Category: អន្តរជាតិ

  • ផ្ទុះ​កក្រើក​ទីក្រុង​នៅ​អាមេរិក​ក្នុង​ថ្ងៃបុណ្យ​ណូអែល​ឆ្នាំនេះ

    ផ្ទុះ​កក្រើក​ទីក្រុង​នៅ​អាមេរិក​ក្នុង​ថ្ងៃបុណ្យ​ណូអែល​ឆ្នាំនេះ

    ករណី​ផ្ទុះ​មួយ​បាន​កើតឡើង​នៅ​កណ្ដាល​ទីក្រុង Nashville រដ្ឋ Tennessee សហរដ្ឋអាមេរិក កាលពី​ព្រឹក​ថ្ងៃទី 25 ខែធ្នូ បណ្ដាលឱ្យ​អគារ​មួយចំនួន​រង​ការខូចខាត ប៉ុន្តែ​មិនទាន់មាន​សេចក្ដីរាយការណ៍​អំពី​ការរង​របួស ឬ​បាត់បង់​ជីវិត​មនុស្ស​នៅឡើយ។

    បណ្ដាល​អគារ​នៅ​កណ្ដាល​ទីក្រុង Nashville និង​តំបន់​ជុំវិញ បាន​រង​ការ​ញាប់​ញ័រ នៅពេល​មាន​ករណី​ផ្ទុះ​មួយ​បានកើត​ឡើង នាំឱ្យមាន​ផ្សែង​យ៉ាង​ខ្មួលខ្មាញ់ និង​អណ្ដាតភ្លើង​បាញ់​ឡើង​ទៅលើ។ ភ្លាមៗនេះ ក្រុមប៉ូលិស និង​ក្រុម​ពន្លត់​អគ្គិភ័យ ក៏ត្រូវ​បាន​បញ្ជូន​ទៅកាន់​កន្លែងកើតហេតុ។

    អាជ្ញាធរ Nashville បានឱ្យដឹងថា រថយន្ត​មួយគ្រឿង​ដែល​កំពុង​ចត​នៅក្នុង​តំបន់​នេះ បាន​ផ្ទុះ និង​បណ្ដាលឱ្យ​អគារ​មួយចំនួន​រង​ការខូចខាត។ បច្ចុប្បន្ន​មិនទាន់មាន​ព័ត៌មាន​អំពី​ការស្លាប់ ឬ​រង​បួស​នៅឡើយ ហើយ​ក្រុមមន្ត្រី​ក៏បាន​អះអាងថា ករណី​ផ្ទុះ​នេះ ទំនងជា «មិនមាន​អ្វី​គួរឱ្យ​សង្ស័យ» នោះទេ។

    Muck McCoy ដែលជា​ពលរដ្ឋ​ម្នាក់​រស់នៅក្នុង​តំបន់​កើតហេតុ បាន​បង្ហោះ​វីដេអូ​មួយ​បង្ហាញឱ្យឃើញថា ទឹក​កំពុងតែ​ហូរ​ធ្លាក់ចូល​ផ្ទះ​របស់គាត់ ខណៈដែល​សំឡេង​សា​រ៉ែ​ន​ប្រកាសអាសន្ន និង​សំឡេង​ស្រែក​របស់​មនុស្ស​កំពុង​លាន់ឮ​ពេញ​ទឹក​ពេញ​ដី។

    Buck McCoy បាន​ប្រាប់​សារព័ត៌មាន AP ថា៖ «បង្អួច​ទាំងអស់​របស់ខ្ញុំ​បាន​បែក ហើយ​បើ​ខ្ញុំ​ឈរ​នៅ​ទីនោះ វា​ពិតជា​គ្រោះថ្នាក់​ណាស់។ វា​ដូច​ទៅនឹង​ការផ្ទុះ​របស់​គ្រាប់បែក»។

    ថៅកែ​របស់​អគារ Nashville Downtown Hostel ឱ្យដឹងថា ពួកគេ​បាន​ប្រញាប់​ជម្លៀស​ភ្ញៀវ​ចេញពី​អគារ នៅពេល​មាន​សំឡេង​ផ្ទុះ​យ៉ាង​ធំ​មួយ និង​សំឡេង​ជួង​ប្រកាសអាសន្ន​បាន​បន្លឺឡើង។ លោក​បន្តថា អគារ​របស់ខ្លួន​រង​ការខូចខាត។

    WeGo ដែលជា​បណ្ដាញ​រថយន្ត​ក្រុង​របស់ Nashville បាន​ប្រាប់ថា ពួកគេ​មិនបាន​រង​ផលប៉ះពាល់​ពី​ករណី​ផ្ទុះ​នេះ​ទេ។ ពួកគេ​កំពុង​ធ្វើ​សកម្មភាព​ជួយ​រៀបចំ​តំបន់​កើតហេតុ និង​ប្រើប្រាស់​រថយន្ត​របស់ខ្លួន​ធ្វើជា​កន្លែង​ជ្រោក​កោន​ដើម្បីឱ្យ​ជន​រង​ផលប៉ះពាល់​ស្នាក់នៅ​ក្នុង​គ្រា​អាកាសធាតុ​ត្រជាក់​ខ្លាំង។ ក្រុមប៉ូលិស និង​ក្រុម​ពន្លត់​អគ្គិភ័យ​នៅ​ទីក្រុង Nashville នៅតែ​ធ្វើ​សកម្មភាព​នៅ​កន្លែងកើតហេតុ ព្រមទាំង​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចៀស​ឆ្ងាយ​ពី​តំបន់​កើតហេតុ​នេះ៕

    ប្រភព៖ Fox News, AP

  • បារាំង​ផ្ដល់​រង្វាន់​ជា​សញ្ជាតិ​​ ជូន​ដល់​បុគ្គលិក​ជួរមុខ​ចំនួន700នាក់ ដែល​សកម្ម​ក្នុងការ​ទប់ទល់​នឹង Covid-19

    បារាំង​ផ្ដល់​រង្វាន់​ជា​សញ្ជាតិ​​ ជូន​ដល់​បុគ្គលិក​ជួរមុខ​ចំនួន700នាក់ ដែល​សកម្ម​ក្នុងការ​ទប់ទល់​នឹង Covid-19

    បារាំង​បានធ្វើ​សេចក្ដីសម្រេច​យ៉ាង​លឿន​ទៅលើ​ពាក្យសុំ​ចូលសញ្ជាតិ​របស់​បុគ្គលិក​ជួរមុខ​ដែលជា​ជនជាតិ​បរ​ទ​ទេស​ចំនួន 700 នាក់ ដើម្បី​ទទួលស្គាល់​ស្នាដៃ​របស់​ពួកគេ​ក្នុងការ​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​មហា​រោគរាតត្បាត Covid-19 នាពេល​កន្លង។

    «បុគ្គលិក​សុខាភិបាល អ្នកជំនាញ​ផ្នែកអនាម័យ អ្នក​មើលថែ​កុមារ រួម​នឹង​បុគ្គលិក​លក់ទំនិញ បានបញ្ជាក់​ចំពោះ​ការសន្យា​របស់​ពួកគេ​សម្រាប់​ប្រទេស​នេះ។ ពេលនេះ សាធារណរដ្ឋ​បារាំង​ត្រូវតែ​ផ្ដល់​រង្វាន់​ដល់​ពួកគេ​ដើម្បី​ជាការ​ទទួលស្គាល់​ស្នាដៃ» នេះ​បើតាម​ការិយាល័យ​រដ្ឋមន្ត្រី​សញ្ជាតិ​បារាំង Marlene Schiappa ដែល​បានប្រកាស​កាលពី​ថ្ងៃទី 23 ខែធ្នូ​កន្លងទៅ។

    ពាក្យស្នើសុំ​ចូលសញ្ជាតិ​បារាំង តែងតែ​ត្រូវ​ចំណាយពេល​ជាច្រើន​ឆ្នាំ ទើប​អាច​ត្រូវបាន​គេ​ចាត់ការ ហើយ​បញ្ហា Covid-19 ក៏​កាន់តែ​ធ្វើឱ្យ​លិខិតស្នាម​នេះ​ត្រូវ​ពន្យារពេល​យូរ។ ក៏ប៉ុន្តែ កាលពី​ខែកញ្ញា ក្នុង​គ្រា​ដែល​បារាំង​ត្រូវ​ប្រឈមមុខ​នឹង​រលក Covid-19 លើក​ទី​ពីរ រដ្ឋាភិបាល​បានស្នើ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន បង្កលក្ខណ​ងាយស្រួល និង​ព​ន្លឿ​ន​កិច្ច​ការផ្ដល់​សញ្ជាតិ​ដល់​បុគ្គលិក​ជនជាតិ​បរទេស​ដែល​សកម្ម​ក្នុងការ​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង Covid-19។

    ការិយាល័យ​រដ្ឋមន្ត្រី​ខាងលើ​បាន​បន្ថែមថា ក្នុង​រយៈពេល 3 ខែ​កន្លងទៅ បុគ្គលិក​ជួរមុខ​ជាង 70 នាក់ ដែល​កំពុង​ទប់ទល់​នឹង Covid-19 ត្រូវ​បានផ្ដល់​សញ្ជាតិ​បារាំង និង​ជិត 700 នាក់​ផ្សេងទៀត កំពុងស្ថិត​ក្នុងដំណាក់កាល​ចុងក្រោយ​ដើម្បី​ក្លាយជា​ពលរដ្ឋ​ប្រទេស​នេះ។ គិត​មកដល់​បច្ចុប្បន្ន មាន​មនុស្ស​សរុប​ចំនួន 2,890 នាក់ បានដាក់​ពាក្យសុំ​ចូលសញ្ជាតិ​បារាំង។

    ឆ្នាំ 2019 មាន​មនុស្ស​ជាង 112,000 នាក់ ត្រូវ​បានផ្ដល់​សញ្ជាតិ​បារាំង ដែល​តួលេខ​នេះ ទាប​ជាង 18% បើ​ធៀប​នឹង​ឆ្នាំ 2015។

    នេះ​មិនមែនជា​លើកដំបូង​នោះទេ​ដែល​បារាំង​បានទទួល​ស្គាល់​ស្នាដៃ​បុគ្គល​ដោយ​ការផ្ដល់​រង្វាន់​ជា​សញ្ជាតិ។ កាលពី​ឆ្នាំ 2018 កំលោះ​ម្នាក់​មកពី​ប្រទេស​ម៉ាលី​នៃ​អាហ្វ្រិក​ខាងលិច ក៏​ទទួលបាន​សញ្ជាតិ​បារាំង និង​ក្លាយជា​បុគ្គលិក​ពន្លត់​អគ្គិភ័យ ក្រោយពី​បាន​តោង​ឡើង​អគារ​ស្នាក់នៅ​មួយកន្លែង និង​បាន​សង្គ្រោះ​ក្មេង​តូច​ម្នាក់​ដែល​ជាប់​តែក​តោក​នៅលើ​រានហាល។

    កាលពី​ឆ្នាំ 2019 ជនជាតិ​អាមេរិកាំង 3 នាក់ ដែល​ធ្លាប់បាន​បំបែក​ផែនការ​ភេរវកម្ម​សំដៅលើ​នាវា​មួយគ្រឿង​ដែល​ឆ្ពោះទៅកាន់​ទីក្រុង​បារី​ស កាលពី 4 ឆ្នាំមុន​នោះ ក៏ត្រូវ​បានផ្ដល់​សញ្ជាតិ​បារាំង​ផងដែរ៕

    ប្រភព៖ CBS News

  • អាមេរិក​ឡាទីន​ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង ខណៈ​ករណី​ឆ្លង Covid-19 ទូទាំង​ពិភពលោក កើន​លើស 79 លាន​នាក់!

    អាមេរិក​ឡាទីន​ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង ខណៈ​ករណី​ឆ្លង Covid-19 ទូទាំង​ពិភពលោក កើន​លើស 79 លាន​នាក់!

    ពិភពលោក​មាន​អ្នកជំងឺ Covid-19 ជាង 1.7 លាន​នាក់​បាន​បាត់បង់​ជីវិត ខណៈដែល​ប្រទេស​ចំនួន 3 ដំបូង​គេ​នៅ​តំបន់​អាមេរិក​ឡាទីន ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង។

    គិត​មកដល់​ព្រឹក​នៃ​ថ្ងៃទី 25 ខែធ្នូ​នេះ ពិភពលោក​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 79,690,271 នាក់ ក្នុងនោះ​មាន 1,748,183

    នាក់​បាន​ស្លាប់ និង 56,085,204 នាក់ បានជា​សះស្បើយ។ ក្នុងចំណោម 21,856,884 នាក់​ដែល​កំពុង​ព្យាបាល មាន 106,201 នាក់ កំពុង​ប្រឈម​នឹង​ការបាត់​បង់ជីវិត ដោយសារ​មាន​អាការ​ធ្ងន់ធ្ងរ។

    នៅ​អាមេរិក​ឡាទីន ក្រុម​បុគ្គលិក​សុខាភិបាល​ជួរមុខ​នៃ​ប្រទេស​ម៉ិ​ក​ស៊ិ​ក និង​ឈី​លី កាលពី​ថ្ងៃទី 24 ខែធ្នូ គឺជា​ក្រុមមនុស្ស​មួយ​ក្នុងចំណោម​ក្រុមមនុស្ស​ដំបូង​គេ​ដែល​ទទួលបាន​ការចាក់​វ៉ាក់សាំង នៅពេលដែល​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាមេរិក​ឡាទីន​ដែល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ ចាប់ផ្ដើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជា​បន្តបន្ទាប់។

    ការចាក់​វ៉ាក់សាំង Covid-19 ដោយមាន​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​របស់​ម៉ិ​ក​ស៊ី​ក ត្រូវបាន​ធ្វើឡើង​ក្រោយ​រយៈពេល​មួយថ្ងៃ​ដែល​វ៉ាក់សាំង​ចំនួន 3,000 ដូ​ស​ដំបូង​របស់ Pfizer-BioNTech ត្រូវបាន​ដឹក​មកដល់។ ម៉ិ​ក​ស៊ិ​ក បច្ចុប្បន្ន​មាន​អ្នក​ឆ្លង​វីរុស 1,350,079 នាក់ និង​ស្លាប់ 120,311 នាក់ គឺជា​ប្រទេស​ដែលមាន​អ្នកស្លាប់​ច្រើនជាងគេ​លំដាប់​ទី​បួន​ក្នុង​ពិភពលោក បន្ទាប់ពី​សហរដ្ឋអាមេរិក ប្រេ​ស៊ី​ល និង​ឥណ្ឌា។

    នៅ​ប្រទេស​ឈី​លី​វិញ ជំនួយការ​ផ្នែក​ថែទាំ​សុខភាព​ម្នាក់ ឈ្មោះ Zulema Riquelme អាយុ 46 ឆ្នាំ គឺជា​មនុស្ស​ដំបូង​គេ​ដែល​ទទួលបាន​ការចាក់​វ៉ាក់សាំង Covid-19 ក្រោយ​រយៈពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ដែល​វ៉ាក់សាំង Pfizer-BioNTech 10,000 ដូ​ស​ដំបូង​ត្រូវបាន​បញ្ជូន​មកដល់​ប្រទេស​នេះ។

    ម៉ិ​ក​ស៊ិ​ក​គឺជា​ប្រទេស​ដំបូង​គេ​នៅ​អាមេរិក​ឡាទីន​ដែល​ទទួលបាន​វ៉ាក់សាំង Pfizer-BioNTech បន្ទាប់មកទៀត​គឺ​ប្រទេស ឈី​លី និង​កូ​ស្តា​រី​កា។ ប្រធានាធិបតី​របស់​កូ​ស្តា​រី​កា លោក Carlos Alvarado ថ្លែងថា៖ «វា​អាចជា​ការចាប់ផ្ដើម​សម្រាប់​ការបញ្ចប់​មហា​រោគរាតត្បាត​នេះ»។

    ក្នុងខណៈ​នោះដែរ អា​ហ្ស​ង់​ទីន ក៏បាន​ទទួល​វ៉ាក់សាំង Sputnik V ចំនួន 300,000 ដូ​ស​ដំបូង​ពី​ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី 24 ខែធ្នូ។ នេះ​ជា​ប្រទេស​តែមួយគត់​នៅ​តំបន់​អាមេរិក​ឡាទីន​ដែល​បានអនុម័ត​ប្រើប្រាស់​វ៉ាក់សាំង​របស់​រុស្ស៊ី៕

    ប្រភព៖ BBC, Reuters

  • បរិយាកាស​បុណ្យ​ណូអែល​នៅ​ជុំវិញ​ពិភពលោក ក្នុងសម័យ Covid-19

    បរិយាកាស​បុណ្យ​ណូអែល​នៅ​ជុំវិញ​ពិភពលោក ក្នុងសម័យ Covid-19

    បណ្ដា​ប្រទេស និង​តំបន់​នានា​ក្នុង​ពិភពលោក បាន​ត្រៀម​រួចរាល់​ហើយ​សម្រាប់​ទទួល​អំណរ​ថ្ងៃបុណ្យ​ណូអែល ឬ​បុណ្យ​គ្រី​ស្ត​ម៉ាស ជា​ថ្ងៃ​ដែល​ព្រះ​យេស៊ូគ្រិស្ត​ប្រសូត្រ។

    រដូវ​បុណ្យ​ណូអែល​ឆ្នាំនេះ ប្រារព្ធ​ឡើង​ក្នុងស្ថានភាព​ដែល​ករណី​ឆ្លង និង​ស្លាប់​ដោយសារ​វីរុស Covid-19 មិនទាន់មាន​សញ្ញា​ថយ​ចុះ​សោះឡើយ។

    ក្នុង​រូបភាពខាង​លើ​​ដែល​ត្រូវបាន​ថត​កាលពី​ថ្ងៃទី 22 ខែធ្នូ​កន្លងទៅនេះ គឺជា​ផ្ទះមួយ​ខ្នង​ដែល​ត្រូវបាន​តុបតែង​ដើម្បី​ទទួល​អំណរ​ថ្ងៃបុណ្យ​ណូអែល នៅក្នុង​តំបន់ Hastings Ranch នៃ​ទីក្រុង Pasadena រដ្ឋ California សហរដ្ឋអាមេរិក។

    ទីលាន Francisco Morazan ក្នុង​រដ្ឋធានី San Salvador នៃ​ប្រទេស El Salvador (អាមេរិក​កណ្ដាល) ត្រូវបាន​តុបតែង​លម្អ និង​រង់ចាំ​អបអរ​បុណ្យ​ណូអែល ដែល​នឹង​ប្រារព្ធ​នៅ​ថ្ងៃទី 25 ខែធ្នូ​នេះ។

    ប្រជាជន​នាំគ្នា​ថតរូប​សែ​ល​ហ្វ៊ី នៅខាងមុខ​ដើម​ណូអែល​នៅ​ទីក្រុង Kiev នៃ​ប្រទេស​អ៊ុយ​ក្រែ​ន។

    នៅ​ទីក្រុង Stansstad នៃ​ប្រទេស​ស្វី​ស គេ​ឃើញ​មានផ្ទះ​មួយ​ខ្នង រួម​នឹង​ដើមឈើ​នៅក្បែរនោះ ត្រូវបាន​តុបតែង​យ៉ាង​ស្រស់ស្អាត​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​អំពូល​ភ្លើងពណ៌​គួរ​ជាទី​គយគន់។

    ដើម​ណូអែល​ដែល​ត្រូវបាន​តុបតែង​នៅលើ​ទីលាន Palace កណ្ដាល​ទីក្រុង St. Petersburg នៃ​ប្រទេស​រុស្ស៊ី។

    ទីងមោង ឬ​រូប​ត្លុក​ជាច្រើន​មានការ​តុបតែង​ភ្លើងពណ៌​យ៉ាង​លេចធ្លោ ដែល​គេ​ហៅថា Magic Delivery ត្រូវបាន​ដាក់​លម្អ​ភ្នែក​នៅតាម​ចិញ្ចើម​វិ​ថិ​ទី 5 (5th Avenue) ក្នុង​ទីក្រុង New York នៃ​រដ្ឋ New York សហរដ្ឋអាមេរិក។

    វិមាន Hotel de Ville នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង នៅក្នុង​រាត្រី​នៃ​ថ្ងៃទី 11 ខែធ្នូ 2020។

    បុរស​ម្នាក់​ស្លៀកពាក់​ជា​លោកតា​ណូអែល កំពុង​ហៅ​ទូរស័ព្ទ​តាម​អន​ឡាញ​ទៅកាន់​កុមារ​នានា នៅ​ទីក្រុង Rome ប្រទេស​អ៊ីតាលី។

    «លោកតា​ណូអែល» បាញ់​ទឹក​អាល់កុល​កម្ចាត់​មេរោគ​ឱ្យក្មេងៗ ដែល​កំពុង​រស់នៅក្នុង​តំបន់​សម្បុកកណ្ដុរ នាទី​ក្រុង Mumbai ប្រទេស​ឥណ្ឌា មុនពេល​ចែក​កាដូ។

    បុគ្គលិក​សុខាភិបាល​ដែល​ថែទាំ​អ្នកជំងឺ Covid-19 នៅ​មណ្ឌល​សុខភាព​ប្រចាំ​តំបន់ Trinitas ក្នុង​ទីក្រុង Elizabeth រដ្ឋ New Jersey សហរដ្ឋអាមេរិក។

    ប្រភព៖ Reuters

  • ថៃ​បានចាប់ផ្ដើម​ដាក់​បម្រាម​គោចរ បន្ទាប់ពី​រកឃើញ​ករ​ណី​វិជ្ជមាន​នឹង Covid-19 ក្នុង​សហគមន៍

    ថៃ​បានចាប់ផ្ដើម​ដាក់​បម្រាម​គោចរ បន្ទាប់ពី​រកឃើញ​ករ​ណី​វិជ្ជមាន​នឹង Covid-19 ក្នុង​សហគមន៍

    សម្បុក​វីរុស​ក្នុង​ខេត្ត Samut Sakhon នៃ​ប្រទេស​ថៃ នៅតែ​បន្ត​វិវត្តន៍​ពិបាក​ស្មាន ដោយមាន​អ្នក​ឆ្លង​វីរុស Covid-19 រាប់សិប​នាក់​ជា​រៀងរាល់ថ្ងៃ ធ្វើឱ្យ​រដ្ឋាភិបាល​ថៃ ត្រូវ​ចាប់ផ្ដើម​ដាក់​បម្រាម​គោចរ​ដោយ​កន្លែង​ដើម្បី​កាត់បន្ថយ​ការឆ្លង​រាលដាល។

    យោងតាម Bangkok Post ប្រទេស​ថៃ​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 67 នាក់ នៅក្នុង​ថ្ងៃទី 24 ខែធ្នូ​ ក្នុងនោះ​មាន 58 នាក់​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍។

    វេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យ​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានការណ៍ Covid-19 បានឱ្យដឹងថា ក្នុងចំណោម​អ្នកជំងឺ 58 នាក់​ដែល​ឆ្លង​ក្នុង​សហគមន៍​គឺ មាន 55 នាក់​ជាប់ទាក់ទង​នឹង​សម្បុក​វីរុស​នៅក្នុង​ខេត្ត Samut Sakhon។

    ភាគច្រើន​នៃ​ករណី​ឆ្លង​ក្នុង​សហគមន៍​នេះ​គឺជា​អ្នកលក់ដូរ និង​ពលករ​ថៃ ក្នុងនោះ​មាន 20 នាក់​គឺជា​បុគ្គលិក​ក្រុមហ៊ុន និង​មេ​ផ្ទះ។

    គិត​មកដល់​បច្ចុប្បន្ន ប្រទេស​ថៃ​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 5,829 នាក់ ក្នុងនោះ​មាន 4,116 នាក់​បានជា​សះស្បើយ និង 1,653 នាក់ កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ។ ចំណែក​តួលេខ​អ្នកស្លាប់​ដោយសារ​វីរុស​នេះ នៅតែ 60 ដដែល។

    ពលករ​បរទេស​ដែល​កំពុងធ្វើការ​នៅ​ប្រទេស​ថៃ ចំនួន 1,273 នាក់​ត្រូវបាន​រកឃើញថា មាន​ផ្ទុក Covid-19 នេះ​បើតាម​បណ្ឌិត Taweesilp។ អាជ្ញាធរ​ថៃ​បានឱ្យដឹងថា នឹងមិន​មានការ​ដាក់​បម្រាម​គោចរ​ទូទាំងប្រទេស​នោះទេ ប៉ុន្តែ ប្រទេស​នេះ​នឹងត្រូវ​បាន​បែង​ចែកជា​តំបន់​ទៅតាម​ពណ៌​ចំនួន 4 រួមមាន ពណ៌​ក្រហម ពណ៌​ទឹកក្រូច ពណ៌​លឿង និង​ពណ៌​បៃតង ដែល​ស្មើនឹង​កម្រិត​ទាំង 4 ដែល​ត្រូវ​ប្រើប្រាស់​ក្នុង​ការដាក់​បម្រាម​គោចរ ឬ​កាត់បន្ថយ​ការធ្វើដំណើរ។

    បច្ចុប្បន្ន តំបន់​ពណ៌​ក្រហម គឺមាន​នៅក្នុង​ខេត្ត Samut Sakhon ដែល​នឹងត្រូវ​គ្រប់គ្រង​យ៉ាងតឹង​រ៉ឹង ខណៈដែល​ក្រុម​បុគ្គលិក​សុខាភិបាល​នឹងធ្វើ​ការ​អស់ពី​សមត្ថភាព៕

    ប្រភព៖ Bangkok Post

  • ពលរដ្ឋ​អាមេរិកាំង​ជាង​មួយ​លាន​នាក់ បាន​ចាក់​វ៉ា​ក់សាំង Covid-19 លើកទីមួយ​រួចហើយ

    ពលរដ្ឋ​អាមេរិកាំង​ជាង​មួយ​លាន​នាក់ បាន​ចាក់​វ៉ា​ក់សាំង Covid-19 លើកទីមួយ​រួចហើយ

    មជ្ឈមណ្ឌល​គ្រប់គ្រង​និង​ទប់ស្កាត់​រោគ​ឆ្លង​របស់​អាមេរិក បានឱ្យដឹងថា ពលរដ្ឋ​អាមេរិកាំង​ជាង 1 លាន​នាក់ បាន​ចាក់​វ៉ាក់សាំង Covid-19 រួចហើយ ក្រោយ​រយៈពេល 10 ថៃ​ដែល​បានចាប់ផ្ដើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​នៅ​ប្រទេស​នេះ។

    «សហរដ្ឋអាមេរិក​នៅថ្ងៃនេះ បាន​ឈានដល់​ដំណាក់កាល​សំខាន់​មួយ។ តំបន់​នានា​បាន​រាយការណ៍​ថា ពលរដ្ឋ​ជាង 1 លាន​នាក់​ត្រូវបាន​ចាក់​វ៉ាក់សាំង Covid-19 លើកដំបូង រាប់​ចាប់តាំងពី​រដ្ឋាភិបាល​បានចាប់ផ្ដើម​យុទ្ធនាការ​កាលពី 10 ថ្ងៃមុន» នេះ​បើតាម​សម្ដី​របស់ លោក Robert Redfield នាយក​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺឆ្លង​របស់​សហរដ្ឋ​អាមេរិក ដែល​បានឱ្យដឹង​កាលពី​ថ្ងៃទី 23 ខែធ្នូ។

    ចំណែក​លោក Moncef Slaoui ទីប្រឹក្សា​នៃ​យុទ្ធនាការ​រហ័ស​របស់​រដ្ឋាភិបាល​អាមេរិក បានឱ្យដឹង​ដែរ​ថា គោលដៅ​ចាក់​វ៉ាក់សាំង​ឱ្យបាន 20 លាន​នាក់​ក្នុង​ខែ​នេះ ពិតជា «ពិបាក​សម្រេចបាន»។ ប៉ុន្តែ លោក​បន្ថែមថា សហរដ្ឋអាមេរិក​កំពុងមាន​គោលដៅ​ចាក់​វ៉ាក់សាំង​ឱ្យបាន 100 លាន​នាក់​នៅមុន​ដំណាច់ត្រីមាស​ទីមួយ​នៃ​ឆ្នាំ 2021 និង 100 លាន​នាក់​ទៀត នៅក្នុង​ត្រីមាស​ទី​ពីរ។

    សូម​រំលឹកថា កាលពី​ថ្ងៃទី 11 ធ្នូ នាយកដ្ឋាន​គ្រប់គ្រង​អាហារ​និង​ឱសថ​អាមេរិក (FDA) បានអនុម័ត​លើ​វ៉ាក់សាំង Covid-19 ដំបូង​នៃ​ប្រទេស​នេះ ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Pfizer និង BioNTech។ កាលពី​សប្ដាហ៍​កន្លងទៅ វ៉ាក់សាំង​នេះ​ចំនួន 3 លាន​ដូ​ស ត្រូវបាន​ចែកចាយ​នៅ​ពាសពេញ​ទឹកដី​អាមេរិក។

    សហរដ្ឋអាមេរិក​គឺជា​ប្រទេស​ដែលមាន​អ្នក​ឆ្លង​វីរុស Covid-19 ច្រើនជាងគេ​ក្នុង​ពិភពលោក ដោយមាន​អ្នកជំងឺ​ជាង 19 លាន​នាក់ ក្នុងនោះ​មាន​ជាង 334,000 នាក់​បាន​ស្លាប់​ដោយសារ​វីរុស​នេះ៕

    ប្រភព៖ AFP

  • អាចម៍ផ្កាយ​ចំនួន 3 ដុំ នឹង​ហោះ​កាត់មុខ​ផែនដី​នៅ​ថ្ងៃបុណ្យ​ណូអែល

    អាចម៍ផ្កាយ​ចំនួន 3 ដុំ នឹង​ហោះ​កាត់មុខ​ផែនដី​នៅ​ថ្ងៃបុណ្យ​ណូអែល

    អាចម៍ផ្កាយ​ដែល​ធំជាងគេ​ក្នុងចំណោម​អាចម៍ផ្កាយ​ចំនួន 3 ដុំ មកពី​ទី​អវកាស នឹង​ហោះ​តម្រង់​មកកាន់​ផែនដី​ក្នុង​ល្បឿន 10 គីឡូម៉ែត្រ​ក្នុង 1 ម៉ោង។

    អាចម៍ផ្កាយ​ដែលមាន​ឈ្មោះថា 2014 SD224 (501647) ត្រូវបាន​រកឃើញ​កាលពី​ខែកញ្ញា ឆ្នាំ 2014 និង​ត្រូវបាន​ចាត់​ចូលទៅក្នុង​ប្រភេទ​អាចម៍ផ្កាយ Aten ដែល​មានន័យថា គន្លង​គោចរ​របស់​វា​តែងតែ​ហោះ​កាត់មុខ​ផែន​ដី។ អាចម៍ផ្កាយ 501647 នេះ ត្រូវបាន​ក្រុម​អ្នកវិទ្យាសាស្ត្រ​ប្រមាណ​ឃើញថា មាន​អង្កត់ផ្ចិត​ចាប់ពី 91-210 ម៉ែត្រ​ ដោយយោង​ទៅតាម​កម្រិត​នៃ​ការ​ចាំង​ប្លាត​ពន្លឺ ប៉ុន្តែ​ពួកគេ​ជឿជាក់ថា ប្រវែង​ពិត​របស់​វា​គឺ​ប្រហែល 150 ម៉ែត្រ។

    មជ្ឈមណ្ឌល​សង្កេត​វត្ថុ​អវកាស​ដែល​នៅក្បែរ​ផែនដី​របស់​អង្គការ​អវកាស​អាមេរិក (NASA) ក៏បាន​គន់គូរ​ឃើញថា 2014 SD224 នឹង​ហោះ​មក​ក្បែរ​ផែនដី​បំផុត នៅវេលា​យប់​នៃ​ថ្ងៃទី 25 ធ្នូ​ស្អែក​នេះ។ 2014 SD224 នឹងមិន​បង្ក​គ្រោះថ្នាក់​អ្វី​ដល់​ផែនដី​ឡើយ ព្រោះថា វា​នឹងមាន​ចម្ងាយ​ពី​ផែនដី​ដល់​ទៅ 3 លាន​គីឡូម៉ែត្រ​ឯណោះ។ ប៉ុន្តែ សម្រាប់ NASA ការហោះ​មក​ក្បែរ​បែបនេះ សុទ្ធតែ​ត្រូវបាន​ចាត់​ចូលក្នុង​បញ្ជី​អាចម៍ផ្កាយ​ដែល “មានលទ្ធភាព​បង្ក​គ្រោះថ្នាក់” នៅ​ពេល​​គេ​​និយាយ​​អំពី​​ការ​ខូច​ខាត​​ទ្រង់​ទ្រាយ​​តំបន់​​ដែល​​វា​​អាច​​បង្កឡើង បើសិន​ហោះ​មក​បុក​ផែន​ដី​។​

    1​ ឯកតាតារា​សាស្ត្រ (Astronomical_unit) មាន​ចម្ងាយ​ប្រហាក់​ប្រហែល​ពី​ផែន​ដី​ទៅ​កាន់​ព្រះអាទិត្យ​

    2014 SD224 មិនមែនជា «ភ្ញៀវ» តែមួយគត់​ដែល​មក «សួរសុខទុក្ខ» ផែនដី នៅក្នុង​រដូវ​បុណ្យ​ណូអែល​ឆ្នាំនេះ​ទេ។ អាចម៍ផ្កាយ​ចំនួន 2 ដុំ​ទៀត​ដែលមាន​ទំហំ​តូច​ជាង 2014 SD224 ក៏​នឹង​ហោះ​មក​ក្បែរ​ផែនដី​នៅក្នុង​យប់​នៃ​ថ្ងៃទី 25 ធ្នូ នោះ​គឺ 2020 XY និង 2020 YM1។ អាចម៍ផ្កាយ​ទាំង 2 ដុំ​នេះ សុទ្ធតែជា​អាចម៍ផ្កាយ​ដែល​ហោះ​ក្បែរ​ផែនដី (NEO) ដូច​ទៅនឹង 2014 SD224 ប៉ុន្តែ​ពួកវា​មិន​បង្ក​គ្រោះថ្នាក់​អ្វី​ឡើយ។

    NEO ដែលមាន​លទ្ធភាព​អាច​បង្ក​គ្រោះថ្នាក់​ដល់​ផែនដី នោះ​គឺ​អាចម៍ផ្កាយ​ដែល​គោចរ​ក្នុង​រយៈ​ចម្ងាយ 0,05 នៃ​ឯក​តា​តារាសាស្ត្រ (1 ឯក​តា​តារាសាស្ត្រ​មាន​ចម្ងាយ​ជិត 15 លាន​គីឡូម៉ែត្រ) និង​មាន​អង្កត់ផ្ចិត​ប្រវែង​ជាង 140 ម។ យោងតាម Planetary.org អាចម៍ផ្កាយ​ប្រភេទ NEO ដែល​ត្រូវបាន​គេ​រកឃើញ មាន​ចំនួន​ជាង 18,000 ដុំ។ កាលពី​ខែមេសា ឆ្នាំ 2019 អង្គការ NASA បាន​ចុះ​កិច្ចព្រមព្រៀង​មួយ​ដែលមាន​តម្លៃ 69 លាន​ដុល្លារ ជា​មួយ​នឹង​​ក្រុមហ៊ុន SpaceX របស់លោក Elon Musk ដើម្បី​បំពេញបេសកកម្ម​មួយ​ដែលមាន​ភារកិច្ច​បង្វែង​ទិស​ដៅ​​របស់​អាចម៍ផ្កាយ​មួយ​ដុំ​ដែលមាន​ឈ្មោះថា DART ក្នុង​បំណង​ការពារ​មិនឱ្យ​វា​ហោះ​ឆ្ពោះ​ត្រង់​មកកាន់​ផែនដី៕

    ប្រភព៖ Fox News

  • ស្ថានភាព​ជំងឺ Covid-19 នៅ​កម្ពុជា និង​ពិភពលោក​​សម្រាប់​​ថ្ងៃ​ទី​ 24​ធ្នូ​ 2020

    ស្ថានភាព​ជំងឺ Covid-19 នៅ​កម្ពុជា និង​ពិភពលោក​​សម្រាប់​​ថ្ងៃ​ទី​ 24​ធ្នូ​ 2020

    បញ្ហា​វីរុស Covid-19 នៅក្នុង​តំបន់​ជាច្រើន​លើ​ពិភពលោក ពិសេស​គឺ​នៅ​អឺរ៉ុប និង​អាមេរិក មិនបាន​ថមថយ​សោះឡើយ ខណៈ​នៅ​អាស៊ី​មាន​ប្រទេសមួយ​ចំនួន​កំពុង​ប្រឈម​នឹង​ការកើនឡើង​ខ្ពស់​នៃ​ករណី​ឆ្លង។

    ទ្វីបអឺរ៉ុប៖ អ្នក​បាន​ឆ្លង​វីរុស 21,965,000នាក់ អ្នកស្លាប់ 507,898នាក់ អ្នកជំងឺ​កំពុង​ព្យា​ល 10,892,782​នាក់​ ក្នុង​នេះដែរ​ក៏មាន​ជាង 26ពាន់​នាក់​មាន​អាការ​ធ្ងន់ធ្ងរ។

    អាមេរិក​ខាងជើង៖ អ្នកជំងឺ​សរុប 21,705,294នាក់ អ្នកស្លាប់ 487,014នាក់ និង 7,973,324នាក់​កំពុង​ព្យាបាល ខណៈដែល​តំបន់​អាមេរិក​ខាងត្បូង មនុស្ស​ចំនួន 352,881នាក់​បាន​ស្លាប់ ក្នុងចំណោម​អ្នកជំងឺ​សរុប 12,679,100នាក់។

    ទ្វីបអាស៊ី៖ អ្នកជំងឺ​សរុប 20,039,153នាក់ អ្នកស្លាប់ 326,661នាក់ និង 1,334,990នាក់​កំពុង​ព្យាបាល។

    អា​ហ្វិ​ក៖ អ្នកជំងឺ​សរុប 2,585,246នាក់ អ្នកស្លាប់​សរុប 60,778នាក់ និង 358,691នាក់​កំពុង​សម្រាក​ព្យាបាល។

    ទ្វីបអូសេអានី៖ មនុស្ស​ចំនួន 47,704នាក់​បាន​ឆ្លង Covid-19 ក្នុងនោះ​មាន 1,051នាក់​បាន​ស្លាប់ និង 13,345​នាក់​បាន​បាត់​បង់ជីវិត។

    សម្រាប់​កម្ពុជា​វិញ៖ មាន​អ្នកជំងឺ​សរុប 363នាក់ (ករណី​ឆ្លង​ថ្ងៃនេះ មិនមាន) អ្នក​បានជា​សះស្បើយ 351នាក់ និង 12នាក់​កំពុង​ទទួល​ការព្យាបាល។ ព័ត៌មាន​លម្អិត សូម​មើល​តារាង​ខាងក្រោម។

    ជា​សរុប ទូទាំង​ពិភពលោក​បាន​រកឃើញ​អ្នក​ឆ្លង Covid-19 ចំនួន 79,023,118នាក់ អ្នកស្លាប់​ដោយសារ​វីរុស​នេះ​បាន​កើន​ដល់ 1,736,298នាក់ អ្នក​កំពុង​ព្យាបាល​មាន​ចំនួន 21,685,528នាក់ ខណៈ​អ្នកជា​សះស្បើយ​មាន​ចំនួន​ 55,601,292​នាក់៕

  • ទិដ្ឋភាព​ពលរដ្ឋ​អាមេរិកាំងដំបូងៗដែល​បាន​ចាក់​វ៉ាក់សាំង Covid-19

    ទិដ្ឋភាព​ពលរដ្ឋ​អាមេរិកាំងដំបូងៗដែល​បាន​ចាក់​វ៉ាក់សាំង Covid-19

    វេជ្ជ​ប​ណ្ដិ​តម្នាក់​នៅ​ទីក្រុង New York ដែលជា​មនុស្ស​ដំបូង​គេ​បង្អស់​មួយ​រូប​នៅ​សហរដ្ឋអាមេរិក ត្រូវ​បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង Covid-19 របស់​ក្រុមហ៊ុន Pfizer-BioNTech កាលពី​ថ្ងៃទី 14ធ្នូ បាន​និយាយប្រាប់ Fox News ថា «ប្រការនេះ​ពី​ត​ជា​អស្ចារ្យ​ណាស់»។

    វេជ្ជបណ្ឌិត Yves Duroseau ប្រធាន​ផ្នែករ​ង្គ្រោះ​បន្ទាន់​នៃ​មន្ទីរពេទ្យ Lenox Hill នាទី​ក្រុង New York ត្រូវបាន​ចាក់​វ៉ាក់សាំង​រួមជាមួយ​នឹង​គិលានុបដ្ឋាយិកា Sara Lindsay នៅឯ​មណ្ឌល​សុខាភិបាល Long Island ក្នុង​ខណ្ឌ Queens កាលពី​ព្រឹក​ថ្ងៃទី 14ធ្នូ (ថ្ងៃទី 15ធ្នូ នៅ​កម្ពុជា) កន្លងទៅ។

    វេជ្ជបណ្ឌិត Yves Duroseau ថ្លែងថា៖ «នេះ​គឺជា​ថ្ងៃមួយ​ប្រកបដោយ​ក្ដីសង្ឃឹម។ ខ្ញុំ​ពិតជា​មាន​មោទនភាព និង​សុភមង្គល​នៅពេល​មានឱកាស​ដើម្បី​បង្ហាញ​អំពី​សារសំខាន់​នៃ​ការចាក់​វ៉ាក់សាំង។ យើង​កំពុង​ប្រឈម​នឹង​រលក​ទី​ពីរ​នៃ​ការឆ្លង​រាលដាល​របស់​វីរុស​នៅ​ទីក្រុង New York។ ដូច្នេះ យើង​ត្រូវ​ការចាក់​វ៉ាក់សាំង​នេះ»។

    ទិដ្ឋភាពពលរដ្ឋអាមេរិកាំងដំបូងៗដែលបានចាក់វ៉ាក់សាំង Covid-19
    វេជ្ជបណ្ឌិត Yves Duroseau ប្រធានផ្នែករង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យ Lenox Hill នាទីក្រុង New York

    ទន្ទឹមនឹង​វេជ្ជបណ្ឌិត Duroseau គិលានុបដ្ឋាយិកា Sandra Lindsay ដែលជា​អ្នក​ធ្លាប់បាន​ព្យាបាល​អ្នកជំងឺ Covid-19 ដែលមាន​អាការ​ធ្ងន់ធ្ងរ​បំផុត​អស់​រយៈពេល​ជាច្រើន​ខែ​កន្លងមកនេះ ក៏​ទទួលបាន​ការចាក់​វ៉ាក់សាំង​កាលពី​ម៉ោង 9និង23នាទី​ព្រឹក (ម៉ោង​ក្នុងស្រុក) នៅក្នុង​ព្រឹត្តិការណ៍​មួយ​ដែល​ត្រូវបាន​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍។ អភិបាលរដ្ឋ New York លោក Andrew Cuomo ក៏បាន​ចូលរួម​ពិនិត្យ​ផ្ទាល់​ក្នុង​ការចាក់​វ៉ាក់សាំង​នេះដែរ ហើយ​បាន​សរសើរ​នាង​ថា «មិនមាន​ភាព​ជ្រួលច្របល់» នេះ​បើតាម​សារព័ត៌មាន Reuters។

    «ខ្ញុំ​បាន​ត្រៀមខ្លួន​រួចហើយ។ ចាប់ផ្ដើម​យើង…» នាង Sandra និយាយ​ដូច្នេះ មុនពេល​ក្លាយជា​មនុស្ស​ដំបូង​គេ​ម្នាក់​ដែល​បាន​ចាក់​វ៉ាក់សាំង Covid-19 នៅ​ទីក្រុង New York។ ក្រុមមនុស្ស​នៅក្នុង​បន្ទប់​ចាក់​វ៉ាក់សាំង បាន​ទះដៃ​អបអរសាទរ និង​លើកទឹកចិត្ត​នាង បន្ទាប់ពី​ម្ជុល​ត្រូវបាន​ដកចេញ​ពីសា​ច់។

    នាង Sandra បាន​និយាយថា នាង​មាន​អារម្មណ៍ «ធូរស្រាល» និង​ចង់ «ចែករំលែក​ការជឿជាក់​នេះ​ទៅដល់​សាធារណជន​ថា វ៉ាក់សាំង​នេះ​ពិត​ជាមាន​សុវត្ថិភាព»។

    វេជ្ជបណ្ឌិត Michelle Chester ដែលជា​អ្នក​បាន​ចាក់​វ៉ាក់សាំង​ដោយ​ផ្ទាល់ដៃ ឱ្យដឹងថា «គ្រប់យ៉ាង​ដំណើរការ​បានល្អ​ខ្លាំងណាស់»។

    ទិដ្ឋភាព​ស្រដៀង​គ្នា​នេះ​ក៏បាន​កើតឡើង​នៅឯ​មន្ទីរពេទ្យ​មួយចំនួន​ក្នុង​ទីក្រុងផ្សេងៗ ក្នុងនោះ​ក៏មាន​ទាំង Los Angeles ផងដែរ។ អភិបាលរដ្ឋ California លោក Gavin Newsom បាន​ឈរ​នៅក្បែរ និង​បាន​លើកទឹកចិត្ត​នៅពេល​គិលានុបដ្ឋាយិកា Kaiser Permanente នៃ​បន្ទប់សង្គ្រោះបន្ទាន់ កំពុង​មូរដៃអាវ​ដើម្បី​ត្រៀម​ទទួល​ការចាក់​វ៉ាក់សាំង ដែល​ត្រូវបាន​គេ​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍។

    គិលានុបដ្ឋាយិកា Sandra Lindsay

    «នោះ​គឺជា​ព្រឹក​មួយ​ដែល​ពិបាក​នឹង​ជឿ។ វា​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ» វេជ្ជបណ្ឌិត Leonardo Seoane ឱ្យដឹង​បែបនេះ បន្ទាប់ពី​បាន​ចាក់​វ៉ាក់សាំង​នៅឯ​មណ្ឌល​សុខា​ភាព Ochsner ក្នុង​ទីក្រុង New Orleans រដ្ឋ Louisiana ជា​កន្លែង​ដែល​លោក​បាន​ដឹកនាំ​ការពិសោធ​លើ​មនុស្ស​ដែល​បាន​បង្ហាញថា វ៉ាក់សាំង​នេះ​មាន​ប្រសិទ្ធភាព 95% នៅក្នុង​ការទប់ស្កាត់ Covid-19។

    ភ្លាមៗនេះ ប្រធានាធិបតី Donald Trump ក៏បាន​ចែករំលែក​នៅលើ Twitter អំពី​ព្រឹ​ត្ត​ការណ៍​នេះ ព្រមទាំង​បាន​ជូនពរ​ដល់​សហរដ្ឋអាមេរិក និង​ពិភពលោក​ទាំងមូល​ផងដែរ។

    សូម​រំលឹកថា បន្ទាប់ពី​ការបើក​ភ្លើង​ខៀវ​ពី FDA វ៉ាក់សាំង Covid-19 របស់ Pfizer-BioNTech ជិត 3លាន​ដូ​ស ត្រូវបាន​ដឹកជញ្ជូន​ទៅកាន់​មណ្ឌល​សុខភាព​ជាង 630កន្លែង នៅ​ពាសពេញ​ទឹកដី​អាមេរិក។ តំបន់​ជាច្រើន​របស់​សហរដ្ឋអាមេរិក ទទួលបាន​វ៉ាក់សាំង​នេះ​នៅ​ព្រឹក​ថ្ងៃទី 15ធ្នូ និង​មាន​ការចាក់​វ៉ាក់សាំង​នៅក្នុង​ថ្ងៃនេះ​តែម្ដង។ ក្រុមមនុស្ស​អាទិភាព​ស​ម្រា​ប់​ការចាក់​វ៉ាក់សាំង Covid-19 ដំបូង​គេ​គឺ បុគ្គលិក​ផ្នែក​សុខាភិបាល​ជួរមុខ និង​បុគ្គលិក​នៅ​មន្ទីរ​ថែ​ទាំង​ចាស់ជរា។
    តាម​គម្រោង វិញ្ញាបនបត្រ​ដែល​អនុ​ញ្ញាត​ឱ្យប្រើ​ប្រាស់​ជាបន្ទាន់​សម្រាប់​បេក្ខភាព​វ៉ាក់សាំង​ទី​ពីរ មកពី​ក្រុមហ៊ុន Moderna ដែលមាន​ទីស្នាក់ការ​នៅក្នុង​រដ្ឋ Massachusetts នឹង​មាននៅ​ចុងខែ​ធ្នូ​នេះ។

    បន្ទាប់ពី​សហរដ្ឋអាមេរិក ប្រទេស​កាណាដា​ក៏បាន​ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង Covid-19 នេះដែរ។ ប៉ុន្មាន​នាទី​បន្ទាប់ពី​វ៉ាក់សាំង​របស់ Pfizer-BioNTech ដំបូង​បាន​ចុះចត​លើទឹក​ដី​ប្រទេស​នេះ​កាលពី​យប់​ថ្ងៃទី 13ធ្នូ នាយករដ្ឋមន្ត្រី Trudeau បាន​បង្ហោះ​សារ​នៅលើ Twitter បង្ហាញ​អំពី​រូបភាព​នៃ​ជើងហោះហើរ​របស់​យន្តហោះ​ដឹក​វ៉ាក់សាំង Covid-19 ដែល​បាន​មកដល់​កាណាដា។

    ក្នុងចំណោម​ក្រុមមនុស្ស​ដែល​ទទួលបាន​ការចាក់​វ៉ាក់សាំង​ដំបូង​នៅ​ប្រទេស​កាណាដា ក៏មាន​បុគ្គលិក​ថែទាំ​សុខភាព​ឯកជន​ម្នា​ក់នៅ​ទីក្រុង Toronto និង​ពលរដ្ឋ​វ័យ​ចំណាស់​ម្នា​ក់នៅ​ទីក្រុង Montreal ផងដែរ នៅពេល​ប្រទេស​នេះ​បានចាប់ផ្ដើម​បែងចែក​វ៉ាក់សាំង​ចំនួន​ដំបូង​ចំនួន 30,000ដូ​ស៕

    ប្រភព៖ Reuter

  • បេក្ខ​ភាព​ Joe Biden បាន​ក្លាយជា​​ប្រធានាធិបតី​​​អាមេរិក​​ជា​ផ្លូវការ​ហើយ

    បេក្ខ​ភាព​ Joe Biden បាន​ក្លាយជា​​ប្រធានាធិបតី​​​អាមេរិក​​ជា​ផ្លូវការ​ហើយ

    លោក Joe Biden ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​ចំនួន 320សំឡេង នៅក្នុង​ការបោះឆ្នោត​កាលពី​ម្សិលមិញ (14ធ្នូ 2020) របស់​ក្រុម​អ្នកតំណាង​ម្ចាស់ឆ្នោត ដែល​នេះ​បានធ្វើឱ្យ​លោក ក្លាយជា​ប្រធានាធិបតី​អាមេរិក​ជា​ផ្លូវការ​សម្រាប់​អាណត្តិ​ថ្មី​នេះ។

    អ្នកតំណាង​ម្ចាស់ឆ្នោត​ចំនួន 4រូប របស់​រដ្ឋ Hawaii កាលពី​រសៀល​ថ្ងៃទី 14ធ្នូ (ព្រឹក​ថ្ងៃទី 15ធ្នូ នៅ​កម្ពុជា) បាន​បោះឆ្នោត​ក្រោយ​គេ​នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​ដោយផ្ទាល់ ដែល​នេះ​បានបញ្ចប់​រដូវ​បោះឆ្នោត​ឆ្នាំ 2020 ជា​ផ្លូវការ។ លទ្ធផល​ចុងក្រោយ​នៃ​ការបោះឆ្នោត​របស់​ក្រុម​អ្នកតំណាង​ម្ចាស់ឆ្នោត​នេះ បង្ហាញថា លោក Joe Biden ទទួលបាន 306សំឡេងគាំទ្រ ខណៈ​ប្រធានាធិបតី Donald Trump ទ​ទួ​បាល 232សំឡេង។

    ជាមួយនឹង​លទ្ធផល​នេះ លោក Biden បានទទួល​ជ័យជំនះ​នៅ​ចំពោះមុខ​លោក Trump បើទោះជា​មានការ​ប្រឹងប្រែង​ដើម្បី​កែប្រែ​លទ្ធផល​នៃ​ការបោះឆ្នោត​ពី​សំណាក់​ម្ចាស់​សេត​វិមាន​ក៏ដោយ។

    លោក Trump និង​ក្រុម​របស់លោក ធ្លាប់បាន​សង្ឃឹមថា នឹង​រកបាន​សំឡេងឆ្នោត​គ្រប់គ្រាន់ ពី «តំណាង​ម្ចាស់ឆ្នោត​ប្រឆាំង» ដែលជា​ក្រុមតំណាងរាស្ត្រ​បោះឆ្នោត​ខុសពី​កិច្ចសន្យា​ដំបូង​របស់ខ្លួន ដើម្បី​កែប្រែ​លទ្ធផល​នៃ​ការបោះឆ្នោត​សកល។ ក៏ប៉ុន្តែ នៅក្នុង​ការបោះឆ្នោត​ចុងក្រោយ​នេះ ពុំមាន​តំណាង​ម្ចាស់ឆ្នោត​ណា​ម្នាក់​ក្លាយជា «តំណាង​ម្ចាស់ឆ្នោត​ប្រឆាំង» នោះទេ៕

    ប្រភព៖ Reuters