Category: អន្តរជាតិ

  • មី​យ៉ាន​ម៉ា​ផ្ដាច់​អ៊ី​ន​ធើ​ណិ​ត និង​ដាក់ពង្រាយ​រថពាសដែក​នៅ​ទីក្រុងធំៗ ក្រោយ​រដ្ឋប្រហារ​យោធា

    មី​យ៉ាន​ម៉ា​ផ្ដាច់​អ៊ី​ន​ធើ​ណិ​ត និង​ដាក់ពង្រាយ​រថពាសដែក​នៅ​ទីក្រុងធំៗ ក្រោយ​រដ្ឋប្រហារ​យោធា

    កងទ័ព​នៃ​ប្រទេស​មី​យ៉ាន​ម៉ា​បាននិងកំពុង​ដាក់ពង្រាយ​រថពាសដែក​ដើម្បី​ទប់ទល់​នឹង​ក្រុមបាតុករ​នៅក្នុង​បណ្ដា​ទីក្រុងធំៗ ព្រមទាំង​បាន​កាត់ផ្ដាច់​សេវា​អ៊ី​ន​ធើ​ណិ​តតាំង​ពី​វេលា​ទៀបភ្លឺ​ថ្ងៃទី 15 កុម្ភៈ​នេះ។

    អ្នកប្រើប្រាស់​សេវាកម្ម​ទូរគមនាគមន៍​នៃ​ក្រុមហ៊ុន​ទាំង 4 របស់​មី​យ៉ាន​ម៉ា មិនអាច​ប្រើ​អ៊ី​ន​ធើ​ណិ​ត​បាន​ចាប់ពី​វេលា​ម៉ោង 1 ទៀបភ្លឺ​នៃ​ថ្ងៃទី 15 កុម្ភៈ (ប្រហែល​ម៉ោង 1និង30នាទី​នៅ​ភ្នំពេញ)។ នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃក្រោយ​ការធ្វើ​រដ្ឋប្រហារ អ៊ី​ន​ធើ​ណិ​ត​នៅ​ប្រទេស​នេះ​ក៏​ត្រូវបាន​កាត់ផ្ដាច់​នៅ​ទូទាំង​ពិភពលោក។

    Alex Warofka ប្រធាន​ផ្នែក​គោលនយោបាយ​សិទ្ធិមនុស្ស និង​សេរីភាព​បញ្ចេញមតិ​ប្រចាំ Facebook បាន​និយាយថា អ៊ី​ន​ធើ​ណិ​ត​អាច​ត្រូវបាន​ផ្ដាច់​រហូតដល់​ម៉ោង 9 ព្រឹក​នេះ (ម៉ោង 9និង30នាទី​ព្រឹក​នៅ​ភ្នំពេញ)។

    កាលពី​យប់​ថ្ងៃទី 14 កន្លងទៅ បាតុកម្ម​ទី 9 ត្រូវបាន​ធ្វើឡើង​នៅ​មី​យ៉ាន​ម៉ា ទន្ទឹមនឹងនេះ គេ​ក៏​ឃើញ​មាន​រថពាសដែក​ជាច្រើន​គ្រឿង​បង្ហាញ​វត្ត​មាននៅ​ទីក្រុង Yangon, Myitkyina និង​ទីក្រុង Sittwe។ នេះ​គឺជា​លើកដំបូង​ហើយ​ដែល​រថពាសដែក​ត្រូវបាន​ដាក់ពង្រាយ​ទ្រង់ទ្រាយ​ធំ​បែបនេះ រាប់​ចាប់ពី​រដ្ឋប្រហារ​នៅ​ថ្ងៃទី 1 កុម្ភៈ។ ក្នុង​ថ្ងៃ​ម្សិលមិញ កងកម្លាំង​សន្តិសុខ​មី​យ៉ាន​ម៉ា​ក៏បាន​ផ្ទុះអាវុធ​ដើម្បី​រំសាយ​បាតុកម្ម​នៅ​ខាងក្រៅ​រោងចក្រ​មួយ​នៅ​ទីក្រុង Myitkyina ប៉ុន្តែ​មិនបាន​ដឹង​ច្បាស់​ថា ពួកគេ​ប្រើប្រាស់​គ្រាប់កាំភ្លើង​ពិត ឬ​ជ័រ​នោះទេ។ សារព័ត៌មាន 74 Media បានចេញ​ផ្សាយ​ថា អាជ្ញាធរ​បាន​ចាប់ខ្លួន​អ្នកកាសែត​ចំនួន 5 នាក់ ក្រោយ​ការផ្ទុះអាវុធ។

    ថ្ងៃទី 15 កុម្ភៈ​នេះ រថយន្ត​ដឹក​ប៉ូលិស​ជាង 10 គ្រឿង និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន 4 គ្រឿង ត្រូវបាន​ដាក់ពង្រាយ​នៅក្បែរ​វត្ត Sule ក្នុង​ទីក្រុង Yangon ដែលជា​ទីតាំង​មាន​បាតុកម្ម​ដ៏​ធំ​មួយ។

    កាលពី​ថ្ងៃទី 14 កុម្ភៈ ស្ថានទូត​របស់​បណ្ដា​ប្រទេស​លោកខាងលិច ក្នុងនោះ​មានដូចជា សហភាព​អឺរ៉ុប អង់គ្លេស កាណាដា និង​ប្រទេស​ចំនួន 11 ផ្សេងទៀត បានចេញ​សេចក្ដីប្រកាស អំពាវនាវ​ឱ្យ​កងកម្លាំង​សន្តិសុខ «គ្រប់គ្រង​អំពើហិង្សា​ប្រឆាំងនឹង​ក្រុមបាតុករ និង​ជន​ស៊ីវិល ដែល​កំពុងតែ​ជំទាស់​នឹង​ការផ្ដួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់​របស់​ពួកគេ»។

    ចំណែក​អង្គការសហប្រជាជាតិ​ក៏បាន​ចេញ​សេចក្ដីអំពាវនាវ​ដូចគ្នានេះដែរ ទន្ទឹមនឹង​ការស្នើ​ឱ្យ​កងទ័ព​មី​យ៉ាន​ម៉ា «អនុញ្ញាត​ជាបន្ទាន់» ឱ្យ​អ្នកការទូត​ស្វី​ស Christine Schraner Burgener ចូលមកក្នុង​ប្រទេស​នេះ​ដើម្បី​វាយតម្លៃ​ស្ថានការណ៍។

    កងទ័ព​មី​យ៉ាន​ម៉ា កាលពី​ថ្ងៃទី 1 កុម្ភៈ បាន​ចាប់ខ្លួន​ទីប្រឹក្សា​រដ្ឋ លោកស្រី Aung San Suu Kyi ដែលជា​មេដឹកនាំ​ជាក់ស្ដែង​របស់​ប្រទេស​នេះ រួម​នឹង​មន្ត្រីជាន់ខ្ពស់​របស់​រដ្ឋា​ភិ​បាល​ប្រទេស​នេះ​ជាច្រើនរូប​ទៀត ដោយ​ចោទប្រកាន់ថា មាន​អំពើ​លួច​បន្លំ​សន្លឹកឆ្នោត​នៅក្នុង​ការបោះឆ្នោត​សភា​កាលពី​ខែវិច្ឆិកា ឆ្នាំ 2020។ រដ្ឋប្រហារ​នេះ​បាន​នាំឱ្យមាន​បាតុកម្មធំៗជាច្រើន​កើត​ឡើងជា​បន្តបន្ទាប់ ក្នុងនោះ​ក៏មាន​ក្រុម​ពលករ​ផងដែរ៕

    ប្រភព៖ AFP

  • ព័ត៌មាន​អំពី​តួលេខ Covid-19 នៅ​កម្ពុជា និង​ពិភពលោក សម្រាប់​ព្រឹក​ថ្ងៃទី 14កុម្ភៈ

    ព័ត៌មាន​អំពី​តួលេខ Covid-19 នៅ​កម្ពុជា និង​ពិភពលោក សម្រាប់​ព្រឹក​ថ្ងៃទី 14កុម្ភៈ

    ក្រសួងសុខាភិបាល​បានឱ្យដឹងថា ក្នុងអំឡុង 24 ម៉ោង​កន្លងទៅនេះ កម្ពុជា​មិនមាន​ករណី​ឆ្លង Covid-19 ថ្មី​នោះទេ ប៉ុន្តែ ពិភពលោក​រកឃើញ​ជាង 369,240 នាក់​បន្ថែមទៀត។

    កម្ពុជា នៅ​ថ្ងៃទី 14 ខែកុម្ភៈ ឆ្នាំ 2021 នេះ បាន​រាយការណ៍​ថា អ្នកជំងឺ Covid-19 ចំនួន 3 នាក់ បានជា​សះស្បើយ ខណៈ​ករណី​ឆ្លង​ថ្មី​មិនត្រូវ​បាន​រកឃើញ​នោះទេ។ ព័ត៌មាន​បន្ថែម​អំពី​ករណី​ជាសះស្បើយ សូម​បន្ត​អាន​របាយការណ​ណ៍​រប​ស់​ក្រសួងសុខាភិបាល​ដូចខាងក្រោម។

    គិត​មកដល់​ថ្ងៃទី 14 កុម្ភៈ​នេះ កម្ពុ​ជាមាន​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប ចំនួន 479 នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ចំនួន 469 នាក់ និង​អ្នក​កំពុង​ព្យាបាល​មាន​ចំនួន 10 នាក់។

    នៅ​ទូទាំង​ពិភពលោក តួលេខ​អ្នក​វិជ្ជមាន​នឹង​វីរុស Covid-19 បាន​កើន​ដល់ 109,086,929 នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​ចំនួន 2,404,041 នាក់ និង​ជាសះស្បើយ​ចំនួន 81,110,385 នាក់។ អ្នកជំងឺ​ដែល​កំពុង​ព្យាបាល​មាន​ចំនួន 25,422,223 នាក់ ក្នុងនោះ​ក៏មាន 98,684 (0.4%) កំពុង​ប្រឈម​នឹង​ហានិភ័យ​នៃ​ការបាត់​បង់ជីវិត​ដោយសារ​មាន​អាការ​ធ្ងន់ធ្ងរ៕

  • លិច​កប៉ាល់​ដឹក​ជន​ចំណាកស្រុក​នៅ​សមុទ្រ​អ៊ីតាលី! 23នាក់​បាន​ស្លាប់​និង​បាត់​ខ្លួន

    លិច​កប៉ាល់​ដឹក​ជន​ចំណាកស្រុក​នៅ​សមុទ្រ​អ៊ីតាលី! 23នាក់​បាន​ស្លាប់​និង​បាត់​ខ្លួន

    កងទ័ពជើងទឹក​នៃ​ប្រទេស​ទុយ​នី​ស៊ី កាលពី​ថ្ងៃទី 13 កុម្ភៈ បានឱ្យដឹងថា ជនភៀសខ្លួន​ម្នាក់​បាន​ស្លាប់ និង 22 នាក់​ផ្សេងទៀត​បាន​បាត់​ខ្លួន ក្រោយពី​កប៉ាល់​ដែល​ដឹក​ពួកគេ​ត្រូវ​លិច​នៅលើ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ លើ​លម្ហ​សមុទ្រ​ក្បែរ​កោះ Lampedusa នៃ​ប្រទេស​អ៊ីតាលី។

    កងកម្លាំង​ល្បាត​សមុទ្រ​ទុយ​នី​ស៊ី សង្គ្រោះ​មនុស្ស​បាន 25 នាក់ ក្នុងនោះ​មាន​ស្ត្រី​ចំនួន 6នាក់​ផងដែរ។ ប៉ុន្តែ អាកាសធាតុ​មិន​អំណោយផល​បាន​រំខាន​ដល់​សកម្មភាព​ជួយសង្គ្រោះ ដែល​ត្រូវបាន​ធ្វើឡើង​នៅ​តំបន់​កើតហេតុ ចម្ងាយ​ប្រហែល 100 គីឡូ​ម៉ែត្រ​ទៅ​ទិស​ពាយព្យ​នៃ​កោះ Lampedusa។

    ក្រុម​ជនភៀសខ្លួន​បានឱ្យដឹងថា នៅលើ​កប៉ាល់​ដែល​ជួប​គ្រោះថ្នាក់ មាន​មនុស្ស​ចំនួន 48 នាក់។ ពួកគេ​ចេញដំណើរ​កាលពី​ថ្ងៃទី 12 កុម្ភៈ ពី​តំបន់ Sidi Mansour នៃ​ខេត្ត Sfax របស់​ប្រទេស​ទុយ​នី​ស៊ី។

    ប្រទេស​ទុយ​នី​ស៊ី ដែលមាន​ចម្ងាយ​ពី​ទ្វីបអឺរ៉ុប​តែ​ប៉ុន្មាន​រយ​គីឡូម៉ែត្រ​ប៉ុណ្ណោះ តាំងពី​យូរ​មកហើយ​ត្រូវបាន​ចាត់ទុកថា​ជា​កន្លែង​ចេញដំណើរ​ដ៏​ល្អ​សម្រាប់​ក្រុម​ជន​ចំណាកស្រុក​ខុសច្បាប់​ដែលមាន​បំណង​ទៅកាន់​ទ្វីបអឺរ៉ុប។ យោងតាម​អង្គភាព​គ្រប់គ្រង​ព្រំដែន​របស់​សហភាព​អឺរ៉ុប (Frontex) តួលេខ​ជន​ចំណាកស្រុក​ពី​ទុយ​នី​ស៊ី​ដែល​ឆ្លងកាត់​សមុទ្រ​ចូលមក​ទ្វីប​នេះ បាន​កើនឡើង​ជាថ្មី​ក្នុង​ឆ្នាំ 2020៕

    ប្រភព៖ Alarabiya

  • Covid-19 នៅ​កម្ពុជា និង​ពិភពលោក សម្រាប់​ព្រឹក​ថ្ងៃទី 13កុម្ភៈ 2021

    Covid-19 នៅ​កម្ពុជា និង​ពិភពលោក សម្រាប់​ព្រឹក​ថ្ងៃទី 13កុម្ភៈ 2021

    កម្ពុជា​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 479 នាក់ ខណៈ​ពិភពលោក​មាន​ដល់​ទៅ​ជាង 108,702,000 នាក់។

    នា​ព្រឹក​ថ្ងៃទី 13 ខែកុម្ភៈ ឆ្នាំ 2021 នេះ កម្ពុជា​ប្រកាសថា មិនមាន​ករណី​វិជ្ជមាន​នឹង​វ​វីរុស Covid-19 នោះទេ នៅក្នុង​រយៈពេល 24 ម៉ោង​កន្លងទៅនេះ ប៉ុន្តែ​មាន​ករណី​ជាសះស្បើយ​ចំនួន 3 នាក់ ដែលជា​ករណី​នាំចូល។

    គិត​មកដល់​ព្រឹក​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 479 នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ចំនួន 466 នាក់ និង​អ្នក​កំពុង​ព្យាបាល​មាន​ចំនួន 13 នាក់។

    នៅ​ទូទាំង​ពិ​ភ​លោក ករណី​វិជ្ជមាន​សរុប​ដែល​ត្រូវបាន​រកឃើញ​រហូត​មក​ដល់​បច្ចុប្បន្ន​ បាន​កើន​ដល់ 108,702,262 នាក់ ក្នុងនោះ​មាន 2,392,289 នាក់​បាន​ស្លាប់ និង 80,699,756 នាក់​បានជា​សះស្បើយ។ បច្ចុប្បន្ន​មាន​អ្នកជំងឺ 25,460,454 នាក់​កំពុង​សម្រាក​ព្យាបាល ក្នុងចំណោម​នេះដែរ មាន​អ្នកជំងឺ 99,809 នាក់ មាន​អាការ​ធ្ងន់ធ្ងរ​ដែល​អាច​បាត់បង់​ជីវិត៕

  • រញ្ជួយ​ដី​កម្លាំង 58រ៉ិ​ច​ទ័​រ នៅ​តំបន់​ព្រំដែន​របស់​តា​ហ្ស៊ី​គិ​ស្ថាន-ចិន

    រញ្ជួយ​ដី​កម្លាំង 58រ៉ិ​ច​ទ័​រ នៅ​តំបន់​ព្រំដែន​របស់​តា​ហ្ស៊ី​គិ​ស្ថាន-ចិន

    មជ្ឈមណ្ឌល​ស្រាវជ្រាវ​ភូមិសាស្ត្រ (GFZ) របស់​ប្រទេស​អាល្លឺម៉ង់ បានប្រកាសថា មាន​រញ្ជួយ​ដី​មួយ​ករណី​ដែលមាន​កម្លាំង 5.8 រ៉ិច​ទ័​រ កើតឡើង​នៅ​តំបន់​ព្រំដែន​រវាង​ប្រទេស​តា​ហ្ស៊ី​គិ​ស្ថាន និង​តំបន់​ស៊ីន​ជាំ​ង (ចិន) កាលពី​យប់​ថ្ងៃទី 12 កុម្ភៈ (ម៉ោង​ក្នុងស្រុក)។

    យោងតាម​មជ្ឈមណ្ឌល GFZ គ្រោះធម្មជាតិ​រញ្ជួយ​ដី​នេះ ស្ថិតនៅក្នុង​ជម្រៅ​ប្រមាណ 100 គីឡូម៉ែត្រ​ក្រោយ​ដី។

    បច្ចុប្បន្ន​មិន​ទាន់​មាន​​ព័ត៌មាន​ទាក់ទង​នឹង​ការខូចខាត​ចំពោះ​ទ្រព្យសម្បត្តិ និង​មនុស្ស​ដែល​បង្កឡើង​ដោយ​ការរញ្ជួយ​ដី​នេះ​នៅឡើយ។

    ប្រភព​៖ Volcanodiscovery

  • អាស៊ី​ទទួល​អំណរ​បុណ្យចូលឆ្នាំថ្មី​ចន្ទគតិ 2021 ក្នុង​រលក Covid-19

    អាស៊ី​ទទួល​អំណរ​បុណ្យចូលឆ្នាំថ្មី​ចន្ទគតិ 2021 ក្នុង​រលក Covid-19

    ពិធីបុណ្យ​ចូលឆ្នាំថ្មី​នៃ​ចន្ទគតិ ឆ្នាំ 2021 នៃ​បណ្ដា​ប្រទេស​នៅ​ទ្វីបអាស៊ី សុទ្ធតែ​ត្រូវបាន​ធ្វើឡើង​ដោយ​ការប្រុងប្រយ័ត្ន​ខ្ពស់ ព្រោះតែ​ផលប៉ះពាល់​ពី​រោគរាតត្បាត Covid-19។

    អាស៊ី​ឆ្នាំនេះ ទទួល​អំណរ​បុណ្យចូលឆ្នាំថ្មី ឆ្នាំឆ្លូវ ចន្ទគតិ នៅក្នុង​គ្រា​ដែល​ប្រទេស​ជាច្រើន​កំពុង​ប្រឈម​នឹង​រលក​ថ្មី​នៃ​ការឆ្លង​វីរុស Covid-19 នាំឱ្យមាន​វិធានការ​ទប់ស្កាត់​ជាច្រើន​ត្រូវបាន​ដាក់ចេញ។

    រូប​ភាព​ខាង​លើ​គឺជា​ទិដ្ឋភាព​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន ឬ​ចូលឆ្នាំ​ចន្ទគតិ ឆ្នាំ 2021 នៅឯ​វិហារ Boen San Bio ក្នុង​តំបន់ Tangerang រដ្ឋធានី ចា​ការ​តា (Jakarta) ប្រទេស​ឥណ្ឌូនេស៊ី។

    ទិដ្ឋភាព​នៅ​វិហារ​មួយ​ក្នុង​រដ្ឋធានី​តៃប៉ិ នៃ​កោះ​តៃវ៉ាន់ ក្នុងពេល​បាញ់​កាំជ្រួច​នៅក្នុង​យប់​ឆ្លង​ឆ្នាំ កាលពី​ម្សិលមិញ។

    មេដឹកនាំ​កូរ៉េខាងជើង លោក Kim Jong-un និង​ក្រុមមន្ត្រី​រដ្ឋាភិបាល កំពុង​ទស្សនា​ការសំដែង​មួយ​នៅក្នុង​ពិធី​ទទួល​ឆ្នាំ​ថ្មី។ រូបភាព​នេះ​ត្រូវបាន​ចុះផ្សាយ​កាលពី​ថ្ងៃទី 12 កុម្ភៈ ដោយសារ​ព័ត៌មាន​ក្នុងស្រុក។

    សាច់ញាតិ​របស់​ជនភៀសខ្លួន​កូរ៉េខាងជើង រៀបចំ​ទី​សក្ការ​បូជា ដើម្បី​ប្រារព្ធ​ពិធី​រំ​លឹ​ក​វិញ្ញាណក្ខន្ធ​បុព្វការី​ នៅក្បែរ​តំបន់​គ្មាន​កងទ័ព (DMZ) នា​ទីក្រុង Paju កូរ៉េ​ខាង​ត្បុ​ង កាលពី​ថ្ងៃទី 12 កុម្ភៈ។

    ទិដ្ឋភាព​មួយ​នៅក្នុង​ពិធីបុណ្យ​ទន្លេ Hongbao ជា​ផ្នែក​មួយ​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន ដែល​ត្រូវបាន​ធ្វើឡើង​នៅ​ប្រទេស​សិង្ហ​បុរី។

    ទិដ្ឋភាព​មួយ​ផ្សេងទៀត នៅក្នុង​ពិធីបុណ្យ​ទន្លេ Hongbao នៅ​ប្រទេស​សិង្ហ​បុរី។

    ទិដ្ឋភាព​មួយ​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី 11 ខែកុម្ភៈ ឆ្នាំ 2021។

    ទិដ្ឋភាព​មួយ​ផ្សេងទៀត នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី 11 ខែកុម្ភៈ ឆ្នាំ 2021។

    ​អាកាសយានដ្ឋាន​អន្តរជាតិ Wuhan នៃ​ប្រទេស​ចិន កាលពី​ថ្ងៃទី 11 កុម្ភៈ (ថ្ងៃ​ចុង​ឆ្នាំជូត)។

    ជន​ជាតិចិន​ជាច្រើន ត្រូវ​បង្ខំចិត្ត ជួបជុំ​គ្រួសារ​ពី​ចម្ងាយ តាមរយៈ​អ៊ី​ន​ធើ​ណិ​ត ដោយសារ​បញ្ហា Covid-19។

    ពលរដ្ឋ​ជាប់សែស្រឡាយ​ចិន​នៅ​រាជធានី​បាងកក ប្រទេស​ថៃ មក​អុជ​ទៀន ធូប នៅក្នុង​វត្ត Wat Mongkol Samakhom មុនពេល​ឆ្លង​ឆ្នាំ។

    ទិដ្ឋ​ភាព​ក្រុម​ម៉ុង​សៃចិន​ កំពុង​សំដែង​​នៅ​ក្នុង​ព្រះរាជវាំង​នា​រាជធានី​ភ្នំ​ពេញ​ កាលពី​ថ្ងៃទី 11​ កុម្ភៈ ឆ្នាំ​ 2021។ រូប​ភាព​នេះ​ថត​ដោយ​ Gao Bingnan មក​ពី​សារ​ព័ត៌មាន​ Xinhua៕

    ប្រភព៖ AFP, Reuters, AP, Xinhua

  • ស្អាត ហួសនឹងបរិយាយ! ទិដ្ឋ​ភាព​ពន្លឺភ្លើងពណ៌នាពេលរាត្រី ស្វាគមន៍បុណ្យចូលឆ្នាំចិន ឆ្នាំឆ្លូវ

    ស្អាត ហួសនឹងបរិយាយ! ទិដ្ឋ​ភាព​ពន្លឺភ្លើងពណ៌នាពេលរាត្រី ស្វាគមន៍បុណ្យចូលឆ្នាំចិន ឆ្នាំឆ្លូវ

    ទស្សនាបរិយាកាសនាពេលរាត្រី ខណៈរដូវកាលបុណ្យចូលឆ្នាំចិន បានរំកិលខ្លួនចូលមក បណ្ដាអគារខ្ពស់ៗ និងផ្ទះសំបែងទាំងឡាយ នៅក្នុងប្រទេសចិន សុទ្ធតែមានរៀបចំប្រដាប់តុបតែង លម្អដោយភ្លើងពណ៌ ភ្លឺចិញ្ចាញ ដោយក្ដីសង្ឃឹមថា ជីវិតនឹងរឹតតែល្អប្រសើរឡើង ក្នុងឆ្នាំថ្មីនេះ តាមប្រតិទិនចន្ទគតិ៕

    https://www.youtube.com/watch?v=ARL7rptFXWs

    ប្រភព៖ XINHUA NEWS
    ប្រែ និងសម្រួលដោយ ទិទីតំតាតូ

  • អាមេរិក​ដាក់ទណ្ឌកម្ម​លើ​អគ្គ​មេ​បញ្ជា​ការ​​កងទ័ព​មី​យ៉ាន​ម៉ា

    អាមេរិក​ដាក់ទណ្ឌកម្ម​លើ​អគ្គ​មេ​បញ្ជា​ការ​​កងទ័ព​មី​យ៉ាន​ម៉ា

    សហរដ្ឋអាមេរិក​ចេញ​បញ្ជា​ឱ្យ​ដាក់ទណ្ឌកម្ម​ចំពោះ​អគ្គមេបញ្ជាការ​កងទ័ព​របស់​ប្រទេស​មី​យ៉ាន​ម៉ា លោក​ឧត្ដមសេនីយ៍ Min Aung Hlaing រួម​នឹង​មេបញ្ជាការ​កងទ័ព​ជាច្រើនរូប​ទៀត ដោយសារតែ​អំពើ​រដ្ឋប្រហារ​កាលពីដើម​ខែ​នេះ។

    ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក កាលពី​ថ្ងៃទី 11 កុម្ភៈ បានប្រកាសថា វិធានការ​ដាក់ទណ្ឌកម្ម​ថ្មី​នេះ សំដៅលើ​ក្រុមមន្ត្រី​យោធា​ជាន់ខ្ពស់​របស់​មី​យ៉ាន​ម៉ា ដែលជា​អ្នកដឹកនាំ​រដ្ឋប្រហារ​ទ​ម្លា​ក់​រដ្ឋាភិបាល​ស្របច្បាប់​របស់លោក​ស្រី Aung San Suu Kyi កាលពី​ថ្ងៃទី 1 ខែកុម្ភៈ ឆ្នាំ 2021។ មុន​នោះ ប្រធានាធិបតី​អាមេរិក លោក Joe Biden ក៏បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​មួយ​ដែល​អនុញ្ញាតឱ្យ​ក្រសួង​ហិរញ្ញវត្ថុ​ដាក់ទណ្ឌកម្ម​ទៅលើ​ក្រុមមន្ត្រី​យោធា​ជាន់ខ្ពស់​មី​យ៉ាន​ម៉ា និង​ក្រុមគ្រួសារ​របស់​ពួកគេ ទាក់ទិន​នឹង​អំពើ​រដ្ឋប្រហារ។

    «ក្រសួង​ហិរញ្ញវត្ថុ​បានកំណត់​យក​មន្ត្រី​យោធា​ចំនួន 10 នាក់ បូករួម​ទាំង​អ្នក​កំពុងកាន់​អំណាច ទាំង​អ្នក​បាន​ចូលនិវត្តន៍ ដែល​ពួកគេ​ទទួលខុសត្រូវ​ចំពោះ​រដ្ឋ​ប្រហារ​កាលពី​ថ្ងៃទី 1 កុម្ភៈ ឬ​ជាម​នុស្ស​ដែលមាន​ទំនាក់ទំនង​ជាមួយ​រប​ប​សឹក​មី​យ៉ាន​ម៉ា» ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​ប្រកាស​ដូច្នេះ។

    អគ្គមេបញ្ជាការ​កង​ទ័ព​របស់​មីយ៉ាន​ម៉ា លោក Min Aung Hliang

    នៅក្នុង​បញ្ជី​ឈ្មោះ​ក្រុមមន្ត្រី​យោធា​ដែល​ត្រូវបាន​អាមេរិក​ដាក់ទណ្ឌកម្ម​ក៏មាន​ឈ្មោះ​របស់​អគ្គមេបញ្ជាកា​រ​កងទ័ព​មី​យ៉ាន​ម៉ា លោក Min Aung Hlaing រួម​នឹង​អគ្គមេបញ្ជាការ​រង​រប​ស់លោក ឈ្មោះ Soe Win និង​សមាជិក​ចំនួន 4 នាក់​មកពី​ក្រុមប្រឹក្សា​គ្រប់គ្រង​ប្រទេស​របស់​មី​យ៉ាន​ម៉ា​ផងដែរ។

    ក្រុមមន្ត្រី​យោធា​ដែល​ត្រូវ​រង​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​នេះ នឹង​ត្រូវបាន​រារាំង​មិនឱ្យ​ប្រើប្រាស់​ខ្ទង់​ប្រា​ក់ជាង 1 ពាន់​លាន​ដុល្លារ​ដែល​មី​យ៉ាន​ម៉ា​បាន​ផ្ញើ​នៅ​សហរដ្ឋអាមេរិក។ ទណ្ឌកម្ម​នេះ​ក៏​ជះឥទ្ធិពល​ដល់​ក្រុមហ៊ុន​នានា​របស់​មី​យ៉ាន​ម៉ា មានដូចជា ក្រុមហ៊ុន Myanmar Ruby និង Myanmar Imperial Jade រួម​នឹង​បណ្ដា​ក្រុមហ៊ុន​ដទៃទៀត​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ។

    កងទ័ព​មី​យ៉ាន​ម៉ា បាន​ចោទប្រកាន់ថា​មាន​អំពើ​លួច​បន្លំ​សន្លឹកឆ្នោត​នៅក្នុង​ការបោះឆ្នោត​កាលពី​ចុងឆ្នាំ 2020 ដែល​ជ័យ​ជំនះបាន​ទៅលើ​បក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) របស់​ទីប្រឹក្សា​រដ្ឋ លោកស្រី Aung San Suu Kyi។ នេះ​គឺជា​មូលហេតុ​ដែល​កងទ័ព​មី​យ៉ាន​ម៉ា​ប្រើប្រាស់​ដើម្បី​ធ្វើ​រដ្ឋប្រហារ​យោធា៕

    ប្រភព៖ Al Jazeera

  • ស្លាប់​ជាង 486,900នាក់​ដោយសារ Covid-19 អាមេរិក​ទិញ​វ៉ាក់សាំង​ចំនួន 200លាន​ដូ​ស​បន្ថែមទៀត

    ស្លាប់​ជាង 486,900នាក់​ដោយសារ Covid-19 អាមេរិក​ទិញ​វ៉ាក់សាំង​ចំនួន 200លាន​ដូ​ស​បន្ថែមទៀត

    សហរដ្ឋអាមេរិក​គឺជា​តំបន់​សម្បុក​វីរុស Covid-19 ធំជាងគេ​បង្អស់​នៅ​​ក្នុង​ពិភពលោក ដោយមាន​ករណី​វិជ្ជមាន​សរុប​ចំនួន 28,000,788 នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​ចំនួន 486,914 នាក់។ ក្នុង​រយៈពេល 24 ម៉ោង​កន្លងទៅនេះ អាមេរិក​បាន​រកឃើញ​ករណី​ឆ្លង​ថ្មី​ចំនួន 93,199 នាក់ និង​អ្នកស្លាប់​ថ្មី​ចំនួន 2,657 នាក់។

    ប្រធានាធិបតី Joe Biden កាលពី​ថ្ងៃទី 11 កុម្ភៈ បានឱ្យដឹងថា សហរដ្ឋអាមេរិក​បាន​ចុះហត្ថលេខា​ទិញ​វ៉ាក់សាំង​ប្រឆាំង Covid-19 ចំនួន 200 លាន​ដូ​ស​បន្ថែមទៀត និង​កំពុងតែ​រៀបចំ​សម្រាប់​ផ្ដល់​វ៉ាក់សាំង​ឱ្យបាន​គ្រប់គ្រាន់​សម្រាប់​ពលរដ្ឋ​ចំនួន 300 លាន​នាក់​នៅ​ចុងខែ​កក្កដា ឆ្នាំ 2021។

    «ក្នុង​រយៈពេល​បី​សប្ដាហ៍​កន្លងមក ដោយ​ការធ្វើការ​ទាំងយប់​ថ្ងៃ​ជាមួយនឹង​មនុស្ស​នៅ​ពីក្រោយ និង​នៅខាងមុខ​ជាច្រើន​នាក់ យើង​ក៏បាន​ទិញ​វ៉ាក់សាំង​គ្រប់​ចំនួន​សម្រាប់​ចាក់ឱ្យ​ពលរដ្ឋ​ទាំងអស់​របស់​សហរដ្ឋ​អាមេរិក ហើយ​ពេលនេះ​យើង​នឹង​ប្រឹងប្រែង​ចាក់​ជូន​ពលរដ្ឋ​រាប់លាន​នាក់» លោក Biden ថ្លែង​ពី​វិទ្យាស្ថាន​ជាតិ​សុខាភិបាល។

    លោក​បន្ថែមថា «នៅ​រសៀល​នេះ យើង​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចុងក្រោយ​ដើម្បី​ទិញ​វ៉ាក់សាំង​ចំនួន 100 លាន​ដូ​ស​ពី Moderna និង 100 លាន​ដូ​ស​ពី Pfizer»។

    យោងតាម​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ទប់ស្កាត់​រោគ​ឆ្លង​អាមេរិក (CDC) ជា​មធ្យម វ៉ាក់សាំង​ប្រឆាំង Covid-19 ចំនួន 1.49 លាន​ដូ​ស ត្រូវបាន​ចាក់​ជា​រៀងរាល់ថ្ងៃ​កាលពី​សប្ដាហ៍​មុន។

    ដោយឡែក នៅ​ទូទាំង​ពិភពលោក Covid-19 បានសម្លាប់​អ្នកជំងឺ​សរុប​ចំនួន 2,377,196 នាក់ និង​អ្នក​កំពុង​ផ្ទុក​វីរុស​ចំនួន 25,439,999 នាក់ នៅក្នុង​ចំណោម​អ្នក​បាន​ឆ្លង​សរុប​ចំនួន 108,278,235 នាក់ ខណៈ​អ្នកជំងឺ​បានជា​សះស្បើយ​មាន​ចំនួន 80,311,739 នាក់៕

    ប្រភព​៖ Reuters, CNN, AFP

  • អាមេរិក​ដាក់ទណ្ឌកម្ម​ថ្មី​លើ​ក្រុម​ឧត្ដមសេនីយ៍​មី​យ៉ាន​ម៉ា ក្រោយ​រដ្ឋប្រហារ​របស់​កងទ័ព

    អាមេរិក​ដាក់ទណ្ឌកម្ម​ថ្មី​លើ​ក្រុម​ឧត្ដមសេនីយ៍​មី​យ៉ាន​ម៉ា ក្រោយ​រដ្ឋប្រហារ​របស់​កងទ័ព

    ប្រធានាធិបតី​អាមេរិក​បានចេញ​បទបញ្ជា​មួយ​ដែល​បើកផ្លូវ​ឱ្យ​រដ្ឋាភិបាល​អាមេរិក​ចាប់ផ្ដើម​ចាត់វិធានការ​ដាក់ទណ្ឌកម្ម​ថ្មី​នានា​របស់​ប្រទេស​នេះ ប្រឆាំងនឹង​ក្រុម​មេដឹកនាំ​យោធា​មី​យ៉ាន​ម៉ា បន្ទាន់​ពី​ការធ្វើ​រដ្ឋប្រហារ​របស់​កងទ័ព​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ។

    កាលពី​ថ្ងៃទី 10 កុម្ភៈ ប្រធានាធិបតី Joe Biden បានឱ្យដឹងថា បទបញ្ជា​នេះ​នឹង​អនុញ្ញាតឱ្យ​រដ្ឋាភិបាលរ​ប​ស់លោក «ចាប់ផ្ដើម​ការដាក់ទណ្ឌកម្មភ្លាមៗទៅលើ​ក្រុម​មេដឹកនាំ​យោធា​ដែល​បាន​ដឹកនាំ​រដ្ឋប្រហារ និង​ផលប្រយោជន៍​ផ្នែក​ជំនួញ​របស់​ពួកគេ ក៏ដូចជា​សមាជិកគ្រួសា​រ​របស់​ពួកគេ»។

    លោក Biden និង​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក មិនទាន់បាន​អធិប្បាយ​ឱ្យបាន​ច្បាស់លាស់​ថា ក្រុមមន្ត្រី​ណាខ្លះ​នឹងត្រូវ​រង​ទណ្ឌកម្ម ឬ​ដាក់ទណ្ឌកម្ម​ដោយ​វិធី​ណា​នៅឡើយ។ ប៉ុន្តែ លោក Biden សន្យាថា​នឹង​ត្រួតពិនិត្យ​លើ​ការនាំចេញ និង​ទប់ស្កាត់​ក្រុម​ឧត្ដមសេនីយ៍​ប្រើប្រាស់​ខ្ទង់​ប្រាក់ 1 ពាន់​លាន​ដុល្លារ​របស់​រដ្ឋាភិបាល​មី​យ៉ាន​ម៉ា​ដែល​ត្រូវបាន​រក្សាទុក​នៅ​សហរដ្ឋអាមេរិក។

    យ៉ាងនេះ​ក្ដី អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​អាមេរិក Ned Price ឱ្យដឹងថា ព័ត៌មាន​លម្អិត​អំពី​ការដាក់ទណ្ឌកម្ម​ថ្មី​នឹងត្រូវ​បានប្រកាស​នៅក្នុង​សប្ដាហ៍​នេះ។

    សូម​រំលឹកថា កងទ័ព​មី​យ៉ាន​ម៉ា កាលពី​ថ្ងៃទី 1 កុម្ភៈ បាន​ឆ្មក់​ចូលចាប់​ខ្លួន​ក្រុម​មេដឹកនាំ​របស់​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) ដែលមាន​ដូចជា ទីប្រឹក្សា​រដ្ឋ លោកស្រី Aung San Suu Kyi និង​ប្រធានាធិបតី Win Myint ជាដើម។ កង​រថពាសដែក និង​ទាហាន​មី​យ៉ាន​ម៉ា ក្រោយមក​ក៏ត្រូវ​បានដាក់​ពង្រាយ​យ៉ាង​ឆាប់រហ័ស​ទៅកាន់​ទីក្រុងធំៗរបស់​ប្រទេស​នេះ។ មូលហេតុ​នៃ​ការធ្វើ​រដ្ឋប្រហារ​នេះ ត្រូវបាន​កងទ័ព​និយាយថា ដើម្បី​ប្រឆាំងនឹង​ការដែល​អាជ្ញាធរ​មិនបាន​ដោះស្រាយ​បញ្ហា​ទាក់ទង​នឹង​ការលួចបន្លំ​សន្លឹកឆ្នោត​នៅក្នុង​ការបោះឆ្នោត​សភា​កាលពី​ចុងឆ្នាំ 2020៕

    ប្រភព៖ Reuters