Category: អន្តរជាតិ

  • ឥណ្ឌូនេស៊ី បញ្ជា​ទិញ​នាវាចម្បាំង​ប្រភេទ 6,000តោន ម្ដង 6គ្រឿង

    ឥណ្ឌូនេស៊ី បញ្ជា​ទិញ​នាវាចម្បាំង​ប្រភេទ 6,000តោន ម្ដង 6គ្រឿង

    ក្រុមហ៊ុន Fincantieri របស់ អ៊ីតាលី បាន​ចុះ​កិច្ចព្រមព្រៀង លក់​នាវាចម្បាំង​ប្រភេទ​ធម្មតា និង​ប្រភេទ​ពិឃាដ FREMM ទៅឱ្យ​ប្រទេស ឥណ្ឌូនេស៊ី ដែល​នេះ ត្រូវបាន Giuseppe Bono ដែលជា​នាយក​ប្រតិបត្តិ​របស់ Fincantieri និយាយថា បានអនុញ្ញាត​ឱ្យ​រោងចក្រ​របស់ អ៊ីតាលី នេះ «ត្រលប់មក​កាន់តំណែង​សកល» នៅក្នុង​វិស័យ​នាវា​អណ្ដែត​លើ​ផ្ទៃ​ទឹក។

    បច្ចុប្បន្ន នាវា FREMM របស់ Fincantieri ដែល​ត្រូវបាន​បញ្ជា​ទិញ បាន​ឡើងដល់ 20គ្រឿង ក្នុងនោះ​មាន 10គ្រឿង សម្រាប់​កងទ័ពជើងទឹក អ៊ីតាលី, 2គ្រឿង​សម្រាប់ អេ​ហ្សី​ប និង 2គ្រឿង​សម្រាប់ សហរដ្ឋអាមេរិក ខណៈ។ល។ សហរដ្ឋ​អាមេរិក តាម​ផែនការ នឹង​បញ្ជា​ទិញ​នាវា​ពី Fincantieri ចំនួន 8គ្រឿង​ទៀត។

    នាវា​ចម្បាំង​ FREMM អាច​ត្រូវបាន​គេ​ចាត់ទុកជា នាវាចម្បាំង​ប្រភេទ​ធម្មតា (frigate) និង នាវាចម្បាំង​ប្រភេទ​ពិឃាដ (destroyer)។ នាវា​ប្រភេទ​នេះ សម្រាប់​កងទ័ពជើងទឹក​បារាំង មាន​ទម្ងន់ displacement 6,000តោន ខណៈដែល​សម្រាប់ អ៊ីតាលី មាន​ទម្ងន់ displacement 6,700តោន។

    នាវា FREMM នៅ​លើសមុត្រ​ (រូប​ភាព​ពី Fincantieri)

    នៅក្នុង​ប្រកាស​ផ្សេង​មួយទៀត ដែល​ត្រូវ​បានលើកឡើង​កាលពី​ម្សិលមិញ ក្រុមហ៊ុន Fincantieri ឱ្យដឹងថា ក្រៅពី​ការលក់​នាវា​ប្រភេទ FREMM កិច្ចព្រមព្រៀង​នេះ ក៏​រួមមាន​ទាំង​ការជួសជុល និង​លក់​នាវាចម្បាំង​ថ្នាក់ Maestrale ចំនួន 2គ្រឿង ដែល អ៊ីតាលី ជិត​ដាក់ឱ្យ​ចូលនិវត្តន៍ ទៅឱ្យ ឥណ្ឌូនេស៊ី ផងដែរ។

    ការប្រកាស​ខាងលើ បាន​បន្ថែមថា ក្រុមហ៊ុន Leonardo របស់ អ៊ីតាលី នឹង​ជា​អ្នកម៉ៅការ​មួយ ចូលរួម​កិច្ចព្រមព្រៀង​ទិញ​នាវា FREMM របស់ ឥណ្ឌូនេស៊ី។ នេះ​មានន័យថា ក្រុមហ៊ុន​នេះ អាច​ក្លាយជា​អ្នកផ្គត់ផ្គង់​ប្រព័ន្ធ​ប្រយុទ្ធ។ អំពី​តម្លៃ​វិញ ​ក្រុម​ហ៊ុន​ Fincantieri មិនបាន​បង្ហើប​ឱ្យដឹង នៅក្នុង​កិច្ចព្រមព្រៀង​នេះ​ទេ។

    កាលពី​ខែ​មុន សហរដ្ឋអាមេរិក បានប្រកាស​អំពី​កិច្ចព្រមព្រៀង​ដែលមាន​តម្លៃ 553.9លាន​ដុល្លារ ដើម្បី​ទិញ​នាវា FREMM ទី​ពីរ ក្នុងចំណោម 10គ្រឿង ដែល​ប្រទេស​នេះ គ្រោង​នឹង​បញ្ជា​ទិញ​នាពេលខាងមុខ។ ដូច្នេះ នាវា FREMM ដែល ឥណ្ឌូនេស៊ី បាន​បញ្ជា​ទិញ អាចមាន​តម្លៃ​ប្រហែល 276លាន​ដុល្លារ​អាមេរិក ក្នុង 1គ្រឿង៕

    ប្រភព៖ Defense News
    ប្រែ​សម្រួល៖ បុត្រា

  • យានអវកាស​របស់ អាមេរិក ថតរូប​រ៉ូ​បូត​របស់ ចិន នៅលើ​ពិភព​ព្រះ​អង្គារ

    យានអវកាស​របស់ អាមេរិក ថតរូប​រ៉ូ​បូត​របស់ ចិន នៅលើ​ពិភព​ព្រះ​អង្គារ

    រូបថត​ថ្មី បង្ហាញឱ្យឃើញ​ស្ថានីយ​ចុះចត និង​រ៉ូ​បូត​របស់ ចិន កំពុង​ធ្វើ​សកម្មភាព​នៅ​តំបន់​ភាគខាងត្បូង​នៃ​វាលរាប Utopia Planitia របស់​ពិភព​ព្រះ​អង្គារ។

    យាន ឬ ផ្កាយរណប​តាមដាន​ភព​អង្គារ (MRO/ Mars Reconnaissance Orbiter) របស់​ទីភ្នាក់ងារ​អវកាស​អាមេរិក (NASA) បាន​ថតរូប​ស្ថានីយ​ចុះចត និង​រ៉ូ​បូត Zhurong របស់ ចិន នៅលើ​ភព​អង្គារ កាលពី​ថ្ងៃទី6 ខែមិថុនា។ MRO ធ្លាប់​ថត​បាន​រូបភាព​ដ៏​គួរឱ្យ​ចាប់អារម្មណ៍ នៃ​រ៉ូ​បូត Curiosity និង Perseverance របស់ NASA ប៉ុន្តែ នេះ​គឺជា​លើកដំបូង​ហើយ ដែល​ផ្កាយរណប MRO ថតរូប​រ៉ូ​បូត Zhurong នៃ​បេសកកម្ម Tianwen-1 របស់​ទីភ្នាក់ងារ​អវកាស​ចិន (CNSA)។ Tianwen-1 រួមមាន យាន​គោចរ​ជុំវិញ​ភព​អង្គារ​មួយគ្រឿង ស្ថានីយ​ចុះចត​មួយគ្រឿង និង​រ៉ូ​បូត​ស្រាវជ្រាវ​លើដី​មួយគ្រឿង។

    ក្នុង​រូបថត​នេះ​ កាមេរ៉ា​ MRO-HiRise កំណត់​បាន​ទីតាំង​របស់​ឆត្រ​យោង​ និង​សម្បក​ខាង​ក្រោយ​ (ពាក់កណ្ដាល​នៃ​ផ្នែក​ខាង​លើ​របស់​យាន​ចុះ​ចត)

    ក្រុម​គ្រប់គ្រង​កាមេរ៉ា HiRise របស់​យាន MRO នៃ​សាកលវិទ្យាល័យ Arizona កាលពី​ថ្ងៃទី10 ខែមិថុនា បានឱ្យដឹងថា៖ «យើង​អាច​មើលឃើញ​ច្បាស់ ទីតាំង​ជុំវិញ​ស្ថានីយ​ចុះចត គឺជា​ស្នាម​ចំហាយ​ដ៏​ខ្លាំង​ដែល​បាន​បាញ់​ចេញ (ពី​យាន​ចុះចត)»។

    Zhurong ដែល​បាន​ចុះ​ដល់​ដី​នៃ​ភព​អង្គារ កាលពី​ពាក់កណ្ដាល​ខែឧសភា ឆ្នាំ2021 បាន​ជួយ​ឱ្យ ចិន ក្លាយជា​ប្រទេស​ទី​ពីរ​ដែលមាន​រ៉ូ​បូត ធ្វើ​សកម្មភាព​នៅលើ​ពិភព​ក្រហម​មួយ​នេះ បន្ទាប់ពី សហរដ្ឋអាមេរិក។

    រូប​ ថត​បាន​ពី​ រ៉ូបូត​ Zhurong ពេល​វា​បាន​ចុះចេញ​ផុត​​ពី​យាន​ចុះ​ចត

    Zhurong កំពុងស្ថិត​នៅលើ​តំបន់​វាលរាប។ «រូបភាព​ថ្មី បង្ហាញ​យ៉ាងច្បាស់​អំពី​សណ្ឋាន​ដី​ពិសេស នៅ​តំបន់​ភាគខាងត្បូង​រប​ស់​វាលរាប Utopia Planitia ដែល​រាបស្មើ និង​ហាក់​មិនមាន​ដុំថ្ម។ រូបភាព​ពណ៌​លឿង មាន​រាង​កោង គឺជា​សណ្ឋាន​ដី Aeolian (ខ្យល់​បោកបក់)» នេះ​បើតាម​ក្រុម HiRise។

    មកដល់​បច្ចុប្បន្ន ចិន បានប្រកាស​បង្ហាញ​រូបភាព​ដ៏​តិចតួច ដែល​ពួកគេ​ទទួលបាន​ពី​បេសកកម្ម Tianwen-1 ដែល​នេះ​គឺ​ផ្ទុយទៅនឹង NASA ដែល​បញ្ចេញ​រូបភាព​នៃ​ភព​អង្គារ​ដល់​សាធារណជន ជា​បន្តបន្ទាប់។ ក្នុងចំណោម​រូបថត​ដែល​ចិន បាន​បញ្ចេញឱ្យឃើញ មាន​រូប​មួយចំនួន​ស្ដីអំពី​ផ្ទៃដី​របស់​ភព​អង្គារ និង​ដាន​កង់​របស់​យាន Zhurong នៅពេល​រ៉ូ​បូត​នេះ ចាកចេញ​ផុតពី​ស្ថានីយ​ចុះចត កាលពី​ខែឧសភា។

    បណ្ដា​បេសក​កម្ម​ដែល​ទទួល​បាន​ជោគ​ជ័យ​ក្នុងការ​ចុះ​ចត​លើ​ពិភព​អង្គារ

    រូបថត​ថ្មី​ដែល​បាន​ថត​ពី​យាន MRO របស់ សហរដ្ឋអាមេរិក ស្ដីពី​រ៉ូ​បូត​ចិន Zhurong គឺជា​ការឆ្លើយតប​នឹង​ការទន្ទឹងរង់ចាំ​របស់​ក្រុម​អ្នក​ចូលចិត្ត​វិស័យ​អវកាស បាន​មួយផ្នែក៕

    ប្រភព៖ Cnet, BBC
    ប្រែ​សម្រួល៖ បុត្រា

  • ស្ថានភាព COVID-19 នៅ​កម្ពុជា និង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី11 ខែមិថុនា ឆ្នាំ2021

    ស្ថានភាព COVID-19 នៅ​កម្ពុជា និង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី11 ខែមិថុនា ឆ្នាំ2021

    ក្រសួងសុខាភិបាល នា​ព្រឹក​ថ្ងៃទី11 ខែមិថុនា ឆ្នាំ2021 នេះ បានឱ្យដឹងថា កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 655​នាក់​, អ្នក​ជា​ចំនួន​ 810​នាក់​ និង​អ្នកស្លាប់​ថ្មី​ចំនួន 11​នាក់​​បន្ថែមទៀត នៅក្នុង​ថ្ងៃទី10​ ខែមិថុនា ឆ្នាំ2021។

    គិត​មកដល់​បច្ចុប្បន្ន កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 37,321​​​​នាក់ ក្នុងនោះ​មាន 311​នាក់​បាន​បាត់​បង់ជីវិត,

    20,617​​​នាក់​បានជា និង​ប្រមាណ​ 6.393នាក់ កំពុង​ទទួល​ការព្យាបាល។ ព័ត៌មាន​បន្ថែម សូម​អាន​របាយការណ៍​សង្ខេប​ខាងក្រោម។

    នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ មាន​អ្នកជំងឺ​Covid-19 សរុប​ចំនួន 175,622,445​​​នាក់​ត្រូវបាន​រកឃើញ ក្នុងនោះ​មាន 159,171,963​​​នាក់​​បានជា, 3,788,723​​​នាក់​បាន​ស្លាប់ និង 12,661,759​​នាក់​កំពុង​ព្យាបាល៕

    ប្រភព៖ ក្រសួងសុខាភិបាល, Worldometers
    ដកស្រង់៖ បុត្រា

  • ក្រុម​ប្រទេស​ G7 នឹង​ផ្ដល់​វ៉ាក់សាំង Covid-19 ចំនួន 1ពាន់​លាន​ដូ​ស ដល់​ពិភពលោក

    ក្រុម​ប្រទេស​ G7 នឹង​ផ្ដល់​វ៉ាក់សាំង Covid-19 ចំនួន 1ពាន់​លាន​ដូ​ស ដល់​ពិភពលោក

    ក្រុម​ប្រទេស​ឧស្សាហកម្ម​រីកចម្រើន (G7) នឹង​បង្កើន​ការផលិត​វ៉ាក់សាំង​បង្ការ Covid-19 នៅ​ទូទាំង​ពិភពលោក ដើម្បី​ផ្គត់ផ្គង់​យ៉ាងតិច 1ពាន់​លាន​ដូ​ស ដល់​ពិភពលោក តាមរយៈ​កម្ម​វិធីចែក​រំលែក និង​ក្រោមរូបភាព​នៃ​ការផ្ដល់​ជំនួយ។

    «នៅក្នុង​កិច្ចប្រជុំ​កំពូល G7 ក្រុម​មេដឹកនាំ​ពិភពលោក តាម​គម្រោង​នឹង​ប្រកាស​ឱ្យដឹង​អំពី​ផែនការ​ផ្ដល់​វ៉ាក់សាំង Covid-19 យ៉ាងតិច 1ពាន់​លាន​ដូ​ស ដល់​ពិភពលោក និង​រៀប​គម្រោង​បង្កើន​ការផលិត​វ៉ាក់សាំង ដើម្បី​សម្រេចបាន​គោលដៅ​នេះ» នៅក្នុង​ឆ្នាំ2023។ នេះ​បើតាម​ការិយាល័យ​នាយករដ្ឋមន្ត្រី​អង់គ្លេស Boris Johnson ដែល​បានឱ្យដឹង កាលពី​ថ្ងៃទី10 ខែមិថុនា។

    ដំណឹង​ខាងលើ ត្រូវបាន​លើកឡើង បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក Joe Biden ប្រកាសថា សហរដ្ឋអាមេរិក នឹង​ផ្ដល់​វ៉ាក់សាំង Covid-19 ចំនួន 500លាន​ដូ​ស ដល់​ប្រទេស​ចំនួន 92 ដែលជា​ប្រទេស​ក្រីក្រ និង​មាន​ចំណូល​ក្រោម​មធ្យម។

    ប្រទេស​អង់គ្លេស ដែលជា​កន្លែង​ប្រារព្ធ​កិច្ចប្រជុំ​កំពូល G7 បានឱ្យដឹងថា ប្រទេស​នេះ​នឹង​ផ្ដល់ជំនួយ​យ៉ាងតិច 100លាន​ដូ​ស ដល់​ពិភពលោក នៅក្នុង​ឆ្នាំ2022 ក្នុងនោះ​មាន 5លាន​ដូ​សនឹង​ត្រូវបាន​ផ្ល​ល់​ឱ្យនៅ​សប្ដាហ៍ក្រោយៗនេះ។

    ការសន្យា​ខាងលើនេះ ត្រូវបាន​ធ្វើឡើង ក្រោយពី​មានការ​អំពាវនាវ​ឱ្យ​បណ្ដា​ប្រទេស​អ្នកមាន ចែករំលែក​វ៉ាក់សាំង ដល់​បណ្ដា​ប្រទេស​ក្រីក្រ។ អង្គការ​មនុស្សធម៌​នានា បាន​ព្រមាន​ថា ស្ថានភាព​ចាក់​វ៉ាក់សាំង​ដោយ​មិន​ស្មើភាព​គ្នា​នេះ កំពុងតែ​នាំឱ្យមាន «ការរើសអើង​ពូជសាសន៍ ដោយ​ប្រើប្រាស់​វ៉ាក់សាំង»៕

    ប្រភព​៖ AFP, Guardian
    ប្រែសម្រួល​៖ បុត្រា

  • ស្ត្រី​ជា​តំណាងរាស្ត្រ ទះកំផ្លៀង​អ្នក​រួម​ការងារ ពេល​កំពុង​ជជែក​គ្នា នៅ​លើ​កញ្ចក់​ទូរទស្សន៍

    ស្ត្រី​ជា​តំណាងរាស្ត្រ ទះកំផ្លៀង​អ្នក​រួម​ការងារ ពេល​កំពុង​ជជែក​គ្នា នៅ​លើ​កញ្ចក់​ទូរទស្សន៍

    ប៉ា​គី​ស្ថាន៖ ស្ត្រី​ជា​អ្នកតំណាងរាស្ត្រ​ម្នាក់ ឈ្មោះ Ashiq Awan ទះកំផ្លៀង​មិត្ត​រួម​ការងារ​ម្នាក់ ឈ្មោះ Qadir Mandokhail បន្ទាប់ពី​មានការ​ខ្វែងគំនិត​គ្នា នៅក្នុង​ការបញ្ចេញមតិ​លើ​កញ្ចក់​ទូរទស្សន៍​ដែល​កំពុង​ផ្សាយ​ផ្ទាល់។

    អំពើហិង្សា​នេះ បានកើត​ឡើង នៅពេល​លោកស្រី Awan ដែលជា​សមាជិក​ម្នាក់រ​បស់​បក្ស Pakistan Tehreek-e-Insaf ចូលរួម​ជជែក​នៅក្នុង​កម្មវិធី​ទូរទស្សន៍​មួយ ជាមួយនឹង​លោក Qadir Mandokhail ដែលជា​តំណាងរាស្ត្រ​មកពី​បក្ស ប្រជាជន​ប៉ា​គី​ស្ថាន MNA។ សកម្មភាព​នៃ​អំពើហិង្សា​នេះ បន្ទាប់មក​ក៏ត្រូវ​បាន​គេ​ចែករំលែក​ពេញ​បណ្ដាញ​សង្គម កាលពី​ថ្ងៃទី10 ខែមិថុនា។

    ដោយសារតែ​មិនមាន​ការឯកភាព​គ្នា លោកស្រី Awan ក៏បាន​ចូលទៅ​ក្បែរ និង​ទះ​មួយ​ដៃ ទៅលើ​គូភាគី។ លោក Qadir Mandokhail ព្យាយាម​ចាប់ដៃ​លោកស្រី Awan និង​បន្ត​ជជែក​តវ៉ា ប៉ុន្តែ ស្ត្រី​តំណាងរាស្ត្រ​រូបនេះ នៅតែ​ប្រតាយប្រតប់ និង​ទះ​បាន​មួយ​ដៃ​ទៀត ធ្វើឱ្យ​លោក Qadir Mandokhail លើកដៃ​តបត។ ភ្លាមនោះ ក្រុម​បុគ្គលិក​ផ្សាយ​របស់​ទូរទស្សន៍ ក៏បាន​ចូលមក​សម្របសម្រួល។

    ក្រោយពី​វីដេអូ​ខាងលើ ត្រូវបាន​ចែករំលែក​លើ​បណ្ដាញ​សង្គម តំណាងរាស្ត្រ Awan ដែល​ធ្លាប់ជា​ជំនួយការ​ពិសេស​ស្ដីពី​ព័ត៌មាន របស់​នាយករដ្ឋមន្ត្រី Imran Khan ឱ្យដឹងថា លោក Qadir Mandokhail មុន​នោះ បាន​គំរាម​លោកស្រី ព្រមទាំង​បាន​មើលងាយ​គ្រួសារ​លោកស្រី ធ្វើឱ្យ​លោកស្រី​មិនអាច​ទប់​កំហឹង​បាន។ លោកស្រី Awan ថែមទាំង​បាន​ព្រមាន​ថា នឹង​ប្ដឹង​លោក Mandokhail បន្ទាប់ពី​បាន​ពិភាក្សា​ជាមួយ​មេធាវី។

    លោក Mandokhail ពេលនោះ បាន​និយាយថា លោក​មិន​ត្រូវបាន​គេ​អនុញ្ញាត​ឱ្យមាន​យោបល់ នៅក្នុង​កម្មវិធី​ជជែក​ដេញដោល​គ្នា ព្រោះតែ​លោកស្រី Awan និយាយ​មិន​ឈប់ ពេញ 30នាទី។ លោក Mandokhail ថា លោក​បាន​សុំ​ការអនុញ្ញាត​ដើម្បី​បញ្ចេញយោបល់ ប៉ុន្តែ ត្រូវ​លោកស្រី Awan បដិសេធ ហើយ​ថែមទាំង​ចោទ​បក្ស​របស់លោក​ថា បាន​ប្រព្រឹត្ត​អំពើពុករលួយ៕

    ប្រភព៖ Republicworld, Pakistantime
    ប្រែ​សម្រួល៖ បុត្រា

  • ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ រកឃើញ​ទម្ងន់​សរុប​របស់​វីរុស​Covid-19 ទាំង​អស់​ ដែល​មាន​នៅ​លើ​ពិភព​លោក​

    ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ រកឃើញ​ទម្ងន់​សរុប​របស់​វីរុស​Covid-19 ទាំង​អស់​ ដែល​មាន​នៅ​លើ​ពិភព​លោក​

    បើសិន​ជា​គ្រាប់​វីរុស​Covid-19 ដែល​កំពុង​ស្ថិត​នៅ​ក្នុង​រាងកាយ​របស់អ្នក​ជំងឺ​នៅ​ទូទាំង​ពិភព​លោក​ ត្រូវ​បាន​គេ​យក​មក​ដាក់​នៅកន្លែង​តែ​មួយ​ នោះ​ទម្ងន់​របស់​ពួក​វា​​នឹង​ស្មើ​នឹង​ទម្ងន់​ ចន្លោះ​ពី​ប៉ោម​ 1ផ្លែ ទៅដល់​​ទម្ងន់​កូន​ក្មេង​ 1​នាក់​។

    អ្នក​វិទ្យា​សាស្ត្រ​មួយ​ក្រុម​ ថ្មី​ៗ​នេះ​បាន​គណនា​ឃើញ​ថា អ្នក​ជំងឺCovid-19 ​ម្នាក់​ មាន​ផ្ទុក​វីរុស​ប្រមាណ​ពី​ 10​ ទៅ​ 100​,000,000​,000​គ្រាប់​ ក្នុង​ដំណាក់​កាល​ជំងឺ​ធ្ងន់​ធ្ងរ​បំផុត​។ ដូច្នេះ​ វីរុស​Covid-19 ទាំង​អស់​ដែល​បាន​ឆ្លង​ទៅ​មនុស្ស​​នៅ​ទូទាំង​​​ពិភព​លោក​ (មធ្យម​ភាគ​នៃ​ 1-10លាន​ករណី​ នៅ​រាល់​ដំណាក់​កាល​ក្នុង​វិបត្តិ​សុខ​ភាព​នេះ) នឹង​មាន​ទម្ងន់​សរុប​ ចាប់​ពី​ 0.1 – 10គីក្រាម​។

    អ្នក​វិទ្យា​សាស្ត្រ​ Ron Milo មក​ពី​វិទ្យា​ស្ថាន​​វិទ្យា​សាស្ត្រ​ Weizmann នៃ​ប្រទេស​អ៊ីស្រាអែល​ និង​បេក្ខ​ភាព​បណ្ឌិត​ Ron Sender នៅ​បន្ទប់​ពិសោធន៍​របស់​ Milo ឱ្យ​ដឹង​ថា​ Covid-19 ប្រៀប​បាន​ទៅ​នឹង​អាវុធ​នុយក្លេអែរ​ ដោយ​វា​មាន​ទម្ងន់​​មហា​សែន​ស្រាល​ ប៉ុន្តែ កម្លាំង​បំផ្លាញ​របស់​ពួក​វា​ ពិត​ជា​មហិមា​។

    យោង​​តាម​សាក​ល​វិទ្យា​ល័យ​ Johns Hopkins បច្ចុប្បន្ន Covid-19 បាន​ឆ្លង​ទៅ​មនុស្ស​ជាង​ 173​លាន​នាក់​ និង​បាន​សម្លាប់​មនុស្ស​ជាង​ 3.7​លាន​នាក់​។​ ដើម្បី​គណនា​ឱ្យ​ដឹង​ថា តើ​អ្នក​ជំងឺ​ម្នាក់​​ មាន​ផ្ទុក​វីរុស​ចំនួន​ប៉ុន្មាន ក្រុម​អ្នក​ស្រាវជ្រាវ​ បាន​ប្រើប្រាស់​លទ្ធផល​មុន​នេះ ​ដែល​ត្រូវ​បាន​យក​ពី​សត្វ​ស្វា​រោម​លឿង​ ស្ដីពី​បរិមាណ​​​​គ្រាប់​វីរុស​នៅ​ក្នុង​ជាលិកា​ផ្សេង​ៗ​ ​ដែល​ងាយ​ឆ្លង​វីរុស​ រួម​មាន​ សួត​ កូនកណ្ដុរ​ក្នុង​ខួរក្បាល​ កូនកណ្ដុរ​ឈាម​ស​ និង​ប្រព័ន្ធ​រំលាយ​អាហារ​។ បន្ទាប់​មក​ ពួក​គេ​គណនា​គ្រាប់​វីរុស​​នៅក្នុង​ជាលិកា​ 1​ក្រាម​ៗ​ នៃ​ស្វា​រោម​​លឿង​ ជាមួយ​នឹង​ជាលិកា​របស់​មនុស្ស​ ដើម្បី​រក​បរិមាណ​នៃ​គ្រាប់​វីរុស​ក្នុង​ជា​លិកា​របស់​មនុស្ស​។

    ក្រុម​អ្នកវិទ្យា​សាស្ត្រ​ បាន​ឱ្យ​ដឹង​ថា វីរុស​Covid-19 1គ្រាប់​ៗ មាន​ទម្ងន់​ 1 ហ្វេម​តូក្រាម (femtogram) (ដែល​ស្មើ​នឹង​ 0.000000000000001 ក្រាម)។ ដោយ​យក​ទម្ងន់​របស់​វីរុស​ 1​គ្រាប់​ គុណ​នឹង​បរិមាណ​របស់​វីរុស​ អ្នក​វិទ្យា​សាស្ត្រ​ករឃើញ​ថា អ្នកជំងឺ​ម្នាក់​ មាន​ផ្ទុក​វីរុសទម្ងន់​​ប្រមាណ​ 10​ មីក្រូក្រាម (microgram) (1​ មីក្រូក្រាម​ = 0.000001 ក្រាម)។

    សាស្ត្រាចារ្យ​ Milo និង​លោក​ Sender​ សង្ឃឹម​ថា ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ​ នឹង​ជំរុញ​ឱ្យ​មាន​ការ​ពិសោធ​ថ្មី​ៗ ប្រកប​ដោយ​ភាព​​ច្នៃ​ប្រឌិត​បន្ថែម​ទៀត​។ លទ្ធផល​នៃ​ការ​រកឃើញ​នេះ ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​លើ​ទស្សនាវដ្ដី Proceedings of the National Academy of Sciences (PNAS)៕

    ប្រភព៖ Live Science
    ប្រែសម្រួល​៖ បុត្រា

  • សហរដ្ឋអាមេរិក មាន​គម្រោង​ផ្ដល់​វ៉ាក់សាំង Covid-19 ចំនួន 500លាន​ដូ​ស ដល់​បណ្ដា​ប្រទេស

    សហរដ្ឋអាមេរិក មាន​គម្រោង​ផ្ដល់​វ៉ាក់សាំង Covid-19 ចំនួន 500លាន​ដូ​ស ដល់​បណ្ដា​ប្រទេស

    ប្រធានាធិបតី Joe Biden នឹង​ប្រកាស​ជា​ផ្លូវការ​នូវ​គម្រោង​ទិញ​វ៉ាក់សាំង​បង្ការ​វីរុស​Covid-19 ចំនួន 500លាន​ដូ​ស ដើម្បី​ចែក​ឱ្យ​បណ្ដា​ប្រទេស​ដែល​រង​ផលប៉ះពាល់​ពី​វិបត្តិ​សុខភាព នៅក្នុង​កិច្ចប្រជុំ​របស់​ក្រុម​ប្រទេស G7។

    សារព័ត៌​មាននៅ សហរដ្ឋអាមេរិក ដកស្រង់​ប្រភពព័ត៌មាន​នានា កាលពី​ថ្ងៃទី9 ខែមិថុនា ឱ្យដឹងថា អាជ្ញាធរ​របស់លោក Biden មាន​គម្រោង​ទិញ​វ៉ាក់សាំង Covid-19 ចំនួន 500លាន​ដូ​ស ពី​ក្រុមហ៊ុន Pfizer-BioNTech ដើម្បី​ចែក​ឱ្យ​ប្រទេសផ្សេងៗក្នុង​ពិភពលោក។

    ប្រធានាធិបតី​សហរដ្ឋអាមេរិក នឹង​ប្រកាស​ជា​ផ្លូវការ​អំពី​គម្រោង​ខាងលើនេះ នៅក្នុង​កិច្ចប្រជុំ​របស់​ក្រុម​ប្រទេស​ឧស្សាហកម្ម​រីកចម្រើន​ជាងគេ​ក្នុង​ពិភពលោក (G7) ដែល​នឹងត្រូវ​ធ្វើឡើង​នៅក្នុង​ប្រទេស​អង់គ្លេស នាពេល​ដ៏​ខ្លី​ខាងមុខ។ នេះ​បើតាម​សារព័ត៌មាន Washington Post និង New York Times។

    ប្រធានាធិបតី Biden ក៏បាន​និយាយ​ដល់​បញ្ហា​នេះ នៅពេល​ឆ្លើយ​នឹង​សំណួរ​របស់​ក្រុម​អ្នកសារព័ត៌មាន មុនពេល​លោក​ធ្វើដំណើរ​ទៅកាន់​ទ្វីបអឺរ៉ុប។ លោក​បញ្ជាក់ថា៖ «ខ្ញុំ​មាន​ផែនការ ហើយនឹង​ប្រកាសឆាប់ៗនេះ»។

    ចំណែក​សារព័ត៌មាន Times បានឱ្យដឹងថា លោក Biden រួម​នឹង​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Pfizer លោក Albert Bourla នឹងចូលរួម​សន្និសីទ​សារព័ត៌មាន​មួយ ដើម្បី​ប្រកាស​អំពី​គម្រោង​ខាងលើ។

    យោងតាម​សារព័ត៌មាន Times កិច្ចព្រមព្រៀង​នេះ​នឹង​អនុញ្ញាតឱ្យ សហរដ្ឋអាមេរិក មិនត្រូវ​បង់ថ្លៃ​ដែល​រួមទាំង​ខ្ទង់​ចំណេញ​សម្រាប់​វ៉ាក់សាំង​ដែល​បាន​បញ្ជា​ទិញ ជាមួយនឹង​គម្រោង​ទទួលបាន 200លាន​ដូ​ស ក្នុងឆ្នាំនេះ និង 300លាន​ដូ​ស​ក្នុង​ឆ្នាំ2022។

    បច្ចុប្បន្ន សហរដ្ឋអាមេរិក បាន​ចាក់​វ៉ាក់សាំង​បង្ការ Covid-19 រួចរាល់ ជូន​ដល់​ពលរដ្ឋ​ជាង​ពាក់កណ្ដាល នៃ​ប្រទេស​នេះ និង​បានឱ្យដឹងថា អត្រា​នៃ​ករណី​ឆ្លង បាន​ថយចុះ​ក្នុង​រយៈពេល​កន្លង៕

    ប្រភព៖ Reuters
    ប្រែ​សម្រួល៖ បុត្រា

  • ស្ថានភាព COVID-19 នៅ​កម្ពុជា និង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី10 ខែមិថុនា ឆ្នាំ2021

    ស្ថានភាព COVID-19 នៅ​កម្ពុជា និង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី10 ខែមិថុនា ឆ្នាំ2021

    ក្រសួងសុខាភិបាល នា​ព្រឹក​ថ្ងៃទី10 ខែមិថុនា ឆ្នាំ2021 នេះ បានឱ្យដឹងថា កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 426​​នាក់​, អ្នក​ជា​ចំនួន​ 760​នាក់​ និង​អ្នកស្លាប់​ថ្មី​ចំនួន 11​នាក់​​បន្ថែមទៀត នៅក្នុង​ថ្ងៃទី9​ ខែមិថុនា ឆ្នាំ2021។

    គិត​មកដល់​បច្ចុប្បន្ន កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 36,666​​​នាក់ ក្នុងនោះ​មាន 300​​នាក់​បាន​បាត់​បង់ជីវិត,

    29,807​​នាក់​បានជា និង​ប្រមាណ​ 6,900​នាក់ កំពុង​ទទួល​ការព្យាបាល។ ព័ត៌មាន​បន្ថែម សូម​អាន​របាយការណ៍​សង្ខេប​ខាងក្រោម។

    នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ មាន​អ្នកជំងឺ​Covid-19 សរុប​ចំនួន 175,181,016​​នាក់​ត្រូវបាន​រកឃើញ ក្នុងនោះ​មាន 158,698,660​​​នាក់​​បានជា, 3,777,167​​នាក់​បាន​ស្លាប់ និង 12,705,189​​នាក់​កំពុង​ព្យាបាល៕

    ប្រភព៖ ក្រសួងសុខាភិបាល, Worldometers
    ដកស្រង់៖ បុត្រា

  • ទិដ្ឋភាព​ដងផ្លូវ​ក្នុង​ទីក្រុង Mumbai ក្លាយជា​ទន្លេ

    ទិដ្ឋភាព​ដងផ្លូវ​ក្នុង​ទីក្រុង Mumbai ក្លាយជា​ទន្លេ

    ទីក្រុង Mumbai ដែលជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​របស់​ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី9 ខែមិថុនា​កន្លងទៅ មាន​ភ្លៀង​ធ្លាក់​ខ្លាំង​រហូតដល់ 12ម៉ោង បណ្ដាលឱ្យ​ផ្លូវ​និង​តំបន់​នានា​ក្នុង​ទីក្រុង​នេះ ត្រូវ​លិច​ដោយ​ជំនន់​ទឹកភ្លៀង។

    រដូវភ្លៀង​នៅ​ប្រទេស​ឥណ្ឌា អូសបន្លាយ​ពី​ខែមិថុនា ដល់​ខែកញ្ញា។ ប្រទេស​នេះ ត្រូវ​រងគ្រោះ​ដោយសារ​ទឹកជំនន់​ជា​រៀងរាល់ឆ្នាំ។ កាលពី​ថ្ងៃទី9 ខែមិថុនា តំបន់​មួយចំនួន​នៅក្នុង​ទីក្រុង និង​នៅ​ជាយក្រុង Mumbai មាន​ភ្លៀង​ធ្លាក់​ខ្លាំង រួម​នឹងមាន​ផ្គរ​រន្ទះ​នាពេល​ព្រឹក។

    ទីក្រុង Mumbai មាន​ភ្លៀង​ធ្លាក់​ទៅដល់ 222ម​ម ក្នុង​រយៈពេល 12ម៉ោង ស្រប​ពេលដែល​ទឹកសមុទ្រ​ជោរ​ឡើងដល់ 4.6ម៉ែត្រ ធ្វើឱ្យ​ទឹកភ្លៀង​មិនអាច​ហូរ​ចូល​សមុទ្រ​បាន នាំឱ្យ​ដងផ្លូវ​ក្នុង​ទីក្រុង ផ្លូវ​រថភ្លើង និង​តំបន់​ក្បែរ​ខាង​នៃ​ទីក្រុង​នេះ ត្រូវ​លិចលង់។

    ភ្លៀង​ធំ នាំឱ្យ​ប៉ូលិស​ត្រូវ​ផ្អាក​ដំណើរការ​រថភ្លើង​ក្រោម​ដី​ចំនួន 4ខ្សែ ចំណែក​អ្នកបើកបរ​រថយន្ត​ក៏ត្រូវ​ទុកចោល​រថយន្ត​នៅលើ​ដងផ្លូវ។ ប៉ូលិស​បាន​អំពាវនាវ​ឱ្យ​ប្រជាជន​នៅតែ​ក្នុងផ្ទះ បើសិន​មិនមាន​កិច្ចការ​ចាំបាច់ និង​ហាម​មិនឱ្យ​ចូលទៅ​កាន់​តំបន់​លិច​ទឹក។

    ទឹកជំនន់​នៅ​ទីក្រុង Mumbai ជម្រៅ​រហូតដល់​ស្មើនឹង​ពោះ​របស់​មនុស្សពេញវ័យ។ សកម្មភាព​រំដោះ​ទឹកជំនន់ កំពុង​ត្រូវបាន​ធ្វើឡើង​យ៉ាង​ញាប់ដៃ ញាប់ជើង។

    នាយកដ្ឋាន​គ្រប់គ្រង​អាកាសធាតុ​ឥណ្ឌា (IMD) បានប្រកាស​អាសន្ន​កម្រិត​ពណ៌​ក្រហម (កម្រិត​ខ្ពស់បំផុត) សម្រាប់​ទីក្រុង Mumbai កាលពី​ថ្ងៃទី9 ខែមិថុនា និង​ប្រកាសអាសន្ន​កម្រិត​ពណ៌​លឿង ដោយ​ព្យាករ​ថា នឹងមាន​ភ្លើង​ធំ រហូតដល់​ធំ​ខ្លាំង ក្នុង​រយៈពេល 4ថ្ងៃ​ទៀត៕

    ប្រភព៖ AFP
    ប្រែ​សម្រួល៖ បុត្រា

  • (វីដេអូ)-រលំ​អគារ សង្កត់​លើ​រថយន្តក្រុង! មនុស្ស​ជិត 20នាក់​បាន​ស្លាប់ និង​រងរបួស​ធ្ងន់ធ្ង​រ

    (វីដេអូ)-រលំ​អគារ សង្កត់​លើ​រថយន្តក្រុង! មនុស្ស​ជិត 20នាក់​បាន​ស្លាប់ និង​រងរបួស​ធ្ងន់ធ្ង​រ

    កូរ៉េខាងត្បូង៖ អគារ​កម្ពស់ 5ជាន់ ដែល​កំពុង​ត្រូវបាន​រុះរើ​កាលពី​ម្សិលមិញ (9 មិថុនា) ស្រាប់តែ​បាក់​រលំ សង្កត់​លើ​រថយន្តក្រុង​មួយគ្រឿង បណ្ដាលឱ្យ​មនុស្ស​ចំនួន 9នាក់​បាត់​បង់ជីវិត។

    អង្គភាព​ពន្លត់​អគ្គិភ័យ​របស់ កូរ៉េខាងត្បូង បានឱ្យដឹងថា ករណី​គ្រោះថ្នាក់​នេះ កើតឡើង​នៅ​ទីក្រុង Gwangju ចម្ងាយ​ពី​រដ្ឋធានី សេ​អ៊ូ​ល 270គម ទៅ​ទិសនិរតី។ នៅក្នុង​វីដេអូ​ដែល​ថត​បាន​ដោយ​កាមេរ៉ា​សុវត្ថិភាព បង្ហាញថា ផ្ទាំង​បេតុង​ដ៏​ធំ​នៃ​អគារ បាន​បាក់​រលំ​សង្កត់​លើ​រថយន្តក្រុង​មួយគ្រឿង​ដែល​កំពុង​ដឹក​អ្នកដំណើរ​ចំនួន 17នាក់។ ក្រុម​ប្រតិកម្ម​រហ័ស ជួយសង្គ្រោះ​មនុស្ស​បាន 8នាក់ ចេញពី​រថយន្ត ប៉ុន្តែ ពួកគេ​សុទ្ធតែ​រងរបួស​ធ្ងន់ធ្ង​រ ខណៈ​អ្នកដំណើរ 9នាក់​ទៀត បាន​បាត់​បង់ជីវិត។ អ្នកបើកបរ​រថយន្ត​រងគ្រោះ ក៏​ស្ថិត​ក្នុងចំណោម​អ្នករងរបួស​នេះដែរ។

    បុគ្គលិក​ពន្លត់​អគ្គិភ័យ Kim Seok-sun ឱ្យដឹងថា កម្មករ​ដែលមាន​ភារ​កិច្ច​រុះរើ បាន​ចាក​ចេញពី​អគារ​នេះ មុនពេល​វា​ដួលរលំ។ បច្ចុប្បន្ន គេ​មិនទាន់​រកឃើញ​មូលហេតុ​ដែលនាំឱ្យ​មា​នក​រ​ណី​នេះ​នៅឡើយ។

    កូរ៉េខាងត្បូង ធ្លាប់មាន​គ្រោះថ្នាក់​ទាក់ទង​នឹង​ហេដ្ឋារចនាសម្ព័ន្ធ ជាច្រើន​ករណី​មកហើយ។ កាលពី​ឆ្នាំ1995 មាន​ករណី​បាក់​អគារ​ហាង​ទំនិញ​មួយ បណ្ដាលឱ្យ​មនុស្ស​ជាង 500នាក់​ត្រូវស្លាប់ និង​ឆ្នាំ1994 មនុស្ស​ចំនួន 49នាក់​បាន​បាត់​បង់ជីវិត ដោយសារ​ករណី​បាក់​ស្ពាន​មួយកន្លែង​ផងដែរ៕

    ប្រភព៖ Reuters
    ប្រែ​សម្រួល៖ បុត្រា