Category: អន្តរជាតិ

  • កូនស្រី​របស់ Thaksin បង្ហាញខ្លួន! នេះ​ជាស​ញ្ញា​ដំបូង​នៃ​ការវិល​ត្រលប់​របស់​ត្រកូល Shinawatra

    កូនស្រី​របស់ Thaksin បង្ហាញខ្លួន! នេះ​ជាស​ញ្ញា​ដំបូង​នៃ​ការវិល​ត្រលប់​របស់​ត្រកូល Shinawatra

    ក្រោយ​ការចាកចេញ​ពី​ការក្ដោបក្ដាប់​អំណាច​នៅ ប្រទេស​ថៃ ត្រកូល Shinawatra ទំនងជា​កំពុង​ចិញ្ចឹមចិត្ត​វិល​ត្រលប់​មកវិញ ហើយ​សញ្ញា​ដំបូង​នៃ​ការវិល​ត្រលប់​នេះ នោះ​គឺ​ការបង្ហាញ​ខ្លួន​របស់ Paetongtarn ដែលជា​កូនស្រី​របស់​អតីត​នាយករដ្ឋមន្ត្រី Thaksin Shinawatra។

    Paetongtarn Shinawatra កូនស្រី​ពៅ​របស់​អតីត​នាយករដ្ឋមន្ត្រី​ថៃ Thaksin កាលពី​ថ្ងៃទី 28 តុលា បានបង្ហាញ​ខ្លួន​នៅក្នុង​សន្និសីទ​មួយ​របស់​បក្ស ភឿ​ថៃ នៅក្នុង​ខេត្ត Khon Kaen ភាគ​ឦសាន​ប្រទេស​នេះ។

    ក្រោយ​ការ​ឧទ្ទេសនាម​របស់ Sompong Amornwiwat ជា​មេដឹកនាំ​បក្ស​ដែល​ជិត​អស់​អាណត្តិ Paetongtarn ក៏បាន​ឡើង​បញ្ចេញមតិ ហើយ​បានប្រកាសថា ខ្លួន​ត្រូវបាន​ជ្រើសតាំង​ជា​មេដឹកនាំ​របស់​គណៈកម្មកា​រ​ប្រឹក្សា​យោបល់​ផ្នែក​នវានុវត្តន៍ និង​សមាហរណកម្ម នៃ​បក្ស​ភឿ​ថៃ ដែលជា​បក្សប្រឆាំង​ធំ​បំផុត​នៅ​ប្រទេស​ថៃ។

    Paetongtarn Shinawatra កូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រីថៃ Thaksin

    នេះ​គឺជា​លើកដំបូង​ហើយ​ដែល Paetongtarn បានប្រកាស​ជា​សាធារណៈ​អំពី​ការចូល​ប្រលូក​ក្នុង​វិស័យ​នយោបាយ​របស់ខ្លួន​នៅ​ប្រទេស​ថៃ។

    លោក Thaksin ដែលជា​ស្ថាបនិក​នៃ​បក្ស​ភឿ​ថៃ ត្រូវបាន​កាត់ទោស​កំបាំង​មុខ​ក្រោម​បទ​ចោទ​ទាក់ទិន​នឹង​អំពើពុករលួយ និង​ត្រូវ​រស់នៅ​និរទេស​ខ្លួន​ចាប់តាំងពី​ពេល​ត្រូវបាន​ផ្ដួលរំលំ​ដោយ​រដ្ឋប្រហារ​យោធា​កាលពី​ឆ្នាំ 2006។ ប៉ុន្តែ ឥទ្ធិពល​នយោបាយ​រប​ស់លោក បាន​ជួយ​ឱ្យ​សមាជិក​ត្រកូល Thaksin មួយចំនួន​បាន​ចូលកាន់​កាប់​មុខនាទី​ជាន់ខ្ពស់។ ប្អូនថ្លៃ Somchai Wongsawat និង​ប្អូនស្រី​បង្កើត Yingluck Shinawatra របស់លោក Thaksin ធ្លាប់ជា​នាយករដ្ឋមន្ត្រី ប៉ុន្តែ ពួកគេ​ត្រូវ​ចាក​ចេញពី​តំណែង​មុន​អាណត្តិ ហើយ​ត្រូវ​ជួប​បញ្ហា​ផ្លូវច្បាប់​មួយចំនួន។

  • ក្រុមតំណាងរាស្ត្រ​សហរដ្ឋ​​អាម៉េរិក មានបំណង​ផ្ដល់ជំនួយ​យោធា 20 ពាន់​លាន​ដុល្លារ ដល់ កោះ​តៃវ៉ាន់

    ក្រុមតំណាងរាស្ត្រ​សហរដ្ឋ​​អាម៉េរិក មានបំណង​ផ្ដល់ជំនួយ​យោធា 20 ពាន់​លាន​ដុល្លារ ដល់ កោះ​តៃវ៉ាន់

    ក្រុមតំណាងរាស្ត្រ​មកពី​បក្ស​សាធារណរដ្ឋ បានធ្វើ​សេចក្ដីព្រាងច្បាប់​ថ្មី​មួយ ដើម្បី​អាច​ផ្ដល់​ជំនួស​យោធា ដែលមាន​តម្លៃ 2 ពាន់​លាន​ដុល្លារ/ឆ្នាំ ដល់ កោះ​តៃវ៉ាន់ ក្នុង​រយៈពេល 10 ឆ្នាំ​បន្តបន្ទាប់ ដើម្បី​ជួយ​ឱ្យ​កោះ​នេះ​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ការពារ​ខ្លួន។

    សេចក្ដីព្រាងច្បាប់​ដែលមាន​ឈ្មោះថា «បង្កើន​សមត្ថភាព​កំញើញ​ដល់​តៃវ៉ាន់» ត្រូវបាន​ស្នើឡើង​កាលពី​ម្សិលមិញ​ដោយ​តំណាងរាស្ត្រ Jim Risch នៃ​សភា​ជាន់ខ្ពស់ ដែលជា​សមាជិក​ជាន់ខ្ពស់​របស់​បក្ស​សាធារណរដ្ឋ មកពី​គណៈកម្មការ​កិច្ចការបរទេស​របស់ សហរដ្ឋ​អាម៉េរិក។ សេចក្ដីព្រាងច្បាប់​នេះ​ក៏​ទទួលបាន​ការគាំទ្រ​ពី​តំណាងរាស្ត្រ​ដទៃទៀត​របស់​បក្ស​សាធារណរដ្ឋ​ផងដែរ មានដូចជា Mike Crapo, John Cornyn, Bill Hagerty, Mitt Romney និង Marco Rubio។

    បច្ចុប្បន្ន មិនទាន់​ដឹង​អំពី​ការយល់ឃើញ​របស់​ក្រុមតំណាងរាស្ត្រ​នៃ​បក្ស​ប្រជាធិបតេយ្យ នៅឡើយ ទាក់ទិន​នឹង​សេចក្ដីព្រាងច្បាប់​នេះ ប៉ុន្តែ វា​ប្រាកដជា​នឹង​បន្ថែម​សម្ពាធ​ទៅលើ​លោក Joe Biden ស្របពេល​ដែលមាន​តំណាងរាស្ត្រ​ជាច្រើន បាន​អំពាវនាវ​ឱ្យ​បង្កើន​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាម៉េរិក និង កោះ​តៃវ៉ាន់។

    ប្រទេស​ចិន តែងតែ​ចាត់ទុក កោះ​តៃវ៉ាន់ ជា​ខេត្ត​មួយ​របស់ខ្លួន ដែល​រង់ចាំតែ​ការបង្រួបបង្រួម​ប៉ុណ្ណោះ ហើយ​ថា នឹង​ប្រើ​កម្លាំងបាយ​ដើម្បី​យក​កោះ​នេះ​មកវិញ បើសិនជា​ចាំបាច់។ ថ្មីៗនេះ កងទ័ព​ចិន បាន​បង្កើន​វត្តមានរ​បស់​ខ្លួន​នៅលើ​តំបន់​កំណត់​អត្តសញ្ញាណ​ការពារ​ដែនអាកាស​រប​ស់ កោះ​តៃវ៉ាន់ និង​ធ្វើ​លំ​ហាត់​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​ជា​បន្តបន្ទាប់ ស្រប​ពេលដែល តៃវ៉ាន់ ក៏​កំពុង​ត្រៀមខ្លួន​សម្រាប់​សង្គ្រាម​ដែល​អាច​កើតឡើង​គ្រប់ពេល ដោយ​សង្ឃឹមថា សហរដ្ឋ​អាម៉េរិក នឹង​ចូល​មកជួយ​ការពារ​កោះ​នេះ ពី​ការ​លុកលុយ​របស់ ប្រទេស​ចិន៕

  • នូ​វែ​ល​សេ​ឡង់ បន្ថែម​ឱសថ​មួយ​ប្រភេទ​ទៀត សម្រាប់​ព្យាបាល​អ្នកជំងឺ COVID-19

    នូ​វែ​ល​សេ​ឡង់ បន្ថែម​ឱសថ​មួយ​ប្រភេទ​ទៀត សម្រាប់​ព្យាបាល​អ្នកជំងឺ COVID-19

    រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​នៃ ប្រទេស​នូ​វែ​ល​សេ​ឡង់ នា​ថ្ងៃទី 5 វិច្ឆិកា បានឱ្យដឹងថា ឱសថ​មួយ​ប្រភេទ​ទៀត​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​សម្រាប់​ការព្យាបាល​អ្នកជំងឺ COVID-19 នៅ​ប្រទេស​នេះ ដែល​នេះ​គឺជា​ដំណឹង​ល្អ​ចំពោះ​អ្នកជំងឺ ក៏ដូចជា​ប្រព័ន្ធ​សុខាភិបាល។

    លោក Andrew Little រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​នៃ ប្រទេស​នូ​វែ​ល​សេ​ឡង់ បញ្ជាក់ថា ការិយាល័យ​ជាតិ​បញ្ជា​ទិញ​ឱសថ (Pharmac) ទទួលបាន​ប្រភព​ផ្គត់ផ្គង់​ថ្នាំ Baricitinib ដែលជា​ថ្នាំ​មាន​ប្រសិទ្ធភាព​ក្នុងការ​ប្រឆាំង​វីរុស COVID-19។

    Baricitinib គឺជា​ប្រភេទ​ថ្នាំ​ទី 5 ដែល Pharmac មាននៅ​ក្នុង​ដៃ ខណៈដែល​ថ្នាំ 4 ប្រភេទ​ផ្សេងទៀត រួមមាន remdesivir, tocilizumab, molnupiravir និង Ronapreve កំពុង​ត្រូវបាន​ប្រើប្រាស់​រាល់ថ្ងៃ។

    លោក Andrew Little រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃ ប្រទេសនូវែលសេឡង់

    ឱសថ​ប្រភេទ​ថ្មី​ដែល​ត្រូវបាន​ណែនាំ​ឱ្យប្រើ​សម្រាប់​ព្យាបាល​អ្នកជំងឺ COVID-19 ដែលមាន​អាការ​ធ្ងន់ធ្ងរ​នេះ តាម​គម្រោង​នឹងត្រូវ​បាន​ផ្គត់ផ្គង់​ដល់ Pharmac ចំនួន 500 ឈុត (មួយឈុត ព្យាបាល​មួយ​ជា) នៅក្នុង​ខែវិច្ឆិកា​នេះ។ ប្រការនេះ​គឺជា​រឿង​សំខាន់ ព្រោះថា ពិភពលោក​កំពុងតែ​ខ្វះ​ថ្នាំ tocilizumab ហើយ​ការ​ដែលមាន​ថ្នាំ​ថ្មី​នឹង​ជួយ​ឱ្យ​ក្រុម​វេជ្ជបណ្ឌិត​មាន​ជម្រើស​បន្ថែម​សម្រាប់​ព្យាបាល​អ្នកជំងឺ។ នេះ​បើតាម​លោក​រដ្ឋមន្ត្រី។

    លោក Little សង្កត់ធ្ងន់ថា ឱសថ​ទាំង 5 ខាងលើ សុទ្ធតែ​មិនទាន់​ត្រូវបាន​អាជ្ញាធរ​សុវត្ថិភាព​វេជ្ជសាស្ត្រ​របស់ នូ​វែ​ល​សេ​ឡង់ (Medsafe) អនុម័ត​ឱ្យប្រើ​ប្រាស់​សម្រាប់​ព្យាបាល​អ្នកជំងឺ COVID-19 នៅឡើយ ប៉ុន្តែ ក្រុម​វេជ្ជបណ្ឌិត​អាច​ប្រើ​​បាន​​ដោយ​យោង​​ទៅតាម​ច្បាប់​វេជ្ជសាស្ត្រ​របស់​ប្រទេស​នេះ៕

  • អង់គ្លេស ក្លាយជា​ប្រទេស​ដំបូង​ដែល​បានអនុម័ត​ឱ្យប្រើ​ប្រាស់​ថ្នាំ​គ្រាប់​ព្យាបាល​ជំងឺ COVID-19 នៅផ្ទះ

    អង់គ្លេស ក្លាយជា​ប្រទេស​ដំបូង​ដែល​បានអនុម័ត​ឱ្យប្រើ​ប្រាស់​ថ្នាំ​គ្រាប់​ព្យាបាល​ជំងឺ COVID-19 នៅផ្ទះ

    អង់គ្លេស បាន​ក្លាយជា​ប្រទេស​ដំបូង​គេ​បង្អស់​ក្នុង​ពិភពលោក​ដែល​បានអនុម័ត​ឱ្យប្រើ​ប្រាស់​ថ្នាំ Molnupiravir របស់​ក្រុមហ៊ុន​ផលិត​ឱសថ​អាម៉េរិក Merck ដែល​ថ្នាំ​នេះ​ត្រូវបាន​វាយតម្លៃថា មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​ព្យាបាល​ជំងឺ COVID-19។

    «ថ្ងៃនេះ​គឺជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​របស់​ប្រទេសជាតិ​យើង នៅពេល អង់គ្លេស ក្លាយជា​ប្រទេស​ដំបូង​គេ​ក្នុង​ពិភពលោក អនុម័ត​ថ្នាំ​ប្រឆាំង​វីរុស​ដែល​អាច​លេប​នៅផ្ទះ​ដើម្បី​ព្យាបាល​ជំងឺ COVID-19» រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​អង់គ្លេស លោក Sajid Javid ថ្លែង​ដូច្នេះ។

    ប្រកាស​ខាងលើ​ត្រូវបាន​ធ្វើឡើង​នៅពេល​ការិយាល័យ​គ្រប់គ្រង​ឱសថ និង​ផលិតផល​ថែទាំ​សុខភាព (MHRA) របស់ អង់គ្លេស អនុម័ត​ឱ្យប្រើ​ថ្នាំ​គ្រាប់​ប្រឆាំង​វីរុស molnupiravir របស់​ក្រុមហ៊ុន សហរដ្ឋ​អាម៉េរិក Merck ដើម្បី​ព្យាបាល​ជំងឺ COVID-19 កម្រិត​មធ្យម និង​ស្រាល។

    លោក Javid បន្ថែមថា៖ «នេះ​នឹង​ជា​កត្តា​ដែល​អាច​ប្ដូរផ្លាស់​ស្ថានភាព​ចំពោះ​ក្រុម​ពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​បំផុត និង​ប្រព័ន្ធ​ភាពស៊ាំ​មាន​កម្រិត។ ពួកគេ​នឹង​ទទួលបាន​វិធីសាស្ត្រ​ព្យាបាល​ដែលមាន​លក្ខណៈ​លោត​ផ្លោះ»។

    អង់គ្លេស កាលពី​ខែ​មុន​បានប្រកាសថា បាន​បញ្ជា​ទិញ​ឱសថ molnupiravir នេះ ចំនួន 480,000 ឈុត (មួយឈុត ព្យាបាល​មួយ​ជា)។

    ថ្នាំ​នេះ​មាន​ប្រសិទ្ធភាព​ក្នុងការ​ព្យាបាល​ជំងឺ COVID-19 ដោយ​ការកាត់បន្ថយ​សមត្ថភាព​កើត​កូនចៅ​របស់​វីរុស។ MHRA ឱ្យដឹងថា ការពិសោធ​របស់​ពួកគេ​បង្ហាញថា ថ្នាំ​នេះ​មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​ក្នុងការ​កាត់បន្ថយ​ហានិភ័យ​នៃ​ការចូល​ពេទ្យ និង​ការស្លាប់ ចំពោះ​អ្នកជំងឺ​កម្រិត​ស្រាល និង​មធ្យម ជា​ក្រុម​អ្នកជំងឺ​ដែល​អាច​ប្រឈម​នឹង​អាការ​ធ្ងន់ធ្ងរ។

    MHRA បាន​ណែនាំ​ឱ្យប្រើ​ប្រាស់​ថ្នាំ​នេះ​ក្នុង​រង្វង់ 5 ថ្ងៃ រាប់​ចាប់​ពីថ្ងៃ​ដែលមាន​រោគសញ្ញា។ ឱសថ molnupiravir ក៏ត្រូវ​បានអនុញ្ញាត​ឱ្យ​ប្រើ​សម្រាប់​អ្នកជំងឺ​ដែលមាន​យ៉ាងតិច​មួយ​កត្តា​ដែល​អាច​នាំទៅរក​សភាព​ធ្ងន់ធ្ងរ រួមមាន ធាត់​ខ្លាំង វ័យ​ចំណាស់ ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​បេះដូង។

    ក្រុមហ៊ុន Merck ឱ្យដឹងថា តាម​គម្រោង ខ្លួន​នឹង​ផលិត​ឱសថ​នេះ​គ្រប់ 10 ឈុត​នៅ​ចុងឆ្នាំ​នេះ ហើយ​បរិមាណ​នឹង​ត្រូវបាន​បង្កើន​នៅ​ឆ្នាំ 2022។

    បច្ចុប្បន្ន ប្រទេស​ជាច្រើន​បាន​បញ្ជា​ទិញ​ឱសថ molnupiravir នេះ ក្នុងនោះ សហរដ្ឋ​អាម៉េរិក បាន​បញ្ជា​ទិញ​ចំនួន 1.7 លាន​ឈុត ក្នុងតម្លៃ 1.2 ពាន់​លាន​ដុល្លារ​អាម៉េរិក។

    នៅ កម្ពុជា កាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាល ក៏បាន​អនុញ្ញាតឱ្យ​ប្រើប្រាស់​ឱសថ molnupiravir នេះ ដើម្បី​ព្យាបាល​ជំងឺ COVID-19 ផងដែរ ប៉ុន្តែ ក្នុង​លក្ខខណ្ឌ​បន្ទាន់៕

  • ស្ត្រី​ដើមកំណើត​អាស៊ី វ័យ 35 ឆ្នាំ ក្លាយជា​អភិបាលក្រុង នៅ សហរដ្ឋ​អាម៉េរិក

    ស្ត្រី​ដើមកំណើត​អាស៊ី វ័យ 35 ឆ្នាំ ក្លាយជា​អភិបាលក្រុង នៅ សហរដ្ឋ​អាម៉េរិក

    លោកស្រី Michelle Wu អាយុ 35 ឆ្នាំ ដែលជា​ពលរដ្ឋ​អាម៉េរិក ដើមកំណើត​អាស៊ី ត្រូវបាន​បោះឆ្នោត​ជ្រើសរើស​ជា​អភិបាលក្រុង​ភេទ​ស្រី​ដំបូងបង្អស់​របស់ Boston ក្រោយពី​ជិត 200 ឆ្នាំ ដែល​ទីក្រុង​នេះ​ជ្រើសរើស​មេដឹកនាំ​ជា​បុរស​ស្បែ​កស។

    លោកស្រី Michelle Wu សមាជិក​បក្ស​ប្រជាធិបតេយ្យ ដែល​បាន​យកឈ្នះ​លើ​គូប្រជែង Annissa Essaibi George មកពី​បក្ស​ជាមួយគ្នា កាលពី​ថ្ងៃទី 2 វិច្ឆិកា ក្លាយជា​អភិបាលក្រុង​ភេទ​ស្រី​ដំបូងបង្អស់​របស់ Boston ដែលជា​ក្រុង​រដ្ឋបាល​របស់​រដ្ឋ Massachusetts។ លោកស្រី Wu នឹង​ស្បថ​ចូលកាន់​តំណែង​នៅ​ថ្ងៃទី 16 វិច្ឆិកា​ខាងមុខ។

    Essaibi George ក៏បាន​ទទួលស្គាល់​បរា​ជ័យ​របស់ខ្លួន និង​បាន​អបអរ​លោកស្រី Wu ដែល​ក្លាយជា​ស្ត្រី ក៏ដូចជា​ជនជាតិ​អាម៉េរិក ដើមកំណើត​អាស៊ី ដំបូង​គេ ដែល​បាន​ជាប់ឆ្នោត​ជា​អភិបាលក្រុង Boston។

    ការសន្យា​ពីរ​ចំនុច​ដែល​ប្រកបដោយ​មហិច្ឆតា​ជាងគេ​របស់​លោកស្រី Wu គឺ​ការផ្ដោត​ទៅលើផ្ទះ​សម្បែង និង​ចរាចរណ៍​សាធារណៈ ដែលជា​បញ្ហា​ប្រចាំថ្ងៃ​របស់​ប្រជាជន​ជាង 675,000 នាក់​នៅក្នុង​ទីក្រុង​នេះ។ ឧបសគ្គ​ផ្សេងទៀត​ដែល​លោកស្រី​ត្រូវ​ប្រឈម រួមមាន បញ្ហា​អប់រំ សង្គ្រាម​ប្រឆាំង COVID-19 និង​បញ្ហា​ប្រែប្រួល​អាកាសធាតុ។

    លោកស្រី Wu មាន​ឱ​ពុក ម្ដាយ​ជា​ជនអន្តោប្រវេសន៍​មកពី កោះ​តៃវ៉ាន់។ លោកស្រី​ធំ​ឡើង​នៅ Chicago និង​បាន​ទៅ​រស់នៅក្នុង​ទីក្រុង Boston ដើម្បី​សិក្សា​នៅ​សាកលវិទ្យាល័យ Harvard។ លោកស្រី​ធ្លាប់ជា​ស្ត្រី​ដើមកំណើត​អាស៊ី​ដំបូង​គេ​ដែល​បាន​ជាប់ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​ក្រុង Boston កាលពី​ឆ្នាំ 2013 នៅក្នុង​វ័យ 28 ឆ្នាំ ហើយ 3 ឆ្នាំ​បន្ទាប់ លោកស្រី​ក៏បាន​ក្លាយជា​ប្រធាន​ក្រុមប្រឹក្សា​ក្រុង៕

  • 3 ជំហាន​ត្រូវអនុវត្ត ដើម្បី​អាចធ្វើ​អាណានិគម​លើ​ពិភព​ព្រះ​អង្គារ​បាន នៅ​ឆ្នាំ 2040 (វីដេអូ)

    3 ជំហាន​ត្រូវអនុវត្ត ដើម្បី​អាចធ្វើ​អាណានិគម​លើ​ពិភព​ព្រះ​អង្គារ​បាន នៅ​ឆ្នាំ 2040 (វីដេអូ)

    ដើម្បី​អាច​រស់​នៅលើ​ភព​ព្រះ​អង្គារ​បាន មនុស្សលោក​ត្រូវ​រក​វិធី​សុវត្ថិភាព​ដើម្បី​ហោះ​ឡើងទៅ​កាន់​ឋាន​មួយ​នេះ រួច​បង្កើត​ខ្យល់​អុកស៊ីសែន និង​ទឹក ដាំ​ដំណាំ និង​សាងសង់​ទីជម្រក។

    បច្ចុប្បន្ន មានតែ​ភព​មួយគត់​ដែលមាន​សក្ដានុពល អាច​នាំឱ្យ​មនុស្ស​ឈានដល់​ការពង្រីក​ដែនដី​អាណានិគម​នៅ​ខាងក្រៅ​ផែនដី នោះ​គឺ​ពិភព​ព្រះ​អង្គារ។ ​ភព​ក្រហម​នេះ បាន​ក្លាយជា​គោលដៅ​សម្រាប់​ដាក់​អាណានិគម​នៅ​ខាងក្រៅ​ពិភព​ផែនដី ដោយសារតែ​អំណោយផល​ពី​ទំហំ និង​រយៈ​ចម្ងាយ​របស់​វា។

    មាន 3 ជំហាន​ដែល​ជួយ​ឱ្យ​មនុស្ស​អាចដាក់​អាណានិគម​លើ​ពិភព​ព្រះ​អង្គារ​នៅ​ឆ្នាំ 2040 ៖

    ទីមួយ៖ ការធ្វើដំណើរ

    ឧបសគ្គ​ដំបូង​ដែល​ធំ​បំផុត​សម្រាប់​ការធ្វើ​អាណានិគម នោះ​គឺ​ហោះ​ទៅកាន់​ពិភព​នោះ​ដោយ​សុវត្ថិភាព។ NASA នឹង​បញ្ជូន​យានអវកាស​ដឹក​មនុស្ស​ដំបូង​ហោះ​ទៅកាន់​ភព​អង្គារ​នៅក្នុង​ទសវត្សរ៍​ក្រោយ ដោយ​ប្រើប្រាស់​ប្រព័ន្ធ​បាញ់​បង្ហោះ​យានអវកាស (SLS)។

    ប៉ុន្តែ ប្រការ​នោះ​ទំនងជា​មិនទាន់​គ្រប់គ្រាន់​សម្រាប់​ការធ្វើ​អាណានិគម​លើ​ភព​ក្រហម​នេះ​នៅឡើយ។ យានអវកាស​នឹងត្រូវ​ការ​ផ្ទាំង​ការពារ​វិទ្យុសកម្ម​ពិសេស​ដើម្បី​រារាំង​កាំរស្មី​ដ៏​គ្រោះថ្នាក់​ដែល​បាញ់​ពី​ទី​អវកាស​សំដៅ​មកកាន់​យាន នៅ​ក្នុង​​ដំណើរ​​ហោះ​ហើរ​​ដែលមានរ​យៈ​ពេល 9 ខែ។

    ក្រុម​អ្នកវិទ្យាសាស្ត្រ​យល់ថា ការហោះហើរ​ទៅកាន់​ភព​ព្រះ​អង្គារ នឹង​បណ្ដាលឱ្យ​ក្រុម​អ្នក​អវកាស​ត្រូវ​ប្រឈម​នឹង​បរិមាណ​វិទ្យុសកម្ម​គ្រោះថ្នាក់​ដ៏​ច្រើន។ បរិមាណ​វិទ្យុសកម្ម​នេះ​មិន​ត្រឹមតែ​ធ្វើឱ្យ​ហានិភ័យ​កើត​ជំងឺមហារីក​កើនឡើង​នោះទេ ប៉ុន្តែ វា​ក៏​ប៉ះពាល់​ដល់​អវយវៈ​បន្ត​ពូជ​ផងដែរ។ និយាយ​រួម ការហោះហើរ​ឆ្លងកាត់​ទី​អវកាស នឹងធ្វើ​ឱ្យមាន​ប្រតិកម្ម​តានតឹង​ជាច្រើន ដែល​បង្ក​ផល​អាក្រក់​ដល់​ប្រព័ន្ធ​ហ្សែ​ន និង​ប្រព័ន្ធ​ការពារ​រាងកាយ។

    ផលប៉ះពាល់​ខាងលើ​អាច​បញ្ចប់​រាល់​គម្រោង​ធ្វើ​អាណានិគម​លើ​ផ្កាយ​ព្រះ​អង្គារ នៅ​មុនពេល​មនុស្ស​ទៅដល់​ភព​ក្រហម​នេះ។ ប៉ុន្តែ មានគំនិត​ពីរ​ដែល​អាច​ការពារ​ក្រុម​អវកាស​ចរ​ពី​វិទ្យុសកម្ម​អវកាស។ ឧទាហរណ៍៖ សមាសធាតុ​មួយចំនួន​ត្រូវបាន​គេ​ជឿថា អាច​ទប់ទល់ ឬ​បន្សាប​ធាតុ​វិទ្យុសកម្ម​បាន ដូចជា lithium hydride។ ប៉ុន្តែ វា​មិនទាន់​ត្រូវបាន​ពិសោធ​ពេញលេញ​នៅលើ​យានអវកាស​នៅឡើយ។ ពេលវេលា​សម្រាប់​ការអភិវឌ្ឍ សាកល្បង និង​ដាក់ឱ្យ​ប្រើប្រាស់ អាច​ស៊ីពេល​អស់​ប្រហែល 20 ឆ្នាំ។

    ទី​ពីរ៖ បង្កើត​បរិស្ថាន​ដែល​អាច​ទ្រទ្រង់​ជីវិត

    ប្រការ​ដំបូង​ដែល​ក្រុម​អវកាស​ចរ​ត្រូវ​សម្រេចបាន​ដើម្បី​ចាប់​ផ្ដើមធ្វើ​អាណានិគម​គឺ​ការកសាង​ប្រភព​បង្កើត​ខ្យល់​បរិយាកាស ទឹក អាហារ និង​ថាមពល​នៅលើ​ដី​មហា​ឆ្ងាយ​នេះ។ នេះ​គឺជា​ក្ដីសង្ឃឹម​តែមួយគត់​សម្រាប់​ជីវិត​របស់​ពួកគេ ដោយសារតែ​ប្រភព​ផ្គត់ផ្គង់​ពី​យានអវកាស មានកំណត់។

    ដូច្នេះ តើ​យើង​ត្រូវធ្វើ​យ៉ាងណា​ដើម្បី​បំប្លែង​ខ្យល់អាកាស​នៅលើ​ភព​អង្គារ​ទៅជា​អុកស៊ីសែន​ដែល​អាច​ដកដង្ហើម​បាន?

    ចម្លើយ​សម្រាប់​សំនួរ​នេះ​អាចជា​មនុស្ស​យន្ត ឬ​រ៉ូ​បូត។ កាលពី​ខែមេសា ឆ្នាំ 2021 រ៉ូ​បូត Perseverance បាន​បង្កើត​អុកស៊ីសែន​នៅលើ​ផ្ទៃ​របស់​ភព​អង្គារ​ដោយ​ជោគជ័យ ដោយ​ប្រើប្រាស់​ឧបករណ៍ MOXIE។ នេះ​គឺជា​ឧបករណ៍​តូច​មួយ​ដែល​អាច​បំប្លែង​ឧស្ម័ន Carbon Dioxide ក្នុង​បរិយាកាស ទៅជា​អុកស៊ីសែន តាមរយៈ​យន្តការ​មួយ​ដែលមាន​ឈ្មោះថា Solid Oxide Electrosis។

    ឧបករណ៍​ខាងលើនេះ អាច​ផលិត​អុកស៊ីសែន​គ្រប់គ្រាន់​សម្រាប់​មនុស្ស​ម្នាក់​ដកដង្ហើម​ក្នុង​រយៈពេល 10 នាទី ជិត​ស្មើនឹង​បរិមាណ​អុកស៊ីសែន​ដែល​បញ្ចេញ​ដោយ​ដើមឈើ​មួយ​ដើម​នៅលើ​ផែនដី។ ជាមួយនឹង​បច្ចេកវិទ្យា​ដែលមាន​ស្រាប់ អ្នកវិទ្យាសាស្ត្រ​គ្រាន់តែ​បង្កើន​ទំហំ​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ក្នុង​ការធ្វើ​អាណានិគម​ប៉ុណ្ណោះ។ ជា​ទ្រឹស្ដី មនុស្ស​អាច​ប្រើប្រាស់ MOXIE ដើម្បី​ជំនួស​ឱ្យ​រុក្ខជាតិ​នាពេល​អនាគត​ដ៏​ខ្លី​ខាងមុខ។

    ដូច​ទៅនឹង​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) យាន​ទៅកាន់​ភព​អង្គារ​នឹង​ត្រូវបាន​បំពាក់​ប្រព័ន្ធ​កែច្នៃ​ទឹក​ដ៏​មាន​ប្រសិទ្ធភាព។ ប្រព័ន្ធ​នេះ​នឹង​ជួយ​ឱ្យ​អវកាស​ចរ មាន​សេរីភាព​ក្នុងការ​រុករក​ប្រភពធនធាន​ធម្មជាតិ​ដែលមាន​សក្ដានុពល​នៅលើ​ភាព​ក្រហម។

    ភ័ស្ដុតាង​បានបង្ហាញ​ថា ផ្ទៃ​របស់​ភព​ព្រះ​អង្គារ ធ្លាប់​ត្រូវបាន​គ្របដណ្ដប់​ដោយ​មហាសមុទ្រ ទន្លេ និង​បឹង ដូច​ទៅនឹង​ផែនដី។ ក្រុម​អ្នកវិទ្យាសាស្ត្រ​ធ្លាប់បាន​រកឃើញ​បឹង​ទឹក​មួយ​ដែល​ស្ថិតក្រោម​ផ្ទៃ​ទឹកកក ក្នុង​ជម្រៅ 1.5 ម៉ែត្រ ខាងក្រោម​ដុំ​ទឹកកក​នៅ​ប៉ូល​ខាងត្បូង។ ប៉ុន្តែ យើង​នឹង​ត្រូវការ​គម្រោង​អភិវឌ្ឍ​ដ៏​ធំ​មួយ​ដើម្បី​អាច​ចូលទៅ​គ្រប់គ្រង​បឹង​ទឹក​នោះ។ មនុស្ស​ត្រូវការ​ពេល 20 ឆ្នាំ ដើម្បី​អភិវឌ្ឍ​ឱ្យមាន​ប្រសិទ្ធភាព។

    ​ទី​បី៖ តាំងទី​លំនៅ

    Matt Damon បាន​ដាំ​ដើមឈើ នៅក្នុង​ខ្សែភាពយន្ត​រឿង «The Martian»។ ក៏ប៉ុន្តែ ជាក់ស្ដែង យើង​មិនទាន់​ដឹង​ច្បាស់​ថា អាច​ដាំ​ដើមឈើ​នៅលើ​ដី​របស់​ភព​ព្រះ​អង្គារ ឬ​យ៉ាងណា​នៅឡើយ។ យ៉ាងនេះ​ក្ដី ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅតែ​បង្ហាញ​អំពី​ក្ដីសង្ឃឹម ព្រោះតែ​សមាសធាតុ​នៃ​សម្បក​ខាងក្រៅ​របស់​ពិភព​មួយ​នេះ។ ស្រទាប់ដី​នេះ​អាច​ផ្ទុក​សារធាតុចិញ្ចឹម​ច្រើន​ដែល​រុក្ខជាតិ​ត្រូវការ​ដើម្បី​លូតលាស់ និង​រស់ មានដូចជា nitrogen, potassium និង phosphor ជាដើម។

    ក៏ប៉ុន្តែ បើទោះជា​មានការ​ជឿជាក់ យើង​ក៏​មិនទាន់​ប្រាកដ 100% នោះដែរ រហូតដល់​ពេល​បាន​ដាំ​សាកល្បង។ ស្រទាប់ដី​ពណ៌​ក្រហម​អាច​ផ្ទុក​សារធាតុពុល ធ្វើឱ្យ​រុក្ខជាតិ​នៅ​ទីនោះ​ត្រូវ​ស្រូបយក​ជាតិពុល​នេះ។

    ក្រៅពី​បញ្ហា​ខាងលើ សូម្បីតែ​នៅពេល​កំពុង​ដោះស្រាយ​បញ្ហា​ប្រភព​អុកស៊ីសែន យើង​នៅតែ​អាច​ដាំ​ដុះ​នៅលើ​ភព​ព្រះ​អង្គារ​បាន។ យ៉ាងហោច​ក៏​យើង​អាច​ប្រមូល​វត្ថុ​ធាតុ​ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធភ្លាម។ ដោយ​ប្រើប្រាស់​ឧបករណ៍​សមស្រប ថ្ម​នៅលើ​ភព​ក្រហម​នេះ​ក៏​អាចយ​កមក​ធ្វើជា​របស់​សម្រាប់​ការពារ​អ្នក​អវកាស​នៅ​ចំពោះមុខ​វិទ្យុសកម្ម នៅពេល​ពួកគេ​ស្វែងរក​ប្រភពធនធាន ដូចជា ទឹក លោហធាតុ ឬ​រ៉ែ​ដទៃទៀត។

    គ្រប់​ជំហាន​ដើម្បី​បង្កើត​អាណានិគម​លើ​ភព​អង្គារ ដូច​បាន​រៀបរាប់​ខាងលើ សុទ្ធសឹង​តែមាន​សក្កា​នុព​ល ទោះបីជា​បច្ចុប្បន្ន វា​គ្រាន់តែ​ជាការ​ព្យាករ​ក៏ដោយ៕

  • រដ្ឋាភិបាល​ចិន ណែ​នាំឱ្យ​ពលរដ្ឋ​ទិញ​ទំនិញ​ចាំបាច់​ទុក​ប្រើប្រាស់ បំណង​​បង្ការ​ការ​ផ្ទុះ​ឆ្លង​រាលដាល​ថ្មី​នៃ​វីរុស COVID-19

    រដ្ឋាភិបាល​ចិន ណែ​នាំឱ្យ​ពលរដ្ឋ​ទិញ​ទំនិញ​ចាំបាច់​ទុក​ប្រើប្រាស់ បំណង​​បង្ការ​ការ​ផ្ទុះ​ឆ្លង​រាលដាល​ថ្មី​នៃ​វីរុស COVID-19

    រដ្ឋាភិបាល​ចិន បាន​លើកទឹកចិត្ត​ឱ្យ​ប្រជាជន​របស់ខ្លួន ទិញ និង​រក្សាទុក​របស់រ​បរ​ប្រើប្រាស់​ចាំបាច់ នៅក្នុង​គ្រា​ដែល​ប្រទេស​នេះ​បង្កើន​វិធានការ​ទប់ស្កាត់​រលក​នៃ​ការផ្ទុះ​ឆ្លង​វីរុស COVID-19 ជាថ្មី។

    សារព័ត៌មាន AFP កាលពី​យប់​ថ្ងៃទី 1 វិច្ឆិកា បានចេញ​ផ្សាយ​ថា ក្រសួងពាណិជ្ជកម្ម​រប​ស់​ប្រទេស​ចិន បង្ហោះ​សេចក្ដីប្រកាស​នៅលើ​គេហទំព័រ​ផ្លូវការ ស្នើឱ្យ «គ្រួសារ​ទាំងឡាយ រក្សាទុក​ទំនិញ​ចាំបាច់​មួយចំនួន​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ប្រចាំថ្ងៃ និង​បន្ទាន់»។ ការណែនាំ​នេះ មិនបាន​និយាយ​អំពី​មុខទំនិញ​ណាមួយ​ជាក់លាក់​នោះទេ។

    ប្រកាស​ខាងលើ​ក៏បាន​ស្នើឱ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច បង្កលក្ខណៈ​ងាយស្រួល​ដល់​ការផលិត​កសិក​ផល ការរក្សា​ប្រភព​ផ្គត់ផ្គង់​ឱ្យបាន​ល្អ ការធានា​លើ​ការរក្សា​ទុក​ស្បៀង​ក្នុង​តំបន់ និង​រក្សា​តម្លៃ​ឱ្យមាន​លំនឹង។ សារព័ត៌មាន​រដ្ឋ​ចិន កាលពី​ថ្ងៃទី 1 វិច្ឆិកា បាន​ផ្សាយ​ថា បន្លែ​ចំនួន 28 ប្រភេទ បាន​ឡើងថ្លៃ 16% ធៀប​នឹង​ខែ​មុន។

    ប្រទេស​ចិន គ្រប់គ្រង​វិបត្តិ COVID-19 ក្នុងស្រុក​បានល្អ ដោយ​ប្រើ​យុទ្ធសាស្ត្រ​ជាច្រើន ដូចជា ការបិទទ្វារ​ព្រំដែន ការបិទ​ខ្ទប់​គោលដៅ និង​ការធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​យូរ។ ប្រទេស​នេះ​កំពុង​បង្កើន​ការអនុវត្ត​វិធានការ​តឹងរ៉ឹង ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ថ្មី ពិសេស នៅមុន​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា 2022 (2022 Winter Olympics) ដែល​គ្រោង​នឹង​បើក​ការប្រកួត​នៅ​ថ្ងៃទី 4 ខែកុម្ភៈ ឆ្នាំ 2022។

    វិធានការ​តឹងរ៉ឹង បាន​ជួយ​ឱ្យ​តួលេខ​នៃ​ករណី​ឆ្លង​ថ្មី​នៅ​ប្រទេស​នេះ មាន​ត្រឹមតែ​ខ្ទង់​រាប់សិប​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ។ គិត​មកដល់​បច្ចុប្បន្ន ប្រទេស​ចិន មាន​អ្នក​ឆ្លង COVID-19 សរុប​ចំនួន 97,314 នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​សរុប 4,636 នាក់ និង​កំពុង​ព្យាបាល​ចំនួន 912៕

  • CDC របស់ អាម៉េរិក យល់ព្រម​ឱ្យ​ចាក់​វ៉ាក់សាំង COVID-19 របស់ Pfizer ដល់​កុមារ​អាយុ​ពី 5-11 ឆ្នាំ

    CDC របស់ អាម៉េរិក យល់ព្រម​ឱ្យ​ចាក់​វ៉ាក់សាំង COVID-19 របស់ Pfizer ដល់​កុមារ​អាយុ​ពី 5-11 ឆ្នាំ

    ក្រុមមន្ត្រី​សុខាភិបាល​របស់ សហរដ្ឋ​អាម៉េរិក កាលពី​ថ្ងៃទី 2 វិច្ឆិកា បានឱ្យដឹងថា ប្រទេស​នេះ​អាច​ចាប់ផ្ដើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ដោយ​ប្រើប្រាស់​ផលិតផល​របស់​ក្រុមហ៊ុន Pfizer/BioNTech សម្រាប់​កុមារ​ដែលមាន​អាយុ​ចាប់ពី 5 ឆ្នាំ ដល់ 11 ឆ្នាំ ចាប់ពី​ថ្ងៃទី 8 វិច្ឆិកា បន្ទាប់ពី​ត្រូវបាន​អនុម័ត​ជា​ចុងក្រោយ​រួចមក។

    មជ្ឈមណ្ឌល​គ្រប់គ្រង និង​ទប់ស្កាត់​ជំងឺឆ្លង (CDC) របស់ សហរដ្ឋ​អាម៉េរិក បាន​យល់ព្រម​តាម​សំណើ​របស់​ក្រុមប្រឹក្សា​វិទ្យាសាស្ត្រ​ស្ដីពី​ការចាក់​វ៉ាក់សាំង COVID-19 របស់ Pfizer សម្រាប់​កុមារ​អាយុ​ពី 5 ដល់ 11 ឆ្នាំ បន្ទាប់ពី​បាន​រកឃើញថា ផលប្រយោជន៍​មាន​ច្រើន​លើសលុប​បើ​ធៀប​នឹង​ហានិភ័យ។

    មុន​នោះ ស្ថាប័ន​គ្រប់គ្រង​អាហារ និង​ឱសថ (FDA) របស់ អាម៉េរិក បានអនុម័ត​ឱ្យ​ចាក់​វ៉ាក់សាំង COVID-19 របស់ Pfizer/BioNTech សម្រាប់​កុមារ​អាយុ​ពី 5 ដល់ 11 ឆ្នាំ។ ដូច្នេះ ពេលនេះ សហរដ្ឋ​អាម៉េរិក អាច​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ដល់​កុមារ​ចំនួន 28 លាន​នាក់​នៅ​ប្រទេស​នេះ។ រដ្ឋាភិបាល​អាម៉េរិក បានឱ្យដឹងថា បាន​ទិញ​វ៉ាក់សាំង​គ្រប់​ចំនួន​រួចហើយ និង​កំពុង​បែងចែក​ទៅតាម​តំបន់​នានា​នៅ​ទូទាំងប្រទេស៕

  • មូលនិធិ​​មហា​សេដ្ឋី​ Jeff Bezos និង Rockefeller រួម​នឹង​ក្រុម​កំពូល​អ្នកមាន ប្រកាស​បរិច្ចាគ​រាប់សែន​លាន​ដុល្លារ ដើម្បី «សង្គ្រោះ​ពិភពលោក»

    មូលនិធិ​​មហា​សេដ្ឋី​ Jeff Bezos និង Rockefeller រួម​នឹង​ក្រុម​កំពូល​អ្នកមាន ប្រកាស​បរិច្ចាគ​រាប់សែន​លាន​ដុល្លារ ដើម្បី «សង្គ្រោះ​ពិភពលោក»

    មូលនិធិ​របស់​ត្រកូល Rockefeller, មហាសេដ្ឋី Jeff Bezos និង Ikea បានប្រកាស​គម្រោង​បង្កើត​សម្ព័ន្ធ​ថាមពល​សកល​សម្រាប់​ម​នុស្ស​ជាតិ និង​ពិភព​ផែនដី ក្នុង​បំណង​ជួយ​ដល់​រដ្ឋាភិបាល​នានា និង​ក្រុម​អ្នកមាន អាចរួមចំណែក ជំរុញ​ដំណើរការ​នៃ​ការប្ដូរ​ផ្លាស់​ថាមពល​នៅក្នុង​បណ្ដា​ប្រទេស​ក្រីក្រ។

    នៅក្នុង​ថ្ងៃ​ដំបូង​នៃ​សន្និសីទ​ស្ដីពី​អាកាសធាតុ​របស់ អង្គការសហប្រជាជាតិ (COP26) ក្រុម​សប្បុរសជន បាន​សន្យាថា​នឹង​បរិច្ចាគ​ថវិកា ដើម្បី​គោលដៅ​ទប់​ទល់នឹង​ការប្រែប្រួល​អាកាសធាតុ ក្នុងនោះ មូលនិធិ​របស់​ត្រកូល Rockefeller និង Ikea បានប្រកាស​គម្រោង​បង្កើត​សម្ព័ន្ធភាព​ថាមពល​សកល​សម្រាប់​ម​នុស្ស​ជាតិ និង​ផែនដី។

    អង្គការ​ខាងលើ រួម​នឹង​ស្ថាប័នហិរញ្ញវត្ថុ ស្ថាប័ន​អភិវឌ្ឍ​ពហុ​គោលដៅ ចំនួន 8 ផ្សេងទៀត នឹង​ចាប់ផ្ដើម​ប្រើប្រាស់​ថវិកា 10 ពាន់​លាន​ដុល្លារ​ដំបូង ដើម្បី​ធ្វើការ​សាកល្បង​នូវ​យុទ្ធសាស្ត្រ និង​បច្ចេកវិទ្យា​ថ្មី ក្នុងទិសដៅ​ជួយ​ដល់​ការអភិវឌ្ឍ​ថាមពល​ប្រើប្រាស់​ឡើងវិញ​នៅលើ​ពិភពលោក។ បណ្ដា​តំបន់​ដែល​នៅមាន​ការរារែក​ក្នុងការ​ប្ដូរផ្លាស់​មកប្រើប្រាស់​ថាមពល​ស្អាត នឹង​ទទួលបាន​ការជំរុញ​ខ្លាំងក្លា។ នៅពេល​ដំណាក់កាល​ដំបូង​មាន​ប្រសិទ្ធភាព ពួកគេ​គ្រោង​នឹង​ទូទាត់​ខ្ទង់​វិនិយោគ មួយ​សែន​លាន​ដុល្លារ​បន្ថែមទៀត​ដើម្បី​ពង្រីក​ផែនការ។

    មហាសេដ្ឋី Bezos នៅក្នុងសន្និសីទ COP26

    ក្នុង​គ្រា​នោះដែរ មូលនិធិ Bezos Earth Fund បានឱ្យដឹងថា នឹង​ផ្ដល់ជំនួយ 500 លាន​ដុល្លារ​សម្រាប់​គំនិត​ផ្ដួចផ្ដើម​ខាងលើ។ ក្រៅពីនេះ មូលនិធិ​នេះ​ក៏​សន្យា​បរិច្ចាគ​បន្ថែម 1 ពាន់​លាន​ដុល្លារ​ទៀត ដើម្បី​ជួយ​ឱ្យ​ធម្ម​ជាតិរស់​ឡើងវិញ មានដូចជា​ការដាំ​ដើមឈើ និង​ការ​ពង្រ​ស់​ស្មៅ​នៅតាម​ទីវាល។ល។ រួម​នឹង​ខ្ទង់​ថវិកា​ប្រហាក់ប្រហែល​ដើម្បី​ផ្លាស់ប្ដូរ​ប្រព័ន្ធ​ស្បៀងអាហារ ដោយ​ការបង្កើន​ផលិតភាព​កសិផល ប៉ុន្តែ​នៅតែ​ធានា​ឱ្យបាន​ថា ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ត្រូវបាន​កាត់បន្ថយ។

    កម្មវិធី​ខាងលើ​ត្រូវ​ប្រកាស​នៅក្នុង​ថ្ងៃ​ដំបូង​នៃ​ព្រឹត្តិការណ៍ COP26 ដែល​ត្រូវបាន​ធ្វើឡើង​នៅ Glasgow ប្រទេស​ស្កុ​ត​ឡេ​ន។ គោលដៅ​របស់ COP26 គឺ​បង្កើន​ការសន្យា​កាលពី​ឆ្នាំ 2009 របស់​បណ្ដា​ប្រទេស​អ្នកមាន ក្នុងការ​ផ្ដល់ជំនួយ​ស​ម្រា​ប់​ដំណើរការ​នៃ​ការប្ដូរ​ផ្លាស់​ថាមពល​នៅក្នុង​បណ្ដា​ប្រទេស​ក្រីក្រ ជាមួយនឹង​ខ្ទង់ចំណាយ មួយ​សែន​លាន​ដុល្លារ/ឆ្នាំ៕

  • ប្រធាន​​ម្នាក់​​របស់​អង្គ​ការ​សហប្រជាជាតិ​ សុំ​​ជួប​ Elon Musk ដោយផ្ទាល់ សម្បី​តែ​នៅ​ទី​អវកាស ដើម្បី​រៀបរាប់​អំពី ប្រាក់ 6 ពាន់​លាន​ដុល្លារ​នឹង​ដោះស្រាយ​គ្រោះ​ទុរភិក្ស​ដោយ​វិធី​ណា

    ប្រធាន​​ម្នាក់​​របស់​អង្គ​ការ​សហប្រជាជាតិ​ សុំ​​ជួប​ Elon Musk ដោយផ្ទាល់ សម្បី​តែ​នៅ​ទី​អវកាស ដើម្បី​រៀបរាប់​អំពី ប្រាក់ 6 ពាន់​លាន​ដុល្លារ​នឹង​ដោះស្រាយ​គ្រោះ​ទុរភិក្ស​ដោយ​វិធី​ណា

    ក្រោយ​ការឆ្លើយ​ឆ្លង​គ្នា​នៅលើ​បណ្ដាញ​សង្គម​នាពេល​កន្លង ថ្មីៗនេះ ប្រធាន​មួយរូប​របស់​អង្គការសហប្រជាជាតិ បានស្នើ​សុំ​ជួប​មុខ​មហាសេដ្ឋី Elon Musk ដោយផ្ទាល់ ដើម្បី​អធិប្បាយ​អំពី​របៀប​នៃ​ការប្រើប្រាស់​ថវិកា 6 ពាន់​លាន​ដុល្លារ ក្នុងការ​សង្គ្រោះ​ប្រជាជន​រាប់លាន​នាក់​ដែល​កំពុង​រងគ្រោះ​ទុរភិក្ស។

    ការឆ្លង​ឆ្លើយ​គ្នា​រវាង​លោក David Beasley ប្រធាន​កម្មវិធី​ស្បៀងអាហារ​ពិភពលោក របស់ អង្គការសហប្រជាជាតិ ជាមួយនឹង​មហាសេដ្ឋី Elon Musk បានចាប់ផ្ដើម​ដោយ​កិច្ច​សម្ភាស​របស់លោក Beasley ជាមួយនឹង CNN ដែល​កាលណោះ​លោក​បាន​និយាយថា៖ ក្រុម​មហាសេដ្ឋី​គួរតែ​បរិច្ចាគ​នៅពេលនេះ និង​តែម្ដង​គត់។ 42 ពាន់​លាន​ដុល្លារ ដើម្បី​ជួយ​ដល់​ប្រជាជន​ចំនួន 42 លាន​នាក់ ដែលជា​អ្នកនឹង​ត្រូវស្លាប់ បើសិន​យើង​មិនបាន​ជួយ​ពួកគេ។ រឿងនេះ​មិន​ស្មុគស្មាញ​ឡើយ។

    ក្រោយមក មហាសេដ្ឋី Elon Musk ដែលមាន​ទ្រព្យ​ប្រមាណ​ជិត 289 ពាន់​លាន​ដុល្លារ បាន​បង្ហោះ​សារ​នៅលើ Twitter ថា៖ បើសិនជា​កម្មវិធី​ស្បៀងអាហារ​ពិភពលោក អាច​បង្ហាញ​តម្លៃភាព​ថវិកា និង​អនុញ្ញាតឱ្យ​គ្រប់គ្នា​បានដឹង​អំពី​ខ្ទង់​ថវិកា​នោះ​ត្រូវបាន​ចំណាយ​ដោយ​របៀប​ណា ហើយ «អាច​អធិប្បាយ​នៅ​ខាងក្រោម​សារ Twitter នេះ នូវ​វិធី​ជាក់លាក់​ដែលថា 6 ពាន់​លាន​ដុល្លារ អាច​ដោះស្រាយ​គ្រោះ​ទុរភិក្ស ខ្ញុំ​នឹង​លក់​ភាគហ៊ុន​នៅ​ក្រុមហ៊ុន Tesla ភ្លាម ដើម្បី​បរិច្ចាគ»។

    ភ្លាមនោះ លោក David Beasley ក៏​ចូលមក​ឆ្លើយឆ្លង ដោយ​អះអាងថា លោក​អាច​ធានាបាន​ថា ប្រព័ន្ធ​គណនី​របស់​ស្ថាប័ន​នេះ មាន​តម្លាភាព ហើយ​ថា ក្រុម​របស់លោក Musk អាច​ពិនិត្យ និង​ធ្វើការ​ជាមួយ​ក្រុម​របស់លោក​បាន។

    មកដល់​ថ្ងៃនេះ លោក Beasley បន្ត​ឆ្លើយឆ្លង​ជាមួយ​លោក Elon Musk។ លើក​នេះ លោក​បាន tag គណនី Twitter របស់លោក Elon Musk ចូលក្នុង​សារ​របស់លោក ហើយ​ប្រាប់ថា៖ «ជំនួស​ឱ្យ​ការ​បង្ហោះ​សារ​ឆ្លើយឆ្លង សូម​អនុញ្ញាតឱ្យ​ខ្ញុំ​អធិប្បាយ​ឱ្យ​លោក​បាន​ជ្រាប។ ខ្ញុំ​ត្រៀមខ្លួន​សម្រាប់​ជួប​លោក​នៅ​គ្រប់កន្លែង​ក្នុង​ពិភពលោក សូម្បីតែ​នៅ​ទី​អវកាស។ ប៉ុន្តែ ខ្ញុំ​យល់ថា ល្អ​បំផុត​គឺ​នៅ​កន្លែង​ដែល​លោក​អាច​មើលឃើញ​បុគ្គលិក សកម្មភាព ដំណើរការ និង​បច្ចេកវិទ្យា​របស់ WFP ប្រព្រឹត្ត​ទៅដោយ​របៀប​ណា។ ខ្ញុំ​នឹង​នាំយក​គម្រោង​នោះ​ទៅ​ជំរាបជូន​លោក»។

    នៅ​ខាងក្រោម​អត្ថបទ​របស់លោក David Beasley ដែល​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម Twitter បច្ចុប្បន្ន មាន​មតិ​ស្រប និង​ផ្ទុយ​ជាច្រើន៕