Category: អន្តរជាតិ

  • យន្តហោះ​ទម្លាក់​គ្រាប់​បែក​​​ប្រភេទ​យុទ្ធ​សាស្ត្រ​​របស់ អាម៉េរិក ឆាបឆេះ​សន្ធោសន្ធៅ

    យន្តហោះ​ទម្លាក់​គ្រាប់​បែក​​​ប្រភេទ​យុទ្ធ​សាស្ត្រ​​របស់ អាម៉េរិក ឆាបឆេះ​សន្ធោសន្ធៅ

    យន្តហោះ​ទម្លាក់​គ្រាប់បែក B-១B Lancer ឆេះ​ម៉ាស៊ីន នៅឯ​ទីលាន​សម្រាប់​ចត​ក្នុង​មូលដ្ឋានទ័ព Dyess នៃ​រដ្ឋ Texas របស់ សហរដ្ឋ​អាម៉េរិក បណ្ដាលឱ្យមាន​មនុស្ស​រងរបួស​យ៉ាងតិច ២ នាក់។

    ក្រុម​ហោះហើរ​ទម្លាក់​គ្រាប់បែក​លេខ ៧ នៃ ទ័ពអាកាស​អាម៉េរិក កាលពី​ម្សិលមិញ​បានឱ្យដឹងថា ហេតុការណ៍​ខាងលើ​បានកើត​ឡើង​នៅក្នុង​ដំណាក់កាល​ថែទាំ​យន្តហោះ B-១B Lancer នៅឯ​មូលដ្ឋាន Dyess កាលពី​ថ្ងៃទី ២០ មេសា។ ម៉ាស៊ីន ១ ក្នុងចំណោម ៤ របស់​យន្តហោះ​នេះ​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ។

    «កម្លាំង​ប្រតិកម្ម​រហ័ស​បានមក​ដល់​កន្លែងកើតហេតុ និង​គ្រប់គ្រង​អគ្គិភ័យ​នេះ​បាន​ទាំងស្រុង។ មនុស្ស ២ នាក់ រងរបួស ប៉ុន្តែ​មិន​គ្រោះថ្នាក់​ដល់​ជីវិត និង​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដែល​នៅក្បែរនោះ» ប្រកាស​របស់​ក្រុម​ហោះហើរ​លេខ ៧ ឱ្យដឹង​ដូច្នេះ។

    វីដេអូ​ដែល​ត្រូវបាន​ចែករំលែក​លើ​បណ្ដាញ​សង្គម​បង្ហាញថា អណ្ដាតភ្លើង​ឆាបឆេះ​សន្ធោសន្ធៅ​នៅលើ​មួយផ្នែក​នៃ​ដងខ្លួន ស្លាប និង​ផ្នែក​ខាងក្រោម​របស់​យន្តហោះ​ដែល​កំពុង​ស្ថិតនៅ​កន្លែង​ចត។

    https://www.youtube.com/watch?v=0EdcHtOfSCE

    B-១B ត្រូវបាន​ផលិត​ក្នុងអំឡុង​ពី​ឆ្នាំ ១៩៨៣ ដល់ ១៩៨៨ ក្នុងនោះ ១ គ្រឿង​ដំបូង​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​កាល​ពីថ្ងៃ​ទី ១ តុលា ១៩៨។ យន្តហោះ​នេះ​អាច​បំពាក់អាវុធ​ចំនួន ៥៧ ប្រភេទ ក្លាយជា​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​ដែល​អាច​ផ្ទុក​អាវុធ​បាន​ច្រើនជាងគេ​របស់ អាម៉េរិក។

    កាលពី​ឆ្នាំ​កន្លង សហរដ្ឋ​អាម៉េរិក បានដាក់​ឱ្យចូល​និវត្តន៍​ចំពោះ​យន្តហោះ ១៧ គ្រឿង ក្នុងចំណោម​យន្តហោះ B-១B Lancer ចំនួន ៦២ គ្រឿង ក្រោយពី​បាន​ប្រើប្រាស់​អស់​រាប់សិប​ឆ្នាំ​មកនេះ។ អាម៉េរិក មាន​គម្រោង​ឈប់​ប្រើប្រាស់​ក្រុម​យន្តហោះ​ទម្លាក់​គ្រាប់​បែប B-១B ទាំងអស់នេះ​ក្នុង​រយៈពេល ១០ ទៀត ដើម្បី​ទុក​កន្លែង​ឱ្យ​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​ប្រភេទ​ថ្មី​ជាង​នេះ។

  • ប្រើ​ហិង្សា​លើ​កម្មករ​នៅ ទ្វីបអាហ្វ្រិក អ្នកជំនួញ​ចិន ត្រូវបាន​កាត់ទោស​​ឱ្យ​ជាប់ពន្ធនាគារ​ម្ភៃ​ឆ្នាំ

    ប្រើ​ហិង្សា​លើ​កម្មករ​នៅ ទ្វីបអាហ្វ្រិក អ្នកជំនួញ​ចិន ត្រូវបាន​កាត់ទោស​​ឱ្យ​ជាប់ពន្ធនាគារ​ម្ភៃ​ឆ្នាំ

    អ្នកជំនួញ​ជនជាតិ​ចិន​ម្នាក់​ដែលជា​អ្នកគ្រប់គ្រង​អណ្ដូងរ៉ែ​មួយ​នៅ ទ្វីបអាហ្វ្រិក ត្រូវបាន​តុលាការ​កាត់ទោស​ដាក់ពន្ធនាគា​រ ២០ ឆ្នាំ ដោយសារ​បាន​ប្រើ​អំពើហិង្សា​ដាក់​កម្មករ។

    ចៅក្រម​តុលាការ​របស់ ប្រទេសរ​វ៉ាន់ដា Jacques Kanyarukiga កាលពី​ថ្ងៃទី ១៩ មេសា បានឱ្យដឹងថា អ្នកជំនួញ​ជនជាតិ​ចិន​ម្នាក់ ឈ្មោះ Sun Shujun អាយុ ៤៣ ឆ្នាំ បាន «ធ្វើ​ទារុណកម្ម​លើ​រាងកាយ​របស់​ជនរងគ្រោះ ក្នុង​បំណង​អាក្រក់» ហើយ​ថា បុរស​នេះ «ជាប់ទោស​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ»។

    នៅ​ចំពោះមុខ​តុលាការ Sun សារភាពថា ពិតជា​បាន​ប្រើ​អំពើហិង្សា​លើក​ម្មករ ប៉ុន្តែ បាន​អះអាងថា ក៏​ព្រោះតែ​ខឹង និង​ធុញទ្រាន់​នឹង​សកម្មភាព​លួច​រ៉ែ» របស់​កម្មករ​ទាំងនោះ។

    Sun និយាយថា បានចេញ​ថ្លៃ​សំណង​ជំងឺ​ចិត្ត​ដល់​ជនរងគ្រោះ​ប្រហែល ១,០០០ ដុល្លារ​អាម៉េរិក និង​បាន​ចុះ​កិច្ចសម្របសម្រួល​រួចហើយ។ ប៉ុន្តែ ក្រុម​រដ្ឋអាជ្ញា​បាន​ចោទថា តាមពិត Sun បាន​វាយ​ធ្វើបាប​កម្មករ​រហូតដល់ ៤ នាក់ ហើយ​ជនរងគ្រោះ​ត្រូវ​បង្ខំចិត្ត​ទទួល​ប្រាក់​សំណង​ជំងឺ​ចិត្ត ព្រោះតែ​ការភ័យខ្លាច។

    កម្មករ​នៅ​អណ្ដូងរ៉ែ​ត្បូង​ ដែល​ Sun បាន​ប្រើ​អំពើ​ហិង្សា​

    កាលពី​ឆ្នាំ​កន្លង វីដេអូ​មួយ​បាន​បង្ហាញថា Sun យក​រំពាត់​វាយ​យ៉ាង​ធ្ងន់ និង​ជា​បន្តបន្ទាប់​ទៅលើ​កម្មករ​នៅ អាហ្វ្រិក ដែល​កំពុង​ជប់​ចំណង។ វីដេអូ​នេះ បានធ្វើ​ឱ្យមាន​ការខឹង​យ៉ាងខ្លាំង​ពី​សំណាក់​អ្នកលេង​បណ្ដាញ​សង្គម។

    Sun មាន​ពេល ៣០ ថ្ងៃ ដើម្បី​ប្ដឹង​ឡើង​សាលាឧទ្ធរណ៍។ ស្ថានទូត​ចិន ប្រចាំ ប្រទេសរ​វ៉ាន់ដា កាលពី​ថ្ងៃទី ២០ មេសា ​ឆ្នាំ​ ២០២២ បានប្រកាសថា បានដឹង​រួចហើយ​អំពី​ករណី​របស់ Sun នៅ​តុលាការ និង​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចិន ដែល​រស់នៅក្នុង​ប្រទេស​នេះ គោរព​ច្បាប់។

    សេចក្ដីប្រកាស​របស់​ស្ថានទូត​ចិន មាន​ឃ្លា​សរសេរថា «ស្ថានទូត​អំពាវនាវ​ឱ្យមាន​ការកាត់ទោស​សម​ស្រប យុត្តិធម៌ និង​ស្នើឱ្យ​ការពារ​សិទ្ធិ​ស្របច្បាប់​របស់​ពលរដ្ឋ​ចិន ឱ្យបាន​ត្រឹមត្រូវ»៕

  • គ្រា​ដែល អ៊ុយ​ក្រែ​ន ខាតបង់ ៧ ពាន់​លាន​ដុល្លារ/ខែ ក្រុម​ប្រទេស G៧ ក៏​បាន​សន្យា​ផ្ដល់ជំនួយ​បន្ថែម ២៤ ពាន់​លាន​ដុល្លារ ដល់ ទីក្រុង​កៀវ

    គ្រា​ដែល អ៊ុយ​ក្រែ​ន ខាតបង់ ៧ ពាន់​លាន​ដុល្លារ/ខែ ក្រុម​ប្រទេស G៧ ក៏​បាន​សន្យា​ផ្ដល់ជំនួយ​បន្ថែម ២៤ ពាន់​លាន​ដុល្លារ ដល់ ទីក្រុង​កៀវ

    រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​នានា​របស់​ក្រុម​ប្រទេស G៧ បានឱ្យដឹងថា ពួកគេ​បានផ្ដល់ និង​បាន​សន្យា​ជាមួយ​សហគមន៍​អន្តរជាតិ ក្នុងការ​ផ្ដល់ជំនួយ​បន្ថែម​ជាង ២៤ ពាន់​លាន​ដុល្លារ​អាម៉េរិក ដល់ អ៊ុយ​ក្រែ​ន ក្នុង​ឆ្នាំ ២០២២ និង​ឆ្នាំ​បន្តបន្ទាប់។

    ព័ត៌មាន​ខាងលើនេះ​ត្រូវបាន​ចុះផ្សាយ​ដោយ Reuters នា​ថ្ងៃទី ២១ មេសា ២០២។ ក្រុម​រដ្ឋមន្ត្រី​នៃ​បណ្ដា​ប្រទេស G៧ (បណ្ដា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ជឿនលឿន​លំដាប់​កំពូល​ក្នុង​ពិភពលោក) ក៏បាន​ឱ្យដឹង​ដែរ​ថា ពួកគេ​បាន​ត្រៀម​ជាស្រេច​ដើម្បី​ធ្វើអ្វីៗច្រើនជាង​នេះ នៅពេល​ចាំបាច់។

    មុន​នោះ សារព័ត៌មាន​រុស្ស៊ី Sputnik ដកស្រង់​សម្ដី​លោក Oleg Ustenko ទីប្រឹក្សា​សេដ្ឋកិច្ច​របស់ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី ១៧ មេសា បញ្ជាក់ថា ទីក្រុង​កៀវ បានស្នើ​ឱ្យ G៧ និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ផ្ដល់ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ឡើងដល់ ៥០ ពាន់​លាន​ដុល្លារ​អាម៉េរិក។ ទន្ទឹមនឹងនេះ អ៊ុយ​ក្រែ​ន ក៏​កំពុងតែ​ពិចារណា ស្នើឱ្យ IMF ផ្ដល់ប្រាក់​កម្ចី​ពី​សិទ្ធិ​ដក​ទុន​ពិសេស​ផងដែរ។

    យោងតាម​លោក Ustenko ប្រទេស​អ៊ុយ​ក្រែ​ន ត្រូវ​ខាតបង់​ប្រាក់​ប្រហែល ៧ ពាន់​លាន​ដុល្លារ​ជា​រៀងរាល់ខែ ដូច្នេះ ការ​ខាត​បង់​​សរុប​ក្នុង​រយៈពេល ៦ ខែ នឹង​ឡើងដល់​ជិត ៥០ ពាន់​លាន​ដុល្លារ​អាម៉េរិក។

    ក្រុម​ប្រទេស G៧ (Group of Seven) នេះ មាន​ប្រទេស​ចំនួន ៧ រួមមាន កាណាដា, បារាំង, អាល្លឺម៉ង់, អ៊ីតាលី, ជប៉ុន, អង់គ្លេស និង សហរដ្ឋ​អាម៉េរិក៕

     

  • ដក​វិធាន​ការពាក់​ម៉ាស​បង្ការ​កូ​វីដ-១៩ នៅក្នុង​ទីតាំង​បិទ​ជិត (អ៊ីស្រាអែល)

    ដក​វិធាន​ការពាក់​ម៉ាស​បង្ការ​កូ​វីដ-១៩ នៅក្នុង​ទីតាំង​បិទ​ជិត (អ៊ីស្រាអែល)

    កាលពី​ម្សិលមិញ រដ្ឋាភិបាល​អ៊ីស្រាអែល បានសម្រេច​ដក​វិធាន​ការពាក់​ម៉ាស​ដោយ​បង្ខំ នៅក្នុង​ទីកន្លែង​បិទ​ជិត គ្រា​ដែល​ស្ថានភាព​កូ​វីដ-១៩ នៅ​ប្រទេស​នេះ បន្ត​ធូរស្រាល​ជាង​មុន។

    ប្រភពព័ត៌មាន​ពី​ទីក្រុង តែ​ល​អា​វីវ (Tel Aviv) ដកស្រង់​ប្រកាស​រួម​របស់ នាយករដ្ឋមន្ត្រី Naftali Bennett និង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល Nitzan Horowitz ឱ្យដឹងថា «ការកំណត់​ឱ្យ​ពាក់​ម៉ាស​នៅក្នុង​បរិយាកាស​បិទ​ជិត នឹងត្រូវ​បាន​ដកចេញ​ចាប់ពី​វេលា​ម៉ោង ២០ ថ្ងៃទី ២៣ មេសា បន្ទាប់ពី​ត្រូវបាន​អនុម័ត​ដោយ​គណៈកម្មការ​សុខាភិបាល នៃ រដ្ឋសភា»។ ក៏ប៉ុន្តែ ការសម្រេច​ថ្មី​នេះ​មិនបាន​រាប់បញ្ចូល​ឡើយ ចំពោះ​ទីកន្លែង​ដែលមាន​ហានិភ័យ​ខ្ពស់ ដូចជា មន្ទីរពេទ្យ, មណ្ឌល​ចាស់ជរា នៅក្នុង​យន្តហោះ និង​ចំពោះ​អ្នក​ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក។

    កន្លងមក អ៊ីស្រាអែល ធ្លាប់បាន​ដក​វិធានការ​ពាក់​ម៉ាស​នៅក្នុង​ទីកន្លែង​បិទ​ជិត​ម្ដង​រួចហើយ​កាលពី​ខែមិថុនា ២០២១ ប៉ុន្តែ បាន​អនុវត្ត​ឡើងវិញ​បន្ទាប់ពី​ដក​ចោល​បាន ២ សប្ដាហ៍ ដោយសារតែ​រលក​នៃ​ការឆ្លង​រាលដាល​ខ្លាំង​នៃ​វីរុស​បំប្លែង​ខ្លួន​ថ្មី ដេ​លតា។

    កាលពី​ថ្ងៃទី ២០ មេសា ក្រសួងសុខាភិបាល​អ៊ីស្រាអែល ប្រកាសថា បាន​រកឃើញ​អ្នក​វិជ្ជមាន​ថ្មី​ចំនួន​ជាង ៤,០០០ នាក់​ថែមទៀត ដែល​តួលេខ​នេះ​គឺ​ទាប​បំផុត​ក្នុងអំឡុង ៤ ខែ​កន្លង។

    សាស្ត្រាចារ្យ Roni Gamzu ប្រធាន​មន្ទីរពេទ្យ Ichilov និង​ជា​អតីត​អ្នកទទួលខុសត្រូវ​ក្នុង​យុទ្ធនា​ការប្រឆាំង​កូ​វីដ-១៩ របស់ អ៊ីស្រាអែល ឱ្យដឹងថា «ពលរដ្ឋ​អ៊ីស្រាអែល ដែល​ទៅកាន់​បរទេស មានការ​ភ្ញាក់ផ្អើល​នៅពេល​បាន​ឃើញថា កូ​វីដ-១៩ ថយចុះ​ខ្លាំង​នៅ​ស្ទើរ​គ្រប់​ប្រទេស។ ដល់ពេល​ដែល អ៊ីស្រាអែល គួរ​ដក​ចោល​វិធានការ​មួយចំនួន​នៅតាម​ទីកន្លែង​បិទ​ជិត ក្នុងនោះ​មាន​សាលារៀន​ជាដើម ដោយសារតែ​បច្ចុប្បន្ន កូ​វីដ-១៩ មិន​បង្ក​គ្រោះថ្នាក់​ដូច​មុន»៕

  • កូរ៉េខាងជើង! ទូរទស្សន៍​កាត់ត​វីដេអូ​ស្ដីពី​ការបាញ់​សាកល្បង​មី​ស៊ី​ល​អន្តរ​ទ្វីប ដូច​​ភាពយន្ត​ហូលីវូដ៖ ប្រទេស​​នេះ​​កំពុង​​បង្កើន​​ការ​ឃោសនា​​លើ​​ឆាក​​អន្តរ​ជាតិ

    កូរ៉េខាងជើង! ទូរទស្សន៍​កាត់ត​វីដេអូ​ស្ដីពី​ការបាញ់​សាកល្បង​មី​ស៊ី​ល​អន្តរ​ទ្វីប ដូច​​ភាពយន្ត​ហូលីវូដ៖ ប្រទេស​​នេះ​​កំពុង​​បង្កើន​​ការ​ឃោសនា​​លើ​​ឆាក​​អន្តរ​ជាតិ

    វីដេអូ​មួយឈុត​បាន​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ខ្លាំង ដោយ​វា​បង្ហាញ​ទិដ្ឋភាព​ដូច​ទៅនឹង​ឆាក​សម្ដែង​ក្នុង​ខ្សែភាពយន្ត​របស់ ហូលីវូដ ក្នុងនោះ ទិដ្ឋភាព​មេដឹកនាំ​របស់ កូរ៉េខាងជើង លោក គីម ជុង​អ៊ុន តាមដាន​ការធ្វើ​តេស្ត​មី​ស៊ី​ល​អន្តរទ្វីប​កាលពី​ខែមីនា ២០២២ បាន​ឱ្យគេ​ដឹងថា មានការ​បន្ទាន់​សម័យ​ថ្មី​នៅក្នុង​បច្ចេកទេស​ទូរទស្សន៍ ដើម្បី​បង្កើន​ការឃោសនា​រូបភាព​នៃ​ប្រទេសជាតិ។

    យោងតាម​សារព័ត៌មាន Bloomberg ចាប់តាំងពី​បាន​ឡើងកាន់​អំណាច​ក្នុង​រយៈពេល ១ ទសវត្សរ៍​មកនេះ មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន បាន​នាំមក​នូវ​មុខមាត់​ថ្មី​សម្រាប់​ទូរទស្សន៍​ជាតិ ដោយមាន​ទិដ្ឋភាព​ថត​ពីលើ​អាកាស​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក, វីដេអូ​ត្រូវបាន​ផលិត​ទៅតាម​បែបបទ​ច​ម្រៀ​ង ឬ​ទិដ្ឋភាព​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​សម្រាប់តែ​ទូរទស្សន៍។

    ប្រការ​ខាងលើនេះ​បាន​ជួយ​ឱ្យ​លោក គីម ជុង​អ៊ុន ទទួលបាន​ការគាំទ្រ​ច្រើន​ពី​ប្រជាជន ក្នុង​គ្រា​ដែល​ប្រទេស​នេះ​កំពុង​ប្រឈម​នឹង​បញ្ហាលំបាក​ទាក់ទង​នឹង​ស្បៀងអាហារ និង​សេដ្ឋកិច្ច ព្រោះតែ​ទណ្ឌកម្ម​ពី​អន្តរជាតិ។

    លោក​ គីម ជុងអ៊ុន (រូប​កណ្ដាល)

    នៅក្នុង​វីដេអូ​មួយ​ដែល​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍ ស្ដីពី​ការបាញ់​សាកល្បង​មី​ស៊ី​ល​កាលពី​ថ្ងៃទី ២៤ មីនា លោក គីម ជុង​អ៊ុន បានបង្ហាញ​ខ្លួន​ជាមួយនឹង​បែបបទ​ចម្លែក ដោយ​ពាក់​អាវធំ​ធ្វើ​ពី​ស្បែក​ពណ៌​ខ្មៅ ពាក់​វ៉ែន​តាខ្មៅ នៅក្នុង​ទិដ្ឋភាព​ថតយឺតៗ ដូច​ទៅនឹង​ភាពយន្ត​ហូលីវូដ។

    លោក គីម ជុង​អ៊ុន ត្រួតពិនិត្យ​ដោយផ្ទាល់​លើ​ព្រឹត្តិការណ៍​បាញ់​សាកល្បង​មី​ស៊ី​ល​អន្តរទ្វីប Hwasong-១។ ការ​បាញ់​​​សាក​ល្បង​​នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី កូរ៉េខាងជើង បានទទួល​បរាជ័យ​ក្នុងករណី​បាញ់​សាកល្បង​មី​ស៊ី​ល​ផ្លោង​កាលពី ៨ ថ្ងៃមុន​នោះ។

    ក្រុម​អ្នកជំនាញ​យល់ថា ស្ថាប័ន​ឃោសនា​របស់ កូរ៉េខាងជើង ទំនងជា​កំពុងតែ​ត្រៀមខ្លួន​សម្រាប់​ព្រឹត្តិការណ៍ធំៗជាច្រើន​ផ្សេងទៀត​នៅ​ចុងខែ​នេះ ក្នុងនោះ​អាចមាន​ព្យុហយាត្រា ក្នុង​ព្រឹត្តិការណ៍​រំលឹក​ខួប​នៃ​ទិវា​បង្កើត​កងទ័ព​កូរ៉េខាងជើង ២៥ មេសា។

    យោងតាម Bloomberg កូរ៉េខាងជើង ដឹង​ច្បាស់​ថា វីដេអូ​ទាំងឡាយ​របស់​ពួកគេ នឹងត្រូវ​បាន​យកទៅ​វិភាគ​ដោយ​រដ្ឋាភិបាល​បរទេស ក្រុមអ្នកវិភាគ និង​អ្នក​ចង់ដឹង​អំពី​ប្រភេទ​អាវុធ​ថ្មី​របស់​ប្រទេស​នេះ។ ដូច្នេះ ពួកគេ​បាន​ចាប់យក​ចំណុច​នេះ​ដើម្បី​បង្កើន​ការឃោសនា​អំពី​មុខមាត់ របស់​ពួកគេ ឱ្យ​ប្រជាជន​ក្នុងស្រុក និង​ពិភពលោក​បានដឹង​បន្ថែម៕

  • តំបន់ដែល​មាន​វិមាន​សភា​អាម៉េរិក ប្រកាសអាសន្ន និង​ឈ្លៀសមនុស្ស ព្រោះ​តែមាន​យន្តហោះ​ចម្លែក

    តំបន់ដែល​មាន​វិមាន​សភា​អាម៉េរិក ប្រកាសអាសន្ន និង​ឈ្លៀសមនុស្ស ព្រោះ​តែមាន​យន្តហោះ​ចម្លែក

    ប៉ូលិស​នៅ​តំបន់ Capitol Hill បានចេញ​បញ្ជា​ឱ្យ​ឈ្លៀស​មន្ត្រី និង​បុគ្គលិក​នៅក្នុង​វិមាន​សភា ដោយសារ​តែមាន​យន្តហោះ​ចម្លែក​បង្ហាញខ្លួន មុនពេល​បានដឹងថា វា​គឺ​យន្តហោះ​ដែល​ចូលរួម​ក្នុង​ពិធី​សម្ដែង​របស់ កងទ័ពជើងគោក​អាម៉េរិក។

    សមត្ថកិច្ច​ក្នុង​តំបន់ភ្នំ Capitol របស់ សហរដ្ឋ​អាម៉េរិក កាលពី​ម្សិលមិញ​បានប្រកាស​ឱ្យធ្វើ​ការតាមដាន​យន្តហោះ​ចម្លែក​មួយគ្រឿង​ដែល​ត្រូវបាន​ចាត់ទុកថា​ជា «ការគំរាមកំហែង» ធ្វើ​ឱ្យគេ​ត្រូវ​ឈ្លៀស​បុគ្គលិក​នៅក្នុង​វិមាន​សភា និង​អគារ​នៅ​ជុំវិញ នៅវេលា​ម៉ោង ១៨ និង ៣០ នាទី។ ការប្រកាសអាសន្ន​នេះ​ត្រូវបាន​លុបចោល​វិញ​នៅ​ប៉ុន្មាន​នាទី​ក្រោយមក ដោយ​ក្រុមមន្ត្រី​ឱ្យដឹងថា បទបញ្ជា​ឱ្យ​ឈ្លៀសមនុស្ស​នេះ​គ្រាន់តែ​ជាការ​បង្ការ​ប៉ុណ្ណោះ។

    ក្រោយមក ប៉ូលិស​ក្នុង​ខណ្ឌ Columbia បាន​ប្រាប់ថា យន្តហោះ​ដែល​ត្រូវបាន​តាមដាន​នោះ ស្ថិតក្នុង​ជួរ​កងទ័ពជើងគោក ដែល​កំពុង​ដឹក​សមាជិក​ក្រុម​ទាហាន​លោត​ឆត្រយោង Golden Knights ទៅ​សម្ដែង​នៅក្នុង​ការប្រកួត​បាល់ បេ​ស្ប​ល (baseball)។ ក្រុម​ឆត្រយោង​នេះ​ត្រូវ​សម្ដែង​លោត​ពីលើ​យន្តហោះ ទម្លាក់ខ្លួន​ចុះ​ទីលាន​ប្រកួត បេ​ស្ប​ល ដែលមាន​ចម្ងាយ​ពី Capitol Hill ប្រហែល ១.៥ គីឡូម៉ែត្រ ចំណែក​យន្តហោះ​នេះ​ក៏បាន​ចុះចត​ដោយ​សុវត្ថិភាព​នៅវេលា​ម៉ោង ១៨ និង ៥០ នាទី។

    យន្តហោះ De Havilland Twin Otter ចេញដំណើរ​ពី​មូលដ្ឋាន Andrews ក្នុង​រដ្ឋ Maryland ហើយ​ក្រោយមក​ក៏បាន​ហោះ​ក្រឡឹង​លើ​តំបន់​រឹតបន្តឹង​ការហោះហើរ​នៅក្បែរ​ភ្នំ Capitol។ ទិន្នន័យ​ពី​រ៉ា​ដា បាន​បង្ហាញថា វា​មិនបាន​បំពាន​លើ​ដែនអាកាស​ដែល​បាន​ហាម​ការហោះហើរ​ដែល​ស្ថិតនៅ​ខាងលើ​នៃ​តំបន់ Capitol Hill ដែលជា​តំបន់​មាន​វិមាន​សភា និង​អគារ​នានា​របស់​រដ្ឋាភិបាល។ យន្តហោះ​នេះ​ក៏បាន​ប្រកាសប្រាប់​ពី​ផ្លូវ​ហោះហើរ​ជា​បន្តបន្ទាប់​ជូន​ស្ថានីយ​គ្រប់គ្រង​ដែនអាកាស​នៅ​ព្រលានយន្តហោះ​ជាតិ Ronald Reagan Washington ដែល​នៅក្បែរនោះ​ផងដែរ។

    ប្រភពព័ត៌មាន​ឱ្យដឹងថា ក្រុមមន្ត្រី​ស៊ើបអង្កេត​កំពុង​ពិនិត្យមើល​មូល​ហេតុដែល​ព្រឹត្តិការណ៍​នេះ​មិន​ត្រូវបាន​កងទ័ពជើងគោក​អាម៉េរិក សហការ​សម្របសម្រួល​ជាមួយ​កងកម្លាំង​អនុវត្ត​ច្បាប់​នៅ វ៉ា​ស៊ើ​ង​តោន និង​បាន​បញ្ជាក់ថា ស្ថាប័ន​ជាតិ​ជាច្រើន​ត្រូវ​ឈ្លៀស​មន្ត្រី ក្នុងពេល​យន្តហោះ​នោះ​ហើរ​ក្រឡឹង​ពីលើ។

    តំបន់​ Capitol Hill

    ទីក្រុង​វ៉ា​ស៊ី​ង​តោន ត្រូវបាន​ការពារ​ដោយ​មូលដ្ឋាន​មី​ស៊ី​ល​ការពារ​ដែនអាកាស​ជាច្រើន​កន្លែង ហើយ​កម្លាំង​របស់​កង​ទ័ពអាកាស​អចិន្ត្រៃយ៍ ហាក់​មិនមាន​អង្គភាព​ណាមួយ​ត្រូវបាន​បញ្ជា​ឱ្យ​តាមដាន​ហេតុការណ៍​នេះ។ ប្រការនេះ​បានបង្ហាញ​ថា មាន​បញ្ហា​នៅក្នុង​ការទាក់ទង​គ្នា​រវាង​កងទ័ព​អាម៉េរិក និង​ប៉ូលិស​នៅ Capitol Hill ពិសេស​គឺ​នៅក្នុង​ស្ថានការណ៍​ដែល ទីក្រុង​វ៉ា​ស៊ី​ង​តោន ស្វែងរក​វិធី​ដើម្បី​បង្កើន​សន្តិសុខ នៅក្រោយ​ព្រឹត្តិការណ៍​វឹកវរ​កាលពី​ថ្ងៃទី ៦ មករា ២០២១ ដែល​បង្កើតឡើង​ដោយ​ក្រុមគាំទ្រ​លោក Donald Trump៕

  • រដ្ឋាភិបាល​អាម៉េរិក ត្រៀម​ប្ដឹង​ជំទាស់​នឹង​ការសម្រេច​របស់​តុលាការ ស្ដីពី​ការដក​វិធាន​ការពាក់​ម៉ាស​បង្ការ​កូ​វីដ-១៩

    រដ្ឋាភិបាល​អាម៉េរិក ត្រៀម​ប្ដឹង​ជំទាស់​នឹង​ការសម្រេច​របស់​តុលាការ ស្ដីពី​ការដក​វិធាន​ការពាក់​ម៉ាស​បង្ការ​កូ​វីដ-១៩

    រដ្ឋាភិបាល​របស់​ប្រធានាធិបតី​អាម៉េរិក លោក ចូ បៃ​ដិ​ន កំពុងមាន​ផែនការ​ប្ដឹង​ជំទាស់​ទៅនឹង​សេចក្ដីសម្រេច​របស់​តុលាការ​សហព័ន្ធ ស្ដីពី​ការលុបចោល​បទបញ្ជា​ពាក់​ម៉ាស​នៅពេល​ស្ថិតក្នុង​យន្តហោះ ឬ​ដោយ​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ​ដទៃ។

    ក្នុង​ប្រកាស​មួយ​កាលពី​ថ្ងៃទី ១៩ មេសា ក្រសួងយុត្តិធម៌​អាម៉េរិក បាន​លើកឡើងថា «ក្រសួងយុត្តិធម៌ និង​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង និង​ទប់ស្កាត់​ជំងឺឆ្លង (CDC) របស់ សហរដ្ឋ​អាម៉េរិក មិន​យល់ស្រប​ទៅនឹង​ការសម្រេច​របស់​តុលាការ ដូច្នេះ​នឹងធ្វើ​ការប្ដឹង​ជំទាស់ បើសិនជា CDC បញ្ជាក់ថា វិធានការ​នៅតែ​ចាំបាច់​សម្រាប់​ការពារ​សុខភាព​សាធារណៈជន»។

    ប្រកាស​ខាងលើ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី ចៅក្រម Kathryn Kimball Mizelle នៅ​តុលាការ​សហព័ន្ធ​ក្នុង​រដ្ឋ Florida កាលពី​ទី ១៨ មេសា បាន​បង្គាប់​ឱ្យ​រដ្ឋាភិបាល ដក​ចោល​វិធានការ​ពាក់​ម៉ាស ដោយ​យល់ថា CDC របស់ អាម៉េរិក បានធ្វើ​លើសពី​ដែន​កំណ​ត់នៃ​ច្បាប់ ទាក់ទិន​នឹង​ការបង្ខំ​ឱ្យ​ប្រជាជន​ពាក់​ម៉ាស​នៅលើ​យន្តហោះ រថភ្លើង រថយន្តក្រុង និង​មធ្យោបាយ​ធ្វើដំណើរ​សាធារណៈ​ដទៃទៀត៕

     

  • ក្រុម​អវកាស​ចរណ៍​ស៊ីវិល​ដំបូង ហោះ​ពី​ស្ថានីយ​អវកាស​អន្តរជាតិ ត្រលប់​មកកាន់​ផែនដី

    ក្រុម​អវកាស​ចរណ៍​ស៊ីវិល​ដំបូង ហោះ​ពី​ស្ថានីយ​អវកាស​អន្តរជាតិ ត្រលប់​មកកាន់​ផែនដី

    ក្រុម​អ្នក​អវកាស​មួយក្រុម បញ្ចប់​បេសកកម្ម​រយៈពេល ១២ ថ្ងៃ នៅលើ​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) ដោយ​ការហោះហើរ​ត្រលប់​មកកាន់​ផែនដី ជាមួយនឹង​យាន Crew Dragon របស់ SpaceX ដែល​គ្រោង​នឹង​ចុះចត​ដោយ​ឆត្រយោង​នៅលើ​សមុទ្រ។

    បេសកកម្ម AX-១ ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ធុរកិច្ច​ថ្មី Axiom Space នៅ Houston រដ្ឋ Texas ផ្ដល់​សេវាកម្ម​​ហោះ​ហើរ​​ដោយ​ប្រើប្រាស់​រ៉ុក្កែត ការហ្វឹកហាត់ និង​ការចាត់ចែង​ជើងហោះហើរ​ទៅកាន់ ISS សម្រាប់​អតិថិជន​បង់ប្រាក់។

    សមាជិក​ក្រុម​ហោះហើរ​ខាងលើ​មាន​គ្នា ៤ នាក់ រួមមាន មេបញ្ជាការ Michael Lopez-Alegria អតីត​អវកាសយានិក​របស់ ណា​សា, អ្នកជំនួញ​ជនជាតិ​អ៊ីស្រាអែល Eytan Stichael, អ្នកវិនិយោគ​ជនជាតិ​កាណាដា Mark Pathy និង​អ្នកវិនិយោគ​អចលនទ្រព្យ​អាម៉េរិក Larry Connor មកពី Ohio។ ពួកគេ​បាន​ចាក​ចេញពី ISS ដោយ​ជិះ​ក្នុង​យាន Crew Dragon របស់ SpaceX កាលពី​ម៉ោង ១០ ព្រឹក ថ្ងៃទី ២០ មេសា ២០២២ (ម៉ោង​នៅ កម្ពុជា)។

    មេបញ្ជាការ Michael Lopez-Alegria អតីតអវកាសយានិករបស់ ណាសា, អ្នកជំនួញជនជាតិអ៊ីស្រាអែល Eytan Stichael, អ្នកវិនិយោគជនជាតិកាណាដា Mark Pathy និងអ្នកវិនិយោគអចលនទ្រព្យអាម៉េរិក Larry Connor មកពី Ohio

    ក្រុម​អ្នក​អវកាស​នេះ​នឹងត្រូវ​ឆ្លងកាត់​ច្រើន​ម៉ោង​នៅក្នុង​យាន​ទំហំ ៤ ម៉ែត្រក្រឡា នៅពេល Crew Dragon បាន​ហោះ​ចុះ​ដល់​តំបន់​បរិយាកាស​ក្រាស់​របស់​ផែនដី។ ពួកគេ​នឹង​ចុះចត​ដោយ​ប្រើ​ឆត្រយោង​នៅលើ​ផ្ទៃសមុទ្រ បើសិន​អាកាសធាតុ​អំណោយផល។ នេះ​បើតាម​ការ​ឱ្យដឹងពី​ទីភ្នាក់ងារ​អវកាស​អាម៉េរិក ណា​សា។

    Lopez-Alegria និង​សមាជិក​ក្រុម​ហោះហើរ​ផ្សេងទៀត បាន​ហោះ​ឡើងដល់ ISS ប្រហែល ១ សប្ដាហ៍​កន្លង និង​បាន​ជួបជុំ​ក្រុម​អ្នក​អវកាស​ដែល​កំពុងធ្វើការ​នៅ​ទីនោះ ដែល​រួមមាន ជនជាតិ​អាម៉េរិក ៣ នាក់, អាល្លឺម៉ង់ ១ នាក់ និង រុស្ស៊ី ៣ នាក់។

    ក្រុម​អ្នក​អវកាស​ជួប​ជុំគ្នា​នៅ​លើ ISS

    AX-១ គឺជា​បេសកកម្ម​ដំបូង​ដែលមាន​ក្រុម​ហោះហើរ​ជា​ជន​ស៊ីវិល និង​មិនមាន​សមាជិក​ណាមួយ​ម​ក​ពី​ស្ថាប័នរដ្ឋ។ នេះ​ក៏​ជា​លើកដំបូង​ផងដែរ ដែល​ក្រុម​ជន​ស៊ីវិល ហោះ​ទៅដល់ ISS ដោយ​ប្រើ​យានអវកាស​ដែល​ផលិត​នៅ សហរដ្ឋ​អាម៉េរិក។ ក្នុង​បេសកកម្ម​នេះ ពួកគេ​បានធ្វើ​ការពិសោធ​ផ្នែក​វិទ្យាសាស្ត្រ​មួយចំនួន​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​មន្ទីរពេទ្យ សាកលវិទ្យាល័យ និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជាច្រើន។ ពួកគេ​ក៏​ចំណាយពេល​ហៅ​ទូរស័ព្ទ​ទៅកាន់ក្មេងៗ និង​និស្សិត​នៅ​លើដី​ផងដែរ។

    ស្ថានីយអវកាស​អន្តរជាតិ

    ការចំណាយ​ទៅលើ​បេសកកម្ម AX-១ នេះ បច្ចុប្បន្ន​មិនទាន់​ត្រូវបាន​បង្ហើប​ឱ្យដឹង​នៅឡើយ៕

  • អាម៉េរិក ថា អ៊ុយ​ក្រែ​ន បានទទួល​ជំនួយ​ជា​យន្តហោះ​ចម្បាំង​ពី​បរទេស

    អាម៉េរិក ថា អ៊ុយ​ក្រែ​ន បានទទួល​ជំនួយ​ជា​យន្តហោះ​ចម្បាំង​ពី​បរទេស

    មន្ទីរ​បញ្ច​កោណ បានប្រកាសថា អ៊ុយ​ក្រែ​ន បានទទួល​យន្តហោះ​ចម្បាំង និង​គ្រឿងបន្លាស់​ពី​បរទេស ដើម្បី​បង្កើន​ទំហំ​នៃ​ក្រុម​យន្តហោះ​ចម្បាំង។

    «ពួកគេ​បានទទួល​ប្រព័ន្ធ​នានា និង​គ្រឿងបន្លាស់​បន្ថែម​ដើម្បី​បង្កើន​ទំហំ​នៃ​ក្រុម​ហោះហើរ ប៉ុន្តែ ខ្ញុំ​នឹងមិន​និយាយ​លម្អិត​អំពី​រឿងនេះ» អ្នកនាំពាក្យ​របស់ មន្ទីរ​បញ្ច​កោណ John Kirby ថ្លែង​កាលពី​ថ្ងៃទី ១៩ មេសា​ដូច្នេះ និង​បន្ថែមថា «បច្ចុប្បន្ន ពួកគេ​មាន​យន្តហោះ​ចម្បាំង​ច្រើនជាង ធៀប​នឹង​កាលពី ២ សប្ដាហ៍​មុន»។

    លោក Kirby បដិសេធ​ការ​បង្ហើប​ឱ្យដឹង​អំពី​ចំនួន ប្រភេទ និង​ប្រភព​របស់​យន្តហោះ​ចម្បាំង​បរទេស​ដែល​បាន​ប្រគល់ឱ្យ អ៊ុយ​ក្រែ​ន។ លោក​ថា «ប្រទេស​ផ្សេង​ដែលមាន​បទពិសោធន៍​ក្នុងការ​ប្រើប្រាស់​យន្តហោះ​ប្រភេទ​នោះ អាចជួយ​ឱ្យ​ពួកគេ (អ៊ុយ​ក្រែ​ន) គ្រប់គ្រង និង​ប្រើប្រាស់​បាន។ អាម៉េរិក ជួយ​ដឹកជញ្ជូន​គ្រឿងបន្លាស់​មួយចំនួន​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​ពួកគេ ប៉ុន្តែ យើង​មិន​ដឹកជញ្ជូន​យន្តហោះ​ទាំងមូល​ឡើយ»។

    ព័ត៌មាន​ខាងលើនេះ​ត្រូវបាន​លើកឡើង​ក្រោយពី ប្រធានាធិបតី​អាម៉េរិក លោក ចូ បៃ​ដិ​ន កាលពី​សប្ដាហ៍​កន្លង​បានអនុម័ត​កញ្ចប់​ជំនួយ​យោធា​បន្ថែម​ដែលមាន​តម្លៃ ៨០០ លាន​ដុល្លារ ដល់ អ៊ុយ​ក្រែ​ន ដែល​កញ្ចប់​ជំនួយ​នេះ​អាច​នឹងត្រូវ​បានប្រកាស​លម្អិត​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ។ មន្ត្រី ១ រូប នៅ សេត​វិមាន កាលពី​ថ្ងៃទី ១៦ មេសា បានឱ្យដឹងថា ការដឹកជញ្ជូន​សព្វាវុធ​នានា​នៃ​កញ្ចប់​ជំនួយ​នេះ បាន​ទៅដល់​កន្លែង​រួចហើយ។

  • បស្ចិម​លោក​សន្យា​បង្កើន​ជំនួយ​ដល់ ទីក្រុង​កៀវ​ ដើម្បី​ឆ្លើយតប​​ទៅ​នឹង​ដំណាក់កាល​ទី​ពីរ​នៃ​យុទ្ធ​នាការ​យោធា​របស់ រុស្ស៊ី នៅ​ អ៊ុយក្រែន

    បស្ចិម​លោក​សន្យា​បង្កើន​ជំនួយ​ដល់ ទីក្រុង​កៀវ​ ដើម្បី​ឆ្លើយតប​​ទៅ​នឹង​ដំណាក់កាល​ទី​ពីរ​នៃ​យុទ្ធ​នាការ​យោធា​របស់ រុស្ស៊ី នៅ​ អ៊ុយក្រែន

    សហរដ្ឋ​អាម៉េរិក និង​សម្ព័ន្ធមិត្ត បាន​សន្យាថា នឹង​បង្កើន​ការ «ដាក់​ឱ្យនៅ​ឯកោ» ទៅលើ រុស្ស៊ី និង​ផ្ដល់ជំនួយ​ផ្នែក​អាវុធ​ដល់ អ៊ុយ​ក្រែ​ន នៅពេល​សង្គ្រាម​ឈានចូល​ដល់​ដំណាក់កាល​ថ្មី។

    «យើង​នឹង​រឹតបន្តឹង​បន្ថែមទៀត​ទៅ​លើ​វិធានការ​ដាក់ទណ្ឌកម្ម​លើ រុស្ស៊ី និង​បង្កើន​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ និង​សន្តិសុខសម្រាប់ អ៊ុយ​ក្រែ​ន» ប្រធាន​គណៈកម្មការ​អឺរ៉ុប Ursula von der Leyen បាន​សរសេរ​ដូច្នេះ​នៅលើ​ទំព័រ Twitter កាលពី​ថ្ងៃទី ១៩ មេសា ២០២២។

    ប្រកាស​ថ្មី​ខាងលើនេះ ត្រូវ​បានលើកឡើង​បន្ទាប់ពី​មាន​កិច្ចប្រជុំ​តាមរយៈ​វីដេអូ ៩០ នាទី រវាង ប្រធានាធិបតី​អាម៉េរិក លោក បៃ​ដិ​ន និង​ក្រុម​មេដឹកនាំ​លោកខាងលិច កាលពី​ម្សិលមិញ។ នេះ​ត្រូវបាន​គេ​ចាត់ទុកថា ជា​ប្រតិកម្ម​ឆ្លើយតប ក្រោយពី រុស្ស៊ី បានប្រកាស​ចាប់ផ្ដើម​ដំណាក់កាល​ទី​ពីរ​នៃ​យុទ្ធនាការ​យោធា​នៅ​ទឹកដី​ភាគ​ខាងកើត​របស់ អ៊ុយ​ក្រែ​ន។

    លោក បៃ​ដិ​ន បានឱ្យដឹងថា សហរដ្ឋ​អាម៉េរិក នឹង​បញ្ជូន​អាវុធ​បន្ថែមទៀត​ឱ្យ អ៊ុយ​ក្រែ​ន ក្នុងនោះ​មាន​ទាំង​រថពាសដែក ២០០ គ្រឿង និង​ឧទ្ធម្ភាគចក្រ ១១ គ្រឿង​ផងដែរ នៅពេល​កញ្ចប់​ជំនួយ ៨០០ លាន​ដុល្លារ​ថ្មី​របស់ វ៉ា​ស៊ី​ង​តោន បានចាប់ផ្ដើម​ធ្លាក់​ដល់ដៃ អ៊ុយ​ក្រែ​ន។

    ប្រភពព័ត៌មាន​ច្បាស់​ការណ៍​បានឱ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ លោក បៃ​ដិ​ន នឹង​ប្រកាស​កញ្ចប់​ជំនួយ​យោធា​មួយ​ផ្សេងទៀត​ដែលមាន​ទំហំ​ប្រហាក់ប្រហែល​នឹង​កញ្ចប់​ជំនួយ ៨០០ លាន​ដុល្លារ ដល់ អ៊ុយ​ក្រែ​ន។ បើសិនជា​ពិត​ដូច្នោះ​មែន វា​នឹង​ធ្វើឱ្យ​កញ្ចប់​ជំនួយ​យោធា​របស់ អាម៉េរិក សម្រាប់ អ៊ុយ​ក្រែ​ន ឡើងដល់​ជាង ៣ ពាន់​លាន​ដុល្លារ រាប់​ចាប់តាំងពី​ចុងខែ​កុម្ភៈ ២០២២។

    ចំណែក​សម្ព័ន្ធមិត្ត​រប​ស់ អាម៉េរិក ផ្សេងទៀត ដូចជា កាណាដា និង អង់គ្លេស ជាដើម ក៏បាន​ប្រកាសថា នឹង​ផ្ដល់ជំនួយ​ជា​សព្វាវុធ​បន្ថែមទៀត​ដល់ អ៊ុយ​ក្រែ​ន ដើម្បីឱ្យ​ប្រទេស​នេះ​អាច​ទប់​ទល់នឹង​ការវាយប្រហារ​ពី​សំណាក់​កងទ័ព​របស់ រុស្ស៊ី នៅក្នុង​ដំណាក់កាល​ទី​ពីរ​នៃ​សង្គ្រាម។