រុស្ស៊ីបញ្ជូនយន្តចម្បាំង8គ្រឿងទៅបណ្ដេញយន្តហោះទម្លាក់គ្រាប់បែកB-52 3គ្រឿងរបស់អាម៉េរិកចេញ​ពី​​តំបន់​ក្បែរ​ Crimea

រុស្ស៊ីបញ្ជូនយន្តចម្បាំង8គ្រឿងទៅបណ្ដេញយន្តហោះទម្លាក់គ្រាប់បែកB-52 3គ្រឿងរបស់អាម៉េរិកចេញ​ពី​​តំបន់​ក្បែរ​ Crimea

រុស្ស៊ីបានប្រកាសថា កងទ័ពប្រទេសនេះបានបញ្ជូនយន្តហោះចម្បាំងចំនួន8គ្រឿង ទៅរារាំងយន្តហោះទម្លាក់គ្រាប់បែកមួយក្រុមរបស់សហរដ្ឋអាម៉េរិក ដែលហោះក្បែរតំបន់ឧបទ្វីប Crimea។

សេចក្ដីប្រកាសដែលត្រូវបានធ្វើឡើងកាលពីថ្ងៃទី4កញ្ញាឱ្យដឹងថា ហេតុការណ៍ដែលបានកើតឡើងនេះគឺដោយសារមានយន្តហោះទម្លាក់គ្រាប់បែក B-52 ចំនួន3គ្រឿងរបស់សហរដ្ឋអាម៉េរិក បានហោះពីលើតំបន់សមុទ្រខ្មៅ (Black Sea) នៅក្បែរឧបទ្វីប Crimea។

“ដើម្បីកុំឱ្យយន្តហោះរបស់សហរដ្ឋអាម៉េរិកបំពានលើដែនអាកាសរបស់រុស្ស៊ី យន្តហោះចម្បាំង Su-27 ចំនួន4គ្រឿង និង Su-30 ចំនួន4គ្រឿងរបស់កងកម្លាំងការពារដែនអាកាសភូមិភាគខាងត្បូង ត្រូវបានបញ្ជូនទៅកាន់តំបន់សមុទ្រខ្មៅ និងសមុទ្រ Azov” នេះបើតាមមជ្ឈមណ្ឌគ្រប់គ្រងកិច្ចការការពារជាតិរុស្ស៊ី។

យន្តហោះ​ចម្បាំង Su-27 របស់​រុស្ស៊ី (ឆ្វេង) និង​យន្ត​ហោះ​ B-52 របស់​សហរដ្ឋ​អាម៉េរិក

សេចក្ដីប្រកាសបានឱ្យដឹងថា យន្តហោះចម្បាំងរបស់រុស្ស៊ី បានបង្ហាញវត្តមាននៅកន្លែងកើតហេតុយ៉ាងឆាប់រហ័ស និងបាន “អមនិងជូនដំណើរ” យន្តហោះរបស់សហរដ្ឋអាម៉េរិក ឱ្យគេចចេញពីដែនអាកាសរបស់រស្ស៊ី។ សេចក្ដីប្រកាសបានបញ្ចប់ថា៖ “ការដែលយន្តហោះសហរដ្ឋអាម៉េរិក រំលោភព្រំដែនរុស្ស៊ី គឺជារឿងមួយដែលមិនត្រូវបានអនុញ្ញាតនោះឡើយ”។

មុនហេតុនេះ កាលពីថ្ងៃទី28សីហា រុស្ស៊ីក៏បានបញ្ជូនយន្តហោះចម្បាំង Su-27 ចំនួន2គ្រឿង ទៅរារាំងយន្តហោះទម្លាក់គ្រាប់បែក B-52 ជាច្រើនគ្រឿងនៅលើសមុទ្រខ្មៅ។ ថ្ងៃទី29សីហា ក៏មានករណីដូចគ្នានេះមួយទៀតបានកើតឡើងនៅលើសមុទ្រ Baltic ផងដែរ។

យោងតាមសារព័ត៌មាន Sputnik ហេតុការណ៍កាលពីថ្ងៃទី28សីហា ត្រូវបានមើលឃើញថាជាការបង្ហាញកម្លាំងសាច់ដុំនៃយោធាសហរដ្ឋអាម៉េរិក មិនធ្លាប់មានពីមុនមក នៅពេលដែលប្រទេសនេះបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B-52 ចំនួន6គ្រឿង ហោះទៅកាន់ប្រទេសចំនួន30 ដែលជាសមាជិករបស់អង្គការ NATO នៅក្នុងថ្ងៃតែមួយ។

យន្តហោះ​ចម្បាំង​ Su-27 របស់​រុស្ស៊ី

ចំណែកហេតុការណ៍កាលពីម្សិលមិញ (4កញ្ញា) បានកើតឡើងក្នុងពេលកងទ័ពសហរដ្ឋអាម៉េរិក ចាប់ផ្ដើមធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅអេស្តូនី (Estonia) ក្នុងតំបន់ដែលមានចម្ងាយពីព្រំដែនរុស្ស៊ីត្រឹមតែ112គូឡូម៉ែត្រប៉ុណ្ណោះ។

សារព័ត៌មាន RT បានចេញផ្សាយថា ក្នុងគ្រាដែលយន្តហោះ B-52 កំពុងហោះក្បែរតំបន់ Crimea កាលពីម្សិលមិញ នាវា និងយន្តហោះឈ្លបយកការណ៍ជាច្រើនគ្រឿងរបស់អង់គ្លេស និងសហរដ្ឋអាម៉េរិក ក៏បានបង្ហាញខ្លួននៅលើសមុទ្រខ្មៅ និងដែនអាកាសរបស់ប្រទេសអ៊ុយក្រែនផងដែរ។ ប្រការនេះបានបង្ហាញថា យន្តហោះ B-52 ទំនងជាបានធ្វើតេស្តលើប្រព័ន្ធរ៉ាដា និងប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីនៅតំបន់ Crimea។

យន្តហោះ​ទម្លាក់​គ្រាប់​បែក​ B-52 របស់​សហរដ្ឋ​អាម៉េរិក

សារព័ត៌មាន RT យល់ថា នេះអាចជាសកម្មភាពបង្ហាញកម្លាំងរបស់កងទ័ពអាម៉េរិកាំងនៅក្បែរប្រទេសរុស្ស៊ី។

ចំណែកឯបញ្ជាការដ្ឋានកងទ័ពសហរដ្ឋអាម៉េរិកប្រចាំនៅអឺរ៉ុប បានឱ្យដឹងថា យន្តហោះទម្លាក់គ្រាប់បែក B-52 ចំនួន3គ្រឿង បានសហការជាមួយយន្តហោះចម្បាំងរបស់អ៊ុយក្រែន ដើម្បី “ធ្វើសមយុទ្ធនៅលើអាកាស” ហើយកម្មវិធីនេះគឺចង់បង្ហាញអំពីកម្លាំងរបស់សហរដ្ឋអាម៉េរិក និង NATO ក្នុងការ “ទប់ទល់នឹងរុស្ស៊ី និងការធនាសន្តិសុខាចំពោះប្រទេសជាសម្ព័ន្ធមិត្ត និងដៃគូ”៕

ប្រភព៖ RT, Sputnik

Advertisement