Category: អន្តរជាតិ

  • វេនេហ្ស៊ុយឡា​ ប្រកាស​ថា​ បាន​រក​ឃើញ​ថ្នាំ​ប្រឆាំង​Covid-19 ​ប្រសិទ្ធ​ភាព​100% ​និង​ត្រូវ​បាន​អ្នក​ជំនាញ​ផ្ទៀត​ផ្ទាត់​រួច​ហើយ

    វេនេហ្ស៊ុយឡា​ ប្រកាស​ថា​ បាន​រក​ឃើញ​ថ្នាំ​ប្រឆាំង​Covid-19 ​ប្រសិទ្ធ​ភាព​100% ​និង​ត្រូវ​បាន​អ្នក​ជំនាញ​ផ្ទៀត​ផ្ទាត់​រួច​ហើយ

    ប្រធានាធិបតី Maduro បានថ្លែងថា ថ្នាំនេះមានប្រសិទ្ធភាពបំបាត់ការឆ្លងរាលដាលរបស់វីរុសCovid-19 បានដល់100% ឯណោះ។

    វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រវេនេហ្ស៊ុយឡា (IVIC) បានរកឃើញថ្នាំមួយប្រភេទដែលអាចព្យាបាលជំងឺCovid-19 នេះបើតាមប្រធានាធិបតីវេនេហ្ស៊ុយឡា ដែលបានប្រកាសកាលពីថ្ងៃទី25តុលា។ លោកបានថ្លែងនៅលើកញ្ចក់ទូរទស្សន៍ជាតិវេនេហ្ស៊ុយឡា de Television ថា ថ្នាំប្រឆាំងCovid-19 នេះ អាចបំបាត់លទ្ធភាពឆ្លងរបស់វីរុស​Covid-19 បានដល់100%។

    លោក Maduro ថ្លែងថា៖ “ការស្រាវជ្រាវដែលមានរយៈពេល6ខែរបស់វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រវេនេហ្ស៊ុយឡា បាន​បញ្ជាក់អំពីប្រការនេះ។ ហើយការសិក្សាស្រាវជ្រាវនេះក៏ត្រូវបានក្រុមអ្នកជំនាញធ្វើការផ្ទៀងផ្ទាត់រួចហើយដែរ”។

    ប្រធានាធិបតីរូបនេះ បញ្ជាក់ថា ប្រភេទថ្នាំប្រឆាំងនឹងCovid-19 នេះ មានផ្ទុកម៉ូលេគុល DR10 ដែលធ្លាប់ត្រូវបានប្រើប្រាស់ក្នុងការព្យាបាលអ្នកជំងឺរលាកថ្លើមប្រភេទ C រួមនឹង Ebola និង HPV ផងដែរ។

    លោក Maduro សង្ឃឹមថា អង្គការសុខភាពពិភពលោក (WHO) នឹងទទួលស្គាល់លទ្ធផលស្រាវជ្រាវដែល IVIC បានរកឃើញ។ បន្ទាប់មក ប្រទេសនេះនឹងចាប់ផ្ដើមផលិតថ្នាំនេះក្នុងបរិមាណច្រើន ហើយផ្គត់ផ្គង់ដល់ពិភព​លោក។

    សូមបញ្ជាក់ថា ចាប់តាំងពី Covid-19 បានវាយលុក វេនេហ្ស៊ុយឡា បានរកឃើញអ្នកផ្ទុកវីរុសចំនួន 89,565នាក់ ក្នុងនោះមាន 83,947នាក់បានជាសះស្បើយ និង 773នាក់បានបាត់បង់ជីវិត៕

    ប្រភព៖ Sputnik

  • NASA ​ទើប​តែ​រក​ឃើញ!​ នៅ​លើ​ឋាន​ព្រះ​ចន្ទ​ មាន​ទឹក​ច្រើន​ជាង​អ្វី​ដែល​យើង​បាន​គិត

    NASA ​ទើប​តែ​រក​ឃើញ!​ នៅ​លើ​ឋាន​ព្រះ​ចន្ទ​ មាន​ទឹក​ច្រើន​ជាង​អ្វី​ដែល​យើង​បាន​គិត

    មិនត្រឹមតែមានវត្តមាននៅក្នុងតំបន់ងងឹតរបស់ឋានព្រះចន្ទដូចដែលមនុស្សបានរកឃើញមុននេះនោះទេ ប៉ុន្តែ ថ្មីៗនេះ NASA បានរកឃើញថា ទឹកមានវត្តមាននៅក្នុងតំបន់ដែលពន្លឺព្រះអាទិត្យចាំងទៅដល់ផងដែរ។

    ទីភ្នាក់ងារអវកាសអាមេរិក NASA ទើបតែបានប្រកាសឱ្យដឹងអំពីរបកគំហើញថ្មីមួយដ៏គួរឱ្យត្រេកអរ នោះគឺការបញ្ជាក់ថា ទឹកពិតជាមាននៅលើឋានព្រះចន្ទ ព្រមទាំងមាននៅក្នុងតំបន់ដែលមានពន្លឺព្រះអាទិត្យទៀតផង។ កន្លងមក អ្នកវិទ្យាសាស្ត្របានរកឃើញថា ទឹកក្នុងទម្រង់ទឹកកកគឺមាននៅក្នុងតំបន់ងងឹតរបស់ព្រះចន្ទ ហើយនេះក៏ជាផ្នែកមួយដែលនាំឱ្យមានបេសកកម្មបន្ទាប់នៅប៉ូលខាងត្បូងរបស់ព្រះចន្ទ ជាកន្លែងដែលគេជឿថា ទឹក​កក​អាចបង្ហាញខ្លួនក្នុងរណ្ដៅភ្នំភ្លើង ជាទីតាំងដែលពន្លឺព្រះអាទិត្យមិនអាចចាំងទៅដល់។

    ប៉ុន្តែ ការរកឃើញកន្លងមកនោះ មិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលខ្លាំងនោះទេ ព្រោះថាមុននោះ ក្រុមអ្នកវិទ្យា​សាស្ត្រ​របស់ NASA និងក្រុមអ្នកស្រាវជ្រាវដទៃទៀតក៏ធ្លាប់បានរកឃើញសញ្ញាមួយចំនួនដែលបង្ហាញថា ទឹកអាចស្ថិតនៅតំបន់ដែលមានពន្លឺព្រះអាទិត្យ។ យ៉ាងនេះក្ដី ពេលនេះ សញ្ញា ឬដានទាំងនេះ ទើបតែត្រូវបានបញ្ជាក់ ដោយយោងទៅតាមទិន្នន័យដែលបានមកពីស្ថានីយសង្កេតតារា SOFIA ដែលបានរកឃើញម៉ូលេគុលទឹកនៅក្នុងមាត់ភ្នំភ្លើង Clavius ដែលស្ថិតនៅក្នុងតំបន់អឌ្ឍគោលខាងត្បូងរបស់ព្រះចន្ទ។

    ការដែលត្រូវចំណាយពេលយូរ ទើបអាចរកឃើញវត្តមានទឹកបែបនេះ បញ្ជាក់ថា ទឹកនៅលើឋានព្រះចន្ទមិនមានច្រើននោះឡើយ។ NASA បានឱ្យដឹងថា ពួកគេបានរកឃើញទឹកប្រមាណពី100ទៅ412ភាគលាននៅក្នុងដីនិងថ្មី1ម៉ែត្រការ៉េ ដែលនេះប្រហាក់ប្រហែលនឹង330មីលីលីត្រនៅទូទាំងភ្នំភ្លើងនេះ។ NASA បន្ថែមថា៖ “សមុទ្រខ្សាច់ Sahara ក៏មានទឹកច្រើនជាង100ដង” បើធៀបនឹងទឹកដែល SOFIA បានរកឃើញនៅភ្នំភ្លើងរបស់ព្រះចន្ទ។

    NASA ទើបតែរកឃើញ! នៅលើឋានព្រះចន្ទ មានទឹកច្រើនជាងអ្វីដែលយើងបានគិតបើទោះជាយ៉ាងនេះក្ដី ការដែលទឹកអាចមានវត្តមាននៅក្រោមពន្លឺថ្ងៃ និងក្នុងទីឋានដ៏សោះកក្រោះដូច្នេះ គឺជាលទ្ធផលស្រាវជ្រាវដ៏អស្ចារ្យ និងគួរបន្តការសិក្សាស៊ីជម្រៅ។ ក្រុមអ្នកវិទ្យាសាស្ត្រមានបំណងស្វែងយល់ឱ្យដឹងថា តើធ្វើយ៉ាងណាទើបបានជាទឹកមានវត្តមាននៅទីនោះ ហើយវាអាចផ្ដុំគ្នាបានយ៉ាងដូចម្ដេចនៅក្នុងបរិយាកាសបែបនេះ។

    ការស្រាវជ្រាវនេះនឹងជួយដល់ក្រុមអវកាសចរនាពេលខាងមុខ ដើម្បីឱ្យពួកគេអាចបន្តវត្តមានយូរអង្វែងនៅ​លើ​ឋាន​ព្រះចន្ទ ខណៈកំពុងស្វែងរកប្រភពទឹកផ្សេងទៀតក្នុងតំបន់មាត់ភ្នំភ្លើង និងតំបន់ដែលមានពន្លឺថ្ងៃ នៅ​លើ​ឋានលោកខែ។

    បើសិនជារកឃើញប្រភពទឹកដែលមានបរិមាណច្រើននៅលើឋានព្រះចន្ទ មនុស្សប្រាកដជាអាចសាងសង់មូលដ្ឋាននៅទីនោះដើម្បីកសាងកម្លាំងសម្រាប់ការហោះទៅកាន់ទីឋានឆ្ងាយៗ ដូចជាភពព្រះអង្គារ។ល។

    ប្រភព៖ TechCrunch

  • ក្រុមហ៊ុនជប៉ុន កំពុងរិះរកវិធី លក់ម៉ៃក្រូឈីពឱ្យ “Huawei” ក្រោយអាមេរិកដាក់ទណ្ឌកម្ម ធ្វើឱ្យបាត់ចំណូលសន្ធឹក

    ក្រុមហ៊ុនជប៉ុន កំពុងរិះរកវិធី លក់ម៉ៃក្រូឈីពឱ្យ “Huawei” ក្រោយអាមេរិកដាក់ទណ្ឌកម្ម ធ្វើឱ្យបាត់ចំណូលសន្ធឹក

    ក្រុមអ្នកផលិតម៉ៃក្រូឈីពរបស់ជ៉ុន បានសំណូមពរសហរដ្ឋអាមេរិកឱ្យបើកផ្លូវ ក្នុងការលក់គ្រឿងផ្គុំឧបករណ៍អេឡិចត្រូនិចទៅឱ្យ Huawei ដែលជាអតិថិជនដ៏ធំមួយ ព្រោះវិធានការទណ្ឌកម្មពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក បានធ្វើឱ្យក្រុមហ៊ុន ទាំងរបស់ជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ បាត់បង់ប្រាក់ចំណូលយ៉ាងមហាសាល។

    Sony និង Kioxia ក្រុមហ៊ុនក្នុងបុត្រសម្ព័ន្ធរបស់ តូឈីបា បានដាក់សំណើសុំអនុញ្ញាត ទៅក្រសួងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ដើម្បីឱ្យអាចលក់ម៉ៃក្រូឈីព ទៅឱ្យ Huawei បានតទៅទៀត។ ក្រៅពីក្រុមអ្នកផលិតរបស់ជប៉ុនហើយ សាំស៊ុង អេឡិចត្រូនិក និង SK Hynix អ្នកផលិតរបស់កូរ៉េខាងត្បូង ក៏បានដាក់សំណើក្នុងលក្ខណៈដូចគ្នានេះដែរ។

    អ្នកផលិតម៉ៃក្រូឈីពរបស់ជប៉ុន មាន Huawei ជាអតិថិជនធំ មានតម្លៃការនាំចេញ ច្រើនជាង 1លានលានយ៉េន តែនៅពេលសហរដ្ឋអាមេរិកចេញបញ្ជាប្រើវិធានការទណ្ឌកម្មពាណិជ្ជកម្មចំពោះ Huawei ដោយហាមក្រុមហ៊ុនផ្សេងៗ ដែលប្រើប្រាស់តិចណូឡូជីរបស់អាមេរិក លក់គ្រឿងផ្គុំឱ្យទៅ Huawei ដោយអាងថា ជាគ្រោះថ្នាក់ចំពោះសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។ វិធានការនេះហុចផលប៉ះពាល់ដល់ក្រុមអ្នកផលិតម៉ៃក្រូឈីពរបស់ជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ ដែលសុទ្ធតែមាន Huawei ជាអតិថិជនដ៏សំខាន់ដូចគ្នា។

    សូនី ជាអ្នកផលិតធំជាងគេរបស់ពិភពលោក ដែលផលិត អ៊ីមមេច សិនស៊ើរ ដែលប្រើនៅក្នុងស្មាតហ្វូន និងឧបករណ៍ទូរគមនាគមន៍ ដោយមាន Huawei ជាអិតិថិជនធំលំដាប់លេខ២ បន្ទាប់ពី Apple។ ចំណូលដែលបានពី Huawei គិតជាអត្រាភាគរយគឺ ១ភាគ៥ របស់ក្រុមហ៊ុន ដែលមានតម្លៃច្រើនពាន់លានដុល្លារក្នុង ១ឆ្នាំៗ។

    សូនី បានប្រកាសទម្លាក់ការព្យាករប្រាក់កម្រៃ ពីធុរកិច្ចអ៊ីមមេច សិនស៊ើរ ក្នុងឆ្នាំសារពើពន្ធ ដែលនឹងបញ្ចប់ក្នុងខែមីនា ឆ្នាំ2021 មកនៅត្រឹម ៤៥% ឬប្រមាណ 130,000លានយ៉េន។ ដោយហេតុផល ការធ្លាក់ចុះនៃចំនួនលក់ស្មាតហ្វូនក្នុងអំឡុងពេលនៃការឆ្លងរាលដាលរបស់ជំងឺកូវីដ និងបានសន្និដ្ឋានថា ផលកម្រៃ នឹងកាន់តែធ្លាក់ចុះខ្លាំងឡើងទៀត ដោយសារវិធានការទណ្ឌកម្មពាណិជ្ជកម្មលើ Huawei របស់អាមេរិក។

    ក្រុមហ៊ុនសូនី និយាយថា ខ្លួននឹងព្យាយាមស្វែងរកអតិថិជនថ្មី ដូចជាក្រុមហ៊ុនរបស់ចិន ដែលរំពឹងគ្រងចំណែកទីផ្សាររបស់ Huawei រួមទាំងនឹងអភិវឌ្ឍសិនស៊ើរ សម្រាប់ឧបករណ៍ផ្សេងៗទៀត ដូចជារថយន្ត និងគ្រឿងចក្រឧស្សាហកម្ម ជាដើម ជំនួសឱ្យការពឹងផ្អែកតែលើការលក់គ្រឿងផ្គុំសម្រាប់តែស្មាតហ្វូន តែ១មុខ។

    ចំណែក Kioxia ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់តូឈីបាវិញ មានចំណូលពីការលក់ម៉ៃក្រូឈីព ខ្ពស់ដល់ទៅ ៤០% នៃចំនួនលក់ទាំងអស់របស់ក្រុមហ៊ុន ដោយមាន Huawei ជាអតិថិជនធំជាងគេដូចគ្នា។ ផលប៉ះពាល់ពីវិធានការទណ្ឌកម្មពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក បានធ្វើឱ្យ Kioxia ត្រូវពន្យារពេលការដាក់លក់ភាគហ៊ុនដល់ប្រជាជន ឬIPO ដែលកាលពីដើមមានកាលបរិច្ឆេទនៅថ្ងៃទី6 តុលាតទៅ។

    ការពន្យារពេលលក់IPO របស់ Kioxia ធ្វើឱ្យផ្សារភាគហ៊ុនរបស់ជប៉ុន បាត់បង់ឱកាសការប្រមូលទុនគ្រាសំខាន់ កណ្ដាលស្ថានការណ៍វិបត្តិកូវីដ ព្រោះរំពឹងថា ភាគហ៊ុនKioxia នឹងមានតម្លៃគោលទ្រព្យតាមតម្លៃទីផ្សារដល់ទៅជាង 14,000លានដុល្លារ។ ជាភាគហ៊ុនដែលមានតម្លៃIPO ខ្ពស់បំផុតក្នុងឆ្នាំនេះ។

    Huawei បានប្រមូលទិញឧបករណ៍អេឡិចត្រូនិក ពីអ្នកផលិតនៅជប៉ុនច្រើនដល់ទៅ ៥០% កាលពីឆ្នាំកន្លងទៅ ក្រោយប្រឈមនឹងភាពមិនច្បាស់លាស់ពីសហរដ្ឋអាមេរិក តែខណៈនេះ អ្នកផលិតនៅជប៉ុនចាំបាច់ត្រូវតែបញ្ឈប់ការលក់គ្រឿងផ្គុំទៅឱ្យ Huawei ដោយសារវិធានការទណ្ឌកម្មពាណិជ្ជកម្មរបស់អាមេរិក តឹងរ៉ឹងខ្លាំង គ្របដណ្ដប់ដល់អ្នកផលិតគ្រប់ប្រទេស ដែលប្រើនវានុវត្តន៍របស់អាមេរិក។ អ្នកល្មើសនឹងវិធានការនេះ នឹងត្រូវឆ្លើយតបដោយការហាមនាំចូលសូហ្វវែរ និងតិចណូឡូជីពីសហរដ្ឋអាមេរិក រួមទាំងប្រទេសទី៣ ដែលប្រើប្រាស់នវានុវត្តន៍របស់អាមេរិកផងដែរ។ ក្រៅពីនេះ នៅមានការពិន័យជាប្រាក់ មិនលើស ១លានដុល្លារ និងជាប់ពន្ធនាគារទៀតផង។

    Huawei ជាអ្នកផលិតស្មាតហ្វូនលំដាប់លេខ១ របស់ពិភពលោក វ៉ាដាច់សាំស៊ុង កាលពីត្រីមាសកន្លងទៅ និងនៅតែជាអ្នកនាំមុខក្នុងការលក់មូលដ្ឋានបណ្ដាញទូរស័ព្ទចល័ត ដែលមានចំណែកទីផ្សារប្រមាណ 30%។

    វិធានការទណ្ឌកម្មពាណិជ្ជកម្មលើ Huawei របស់អាមេរិក បានធ្វើឱ្យជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ ដែលជាអ្នកផលិតម៉ៃក្រូឈីពធំៗលើពិភពលោក ត្រូវបាត់បង់ប្រាក់ចំណូល ពីការលក់គ្រឿងផ្គុំទៅឱ្យ Huawei ច្រើនដល់ទៅ 2.8លានលានយ៉េន ឬប្រមាណ 26,400លានដុល្លារក្នុង ១ឆ្នាំ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • ចិនប្រកាសផ្ដាច់ពាណិជ្ជកម្មជាមួយ “Boeing” ដោយសារខឹងអាមេរិក លក់អាវុធឱ្យតៃវ៉ាន់

    ចិនប្រកាសផ្ដាច់ពាណិជ្ជកម្មជាមួយ “Boeing” ដោយសារខឹងអាមេរិក លក់អាវុធឱ្យតៃវ៉ាន់

    ក្រុមទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍កាលពីថ្ងៃចន្ទ(ទី26តុលា) ថា អ្នកនាំពាក្យក្រសួងការបរទេសចិន បានបង្ហើបឱ្យដឹងថា រដ្ឋបាលចិន មានមតិឯកភាព ឱ្យដាក់ទណ្ឌកម្មខាងសេដ្ឋកិច្ចទៅលើក្រុមហ៊ុន និងបុគ្គលណាដែលពាក់ព័ន្ធនឹងការលក់អាវុធឱ្យទៅប្រទេសតៃវ៉ាន់។

    របាយការណ៍ បានសន្និដ្ឋានថា ក្រុមហ៊ុនដែលនឹងរងផលប៉ះពាល់ពីវិធានការនេះ មានក្រុមហ៊ុន “បូអ៊ីង” អ្នកផលិតអាកាសយានដ៏ធំសម្បើមរបស់សហរដ្ឋអាមេរិក, “ឡក់ហ៊ីត ម៉ាទីន” ក្រុមហ៊ុនផលិតអាវុធយុទ្ធោបករណ៍ដ៏ល្បីល្បាញរបស់អាមេរិក និង “រ៉េយ៍ធៀន” មហាយក្សខាងវិស្វកម្ម អាមេរិក។

    អ្នកនាំពាក្យក្រសួងការបរទេសចិន ថ្លែងថា “វិធានការទាំងនោះ ធ្វើឡើងដើម្បីការពារអធិបតេយ្យភាព និងបូរណភាពដែនដីរបស់ចិន”។

    យ៉ាងណាក៏ដោយ រដ្ឋបាលចិន នៅតែបដិសេធក្នុងការផ្ដល់ទិន្នន័យច្បាស់លាស់ ពាក់ព័ន្ធនឹងបញ្ជីឈ្មោះរបស់ស្ថាប័ន និងបុគ្គលដែលស្ថិតនៅក្នុងបញ្ជីខ្មៅលើកនេះ។

    កាលពីពេលថ្មីៗនេះ ក្រសួងការបរទេសសហរដ្ឋអាមេរិក ទើបតែអនុម័តការលក់ប្រព័ន្ធអាវុធទៅឱ្យប្រទេសតៃវ៉ាន់ ដែលមានតម្លៃសរុបប្រមាណជា 1,800លានដុល្លារ។

    ចិន បានប្រកាន់ខ្ជាប់ថា តៃវ៉ាន់ គឺគ្រាន់តែជា “មណ្ឌលក្បត់” មួយ ដែលត្រូវតែបង្រួបបង្រួមចូលមកនៅក្រោមការគ្រប់គ្រងរបស់ចិនដីគោកនៅថ្ងៃណាមួយឱ្យបាន ទោះជាត្រូវប្រើកម្លាំងយោធាក៏ដោយ ក្នុងខណៈដែលសហរដ្ឋអាមេរិកខ្លួនឯង ក៏សម្លឹងមើលតៃវ៉ាន់ ថាជាភាគហ៊ុនប្រជាធិបតេយ្យដ៏សំខាន់មួយ និងមានករណីពាក់ព័ន្ធតាមច្បាប់ ដែលនឹងត្រូវតែជួយក្រុងថៃប៉ិ ឱ្យអាចការពារខ្លួនឯងឱ្យបាន។

    ក្រសួងការបរទេសចិន បានចេញមកព្រមានកាលពីសប្ដាហ៍មុនថា ការដែលសហរដ្ឋអាមេរិក លក់អាវុធឱ្យតៃវ៉ាន់ អាចរាប់បានថាជាការរុករានអធិបតេយ្យភាព និងផលប្រយោជន៍ផ្នែកសន្តិសុខរបស់ចិនយ៉ាងខ្លាំងក្លា និងទាមទារឱ្យសហរដ្ឋអាមេរិក ពិចារណាផែនការទាំងនោះឡើងវិញ បើមិនដូច្នោះទេ ក្រុងប៉េកាំងនឹង “ប្រើវិធានការឆ្លើយតបវិញ ដែលត្រឹមត្រូវ និងចាំបាច់ទៅតាមស្ថានការណ៍”៕

    ប្រភព៖ សារព័ត៌មានបរទេស

     

  • ពលរដ្ឋ​អាមេរិកាំង​ជាង​61​លាន​នាក់​បាន​​បោះ​ឆ្នោត​​មុន​កាល​កំណត់​ដើម្បី​ជ្រើស​រើស​ប្រធានាធិបតី

    ពលរដ្ឋ​អាមេរិកាំង​ជាង​61​លាន​នាក់​បាន​​បោះ​ឆ្នោត​​មុន​កាល​កំណត់​ដើម្បី​ជ្រើស​រើស​ប្រធានាធិបតី

    ពលរដ្ឋអាមេរិកាំងចំនួន61.3លាននាក់ បានទៅបោះឆ្នោតមុនកាលកំណត់ ដែលតួលេខនេះជិតស្មើនឹងពាក់កណ្ដាលនៃចំនួនសន្លឹកឆ្នោតដែលបានបោះកាលពីឆ្នាំ2016 បើទោះថ្ងៃបោះឆ្នោត (3វិច្ឆិកា) នៅសល់ជាង1សប្ដាហ៍ទៀត។

    អង្គភាពគ្រប់គ្រងគម្រោងបោះឆ្នោតនៃសាកលវិទ្យា Florida សហរដ្ឋអាមេរិក កាលពីថ្ងៃទី26តុលាបានឱ្យដឹងថា អត្រានៃអ្នកបានទៅបោះឆ្នោតមុនកាលកំណត់ មានការកើនឡើងខ្ពស់នៅក្នុងបណ្ដារដ្ឋជាយុទ្ធសាស្ត្រ រួមមាន Florida, Georgia និង North Carolina ជាមួយនឹងតួលេខនៃការបោះឆ្នោត ដែលរាប់ជាលំដាប់លំដោយគឺ 62.8%, 66.1% និង 66.5%។

    ការបោះឆ្នោតផ្ទាល់មុនកាលកំណត់ គឺជារឿងថ្មីសម្រាប់រដ្ឋមួយចំនួននៅសហរដ្ឋអាមេរិក ក្នុងនោះមានរដ្ឋ New York ជាដើម។ ក៏ប៉ុន្តែ ដោយសារតែមានការបារម្ភចំពោះCovid-19 ពលរដ្ឋនៅ New York ក៏នាំគ្នាទៅបោះឆ្នោតមុនកាលកំណត់ នាំឱ្យតួលេខអ្នកទៅបោះឆ្នោតនៅទីនេះ មានប្រមាណ5.4% បើធៀបនឹងចំនួនសន្លឹកឆ្នោតនៅទូទាំងរដ្ឋ New York កាលពីឆ្នាំ2016។

    ក្រុមអ្នកជំនាញបានព្យាករថា ការបោះឆ្នោតអាណត្តិនេះ នឹងទាក់ទាញអ្នកទៅបោះឆ្នោតប្រហែល150លាននាក់ ស្មើនឹង65%នៃម្ចាស់ឆ្នោតស្របច្បាប់សរុប ដែលនេះគឺជាអត្រាខ្ពស់មិនធ្លាប់មានក្នុងអំឡុងពេលជាង100ឆ្នាំកន្លងទៅនេះ។

    បក្សប្រជាធិបតីនៅតែបន្តនាំមុខក្នុងការបោះឆ្នោតមុនកាលកំណត់ ប៉ុន្តែ បក្សសាធារណរដ្ឋក៏កំពុងតែបង្រួញគម្លាតនេះជាបណ្ដើរៗហើយ។ អ្នកគាំទ្របក្សសាធារណរដ្ឋក៏តែងតែចូលចិត្តបោះឆ្នោតផ្ទាល់នៅក្នុងថ្ងៃបោះឆ្នោតចុងក្រោយ ដែលនេះនឹងអាចធ្វើឱ្យលទ្ធផលមានការប្រែប្រួលនាពេលខាងមុខ។

    ការប្រជែងដណ្ដើមកាន់កាប់សេតវិមាន បានឈានចូលដល់ដំណាក់កាលចុងក្រោយ ហើយបេក្ខភាព Trump និង Biden បានបញ្ចប់ការជជែកតតាំងគ្នាលើកចុងក្រោយដើម្បីបង្ហាញអំពីការយល់ឃើញរៀងៗខ្លួន ក្នុងបំណងទាក់ទាញការគាំទ្រពីសំណាក់ម្ចាស់ឆ្នោត៕

    ប្រភព៖ SCMP

  • ភូមិមួយ​នៅ​អ៊ីតាលី​ ​ផ្ដល់​​ប្រាក់​ដល់​អ្នក​ចំណូល​ថ្មី​ដែល​មក​រស់​នៅ​ និង​រក​ស៊ី​នៅ​ទី​នេះ

    ភូមិមួយ​នៅ​អ៊ីតាលី​ ​ផ្ដល់​​ប្រាក់​ដល់​អ្នក​ចំណូល​ថ្មី​ដែល​មក​រស់​នៅ​ និង​រក​ស៊ី​នៅ​ទី​នេះ

    ភូមិ Santo Stefano di Sessanio សង្ឃឹមថា ខ្ទង់ជំនួយដែលមានទំហំជាទឹកប្រាក់ឡើងដល់ 44,000​អឺរ៉ូ ​(ជាង​52,000​ដុល្លារ​អាមេរិក) នឹងអាចទាក់ទាញយុវវ័យចូលមករស់នៅ និងបង្កើតមុខរបរនៅទីនេះកាន់តែច្រើន។

    Santo Stefano di Sessanio ដែលស្ថិតនៅក្នុងតំបន់ Abruzzo ភាគអាគ្នេយ៍នៃប្រទេសអ៊ីតាលី កាលពីសប្ដាហ៍​មុនបានបង្ហោះសារលម្អិតស្ដីអំពីគម្រោងខាងលើ នៅលើគេហទំព័ររបស់ក្រុមប្រឹក្សាមូលដ្ឋាន។ សារនេះបានឱ្យដឹងថា បច្ចុប្បន្ន Santo Stefano di Sessanio មានប្រជាជនត្រឹមតែ115នាក់ប៉ុណ្ណោះ ហើយក្នុងនោះមាន41នាក់មានវ័យលើសពី65ឆ្នាំ និង​មាន​តែ​13​នាក់​ប៉ុណ្ណោះដែលមានវ័យក្រោម20ឆ្នាំ។

    ដូច្នេះ ក្រុមប្រឹក្សាភូមិយល់ថា ពួកគេ “ចាំបាច់” ត្រូវតែធ្វើអ្វីមួយដើម្បីធានាឱ្យបាននូវ “ការរីកចម្រើនប្រកប​ដោយ​ស្ថិរភាព និងយូរអង្វែង” របស់ភូមិនេះ។ ដើម្បីទាក់ទាញអ្នកចំណូលថ្មី ក្រុមប្រឹក្សាភូមិក៏បានលើកជាយោបល់ដ៏អស្ចារ្យមួយ នោះគឺ “ផ្ដល់ជំនួយ8,000អឺរ៉ូ/ឆ្នាំ រយៈពេល3ឆ្នាំ សម្រាប់មនុស្សម្នាក់ ដោយទូទាត់ប្រចាំខែ។ ជាងនេះ ភូមិខាងលើក៏នឹង​ផ្ដល់​ជំនួយ​20,000​អឺរ៉ូប​ន្ថែម​ទៀត ​ក្នុងករណីដែលអ្នកចំណូលថ្មីបើកអាជីវកម្មនៅទីនេះ។

    អ្នកចំណូលថ្មីក៏នឹងទទួលបានកន្លែងស្នាក់នៅ ហើយគ្រាន់តែបង់ប្រាក់ឈ្នួលជាទម្រង់តំណាងតែប៉ុណ្ណោះ។ ក្រុមប្រឹក្សាភូមិក៏បានបញ្ជាក់ថា អ្នកដែលចូលរួមកម្មវិធីនេះ ត្រូវតែមានអាយុចាប់ពី18ដល់40ឆ្នាំ។

    ភូមិមួយនៅអ៊ីតាលី ជូនប្រាក់ដល់អ្នកចំណូលថ្មីដែលមករស់នៅ និងរកស៊ីនៅទីនេះអ្នកចំណូលថ្មីទាំងនោះ អាចជាពលរដ្ឋអ៊ីតាលីដែលមកពីតំបន់ផ្សេងៗ ប៉ុន្តែភូមិទាំងនោះត្រូវតែមានប្រជាជន​មិនក្រោម​2,000​នាក់។ ពួកគេក៏អាចជាប្រជាជននៅក្នុងសហភាពអឺរ៉ុប ឬមកពីខាងក្រៅ ប៉ុន្តែត្រូវតែជាពលរដ្ឋដែលមានសិទ្ធរស់នៅយូរអង្វែង។

    បន្ទាប់ពីទទួលបានការយល់ព្រម អ្នកចំណូលថ្មីត្រូវតែស្នាក់នៅក្នុងភូមិ Santo Stefano នេះឱ្យបានយ៉ាងតិច5ឆ្នាំ និងរកស៊ីនៅក្នុងភូមិនេះ។ ប៉ុន្តែ វិស័យជំនួញត្រូវតែស្ថិតក្នុងបញ្ជីអាទិភាពរបស់ក្រុមប្រឹក្សាភូមិ ក្នុងនោះមានដូចជាវិស័យទេសចរណ៍ កីឡា វប្បធម៌ សេវាកម្មសម្អាតនិងអនាម័យ គ្រប់គ្រងឱសថ ទីផ្សារ និងជួញដូរស្បៀងអាហារ។

    ភូមិ Santo Stefano បានបញ្ជាក់ថា សេចក្ដីប្រកាសស្វែងរកអ្នកចំណូលថ្មីនេះ នឹងទទួលពាក្យស្នើសុំចូលមករស់នៅ រហូតដល់ថ្ងៃទី15វិច្ឆិកា2020៕

    ប្រភព៖ CNBC

  • ធ្ងន់ធ្ងរ! ចំណែកទីផ្សារ របស់ HUAWEI ធ្លាក់ចុះ នៅសល់ត្រឹម 3.7% ក្រោយត្រូវអាមេរិកដាក់ចូលបញ្ជីខ្មៅ

    ធ្ងន់ធ្ងរ! ចំណែកទីផ្សារ របស់ HUAWEI ធ្លាក់ចុះ នៅសល់ត្រឹម 3.7% ក្រោយត្រូវអាមេរិកដាក់ចូលបញ្ជីខ្មៅ

    បណ្ដាទីភ្នាក់ងារព័ត៌មានអន្តរជាតិ បានរាយការណ៍កាលពីថ្ងៃទី23 តុលា ថា HUAWEI ក្រុមហ៊ុនដ៏ធំសម្បើមផ្នែកតិចណូឡូជីរបស់ចិន បានបង្ហើបឱ្យដឹងថា ប្រាក់ចំណូលរបស់ក្រុមហ៊ុនក្នុងត្រីមាសទី3 ឆ្នាំ2020 នេះបានធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ ដោយសារការរារាំងរបស់សហរដ្ឋអាមេរិក។

    របាយការណ៍បានបញ្ជាក់ថា ក្នុងអំឡុង 9ខែ នៃឆ្នាំ2020នេះ HUAWEI មានចំណូល 6.713សែនលានយន់ ឬប្រមាណជា 1សែនលានដុល្លារគិតជាអត្រាការកើនឡើង បានត្រឹមតែ 9.9% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ HUAWEIមានអត្រាកើនឡើងដល់ទៅ 24.4%។

    ក្នុងត្រីមាសទី3 HUAWEI មានចំណូលសរុប 2.173សែនលានយន់ ឬប្រមាណជាង 3ម៉ឺនលានដុល្លារ កើនឡើងបានត្រឹមតែ 3.7%ប៉ុណ្ណោះ។

    HUAWEI បានបញ្ជាក់ថា ខ្សែចង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុន ស្ថិតក្នុងសភាវមានសម្ពាធយ៉ាងខ្លាំង ក្រៅពីនេះ ផ្នែកផលិតកម្ម ក៏ជួបប្រទះនឹងឧបសគ្គដែលច្រើនឡើងផងដែរ តែទាំងអស់នេះ ក្រុមហ៊ុននឹងព្យាយាមរិះរកវិធីដើម្បីទ្រទ្រង់ និងឈានឆ្ពោះទៅខាងមុខជាបន្តទៅទៀត។

    កាលពីពេលមុននេះ សហរដ្ឋអាមេរិក បានដាក់ HUAWEI ចូលក្នុងបញ្ជីខ្មៅ និងចេញបញ្ជា ដែលកំណត់ឱ្យបណ្ដាក្រុមហ៊ុនផ្គត់ផ្គង់សូហ្វវែរ និងឧបករណ៍ការផលិតរបស់ខ្លួន ផ្អាកដំណើរការធុរកិច្ចជាមួយ HUAWEI ដោយមិនបានទទួលការអនុញ្ញាត ដោយសំអាងថា អាចនឹងធ្វើឱ្យមានភាពប្រថុយប្រថានចំពោះសន្តិសុខជាតិ ក្រោយពីចិន និងអាមេរិក បានបញ្ឆេះសង្គ្រាមពាណិជ្ជកម្ម ដែលមានដើមហេតុមកពីចំណុចវិវាទខាងផ្នែកតិចណូឡូជីយូរអង្វែងមកហើយ តាំងពីឆ្នាំ2018។

    វិធានការទាំងនោះ បានបង្ខំឱ្យ Google ត្រូវកាត់ផ្ដាច់សម្ព័ន្ធភាពជាមួយ HUAWEI ធ្វើឱ្យស្មាតហ្វូនស៊េរីថ្មីរបស់ HUAWEI មិនអាចប្រើសូហ្វវែរមួយចំនួនរបស់ហ្គូហ្គលបាន បណ្ដាលឱ្យប៉ះពាល់ដោយផ្ទាល់ ដល់ការលក់ផលិតផលរបស់ HUAWEI។

    ក្រៅពីនេះ សហរដ្ឋអាមេរិក នៅបានដាក់សម្ពាធទៅលើក្រុមហ៊ុនផ្គត់ផ្គង់ឈីបទូទាំងពិភពលោកទៀតផង ធ្វើឱ្យ HUAWEI មិនអាចទំនាក់ទំនងបានជាមួយក្រុមហ៊ុនផលិតឈីបសិត ដូចជា គិរីន ដែលជាគ្រឿងផ្គុំដ៏សំខាន់របស់ស្មាតហ្វូនតទៅទៀតបាន៕

    ប្រភព៖ សារព័ត៌មានបរទេស

  • ភោជនីយដ្ឋាន​នៅ​ជប៉ុន កំពុងអភិវឌ្ឍសេវាកម្ម “គ្មានការប៉ះពាល់” ការពារការឆ្លងមេរោគ

    ភោជនីយដ្ឋាន​នៅ​ជប៉ុន កំពុងអភិវឌ្ឍសេវាកម្ម “គ្មានការប៉ះពាល់” ការពារការឆ្លងមេរោគ

    ភោជនីយដ្ឋាននៅក្នុងប្រទេសជប៉ុន កំពុងសាកល្បងប្រើប្រាស់សេវាកម្ម រូបបែបថ្មិ ដែលកាត់បន្ថយការប៉ះពាល់ជាមួយអតិថិជន ឬ non-contact ដើម្បីកាត់បន្ថយការប្រថុយប្រថានក្នុងការឆ្លងមេរោគកូវីដ-19។

    ហាង KFC នៅក្នុងប្រទេសជប៉ុន បានបើកបម្រើសេវាកម្មឱ្យអតិថិជនដែលកុម្ម៉ង់ម្ហូបអាហារតាមអនឡាញ បើកយកទំនិញពីថតទូឡក់ឃើរ ដែលនៅក្នុងហាង ដោយមិនចាំបាច់ទាក់ទងបុគ្គលិករបស់ហាងឡើង។ សេវាកម្មនេះ បានសាកល្បងប្រើនៅក្នុងហាង KFC 4កន្លែងក្នុងទីក្រុងតូក្យូ ប្រសិនបើទទួលបានការស្វាគមន៍ល្អ ក្រុមហ៊ុនក៏នឹងពង្រីកសេវាកម្មនេះ ឱ្យកាន់តែច្រើនឡើងទៀត។

    សេវាកម្មនោះគឺ អតិថិជន នឹងកុម្ម៉ងម្ហូបអាហារតាមរយៈប្រព័ន្ធអនឡាញ បន្ទាប់ពីនោះ ក៏ជ្រើសរើសពេលវេលា និងសាខាមួយណាដែលខ្លួនងាយស្រួលទៅយក ហើយនៅពេលធ្វើដំណើរទៅដល់ហាង អតិថិជនគ្រាន់តែប្រើលេខកូដកុម្ម៉ង់ម្ហូបអាហារនោះ បើកថតទូឡក់ឃើរ យកម្ហូបអាហារ ដែលបុគ្គលិកបានដាក់ ត្រៀមទុកនៅក្នុងនោះរួចហើយ ជាការស្រេច។

    សេវាកម្មនេះ ក្រៅពីកាត់បន្ថយភាពប្រថុយប្រថានក្នុងការឆ្លងមេរោគ តាមរយៈការប៉ះពាល់ហើយ វាថែមទាំងជួយកាត់បន្ថយរយៈពេលនៃការរង់ចាំយកម្ហូបអាហារទៀតផង ព្រោះអតិថិជនអាចកំណត់ម៉ោង ដើម្បីទៅយកទំនិញ ដោយបុគ្គលិកនឹងរៀបចំទុកដាក់ក្នុងថតទូរួចជាស្រេច។

    ចំណែកហាង ឃូរ៉ាក់ ស៊ូហ្ស៊ី ខ្សែបណ្ដាញហាងលក់ស៊ូហ្ស៊ី បែបប៊ូហ្វេ ក៏ប្រើសេវាកម្មទួទាត់ប្រាក់បែបថ្មីដែរ ដោយវាជាផ្ទាំងអេក្រង់បង្ហាញរូបភាព ដែលអតិថិជនអាចគិតលុយថ្លៃម្ហូបអាហារបានដោយខ្លួនឯង ដោយមិនចាំបាច់ពឹងបុគ្គលិក។ ក្រៅពីនេះ ថែមទាំងមិនចាំបាច់ប៉ះផ្ទាំងអេក្រង់ទៀតផង អតិថិជនគ្រាន់តែរំកិលម្រាមចង្អុលដៃលើផ្ទាំងរូបផ្សេងៗ ដែលបង្ហាញនៅក្នុងអេក្រង់ សិនស៊ើរនឹងចាប់យកការធ្វើចលនារបស់ម្រាមដៃបាន ដោយមិនចាំបាច់ប៉ះ ឬចុចនៅលើអេក្រង់ឡើយ។

    តិចណូឡូជីអេក្រង់ បែបមិនចាំបាច់ប៉ះពាល់នេះ ត្រូវបានគេរំពឹងថា នឹងនាំយកមកប្រើយ៉ាងទូលំទូលាយ ជំនួសអេក្រង់ថាច់ស្គ្រីននាពេលបច្ចុប្បន្ន ព្រោះវានឹងកាត់បន្ថយការឆ្លងមេរោគ និងកាត់បន្ថយចំនួនបុគ្គលិកក្នុងហាងបានទៀតផង។ ហាង ឃូរ៉ាក់ ស៊ូហ្ស៊ី បានចាប់ផ្ដើមសាកល្បងប្រើអេក្រង់បែបនេះ នៅឯសាខារបស់ខ្លួននៅក្នុងទីក្រុងតូក្យូ និងអូសាខារួចហើយ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • កូនប្រុសរបស់ Trump នឹងអាចឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីសហរដ្ឋ​​អាមេរិកនៅឆ្នាំ2024

    កូនប្រុសរបស់ Trump នឹងអាចឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីសហរដ្ឋ​​អាមេរិកនៅឆ្នាំ2024

    Donald Trump Jr. បានបង្ហោះរូបថតមួយសន្លឹកដែលមានរូបលោក កំពុងឈរក្បែរផ្ទាំងបដាធំមួយដែលសរសេរថា “Don Jr 2024” ដែលនេះបានធ្វើឱ្យមានការសង្ស័យថា លោកប្រហែលជានឹងឈរឈ្មោះជាប្រធានាធិបតីសហរដ្ឋអាមេរិក នៅអាណត្តិក្រោយ។

    “នេះគឺជាផ្ទាំងបដាមួយដែលខ្ញុំបានឃើញនៅក្នុងព្រឹត្តិការណ៍ដេញថ្លៃសត្វចញ្ចឹម Fallon Nevada។ ប្រការនេះនឹងនាំឱ្យអ្នកគាំទ្រត្រូវឈឺក្បាល។ ខ្ញុំសូមអនុញ្ញាតផ្ញើការអរគុណដល់អ្នកដែលបានធ្វើបដានេះ។ ប៉ុន្តែ ជាដំបូង ចូររួមដៃគ្នាដើម្បីដណ្ដើមជោគជ័យនៅក្នុងឆ្នាំ2020នេះសិន!!!” លោក Trump Jr. ដែលជាកូនប្រុសច្បងរបស់ប្រធានាធិបតីអាមេរិក Donald Trump បានបង្ហោះរូបថតអមនឹងសារយ៉ាងដូច្នេះ។

    បើទោះជាស្និទ្ធស្នាលនឹងឪពុក ប៉ុន្តែ លោក Trump Jr. មិនមានតួនាទីជាផ្លូវការណាមួយនៅសេតវិមាននោះទេ ប៉ុន្តែ លោកធ្វើសកម្មភាពដូចទៅនឹងអ្នកតំណាងនៅខាងក្រៅ ដើម្បីជួយទាក់ទាញអ្នកគាំទ្រឱ្យឪពុករបស់ខ្លួននៅលើបណ្ដាញសង្គម។

    កន្លងមក លោក Trump Jr. ធ្លាប់បានបង្ហើបអំពីបំណងឈរឈ្មោះជាអភិបាលក្រុង New York។ ក៏ប៉ុន្តែ ប្រធានាធិបតី Trump បានបដិសេធលទ្ធភាពនេះ។ កាលពីខែមុន លោក Trump បានប្រាប់សារព័ត៌មាន Fox Business ថា៖ “វាមិនអាចដណ្ដើមបានជោគជ័យក្នុងនាមជាសមាជិកបក្សសាធារណរដ្ឋនោះទេ មិនមានឱកាសសោះឡើយ”។

    លោក Trump Jr. ត្រូវបានគេសង្កេតឃើញថា ជាមនុស្សសកម្មក្នុងការជួយជ្រោមជ្រែកឪពុក។ គាត់តែងមានទំនាក់ទំនងល្អជាមួយអ្នកគាំទ្ររបស់លោក Trump។ ក្នុងព្រឹត្តិការណ៍នានា លោក Trump Jr. ក៏តែងទទួលបានការស្វាគមន៍ពីអ្នកគាំទ្រ ដែលហាក់ចាត់ទុកលោក ជាមេដឹកនាំមួយរូបដែលអាចជំនួសឪពុកបាននាពេលអនាគត៕

    ប្រភព៖ NYPost

  • ជំនួយ​ការ​យ៉ាង​តិច​5​នាក់​របស់​អនុប្រធានាធិបតី​អាមេរិក​ បាន​ឆ្លង​Covid-19

    ជំនួយ​ការ​យ៉ាង​តិច​5​នាក់​របស់​អនុប្រធានាធិបតី​អាមេរិក​ បាន​ឆ្លង​Covid-19

    យ៉ាងហោចណាស់មានជំនួយការចំនួន5នាក់របស់អនុប្រធានាធិបតីសហរដ្ឋអាមេរិក បានឆ្លងវីរុសCovid-19 ក្នុងនោះក៏មានប្រធានការិយាល័យ Marc Short និងជំនួយការ Zach Bauer ផងដែរ។

    ប្រភពព័ត៌មានមួយដែលសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា ក្រុមមន្ត្រីរដ្ឋាភិបាលមានការព្រួយបារម្ភថា នឹងមានមនុស្សកាន់តែច្រើនដែលស្និទ្ធនឹងអនុប្រធានាធិបតី សហរដ្ឋអាមេរិក Mike Pence វិជ្ជមាននឹងវីរុសCovid-19 នាពេលខាងមុខ។

    អនុប្រធានាធិបតី Mike Pence និងភរិយា Karen Pence ទទួលបានលទ្ធផលវិជ្ជមាននឹងCovid-19 កាលពីថ្ងៃទី25តុលា នេះបើតាមមន្ត្រីម្នាក់នៅសេតវិមាន។ បើទោះជាបានទាក់ទងផ្ទាល់ជាមួយនឹងអ្នកដែលវិជ្ជមាននឹងCovid-19 ជាច្រើននាក់ក៏ដោយ លោក Pence នៅតែបដិសេធការធ្វើចត្តាឡីស័ក ដោយមិនអើពើដល់ការណែនាំពីមជ្ឈមណ្ឌលជាតិគ្រប់គ្រងនិងទប់ស្កាត់រោគឆ្លងសហរដ្ឋអាមេរិក (CDC)។

    ការិយាល័យអនុប្រធានាធិបតី Pence កាលពីយប់ថ្ងៃទី24តុលា បានប្រកាសថា ប្រធានការិយាល័យ Short បានឆ្លងវីរុស។ ក្រោយមកបន្តិច ប្រភពព័ត៌មានមួយបាននិយាយប្រាប់ CNN ថា Marty Obst ដែលជាទីប្រឹក្សាខាងក្រៅសេតវិមានរបស់លោក Pence រួមនឹងបុគ្គលិកក្នុងការិយាល័យនេះយ៉ាងតិចចំនួន3នាក់ទៀតបានឆ្លងវីរុស។

    ជំនួយការ Bauer របស់អនុប្រធានាធិបតី ដែលតែងតែអមដំណើរលោក Pence ទាំងយប់ទាំងថ្ងៃ ទទួលបានលទ្ធផលវិជ្ជមានកាលពីថ្ងៃទី24តុលា។

    អនុប្រធានាធិបតី Mike Pence ដែលជាមេដឹកនាំកម្លាំងទល់ទល់នឹងCovid-19 របស់សេតវិមាន មានគម្រោងបន្តធ្វើដំណើរទៅកាន់រដ្ឋមួយចំនួន ដើម្បីធ្វើការឃោសនារកសំឡេងឆ្នោតនៅប៉ុន្មានថ្ងៃចុងក្រោយនៃរដូវឃោសនាបោះឆ្នោតអាណត្តិនេះ ប៉ុន្តែ Mark Meadows ប្រធានការិយាល័យសេតវិមានបានឱ្យដឹងថា លោក Pence នឹងពាក់ម៉ាស់ ក៏ដូចជារក្សាគម្លាតសង្គមចាប់ពីពេលនេះតទៅ។

    Covid-19 បានចាប់ផ្ដើមវាយលុកចូលសេតវិមានកាលពីខែកញ្ញា បណ្ដាលឱ្យប្រធានាធិបតី Donald Trump និងភរិយា រួមនឹងកូនប្រុសពៅរបស់គ្រួសារ Trump ត្រូវឆ្លងវីរុស។ ជំនួយការកំពូលៗជាច្រើនរូបរបស់លោក Trump មានដូចជា ប្រធានយុទ្ធនាការរកសំឡេងឆ្នោត លេខាផ្នែកសារព័ត៌មាន និងប្រធានាគណៈកម្មធិការជាតិបក្សសាធារណរដ្ឋ ក៏បានឆ្លងវីរុសCovid-19នេះដែរ៕

    ប្រភព៖ CNN