Category: អន្តរជាតិ

  • បារាំង​មាន​នាយករដ្ឋមន្ត្រី​ជា​ស្ត្រី​ដំបូង​គេ​ក្នុងអំឡុង​ជាង ៣ ទសវត្សរ៍​មកនេះ

    បារាំង​មាន​នាយករដ្ឋមន្ត្រី​ជា​ស្ត្រី​ដំបូង​គេ​ក្នុងអំឡុង​ជាង ៣ ទសវត្សរ៍​មកនេះ

    ប្រធានាធិបតី​បារាំង លោក ម៉ា​ក្រុង បានតែងតាំង​រដ្ឋមន្ត្រី​ក្រសួង​ពលកម្ម Borne ជា​នាយករដ្ឋមន្ត្រី​រប​ស់ បារាំង ដែល​នេះ​គឺជា​ស្ត្រី​ដំបូង​គេ​កាន់តំណែង​នេះ​ក្រោយ​រយៈពេល​ជាង ៣០ ឆ្នាំ​កន្លង។

    វិមាន​អេ​លី​សេ កាលពី​ថ្ងៃទី ១៦ ឧសភា បានប្រកាសថា លោកស្រី Elisabeth Borne ត្រូវបានតែងតាំង​ជា​នាយករដ្ឋមន្ត្រី​បារាំង ជំនួស​លោក Jean Castex ដែល​បានដាក់​ពាក្យសុំ​លាលែង​ពី​តំណែង​កាលពីពេលថ្មីៗនេះ។ លោកស្រី Borne បាន​ទៅកាន់​ភូមិគ្រឹះ Matignon របស់ នាយករដ្ឋមន្ត្រី​បារាំង នៅ ប៉ារីស ដើម្បី​ទទួល​ភារកិច្ច។

    ស្ត្រី​ជា​នាយករដ្ឋមន្ត្រី​ដំបូង​គេ​របស់ បារាំង គឺ​លោកស្រី Edith Cresson ដែល​បាន​ចូលកាន់​តំណែង​ចាប់ពី​ខែឧសភា ឆ្នាំ​ ១៩៩១ ដល់​ខែមេសា ឆ្នាំ​ ១៩៩២ ក្នុងសម័យ​លោក​ប្រធានាធិបតី Francois Mitterrand។

    លោកស្រី Borne អាយុ ៦១ ឆ្នាំ ត្រូវបាន​វាយតម្លៃថា​ជា​មនុស្ស​ម្នាក់​ដែលមាន​សក្ដានុពល និង​អាច​ចរចា​ប្រកបដោយ​ប្រសិទ្ធភាព​ជាមួយ​ក្រុម​សហជីព​នៅក្នុងពេល​ប្រធានាធិបតី ម៉ា​ក្រុង ចាប់ផ្ដើម​កែទម្រង់​សង្គម​ថ្មី ក្នុងនោះ​មាន​ទាំង​ការបង្កើន​អាយុ​សម្រាប់​ការចូល​និវត្តន៍ ដែលជា​ការសម្រេចចិត្ត​មួយ​ប្រឈម​នឹង​ហានិភ័យ​កើតមាន​បាតុកម្ម។

     

  • ធ្លាក់​ឧទ្ធម្ភាគចក្រ​នៅ កូរ៉េខាងត្បូង បណ្ដាល​ឱ្យ​មនុស្ស​ ៣ នាក់​ស្លាប់ និងរង​របួស​

    ធ្លាក់​ឧទ្ធម្ភាគចក្រ​នៅ កូរ៉េខាងត្បូង បណ្ដាល​ឱ្យ​មនុស្ស​ ៣ នាក់​ស្លាប់ និងរង​របួស​

    មនុស្ស​យ៉ាងហោច​ម្នាក់​បាន​ស្លាប់ និង ២ នាក់​ទៀត​រងរបួស​ធ្ងន់​នៅក្នុង​ហេតុការណ៍​ធ្លាក់​ឧ​ទ្ធ​ម្ភា​គ​នា​ថ្ងៃទី ១៦ ឧសភា​នេះ នៅ​ទីក្រុង Geoje ភាគខាងត្បូង​នៃ ប្រទេស​កូរ៉េខាងត្បូង។

    យោងតាម​សារព័ត៌មាន Yonhap អង្គភាព​ជួយសង្គ្រោះ​បានឱ្យដឹងថា គ្រោះថ្នាក់​នេះ​កើតឡើង​នៅពេល​ឧទ្ធម្ភាគចក្រ​ខាងលើ​កំពុង​ដឹកជញ្ជូន​សម្ភារ​សំណង់​បម្រើឱ្យ​គម្រោង​ស្ដារ​ផ្លូវលំ​មួយ​ខ្សែ​សម្រាប់​ឡើងទៅ​កាន់​កំពូលភ្នំ។ ឧទ្ធម្ភាគចក្រ​នេះ​បាន​ធ្លាក់​នៅក្បែរ​កំពូលភ្នំ Seonja នៃ​ទីក្រុង Geoje។

    ជនរងគ្រោះ​ទាំង ៣ នាក់​ខាងលើ​គឺជា​សមាជិក​នៃ​ក្រុម​ហោះហើរ រួមមាន អ្នកបើកបរ ២ នាក់​ដែលមាន​អាយុ​ជាង ៦០ ឆ្នាំ និង​ជាង​ម៉ាស៊ីន​ម្នាក់​អាយុ​ប្រហែល ៣០ ឆ្នាំ។ អ្នក​ដែល​បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​នេះ​គឺជា​ប្រធាន​ក្រុម​អ្នកបើកបរ។

    ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​ញាប់ដៃ​ញាប់ជើង​ស៊ើបអង្កេត​រក​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ។

  • (វីដេអូ)-ទិដ្ឋភាព​ក្នុង​ស្ថានីយ​អវកាស ISS ពេល​កំពុង​បង្កើន​កម្ពស់​នៅលើ​មេឃ

    (វីដេអូ)-ទិដ្ឋភាព​ក្នុង​ស្ថានីយ​អវកាស ISS ពេល​កំពុង​បង្កើន​កម្ពស់​នៅលើ​មេឃ

    ទីភ្នាក់ងារ​អវកាស​អឺរ៉ុប អ៊ី​សា (ESA) បាន​បង្ហោះ​វីដេអូ​ស្ដីពី​សកម្មភាព​នៅក្នុង​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) នៅពេល​យាន​របស់ រុស្ស៊ី បញ្ឆេះ​ម៉ាស៊ីន​ដើម្បី​រុញ​ស្ថានីយ​នេះ​ឡើង​ខ្ពស់​ថែម​មួយកម្រិត​ទៀត​កាលពី​ខែមីនា ២០២។

    ក្រុម​ហោះហើរ​នៅលើ​ស្ថានីយ​អវកាស ISS កាលពី​ខែមីនា ដែល​ស្ថិតក្នុង​ស្ថានភាព​អណ្ដែត​ថយក្រោយ​នៅពេល​យាន​របស់ រុស្ស៊ី បញ្ឆេះ​ម៉ាស៊ីន ដើម្បី​រុញ​ស្ថានីយ​ឡើងទៅ​លើ គឺ​ក្រុម​ស្រាវជ្រាវ ៦។ សមាជិក​របស់​ក្រុម​នេះ​រួមមាន ៦ នាក់ ក្នុងនោះ​មាន ៣ នាក់​មកពី ណា​សា (NASA), ម្នាក់​មកពី អ៊ី​សា និង ២ នាក់​មកពី ទីភ្នាក់ងារ​អវកាស​រុស្ស៊ី រ៉ូ​ស្កូ​ស​មូស (Roscosmos)។

    នៅពេល​យើង​មើល​សកម្មភាព​ក្នុង​វីដេអូ​នេះ គ្រប់គ្នា​ប្រាកដជា​គិតថា ក្រុម​អវកាស​ចរ​នេះ​កំពុង​ផ្លាស់​ទី​ខាងក្នុង ISS ប៉ុន្តែ តាមពិត​មិន​ដូច្នោះ​ទេ ពោលគឺ​ស្ថានីយ​អវកាស​នេះ​កំពុង​វិលជុំ​វិញ​ពួកគេ។ ចំណែក​សកម្មភាព​ពិតប្រាកដ​ក៏​យឺត​ជាង​ទិដ្ឋភាព​ក្នុង​វីដេអូ ដោយសារតែ​វីដេអូ​នេះ​ត្រូវបាន​បង្កើនល្បឿន​លឿន​ជាង ៨ ដង ធៀប​នឹង​វីដេអូ​ដើម។

    អ៊ី​សា មិនបាន​បង្ហើប​ឱ្យដឹង​អំពី​ទិន្នន័យ​ស្ដីពី​កម្រិត​នៃ​ការបង្កើន​ល្បឿន​លើក​នេះ។ ក៏ប៉ុន្តែ ការបង្កើន​ល្បឿន​កាលពី​លើក​មុននេះ​គឺ ប្រើពេល ១២ នាទី និង ១៧ វិនាទី និង​មាន​ល្បឿន ១.៣៤ ម៉ែត្រ ក្នុង ១ វិនាទី។

    ក្នុង​វីដេអូ ក្រុម​អវកាស​ចរ កំពុង​ទទួល​បទពិសោធ​ន៍​ដ៏​អស្ចារ្យ។ វា​ប្រហាក់ប្រហែល​ទៅនឹង​ពេល​រថយន្ត និង​យន្តហោះ​បង្កើនល្បឿន។

    ISS តែងតែ​គោចរ​ពីលើ​ផែនដី​ក្នុងរ​យៈក​ម្អ​ស់​ប្រហែល ៤០០ គីឡូម៉ែត្រ ប៉ុន្តែ ឥទ្ធិពល​របស់​ទំនាញ​នៃ​បរិយាកាស​អាចធ្វើឱ្យ ISS ធ្លាក់​មក​ទាប​ប្រហែល ១០០ ម៉ែត្រ ជា​រៀងរាល់ថ្ងៃ ដូច្នេះហើយ​បានជា​ក្រុម​អ្នកគ្រប់គ្រង ត្រូវ​លើកកម្ពស់​នៃ​គន្លង​គោចរ​របស់​ស្ថានីយ​នេះ ប្រហែល ១ ដង នៅក្នុង ១ ខែ៕

  • កងទ័ព​​រុស្ស៊ី ប្រើប្រាស់​គ្រាប់កាំភ្លើង​ត្បាល់​នាំ​ផ្លូវ​ដោយ​ឡាស៊ែរ​ធំ​បំផុត​ក្នុង​ពិភពលោក នៅ អ៊ុយ​ក្រែ​ន

    កងទ័ព​​រុស្ស៊ី ប្រើប្រាស់​គ្រាប់កាំភ្លើង​ត្បាល់​នាំ​ផ្លូវ​ដោយ​ឡាស៊ែរ​ធំ​បំផុត​ក្នុង​ពិភពលោក នៅ អ៊ុយ​ក្រែ​ន

    កងកម្លាំង​របស់​ ប្រទេស​​រុស្ស៊ី ទំនងជា​កំពុងតែ​ប្រើប្រាស់​កាំភ្លើងត្បាល់ ២S៤ Tyulpan បាញ់​គ្រាប់កាំភ្លើង​ដែល​មាន​ប្រព័ន្ធ​នាំ​ផ្លូវ Smelchak ដើម្បី​វាយប្រហារ​លើ​រោងចក្រ Azovstal នៅ​ទីក្រុង​ភាគ​ត្បូង Mriupol របស់ អ៊ុយក្រែន។

    គណនី 200_zoka នៅលើ​បណ្ដាញ​សង្គម​ Twitter ដែលមាន​ជំនាញ​ខាង​បង្ហោះ​ឯកសារ​ស្ដីពី​កងទ័ព​របស់ រុស្ស៊ី ដែល​កំពុង​ចូលរួម​ធ្វើសង្គ្រាម​នៅ អ៊ុយ​ក្រែ​ន កាលពី​ចុង​សប្ដាហ៍​កន្លង បាន​ចែករំលែក​​រូបភាព​កាំភ្លើងត្បាល់​ចល័ត ២S៤ Tyulpan កំពុងតែ​បាញ់​ផ្លោង​ទៅលើ​គោលដៅ​រោងចក្រ​ផលិត​ដែកថែប Azovstal នៅ​ទីក្រុង​ភាគខាងត្បូង Mariupol។ ក៏ប៉ុន្តែ ពេលវេលា​នៃ​ការបាញ់​ផ្លោង​នេះ​មិន​ត្រូវបាន​បង្ហើប​ឱ្យដឹង​នោះទេ។

    ក្នុង​រូបថត គ្រាប់កាំភ្លើង​ត្បាល់​ទើបតែ​ចាក​ចេញពី​កាណុង ២S៤ ដែល​ត្រូវបាន​ដាក់ពង្រាយ​នៅលើ​ទីវាល​មួយកន្លែង។ ក្រុម​អ្នកជំនាញ​យល់ថា គ្រាប់កាំភ្លើង​ក្នុង​រូបភាព​នេះ​គឺជា ១K១១៣ Smelchak ដែល​ត្រូវបាន​នាំ​ផ្លូវ​ដោយ​ពន្លឺ​ឡាស៊ែរ។

    ក្រសួងការពារជាតិ​រុស្ស៊ី មិនទាន់​បញ្ចេញ​ប្រតិកម្ម​អ្វី​នៅ​ឡើយ​ចំពោះ​ការលើកឡើង​ខាងលើ។

    ២S៤ Tyulpan គឺជា​ប្រព័ន្ធ​កាំភ្លើងត្បាល់​ចល័ត​ធំ​បំផុត​ក្នុង​ពិភពលោក ដែល​ត្រូវបាន​គេ​ឱ្យ​ឈ្មោះថា «មហាទេព​នៃ​សង្គ្រាម» មួយ របស់ សូ​វៀត ដែល​ត្រូវ​បានដាក់​ឱ្យប្រើ​ប​ប្រាស់​ក្នុង​ជួរ​កងទ័ព​ក្នុងអំឡុង​ទសវត្សរ៍ ១៩៧០។

  • ណា​តូ ថា អ៊ុយ​ក្រែ​ន អាច​ឈ្នះ រុស្ស៊ី

    ណា​តូ ថា អ៊ុយ​ក្រែ​ន អាច​ឈ្នះ រុស្ស៊ី

    អគ្គលេខាធិការ​នៃ​អង្គការ​ណា​តូ និយាយថា យុទ្ធនាការ​យោធា​របស់ រុស្ស៊ី នៅ អ៊ុយ​ក្រែ​ន កំពុង​កើតឡើង​មិន​ទៅតាម​ការគ្រោងទុក និង​យល់ថា ទីក្រុង​កៀវ នឹងមាន​ប្រៀប​ជាង។

    «យុទ្ធនាការ​យោធា​របស់ រុស្ស៊ី នៅ អ៊ុយ​ក្រែ​ន កើតឡើង​មិន​ដូច​ទៅនឹង​ផែនការ​របស់ ទីក្រុង​មូ​ស្គូ។ ពួកគេ​មិនអាច​គ្រប់គ្រង​ទីក្រុង​កៀវ ពួកគេ​កំពុង​ដកថយ​ចេញពី Kharkov ហើយ​ការ​រុលចូល​នៅ Donbass ត្រូវ​ពន្យារពេល។ រុស្ស៊ី មិនអាច​សម្រេចបាន​គោលដៅ​យុទ្ធសាស្ត្រ​របស់​ពួកគេ» អគ្គលេខាធិការ​នៃ​អង្គការ​ណា​តូ Jens Stoltenberg បាន​ប្រាប់​អ្នកយកព័ត៌មាន​បន្ទាប់​ពី​កិច្ចប្រជុំ​ក្រៅផ្លូវការ​របស់​រដ្ឋមន្ត្រី​នៃ​បណ្ដា​ប្រទេស​ក្នុង​សម្ព័ន្ធ​យោធា​នេះ កាលពី​ថ្ងៃទី ១៥ ឧសភា។

    យោងតាម​លោក Stoltenberg ប្រធានបទ​សំខាន់​នៃ​កិច្ចប្រជុំ​ខាងលើ​គឺ «ការគាំទ្រ​យ៉ាងខ្លាំង​ក្លា​ចំពោះ អ៊ុយ​ក្រែ​ន» ការបង្កើន​លទ្ធភាព​នៃ​ការ​កំញើញ និងការ​​ការពារ​របស់ ណា​តូ ក៏ដូចជា​ផលប៉ះពាល់​យូរ​អ​ង្វែ​រដែ​ល​កើត​ពី​យុទ្ធនាការ​យោធា​របស់ រុស្ស៊ី ក្នុងនោះ​ក៏មាន​គោលជំហរ​នា​ពេល​អនាគត​របស់​សម្ព័ន្ធ​យោធា​ណាតូ​ ចំពោះ ប្រទេស​រុស្ស៊ី ផងដែរ។

    លោក Stoltenberg បន្តថា «អ៊ុយ​ក្រែ​ន អាច​ឈ្នះ។ ជនជាតិ​អ៊ុយ​ក្រែ​ន កំពុងមាន​ភាពក្លាហាន​ក្នុងការ​ការពារ​ស្រុកកំណើត​របស់​ពួកគេ»។ លោក​បន្ថែមថា ប្រភព​ផ្គត់ផ្គង់​អាវុធ និង​ជំនួយ​ពី​បណ្ដា​ប្រទេស កំពុង «ធ្វើឱ្យមាន​ភាពខុសគ្នា​នៅលើ​សមរភូមិ» ដូច្នេះ​សម្ព័ន្ធមិត្ត​គួរ​បន្ត​ផ្ដល់ជំនួយ​ដល់ អ៊ុយ​ក្រែ​ន។

    ចំណែក​ភាគី​ខាង រុស្ស៊ី វិញ បាន​អះអាងថា កំពុង​សម្រេចបាន​គ្រប់​គោលដៅ​នៅ អ៊ុយ​ក្រែ​ន ហើយ​ថា នឹងមិន​ប្ដូរផ្លាស់​នូវ​ដំណើរ​ការដែល​បានកំណត់។ នៅក្នុង​កម្មវិធី​ទូរទស្សន៍​ដែល​ចាក់ផ្សាយ​កាលពី​ថ្ងៃទី ១៤ ឧសភា ឯកអគ្គរដ្ឋទូត​រុស្ស៊ី ប្រចាំ សហរដ្ឋ​អាម៉េរិក Anatoly Antonov សង្កត់ធ្ងន់ថា «យើង​នឹងមិន​ចុះចាញ់ ឬ​ដកថយ​ជាដាច់ខាត»។

  • សេចក្ដីព្រាងច្បាប់​ផ្ដល់ជំនួយ ៤០ ពាន់​លាន​ដុល្លារ​ដល់ អ៊ុយ​ក្រែ​ន ជាប់​គាំ​នៅ សភា​ជាន់ខ្ពស់​អាម៉េរិក

    សេចក្ដីព្រាងច្បាប់​ផ្ដល់ជំនួយ ៤០ ពាន់​លាន​ដុល្លារ​ដល់ អ៊ុយ​ក្រែ​ន ជាប់​គាំ​នៅ សភា​ជាន់ខ្ពស់​អាម៉េរិក

    តំណាងរាស្ត្រ Rand Paul បាន​រាំងខ្ទប់​ការបោះឆ្នោត​នៅ សភា​ជាន់ខ្ពស់​អាម៉េរិក បណ្ដាលឱ្យ​ស្ថាប័ន​នេះ​មិនទាន់​អាច​អនុម័ត​កញ្ចប់​ថវិកា​ជំនួយ​សម្រាប់ អ៊ុយ​ក្រែ​ន។

    មេដឹកនាំ​ក្រុម​សំឡេង​ភាគច្រើន​នៅ សភា​ជាន់ខ្ពស់​អាម៉េរិក Chuck Schumer និង​មេដឹកនាំ​ក្រុម​សំឡេង​ភាគតិច Mitch McConnell កាលពី​ម្សិលមិញ ដាក់សំណើ «ព្រមព្រៀង​ឯកភាព» មាត្រា​ដែល​ជួយ​ជំរុញ​ឱ្យធ្វើ​ការអនុម័ត​ឆាប់រហ័ស​លើ​សេចក្ដីព្រាងច្បាប់​ដោយ​មិនចាំបាច់​ពិភាក្សា ដើម្បី​បង្កើនល្បឿន​សម្រាប់​ការអនុម័ត​ច្បាប់​ផ្ដល់ជំនួយ ៤០ ពាន់​លាន​ដុល្លារ ដល់ អ៊ុយ​ក្រែ​ន ដែល​ត្រូវបាន​សភា​ជាន់​ទាប​អាម៉េរិក អនុម័ត​រួចហើយ​កាលពីដើម​សប្ដាហ៍។

    ក៏ប៉ុន្តែ ឥរិយាបថ​ខាងលើនេះ ត្រូវបាន​រាំងខ្ទប់ បន្ទាប់ពី​តំណាងរាស្ត្រ​សភា​ជាន់ខ្ពស់ Rand Paul ប្រកាសថា នឹង​យល់ស្រប​លុះណាតែ​បន្ថែម​មាត្រា​ដែល​ទាក់ទង​នឹង​យន្តការ​ត្រួតពិនិត្យ​ពិសេស​ដើម្បី​តាមដាន​ដំណើរការ​នៃ​ការបញ្ចេញ​កញ្ចប់​ថវិកា​ជំនួយ​នេះ។ សំណើ​របស់ Rand Paul ត្រូវបាន​បដិសេធ​ដោយ​តំណាងរាស្ត្រ​សភា​ជាន់ខ្ពស់ Chuck Schumer។

    ការស្នើ​របស់លោក Paul បានធ្វើឱ្យ​ដំណើរការ​បោះឆ្នោត​អនុម័ត​សេចក្ដីព្រាងច្បាប់​នេះ​ត្រូវ​ថយ​ទៅ​សប្ដាហ៍​ក្រោយ។ លោក Schumer ថ្លែងថា លោក Paul កំពុង​រារាំង​សេចក្ដីព្រាងច្បាប់​នេះ​តែម្នាក់ឯង ខណៈដែល​គ្រប់យ៉ាង​បាន​ត្រៀម​រួចរាល់​អស់ហើយ។

    លោក Rand Paul

    លោក Paul និយាយថា «នេះ​គឺជា​សេចក្ដីព្រាងច្បាប់​លើ​ការចំណាយ​ធំ​ទី​ពីរ​សម្រាប់ អ៊ុយ​ក្រែ​ន នៅក្នុង​រយៈពេល ២ ខែ​កន្លងមកនេះ។ វា​ធំ​ជាង ៣ ដង ធៀប​នឹង​សេចក្ដីព្រាងច្បាប់​ដំបូង។ សភា​ចេះតែ​ចង់​ចំណាយ​ហើយ ចំណាយ​ទៀត​ប៉ុណ្ណោះ»។

    ការពន្យារពេល​ខាងលើ​នឹង​បង្ក​ការលំបាក​ដល់​ការផ្ដល់​ជំនួយ​ដល់ អ៊ុយ​ក្រែ​ន របស់លោក​ខាងលិច។ រដ្ឋាភិបាល​អាម៉េរិក ប្រកាសថា នឹង​អស់​ថវិកា​សម្រាប់​ការបញ្ជូន​អាវុធ​បន្ទាន់​ឱ្យ អ៊ុយ​ក្រែ​ន ដោយ​មិនបាច់​មានការ​អនុញ្ញាត​ពីស​ភា ដែល​អាច​ធ្វើឡើង​នៅមុន​ថ្ងៃទី ១៩ ឧសភា។

    លោក បៃ​ដិ​ន ដំបូង​ឡើយ​បានស្នើ​កញ្ចប់​ថវិកា ៣៣ ពាន់​លាន​ដុល្លារ​ដើម្បី​ជួយ អ៊ុយ​ក្រែ​ន ប៉ុន្តែ សភា​ក្រោយមក​ក៏បាន​បង្កើន​កញ្ចប់​នេះ​ឡើង​រហូតដល់​ជិត ៤០ ពាន់​លាន​ដុល្លារ។ សកម្មភាព​នេះ​គឺ​ដើម្បី​ជួយ​ឱ្យ អ៊ុយ​ក្រែ​ន អាច​បណ្ដេញ​កងទ័ព​រុស្ស៊ី ចេញពី​ទឹកដី បន្ទាប់ពី ទីក្រុង​មូ​ស្គូ បាន​បើក​ការឈ្លានពាន​លើ អ៊ុយ​ក្រែ​ន កាលពី​ខែកុម្ភៈ ២០២២។

    អត្ថបទ​ទាក់​ទង​៖ សភា​​ជាន់​​ទាប​​អាម៉េរិក ​បាន​អនុម័ត​​កញ្ចប់​​ថវិកា​​ផ្ដល់​ជំនួយចំនួន​ ៤០ ​ពាន់​​លាន​​ដុល្លារ ​ដល់ ​ប្រទេស​អ៊ុយ​ក្រែ​ន

  • កូរ៉េខាងជើង មាន​អ្នកស្លាប់​​ដោយ​សារ​​កូ​វីដ-១៩! «ករណី​ដំបូង»

    កូរ៉េខាងជើង មាន​អ្នកស្លាប់​​ដោយ​សារ​​កូ​វីដ-១៩! «ករណី​ដំបូង»

    កូរ៉េខាងជើង ឱ្យដឹងថា បាន​រកឃើញ​មនុស្ស​រាប់សែន​នាក់​ដែលមាន​រោគសញ្ញា​ក្ដៅខ្លួន ក្នុងនោះ​មាន ៦ នាក់​បាន​ស្លាប់ ហើយ​ក្នុងចំណោម​នោះដែរ មាន ១ ករណី ស្លាប់​ដោយសារ​ឆ្លង អូ​មី​ក្រុង។

    «ករណី​ក្ដៅខ្លួន​ខ្លាំង​ដោយ​មិនដឹង​មូលហេតុ បាន​ផ្ទុះឡើង​នៅ​ទូទាំងប្រទេស ចាប់ពី​ចុងខែ​មេសា។ ដោយឡែក​ក្នុង​ថ្ងៃទី ១២ ឧសភា មនុស្ស​ប្រហែល ១៨,០០០ នាក់ មាន​អាការ​ក្ដៅខ្លួន​ត្រូវបាន​រកឃើញ​នៅ​ទូទាំងប្រទេស» ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA បាន​ផ្សាយ​ដូច្នេះ។

    KCNA ក៏បាន​ឱ្យដឹងថា មនុស្ស ៦ នាក់​បាន​បាត់​បង់ជីវិត ក្នុងនោះ​មាន​ម្នាក់​គឺជា​ករណី​វិជ្ជមាន​នឹង កូ​វីដ-១៩ ប្រភេទ​អូ​មី​ក្រុង។

    បច្ចុប្បន្ន មិនទាន់​ដឹង​ច្បាស់​ថា អ្នក​ដែល​បាន​​ស្លាប់​ផ្សេងទៀត​គឺជា​ករណី​ឆ្លង​ជំងឺ​កូ​វីដ-១៩ ឬ​យ៉ាងណា​នៅឡើយ។

    ព័ត៌មាន​នេះ​ត្រូវបាន​ចុះផ្សាយ​មួយថ្ងៃ​បន្ទាប់ពី កូរ៉េខាងជើង បញ្ជាក់ថា មាន​ករណី​ឆ្លង​កូ​វីដ-១៩ ដំបូង ហើយ​ថា​ ប្រទេស​នេះ​​កំពុង​អនុវត្ត​វិធានការ​ទប់ស្កាត់​យ៉ាង​តឹងរ៉ឹង​​បំផុត។

  • សហរដ្ឋ​អាម៉េរិក សន្យា​ផ្ដល់ជំនួយ​ជាង​រយ​លាន​ដុល្លារ ដល់ អាស៊ាន

    សហរដ្ឋ​អាម៉េរិក សន្យា​ផ្ដល់ជំនួយ​ជាង​រយ​លាន​ដុល្លារ ដល់ អាស៊ាន

    សេត​វិមាន បាន​សន្យា​ផ្ដល់ជំនួយ​ដល់​ក្រុម​ប្រទេស​ក្នុង សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (ASEAN-អាស៊ាន) ជា​ទឹកប្រាក់​ចំនួន ១៥០ លាន​ដុល្លារ សម្រាប់​គំនិត​ផ្ដួចផ្ដើម​មួយចំនួន រួមមាន សន្តិសុខ​លើ​ផ្ទៃសមុទ្រ និង​ថាមពល​ស្អាត នៅក្នុង​ថ្ងៃ​ដំបូង​នៃ​កិច្ចប្រជុំ​កំពូល​ពិសេស។

    កិច្ចប្រជុំ​កំពូល​ពិសេស អាស៊ាន-អាម៉េរិក កាលពី​ថ្ងៃទី ១២ ឧសភា ចាប់ផ្ដើម​ដោយ​ពិធី​ស្វាគមន៍ និង​លៀង​សាយភោជន៍​របស់លោក បៃ​ដិ​ន ជូន​ដល់​មេដឹកនាំ​បណ្ដា​ប្រទេស​ក្នុង​សមាគម​អាស៊ាន នៅឯ សេត​វិមាន។

    នេះ​គឺជា​កិច្ចប្រជុំ​កំពូល​ដំបូង​ដែលមាន​ក្រុម​មេដឹកនាំ​អាស៊ាន ចូលរួម​ព្រឹត្តិការណ៍​នៅ សេត​វិមាន ហើយក៏​ជា​កិច្ចប្រជុំ​ដំបូង​រវាង អាម៉េរិក និង អាស៊ាន ដែល​ដឹកនាំ​ដោយ​ប្រធានាធិបតី​អាម៉េរិក រាប់​ចាប់ពី​ឆ្នាំ ២០១៦។

    សេត​វិមាន បានប្រកាស​កញ្ចប់​ជំនួយ ១៥០ លាន​ដុល្លារ សម្រាប់​គំនិត​ផ្ដួចផ្ដើម​មួយចំនួន រួមមាន សន្តិសុខ​លើ​ផ្ទៃសមុទ្រ និង​ថាមពល​ស្អាត នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍។

  • រុស្ស៊ី ព្រមាន​ថា នឹង​ចាត់ទុក ហ្វាំ​ង​ឡង់ និង ស៊ុយអែត ជា​គោលដៅ​សម្រាប់​ការវាយប្រហារ

    រុស្ស៊ី ព្រមាន​ថា នឹង​ចាត់ទុក ហ្វាំ​ង​ឡង់ និង ស៊ុយអែត ជា​គោលដៅ​សម្រាប់​ការវាយប្រហារ

    ឯកអគ្គរដ្ឋទូត​រង Polyanskiy រិះគន់ ណា​តូ ថា មិន​ស្និទ្ធ​នឹង រុស្ស៊ី ហើយ​ព្រមាន​ថា ប្រទេស​នេះ​នឹង​ចាត់ទុក ហ្វាំ​ង​ឡង់ ស៊ុយអែត ជា​គោលដៅ បើសិន​ពួកគេ​ចូល​ជា​សមាជិក​របស់ ណា​តូ (NATO)។

    «ពួកគេ​ដឹងថា នៅក្នុងពេល​ពួកគេ​ក្លាយជា​សមាជិក​របស់ ណា​តូ រុស្ស៊ី នឹងមាន​សកម្មភាព​សមស្រប» ឯកអគ្គរដ្ឋទូត​រង​រុស្ស៊ី ប្រចាំ​អង្គការសហប្រជាជាតិ Dmitry Andreyevich Polyanski បាន​ប្រាប់​ទស្សនាវដ្ដី​អង់គ្លេស UnHerd កាលពី​ថ្ងៃទី ១២ ឧសភា។ លោក​ថា «បើសិន​អង្គភាព​នានា​របស់ ណា​តូ ចូលទៅក្នុង​ដែនដី​ទាំងនោះ ពួកគេ​នឹង​ក្លាយជា​គោលដៅ ឬ​គោលដៅ​ដែលមាន​សក្តានុពល​សម្រាប់​ការវាយប្រហារ»។

    «ណា​តូ គឺជា​ក្រុម​ដែល​មិន​ជិតស្និទ្ធ​នឹង​យើង នោះ​គឺជា​គូប្រជែង ហើយ ណា​តូ ផ្ទាល់​ក៏បាន​ប្រកាសថា រុស្ស៊ី គឺជា​គូបដិបក្ខ។ ប្រការ​នោះ​មានន័យថា បើសិន ហ្វាំ​ង​ឡង់ និង ស៊ុយអែត ស្រាប់តែ​បានក្លាយ​ជា​ផ្នែក​មួយ​របស់​គូប្រជែង ច្បាស់​ណាស់​ពួកគេ​នឹងត្រូវ​ទទួលរង​ហានិភ័យ​ក្នុង​វិស័យ​ការពារជាតិ និង​សេដ្ឋកិច្ច» លោក Polyanskiy និយាយ​ដូច្នេះ។

    លោក Polyanskiy បន្ថែមថា លោក​មិន​យល់ថា ការដែល​ប្រទេស​ទាំងពីរ​នេះ​ក្លាយជា​សមាជិក​របស់ ណា​តូ គឺជា​ការ​សំពង​ធ្ងន់ធ្ងរ​លើ​សន្តិសុខ​របស់ រុស្ស៊ី ឡើយ។ បើ​ពួកគេ​ធ្វើ​ដូច្នេះ នោះ​នឹង​ជា​ដំណោះស្រាយ​អាក្រក់​បំផុត​សម្រាប់​ពួកគេ ចំណែក រុស្ស៊ី វិញ មិន​ដូច្នោះ​ទេ។ សង្ឃឹមថា ពួកគេ​មិន​ធ្វើ​ដូច្នេះ»។

    ការអះអាង​របស់ លោក Polyanskiy ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី ហ្វាំ​ង​ឡង់ បាន​រៀប​គម្រោង​សុំចូល​ជា​សមាជិក​របស់ សម្ព័ន្ធ​យោធា​ណា​តូ។ រីឯ ប្រទេស​ស៊ុយអែត វិញ ក៏​កំពុង​ពិចារណា​លើ​បញ្ហា​នេះ។

    លោក Dmitry Andreyevich Polyanski
  • អ៊ុយ​ក្រែ​ន ខាតបង់ ១០០ ពាន់​លាន​ដុល្លារ បើ​គិតតែ​លើ​ហេដ្ឋារចនាសម្ព័ន្ធ

    អ៊ុយ​ក្រែ​ន ខាតបង់ ១០០ ពាន់​លាន​ដុល្លារ បើ​គិតតែ​លើ​ហេដ្ឋារចនាសម្ព័ន្ធ

    ប្រធាន​ធនាគារជាតិ​អ៊ុយ​ក្រែ​ន បានឱ្យដឹងថា យុទ្ធនាការ​យោធា​របស់ រុស្ស៊ី បាន​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​តម្លៃ ១០០ ពាន់​លាន​ដុល្លារ​អាម៉េរិក ស្មើនឹង​ពាក់កណ្ដាល​នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​ប្រទេស​នេះ។

    «ការខូចខាត​ផ្នែក​សេដ្ឋកិច្ច​គឺ​ធំធេង​បំផុត» Kyrylo Shevchenko ប្រធាន​ធនាគារជាតិ​អ៊ុយ​ក្រែ​ន (NBU) បាន​ប្រាប់​សារព័ត៌មាន​ជប៉ុន នា​ថ្ងៃនេះ​ដូច្នេះ។

    យោងតាម​ប្រធាន​ធនាគារ​ខាងលើ រាប់​ចាប់ពី រុស្ស៊ី បាន​បើក​យុទ្ធនាការ​យោធា​ពិសេស​លើ អ៊ុយ​ក្រែ​ន ស្ពាន ផ្លូវថ្នល់ ផ្ទះសំបែង ត្រូវ​រង​ការវាយប្រហារ​មិន​ឈប់ឈរ​ពី​គ្រាប់បែក និង​រ៉ុក្កែត បង្ក​ការ​ខូច​ខាត់​ហេដ្ឋារចនាសម្ព័ន្ធ​ស្មើនឹង​ពាក់កណ្ដាល GDP របស់ អ៊ុយ​ក្រែ​ន។ ក្នុង​ឆ្នាំ ២០២១ GDP របស់​ប្រទេស​នេះ មានតម្លៃ​ប្រមាណ ២០០ ពាន់​លាន​ដុល្លារ​អាម៉េរិក។

    ប្រធាន​របស់ NBU គណនា​ឃើញថា GDP របស់ អ៊ុយ​ក្រែ​ន «អាច​ថយចុះ​យ៉ាងតិច ១/៣ នៅក្នុង​ឆ្នាំ ២០២២» និង​បញ្ជាក់ថា អ៊ុយ​ក្រែ​ន មិនអាច​ស្ដារ​ប្រទេស​ឡើងវិញ​ដោយ​ពឹង​ទៅលើ​តែ​ប្រភព​ទុន​ក្នុងស្រុក។

    ចំណែក​រដ្ឋាភិបាល​របស់​លោក ហ្សេឡែនស្គី វិញ បានឱ្យដឹងថា អ៊ុយ​ក្រែ​ន ខាតបង់​ប្រហែល ៥ ពាន់​លាន​ដុល្លារ/ខែ នៅក្នុង​រយៈពេល​ខ្លី។ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី ២៧ មេសា ថ្លែងថា ការខូចខាត​សរុប​របស់ អ៊ុយ​ក្រែ​ន ចាប់តាំងពី រុស្ស៊ី បាន​ចូល​ឈ្លានពាន គឺ​ប្រហែល ៦០០ ពាន់​លាន​ដុល្លារ​អាម៉េរិក។

    កាលពី​ថ្ងៃទី ១១ ឧសភា នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់ Olaf Scholz ក៏បាន​ព្រមាន​ថា អ៊ុយ​ក្រែ​ន អាច​ត្រូវ​រង​ផលវិបាក​ក្នុង​រយៈពេល ១០០ ឆ្នាំ ដោយសារតែ​យុទ្ធនាការ​យោធា​របស់ រុស្ស៊ី។