ជំនួយ​ការ​របស់​អនុប្រធានាធិបតី​អាមេរិកាំង​ ឆ្លង​វីរុស​COVID-19

លេខា​ផ្នែក​សារ​ព័ត៌មាន​​របស់​អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បាន​ឆ្លង​វីរុស​COVID-19។ នេះ​គឺជា​បុគ្គលិក​ទី2​របស់​សេតវិមាន​​ ដែល​វិជ្ជមាន​ជាមួយ​វីរុស​កូរ៉ូណា​នេះ​ បន្ទាប់​ពី​អ្នក​បម្រើ​ផ្ទាល់​របស់​ប្រធានាធិបតី Donald Trump។ ទីភ្នាក់​ងារ​សារ​ព័ត៌មាន​ Reuters បាន​ចេញ​ផ្សាយ​ថា ជំនួយ​ការ​ផ្នែក​សារ​ព័ត៌មាន​របស់​អនុប្រធានាធិបតី​ Mike Pence គឺ​លោក​ស្រី​ Katie Miller ទទួល​បាន​លទ្ធផល​វិជ្ជមាន​បន្ទាប់​ពី​បាន​ធ្វើ​តេស្ត​រក​មេរោគ​កូរ៉ូណា​។ ដំណឹង​ក្ដៅ​មួយ​នេះ​ត្រូវ​បាន​ប្រធានាធិបតី​ Trump ប្រកាស​​ក្នុង​កិច្ច​ប្រជុំ​មួយ​ជាមួយ​​តំណាង​រាស្ត្រ​មក​ពី​បក្ស​សាធារណរដ្ឋ​​កាល​ពី​ថ្ងៃទី​8​ឧសភា​។ “Katie Miller ទទួល​បាន​លទ្ធ​ផល​អវិជ្ជ​មាន​ក្នុង​មួយ​រយៈ​ពេល​វែង​ ប៉ុន្តែ​ថ្ងៃ​នេះ លោក​ស្រី​ទទួល​បាន​លទ្ធ​ផល​វិជ្ជមាន​” លោក​ Trump បាន​ថ្លែង​បែប​នេះ​ និង​បន្ថែម​ថា លោក​មិន​បាន​នៅ​ក្បែរ​លេខា​​រូប​នេះ​​នោះ​ទេ ក្នុង​អំឡុង​ពេល​ថ្មី​ៗ​នេះ​។ លោក​ស្រី Katie Miller គឺជា​ភរិយា​របស់លោក Stephen Miller ដែល​ជា​ទីប្រឹក្សា​ជិត​ស្និទ្ធ​របស់​លោក​ប្រធានាធិបតី​ Donald Trump។ លោក​ស្រី Katie Miller តែង​តែ​មាន​ទំនាក់​ទំនង​ផ្ទាល់​ជាមួយ​នឹង​អ្នក​សារ​ព័ត៌មាន​របស់​សេត​វិមាន​។ Katie Miller គឺជា​បុគ្គលិក​ទីពីរ​របស់​សេតវិមាន​ ដែល​បាន​ឆ្លង​វីរុស​COVID-19។ មុន​នោះ ទាហាន​​ពិសេសម្នាក់​​មក​ពី​កង​ទ័ព​ជើង​ទឹក​ ដែល​ជា​អ្នក​បម្រើ​ផ្ទាល់​របស់​លោក​ Trump នៅ​ឯសេត​វិមាន ​ក៏ត្រូវ​បាន​រកឃើញ​ថា​មាន​ផ្ទុក​វីរុស​កូរ៉ូណា​នេះ​ដែរ​។ ព័ត៌មាន​ចុង​ក្រោយ​ពី​សេតវិមាន​ … Read more

ចំនួន​អ្នក​ជំងឺ​COVID-19 បាន​កើន​លើស​ពី​ 4​លាន​នាក់​ហើយ​!

ចំនួន​អ្នក​ជំងឺ​COVID-19 បាន​កើន​លើស​ពី​ 4​លាន​នាក់​ហើយ​!

ពិភពលោក​ទាំង​មូល​បាន​រក​ឃើញ​អ្នកជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​​ជាង​4​លាន់​នាក់​ ក្នុង​នោះ​មាន​ជិត​276,000​នាក់​បាន​បាត់​បង់​ជីវិត​។ ប្រទេស​និង​ដែន​ដី​ចំនួន​212​ក្នុង​ពិភពលោក​ គិត​មក​ដល់​ពេល​នេះ បាន​រកឃើញ​អ្នក​ដែល​បាន​ឆ្លង​វីរុស​COVID-19 សរុប​ឡើងដល់​4,008,110​នាក់​ និង​អ្នក​ស្លាប់​សរុប​275,784​នាក់​។ អ្នក​ជំងឺ​ថ្មី​មាន​92,116​នាក់​ និង​អ្នក​ស្លាប់​ថ្មី​មាន​5,487​នាក់​។ អ្នក​ជំងឺ​ដែល​បាន​ជា​សះ​ស្បើយ​មាន​ចំនួន​​1,377,123​នាក់​។ នេះ​បើ​តាម​ស្ថិតិ​របស់​ WorldoMeters។ នៅ​​ឯទ្វីប​អឺរ៉ុប មាន​អ្នកជំងឺសរុប​​1,581,256​នាក់​ ខណៈ​អាមេរិក​ខាង​ជើង​មាន​1,441,711​នាក់ អាមេរិក​ខាង​ត្បូង​មាន​283,655​នាក់ ទ្វីប​អាស៊ី​មាន​​634,829​នាក់ ​និង​ទ្វីប​អាហ្វ្រិក​មាន​​​អ្នកជំងឺ​កូរ៉ូណា​សរុប​​58,963​នាក់​។ បណ្ដា​ប្រទេស​ដែល​មាន​​អ្នក​ស្លាប់​ដោយ​សារ​វីរុស​COVID-19 លើស​ពី​30,000​នាក់​ គឺ​មាន​3​ប្រទេស​ រួម​មាន​សហរដ្ឋ​អាមេរិក អង់គ្លេស​ និង​ប្រទេស​អ៊ីតាលី​។ ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

មហាសេដ្ឋី​រុស្ស៊ី​ស្លាប់ក្នុង​បន្ទប់​ហាត់​ប្រាណ​​ សង្ស័យ​ធ្វើ​អត្តឃាត​

មហាសេដ្ឋី​រុស្ស៊ី​ស្លាប់ក្នុង​បន្ទប់​ហាត់​ប្រាណ​​ សង្ស័យ​ធ្វើ​អត្តឃាត​

មហាសេដ្ឋី Dmitry Bosov អាយុ​52​ឆ្នាំ ត្រូវ​បាន​ប្រទះឃើញ​ស្លាប់​ក្នុង​បន្ទប់​ហាត់​ប្រាណ​​​នៅ​ឯភូមិ​គ្រឹះ​របស់​គាត់​ស្ថិត​នៅ​ជាយ​ក្រុង​ម៉ូស្គូ សង្ស័យ​ថា​ធ្វើ​អត្ត​ឃាត​។ Dmitry Bosov ត្រូវ​បាន​ប្រពន្ធ​របស់​គាត់​គឺ​អ្នក​ស្រី Katerina ប្រទះ​ឃើញ​ស្លាប់​នៅ​ក្នុង​បន្ទប់​ជាប់​សោ​​កាល​ពី​ព្រឹក​ថ្ងៃទី​​6ឧសភា​កន្លង​ទៅ​។ សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា ពួកគេ​បាន​រកឃើញ​កាំភ្លើង​ខ្លី Glock​ នៅ​ក្បែរ​សាក​សព​មហាសេដ្ឋី​រូប​នេះ​ ហើយ​នៅ​លើ​ដង​ខ្លួន​ក៏​មាន​ស្នាម​គ្រាប់​កាំភ្លើង​ជា​ច្រើន​ផងដែរ​។ Bosov មិន​បាន​បន្សល់​ទុក​លិខិត​អ្វី​មួយ​នោះ​ទេ​។ គេហទំព័រ​សេដ្ឋ​កិច្ច​របស់​រុស្ស៊ី RBC បាន​ដក​ស្រង់​ប្រភព​ព័ត៌មាន​ចំនួន​2​ដែល​ស្និទ្ធ​ជាមួយ​លោក Bosov បាន​ឱ្យ​ដឹង​ថា មហាសេដ្ឋី​រូប​នេះ​បាន​ស្លាប់​ដោយ​សារ​ធ្វើ​អត្ត​ឃាត​។ លោក​ Bosov មិន​បាន​ទទួល​ទូរស័ព្ទ​ និង​សារ​​ចាប់​តាំង​ពី​ថ្ងៃទី5​ឧសភា​រហូត​ដល់​ថ្ងៃកើត​ហេតុ​។ Bosov បាន​យក​កាំភ្លើង​តាម​ខ្លួន​ជា​និច្ច​ ចាប់​តាំង​ពី​COVID-19 ចាប់​ផ្ដើម​ឆ្លង​រាល​ដាល​​នៅ​រុស្ស៊ី ដោយ​សារ​មានការបារម្ភ​​ខ្លាច​មាន​ចោរ​ចូល​ផ្ទះ​ក្នុង​អំឡុង​បម្រាម​គោចរ​។ គណកម្មធិការ​ស៊ើប​អង្កេត​របស់​រុស្ស៊ី បាន​ និង​កំពុង​ធ្វើ​ការ​​​ស្រាវ​ជ្រាវ​លើ​ករណី​នេះ​។ Bosov ជាមហាសេដ្ឋី​លំដាប់​ទី​86​ក្នុង​តារាង​ចំណាត់​ថ្នាក់​អ្នក​មាន​បំផុត​របស់​រុស្ស៊ី​ដែល​ដាក់​ចំណាត់​ថ្នាក់​​​ដោយ​ ទស្សនាវដ្ដី​ Forbes ដោយលោក​​មាន​ទ្រព្យ​សរុប​1.1​ពាន់​លាន​ដុល្លារ​។ លោក​គឺជា​ភាគហ៊ុនិក​ធំជាងគេ​ និង​ជា​ប្រធាន​​ក្រុម​ហ៊ុន​ Alltech ដែល​មាន​ក្រុម​ហ៊ុន​បុត្រសម្ព័ន្ធ​ជា​ច្រើន​រក​ស៊ី​ក្នុង​វិស័យអចលន​ទ្រព្យ​ និង​រ៉ែ​ធ្យូង​ថ្ម។ល។ ប្រភព​ព័ត៌មាន​​ដែល​ជិត​ស្និទ្ធ​នឹង​​មហាសេដ្ឋី​ខាង​លើ បាន​បង្ហើប​ឱ្យ​ដឹង​ថា លោក Bosov ថ្មី​ៗ​នេះ​ជួប​បញ្ហា​​ក្នុងការ​រក​ស៊ី​។ “ចាប់​ពី​ដើម​ឆ្នាំ គាត់​បាន​ចាប់​ផ្ដើម​ផ្ទេរ​ទ្រព្យ​សម្បត្តិ​ទាំង​អស់​ទៅ​ក្នុង​ឈ្មោះ​របស់​ខ្លួន​ និង​ឱ្យ​បុគ្គលិក​សម្រាក​ពី​ការ​ងារ​។ ស្ថាន​ភាព​បាន​ប្រែ​ជា​អាក្រក់​ទៅ​ៗ​នៅ​ក្នុង​ខែ​ឧសភា … Read more

អាចម៍​ផ្កាយ​​មួយ​ហោះ​ជិត​បុក​​ផែន​ដី​ហើយ​ ទើប​អ្នក​វិទ្យា​សាស្ត្រ​សង្កេត​​ឃើញ

អាចម៍​ផ្កាយ​​មួយ​ហោះ​ជិត​បុក​​ផែន​ដី​ទៅ​ហើយ​ ទើប​អ្នក​វិទ្យា​សាស្ត្រ​សង្កេត​​ឃើញ

អាចម៍​ផ្កាយ​ដែល​មាន​ទំហំ​ប៉ុន​រថយន្ត​ក្រុង​ បាន​ហោះ​សំដៅ​មក​កាន់ភព​ផែន​ដីដោយ​មិន​មាន​អ្នក​វិទ្យា​សាស្ត្រ​ណា​ម្នាក់​ពិនិត្យ​ឃើញ​ រហូត​ដល់​វា​ហោះ​មក​ដល់​ចំណុច​ត្រង់​ពី​លើ​ផែន​ដី​កាលពី​ថ្ងៃទី​5ឧសភា​ ទើប​ក្រុម​តារា​វិទូ​រក​ឃើញ។ អាចម៍​ដែល​ត្រូវ​បាន​គេ​ហៅ​​ថា 2020​ JJ បាន​ហោះ​កាត់​ទទឹង​ផែនដី​នៅ​ក្នុង​រយៈ​ចម្ងាយ​13,373​គម ស្មើ​នឹង​3%​នៃ​ចម្ងាយ​ពី​ផែន​ដី​ទៅ​ព្រះចន្ទ​។ 2020​ JJ មាន​ទំហំ​មិន​ធំ​ប៉ុន្មាន​នោះ​ទេ​ ដូច្នេះ​វា​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ចល័ត​មក​ក្បែរ​ផែន​ដី​ដោយ​មិន​ត្រូវ​បាន​គេ​ពិនិត្យ​ឃើញទាន់​ពេល​​ រហូត​ដល់​វា​ហោះ​មក​នៅ​ចំពោះ​មុខ​ផែន​ដីកាល​ពី​ថ្ងៃទី​5 ខែ​ឧសភា​កន្លង​ទៅ​។ អង្គ​ការ​តារា​សាស្ត្រ​ Limmon Survey នៅ​ក្នុង​រដ្ឋ Arizona នៃ​សហរដ្ឋអាមេរិក​គឺជា​អ្នក​ដែល​បាន​រក​ឃើញ​អាចម៍​ផ្កាយ​នេះ​មុន​គេ​។ បណ្ឌិត​ Natalie Starkey ដែល​ជា​តារា​វិទូ​​មួយ​រូប​ថ្លែង​ថា “យើង​ពូកែ​ខាង​សង្កេត​រក​ឃើញ​ និង​តាម​ដាន​អាចម៍​ផ្កាយ​ដែល​មាន​ទំហំ​​​ប្រហាក់​ប្រហែល​1គីឡូម៉ែត្រ ប៉ុន្តែ មាន​អាចម៍​ផ្កាយ​​ដែល​មាន​ទំហំ​តូច​​ជាង​នេះ​ច្រើន​ណាស់​ដែល​កំពុង​គោចរ​ជុំវិញ​ប្រព័ន្ធ​ព្រះអាទិត្យ​​។ អាចម៍​ផ្កាយ​​តែង​តែ​មិន​មាន​ចំណាំង​ផ្លាត​ពន្លឺ​ ហើយ​ពួក​វា​ក៏​មាន​ពណ៌​ងងឹត​ ដូច្នេះ​យើង​ពិបាក​ក្នុង​ការ​សង្កេត​ឃើញ​ពួកគេ​ លើក​លែង​តែ​វា​បាន​ហោះ​មក​ក្បែរ​ផែន​ដី​”។ អាចម៍​ផ្កាយ 2020​ JJ បាន​ហោះ​មក​ក្បែរ​ផែន​ដី​ជា​លើក​ទី​6​ហើយ​ បើ​រាប់​ចាប់​តាំង​ពី​ក្រុម​តារា​វិទូ​បាន​ចាប់​ផ្ដើម​ប្រមូល​ទិន្ន​ន័យ​របស់​វា​ជា​លើក​ដំបូង​នៅ​ឆ្នាំ​1900​។ 2020​ JJ ហោះ​កាត់​ប្រព័ន្ធ​ព្រះអាទិត្យ​ក្នុង​ល្បឿន​ប្រហែល​51,500​គីឡូម៉ែត្រ​/ម៉ោង។​ ក៏ប៉ុន្តែ​ ចម្ងាយ​ពី​ 2020​ JJ មក​ផែន​ដី​នៅ​តែ​ឆ្ងាយ​ជាង​20​ដង​បើ​ធៀប​នឹង​ចម្ងាយ​ពី​ផែន​ដី​ទៅ​ស្ថានីយ​អវកាស​អន្តរ​ជាតិ​ ដូច្នេះ 2020​ JJ មិន​ងាយ​បង្ក​គ្រោះ​ថ្នាក់​ដល់​មនុស្ស​ជាតិ​នោះ​ទេ​។ ទីភ្នាក់​ងារ​អវកាស​ NASA បាន​គន់​គូរ​ឃើញ​ថា អាចម៍​ផ្កាយ​នេះ​មាន​អង្កត់ផ្ចិត​​ប្រហែល​2.7ម៉ែត្រ​-6​ម៉ែត្រ​។ កាលពី​ថ្ងៃទី​29​មេសា​កន្លង​ទៅ … Read more

តំណាង​រាស្ត្រ​អាមេរិកាំង​ស្នើ​ឱ្យ​ដាក់​ឈ្មោះ​ផ្លូវ​ថា “Li Wenliang”

តំណាង​រាស្ត្រ​អាមេរិកាំង​ស្នើ​ឱ្យ​ដាក់​ឈ្មោះ​ផ្លូវ​ថា "Li Wenliang"

ក្រុម​អ្នក​តំណាង​រាស្ត្រ​របស់​សហរដ្ឋអាមេរិក បាន​ស្នើ​ឱ្យ​ដាក់​ឈ្មោះ​ផ្លូវ​មួយ​ខ្សែ​ដែល​ស្ថិត​នៅ​ខាង​មុខ​ស្ថាន​ទូត​ចិន​នៅ​ទីក្រុង​វ៉ាស៊ីងតោន​​ ទៅ​តាម​ឈ្មោះ​របស់​វេជ្ជបណ្ឌិត​ Li Wenliang ដ៏​ល្បី​ឈ្មោះ​នៅ​ក្នុង​សម័យ​COVID-19 ដែល​​បាន​ស្លាប់​​ដោយ​សារ​វីរុស​នេះ​។ យោង​តាម​សំណើ​របស់​ក្រុម​តំណាង​រាស្ត្រ​អាមេរិកាំង​កាល​ពី​ថ្ងៃទី​7​ឧស​ភា ផ្លូវ​មួយ​ខ្សែ​នៅខាង​មុខ​ស្ថាន​ទូត​ចិន​នឹង​ត្រូវ​ប្ដូរ​ពី​ “International Place”​ (ទីតាំង​អន្តរ​ជាតិ) ទៅ​ជា “Li Wenliang Plaza” ​(ទីលាន ​Li Wenliang)។ Tom Cotton ដែល​ជា​តំណាង​រាស្ត្រ​មក​ពី​បក្ស​សាធារណ​រដ្ឋ​ ថ្លែង​ថា “យើង​នឹង​ធានា​ឱ្យ​បាន​ថា ឈ្មោះ Li Wenliang នឹង​មិន​ត្រូវ​បាន​គេ​បំភ្លេច​ចោល​ ដោយ​ដាក់​វា​ឱ្យ​ស្ថិត​នៅ​ខាង​មុខ​​ស្ថាន​ទូត​​​របស់​ប្រទេស​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​​ចំពោះ​ការ​ស្លាប់​របស់​វេជ្ជ​បណ្ឌិត​ Li”។​ សំណើ​នេះ​ក៏ទទួល​បាន​ការ​គាំទ្រ​ពី​តំណាង​រាស្ត្រ​នៃ​សភា​ជាន់​ខ្ពស់​ Marco Rubio ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សភា​ជាន់​ខ្ពស់​ដើម្បី​អនុម័ត​ផងដែរ​។ Li Weliang គឺជា​វេជ្ជ​បណ្ឌិត​ម្នាក់​នៅ​មន្ទីរ​ពេទ្យ​ធំនៅ​​ Wuhan​ (Central Hospital of Wuhan) ក្នុង​ខេត្ត​ Hebei ប្រទេស​ចិន​ ដែល​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​ដែល​បាន​ព្រមាន​ដំបូង​គេ​​នៅ​លើ​បណ្ដាញ​សង្គម​ អំពី​វីរុស​ប្រភេទ​ថ្មី​ ដែល​កំពុង​ឆ្លង​រាល​ដាល​នៅ​ទីក្រុង​ Wuhan។ ប៉ូលិស​បាន​កោះ​ហៅ​វេជ្ជ​បណ្ឌិត Li ទាំង​យប់​ ហើយ​បង្ខំ​ឱ្យ​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​កំហុស​ ក្រោយ​ពី​គាត់​បាន​ចែក​រំលែកព័ត៌មាន​ខាង​លើ​​ទៅ​ឱ្យ​មិត្ត​ភក្ដិ។ វីរុស​ខាង​លើ​នោះ … Read more

អ្នក​វិទ្យា​សាស្ត្រ​ចិន​វាស់​វែងកម្ពស់​នៃ​កំពូល​ភ្នំ​អេវឺរ៉េស​ឡើង​វិញ

អ្នក​វិទ្យា​សាស្ត្រ​ចិន​វាស់​វែងកម្ពស់​នៃ​កំពូល​ភ្នំ​អេវឺរ៉េស​ឡើង​វិញ

ក្រុម​អ្នកវិទ្យា​សាស្ត្រ​ដែល​មាន​សមាជិក​ចំនួន​53​នាក់​នឹង​ប្រើ​ប្រាស់​ប្រព័ន្ធ​កំណត់​ទីតាំង​(GPS)​នៃ​ផ្កាយ​រណប់​ Beidou រួម​នឹង​ឧបករណ៍​សិក្សា​ស្រាវជ្រាវ​ផ្សេង​ទៀត​​របស់​ចិន​ សម្រាប់​បេសកកម្ម​វាស់​វែង​កំពូល​ភ្នំ​នេះ​ឡើង​វិញ​។ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ចិន​បាន​ទៅ​ដល់​ជើង​ភ្នំ​នៅ​​តំបន់​ស្វយ័ត​ទីបេត៍តាំងពី​ថ្ងៃទី​2មីនា​ដើម្បី​ត្រៀម​សម្រាប់​បេសក​កម្ម​វាស់​វែង​កម្ពស់​របស់​កំពូល​ភ្នំ​ អេវឺរ៉េស(Everest) នេះ​បើ​តាម​សារ​ព័ត៌មាន SCMP ចុះផ្សាយ​កាល​ពី​ថ្ងៃ​ទី​1​ឧសភា​។ កំពូល​ភ្នំ​អេវឺរ៉េស​នៃជួរ​ភ្នំ​ហ៊ីម៉ាឡាយ៉ា ស្ថិត​នៅចន្លោះ​ព្រំ​ដែន​របស់​​ប្រទេស​នេប៉ាល់ និង​ប្រទេស​ចិន​។ ប្រទេស​ទាំង​2​នេះ តាំង​ពី​យូរយារ​ណាស់​មក​ហើយ​ តែង​តែ​​និយាយ​មិន​ត្រូវ​គ្នា​អំពី​កម្ពស់​នៃ​​កំពូល​ភ្នំ​អេវ៉ឺរ៉េស​នេះ ដែល​ប្រទេស​1​គិត​ទាំង​ស្រទាប់​ទឹក​កកនិង​ព្រិល​ដែល​នៅ​ពី​លើ​កំពូល​ភ្នំ​​ ចំណែក​ប្រទេស​1​ទៀត​គិត​ត្រឹម​តែ​ថ្ម​​ដែល​នៅ​ខ្ពស់​ជាង​គេ​បង្អស់​។ កាល​ពី​ឆ្នាំ​2005​ អ្នក​វិទ្យា​សាស្ត្រ​ចិន​1ក្រុម​​បាន​ធ្វើ​ការ​វាស់​វែង​កម្ពស់​​របស់​កំពូល​ភ្នំ​នេះ ទាំង​កម្ពស់​ត្រឹម​ថ្ម និង​កម្ពស់​ត្រឹម​ព្រិល​​នៅ​ពី​ខាង​លើ​។ ប្រទេស​ចិន​បាន​ប្រកាស​ថា​កម្ពស់​របស់​កំពូល​ភ្នំ​អេវឺរ៉េស​​រាប់​ត្រឹម​ថ្ម​​ដែល​មាន​កម្ពស់​8,844.43​ម៉ែត្រ​គឺជា​តួលេខ​ត្រឹមត្រូវ​បំផុត​​ គិត​ត្រឹម​ពេល​នោះ​។ ចំណែក​ប្រទេស​នេប៉ាល់​វិញ គិត​ថា គួរ​តែ​រាប់​បញ្ចូល​ទាំង​ទឹកកក​នៅ​ពី​ខាង​លើ​ ដែល​នេះ​​មាន​ន័យ​ថា​ វា​មាន​កម្ពស់​8,848​ម៉ែត្រ​។ នេះ​ក៏​ជា​តួលេខ​ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​ទូទៅ​នៅ​ក្នុង​ពិភពលោក​។ ក៏ប៉ុន្តែ​ ក្រុម​អ្នក​វិទ្យាសាស្ត្រ​យល់​ថា​ទឹកកក​ និង​ព្រិល​នៅ​លើ​កំពូល​ភ្នំ​ប្រហែល​ជា​បាន​ថយ​ចុះ​ជា​ច្រើន​សង់​ទីម៉ែត្រ​ ក្រោយ​គ្រោះ​រញ្ជួយ​ដី​កម្លាំង​7.8​​រិចទ័រ​កាល​ពី​ឆ្នាំ​2015​។ បម្រែបម្រួល​នៃ​ល្បឿន​ខ្យល់​ក៏​ប៉ះពាល់​ដល់​កម្ពស់​របស់​កំពូល​ភ្នំ​នេះ​ដែរ​។ កាល​ពី​ខែ​តុលា​ឆ្នាំ​មុន នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ស៊ី ជីនភីង​ទៅ​កាន់​ប្រទេស​នេប៉ាល់​ ប្រទេស​ទាំង​2​បាន​យល់​ព្រម​សហការ​គ្នា​លើ​បញ្ហា​មួយ​​ចំនួន​ ក្នុង​នោះ​ក៏មាន​បញ្ហា​ទាក់​ទិន​នឹង​កំពូល​ភ្នំ​អេវឺរ៉េស​ផងដែរ​។ ​ប្រទេស​ទាំង​2​ក៏​​បាន​ចាត់​ទុក​ថា កំពូល​ភ្នំ​នេះ​គឺជា​និមិត្ត​រូប​សម្រាប់​មិត្ត​ភាព​រវាង​ប្រទេស​ចិន​ និង​នេប៉ាល់​ទៀត​ផង។ លទ្ធ​ផល​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​ថ្មី​ខាង​លើ​នេះ​នឹង​ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​ការ​សិក្សាអំពី​ធរណីមាត្រ។ ទិន្ន​ន័យ​ស្ដី​អំពី​កម្រាស់​ពិត​ប្រាកដ​របស់​ព្រិល​លើ​កំពូល​ភ្នំ ល្បឿន​ខ្យល់​ និង​ឧតុនិយម​​ដែល​ប្រមូល​បាន​ពី​ការ​សិក្សា​ស្រាវ​ជ្រាវ​នៅ​លើ​កំពូល​ភ្នំ​អេវឺរ៉េស​នេះ​ក៏​នឹង​ជួយ​ឱ្យ​អ្ន​ក​វិទ្យា​សាស្ត្រ​តាម​ដាន​ទន្លេ​ទឹក​កក​ ព្រម​ទាំង​អាច​ការពារ​បរិស្ថាន​ជីវសាស្ត្រ​ផងដែរ​៕ ប្រភព៖ សារ​ព័ត៌មាន​បរទេស

សិស្សវៀតណាម បានត្រឡប់ទៅថ្នាក់រៀនវិញហើយ ក្រោយទីក្រុង និងសាលារៀនបានបើកឡើងវិញ

​រយៈ​ពេល​ 3​ខែ​កន្លង​ផុត​ទៅ រដ្ឋាភិបាលប្រទេសវៀតណាម ​បាន​សម្រេច​បញ្ចប់វិធាន​ការ​បិទ​ទីក្រុង​របស់​ខ្លួន​ ហើយ​ឥឡូវ​នេះ ​ប្រជាពលរដ្ឋនៃប្រទេសវៀតណាម បានចាប់​ផ្ដើម​វិល​ត្រឡប់​ទៅ​កាន់​ជីវិត​ធម្មតា​ដូច​កាល​ពី​មុនឡើង​វិញ ប៉ុន្តែនៅតែរក្សាគម្លាតឆ្ងាយពីគ្នាខាងសង្គមឱ្យនៅដដែល។ យោងតាមទីភ្នាក់ងារព័ត៌មាន CNN បានឱ្យដឹង​ថា សិស្ស​វៀតណាម​ប្រមាណ​ជា 22លាន​នាក់ បាន​វិលត្រឡប់​ទៅ​កាន់​ថ្នាក់​រៀន​របស់​ពួកគេ​វិញ​ហើយ ក្រោយ​ពីការ​បិទទីក្រុង​ដោយ​សារវិបត្តិ​វីរុស​កូវីដ-19​ ត្រូវ​បាន​បញ្ចប់។ ជាមួយគ្នានេះ សាលារៀនដែលបានបើកឱ្យដំណើរការ ​បាន​រៀប​ចំ​តុ​អង្គុយ​ឡើង​វិញ ​ដោយ​ដាក់ឱ្យ​នៅ​ឃ្លាតឆ្ងាយ​ពី​គ្នា ហើយ​ថ្នាក់​មួយ​ចំនួន ត្រូវ​បំបែក​ទៅ​ជា​ថ្នាក់​តូច​ៗ។ ដោយ​ឡែក​នៅ​សាលាបឋមសិក្សា Nhi Dong គេ​សង្កេត​ឃើញ​ថា សិស្ស​សាលា​នាំ​គ្នា​ពាក់​របាំង​មុខ​ដើម្បី​ការ​ពារ​ការ​ឆ្លង​វីរុស​កូរ៉ូណា ឬវីរុស​កូវីដ-19។ មក​ទល់​ពេល​នេះ វៀតណាម​បាន​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​នៅតំបន់​អាស៊ីអាគ្នេយ៍ ​ដែល​បាន​បន្ធូរបន្ថយ​ការ​បិទ​ទីក្រុង ខណៈ​ដែល​ចំនួន​អ្នក​ឆ្លង​សរុប ​ក្នុង​ប្រទេស​នេះ​មានចំនួន 271នាក់ ដោយ​ក្នុង​នោះ 232នាក់ ​ត្រូវបាន​ព្យាបាល​ជា​សះស្បើយ ហើយ​មិន​មាន​អ្នក​ស្លាប់​នោះទេ៕ សូមទស្សនា ទិដ្ឋភាពខាងក្រោមនេះ គឺសិស្សវៀតណាម បានត្រឡប់ទៅកាន់ថ្នាក់រៀន ក្រោយពីទីក្រុង និងសាលារៀនបានបើកឡើងវិញ​…​​​​​​​​​​​​៖

អ្នក​បម្រើ​ផ្ទាល់​របស់​លោក​ Trump ឆ្លង​វីរុស​COVID-19

អ្នក​បម្រើ​ផ្ទាល់​របស់​លោក​ Trump ឆ្លង​វីរុស​COVID-19

ទាហាន​ជើង​ទឹក​អាមេរិកាំង​ម្នាក់​ដែល​បម្រើ​ការ​ជូនប្រធានាធិបតី​នៅ​សេត​វិមាន​ ត្រូវ​បាន​រកឃើញ​ថា​វិជ្ជមាន​ជាមួយ​COVID-19 ដែល​នេះ​កំពុង​តែ​បង្ក​​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ហានិភ័យ​​នៃ​ការ​ចម្លង​​មេរោគ​​ទៅ​ប្រធានា​ធិបតី​ Donald Trump។ “ថ្មី​ៗ​នេះ​ យើង​ទទួល​បាន​របាយ​ការណ៍​ពី​សេតវិមាន​ដែល​​បាន​ប្រកាស​ថា សមាជិក​ម្នាក់​របស់​កង​ទ័ព​សហរដ្ឋ​អាមេរិក​ ដែល​ធ្វើ​ការ​នៅ​ក្នុង​សេតវិមាន​ បាន​ឆ្លង​វីរុស​COVID-19” ជំនួយ​ការ​ផ្នែក​សារ​ព័ត៌មាន​​ប្រចាំ​សេតវិមាន​ លោក Hogan Gidley បាន​ឱ្យ​ដឹង​នៅ​ក្នុង​ថ្ងៃ​នេះ​។ ទាហាន​ដែល​បាន​ឆ្លង​មេរោគ​កូរ៉ូណា​នេះ​គឺជា​សមាជិក​នៃ​ក្រុម​​អ្នក​បម្រើ​នៅ​សេតវិមាន​។ ក្រុម​នេះ​គឺជា​អង្គ​ភាព​ពិសេស​របស់​កង​ទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក​ដែល​មាន​ជំនាញ​ក្នុង​ផ្នែក​​បម្រើ​​ការ​នៅ​សេតវិមាន​ និង​តែ​ង​តែ​ធ្វើ​កិច្ច​ការ​ដែល​នៅ​ក្បែរ​ៗ​ប្រធានាធិបតី​ Donald Trump ក៏ដូចជា​ក្រុម​គ្រួសារ​របស់​លោក​។ ទាហាន​ខាង​លើ​នេះ មាន​រោគ​សញ្ញា​នៃ​ជំងឺ​កូរ៉ូណា​កាល​ពី​ព្រឹក​ថ្ងៃទី​6​ឧសភា​ ហើយ​ត្រូវ​បាន​ធ្វើ​តេស្ត​រកឃើញ​ថា​មាន​ផ្ទុក​វីរុស​COVID-19។ ប្រភព​ព័ត៌មាន​មួយ​បាន​ឱ្យ​ដឹង​ លោក​ Trump មាន​អារម្មណ៍​ស្រងូត​ស្រងាត់​ខ្លាំង​ ​នៅ​ពេល​បាន​ដឹង​ដំណឹង​នេះ​។ ភ្លាម​នោះ​ លោក​ Trump ក៏​ត្រូវ​បាន​ក្រុម​វេជ្ជ​បណ្ឌិត​នៅ​សេត​វិមាន​​ជួយ​ធ្វើ​តេស្ត​រក​មេរោគ​។ លោក Hogan Gidley បាន​ឱ្យដឹ​ងថា “ប្រធានាធិបតី​ និង​អនុប្រធានាធិបតី​ សុទ្ធ​តែ​ត្រូវ​បាន​ធ្វើ​តេស្ត​រក​មេរោគ​រួច​ហើយ​ និង​ទទួល​បាន​លទ្ធ​ផល​អវិជ្ជមាន​ជាមួយ​វីរុស​នេះ​។ បច្ចុប្បន្ន សុខ​ភាព​របស់​លោក​ទាំង​2​ មិន​មាន​បញ្ហា​អ្វី​នោះ​ទេ​”​។ នៅ​សេតវិមាន​ លោក​ Trump និង​​អនុប្រធានាធិបតី​ Mike Pence រួម​នឹង​បុគ្គលិក​ជាន់​ខ្ពស់​ទាំង​អស់​ សុទ្ធ​តែ​ត្រូវ​ធ្វើ​តេស្ត​រក​ COVID-19 ជារៀង​រាល់​សប្ដាហ៍​។ សេតវិមាន​កំពុង​ប្រើប្រាស់​ឧបករណ៍​ធ្វើ​តេស្ត​​​​ឈ្មោះ​ … Read more

បណ្ដា​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​ដែល​មាន​អ្នក​ស្លាប់​ច្រើន​ដោយ​សារ​​វីរុស​COVID-19

បណ្ដា​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​ដែល​មាន​អ្នក​ស្លាប់​ច្រើន​ដោយ​សារ​COVID-19

តំបន់​អាស៊ី​អាគ្នេយ៍​ដែល​មាន​11​ប្រទេស​ បាន​រក​ឃើញ​អ្នក​ជំងឺ​COVID-19សរុប​​ឡើង​ដល់​54,076​នាក់ ក្នុង​នោះ​មាន​អ្នក​ជំងឺ​ថ្មី​ចំនួន​1,463​នាក់​។ អ្នក​ស្លាប់​សរុប​ក្នុង​តំបន់​នេះ​ក៏បាន​​ឡើង​​ដល់​​​1,805​នាក់​។ សិង្ហបុរី​គឺជា​សម្បុក​មេរោគ​កូរ៉ូណា​​ធំជាង​គេ​បង្អស់​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នេះ ដោយ​មាន​អ្នកជំងឺ​សរុប​20,939​នាក់ និង​អ្នក​ស្លាប់ចំនួន​​20​នាក់​។ ឥណ្ឌូនេស៊ី​ឈរ​លំដាប់​លេខ​ពីរ​បើ​គិត​ទៅលើ​ចំនួន​អ្នកជំងឺ​សរុប​ ប៉ុន្តែ​ឈរ​លេខ​មួយ​បើ​គិត​អំពី​តួលេខ​អ្នក​ស្លាប់​ ដោយ​មាន​អ្នកជំងឺ​សរុប​12,776​នាក់ និង​អ្នកស្លាប់​សរុប​930​នាក់​។ រីឯ​ប្រទេស​ហ្វីលីពីន​វិញគឺជា​សម្បុក​មេរោគធំជាង​គេ​ទី​បី​ ដោយ​មាន​អ្នក​ជំងឺ​សរុប​10,343​នាក់ និង​អ្នក​ស្លាប់​មាន​ចំនួន​685​នាក់​។ ចំណែក​ប្រទេស​វៀតណាម កម្ពុជា​ ឡាវ និង​ទីម័រ​ខាង​កើត គឺជា​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​មិន​ទាន់​មាន​ករណី​ស្លាប់​ដោយ​សារ​វីរុស​COVID-19នៅ​ឡើយ​៕ ប្រភព​៖ សារ​ព័ត៌មាន​បរទេស

ជាង​3.9​លាន​​នាក់​​ឆ្លង​​វីរុស​COVID-19 នៅ​ទូទាំង​ពិភពលោក​

ជាង​3.9​លាន​​នាក់​​ឆ្លង​​វីរុស​COVID-19 នៅ​ទូទាំង​ពិភពលោក​

វីរុស​COVID-19 បាន​សម្លាប់​មនុស្ស​ជាង​270,000​នាក់ ក្នុង​ចំណោម​អ្នក​ជំងឺ​ជាង​3.9​លាន​នាក់​ នៅ​ទូទាំង​ពិភពលោក។ ប្រទេស​និង​ដែន​ដី​ចំនួន​212​ក្នុង​ពិភពលោក គិត​មក​ដល់​ថ្ងៃ​នេះ​(8ឧសភា) មាន​អ្នក​ឆ្លង​វីរុស​​COVID-19 សរុប​3,915,974​នាក់ និង​អ្នក​ស្លាប់​សរុប​270,297​នាក់​។ អ្នកជំងឺ​កើន​97,410​នាក់ និង​អ្នក​ស្លាប់​កើន​6,188​នាក់​បើ​ធៀប​នឹង​តួលេខ​ម្សិល​មិញ​។ អ្នកជំងឺ​ដែល​បាន​ជា​សះ​ស្បើយ​ក៏​បាន​កើន​ដល់​1,335,241​នាក់​ហើយ​ដែរ។ នេះ​បើ​តាម​ស្ថិតិ​របស់​ WorldMeters។ ទ្វីប​អាមេរិក​គឺ​ជា​សម្បុក​មេរោគ​ធំបង្អស់​ក្នុង​ពិភពលោក ក្នុង​នោះ​អាមេរិក​ខាង​ជើង​​មាន​អ្នក​ជំងឺ​សរុប​1,411,447​នាក់ អាមេរិក​ខាង​ត្បូង​មាន​267,787​នាក់ ខណៈ​ទ្វីបអឺរ៉ុប​មាន​​1,553,700​នាក់ អាស៊ី​មាន​618,505​នាក់ និង​អាហ្វ្រិក​មាន​55,319​នាក់​។ សហរដ្ឋ​អាមេរិក​នៅ​តែ​ជា​សម្បុក​មេរោគ​កូរ៉ូណា​ធំជាង​គេ​បង្អស់​ក្នុង​ពិភពលោក ដោយ​មាន​អ្នកជំងឺ​សរុប​1,290,242​នាក់ និង​អ្នក​ស្លាប់​សរុប​76,864​នាក់​ ក្នុង​មាន​អ្នកជំងឺ​ថ្មី​ចំនួន​32,191​នាក់ និង​អ្នក​ស្លាប់​ថ្មី​​មាន​ចំនួន​2,674​នាក់​។ ប្រទេស​ដែល​មាន​អ្នកជំងឺ​COVID-19 សរុប​លើស​ពី​100,000​នាក់ ​មាន​10​ប្រទេស​ គឺ​សហរដ្ឋ​អាមេរិក​ អេស្ប៉ាញ​ អ៊ីតាលី អង់គ្លេស​ រុស្ស៊ី​ បារាំង អាល្លឺម៉ង់ ប្រេស៊ីល ទួរគី និង​អ៊ីរ៉ង់។ ចំណែក​ប្រទេស​ដែល​មាន​អ្នក​ស្លាប់​លើស​ពី 10,000​នាក់​ រួម​មាន​5​ប្រទេស​ គឺ​សហរដ្ឋ​អាមេរិក អង់គ្លេស​ អ៊ីតាលី អេស្ប៉ាញ និង​ប្រទេស​បារាំង​៕ ប្រភព​៖​ សារ​ព័ត៌មាន​បរទេស

អ្នក​ដែល​ធ្លាប់​ឆ្លង​ COVID-19 ត្រូវ​បាន​ហាម​មិន​ឱ្យ​ចូល​ធ្វើ​ទាហាន​អស់​មួយ​ជីវិត​

អ្នក​ដែល​ធ្លាប់​ឆ្លង​ COVID-19 ត្រូវ​បាន​ហាម​មិន​ឱ្យ​ចូល​ធ្វើ​ទាហាន​អស់​មួយ​ជីវិត​

សហរដ្ឋ​អាមេរិក​៖ “អ្នក​ដែល​ធ្លាប់​បាន​ឆ្លង​វីរុស​COVID-19 នឹង​លែង​​មាន​ឱកាស​​ចូល​បម្រើ​ការ​ក្នុង​ជួរ​កង​ទ័ព​អស់​មួយ​ជីវិត​ បើ​ទោះ​បី​ពួក​គេ​បាន​ព្យាបាល​ជាសះស្បើយ​ហើយក៏ដោយ​” នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ពី​មន្ទីរ​បញ្ច​កោណ​។ បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​បញ្ជាការដ្ឋាន​គ្រប់​គ្រង​ការ​ជ្រើស​រើស​ទាហាន​ថ្មី​​នៃ​កង​ទ័ព​សហរដ្ឋ​អាមេរិក​ MEPCOM (United States Military Entrance Processing Command) ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម Twitter កាលពីម្សិល​មិញ​បាន​ឱ្យ​ដឹង​ថា ​”នៅក្នុង​ដំណាក់​កាល​វាយ​តម្លៃ​ឯកសារ​ និង​ពិនិត្យ​សុខភាព​ អ្នក​ដែល​ធ្លាប់​ឆ្លង​វីរុស​COVID-19 ដែល​ត្រូវ​បាន​បញ្ជាក់​ដោយ​លិខិត​ធ្វើ​តេស្ត​សុខ​ភាព ឬ​ការធ្វើរោគវិនិច្ឆ័យ​​នៅ​ឯមន្ទីរពេទ្យ​ នឹង​ត្រូវ​បាន​បដិសេធ​ជា​រៀង​រហូត​”។ អ្នក​នាំ​ពាក្យ​មន្ទីរ​បញ្ចកោណ​ លោក​ស្រី​ Jessica Maxwell បាន​ទទួល​ស្គាល់​ខ្លឹមសារ​នៅ​ក្នុង​បទ​បញ្ជា​ផ្ទៃ​ក្នុង​នោះ​ ប៉ុន្តែ​បាន​អះអាង​ថា អ្នក​ធ្លាប់​ឆ្លង​មេរោគ​COVID-19 អាច​ដាក់​ពាក្យ​សុំ​ការ​លើក​លែង​ដើម្បី​អាច​បាន​ចូល​បម្រើ​ការ​ក្នុង​ជួរ​កង​ទ័ព​ ប៉ុន្តែ មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​បទ​បញ្ជា​ថ្មី​ស្ដី​អំពី​ករណី​លើក​លែង​នៅ​ឡើយ​ ហើយ​ MEPCOM មិន​មានសិទ្ធិ​ក្នុង​ការ​អនុញ្ញាត​ឱ្យ​មាន​ករណី​លើក​លែង​នោះ​ទេ​។ មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​សហរដ្ឋ​អាមេរិក​បាន​បដិសេធ​មិ​ន​អធិប្បាយ​អំពីមូលហេតុ​នៃ​ការ​ហាម​ឃាត់​នេះ​ ខណៈ​ដែល​អ្នក​ធ្លាប់​មាន​ជំងឺ​​ដែល​បង្ក​ឡើង​ដោយ​វីរុស​ដទៃ​ នៅ​តែ​អាច​ចូល​បម្រើ​ការ​ក្នុង​កង​ទ័ព​ជាធម្ម​តា​។ COVID-19 បាន​បង្ហាញ​ខ្លួន​នៅក្នុង​ប្រទេស​និង​ដែន​ដី​ជាង​210​ក្នុង​ពិភពលោក បណ្ដាល​ឱ្យ​មនុស្ស​ជាង​3.8​លាន​នាក់​ឆ្លង​មេរោគ​ និង​265,000​នាក់​បាន​បាត់​បង់ជីវិត​។ សហរដ្ឋ​អាមេរិក​គឺជា​សម្បុក​មេរោគ​កូរ៉ូណា​ធំជាង​គេ​ក្នុង​ពិភពលោក ដោយ​មាន​អ្នកជំងឺ​ជិត​1.3​លាន​នាក់​។ ដោយ​ឡែក​ កង​ទ័ព​អាមេរិកាំង​​ជិត​5,000​នាក់​​បាន​ឆ្លង​វីរុស​​នេះ​ដែរ​ ក្នុង​នោះ​មាន​100​នាក់​ត្រូវ​ចូល​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ និង​2​នាក់​បាន​បាត់​បង់ជីវិត​៕ ប្រភព៖ សារ​ព័ត៌មាន​បរទេស​

យ៉ាង​ហោច​8​នាក់បាន​​ស្លាប់​ ជា​ច្រើន​នាក់​សន្លប់​តាម​ដង​ផ្លូវ ខណៈ​5,000​នាក់រង​គ្រោះ​ ​ដោយ​សារ​ជ្រាប​ឧស្ម័ន​ហ្គាស​នៅ​ឥណ្ឌា​

យ៉ាង​ហោច​8​នាក់បាន​​ស្លាប់​ ជា​ច្រើន​នាក់​សន្លប់​តាម​ដង​ផ្លូវ ខណៈ​5,000​នាក់រង​គ្រោះ​ ​ដោយ​សារ​ជ្រាប​ឧស្ម័ន​ហ្គាស​នៅ​ឥណ្ឌា​

ករណី​ជ្រាប​ឧស្ម័ន​ហ្គាស​​ដ៏ធំ​មួយ​នៅ​ក្នុង​រោង​ចក្រ​គីមី​ LG Polymer ក្នុង​រដ្ឋ Andhra Pradesh ប្រទេស​ឥណ្ឌា​ បណ្ដាល​ឱ្យមនុស្ស​ជា​ច្រើន​ដួល​សម្លប់​នៅ​លើ​ដង​ផ្លូវ និង​ជាង​1,000​នាក់​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​សង្គ្រោះ​បន្ទាន់​។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​ក្នុង​រោង​ចក្រ​ផលិត​​​គីមី​មួយ​នៅ​ក្នុង​ទីក្រុង​ Visakhapatnam នៅ​វេលា​ម៉ោង​​​2និង​30​នាទី​​ទៀប​​ភ្លឺ​នៃ​​​ថ្ងៃទី​7ឧសភា​នេះ​ (ម៉ោង​4ទៀប​ភ្លឺ​នៅ​កម្ពុជា) នៅ​ពេល​ដែល​ឧស្ម័ន​ហ្គាស​បាន​ជ្រាប​ចេញ​ពី​អាង​ផ្ទុក​គីមី​5,000​តោន​ ដោយ​សារ​តែ​មិន​បាន​ត្រួត​ពិនិត្យ​ចាប់​ពី​ខែ​មិនា​ព្រោះ​បញ្ហា​​ COVID-19។ ហេតុការណ៍​នេះ​បាន​បណ្ដាល​ឱ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​តិច​5នាក់​ ខណៈ​ដែល​20​នាក់​ផ្សេង​ទៀត​កំពុង​សង្គ្រោះ​បន្ទាន់​។ សមត្ថ​កិច្ច​ឱ្យ​ដឹង​ថា ចំនួន​អ្នក​ស្លាប់​នឹង​កើន​ឡើង​បន្ត​ទៀត​។ ជន​រង​គ្រោះ​ប្រមាណ​ជា​1,000​នាក់​ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ ដោយ​មាន​អាការ​ឈឺក្បាល ក្អួត​​ និង​ពិបាក​ដក​ដង្ហើម​។ មនុស្ស​មួយ​ចំនួន​ក៏​បាន​និយាយ​ថា ពួកគេ​​ស្រវាំង​ភ្នែក និង​រមាស់​ស្បែក​ផងដែរ​។ ប៉ុន្តែ India Times បាន​ឱ្យ​ដឹង​ថា មនុស្ស​យ៉ាង​តិច​8​នាក់​បាន​ស្លាប់ និង​5,000​នាក់​បាន​ធ្លាក់​ខ្លួន​ឈឺ​។ ហេតុ​ការណ៍​នេះ​ក៏បាន​នាំ​ឱ្យ​ប្រជា​ជន​ដែល​រស់​នៅ​ក្នុង​រង្វង់​ចម្ងាយ​3គម​​ពី​រោង​ចក្រ​គីមី​ខាងលើ​​​ មាន​ការ​ភ័យ​ស្លន់​ស្លោ​ផងដែរ៕ ប្រភព៖ AFP, India Times