Category: អន្តរជាតិ

  • (វីដេអូ)-ព្យុះ​ព្រះអាទិត្យ ល្បឿន 4 លាន​គីឡូម៉ែត្រ/ម៉ោង នឹង​វាយលុក​ពិភព​ផែនដីនៅ​ចុង​សប្ដាហ៍​នេះ

    (វីដេអូ)-ព្យុះ​ព្រះអាទិត្យ ល្បឿន 4 លាន​គីឡូម៉ែត្រ/ម៉ោង នឹង​វាយលុក​ពិភព​ផែនដីនៅ​ចុង​សប្ដាហ៍​នេះ

    ផ្កាយរណប​របស់ NASA ថត​បាន​ទិដ្ឋភាព​ព្យុះ​ព្រះអាទិត្យ​កំពុង​ផ្ទុះ​កញ្ជ្រោល​ខ្លាំង ធ្វើឱ្យ​រស្មី​អូ​រ៉ូ​រ៉ា (aurora) នៅលើ​ផែនដី ប្រែជា​បង្ហាញខ្លួន​យ៉ាងច្បាស់​នៅក្នុង​ថ្ងៃបុណ្យ​ហា​ឡូ​វីន (Halloween)។

    វីដេអូ​ពី​ផ្កាយរណប Solar Dynamics Orbiter របស់ NASA បង្ហាញថា ការ​កញ្ជ្រោល​នៃ​ផ្ទៃ​ខាងលើ​របស់​ព្រះអាទិត្យ​កើតឡើង​ពីថ្ងៃ​ទី 25 ដល់​ថ្ងៃទី 28 តុលា និង​បញ្ចប់​ដោយ​ការផ្ទុះ​មួយ​ដ៏​ធំ​ដែល​អាច​បង្កើន​រស្មី​អូ​រ៉ូ​រ៉ា នៅលើ​ផែនដី​ចំ​ថ្ងៃបុណ្យ​ហា​ឡូ​វីន។

    ព្យុះ​ព្រះអាទិត្យ​កើតឡើង​ជាច្រើន​បែប ក្នុងនោះ​មានការ​ផ្ទុះ​ភ្លើង​ព្រះអាទិត្យ (Solar flare) និង​ការផ្ទុះ​កាំរស្មី​អូ​រ៉ូ​រ៉ា (CME/​Coronal​ Mass Ejections)។ Solar flare គឺជា​ការផ្ទុះ​វិទ្យុសកម្ម​ខ្លាំងក្លា បញ្ចេញ​រលក​ពន្លឺ​ផូ​តុង (photon) សំដៅ​មកកាន់​ផែនដី។ កម្លាំង​របស់​ការផ្ទុះ​ភ្លើង​ព្រះអាទិត្យ​មាន 3 កម្រិត​គឺ C, M និង កម្រិត X ក្នុងនេះ X គឺជា​កម្រិត​ខ្លាំង​បំផុត។ CME រួមមាន ពពក​ប្លា​ស្មា និង ម៉ាញ៉េទិក ដែល​បាញ់​ចេញពី​ផ្ទៃ​ខាងលើ​របស់​ព្រះអាទិត្យ នាំមក​ជាមួយ​នូវ​ភាគល្អិត​ជាច្រើន។ ការផ្ទុះ​ភ្លើង​ព្រះអាទិត្យ និង ការផ្ទុះ​កាំរស្មី​អូ​រ៉ូ​រ៉ា មាន​ប្រភព​តែមួយ ដោយ​កើតឡើង​ពី​ការរអាក់រអួល​នៃ​ម៉ាញ៉េទិក (disruption of the magnetic) នៅក្នុង​តំបន់​បរិយាកាស​ខាងក្រៅ​របស់​ព្រះអាទិត្យ។

    NASA ឱ្យដឹងថា ថ្វីបើ​ការផ្ទុះ​ភ្លើង​ព្រះអាទិត្យ​ដែលមាន​ផ្ទុក​វិទ្យុសកម្ម​គ្រោះថ្នាក់​នេះ​មិនអាច​ឆ្លងកាត់​បរិយាកាស​ផែនដី​បាន តែ​វា​ខ្លាំង​គ្រប់គ្រាន់​ដែល​អាច​បង្ក​ការរំខាន​ដល់​បណ្ដាញ​ទាក់ទង និង GPS។

    ការផ្ទុះ​ភ្លើង​ព្រះអាទិត្យ​កាលពី​ថ្ងៃទី 28 តុលា និង​អមដោយ CME បាន​បញ្ចេញ​ភាគល្អិត​ដែល​ផ្ទុក​អគ្គិសនី ធ្វើដំណើរ​ក្នុង​ល្បឿន 4 លាន​គីឡូម៉ែត្រ/ម៉ោង។ ភាគល្អិត​ទាំងនេះ​នឹង​មកដល់​ពិភព​ផែនដី​នៅ​ចុង​សប្ដាហ៍ ហើយ​អាចធ្វើឱ្យ​បាតុភូត​រស្មី​អូ​រ៉ូ​រ៉ា កាន់តែខ្លាំង​ក្លា​ជាង​មុន។

    បាតុភូត​អូ​រ៉ូ​រ៉ា នៅលើ​ផែនដី កើតឡើង​នៅពេល​ភាគល្អិត​ផ្ទុក​អគ្គិសនី​ពី​ព្រះអាទិត្យ ប៉ះ​ជាមួយនឹង​បរិយាកាស​ខាងលើ​របស់​ផែនដី បង្កើតបានជា​រលក​ព​ន្លឺ​យ៉ាង​រស់​រវើក។ ដែន​ម៉ាញ៉េទិក​របស់​ផែនដី នាំ​ភាគល្អិត​ផ្ទុក​អគ្គិសនី ទៅកាន់​តំបន់​ប៉ូល ទើប​រស្មី​អូ​រ៉ូ​រ៉ា តែងតែ​បង្ហាញខ្លួន​នៅ​ភាគ​ខាងជើង៕

  • Elon Musk ថា​ បរិច្ចាគ​ប្រាក់​ 6 ពាន់​លាន​ដុល្លារ​​ដើម្បី​ដោះ​ស្រាយ​គ្រោះ​ទុរភិក្ស​ក៏​បាន​ តែ​អង្គការ​ស្បៀង​អាហារ​ពិភពលោក​ ត្រូវ​ធ្វើ​រឿង​ម្យ៉ាង​

    Elon Musk ថា​ បរិច្ចាគ​ប្រាក់​ 6 ពាន់​លាន​ដុល្លារ​​ដើម្បី​ដោះ​ស្រាយ​គ្រោះ​ទុរភិក្ស​ក៏​បាន​ តែ​អង្គការ​ស្បៀង​អាហារ​ពិភពលោក​ ត្រូវ​ធ្វើ​រឿង​ម្យ៉ាង​

    ទាក់​ទង​នឹង​បញ្ហា​ខ្វះ​ថវិកា​​ទិញ​ស្បៀង​អាហារ​ជួយ​ដល់​ប្រជាជន​កំពុង​ជួប​គ្រោះ​អត់ឃ្លា​ មហា​សេដ្ឋី​ជន​ជាតិ​អាម៉េរិក​ ដើម្បី​កំណើត​អាហ្វ្រិក​ខាង​​ត្បូង​ និយាយ​ថា «បរិច្ចាគ 6 ពាន់​លាន​ដុល្លារ​ដើម្បី​សង្គ្រោះ​ពិភពលោក​ក៏បាន» ប៉ុន្តែ លោក Elon Musk ចង់ឱ្យ​ប្រធាន​ស្ថាប័ន​មួយ​របស់​អង្គការសហប្រជាជាតិ «បង្ហាញ​តម្លៃភាព​ថវិកា» ឱ្យបាន​ច្បាស់លាស់។

    លោក Elon Musk ទើបតែ​បានលើកឡើង​នូវ​ប្រតិកម្ម​ចំពោះ​មតិ​របស់​ប្រធាន​អង្គការ​មួយរូប​របស់​អង្គការសហប្រជាជាតិ ដែល​និយាយថា គ្រាន់តែ​មួយចំណែក​ដ៏​តូច​នៃ​ទ្រព្យសម្បត្តិ​របស់​ក្រុម​អ្នកមាន​បំផុត​ក្នុង​ពិភពលោក​ក៏​អាច​ដោះស្រាយបាន​នូវ​គ្រោះ​ទុរភិក្ស​នៅលើ​សកលលោក

    មហាសេដ្ឋី Elon Musk បាន​ប្រតិកម្ម​ទៅនឹង​មតិ​មួយ​របស់លោក David Beasley ប្រធាន​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​របស់​អង្គការសហប្រជាជាតិ តាមរយៈ​ការ​បង្ហោះ​សារ​មួយ​ឃ្លា​នៅលើ​បណ្ដាញ​សង្គម Twitter។

    មុន​នោះ លោក David Beasley ថ្លែងថា៖ «ត្រូវការ 6 ពាន់​លាន​ដុល្លារ ដើម្បី​សង្គ្រោះ​មនុស្ស 42 លាន​នាក់​ដែល​ជិត​នឹង​អត់បាយ​ស្លាប់។ ប្រការនេះ​ពិតជា​ពិបាក។ ក្រុម​មហាសេដ្ឋី គួរតែ​ធ្វើ​ភ្លាម​នៅពេលនេះ»។ ក្រុម​មហាសេដ្ឋី​ដែល​លោក Beasley កំពុងនិយាយ​ដល់​នៅទីនេះ​គឺ Elon Musk និង Jeff Bezos ជាដើម ដែលជា​អ្នកមាន​ជាងគេ​ក្នុង​ពិភពលោក។

    CEO របស់​ក្រុមហ៊ុន Tesla លោក Elon Musk មានទ្រព្យ​ជិត 289 ពាន់​លាន​ដុល្លារ នេះ​បើតាម​ស្ថិតិ​របស់​សារព័ត៌មាន Bloomberg។ ប្រការនេះ​មានន័យថា លោក Beasley កំពុងតែ​លើកឡើង​នូវ​គំនិត​មួយ​ដែលថា លោក Elon Musk គ្រាន់តែ​បរិច្ចាគ​ប្រហែល 2% នៃ​ទ្រព្យ​សរុប​របស់ខ្លួន​គឺអាច​ជួយ​ឱ្យ​មនុស្ស 42 លាន​នាក់​នៅ​ទូទាំង​សកលលោក រួច​ផុតពី​គ្រោះ​ទុរភិក្ស។

    ឆ្លើយតប​នឹង​បញ្ហា​ខាងលើ កំពូល​អ្នកមាន Elon Musk និយាយថា បើសិនជា​កម្មវិធី​ស្បៀងអាហារ​ពិភពលោក អាច​បង្ហាញ​តម្លៃភាព​ថវិកា និង​អនុញ្ញាតឱ្យ​គ្រប់គ្នា​បានដឹង​អំពី​ខ្ទង់​ថវិកា​នោះ​ត្រូវបាន​ចំណាយ​ដោយ​របៀប​ណា ហើយ «អាច​អធិប្បាយ​នៅ​ខាងក្រោម​សារ Twitter នេះ នូវ​វិធី​ជាក់លាក់​ដែលថា 6 ពាន់​លាន​ដុល្លារ អាច​ដោះស្រាយ​គ្រោះ​ទុរភិក្ស ខ្ញុំ​នឹង​លក់​ភាគហ៊ុន​នៅ​ក្រុមហ៊ុន Tesla ភ្លាម ដើម្បី​បរិច្ចាគ»។

    បច្ចុប្បន្ន សារ​ខាងលើ​របស់លោក Elon Musk ទទួលបាន​ការចែករំលែកតៗគ្នា​ជាង 3 ម៉ឺន​លើក និង​ការ​ចុច​ចូលចិត្ត​ជាង 2 សែន​លើក រួម​នឹង​ការបញ្ចេញមតិ​ជាច្រើន​ទៀត។

    ក្រៅពី​ការបញ្ចេញ​មតិផ្ទុយ និង​ស្រប ការ​ចុច​ចូលចិត្ត និង​ការចែករំលែក​ត​គ្នា​របស់​អ្នកលេង​បណ្ដាញ​សង្គម គេ​ក៏​ឃើញ​គណនី Twitter របស់លោក David Beasley ចូលមក​បកស្រាយ៖ «ខ្ញុំ​អាច​ធានាបាន​ថា ប្រព័ន្ធ​គណនី​របស់​យើង​ពិត​ជាមាន​តម្លាភាព និង​ជា​សាធារណៈ​ទាំងស្រុង។ ភាគី​ខាង​លោក អាចធ្វើ​ការ​ជាមួយ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក ដើម្បី​ធានា​ចំពោះ​បញ្ហា​នេះ»។

    ប៉ុន្តែ នៅ​ខាងក្រោម​ការបកស្រាយរ​ប​ស់លោក David Beasley មាន​គណនី​មួយ​ដែលមាន​ឈ្មោះថា @CG បាន​បញ្ចេញមតិ​ថា៖ «ខ្ញុំ​ជឿជាក់ថា គាត់​នេះ​មិនមែន​រស់នៅក្នុង​ផ្ទះ​ដ៏​តូច​ដែលមាន​តម្លៃ​តែ 35,000 ដុល្លារ ដូច Elon Musk នោះទេ»៕

  • អា​ម៉​រិ​ក ពន្យារពេល​អនុម័ត​លើ​វ៉ា​ក់​សាំង​បង្ការ​ COVID-19 របស់​ក្រុម​ហ៊ុន​ Moderna សម្រាប់​កុមារ

    អា​ម៉​រិ​ក ពន្យារពេល​អនុម័ត​លើ​វ៉ា​ក់​សាំង​បង្ការ​ COVID-19 របស់​ក្រុម​ហ៊ុន​ Moderna សម្រាប់​កុមារ

    ក្រុមហ៊ុន Moderna បានឱ្យដឹងថា អាជ្ញាធរ សហរដ្ឋ​អាម៉េរិក ពន្យារពេល​ការអនុម័ត​ឱ្យប្រើ​ប្រាស់​វ៉ាក់សាំង​បង្ការ COVID-19 របស់​ក្រុមហ៊ុន​នេះ ដើម្បី​មាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​វាយតម្លៃ​បន្ថែម។

    ការិយាល័យ​គ្រប់គ្រង​អាហារ និង​ឱសថ (FDA) របស់ សហរដ្ឋ​អាម៉េរិក​កាលពី​ថ្ងៃទី 29 វិច្ឆិកា បាន «ប្រកាស​ឱ្យ Moderna ដឹងថា ពួកគេ​ត្រូវការ​ពេលវេលា​បន្ថែមទៀត​ដើម្បី​វាយតម្លៃ​លើ​ការវិភាគ​លក្ខណៈ​អន្តរជាតិ​នានា​ស្ដីពី​ហានិភ័យ​នៃ​បញ្ហា​រលាក​សាច់ដុំ​បេះដូង​បន្ទាប់ពី​បាន​ចាក់​វ៉ាក់សាំង»។ នេះ​បើតាម​ក្រុមហ៊ុន​ផលិត​ឱសថ Moderna បានឱ្យដឹង​នៅក្នុង​ប្រកាស​កាលពី​ថ្ងៃទី 31 តុលា។

    Moderna ឱ្យដឹងថា ដំណើរការ​នៃ​ការវាយតម្លៃ​របស់ FDA ស្ដីពី​ការដែល​ថា គួរតែ​លើកទឹកចិត្ត​ឱ្យ​ចាក់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​នេះ ដល់​ក្មេង​ដែលមាន​វ័យ​ចាប់ពី 12 ឆ្នាំ ដល់ 17 ឆ្នាំ​ដែរ ឬ​អត់ នោះ​អាច​អូសបន្លាយ​ពេល​ដល់​ខែមករា ឆ្នាំ 2022។

    បញ្ហា​រលាក​សាច់ដុំ​បេះដូង និង​រលាក​ស្រោម​បេះដូង​ខាងក្រៅ​គឺជា​រោគសញ្ញា​ដ៏​កម្រ ទាក់ទង​នឹង​វ៉ាក់សាំង​បង្ការ COVID-19 របស់ Pfizer និង Moderna ដែល​កើតឡើង​នៅលើ​ក្មេងប្រុស និង​បុរស​វ័យក្មេង។

    ក៏ប៉ុន្តែ មជ្ឈមណ្ឌល​គ្រប់គ្រង និង​ទប់ស្កាត់​ជំងឺឆ្លង (CDC) របស់ សហរដ្ឋ​អាម៉េរិក បានឱ្យដឹងថា ហានិភ័យ​នៃ​ការកើត​អាការ​ខាងលើ​គឺ​ខ្ពស់ជាង​ធម្មតា បន្ទាប់ពី​ឆ្លង COVID-19។ CDC អាម៉េរិក បញ្ជាក់ថា «បញ្ហា​រលាក​សាច់ដុំ​បេះដូង​បន្ទាប់ពី​បាន​ចាក់​វ៉ាក់សាំង​ដែល​ប្រើ​បច្ចេកវិទ្យា mRNA គឺ​កម្រ​កើតមាន ហើយ​វា​មាន​លក្ខណៈ​ស្រាល»។

    សហរដ្ឋ​អាម៉េរិក កាលពី​ថ្ងៃទី 29 ខែតុលា បានអនុញ្ញាត​ឱ្យប្រើ​ប្រាស់​វ៉ាក់សាំង​បង្ការ COVID-19 របស់ Pfizer-BioNTech សម្រាប់​ចាក់ឱ្យ​កុមារ​អាយុ​ចាប់ពី 5 ឆ្នាំ ដល់ 11 ឆ្នាំ ដោយ​បរិមាណ​ទាប​ជាង ធៀប​នឹង​ការ​ចាក់ឱ្យ​មនុស្សពេញវ័យ។ មុន​នោះ Moderna ក៏បាន​ដាក់ពាក្យ​ទៅកាន់ FDA ដើម្បី​សុំច្បាប់​ចាក់​វ៉ាក់សាំង​ដល់​ក្មេង​អាយុ​ក្រោម 18 ឆ្នាំ​ផងដែរ៕

  • ផ្កាយដុះកន្ទុយ​ធំ​បំផុត​ដែល​មនុស្ស​ធ្លាប់​រកឃើញ កំពុង​សំដៅ​មកកាន់​ផែនដី (វីដេអូ)

    ផ្កាយដុះកន្ទុយ​ធំ​បំផុត​ដែល​មនុស្ស​ធ្លាប់​រកឃើញ កំពុង​សំដៅ​មកកាន់​ផែនដី (វីដេអូ)

    ផ្កាយដុះកន្ទុយ​មួយ​ដែល​អាចមាន​ទំហំ​ធំជាងគេ ដែល​មនុស្ស​ធ្លាប់បាន​រកឃើញ និង​មាន​ប្រភពពី​ពពក Oort កំពុងតែ​ហោះ​សំដៅ​មកកាន់​ភពផែនដី។

    ជាមួយនឹង​អង្កត់ផ្ចិត​ប្រវែង​ពី 100-200 ម៉ែត្រ ផ្កាយដុះកន្ទុយ Bernardinelli-Bernstein (C/2014UN271) នឹង​ហោះ​មក​ក្បែរ​ព្រះអាទិត្យ​បំផុត​ក្នុង​ឆ្នាំ 2031។ គម្លាត​ជិត​បំផុត​រវាង​ផ្កាយដុះកន្ទុយ​នេះ និង​ផែនដី ប្រហាក់ប្រហែល​នឹង​រយៈ​ចម្ងាយ​ពី​ផែនដី​ទៅកាន់​ភព​សៅរ៍។ ក្រុម​អ្នកវិទ្យាសាស្ត្រ​ឱ្យដឹងថា ផ្កាយដុះកន្ទុយ​នេះ អាចជា​វត្ថុ​អវកាស​ធំ​បំផុត​ដែល​មនុស្ស​ធ្លាប់​បានឃើញ​នៅក្នុង​ពពក Oort។

    ផ្កាយដុះកន្ទុយ Bernardinelli-Bernstein (C/2014UN271) ត្រូវបាន​រកឃើញ​ដោយ​អ្នកវិទ្យាសាស្ត្រ Perdro Bernardinelli និង Gary Bernstein មកពី​សាកលវិទ្យាល័យ Pennsylvania សហរដ្ឋ​អាម៉េរិក កាលពីដើម​ឆ្នាំនេះ។ ពួកគេ​បាន​រកឃើញ​ទិន្នន័យ​របស់​វត្ថុ​អវកាស​នេះ​ដែល​ប្រមូលបាន​ចាប់ពី​ឆ្នាំ 2014 ដល់ 2018 ប៉ុន្តែ ពុំ​ឃើញ​កន្ទុយ​របស់​វា ដូច្នេះ ដំបូង​ឡើយ វា​ត្រូវបាន​គេ​ច្រ​លំ​ថា​ជា​កូន​ភព។

    ប៉ុន្តែ ក្នុង​រយៈពេល​មួយថ្ងៃ បន្ទាប់ពី​បានប្រកាសថា​បាន​រកឃើញ ក្រុម​អ្នក​តារាសាស្ត្រ​បាន​ប្រើប្រាស់​ស្ថានីយ​សង្កេត Las Cumbres ដើម្បី​ថតរូប​ថ្មី និង​បាន​រកឃើញថា កន្ទុយ​របស់​វា​កើតឡើង​កាលពី 3 ឆ្នាំមុន ហើយ​កំពុង​ហោះ​សំដៅ​យ៉ាង​លឿន​ចេញពី​ពពក Oort។ ក្រោយមក ក្រុម​តារាវិទូ​ក៏បាន​ចាត់​វា​ចូលក្នុង​ក្រុម​ផ្កាយដុះកន្ទុយ​ជា​ផ្លូវការ។

    ក្រោយ​ការស្រាវជ្រាវ​លម្អិត ក្រុម​របស់ Bernardinelli និង Bernstein រកឃើញថា ផ្កាយដុះកន្ទុយ​នេះ​ធ្លាប់បាន​គោចរ​មក​ក្បែរ​ព្រះអាទិត្យ​កាលពី 3.5 លាន​ឆ្នាំមុន ជាមួយនឹង​គ​ន្លាត​ប្រហែល 18 au (ខ្នាត​តារាសាស្ត្រ/Astronomical Unit គឺជា​ចម្ងាយ​មធ្យម​ចន្លោះ​ពី​ផែនដី ទៅ​ព្រះអាទិត្យ ពោលគឺ​ប្រហែល 150 លាន​គីឡូម៉ែត្រ)។

    បច្ចុប្បន្ន ផ្កាយដុះកន្ទុយ​នេះ​កំពុង​ស្ថិតនៅ​ចម្ងាយ 3 ពាន់​លាន​គីឡូម៉ែត្រ ពី ព្រះអាទិត្យ។ បើទោះជា C/2014UN271 មាន​ទំហំ​ធំ ហើយ​សូម្បីតែ​វា​ស្ថិតនៅ​ជិត​ព្រះអាទិត្យ​បំផុត​ក្រោយ 10 ឆ្នាំ​ទៀត ក្រុម​តារាវិទូ​ឱ្យដឹងថា មនុស្ស​នៅតែ​មិនអាច​មើលឃើញ​វា​ដោយ​ភ្នែក​ទទេ​បានដែរ៕

  • សូម​ប្រយ័ត្ន! អ្នក​បាន​ចាក់​វ៉ាក់សាំង​រួចហើយ នៅតែ​អាច​ចម្លង Delta ដល់​សមាជិក​ទាំង​ឡាយ​ក្នុង​គ្រួសារ

    សូម​ប្រយ័ត្ន! អ្នក​បាន​ចាក់​វ៉ាក់សាំង​រួចហើយ នៅតែ​អាច​ចម្លង Delta ដល់​សមាជិក​ទាំង​ឡាយ​ក្នុង​គ្រួសារ

    (អង់គ្លេស)-លទ្ធផល​នៃ​ការស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ​នៃ​ចក្រភព អង់គ្លេស Imperial College London បាន​បង្ហាញថា អ្នក​បានទទួល​ការចាក់​វ៉ាក់សាំង COVID-19 ដែល​ឆ្លង Delta នៅតែ​អាច​ចម្លង​វីរុស​នេះ​ដល់​សមាជិកគ្រួសារ។

    «យើង​បាន​រកឃើញថា អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចហើយ នៅតែ​អាច​ឆ្លង និង​ចម្លង​វីរុស​ក្នុង​គ្រួសារ ឆ្លង​ទៅកាន់​សមាជិក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចហើយ​ថែម​ទៀតផង» វេជ្ជបណ្ឌិត Anika Singanayagam ដែលជា​អ្នកគ្រប់គ្រង​មួយរូប​នៅក្នុង​គម្រោង​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ Imperial College London បានឱ្យដឹង​កាលពី​ថ្ងៃទី 28 តុលា។

    ការស្រាវជ្រាវ​នេះ​ត្រូវបានធ្វើ​ឡើងលើ​មនុស្ស​ចំនួន 621 នាក់។ ក្នុងចំណោម 205 នាក់ ដែល​ប៉ះពាល់​ផ្ទាល់​ជាមួយនឹង​អ្នក​ផ្ទុក Delta មាន 38% គឺជា​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង COVID-19 រួចហើយ ខណៈ 25% មិនទាន់​ចាក់​វ៉ាក់សាំង។

    ក្រុមមនុស្ស​ដែល​បាន​ចាក់​វ៉ាក់សាំង មាន​លទ្ធផល​អវិជ្ជមាន​ទៅវិញ​ឆាប់រហ័ស​ជាង ធៀប​នឹង​ក្រុម​ដែល​មិនទាន់​ចាក់​វ៉ាក់សាំង ប៉ុន្តែ កំហាប់​វីរុស​ក្នុងដំណាក់កាល​ខ្ពស់បំផុត នៅតែ​ប្រហាក់ប្រហែល​នឹង​អ្នក​មិនទាន់បាន​ចាក់​វ៉ាក់សាំង។

    ចំពោះ​សមាជិកគ្រួសារ​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចហើយ​តែ​នៅតែ​វិជ្ជមាន​នឹង COVID-19 ភាគច្រើន​ពួកគេ​បាន​ចាក់​វ៉ាក់សាំង​មុន​ក្រុមមនុស្ស​ដែល​បាន​ចាក់​វ៉ាក់សាំង​ក្រោយ និង​អវិជ្ជមាន។ ក្រុម​អ្នកវិទ្យាសាស្ត្រ​ឱ្យដឹងថា នេះ​គឺជា​ភ័ស្ដុតាង​បង្ហាញថា សមត្ថភាព​របស់​ប្រព័ន្ធ​ភាពស៊ាំ​ត្រូវ​ថយចុះ​ទៅតាម​ពេលវេលា និង​បាន​គាំទ្រ​ឱ្យមាន​ការចាក់​ដូ​ស​បន្ថែម។

    អ្នកវិទ្យាសាស្ត្រ​សង្កត់ធ្ងន់ថា លទ្ធផល​នៃ​ការស្រាវជ្រាវ​នេះ​មិន​ធ្វើឱ្យមាន​ការប្ដូរ​ផ្លាស់​ចំពោះ​ការយល់ឃើញ​ដែលថា ការចាក់​វ៉ាក់សាំង​គឺជា​វិធីសាស្ត្រ​ល្អ​បំផុត​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការកើត​អាការ​ធ្ងន់ធ្ងរ​នៅពេល​បាន​ឆ្លង​វីរុស COVID-19 នោះទេ៕

  • អាម៉េរិក អនុញាតឱ្យ​ចាក់​វ៉ាក់សាំង Pfizer ដល់​ក្មេង​ពី​អាយុ 5 ឆ្នាំ ដល់ 11 ឆ្នាំ

    អាម៉េរិក អនុញាតឱ្យ​ចាក់​វ៉ាក់សាំង Pfizer ដល់​ក្មេង​ពី​អាយុ 5 ឆ្នាំ ដល់ 11 ឆ្នាំ

    សហរដ្ឋ​អាម៉េរិក បានអនុម័ត​ឱ្យប្រើ​ប្រាស់​វ៉ាក់សាំង​បង្ការ COVID-19 របស់ Pfizer សម្រាប់​ចាក់​ដល់​ក្មេង​ដែលមាន​អាយុ​ពី 5 ឆ្នាំ ដល់ 11 ឆ្នាំ បន្ទាប់ពី​ក្រុម​អ្នកជំនាញ​អះអាងថា ផលប្រយោជន៍​មាន​ច្រើន​លើសលុប ធៀប​នឹង​ហានិភ័យ។

    ការសម្រេច​ខាងលើ​ដែល​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី 29 តុលា បាន​បើកផ្លូវ​ឱ្យមាន​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ COVID-19 ដល់​ក្មេង​ចំនួន 28 លាន​នាក់​នៅ​ប្រទេស​នេះ។ ក្រៅពី សហរដ្ឋ​អាម៉េរិក កន្លងមក​ក៏មាន​ប្រទេស​ជាច្រើន​បានអនុញ្ញាត​ឱ្យ​ចាក់​វ៉ាក់សាំង​ដល់​កុមារ​ដែលមាន​អាយុ​ប្រហាក់ប្រហែល​នេះដែរ មានដូចជា កម្ពុជា ស៊ី​លី គុយបា ចិន និង អេ​មី​រ៉ា​ត​អារ៉ាប់​រួម។

    ក្រុមហ៊ុន​ឱសថ Pfizer និង​ដៃគូ​សហការ BioNTech សប្ដាហ៍​នេះ​បានប្រកាសថា រដ្ឋាភិបាល​អាម៉េរិក បាន​ទិញ​វ៉ាក់សាំង Comirnaty ចំនួន 50 លាន​ដូ​ស​ពី​ក្រុមហ៊ុន​នេះ សម្រាប់​ចាក់ឱ្យក្មេងៗ ក្នុងនោះ​រួមទាំង​កុមារ​អាយុ​ក្រោម 5 ឆ្នាំ​ផងដែរ។

    ក្រុម​អ្នកជំនាញ​កំពុង​សិក្សា​អំពី​សុវត្ថិភាព​របស់​វ៉ាក់សាំង Pfizer នៅលើ​ក្មេង​ចំនួន 3,000 នាក់ ប៉ុន្តែ មិនបាន​រកឃើញ​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ណាមួយ​នោះទេ។ កុមារ​អាយុ​ចាប់ពី 5 ឆ្នាំ ដល់ 11 ឆ្នាំ នឹងត្រូវ​បាន​ចាក់​វ៉ាក់សាំង Pfizer ចំនួន 2 ដូ​ស ដែលមាន​គម្លាត​ពីគ្នា 3 សប្ដាហ៍ ដោយ​បរិមាណ 10 microgram ដែល​ស្មើនឹង 1/3 ធៀប​នឹង​បរិមាណ​វ៉ាក់សាំង​ដែល​ចាក់ឱ្យ​ក្រុមមនុស្ស​ដែលមាន​អាយុ​ច្រើនជាង​នេះ៕

  • អាម៉េរិក ផ្ដល់​ជម្រើស​ភេទ​ទី​បី​ដំបូងបង្អស់ នៅលើ​អត្តសញ្ញាណប័ណ្ណ​ថ្មី

    អាម៉េរិក ផ្ដល់​ជម្រើស​ភេទ​ទី​បី​ដំបូងបង្អស់ នៅលើ​អត្តសញ្ញាណប័ណ្ណ​ថ្មី

    សហរដ្ឋ​អាម៉េរិក ផ្ដល់​អត្តសញ្ញាណប័ណ្ណ​ដំបូង​ដែលមាន​ជម្រើស​ភេទ X ជា​របត់​ថ្មី​មួយ​នៅក្នុង​ការទទួលស្គាល់​សិទ្ធិ​របស់​ពលរដ្ឋ​ដែល​មិនបាន​កំណត់​ភេទ​ជា​ស្រី ឬ​ប្រុស។

    «ក្នុងឱកាស​នៃ​ការផ្ដល់​អត្តសញ្ញាណប័ណ្ណ​នេះ ខ្ញុំ​ចង់​រំលឹក​ឡើងវិញ​នូវ​ការសន្យា​របស់​ក្រសួងការបរទេស​អាម៉េរិក អំពី​ការលើកកម្ពស់​សិទ្ធិ សេរ​ភាព សេចក្ដីថ្លៃថ្នូរ និង សមភាព​សម្រាប់​មនុស្ស​គ្រប់រូប រួមទាំង​សហគមន៍ LGBT (LGBT គឺជា​គំនិត​ដំបូង​ដែល​តំណាងឱ្យ​ស្ត្រី​ស្រឡាញ់​ភេទ​ដូចគ្នា (lesbian), បុរស​ស្រលាញ់​ភេទ​ដូចគ្នា (gay), មនុស្ស​ស្រលាញ់​ភេទ​ទាំងពីរ (bisexual) និង​អ្នក​កែ​ភេទ(transgender)។ នេះ​បើតាម Ned Price ដែលជា​អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​សហ​រដ្ឋ​អាម៉េរិក។

    ជម្រើស X ត្រូវបាន​រៀបចំឡើង​សម្រាប់​ពលរដ្ឋ​ទាំងឡាយណា​ដែល​មិនអាច​កំណត់​ភេទ​ទៅតាម​ជម្រើស ប្រុស ឬ​ស្រី។ Price ឱ្យដឹងថា នឹង​ផ្ដល់​ជម្រើស​នេះ​នៅលើ​អត្តសញ្ញាណប័ណ្ណ និង​លិខិតបញ្ជាក់​កំណើត​របស់​ពលរដ្ឋ​អាម៉េរិក នៅក្រៅ​ប្រទេស ចាប់ពី​ដើមឆ្នាំ 2022។

    ប្រកាស​របស់​ក្រសួង​ខាងលើ ត្រូវបាន​ធ្វើឡើង​មួយថ្ងៃ​បន្ទាប់ពី «ទិវា​យល់ដឹង​ពី​ភេទ​មិន​ប្រក្រតី» (Intersex Awareness Day) ដែល​បាន​ប្រារព្ធ​ឡើង​កាលពី​ថ្ងៃទី 26 ខែតុលា។

    កន្លងមក ប្រធានាធិបតី Joe Biden ធ្លាប់បាន​សន្យាថា រាប់បញ្ចូល​ការគាំទ្រ​ដល់​សិទ្ធិសេរីភាព​របស់​សហ​គម​ន៍ LGBTQ ទៅក្នុង​អាទិភាព​កំពូល​របស់​រដ្ឋាភិបាល។

    មកដល់​បច្ចុប្បន្ន ប្រទេស​យ៉ាងតិច 11 នៅលើ​ពិភពលោក បាន​អនុញ្ញាតឱ្យ​ជ្រើសរើស​ភេទ​ទី​បី​នៅលើ​អត្តសញ្ញាណប័ណ្ណ ក្នុងនោះ​មាន​ទាំង ប្រទេស​កាណាដា, អាល្លឺម៉ង់, អា​ហ្ស​ង់​ទីន, ឥណ្ឌា, នេ​ប៉ាល និង ប៉ា​គិ​ស្ថាន ផងដែរ នេះ​បើតាម​បណ្ដាញ​និយោជក​សម្រាប់​សមភាព និង​សមាហរណកម្ម ដែលមាន​ទីស្នាក់ការ​នៅ ទីក្រុង​ឡុង​ដ៍ ចក្រភព​អង់គ្លេស៕

  • តៃវ៉ាន់ ជឿជាក់ថា សហរដ្ឋ​អាម៉េរិក នឹង​ជួយ​ការពារ​កោះ​នេះ

    តៃវ៉ាន់ ជឿជាក់ថា សហរដ្ឋ​អាម៉េរិក នឹង​ជួយ​ការពារ​កោះ​នេះ

    មេដឹកនាំ កោះ​តៃវ៉ាន់ លោកស្រី Tsai Ing-wen មានជំនឿថា សហរដ្ឋ​អាម៉េរិក នឹង​ការពារ​កោះ​នេះ បើសិនជា​មានការ​វាយប្រហា​រ​ពី ចិនដីគោក នៅពេលដែល​ភាព​តានតឹង​កំពុង​កើនឡើង​ខ្លាំង​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់។

    «ខ្ញុំ​មាន​ជំនឿ​ង​ថា កងកម្លាំង​របស់ សហរដ្ឋ​អាម៉េរិក នឹង​ជួយ​ការពារ តៃវ៉ាន់ នៅ​ចំពោះមុខ ប្រទេស​ចិន បើសិនជា​ចាំបាច់» នេះ​បើតាម​សម្ដី​របស់ លោកស្រី Tsai Ing-wen នៅក្នុង​កិច្ច​សម្ភាស​ជាមួយ CNN កាលពី​ថ្ងៃទី 27 តុលា។ ក្នុង​កិច្ច​សម្ភាស​នេះ លោកស្រី​ក៏បាន​ទទួលស្គាល់​ជា​លើកដំបូង​ថា កងទ័ព​របស់ សហរដ្ឋ​អាម៉េរិក កំពុង​បណ្ដុះបណ្ដាល​ដល់​កងកម្លាំង​របស់ កោះ​តៃវ៉ាន់ បន្ទាប់ពី​មន្ត្រី​ម្នាក់​របស់​មន្ទីរ​បញ្ច​កោណ បាន​បង្ហើប​ឱ្យដឹង​ព័ត៌មាន​នេះ​កាលពីដើម​ខែតុលា។

    លោកស្រី Tsai Ing-wen ថ្លែងថា «យើង​សហការ​យ៉ាង​ទូលំទូលាយ​ជាមួយ សហរដ្ឋ​អាម៉េរិក ដើម្បី​បង្កើន​សមត្ថភាព​ការពារ​ខ្លួន» រួមមាន​ទាំង​ការដែល សហរដ្ឋ​អាម៉េរិក កំពុង​បណ្ដុះបណ្ដាល​មន្ត្រី​យោធា​របស់ តៃវ៉ាន់ ផងដែរ។

    ប៉ុន្តែ មេដឹកនាំ​របស់ តៃវ៉ាន់ រូបនេះ ក៏បាន​សង្កត់ធ្ងន់ថា លោកស្រី​សង្ឃឹមថា ចិនដីគោក និង កោះ​តៃវ៉ាន់ អាច «រួមរស់​ជាមួយគ្នា​នៅក្នុង​សន្តិភាព» និង​ត្រៀមខ្លួន​ជានិច្ច​ក្នុងការ​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង ដើម្បី «កាត់បន្ថយ​ការយល់ច្រលំ» ដោះស្រាយ​បញ្ហា​ខ្វែងគំនិត​គ្នា​នៅក្នុង​ប្រព័ន្ធ​នយោបាយ។

    ការអធិប្បាយ​របស់លោក​ស្រី Tsai Ing-wen ត្រូវបាន​លើកឡើង​នៅពេល​ប្រធានាធិបតី​អាម៉េរិក លោក Joe Biden រិះគន់​ចំពោះ ប្រទេស​ចិន ទាក់ទិន​នឹង​សកម្មភាព​យោធា​នៅក្បែរ កោះ​តៃវ៉ាន់ ក្នុងពេល​លោក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ីអាគ្នេយ៍ ដែលមាន​វត្តមាន​រប​ស់​នាយករដ្ឋមន្ត្រី​ចិន លោក Li Keqiang ផងដែរ។

    សហរដ្ឋ​អាម៉េរិក និង ចិនដីគោក កំពុង «ឈ្លោះប្រកែក​គ្នា» ទាក់ទង​នឹង​ការ​ដែលថា គួរ​អនុញ្ញាតឱ្យ តៃវ៉ាន់ ចូល​ជា​សមាជិក​នៃ​អង្គការ​នានា​របស់ អង្គការសហប្រជាជាតិ ឬ​អត់។ អាម៉េរិក យល់ថា តៃវ៉ាន់ គួរតែ​បាន​ចូលរួម ដោយសារ «តម្លៃ​ជាក់ស្ដែង» ខណៈដែល ចិនដីគោក ប្រកាសថា កោះ​តៃវ៉ាន់ មិនមាន​សិទ្ធិ​ចូលរួម​ក្នុង​អង្គការ​អន្តរជាតិ​ណាមួយ​នោះទេ៕

  • 2% នៃ​ទ្រព្យសម្បត្តិ​របស់ Elon Musk អាច​ដោះស្រាយ​គ្រោះ​ទុរភិក្ស នៅ​ទូទាំង​សកលលោក

    2% នៃ​ទ្រព្យសម្បត្តិ​របស់ Elon Musk អាច​ដោះស្រាយ​គ្រោះ​ទុរភិក្ស នៅ​ទូទាំង​សកលលោក

    ប្រាក់​ចំនួន 2% នៃ​ទ្រព្យសម្បត្តិ​សរុប​ចំនួន 289 ពាន់​លាន​ដុល្លារ របស់​មហាសេដ្ឋី Elon Musk ដែលជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Tesla និង​ក្រុមហ៊ុន SpaceX អាចជួយ​សង្គ្រោះ​មនុស្ស​ចំនួន 42 លាន​នាក់ និង​ដោះស្រាយ​គ្រោះ​ទុរភិក្ស​នៅ​ទូទាំង​ពិភពលោក។

    ក្រុម​មហាសេដ្ឋី​គួរតែ «ឧបត្ថម្ភ​នៅពេលនេះ និង​តែម្ដង​គត់» នាយក​កម្មវិធី​ស្បៀងអាហារ​ពិភពលោក (WFP) របស់​អង្គការសហប្រជាជាតិ លោក David Beasley បាន​ឆ្លើយ​ក្នុង​កិច្ច​សម្ភាស​របស់​កម្មវិធី​ដែល​ត្រូវបាន​ផ្សាយ​កាលពី​ថ្ងៃទី 26 តុលា របស់ CNN ស្ដីពី​កំពូល​អ្នកមាន​ជាងគេ​ពីររូប​គឺ លោក Jeff Bezos និង​លោក Elon Musk។

    «42 ពាន់​លាន​ដុល្លារ ដើម្បី​ជួយ​ដល់​ប្រជាជន​ចំនួន 42 លាន​នាក់ ដែលជា​អ្នកនឹង​ត្រូវស្លាប់ បើសិន​យើង​មិនបាន​ជួយ​ពួកគេ។ រឿងនេះ​មិន​ស្មុគស្មាញ​ឡើយ» លោក David Beasley និយាយ​ដូច្នេះ។

    លោក David Beasley

    យោងតាម​សារព័ត៌មាន Bloomberg នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla លោក Elon Musk មានទ្រព្យ​ជិត 289 ពាន់​លាន​ដុល្លារ។ David Beasley បានស្នើ​សុំឱ្យ​មានការ​បរិច្ចាគ 2% នៃ​ទ្រព្យ​របស់​មហាសេដ្ឋី Elon Musk។ តម្លៃ​ទ្រព្យ​របស់​បណ្ដា​មហាសេដ្ឋី​នៅ សហរដ្ឋ​អាម៉េរិក បាន​កើនឡើង​ជិត​ទ្វេដង ចាប់ពី​វីរុស COVID-19 បានបង្ហាញ​ខ្លួន​ដំបូង ដោយ​កើន​ដល់​ជាង 5 លាន​លាន (ទ្រី​លាន) ដុល្លារ នៅក្នុង​ខែតុលា នេះ​បើតាម​វិទ្យាស្ថាន​អាម៉េរិក សម្រាប់​កិច្ចការ​ស្រាវជ្រាវ​គោលនយោបាយ និង​យុត្ត​ធម៌​ពន្ធដារ។

    លោក Beasley យល់ថា ការដែល​ពិភពលោក​ត្រូវ​ប្រឈម​នឹង​វិបត្តិ​ច្រើន​ក្នុងពេល​តែមួយ ដូចជា​បញ្ហា​បម្រែបម្រួល​អាកាសធាតុ និង​រោគរាតត្បាត COVID-19 គឺ​មានន័យថា ប្រទេស​ជាច្រើន​កំពុង​ដើរ​ជិត​ដល់ «គ្រោះ​ទុរភិក្ស»។

    យោងតាម​របាយការណ៍​របស់ WFP ដែល​បានប្រកាស​កាលពី​ថ្ងៃទី 25 តុលា ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន ចំនួន​ពាក់កណ្ដាល ដែល​ស្មើនឹង 22.8 លាន​នាក់ កំពុង​ប្រឈម​នឹង​វិបត្តិ​ទុរភិក្ស ក្នុងនោះ​មាន​កុមារ​ជាង 3.2 លាន​នាក់​ផងដែរ។

    មហា​សេដ្ឋី Elon Musk

    នៅ​ប្រទេសអេត្យូពី អង្គការ WFP បាន​គណនា​ឃើញថា មនុស្ស 5.2 លាន​នាក់​កំពុង​ត្រូវការ​ជំនួយ​ស្បៀងអាហារ​បន្ទាន់ នៅ​តំបន់ Tigray ជាទី​ដែល​នាយករដ្ឋមន្ត្រី Abiy Ahmed បញ្ជា​ឱ្យ​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​ប្រឆាំងនឹង​រណ​សិ​រ្យ​រំដោះប្រជាជន Tigray (TPLF) កាលពី​ឆ្នាំទៅ។ ជន​ស៊ីវិល​រាប់ពាន់នាក់​បាន​ស្លាប់ និង​ជាង 2 លាន​នាក់​ត្រូវ​រត់ចោលស្រុក។

    បណ្ដា​អង្គការ​មនុស្សធម៌​ដូចជា WFP ជាដើម ត្រូវ​ប្រឹងប្រែង​ធ្វើការ​ដោយ​ត្រដរ​ដើម្បី​មាន​ប្រភព​ផ្គត់ផ្គង់​សម្រាប់​ពលរដ្ឋ​ដែល​កំពុងមាន​តម្រូវ ធ្វើឱ្យ​វិបត្តិ​កាន់តែ​ធ្ងន់ធ្ងរឡើង។

    «យើង​មិនដឹងថា ពួកគេ​បាន​អ្វី​ដើម្បី​បរិភោគ​នោះទេ» Beasley ថ្លែង​នៅក្នុង​កិច្ច​សម្ភាស​ដូច្នេះ។ «យើង​អស់​ឥន្ធនៈ គ្មាន​ប្រាក់​ដើម្បី​បើក​ប្រាក់ខែ​ដល់​បុគ្គលិក ហើយក៏​មិនអាច​បញ្ជូន​រថយន្ត​ដឹកទំនិញ​ចូល​តំបន់​នោះ»៕

  • ជនជាតិ​អាស៊ី ដំបូង​គេ ដែល​ធ្វើជា​ចៅក្រម​តុលាការ​សហព័ន្ធ នៅ សហរដ្ឋ​អាម៉េរិក

    ជនជាតិ​អាស៊ី ដំបូង​គេ ដែល​ធ្វើជា​ចៅក្រម​តុលាការ​សហព័ន្ធ នៅ សហរដ្ឋ​អាម៉េរិក

    Tana Lin ដែលជា​ពលរដ្ឋ​អាម៉េរិក ដើមកំណើត​អាស៊ី ត្រូវបាន​សភា​ជាន់ខ្ពស់​របស់ អាម៉េរិក អនុម័ត​ឱ្យ​កាន់តំណែង​ជា​ចៅក្រម​តុលាការ​សហព័ន្ធ​នៅ ទីក្រុង Seattle រដ្ឋ​វ៉ា​ស៊ី​ង​តោន។

    លោកស្រី Lin ដែលជា​ប្រធាន​ក្រុមប្រឹក្សា​សម្ព័ន្ធ​សេរី​ស៊ីវិល​សហរដ្ឋ​អាម៉េរិក នៅក្នុង​រដ្ឋ វ៉ា​ស៊ី​ង​តោន នឹង​ក្លាយជា​ជនជាតិ​អាម៉េរិក​ដើមកំណើត​អាស៊ី ដំបូង​គេ ដែល​ក្លាយជា​ចៅក្រម​តុលាការ​សហព័ន្ធ​នៅ វ៉ា​ស៊ី​ង​តោន នេះ​បើតាម Patty Murray តំណាងរាស្ត្រ​នៅ​សភា​ជាន់ខ្ពស់​របស់​គណៈបក្ស​ប្រជាធិបតេយ្យ។

    «ជនជាតិ​អាម៉េរិកស័ក្ដិសម​មាន​ប្រព័ន្ធយុត្តិធម៌​ការពារ​សិទ្ធិ​របស់​ពលរដ្ឋ​គ្រប់រូប។។ ការកសាង​ប្រព័ន្ធតុលាការ​ដែលមាន​យុត្តិធម៌​ជាង ចាប់ផ្ដើម​ដោយ​ការតែងតាំង​បណ្ដា​មេធាវី​ស​ធារ​ណៈ និង​មេធាវី​សិទ្ធិមនុស្ស ដូចជា​លោកស្រី Lin ជាដើម ឱ្យធ្វើជា​ចៅក្រម» Murray ថ្លែង​ដូច្នេះ។

    លោកស្រី Lin ត្រូវបាន​ប្រធានាធិបតី Joe Biden ជ្រើសរើស​ជា​បេក្ខភាព​សម្រាប់​តំណែង​ចៅក្រម​តុលាការ​សហព័ន្ធ នៅក្នុង​ខណ្ឌ​វ៉ា​ស៊ី​ង​តោន​ខាងលិច កាលពី​ខែមេសា។ រដ្ឋ​វ៉ា​ស៊ី​ង​តោន មាន​តុលាការ​សហព័ន្ធ​ចំនួន​ពីរ រួមមាន​តុលាការ​ស្រុក​​ខាង​កើត​​ (United States District Court for the Eastern District of Washington) និង​តុលាការ​ស្រុក​​ខាងលិច (United States District Court for the Western District of Washington)។

    លោកស្រី​ Tana Lin

    លោកស្រី Lin អាយុ 55 ឆ្នាំ គឺជា​មេធាវី​សម្រាប់​ពលករ​ក្នុងករណី​រើសអើង​ក្នុង​ការងារ ក្នុងនោះ​ក៏មាន​ពលករ​អន្តោប្រវេសន៍​មកពី​ខាងក្រៅ នៅក្នុង រដ្ឋ​វ៉ា​ស៊ី​ង​តោន។

    សភា​ជាន់ខ្ពស់​អាម៉េរិក ថ្មីៗនេះ​ក៏បាន​យល់ព្រម​ឱ្យ Lauren King ដែលជា​មេធាវី​ឯកទេស​ខាង​ការពារ​កុលសម្ព័ន្ធ ធ្វើជា​ចៅក្រម​តុលាការ​សហព័ន្ធរដ្ឋ​វ៉ា​ស៊ី​ង​តោន ហើយ​នេះ​ក៏​ជា​​ជនជាតិដើម​អាម៉េរិក​ដំបូង ដែល​បាន​ធ្វើ​ជា​ចៅក្រម​តុលាការ​សហព័ន្ធ​។ David Estudillo អតីត​មេធាវី​អន្តោប្រវេសន៍ និង​ជា​ចៅក្រម​តុលាការ​ស្រុក Grant ត្រូវបាន​ជ្រើសតាំង​ជា​ជា​ចៅក្រម​តុលាការ​សហព័ន្ធ​ នៅ​ ​វ៉ា​ស៊ី​ង​តោន​ខាងលិច។

    លោកស្រី Lin បានចាប់ផ្ដើម​ការងារ​ជា​មេធាវី​ស​ធា​រណៈ​នៅក្នុង រដ្ឋធានី​វ៉ា​ស៊ី​ង​តោន មុនពេល​ក្លាយជា​មេធាវី​សាកល្បង​ការងារ​ទទួលបន្ទុក​ការពារ​ក្ដី​ទាក់ទង​នឹង​បញ្ហា​ការងារ ស្ថិតក្រោម​ឱវាទ​នៃ​អង្គភាព​សិទ្ធិ​ពលរដ្ឋ​របស់​ក្រសួងយុត្តិធម៌។

    លោកស្រី Lin គឺជា​ជនជាតិ​ចិនតៃវ៉ាន់ ដែល​បានមក​រស់នៅ​លើទឹក​ដី​សហរដ្ឋ​អាម៉េរិក តាំងពីរ​អាយុ 3 ឆ្នាំ។ មុនពេល​បាន​ទៅ​សិក្សា លោកស្រី​ចេះ​និយាយ​តែ​ភាសា​ចិន​កុក​ងឺ​ប៉ុណ្ណោះ។ លោកស្រី បានបញ្ចប់​ការសិក្សា​នៅ​សាកលវិទ្យាល័យ Cornell និង​មហាវិទ្យាល័យ​ច្បាប់​នៃ​សាកលវិទ្យាល័យ​នី​វ​យ៉ក៕