Category: អន្តរជាតិ

  • ចិនតៃវ៉ាន់ ធ្វើឱ្យ​ចិនដីគោក​ខឹង​ខ្លាំង ដោយសារ​គម្រោង​ទស្សនកិច្ច​នៅ​បរទេស

    ចិនតៃវ៉ាន់ ធ្វើឱ្យ​ចិនដីគោក​ខឹង​ខ្លាំង ដោយសារ​គម្រោង​ទស្សនកិច្ច​នៅ​បរទេស

    មេដឹកនាំ​ស្ថាប័ន​ការបរទេស​របស់ តៃវ៉ាន់ ប្រកាស​អំពី​គម្រោង​ធ្វើ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ទៅកាន់ ទ្វីបអឺរ៉ុប នា​សប្ដាហ៍​ក្រោយ នាំឱ្យ ទីក្រុង​ប៉េកាំង ប្រតិកម្ម​ខ្លាំងក្លា។

    អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​ចិន លោក វ៉ាង វេន​ប៊ី​ន (Wang Wenbin) កាលពី​ថ្ងៃទី 21 តុលា បាន​ថ្លែងថា ប្រទេស​ចិន «ពិតជា​មិន​ពេញចិត្ត» នៅពេល ប្រទេស​ស្លូ​វ៉ា​គី (Slovakia) និង​ប្រ​ទស​ឆែក (Czech) ទទួលយក​ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​ការបរទេស កោះ​តៃវ៉ាន់ ចូ​សេ​ហ្វ វូ (Joseph Wu)។ លោក វ៉ាង វេន​ប៊ី​ន អំពាវនាវ​ប្រទេស​អឺរ៉ូប​ទាំងពីរ​នេះ ចៀសវាង «ធ្វើឱ្យប៉ះពាល់​ដល់​មូលដ្ឋានគ្រឹះ​នយោបាយ​ទ្វេភាគី» ជាមួយ ប្រទេស​ចិន។

    អ្នកនាំពាក្យ​ស្ថាប័ន​ការបរទេស​របស់ តៃវ៉ាន់ លោកស្រី ជាំ​ង​អាន អ៊ូ (Joanne Ou) មុននេះ​បានប្រកាសថា លោក ចូ​សេ​ហ្វ វូ នឹង​ទៅធ្វើ​ទស្សនកិច្ច​នៅ ប្រទេស​ស្លូ​វ៉ា​គី នៅ​ថ្ងៃទី 26 តុលា និង​ចូលរួម​ក្នុង​វេទិការ​មួយ​ដែល​នឹងត្រូវ​បានធ្វើ​ឡើង​ដោយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​គោលនយោបាយ។ បន្ទាប់មក លោក ចូ​សេ​ហ្វ វូ ក៏​នឹងធ្វើ​ដំណើរ​ទៅកាន់ រដ្ឋធានី​ប្រាក (Prague) ដើម្បី​ជួបពិភាក្សា​ជាមួយ​ប្រធានសភា​ជាន់ខ្ពស់​របស់ ប្រទេស​ឆែក លោក មី​ឡូ​ស វី​ស្ត្រូ​ស៊ី​ល (Milos Vystrcil) និង​អភិបាលក្រុង ហ្ស​ដេ​នេ​ក រី​ប (Zdenek Hrib)។ លោក មី​ឡូ​ស វី​ស្ត្រូ​ស៊ី​ល និង លោក ហ្ស​ដេ​នេ​ករីប ធ្លាប់​បានធ្វើ​ទស្សនកិច្ច​ទៅកាន់ កោះ​តៃវ៉ាន់ កាលពី​ឆ្នាំ 2020 ដែល​កាលណោះ​ក៏បាន​ធ្វើឱ្យ ទីក្រុង​ប៉េកាំង ខឹង​ខ្លាំង​ផងដែរ។

    បណ្ដា​ប្រទេស​នៅ អឺរ៉ុប ដូចជា ឆែក (Czech), ស្លូ​វ៉ា​គី (Slovakia), ប៉ូឡូញ (Poland) និង​ប្រទេស​ឡេ​តូ​នី (Lithuania) មាន​ទំនាក់ទំនង​ល្អជា​មួយ កោះ​តៃវ៉ាន់ ក្នុង​រយៈពេល​កន្លង។ អាជ្ញាធរ កោះ​តៃវ៉ាន់ និង រដ្ឋាភិបាល​ឡេ​តូ​នី មាន​គម្រោង​បើក​ការិយាល័យ​តំណាង​នៅ ទីក្រុង​តៃប៉ិ និង រដ្ឋធានី​វី​ល​នី​ស (Vilnius) នៅ​ឆ្នាំនេះ។

    ក្រៅពី​ដំណើរ​ទស្សនកិច្ច​នេះ លោក ចូ​សេ​ហ្វ វូ ក៏​កំពុង​រក​វិធី​ដើម្បី​បាន​ចូលរួម​សន្និបាទ​នៅ រដ្ឋធានី​រ៉ូម (Rome) នៃ ប្រទេស​អ៊ីតាលី នា​ថ្ងៃទី 29 តុលា ស្ដីពី​បញ្ហា ប្រទេស​ចិន ផងដែរ៕

  • WHO ព្រមាន​អំពី​មូលហេតុ​ដែល COVID-19 អាច​អូសបន្លាយ​ពេល​ដល់​ឆ្នាំ 2022

    WHO ព្រមាន​អំពី​មូលហេតុ​ដែល COVID-19 អាច​អូសបន្លាយ​ពេល​ដល់​ឆ្នាំ 2022

    អង្គការ​សុខភាព​ពិភពលោក (WHO) ឱ្យដឹងថា មហា​រោគរាតត្បាត COVID-19 នឹង​បន្ត​អូស​បន្លាយពេល​រហូតដល់​ឆ្នាំក្រោយ ដោយសារតែ​បណ្ដា​ប្រទេស​ក្រីក្រ​មិន​ទទួលបាន​វ៉ាក់សាំង​ក្នុង​បរិមាណ​ដែល​ចាំបាច់។

    «យើង​កំពុង​ដើរ​ខុស​ទិសដៅ។ យើង​ពិតជា​ត្រូវការ​ជំរុញ​ល្បឿន​នៃ​យុទ្ធនា​ការបែងចែក​វ៉ាក់សាំង មិន​ដូច្នេះ​ទេ ជំងឺ​រាតត្បាត​នឹង​បន្ត​កើតឡើង​មួយឆ្នាំ​ទៀត» វេជ្ជបណ្ឌិត Bruce Aylward ទីប្រឹក្សា​នៃ​ប្រធាន​អង្គការ​សុខភាព​ពិភពលោក កាលពី​ថ្ងៃទី 20 តុលា បាន​ព្រមាន​អំពី​ការដែល COVID-19 អាច​បន្ត​អូស​បន្លាយពេល​យូរ​ជាង​នេះ។

    ការព្រមាន​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​គ្រា​ដែល​បណ្ដា​ប្រទេស​ក្រីក្រ​មិនទាន់​ទទួលបាន​បរិមាណ​វ៉ាក់សាំង​គ្រប់គ្រាន់​តាម​ការចាំបាច់​របស់​ពួកគេ។ ប្រជាជន​នៅក្នុង ទ្វីបអាហ្វ្រិក មិន​ដល់ 5% នៅឡើយ​ដែល​បានទទួល​ការចាក់​វ៉ាក់សាំង ខណៈដែល​អត្រា​នេះ​នៅក្នុង​បណ្ដា​ទ្វីបផ្សេងៗ មាន​ចំនួន​ចាប់ពី 40% ឡើងទៅ។

    បណ្ឌិត Aylward បាន​អំពាវនាវ​ដល់​បណ្ដា​ប្រទេស​អ្នកមាន ទុក​លទ្ធភាព​ឱ្យ​បណ្ដា​ក្រុមហ៊ុន​ផ្គត់ផ្គង់​វ៉ាក់សាំង អាច​ផ្ដល់​អាទិភាព​នៃ​ការបញ្ជាទិញ​វ៉ាក់សាំង​ដល់​បណ្ដា​ប្រទេស​ដែលមាន​ចំណូល​ទាប។

    បណ្ដា​ប្រទេស​អភិវឌ្ឍ គួរ​ស្រង់​ស្ថិតិ​ឡើងវិញ​ដើម្បី​ឱ្យដឹងថា ពួកគេ​កំពុង​អនុវត្ត​ដល់​ណា​ហើយ​ទាក់ទង​នឹង​ការសន្យា​ស្ដីពី​ការផ្ដល់​ជំនួយ​ជា​វ៉ាក់សាំង​ដល់​ពិភពលោក ដែល​ពួកគេ​បានលើកឡើង​នៅក្នុង​សន្និសីទ​កំពូល​នានា ដូចជា G7 នៅ St Eives នៃ ប្រទេស​អង់គ្លេស។

    People’s Vaccine ដែលជា​សម្ព័ន្ធ​អង្គការ​មនុស្សធម៌​មួយ បាន​បញ្ជាក់ថា គិត​មកដល់​បច្ចុប្បន្ន វ៉ាក់សាំង​ចំនួន​ត្រឹមតែ 1/7 ប៉ុណ្ណោះ​ដែល​ត្រូវបាន​បញ្ជូន​ទៅដល់​បណ្ដា​ប្រទេស​ក្រីក្រ នៅក្នុង​ចំណោម​វ៉ាក់សាំង​ដែល​បណ្ដា​ក្រុមហ៊ុន​ឱសថ និង​បណ្ដា​ប្រទេស​អ្នក​មានបាន​សន្យា​ផ្ដល់ឱ្យ។

    វ៉ាក់សាំង​ភាគច្រើន​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​បណ្ដា​ប្រទេស​ដែលមាន​ចំណូល​ខ្ពស់ ឬ​មធ្យម ខណៈដែល​វ៉ាក់សាំង​ដែល​ត្រូវបាន​បញ្ជូន​ទៅដល់ ទ្វីបអាហ្វ្រិក មាន​ត្រឹមតែ 2.6% ប៉ុណ្ណោះ ធៀប​នឹង​ពិភពលោក​ទាំងមូល។

    គំនិត​ផ្ដួចផ្ដើម​ដែល​ហៅថា COVAX ត្រូវបាន​បង្កើតឡើង​ដើម្បី​ជួយ​ដល់​បណ្ដា​ប្រទេស​ក្រីក្រ​ទទួលបាន​ការផ្គត់ផ្គង់​វ៉ាក់សាំង​ដោយ​ស្មើភាព​គ្នា​នឹង​បណ្ដា​ប្រទេស​អ្នកមាន។ COVAX ដំបូង​ឡើយ​បានកំណត់​គោលដៅ​ផ្គត់ផ្គង់​វ៉ាក់សាំង​ឱ្យបាន 2 ពាន់​លាន​ដូ​ស​ក្នុង​ឆ្នាំ 2021 ប៉ុន្តែ មកដល់​បច្ចុប្បន្ន ទើបតែ​ផ្គត់ផ្គង់​បាន 371 លាន​ដូ​សប​ណ្ណោះ៕

  • (វីដេអូ)-ហេតុការណ៍​ផ្ទុះ​ដ៏​ធំ​មួយ​នៅ ប្រទេស​ចិន ធ្វើឱ្យ​កក្រើក​ទីក្រុង សេន​យ៉ាង

    (វីដេអូ)-ហេតុការណ៍​ផ្ទុះ​ដ៏​ធំ​មួយ​នៅ ប្រទេស​ចិន ធ្វើឱ្យ​កក្រើក​ទីក្រុង សេន​យ៉ាង

    ហេតុការណ៍​ផ្ទុះ​ដ៏​ធំ​មួយ​ដែល​គេ​សង្ស័យថា បណ្ដាលមកពី​ធុង​ហ្គាស នៅក្នុង ទីក្រុង​សេន​យ៉ាង (Shenyang) ប្រទេស​ចិន កាលពី​ព្រឹក​មិញ​នេះ បាន​បង្កឱ្យមាន​អ្នកស្លាប់ និង​របួស​ច្រើន​នាក់ ព្រមទាំង​បាន​បំផ្លាញ​អគារ និង​យានជំនិះ​ច្រើន​គ្រឿង​ផងដែរ។

    ករណីនេះ​កើតឡើង​នៅក្នុង តំបន់​សេន​យ៉ាង ជាទី​ក្រុង​រដ្ឋបាល​រប​ស់ ខេត្ត​លាវ​នី​ង (Liaoning) ភាគ​ឦសាន​នៃ ប្រទេស​ចិន នៅវេលា​ម៉ោង​ប្រហែល 8 និង 20 នាទី ព្រឹក (ម៉ោង 7 និង 20 នាទី នៅ ភ្នំពេញ) បណ្ដាលឱ្យ​ផ្នែក​ខាងមុខ​នៃ​អគារ​មួយ​ខ្នង​ត្រូវ​ក្លាយជា​គំនរ​បាក់បែក។ ព័ត៌មាន​បឋម​ឱ្យដឹងថា យ៉ាងហោចណាស់​ក៏មាន​មនុស្ស​ស្លាប់ 3 នាក់ និង​ជាង 30 នាក់​រងរបួស។

    ក្រោយ​ហេតុការណ៍​កើតឡើង​ភ្លាម កងកម្លាំង​ពន្លត់​អគ្គិភ័យ​ចំនួន 110 នាក់ រួម​នឹង​រថយន្ត​បាញ់​ទឹក​សរុប 25 គ្រឿង ត្រូវបាន​បញ្ជូន​ទៅដល់​កន្លែងកើតហេតុ។

    ក្រុម​សមត្ថកិច្ច​បានចាប់ផ្ដើម​ជម្លៀស​មនុស្ស​នៅក្បែរ​ទីតាំង​កើតហេតុ។ ស្ត្រី​ម្នាក់​ដែលមាន​ទីលំនៅ​ក្បែរ​នោះបាន​និយាយថា កញ្ចក់​បង្ហួ​ច​ផ្ទះ​របស់គាត់​ត្រូវ​បែកខ្ទេច​ខ្ទី​ដោយសារ​ការផ្ទុះ​នេះ។

    កាលពី​ខែមិថុនា​កន្លងទៅ មាន​ករណី​ផ្ទុះ​បំពង់​បង្ហូរ​ហ្គាស​មួយ​នៅ​តំបន់​ប្រជុំជន​នៃ ខេត្ត​ហ៊ូ​ប៉ី (Hubei) ភាគ​កណ្ដាល​ប្រទេស​ចិន បណ្ដាលឱ្យ​មនុស្ស​ចំនួន 25 នាក់​បាត់​បង់ជីវិត និង​ជាង 100 នាក់​រងរបួស។ មនុស្ស 8 នាក់ ក្នុងនោះ​ក៏មាន​ទាំង​អគ្គនាយក​ក្រុមហ៊ុន​គ្រប់គ្រង​ប្រព័ន្ធ​បំពង់​បង្ហូរ​ហ្គាស ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​ក្រុមមន្ត្រី​រកឃើញថា វិធាន​ការធានា​សុវត្ថិ​ភាពមិន​ត្រូវបាន​អនុវត្ត​ត្រឹមត្រូវ៕

  • មូលដ្ឋានទ័ព​របស់ អាម៉េរិក ត្រូវ​រង​ការវាយប្រហារ​ពី​យន្តហោះ​គ្មាន​មនុស្ស​បើក

    មូលដ្ឋានទ័ព​របស់ អាម៉េរិក ត្រូវ​រង​ការវាយប្រហារ​ពី​យន្តហោះ​គ្មាន​មនុស្ស​បើក

    (ប្រទេស​ស៊ី​រី)-មូលដ្ឋានទ័ព​យុទ្ធសាស្ត្រ al-Tanf ត្រូវបាន​យន្តហោះ​គ្មាន​មនុស្ស​បើក (UAV) ដែល​ផ្ទុក​ពេញ​ដោយ​គ្រឿងផ្ទុះ វាយប្រហារ ប៉ុន្តែ​មិនបាន​បណ្ដាលឱ្យមាន​ទាហាន អាម៉េរិក ណា​ម្នាក់​ស្លាប់ ឬ​រងរបួស​នោះទេ។

    មន្ត្រី អាម៉េរិក មួយរូប សុំ​មិន​បញ្ចេញ​ឈ្មោះ ថ្ងៃនេះ​បានឱ្យដឹងថា មូលដ្ឋានទ័ព al-Tanf គ្រប់គ្រង​ដោយ សហរដ្ឋ​អាម៉េរិក ដែលមាន​ទីតាំងនៅ​ភាគខាងត្បូង​នៃ ប្រទេស​ស៊ី​រី ត្រូវ​រង​ការវាយប្រហារ​ពី «យន្តហោះ​គ្មាន​មនុស្ស​បើក (UAV) និង​អាវុធ ដោយ​ប្រយោល»។ ប្រភពព័ត៌មាន​ពី​កងសន្តិសុខ​នៃ ប្រទេស​អ៊ីរ៉ាក់ បង្ហើប​ឱ្យដឹងថា ករណី​វាយប្រហារ​នេះ​ប្រើប្រាស់​យន្តហោះ UAV ចំនួន 5 គ្រឿង​ដែល​ផ្ទុក​ពេញ​ដោយ​គ្រឿងផ្ទុះ និង​ត្រូវបាន​បញ្ជា​ពី ទឹកដី​ស៊ី​រី។

    ពុំមាន​ករណី​ស្លាប់ ឬ​រងរបួស​នៅក្នុង​ការវាយប្រហារ​លើ​ក​នេះ ប៉ុន្តែ មន្ត្រី​របស់ អាម៉េរិក ឱ្យដឹងថា គេ​មិនទាន់​ប្រាកដថា ក្រុម​ណា​ជា​អ្នក​នៅ​ពីក្រោយ​ការវាយប្រហារ​នេះ​នៅឡើយ។ យ៉ាងនេះ​ក្ដី មូលដ្ឋានទ័ព al-Tanf កន្លងមក​ធ្លាប់ជា​គោលដៅ​នៃ​ការវាយប្រហារ​ដោយ UAV របស់​កងជីវពល​ស្និទ្ធ​នឹង អ៊ីរ៉ង់ ដែល​កំពុង​ឈរជើង​នៅលើ​ទឹកដី ស៊ី​រី។

    សហរដ្ឋ​អាម៉េរិក គ្រប់គ្រង​តំបន់ al-Tanf ចាប់តាំងពី​ក្រុម​យោធា​ស៊ី​រី​ថ្មី (NSA) ដែល​គាំទ្រ​ដោយ អាម៉េរិក ដណ្ដើមបាន​តំបន់​ព្រំដែន​ជាប់​នឹង ប្រទេស​អ៊ីរ៉ាក់ កាលពី​ឆ្នាំ 2016។ មូលដ្ឋានទ័ព​ដែល សហរដ្ឋ​អាម៉េរិក បាន​សាងសង់​នៅទីនេះ​ត្រូវបាន​ចាត់ទុកថា​មាន​សារសំខាន់​ជា​យុទ្ធសាស្ត្រ​ដើម្បីឱ្យ អាម៉េរិក ដណ្ដើមបាន​ឥទ្ធិពល​ក្នុង​តំបន់ ព្រោះតែ​វា​ស្ថិតនៅ​ក្បែរ​តំបន់ត្រីកោណ​រវាង ប្រទេស​ស៊ី​រី ហ្ស៊​កដា​នី និង អ៊ីរ៉ាក់។

    Al-Tanf ក៏​ជាទី​តាំងតែ​មួយគត់​ដែលមាន​វត្តមាន​យោធា​ដ៏​ច្រើន​របស់ អាម៉េរិក ក្នុង ប្រទេស​ស៊ី​រី ដែល​នៅ​ខាងក្រៅ​តំបន់​ភាគ​ខាងជើង​ដែល​គ្រប់គ្រង​ដោយ​ជនជាតិ Kurd។ អាម៉េរិក ធ្លាប់បាន​ដកទ័ព​ចេញពី​ទីនេះ​កាលពី​ឆ្នាំ 2018 ប៉ុន្តែ ក្រោយមក​ក៏​ត្រលប់​មកវិញ ហើយ​រក្សា​វត្តមាន និង​បង្កើត​តំបន់​កណ្ដាល​ដែលមាន​ទំហំ 50 គីឡូម៉ែត្រ ព័ទ្ធជុំវិញ al-Tanf ដើម្បី​ទប់ស្កាត់​ការប៉ះទង្គិច​ជាមួយ​កងទ័ព​រដ្ឋាភិបាល​ស៊ី​រី និង រុស្ស៊ី៕

  • អង់គ្លេស បញ្ជា​ទិញ​ថ្នាំ​គ្រាប់​ព្យាបាល COVID-19 រាប់សែន​ឈុត ដើម្បី​ត្រៀម​សម្រាប់​រដូវរងា

    អង់គ្លេស បញ្ជា​ទិញ​ថ្នាំ​គ្រាប់​ព្យាបាល COVID-19 រាប់សែន​ឈុត ដើម្បី​ត្រៀម​សម្រាប់​រដូវរងា

    ប្រទេស​អង់គ្លេស បាន​បញ្ជា​ទិញ​ថ្នាំ​ប្រឆាំង​វីរុស ព្យាបាល​ជំងឺ COVID-19 ចំនួន​រាប់សែន​ឈុត ដើម្បី​ត្រៀម​សម្រាប់​រដូវរងា​ខាងមុខ។

    អាជ្ញាធរ​អង់គ្លេស សម្រេចបាន​កិច្ចព្រមព្រៀង​ទិញ​ថ្នាំ molnupiravir ចំនួន 480,000 ឈុត ពី​ក្រុមហ៊ុន អាម៉េរិក Merck។ Molnupiravir គឺជា​ថ្នាំ​ប្រឆាំង​វីរុស ដែល​ត្រូវបាន​បញ្ជាក់ថា អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ការចូល​ពេទ្យ និង​ស្លាប់​របស់​អ្នកជំងឺ COVID-19។ កិច្ចព្រមព្រៀង​ទី​ពីរ​គឺ​ថ្នាំ PF-07321332/ritonavir របស់ Pfizer ចំនួន 250,000 ឈុត។ ថ្នាំ ritonavir ផ្សំ​ជាមួយនឹង​ថ្នាំ​គ្រាប់​ប្រឆាំង​វីរុស​មួយ​ប្រភេទ​ទៀង តែង​ត្រូវបាន​គេ​ប្រើ​សម្រាប់​ព្យាបាល​អ្នកជំងឺ អេដស៍ (AIDS) ឬ​អ្នក​ផ្ទុក​វីរុស HIV។

    បច្ចុប្បន្ន ពុំទាន់​មាន​ថ្នាំ​ប្រភេទ​ណាមួយ​ដែល​ត្រូវបាន​ស្ថាប័ន​គ្រប់គ្រង​ឱសថ និង​ផលិត​ថែទាំ​សុខភាព (MHRA) របស់ អង់គ្លេស ធ្វើការ​អនុម័ត​នៅឡើយ។ ថ្នាំ PF-07321332/ritonavir របស់ Pfizer ដែល​កំពុងស្ថិត​ក្នុងដំណាក់កាល​ពិសោធន៍​នៅឡើយ ប្រហែលជា​ត្រូវ​រង់ចាំ​រហូតដល់​ដើមឆ្នាំ 2022 ខណៈដែល ថ្នាំ molnupiravir តាម​គម្រោង​នឹងត្រូវ​បាន​ដឹក​ទៅដល់ អង់គ្លេស នៅក្នុង​ខែវិច្ឆិកា។

    ក្រុមមន្ត្រី​អង់គ្លេស បានឱ្យដឹងថា កិច្ចព្រមព្រៀង​ខាងលើនេះ​ត្រូវបាន​ធ្វើឡើង​ដើម្បី​ទប់ទល់​នឹង​រលក​នៃ​ការឆ្លង​រាលដាល​ខ្លាំង​ថ្មី​ដែល​អាច​កើតឡើង​នៅក្នុង​រដូវរងា​ខាងមុខ។

    ក្រុម​អ្នកឯកទេស​ផ្នែក​រោគ​ឆ្លង​នៅ ប្រទេស​អង់គ្លេស បាន​ស្នើឱ្យ​រដ្ឋាភិបាល​រឹតបន្តឹង​សកម្មភាព​មួយចំនួន​របស់​ពលរ​ដ្ឋ​ដើម្បី​ទប់ស្កាត់ COVID-19 នៅពេលដែល​ករណី​ឆ្លង និង​ករណី​ចូល​ពេទ្យ កើនឡើង​ខ្ពស់ រួម​នឹង​ការបង្ហាញ​ខ្លួន​របស់​វីរុស COVID-19 បំប្លែង​ខ្លួន​ថ្មី AY.4.2 ដែលជា «កូនចៅ» របស់ Delta។ ក្រុម​វេជ្ជបណ្ឌិត​បាន​ព្រមាន​ថា ប្រទេស​អង់គ្លេស អាច​ប្រឈម​នឹង «វិបត្តិ​រដូវរងា» បើសិនជា​មិន​ចាត់វិធានការ​ទប់ស្កាត់​ជាមុន។

    គិត​មកដល់​បច្ចុប្បន្ន អង់គ្លេស មាន​អ្នក​ឆ្លង​វីរុស COVID-19 សរុប​ចំនួន​ជិត 8.59 លាន​នាក់ និង​ជាង 139,000 នាក់ បាន​បាត់​បង់ជីវិត។ កាលពី​ម្សិលមិញ ប្រទេស​នេះ​បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង​ថ្មី​ចំនួន 49,139 នាក់ និង​ករណី​ស្លាប់​ថ្មី​ចំនួន 179 នាក់។

    រដ្ឋលេខាធិការ​​ក្រសួងសុខាភិបាល​អង់គ្លេស លោក Sajid Javid បាន​ព្រមាន​ថា ចំនួន​អ្នក​ឆ្លង​ប្រចាំថ្ងៃ​នៅ អង់គ្លេស អាច​ឡើងដល់​ខ្ទង់សែន និង​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ប្រញាប់​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង៕

  • អភិបាល​ក្រុង​ហុងកុង ធ្លាក់​ពីលើ​​ជណ្ដើរ​ ដួល​​បាក់ដៃ

    អភិបាល​ក្រុង​ហុងកុង ធ្លាក់​ពីលើ​​ជណ្ដើរ​ ដួល​​បាក់ដៃ

    ប្រធាន​រដ្ឋបាល​នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង លោកស្រី ខា​រី ឡាំ (Carrie Lam) ត្រូវ​ចូល​ពេទ្យ​ព្យាបាល​បន្ទាន់ ដោយ​សារ​តែ​បាន​បាក់ឆ្អឹង​កែងដៃ បន្ទាប់ពី​ដួល ធ្លាក់​ពីលើ​កាំជណ្ដើរ។

    យោងតាម​ប្រកាស​របស់​អាជ្ញាធរ​ហុងកុង លោកស្រី ខា​រី ឡាំ បាន​ដួល និង​ធ្លាក់​ពីលើ​កាំជណ្ដើ​រម​កដី នៅក្នុង​អគារ​រដ្ឋ​កាលពី​ថ្ងៃទី 18 តុលា ដែលនាំឱ្យ​លោកស្រី​ត្រូវ​ចូល​ព្យាបាល​នៅ​មន្ទីរពេទ្យ ឃ្វី​ន ម៉ែ​រី (Queen Mary)។

    លោកស្រី ខា​រី ឡាំ រងរបួស​ស្រាល​លើ​ដងខ្លួន ប៉ុន្តែ​បាន​បាក់ឆ្អឹង​កែងដៃ។ វេលា​ម៉ោង​ប្រហែល 9 ព្រឹក ថ្ងៃទី 19 តុលា លោកស្រី​បានបង្ហាញ​ខ្លួន​នៅ​ខាងក្រៅ​មន្ទីរពេទ្យ ឃ្វីន ម៉ែរី ជាមួយនឹង​ដៃ​ត្រូវ​ចង​ព្យួរ​តាមបែប​អ្នក​បាក់ដៃ។

    «ខ្ញុំ​គិតថា របួស​នេះ​នឹងមិន​ប៉ះពាល់​ដល់​ការរស់នៅ ឬ​ការបំពេញ​ការងារ​ប្រចាំថ្ងៃ​របស់លោក​ស្រី» ប្រភពព័ត៌មាន​ពី​អាជ្ញាធរ​ហុងកុង បង្ហើប​ឱ្យដឹង​ដូច្នេះ ប៉ុន្តែ បាន​បន្ថែមថា៖ «ថ្ងៃនេះ លោកស្រី​បាន​សម្រាក ហើយនឹង​ត្រូវ​លុបចោល​កិច្ចប្រជុំ និង​ព្រឹត្តិការណ៍​នានា»។

    អគ្គលេខា​ហុងកុង ច​ន​លី ខា​ឈី​វ (John Lee Ka-chiu) មេដឹកនាំ​កំពូល​លំដាប់​ទី​ពីរ​របស់​ទីក្រុង​ហុងកុង នឹង​បំពេញ​កិច្ច​ការជំនួស​លោកស្រី ខា​រី ឡាំ ជា​បណ្ដោះអាសន្ន ក្នុង​គ្រា​លោកស្រី​សម្រាក​ព្យាបាល​របួស។

    លោក ថុង ឈី​ហ្វា (Tung Chee-hwa) អតីត​អភិបាល​ទីមួយ​នៃ​ទីក្រុង​ហុងកុង កាលពី​ខែ​មុន​ក៏ត្រូវ​ចូល​មន្ទីរពេទ្យ ដើម្បី​វះកាត់​ព្យាបាល​ជំងឺ។ ប៉ុន្តែ មូលហេតុ​លម្អិត​នៃ​ការចូល​ព្យាបាល​នៅ​មន្ទីរពេទ្យ​របស់លោក មិនទាន់​ត្រូវបាន​បង្ហើប​ឱ្យដឹង​​នៅ​ឡើយ៕

  • (វីដេអូ)-អ្នកទោស​កូរ៉េខាងជើង «ហែក​គុក» គេចខ្លួន​បានសម្រេច! អាជ្ញាធរ​ចិន ប្រកាស​ផ្ដល់​រង្វាន់​រាប់ម៉ឺន​ដុល្លារ ដល់​អ្នករាយការណ៍​ពី​ជននេះ

    (វីដេអូ)-អ្នកទោស​កូរ៉េខាងជើង «ហែក​គុក» គេចខ្លួន​បានសម្រេច! អាជ្ញាធរ​ចិន ប្រកាស​ផ្ដល់​រង្វាន់​រាប់ម៉ឺន​ដុល្លារ ដល់​អ្នករាយការណ៍​ពី​ជននេះ

    អាជ្ញាធរ​ចិន ប្រកាស​ប្រគល់​រង្វាន់​ជា​ប្រាក់​ចំនួន 23,000 ដុល្លារ​អាម៉េរិក ដល់​ជន​ណា​ដែល​បានផ្ដល់​ព័ត៌មាន​នាំទៅរក​ការចាប់ខ្លួន Zhu Zianjian ដែលជា​ទណ្ឌិត​ជនជាតិ​កូរ៉េខាងជើង។

    នគរបាល​នៃ​ទីក្រុង​ជី​លីន (Jilin City) នៅ​ភាគ​ឦសាន​ប្រទេស​ចិន កាលពី​ម្សិលមិញ (19 តុលា) បានចេញ​បញ្ជា​តាម​ចាប់ខ្លួន Zhu Xianjian ដែលជា​កម្មករ​អណ្ដូងរ៉ែ​ធ្យូងថ្ម អាយុ 39 ឆ្នាំ មកពី​ខេត្ត ហាំ​យ៉ុង​ខាងជើង នៃ ប្រទេស​កូរ៉េខាងជើង។

    ប្រកាស​របស់​នគរបាល​ក្រុង​ជី​លីន បានឱ្យដឹងថា Zhu មាន​កម្ពស់ 160 ស.ម និង ពាក់អាវ​អ្នកទោស​នៅពេល​រត់​ចេញពី​ពន្ធនាគារ​កាលពី​យប់​ថ្ងៃទី 18 តុលា។ អ្នក​ដែល​បានផ្ដល់​ព័ត៌មាន​នាំទៅរក​ការចាប់ខ្លួន Zhu នឹង​ទទួលបាន​ប្រាក់រង្វាន់ 100,000 យុន (ជាង 23,000 ដុល្លារ​អាម៉េរិក)។

    កាលពី​ឆ្នាំ 2013 Zhu បាន​ឆ្លងដែន​ខុសច្បាប់ ចូលទៅក្នុង​តំបន់​ស្វយ័ត​ជនជាតិ​កូរ៉េ​យ៉ាន​បៀ​ន/Yanbian (ភាសា​ចិន) ឬ យ៉ុ​ន​ប៊ី​យ៉ុ​ន/Yeon Byeon (ភាសា​កូរ៉េ) នៃ​ទឹកដី​ចិន នៅ​តំបន់​ទល់ដែន​ចិន-កូរ៉េខាងជើង។ ក្រោយពី​បាន​ចូលដល់​ទឹកដី​ចិន Zhu ត្រូវបាន​គេ​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ 11 ឆ្នាំ និង 3 ខែ ដោយសារតែ​បាន​ប្រព្រឹត្ត​បទល្មើស​មួយចំនួន។

    ក្នុងពេល​ជាប់ពន្ធនាគារ Zhu ទទួល​បានការ​សម្រាល​ទោស​ពីរលើក ក្រោយពី​មានការ​កែប្រែ​ខ្លួន។ គិត​ត្រឹម​អំឡុងពេល​រត់​ពី​ពន្ធនាគារ Zhu នៅសល់​មិន​ដល់​ពីរ​ឆ្នាំ​ទៀត​ប៉ុណ្ណោះ បាន​រួចខ្លួន​ដោយ​ស្របច្បាប់។

    សកម្មភាព​ដែល​កាមេរ៉ា​ថត​បាន បង្ហាញថា Zhu ឡើងទៅ​លើដំបូល​ឃ្លាំង​នៅ​ជាយ​ពន្ធនាគារ រួច​យក​ខ្សែពួរ​ធ្វើឱ្យ​ខូច​របង​បន្លា​លួស​អគ្គិសនី ហើយ​តោង​ឆ្លងកាត់​របង រត់គេចខ្លួន​បានសម្រេច។

    ករណីនេះ​ទាក់ទាញ​ចំណាប់អារម្មណ៍​ច្រើន​ពី​ក្រុមអ្នកលេង​បណ្ដាញ​សង្គម​ចិន។ អ្នកលេង​ម្នាក់​សន្និដ្ឋានថា Zhu រត់​​ចេញ​ពី​ពន្ធនាគារ​ដោយ​ជោគជ័យ ព្រោះតែ​ក្រុមមន្ត្រី​ពន្ធនាគារ​មិនអាច​ចាក​ចេញទៅ​ដេញចាប់​អ្នកទោស ដោយសារ​បទបញ្ជា​ទាក់ទិន​នឹង​បញ្ហា​ទប់ស្កាត់ COVID-19 នេះ​បើតាម​ប្រកាស​ពី​ពន្ធនាគារ​នៃ​ខេត្ត​គួ​យ​ចូ​វ (Guizhou) និង​ខេត្ត​ក្វាង​ទុង (Guangdong)៕

  • «ឪពុកម្ដាយ​នឹងត្រូវ​ទទួលពិន័យ បើ​សិន​​កូន​របស់​ពួកគេ​ប្រព្រឹត្ត​កំហុសឆ្គង»! សភា​ចិន នឹងធ្វើ​ការអនុម័ត​លើ​សេចក្ដីព្រាងច្បាប់​ថ្មី​នេះ

    «ឪពុកម្ដាយ​នឹងត្រូវ​ទទួលពិន័យ បើ​សិន​​កូន​របស់​ពួកគេ​ប្រព្រឹត្ត​កំហុសឆ្គង»! សភា​ចិន នឹងធ្វើ​ការអនុម័ត​លើ​សេចក្ដីព្រាងច្បាប់​ថ្មី​នេះ

    សភា​នៃ​ប្រទេស​ចិន នឹងធ្វើ​ការពិនិត្យ អនុម័ត​លើ​សេចក្ដីព្រាងច្បាប់​មួយ​ដែល​ចែងថា បើសិនជា​ក្មេង​ម្នាក់​បង្កហេតុ​ធ្ងន់ធ្ងរ ឬ​ប្រព្រឹត្ត​បទល្មើស នោះ​អាណាព្យាបាល​របស់​ពួកគេ​នឹងត្រូវ​ទទួលពិន័យ។

    សារព័ត៌មាន Reuters បាន​រាយការណ៍​ថា នៅក្នុង​សេចក្ដីព្រាងច្បាប់​របស់ ប្រទេស​ចិន ស្ដីពី​ការជំរុញ​ការអប់រំ​គ្រួសារ​នេះ អាណាព្យាបាល​ដែល​នឹង​ត្រូវបាន​ស្ដីបន្ទោស ក៏​នឹង​ត្រូវឱ្យ​អនុវត្ត​កម្មវិធី​ណែនាំ អប់រំ​នៅក្នុង​ផ្ទះ បើសិន​រដ្ឋអាជ្ញា​រកឃើញ​ថា ក្មេង​ដែល​ស្ថិតក្រោម​អាណាព្យាបាល​របស់​ពួកគេ បាន​ប្រព្រឹត្ត​អំពី​ខុសឆ្គង ឬ​ល្មើសច្បាប់។

    លោក Zang Tiewei អ្នកនាំពាក្យ​របស់​គណៈ​កម្ម​ការទទួល​បន្ទុក​លើ​បញ្ហាបង្កើត​ច្បាប់​របស់​សភា បាន​បកស្រាយ​ថា៖ «មាន​កត្តា​ជាច្រើន​បណ្ដាលឱ្យ​ក្មេង​ជំទង់​មាន​ឥរិយាបថ​ខុសឆ្គង ក្នុងនោះ កង្វះ​ការអប់រំ​នៅក្នុង​គ្រួសារ ឬ​ការអប់រំ​មិន​សមស្រប​គឺជា​មូលហេតុ​ចម្បង»។

    សេចក្ដីព្រាងច្បាប់​នេះ​ក៏​អំពាវនាវ​ដល់​ស្រទាប់​ឪពុកម្ដាយ និង​អាណាព្យាបាល រៀបចំ​ពេលវេលា​ដើម្បីឱ្យកូនៗរបស់​ពួកគេ​បាន​សម្រាក សប្បាយរីករាយ និង​ហាត់ប្រាណ​ផងដែរ។ គណៈកម្មការ​ខាងលើ​នឹង​ពិនិត្យ​លើ​បញ្ហា​នេះ​នៅក្នុង​កិច្ចប្រជុំ​នា​សប្ដាហ៍​នេះ។

    ក្នុង​ឆ្នាំ 2021 រដ្ឋាភិបាល​ប្រទេស​ចិន បាន​ដាក់ចេញ​វិធានការ​តឹងរ៉ឹង​ជាច្រើន​ទាក់ទិន​នឹង​ក្មេង​ជំទង់ និង​យុវវ័យ តាំងពី​ការកំណត់​ពេលវេលា​នៃ​ការលេង​ហ្គេម​អន​ឡាញ ការហាម​បង្រៀន​ក្រៅ​ម៉ោង​រដ្ឋ រហូតដល់​ការ​រឹតបន្តឹង​លើ​និន្នាការ​គាំទ្រ​តារា​សំណព្វ (idol) របស់​យុវវ័យ​ផងដែរ៕

  • កុមារ​អាយុ​ពី 5 ឆ្នាំ ដល់ 11 ឆ្នាំ ចាប់ផ្ដើម​ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ COVID-19 នៅ អេក្វាទ័រ

    កុមារ​អាយុ​ពី 5 ឆ្នាំ ដល់ 11 ឆ្នាំ ចាប់ផ្ដើម​ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ COVID-19 នៅ អេក្វាទ័រ

    កាលពី​ថ្ងៃទី 18 តុលា អនុ​ប្រធានាធិបតី​នៃ ប្រទេស​អេក្វាទ័រ លោក Alfredo Borrero ប្រកាស​ចាប់ផ្ដើម​ជា​ផ្លូវការ​នូវ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ COVID-19 ដល់​កុមារ​ដែលមាន​អាយុ​ចាប់ពី 5 ឆ្នាំ ដល់ 11 ឆ្នាំ ក្នុង​គ្រា​ដែល​ស្ថានភាព​ជំងឺ​រាតត្បាត​នេះ​នៅតែមាន​ភាពស្មុគស្មាញ។

    ក្នុង​ពិធី​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង លោក Borrero អះអាងថា នឹង​សម្រេច​ជា​ស្ថាពរ​នូវ​យុទ្ធនា​ការបង្កើត​ភាពស៊ាំ​ក្នុង​សហគមន៍ និង​ជំរុញ​សង្គម​ឱ្យ​ត្រលប់​មករក​សភាព​ដើម​វិញ ទៅតាមជំហាន។ ទន្ទឹមនឹងនេះ ការចាក់​វ៉ាក់សាំង​ដល់​កុមារ​នឹង​ជួយ​ឱ្យ​ពួកគេ​ត្រលប់​ចូល​សាលារៀន​វិញ​ប្រកបដោយ​សុវត្ថិភាព។

    យោងតាម​ក្រុមមន្ត្រី​សុខាភិបាល ក្រុម​កុមារ​ដែលមាន​អាយុ 5 ឆ្នាំ នឹង​ទទួលបាន​ការចាក់​វ៉ាក់សាំង Pfizer របស់ សហរដ្ឋ​អាម៉េរិក ក្នុង​លក្ខខណ្ឌ «បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ដទៃ​រួចរាល់»។ ចំណែក​កុមារ​ដែលមាន​អាយុ​ចាប់ពី 6 ឆ្នាំ ដល់ 11 ឆ្នាំ នឹងត្រូវ​ចាក់​វ៉ាក់សាំង​ចិន Sinovac។

    នៅ ប្រទេស​អេក្វាទ័រ កុមារ​ដែលមាន​អាយុ​ចាប់ពី 5 ដល់ 11 ឆ្នាំ មាន​ចំនួន 13% ធៀប​នឹង​ចំនួន​ប្រជាជន​សរុប 17.7 លាន​នាក់។ មកដល់​បច្ចុប្បន្ន ពលរដ្ឋ​ប្រហែល 10 លាន​នាក់​របស់​ប្រទេស​នៅ ទ្វីប​អាម៉េរិក​ខាងត្បូង​មួយ​នេះ បានទទួល​ការចាក់​វ៉ាក់សាំង COVID-19 រួចរាល់។ អា​ក្វា​ទ័​រ គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដែលមាន​អ្នកស្លាប់​ដោយសារ COVID-19 ច្រើនជាងគេ​នៅ​តំបន់ អាម៉េរិក​ឡាទីន។ ប្រទេស​ប្រេ​ស៊ី​ល ប៉េ​រូ, កូ​ឡុំ​ប៊ី អា​ហ្ស​ង់​ទីន និង ស៊ី​លី ក៏​សុទ្ធតែជា​ប្រទេស​ដែលមាន​អត្រា​នៃ​ការស្លាប់​ដោយសារ COVID-19 ខ្ពស់​ជាងគេ​នៅ​តំបន់​ខាងលើ៕

  • លក់​កូនស្រី​​ដើម្បី​ដោះបំណុល ដោយ​សារ​តែ​សេដ្ឋកិច្ច​ដាំ​ក្បាល​ចុះ​

    លក់​កូនស្រី​​ដើម្បី​ដោះបំណុល ដោយ​សារ​តែ​សេដ្ឋកិច្ច​ដាំ​ក្បាល​ចុះ​

    (អា​ហ្វ​ហ្គា​នី​ស្ថាន)-ប្ដី​ប្រពន្ធ​មួយគូ​នៅ​ទីក្រុង Herat ត្រូវប្រគល់​កូនស្រី​អាយុ 3 ឆ្នាំ ទៅឱ្យ​ម្ចាស់បំណុល នៅក្នុង​ស្ថានភាព​គ្រោះ​ទុរភិក្ស​កំពុង​គ្របដណ្ដប់​ទឹកដី អា​ហ្វ​ហ្គា​នី​ស្ថាន ចាប់តាំងពី តា​លី​បង់ បាន​ឡើង​ក្ដាប់​អំណាច។

    ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ Saleha ដែលជា​ស្ត្រី​វ័យ 40 ឆ្នាំ មានការ​ងារ​ជា​អ្នក​បោស​សម្អាតផ្ទះ​នៅ​ទីក្រុង Herat ស្ថិតក្នុង​ភាគ​ខាងលិច​នៃ ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ក៏បាន​ខ្ចីប្រាក់​ពី​ម្ចាស់ផ្ទះ។ ស្ត្រី​ដែលមាន​កូន 6 នាក់​នេះ រកប្រាក់​បាន​ប្រហែល 70 សេន​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ ខណៈដែល​ប្ដី​របស់​នាង​មិនមាន​ការងារ​ធ្វើ។

    នៅពេល​ខ្ទង់​បំណុល​បាន​កើន​ដល់ 550 ដុល្លារ​អាម៉េរិក គ្រួសារ​របស់ Saleha អស់​លទ្ធភាព​នឹង​សងបំណុល ហើយ​មានតែ​វិធី​តែមួយគត់​ដែល​អាច​ដោះស្រាយ​បញ្ហា​ហិរញ្ញវត្ថុ នោះ​គឺ «លក់​កូនស្រី​អាយុ 3 ឆ្នាំ ឈ្មោះ Najiba ឱ្យទៅ​ម្ចាស់បំណុល»។

    «បើសិនជា​ជីវភាព​នៅតែ​បន្ត​អាក្រក់​ដូច្នេះ​ទៀត ខ្ញុំ​នឹង​សម្លាប់​កូន ហើយ​សម្លាប់​ខ្លួនឯង។ ខ្ញុំ​មិនដឹងថា ល្ងាច​នេះ​យើង​នឹងមាន​អ្វី​ហូប​នោះទេ» អ្នកស្រី Saleha ឱ្យដឹង​ដូច្នេះ។

    ប្ដី​របស់​អ្នកស្រី​គឺ​លោក Abdul Wahab និយាយថា៖ «ខ្ញុំ​នឹង​ខំ​រកប្រាក់​ដើម្បី​ជួយសង្គ្រោះ​កូនស្រី»។

    ចំណែក​ម្ចាស់បំណុល​ឈ្មោះ Khalid Ahmad វិញ បាន​ប្រាប់ថា ខ្លួន​ត្រូវ​បង្ខំចិត្ត​ទទួលយក​កុមារី​អាយុ 3 ឆ្នាំនេះ ដើម្បី​ដោះស្រាយ​បំណុល។ ខ្ញុំ​ក៏​មិនមាន​ប្រាក់។ ពួកគេ​មិនទាន់​សង​ប្រាក់​មក​ខ្ញុំ ទើប​ខ្ញុំ​មិនមាន​ជម្រើស​ណា​ផ្សេង​ក្រៅតែពី​ការទទួលយក​ក្មេង​តូច​នេះ»។

    កាលពី​ខែ​មុន កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ (Unations Development Programme/UNDP) បាន​បញ្ជាក់ថា អា​ហ្វ​ហ្គា​នី​ស្ថាន កំពុង​ឆ្ពោះទៅកាន់ «គ្រោះ​ទុរភិក្ស​ទូទាំងប្រទេស» បន្ទាប់ពី តា​លី​បង់ បាន​ចូល​គ្រប់គ្រង​អំណាច។ ប្រធាន UNDP ប្រចាំ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក លោកស្រី Kanni Wignaraja មានប្រសាសន៍ថា ក្នុង​រយៈពេល 1 ឆ្នាំ​ទៀត អត្រា​នៃ​ភាពអត់ឃ្លាន​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន នឹង​ឡើងដល់ 97-98%។

    តា​លី​បង់ បាន​ក្ដាប់​អំណាច​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន កាលពី​ចុងខែ​សីហា ឆ្នាំ 2021 បន្ទាប់ពី សហរដ្ឋ​អាម៉េរិក ដកទ័ព​ចេញពី​ប្រទេស​នេះ។ តា​លី​បង់ ក្រោយមក​ក៏បាន​ប្ដូរ​ឈ្មោះ​ប្រទេស​ទៅជា អេ​មី​រ៉ា​ត​អ៊ីស្លាម​នៃ​អា​ហ្វ​ហ្កា​នី​ស្ថាន (Islamic Emirate of Afghanistan) ដែល​ឈ្មោះ​នេះ​ធ្លាប់​ត្រូវបាន​ប្រើប្រាស់​ក្នុង​គ្រា​ក្រុម​នេះ​កាន់កាប់​អំណាច​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន ចន្លោះ​ពី​ឆ្នាំ 1996 ដល់​ឆ្នាំ 2001។

    ក្រោយពី សហរដ្ឋ​អាម៉េរិក បានធ្វើ​អន្តរាគមន៍​យោធា​កាលពី​ឆ្នាំ 2001 និង​បង្កើត​រដ្ឋាភិបាល​ដែល​ស្និទ្ធ​នឹង​ក្រុម​ប្រទេស​លោកខាងលិច ក្នុង​រយៈពេល​ម្ភៃ​ឆ្នាំ អា​ហ្វ​ហ្គា​នី​ស្ថាន បាន​ស្គាល់​ភាពរុងរឿង​ផ្នែក​សេដ្ឋកិច្ច រួមទាំង​បង្កើន​ប្រាក់ចំណូល​បាន​ទ្វេដង ហើយ​វិស័យ​អប់រំ​ក៏​រីកចម្រើន​ផងដែរ។

    ប៉ុន្តែ បន្ទាប់ពី តា​លី​បង់ ត្រលប់មក​កាន់អំណាច​វិញ សេដ្ឋកិច្ច​របស់ អា​ហ្វ​ហ្គា​នី​ស្ថាន ក៏​ដាំ​ក្បាល​ចុះ និង​ស្ថិត​ក្បែរ​មាត់ជ្រោះ​មរណៈ នៅពេល​សាច់ប្រាក់​ជិត 10 ពាន់​លាន​ដុល្លារ​របស់​ធនាគារជាតិ​នៃ​ប្រទេស​នេះ ត្រូវ សហរដ្ឋ​អាម៉េរិក បង្កក៕