សមត្ថកិច្ចបានរកឃើញ DNA នៃបំណែកសាកសពនៅក្នុងកន្លែងកើតហេតុ និងពិនិត្យឃើញថា វាដូចទៅនឹង DNA របស់ Anthony Quinn Warner។ ប្រការនេះបានជួយបញ្ជាក់បន្ថែមទៅលើការសង្ស័យមុននេះថា Warner អាចជាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត។ ក៏ប៉ុន្តែ សមត្ថកិច្ចនៅតែមិនទាន់ដឹងអំពីគោលបំណងពិតប្រាកដរបស់ជនសង្ស័យ Warner នៅឡើយ។ សមត្ថកិច្ចកំពុងបន្តការស្រាវជ្រាវស៊ីជម្រៅបន្ថែមទៀត។
កាលពីពេលកន្លងទៅថ្មីៗនេះ Warner បានជូនអំណោយជារថយន្ត និងនិយាយប្រាប់អ្នកទទួលថា គាត់ត្រូវបានគ្រូពេទ្យពិនិត្យឃើញថា មានរោគមហារីក។ Warner ក៏បានជូនអំណោយជាផ្ទុះមួយខ្នងនៅជាយក្រុងដល់ស្ត្រីម្នាក់នៅ Los Angeles កាលពីមួយខែមុនការបំផ្ទុះគ្រាប់បែក។ គាត់បានរស់នៅក្នុងផ្ទះនេះអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។
Warner ធ្លាប់ជាអ្នកឯកទេសខាងកុំព្យូទ័រ ដែលធ្វើការឱ្យក្រុមហ៊ុនអចលនទ្រព្យមួយ ប៉ុន្តែ បានសុំឈប់កាលពីដើមខែនេះ។ បុរសនេះក៏ធ្លាប់ត្រូវបានចាប់ខ្លួនកាលពីឆ្នាំ 1978 ទាក់ទិននឹងរឿងកញ្ឆា។
ប្រធានាធិបតីជាប់ឆ្នោត លោក Joe Biden បានហៅការណីបំផ្ទុះគ្រាប់បែកនេះថា ជា «ការរំលឹកអំពីកម្លាំងបំផ្លាញដែលបុគ្គលមួយរូប ឬក្រុមតូចមួយអាចធ្វើបាន ខណៈដែលលោក Trump មិនបានបញ្ចេញមតិជាសាធារណៈ ប៉ុន្តែបានពិភាក្សាជាមួយអភិបាលរដ្ឋ Tennessee លោក Bill Lee និងស្នើឱ្យមានជំនួយជាបន្ទាន់៕