Category: អន្តរជាតិ

  • COVAX កាត់បន្ថយ 30% នៃ​​គោល​ដៅ​​ចែករំលែក​​វ៉ាក់​សាំង​ដល់​​បណ្ដា​​ប្រទេស​​ក្រីក្​រ ក្នុង​ឆ្នាំ 2021

    COVAX កាត់បន្ថយ 30% នៃ​​គោល​ដៅ​​ចែករំលែក​​វ៉ាក់​សាំង​ដល់​​បណ្ដា​​ប្រទេស​​ក្រីក្​រ ក្នុង​ឆ្នាំ 2021

    ក្រុម​អង្គ​ការដែល​ដឹកនាំ​កម្មវិធី COVAX បានឱ្យដឹងថា ប្រភព​វ៉ាក់សាំង​បង្ការ COVID-19 សម្រាប់​ចែករំលែក​ដល់​បណ្ដា​ប្រទេស​ក្រីក្រ នៅក្នុង​ឆ្នាំនេះ ត្រូវ​ថយចុះ 30% ធៀប​នឹង​គោលដៅ 2 ពាន់​លាន​ដូ​ស។

    គោលដៅ​បែងចែក​វ៉ាក់សាំង COVID-19 ចំនួន 2 ពាន់​លាន​ដូ​ស សម្រាប់​បណ្ដា​ប្រទេស​ក្រីក្រ នឹង​ត្រូវបាន​កាត់បន្ថយ 30% មក​នៅត្រឹម 1.425 ពាន់​លាន​ដូ​ស ក្នុង​ឆ្នាំ 2021 នេះ​បើតាម​ប្រកាស​រួម​ដែល​ត្រូវបាន​សម្ព័ន្ធ​វ៉ាក់សាំង Gavi, អង្គការ​សុខភាព​ពិភពលោក (WHO), UNICEF និង សម្ព័ន្ធ​ផ្លាស់ប្ដូរ​ការច្នៃប្រឌិត​ថ្មី ត្រៀម​សម្រាប់​រោគរាតត្បាត (CEPI) ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី 8 កញ្ញា។

    ក្រុម​អង្គការ​ខាងលើ​ឱ្យដឹងថា មាន​មូលហេតុ​ជាច្រើន​ដែលនាំឱ្យ​មានការ​កាត់បន្ថយ​ការផ្គត់ផ្គង់​វ៉ាក់សាំង​នេះ ក្នុងនោះ​មាន​ទាំង​បញ្ហា​កាត់បន្ថយ​ការនាំចេញ និង​បញ្ហា​ផលិត​របស់​បណ្ដា​ក្រុមហ៊ុន ដូចជា វិទ្យាស្ថាន​សេរ៉ូម​ឥណ្ឌា, ក្រុមហ៊ុន Johnson & Johnson និង AstraZeneca ក៏ដូចជា​បញ្ហាយឺតយ៉ាវ​ក្នុង​ការអនុម័ត​វ៉ាក់សាំង​ថ្មី​នៅ សហរដ្ឋអាមេរិក និង ចិន​ផងដែរ។

    Seth Berkley ប្រធាន​អង្គការ Gavi ថ្លែងថា៖ «នេះ​គឺជា​បញ្ហា​អាក្រក់​សម្រាប់​ពិភពលោក ព្រោះ​យើង​បានឃើញ​ហើយ​អំពី​ផលប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​កើតឡើង​នៅពេល​វីរុស​ឆ្លង​រាលដាល​ដោយ​មិនអាច​គ្រប់គ្រង​បាន»។

    ប្រកាស​រួម​ខាងលើ​ឱ្យដឹង​ដែរ​ថា គោលដៅ​ផ្គត់ផ្គង់​វ៉ាក់សាំង 2 ពាន់​លាន​ដូ​ស គ្រោង​នឹង​សម្រេចបាន​នៅក្នុង​ត្រីមាស​ដំបូង​នៃ​ឆ្នាំ 2022។

    គិត​មកដល់​បច្ចុប្បន្ន វ៉ាក់សាំង 5.56 ពាន់​លាន​ដូ​ស ត្រូវបាន​ចាក់​នៅ​ទូទាំង​សកលលោក ដោយ​មធ្យមភាគ​ក្នុង 1 ថ្ងៃ ចាក់​បាន 31.23 លាន​ដូ​ស។ ក៏ប៉ុន្តែ ប្រហែល 80% ក្នុងចំណោម​នោះ ត្រូវបាន​ចាក់​នៅក្នុង​បណ្ដា​ប្រទេស​អ្នកមាន។ ជាង 41% នៃ​ប្រជាជន​សរុប​របស់​ពិភពលោក បានទទួល​ការចាក់​វ៉ាក់សាំង​យ៉ាងតិច 1 ដូ​ស​រួចហើយ ប៉ុន្តែ អត្រា​នេះ​នៅក្នុង​បណ្ដា​ប្រទេស​ក្រីក្រ​គឺ​ត្រឹមតែ 1.9% ប៉ុណ្ណោះ៕

  • តា​លី​បង់ វាយតប់​ក្រុម​ស្ត្រី​ជា​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​អន្តរកាល

    តា​លី​បង់ វាយតប់​ក្រុម​ស្ត្រី​ជា​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​អន្តរកាល

    អា​ហ្វ​ហ្គា​នី​ស្ថាន៖ តា​លី​បង់ ប្រើប្រាស់​រំពាត់ ដំបង វាយ​ទៅលើ​ក្រុម​ស្ត្រី​ដែល​ធ្វើបាតុកម្ម​នៅ​រដ្ឋធានី​កា​ប៊ុល ដើម្បី​ជំទាស់​ទៅនឹង​រដ្ឋាភិបាលបណ្ដោះអាសន្ន​ដែលមាន​សុទ្ធតែ​បុរស។

    ហេតុការណ៍​បានកើត​ឡើង​នៅពេល​ក្រុម​ស្ត្រី អា​ហ្វ​ហ្គា​នី​ស្ថាន នាំគ្នា​ចេញ​ធ្វើបាតុកម្ម​នៅ​រដ្ឋធានី​កា​ប៊ុល កាលពី​ថ្ងៃទី 8 កញ្ញា និង​បាននាំគ្នា​ស្រែកថា «ស្ត្រី អា​ហ្វ​ហ្គា​នី​ស្ថាន​ម៉ឺន​ឆ្នាំ»។ បាតុករ​ខ្លះ​កាន់​បដា​ដែល​សរសេរថា «ពុំមាន​រដ្ឋាភិបាល​ណា​ដែល​បដិសេធ​វត្តមាន​របស់​ស្ត្រី»។

    បាតុករ​មួយចំនួន​ក៏បាន​លើក​រូបថត​ស្ត្រី​ជា​នគរបាល​មួយរូប​កំពុងមាន​ផ្ទៃពោះ ដែល​ត្រូវបាន​គេ​សម្លាប់​នៅក្នុង​ខេត្ត Ghor កាលពី​ប៉ុន្មាន​ថ្ងៃមុន​ផងដែរ។

    «យើង​ធ្វើបាតុកម្ម​ដើម្បី​ប្រឆាំងនឹង​ប្រកាស​កាលពីពេលថ្មីៗនេះ​អំពី​អាជ្ញាធរ​ដែល​មិនមាន​វត្តមាន​របស់​ស្ត្រី» បាតុករ​ម្នាក់​និយាយ​ដូច្នេះ។ នាង​និយាយថា បាតុករ​មួយចំនួន ត្រូវបាន​គេ​វាយ​នឹង​រំពាត់។ «ពួកគេ​ប្រាប់​ឱ្យ​យើង​ត្រលប់​ទៅផ្ទះ និង​ទទួលស្គាល់​រដ្ឋាភិបាល​នេះ។ ហេតុអ្វី​យើង​ត្រូវ​ទទួលស្គាល់ នៅពេលដែល​វា​មិន​ផ្ដល់​សិទ្ធិ និង​ពុំមាន​វត្តមាន​របស់​យើង​ជា​ស្ត្រី»។

    សាក្សី​នៅ​កន្លែងកើតហេតុ បានឱ្យដឹងថា អាជ្ញាធរ តា​លី​បង់ ក៏បាន​វាយតប់​អ្នកកាសែត​មួយចំនួន​ដែល​រាយការណ៍​អំពី​បាតុកម្ម​នេះ។ មនុស្ស​ម្នាក់​និយាយថា នារី​វ័យ 16 ឆ្នាំ​ម្នាក់ កំពុងធ្វើដំណើរ​ទៅ​សាលារៀន «ត្រូវបាន​ចាប់​ចូល​ផ្ទះ និង​វាយដំ​យ៉ាងធ្ងន់ធ្ងរ»។

    បាតុករ​ម្នាក់​និយាយថា តា​លី​បង់ បាន​បង្ហាញថា «ពួកគេ​មិនអាច​ផ្លាស់ប្ដូរ» សារជាតិ​ដើម​របស់​ពួកគេ។

    នេះ​គឺជា​បាតុកម្ម​ថ្មី​បំផុត​របស់​សកម្មជន​ស្ត្រី ដើម្បី​ប្រឆាំង​ជា​សាធារណៈ​ចំពោះ​អាជ្ញាធរ តា​លី​បង់។ មុន​នោះ​មួយថ្ងៃ ស្ត្រី អា​ហ្វ​ហ្គា​នី​ស្ថាន ក៏​បានចេញ​ធ្វើបាតុកម្ម​ដ៏​ធំ​បំផុត​នៅ កា​ប៊ុល រាប់​ចាប់ពី​ពេល តា​លី​បង់ បាន​សម្រុកចូល​កាន់កា​ប់​ទីក្រុង​កាលពី​ខែ​មុន។

    តា​លី​បង់ ពុំទាន់​បាន​បញ្ចេញមតិ​អ្វី​អំពី​បាតុកម្ម​កាលពី​ថ្ងៃទី 8 កញ្ញា។ កងកម្លាំង​នេះ កាលពី​ថ្ងៃទី 8 កញ្ញា បានប្រកាស​រដ្ឋាភិបាល​បណ្ដោះអាសន្ន​ដែលមាន​សមាជិក​សុទ្ធតែជា​បុរស ក្នុងនោះ​ភាគច្រើន​គឺជា​មេដឹកនាំ​ដែល​ធ្លាប់​អនុវត្ត​ច្បាប់​សាសនា​អ៊ីស្លាម​ដ៏​មហា​តឹងរ៉ឹង​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន ក្នុងអំឡុង​ទសវត្សរ៍ 1990៕

  • រដ្ឋាភិបាល​អន្តរកាល​របស់ អាហ្វហ្គានីស្ថាន​ នៃ​ក្រុម តា​លី​បង់ ដែល​​ប្រកប​ដោយ​​អាថ៌កំបាំង

    រដ្ឋាភិបាល​អន្តរកាល​របស់ អាហ្វហ្គានីស្ថាន​ នៃ​ក្រុម តា​លី​បង់ ដែល​​ប្រកប​ដោយ​​អាថ៌កំបាំង

    តា​លី​បង់ បានប្រកាស​រដ្ឋាភិបាល​បណ្ដោះអាសន្ន​ថ្មី សម្រាប់​ដឹកនាំ​ប្រទេស អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​ក្រុម​នេះ​ហៅថា «រដ្ឋ​អ៊ីស្លាម​អេ​មី​រ៉ា​ត នៃ អា​ហ្វ​ហ្កា​នី​ស្ថាន» (Islamic Emirate of Afghanistan)។

    សារព័ត៌មាន BBC បាន​រាយការណ៍​ថា រដ្ឋាភិបាល​អន្តរកាល​នេះ មាន​សមាជិកសំខាន់ៗចំនួន 10 រូប។ ប៉ុន្តែ Aljazeera រាយការណ៍​ថា ជិត​ពាក់កណ្ដាល​ក្នុងចំណោម​សមាជិក​ទាំងនេះ ពុំ​ធ្លាប់​បានបង្ហាញ​វត្តមាន​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ។

    ក្នុង​បញ្ជី​ឈ្មោះ​នៃ​សមាជិក​ទាំង 10 រូប របស់​រដ្ឋាភិបាល​ថ្មី​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ប្រដាប់អាវុធ តា​លី​បង់ (តាម​ការផ្សាយ​របស់ BBC) រួមមាន៖

    • មេដឹកនាំ​របស់​ក្រុម តា​លី​បង់ ៖ Mawlawi Hibatullah Akhundzada មាន​តួនាទី​ដូច​ប្រធានាធិបតី
    • សមាជិក​រដ្ឋាភិបាលបណ្ដោះអាសន្ន ៖
    នាយករដ្ឋមន្ត្រី​​នៃ​ក្រុម​ តាលីបង់ លោក​ Mullah Mohammad Hassan Akhund (រូបថត​ថ្មី​)

    នាយករដ្ឋមន្ត្រី ៖ Mullah Hassan Akhund

    ឧបនាយករដ្ឋមន្ត្រី ៖ Mullah Abdul Ghani Baradar

    ឧបនាយករដ្ឋមន្ត្រី ៖ Maulvi Adul Salam Hanafi

    • រដ្ឋមន្ត្រី ៖

    រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ៖ Mullah Mohammed Yaqoob Mujahid

    រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ៖ Sirajuddin Haqqani

    រដ្ឋមន្ត្រី​ក្រសួងការបរទេស ៖ Maulvi Amir Khan Muttaqi

    រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ ៖ Mullah Hidayat Badri

    រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ៖ Abdul Hakim Ishaqzai

    រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ៖ Khairullah Said Wali Khairkhwa

  • វៀតណាម ពិសោធ​ថ្នាំ​ថ្មី​ ព្យាបាលជំងឺ​ COVID-19 បច្ចេក​វិទ្យា​របស់​ បារាំង

    វៀតណាម ពិសោធ​ថ្នាំ​ថ្មី​ ព្យាបាលជំងឺ​ COVID-19 បច្ចេក​វិទ្យា​របស់​ បារាំង

    ក្រសួងសុខាភិបាល​វៀត​ណា​ម កាលពី​ថ្ងៃទី 8 កញ្ញា បានប្រកាសថា បាន និង​កំពុង​សហការ​ជាមួយ​ក្រុមហ៊ុន បារាំង ក្នុងការ​ពិសោធ​លើ​មនុស្ស​ដំណាក់កាល​ទី​បី និង​ទទួល​បច្ចេកវិទ្យា​ផលិត​អង្គ​ប​ដិ​ប្រាណ​ប្រភេទ polyclonal ដែលមាន​ឈ្មោះថា XAV-19 សម្រាប់​ព្យាបាល​ជំងឺ COVID-19។

    ធាតុ​រាវ​សម្រាប់​បញ្ចូល​ក្នុង​សរសៃឈាម​របស់ XAV-19 គឺជា​អង្គ​ប​ដិ​ប្រាណ​សម្រាប់​ព្យាបាល​អ្នកជំងឺ COVID-19 កម្រិត​មធ្យម។ ថ្នាំ​នេះ​ត្រូវបាន​ក្រុមហ៊ុន បារាំង Xenothera អភិវឌ្ឍ ដោយ​យោងទៅលើ​បច្ចេកវិទ្យា​ផលិត​អង្គ​ប​ដិ​ប្រាណ​របស់​ក្រុមហ៊ុន​នេះ​ផ្ទាល់ ដែល​រួមផ្សំ​រវាង​វិស័យ​ជាតិពន្ធុវិទ្យា និង​ប្រព័ន្ធ​ស៊ាំ​វិទ្យា។ លទ្ធផល​នៃ​ការពិសោធ​លើ​មនុស្ស​ដំណាក់កាល​ទីមួយ និង​ទី​ពីរ បង្ហាញថា «ថ្នាំ​មាន​សុវត្ថិភាព ប្រសិទ្ធ​ភាពល្អ ក្នុងការ​ទប់ស្កាត់​មិនឱ្យ​ជំងឺ​វិ​វ​ឌ្ឍ​ទៅជា​ធ្ងន់ធ្ងរ និង​មាន​ប្រសិទ្ធភាព​ក្នុងការ​បន្សាប​វីរុស និង​កាត់បន្ថយ​រលាក» នេះ​បើតាម​ក្រសួងសុខាភិបាល។

    ថ្នាំ XAV-19 ក៏មាន​ប្រសិទ្ធភាព​ក្នុងការ​ទប់ទល់​នឹង​វីរុស​បំប្លែង​ថ្មី​នានា​របស់ COVID-19 ដែល​ត្រូវបាន​រកឃើញ​កន្លងមក។ ថ្នាំ​នេះ​ក៏​អាចបង្កើត​ភាពស៊ាំភ្លាមៗ និង​រារាំង​វីរុស​ជ្រៀត​ចូលក្នុង​កោសិកា។

    អ្នកស្រី Odile Duvaux ប្រធានក្រុមហ៊ុន Xenothera

    XAV-19 កំពុង​ត្រូវបាន​ពិសោធ​លើ​មនុស្ស​ដំណាក់កាល​ទី​បី នៅ​ប្រទេស​បារាំង និង​ប្រទេស​មួយចំនួន​នៅ​អឺរ៉ុប។ ថ្នាំ​នេះ​ក៏​នឹង​ត្រូវបាន​ផ្គត់ផ្គង់​នៅ​ប្រទេស​បារាំង បន្ទាប់ពី​ទទួលបាន​ការអនុម័ត​ឱ្យប្រើ​ប្រាស់​បន្ទាន់។

    អ្នកស្រី Odile Duvaux ប្រធាន​ក្រុមហ៊ុន Xenothera ឱ្យដឹងថា ក្រុមហ៊ុន​នេះ​បាន​ត្រៀមខ្លួន​សហការ​ពិសោធ​លើ​មនុស្ស​ដំណាក់កាល​ទី​បី​នៅ វៀតណាម និង​ផ្ទេរ​បច្ចេកវិទ្យា​ក្នុង​ការផលិត។ ចំណែក​អនុរដ្ឋមន្ត្រី​សុខ​ភិ​បាល វៀតណាម Tran Van Thuan អះអាងថា វៀតណាម ក៏បាន​ត្រៀមខ្លួន​ជាស្រេច ក្នុង​កិច្ចសហការ​នេះ​ផងដែរ៕

  • អា​ហ្វ​ហ្គា​នី​ស្ថាន៖ ថ្នាក់រៀន​ត្រូវ​ខណ្ឌ​ចែក​និស្សិត​ប្រុស-ស្រី ដោយ​វាំងនន ក្នុងសម័យ តា​លី​បង់

    អា​ហ្វ​ហ្គា​នី​ស្ថាន៖ ថ្នាក់រៀន​ត្រូវ​ខណ្ឌ​ចែក​និស្សិត​ប្រុស-ស្រី ដោយ​វាំងនន ក្នុងសម័យ តា​លី​បង់

    វាំងនន​ពណ៌​ស្រអាប់​ខណ្ឌ​ចែក​ក្នុង​បន្ទប់រៀន​នៅក្នុង​សាកលវិទ្យាល័យ​មួយ​នៅ​រដ្ឋធានី​កា​ប៊ុល ដោយ​ម្ខាង​ជា​ក្រុមនិស្សិត​ប្រុស ចំណែក​ម្ខាង​ទៀត​គឺជា​ក្រុមនិស្សិត​ស្រី​ដែល​ជួត​កន្សែង​ពណ៌​ខ្មៅ​លើ​ក្បាល។

    យោងតាម​ការស្នើ​របស់ តា​លី​បង់ និស្សិត​ប្រុស និង​និស្សិត​ស្រី ត្រូវ​ចេញ-ចូល​សាលា​ដោយ​ប្រើប្រាស់​ផ្លូវ​ដោយឡែក​ពីគ្នា ហើយ​ថ្នាក់រៀន​ដែលមាន​សិស្ស​ចម្រុះ​ភេទ នឹងត្រូវ​បានអនុញ្ញាត បើសិនជា​សិស្សស្រី​មាន​ចំនួន​ក្រោម 15 នាក់ ប៉ុន្តែ ត្រូវតែមាន​វាំងនន​ខណ្ឌ​ចែក​រវាង​ក្រុមសិស្ស​ប្រុស និង​សិស្សស្រី។ ស្ថាប័ន​អប់រំ​នានា ត្រូវតែមាន​ទីតាំង​ថ្វាយបង្គំ​ព្រះ​ដោយឡែក​សម្រាប់​និស្សិត​ស្រី។

    ក្រៅពីនេះ សំណើ​របស់ តា​លី​បង់ ក៏​ស្នើឱ្យ​និស្សិត​ស្រី អ្នកគ្រូ និង​បុគ្គលិក​អប់រំ​ភេទ​ស្រី​ទាំងអស់ គោរព​តាម​ការកំណត់ ដោយ​ជួត​កន្សែង ហ៊ី​ចាប (hijab) ទៅតាម​ច្បាប់​សាសនា​អ៊ីស្លាម Sharia។ កន្សែង ហ៊ី​ចាប បិទបាំង​សក់ ប៉ុន្តែ​មិន​បិទបាំង​មុខ​ដូច​ស្បៃ នី​កាប (niqab) នោះទេ។

    សំណើ​របស់ តា​លី​បង់ មាន​ឃ្លា​សរសេរថា៖ «សាកលវិទ្យាល័យ​នានា ក្នុង​អនាគត​គួរតែ​ព្យាយាម​ជ្រើសរើស​សាស្ត្រាចារ្យ​ភេទ​ស្រី ដើម្បី​បង្រៀន​និស្សិត​ស្រី។ នាបច្ចុប្បន្ន ត្រូវការ​អនុញ្ញាតឱ្យ​សាស្ត្រាចារ្យ​ដែលមាន​វ័យ​ចំណាស់ និង​គួរឱ្យ​ទុកចិត្ត ដើម្បី​បង្រៀន​និស្សិត​ស្រី»។

    Waheed Roshan នាយករង​នៃ​សាកលវិទ្យាល័យ Bakhtar នៅ​រដ្ឋធានី​កា​ប៊ុល ឱ្យដឹងថា សាលា​នេះ​នឹង​គោរព​តាម​ការស្នើ​របស់​អាជ្ញាធ​រ តា​លី​បង់។ Roshan និយាយថា កិច្ច​ការដែល​ត្រូវធ្វើ​នឹង​ជា​រឿង​លំបាក​សម្រាប់​សាកលវិទ្យាល័យ​ជាច្រើន​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន។ និស្សិត​ប្រមាណ 20% នៅ​សាកលវិទ្យាល័យ Bakhtar គឺជា​ស្ត្រី ហើយ​សាលា​អាច​បង្រៀន​និស្សិត​ប្រុស និង​ស្រី​ទៅតាម​វេន​ដោយឡែក​បាន ប៉ុន្តែ សាលា​ជាច្រើន​ដទៃ អាច​ជួប​ការលំបាក​ខ្លាំង និង​ត្រូវ​ប្រើប្រាស់​វិធី​ខណ្ឌ​ចែក​ដោយ​វាំងនន។

    និស្សិត​ស្រី​នៅ កា​ប៊ុល មានប្រតិកម្ម​ផ្សេងគ្នា​ជុំវិញ​ការផ្លាស់ប្ដូរ​នៅក្នុង​សាលា​ដែល​ពួកគេ​រៀន។ Sahar និស្សិត​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ វ័យ 21 ឆ្នាំ និយាយថា រីករាយ​នៅពេល តា​លី​បង់ មិន​ហាម​ស្ត្រី​ចូលរៀន​នៅ​មហាវិទ្យាល័យ ប៉ុន្តែ យល់ថា ការកំណត់​ថ្មី​នេះ​គឺជា​រឿង​ជ្រុលនិយម។

    «មាន​និស្សិត​ស្រី​ជាច្រើន​នៅ កា​ប៊ុល ធំ​ឡើង​នៅក្នុង​សង្គម​សេរីភាព ពួកគេ​មានឱកាស​ជ្រើសរើស​សម្លៀកបំពាក់​ដែល​ពួកគេ​ចង់បាន និង​អាច​ជ្រើសរើស​មហាវិទ្យាល័យ​ដែល​ពួកគេ​ចូលចិត្ត ឬ​សម្រេចចិត្តថា តើ​គួរ ឬ​មិនគួរ​អង្គុយ​ជិត​មិត្ត​រួម​ថ្នាក់​ដែលជា​បុរស។ ប៉ុន្តែ ពេលនេះ ពួកគេ​ពិបាក​សម្រប​ខ្លួន​ទៅតាម​ការកំណត់​ដ៏​តឹងរ៉ឹង​ថ្មី​នេះ» Sahar បន្ថែម​ដូច្នេះ។

    Ziba ដែលជា​និស្សិត​ម្នាក់ វ័យ​ប្រហែល 20 ឆ្នាំ នៅ​ក្រុង​កា​ប៊ុល និយាយថា ខ្លួន​កំពុង​មានបំណង​បោះបង់​ការសិក្សា ព្រោះ​ព្រួយបារម្ភ​អំពី​បញ្ហា​សុវត្ថិភាព និង​ខ្លាច តា​លី​បង់ ដាក់​លក្ខខណ្ឌ​តឹងតែង​ជាង​នេះ​នាពេល​អនាគត។ Ziba ថ្លែងថា ល្អ​បំផុត​គឺ​នៅផ្ទះ។

    ចំណែក Mina Qasem អាយុ 19 ឆ្នាំ បានឱ្យដឹងថា នាង​សប្បាយចិត្ត នៅពេល​បានចាប់ផ្ដើម​ចូលរៀន​មហាវិទ្យាល័យ។ «ខ្ញុំ​នឹង​ប្រើប្រាស់​កន្សែង​គ្រប់​ប្រភេទ​ដែល​ពួកគេ (តា​លី​បង់) ស្នើ ឱ្យតែ​ពួកគេ​អនុញ្ញាតឱ្យ​និស្សិត​ស្រី​ចូលរៀន​មហាវិទ្យាល័យ។ ប្អូនស្រី​របស់ខ្ញុំ​នឹង​បញ្ចប់​ថ្នាក់មធ្យមសិក្សា​នៅ​ឆ្នាំនេះ ហើយនឹង​ចុះឈ្មោះ​ចូលរៀន​មហាវិទ្យាល័យ​ឯកជន​នៅ​ចុងឆ្នាំ​នេះដែរ»។ Mina បន្តថា៖ «បើសិនជា​ស្ត្រី​ចង់​មាន​សំឡេង​នៅក្នុង​អនាគត ពួកគេ​ត្រូវតែ​ទទួលបាន​ការអប់រំ​នៅក្នុង​ស្ថានភាព​ណា​ក៏​ដោយ៕

  • ច្បាប់​សាសនា​អ៊ីស្លាមដ៏តឹងរ៉ឹង​ សារី​អះ (Sharia) គឺជា​អ្វី បានជា​ពិភពលោក​ព្រួយបារម្ភ នៅពេល តា​លី​បង់ ស្នើឱ្យ​អនុវត្ត​ច្បាប់​នេះ?

    ច្បាប់​សាសនា​អ៊ីស្លាមដ៏តឹងរ៉ឹង​ សារី​អះ (Sharia) គឺជា​អ្វី បានជា​ពិភពលោក​ព្រួយបារម្ភ នៅពេល តា​លី​បង់ ស្នើឱ្យ​អនុវត្ត​ច្បាប់​នេះ?

    ចាប់តាំងពី​រដ្ឋធានី​កា​ប៊ុល និង អា​ហ្វ​ហ្គា​នី​ស្ថាន ទាំងមូល បាន​ធ្លាក់​ទៅក្នុង​ដៃ​របស់​ក្រុម តា​លី​បង់ ដែលជា​កងកម្លាំង​ដែល​ធ្លាប់​ល្បីឈ្មោះ​ខាង​ការអនុវត្ត​ច្បាប់​សាសនា​អ៊ីស្លាម សារី​អះ ដ៏​មហា​តឹងរ៉ឹង ក្នុងអំឡុង​កាន់អំណាច​ពី​ឆ្នាំ 1996 ដល់ 2001 ពិភពលោក ពិសេស​គឺ​ស្ត្រី​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន មានការ​ភ័យ​បារម្ភ​ជា​ពន់ពេក។

    ច្បាប់ សារី​អះ គឺជា​ប្រព័ន្ធ​វិន័យ​របស់​សាសនា​អ៊ីស្លាម។ ច្បាប់​នេះ​មាន​ប្រភពពី​គម្ពីរ Koran និង Fatwa។ សារី​អះ (Sharia) មានន័យ​ត្រង់​ថា «ផ្លូវលំ​ច្បាស់លាស់ នាំទៅ​កាន់​ភាព​ស្អាតស្អំ»។

    ច្បាប់ សារី​អះ ដើរ​តូ​នាទី​ដូច​ទៅនឹង​គោលការណ៍​រស់នៅ​ប្រចាំថ្ងៃ​ដែល​អ៊ីស្លាម​សាសនិក​ត្រូវតែ​គោរព​តាម រួមមាន​ទាំង​ការថ្វាយ​បង្គំ​ព្រះ តម​អាហារ និង​បរិច្ចាគ​ទាន​ដល់​អ្នកក្រីក្រ។ វិន័យ​នេះ​ត្រូវបាន​បង្កើតឡើង​ដើម្បី​ជួយ​ឱ្យ​អ្នក​កាន់សាសនា​អ៊ីស្លាម យល់​អំពី​វិធី​ដែល​ពួកគេ​គួរ​ដឹកនាំ​ជីវភាព​ទៅតាម​បំណង​របស់​ព្រះ​អាល់​ឡោះ។

    សារី​អះ មាន​អត្ថន័យ​យ៉ាងណា​នៅក្នុង​ភាពជាក់ស្ដែង?

    សារី​អះ អាច​បញ្ជូន​សារ​ពី​ព្រះ​នៅក្នុង​គ្រប់​កាលៈទេសៈ​នៃ​ជីវភាព​ប្រចាំថ្ងៃ ទៅឱ្យ​អ៊ីស្លាម​សាសនិក។ ឧទាហរណ៍៖ អ្នក​កាន់សាសនា​អ៊ីស្លាម​ម្នាក់ មិនដឹង​ត្រូវធ្វើ​យ៉ាងណា នៅពេល​ត្រូវបាន​មិត្ត​រួមការ​ងារ​អញ្ជើញ​ទៅ​ហាង​ស្រា​ក្រោយ​ម៉ោង​ធ្វើការ អ្នកនោះ​អាច​ទៅរក​អាចារ្យ​ផ្នែក​វិន័យ សារី​អះ ដើម្បី​សុំ​យោបល់ ក្នុង​បំណង​ធានាថា សកម្មភាព​ដែល​ខ្លួន​នឹងធ្វើ នឹង​នៅតែ​ស្ថិតក្នុង​ក្របខណ្ឌ​នៃ​ច្បាប់​សាសនា​របស់​ពួកគេ។

    អ៊ីស្លាម​សាសនិក អាច​សុំ​យោបល់​ពី​អាចារ្យ​វិន័យ សារី​អះ ដើម្បី​ណែនាំ​អំពី​វិស័យ​នានា រួមទាំង​ការរស់នៅ​ក្នុង​គ្រួសារ ហិរញ្ញវត្ថុ និង​ជំនួញ​ផងដែរ។

    ទណ្ឌកម្ម​របស់​ច្បាប់ សារី​អះ មាន​អ្វីខ្លះ?

    ច្បាប់ សារី​អះ បែងចែក​ទោសទណ្ឌ​ជា​ពីរ​ប្រភេទ។ ទីមួយ​គឺ ទោស «hadd» ជា​ទោស​ធ្ងន់ធ្ងរ​ដែល​នឹងត្រូវ​ទទួល​ទណ្ឌកម្ម​ដែល​បានកំណត់​ជាស្រេច។ ទី​ពីរ​គឺ​ទោស «tazir» ជា​ទោស​ដែល​នឹងត្រូវ​ទទួល​ទណ្ឌកម្ម​ទៅតាម​ការសម្រេច​របស់​ចៅក្រម។

    ការ​ដាក់​ទណ្ឌកម្ម​ដោយ​ការវាយ​នឹង​រំពាត់​លើ​ស្ត្រី​មូស្លីម​ នៅ​ក្នុង​ប្រទេស​មួយចំនួន​

    សកម្មភាព​ដែល​ត្រូវបាន​កំណត់ថា​ជាប់ទោស​ប្រភេទ​ទីមួយ (hadd) រួមមាន ការឆក់ប្លន់ (អាច​ត្រូវ​ទទួល​ទណ្ឌកម្ម​ដោយ​ការ​កាត់​ដៃ​ចោល) និង​ទោស​សហាយស្មន់ ដែល​អាច​ត្រូវ​ទទួល​ទណ្ឌកម្ម​ដោយ​ការ​គប់​នឹង​ដុំថ្ម​រហូតដល់​ស្លាម (ប្រហារជីវិត)។

    យ៉ាងនេះ​ក្ដី តាម​ជាក់ស្ដែង ច្បាប់​នេះ​ពុំ​ត្រូវបាន​ប្រទេស​ទាំងអស់​ដែល​កាន់សាសនា​អ៊ីស្លាម អនុវត្តតាម​ទាំងស្រុង​នោះទេ។ ក៏ប៉ុន្តែ មាន​ក្រុម​ប្រដាប់អាវុធ​មួយចំនួន បាន​ប្រើប្រាស់​ច្បាប់​នេះ និង​អនុវត្ត​យ៉ាង​តឹងរ៉ឹង​ទៀតផង ពិសេស​គឺ តា​លី​បង់។

    ហេតុអ្វី​បានជា​វិន័យ សារី​អះ ក្លាយជា​ច្បាប់​ដ៏​គួរឱ្យខ្លាច នៅពេល​ត្រូវបាន​អនុវត្ត​ដោយ ក្រុម​តា​លី​បង់?

    ក្នុងអំឡុង​ឆ្នាំ 1996 ដល់​ឆ្នាំ 2001 តា​លី​បង់ បាន​អនុវត្ត​ច្បាប់ សារី​អះ។ ពួកគេ​បាន​ហាម​ប្រជាជន​មិនឱ្យ​ទទួលទាន​សាច់ជ្រូក និង​ផឹកស្រា។ តន្ត្រី ទូរទស្សន៍ ភាពយន្ត និង​អ៊ី​ន​ធើ​ណិ​ត ក៏ដូចជា​ទម្រង់​នានា​នៃ​សិល្បៈ ដូចជា​គំនូរ ឬ​ការថតរូប​ជាដើម ក៏​ត្រូវបាន​ហាមឃាត់។

    ស្ត្រី​ត្រូវបាន​ហាម​មិនឱ្យ​ចេញទៅ​ធ្វើការ ចំណែក​ក្មេងស្រី​ក៏ត្រូវ​ហាម​មិន​ឱ្យទៅ​សាលារៀន។ ស្ត្រី​ត្រូវគេ​តម្រូវ​ឱ្យទៅ​ទស្សនា​ពិធី purdah (ពិធីបង្ហាញ​អំពី​ទំនៀម​ទម្លាប់​របស់​ស្ត្រី​​ នៅ​ក្នុង​សហគមន៍​អ្នក​កាន់​សាសនា​អ៊ីស្លាម​ មួយ​ចំនួន​) ហើយ​រាល់ពេល​ចេញទៅ​ខាងក្រៅ​គឺ​ត្រូវតែមាន​បុរស​ជា​ញាតិ​ទៅជា​មួយ។ អ្នក​ដែល​រំលោភ​លើ​វិន័យ​នេះ​នឹងត្រូវ​ទទួល​ទណ្ឌកម្ម។

    ក្រុម​ប្រដាប់​អាវុធ​ តាលីបង់ កាល​ពី​ទើប​ចូល​កាន់​កាប់​រដ្ឋធានី​កាប៊ុល

    ចំណែកឯ​បុរស​វិញ ក៏ត្រូវ​ហាម​មិនឱ្យ​កោរពុកមាត់ ពុកចង្កា ដោយ​ត្រូវ​ទុក​វា​ឱ្យ​វែង និង​ត្រូវ​ស្លៀកពាក់​ឈុត turban ពេល​ចេញទៅ​ក្រៅ។ សកម្មភាព​ថ្វាយបង្គំ​ព្រះ​គឺជា​តួនាទី​ដែល​ត្រូវតែ​ធ្វើ ហើយ​អ្នក​ដែល​មិន​គោរព​តាម​តួនាទី​នេះ​នឹង​ត្រូវបាន​ចាប់ខ្លួន។

    ចំពោះ​ទោស​ដូចជា ការ​លួច​ប្លន់​វិញ ការដាក់ទណ្ឌកម្ម​ដោយ​ការ​កាត់​ដៃ​ចោល នៅតែ​ត្រូវបាន តា​លី​បង់ អនុវត្ត។ ចំណែក​ស្ត្រី​ដែល​ត្រូវបាន​កាត់ទោស​ពីបទ​សហាយស្មន់ ទណ្ឌកម្ម​ដែល​ត្រូវ​ទទួល​នោះ​គឺ​ការប្រហារជីវិត​ដោយ​គប់​នឹង​ដុំថ្ម ឬ​ព្យួរ​ក។ ទាំងនេះ​គឺជា​ការកំណត់​នៅក្នុង​ច្បាប់​អ៊ីស្លាម សារី​អះ ហើយ​មានតែ តា​លី​បង់ និង​ក្រុម​ប្រដាប់អាវុធ​ជ្រុលនិយម​មួយចំនួន​តូច​ប៉ុណ្ណោះ​ដែល​បាន​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន។ មុននេះ នៅក្នុង​តំបន់​ដែល​គ្រប់គ្រង​ដោយ តា​លី​បង់ ច្បាប់​នេះ​នៅតែ​ត្រូវបាន​អនុវត្ត។

    ដោយសារតែ តា​លី​បង់ ធ្លាប់បាន​អនុវត្ត​ច្បាប់ សារី​អះ ដ៏​មហា​តឹងតែង​នេះហើយ ទើប​នៅពេល​កងកម្លាំង​នេះ​ត្រលប់មក​កាន់កាប់​អំណាច​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន វិញ មនុស្ស​ជាច្រើន​បាន​សម្ដែង​ការព្រួយបារម្ភ​ខ្លាំង ពិសេស​គឺ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ស្ត្រី និង​កុមារី៕

  • មេដឹកនាំ​កំពូល​បង្អស់​របស់ តា​លី​បង់ ស្នើឱ្យ​រក្សា​ច្បាស់ សារីអះ (Sharia)

    មេដឹកនាំ​កំពូល​បង្អស់​របស់ តា​លី​បង់ ស្នើឱ្យ​រក្សា​ច្បាស់ សារីអះ (Sharia)

    មេបញ្ជាការ​កំពូល​ដ៏​អាថ៌កំបាំង​របស់ តា​លី​បង់ ស្នើឱ្យ​រដ្ឋាភិបាល​ថ្មី រក្សា​ច្បាប់​សាសនា​អ៊ីស្លាម Sharia ដែល​នេះ​គឺជា​សារ​ដំបូង​របស់​មេដឹកនាំ​រូបនេះ រាប់​ចាប់ពី តា​លី​បង់ បាន​ចូល​គ្រប់គ្រង អា​ហ្វ​ហ្គា​នី​ស្ថាន ឡើងវិញ។

    «ខ្ញុំ​ធានា​ចំពោះ​ប្រជាជន​គ្រប់រូប​ថា អ្នក​ដែល​ត្រូវបាន​ជ្រើសតាំង​នៅក្នុង​រដ្ឋាភិបាល នឹង​ប្រឹងប្រែង​ធ្វើការ​ដើម្បី​រក្សា​វិន័យ និង​ច្បាប់ Sharia ក្នុងប្រទេស» លោក Hibatullah Akhundzada មេ​បញ្ជា​កំពូល​របស់ តា​លី​បង់ ដែល​មិន​ធ្លាប់បាន​បង្ហាញខ្លួន​ជា​សាធារណៈ បានឱ្យដឹង​ដូច្នេះ​នៅក្នុង​ប្រកាស​ជា​ភាសា​អង់គ្លេស កាលពី​ថ្ងៃទី 7 កញ្ញា។

    មេដឹកនាំ​រូបនេះ​បាន​ប្រាប់​ប្រជាជន អា​ហ្វ​ហ្គា​នី​ស្ថាន ថា រដ្ឋាភិបាល​ថ្មី នឹង​ធានា «សន្តិភាព សម្បូរ​សប្បាយ និង​រីកចម្រើន​យូរអង្វែង» និង​បាន​អំពាវនាវ​ដល់​គ្រប់គ្នា​ថា «មិនគួរ​ចាកចេញ​ពី​ប្រទេស»។

    «រដ្ឋ​អ៊ីស្លាម​នៃ អា​ហ្វ​ហ្គា​នី​ស្ថាន (Islamic Emirate of Afghanistan) ពុំមាន​បញ្ហា​អ្វី​ជាមួយ​អ្នកណា​ឡើយ។ គ្រប់គ្នា​នឹងចូលរួម​ស្ដារ​របប និង​ប្រទេស អា​ហ្វ​ហ្គា​នី​ស្ថាន ឡើងវិញ។ តាមរយៈ​វិធី​នេះ យើង​នឹង​កសាង​ប្រទេសជាតិ​ដែល​ត្រូវបាន​បំផ្លិចបំផ្លាញ​ដោយ​សង្គ្រាម» លោក Hibatullah Akhundzada ថ្លែង​ដូច្នេះ។

    កន្លងមក សកម្ម​ភាពជា​សាធារណៈ​របស់ Hibatullah Akhundzada ភាគច្រើន​ត្រូវបាន​ធ្វើឡើង​ដោយមាន​កម្រិត​ត្រឹម​ការចេញ​សារ​នៅក្នុង​ថ្ងៃបុណ្យធំៗរបស់​សាសនា​អ៊ីស្លាម ប៉ុន្តែ តា​លី​បង់ បានឱ្យដឹង​អំពី​ទីកន្លែង​ស្នាក់នៅ​របស់​មេដឹកនាំ​រូបនេះ បន្ទាប់ពី​ក្រុម​ប្រដាប់អាវុធ​នេះ​បាន​កាន់កាប់​អំណាច។ អ្នកនាំពាក្យ​របស់ តា​លី​បង់ លោក Zabihullah Mujahid ឱ្យដឹងថា មេដឹកនាំ​របស់ តា​លី​បង់ កំពុងស្ថិត​នៅឯ Kandahar ជាទី​ក្រុង​ធំ​ទី​ពីរ​របស់ អា​ហ្វ​ហ្គា​នី​ស្ថាន ខណៈ​អ្នកនាំពាក្យ​មួយរូប​ផ្សេងទៀត​បាន​និយាយថា លោក​នឹង​បង្ហាញខ្លួន​ជា​សាធារណៈ​នាពេលឆាប់ៗនេះ។

    តា​លី​បង់ កាលពី​ថ្ងៃទី 7 កញ្ញា បានប្រកាស​រដ្ឋាភិបាល​បណ្ដោះអាសន្ន​មួយ​ដែលមាន​លោក Mullah Mohammad Hasan Akhund ជា​នាយករដ្ឋមន្ត្រី។ តំណែង​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ រដ្ឋមន្ត្រីការបរទេស និង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សុទ្ធតែជា​ក្រុម​មេដឹកនាំ​យូរ​ឆ្នាំ​របស់ តា​លី​បង់។

    តា​លី​បង់ ដណ្ដើមបាន​អំណាច​គ្រប់គ្រង អា​ហ្វ​ហ្គា​នី​ស្ថាន ឡើងវិញ កាលពី​ខែ​មុន និង​បាន​សន្យាថា នឹង​បង្កើត​រដ្ឋាភិបាល «សមាហរណកម្ម» ដែល​តំណាងឱ្យ​ប្រជាជាតិ​ទាំងអស់​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន។ បច្ចុប្បន្ន តា​លី​បង់ កំពុង​ប្រឈមមុខ​នឹង​បញ្ហា​ជាច្រើន រួមទាំង​វិបត្តិ​ហិរញ្ញវត្ថុ និង​មនុស្សធម៌​ផងដែរ៕

  • ប្រទេស​ចិន៖ ជិត 1 ពាន់​លាន​នាក់​បានទទួល​ការចាក់​វ៉ាក់សាំង COVID-19 រួចរាល់

    ប្រទេស​ចិន៖ ជិត 1 ពាន់​លាន​នាក់​បានទទួល​ការចាក់​វ៉ាក់សាំង COVID-19 រួចរាល់

    ប្រទេស​ចិន បាន​ចាក់​វ៉ាក់សាំង​បង្ការ COVID-19 ជាង 2 ពាន់​លាន​ដូ​ស ដោយ​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក ក្នុងនោះ​មាន​ជាង 969 លាន​នាក់​បានទទួល​ការចាក់​រួចរាល់។

    លោក Mi Feng អ្នកនាំពាក្យ​របស់​គណៈ​កម្ម​ការ​សុខាភិបាល​ជាតិចិន (NHC) បានឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី 6 កញ្ញា ប្រទេស​ចិន បាន​ចាក់​វ៉ាក់សាំង COVID-19 ជាង 2.11 ពាន់​លាន​ដូ​ស។ ប្រទេស​នេះ​កំពុង​ប្រើប្រាស់​វ៉ាក់សាំង​ចំនួន 7 ប្រភេទ ដើម្បី​ចាក់ឱ្យ​ពលរដ្ឋ។

    អ្នកនាំពាក្យ​ខាងលើ​ឱ្យដឹងថា ពលរដ្ឋ​ជាង 969.9 លាន​នាក់​បានទទួល​ការចាក់​វ៉ាក់សាំង​រួចរាល់។ ក្នុងចំណោម​វ៉ាក់សាំង​បង្ការ COVID-19 ទាំង 7 ប្រភេទ​ដែល ចិន ពុង​ប្រើប្រាស់ មាន 5 ប្រភេទ​ចាក់ 2 ម្ជុល​គឺ​រួចរាល់, 1 ប្រភេទ​ចាក់​តែ 1 ម្ជុល និង 1 ប្រភេទ​ចាក់ 3 ម្ជុល។

    កាលពី​ខែកក្កដា និង​ខែសីហា ចិន​បាន​ចាក់​វ៉ាក់សាំង​ប្រហែល 13 លាន​ដូ​ស​ជា​រៀងរាល់ថ្ងៃ ទាប​ជាង​មធ្យមភាគ 19 លាន​ដូ​ស​ក្នុង​មួយថ្ងៃ​កាលពី​ខែមិថុនា។ ប្រទេស​នេះ​គ្រោង​នឹង​ចាក់​វ៉ាក់សាំង​បង្ការ COVID-19 ដល់​ពលរដ្ឋ 1.1 ពាន់​លាន​នាក់​រួចរាល់ នៅ​ចុងខែ​តុលា​ខាងមុខ។

    ក្រុម​អ្នកជំនាញ​ផ្នែក​សុខាភិបាល​យល់ថា ប្រទេស​ចិន​ត្រូវ​ការចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​ឱ្យបាន​ច្រើនជាង 80% ដើម្បី​ទទួលបាន​ភាពស៊ាំ​ក្នុងសង្គម ដែល​នេះ​ប្រហាក់ប្រហែល​នឹង 1.12 ពាន់​លាន​នាក់ នៅក្នុង​ចំណោម​ប្រជាជន​ចិន សរុប​ជាង 1.4 ពាន់​លាន​នាក់។

    ប្រទេស​ចិន បាន​ផ្គត់ផ្គង់​វ៉ាក់សាំង COVID-19 ប្រមាណ 1 ពាន់​លាន​ដូ​ស​ដល់​ពិភពលោក។ ប្រធានាធិបតី ស៊ី ជីន​ពីង កាលពី​ខែ​មុន​បាន​អះអាងថា ប្រទេស​នេះ​នឹង​ព្យាយាម​បញ្ជូន​វ៉ាក់សាំង​ឱ្យបាន 2 ពាន់​លាន​ដូ​ស​ដល់​បណ្ដា​ប្រទេស នៅក្នុង​ឆ្នាំ 2021៕

  • ក្រុម​រដ្ឋប្រហារ​យោធា បង្ហើប​ឱ្យដឹង​ទីតាំង​ឃុំខ្លួន​ប្រធានាធិបតី ហ្គី​ណេ 

    ក្រុម​រដ្ឋប្រហារ​យោធា បង្ហើប​ឱ្យដឹង​ទីតាំង​ឃុំខ្លួន​ប្រធានាធិបតី ហ្គី​ណេ 

    ហ្គី​ណេ៖ មេដឹកនាំ​កងទ័ព​រដ្ឋប្រហារ បានឱ្យដឹងថា ក្រុម​នេះ​កំពុង​ឃុំខ្លួន​ប្រធានាធិបតី​ដែល​ត្រូវបាន​ទម្លាក់​ពី​អំណាច Alpha Conde នៅក្នុង​ពន្ធនាគារ​យោធា។

    ក្រោយ​រដ្ឋប្រហារ​យោធា​កាលពី​ថ្ងៃទី 5 កញ្ញា ប្រធានាធិបតី​ប្រទេស​ហ្គី​ណេ លោក Alpha Conde មិនបាន​បង្ហាញខ្លួន​ជា​សាធារណៈ និង​ពុំទាន់​ត្រូវបាន​គេ​ដឹង​ច្បាស់​ថា កំពុងស្ថិត​នៅទីណា​ឱ្យ​ប្រាកដ​នៅឡើយ។ ប៉ុន្តែ ថ្មីៗនេះ នៅលើ​បណ្ដាញ​សង្គម គេ​ឃើញ​មាន​រូបថត​របស់លោក Conde ក្នុង​សម្លៀកបំពាក់​អាវ​សាមី ខៅ​ខូវប៊យ អង្គុយ​លើ​កៅអី​សា​ឡុង ខណៈ​នៅ​ជុំវិញ​គឺជា​ក្រុម​ប្រដាប់អាវុធ។ Doumbouya មេដឹកនាំ​រដ្ឋប្រហារ និង​ជា​មេបញ្ជាការ​កងកម្លាំង​ពិសេស​របស់ ហ្គី​ណេ ក្រោយមក​ក៏បាន​ទទួលស្គាល់ថា ពួកគេ​កំពុង​ឃុំខ្លួន Conde។

    កងកម្លាំង​រដ្ឋប្រហារ​បានឱ្យដឹងថា ប្រធានាធិបតី Conde កំពុង​ត្រូវបាន​ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ​យោធា នេះ​បើតាម​សារព័ត៌មាន Guardian ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី 6 កញ្ញា។ ក្រៅពី​លោក Conde កម្លាំង​រដ្ឋប្រហារ​ក៏បាន​ចាប់ខ្លួន​មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋាភិបាល ហ្គី​ណេ ជាច្រើនរូប​ផងដែរ។

    ប្រធានាធិបតី​ ហ្គីណេ លោក​ Alpha Conde និង​កង​កម្លាំង​ប្រដាប់​អាវុធ

    Doumbouya កាលពី​ថ្ងៃទី 5 កញ្ញា បានប្រកាស​រំលាយ​រដ្ឋធម្មនុញ្ញ រំលាយ​រដ្ឋាភិបាល បិទ​ព្រំដែន និង​ដាក់​បម្រាម​គោចរ 24 ម៉ោង។ អ្នកទោសនយោបាយ​ទាំងអស់​នឹងត្រូវ​បាន​ដោះលែង ហើយ​ដំណើរការ​នៃ​ប្រគល់​អំណាច​ដែល​អូសបន្លាយ 18 ខែ នឹងត្រូវ​បានចាប់ផ្ដើម ក្រោម​ការគ្រប់គ្រង​រប​ស់​គណៈកម្មការ​ផ្សះផ្សា និង​អភិវឌ្ឍ​ជាតិ​ថ្មី។

    «បើសិនជា​ប្រជាជន​ត្រូវ​ក្រុមអ្នកមានអំណាច​កៀបសង្កត់ កងទ័ព​ត្រូវតែ​ចេញមុខ​ផ្ដល់​សេរីភាព​ដល់​ប្រជាជន» វរសេនីយឯក Doumbouya សង្កត់ធ្ងន់​ដូច្នេះ។

    មេដឹកនាំ​កងកម្លាំង​រដ្ឋប្រហារ កាលពី​ថ្ងៃទី 6 កញ្ញា បាន​កោះហៅ​រដ្ឋមន្ត្រី និង​មេដឹកនាំ​ស្ថាប័ន​ទាំងឡាយ​របស់​រដ្ឋាភិបាល​ចាស់​មក​ចូលរួម​ប្រជុំ ហើយ​បាន​ព្រមាន​ដល់​អ្នក​ដែល​មិនបាន​ចូលរួម​ថា នឹងត្រូវ​បាន​ចោទ​ពីបទ «បះបោរ»។ នៅក្នុង​កិច្ចប្រជុំ ក្រុម​មេដឹកនាំ​រដ្ឋប្រហារ​ប្រកាសថា អតីតរដ្ឋមន្ត្រី​ទាំងអស់​មិនត្រូវ​បានកំណត់​ជា​គោលដៅ​នោះទេ ប៉ុន្តែ ត្រូវប្រគល់​មធ្យោបាយ​ទាំងអស់​របស់​រដ្ឋាភិបាល និង​មិនត្រូវ​ចាក​ចេញពី​ប្រទេស ពេល​មិនទាន់មាន​ការអនុញ្ញាត។

    ប្រធានាធិបតី​ ហ្គីណេ លោក​ Alpha Conde និង​ប្រធានាធិបតី​ចិន​ លោក​ Xi Jinping

    ហ្គី​ណេ គឺជា​ប្រទេស​ក្រីក្រ​បំផុត​មួយ​របស់​ពិភពលោក បើទោះជា​មាន​ធនធានធម្មជាតិ​សម្បូរបែប។ ប្រទេស​នេះ កំពុង​ជួប​វិបត្តិ​នយោបាយ​យ៉ាងធ្ងន់ធ្ងរ។ រដ្ឋប្រហារ​យោធា​ថ្មី​បំផុត បានធ្វើឱ្យ​ក្រឡាប់ចាក់​អំណាច​របស់​ប្រធានាធិបតី Conde ដែល​បាន​គ្រប់គ្រង​ប្រទេស​រយៈពេល 11 ឆ្នាំ​មកនេះ។

    ប្រទេស​ជាច្រើន​បាន​ថ្កោលទោស​ចំពោះ​រដ្ឋប្រហារ​នេះ។ «អំពើហិង្សា និង​ច្បាប់​ទាំងឡាយណា​ក្រៅពី​រដ្ឋធម្មនុញ្ញ សុទ្ធតែ​ធ្វើឱ្យប៉ះពាល់​ដល់​ក្ដីសង្ឃឹម​ដែលថា ហ្គី​ណេ នឹង​ប្រកបដោយ​សន្តិភាព ស្ថិរភាព និង​រីកចម្រើន» អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស សហរដ្ឋអាមេរិក Ned Price និយាយ​ដូច្នេះ និង​បាន​អំពាវនាវ​ឱ្យ​គ្រប់ភាគី​គោរព​ច្បាប់។

    សហភាព​អាហ្វ្រិក និង​អង្គការសហប្រជាជាតិ សុទ្ធតែ​បាន​អំពាវនាវ​ឱ្យ​ដោះលែង​ប្រធានាធិបតី Conde។ សហគមន៍​សេដ្ឋកិច្ច​នៃ​បណ្ដា​រដ្ឋ​អាហ្វ្រិក​ខាងលិច (Economic Community of West African States) បាន​គំរាមថា​នឹងដាក់​ទណ្ឌកម្ម បើសិន ហ្គី​ណេ មិន​ស្ការ​រដ្ឋធម្មនុញ្ញ​ឡើងវិញ៕

  • មហាវិទ្យាល័យ​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន ស្ទើរតែ​គ្មាន​និស្សិត នៅ​ក្នុង​ថ្ងៃ​បើក​បវេសនកាល

    មហាវិទ្យាល័យ​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន ស្ទើរតែ​គ្មាន​និស្សិត នៅ​ក្នុង​ថ្ងៃ​បើក​បវេសនកាល

    សាកល​វិទ្យា​នានា​នៅ​រដ្ឋធានី​កា​ប៊ុល ស្ទើរតែ​ពុំមាន​និស្សិត​នៅក្នុង​ថ្ងៃ​ដំបូង​នៃ​ឆ្នាំ​សិក្សា​ថ្មី បន្ទាប់ពី តា​លី​បង់ ចូល​គ្រប់គ្រង អា​ហ្វ​ហ្គា​នី​ស្ថាន និង​ចាប់ផ្ដើម​ដាក់ឱ្យអនុវត្ត​ច្បាប់​សាសនា​អ៊ីស្លាម។

    ស្ថាប័ន​គ្រប់គ្រង​វិស័យ​អប់រំ​របស់ តា​លី​បង់ កាលពី​ថ្ងៃទី 5 កញ្ញា បានចេញ​ប្រកាស​ស្ដីអំពី​បទបញ្ជា​ក្នុងការ​គ្រប់គ្រង​ថ្នាក់រៀន ក្នុងនោះ​សិស្ស​ប្រុស និង​សិស្សស្រី ត្រូវ​រៀន​ថ្នាក់​ផ្សេង​ពីគ្នា ឬ​ត្រូវ​ឃាំង​ដោយ​វាំងនន ឬ​របាំង បើសិន​មាន​សិស្ស​ក្រោម 15 នាក់។ បទបញ្ជា​នេះ​ត្រូវបាន​ដាក់ចេញ​មួយថ្ងៃ​មុន​សាកលវិទ្យាល័យ​របស់ អា​ហ្វ​ហ្គា​នី​ស្ថាន បើក​បវេសនកាល​ថ្មី។

    ស្ត្រី​ត្រូវបាន តា​លី​បង់ អនុញ្ញាត​ឱ្យចូល​សិក្សា​នៅ​មហាវិទ្យាល័យ ប៉ុន្តែ​ត្រូវតែ​ពាក់អាវ​វែង អា​បា​យ៉ា (abaya) និង​ជួត​កន្សែង នី​កាប (niqab) ដែល​បិទមុខ​ជិត។ សម្រាប់​ថ្នាក់រៀន​ដែលមាន​សិស្សស្រី តា​លី​បង់ អនុញ្ញាត​ឱ្យតែ​អ្នកគ្រូ ឬ​លោកគ្រូ​ដែលមាន​វ័យ​ចំណាស់ ជា​អ្នក​បង្រៀន ហើយ​សិស្ស​ប្រុស និង​សិស្សស្រី​ត្រូវតែ​ប្រើប្រាស់​ផ្លូវ​ដោយឡែក។ តា​លី​បង់ មិនទាន់​និយាយ​ដល់​សាកលវិទ្យាល័យ​របស់រ​ដ្ឋ​នៅឡើយ។

    Noor Ali Rahmani នាយក​សាកលវិទ្យាល័យ Gharjistan នៅ​រដ្ឋធានី​កា​ប៊ុល ឱ្យដឹងថា សាលា​ស្ទើរតែ​មិនមាន​មនុស្ស​នៅក្នុង​ថ្ងៃ​ដំបូង​នៃ​ឆ្នាំ​សិក្សា​ថ្មី។ «និស្សិត​របស់​យើង​មិន​ទទួលយក​ប្រការនេះ (ប្រការ​ដែល​ត្រូវបាន តា​លី​បង់ កំណត់) ហើយ​យើង​នឹងត្រូវ​បិទទ្វារ​សាលារៀន។ និស្សិត​របស់​យើង​ជួត​កន្សែង ហ៊ី​ចាប់ (hijab) មិនមែន​ស្បៃ​មុខ នី​កាប នោះឡើយ» Rahmani ថ្លែង​ដូច្នេះ។

    យ៉ាងនេះ​ក្ដី និស្សិត​ស្រី អា​ហ្វ​ហ្គា​នី​ស្ថាន មួយចំនួន​ឱ្យដឹងថា ពួកគេ​មាន​អារម្មណ៍​ថា​ស្រាល​ក្នុង​ចិត្ត​បន្តិច នៅពេល តា​លី​បង់ អនុញ្ញាត​ឱ្យទៅ​រៀន។

    ប្រភេទ​ឈ្នួត កន្សែង និងស្បៃ​ សម្រាប់​ស្ត្រី​នៅ​ អាហ្វហ្គានីស្ថាន​ (ហ៊ីចាប-នីកាប-បឺរកា)

    Jalil Tadjlil អ្នកនាំពាក្យ​នៃ​សាកលវិទ្យាល័យ Ibn-e Sina នៅ​រដ្ឋធានី​កា​ប៊ុល ឱ្យដឹងថា សាលា​នេះ​បាន​បើក​ច្រកចេញ-ចូល​ដោយឡែក​សម្រាប់​និស្សិត​ប្រុស និង​និស្សិត​ស្រី។ «យើង​មិនមាន​សិទ្ធិ​ជ្រើសរើស ឬ​បដិសេធ​ការកំណត់​ដែល​បាន​អនុវត្ត» Tadjlil និយាយ​ដូច្នេះ។

    Rahmani បានឱ្យដឹងថា ក្នុងចំណោម​និស្សិត 1,000 នាក់ ដែល​បាន​ចុះឈ្មោះ​ចូលរៀន​នៅ​សាកល​វិទ្យា Gharjistan កាលពី​ឆ្នាំ 2020 មាន​ប្រហែល​ពី 10-20% ប៉ុណ្ណោះ​ដែល​បាន​ចូល​សាលា។ Rahmani សន្និដ្ឋានថា និស្សិត​ប្រមាណ 30% បាន​ចាក​ចេញពី អា​ហ្វ​ហ្គា​នី​ស្ថាន បន្ទាប់ពី តា​លី​បង់ បាន​ចូល​គ្រប់គ្រង​ប្រទេស។

    Reza Ramazan សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ប្រចាំ​សាកលវិទ្យាល័យ Gharjistan ថ្លែងថា និស្សិត​ស្រី​ប្រឈមមុខ​នឹង​បញ្ហា​នៅពេល​ធ្វើដំណើរ​មក​សាលារៀន។ «ទីតាំង​ត្រួតពិនិត្យ អាច​ក្លាយ​ជាទី​ដ៏​គ្រោះថ្នាក់។ តា​លី​បង់ អាច​ពិនិត្យមើល​ទូរស័ព្ទ និង​កុំព្យូទ័រ​របស់​ពួកគេ» Ramazan បញ្ជាក់។

    និស្សិត​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ Amir Hussein វ័យ 28 ឆ្នាំ ឱ្យដឹងថា គ្រប់យ៉ាង​បាន​ប្រែប្រួល​ទាំងស្រុង​បន្ទាប់ពី តា​លី​បង់ បាន​ចូលកាន់​អំណាច​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន «និស្សិត​ជាច្រើន​លែងមាន​អារម្មណ៍​រៀន ព្រោះថា​ពួកគេ​មិនដឹង​អនាគត​របស់ខ្លួន​នឹង​ទៅជា​យ៉ាងណា។ ពួកគេ​ស្ទើរតែ​ទាំងអស់ សុទ្ធតែ​ចង់​ចាក​ចេញពី អា​ហ្វ​ហ្គា​នី​ស្ថាន»៕