Category: អន្តរជាតិ

  • ជប៉ុន​ពិភាក្សា​អំពី​បញ្ហា​ស្នង​រាជ​របស់​ក្ស​ត្រី ដើម្បី​ធានា​ស្ថិរភាព​រាជបល្ល័ង្ក​នៃ​ប្រទេស​នេះ

    ជប៉ុន​ពិភាក្សា​អំពី​បញ្ហា​ស្នង​រាជ​របស់​ក្ស​ត្រី ដើម្បី​ធានា​ស្ថិរភាព​រាជបល្ល័ង្ក​នៃ​ប្រទេស​នេះ

    ប្រទេស​ជប៉ុន​បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​ជា​ផ្លូវការ​ដើម្បី​ស្វែងរក​វិធីសាស្ត្រ​នានា​ក្នុង​បំណង​ធានា​លើ​បញ្ហា​ស្នង​រាជបល្ល័ង្ក ក្នុងនោះ​ក៏មាន​ទាំង​ការអនុញ្ញាតឱ្យ​ក្ស​ត្រី​មាន​សិទ្ធិ​ឡើង​គ្រង​រាជ​ផងដែរ ក្នុង​គ្រា​ដែល​ប្រទេស​នេះ​មាន​បេក្ខភាព​ស្នង​រាជ​តិចទៅ។

    យោងតាម​សារព័ត៌មាន Kyodo News ដើម្បី​ធានា​នូវ​អនាគត​នៃ​របបរាជានិយម​យូរអង្វែង​ជាងគេ​ក្នុង​ពិភពលោក ក្រុមប្រឹក្សារាជបល្ល័ង្ក​មួយ​ដែលមាន​សមាជិក 6រួប បាន​បើក​កិច្ចពិភាក្សា​ដំបូង​កាលពី​ថ្ងៃទី 23មីនា ក្រោម​ការដឹកនាំ​របស់ Atsushi Seike អតីត​នាយក​សាកលវិទ្យាល័យ Keio។ ក្រុមប្រឹក្សា​នេះ​បាន​សន្យាថា នឹង​បើក​កិច្ចពិភាក្សា​យ៉ាង​ប្រុងប្រយ័ត្ន និង​មិន​ប្រញាប់ប្រញាល់ ជា​បន្តបន្ទាប់​នាពេលខាងមុខ។

    ឆ្លើយតប​នឹង​ក្រុម​អ្នកយកព័ត៌មាន បន្ទាប់ពី​កិច្ចប្រជុំ​ដំបូង លោក Seike ឱ្យដឹងថា៖ «មានការ​យល់ឃើញខុសៗគ្នា​ជាច្រើន ហើយ​យ៉ាងហោចណាស់ យើង​ក៏​អាច​ពិនិត្យមើល​ភាព​វិជ្ជមាន និង​អវិជ្ជមាន​នៃ​វិធីសាស្ត្រនីមួយ»។

    ប៉ុន្តែ ជាក់ស្ដែង​គឺ​មិនមាន​ពេល​ច្រើន​ទៀត​នោះទេ​សម្រាប់​រាជរ​ង្ស នៅពេលដែល​បច្ចុប្បន្ននេះ បេក្ខភាព​ស្នង​រាជ​ផ្លូវការ​ជា​ក្សត្រា​មានតែ3អង្គ​ប៉ុណ្ណោះ រីឯ​ក្ស​ត្រី​ទាំងឡាយ​បាន​រៀបការ​ជាមួយ​ពលរដ្ឋ​សាមញ្ញ ត្រូវ​បោះបង់​ឋានៈ​ជា​សមាជិក​រាជរ​ង្ស ទៅតាម​គោលការណ៍​ច្បាប់។

    មហាក្សត្រ Naruhito, ព្រះមហេសី Masako និងព្រះរាជបុត្រី Aiko យាងចូលរួមព្រឹត្តិការណ៍ Tokyo’s Chiyoda Ward កាលពីឆ្នាំ2016

    អតីតមន្ត្រី​ជាន់ខ្ពស់​មួយរូប​បាន​ព្រមាន​ថា ការ​ស្នង​រាជ​របស់​រាជវង្ស​ដែលមាន​អាយុកាល​ជាង 2,600ឆ្នាំ​មកនេះ​នៅ​ប្រទេស​ជប៉ុន អាច​ត្រូវ​បញ្ចប់​នាពេល​អនាគត​ដ៏​ខ្លី​ខាងមុខ បើសិនជា​រដ្ឋាភិបាល​មិនមាន​អន្តរាគមន៍​ទាន់ពេល។

    បច្ចុប្បន្ន មាន​បេក្ខភាព​ស្នង​រាជ​ស្របច្បាប់​បន្ទាប់ពី​មហាក្សត្រ Naruhito (ព្រះជន្ម 61វស្សា) មាន​ចំនួន​តែ 3អង្គ​គត់ រួមមាន អនុជ (ប្អូនប្រុស) Fumihito (55 វស្សា), រាជនត្តា (ចៅ) Hisahito (ព្រះជន្ម 14វស្សា) និង​បិតុលា (មា) Hitachi (ព្រះជន្ម 85វស្សា)។ ព្រះរាជបុត្រ​តែមួយ​អង្គ​គត់​របស់​មហាក្សត្រ Naruhito និង​មហេសី Masako គឺ​ព្រះ​នាង Aiko ព្រះជន្ម 19វស្សា។

    គោលការណ៍​បេក្ខភាព​ស្នង​រាជ​ត្រូវតែ​ជា​ក្សត្រា ត្រូវបាន​លើកយក​មក​ពិភាក្សា​កាលពី​មុននេះ​រួចមកហើយ ពិសេស​គឺ​នៅពេល​ទទួលបាន​ការយ​ក​ចិត្ត​ទុកដាក់​ខ្ពស់​ពី​រាជរដ្ឋាភិបាល​របស់​នា​យក​រដ្ឋមន្ត្រី Junichiro Koizumi កាលពី​ឆ្នាំ2005 នៅពេលដែល​ក្រុមប្រឹក្សា​នៃ​អ្នកជំនាញ​មួយ​បានស្នើ​ឱ្យមាន​ការអនុញ្ញាត​ឱ្យ​ក្ស​ត្រី​មាន​សិទ្ធិ​ស្នង​រាជ។ ក៏ប៉ុន្តែ ការពិភាក្សា​ត្រូវបាន​ពន្យារពេល បន្ទាប់ពី​ព្រះអង្គម្ចាស់ Hisahito បាន​ប្រសូត្រ​កាលពី​ខែកញ្ញា2006 ក្នុងនាម​ជា​សមាជិក (សមាជិក​ភេទ​ប្រុស) ដំបូង​របស់​រាជរ​ង្ស ក្នុងអំឡុង41ឆ្នាំ​មកនេះ។

    កាលពី​ខែតុលា2012 រដ្ឋាភិបាល​របស់​នាយ​ក​រដ្ឋមន្ត្រី Yoshihiko Noda បានស្នើ​ឱ្យមាន​ការអនុញ្ញាត​ឱ្យ​សមាជិកា​ក្នុង​រាជវង្ស មាន​សិទ្ធិ​បង្កើត​សាខា​រាជវង្ស​ដោយឡែក សូម្បីតែ​នៅពេល​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ពលរដ្ឋ​សាមញ្ញ។ ប៉ុន្តែ ប្រធានបទ​នេះ​ក៏ត្រូវ​បំភ្លេចចោល នៅពេល​លោក Shinzo Abe ឡើងកាន់តំណែង​ជា​នាយករដ្ឋមន្ត្រី។

    ព្រះនាង Aiko (ស្ដាំបង្អស់) ជារាជបុត្រតែមួយអង្គគត់របស់មហាក្សត្រ Naruhito និងមហេសី Masako

    ប្រភពព័ត៌មាន​ដែល​ស្និទ្ធ​នឹង​មន្ត្រី​រដ្ឋាភិបាល បានឱ្យដឹងថា នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន​របស់​ជប៉ុន គឺ​លោក Yoshihide Suga ក៏​មិនសូវ​យកចិត្តទុកដាក់​អំពី​បញ្ហា​ខាងលើ និង​មានការ​ប្រុងប្រយ័ត្ន​នៅ​ចំពោះ​ការប្ដូរ​ផ្លាស់​ដែល​អាច​កើតមាន។

    មានការ​លើក​ថា ក្រុមប្រឹក្សារាជបល្ល័ង្ក​ថ្មី​នឹងមិន​សម្រេចចិត្ត​អ្វីមួយ​នៅមុន​ការបោះឆ្នោត​សភា​ជាន់​ទាប​នា​រដូវ​ស្លឹកឈើ​ជ្រុះ​ក្នុងឆ្នាំនេះ។ ប៉ុន្តែ បើទោះជា​ចង់ ឬ​មិន​ចង់ រដ្ឋាភិបាល​របស់​នាយ​ក​រដ្ឋមន្ត្រី Suga ក៏ត្រូវ​ធ្វើការ​សម្រេចចិត្ត​ចាំបាច់​មួយ​ដើម្បី​រក្សា​ស្ថិរភាព​នៃ​រាជបល្ល័ង្ក​របស់​ប្រទេស​នេះ។

    យោងតាម​លទ្ធផល​នៃ​ការស្ទង់មតិ​របស់ Kyodo News ដែល​ត្រូវបាន​ធ្វើឡើង​កាលពី​រដូវ​ផ្កា​រីក​ឆ្នាំមុន ពលរដ្ឋ​ជប៉ុន​ចំនួន 85% គាំទ្រ​ឱ្យ​ក្ស​ត្រី​មាន​សិទ្ធិ​ឡើង​គ្រង​រាជ និង 79% គាំទ្រ​បេក្ខភាព​ស្នង​រាជ​អាច​ប្រើប្រាស់​ត្រកូល​ខាង​ម្ដាយ៕

    ប្រភព​៖ Kyodo News
    ប្រែសម្រួល​៖ បុត្រា

  • រឿង​ប្រកាន់ពូជសាសន៍​ទៀតហើយ? ហាង​ទំនិញ​របស់​ពលរដ្ឋ​ដើមកំណើត​អាស៊ី​នៅ​អាមេរិក ត្រូវគេ​វាយបំផ្លាញ

    រឿង​ប្រកាន់ពូជសាសន៍​ទៀតហើយ? ហាង​ទំនិញ​របស់​ពលរដ្ឋ​ដើមកំណើត​អាស៊ី​នៅ​អាមេរិក ត្រូវគេ​វាយបំផ្លាញ

    បុរស​ម្នាក់​កាន់​បំពង់​ទីប​ដែក សម្រុកចូល​ហាង​ទំនើប​របស់​ជនជាតិ​អាមេរិកាំង​ដើមកំណើត​កូរ៉េខាងត្បូង​មួយកន្លែង​នៅក្នុង​រដ្ឋ Carolina ខាងជើង ទាំង​កម្រោល និង​បាន​វាយបំផ្លាញ​បណ្ដើរ ជេរ​បណ្ដើរ។

    ការវាយប្រហារ​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី30 ខែមីនា នៅឯ​ហាង​ទំនើប Plaza Sundries ក្នុង​ទីក្រុង Charlotte។ ជនដៃដល់​បាន​ទាញ​ធ្នើរ​ទំនិញ​ឱ្យ​រលំ មុននឹង​វាយបំផ្លាញ​ទូទឹកកក​ដោយ​បំពង់​ទីប​ដែក។ ភាគី​ខាង​ម្ចាស់​ហាង Plaza Sundries សង្ស័យថា អតិថិជន​ម្នាក់​ដែល​ត្រូវបាន​ហាម​ចូល​ហាង​នេះ ជួល​ជនដៃដល់​ឱ្យមក​វាយបំផ្លាញ។

    Mark Sung ដែលជា​សមាជិក​ម្នាក់រ​បស់​គ្រួសារ​ម្ចាស់​ហាង បាន​និយាយថា «ជននេះ​វាយបំផ្លាញ​បណ្ដើរ ជេរ​ប្រមាថកាតទាន​ដោយ​ពាក្យ​អសុរោះ​ទាក់ទង​នឹង​បញ្ហា​ពូជសាសន៍ ព្រមទាំង​បាន​គំរាមកំហែង​ពួកយើង​ទៀតផង។ ក្រោយមក អតិថិជន​ម្នាក់​ដែល​យើង​បាន​ហាម​មិនឱ្យ​ចូល​ហាង ក៏បាន​បង្ហាញខ្លួន និង​បាន​ស្រែក​លើកទឹកចិត្ត​ដល់​ជនដៃដល់​ថា ‘នេះ​ជា​អ្វីដែល​ពួក​ឯង​ត្រូវ​ទទួល។ ត្រលប់​ទៅ​ប្រទេស​ពួក​ឯង​វិញ​ទៅ’»។

    ការ​វាយបំផ្លាញ​នេះ បាន​បង្ក​ការខាតបង់​ជាង 9,000ដុល្លារ។ ជនសង្ស័យ​ឈ្មោះ Xavier Rashee Woody-Silas​ អាយុ​24​ឆ្នាំ ​បច្ចុប្បន្ន​ត្រូវ​ប្រឈម​នឹង​ការចោទប្រកាន់​ជាច្រើន រួមមាន ប្លន់​ទ្រព្យសម្បត្តិ​ដោយ​អាវុធ គំរាមកំហែង និង​បង្ក​អស្ថិរភាព​សាធារណៈ។

    Mark Sung ឱ្យដឹងថា គ្រួសារ​របស់លោក ធ្លាប់​ក្លាយជា​គោលដៅ​នៃ​ការ​បៀតបៀន​ជាច្រើនលើក​មកហើយ ដោយសារតែ​ជា​ជនជាតិ​អាមេរិក ដើមកំណើត​អាស៊ី។ ការវាយប្រហារ​នេះ​ក៏​ធ្វើឱ្យ​ក្រុមគ្រួសារ​របស់ Mark Sung មានការ​ភ័យខ្លាច​ផងដែរ។

    Mark Sung បន្តថា៖ «ពួកយើង​ងាយ​រងគ្រោះ​ខ្លាំងណាស់ ព្រោះតែ​យើង​ជា​ជនជាតិភាគតិច។ ខ្ញុំ​តែងតែ​ត្រូវ​ប្រឈម​នឹង​អំពើ​ប្រកាន់ពូជសាសន៍​ដែល​ចេះតែ​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដូច្នេះហើយ វា​មិនមែនជា​រឿង​ថ្មី​នោះទេ»។

    ជនសង្ស័យឈ្មោះ Xavier Rashee Woody-Silas អាយុ24ឆ្នាំ

    ទឹកប្រាក់​ចំនួន​ជាង 30,000ដុល្លារ ត្រូវបាន​បរិច្ចាគ​តាមរយៈ​គេហទំព័រ GoFundMe ដើម្បី​ជួយ​ដល់​គ្រួសារ​របស់ Mark Sung។ មនុស្ស​មួយចំនួន​ក៏បាន​សំដែង​ការគាំទ្រ​ផ្ទាល់ ក្នុងនោះ​មានដូចជា ស្ត្រី​ម្នាក់​បាន​នាំយក​កាំភ្លើង​មកឱ្យ​គ្រួសារ​រងគ្រោះ​ដើម្បី​ទុក​ការពារ​ខ្លួន អ្នក​ដឹកជញ្ជូន​ទំនិញ​បាន​ជូន​នំ​ភី​ហ្សា5ឈុត​ដល់​គ្រួសារ​នេះ និង​វេជ្ជបណ្ឌិត​ម្នាក់​បាន​នាំយក​ប្រាក់​មួយចំនួន​មកជួយ​ចេញថ្លៃ​ជួសជុល​ហាង។ល។

    ថ្មីៗនេះ នៅ​សហរដ្ឋអាមេរិក គេ​ឃើញ​អំពើ​វាយប្រហារ​ដោយសារ​ការប្រកាន់​ពូជសាសន៍ កើនឡើង​យ៉ាងច្រើន​មិនគួរ​ឱ្យ​ជឿ។ មជ្ឈមណ្ឌល​ស្រាវជ្រាវ​អំពី​លទ្ធិ​ស្អប់​ខ្ពើ​ប និង​ជ្រុលនិយម ប្រចាំ​សាកលវិទ្យាល័យ​រដ្ឋ California បានប្រកាស​ទិន្នន័យ​ឱ្យដឹងថា អំពើ​ឧក្រិដ្ឋ​ប្រឆាំងនឹង​ពលរដ្ឋ​ដើមកំណើត​អាស៊ី​នៅ​សហរដ្ឋអាមេរិក​បាន​កើន 150% ក្នុង​ឆ្នាំ2020៕

    ប្រភព៖ NY Post
    ប្រែ​សម្រួល៖ បុត្រា

  • កម្ពុ​ជាមាន​អ្នកស្លាប់​សរុប 21នាក់ ខណៈ​ពិភពលោក​មាន​អ្នកស្លាប់​ជាង 2.8លាន​នាក់ ដោយសារ​Covid-19

    កម្ពុ​ជាមាន​អ្នកស្លាប់​សរុប 21នាក់ ខណៈ​ពិភពលោក​មាន​អ្នកស្លាប់​ជាង 2.8លាន​នាក់ ដោយសារ​Covid-19

    ព្រឹក​ថ្ងៃទី5មេសា ឆ្នាំ2021នេះ ក្រសួងសុខាភិបាល​កម្ពុ​ជា​បានឱ្យដឹងថា តួលេខ​សរុប​នៃ​អ្នក​ដែល​បាន​ស្លាប់​ដោយសារ​វីរុស​Covid-19 នៅ​កម្ពុជា បាន​កើន​ឡើងដល់ 21នាក់។

    នៅក្នុង​ចំណោម​អ្នកស្លាប់​ទាំង 21នាក់​ខាងលើ មាន 11នាក់​ជា​ស្ត្រី និង 10នាក់​ជា​បុរស។

    គិត​មកដល់​បច្ចុប្បន្ន កម្ពុ​ជាមាន​អ្នក​ឆ្លង​វីរុស​នេះ​ចំនួន 2,752នាក់ ក្នុងនោះ​មាន 63នាក់​ទើបតែ​បាន​រកឃើញ​ក្នុង​ថ្ងៃទី4មេសា ដែល​ករណី​ថ្មី​ទាំងនេះ​សុទ្ធតែជា​អ្នក​ពាក់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍20កុម្ភៈ។ កម្ពុជា​នៅមាន​អ្នកជំងឺ 984នាក់​កំពុង​ទទួល​ការព្យាបាល និង 1,747នាក់​បានជា​សះស្បើយ។

    នៅ​ទូទាំង​ពិភពលោក បច្ចុប្បន្ន អ្នក​វិជ្ជមាន​នឹង​វីរុស​Covid-19 បាន​កើន​ដល់ 131,920,255នាក់ ក្នុងនោះ​មាន​អ្នកស្លាប់ 2,866,007នាក់, អ្នក​បានជា​ចំនួន 106,202,786នាក់ និង​អ្នក​កំពុង​ព្យាបាល​ចំនួន 22,851,462នាក់។ ក្នុងអំឡុង 24ម៉ោង​កន្លង មាន​អ្នកជំងឺ​ថ្មី​ចំនួន 2,866,007នាក់ និង​អ្នកស្លាប់​ថ្មី​ចំនួន 238នាក់​ផងដែរ៕

  • ស្ត្រី​ជា​ពលរដ្ឋ​អាមេរិកាំង​ដើមកំណើត​អាស៊ី​ម្នាក់​ទៀតហើយ ត្រូវគេ​ចាក់​សម្លាប់​ពេល​កំពុង​ដើរ​លម្ហែកាយ

    ស្ត្រី​ជា​ពលរដ្ឋ​អាមេរិកាំង​ដើមកំណើត​អាស៊ី​ម្នាក់​ទៀតហើយ ត្រូវគេ​ចាក់​សម្លាប់​ពេល​កំពុង​ដើរ​លម្ហែកាយ

    Ke Chieh Meng ត្រូវបាន​គេ​ចាក់​សម្លាប់​ក្នុងពេល​កំពុង​នាំ​ឆ្កែ​ដើរ​លម្ហែកាយ​ក្នុង​ក្រុង​មួយ​នៃ​រដ្ឋ California ហើយ​សមត្ថកិច្ច​បាន​ហៅ​អំពើ​នេះ​ថា​ជា «ការវាយប្រហារ​បែប​ចៃដន្យ»។

    Ke Chieh Meng អាយុ 64ឆ្នាំ ត្រូវបាន​ជនដៃដល់​ចាក់​នឹង​កាំបិត​ជា​បន្តបន្ទាប់ នៅក្នុង​ទីក្រុង Riverside នៃ​រដ្ឋ California កាលពី​ព្រឹក​ថ្ងៃទី3មេសា​កន្លង។ ស្ត្រី​រងគ្រោះ​ត្រូវបាន​ប្រទះឃើញ​ដេក​សន្លប់​នៅលើ​ដី ដោយមាន​របួស​យ៉ាងធ្ងន់ធ្ងរ។ ស្ត្រី​ដើមកំណើត​អាស៊ី​រូបនេះ ក៏ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យភ្លាមៗ ប៉ុន្តែ​នៅតែ​មិនអាច​ជួយសង្គ្រោះ​ទាន់ពេល។

    ប៉ូលិស Riverside ក្រោយមក បានទទួល​ទូរស័ព្ទ​ពី​ពលរដ្ឋ​នៅក្បែរ​កន្លែងកើតហេតុ បានឱ្យដឹងថា «មាន​ស្ត្រី​វ័យក្មេង​ម្នាក់ គួរឱ្យ​សង្ស័យ» បង្ហាញខ្លួន​នៅក្នុង​តំបន់។ ភ្លាមនោះ ប៉ូលិស​ក៏បាន​ចាប់ខ្លួន​ស្ត្រី​ជាប់​សង្ស័យ​ដែលមាន​ឈ្មោះថា Darlene Stephanie Montoya អាយុ 23ឆ្នាំ នៅ Los Angeles។

    ស្ត្រី​ដែល​ជា​ជន​ជាប់​សង្ស័យ ឈ្មោះ Darlene Stephanie Montoya

    Ryan Railsback អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​ប៉ូលិស​ក្រុង Riverside បាន​ហៅ​ករណីនេះ​ថា​ជា​អំពើ​វាយប្រហារ «ដោយ​ចៃដន្យ» និង​បាន​បញ្ជាក់ថា មិនទាន់មាន​ភ័ស្តុតាង​ណាមួយ​បង្ហាញថា កើតឡើង​ដោយសារ​ការ​រើ​ង​អើ​ង​ពូជសាសន៍​​នៅ​ឡើយ។

    ការស្លាប់​របស់​អ្នកស្រី Meng បាន​កើតឡើង​នៅក្នុង​គ្រា​ដែល​ករណី​វាយប្រហារ​មកលើ​ពលរដ្ឋ​ដើមកំណើត​អាស៊ី​នៅ​សហរដ្ឋអាមេរិក កំពុង​កើន​ឡើងជា​បន្តបន្ទាប់។ ការសិក្សា​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ California អំពី​លទ្ធិ​ស្អប់ខ្ពើម និង​ជ្រុលនិយម បាន​បង្ហាញថា អំពើ​ឧក្រិដ្ឋ​ប្រឆាំងនឹង​ពលរដ្ឋ​ដើមកំណើត​អាស៊ី​នៅ​សហរដ្ឋអាមេរិក កើន 150% ក្នុង​ឆ្នាំ 2020។

    ក្រុម​សកម្មជន​ប្រឆាំង​ការរើសអើង​ជាតិ​សាសន៍ បានឱ្យដឹងថា អាណាព្យាបាល និង​ម្ចាស់​អាជីវកម្ម​ដែលជា​ពលរដ្ឋ​ដើមកំណើត​អាស៊ី​នៅ​សហរដ្ឋអាមេរិក កំពុងមាន​ការព្រួយបារម្ភ​ខ្លាំង​ចំពោះ​បញ្ហា​ដែល​អាច​កើតឡើង​ដល់កូនៗរបស់​ពួកគេ ពិសេស​គឺ​នៅពេល​ចេ​ញ្ដើ​រ​នៅ​ខាងក្រៅ៕

    ប្រភព​៖ NY Post, CNN
    ប្រែសម្រួល​៖ បុត្រា

  • Covid-19 នៅ ASEAN៖ ស្លាប់​ជិត 60,000នាក់ ក្នុងនោះ​ស្ថានភាព​នៅ​ឥណ្ឌូនេស៊ី​គួរឱ្យ​បារម្ភ​ជាងគេ

    Covid-19 នៅ ASEAN៖ ស្លាប់​ជិត 60,000នាក់ ក្នុងនោះ​ស្ថានភាព​នៅ​ឥណ្ឌូនេស៊ី​គួរឱ្យ​បារម្ភ​ជាងគេ

    យោងតាម​ទំព័រ Worldometers គិត​ត្រឹម​ម៉ោង 23និង59នាទី​ថ្ងៃទី 4មេសា បណ្ដា​ប្រទេស​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (ASEAN) រកឃើញ​អ្នក​វិជ្ជមាន​នឹង​Covid-19 ចំនួន 19,281ករណី ខណៈដែល​តួលេខ​អ្នកស្លាប់​សរុប​របស់​តំបន់​នេះ​កើន​ដល់ 59,770នាក់។

    ក្នុង​រយៈពេល 24ម៉ោង​កន្លងទៅ​នៃ​ថ្ងៃទី4មេសា ASEAN មាន​សមាជិក​ចំនួន3 ដែលមាន​អ្នកស្លាប់​ដោយសារ​វីរុស​Covid-19 រួមមាន ហ្វីលីពីន, ឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី ខណៈដែល​ប្រទេស​ចំនួន 8 បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង​Covid-19 ខណៈដែល ឡាវ និង​ប្រ៊ុយណេ មិនមាន​ករណី​វិជ្ជមាន ឬ​ស្លាប់ រីឯ​ប្រទេស​ភូមា មិនមាន​របាយការណ៍។

    ជារួម មកដល់​បច្ចុប្បន្ន Covid-19 បានសម្លាប់​មនុស្ស​ជាង 59,770នាក់ នៅក្នុង​តំបន់ ASEAN កើន 431​នាក់ បើ​ធៀប​នឹង​មួយ​ថ្ងៃមុន។ ចំណែក តួលេខ​សរុប​នៃ​អ្នក​ដែល​បាន​ឆ្លង​វីរុស​នេះ កើនឡើង​ដល់ 2,980,426​នាក់ ខណៈ​អ្នកជំងឺ​បានជា​សះស្បើយ​មាន​ចំនួន 2,621,508នាក់។

    ឥណ្ឌូនេស៊ី​នៅតែ​ជា​សម្បុក​វីរុស​Covid-19 ធំជាងគេ​បង្អស់​ក្នុង​តំបន់ ASEAN ដោយមាន​អ្នកជំងឺ​សរុប 1,534,255​នាក់ ក្នុងនោះ​មាន​អ្នកជំងឺ​ថ្មី 6,731នាក់, អ្នកស្លាប់​សរុប​កើន​ដល់ 41,669នាក់ ខ្ពស់ជាង​ម្សិលមិញ 427​នាក់។

    ហ្វីលីពីន៖ តួលេខ​អ្នក​វិជ្ជមាន​សរុប​នៃ​ប្រទេស​នេះ​កើន​ដល់ 795,051នាក់ ក្នុងនោះ​មាន​អ្នកជំងឺ​ថ្មី 11,028​នាក់, អ្នកស្លាប់​សរុប កើន​ដល់ 13,425នាក់ និង​កំពុង​ព្យាបាល 135,526នាក់។

    ម៉ាឡេស៊ី៖ អ្នកជំងឺ​សរុប 350,959នាក់, ស្លាប់ 1,288នាក់, ជាសះស្បើយ 335,162នាក់ និង​កំពុង​ព្យាបាល 14,509​នាក់។

    មី​យ៉ាន​ម៉ា៖ អ្នកជំងឺ​សរុប 142,497នាក់, ស្លប់ 3,206នាក់, កំពុង​ព្យាបាល 7,478នាក់។

    សិង្ហ​បុរី៖ អ្នកជំងឺ​សរុប 60,478នាក់, ស្លាប់ 30នាក់, កំពុង​ព្យាបាល 246នាក់។

    ប្រទេស​ថៃ៖ អ្នក​ឆ្លង​សរុប 29,127នាក់, អ្នកជំងឺ​ថ្មី 96នាក់, កំពុង​ព្យាបាល 1,258នាក់ និង​អ្នកស្លាប់​សរុប 95នាក់។

    កម្ពុជា កាលពី​ថ្ងៃទី4មេសា បានប្រកាសថា បាន​រកឃើញ​អ្នកជំងឺ​ថ្មី​ចំនួន​ន 44នាក់ (ថ្ងៃទី3មេសា) នាំឱ្យ​តួលេខ​សរុប​នៃ​អ្នក​វិជ្ជមាន កើន​ដល់ 2.689នាក់ ក្នុងនោះ​មាន​អ្នកស្លាប់20នាក់ និង 1,017នាក់​កំពុង​ព្យាបាល។

    វៀតណាម៖ អ្នកជំងឺ​សរុប 2,631នាក់ ក្នុងនោះ​មាន 35នាក់​បាន​ស្លាប់ និង 213នាក់​កំពុង​ព្យាបាល។

    ប្រ៊ុយណេ៖ អ្នកជំងឺ​សរុប 214នាក់, ស្លាប់ 3នាក់, ជាសះស្បើយ 197នាក់ និង​កំពុង​ព្យាបាល 14នាក់។

    ឡាវ៖ អ្នកជំងឺ​សរុប 49នាក់, កំពុង​ព្យាបាល 3នាក់ និង​ជាសះស្បើយ 46នាក់។

    ប្រភព៖ Worldometers
    ដក​ស្រង់​និង​ប្រែសម្រួល​៖ បុត្រា

  • (វីដេអូ)-វះកាត់​បេះដូង​ក្នុងពេល​មន្ទីរពេទ្យ​កំពុង​ឆាបឆេះ ក្រុម​វេជ្ជបណ្ឌិត​រុស្ស៊ី នៅតែ​ទទួលបាន​ជោគជ័យ

    (វីដេអូ)-វះកាត់​បេះដូង​ក្នុងពេល​មន្ទីរពេទ្យ​កំពុង​ឆាបឆេះ ក្រុម​វេជ្ជបណ្ឌិត​រុស្ស៊ី នៅតែ​ទទួលបាន​ជោគជ័យ

    ក្រុម​វេជ្ជបណ្ឌិត​នៅ​ទីក្រុង Blagoveshchecnsk នៃ​ប្រទេស​រុស្ស៊ី បានទទួល​ជោគជ័យ​ក្នុងការ​វះកាត់​ព្យាបាល​បេះដូង​របស់​អ្នកជំងឺ​ម្នាក់ បើទោះជា​អគ្គិភ័យ​កំពុង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​នៅ​ខាងក្រៅ​បន្ទប់។

    អង្គភាព​គ្រប់គ្រង​ស្ថាន​ករ​ណ៍​បន្ទាន់​ក្នុង​តំបន់​បានឱ្យដឹងថា មន្ទីរពេទ្យ​មួយ​នៅក្នុង​ទីក្រុង Blagoveshchensk ខេត្ត Amur នៃ​ប្រទេស​រុស្ស៊ី បាន​ជួបនឹង​គ្រោះ​អគ្គិភ័យ​កាលពី​ថ្ងៃទី 2មីនា បណ្ដាលឱ្យ​ក្រុមគ្រូពេទ្យ និង​អ្នកជំងឺ 60នាក់ ត្រូវ​ជម្លៀស​ខ្លួនភ្លាម។

    ក៏ប៉ុន្តែ ក្នុង​គ្រា​ដែល​ក្រុម​ពន្លត់​អគ្គិភ័យ​កំពុង​ប្រឹងប្រែង​គ្រប់គ្រង​អណ្ដាតភ្លើង​នៅ​ខាងក្រៅ ក្រុម​វេជ្ជបណ្ឌិត​ដែលមាន​គ្នា 8នាក់ នៅតែ​បន្ត​ការវះកាត់​ព្យាបាល​បេះដូង​នៅ​ខាងក្នុង។ «យើង​ត្រូវ​សង្គ្រោះ​អ្នកជំងឺ​នេះ ហើយ​យើង​បានធ្វើ​គ្រប់យ៉ាង​ដែល​អាច​ធ្វើបាន» Valentin Filatov ប្រធាន​ផ្នែក​វះកាត់​បេះដូង​ប្រចាំ​មន្ទីរពេទ្យ បាន​ប្រាប់​ទូរទស្សន៍​រុស្ស៊ី។

    អង្គភាព​ទទួលបន្ទុក​ស្ថានការណ៍​បន្ទាន់​នៅ​ខេត្ត Amur ឱ្យដឹងថា ក្នុងពេល​កម្លាំង​ពន្លត់​អគ្គិភ័យ​កំពុង​រារាំង​មិនឱ្យ​ផ្សែង​ចូល​ទៅដល់​បន្ទប់វះកាត់ បន្ទុប​នេះ​ក៏​ទទួលបាន​ចរន្តអគ្គិសនី​ដោយឡែក​នៅក្នុង​អំឡុង​ភ្លើង​កំពុង​ឆាប់ឆេះ។ បន្ទាប់ពី​បាន​វះកាត់​រួចរាល់ អ្នកជំងឺ​ពិសេស​នេះ​ក៏​ត្រូវបាន​ជម្លៀស​ទៅកាន់​មន្ទីរពេទ្យ​ផ្សេង​មួយទៀត។

    បុគ្គលិក​សុខាភិបាល​ម្នាក់​ឈ្មោះ Antonina Smolina ឱ្យដឹងថា ក្រុម​វេជ្ជបណ្ឌិត​ដែល​បាន​ចូលរួម​ការវះកាត់​នេះ «មិនបាន​តក់ស្លុត​នោះទេ» នៅពេល​អណ្ដាតភ្លើង​កំពុង​ឆាបឆេះ។ អគ្គិភ័យ​ដែល​ត្រូវបាន​គេ​ជឿថា កើតចេញពី​បញ្ហា​ទុសេ​ខ្សែភ្លើង​នេះ ក៏​ត្រូវបាន​គ្រប់គ្រង​ទាំងស្រុង និង​មិនបាន​បង្កឱ្យមាន​អ្នកស្លាប់ ឬ​រងរបួស​នោះដែរ។

    អាជ្ញាធរ​រុស្ស៊ី​បាន​សន្យាថា នឹង​ផ្ដល់​រង្វាន់​ដល់​ក្រុម​វេជ្ជបណ្ឌិត និង​កម្លាំង​ពន្លត់​អគ្គិភ័យ​ដែល​បាន​ប្រឹងប្រែង​ដោយ​ភាពក្លាហាន​ក្នុងការ​បំពេញភារកិច្ច​របស់ខ្លួន​ដោយ​ជោគជ័យ៕

    ប្រភព៖ AFP, Reuters
    ប្រែ​សម្រួល៖ បុត្រា

  • សប្ដាហ៍​កន្លង ករណី​វិជ្ជមាន​នឹង​វីរុស​ Covid-19 ទូទាំង​ពិភពលោក​កើន 11%

    សប្ដាហ៍​កន្លង ករណី​វិជ្ជមាន​នឹង​វីរុស​ Covid-19 ទូទាំង​ពិភពលោក​កើន 11%

    ពិភពលោក​រកឃើញ​ជិត 131លាន​នាក់​ឆ្លង​វីរុស, ជាង 2.8លាន​នាក់​បាន​ស្លាប់​ដោយសារ Covid-19 ក្នុងនោះ ករណី​ឆ្លង​ថ្មី​ក្នុង​សប្ដាហ៍​កន្លង​បាន​កើន​នៅ​គ្រប់​ទីកន្លែង ប៉ុន្តែ នៅ​ទាប​ជាង​បើ​ធៀប​នឹង​ខែមករា។

    ពិភពលោក​ទាំងមូល មាន​អ្នក​ឆ្លង​Covid-19 សរុប​ចំនួន 130,791,702នាក់ និង​អ្នកស្លាប់​ចំនួន 2,849,976​នាក់ ក្នុងនោះ​មាន​អ្នក​ឆ្លង​ថ្មី 626,703នាក់

    និង​ស្លាប់​ថ្មី 10,191នាក់ ខណៈ 105,288,757នាក់​ជាសះស្បើយ និង 22,652,969នាក់​កំពុង​ទទួល​ការព្យាបាល។

    ជា​មធ្យម ករណី​ឆ្លង​ថ្មី​ប្រចាំថ្ងៃ កើន 582,000នាក់ ស្មើនឹង 11% ក្នុង​សប្ដាហ៍​កន្លង នេះ​បើតាម​ស្ថិតិ​របស់ AFP។ ការកើនឡើង​នេះ​បានចាប់ផ្ដើម​តាំងពី​មួយខែ​មុន ប៉ុន្តែ តួលេខ​អ្នក​ឆ្លង​ថ្មី​បច្ចុប្បន្ន នៅតែ​ទាប​ជាង​តួលេខ 743.600នាក់​នៃ​ករណី​ឆ្លង​ថ្មី​ប្រចាំថ្ងៃ​ក្នុង​សប្ដាហ៍​មួយ​ដែល​រាប់​ពីថ្ងៃ​ទី 5-11 ខែមករា។

    ករណី​វិជ្ជមាន​ថ្មី​កើន 32% នៅ​ទ្វីបអាស៊ី, 15% នៅ​សហរដ្ឋអាមេរិក និង​កាណាដា, 9% នៅ​អឺរ៉ុប, 6% នៅ​អាហ្វ្រិក អាមេរិក​ខាងត្បូង និង​តំបន់ ការី​ប៊ី​ន, 2% នៅ​តំបន់​មជ្ឈិមបូព៌ា។

    នៅ​ទ្វីបអូសេអានី ករណី​ឆ្លង​ថ្មី​ថយចុះ 31% ក្រោយពី​ការកើនឡើង​យ៉ាងខ្ពស់​កាលពី​សប្ដាហ៍​មុន​នៅ​ប្រទេស​ប៉ា​ពួ​នូវ​ហ្គី​ណេ។ ប្រទេសផ្សេងៗក្នុង​តំបន់​នេះ ស្ទើរតែ​លែងមាន​វត្តមាន Covid-19 ទៅហើយ។

    ទុយ​នេ​ស៊ី​គឺជា​ប្រទេស​ដែលមាន​ករណី​ឆ្លង​ថ្មី​ច្រើនជាងគេបង្អស់​ក្នុង​សប្ដាហ៍​កន្លង ដោយមាន​ជាង 1,000ករណី ស្មើនឹង​កំណើន 77% ត្រូវបាន​រាយការណ៍​ជា​រៀងរាល់ថ្ងៃ​កាលពី​សប្ដាហ៍​មុន។ ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់, បង់​ក្លា​ដែ​ស, អា​ហ្ស​ង់​ទីន និង ក្រូ​អាស៊ី តាម​ពីក្រោយ​ទុយ​នេ​ស៊ី។

    តំបន់​វ៉ែ​សបែង​គឺជា​ទី​ដែលមាន​ករណី​វិជ្ជមាន​ថ្មី​ថយចុះ​ជាងគេ (40%) ប៉ុន្តែ នៅតែ​ស្ថិតក្នុង​មធ្យមភាគ 1,000​ករណី/ថ្ងៃ។

    ប្រេ​ស៊ី​ល​គឺជា​ប្រទេស​ដែលមាន​ករណី​ស្លាប់ និង​វិជ្ជមាន​ថ្មី​ច្រើនជាងគេ​ក្នុង​សប្ដាហ៍​កន្លង ដោយ​មធ្យមភាគ​នៃ​ករណី​​ស្លាប់​ថ្មី​ជា​រៀងរាល់ថ្ងៃ​មាន​ចំនួន 3,117នាក់។ ឈរ​លេខ​ពីរ​គឺ​សហរដ្ឋអាមេរិក ដោយមាន​អ្នកស្លាប់​ជា​មធ្យម 962នាក់​ក្នុង​មួយថ្ងៃ៕

    ប្រភព​៖AFP
    ប្រែ​សម្រួល៖ បុត្រា

  • អង់គ្លេស​បាន​​រកឃើញថា «ករណី​​កក​ឈាម​​ក្រោយ​ការចាក់​វ៉ាក់សាំង​បង្ការ​Covid-19 ​របស់​ AstraZeneca កើនឡើង​ច្រើនជាង​មុន 6ដង»

    អង់គ្លេស​បាន​​រកឃើញថា «ករណី​​កក​ឈាម​​ក្រោយ​ការចាក់​វ៉ាក់សាំង​បង្ការ​Covid-19 ​របស់​ AstraZeneca កើនឡើង​ច្រើនជាង​មុន 6ដង»

    ក្រុមមន្ត្រី​សុខាភិបាល​នៃ​ចក្រភព​អង់គ្លេស បាន​រកឃើញ​មនុស្ស​ចំនួន 30នាក់ ដែលមាន​បញ្ហា​កកឈាម បន្ទាប់​ពី​បានទទួល​ការចាក់​វ៉ាក់សាំង​បង្ការ Covid-19 របស់​ក្រុមហ៊ុន AstraZeneca។

    នាយកដ្ឋាន​គ្រប់គ្រង​ឱសថ និង​ផលិតផល​ថែទាំ​សុខភាព​អង់គ្លេស (MHRA) កាលពី​ថ្ងៃទី 1មេសា បានឱ្យដឹងថា ពួកគេ​បាន​រកឃើញ​មនុស្ស​ចំនួន 22នាក់ ដែលមាន​បញ្ហា​ឈាមកក​នៅក្នុង​សរសៃឈាម​ខួរក្បាល ជា​ជំងឺ​កក​ឈាម​​មួយ​ប្រភេទ​ដែល​កម្រ​កើតមាន រួម​នឹង​ករណី​កកឈាម​ចំនួន 8នាក់​ផ្សេងទៀត​ដែល​ទាក់ទិន​នឹង​បញ្ហា​ប្លា​កែ​ត (platelets or thrombocytes) នៅក្នុង​ចំណោម​វ៉ាក់សាំង AstraZeneca ចំនួន 18.1លាន​ម្ចុ​ល ដែល​ត្រូវបាន​ចាក់។ ពុំមាន​របាយការណ៍​ណាមួយ ស្ដីអំពី​បញ្ហា​កកឈាម បន្ទាប់ពី​បាន​ចាក់​វ៉ាក់សាំង​របស់ BioNTech និង Pfizer នោះទេ។

    តួ​លេខា​ខាងលើនេះ ខ្ពស់ជាង​ច្រើនដង បើ​ធៀប​នឹង​តួលេខ​ដែល​ត្រូវបាន MHRA ប្រកាស​កាលពី​ថ្ងៃទី 18មីនា ដែលថា ខ្លួន​បាន​រកឃើញ​ប​ញ្ហ​កកឈាម​ចំនួន 5ករណី នៅក្នុង​ចំណោម​វ៉ាក់សាំង 11លាន​ម្ជុល​ដែល​ត្រូវបាន​ចាក់ ពោលគឺ​ប្រហាក់ប្រហែល​នឹង​អត្រា 1/1000,000នាក់។

    វ៉ាក់សាំង​បង្ការ Covid-19 ដែល​ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន AstraZeneca សហការ​ជាមួយ​សាកលវិទ្យាល័យ Oxford នៃ​ប្រទេស​អង់គ្លេស​នេះ ត្រូវបាន​អនុម័ត​ឱ្យប្រើ​ប្រាស់​បន្ទាន់ ឬ​ដាក់ឱ្យ​ចរាចរ​នៅលើ​ទីផ្សារ​នៃ​ប្រទេស​ជាង 50 ក្នុង​ពិភពលោក ក្នុងនោះ​មាន​ទាំង​អង់គ្លេស និង​សហភាព​អឺរ៉ុប (EU) ផងដែរ៕

    ប្រភព៖ Reuters
    ប្រែសម្រួល​៖ បុត្រា

  • យ៉ាងតិច 36នាក់​បាន​ស្លាប់ ដោយ​សារ​​រថភ្លើង​​ធ្លាក់​ចេញពី​ផ្លូវដែក​នៅ​តៃវ៉ាន់

    យ៉ាងតិច 36នាក់​បាន​ស្លាប់ ដោយ​សារ​​រថភ្លើង​​ធ្លាក់​ចេញពី​ផ្លូវដែក​នៅ​តៃវ៉ាន់

    រថភ្លើង​មួយ​ខ្សែ​បាន​ធ្លាក់​ចេញពី​ផ្លូវដែក​នៅឯ​ផ្លូវ​រូង​ក្រោម​ដី​មួយកន្លែង នៅ​ភាគ​ខាងកើត​កោះ​តៃវ៉ាន់ បណ្ដាល​ឱ្យ​​មនុស្ស​​យ៉ាង​ហោច​ 36នាក់ ត្រូវ​បាត់បង់​ជីវិត និង 72នាក់​រងរបួស។

    ហេតុការណ៍​ខាងលើ បាន​កើតឡើង​នៅវេលា​ម៉ោង 9និង24នាទី ព្រឹក​ថ្ងៃទី 2មេសា​នេះ ក្នុងពេល​រថភ្លើង​ដឹក​អ្នកដំណើរ​ចាកចេញ​ពី​ទីក្រុង Taichung កំពុង​សំដៅ​ផ្លូវ​រូង​ក្រោម​ដី​ដែល​ស្ថិត​នៅក្បែរ​ស្រុក Hualien ភាគ​ខាងកើត​កោះ​តៃវ៉ាន់។ សមត្ថកិច្ច​តៃវ៉ាន់​ឱ្យដឹងថា អ្នកដំណើរ​យ៉ាងតិច 36នាក់ «លែងមាន​សញ្ញា​នៃ​ការរស់រាន» និង 72​នាក់​​ទៀត​ត្រូវ​រងរបួស។

    រថភ្លើង​ដែល​ជួប​គ្រោះថ្នាក់​នេះ កំពុង​ដឹក​មនុស្ស​ប្រមាណ 350នាក់។ ក្រុមមន្ត្រី​តៃវ៉ាន់​ឱ្យដឹងថា នេះ​គឺជា​ហេតុ​ការណ៍​​គ្រោះថ្នាក់​ផ្លូវដែក​អាក្រក់​បំផុត​នៅ​តៃវ៉ាន់ ក្នុង​រង្វង់ 30កន្លងមកនេះ។

    សារព័ត៌មាន CNA របស់​សិង្ហ​បុរី ឱ្យដឹងថា មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​អាច​បណ្ដាលមកពី​រថយន្ត​ដឹកទំនិញ​មួយគ្រឿង​ដែល​ចត​មិនបាន​ត្រឹមត្រូវ នាំឱ្យ​រអិល​ចូល​ទៅលើ​កាន់​ផ្លូវដែក។ រូបភាព​នៅ​កន្លែងកើតហេតុ​បង្ហាញថា សាកសព​រថយន្ត​ដឹកទំនិញ​មួយគ្រឿង​ត្រូវ​ក្រឡាប់​នៅក្បែរ​ផ្លូវដែក ចំណែក​ទូរ​ថ្លើង​មួយចំនួន​ត្រូវ​ធ្លាក់​ចេញពី​ផ្លូវ។

    សមត្ថកិច្ច​តៃវ៉ាន់ បាន​បញ្ជូន​គ្រឿងចក្រ​ចំនួន 12គ្រឿង និង​ក្រុម​អ្នក​សង្គ្រោះ​ចំនួន 35នាក់ ទៅកាន់​កន្លែងកើត​ហេតុ៕

    ប្រភព៖ Reuters
    ប្រែ​សម្រួល៖ បុត្រា

  • អស្ចារ្យ!!  រកឃើញ​វ៉ាក់សាំង​កូ​វីដ-19 របស់ Pfizer មាន​ប្រសិទ្ធភាព 100% លើ​កុមារ​អាយុ12 ដល់ 15ឆ្នាំ

    អស្ចារ្យ!!  រកឃើញ​វ៉ាក់សាំង​កូ​វីដ-19 របស់ Pfizer មាន​ប្រសិទ្ធភាព 100% លើ​កុមារ​អាយុ12 ដល់ 15ឆ្នាំ

    BioNtech និង Pfizer បាន​បង្ហើប​ឱ្យដឹង​កាលពី​ថ្ងៃ​ពុធ ទី31 មីនា​ម្សិលមិញ​ថា វ៉ាក់សាំង​របស់​ពួកគេ មាន​ប្រសិទ្ធភាព​ប្រឆាំង​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី 100% ចំពោះ​កុមារ​អាយុ 12ដល់15ឆ្នាំ ព្រមទាំង​សង្ឃឹម​បានទទួល​ការអនុម័ត​ឱ្យប្រើ​ទៅលើ​មនុស្ស​វ័យ​ជំទង់ មុន​ការបើក​ឆ្នាំ​សិក្សា​បន្ទាប់​ទៀត។

    ទាំង 2ក្រុមហ៊ុន បានបញ្ជាក់​នៅក្នុង​សេចក្ដីថ្លែងការណ៍​ថា ការសាកល្បង​ដំណាក់កាល​ទី3 ជាមួយ​ក្រុម​យុវវ័យ​ចំនួន 1,260នាក់​នៅក្នុង​សហរដ្ឋអាមេរិក បាន “ពិសោធ​ឃើញ​ប្រសិទ្ធភាព 100% និង​ការ​តបស្នង​របស់​អង្គ​បដិបក្ខប្រាណ​ដ៏​រឹងមាំ”

    ចំណែក​លោក អាល់​ប៊ើ​ត បួ​ឡា ប្រធាន​ក្រុម​ភ្នាក់ងារ​ប្រតិបត្តិ​របស់​ហ្វ៉ៃ​ហ្ស៊ើ​រ បាន​បញ្ជាក់ថា “យើង​មាន​ផែនការ​ដាក់​បង្ហាញ​ទិន្នន័យ​នេះ​ទៅ FDA (គណៈកម្មការ​គ្រប់គ្រង​របៀប​ច្បាប់​សហរដ្ឋអាមេរិក) ស្នើសុំ​កែសម្រួល​ការអនុញ្ញាត ឱ្យប្រើ​ក្នុងករណី​អាសន្ន​របស់​យើង ក្នុង​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ​ទៀត និង​ដាក់​បង្ហាញ​ទិន្នន័យ​ទៅ​គណៈ​អ្នកគ្រប់គ្រង​របៀប​ច្បាប់ផ្សេងៗទៀត ទូទាំង​ពិភពលោក ដោយ​ក្ដី​សង្ឃឹមថា នឹង​ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង ឱ្យ​ក្រុមមនុស្ស​អាយុ​នេះ មុន​ចាប់ផ្ដើម​ឆ្នាំ​ការសិក្សា​ខាងមុខ”

    ចំណែក​ប្រធាន​ប្រតិបត្តិ​របស់ បៃ​អូ​អេ​ន​ថេ​ក ក្រុមហ៊ុន​សញ្ជាតិ​អាល្លឺម៉ង់ បាន​បន្ថែមថា លទ្ធផល​ការសាកល្បង​ដែល​បង្ហាញឱ្យឃើញ​អំពី​ប្រសិទ្ធភាព​ក្នុងការ​ការពារ​កម្រិត​ខ្ពស់ សម្រាប់​មនុស្ស​វ័យ​ជំទង់​នេះ “គឺជា​រឿង​មួយ ដែល​សាង​កម្លាំងចិត្ត និង​កម្លាំង​ស្មារតី​យ៉ាងខ្លាំង ជាពិសេស​ក្នុង​សញ្ញា​ដែល​យើង​បាន​ប្រទះឃើញ​ក្នុង​ច្រើន​សប្ដាហ៍​កន្លងមកនេះ ពាក់ព័ន្ធ​នឹង​ការឆ្លង​រាលដាល​របស់​មេរោគ​ក្លាយ​ពូជ​ចក្រភព​អង់គ្លេស B.1.1.7”

    វ៉ាក់សាំង​របស់ បៃ​អូ​អេ​ន​ថេ​ក និង​ហ្វ៉ៃ​ហ្ស៊ើ​រ ផលិត​ពី​ការប្រើ​រូបមន្ត​មូលដ្ឋាន​របស់​តិច​ណូ​ឡូ​ជី mRNA និង​ជា​វ៉ាក់សាំង​កូ​វីដ-19 ដំបូង​គេ​ដែល​បានទទួល​ការអនុម័ត​នៅក្នុង​ប្រទេស​លោកខាងលិច កាលពី​អំឡុង​ចុងឆ្នាំ​កន្លងទៅ។

    ទាំង​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប សុទ្ធតែ​ឯកភាព​យល់ព្រម​អនុម័ត​ឱ្យប្រើ​ក្នុងករណី​អាសន្ន ជាមួយ​បុគ្គល​ដែលមាន​អាយុ 16ឆ្នាំ​ឡើងទៅ ដែល​ចាប់តាំងពី​ពេល​នោះមក វា​ត្រូវបាន​គេ​ប្រើ​ទៅលើ​មនុស្ស​ជាច្រើន​លាន​នាក់ នៅក្នុង​ប្រទេសផ្សេងៗ ច្រើនជាង 65ប្រទេស​ទូទាំង​ពិភពលោក។

    លទ្ធផល​ការសិក្សា​ស្រាវជ្រាវ នៅក្នុង​ពិភពលោក ដែល​ពាក់ព័ន្ធ​នឹង​ប្រជាជន 1.2លាន​នាក់ នៅក្នុង​ប្រទេស​អ៊ីស្រាអែល បាន​រកឃើញថា វ៉ាក់សាំង​របស់ បៃ​អូ​អេ​ន​ថេ​ក និង​ហ្វ៉ៃ​ហ្ស៊ើ​រ មាន​ប្រសិទ្ធភាព​ខ្ពស់ ដល់​ទៅ 94%។

    ក្នុងខណៈដែល​ពិភពលោក​កំពុង​ស្ទុះស្ទា​ចាក់​វ៉ាក់សាំង ក្រុមហ៊ុន​បៃ​អូ​អេ​ន​ថេ​ក បាន​បង្ហើប​ឱ្យដឹង​កាលពី​ថ្ងៃ​អង្គារ ទី30 មីនា​ថា ពួកគេ​កំពុងស្ថិត​លើ​ដំណើរ​ផ្លូវ​នៃ​ការផលិត​វ៉ាក់សាំង​ឱ្យបាន 2,500លាន​ដូ​ស​ក្នុងឆ្នាំនេះ។

    កម្លាំង​ផលិត​ដែល​ខ្ពស់​ឡើង​នេះ បានកើត​ឡើង​ពី​ការ​ទើបនឹង​បើក​ប្រភព​ផលិត​ថ្មី​កាលពីពេលថ្មីៗនេះ នៅក្នុង​ទីក្រុង​ម៉ា​បួ​ក របស់​ប្រទេស​អាល្លឺម៉ង់ ដែល​ពេលនេះ​បាន​ក្លាយជា​រោងចក្រ​មួយ​ក្នុងចំណោម​រោងចក្រ​ផលិត​វ៉ាក់សាំង​រូបមន្ត mRNA ដែល​ធំ​បំផុត​ក្នុង​ពិភពលោក។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រម​ហ៊ុន​ខាងលើ។

    ក្រៅពីនេះ នៅមាន​ការផលិត​វ៉ាក់សាំង​ប្រភេទ​ខាងលើ នៅឯ​រោក​ចក្រ​មួយ​របស់​ក្រុមហ៊ុន​ហ្វ៉ៃ​ហ្ស៊ើ​រ នៅក្នុង​ប្រទេស​បែលហ្ស៊ិក និង​រោងចក្រ 3ទៀត​នៅក្នុង​សហរដ្ឋអាមេរិក។

    បៃ​អូ​អេ​ន​ថេ​ក បាន​បញ្ជាក់ថា ប្រសិទ្ធភាព​ដែល​ល្អប្រសើរ​ឡើង​នេះ និង​កិច្ចព្រមព្រៀង​សហការ​ថ្មី ជាមួយ​បណ្ដា​សម្ព័ន្ធមិត្ត​ខាងក្រៅ នឹង​ជួយ​លើកកម្ពស់​គោលដៅ​ការផលិត​វ៉ាក់សាំង​រប​ស់​ពួកគេ​ដូចគ្នា។

    កាលពី​សប្ដាហ៍​កន្លងទៅ បៃ​អូ​អេ​ន​ថេ​ក និង​ហ្វ៉ៃ​ហ្ស៊ើ​រ បានចាប់ផ្ដើម​ធ្វើការ​សិក្សា​ប្រសិទ្ធភាព​វ៉ាក់សាំង​ជាមួយ​កុមារ​អាយុ​តិច ដោយបាន​ចាក់​វ៉ាក់សាំង​ឱ្យ​កុមារ​អាយុ​ចន្លោះ​ពី 5ដល់11ឆ្នាំ 1ក្រុម​ដំបូង​គេ រួចរាល់​ហើយ។

    ទាំងអស់នេះ គេ​រំពឹងថា នឹង​បានចាប់ផ្ដើម​ផ្ដល់​វ៉ាក់សាំង ដូ​ស​ដំបូង​ទៅឱ្យ​កុមារ​ក្នុង​ក្រុម​អាយុ 2ដល់5ឆ្នាំ ក្នុង​សប្ដាហ៍​ខាងមុខ ដែល​នឹង​គ្របដណ្ដប់​ទៅដល់​ទារក​វ័យ​តេះតះ អាយុ​ទាប​បំផុត 6ខែ​ផងដែរ៕

    ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន AFP
    ប្រែ និង​សម្រួល​ដោយ ទិ​ទី​តំ​តា​តូ