Category: អន្តរជាតិ

  • ករណី​ក្មេង​អាយុ ៥ ឆ្នាំ ជាប់​ក្នុង​កូន​​អណ្ដូង​​ជម្រៅ​​ជាង​ ៣០ ម៉ែត្រ មេ​ដឹក​នាំ​​បារាំង​​ចូល​រួម​​រំលែក​​ទុក្ខ​ ខណៈ​​​​​សង្ឃ​រាជ ​Francis​ កោត​សរសើរ​​ដល់​​ក្រុម​​សង្គ្រោះ

    ករណី​ក្មេង​អាយុ ៥ ឆ្នាំ ជាប់​ក្នុង​កូន​​អណ្ដូង​​ជម្រៅ​​ជាង​ ៣០ ម៉ែត្រ មេ​ដឹក​នាំ​​បារាំង​​ចូល​រួម​​រំលែក​​ទុក្ខ​ ខណៈ​​​​​សង្ឃ​រាជ ​Francis​ កោត​សរសើរ​​ដល់​​ក្រុម​​សង្គ្រោះ

    សម្ដេច​សង្ឃរាជ Francis កាលពី​ម្សិលមិញ បាន​ថ្លែង​កោតសរសើរ​ប្រជាជន​ម៉ា​រ៉ុ​ក ដែល​បាន​សាមគ្គី​គ្នា​នៅក្នុង​ការជួយ​សង្គ្រោះ​កុមារ Rayan ដែល​បាន​ធ្លាក់ចូល​ជាប់​ក្នុង​កូន​អណ្ដូង​ជម្រៅ ៣២ ម៉ែត្រ បើទោះជា​លទ្ធផល​មិន​សម​តាម​បំណង។

    «គ្រប់គ្នា​បាន​រួមដៃគ្នា​ជួយសង្គ្រោះ Rayan» សម្ដេច​សង្ឃ Francis មាន​សង្ឃដីកា​ដូច្នេះ​នៅក្នុង​ពិធីបួងសួង​ប្រចាំ​សប្ដាហ៍​នៅឯ​ទីលាន Peter នៃ បុរី​វ៉ា​ទី​កង់។ «ក្រុម​បុគ្គលិក​ជួយ​សង្គ្រោះបាន​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ ប៉ុន្តែ គួរឱ្យ​សោកស្ដាយ ពួកគេ​មិន​ទទួលបាន​ជោគជ័យ។ យ៉ាងណាក៏ដោយ នេះ​គឺជា​គំរូ​ល្អ​មួយ»។

    Rayan ជា​ក្មេងប្រុស​អាយុ ៥ ឆ្នាំ បាន​ធ្លាក់ចូល​ជាប់​ក្នុង​អណ្ដូង​គោក ជម្រៅ​រហូតដល់ ៣២ ម៉ែត្រ ក្នុងភូមិ​ដាច់ស្រយាល Ighrane ក្នុង​ខេត្ត Chefchaouen ភាគ​ខាងជើង​ប្រទេស​ម៉ា​រ៉ុ​ក ស្ថិតក្នុង​តំបន់ អាហ្វ្រិក​ខាងជើង ចាប់ពី​រសៀល​ថ្ងៃទី ១ កុម្ភៈ និង​ជាប់​ក្នុង​អណ្ដូង​នេះ​រហូតដល់​ក្រុម​អ្នក​សង្គ្រោះបាន​រកឃើញ។

    មាត់​អណ្ដូង​មាន​អង្កត់ផ្ចិត ៤៥ ស.ម ប៉ុណ្ណោះ ដូច្នេះ បុគ្គលិក​សង្គ្រោះ​ពិតជា​ពិបាក​ក្នុង​ការចុះទៅ​ជួយ​ដល់​ផ្ទាល់។ ការកាយ​ពង្រីក​មាត់​អណ្ដូង​ឱ្យ​ធំ ក៏មាន​ហានិភ័យ​ខ្ពស់ ទើប​កម្លាំង​សង្គ្រោះ​សម្រេចចិត្ត​ប្រើប្រាស់​អាត្រា​ក់កាយ​ដី​តាម​ជើងភ្នំ​ទន្ទឹមនឹង​អណ្ដូង​ដើម្បី​ស្វែងរក​វិធី​សង្គ្រោះ​ក្មេង​នេះ។

    ក្រុម​វេជ្ជបណ្ឌិត​បាននាំគ្នា​រង់​ចាំ​ពិនិត្យ និង​ព្យាបាល​កុមារ​នេះ នៅពេល​ត្រូវបាន​នាំ​ឡើង​មកលើ។ ឧ​ត្ថ​ម្ភា​គ​ចក្រ ១ គ្រឿង​ក៏​កំពុង​ត្រៀម​ក្បែរ​នោះ ដើម្បី​ដឹក Rayan ទៅកាន់​មន្ទីរពេទ្យ។

    ប្រជាជន​អ៊ីតាលី បាននាំគ្នា​តាមដាន​ហេតុការណ៍​នេះ​យ៉ាង​យកចិត្តទុកដាក់ ព្រោះថា វា​ស្រដៀង​នឹង​ហេតុការណ៍​មួយ​កាលពី​ឆ្នាំ ១៩៨១ នៅពេល​បុគ្គលិក​សង្គ្រោះ​រាប់សិប​នាក់ ព្យាយាម​ជួយសង្គ្រោះ Alfredino Rampi ជា​ក្មេងប្រុស​អាយុ ៦ ឆ្នាំ ដែល​ជាប់​ក្នុង​អណ្ដូង​រយៈពេល ៣ ថ្ងៃ។ ប៉ុន្តែ ក្មេង​នេះ​បាន​បាត់​បង់ជីវិត មុនពេល​ក្រុម​សង្គ្រោះបាន​ចូលដល់។

    ក្នុងករណី Rayan មុន​សង្ឃដីកា​របស់​ស​ម្ដេច Francis ប្រធានាធិបតី​បារាំង Emmanuel Macron ក៏បាន​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​នៃ​ក្រុមគ្រួសារ​ក្មេងប្រុស​នេះ​ផងដែរ។

    អ្នកលេង​បណ្ដាញ​សង្គម Twitter ក៏បាន​សម្ដែង​ការគោរព​ចំពោះ​បុគ្គលិក​សង្គ្រោះ​ម្នាក់​ឈ្មោះ Ali Sahrawi ដែលជា​អ្នកជំនាញ​ផ្នែក​ជីក​អណ្ដូង បាន​ចំណាយពេល​រាប់​ម៉ោង​ដើម្បី​ជីក​កកាយ​ដី​ដោយ​ដៃទទេ៕

  • (វីដេអូ)-ក្មេង​អាយុ ៥ ឆ្នាំ ធ្លាក់​ចូលក្នុង​អណ្ដូង​ជម្រៅជាង​ ៣០ ម៉ែត្រ

    (វីដេអូ)-ក្មេង​អាយុ ៥ ឆ្នាំ ធ្លាក់​ចូលក្នុង​អណ្ដូង​ជម្រៅជាង​ ៣០ ម៉ែត្រ

    (ម៉ា​រ៉ុ​ក) Rayan ជា​ក្មេងប្រុស​អាយុ ៥ ឆ្នាំ ធ្លាក់​ចូល​ និង​ជាប់​ក្នុង​​អណ្ដូង​តូច​មួយ​ដែលមាន​ជម្រៅ​រហូតដល់ ៣២ ម៉ែត្រ នៅក្នុង​ខេត្ត Chefchaouen អស់​រយៈពេល ៤ យប់ ខណៈដែល​អាជ្ញាធរ​កំពុង​ប្រឹងប្រែង​ជួយសង្គ្រោះ។

    Rayan បាន​ធ្លាក់​ចូលក្នុង​អណ្ដូង​គោក​ក្នុងភូមិ​ដាច់ស្រយាល Ighrane ភាគ​ខាង​ជើងប្រទេស​ម៉ា​រ៉ុ​ក ស្ថិតក្នុង​តំបន់​ អាហ្វ្រិក​ខាងជើង ចាប់ពី​រសៀល​ថ្ងៃទី ១ កុម្ភៈ និង​ជាប់​ក្នុង​អណ្ដូង​នេះ​រហូតដល់​បច្ចុប្បន្ន។

    មាត់​អណ្ដូង​មាន​អង្កត់ផ្ចិត ៤៥ ស.ម ប៉ុណ្ណោះ ដូច្នេះ បុគ្គលិក​សង្គ្រោះ​ពិតជា​ពិបាក​ក្នុង​ការចុះទៅ​ជួយ​ដល់​ផ្ទាល់។ ការកាយ​ពង្រីក​មាត់​អណ្ដូង​ឱ្យ​ធំ ក៏មាន​ហានិភ័យ​ខ្ពស់ ទើប​កម្លាំង​សង្គ្រោះ​សម្រេចចិត្ត​ប្រើប្រាស់​អាត្រា​ក់កាយ​ដី​តាម​ជើងភ្នំ​ទន្ទឹមនឹង​អណ្ដូង​ដើម្បី​ស្វែងរក​វិធី​សង្គ្រោះ​ក្មេង​នេះ។

    ការជួយ​សង្គ្រោះ មានការ​លំបាក​ខ្លាំង ដោយសារតែ​តំបន់​នេះ​ភាគច្រើន​ជា​ដី​លាយ​ខ្សាច់ និង​មាន​ថ្ម​ច្រើន អាច​នាំឱ្យមាន​ការ​​បាក់ស្រុត។

    ក្រុម​សង្គ្រោះ​រក​វិធី​បញ្ជូន​ទឹក និង​អុកស៊ីសែន ទៅឱ្យ Rayan កាលពី​ថ្ងៃទី ៣ កុម្ភៈ ប៉ុន្តែ តាំងពី​ពេលនោះ​មក ពួកគេ​មិនបាន​បង្ហើប​ឱ្យ​ដឹង​អំពី​ស្ថានភាព​របស់​ក្មេងរងគ្រោះ​នេះ។

    Rayan មាន​អាយុទើប​តែ​ ៥ ឆ្នាំ​ប៉ុណ្ណោះ

    មនុស្ស​រាប់ពាន់នាក់​ប្រមូលផ្ដុំ​គ្នា​នៅ​ជុំវិញ​អណ្ដូង ជួនកាល​ពួកគេ​នាំគ្នា​ទះដៃ ស្រែក​ហ៊ោ​ដើម្បី​លើកទឹកចិត្ត​ដល់​ក្រុម​សង្គ្រោះ។

    នៅ​ព្រលប់​ថ្ងៃទី ៤ កុម្ភៈ កម្លាំង​សង្គ្រោះ​ចាប់ផ្ដើម​ធ្វើការ​ក្រោម​ពន្លឺភ្លើង​ហ្វា​នៅក្នុង​ដំណាក់កាល​ចុងក្រោយ​នៃ​បេសកកម្ម។ ពួកគេ​កំពុង​ប្រើប្រាស់​ចបជីក ដើម្បី​ជីក​កាយ​រូង​ប្រវែង ៣ ម៉ែត្រ ឆ្ពោះ​ចូលទៅ​កាន់​កន្លែង​ក្មេង​នេះកំពុង​ជាប់។

    ម្ដាយ​របស់​កុមារ​រងគ្រោះ​និយាយថា កូនប្រុស​របស់គាត់​កំពុង​លេង​ក្បែរ​អណ្ដូង ក៏​ស្រាប់តែ​បាន​បាត់​ខ្លួន​កាលពី​រសៀល​ថ្ងៃទី ១ កុម្ភៈ។ «ខ្ញុំ​នៅតែ​សង្ឃឹមថា កូនប្រុស​ខ្ញុំ​នៅមាន​ជីវិត និង​ត្រូវបាន​សង្គ្រោះ​ចេញ​មក​ក្រៅ»។

    ក្រុម​វេជ្ជបណ្ឌិត កំពុង​រង់ចាំ​ពិនិត្យ និង​ព្យាបាល​កុមារ​នេះ នៅពេល​ត្រូវបាន​នាំ​ឡើង​មកលើ។ ឧ​ត្ថ​ម្ភា​គ​ចក្រ ១ គ្រឿង​ក៏​កំពុង​ត្រៀម​ក្បែរ​នោះ ដើម្បី​ដឹក Rayan ទៅកាន់​មន្ទីរពេទ្យ៕

  • ជម្រក​របស់​មេដឹកនាំ IS រំលំ​រលាយ បន្ទាប់ពី​ការ​វាយឆ្មក់​របស់​កម្លាំង​ពិសេស​អាម៉េរិក

    ជម្រក​របស់​មេដឹកនាំ IS រំលំ​រលាយ បន្ទាប់ពី​ការ​វាយឆ្មក់​របស់​កម្លាំង​ពិសេស​អាម៉េរិក

    ជាន់​ទី ៣ របស់​អគារ​ដែល​ជាទី​លាក់ខ្លួន​របស់​មេដឹកនាំ​អង្គការ​រដ្ឋ​អ៊ីស្លាម (IS) al-Quraishi នៅ ប្រទេស​ស៊ី​រី ហាក់ដូច​នៅសល់តែ​គំនរ​បាក់បែក ក្រោយពី​មេ​ភេរវ​ករ​នេះ​បាន​បំផ្ទុះ​គ្រាប់បែក​អត្តឃាត។

    មេដឹកនាំ​អង្គការ​រដ្ឋ​អ៊ីស្លាម Abu Ibrahim al-Hashimi al-Quraishi កាលពី​ថ្ងៃទី ៣ កុម្ភៈ ត្រូវបាន​កម្ចាត់​ចោល​នៅ​កន្លែង​លាក់ខ្លួន​ក្នុង​ទីរួមស្រុក Atmeh ភាគ​ខាងជើង​ប្រទេស​ស៊ី​រី ក្នុង​បេសកកម្ម​វាយឆ្មក់​របស់ អាម៉េរិក។

    ក្នុង​រូបថត​ខាងលើ​គឺជា​ស្ថានភាព​បាក់បែក​នៅ​ជាន់​ទី ៣ របស់​អគារ​មួយ​ដែល al-Quraishi លាក់ខ្លួន។ Muhammad Sheikh ដែលជា​ម្ចាស់ផ្ទះ និយាយថា អ្នកបើកបរ​រថយន្ត​ជនជាតិ​ស៊ី​រី​ម្នាក់ បាន​ជួល​ផ្ទះ​នេះ​តាំងពី ១១ ខែ​មុន​ក្នុងតម្លៃ ១៣០ ដុល្លារ/ខែ។

    អ្នកបើកបរ​នេះ​ត្រូវបាន​គេ​ស៊ើប​ដឹងថា​ជា​ថ្នាក់ក្រោម​របស់ al-Quraishi ដែល​ធ្វើ​កិច្ចការ​ជា​អ្នក​បញ្ជូន​សារ។

    នៅពេល​ត្រូវបាន​ឡោមព័ទ្ធ​ដោយ​កងកម្លាំង​ពិសេស​អាម៉េរិក al-Quraishi បាន​បំផ្ទុះ​គ្រាប់បែក​អត្តឃាត ធ្វើឱ្យ​ជាន់​ទី ៣ របស់​អគារ​ត្រូវ​ខ្ទេចខ្ទី ហើយ​សមាជិក​ទាំងអស់​របស់​គ្រួសារ​ជននេះ​ក៏បាន​ស្លាប់ ក្នុងនោះ​មាន​ស្ត្រី និង​កុមារ​ផងដែរ។

    ក្នុង​ការរៀប​ផែនការ ក្រុមមន្ត្រី​ស៊ើបការណ៍​អាម៉េរិក បានធ្វើ​ការវិភាគ​ព័ត៌មានផ្សេងៗជាច្រើន​ដើម្បី​កំណត់​ទីតាំង​របស់ al-Quraishi និង​ស្វែងយល់​អំពី​សកម្មភាព​របស់​ជ​ន​នេះ។ ពួកគេ​បានដឹងថា al-Quraishi កម្រ​ចេញពី​ជម្រក​នៅ​ជា​ន់ទី ៣ លើកលែងតែ​ពេល​ងូតទឹក ឬ​បួងសួង​នៅលើ​ដំបូលផ្ទះ។

    ដោយ​យល់ថា al-Quraishi ប្រាកដជា​អាច​បំផ្ទុះ​គ្រាប់បែក​អត្តឃាត បើសិន​កម្លាំង​អាម៉េរិក សម្រុក​ចូលមក​ក្បែរ​ជញ្ជាំង​អគារ ក្រុមមន្ត្រី​អាម៉េរិក ក៏បាន​ចេញ​បញ្ជា​ឱ្យ​ស្រាវជ្រាវ​អំពី​លក្ខណៈ​បច្ចេកទេស​របស់​អគារ​ដែលមាន ៣ ជាន់​នេះ ដើម្បី​ឱ្យដឹងថា វា​អាច​បាក់ស្រុត​រំលំ ឬទេ នៅក្នុង​ករណីនេះ។ ចុងក្រោយ ពួកគេ​កំណត់​ច្បាស់​ថា ផ្ទះ​នេះ​រឹងមាំ​គ្រប់គ្រាន់ អាច​ទប់ទល់​បាន។

    Al-Quraishi ដែលមាន​ឈ្មោះ​ពិត​ថា Amir Mohammed Said Abd al-Mawla បាន​ឡើងកាន់តំណែង​ជា​មេដឹកនាំ​តាំងពី ២ ឆ្នាំមុន បន្ទាប់ពី Abu Bakr al-Baghdadi ដែលជា​អ្នកបង្កើត​អង្គការ​រដ្ឋ​អ៊ីស្លាម បាន​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅក្នុង​បេសកកម្ម​វាយឆ្មក់​របស់​កម្លាំង​ពិសេស​អាម៉េរិក កាលពី​ខែតុលា ២០១៩។

    បើទោះជា​មិនមាន​ភាពលេច​ធ្លោ​ដូច​ទៅនឹង​មេដឹកនាំ​មុន​របស់ខ្លួន ប៉ុន្តែ al-Quraishi ត្រូវបាន​គេ​ស្គាល់​ថា​ជា​មនុស្ស​ឆ្លាត​វៃ អាចបង្កើត​យុទ្ធសាស្ត្រ​ប្រយុទ្ធ នេះ​បើតាម Colin P. Clarke អ្នកវិភាគ​ផ្នែក​ភេរវកម្ម​របស់ Soufan Group ដែលជា​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ផ្នែក​សន្តិសុខ​នៅ នី​វ​យ៉​ក សហរដ្ឋ​អាម៉េរិក។

    មន្ត្រី​អាម៉េរិក បង្ហើប​ឱ្យដឹងថា កងកម្លាំង​ពិសេស​អាម៉េរិក បាន​ហាត់​សមវាយ​ឆ្មក់​រាប់សិប​ដ​ង មុននឹង​ចាប់ផ្ដើម​បេសកកម្ម​ផ្លូវការ។ ការហោះហើរ​ពី​មូលដ្ឋានទ័ព​ទៅកាន់​គោលដៅ ត្រូវ​ចំណាយពេល​ប្រហែល ២ ម៉ោង។ នៅពេល​ទៅដល់​គោលដៅ កងកម្លាំង​ពិសេស​អាម៉េរិក បាន​ស្រែក​តាម​ឧបករណ៍​បំពង​សំឡេង ស្នើឱ្យ​ពលរដ្ឋ​ស៊ីវិល ចាក​ចេញពី​គោលដៅ។

    ជាន់​ទី ២ គឺជា​កន្លែង​ស្នាក់នៅ​របស់​អ្នកបើកបរ​រថយន្ត​ដែលជា​ថ្នាក់ក្រោម​របស់ al-Quraishi និង​គ្រួសារ​របស់គេ។ ក្រុម​របស់​ជននេះ​បាន​ប្រយុទ្ធ​ជាមួយ​កងកម្លាំង​ពិសេស​អាម៉េរិក ប៉ុន្តែ ត្រូវបាន​សម្លាប់។

    ជាន់​ទី ១ គឺជា​កន្លែង​រស់នៅ​រប​ស់​គ្រួសារ​មួយ​ដែល​មិន​ជាប់ទាក់ទង​នឹង IS និង​មិន​បានដឹង​អ្វី​អំពី al-Quraishi។

    Al-Quraishi មាន​ឈ្មោះ​ពិត​ថា Amir Mohammed Said Abd al-Mawla

    ក្រុម​អ្នកជំនាញ​បាន​ហៅ​ការស្លាប់​របស់ al-Quraishi ថា​ជា «ជំហាន​ថយក្រោយ​ដ៏​ធំ​សម្រាប់ IS» នៅពេល​បាន​បាត់បង់​មេដឹកនាំ​ទី ។ ប៉ុន្តែ IS ត្រូវបាន​គេ​យល់ថា បានរៀបចំ​រួចហើយ​សម្រាប់​សេណា​រី​យ៉ោ​ស្ដីពី​មេដឹកនាំ​ត្រូវគេ​កម្ចាត់ ដោយបាន​ត្រៀម​អ្នក​ស្នង​តំណែង​ថ្មី។

    «បេសកកម្ម​នេះ ជា​សារ​ដ៏​ខ្លាំងក្លា ផ្ញើ​ទៅកាន់​ក្រុម​ភេរ​វករ​នៅ​ទូទាំង​ពិភពលោក៖ យើង​នឹង​តាមរក ហើយ​ក្របួច​ក​ក្រុម​អ្នកឯង» លោក បៃ​ដិ​ន បាន​ថ្លែង​ដូច្នេះ​នៅពេល​ប្រកាស​លទ្ធផល​នៃ​ការ​វាយឆ្មក់​របស់​កងកម្លាំង​ពិសេស​អាម៉េរិក៕

  • តំណាងរាស្ត្រ​អាម៉េរិក ដាក់​សេចក្ដីព្រាងច្បាប់​ទទួលស្គាល់​ចូលឆ្នាំ​ចិន​ជា​ថ្ងៃ​បុណ្យជាតិ

    តំណាងរាស្ត្រ​អាម៉េរិក ដាក់​សេចក្ដីព្រាងច្បាប់​ទទួលស្គាល់​ចូលឆ្នាំ​ចិន​ជា​ថ្ងៃ​បុណ្យជាតិ

    សមាជិកសភា​ជាន់​ទាប​ដើមកំណើត​អាស៊ី Grace Meng ដាក់​សេចក្ដីព្រាងច្បាប់​ទទួលស្គាល់​ពិធីបុណ្យ​ចូលឆ្នាំ​ចិន ជា​បុណ្យជាតិ​របស់ សហរដ្ឋ​អាម៉េរិក។

    «ជនជាតិ​អាម៉េរិក ដើមកំណើត​អាស៊ី គឺជា​ក្រុម​ដែលមាន​កំណើន​លឿន​ជាងគេ​នៅ​ប្រទេស​យើង ហើយ​នៅពេល​ពិធីបុណ្យ​នេះ​មាន​គេ​និយម​កាន់តែច្រើន ការ​ប្រែក្លាយ​ថ្ងៃ​ដំបូង​នៃ​ឆ្នាំ​ថ្មី ឱ្យទៅជា​ថ្ងៃបុណ្យ​ជាតិ​គឺជា​រឿង​សម​ហេតុផល​ទាំងស្រុង» Grace Meng បានឱ្យដឹង​ដូច្នេះ​នៅក្នុង​ប្រកាស​មួយ ក្រោយពី​បានដាក់​សេចក្ដីព្រាងច្បាប់​នេះ​ឡើងទៅ​សភា កាលពី​ថ្ងៃទី ៣១ មករា។

    «សេចក្ដីព្រាងច្បាប់​របស់​ខ្ញុំ​នឹង​បង្ហាញថា រដ្ឋាភិបាល​អាម៉េរិក ផ្ដល់​តម្លៃ​ដល់​ថ្ងៃបុណ្យ​ដែល​មនុស្ស​រាប់លាន​នាក់​ទទួល​អំណរ» លោកស្រី Meng អះអាង​ដូច្នេះ។

    លោកស្រី Meng គឺជា​មនុស្ស​ម្នាក់​ដែល​បាន​ជំរុញឱ្យមាន​ការចាត់ទុក​ថ្ងៃ​ដំបូង​នៃ​ឆ្នាំ​ថ្មី​របស់​ប្រទេសមួយ​ចំនួន​នៅ អាស៊ី (ចូលឆ្នាំ​ចិន) ជា​ថ្ងៃ​ឈប់សម្រាក​សម្រាប់​សិស្ស​នៅក្នុង ទីក្រុង​នី​វ​យ៉​ក តាំងតែ​ពី​ឆ្នាំ ២០១៦។

    លោក​ស្រី Grace Meng

    ជនជាតិ​អាស៊ី​នៅ សហរដ្ឋ​អាម៉េរិក ចង់​គោរព និង​អនុវត្តតាម​ប្រពៃណី ទំនៀមទម្លាប់ វប្បធម៌​របស់​គ្រួសារ និង​ចូលរួម​សកម្មភាព​សហគមន៍​ក្នុង​ខែកុម្ភៈ ក្នុងនោះ​មានការ​ជួបជុំ​សមាជិកគ្រួសារ និង​ផ្ដល់​អាំង​ប៉ាវ​ដល់ក្មេងៗជាដើម។

    សេចក្ដីព្រាងច្បាប់​របស់​លោកស្រី Meng ត្រូវបាន​លើកឡើង​ក្នុង​គ្រា​ដែល​ប៉ុន្មាន​ឆ្នាំ​មកនេះ នៅ សហរដ្ឋ​អាម៉េរិក កើតមាន​ការរើសអើង និង​ប្រមាថកាតទាន​លើ​ជនជាតិ​អាស៊ី ពិសេស​គឺ​ចិនដីគោក។

    នៅ សហរដ្ឋ​អាម៉េរិក មាន​ថ្ងៃ​បុណ្យជាតិ​ចំនួន ១១ ក្នុងនោះ​រួមមាន​ទាំង​ថ្ងៃ​ចូលឆ្នាំ​សកល ទិវា​បុណ្យ​ឯករាជ្យ បុណ្យ​អរគុណ និង​បុណ្យ​ណូអែល​ជាដើម។ ស្ថាប័នរដ្ឋ​តែង​សម្រាក​ការងារ​នៅក្នុង​ថ្ងៃបុណ្យ​ជាតិ​ទាំងនេះ ខណៈដែល​ក្រុមហ៊ុន​ឯកជន និង​សាលារៀន អាច​ជ្រើសរើស​រវាង​សម្រាក និង​មិន​សម្រាក។ ចំណែក​រដ្ឋ​នានា​អាច​ជ្រើសរើស និង​អនុវត្ត​ថ្ងៃបុណ្យ​ជាតិ​ក៏បាន មិន​អនុវត្ត​ក៏បាន៕

  • ការ​វាយឆ្មក់​របស់​កម្លាំង​ពិសេស​អាម៉េរិក ទៅលើ​មេដឹកនាំ IS អ្នកជិតខាង​រៀបរាប់ថា មិន​ធ្លាប់​បានឮ​ផ្ទាល់​ពីមុនមក

    ការ​វាយឆ្មក់​របស់​កម្លាំង​ពិសេស​អាម៉េរិក ទៅលើ​មេដឹកនាំ IS អ្នកជិតខាង​រៀបរាប់ថា មិន​ធ្លាប់​បានឮ​ផ្ទាល់​ពីមុនមក

    សំឡេង​លាន់​កក្រើក​មេឃ​របស់​ឧ​ត្ថ​ម្ភា​គ​ចក្រ​ដឹក​ក្រុម​ទាហាន​ពិសេស​អាម៉េរិក ដែល​វាយឆ្មក់​លើ​ទីតាំង​លាក់ខ្លួន​របស់ al-Qurashi កាលពី​ថ្ងៃទី ៣ កុម្ភៈ ធ្វើឱ្យ​ប្រជាជន​ក្នុង​ទីរួមស្រុក Atmeh នៃ ប្រទេស​ស៊ី​រី ត្រូវ​ភ្ញាក់​ដឹងខ្លួន​ទាំង​កណ្ដាលយប់។

    ពួកគេ​មិន​ធ្លាប់​បានឮ​សំឡេង​អ្វីដែល​លាន់​ដូច​សំឡេង​នេះ។ «មានរឿង​អ្វី​ហ្នឹង​ពុក?» Abu Omar ដែលជា​អ្នករស់នៅ​ក្បែរ​ផ្ទះ​របស់​មេដឹកនាំ​អង្គការ​រដ្ឋ​អ៊ីស្លាម (IS) Abu Ibrahim al-Hashimi al-Qurashi រៀបរាប់។

    ពុំមាន​អ្នកណា​ស្មាន​ដល់​ថា មេដឹកនាំ​របស់​អង្គការ​ភេរវកម្ម​ដ៏​គួរឱ្យ​ភ័យខ្លាច​បំផុត​ក្នុង​ពិភពលោក បែរជា​លាក់ខ្លួន​នៅ​ជាន់​ទី ៣ ក្នុង​អគារ​សាមញ្ញ​មួយ ដែល​ស្ថិតនៅ​ឆ្ងាយ​ពី​ទីតាំង​រឹងមាំ​របស់​ក្រុម​នេះ។ ម្ចាស់ផ្ទះ​បាន​និយាយថា អ្នកបើកបរ​រថយន្ត​ជនជាតិ​ស៊ី​រី​ម្នាក់ បាន​ជួល​ផ្ទះ​នេះ​តាំងពី ១១ ខែ​មុន ក្នុងតម្លៃ ១៣០ ដុល្លារ​អាម៉េរិក/ខែ។

    អ្នកបើកបរ​រថយន្ត​ខាងលើ រស់​នៅលើ​ជាន់​ទី ២ ជាមួយ​ប្រពន្ធ និង​កូន ៣ នាក់។ បងស្រី និង​ក្មួយ​ស្រី​របស់​បុរស​នេះ​ក៏​រស់នៅ​ជាមួយគ្នា។ ពួកគេ​មិនបាន​ប្រស្រ័យ រាប់អាន​ជាមួយ​អ្នកណា​ឡើយ។

    លោក​ ចូ បៃដិន និង​សហការី នៅ​ក្នុង​បន្ទប់​ស្ថានការណ៍​ តាម​ដាន​ស្ថានភាព​នៃ​បេសក​កម្ម​វាយ​ឆ្មក​នៅ​ ស៊ីរី

    ក្រុមមន្ត្រី​អាម៉េរិក ឱ្យដឹងថា ពួកគេ​ទទួលបាន​ដំណឹង​ថា al-Qurashi រស់​នៅលើ​ជាន់ខ្ពស់​បំផុត​របស់​អគារ​នេះ និង​មិនដែល​បាន​ចាក​ចេញពី​ទីនេះ ប៉ុន្តែ ជួនកាល​ក៏​ងូតទឹក​លើដំបូល​ផ្ទះ។ Al-Qurashi ទាក់ទង​ជាមួយ​សមាជិក IS ដទៃទៀត តាមរយៈ​អ្នកបើកបរ​រថយន្ត​ដែល​រស់​នៅលើ​ជាន់​ទី ។

    ឧទ្ធម្ភាគចក្រ MH-៦០ Jayhawk ដឹក​កម្លាំង​ពិសេស​អាម៉េរិក មកដល់ Atmeh នៅវេលា​ម៉ោង​ប្រហែល ១ យប់ (ម៉ោង ៦ នៅ ភ្នំពេញ) កាលពី​ថ្ងៃទី ៣ កុម្ភៈ។

    Abu Omar ឱ្យដឹងថា កម្លាំង​ពិសេស​អាម៉េរិក មិនបាន​វាយឆ្មក់​ចូល​អគារ​នេះភ្លាមៗនោះទេ តែ​បានស្នើ​ជា​បន្តបន្ទាប់​ឱ្យ​អ្នក​ដែល​ស្ថិតនៅក្នុង​អគារ​នោះ​ចេញមក​សារភាព។

    នៅ​ជា​ន់ទី ១ នៃ​អគារ​នេះ មាន​ជន​ស៊ីវិល រស់នៅ ដូច្នេះ កងកម្លាំង​អាម៉េរិក បានស្នើ​ឱ្យ​ពួកគេ​ចាកចេញ។ «ចេញទៅ​ក្រៅ នាង​នោះ ចេញទៅ​ក្រោយ និង​ដើម្បីឱ្យ​កូន​មានឱកាស​រស់» Abu Omar រៀបរាប់ និង​ឱ្យដឹងថា សំឡេង​និយាយ​របស់​កម្លាំង​ពិសេស​នេះ កាន់តែ​មាន​ភាព​គំរាម ព្រមាន​ថា ទាហាន​អាម៉េរិក នឹង​វាយកម្ទេច​ផ្ទះ​នេះ។

    «គ្រប់គ្នា​នឹងមាន​សុវត្ថិភាព បើសិនជា​ចេញមក​សារភាព» សំឡេង​ជា​ភាសា​អារ៉ាប់ បាន​បន្លឺឡើង។ «អ្នក​ដែល​មិន​​ព្រម​​ចេញ​មក​​សារភាព​នឹងត្រូវ​ស្លាប់»។

    ពេល​ទាហាន​អាម៉េរិក បាញ់​អាវុធ​ដែល​ដូច​ទៅនឹង​រ៉ុក្កែត មនុស្សម្នា​ក៏​រត់​ចេញពីផ្ទះ។ នេះ​បើតាម​ការ​ឱ្យដឹងពី​ស្ត្រី​ម្នាក់។ ស្ត្រូ​រូបនេះ​និយាយថា គ្រួសារ​របស់​អ្នកស្រី ត្រូវ​ទាហាន​អាម៉េរិក សួរចម្លើយ។ «ពេល​ប្រាប់ថា មិន​ស្គាល់​ពួកគេ (មេដឹកនាំ IS) ពួកគេ (ទាហាន​អាម៉េរិក) មិន​ជឿ​ពួក​ខ្ញុំ។ ពួកគេ​សួរថា ជា​អ្នកជិតខាង ហេតុអ្វី​មិន​ស្គាល់គ្នា»។

    នៅ​ជា​ន់ទី ៣ al-Qurashi មិន​ព្រម​ចុះចាញ់ និង​បាន​បំផ្ទុះ​គ្រាប់បែក បណ្ដាលឱ្យ​ខ្លួនឯង និង​ក្រុមគ្រួសារ​បាត់បង់​ជីវិត។ កងកម្លាំង​សង្គ្រោះបន្ទាន់​ឱ្យដឹងថា សាកសព ១៣ នាក់ ត្រូវបាន​រកឃើញ​នៅក្នុង​គំនរ​បាក់បែក ក្នុងនោះ​មាន​ក្មេង​ចំនួន ៦ នាក់​ផងដែរ។

    កម្លាំង​អាម៉េរិក បាន​សម្រុកចូល​ផ្ទះ ប្រយុទ្ធ​ជាមួយ​អ្នកបើកបរ​រថយន្ត និង​ប្រពន្ធ​របស់គេ​នៅ​ជា​ន់ទី ។ អ្នក​ទាំង ២ បាន​ស្លាប់ ខណៈ​កូន ៤ នាក់ ត្រូវបាន​នាំ​ចេញមកក្រៅ​ដោយ​សុវត្ថិភាព។ ស្ត្រី​ម្នា​ក់នៅ​ជាន់​ទី ១ ឱ្យដឹងថា ក្នុងចំណោម​នោះ មាន​ក្មេងប្រុស​ម្នាក់​អាយុ ១៥ ឆ្នាំ។

    Abu Ibrahim al-Hashimi al-Qurashi.

    លាក់ខ្លួន​ក្នុង​ជម្រក​ក្រោម​ដី​ក្នុងផ្ទះ​ក្បែរ​នោះ Abu Omar និងកូនៗ បាន​​​‌​ឮ​សំឡេង​គ្រាប់កាំភ្លើង និង​សំឡេង​ផ្ទុះ​ធំ។ ​ក្មេងៗ​ភ័យ​រន្ធត់។ «ពួកគេ​មិន​វាយប្រហារ​គ្រួសារ​យើង​ទេ។ ពួកគេ​មករក​អ្នកផ្សេង» Omar ប្រាប់កូនៗដូច្នេះ។

    ម៉ោង​ប្រហែល ៣ (ម៉ោង ៨ នៅ ភ្នំពេញ) កម្លាំង​អាម៉េរិក ចាប់​ផ្ដើម​​ប្រមូល​សម្ភារៈ​ដើម្បី​ចាកចេញ។ ក្រោយ​មក ក្រុម​បុគ្គលិក​សង្គ្រោះបន្ទាន់​ក៏បាន​មកដល់ ដើម្បី​ស្វែងរក​សាកសព​ក្រោម​គំនរ​បាក់បែក។

    Jamil al-Dadu អាយុ ៣០ ឆ្នាំ រស់នៅក្នុង​ជំរំ​ជនភៀសខ្លួន​ក្បែរ​នោះ និយាយថា មិនដែល​បានឃើញ​បេសកកម្ម​ណាមួយ​ដូច្នេះ។ «យើង​នឹកស្មាន​មិន​ដល់​ថា ជនជាតិ​អាម៉េរិក មក​ទីនេះ» al-Dadu និយាយ​ដូច្នេះ។

    ប្រធានាធិបតី​អាម៉េរិក លោក ចូ បៃ​ដិ​ន កាលពី​ថ្ងៃទី ៣ កុម្ភៈ ប្រកាសថា «ប្រភព​គំរាមកំហែង​ភេរវកម្ម​សកល​ត្រូវបាន​កម្ចាត់​ចោល» បន្ទាប់ពី al-Qurashi បាន​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅក្នុង​បេសកកម្ម​វាយឆ្មក់​របស់​អង្គភាព​ពិសេស​អាម៉េរិក។ ចំណែក មន្ទីរ​បញ្ច​កោណ វិញ អះអាងថា ការ​វាយឆ្មក់​ថ្មី​នេះ​គឺជា​បេសកកម្ម​ជោគជ័យ​ប្រឆាំងនឹង​ភេរវកម្ម ហើយ សហរដ្ឋ​អាម៉េរិក ពុំមាន​ទាហាន​ណា​ម្នាក់​ត្រូវ​រងរបួស៕

  • អាម៉េរិក កម្ទេច​ឧ​ត្ថ​ម្ភា​គ​ចក្រ​ដែល​ជួប​បញ្ហា​នៅក្នុង​បេសកកម្ម​វាយឆ្មក់​លើ​មេដឹកនាំ IS

    អាម៉េរិក កម្ទេច​ឧ​ត្ថ​ម្ភា​គ​ចក្រ​ដែល​ជួប​បញ្ហា​នៅក្នុង​បេសកកម្ម​វាយឆ្មក់​លើ​មេដឹកនាំ IS

    អង្គភាព​ពិសេស និង​យន្តហោះ​ចម្បាំង F-១៦ របស់ សហរដ្ឋ​អាម៉េរិក បាន​កម្ទេច​ឧទ្ធម្ភាគចក្រ MH-៦០ មួយគ្រឿង​ដែល​បាន​ជួប​បញ្ហា​នៅក្នុង​បេសកកម្ម​វាយឆ្មក់​លើ​មេដឹកនាំ​អង្គការ​រដ្ឋ​អ៊ីស្លាម (IS) al-Qurashi នៅ ប្រទេស​ស៊ី​រី (ISIS)។

    មន្ទីរ​បញ្ច​កោណ កាលពី​ថ្ងៃទី ៣ កុម្ភៈ ឱ្យដឹងថា ឧទ្ធម្ភាគចក្រ MH-៦០ Jayhawk បាន​ជួប​បញ្ហា​នៅពេល​ចូលរួម​បេសកកម្ម​វាយឆ្មក់​លើ​ទីតាំង​ស្នាក់នៅ​របស់​មេដឹកនាំ​អង្គការ​រដ្ឋ​អ៊ីស្លាម (IS) ឈ្មោះ Abu Ibrahim al-Hashimi al-Qurashi នៅ​តំបន់ Atmeh ភាគ​ខាងលិច​នៃ ប្រទេស​ស៊ី​រី។ ឧទ្ធម្ភាគចក្រ MH-៦០ Jayhawk ត្រូវ​ចុះចត​បន្ទាន់ ហើយក៏​ត្រូវ​កម្ទេចចោល​ដោយ​គ្រាប់បែក និង​ការបាញ់​កម្ទេច​ពី F-១៦ របស់ សហរដ្ឋ​អាម៉េរិក។

    មូលហេតុ​នៃ​ការកម្ទេច​ឧទ្ធម្ភាគចក្រ MH-៦០ Jayhawk នេះ ត្រូវបាន​ឧ​ត្ត​ម​សេនីយ៍ Frank McKenzie មេបញ្ជាការ​នៃ​អគ្គបញ្ជាការដ្ឋាន​កងទ័ព​អាមេរិក លើកឡើងថា គឺ​ដើម្បី​កុំឱ្យ​ឧបករណ៍សំខាន់ៗ នៅសល់​លើទឹក​ដី​ស៊ី​រី។ ចំពោះ​មូលហេតុ​ដែលនាំឱ្យ MH-៦០ Jayhawk ជួប​បញ្ហា​វិញ មិនទាន់​ត្រូវបាន​គេ​ឱ្យដឹង​នៅឡើយ។

    ទីជម្រក​របស់​មេដឹកនាំ​ IS ត្រូវ​បាន​កម្ទេច

    ប្រធានាធិបតី​អាម៉េរិក លោក ចូ បៃ​ដិ​ន កាលពី​ថ្ងៃទី ៣ កុម្ភៈ ប្រកាសថា «ប្រភព​គំរាមកំហែង​ភេរវកម្ម​សកល​ត្រូវបាន​កម្ចាត់​ចោល» បន្ទាប់ពី al-Qurashi បាន​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅក្នុង​បេសកកម្ម​វាយឆ្មក់​របស់​អង្គភាព​ពិសេស​អាម៉េរិក។ ការស្លាប់​របស់ al-Qurashi គឺជា​ការខាតបង់​ធំ​បំផុត​សម្រាប់ IS ក្រោយពី​មេដឹកនាំ​មុន​គឺ Abu Bakr al-Baghdadi បាន​ស្លាប់​ក្នុងការ​វាយឆ្មក់​កាលពី​ឆ្នាំ ២០១៩។

    ការ​វាយឆ្មក់​ថ្មី​នេះ​គឺជា​បេសកកម្ម​ជោគជ័យ​ប្រឆាំងនឹង​ភេរវកម្ម ហើយ សហរដ្ឋ​អាម៉េរិក ពុំមាន​ទាហាន​ណា​ម្នាក់​ត្រូវ​រងរបួស។ ឧទ្ធម្ភាគចក្រ MH-៦០ Jayhawk ដែល​ដឹក​ក្រុម​ទាហាន​ពិសេស​អាម៉េរិក បានចេញ​ដំណើរ​ពី​មូលដ្ឋានទ័ព​នៅ ទីក្រុង​កូ​បា​នី (Kobani) របស់ ប្រទេស​ស៊ី​រី ជាទី​ដែល​កងកម្លាំង​ជនជាតិ Kurd កំពុង​គ្រប់គ្រង។

    បំណែកនៃឧទ្ធម្ភាគចក្រ MH-៦០ Jayhawk

    ចាប់តាំងពី​បាត់បង់​មូលដ្ឋាន​ចុងក្រោយ​នៅ​ភាគខាងត្បូង​ប្រទេស​ស៊ី​រី កាលពី​ខែមីនា ២០១៩ ក្រុម​ប្រដាប់អាវុធ IS បានរ​ត់ទៅ​ជ្រក​ក្នុង​តំបន់​សមុទ្រ​ខ្សាច់ ហើយ​ធ្វើការ​វាយឆ្មក់​ម្ដងម្កាល ទៅលើ​កងកម្លាំង​ជនជាតិ Kurd និង​អាជ្ញាធរ​ស៊ី​រី។

    សហរដ្ឋ​អាម៉េរិក រក្សា​កម្លាំង​តិចតួច​នៅ ស៊ី​រី ដើម្បី​ជួយ​ដល់​យុទ្ធនា​ការប្រឆាំង IS និង​ការពារ​ទីតាំង​ទាញយក​រ៉ែ​ប្រេង ដែល​គ្រប់គ្រង​ដោយ​ជនជាតិ Kurd។ ទាហាន​អាម៉េរិក ប្រមាណ ៧០០ នាក់ កំពុង​បោះ​មូលដ្ឋាន​នៅ​ភាគ​ខាងជើង​នៃ ប្រទេស​ស៊ី​រី ខណៈដែល ២០០ នាក់​ផ្សេងទៀត ឈរជើង​នៅក្បែរ​ព្រំដែន​ស៊ី​រី-ហ្ស៊​កដា​នី៕

  • WHO ថា អឺរ៉ុប​ កំពុង «មាន​បទ​ឈប់​បាញ់» ជាមួយ កូ​វីដ-១៩

    WHO ថា អឺរ៉ុប​ កំពុង «មាន​បទ​ឈប់​បាញ់» ជាមួយ កូ​វីដ-១៩

    អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយថា ទ្វីបអឺរ៉ុប កំពុងស្ថិត​ក្នុងដំណាក់កាល «អនុវត្ត​បទ​ឈប់​បាញ់» ជាមួយនឹង កូ​វីដ-១៩ នៅពេល​មាន​សមត្ថភាព​ការពារ​ខ្លួន​ខ្ពស់ បើកផ្លូវ​ឱ្យមាន​ក្ដីសង្ឃឹម​អំពី «យុគសម័យ​ស្ងប់ស្ងាត់​យូរអង្វែង»។

    «ចាប់តាំងពី​មាន​ជំងឺ​រាតត្បាត​សកល​រហូតដល់​បច្ចុប្បន្ន យើង​មិន​ធ្លាប់បាន​ឆ្លងកាត់​ស្ថានការណ៍​ដូច​ពេលនេះ ជាហេតុ​ធ្វើឱ្យ​មានឱកាស​ក្នុងការ​សង្ឃឹម​អំពី​សម័យ​កាល​ស្ងប់ស្ងាត់​យូរអង្វែង» Hans Kluge ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​តំបន់​អឺរ៉ុប បានឱ្យដឹង​ដូច្នេះ​កាលពី​ម្សិលមិញ ដោយ​យល់ថា តំបន់​នេះ​កំពុងមាន​ភាពស៊ាំ​ក្នុង​សហគមន៍​ខ្ពស់ ព្រោះតែ​បាន​ចាក់​វ៉ាក់សាំង​យ៉ាង​ទូលំទូលាយ និង​ប្រជាជន​មួយ​ភាគ​ធំ​ធ្លាប់បាន​ឆ្លង​វីរុស ខណៈដែល អូ​មី​ក្រុង បង្ក​អាការ​ស្រាល​ជាង វ៉ា​រ្យ៉​ង់ ដទៃ ហើយ​រដូវរងា​ក៏​ជិត​ដាច់​ទៅវិញ។

    យោងតាម Kluge មូលហេតុ​ទាំងឡាយ​ខាងលើ​នឹង​នាំមក​ឱ្យ អឺរ៉ុប នូវ​សមត្ថភាព​ទប់ទល់​នឹង កូ​វីដ-១៩ បាន​ប្រសើរ​ជាង​មុន សូម្បីតែ​នៅពេល​មាន កូ​វីដ-១៩ ប្រភេទ​ថ្មី ដែល​សាហាវ​ជាង អូ​មី​ក្រុង។

    មន្ត្រី WHO រូបនេះ​សង្កត់ធ្ងន់ថា ប្រការនេះ «មិនមែន​មានន័យថា ជំងឺ​រាតត្បាត​សកល​ត្រូវ​បានបញ្ចប់​នោះទេ» ប៉ុន្តែ «មានឱកាស​ដើម្បី​គ្រប់គ្រង​បាន​នូវ​ការឆ្លង​រាលដាល»។

    លោក Kluge ព្រមាន​ថា ស្ថានការណ៍​ដែល WHO ព្យាករ នឹងមិន​កើតឡើង​ឡើយ បើសិន​បណ្ដា​ប្រទេស​មិន​បន្ត​យុទ្ធនា​ការចាក់​វ៉ាក់សាំង និង​បង្កើន​ការតាមដាន​ដើម្បី​ស្វែងរក វីរុស​បំប្លែង​ខ្លួន​ថ្មី រួម​នឹង​ការអនុវត្ត​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល។

    យោងតាម WHO អ្នក​វិជ្ជមាន​នឹង កូ​វីដ-១៩ ប្រហែល ១២ លាន​នាក់ ត្រូវបាន​រកឃើញ​នៅ អឺរ៉ុប កាលពី​សប្ដាហ៍​មុន ដែល​នេះ​គឺជា​តួលេខ​ខ្ពស់បំផុត រាប់​ចាប់ពី កូ​វីដ-១៩ បាន​ផ្ទុះឡើង។ ក៏ប៉ុន្តែ ដោយសារតែ​អ្នកជំងឺ​ត្រូវ​ចូល​ពេទ្យ​មាន​អត្រា​ទាប ទើប​បណ្ដា​ប្រទេស​ដូចជា បារាំង អៀរ​ឡង់ និង អង់គ្លេស ជាដើម បានប្រកាស​ដក ឬ​កាត់បន្ថយ​វិធានការ​ទប់ស្កាត់​នានា។ ដា​ណឺ​ម៉ាក កាលពី​ថ្ងៃទី ១ កុម្ភៈ បាន​ក្លាយជា​ប្រទេស​ដំបូង​គេ​នៅក្នុង​សហភាព​អឺរ៉ុប ដែល​បាន​ដក​វិធានការ​ទប់ស្កាត់​ទាំងស្រុង​នៅ​ប្រទេស​នេះ៕

  • ប្រព័ន្ធ​ផ្លូវ​សម្ងាត់​ក្រោម​ដី​របស់ សេត​វិមាន (The White House) ដែលជា​ផ្ទះ និង​ជា​កន្លែងធ្វើការ​ផ្លូវការ​របស់​ប្រធានាធិបតី​​សហរដ្ឋ​អាម៉េរិក

    ប្រព័ន្ធ​ផ្លូវ​សម្ងាត់​ក្រោម​ដី​របស់ សេត​វិមាន (The White House) ដែលជា​ផ្ទះ និង​ជា​កន្លែងធ្វើការ​ផ្លូវការ​របស់​ប្រធានាធិបតី​​សហរដ្ឋ​អាម៉េរិក

    ត្រូវបាន​សាងសង់​កាលពី​អំឡុង​ទសវត្សរ៍​ឆ្នាំ ១៧៩០ សេត​វិមាន (White House) មាន​ទីតាំងនៅ​មហាវិថី ១៦០០ Pennsylvania ក្នុង រដ្ឋធានី​វ៉ា​ស៊ី​ង​តោន សហរដ្ឋ​អាម៉េរិក។ ក្នុងអំឡុង​ជាង ២០០ ឆ្នាំ​មកនេះ សេត​វិមាន មានការ​ប្រែប្រួល​ច្រើន ក្នុងនោះ​ក៏មាន​វត្តមាន​របស់​ប​ណ្ដា​ផ្លូវ​សម្ងាត់​ក្រោម​ដី​ផងដែរ។

    ប្រព័ន្ធ​ផ្លូវ​សម្ងាត់​ក្រោម​ដី​ដំបូង​នៅ សេត​វិមាន ត្រូវបាន​សាងសង់​នៅក្នុងពេល​នៃ​ការកែលម្អ​អគារ​នេះ​កាលពី​ឆ្នាំ ១៩៥។ ផ្លូវ​សម្ងាត់​ក្រោម​ដី​មួយ​ត្រូវបាន​សាងសង់​ដើម្បី​ភ្ជាប់​ពី ស្លាប​ខាងលិច របស់ សេត​វិមាន (White House West Wing) ទៅកាន់ ស្លាប​ខាងកើត របស់ សេត​វិមាន (White House East Wing) ដើម្បី​ធ្វើជា​ទីតាំង​លាក់ខ្លួន​នៅពេល​មាន​ករណី​វាយប្រហារ​ដោយ​គ្រាប់បែក។

    អគារ​សេតវិមាន​ ផ្នែក​ដែល​បែរ​ទៅ​ទិស​ខាង​ត្បូង

    ប្រធានាធិបតី Ronald Reagan ក៏​ធ្លាប់​បញ្ជា​ឱ្យ​សាងសង់​ផ្លូវ​សម្ងាត់​ក្រោម​ដី​មួយ​ខ្សែ​កាលពី​ឆ្នាំ ១៩៨៧ ដើម្បី​ភ្ជាប់​ទៅកាន់​ជណ្ដើរ​នៅ​ខាងក្រៅ​ការិយាល័យ​ប្រធានាធិបតី (បន្ទប់​រាង​ពងក្រពើ/The Oval Office) ទុក​សម្រាប់​គេចខ្លួន​ពេល​មាន​អំពើ​ភេរវកម្ម។ Franklin D. Roosevelt ក្រោយមក​ក៏បាន​ចេញ​បញ្ជា​ឱ្យ​សាងសង់​ផ្លូវ​សម្ងាត់​ក្រោម​ដី​មួយ​ដែរ ដែល​ភ្ជាប់​ពី ស្លាប​ខាងកើត ទៅកាន់ ក្រសួង​ហិរញ្ញវត្ថុ ដើម្បី​ជា​កន្លែង​លាក់ខ្លួន​ពេល​មានការ​វាយប្រហារ​ពី​អាកាស។

    ទីតាំង​របស់​ សេតវិមាន និង​ តំបន់ភ្នំ Capitol Hill

    ព័ត៌មាន​ចចាមអារ៉ាម​ជាច្រើន​បាន​និយាយថា នៅមាន​ផ្លូវ​សម្ងាត់​ក្រោម​ដី​ជាច្រើន​ផ្សេងទៀត​ដែល​មិនត្រូវ​បាន​គេ​ដឹង​ជា​សាធារណៈ ក្នុងនោះ​មានដូចជា ផ្លូវ​សម្ងាត់​ក្រោម​ដី​ភ្ជាប់​ពី សេត​វិមាន ទៅកាន់ តំបន់ភ្នំ Capitol Hill (ដែលមាន​វិមាន​រដ្ឋសភា ព្រឹទ្ធសភា និង​តុលា​កំពូល។ល), ផ្លូវ​សម្ងាត់​ក្រោម​ដី​ភ្ជាប់​ពី សេត​វិមាន ទៅកាន់ វិមាន​អនុ​ប្រធានាធិបតី, ផ្លូវ​សម្ងាត់​ក្រោម​ដី​ភ្ជាប់​ពី សេត​វិមាន ទៅកាន់ Camp David ដែល​ជាទី​សម្រាក​លំហែកាយ​របស់​ប្រធានាធិបតី​អាម៉េរិក និង​ផ្លូវ​សម្ងាត់​ក្រោម​ដី​ពី សេត​វិមាន ទៅកាន់ មន្ទីរ​បញ្ច​កោណ (The Pentagon) ដែលជា​អគារ​របស់ ក្រសួងការពារជាតិ ជាដើម៕

  • ភរិយា​របស់ មេដឹកនាំ​កូរ៉េខាងជើង បង្ហាញខ្លួន​ជា​លើកដំបូង បន្ទាប់ពី​អវត្តមាន​ច្រើន​ខែ

    ភរិយា​របស់ មេដឹកនាំ​កូរ៉េខាងជើង បង្ហាញខ្លួន​ជា​លើកដំបូង បន្ទាប់ពី​អវត្តមាន​ច្រើន​ខែ

    ភរិយា​របស់ មេដឹកនាំ​កូរ៉េខាងជើង បានបង្ហាញ​ខ្លួន​នៅក្នុង​ពិធី​សម្ដែង​សិល្បៈ​អំណរ​ចូលឆ្នាំថ្មី ក្រោយ​បាត់​ខ្លួន​ពី​សាធារណៈ​ជិត ៥ ខែ។

    សារព័ត៌មាន​ជាតិ​កូរ៉េខាងជើង KCNA បានឱ្យដឹងថា មេដឹកនាំ Kim Jong-un និង​ភរិយា Ri Sol-ju បាន​ចូលរួម​ក្នុង​ពិធី​សម្ដែង​សិល្បៈ​ដើម្បី​ទទួល​អំណរ​ឆ្នាំ​ថ្មី​នៅឯ​សាល​មហោស្រព​សិល្បៈ Mansudae នៅ រដ្ឋធានី​ព្យុងយ៉ាង កាលពី​ម្សិលមិញ។ នេះ​គឺជា​លើកដំបូង​ដែល​លោកស្រី Ri បង្ហាញខ្លួន​ជា​សាធារណៈ រាប់​ចាប់ពី​ថ្ងៃទី ៩ កញ្ញា ២០២១ អំឡុងពេល​លោក Kim Jong-un និង​លោកស្រី ធ្វើ​ទស្សនកិច្ច​រាជវាំង​ព្រះអាទិត្យ Kumsusan នាឱកាស​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ។

    KCNA សរសេរថា លោក Kim Jong-un និង​ភរិយា បាន​ឡើងលើ​ឆាក ក្រោយ​ពិធី​សម្ដែង ដើម្បី​ចាប់ដៃ និង​ថតរូប​ជាមួយ​ក្រុម​អ្នកសិល្បៈ។ ក៏ប៉ុន្តែ សារព័ត៌មាន​ជាតិ​កូរ៉េខាងជើង នេះ មិនទាន់​បញ្ចេញ​រូបថត​ស្ដីពី​ព្រឹត្តិការណ៍​នេះ​នៅឡើយ។

    លោកស្រី Ri Sol-il កាលពី​ឆ្នាំ​ ២០១៨

    លោកស្រី Ri ធ្លាប់​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​សាធារណៈ​ជនជាតិ និង​អន្តរជាតិ​នាពេល​កន្លង នៅពេល​លោកស្រី និង​ស្វាមី បង្ហាញ​វត្តមាន​ក្នុង​ព្រឹត្តិការណ៍ធំៗជាច្រើន​របស់​ប្រទេសជាតិ ខុសពី​អ្វីដែល​អតីត​មេដឹកនាំ Kim Jong-il ធ្លាប់​បានធ្វើ។ លោកស្រី Ri Sol-il ធ្លាប់បាន​បាត់​ខ្លួន​ប្រហែល ១ ឆ្នាំ ក្នុងអំឡុង ២០២០-២០២១ ធ្វើឱ្យ​សាធារណមតិ​យល់ថា លោកស្រី​ប្រហែល​ជាមាន​បញ្ហា​សុខភាព ឬ​មា​នគ​ភ៍។

    ទីភ្នាក់ងារ​ស៊ើប​ការសម្ងាត់​របស់ កូរ៉េខាងត្បូង បានឱ្យដឹងថា អវត្តមាន​រយៈពេល ៥ ខែ​កន្លងទៅថ្មីៗនេះ របស់ លោកស្រី Ri ទំនងជា​ដោយសារ​ខ្លាច​ឆ្លង វីរុស​កូ​វីដ-១។ លោក Kim Jong-un និង​ភរិយា មាន​បុត្រ​ជាមួយគ្នា​ចំនួន ៣ នាក់ ប៉ុន្តែ មិនមាន​ព័ត៌មាន​ច្រើន​ដែល​ត្រូវបាន​បញ្ចេញ​ជា​សាធារណៈ​ស្ដីពីកូនៗរបស់​មេដឹកនាំ​រូបនេះ​ឡើយ៕

  • អ្នកវិទ្យាសាស្ត្រ​រកឃើញ​ថា ទឹក​រាវ​ពិត​ជាមាន​នៅលើ​ពិភព​ព្រះ​អង្គារ «កាលពីពេលថ្មីៗនេះ»

    អ្នកវិទ្យាសាស្ត្រ​រកឃើញ​ថា ទឹក​រាវ​ពិត​ជាមាន​នៅលើ​ពិភព​ព្រះ​អង្គារ «កាលពីពេលថ្មីៗនេះ»

    ក្រុម​អ្នកជំនាញ​បាន​សិក្សា​អំពី​កំណក​អំបិល​លើ​ពិភព​ព្រះ​អង្គារ និង​បាន​សន្និដ្ឋានថា ទឹក​ទម្រង់​រាវ​ទំនង​ជាមាន​វត្តមានកាល​ពី​យុគសម័យ «ថ្មី» នេះ ជាជាង ការសន្និដ្ឋានមុនៗដែលថា វត្តមាន​ចុងក្រោយ​របស់​ទឹក មាន​កាលពី ៣ ពាន់​លាន​ឆ្នាំមុន។

    ដោយ​ពឹង​ផ្អែកលើ​យាន​សង្កេត​ពិភពលោក​អង្គារ (MRO) របស់ NASA ក្រុម​អ្នកស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កាលី​ហ្វ​រ​ញ៉ា (Caltech) កំណត់​បាន​ថា ទឹក​ទម្រង់​រាវ​អាច​ហូរ​នៅលើ​ពិភព​ក្រហម​នេះ​កាលពី ២ ពាន់​លាន​ឆ្នាំមុន ពោលគឺ​ជិត​នឹង​សម័យ​បច្ចុប្បន្ន​ជាង បើ​ធៀប​នឹង​ការគិតមុន។ នេះ​បើតាម Space ចេញផ្សាយ​កាលពី​ថ្ងៃទី ១៦ មករា។

    ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​ប្រើប្រាស់​ទិន្នន័យ​របស់ MRO ដើម្បី​បង្កើត​តារាង​ស្ដីអំពី​វត្តមាន​របស់​កំណ​កអំ​បិ​ល chloride ដែល​ទឹក​ហូរ​បាន​បន្សល់ទុក។

    ស្នាម​កំណក​អំបិល​លើ​ពិភព​អង្គារ

    ដោយ​ការពិនិត្យ​មើល​កំណក​អំ​បិ​ល ក្រុម​អ្នកវិទ្យាសាស្ត្រ​នេះ​បាន​រកឃើញថា កំណក​អំបិល​ដែល​ថត​បាន​ដោយ MRO មាន​អាយុកាល​ក្មេង​ជាង​អ្វីដែល​បាន​រកឃើញ​មុន​នោះ។

    របកគំហើញ​ថ្មី បាន​ផ្លាស់ប្ដូរ​ការយល់ឃើញ​អំពី​ពេលវេលា​ស្ដីពី​វត្តមាន​របស់​ទឹក​រាវ​នៅលើ​ពិភព​ព្រះ​អង្គារ។ ការរកឃើញមុនៗបង្ហាញថា ទឹក​រាវ​មាន​នៅលើ​ពិភព​អង្គារ​កាលពី ៣ ពាន់​លាន​ឆ្នាំមុន ខណៈ​របកគំហើញ​ថ្មី​បញ្ជាក់ថា ២ ពាន់​លាន​ឆ្នាំមុន៕