមហាវិទ្យាល័យ ហាវ៉ាដ រដ្ឋម៉ាសាឈូសិត សហរដ្ឋអាមេរិក ដោយរៀនមុខវិជ្ជាឯក ផ្នែកចិត្តវិទ្យា និងភាសាអង់គ្លេស។

    ក្រោយពីរៀនចប់បរិញ្ញាត្រី ពីហាវ៉ាដ ក្នុងខែឧសភា ឆ្នាំ2014 ស៊ី មិងចឺ បានវិលត្រឡប់មកទីក្រុងប៉េកាំងវិញ។

    ស៊ី មិងចឺ “កូនស្រីលេខ1 នៃប្រទេសចិន” អ្នកស្រឡាញ់ការអានសៀវភៅ និងចូលចិត្តហ្វាស្សិន ក្នុងឥរិយាបថផ្សេងៗ

    ស៊ី មិងចឺ ចូលរៀននៅមហាវិទ្យាល័យ ហាវ៉ាដ ដោយប្រើឈ្មោះក្លែងក្លាយ ដើម្បីលាក់បាំងស្ថានភាពពិតរបស់ខ្លួន តែអ្នកយកព័ត៌មានជនជាតិជប៉ុនឈ្មោះ Kenji Minemura របស់កាសែត Asahi Shimbun ដែលស្ថិតនៅក្នុងពិធីទទួលបរិញ្ញាបត្រ របស់ស៊ី មិងចឺ ដែរនោះ បានបង្ហើបឱ្យដឹងថា ក្នុងអំឡុងពេលដែល ស៊ី មិងចឺ រៀននៅហាវ៉ាដ មានអ្នកដែលដឹងថា នាងជានរណា “មិនដល់ 10នាក់ឡើយ” ភាគច្រើនជាមិត្តភក្តិជិតស្និទ្ធ។

    មនុស្សជាច្រើន ទើបតែដឹងរឿង ស៊ី មិងចឺ ត្រូវបញ្ជូនទៅរៀននៅមហាវិទ្យាល័យហាវ៉ាដ នៅឆ្នាំ2012 ជាឆ្នាំដែលឪពុករបស់នាងកំពុងបានឡើងកាន់អំណាចខ្ពស់បំផុតរបស់បក្ស ដែលតាមទំនៀមប្រតិបត្តិ និងច្បាប់របស់បក្ស គឺ មេធំរបស់បក្ស នឹងត្រូវគ្រងតំណែងប្រធានាធិបតី និងជាប្រធានគណៈកម្មាធិការកិច្ចការយោធាផងដែរ ដូច្នេះហើយទើប បណ្ដាសារព័ត៌មានលោកខាងលិច ក្នុងខណៈនោះ ស្រេកឃ្លានចង់ដឹងរឿងរ៉ាវរបស់ “អនាគតកូនស្រីលេខ1 នៃដែនដីនាគធំ” មួយនេះយ៉ាងខ្លាំង។

    របាយការណ៍ព័ត៌មានរបស់ “The Mail” ដែលផ្សព្វផ្សាយក្នុងខែវិច្ឆិកា ឆ្នាំ2012 បានឱ្យដឹងថា ស៊ី មិងចឺ ជាអ្នកចូលចិត្តអានសៀវភៅខ្លាំងណាស់។ មិត្តភក្តិរបស់នាងប្រាប់ថា “នាងជាមនុស្សស្ងាត់ស្ងៀម នឹងធឹង និងឧស្សាហ៍” មិនចូលចិត្តការជប់លៀង ដែលផ្ទុយគ្នាពី ឡាយស្តាយល៍ របស់កូនប្រុសមេដឹកនាំចិនដ៏ល្បីល្បាញ ពួ ស៊ីឡៃ គឺពួ កួកួ ដែលរៀននៅហាវ៉ាដដូចគ្នា។

    រូបភាពកម្របានឃើញ របស់គ្រួសារលោក ស៊ី ជីនភីង ដែលសារព័ត៌មានផ្លូវការរបស់ចិន នាំយកមកផ្សព្វផ្សាយ កាលពីខែកុម្ភៈ ឆ្នាំ2019

    របាយការណ៍របស់ “The Mail” បានបន្តទៀតថា “នាងធ្លាប់បានចូលរួមក្នុងកិច្ចពិភាក្សា កាលពីរដូវស្លឹកឈើលាស់កន្លងមក ពាក់ព័ន្ធនឹងភាពច្របូកច្របល់នយោបាយនៅក្នុងបក្សកុម្មុយនីស្ត ដោយនាងបានអង្គុយស្ដាប់នៅជួរខាងមុខរបស់បន្ទប់ លេកស៊ើរ”

    ស៊ី មិងចឺ បានទទួលការឃុំគ្រងការពារអំពីសារព័ត៌មាន មានអង្គរក្សជនជាតិចិនយាមកាមជុំវិញទីស្នាក់នៅរបស់នាង នៅក្នុងនិវាសដ្ឋាននិស្សិតស្រី ក្នុងមហាវិទ្យាល័យហាវ៉ាដ ពេញ 24ម៉ោង និងតាមការពារនាង ពេលធ្វើដំណើរទៅណាមកណាជានិច្ច។ គេនិយាយថា លោកស៊ី ជីនភីង ការពារភាពឯកជនសម្រាប់កូនស្រី យ៉ាងគួរឱ្យច្រណែន។

    រឿងរ៉ាវរបស់ ស៊ី មិងចឺ គ្មានសេចក្ដីលម្អិតណា ដែលគួរឱ្យរំភើបញាប់ញ័រសោះឡើយ ប៉ុន្តែ មានរឿងដែលនាងទៅរៀននៅមហាវិទ្យាល័យហាវ៉ាដ បានបែកខ្ចរខ្ចាយឡើង នៅក្នុងរបាយការណ៍ព័ត៌មានរបស់ “The Mail” ដដែល និងក្លាយជាព័ត៌មានដ៏ល្បី ប្រៀបដូចគ្រាប់បែកផ្ទុះ នៅក្នុងបណ្ដាញសង្គមរបស់ដែនដីនាគធំ ដែលមានរូបភាព ស៊ី មិងចឺ និងអត្ថបទ ដែលត្រូវបានគេចែករំលែកបន្តយ៉ាងទូលំទូលាយនៅក្នុងបណ្ដាញសង្គមមួយឈ្មោះ វេយ៍ពួ(ស្រដៀងនឹងធ្វីតធើរដែរ) មុននឹងត្រូវអង្គភាពលុបព័ត៌មានរបស់ចិន តាមលុបចោល ចេញពី App ទាំងអស់។

    អត្ថបទ ដែលបោះពុម្ពផ្សាយនៅក្នុងសារព័ត៌មានអង់គ្លេស ពាក់ព័ន្ធនឹង ស៊ី មិងចឺ “ម្ចាស់ក្សត្រីចិនថ្មី 1អង្គ ដែលទៅរៀននៅហាវ៉ាដ យ៉ាងស្ងាត់ៗ”

    Weiboscope អង្គភាពតាមដាន របស់មហាវិទ្យាល័យហុងកុង បានបង្ហើបឱ្យដឹងថា រូបភាព ស៊ី មិងចឺ ទាំងនោះ ត្រូវបានលុបចោលដូចគ្នានឹងរឿងរ៉ាវ ដែលត្រូវបាននាំយកមកផូស្តថ្មីដែរ ដោយសារតែមើលទៅ វាបានបង្កើតនូវសំណួរ ដ៏មិនគួរឱ្យប្រាថ្នារបស់ប្រទេសចិនមួយឡើងថា ហេតុម៉េចបានប្រធានាធិបតីចិន ដែលមានប្រាក់ចំណូលប្រចាំឆ្នាំ មិនដល់ 13,000ដុល្លារផង តែបែរជាមានកម្លាំង អាចបញ្ជូនកូន ទៅរៀននៅមហាវិទ្យាល័យលំដាប់ជួរមុខរបស់អាមេរិកដែលថ្លៃបំផុតក្នុងពិភពលោកបាន?

    ចំណែកសារព័ត៌មានរបស់តៃវ៉ាន់ China Times បានបង្ហាញនៅក្នុងប្រូហ្វាលសង្ខេប កាលពីឆ្នាំ2012 ថា ស៊ី មិងចឺ ល្បីល្បាញក្នុងរឿងសម្ងំខ្លួនយ៉ាងស្ងៀមស្ងាត់ មិនបង្ហាញខ្លួនជាសាធារណៈ សាមញ្ញៗ ចូលចិត្តការអាន និងចូលចិត្តហ្វាស្សិន។

    ក្នុងឆ្នាំ2008 បន្ទាប់ពីកើតហេតុការណ៍រញ្ជួយផែនដីធំមួយ នៅមណ្ឌល សេឈួន ខណៈនោះ ស៊ី មិងចឺ អាយុ 16ឆ្នាំ បានដាក់លិខិតសុំឈប់សម្រាកទៅខាងសាលា រយៈពេល 1សប្ដាហ៍ ដើម្បីទៅជួយការងារសម្រាលទុក្ខលំបាករបស់ប្រជាជននៅក្នុងទីតាំងដែលរងគ្រោះដោយសារការរញ្ជួយផែនដី…រឿងរ៉ាវទាំងនេះ គឺលោកស្រី ភឹង លីយួន ម្ដាយរបស់នាង ជាអ្នកប្រាប់ទៅសារព័ត៌មានក្នុងតំបន់ក្នុងគ្រានោះ។

    អ្នកសារព័ត៌មានបានសួរថា “តើលោកស្រី មិនបារម្ភពីសុវត្ថិភាពរបស់កូនស្រីទេឬ?” លោកស្រីភឹង ឆ្លើយថា “ផែនដីរញ្ជួយ បានសម្លាប់ជីវិតមនុស្សម្នាជាច្រើន និងជាសោកនាដកម្មធំរបស់ប្រទេស…កូនស្រីរបស់ខ្ញុំ គួរតែទៅខ្សែត្រៀមជួរមុខ ដើម្បីជួយពួកគេ…ក្នុងអំឡុងពេលធ្វើជាអ្នកស្ម័គ្រចិត្ត 7ថ្ងៃ នាងធ្វើការយ៉ាងធ្ងន់ធ្ងរ ដោយមិនហើបមាត់រអ៊ូ ឬថ្ងូរឡើយ នាងបានរៀនយល់ដឹងអ្វីច្រើនយ៉ាង និងថែមទាំងបានស្គាល់មិត្តភក្តិនៅក្នុងតំបន់ជាច្រើននាក់ទៀតផង…នាងប្រាប់ថា មនុស្សម្នា នៅសេឈួន មាននិស្ស័យគួរឱ្យស្រឡាញ់ ចិត្តល្អ និងរឹងមាំ”

    ស៊ី មិងចឺ បង្ហាញខ្លួនជាសាធារណៈលើកដំបូង ក្នុងឋានៈជា “បុត្រីលេខ1” នៅក្នុងដំណើរឆ្ពោះទៅកាន់ខេត្តទ័លក្រដាច់ស្រយាល របស់ “គ្រួសារលេខ1” នៅឆ្នាំ2015។ នៅក្នុងដំណើរនោះ លោកស៊ី ជីនភីង និងស៊ី មិងចឺ បានធ្វើដំណើរទៅប្រារព្ធពិធីបុណ្យចូលឆ្នាំចិន ក្នុងខែកុម្ភៈ ជាមួយអ្នកស្រុក នៅក្នុងភូមិ យៀនអាន់, លៀង យ៉ាហ៊ើ មណ្ឌលសួនស៊ី ដែលជាមូលដ្ឋានការបដិវត្ត សម័យលោកប្រធាន ម៉ៅ សេទុង និងជានិមិត្តសញ្ញាការបដិវត្តបក្សកុម្មុយនីស្តចិន។ លោកស៊ី ជីនភីង បានចាប់ផ្ដើមជីវិតនយោបាយនៅក្នុងតំបន់មូលដ្ឋានបដិវត្តន៍ក្រហមនៃយៀនអាន់ អស់រយៈពេល 6ឆ្នាំ(1969-1975) ដែលជាអំឡុងពេលបដិវត្តន៍វប្បធម៌។

    នៅក្នុងខែកុម្ភៈ ឆ្នាំ2019 សារព័ត៌មានផ្លូវការរបស់ចិន People Daily បានផ្សព្វផ្សាយរូបភាពរបស់គ្រួសារលោក ស៊ី ជីនភីង រួមទាំងរូបភាពលោកស្រី ភឹង លីយួន និងស៊ី មិងចឺ ផងដែរ។

    ថ្មីៗនេះ សារព័ត៌មានអង់គ្លេស ក្នុងតៃវ៉ាន់ (Taiwan News) បានឱ្យដឹងថា មាន “ព័ត៌មានចចាមអារ៉ាម” ថា ស៊ី មិងចឺ បានត្រឡប់ទៅរៀននៅមហាវិទ្យាល័យហាវ៉ាដវិញ ក្នុងខែតុលា ឆ្នាំ2019។

    “គ្រួសារលេខ1 នៃប្រទេសចិន” លោកស៊ី ជីនភីង លោកស្រីភឹង លីយួននិងស៊ី មិងចឺ ប្រារព្ធពិធីបុណ្យចូលឆ្នាំចិន ជាមួយអ្នកស្រុក ក្នុងភូមិយៀនអាន់ មណ្ឌលសួនស៊ី កាលពីខែកុម្ភៈ ឆ្នាំ2015
    លោកស៊ី ជីនភីង និងស៊ី មិងចឺ ក្នុងវ័យកុមារ ក្នុងទីក្រុងហ្វ៊ូចូវ៍ មណ្ឌលហ្វ៊ូចៀន

    ប្រភព៖ សារព័ត៌មានបរទេស

     

     

     

     

     

  • អាចម៍ផ្កាយមានទំហំធំជាងប្រាសាទ Great Pyramid ដល់ទៅជិត2ដង ហោះមកជិតដល់ផែនដីយើងហើយ!

    អាចម៍ផ្កាយមានទំហំធំជាងប្រាសាទ Great Pyramid ដល់ទៅជិត2ដង ហោះមកជិតដល់ផែនដីយើងហើយ!

    អាចម៍ផ្កាយមួយដែលមានឈ្មោះថា 465824 (2010 FR) នឹងហោះកាត់មុខផែនដីនៅថ្ងៃទី6កញ្ញាខាងមុខ ដែលនេះគឺជាការព្យាកររបស់ទីភ្នាក់ងារអវកាសអាមេរិក (NASA)។

    NASA កំពុងតែតាមដានអាចម៍ផ្កាយ 465824 ដែលជិតហោះកាត់មុខផែនដីក្នុងល្បឿន50,533គីឡូម៉ែត្រ/ម៉ោង។ អាចម៍ផ្កាយនេះស្ថិតក្នុងបញ្ជីនៃបណ្ដាអាចម៍ផ្កាយដែលមានទីតាំងនៅក្បែរៗផែនដី (NEO) របស់ NASA។ អាចម៍ផ្កាយ ឬផ្កាយដុះកន្ទុយទាំងឡាយណាដែលស្ថិតនៅក្នុងរង្វង់1.3នៃឯកតាតារាសាស្ត្រ (Astronomical unit) គឺសុទ្ធតែស្ថិតក្នុងបញ្ជី NEO ប៉ុន្តែ មិនមែនមានន័យថា ពួកវាសុទ្ធតែនឹងបង្កគ្រោះថ្នាក់ដល់ភពផែនដីនោះឡើយ។

    អាចម៍ផ្កាយ 465824 មានមុខកាត់ចាប់ពី120-270ម៉ែត្រ ដែលមានទំហំធំជាងមហាប្រាសាទពីរ៉ាមីតនៅអាហ្ស៊ីប (Great Pyramid of Giza) ដល់ទៅជិត2ដងឯណោះ។

    ក្រុមអ្នកតារាសាស្ត្រនៅទូទាំងពិភពលោក កំពុងតែតាមដានអាចម៍ផ្កាយ ផ្កាយដុះកន្ទុយ និងកូនភពចំនួនជិត2,000 ដែលអាចបង្កគ្រោះថ្នាក់ដល់ផែនដី។ ផែនដីមិនទាន់បានជួបមហាសោកនាដកម្មណាមួយដែលកើតឡើងដោយសារការធ្លាក់អាចម៍ផ្កាយនៅឡើយ រាប់ចាប់ពីហេតុការណ៍ធ្លាក់អាចម៍ផ្កាយដែលបានផ្ដាច់ពូជសត្វដាយណូស័រកាលពី66លានឆ្នាំមុន៕

    ប្រភព៖ Daily Star