Category: អន្តរជាតិ

  • Trump ត្រូវ​ចូល​ព្យាបាល​រោគ​នៅ​មន្ទីរ​ពេទ្យ​ព្រោះ​ក្ដៅ​ខ្លួន​ដោយ​​សារ​​​ឆ្លង​វីរុស​COVID-19 ​ ខណៈ​ Biden​ ក៏​បាន​ទទួល​លទ្ធផល​​នៃ​ការ​ធ្វើ​តេស្ត

    Trump ត្រូវ​ចូល​ព្យាបាល​រោគ​នៅ​មន្ទីរ​ពេទ្យ​ព្រោះ​ក្ដៅ​ខ្លួន​ដោយ​​សារ​​​ឆ្លង​វីរុស​COVID-19 ​ ខណៈ​ Biden​ ក៏​បាន​ទទួល​លទ្ធផល​​នៃ​ការ​ធ្វើ​តេស្ត

    នៅពេលដែលប្រធានាធិបតី Donald Trump ត្រូវចូលព្យាបាលនៅមន្ទីរពេទ្យ គូបដិបក្ខរបស់លោក គឺលោក Joe Biden និងអនុប្រធានាធិបតីរបស់លោក Trump ទទួលបានលទ្ធផលអវិជ្ជមានជាមួយនឹង COVID-19។

    Trump បានឡើងឧទ្ធម្ភាគចក្រចាកចេញពីសេតវិមាន ឆ្ពោះទៅកាន់មន្ទីរពេទ្យយោធាជាតិ Walter Reed ដោយសារតែមានអាការក្ដៅខ្លួន។

    ប្រមាណជា17ម៉ោង បន្ទាប់បានទទួលបានលទ្ធផលវិជ្ជមានជាមួយនឹង COVID-19 លោក Trump ត្រូវបានគេឃើញថា បានធ្វើដំណើរយ៉ាងយឺតៗឆ្លងកាត់វាលស្មៅនៅខាងត្បូងនៃសេតវិមាន ដើម្បីឡើងឧទ្ធម្ភាគចក្រទៅកាន់មជ្ឈមណ្ឌលវេជ្ជសាស្ត្រយោធា Walter Reed នៅ Bethesda រដ្ឋ Maryland កាលពីថ្ងៃទី2តុលា (វេលាទៀបភ្លឺ ថ្ងៃទី3តុលានៅភ្នំពេញ)។

    Trump ត្រូវ​ចូល​ព្យាបាល​រោគ​នៅ​មន្ទីរ​ពេទ្យ​ព្រោះ​ក្ដៅ​ខ្លួន​ ខណៈ​ Biden​ ក៏​បាន​ទទួល​លទ្ធផល​​នៃ​ការ​ធ្វើ​តេស្ត
    លោក​ Trump ត្រៀម​ឡើង​ឧទ្ធម្ភាគ​ចក្រ​ ទៅ​ព្យាបាល​ជំងឺ​

    លោក Trump ពាក់ម៉ាស់ និងមិនបាននិយាយអ្វីជាមួយអ្នកកាសែតនោះឡើយ ដោយគ្រាន់តែលើកដៃស្វាគមន៍ ហើយពេលខ្លះក៏បានលើកម្រាមដៃមេឡើងលើ ដែលបង្ហាញថា លោកមិនថ្វីនោះទេ។ ក្រុមបុគ្គលិកដែលអមដំណើរ និងក្រុមទាហានឈរក្បែរ សុទ្ធតែពាក់ម៉ាស់។

    “ខ្ញុំសូមអរគុណចំពោះអ្នកគ្រប់គ្នាដែលបានគាំទ្រយ៉ាងខ្លាំងក្លា។ ខ្ញុំនឹងធ្វើដំណើរទៅកាន់មន្ទីរពេទ្យ Walter Reed។ ខ្ញុំគិតថា ខ្ញុំមិនថ្វីទេ ប៉ុន្តែ យើងត្រូវតែធានាឱ្យប្រាកដថា គ្រប់យ៉ាងដំណើរការបានរលូន។ ភរិយារបស់ខ្ញុំក៏មិនថ្វីដែរ” លោក Trump បាននិយាយបែបនេះនៅក្នុងវីដេអូមួយដែលត្រូវបានបង្ហោះនៅលើទំព័រ Twitter កាលពីថ្ងៃទី2តុលា។

    លេខាផ្នែកសារព័ត៌មានរបស់សេតវិមាន អ្នកស្រី Kayleigh McEnany បានឱ្យដឹងថា លោក Trump នឹងធ្វើការនៅក្នុងបន្ទប់ពិសេសមួយនៅក្នុងមន្ទីរពេទ្យ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។

    សារព័ត៌មាន Reuters បានដកស្រង់ប្រភពព័ត៌មានមួយឱ្យដឹងថា លោក Trump អាយុ74ឆ្នាំ មានអាការក្ដៅខ្លួនតិចៗ។ វេជ្ជបណ្ឌិត Sean P. Conley ដែលប្រចាំការនៅសេតវិមាន បានឱ្យដឹងដែរថា លោក Trump “ហត់នឿយ ប៉ុន្តែស្មារតីនៅល្អណាស់”។

    វេជ្ជបណ្ឌិត Sean P. Conley

    លោក Conley ក៏បានបង្ហើបឱ្យដឹងថា បច្ចុប្បន្ន លោក Trump កំពុងត្រូវបានព្យាបាលដោយប្រើប្រាស់ថ្នាំ REGN-COV2 របស់ Regeneron។ នេះគឺជាប្រភេទថ្នាំមួយក្នុងចំណោមថ្នាំព្យាបាល COVID-19 ដែលកំពុងត្រូវបានប្រើប្រាស់សាកល្បង ដែលត្រូវគេហៅថា Monoclonal antibodies (បកប្រែក្រៅផ្លូវការថា អង្គបដិប្រាណទោល) ដែលត្រូវប្រើដើម្បីព្យាបាលជំងឺជាច្រើនប្រភេទ។ Anthony Fauci ប្រធានវិទ្យាស្ថានអាឡែរហ្ស៊ី និងជំងឺឆ្លងជាតិនៃសហរដ្ឋអាមេរិក រួមនឹងមន្ត្រីសុខាភិបាលជាច្រើនរូបទៀត ធ្លាប់បាននិយាយថា វិធីសាស្ត្រព្យាបាលនេះ ពិតជាអាចសង្ឃឹមបាន។ លោក Trump ក៏ប្រើថ្នាំវីតាមីន D, ថ្នាំស័ង្កសី, ថ្នាំ famotidine, melatonin និងថ្នាំ aspirin រាល់ថ្ងៃផងដែរ។

    យោងតាមច្បាប់រដ្ឋធម្មនុញ្ញអាមេរិក ប្រធានាធិបតីត្រូវប្រគល់ការងារគ្រប់គ្រងប្រទេសទៅឱ្យអនុប្រធានាធិបតី ក្នុងករណីសុខភាពមិនអំណោយផល។ អតីតប្រធានាធិបតី Geoge W. Bush ក៏ធ្លាប់បានអនុវត្តតាមច្បាប់នេះ2លើក នៅក្នុងអាណត្តិរបស់ខ្លួន ពេលដែលលោកត្រូវការការព្យាបាលជំងឺ ខណៈដែល អតីតប្រធានាធិបតី Ronald Reagan ក៏ធ្លាប់ធ្វើបែបនេះ1ដង ដើម្បីវះកាត់។

    អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក Mike Pence

    អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក Mike Pence និងភរិយា Karen កាលពីថ្ងៃទី2តុលា បានទទួលលទ្ធផលអវិជ្ជមានជាមួយនឹងCOVID-19។ មន្ត្រីម្នាក់នៅសេតវិមាន ឱ្យដឹងថា លោក Trump មិនទាន់ប្រគល់អំណាចជូនលោក Pence នៅឡើយ ដោយសារលោកនៅមានសុខភាពល្អ និងអាចបន្តការងាររបស់ខ្លួនបាន។

    Trump ត្រូវ​ចូល​ព្យាបាល​រោគ​នៅ​មន្ទីរ​ពេទ្យ​ព្រោះ​ក្ដៅ​ខ្លួន​ ខណៈ​ Biden​ ក៏​បាន​ទទួល​លទ្ធផល​​នៃ​ការ​ធ្វើ​តេស្ត
    លោក​ Joe Biden

    នៅពេលដែលប្រធានាធិបតី Donald Trump ត្រូវចូលព្យាបាលជំងឺនៅមន្ទីរពេទ្យ គូប្រជែងរបស់លោក គឺលោក Joe Biden ឯណោះវិញ ក៏ទទួលបានលទ្ធផលអវិជ្ជមានជាមួយនឹង COVID-19។ Kevin O’Connor ដែលជាវេជ្ជបណ្ឌិតរបស់លោក Biden បានប្រកាសកាលពីថ្ងៃទី2តុលាថា៖ “អតីតអនុប្រធានាធិបតី Joe Biden និងភរិយា Jill Biden បានធ្វើតេស្ត PCR ក្នុងថ្ងៃនេះ និងរកឃើញថា មិនមានផ្ទុកវីរុសCOVID-19 នោះទេ”៕

    ប្រភព៖ Reuters

  • សារព័ត៌មានចិន ចំអកឱ្យលោក Trump រឿងឆ្លង COVID-19

    សារព័ត៌មានចិន ចំអកឱ្យលោក Trump រឿងឆ្លង COVID-19

    អគ្គនិពន្ធនាយករបស់សារព័ត៌មាន Global Times យល់ថា លោក Trump និងលោកស្រី Melania បានទទួលផលវិបាក ដោយសារតែបានមើលស្រាល COVID-19 ក្រោយពីលោក Trump និងភរិយា ឆ្លងវីរុស។

    “ព័ត៌មាននេះបង្ហាញអំពីកម្រិតធ្ងន់ធ្ងរនៃស្ថានភាពមហារោគរាតត្បាតនៅសហរដ្ឋអាមេរិក។ វានឹងប៉ះពាល់ជាអវិជ្ជមានដល់កិត្តិនាមរបស់ Trump និងទឹកដីសហរដ្ឋអាមេរិក ព្រមទាំងអាចប៉ះពាល់យ៉ាងអាក្រក់ដល់ឱកាសជាប់ឆ្នោតម្ដងទៀតរបស់គាត់” នេះបើតាមអគ្គនិពន្ធនាយក Hu Xinjin មកពីសារការសែត Global Times ដែលស្ថិតក្រោមស្ថាប័នសារព័ត៌មាន People’s Daily របស់ចិន ជាអង្គភាពនាំពាក្យរបស់បក្សកុម្មុយនីស្ដចិន ដែលបានសរសេរនៅលើ Twitter នាថ្ងៃនេះ ទាក់ទិននឹងករណីឆ្លងវីរុសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក និងភរិយា។

    ចំណែកសារព័ត៌មាន China Daily ក៏បានវាយតម្លៃទៅលើលទ្ធផលវិជ្ជមានរបស់លោក Trump និងភរិយាថា៖ “ជាការក្រើនរំឭកផ្សេងមួយទៀតថា COVID-19 នៅតែឆ្លងរាលដាល បើទោះជា Trump ខំប្រឹងក្នុងក្ដីអស់សង្ឃឹមដើម្បីបង្ហាញថា វា (COVID-19) លែងនៅជាការគំរាមកំហែងទៀតហើយ”។

    អត្ថបទរបស់សារព័ត៌មាន China Daily មានឃ្លាសរសេរថា៖ “ចាប់តាំងពីវីរុសបានចាប់ផ្ដើមឆ្លងរាលដាលកាលពីដើមឆ្នាំ Trump សេតវិមាន និងក្រុមយុទ្ធនាការរបស់លោក បានបន្ទាបកម្រិតនៃការគំរាមកំហែង (របស់ COVID-19) ព្រមទាំងបានបដិសេធការណែនាំជាមូលដ្ឋានរបស់ស្ថាប័នសុខាភិបាល ដែលក្នុងនោះមានដូចជាការណែនាំរបស់អាជ្ញាធរសហរដ្ឋអាមេរិក ឱ្យមានការពាក់ម៉ាស់នៅទីសាធារណៈ និងធ្វើគម្លាតសង្គមជាដើម”។

    China Daily បន្តថា៖ “ជំនួសមកវិញ Trump បន្តធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត ដែលទាក់់ទាញអ្នកគាំទ្ររាប់ពាន់នាក់ចូលរួម។ វីរុសបានធ្វើឱ្យជនជាតិអាមេរិកាំងជាង200,000នាក់បានស្លាប់ និងជាង7លាននាក់បានឆ្លងវីរុស”។

    សូមរំឭកថា ថ្ងៃនេះ លោក Trump បានប្រកាសថា លោក និងភរិយា ទទួលបានលទ្ធផលវិជ្ជមានជាមួយនឹងCOVID-19។ លោក Trump សរសេរនៅលើ Twitter ថា៖ “យើងនឹងចាប់ផ្ដើមនៅដាច់ដោយឡែក និងព្យាបាលជាបន្ទាន់។ យើងនឹងឆ្លងផុតបញ្ហានេះជាមួយគ្នា”។

    មុននោះ Hope Hicks ដែលជាជំនួយការផ្ទាល់របស់លោក Trump ត្រូវបានរកឃើញថា មានផ្ទុកវីរុសCOVID-19 បន្ទាប់ពីអមដំណើរលោក Trump ទៅកាន់កន្លែងឃោសនារកសំឡេងឆ្នោតមួយនៅក្នុងរដ្ឋ Minnesota។ ទីប្រឹក្សាកំពូលៗដទៃទៀតរបស់លោក Trump ដូចជា Stephen Miller, Dan Scavino និង Jared Kushner (កូនប្រសាររបស់លោក Trump) ក៏បានដើរក្បែរនាង Hope Hicks ដោយពួកគេមិនបានពាក់ម៉ាស់នោះទេ៕

    ប្រភព៖ Reuters

  • បុគ្គលិក Amazon ជាង19,000នាក់ ឆ្លងវីរុសCOVID-19

    បុគ្គលិក Amazon ជាង19,000នាក់ ឆ្លងវីរុសCOVID-19

    ការដែលក្រុមហ៊ុន Amazon នៅតែឱ្យបុគ្គលិករបស់ខ្លួនមកធ្វើការបន្តទៀត នៅក្នុងគ្រាដែលCOVID-19 រាតត្បាតខ្លាំងបែបនេះ នាំឱ្យក្រុមហ៊ុនត្រូវរងការរិះគន់ជាញឹកញាប់ថា បាននិងកំពុងរុញបុគ្គលិកឱ្យធ្លាក់ទៅក្នុងស្ថានភាពគ្រោះថ្នាក់។

    កាលពីថ្ងៃទី1តុលា ក្រុមហ៊ុន Amazon បានប្រកាសថា នៅក្នុងចំណោមបុគ្គលិកជួរមុខចំនួន1.37លាននាក់នៅក្នុងហាង Amazon និង Whole Foods Market គឺមាន19,816នាក់ វិជ្ជមានជាមួយនឹងCOVID-19។ តួលេខនេះត្រូវបានរាប់ចាប់ពីថ្ងៃទី1មីនាដល់ថ្ងៃទី19កញ្ញា។

    រយៈពេលច្រើនខែកន្លងមកនេះ គេឃើញមានបុគ្គលិក អ្នកនយោបាយ និងក្រុមសហជីពមួយចំនួន បានរិះគន់ទៅលើ Amazon ថា កំពុងតែរុញច្រានបុគ្គលិករបស់ខ្លួនឱ្យធ្លាក់ទៅក្នុងស្ថានភាពគ្រោះថ្នាក់ នៅពេលដែលក្រុមហ៊ុននេះនៅតែបន្តឱ្យបុគ្គលិកមកធ្វើការ ក្នុងពេលដែល COVID-19 កំពុងរាតត្បាតខ្លាំង។ អង្គការការពារពលករ Athena បានអំពាវនាវឱ្យមានការស៊ើបអង្កេតទៅលើក្រុមហ៊ុន Amazon ព្រមទាំងស្នើឱ្យក្រុមហ៊ុននេះ ផ្ដល់តួលេខនៃករណីឆ្លងវីរុស ឱ្យបានជាប្រចាំផងដែរ។

    យ៉ាងណាក៏ដោយ ភាគីខាង Amazon បានអះអាងថា អត្រានៃការឆ្លងវីរុសរបស់បុគ្គលិកនៃក្រុមហ៊ុននេះ នៅតែទាបជាង42% បើធៀបនឹងការព្យាករ នៅក្នុងគ្រាដែល COVID-19 ឆ្លងរាលដាលទូទាំងពិភពលោក។

    Amazon នៅតែបន្តសកម្មភាពរបស់ខ្លួននៅក្នុងសម័យCOVID-19 ដើម្បីផ្គត់ផ្គង់ទំនិញឱ្យគ្រប់តាមតម្រូវការរបស់អតិថិជន។ ពួកគេក៏បាន និងកំពុងអនុវត្តវិធានការសំខាន់ៗដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសនេះផងដែរ។

    សូមបញ្ជាក់ថា COVID-19 បានផ្ទុះឆ្លងរាលដាលចេញពីប្រទេសចិនចាប់ពីខែធ្នូ2019 និងបានរាលដាលទូទាំងពិភពលោក បណ្ដាលឱ្យមនុស្ស34,510,369នាក់បានឆ្លងវីរុស ក្នុងនោះមាន1,028,050នាក់បានបាត់បង់ជីវិត និង7,796,956កំពុងផ្ទុកវីរុស៕

    ប្រភព៖ Reuters

  • ហិរញ្ញវត្ថុ​ពិភព​លោក​កំពុង​ “ក្រឡាប់​ចក្រ”​ ក្រោយ​ពី​លោក​ Trump​ ឆ្លង​COVID-19

    ហិរញ្ញវត្ថុ​ពិភព​លោក​កំពុង​ “ក្រឡាប់​ចក្រ”​ ក្រោយ​ពី​លោក​ Trump​ ឆ្លង​COVID-19

    មូលបត្រអនាគតអាមេរិក ប្រាក់ដុល្លារអាមេរិក ប្រេងឆៅ និងតម្លៃមាស បាននិងកំពុងប្រែប្រួលខ្លាំង បន្ទាប់ពីមានព័ត៌មានផ្សាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក និងភរិយា វិជ្ជមានជាមួយនឹងវីរុសCOVID-19។

    បច្ចុប្បន្ន សន្ទស្សន៍ DJIA អនាគត (Dow Jones Industrial Average) បានបាត់បង់1.5%, S&P 500 ថយចុះ1.57% និង Nasdaq បាត់បង់1.9%។ បណ្ដាសន្ទស្សន៍នេះ បានដាំក្បាលចុះ ក្រោយពីមានព័ត៌មានថា នាង Hope Hicks ដែលជាជំនួយការផ្ទាល់របស់លោក Trump ត្រូវបានគេបញ្ជាក់ថា មានផ្ទុកវីរុសCOVID-19។ ប៉ុន្តែ ការដាំក្បាលចុះរបស់សន្ទស្សន៍នៃផ្សារមូលបត្រនៅសហរដ្ឋអាមេរិក បានចាប់ផ្ដើមបង្កើនល្បឿន បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសនៅលើ Twitter ថា លោក និងភរិយា សុទ្ធតែបានឆ្លងវីរុសCOVID-19។

    ផ្ទុយទៅវិញ ប្រាក់ដុល្លារអាមេរិក បែរជាមានតម្លៃជាងមុន ក្រោយពីមានព័ត៌មានខាងលើ ពិសេសនៅពេលដែលគេប្រៀបធៀបជាមួយនឹងលុយផោនរបស់អង់គ្លេស ដុល្លារអូស្ត្រាលី និងដុល្លារនូវវែលហ្សេឡង់។ ចំណែកប្រាក់យ៉េនរបស់ជប៉ុនក៏កំពុងតែឡើងថ្លៃ ដែលនេះគឺជាសញ្ញាបង្ហាញថា ក្រុមវិនិយោគិនកំពុងតែធ្វើសកម្មភាពដើម្បីបញ្ចៀសហានិភ័យ។ តម្លៃមាសទម្រង់ទិញភ្លាមប្រគល់ភ្លាមរបស់ពិភពលោកក៏ឡើងថ្លៃជិត30ដុល្លារដោយប្រើពេលតែកន្លះម៉ោងប៉ុណ្ណោះ ពោលគឹឡើងថ្លៃពី 1,890ដុល្លារ ទៅ1,906ដុល្លារក្នុងមួយអោន (ounce)។

    ការ​ដែល​លោក Trump ឆ្លង​វីរុស​COVID-19 គឺ​ពិត​ជា​ប៉ះពាល់​ខ្លាំង​ដល់​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​លោក​

    ការប្រាក់នៃមូលបត្របំណុលរបស់រដ្ឋាភិបាលអាមេរិកប្រភេទ10ឆ្នាំ បានថយមកនៅត្រឹម 0.6578%។ ប្រការនេះមានន័យថា តម្លៃនៃប្រភេទមូលបត្របំណុលនេះ កំពុងតែឡើងថ្លៃ។

    នៅក្នុងទីផ្សារប្រេងឆៅ តម្លៃប្រេងប្រភេទ Brent បច្ចុប្បន្នធ្លាក់ចុះ3.62% មកនៅត្រឹម39.45ដុល្លារក្នុងមួយធុង (បារ៉ែល)។ ប្រេងឆៅអាមេរិក WTI ក៏បាត់បង់តម្លៃ3.64% មកនៅត្រឹម37.31ដុល្លារក្នុងមួយធុង។ កាលពីម្សិលមិញ ប្រេងទាំង2ប្រភេទនេះ សុទ្ធតែបាត់បង់តម្លៃជិត4%។

    ការដែលលោក Trump វិជ្ជមានជាមួយនឹងCOVID-19 គឺអាចធ្វើឱ្យមានរលកនៃការប្រែប្រួលថ្មីនៅក្នុងទីផ្សារពិភពលោក ដោយសារតែក្រុមអ្នកវិនិយោគកំពុងតែតាមដានស្ថានការណ៍នៃការឃោសនារកសំឡេងឆ្នោតរបស់លោក Trump និងលោក Biden។ Sean Callow អ្នកជំនាញខាងយុទ្ធសាស្ត្ររូបិយវត្ថុ មកពីក្រុមហ៊ុន Westpac យល់ថា៖ “បញ្ហានេះ (ការឆ្លងCOVID-19 របស់លោក Trump) នឹងកាត់បន្ថយសមត្ថភាពនៃការធ្វើសកម្មភាពឃោសនារកសំឡេងឆ្នោតរបស់លោក Trump។ វាក៏នឹងនាំឱ្យលោក ទទួលរងការខាតបង់ច្រើន ព្រោះតែលោក Trump យល់ឃើញថា “មិនគួរព្រួយបារម្ភខ្លាំងពេកអំពីមហារោគរាតត្បាត””៕

    ប្រភព៖ CNBC

  • ព័ត៌មានទាន់ហេតុការណ៍!! ប្រធានាធិបតីសហរដ្ឋអាមេរិក និងភរិយា ឆ្លងមេរោគកូវីដ-19!!

    ព័ត៌មានទាន់ហេតុការណ៍!! ប្រធានាធិបតីសហរដ្ឋអាមេរិក និងភរិយា ឆ្លងមេរោគកូវីដ-19!!

    លោក ដូណាល់ ត្រាំ ប្រធានាធិបតី នៃសហរដ្ឋអាមេរិក បានបង្ហើបឱ្យដឹងថា លោក និងលោកស្រី មេឡានៀ ត្រាំ ភរិយារបស់លោក បានទទួលលទ្ធផលពិនិត្យមេរោគវីរុសកូរ៉ូណាប្រភេទថ្មី(កូវីដ-19)ដែលចេញមកហើយ គឺវិជ្ជមាន ហើយពេលនេះ លោក និងភរិយា កំពុងចាប់ផ្ដើមចូលក្នុងដំណើរការបង្ខាំងខ្លួននៅដោយឡែក និងព្យាបាលជាបន្ទាន់ភា្លមៗតែម្ដង៕

    ប្រភព៖សាព័ត៌មានបរទេស

  • Trump ចាប់ផ្ដើមនៅដាច់ដោយឡែក និងរង់ចាំលទ្ធផលតេស្តរកវីរុស បន្ទាប់ពីជំនួយការផ្ទាល់ម្នាក់ បានឆ្លងCOVID-19

    Trump ចាប់ផ្ដើមនៅដាច់ដោយឡែក និងរង់ចាំលទ្ធផលតេស្តរកវីរុស បន្ទាប់ពីជំនួយការផ្ទាល់ម្នាក់ បានឆ្លងCOVID-19

    លោក Donald Trump បានឱ្យដឹងថា លោក និងលោកស្រី Melania កំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្តរកវីរុសCOVID-19 និងចាប់ផ្ដើមនៅដាច់ដោយឡែក ក្រោយពីស្ត្រីជាជំនួយការផ្ទាល់ម្នាក់របស់លោក វិជ្ជមានជាមួយនឹងវីរុសCOVID-19។

    “Hope Hicks ដែលជាអ្នកធ្វើការយ៉ាងប្រឹងប្រែងដោយស្ទើរតែពុំមានពេលសម្រាក ទើបតែទទួលបានលទ្ធផលវិជ្ជមានជាមួយនឹងCOVID-19។ ពិតជាអាក្រក់ណាស់! ភរិយា និងខ្ញុំកំពុងតែរង់ចាំលទ្ធផលនៃការធ្វើតេស្ត។ ក្នុងពេលនេះដែរ យើងនឹងចាប់ផ្ដើមដំណាក់កាលនៅដាច់ដោយឡែក” លោក Trump បានសរសេរបែបនេះនៅលើទំព័រ Twitter របស់លោក។

    លោក​ Trump ថើប​ជូន​ដំណើរ​នាង​ Hope Hicks ចាក​ចេញ​ពី​សេត​វិមាន​កាល​ពី​ឆ្នាំ​2018

    មុននេះ លោក Trump បានឱ្យដឹងថា លោក និងភរិយា Melania ទើបតែបានទៅធ្វើតេស្តរកវីរុសCOVID-19 បន្ទាប់ពី Hope Hicks ដែលជាជំនួយការផ្ទាល់ និងជាទីប្រឹក្សារបស់ប្រធានាធិបតីសហរដ្ឋអាមេរិក បានឆ្លងវីរុស។

    Hope Hicks ទទួលបានលទ្ធផលវិជ្ជមានជាមួយនឹងCOVID-19 កាលពីថ្ងៃទី1តុលា បន្ទាប់ពីបានធ្វើទៅដំណើរជាមួយលោក Trump ទៅកាន់កន្លែងឃោសនាបោះឆ្នោតមួយចំនួននៅក្នុងរដ្ឋ Minnesota។ នេះបើតាមការឱ្យដឹងពីមន្ត្រីម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ។

    លោក​ Trump មុន​ពេល​ចេញ​ឃោសនា​រក​សំឡេង​ឆ្នោត​ កាល​ពី​ពេល​ថ្មី​ៗ​នេះ

    នៅមុនករណីរបស់ Hicks បុគ្គលិកជាច្រើនរូបនៅសេតវិមាន ក៏បានឆ្លងវីរុសCOVID-19 ក្នុងនោះមាន Katie Miller ដែលជាជំនួយការផ្នែកសារព័ត៌មានរបស់អនុប្រធានាធិបតី Mike Pence និងបុគ្គលិកការពារសន្តិសុខរបស់លោក Trump ផងដែរ៕

    ប្រភព៖ AFP/CNBC

  • រូបភាពរន្ធត់! សត្វចិញ្ចឹម 4,000ក្បាល ងាប់ក្នុងប្រអប់បញ្ជូនទំនិញនៅប្រទេសចិន ដោយសារការកុម្ម៉ង់ទិញតាមអនឡាញ

    រូបភាពរន្ធត់! សត្វចិញ្ចឹម 4,000ក្បាល ងាប់ក្នុងប្រអប់បញ្ជូនទំនិញនៅប្រទេសចិន ដោយសារការកុម្ម៉ង់ទិញតាមអនឡាញ

    សុនខ ឆ្មា ទន្សាយ និងសត្វចិញ្ចឹមផ្សេងៗទៀតប្រមាណជា 4,000ក្បាល ដែលគេជឿថា ត្រូវបានកុម្ម៉ង់ទិញតាមអនឡាញ ត្រូវបានរកឃើញក្នុងសភាពងាប់ស្ដូកៗនៅក្នុងប្រអប់ក្រដាសបញ្ជូនទំនិញ នៅឯមជ្ឈមណ្ឌលឡូជីស្ទិកមួយកន្លែងនៅភាគកណ្ដាលនៃប្រទេសចិន ក្រោយពីជាប់គាំងនៅក្នុងមជ្ឈមណ្ឌលនោះយូរជាង 1សប្ដាហ៍។ នេះបើតាមទិន្នន័យរបស់ក្រុមអ្នកការពារសុវត្ថិភាពសត្វ។

    ក្រុមមន្ត្រីអាចជួយជីវិតសត្វទន្សាយ ហ៊ែមស្ទើរ ឆ្កែ និងឆ្មា បានប្រមាណជា 1,000ក្បាល តែនៅសល់ប៉ុន្មាន បានងាប់តាំងពីមុនពេលដែលពួកវាត្រូវបានបញ្ជូនមកដល់មជ្ឈមណ្ឌលចែកចាយទំនិញតុងស៊ិង ក្នុងទីក្រុងលួហ៊ើរ មណ្ឌលហ៊ើណាន កាលពីថ្ងៃទី22 កញ្ញាកន្លងទៅ។

    Li Chade ប្លុកគើរផ្នែកសត្វចិញ្ចឹម បានផ្ដល់ទិន្នន័យថា សត្វចិញ្ចឹមទាំងនោះ ត្រូវបានបញ្ជូនទៅឱ្យអ្នកទិញទូទាំងប្រទេស ដែលកុម្ម៉ង់ទិញតាមអនឡាញ ដោយដឹកជញ្ជូនតាមរថយន្តដឹកទំនិញ ពីកសិដ្ឋាន ទៅឃ្លាំងស្តុកទំនិញនៅក្នុងទីក្រុងជឹងចូ ភាគកណ្ដាល មុននឹងបញ្ជូនបន្តទៅឯឃ្លាំងស្តុកទំនិញក្នុងទីក្រុងលួហ៊ើរ ក្រោយពីសត្វចំនួនដ៏ច្រើន បានស្លាប់កណ្ដាលផ្លូវ។

    ស្ត្រីអ្នកស្ម័គ្រចិត្តម្នាក់ របស់ក្រុម Utopia Animal Rescue បានប្រាប់ថា “យើងធ្លាប់បានជួយសង្គ្រោះពីមុនមកហើយ តែលើកនេះ គឺជាលើកដំបូងហើយ ដែលខ្ញុំត្រូវមកជួបនូវអ្វីដែលគួរឱ្យសោកសង្រេងបែបនេះ…ពេលយើងទៅដល់ មានប្រអប់ក្រដាសបញ្ជូនទំនិញ គរដូចភ្នំ ដែលមានសត្វចិញ្ចឹមនៅខាងក្នុង សត្វជាច្រើនក្បាលបានស្លាប់ និងចាប់ផ្ដើមធុំក្លិនស្អុយ គួរឱ្យខ្ពើមខ្លាំងណាស់”។

    អាជ្ញាធរកំពុងស្ថិតក្នុងអំឡុងពេលស៊ើបអង្កេតពីហេតុការណ៍ដែលកើតឡើងនេះ គឺជាហេតុការណ៍ 1ទៀតដែលបង្កឱ្យកើតមានក្ដីកង្វល់ពាក់ព័ន្ធនឹងការគ្មានច្បាប់ទម្លាប់ក្នុងការទិញ-លក់សត្វចិញ្ចឹមតាមអនឡាញនៅក្នុងប្រទេសចិន។ ដោយសារតែមុខជំនួញ E-Commerce កំពុងតែពង្រីកខ្លួន បែបគ្រប់ដណ្ដប់ទូទាំងចក្កវាឡ ក្នុងនោះរួមទាំងការអាចទិញ-លក់សត្វមានជីវិតតាមអនឡាញផងដែរ តែជាញឹកញាប់ណាស់ ដែលសត្វចិញ្ចឹមទាំងនោះ ត្រូវបានដឹកជញ្ជូន ក្នុងសភាពគ្មានសុវត្ថិភាពដោយបណ្ដាក្រុមហ៊ុនដឹកជញ្ជូនទំនិញទាំងឡាយ៕

    ប្រភព៖ សារព័ត៌មានបរទេស

     

     

  • ទីប្រឹក្សានិងជាជំនួយការផ្ទាល់របស់លោក Trump ឆ្លងវីរុស COVID-19

    ទីប្រឹក្សានិងជាជំនួយការផ្ទាល់របស់លោក Trump ឆ្លងវីរុស COVID-19

    Hope Hicks ដែលជាទីប្រឹក្សា និងជាជំនួយការផ្ទាល់ម្នាក់របស់ប្រធានាធិបតីសហរដ្ឋអាមេរិក ត្រូវបានធ្វើតេស្តរកឃើញថា មានផ្ទុកវីរុសCOVID-19 បន្ទាប់ពីបានធ្វើដំណើរជាញឹកញាប់ជាមួយលោក Donald Trump កាលពីពេលថ្មីៗនេះ។

    Hope Hicks ទទួលបានលទ្ធផលវិជ្ជមានជាមួយនឹងCOVID-19 កាលពីថ្ងៃទី1តុលា បន្ទាប់ពីបានធ្វើទៅដំណើរជាមួយលោក Trump ទៅកាន់កន្លែងឃោសនាបោះឆ្នោតមួយចំនួននៅក្នុងរដ្ឋ Minnesota។ នេះបើតាមការឱ្យដឹងពីមន្ត្រីម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ។

    Hope Hicks បានអមដំណើរលោក Trump ក្នុងការធ្វើដំណើរជាច្រើនលើកទៅកាន់កន្លែងផ្សេងៗកាលពីពេលថ្មីៗនេះ ក្នុងនោះក៏មានព្រឹត្តិការណ៍ជជែកតតាំងគ្នាលើកដំបូងរវាងបេក្ខភាពប្រធានាធិបតី Joe Biden និង Donald Trump នៅ Cleveland កាលពីថ្ងៃទី29កញ្ញាផងដែរ។ Hicks ត្រូវបានគេមើលឃើញនៅលើឧទ្ធម្ភាគចក្រ Marine ONe រួមជាមួយនឹងលោក Trump ដែលធ្វើដំណើរទៅកាន់កន្លែងឃោសនារកសំឡេងឆ្នោតនានានៅក្នុងរដ្ឋ Minnesota។ ទីប្រឹក្សាកំពូលៗរបស់ប្រធានាធិបតី ដូចជា Stephen Miller, Dan Scavino និង Jared Kushner ជាដើម បានដើរក្បែរ Hope Hicks ដោយពុំមាននរណាម្នាក់ពាក់ម៉ាស់នោះទេ។

    យ៉ាងណាក៏ដោយ សេតវិមានមិនបាននិយាយដល់ឈ្មោះ Hicks ឬទទួលស្គាល់ថា នាងបានឆ្លងCOVID-19 នោះទេ ប៉ុន្តែអ្នកនាំពាក្យរបស់សេតវិមាន លោក Judd Deere បានអះអាងថា សេតវិមានបានសហការជាមួយក្រុមវេជ្ជបណ្ឌិតរបស់លោក Trump ដើម្បីធានាឱ្យប្រាកដថា គ្រប់យ៉ាងប្រព្រឹត្តទៅតាមការណែនាំរបស់ស្ថាប័នសុខាភិបាល ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងCOVID-19 នៅក្នុងក្រុមប្រតិភូរបស់លោក Trump ដោយរួមទាំងការចេញទៅបំពេញបេសកកម្មនៅខាងក្រៅ ទាំងនៅក្នុងសេតវិមាន។

    នៅមុនករណីរបស់ Hicks បុគ្គលិកជាច្រើនរូបនៅសេតវិមាន ក៏បានឆ្លងវីរុសCOVID-19 ក្នុងនោះមាន Katie Miller ដែលជាជំនួយការផ្នែកសារព័ត៌មានរបស់អនុប្រធានាធិបតី Mike Pence និងបុគ្គលិកការពារសន្តិសុខរបស់លោក Trump ផងដែរ៕

    ប្រភព៖ Fox News

  • មូលដ្ឋានទ័ពអាមេរិកនៅអ៊ីរ៉ាក់ រងការវាយប្រហារដោយរ៉ុកកែតជាច្រើនគ្រាប់

    មូលដ្ឋានទ័ពអាមេរិកនៅអ៊ីរ៉ាក់ រងការវាយប្រហារដោយរ៉ុកកែតជាច្រើនគ្រាប់

    ក្រុមប្រដាប់អាវុធដែលស្និទ្ធនឹងអ៊ីរ៉ង់ បានបាញ់រ៉ុកកែតចំនួន6គ្រាប់ទៅលើមូលដ្ឋានទ័ពអាកាសអ៊ីរ៉ាក់ដែលមានកងទ័ពសហរដ្ឋអាមេរិកកំពុងបំពេញបេសកកម្ម ក៏ប៉ុន្តែមិនបានបង្កឱ្យមានមនុស្សស្លាប់នោះឡើយ។

    “កងកម្លាំងប្រដាប់អាវុធ Hashed al-Shaabi បានបាញ់រ៉ុកកែតចំនួន6គ្រាប់ចេញពីខេត្ត Nineveh សំដៅលើព្រលានយន្តហោះ Erbil ជាកន្លែងដែលកងទ័ពអាមេរិកកំពុងឈរជើង” នេះបើតាមសេចក្ដីប្រកាសកាលពីថ្ងៃទី30កញ្ញារបស់អង្គភាពប្រឆាំងភេរវកម្មនៃតំបន់ស្វយ័តរបស់ជនជាតិឃឺដ (Kurd) នៅអ៊ីរ៉ាក់។ Hashed al-Shaabi គឺក្រុមប្រដាប់អាវុធអ៊ីរ៉ាក់ដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់។

    Souran Ali ជាមន្ត្រីម្នាក់មកពីបក្សប្រជាធិបតេយ្យជនជាតិឃឺដអ៊ីរ៉ង់ Kurd Iran (PDK-I) មុននោះបានឱ្យដឹងថា រ៉ុកកែតជាច្រើនគ្រាប់ត្រូវបានបាញ់កាលពីយប់ថ្ងៃទី30កញ្ញា សំដៅទៅកាន់មូលដ្ឋានរបស់ PDK-I ដែលមានចម្ងាយពីព្រលានយន្តហោះ Erbil 2គីឡូម៉ែត្រ។ វីដេអូដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមបានបង្ហាញថា មានអគ្គិសភ័យកំពុងឆាបឆេះយ៉ាងសន្ធោសន្ធោ ដោយសារគ្រាប់រ៉ុកកែត។

    គ្រាប់​រ៉ុកកែត​បាន​ធ្លាក់​នៅ​ក្បែរ​ព្រលាន​យន្តហោះ​ Erbil

    Wayne Marotto អ្នកនាំពាក្យនៃយុទ្ធនាការ Operation Inherent Resolve ឬហៅកាត់ថា OIR (OIR គឺជាយុទ្ធនាការរបស់កងទ័ពសហរដ្ឋអាមេរិកដែលធ្វើអន្តរាគមន៍យោធាប្រឆាំងនឹងអង្គការរដ្ឋអ៊ីស្លាមនៅអ៊ីរ៉ាក់ និងស៊ីរី) ដែលដឹកនាំដោយសហរដ្ឋអាមេរិក បានឱ្យដឹងថា គ្រាប់រ៉ុកកែតមិនបានធ្លាក់ចំទីតាំងរបស់កងកម្លាំងចម្រុះនៅមូលដ្ឋាន Erbil នោះទេ។ Marotto បង្ហោះសារនៅលើ Twitter ថា៖ “មិនមានការខូចខាត និងការបាត់បង់ជីវិតឡើយ ហើយករណីវាយប្រហារនេះកំពុងត្រូវបានស្រាវជ្រាវ”។

    នៅក្នុងខែសីហា2020 បណ្ដាមូលដ្ឋានទ័ព និងកងកម្លាំងសហរដ្ឋអាមេរិកនៅអ៊ីរ៉ាក់ ត្រូវរងការវាយប្រហារដោយរ៉ុកកែតប្រមាណជា40លើករូចមកហើយ។

    ក្រសួងការបរទេសអាមេរិក ក្រោយមកក៏បានចោទប្រកាន់ក្រុមប្រដាប់អាវុធអ៊ីរ៉ាក់ដែលគាំទ្រដោយអ៊ីរ៉ង់ថា ជាក្រុមដៃដល់ដែលបានធ្វើការវាយប្រហារនេះ។ សហរដ្ឋអាមេរិក បានព្រមានអំពីការបិទស្ថានទូត និងដកកងទ័ព3,000នាក់ចេញពីប្រទេសអ៊ីរ៉ាក់ បើសិនជាការវាយហារដោយរ៉ុកកែតមិនត្រូវបានទប់ស្កាត់។

    អគ្កិភ័យនៅ​ក្បែរ​ព្រលាន​យន្តហោះ​ Erbil ​ដោយសារ​គ្រាប់​រ៉ុកកែត​

    សូមបញ្ជាក់ថា Hashed al-Shaabi មានសមាជិកជាង80,000នាក់ និងត្រូវគាំទ្រដោយប្រទេសអ៊ីរ៉ង់។ កងកម្លាំងនេះមានតួនាទីសំខាន់នៅក្នុងយុទ្ធនាការប្រឆាំងនៃអង្គការរដ្ឋអ៊ីស្លាម (ISIS) ក៏ប៉ុន្តែ ថ្មីៗនេះ ពួកគេមានការខឹងជាខ្លាំងនឹងសហរដ្ឋ​អាមេរិក បន្ទាប់ពីមេបញ្ជាការម្នាក់ត្រូវបានសម្លាប់រួមជាមួយនឹងមេទ័ពម្នាក់របស់អ៊ីរ៉ង់ គឺលោក Qasem Soleimani កាលពីខែមករា៕

    ប្រភព៖ AFP

  • ជើងឯកលើកដុំដែករុស្ស៊ី ត្រូវហាមមិនឱ្យឡើងយន្តហោះ ទាល់តែពិសោធថា ពិតជាស្រីសិន

    ជើងឯកលើកដុំដែករុស្ស៊ី ត្រូវហាមមិនឱ្យឡើងយន្តហោះ ទាល់តែពិសោធថា ពិតជាស្រីសិន

    ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី បានសូមទោសជើងឯកលើកដុំដែក(លើកទម្ងន់)ម្នាក់ ក្រោយពីមិនអនុញ្ញាតឱ្យឡើងយន្តហោះ បើមិនពិសោធថា ពិតជាមនុស្សស្រីជាមុនសិន។

    កញ្ញា Anna Turaeva ជើងឯកលើកដុំដែក 6សម័យកាល និងជាជើងឯកអឺរ៉ុប 10សម័យកាល ជនជាតិរុស្ស៊ី បានចែករំលែកបទពិសោធ ដែលនាងបានបញ្ជាក់ថា ពិតជាអាក្រក់ខ្លាំងណាស់ នៅពេលឮសំណួរដ៏គួរឱ្យខ្មាសអៀនពីបុគ្គលិកយន្តហោះ ដែលសុំឱ្យនាងពិសោធជាមុនសិនថា ជាមនុស្សស្រីពិតមែន។

    ហេតុការណ៍នេះកើតឡើង ខណៈពេលធ្វើដំណើរតាមជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍Utair ពីទីក្រុង សេនត៍ ពីធើរ៍ស្ប៊ើក ភាគខាងលិចឆៀងខាងជើង ទៅទីក្រុង ក្រាស្នូដារ៍ ភាគខាងត្បូង កាត់តាមទីក្រុងម៉ូស្គូ តែនៅឯកន្លែងត្រួតពិនិត្យ បុគ្គលិកអាកាសចរណ៍មិនព្រមឱ្យនាងឡើងយន្តហោះ ព្រោះមិនជឿថា នាងជាមនុស្សស្រី ដូចការបញ្ជាក់នៅក្នុងលិខិតឆ្លងដែន។

    Anna ម្ចាស់រាងកាយដ៏មាំធំ ម៉ូដសក់ស្គីនហេត បញ្ជាក់ថា នាងត្រូវគេស្ដីឱ្យដូចកូនក្មេងអាយុ 5ឆ្នាំ ដោយសំណួរល្មើសផ្លូវភេទនៅចំពោះមុខមនុស្សម្នាដែលកំពុងតម្រង់ជួរគ្នា។ បុគ្គលិកទាំងនោះចង់ដឹងថា តើនាងស្ថិតក្នុងឥរិយាបថណា ពេលនៅលើគ្រែ? តែនាងព្យាយាមគ្រប់គ្រងអារម្មណ៍ និងមិននិយាយច្រងេងច្រងាង។ នាងមានអារម្មណ៍អស់ជម្រើស ខណៈព្យាយាមពន្យល់ថា នាងមិនបានកុហកទេ ខណៈត្រូវមនុស្សទាំងជួរ សម្លឹងមើលមកនាងតែម្នាក់ តែក៏ខំព្យាយាមអធិប្បាយបែបស្ងាត់ៗទៅអ្នកតំណាងក្រុមហ៊ុនអាកាសចរណ៍នោះថា ពួកគេខុសហើយ ដែលសុំឱ្យរូបនាងពិសោធខ្លួននាងបែបនេះ។ Anna និយាយថា “ខ្ញុំបានធ្វើគ្រប់យ៉ាងអស់ហើយ ដើម្បីឱ្យពួកគេជឿពីធម្មជាតិរបស់ខ្ញុំ តែភ្លាមនោះ ភាពធូរស្រាលក៏កើតឡើង ខ្ញុំត្រូវបានគេអនុញ្ញាតឱ្យឡើងយន្តហោះ…” តែតមកទៀត នាងបានផូស្តិ៍ពីការមិនសប្បាយចិត្តនឹងក្រុមហ៊ុនអាកាសចរណ៍នោះ ដោយបាននិយាយថា នាងបានលះបង់ពេញ 1ជីវិត ដោយញើស និងឈាមដើម្បីប្រទេសជាតិ មិនគួរមកត្រូវគេប្រតិបត្តិដាក់បែបនេះសោះ។

    ស្ត្រីជើងឯកលើកដុំដែកជនជាតិរុស្ស៊ីរូបនេះ បានទទួលកម្លាំងចិត្តយ៉ាងច្រើនពីអ្នកគាំទ្រក្នុងពិភពអនឡាញ។ មនុស្សជាច្រើននិយាយថា ទោះវាជាតួនាទីដែលនឹងត្រូវពិសោធក៏ដោយ តែក៏គួរតែមានសំណួរណាផ្សេងក្នុងការចាត់ការចំពោះរឿងបែបនេះដែរ ខណៈអ្នកខ្លះយល់ឃើញថា បើបានឃើញរូបភាពដែល Anna ផូស្តនៅក្នុងអ៊ីនស្តាក្រាម ទាំងរូបលែងខ្លួនទទេល្វែងលើ មើលឃើញរូបសាក់ ឬរូបដែលថតជាមួយស្រីៗស្លៀកឈុតហែលទឹកនៅលើឆ្នេរខ្សាច់ហើយនោះ ក៏ពិបាកដូចគ្នា ក្នុងការសម្រេចពីភេទពិតប្រាកដរបស់នាង តែយ៉ាងណាក៏ដោយ ក្រុមហ៊ុនអាកាសចរណ៍Utair បានសុំអភ័យទោសនាងយ៉ាងឆាប់រហ័ស ព្រមទាំងអះអាងថា នឹងពិនិត្យមើលទង្វើរបស់បុគ្គលិកនៅឯអាកាសយានដ្ឋានទៀតផង។

    Anna កាលពីអតីត ជាក្មេងឈឺច្រើន ចេញ-ចូលមន្ទីរពេទ្យសឹងគ្មានលោះថ្ងៃ រហូតទាល់តែត្រូវបានគ្រូលើកលែង មិនបាច់រៀនមុខវិជ្ជាហាត់ប្រាណ
    ។ រហូតដល់អាយុ 15ឆ្នាំ ឪពុករបស់នាងជាជាងក្រឡឹង ធ្វើការនៅរោងចក្រផលិតគ្រឿងចក្រ គាត់បានធ្វើដុំដែកសម្រាប់លើកទម្ងន់ និងឧបករណ៍ហាត់ប្រាណជាច្រើនយ៉ាង ឱ្យនាង និងមិត្តភក្តិ។ ម្ដាយរបស់នាង គឺកម្លាំងគាំទ្រ បើទោះជាក្រោយមក កូនស្រី បានផ្លាស់ប្ដូររហូតលែងដូចមនុស្សស្រីទៀតក៏ដោយ។ តែ Anna ប្រាប់ថា នាងស្រឡាញ់ និងសរសើរខ្លួនឯងនូវអ្វីដែលខ្លួនឯងមាន និងមិនគិតចង់ប្រែប្រួលទៀតផង។

    ការពិតទៅ នាងនៅចង់ដើរផ្សារទិញអីវ៉ាន់ ចូលហាងអ៊ុតសក់ ធ្វើក្រចក និងតុបតែងមុខមាត់ តែនឹងមិនពិសោធអ្វីឱ្យអ្នកណាឃើញឡើយ ព្រោះនេះជាឡាយស្តាយល៍ របស់នាង៕

    ប្រភព៖ សារព័ត៌មានបរទេស