Category: អន្តរជាតិ

  • អ៊ីស្រាអែល៖ រ៉ុក្កែត​ច្រើន​គ្រាប់ ផ្ទុះ​ដូច​គេ​បាញ់​កាំជ្រួច​អបអរ នៅលើ​ដែនអាកាស​របស់ អ៊ីស្រាអែល

    អ៊ីស្រាអែល៖ រ៉ុក្កែត​ច្រើន​គ្រាប់ ផ្ទុះ​ដូច​គេ​បាញ់​កាំជ្រួច​អបអរ នៅលើ​ដែនអាកាស​របស់ អ៊ីស្រាអែល

    រ៉ុក្កែត​ចំនួន​ពីរ​គ្រាប់​ដែល​បាញ់​ចេញពី​តំបន់ ហ្គា​ហ្សា សំដៅ​ទឹកដី អ៊ីស្រាអែល សុទ្ធតែ​ត្រូវបាន​ប្រព័ន្ធ​ខែល​ការពារ IRON DOME ស្ទាក់​ចាប់បាន និង​ផ្ទុះ​នៅលើ​ផ្ទៃ​អាកាស។

    កងកម្លាំង​ការពារជាតិ អ៊ីស្រាអែល (IDF) បានឱ្យដឹងថា កងជីវពល ប៉ា​លេ​ស្ទី​ន កាលពី​យប់​ថ្ងៃទី 12 កញ្ញា បាន​បាញ់​រ៉ុក្កែត​ចំនួន 1 គ្រាប់ មកលើ​ទឹកដី អ៊ីស្រាអែល ដែល​នេះ​គឺជា​យប់​ទី​បី​បន្តបន្ទាប់​គ្នា​ហើយ​ដែល​កងជីវពល​ប៉ា​លេ​ស្ទី​ន បាន​បាញ់​រ៉ុក្កែត​ចូល​ប្រទេស​នេះ។ ប៉ុន្មាន​ម៉ោង​ក្រោយមក ក្នុង​គ្រា​ដែល​យន្តហោះ​ចម្បាំង​របស់ IDF វាយប្រហារ​សងសឹក​ទៅលើ​តំបន់ ហ្គា​ហ្សា គ្រាប់​រ៉ុក្កែត​ទី​ពីរ​របស់​កងជីវពល​ប៉ា​លេ​ស្ទី​ន ក៏បាន​សំដៅ​មកកាន់ អ៊ីស្រាអែល។

    រ៉ុក្កែត​ទាំងពីរ​គ្រាប់​របស់​កងជីវពល ប៉ា​លេ​ស្ទី​ន សុទ្ធតែ​ត្រូវបាន​បាញ់​ស្ទាក់​កម្ទេច​ដោយ​ប្រព័ន្ធ​ខែល​ការពារ​ដែនអាកាស IRON DOME របស់ អ៊ីស្រាអែល។ រូប​ដែល​គេ​ថត​បាន បង្ហាញថា គ្រាប់​រ៉ុក្កែត​ដែល​ត្រូវបាន​បាញ់​ស្ទាក់ ផ្ទុះ​ដូច​ទៅនឹង​កាំ​ជ្រួល​ដែល​គេ​បាញ់​សម្រាប់​អបអរ នៅលើ​ដែនអាកាស អ៊ីស្រាអែល។

    ក្នុងការ​វាយប្រហារ​ស​ង​សឹក ទ័ពអាកាស​របស់ អ៊ីស្រាអែល បាន​បាញ់​ចំ​គោលដៅ​ចំនួន 4 ដែលជា​មូលដ្ឋាន​ហ្វឹកហ្វឺន​ទាហាន​របស់​ក្រុម ហា​ម៉ាស នៅ​តំបន់ ហ្គា​ហ្សា រួម​នឹង​រោងចក្រ​ផលិត​អាវុធ​មួយកន្លែង និង​ច្រកចូល​ផ្លូវ​រូង​ក្រោម​ដី​មួយកន្លែង​ផងដែរ។

    ស៊ី​រ៉ែ​ន​ប្រកាសអាសន្ន​អំពី​ការរង​ការវាយប្រហារ​ពី​រ៉ុក្កែត បាន​លាន់​កងរំពង​នៅក្នុង​ទីក្រុង Sderot និង​តំបន់​ប្រជុំជន​របស់ អ៊ីស្រាអែល ដែល​ស្ថិត​នៅក្បែរ​តំបន់ ហ្គា​ហ្សា បណ្ដាលឱ្យ​មនុស្ស​រាប់ពាន់នាក់​ត្រូវរ​ត់ទៅ​លាក់ខ្លួន។ បុគ្គលិក​សុខាភិបាល​របស់ អ៊ីស្រាអែល ឱ្យដឹងថា មនុស្ស 3 នាក់​បាន​រងរបួស​ស្រាល នៅពេល​ស្វែងរក​កន្លែង​ជ្រក។

    អ្នកនាំពាក្យ​របស់​ក្រុមប្រឹក្សា​តំបន់ Shaar Hanegev ឱ្យដឹងថា តំបន់​នេះ​ពុំមាន​អ្នកស្លាប់ អ្នករងរបួស ឬ​ខូចខាត​ទ្រព្យសម្បត្តិ​អ្វីដែល​បង្កឡើង​ដោយ​គ្រាប់​រ៉ុក្កែត​នោះទេ។ មកដល់ពេលនេះ ក៏​ពុំទាន់​មាន​ក្រុម​ណាមួយ​នៃ​ចលនា​ប៉ា​លេ​ស្ទី​ន បានចេញ​មុខ​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​ដោយ​រ៉ុក្កែត​ខាងលើនេះ​នៅឡើយ។

    ភាព​តានតឹង​រវាង អ៊ីស្រាអែល និង​កងជីវពល ប៉ា​លេ​ស្ទី​ន បាន​ឡើងក​ម្ដៅ​ខ្លាំង បន្ទាប់ពី​អ្នកទោស​ជនជាតិ​ប៉ា​លេ​ស្ទី​ន 6 នាក់ ដែល​សុទ្ធសឹងតែ​ជា​សមាជិក​ក្រុម​ប្រដាប់អាវុធ​អ៊ីស្លាម​ជី​ហាត​ប៉ា​លេ​ស្ទី​ន (PIJ) បាន​ជីក​រូង​រត់​ចេញពី​ពន្ធនាគារ Gilboa។ អ៊ីស្រាអែល ក្រោយមក​ក៏​ចាប់បាន​អ្នកទោស 4 នាក់​ក្នុងចំណោម 6 នាក់​ដែល​បាន «ហែក​គុក» ខណៈ PIJ ព្រមាន​ថា នឹង​សងសឹក បើសិន អ៊ីស្រាអែល ធ្វើបាប​អ្នកទោស​ទាំងនោះ។

    មូលហេតុ​ដែលនាំឱ្យ​ភាព​តឹ​ន​តឹង​រវាង​ភាគី​ទាំងពីរ​កើនឡើង​ខ្លាំង ក៏​បណ្ដាលមកពី​កិច្ចព្រមព្រៀង​ផ្ទេរ​សាច់ប្រាក់​សុទ្ធ​របស់​ប្រទេស​កាតា មកកាន់​តំបន់ ហ្គា​ហ្សា ឱ្យ​ក្រុម ហា​ម៉ាស បាន «ដួលរលំ»។ ហា​ម៉ាស គ្រោង​នឹង​ប្រើប្រាស់​សាច់ប្រាក់​នេះ​ដើម្បី​បើកប្រាក់​ខែ​ឱ្យ​មន្ត្រី​របស់ខ្លួន ប៉ុន្តែ អាជ្ញាធរ​របស់​នាយក​រដ្ឋមន្ត្រី អ៊ីស្រាអែល Naftali Bennett ឱ្យដឹងថា ពួកគេ​មិនមាន​បំណង​អនុញ្ញាតឱ្យ កាតា បញ្ជូន​ប្រាក់​ទៅឱ្យ ហា​ម៉ាស ដោយផ្ទាល់​នោះទេ៕

  • អាហ្វ្រិក​ខាងត្បូង ប្រកាស​គម្រោង​ប្រើ​ប័ណ្ណ​បៃតង​វ៉ាក់សាំង COVID-19 ខណៈ​អង់គ្លេស លុបចោល​គម្រោង​ដូចគ្នានេះ

    អាហ្វ្រិក​ខាងត្បូង ប្រកាស​គម្រោង​ប្រើ​ប័ណ្ណ​បៃតង​វ៉ាក់សាំង COVID-19 ខណៈ​អង់គ្លេស លុបចោល​គម្រោង​ដូចគ្នានេះ

    ប្រធានាធិបតី​នៃ​ប្រទេស​អាហ្វ្រិក​ខាងត្បូង Ramaphosa បានប្រកាស​គម្រោង​ប្រើប្រាស់​ប័ណ្ណ​បៃតង​វ៉ាក់សាំង COVID-19 និង​បន្ធូរបន្ថយ​ការ​រឹតត្បិត​លើ​ការធ្វើដំណើរ​ចាប់ពី​សប្ដាហ៍​នេះ ក្នុង​គ្រា​ដែល​ប្រទេស​អង់គ្លេស បានប្រកាសថា នឹង​លុបចោល​គម្រោង​ស្នើឱ្យ​ពលរដ្ឋ​បង្ហាញ​ប័ណ្ណ​បៃតង​វ៉ាក់សាំង នៅពេល​ចូលទៅ​កាន់​ទីកន្លែង​មាន​មនុស្ស​ច្រើន។

    ប្រធានាធិបតី អាហ្វ្រិក​ខាងត្បូង Cyril Ramaphosa បានប្រកាស​ដូចខាងលើ​កាលពី​ថ្ងៃទី 12 កញ្ញា។ អាជ្ញាធរ អាហ្វ្រិក​ខាងត្បូង នឹង​ប្រកាស​លម្អិត​អំពី​ការប្រើប្រាស់​ប័ណ្ណ​បៃតង​វ៉ាក់សាំង COVID-19 នាពេលខាងមុខ ប៉ុន្តែ ប្រភពព័ត៌មាន​ឱ្យដឹងថា ប័ណ្ណ​នេះ ក្រៅពី​ត្រូវបាន​ប្រើប្រាស់​ដើម្បី​បញ្ជាក់​អំពី​ការចាក់​វ៉ាក់សាំង​រួចរាល់ វា​ក៏​នឹងត្រូវ​បាន​ប្រើ​ក្នុង​គោលដៅ និង​ព្រឹត្តិការណ៍ផ្សេងៗផងដែរ។

    លោក Ramaphosa បន្ថែមថា «តួលេខ​នៃ​ករណី​ឆ្លង​ថ្មី​ដែល​បាន​ថយចុះ​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ច្រើន​សប្ដាហ៍​កន្លងទៅនេះ» នឹង​អនុញ្ញាតឱ្យ អាហ្វ្រិក​ខាងត្បូង អាច​បន្ធូរបន្ថយ​វិធានការ​រឹតត្បិត​នានា​ចាប់ពី​ថ្ងៃទី 13 កញ្ញា 2021។

    ប្រធានាធិបតី អាហ្វ្រិក​ខាងត្បូង Cyril Ramaphosa

    ប្រទេស​អាហ្វ្រិក​ខាងត្បូង គិត​មកដល់​បច្ចុប្បន្ន បាន​រកឃើញ​អ្នក​ឆ្លង COVID-19 សរុប​ជាង 2.8 លាន​នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​សរុប​ជិត 85,000 នាក់។ ប្រទេស​នេះ​បាន​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ជាង 7 លាន​នាក់​រួចហើយ នៅក្នុង​ចំណោម​ប្រជាជន​សរុប​ជាង 58.5 លាន​នាក់។ ¼ នៃ​ពលរដ្ឋ​ពេញវ័យ​របស់​ប្រទេស​នេះ បានទទួល​ការចាក់​វ៉ាក់សាំង​យ៉ាងតិច 1 ដូ​ស។

    ដោយឡែក រដ្ឋាភិបាល​អង់គ្លេស មុន​នោះបាន​ឱ្យដឹងថា កម្មវិធី​ប័ណ្ណ​បៃតង​វ៉ាក់សាំង COVID-19 នឹង​ត្រូវបាន​អនុវត្ត​ចាប់ពី​ចុងខែ​កញ្ញា​នេះ បើទោះជា​មានការ​ជំទាស់​ពី​ក្រុមហ៊ុន និង​តំណាងរាស្ត្រ​មួយចំនួន។

    យ៉ាងនេះ​ក្ដី រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​អង់គ្លេស Sajid Javid បានប្រកាស​លុបចោល​គ​ម្រោ​ង​ខាងលើ ដោយ​និយាយថា រដ្ឋាភិបាល​មិនបាន​ចាត់ទុកថា ការប្រើប្រាស់​ប័ណ្ណ​បៃតង​វ៉ាក់សាំង​ជា​រឿង​ចាំបាច់​នៅក្នុង​ស្ថានភាព​វិបត្តិ​សុខភាព​បច្ចុប្បន្ន​នៅ អង់គ្លេស ខណៈ​តួលេខ​នៃ​ការចាក់​វ៉ាក់សាំង​បាន​កើនឡើង​ខ្ពស់។

    រដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេស លោក Sajid Javid

    អង់គ្លេស បាន​ចាក់​វ៉ាក់សាំង COVID-19 ដល់​ពលរដ្ឋ​ជាង 80% ក្នុងចំណោម​ពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី 16 ឆ្នាំ​ឡើងទៅ។ រដ្ឋមន្ត្រី​អង់គ្លេស​ខាងលើ​បន្ថែមថា គំនិត​ស្ដីអំពី​ការតម្រូវ​ឱ្យ​បង្ហាញ​ក្រដាស់​ស្នាម​នៅ​ទីតាំង​កំសាន្ត ធ្វើឱ្យ​លោក​មាន​អារម្មណ៍​ថា មាន​ភាព​តានតឹង​ក្នុង​ចិត្ត ហើយ​មនុស្ស​មួយចំនួន​បាន​ជំទាស់ និង​បាន​ហៅ​ការស្នើ​នេះ​ថា​ជា​រឿង​រំលោភសិទ្ធិ​សេរីភាព។

    បច្ចុប្បន្ន ប្រទេស​នេះ បាន​រកឃើញ​អ្នក​ឆ្លង COVID-19 សរុប​ជាង 7.2 លាន​នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​សរុប​ជាង 134,200 នាក់៕

  • តា​លី​បង់ លើក​មូល​ហេតុដែល​ស្ត្រី​មិនអាច​ចូលរួម​ក្នុង​រដ្ឋាភិបាល​អន្តរកាល នៅ អា​ហ្វ​ហ្គា​នី​ស្ថាន

    តា​លី​បង់ លើក​មូល​ហេតុដែល​ស្ត្រី​មិនអាច​ចូលរួម​ក្នុង​រដ្ឋាភិបាល​អន្តរកាល នៅ អា​ហ្វ​ហ្គា​នី​ស្ថាន

    អ្នកនាំពាក្យ​របស់ តា​លី​បង់ យល់ថា ស្ត្រី​មិនមាន​សមត្ថភាព​ធ្វើ​កិច្ចការ​របស់​រដ្ឋាភិបាល ក្នុងពេល​លោក​បកស្រាយ​អំពី​អាជ្ញាធរ​ថ្មី​ដែលមាន​សុទ្ធតែ​បុរស។

    «ស្ត្រី​ម្នាក់​មិនអាច​ធ្វើជា​រដ្ឋមន្ត្រី​នោះឡើយ ព្រោះថា វា​ដូចជា​អ្នក​ដាក់​ការទទួលខុសត្រូវ​ដ៏​ធ្ងន់ធ្ងរ​ដែល​មិនអាច​រែកពុន​រួច ទៅលើ​ស្មា​របស់​នាង» អ្នកនាំពាក្យ​របស់ តា​លី​បង់ Sayed Zekrullah Hashimi ឆ្លើយតប​នឹង​សំនួរ​របស់​សារព័ត៌មាន Tolo News កាលពី​ថ្ងៃទី 9 កញ្ញា ដែល​និយាយ​អំពី​មូល​ហេតុដែល​ស្ត្រី​មិនបាន​ចូលរួម​រដ្ឋាភិបាល​អន្ត​រកា​ល។

    ស្ត្រី​ អាហ្វហ្គានីស្ថាន ចូល​រួម​ព្រឹត្តិការណ៍​ដ៏ធំ​មួយ​នៅ​ឯ​សាល​ Loya Jirga ក្នុង​រដ្ឋធានី​កាប៊ុល​ កាល​ពី​ឆ្នាំ​ 2020

    «មិនចាំបាច់​មាន​ស្ត្រី​នៅក្នុង​គណៈរដ្ឋមន្ត្រី​នោះទេ ពួកគេ​គួរ​នៅផ្ទះ​បង្កើតកូន ហើយ​ក្រុម​ស្ត្រី​ដែល​ចេញ​ធ្វើបាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ថ្មី មិន​តំណាងឱ្យ​ស្ត្រី​ទាំងអស់​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន ឡើយ» អ្នកនាំពាក្យ​ខាងលើ​អះអាង​ដូច្នេះ ដែល​ទំនងជា តា​លី​បង់ មិន​ចាត់ទុក​ស្ត្រី​ជា​ផ្នែក​មួយ​នៃ​សង្គម។

    «ស្ត្រី 4 នាក់​ដែល​ធ្វើបាតុកម្ម​នៅលើ​ដងផ្លូវ មិន​តំណាងឱ្យ​ស្ត្រី​ទាំងអស់។ ស្ត្រី អា​ហ្វ​ហ្គា​នី​ស្ថាន គឺជា​អ្នកបង្កើត​កូនចៅ​ជនជាតិ អា​ហ្វ​ហ្គា​នី​ស្ថាន ហើយ​អប់រំ​ពួកគេ​អំពី​គោលការណ៍​របស់​សាសនា​អ៊ី​ស្ថា​ម» លោក Hashimi បញ្ជាក់។

    ស្ត្រី អាហ្វហ្គានីស្ថាន ក្រោមរបប ដែល​គាំទ្រ​ដោយ​ អាមេរិក (រូបថត​កាល​ពី​ដើម​ឆ្នាំ​ 2021)

    តា​លី​បង់ កាលពី​ថ្ងៃទី 7 កញ្ញា បានប្រកាស​សមាសភាព​នៃ​រដ្ឋាភិបាល​ថ្មី ដែលមាន​លោក Mullah Mohammad Hasan Akhund ជា​នាយករដ្ឋមន្ត្រី។ តំណែង​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ រដ្ឋមន្ត្រីការបរទេស និង​រដ្ឋមន្ត្រី​មហាផ្ទៃ​របស់​រដ្ឋាភិបាល​បណ្ដោះអាសន្ន​នេះ ក៏​សុទ្ធតែជា​ក្រុម​មេដឹកនាំ​យូរ​ឆ្នាំ​របស់ តា​លី​បង់។

    ខុសពី​រដ្ឋាភិបាល​ចាស់​ដែល​គាំទ្រ​ដោយ សហរដ្ឋអាមេរិក រដ្ឋាភិបាល​អន្តរកាល​របស់ តា​លី​បង់ មិនទាន់មាន​មន្ត្រី​ជា​ស្ត្រីភេទ​នៅឡើយ ធ្វើឱ្យ​ស្ត្រី អា​ហ្វ​ហ្គា​នី​ស្ថាន មួយក្រុម បាននាំគ្នា​ចេញ​ធ្វើបាតុកម្ម​កាលពី​ដើមខែ ដោយសារតែ​ការព្រួយបារម្ភ​ថា ស្ត្រី​នឹងមិន​មាន​សំឡេង​នៅក្នុង​រដ្ឋាភិបាល​ថ្មី។

    ស្ត្រី អាហ្វហ្គានីស្ថាន ក្រោមរបប តាលីបង់ (រូបថតកាលពីដើមខែកញ្ញា ឆ្នាំ 2021)

    ក្រោយពី​ដណ្ដើមបាន​អំណាច​គ្រប់គ្រង​ប្រទេស តា​លី​បង់ បាន​សន្យាថា កសាង​រដ្ឋាភិបាល​មួយ​ដែល​ប្រកបដោយ​សន្តិភាព​និយម​ជាង​រដ្ឋាភិបាល​កាលពី 20 ឆ្នាំមុន ពិសេស​គឺ​ធានា​សិទ្ធិ​របស់​ស្ត្រី​នៅក្នុង​ក្របខណ្ឌ​នៃ​ច្បាប់​សាសនា​អ៊ីស្លាម។ ប៉ុន្តែ មនុស្ស​ជាច្រើន​មិនបាន​ទុកចិត្ត​លើ​ការសន្យា​របស់ តា​លី​បង់ និង​មានបំណង​ចាក​ចេញពី អា​ហ្វ​ហ្គា​នី​ស្ថាន ឱ្យបាន​កាន់តែ​ឆាប់ កាន់តែ​ល្អ ព្រោះ​ខ្លាច តា​លី​បង់ អនុវត្ត​ច្បាប់​សាសនា​ដ៏​មហា​រឹង​រ៉ឹង៕

  • តា​លី​បង់ ប្រហារជីវិត​បងប្រុស​អតីត​អនុ​ប្រធានាធិបតី អា​ហ្វ​ហ្គា​នី​ស្ថាន

    តា​លី​បង់ ប្រហារជីវិត​បងប្រុស​អតីត​អនុ​ប្រធានាធិបតី អា​ហ្វ​ហ្គា​នី​ស្ថាន

    អាជ្ញាធរ តា​លី​បង់ បាន​កាត់ទោស​ប្រហារជីវិត​ចំពោះ Rohullah Saleh ដែលជា​បងប្រុស​របស់ Amrullah Saleh អតីត​អនុ​ប្រធានាធិបតី អា​ហ្វ​ហ្គា​នី​ស្ថាន និង​ជា​មេដឹកនាំ​ម្នាក់​របស់​កងកម្លាំង​តស៊ូ​នៅ​ជ្រលង​ភ្នំ Panjshir ជាទី​តាំង​សំខាន់​ចុងក្រោយ​របស់​ក្រុម​ប្រឆាំងនឹង តា​លី​បង់ ដែល​នៅ​សេសសល់។

    «ពួកគេ​បាន​ប្រហារជីវិត​អ៊ំ​ប្រុស​របស់ខ្ញុំ» Ebadullah Saleh ក្មួយប្រុស​របស់ Rohullah Saleh បានឱ្យដឹង​កាលពី​ថ្ងៃទី 10 កញ្ញា។ «ពួកគេ​បានសម្លាប់​គាត់​កាលពី​ម្សិលមិញ និង​មិនឱ្យ​ពួកយើង​បញ្ចុះសព​គាត់​ទេ។ ពួកគេ​និយាយ​ជា​បន្តបន្ទាប់​ថា គួរតែ​ទុក​សាកសព​ឱ្យ​ស្អុយរលួយ»។

    ព័ត៌មាន​ដែលថា Rohullah Saleh ត្រូវ តា​លី​បង់ ប្រហារជីវិត ត្រូវ​បានលើកឡើង​បន្ទាប់ពី តា​លី​បង់ ដណ្ដើមបាន​អំណាច​ក្នុងការ​គ្រប់គ្រង​ខេត្ត Panjshir ដែលជា​ទីតាំង​ចុងក្រោយ​របស់​កងកម្លាំង​តស៊ូ​ប្រឆាំង តា​លី​បង់ នៅ អា​ហ្វ​ហ្គា​នី​ស្ថាន។ គណនី​បណ្ដាញ​សង្គម​ជា​ភាសា​អ៊ូ​ឌូ (Urdu) របស់​សេវាកម្ម​សារព័ត៌មាន​នៃ​ក្រុម តា​លី​បង់ Alemarah ឱ្យដឹងថា «យោងតាម​ដំណឹង​ដែល​ទទួលបាន Rohullah Saleh ត្រូវបាន​សម្លាប់​នៅក្នុង​ការប្រយុទ្ធ​គ្នា​នៅ Pahjshir។

    អតីតអនុប្រធានាធិបតី របស់​ អាហ្វហ្គានីស្ថាន​ លោក​ Amrullah Saleh

    អតីត​អនុ​ប្រធានាធិបតី Amrullah Saleh ធ្លាប់ជា​មេដឹកនាំ​ស្ថាប័ន​សន្តិសុខ​ជាតិ ស្ថាប័ន​ស៊ើបការណ៍​សម្ងាត់​របស់រ​ដ្ឋា​ភិ​បាល​ចាស់។ បច្ចុប្បន្ន មិនដឹង​ច្បាស់​ថា លោក Amrullah Saleh ស្ថិត​នៅទីណា​នោះទេ។ ប្រភពព័ត៌មាន​មួយ​នៅ កា​ប៊ុល កាលពី​ដើមខែ​នេះ​ឱ្យដឹងថា លោក Amrullah Saleh បាន​ចាក​ចេញពី​ជ្រលង​ភ្នំ Panjshir ទៅកាន់​ប្រទេស​តា​ហ្ស៊ី​គី​ស្ថាន ប៉ុន្តែ លោក​បាន​បដិសេធ​ព័ត៌មាន​នេះ។

    រណសិរ្ស​តស៊ូ​ជាតិ អា​ហ្វ​ហ្គា​នី​ស្ថាន (NRF) ដែល​រួមមាន កងជីវពល​ប្រឆាំង តា​លី​បង់ និង​អតីត​ទាហាន​នៃ​កងទ័ព​រដ្ឋាភិបាល​ចាស់​ដែល​ស្មោះត្រង់​នឹង​មេដឹកនាំ Ahmad Massaoud បាន​ប្ដេជ្ញាចិត្ត​បន្ត​ប្រយុទ្ធ​ប្រឆាំងនឹង តា​លី​បង់ សូម្បីតែ​ក្រោយពី​ទីក្រុង Bazarak របស់ Panjshir ធ្លាក់​ទៅក្នុង​ដៃ​ក្រុម តា​លី​បង់។

    ជ្រលង​ភ្នំ Panjshir ដែលមាន​កំពូលភ្នំ​ជាច្រើន​ព័ទ្ធជុំវិញ មានឈ្មោះ​ល្បី​ថា​ជា​ជញ្ជាំង​ការពារ​ដ៏​រឹងមាំ​សម្រាប់​ប្រឆាំងនឹង តា​លី​បង់ នៅក្នុង​បណ្ដា​ឆ្នាំ​ចុងក្រោយ​នៃ​ទសវត្សរ៍​ឆ្នាំ 1990។ NRF បង្កើត​មូលដ្ឋានទ័ព​នៅ​ជ្រលង​ភ្នំ​នេះ បន្ទាប់ពី តា​លី​បង់ ដណ្ដើមបាន​អំណាច​នៅ កា​ប៊ុល បាន​ប៉ុន្មាន​ថ្ងៃ ដោយ​ជឿថា ពួកគេ​អាច​កាន់កាប់​ជ្រ​លំ​ភ្នំ​នេះ​បានល្អ៕

  • បារាំង ផ្ដល់​សញ្ជាតិ​ដល់​បុគ្គលិក​ជួរមុខ​ប្រឆាំង COVID-19 ចំនួន 12,000 នាក់

    បារាំង ផ្ដល់​សញ្ជាតិ​ដល់​បុគ្គលិក​ជួរមុខ​ប្រឆាំង COVID-19 ចំនួន 12,000 នាក់

    បារាំង៖ ការផ្ដល់​សញ្ជាតិ​ដល់​ជនបរទេស​ដែលជា​បុគ្គលិក​ជួរមុខ​ប្រឆាំង COVID-19 ចំនួន 12,000 នាក់​នៅ​ប្រទេស​បារាំង ត្រូវបាន​ធ្វើឡើង​ដើម្បី​ជាការ​សងគុណ​ដល់​ក្រុមមនុស្ស​ដែល​បាន​ជួយ​ដល់​សង្គមជាតិ​នៃ​ប្រទេស​នេះ។

    «អ្នក​ដែល​ធ្វើការ​នៅ​ជួរមុខ បាន​គាំទ្រ​ដល់​ការអំពាវនាវ​របស់​ប្រទេសជាតិ ដូច្នេះ ការដែល​ប្រទេសជាតិ​ទទួលយក​ពួកគេ​គឺជា​រឿង​ត្រឹមត្រូវ។ ប្រទេស​របស់​យើង ដោយសារ​ពួកគេ​ទើប​អាច​ឆ្លង​ផុតពី​រោគរាតត្បាត» រដ្ឋមន្ត្រីក្រសួង​ពលរដ្ឋ​បារាំង លោកស្រី Marlene Schiappa បានឱ្យដឹង​កាលពី​ថ្ងៃទី 9 កញ្ញា ក្នុងពេល​ប្រកាស​ផ្ដល់​សញ្ជាតិ​ដល់​បុគ្គលិក​ជួរមុខ​ប្រឆាំង COVID-19 ដែល​មកពី​បណ្ដា​ប្រទេស ជាង 12,000 នាក់។

    មុន​នោះ ការដាក់​ពាក្យសុំ​ចូលសញ្ជាតិ​នៅ​បារាំង តែងតែ​ចំណាយពេល​ពីរ​ឆ្នាំ ប៉ុន្តែ បច្ចុប្បន្ន ក្រុម​បុគ្គលិក​បម្រើ​ការងារ​ប្រយុទ្ធ​ប្រឆាំងនឹង COVID-19 នៅ​ជួរមុខ​ក្នុងប្រទេស​បារាំង ក៏​ទទួលបាន​ការកាត់បន្ថយ​ពេលវេលា​នៃ​ការ​តម្រូវឱ្យ​ស្នាក់នៅ​ពី 5 ឆ្នាំ មក​នៅត្រឹម 2 ឆ្នាំ មុននឹង​អាច​ស្នើសុំ​ចូលសញ្ជាតិ។

    ក្រសួងមហាផ្ទៃ​បារាំង កាលពី​ខែកញ្ញា ឆ្នាំ 2020 បាន​អញ្ជើញ​បុគ្គលិក​ប្រឆាំង COVID-19 នៅ​ជួរមុខ ឱ្យ​ឆាប់​មក​ដាក់​ពាក្យសុំ​សញ្ជាតិ។ រដ្ឋមន្ត្រី​បានឱ្យដឹងថា មនុស្ស​ចំនួន 16,381 នាក់​បានដាក់​ពាក្យ ក្នុងនោះ មាន 12,012 នាក់ ត្រូវបាន​អនុញ្ញាត​ឱ្យចូល​សញ្ជាតិ​រួចហើយ។

    បារាំង គឺជា​សម្បុក​វីរុស COVID-19 ធំជាងគេ​លំដាប់​ទី 6 ក្នុង​ពិភពលោក ដោយមាន​ជិត 7 លាន​នាក់​បាន​ឆ្លង​វីរុស និង​ជាង 115,000 នាក់ បាន​ស្លាប់​ដោយសារ COVID-19៕

  • ក្មេងស្រី​អាយុ​ទើបតែ​មួយឆ្នាំ ត្រូវគេ​លួច​ចាប់​យកទៅ «បូជាយញ្ញ» នៅឯ​ល្អាង​ភ្នំ

    ក្មេងស្រី​អាយុ​ទើបតែ​មួយឆ្នាំ ត្រូវគេ​លួច​ចាប់​យកទៅ «បូជាយញ្ញ» នៅឯ​ល្អាង​ភ្នំ

    ប្រទេស​ថៃ៖ ក្មេងស្រី​ម្នាក់ អាយុ 1 ឆ្នាំ ឈ្មោះ Pornsiri Wongsilarung ត្រូវបាន​សង្គ្រោះ​ជីវិត​ទាន់ពេល បន្ទាប់ពី​ត្រូវបាន​ជនល្មើស​ចាប់ យកទៅ​កាន់​រូងភ្នំ ឈៀង​ម៉ៃ (Chiang Mai) និង​ទុកចោល​រយៈពេល 3 ថ្ងៃ ដើម្បី «បូជាយញ្ញ» ជូន​វិញ្ញាណ​បិសាច។

    កុមារី Wongsilarung ឬ​ហៅថា Gina ត្រូវបាន​ចាប់ជំរិត​នៅពេល​កំពុង​លេង​នៅ​ខាងក្រៅ​ផ្ទះ នៅ​តំបន់​ដាច់ស្រយាល​ក្នុង​ខេត្ត ឈៀង​ម៉ៃ ប្រទេស​ថៃ កាលពី​ថ្ងៃទី 5 កញ្ញា។ ជនល្មើស​មានឈ្មោះ​ថា Siew អាយុ 44 ឆ្នាំ ជា​ពលករ​មកពី​ប្រទេស​ភូមា (មី​យ៉ាន​ម៉ា) ហើយក៏​ជា​មិត្ត​របស់​ឱ​ពុក Gina។

    កុមារីរងគ្រោះ

    បន្ទាប់ពី​បាន​ចាប់ Gina ជនដៃដល់ Siew បាន​ទុក​កុមារី​នេះ​នៅឯ​រូងភ្នំ​ដែលមាន​ចម្ងាយ 3 គីឡូម៉ែត្រ​ពី​ផ្ទះ​របស់ Gina ហើយ​បណ្ដោយឱ្យ​នាង​នៅ​ម្នាក់ឯង​រយៈពេល 3 យប់។ Siew សារភាព​អំពី​សកម្មភាព​នេះ ប៉ុន្តែ​និយាយថា ខ្លួន​ត្រូវ «វិញ្ញាណ​អាទិទេព​ចូល​សណ្ឋិត »។

    «វិញ្ញាណ​អាទិទេព​ក្នុងព្រៃ បាន​ប្រាប់​ឱ្យ​ខ្ញុំ​រក​កូនក្មេង​ម្នាក់​មក​បូជាយញ្ញ​ឱ្យ​វិញ្ញាណ​របស់​ព្រាយ​បិសាច ដូច្នេះ ខ្ញុំ​ក៏​បី Gina ទៅ​ដាក់​នៅមុខ​ច្រក​ល្អាង​ភ្នំ។ ខ្ញុំ​មិនបាន​សម្លាប់​ក្មេង​នេះ​ទេ» Siew សារភាព​ប្រាប់​សមត្ថកិច្ច។

    កន្លែង​កើត​ហេតុ

    ប៉ូលិស បុគ្គលិក​សង្គ្រោះបន្ទាន់ រួម​នឹង​អ្នកស្ម័គ្រចិត្ត​ជាង 200 នាក់ ត្រូវបាន​បញ្ជូន​ទៅរក​កុមារី​រងគ្រោះ​នៅក្នុង​ភូមិ និង​នៅក្នុង​ព្រៃ​ក្បែរ​ទីតាំង​ក្មេងស្រី​បាត់​ខ្លួន។ ក្រុម​សុនក​ជំនាញ យន្តហោះ​ដ្រូ​ន និង​ក្រុម​អ្នក​មុជទឹក​ក៏ត្រូវ​បាន​បញ្ជូន​ទៅរក Gina។

    រហូតដល់​ថ្ងៃទី 8 កញ្ញា កុមារី​រងគ្រោះ​ត្រូវបាន​រកឃើញ​នៅខាងមុខ​រូងភ្នំ។ នៅលើ​ខ្លួន​មានតែ​អាវ​មួយគត់ ហើយ​ត្រូវ​សត្វល្អិត​ខាំ​គ្រប់កន្លែង និង​មាន​សភាព​អស់កម្លាំង​រលីង។ ប៉ុន្តែ នៅពេល​បានឃើញ​ក្រុម​អ្នក​សង្គ្រោះ កុមារី​សើច​សប្បាយរីករាយ។ Gina ភ្លាមនោះ​ក៏ត្រូវ​បាន​នាំទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​ពិនិត្យ​សុខភាព។

    ម្ដាយ​របស់​កុមារី​រង​គ្រោះ

    «ខ្ញុំ​បាន​បួងសួង​ទាំង​ថ្ងៃ ទាំងយប់ ដើម្បីឱ្យ​កូន​អាច​ត្រលប់មក​ផ្ទះ​ដោយ​សុវត្ថិភាព។ ខ្ញុំ​រំភើប​ណាស់​ពេល​បានឃើញ​កូន​នៅមាន​ជីវិត។ ខ្ញុំ​អាច​បូជាជីវិត​ផ្ទាល់ខ្លួន​ដើម្បី​បានឃើញ​កូន​ត្រលប់មក​ដោយ​សេចក្ដីសុខ» Malee Pasee អាយុ 23 ឆ្នាំ ដែលជា​ម្ដាយ​របស់ Gina ថ្លែង​ដូច្នេះ។

    ជន​ល្មើស

    ប៉ូលិស​ឱ្យដឹងថា ដំបូង​ជនជាប់ចោទ Siew មិន​ព្រម​សហការ និង​គ្រាន់តែ​សារភាព​អំពី​សកម្មភាព​លួច​ចាប់ Gina ក្រោយពី​ត្រូវបាន​សួរចម្លើយ​ពេញ​មួយ​យប់។ ជននេះ​ក៏ត្រូវ​បាន​ប៉ូលិស​សង្ស័យថា​មាន​បញ្ហា​សុខភាព និង​រង​ផលប៉ះពាល់​ពី​​គ្រឿង​ញៀន៕

  • (វីដេអូ)-«បុរស​ធ្លាក់​ពី​អគារ​ពាណិជ្ជកម្ម​ពិភពលោក» កាលពី​ឆ្នាំ 2001 នៅតែ​ជា​រូបភាព​រន្ធត់​បំផុត​នៃ​ហេតុការណ៍​ភេរវកម្ម ថ្ងៃទី 11 កញ្ញា

    (វីដេអូ)-«បុរស​ធ្លាក់​ពី​អគារ​ពាណិជ្ជកម្ម​ពិភពលោក» កាលពី​ឆ្នាំ 2001 នៅតែ​ជា​រូបភាព​រន្ធត់​បំផុត​នៃ​ហេតុការណ៍​ភេរវកម្ម ថ្ងៃទី 11 កញ្ញា

    រូបភាព​ដែល​ថត​បាន​ដោយ​លោក Richard Drew មកពី​ទីភ្នាក់ងារសារព័ត៌មាន អាមេរិក AP (Associated Press) ដែល​បង្ហាញ​អំពី​បុរស​ម្នាក់​ធ្លាក់​ពី​អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក (World Trade Center) នៅ​ទីក្រុង​នី​វ​យ៉​ក បាន​ក្លាយជា​រូបភាព​រន្ធត់​បំផុត​នៅក្នុង​អំពើ​ភេរវកម្ម​នៅ សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី 11 ខែកញ្ញា ឆ្នាំ 2001។

    បុរស​ដែល​ធ្លាក់…

    ខ្ញុំ​ធ្វើដំណើរ​តាម​រថភ្លើង​ក្រោម​ដី ពីតំបន់ Times Square ទៅកាន់​ផ្លូវ Chamber ហើយ​ក៏​បាន​ឈប់​នៅមុខ​អគារ​ពាណិជ្ជកម្ម​ពិភពលោក។ អ្វីដែល​ខ្ញុំ​បានឃើញ​មុនដំបូង​បង្អស់​គឺ​ផ្សែង និង​អណ្ដាតភ្លើង​បាញ់​ចេញពី​អគារ​ចំនួន​ពីរ។

    ខ្ញុំ​ក៏​ចាប់ផ្ដើម​ថតរូប។ ពេល​ខ្ញុំ​កំពុង​ថត​អគារ​ដែល​កំពុង​ឆេះ ស្រាប់តែ​បុគ្គលិក​សុខាភិបាល​ម្នាក់​ស្រែក​ឡើង «ព្រះ​អឺយ មើល​នោះ»។ ខ្ញុំ​ក៏​លើក​ម៉ាស៊ីនថតរូប​ឡើង ថត​មនុស្ស​ដែល​កំពុង​ធ្លាក់។ រូប​ដែល​ខ្ញុំ​ថត​បាន ក្រោយមក​ក៏ត្រូវ​បានដាក់​ឈ្មោះថា «បុរស​ដែល​ធ្លាក់»។

    រូបភាព​ដ៏​ស្ងប់ស្ងាត់ និង​មិន​ដូច​ទៅនឹង​រូបភាព​ដ៏​សាហាវ​នៃ​សោកនាដកម្ម​ដទៃ។ ពុំមាន​ឈាម ពុំមាន​អ្នកណាម្នាក់​ត្រូវបាន​គេ​បាញ់ប្រហារ។ ប៉ុន្តែ ពេល​មើល​ទៅលើ​រូបថត​នេះ អ្នកណា​ក៏​ស្រមៃ​ឃើញថា ខ្លួន​ហាក់​កំពុង​ស្ថិតនៅ​ទីនោះ។ ពួកគេ​អាច​ធ្លាក់​ទៅក្នុង​ស្ថានភាព​នេះ នៅពេល​ត្រូវធ្វើ​ការសម្រេចចិត្ត​ដូច​ទៅនឹង​បុរស​នៅក្នុង​រូបថត។

    ថ្ងៃនោះ ប្រទេស​របស់​យើង​ត្រូវបាន​វាយប្រហារ​ដោយ​ក្រុម​ភេរ​វករ ហើយ​យើង​ត្រូវ​ជួបនឹង​រូបភាព​នៃ​ពលរដ្ឋ​របស់​យើង​បាត់បង់​ជីវិត។ រូបថត (បុរស​ដែល​ធ្លាក់) នេះ បង្ហាញ​អំពី​បុរស​ម្នាក់​នៅក្នុង​ចំណោម​នោះ។

    រហូតមកដល់​បច្ចុប្បន្ន គេ​នៅតែ​មិនទាន់​ដឹង​អំពី​អត្តសញ្ញាណ​របស់​បុរស​ដែល​ធ្លាក់​នោះ។ បុរស​នោះ​អាចជា​បុគ្គលិក​ភោជនីយដ្ឋាន Windows on the World នៅលើ​អគារ​ខាងជើង​នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក៕

  • ទីក្រុង​បាងកក គ្រោង​នឹង​បើកទ្វារ​ទទួល​ទេសចរ ចាប់ពី​ខែក្រោយ

    ទីក្រុង​បាងកក គ្រោង​នឹង​បើកទ្វារ​ទទួល​ទេសចរ ចាប់ពី​ខែក្រោយ

    ប្រទេស​ថៃ មាន​ផែនការ​បើកទ្វារ​រាជធានី​បាងកក និង​តំបន់​មួយចំនួន ដើម្បី​ទទួលភ្ញៀវ​បរទេស​ចាប់ពី​ខែតុលា ក្នុង​គ្រា​ដែល​តួលេខ​អ្នក​ឆ្លង COVID-19 ថ្មី ប្រហែលជា​បាន​ឡើងដល់​ចំនុចកំពូល​រួចហើយ។

    អ្នកនាំពាក្យ​របស់​រដ្ឋា​ភិ​បាល​ថៃ ថានក​ន វ៉ាង​ប៊ុន​គង់​ចាន់ (Thankorn Wangboonkongchan) កាលពី​ថ្ងៃទី 9 កញ្ញា បានឱ្យដឹងថា រាជធានី​បាងកក រួម​នឹង ហួ​ហ៊ី​ន ប៉ា​តៃ​យ៉ា និង ឈៀង​ម៉ៃ នឹង​ស្ថិតក្នុង​កម្មវិធី​បើកទ្វារ​ទទួល​ទេសចរ​បរទេស​ទាំងឡាយ​ណា​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ COVID-19 រួចរាល់ និង​សន្យាថា នឹងធ្វើ​តេស្ត​ឱ្យបាន​ត្រឹមត្រូវ​ចំពោះ​អ្នកទេសចរ។

    ក៏ប៉ុន្តែ ប្រធាន​អាជ្ញាធរ​ទេសចរណ៍​ថៃ លោក យុ​ត្ថា​សាក់ ស៊ុ​ប៉ា​សន (Yuthasak Supasorn) សង្កត់ធ្ងន់ថា ទីក្រុង​បាងកក នឹង​បើកទ្វារ​តែមួយ​ផ្នែក​ប៉ុណ្ណោះ ដោយ​ចាប់ផ្ដើម​ពី​តំបន់​ទេសចរណ៍សំខាន់។ លោក​ថ្លែងថា អាជ្ញាធរ​បានដាក់​គោលដៅ​ទទួល​អ្នក​ទេសចរណ៍​ឱ្យបាន 1 លាន​នាក់​នៅក្នុង​ឆ្នាំនេះ។ តួលេខ​នេះ​កាលពី​ឆ្នាំ 2019 គឺ​ជិត 40 លាន​នាក់។

    ប្រទេសថៃ ចាក់វ៉ាក់សាំង COVID-19 ជូនពលរដ្ឋទូទាំងប្រទេសបាន 15% ខណៈនៅទីក្រុងបាងកក តួលេខនេះគឺ 34%

    ប្រទេស​ថៃ កាលពី​ថ្ងៃទី 9 កញ្ញា បាន​រកឃើញ​អ្នក​ឆ្លង COVID-19 ថ្មី ចំនួន 16,031 នាក់ និង 220 នាក់​បាន​ស្លាប់ ធ្វើឱ្យ​តួលេខ​អ្នក​ឆ្លង​សរុប​ឡើងដល់ 1,338,550 នាក់ និង​អ្នកស្លាប់​សរុប​កើន​ដល់ 13,731 នាក់។

    បច្ចុប្បន្ន ប្រទេស​ថៃ ចាក់​វ៉ាក់សាំង COVID-19 ជូន​ពលរដ្ឋ​ទូទាំងប្រទេស​បាន 15% ខណៈ​នៅ​ទីក្រុង​បាងកក តួលេខ​នេះ​គឺ 34%៕

  • ត្រលប់​ទៅ​​មើល​ហេតុការណ៍​ភេរវកម្ម​ថ្ងៃទី 11 កញ្ញា ឆ្នាំ 2001 ដែល​បានធ្វើឱ្យ​កក្រើក សហរដ្ឋអាមេរិក និង​ពិភពលោក

    ត្រលប់​ទៅ​​មើល​ហេតុការណ៍​ភេរវកម្ម​ថ្ងៃទី 11 កញ្ញា ឆ្នាំ 2001 ដែល​បានធ្វើឱ្យ​កក្រើក សហរដ្ឋអាមេរិក និង​ពិភពលោក

    បណ្ដា​រូបភាព​ដែល​ថត​បាន​នៅក្នុង​ហេតុការណ៍​ដ៏​មហា​សែន​ច្របូកច្របល់ ប្រកបដោយ​ភាពរន្ធត់ បន្ទាប់ពី​ក្រុម​ភេរវ​ករ​បាន​បញ្ជា​ឱ្យ​យន្តហោះ​ជាច្រើន​គ្រឿង ហោះ​ទៅបុក​អគារ​មួយចំនួន​ដែលជា​និមិត្តរូប​របស់ សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី 11 កញ្ញា ឆ្នាំ 2001។

    អណ្ដាតភ្លើង និង​ផ្សែង កំពុងតែ​ហុយ​ចេញពី​អគារ​នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក នៅ​ទីក្រុង​នី​វ​យ៉​ក ក្រោយពី​ក្រុម​ភេរ​វករ al-Qaeda បញ្ជា​ឱ្យ​យន្តហោះ ហោះ​ទៅបុក​អគារ​ខ្ពស់​ចំនួន​ពីរ នៅក្នុង​ថ្ងៃទី 11 កញ្ញា ឆ្នាំ 2001។

    «នោះ​គឺជា​ថ្ងៃ​ដែល​រូបភាព​របស់​វា​មិនអាច​បំភ្លេចបាន។ ថ្ងៃ​អវសាន​នៃ​ផែនដី ហិង្សា និង​កាច​សាហាវ​ដូច​បៃ​សាច» សារព័ត៌មាន AP រៀបរាប់​នៅក្នុង​ខួប 20 ឆ្នាំ​នៃ​ព្រឹត្តិការណ៍ 11 កញ្ញា។

    អ្នកដំណើរ​នៅ​តំបន់ Manhattan កំពុង​ឈរ​មើល​ហេតុការណ៍​ដ៏​រន្ធត់ នៅពេល​ផ្សែង​បាញ់​ចេញពី​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក កាលពី​ថ្ងៃទី 11 កញ្ញា ឆ្នាំ 2001។

    អណ្ដាតភ្លើង និង​ផ្សែងហុយ​ចេញពី​អគារ​ខាងជើង​នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក បន្ទាប់ពី​ត្រូវបាន​វាយប្រហារ​ដោយ​ក្រុម​ភេរ​វករ។

    ក្រុម​ភេរ​វករ បាន​ប្លន់​យន្តហោះ​ពាណិជ្ជកម្ម និង​បញ្ជា​ឱ្យ​ហោះ​បុក​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក នៅ នី​វ​យ៉​ក មន្ទីរ​បញ្ច​កោណ នៅ​រដ្ឋធានី​វ៉ា​ស៊ី​ង​តោន។ ក្នុងចំណោម​យន្តហោះ​ដែល​ត្រូវបាន​ប្លន់ មាន​មួយគ្រឿង​បាន​ធ្លា​ក់នៅ​វាលស្រែ នៅ Pennsylvania។ មនុស្ស​ជិត 3,000 នាក់ បាន​ស្លាប់ ខណៈដែល​អគារ​ភ្លោះ 110 ជាន់ នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក នៅសល់តែ​គំនរ​បាក់បែក។

    ស្ត្រី​ពីរនាក់ កំពុងឱប​គ្នា​យំ នៅពេល​ឃើញ​អគារ​នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក កំពុង​ឆេះ។

    មនុស្សម្នា​យក​កន្សែង​បិទមុខ​មាត់ បន្ទាប់ពី​អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក បាន​ដួលរលំ។

    មនុស្សម្នា​ក់បាន​ធ្លាក់​ពី​អគារ​ខាងជើង​នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក ចំណែក​មនុស្ស​ម្នាក់ទៀត​កំពុង​តោង​ជញ្ជាំង​ខាងក្រៅ​នៃ​អគារ​ដែល​កំពុង​ឆេះ។

    រូបភាព​រាប់មិនអស់​នៃ​ករណី​ភេរវកម្ម​ថ្ងៃទី 11 កញ្ញា ឆ្នាំ 2001 ត្រូវបាន​គេ​ថត និង​ចែករំលែក សូម្បីតែ​អ្នក​អវកាស​នៅលើ​ស្ថានីយ​អវកាស​អន្តរជាតិ ក៏​ថត​បាន​រូបភាព​មួយចំនួន។

    មនុស្សម្នា​រត់ចេញ​ពី​តំបន់​នៃ​អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក​ដែល​បាន​ដួលរលំ ហើយ​នៅ​ជុំវិញ​ពួកគេ​គឺជា​ផ្សែង និង​ធូលី​ដេរដាស។

    ប្រជាជន​នាំគ្នា​ឆ្លងកាត់​ស្ពាន Brooklyn ក្នុង​ទីក្រុង​នី​វ​យ៉​ក នៅពេល​ធ្វើដំណើរ​ពី Manhattan ទៅកាន់ Brooklyn ក្រោយពី​អគារ​ចំនួន​ពីរ​របស់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក​បាន​ស្រុត​បាក់ និង​ដួលរលំ។

    ក្រុម​ពន្លត់​អគ្គិភ័យ​កំពុង​ស្ថិតនៅលើ​គំនរ​បាក់បែក​នៅ​តំបន់​អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក នាទី​ក្រុង​នី​វ​យ៉​ក កាលពី​ថ្ងៃទី 11 កញ្ញា 2001។

    បុគ្គលិក​ពន្លត់​អគ្គិភ័យ​ម្នាក់​ដែល​រងគ្រោះ កំពុង​ស្រែក​ក្នុងការ​ឈឺចាប់ ពេល​ត្រូវបាន​ជួយសង្គ្រោះ។

    អណ្ដាតភ្លើង និង​ផ្សែងហុយ​ចេញពី​ផ្នែក​មួយ​នៃ​មន្ទីរ​បញ្ច​កោណ នៅ​រដ្ឋធានី​វ៉ា​ស៊ី​ង​តោន កាលពី​ថ្ងៃទី 11 កញ្ញា 2001។

    យន្តហោះ​ដែលមាន​លេខ​សម្គាល់ 77 របស់​ក្រុមហ៊ុន American Airlines ដឹក​មនុស្ស 64 នាក់ រួមទាំង​ភេរ​វករ al-Qaeda ចំនួន 5 នាក់ បាន​បុក​ផ្នែក​ខាងលិច​នៃ​អគារ​មន្ទីរ​បញ្ច​កោណ នៅវេលា​ម៉ោង 9 និង 37 នាទី នៃ​ថ្ងៃទី 11 កញ្ញា 2001 បណ្ដាលឱ្យ​មនុស្ស 29 នាក់ បាត់បង់​ជីវិត។

    វរសេនីយឯក Bruce Westcott មកពី​កងទ័ពជើងគោក កំពុង​លើកទឹកចិត្ត​បុគ្គលិក​មន្ទីរ​បញ្ច​កោណ Racquel Kelley ក្នុងពេល​អ្នកស្រី​កំពុង​ត្រូវបាន​គេ​ជួយ​ផ្នែក​សុខាភិបាល នៅ​ខាងក្រៅ​មន្ទីរ​បញ្ច​កោណ ក្នុង​រដ្ឋធានី​វ៉ា​ស៊ី​ង​តោន៕

  • បច្ចេកវិទ្យា​អភិវឌ្ឍ​វ៉ាក់សាំង COVID-19 ថ្មី ដោយ​ប្រើ​​រុក្ខជាតិ​ និង​មិនបាច់​រក្សាទុក​ក្នុង​ទូទឹកកក

    បច្ចេកវិទ្យា​អភិវឌ្ឍ​វ៉ាក់សាំង COVID-19 ថ្មី ដោយ​ប្រើ​​រុក្ខជាតិ​ និង​មិនបាច់​រក្សាទុក​ក្នុង​ទូទឹកកក

    សហរដ្ឋអាមេរិក ៖ ក្រុម​វិស្វករ​ផ្នែក​វិទ្យាសាស្ត្រ ណា​ណូ (nano) នៅ​សាកល​វិទ្យា California San Diego កំពុង​អភិវឌ្ឍ​វ៉ាក់សាំង​បង្ការ​វីរុស COVID-19 ដែល​វ៉ាក់សាំង​នេះ​អាច​ទ្រាំ​បាន​នឹង​កម្ដៅ ដោយមាន​សមាសធាតុ​ចម្បង​គឺ​វីរុស​ពី​រុក្ខជាតិ ឬ​បាក់តេរី។

    វ៉ាក់សាំង​ខាងលើនេះ ទើបតែ​ស្ថិតក្នុង​ដំណាក់កាល​អភិ​វ​ឌ្ឍ​ដំបូង​នៅឡើយ។ នៅលើ​សត្វ​កណ្ដុរ វ៉ាក់សាំង​នេះ​ជួយ​ជំរុញ​ការបង្កើត​អង្គ​ប​ដិ​ប្រាណ​ក្នុង​បរិមាណ​យ៉ាងច្រើន​ដែល​អាច​កម្ចាត់ COVID-19។ បើសិន​ជាមាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​នៅលើ​មនុស្ស ផលិតផល​នេះ​នឹង​ផ្លាស់ប្ដូរ​រាល់​ការប្រឹងប្រែង​ដើម្បី​ចែកចាយ​វ៉ាក់សាំង នៅ​ទូទាំង​ពិភពលោក រួមទាំង​តំបន់​ជនបទ​ដាច់ស្រយាល និង​សហគមន៍​ដែលមាន​ប្រាក់ចំណូល​ទាប។

    «បច្ចេកវិទ្យា​វ៉ាក់សាំង​របស់​យើង មាន​ស្ថិរភាព​ផ្នែក​សីតុណ្ហភាព ដូច្នេះ​វា​អាច​ត្រូវបាន​ប្រើប្រាស់​នៅ​តំបន់​ដែល​មិន​អាចដាក់​ទូទឹកកក​ដែលមាន​សីតុណ្ហភាព​ត្រជាក់​ខ្លាំង ឬ​ទី​ដែល​រថយន្ត​បំពាក់​ទូទឹកកក​ត្រជាក់​ខ្លាំង​មិនអាច​ទៅដល់» Nicole Steinmeetz សាស្ត្រាចារ្យ​ផ្នែក​បច្ចេកទេស​ណា​ណូ និង​ជា​ប្រធាន​មជ្ឈមណ្ឌល​បច្ចេកទេស​ប្រព័ន្ធ​ស៊ាំ​វិទ្យា​កម្រិតណា​ណូ នៃ​មហាវិទ្យាល័យ Jacobs របស់​សាកលវិទ្យាល័យ UC San Diego បានឱ្យដឹង​ដូច្នេះ។

    រុក្ខជាតិ​សណ្ដែក​កួរ​ដែល​ក្រុម​ស្រាវ​ជ្រាវ​​របស់​សាស្ត្រាចារ្យ​ Nicole Steinmeetzប្រើ​ប្រាស់​ក្នុង​ការ​អភិវឌ្ឍ​វ៉ាក់សាំង​បង្ការ​ COVID-19

    ក្នុងការ​ស្រាវជ្រាវ​ដែល​ត្រូវបាន​ចុះផ្សាយ​កាលពី​ថ្ងៃទី 7 កញ្ញា នៅលើ​ទស្សនាវដ្ដី​នៃ​សមាគម​គីមី​សាស្ត្រ សហរដ្ឋអាមេរិក ក្រុម​ស្រាវជ្រាវ​បង្កើតបាន​វ៉ាក់សាំង​បង្ការ COVID-19 ចំនួន​ពីរ​ប្រភេទ ក្នុងនោះ ទីមួយ​គឺជា​វ៉ាក់សាំង​អភិវឌ្ឍ​ពី​វីរុស​នៅលើ​រុក្ខជាតិ ដែល​វា​មាន​ឈ្មោះថា “cowpea mosaic virus” និង​មួយ​ប្រភេទ​ទៀត អភិវឌ្ឍ​ពី​វីរុស​នៅលើ​បាក់តេរី ដែល​ហៅថា Q beta។

    ការអភិវឌ្ឍ​វ៉ាក់សាំង​ទាំងពីរ​ប្រភេទ​នេះ សុទ្ធតែ​ប្រើ​រូបមន្ត​ដូចគ្នា។ ក្រុម​ស្រាវជ្រាវ​ប្រើប្រាស់​រុក្ខជាតិ​សណ្ដែកកួរ និង​បាក់តេរី E. coli ដើម្បី​បណ្ដុះ​ជា​វីរុស​រុក្ខជាតិ និង​វីរុស​បញ្ញើក្អែក​លើ​បាក់តេរី ចំនួន​រាប់លាន ដែលមាន​រូបរាង​ជា​គ្រាប់​មូល​ល្អិត​កម្រិតណា​ណូ។ អ្នកវិទ្យាសាស្ត្រ​បាន​ប្រមូល​គ្រាប់​វីរុស​ទាំងនេះ ក្រោយមក​ភ្ជាប់​ប្រូតេអ៊ីន​បន្លា​មួយ​កំណាត់​របស់ COVID-19 ទៅលើ​ផ្ទៃ​របស់​វីរុស​ណា​ណូ។ ផលិតផល​សម្រេច មាន​រូបរាង​ដូច​ទៅនឹង​វីរុស​ចម្លងជំងឺ​ដែលមាន​សមត្ថភាព​ជំ​រុញឱ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​ស្គាល់​ពួកវា ប៉ុន្តែ ពួកវា​មិន​ឆ្លង​រាលដាល​នៅលើ​មនុស្ស និង​សត្វ​នោះទេ។ ប្រូតេអ៊ីន​មួយ​កំណាត់​ខ្លី​មាន​រូបរាង​ដូច​បន្លា​ដែល​ត្រូវបាន​ភ្ជាប់​ទៅនឹង​ផ្ទៃ​លើ​នៃ​វីរុស​សិប្បនិម្មិត​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​នេះ ជំ​រុញឱ្យ​រាងកាយ​ធ្វើ​ប្រតិកម្ម បង្កើតបានជា​អង្គ​ប​ដិ​ប្រាណ​ប្រឆាំងនឹង​វីរុស COVID-19។

    Nicole F. Steinmetz សាស្ត្រាចារ្យផ្នែកបច្ចេកទេសណាណូ និងជាប្រធានមជ្ឈមណ្ឌលបច្ចេកទេសប្រព័ន្ធស៊ាំវិទ្យាកម្រិតណាណូ នៃមហាវិទ្យាល័យ Jacobs របស់សាកលវិទ្យាល័យ UC San Diego

    ប្រការ​ដែលនាំឱ្យ Steinmetz សប្បាយចិត្ត​ខ្លាំង​បំផុត នោះ​គឺ​បច្ចេកវិទ្យា​វ៉ាក់សាំង​នេះ​អាច​បត់បែន​បាន​យ៉ាង​ល្អ​ទៅតាម​កាលៈទេសៈ ដោយ​វា​អាច​ត្រូវបាន​កែសម្រួល​ក្នុង​រយៈពេល​ខ្លី​ដើម្បី​សម្រប​ខ្លួន​សម្រាប់​ប្រឆាំងនឹង​វីរុស​ដែល​ទើប​បង្ហាញខ្លួន​ថ្មី។

    យ៉ាងនេះ​ក្ដី សារ​ព័ត៌មាន​ Phys.org បាន​ឱ្យ​ដឹង​ថា ក្រុម​អ្នកស្រាវជ្រាវ​ខាងលើ ត្រូវការ​ពេលវេលា​ច្រើន​បន្ថែមទៀត ដើម្បី​អាចឈាន​ដល់​ដំណាក់កាល​ពិសោធន៍​លើ​មនុស្ស៕