Category: អន្តរជាតិ

  • សហរដ្ឋ​អាម៉េរិក បញ្ជូន​យន្តហោះ​ចម្បាំង និង​ឧទ្ធម្ភាគចក្រ​វាយប្រហារ រាប់​​សិប​គ្រឿង ទៅជិត «របង​ផ្ទះ» របស់ រុស្ស៊ី

    សហរដ្ឋ​អាម៉េរិក បញ្ជូន​យន្តហោះ​ចម្បាំង និង​ឧទ្ធម្ភាគចក្រ​វាយប្រហារ រាប់​​សិប​គ្រឿង ទៅជិត «របង​ផ្ទះ» របស់ រុស្ស៊ី

    អាម៉េរិក បញ្ជូន​យន្តហោះ​ចម្បាំង F-១៥ និង​ឧទ្ធម្ភាគចក្រ Apache ចំនួន ៣២ គ្រឿង ទៅកាន់ ប្រទេស​ប៉ូឡូញ និង​បណ្ដា​ប្រទេស​នៅ​តំបន់​សមុទ្រ​បាល់​ទិ​ក ក្នុង​គ្រា​ដែល រុស្ស៊ី ពង្រាយ​កងទ័ព​ក្បែរ ព្រំដែន​អ៊ុយ​ក្រែ​ន ក្រោយពី​លោក ពូ​ទីន បានទទួល​ស្គាល់​ដែនដី​ផ្ដាច់ខ្លួន​នៅ​ភាគ​ខាងកើត​របស់ អ៊ុយ​ក្រែ​ន។

    ប្រធានាធិបតី​អាម៉េរិក លោក ចូ បៃ​ដិ​ន កាលពី​ម្សិលមិញ បានប្រកាស​ពង្រាយ​ទ័ព​នៅ អឺរ៉ុប ជាថ្មី ក្នុងនោះ អង្គភាព​ជាច្រើន​របស់​យោធា ក៏ត្រូវ​បាន​ពង្រាយ​នៅ​ភាគ​ខាងកើត​របស់ ណា​តូ។ «ខ្ញុំ​បាន​បញ្ជា​ឱ្យ​ពង្រាយ​កម្លាំង និង​សព្វាវុធ​របស់ អាម៉េរិក ដែលមាន​ស្រាប់​នៅ អឺរ៉ុប ដើម្បី​បង្កើត​កម្លាំង​ឱ្យ​សម្ព័ន្ធមិត្ត​នៅ តំបន់​បាល់​ទិ​ក រួមមាន អេ​ស្តូ​នី, ឡេ​តូ​នី និង លី​ទុយ​អា​នី» លោក បៃ​ដិ​ន ឱ្យដឹង​ដូច្នេះ។

    កងទ័ព​អាម៉េរិក បង្កើន​វត្តមាន​នៅ​ តំបន់​បាល់ទិក ក្នុង​នោះ​មាន​ ប្រទេស​អេស្តូនី, ឡេតូនី និង លីទុយអានី ផងដែរ​

    ក្រសួងការពារជាតិ​អាម៉េរិក ក្រោយមក​ក៏បាន​ប្រកាស​លម្អិត​អំពី​ការ​ចល័ត​ទ័ព ក្នុងនោះ ទាហាន ៨០០ នាក់ នឹងធ្វើ​ដំណើរ​ពី អ៊ីតាលី ទៅកាន់ តំបន់​បាល់​ទិ​ក ខណៈដែល យន្តហោះ​ចម្បាំង F-៣៥ ចំនួន ៨ គ្រឿង នឹង​ចល័ត​ពី អាល្លឺម៉ង់ ទៅកាន់​តំបន់​យុទ្ធសាស្ត្រ​ជាច្រើន​នៅ​ភាគ​ខាងកើត​របស់ ណា​តូ»។

    ឧទ្ធម្ភាគចក្រ​វាយប្រហារ AH-៦៤ Apache ចំនួន ២០ គ្រឿង ដែល​ស្ថិតនៅក្នុង ប្រទេស​អាល្លឺម៉ង់ នឹង​ហោះ​ទៅកាន់ តំបន់​បាល់​ទិ​ក ក្នុង​គ្រា​ដែល ១២ គ្រឿង​ទៀត នឹង​ហោះ​ពី ប្រទេស​ក្រិ​ក ទៅកាន់ ប្រទេស​ប៉ូឡូញ។ លោក បៃ​ដិ​ន ក៏​ប្រកាសថា អាម៉េរិក នឹង​បន្ត​ផ្គត់ផ្គង់​អាវុធ​ការពារ​ខ្លួន ឱ្យទៅ អ៊ុយ​ក្រែ​ន ផងដែរ។

    តំបន់​ដែល​កំពុង​មាន​ភាព​តានតឹង​ខ្លាំង​ ជុំវិញបញ្ហា​វិបត្តិ​អ៊ុយក្រែន

    ភាព​តានតឹង​នៅ​ជុំវិញ «វិបត្តិ អ៊ុយ​ក្រែ​ន» កាន់តែ​ឡើងក​ម្ដៅ​ខ្លាំង បន្ទាប់ពី ប្រធានាធិបតី​ប្រធានាធិបតី​រុស្ស៊ី លោក វ្លា​ឌី​មៀ ពូ​ទីន កាលពី​ថ្ងៃទី ២១ កុម្ភៈ បានប្រកាស​ទទួលស្គាល់​ឯករាជ្យ​របស់​តំបន់ Donetsk និង Luhansk នៅ​ភាគ​ខាងកើត​របស់ ប្រទេស​អ៊ុយ​ក្រែ​ន និង​បាន​ចុះ​កិច្ចព្រមព្រៀង​សហការគ្នាជាមួយ​មេដឹកនាំ​របស់​តំបន់​ទាំងពីរ​នេះ។ កិច្ចព្រមព្រៀង​នេះ អនុញ្ញាតឱ្យ រុស្ស៊ី មាន​សិទ្ធិ​កសាង​មូលដ្ឋានទ័ព​នៅ Donetsk និង Luhansk។ លោក ពូ​ទីន ក៏បាន​បញ្ជា​ឱ្យ​ក្រសួងការពារជាតិ បញ្ជូន​ទ័ព​ទៅ​តំបន់​ទាំងនេះ​ដើម្បី «រក្សា​សន្តិភាព»៕

  • រុស្ស៊ី ផ្គុំ​កម្លាំង​-អាវុធ ​ក្បែរ​ព្រំដែន​របស់ បេឡា​រុស-អ៊ុយ​ក្រែ​ន ចម្ងាយ ៤០ គូ​ឡូ​ម៉ែត្រ

    រុស្ស៊ី ផ្គុំ​កម្លាំង​-អាវុធ ​ក្បែរ​ព្រំដែន​របស់ បេឡា​រុស-អ៊ុយ​ក្រែ​ន ចម្ងាយ ៤០ គូ​ឡូ​ម៉ែត្រ

    យោងតាម​រូបភាព​ផ្កាយរណប យាន​ប្រហែល ១០០ គ្រឿង និង​តង់​រាប់សិប ដែល​សង្ស័យថា​ជា​របស់ រុស្ស៊ី បានបង្ហាញ​ខ្លួន​នៅក្នុង​ព្រលានយន្តហោះ​របស់ បេឡា​រុស ដែលមាន​ចម្ងាយ​ប្រហែល ៤០ គីឡូម៉ែត្រ ពី​ព្រំដែន​របស់ អ៊ុយ​ក្រែ​ន។

    រូបភាព​ផ្កាយរណប​ដែល​ត្រូវបាន​ក្រុមហ៊ុន Maxar Technologies នៅ សហរដ្ឋ​អាម៉េរិក ប្រកាស​កាលពី​ថ្ងៃទី ២២ កុម្ភៈ បង្ហាញថា មានការ​ដាក់ពង្រាយ​ទ័ព​ថ្មី អាចជា​របស់ រុស្ស៊ី នៅឯ​ព្រលានយន្តហោះ​ក្បែរ​ទីក្រុង Mazyr នៃ ប្រទេស​បេឡា​រុស។ ទីតាំង​នៃ​ការ​ផ្គុំ​កម្លាំង​នេះ​ស្ថិតនៅ​ចម្ងាយ ៤០ គីឡូម៉ែត្រ ពី​ព្រំដែន​របស់ បេឡា​រុស-អ៊ុយ​ក្រែ​ន និង​ប្រហែល ១៧៧ គីឡូម៉ែត្រ ពី រដ្ឋធានី​កៀវ។

    និពន្ធ​នាយក Christoph Koettl របស់ NY Times ឱ្យដឹងថា កម្លាំងប្រដាប់អាវុធ​បង្ហាញខ្លួន​នៅ​តំបន់​ខាងលើ​ចាប់ពី​ពាក់កណ្ដាល​ខែកុម្ភៈ។ វីដេអូ​មួយ​ដែល​បង្ហោះ​កាលពី​ថ្ងៃទី ១៤ កុម្ភៈ បង្ហាញថា ក្រុម​ទាហាន​ជញ្ជូន​ធុង​ប្រេង​ជាច្រើន​ទៅកាន់​ព្រលានយន្តហោះ។ រូបភាព​ផ្កាយរណប​ដែល​ទើបតែ​បាន​បញ្ចេញ​កាលពីពេលថ្មីៗនេះ ក៏​បញ្ជាក់ថា យានយន្ត​ជាង ១០០ គ្រឿង និង​តង់​រាប់សិប បង្ហាញ​វត្ត​មាននៅ​ទីតាំង​នេះ​ផងដែរ។

    Maxar រាយការណ៍​ថា ផ្កាយរណប​ថត​បាន​មន្ទីរពេទ្យ​បណ្ដោះអាសន្ន​មួយ បង្ហាញខ្លួន​នៅ​ទីតាំង​បោះទ័ព​របស់​អង្គភាព​យោធា​មួយ​របស់ រុស្ស៊ី នៅ​តំបន់​ភាគ​ខាងលិច ជិត​ព្រំដែន​ជាមួយ អ៊ុយ​ក្រែ​ន។

    រថភ្លើង​ដឹក​សព្វាវុធ​ធុន​ធ្ងន់​ដូចជា រថក្រោះ និង​កាំភ្លើង​ធំ​ជាដើម ក៏​បង្ហាញខ្លួន​នៅ​តំបន់​ព្រំដែន​ភាគ​ខាងលិច​របស់ រុស្ស៊ី ជាប់​ជាមួយ អ៊ុយ​ក្រែ​ន និង​តំបន់​មួយចំនួន​ផ្សេងទៀត។

    ព័ត៌មាន​ខាងលើ​ត្រូវ​បានលើកឡើង​បន្ទាប់ពី ប្រធានាធិបតី​ប្រធានាធិបតី​រុស្ស៊ី លោក វ្លា​ឌី​មៀ ពូ​ទីន កាលពី​ថ្ងៃទី ២១ កុម្ភៈ បានប្រកាស​ទទួលស្គាល់​ឯករាជ្យ​របស់​តំបន់ Donetsk និង Luhansk នៅ​ភាគ​ខាងកើត​របស់ ប្រទេស​អ៊ុយ​ក្រែ​ន និង​បាន​ចុះ​កិច្ចព្រមព្រៀង​សហការគ្នាជាមួយ​មេដឹកនាំ​របស់​តំបន់​ទាំងពីរ​នេះ។ កិច្ចព្រមព្រៀង​នេះ អនុញ្ញាតឱ្យ រុស្ស៊ី មាន​សិទ្ធិ​កសាង​មូលដ្ឋានទ័ព​នៅ Donetsk និង Luhansk។ លោក ពូ​ទីន ក៏បាន​បញ្ជា​ឱ្យ​ក្រសួងការពារជាតិ បញ្ជូន​ទ័ព​ទៅ​តំបន់​ទាំងនេះ​ដើម្បី «រក្សា​សន្តិភាព»។

    នៅក្នុង​កិច្ចប្រជុំ​បន្ទាន់​របស់ ក្រុមប្រឹក្សាសន្តិសុខ​នៃ អង្គការសហប្រជាជាតិ កាលពី​ម្សិលមិញ សហរដ្ឋ​អាម៉េរិក និង​បណ្ដា​ប្រទេស​លោកខាងលិច បាន​ថ្កោលទោស​ចំពោះ​សកម្មភាព​របស់ រុស្ស៊ី។ ចំណែក ទីក្រុង​មូ​ស្គូ វិញ ក៏បាន​ចោទថា អ៊ុយ​ក្រែ​ន បំផ្លាញ​កិច្ចព្រមព្រៀង Minsk និង​ថា លោកខាងលិច រុញច្រាន អ៊ុយ​ក្រែ​ន ឱ្យ​ធ្លាក់​ទៅក្នុង​ទ​ម្លោះ​ប្រដាប់អាវុធ៕

  • សហរដ្ឋ​អាម៉េរិក ដាក់ទណ្ឌកម្ម​លើ រុស្ស៊ី ក្រោយ ពូ​ទីន ទទួលស្គាល់​ឯករាជ្យ​នៅ Donetsk និង Luhansk

    សហរដ្ឋ​អាម៉េរិក ដាក់ទណ្ឌកម្ម​លើ រុស្ស៊ី ក្រោយ ពូ​ទីន ទទួលស្គាល់​ឯករាជ្យ​នៅ Donetsk និង Luhansk

    ប្រធានាធិបតី​អាម៉េរិក បានប្រកាស​ដាក់ទណ្ឌកម្ម​ដំបូង​លើ​ធនាគារ និង​ឥស្សរជន​រុស្ស៊ី ព្រមទាំង​សន្យាថា នឹងមាន​ទណ្ឌកម្ម​ជាច្រើន​ទៀត។

    «នេះ​គឺជា​ការចាប់ផ្ដើម​សម្រាប់​ការឈ្លានពាន​របស់ រុស្ស៊ី ទៅលើ អ៊ុយ​ក្រែ​ន» លោក ចូ បៃ​ដិ​ន បាន​ថ្លែង​ដូច្នេះ​កាលពី​ថ្ងៃទី ២២ កុម្ភៈ នៅ សេត​វិមាន។ «រុស្ស៊ី ពេលនេះ​ប្រាកដជា​នឹង​លុកលុយ ប្រទេស​អ៊ុយ​ក្រែ​ន»។

    សហរដ្ឋ​អាម៉េរិក ធ្លាប់បាន​សន្យាថា នឹងដាក់​ទណ្ឌកម្ម​យ៉ាង​ធ្ងន់ធ្ងរ​លើ រុស្ស៊ី បើសិន ទីក្រុង​មូ​ស្គូ បញ្ជូន​ទ័ព​ចូលលុកលុយ អ៊ុយ​ក្រែ​ន។ លោក បៃ​ដិ​ន បានប្រកាសថា សហរដ្ឋ​អាម៉េរិក ចាប់ផ្ដើម​ដំឡើង​យន្តការ​នៃ​ការដាក់ទណ្ឌកម្ម​កម្រិត​ធ្ងន់​បំផុត​របស់ខ្លួន ក្នុងនោះ​ក៏មាន​ការបញ្ចូល​ឈ្មោះ​ក្រុម​ឥស្សរជន​រុស្ស៊ី និង​ធនាគារ​ចំនួន ២ របស់​ប្រទេស​នេះ ទៅក្នុង​បញ្ជី​ទណ្ឌកម្ម។ បណ្ដា​ប្រទេស​ត្រូវបាន​ណែនាំ​ជាពិសេស នឹង​បំបាត់​ពួកគេ​ចេញពី​ប្រព័ន្ធ​ធនាគារ​អាម៉េរិក ហាម​ជួញដូរ​ជាមួយ ពលរដ្ឋ​អាម៉េរិក និង​បង្កក់​ទ្រព្យសម្បត្តិ​របស់​ពួកគេ​នៅ សហរដ្ឋ​អាម៉េរិក។

    លោក បៃ​ដិ​ន បញ្ជាក់ថា ទណ្ឌកម្ម​ដំបូង​នេះ​នឹង​អនុវត្ត​ទៅលើ​ធនាគារ VEB និង ធនាគារ​យោធា​រុស្ស៊ី Promsvyazbank ដែលជា​ធនាគារ​តែងតែ​ធ្វើ​ប្រតិបត្តិ​ការទាក់ទង​នឹង​វិស័យ​ការពារជាតិ។ រដ្ឋាភិបាល​រុស្ស៊ី ក៏​មិនអាច​ទទួលបាន​ប្រភព​ហិរញ្ញវត្ថុ​ពី​បណ្ដា​ប្រទេស​លោកខាងលិច។

    Dmitry Peskov អ្នកនាំពាក្យ​របស់ វិមាន​ក្រឹម​ឡាំង ឱ្យដឹងថា រុស្ស៊ី នឹង​ពិនិត្យ​លើ​អ្វីដែល សហរដ្ឋ​អាម៉េរិក បានលើកឡើង មុននឹង​មានប្រតិកម្ម​តប។

    វិបត្តិ​នៅ អ៊ុយ​ក្រែ​ន បន្ត​ឡើងក​ម្ដៅ បន្ទាប់ពី ប្រធានាធិបតី​រុស្ស៊ី លោក វ្លា​ឌី​មៀ ពូ​ទីន កាលពី​ថ្ងៃទី ២១ កុម្ភៈ បានទទួល​ស្គាល់​ដែនដី Donetsk និង Luhansk នៅ​ភាគ​ខាងកើត​របស់ អ៊ុយ​ក្រែ​ន ជា​ប្រទេស​ឯករាជ្យ និង​បាន​ចុះ​កិច្ចព្រមព្រៀង​សហការគ្នា ក្នុងនោះ រុស្ស៊ី មាន​សិទ្ធិ​បង្កើត​មូលដ្ឋានទ័ព​នៅ​ដែនដី​ទាំងនេះ។

    នៅក្នុង​កិច្ចប្រជុំ​បន្ទាន់​របស់ ក្រុមប្រឹក្សាសន្តិសុខ​នៃ អង្គការសហប្រជាជាតិ កាលពី​ម្សិលមិញ សហរដ្ឋ​អាម៉េរិក និង​បណ្ដា​ប្រទេស​លោកខាងលិច បាន​ថ្កោលទោស​ចំពោះ​សកម្មភាព​របស់ រុស្ស៊ី។ ចំណែក ទីក្រុង​មូ​ស្គូ វិញ ក៏បាន​ចោទថា អ៊ុយ​ក្រែ​ន បំផ្លាញ​កិច្ចព្រមព្រៀង Minsk និង​ថា លោកខាងលិច រុញច្រាន អ៊ុយ​ក្រែ​ន ឱ្យ​ធ្លាក់​ទៅក្នុង​ទ​ម្លោះ​ប្រដាប់អាវុធ៕

  • អាម៉េរិក ពិភាក្សា​អំពី​គម្រោង​ជម្លៀស ប្រធានាធិបតី​របស់ អ៊ុយ​ក្រែ​ន ចេញពី រដ្ឋធានី​កៀវ

    អាម៉េរិក ពិភាក្សា​អំពី​គម្រោង​ជម្លៀស ប្រធានាធិបតី​របស់ អ៊ុយ​ក្រែ​ន ចេញពី រដ្ឋធានី​កៀវ

    ក្រុមមន្ត្រី​សហរដ្ឋ​អាម៉េរិក កំពុងតែ​ពិភាក្សាគ្នា​អំពី​គម្រោង​ជម្លៀស ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​ម៉ា​យឺ ហ្សេ​ឡេ​ន​ស្កា​យ (Volodymyr Zelensky) ចេញពី រដ្ឋធានី​កៀវ ក្នុងករណី​កើតមាន​សង្គ្រាម​ជាមួយ រុស្ស៊ី។

    យោងតាម Sputnik ព័ត៌មាន​លម្អិត​ស្ដីពី​គម្រោង​ជម្លៀស​ខាងលើ ដូចជា ពេលវេលា និង​ក្នុង​ស្ថានការណ៍​បែបណា មិនទាន់​ត្រូវបាន​គេ​ឱ្យដឹង​នៅឡើយ។ រដ្ឋធានី​កៀវ គឺជា​ទីក្រុង​ធំ​ទីមួយ​របស់ អ៊ុយ​ក្រែ​ន និង​មាន​ប្រជាជន​សរុប​ជិត ៣ លាន​នាក់។ ទីក្រុង​នេះ​ស្ថិតនៅ​ក្បែរ​ទន្លេ និង​មាន​ចម្ងាយ​ជិត ៣៨០ គីឡូម៉ែត្រ ពី ព្រំដែន​រុស្ស៊ី។

    ព័ត៌មាន​ស្ដីពី​គម្រោង​ជម្លៀស ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ត្រូវបាន​បង្ហើប​ឱ្យដឹង​បន្ទាប់ពី ដែនដី Donetsk និង Luhansk នៅ​ភាគ​ខាងកើត នៃ ប្រទេស​អ៊ុយ​ក្រែ​ន ត្រូវបាន ប្រធានាធិបតី​រុស្ស៊ី លោក ពូ​ទីន ទទួលស្គាល់ថា ជា​ប្រទេស​ឯករាជ្យ ព្រមទាំង​បាន​បញ្ជា​ឱ្យ​បញ្ជូន​ទ័ព​ទៅកាន់​តំបន់​ទាំងនោះ។

    ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីម៉ាយឺ ហ្សេឡេនស្កាយ (Volodymyr Zelenskyy)

    ទង្វើ​របស់លោក ពូ​ទីន បានធ្វើឱ្យ​ស្ថានការណ៍​តានតឹង​រវាង រុស្ស៊ី ជាមួយនឹង អ៊ុយ​ក្រែ​ន អាម៉េរិក រួម​នឹង​បណ្ដា​ប្រទេស​នៃ សម្ព័ន្ធមិត្ត​អា​ត្ល​ង់​ទិ​ក​ខាងជើង (ណា​តូ) កាន់តែ​ឡើងក​ម្ដៅ។

    ស្ថានការណ៍​នៅ អ៊ុយ​ក្រែ​ន បាន​ឡើងក​ម្ដៅ​ខ្លាំង​ចាប់តាំងពី​ចុងឆ្នាំ ២០២១ បន្ទាប់ពី សហរដ្ឋ​អាម៉េរិក និង​លោកខាងលិច បាន​ចោទថា រុស្ស៊ី ពង្រាយ​ទ័ព​ជាង ១០០,០០០ នាក់ នៅ​ព្រំដែន​ភាគ​ខាងលិច ដើម្បី​អនុវត្ត​ផែនការ​ឈ្លានពាន ប្រទេស​អ៊ុយ​ក្រែ​ន។ ប៉ុន្តែ រុស្ស៊ី បាន​បដិសេធ​ការចោទប្រកាន់​នេះ និង​បាន​រិះគន់ថា សហរដ្ឋ​អាម៉េរិក និង​សម្ព័ន្ធមិត្ត បំប៉ោង​ហានិភ័យ​ស្ដីពី​ការកើតមាន​សង្គ្រាម៕

  • ស្ថានទូត​ចិន នៅ អ៊ុយ​ក្រែ​ន ណែនាំ​ឱ្យ​ពលរដ្ឋ​របស់ខ្លួន ត្រៀម​អាហារ និង​របស់របរ​ចាំបាច់

    ស្ថានទូត​ចិន នៅ អ៊ុយ​ក្រែ​ន ណែនាំ​ឱ្យ​ពលរដ្ឋ​របស់ខ្លួន ត្រៀម​អាហារ និង​របស់របរ​ចាំបាច់

    ស្ថានទូត​ចិន ប្រចាំ ប្រទេស​អ៊ុយ​ក្រែ​ន បានធ្វើ​ការព្រមាន​ដល់​ពលរដ្ឋ​របស់ខ្លួន​ថា មិនត្រូវ​ទៅកាន់​តំបន់​អស្ថិរភាព និង​ត្រូវ​ត្រៀម​ស្បៀងអាហារ​ឱ្យបាន​គ្រប់គ្រាន់។

    «ស្ថានការណ៍​នៅ ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន បាន​ប្រែប្រួល​ខ្លាំង។ ស្ថានទូត​ចិន ប្រចាំ ប្រទេស​អ៊ុយ​ក្រែ​ន សូម​ក្រើនរំលឹក​ដល់​ពលរដ្ឋ និង​បណ្ដា​ក្រុមហ៊ុន យកចិត្តទុកដាក់​លើ​ប្រកាស​នានា​ស្ដីពី​សុវត្ថិភាព​ដែល​ត្រូវ​បានលើកឡើង​នៅក្នុង​តំបន់ និង​មិនត្រូវ​ទៅកាន់​តំបន់​ទាំងឡាយ​ដែលមាន​អស្ថិរភាព» ស្ថានទូត​ចិន បាន​ចុះផ្សាយ​លើ​គេហទំព័រ​របស់ខ្លួន នៅថ្ងៃនេះ។

    ក្រៅពី​ការព្រមាន​ដូចខាងលើ ស្ថានទូត​ចិន ប្រចាំ ប្រទេស​អ៊ុយ​ក្រែ​ន មិនបាន​ណែនាំ​ឱ្យ​ពលរដ្ឋ​របស់ខ្លួន​ចាក​ចេញពី ទឹកដី​អ៊ុយ​ក្រែ​ន ដូច​ទៅនឹង​សារ​ពី​ប្រទេសផ្សេងៗនោះទេ។

    កាលពី​ដើមខែ​នេះ បណ្ដា​ប្រទេស ដូចជា សហរដ្ឋ​អាម៉េរិក អង់គ្លេស និង អាល្លឺម៉ង់ ជាដើម បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​របស់​ពួកគេ ប្រញាប់​ចាកចេញ​ពី ទឹកដី​អ៊ុយ​ក្រែ​ន ដោយសារតែ​មានការ​ព្រួយបារម្ភ​អំពី​ហានិភ័យ «រុស្ស៊ី ឈ្លានពាន អ៊ុយ​ក្រែ​ន»។ ស្ថានទូត​ចិន ពេលនោះ បាន​ស្នើឱ្យ​ពលរដ្ឋ​ចិន រក្សា​ភាពស្ងប់ស្ងាត់ និង​តាមដាន​ស្ថានការណ៍ ព្រមទាំង​បាន​រិះគន់​ប្រទេស​លោកខាងលិច​ថា បំប៉ោង​ស្ថានការណ៍។

    ការណែនាំ​របស់ ស្ថានទូត​ចិន ខាងលើនេះ ត្រូវ​បានលើកឡើង​បន្ទាប់ពី ប្រធានាធិបតី​រុស្ស៊ី លោក វ្លា​ឌី​មៀ ពូ​ទីន កាលពី​ថ្ងៃទី ២១ កុម្ភៈ បានប្រកាស​ទទួលស្គាល់​ឯករាជ្យ​របស់​តំបន់ Donetsk និង Lugansk ដែល​បាន​ផ្ដាច់ខ្លួន​ចេញពី ប្រទេស​អ៊ុយ​ក្រែ​ន និង​បាន​ចុះ​កិច្ចព្រមព្រៀង​សហការគ្នាជាមួយ​មេដឹកនាំ​របស់​តំបន់​ទាំងពីរ​នេះ។ កិច្ចព្រមព្រៀង​នេះ អនុញ្ញាតឱ្យ រុស្ស៊ី មាន​សិទ្ធិ​កសាង​មូលដ្ឋានទ័ព​នៅ Donetsk និង Lugansk។ លោក ពូ​ទីន ក៏បាន​បញ្ជា​ឱ្យ​ក្រសួងការពារជាតិ បញ្ជូន​ទ័ព​ទៅ​តំបន់​ទាំងនេះ​ផងដែរ។

    ស្ថានការណ៍​នៅ អ៊ុយ​ក្រែ​ន បាន​ឡើងក​ម្ដៅ​ខ្លាំង​ចាប់តាំងពី​ចុងឆ្នាំ ២០២១ បន្ទាប់ពី សហរដ្ឋ​អាម៉េរិក និង​លោកខាងលិច បាន​ចោទថា រុស្ស៊ី ពង្រាយ​ទ័ព​ជាង ១០០,០០០ នាក់ នៅ​ព្រំដែន​ភាគ​ខាងលិច ដើម្បី​អនុវត្ត​ផែនការ​ឈ្លានពាន ប្រទេស​អ៊ុយ​ក្រែ​ន។ ប៉ុន្តែ រុស្ស៊ី បាន​បដិសេធ​ការចោទប្រកាន់​នេះ និង​បាន​រិះគន់ថា សហរដ្ឋ​អាម៉េរិក និង​សម្ព័ន្ធមិត្ត បំប៉ោង​ហានិភ័យ​ស្ដីពី​ការកើតមាន​សង្គ្រាម។

    សហគមន៍​អ្នកយកការណ៍​សម្ងាត់រ​បស់​បណ្ដា​ប្រទេស​លោកខាងលិច ឱ្យដឹងថា ប្រធានាធិបតី​រុស្ស៊ី លោក វ្លា​ឌី​មៀ ពូ​ទីន អាច​ចេញ​បញ្ជា​ឱ្យ​កងទ័ព​លុកលុយ អ៊ុយ​ក្រែ​ន គ្រប់ពេល៕

  • សហរដ្ឋ​អាម៉េរិក ជិត​ដាក់ទណ្ឌកម្ម​លើ រុស្ស៊ី ក្រោយពី​លោក ពូ​ទីន ប្រកាស​ទទួលស្គាល់​ឯករាជ្យ​របស់​តំបន់​ផ្ដាច់ខ្លួន​នៅ អ៊ុយ​ក្រែ​ន

    សហរដ្ឋ​អាម៉េរិក ជិត​ដាក់ទណ្ឌកម្ម​លើ រុស្ស៊ី ក្រោយពី​លោក ពូ​ទីន ប្រកាស​ទទួលស្គាល់​ឯករាជ្យ​របស់​តំបន់​ផ្ដាច់ខ្លួន​នៅ អ៊ុយ​ក្រែ​ន

    សហរដ្ឋ​អាម៉េរិក នឹងដាក់​ទណ្ឌកម្ម​ថ្មី​នានា​ទៅលើ ប្រទេស​រុស្ស៊ី បន្ទាប់ពី ទីក្រុង​មូ​ស្គូ ទទួលស្គាល់​តំបន់​ផ្ដាច់ខ្លួន Donetsk និង Luhansk នៅ ភាគ​ខាងកើត​នៃ ប្រទេស​អ៊ុយ​ក្រែ​ន ជា​ប្រទេស​ឯករាជ្យ។

    «យើង​មាន​គម្រោង​ប្រកាស​ដាក់ទណ្ឌកម្ម​ថ្មី​លើ ប្រទេស​រុស្ស៊ី នៅ​ថ្ងៃស្អែក ដើម្បី​ឆ្លើយតប​នឹង​ការសម្រេច និង​សកម្មភាព​របស់ ទីក្រុង​មូ​ស្គូ កាលពី​ម្សិលមិញ។ យើង​កំពុង​សហការ​ជាមួយ​សម្ព័ន្ធមិត្ត និង​ដៃគូ ទាក់ទិន​នឹង​ការប្រកាស​នោះ» លេខា​សារព័ត៌មាន​របស់ សេត​វិមាន Jen Psaki បានឱ្យដឹង​ដូច្នេះ​កាលពី​យប់​ថ្ងៃទី ២១ កុម្ភៈ (ព្រឹក​ថ្ងៃទី ២២ កុម្ភៈ ម៉ោង​នៅ កម្ពុជា)។

    Psaki មុន​នោះបាន​ឱ្យដឹងថា ប្រធានាធិបតី ចូ បៃ​ដិ​ន នឹង​ប្រកាស​បទបញ្ជា «ហាម​ការធ្វើ​វិនិយោគ ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ​របស់ ពលរដ្ឋ​អាម៉េរិក ទាក់ទង​នឹង​ដែនដី​ដែល​គេ​ហៅថា សាធារណរដ្ឋ​ប្រជាមានិត Donetsk (DPR) និង សាធារណរដ្ឋ​ប្រជាមានិត Luhansk (LNR) នៅ អ៊ុយ​ក្រែ​ន»។

    បទបញ្ជា​ខាងលើ​នឹង «ផ្ដល់​សិទ្ធិ​ឱ្យមាន​ការដាក់ទណ្ឌកម្ម​លើ​បុគ្គល​គ្រប់រូប​ដែល​ត្រូវបាន​រកឃើញថា ធ្វើ​សកម្មភាព​នៅក្នុង​បណ្ដា​តំបន់​ទាំងនោះ​របស់ អ៊ុយ​ក្រែ​ន» Psaki ឱ្យដឹង​ដូច្នេះ និង​បន្ថែមថា វា​ជា​ទណ្ឌកម្ម​ដោយឡែក ក្រៅពី​ទណ្ឌកម្ម​ទ្រង់ទ្រាយ​ធំ​ដែល​លោកខាងលិច​នឹង​អនុវត្ត បើសិន រុស្ស៊ី ឈ្លានពាន អ៊ុយ​ក្រែ​ន។

    ប្រកាស​ខាងលើនេះ​ត្រូវ​បានលើកឡើង​បន្ទាប់ពី ប្រធានាធិបតី​រុស្ស៊ី លោក វ្លា​ឌី​មៀ ពូ​ទីន កាលពី​ថ្ងៃទី ២១ កុម្ភៈ បានប្រកាស​ទទួលស្គាល់​ឯករាជ្យ​របស់​តំបន់ Donetsk និង Luhansk ដែល​បាន​ផ្ដាច់ខ្លួន​ចេញពី ប្រទេស​អ៊ុយ​ក្រែ​ន និង​បាន​ចុះ​កិច្ចព្រមព្រៀង​សហការគ្នាជាមួយ​មេដឹកនាំ​របស់​តំបន់​ទាំងពីរ​នេះ។ កិច្ចព្រមព្រៀង​នេះ អនុញ្ញាតឱ្យ រុស្ស៊ី មាន​សិទ្ធិ​កសាង​មូលដ្ឋានទ័ព​នៅ Donetsk និង Luhansk។ លោក ពូ​ទីន ក៏បាន​បញ្ជា​ឱ្យ​ក្រសួងការពារជាតិ បញ្ជូន​ទ័ព​ទៅ​តំបន់​ទាំងនេះផងដែរ​៕

  • តំបន់​ផ្ដាច់ខ្លួន​នៅ អ៊ុយ​ក្រែ​ន បាញ់​កាំជ្រួច​អបអរសាទរ ក្រោយ រុស្ស៊ី ទទួលស្គាល់​ឯករាជ្យ

    តំបន់​ផ្ដាច់ខ្លួន​នៅ អ៊ុយ​ក្រែ​ន បាញ់​កាំជ្រួច​អបអរសាទរ ក្រោយ រុស្ស៊ី ទទួលស្គាល់​ឯករាជ្យ

    បណ្ដា​តំបន់​ដែល​ផ្ដាច់ខ្លួន​នៅ​ភាគ​ខាងកើត​នៃ ប្រទេស​អ៊ុយ​ក្រែ​ន បានធ្វើការ​អបអរសាទ​រ​ដោយ​ការបាញ់​កាំជ្រួច​ចម្រុះ​ពណ៌​នៅតាម​ដងផ្លូវ បន្ទាប់ពី ប្រធានាធិបតី​រុស្ស៊ី លោក វ្លា​ឌី​មៀ ពូ​ទីន បានប្រកាស​ទទួលស្គាល់​ឯករាជ្យ​របស់​តំបន់ Donetsk និង Luhansk។

    វីដេអូ​ដែល​ត្រូវបាន​ចុះផ្សាយ​ដោយ សារព័ត៌មាន​រុស្ស៊ី កាលពី​ថ្ងៃទី ២១ កុម្ភៈ បង្ហាញថា កាំជ្រួច​ត្រូវបាន​គេ​បាញ់​ទៅលើ​អាកាស​របស់ Donetsk ដែលជា​ទីក្រុង​ត្រូវបាន​ក្រុម​ផ្ដាច់ខ្លួន​ចាត់ទុកជា​រដ្ឋធានី​រប​ស់ សាធារណរដ្ឋ​ប្រជាមានិត Donetsk (DPR) ជិត ៨ ឆ្នាំ​មកហើយ។ វីដេអូ​មួយ​ផ្សេងទៀត ក៏បាន​បង្ហាញ​អំពី​សកម្មភាព​មនុស្សម្នា​ប្រមូលផ្ដុំ​គ្នា​លើ​ដងផ្លូវ​ក្នុង​ទីក្រុង និង​លើក​ទង់ជាតិ​របស់ រុស្ស៊ី អបអរសាទរ​ចំពោះ​ឥរិយាបថ​របស់ ទីក្រុង​មូ​ស្គូ។

    ការអបអរសាទរ​ក៏ត្រូវ​បានធ្វើ​ឡើង​នៅ​ដែនដី​ផ្ដាច់ខ្លួន សាធារណរដ្ឋ​ប្រជាមានិត Luhansk (LNR)។ ក្នុងនោះ គេ​ឃើញ​មាន​ក្បួន​រថយន្ត​យ៉ាង​វែង បរ​ឆ្លងកាត់​ទីក្រុង និង​មាន​ការលើក​ទង់ជាតិរ​បស់​ប្រទេស​ផ្ដាច់ខ្លួន​នេះ ជាមួយនឹង​ទង់ជាតិ​របស់ រុស្ស៊ី ផងដែរ។

    https://www.youtube.com/watch?v=whFrIbK2LwQ

    ប្រធានាធិបតី​រុស្ស៊ី លោក វ្លា​ឌី​មៀ ពូ​ទីន កាលពី​ថ្ងៃទី ២១ កុម្ភៈ បានប្រកាស​ទទួលស្គាល់​ឯករាជ្យ​របស់​តំបន់ Donetsk និង Luhansk ដែល​បាន​ផ្ដាច់ខ្លួន​ចេញពី ប្រទេស​អ៊ុយ​ក្រែ​ន និង​បាន​ចុះ​កិច្ចព្រមព្រៀង​សហការគ្នាជាមួយ​មេដឹកនាំ​របស់​តំបន់​ទាំងពីរ​នេះ។ កិច្ចព្រមព្រៀង​នេះ អនុញ្ញាតឱ្យ រុស្ស៊ី មាន​សិទ្ធិ​កសាង​មូលដ្ឋានទ័ព​នៅ Donetsk និង Luhansk។ លោក ពូ​ទីន ក៏បាន​បញ្ជា​ឱ្យ​ក្រសួងការពារជាតិ បញ្ជូន​ទ័ព​ទៅ​តំបន់​ទាំងនេះ​ដើម្បី «រក្សា​សន្តិភាព»។

    ភ្លាមនោះ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក​វ៉ុល​ឌី​មៀរ ហ្សេ​លេន​ស្កា​យ ក៏បាន​ប្រកាសថា «មិន​ខ្លាច​អ្នកណា​ទាំងអស់»។ ទន្ទឹមនឹងនេះ លោក​ក៏បាន​ស្នើឱ្យ​លោកខាងលិច «គាំទ្រ​ឱ្យបាន​ច្បាស់លាស់» ចំពោះ ប្រទេស​អ៊ុយ​ក្រែ​ន។

    ចំណែក​បណ្ដា​ប្រទេស​លោកខាងលិច រួម​នឹង អគ្គលេខាធិការ​នៃ អង្គការសហប្រជាជាតិ ក៏បាន​ថ្កោលទោស​ចំពោះ​ទង្វើ​នេះ​របស់លោក ពូ​ទីន ដោយ​ថា រុស្ស៊ី បាន «រំលោភ​យ៉ាងច្បាស់​ក្រឡែត» លើ​កិច្ចព្រមព្រៀង​សន្តិភាព Minsk ព្រមទាំង​បាន «រំលោភ​លើ​ឯករាជ្យ និង​អធិបតេយ្យភាព​ពេញលេញ​របស់ អ៊ុយ​ក្រែ​ន» និង «មិន​សមស្រប​ទៅនឹង​គោលការណ៍​ច្បាប់​របស់ អង្គការ​សហ​ប្រជា​តិ»៕

  • ក្រោយពី​បានទទួល​ស្គាល់​តំបន់​ផ្ដាច់ខ្លួន​នៅ អ៊ុយ​ក្រែ​ន រុស្ស៊ី រង​ការ​ថ្កោលទោស​ពី​លោកខាងលិច ខណៈ អ៊ុយ​ក្រែ​ន ប្រកាសថា «មិន​ខ្លាច​អ្នកណា​ទាំងអស់»

    ក្រោយពី​បានទទួល​ស្គាល់​តំបន់​ផ្ដាច់ខ្លួន​នៅ អ៊ុយ​ក្រែ​ន រុស្ស៊ី រង​ការ​ថ្កោលទោស​ពី​លោកខាងលិច ខណៈ អ៊ុយ​ក្រែ​ន ប្រកាសថា «មិន​ខ្លាច​អ្នកណា​ទាំងអស់»

    ប្រធានាធិបតី​រុស្ស៊ី លោក វ្លា​ឌី​មៀ ពូ​ទីន កាលពី​ថ្ងៃទី ២១ កុម្ភៈ បានប្រកាស​ទទួលស្គាល់​ឯករាជ្យ​របស់​តំបន់ Donetsk និង Luhansk ដែល​បាន​ផ្ដាច់ខ្លួន​ចេញពី ប្រទេស​អ៊ុយ​ក្រែ​ន និង​បាន​ចុះ​កិច្ចព្រមព្រៀង​សហការគ្នាជាមួយ​មេដឹកនាំ​របស់​តំបន់​ទាំងពីរ​នេះ។ កិច្ចព្រមព្រៀង​នេះ អនុញ្ញាតឱ្យ រុស្ស៊ី មាន​សិទ្ធិ​កសាង​មូលដ្ឋានទ័ព​នៅ Donetsk និង Lugansk។ លោក ពូ​ទីន ក៏បាន​បញ្ជា​ឱ្យ​ក្រសួងការពារជាតិ បញ្ជូន​ទ័ព​ទៅ​តំបន់​ទាំងនេះ​ដើម្បី «រក្សា​សន្តិភាព»។

    ភ្លាម​ៗ​ក្រោយ​ពី​ រុស្ស៊ី បានទទួល​ស្គាល់​ឯករាជ្យ​របស់ Donetsk និង Luhansk ប្រធានាធិបតី​អ៊ុយក្រែន លោក​វ៉ុលឌីមៀរ ហ្សេលេនស្កាយ ក៏​បាន​ប្រកាស​ថា «មិន​ខ្លាច​អ្នកណាទាំង​អស់» ហើយ​ទន្ទឹម​នឹង​នេះ លោក​ក៏​បាន​ស្នើ​ឱ្យ​លោក​ខាង​លិច «គាំទ្រ​ឱ្យ​បាន​ច្បាស់​លាស់» ចំពោះ​ ប្រទេស​អ៊ុយក្រែន​។

    បណ្ដា​ប្រទេស​លោកខាងលិច ក៏បាន​ថ្កោលទោស​ចំពោះ​ទង្វើ​នេះ​របស់លោក ពូ​ទីន។ ប្រធានាធិបតី​អាម៉េរិក ចូ បៃ​ដិ​ន និង​ប្រធានាធិបតី​បារាំង លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង រួម​នឹង នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់ លោក អូ​ឡា​ហ្វ សូល ថ្ងៃនេះ បានធ្វើការ​រិះគន់​លើ ប្រធានាធិបតី​រុស្ស៊ី លោក វ្លា​ឌី​មៀ ពូ​ទីន ថា បាន «រំលោភ​យ៉ាងច្បាស់​ក្រឡែត» លើ​កិច្ចព្រមព្រៀង​សន្តិភាព Minsk នៅពេល​ទទួលស្គាល់​ឯករាជ្យ​របស់​តំបន់​ផ្ដាច់ខ្លួន​ទាំងពីរ​គឺ Donetsk និង Luhansk នៅ​ភាគ​ខាងកើត នៃ ប្រទេស​អ៊ុយ​ក្រែ​ន។

    ប្រធានាធិបតី​អ៊ុយក្រែន លោក​វ៉ុលឌីមៀរ ហ្សេលេនស្កាយ

    ចំណែក​ក​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក លោក អាន់​តូ​នី ប្ល៊ី​ង​ខិ​ន វិញ យល់ថា ការសម្រេច​របស់លោក ពូ​ទីន នាំឱ្យមាន «ប្រតិកម្ម​យ៉ាង​រហ័ស និង​ពិតប្រាកដ» ហើយ​ថា សហរដ្ឋ​អាម៉េរិក នឹង​សហការ​ជាមួយ​ដៃគូ ដើម្បី​អនុវត្ត​ជំហាន​ដែល​សមស្រប។

    អគ្គលេខាធិការ​នៃ អង្គការសហប្រជាជាតិ លោក អង់​តូ​នី​ញ៉ូ ហ្គោ​ទែ​រ៉េ​ស ក៏បាន​ឱ្យដឹងថា ការសម្រេចចិត្ត​របស់ រុស្ស៊ី បាន «រំលោភ​លើ​ឯករាជ្យ និង​អធិបតេយ្យភាព​ពេញលេញ​របស់ អ៊ុយ​ក្រែ​ន» និង «មិន​សមស្រប​ទៅនឹង​គោលការណ៍​ច្បាប់​របស់ អង្គការ​សហ​ប្រជា​តិ»៕

  • ឯកអគ្គរដ្ឋទូត របស់ អ៊ីតាលី ប្រចាំ អូស្ត្រាលី ធ្លាក់​ពីលើ​អគារ បាត់បង់​ជីវិត

    ឯកអគ្គរដ្ឋទូត របស់ អ៊ីតាលី ប្រចាំ អូស្ត្រាលី ធ្លាក់​ពីលើ​អគារ បាត់បង់​ជីវិត

    ឯកអគ្គរដ្ឋទូត​រប​ស់ ប្រទេស​អ៊ីតាលី លោកស្រី Francesca Tardioli អាយុ ៥៦ ឆ្នាំ ត្រូវបាន​គេ​បញ្ជាក់ថា បាន​បាត់​បង់ជីវិត បន្ទាប់ពី​ធ្លាក់​ពីលើ​ជាន់​ទី ៣ របស់​ផ្ទះ​គាត់ នៅឯ​តំបន់ Umbria ភាគ​ខាងជើង​នៃ ប្រទេស​អ៊ីតាលី។

    «យើង​ពិតជា​ក្ដុកក្ដួល​ក្នុង​ចិត្ត​នៅ​ចំពោះ​មុខការ​លាចាក​លោក​របស់ Francesca Tardioli និង​សូម​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​នេះ​របស់​គ្រួសារ​នៃ​សព» ក្រសួងការបរទេស​អ៊ីតាលី បាន​បង្ហោះ​សារ​នៅលើ​ទំព័រ Twitter កាលពី​ថ្ងៃទី ២០ កុម្ភៈ។

    លោកស្រី Tardioli ត្រូវបាន​រកឃើញថា បាន​ស្លាប់​នៅ​ខាងក្រៅ​ផ្ទះ​របស់ខ្លួន នៅឯ​ទីរួមស្រុក Foligno បន្ទាប់ពី​បាន​ធ្លាក់​ពី​ជាន់​ទី ៣ កាលពី​ថ្ងៃទី ២០ កុម្ភៈ។ សារព័ត៌មាន​របស់ អ៊ីតាលី AGI រាយការណ៍​ថា ការស្លាប់​របស់​អ្នកការទូត​នេះ​គឺ​ដោយសារ​បាត់បង់​លំនឹង​នៅពេល​ផ្ដេកខ្លួន​លើរាន​របស់​អគារ។ សមត្ថកិច្ច​អ៊ីតាលី កំពុង​ស៊ើបអង្កេត​លើ​ករណីនេះ។

    លោកស្រី Tardioli បាន​ចូល​បម្រើការ​ក្នុង​ស្ថាប័ន​ការទូត​របស់ អ៊ីតាលី តាំងពី​ឆ្នាំ ១៩៩១។ លោកស្រី ក្លាយជា​ឯកអគ្គរដ្ឋទូត របស់ អ៊ីតាលី ប្រចាំ ប្រទេស​អូស្ត្រាលី ចាប់ពី​ខែកញ្ញា ២០១៩។ លោកស្រី​ចេះ​ស្ទាត់​ភាសា​អង់គ្លេស បារាំង អាល្លឺម៉ង់ និង អេ​ស្ប៉ា​ញ ផងដែរ៕

  • កូរ៉េខាងត្បូង បង្កើន​យុទ្ធនាការ និង​​គោលដៅ ក្នុងការ​ផ្ដល់​ថ្នាំ​ព្យាបាល ជំងឺ​កូ​វីដ-១៩ នៅតាម​ផ្ទះ

    កូរ៉េខាងត្បូង បង្កើន​យុទ្ធនាការ និង​​គោលដៅ ក្នុងការ​ផ្ដល់​ថ្នាំ​ព្យាបាល ជំងឺ​កូ​វីដ-១៩ នៅតាម​ផ្ទះ

    រដ្ឋាភិបាល​កូរ៉េខាងត្បូង បានសម្រេច​បង្កើន​សក​ម្ម​ភាព និង​គោលដៅ នៅក្នុង​ការផ្ដល់​ថ្នាំ​ព្យាបាល​នៅតាម​ផ្ទះ សម្រាប់ អ្នកជំងឺ​កូ​វីដ-១៩ ក្នុង​គ្រា​ដែល​តួលេខ​អ្នក​ឆ្លង អូ​មី​ក្រុង សរុប នៅ​ប្រទេស​នេះ បាន​កើន​ឡើងដល់​ជាង ២ លាន​នាក់ គិត​ត្រឹម​ថ្ងៃទី ២០ កុម្ភៈ ពោលគឺ​រយៈពេល​តែ ២ សប្ដាហ៍​ប៉ុណ្ណោះ បន្ទាប់ពី​តួលេខ​នេះ​បាន​ឡើងដល់ ១ លាន​នាក់។

    រដ្ឋាភិបាល​កូរ៉េខាងត្បូង បានសម្រេច​បង្កើន​ការផ្ដល់​ថ្នាំ​ព្យាបាល​នៅតាម​ផ្ទះ ចាប់ពី​ថ្ងៃទី ២១ កុម្ភៈ ចំពោះ​អ្នកជំងឺ​កូ​វីដ-១៩ ដែលមាន​ហានិភ័យ​ខ្ពស់ និង​អ្នក​ដែលមាន​ជំងឺ​ប្រចាំកាយ អាយុ​ចាប់ពី ៤០ ឆ្នាំ​ឡើងទៅ (មុននេះ ចាប់ពី ៦០ ឆ្នាំ​ឡើងទៅ)។

    ក្រុមមន្ត្រី​ឱ្យដឹងថា រដ្ឋាភិបាល​កំពុង​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំងនឹង កូ​វីដ-១៩ ដើម្បី​ធានា​ឱ្យបាន​ប្រាកដថា មុខ ងារសំខាន់ៗក្នុងសង្គម នៅតែ​ដំណើរការបាន​រលូត បើទោះជា​តួលេខ​នៃ​ការឆ្លង​ថ្មី កើនឡើង​ខ្ពស់។

    គិត​ត្រឹម​ថ្ងៃទី ២០ កុម្ភៈ កូរ៉េខាងត្បូង មាន​ប្រជាជន​ចំនួន ៣០.៤៦ លាន​នាក់ ស្មើនឹង ៥៩.៤% ក្នុងចំណោម​ប្រជាជន​សរុប ៥២ លាន​នាក់ បានទទួល​ការចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​រួចហើយ។ ចំនួន​ប្រជាជន​ដែល​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ មាន ៤៤.៣០ លាន​នាក់ ស្មើនឹង ៨៦.៣% ធៀប​នឹង​ចំនួន​ប្រជាជន​សរុប៕