Category: អន្តរជាតិ

  • អាម៉េរិក អាច​លក់​យន្តហោះ​គ្មាន​មនុស្ស​បើក (UAV) បំពាក់អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ​ឱ្យ អ៊ុយ​ក្រែ​ន

    អាម៉េរិក អាច​លក់​យន្តហោះ​គ្មាន​មនុស្ស​បើក (UAV) បំពាក់អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ​ឱ្យ អ៊ុយ​ក្រែ​ន

    អាជ្ញាធរ​របស់​ប្រធានាធិបតី បៃ​ដិ​ន គ្រោង​នឹង​លក់​យន្តហោះ​គ្មាន​មនុស្ស​បើក (UAV) MQ-១C ចំនួន ៤ គ្រឿង ដែល​អាច​បំពាក់​មី​ស៊ី​ល Hellfire ឱ្យ អ៊ុយ​ក្រែ​ន ប៉ុន្តែ កិច្ចព្រមព្រៀង​នេះ​អាច​នឹង​ត្រូវបាន​រារាំង​ដោយ សភា​អាម៉េរិក។

    រដ្ឋាភិបាល​អាម៉េរិក គ្រោង​នឹង​ប្រកាសប្រាប់ សភា​អាម៉េរិក អំពី​គម្រោង​លក់​យន្តហោះ​គ្មាន​មនុស្ស​បើក​ខ្នាត​មធ្យម MQ-១C Gray Eagle ចំនួន ៤ គ្រឿង ឱ្យ អ៊ុយ​ក្រែ​ន ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាងមុខ។ ក៏ប៉ុន្តែ ការជួញដូរ​អាវុធ​នេះ​ទំនងជា​នឹងត្រូវ​បាន​រារាំង​នៅ​សភា ក៏ដូចជា​ប្រឈម​នឹង​ការលុបចោល​ព្រោះតែ​ការផ្លាស់ប្ដូរ​គោលនយោបាយ​នៅ​នាទីចុងក្រោយ នេះ​បើតាម​ប្រភពព័ត៌មាន​អនាមិក​ដែល​បាន​បង្ហើប​ឱ្យដឹង​កាលពី​ថ្ងៃទី ០១ មិថុនា។

    ថវិកា​សម្រាប់​ទិញ​យន្តហោះ និង​ការហ្វឹកហ្វឺន​ដល់​ទាហាន​របស់ អ៊ុយ​ក្រែ​ន នឹងត្រូវ​បាន​យក​ពី​កញ្ចប់​ជំនួយ​សន្តិសុខ ៤០ ពាន់​លាន​ដុល្លារ​ដែល សភា​អាម៉េរិក បាន​បែងចែក​ឱ្យ អ៊ុយ​ក្រែ​ន កាលពី​ខែ​កន្លង។ យន្តហោះ MQ-១C ១ គ្រឿង​មានតម្លៃ​ដើម​ប្រហែល​ជាង ២០ លាន​ដុល្លារ ដោយ​មិនទាន់​រាប់បញ្ចូល​ទាំង​ការចំណាយ​លើ​ការអភិវឌ្ឍ និង​បំពាក់អាវុធ។

    អ្នកនាំពាក្យ​របស់ សេត​វិមាន បាន​បដិសេធ​ការស្នើសុំ​ការអធិប្បាយ​អំពី​បញ្ហា​នេះ ខណៈដែល​អ្នកនាំពាក្យរ​បស់ មន្ទីរ​បញ្ចោ​កោណ ឱ្យដឹងថា «មិនមាន​អ្វី​ដែល​​ត្រូវ​ប្រកាស»។

  • សព្វាវុធ​ក្នុង​កញ្ចប់​ជំនួយ​ថ្មី​ដែល អាម៉េរិក នឹង​ផ្ដល់ឱ្យ អ៊ុយ​ក្រែ​ន ដើម្បី​ប្រឆាំង រុស្ស៊ី នាពេលឆាប់ៗនេះ

    សព្វាវុធ​ក្នុង​កញ្ចប់​ជំនួយ​ថ្មី​ដែល អាម៉េរិក នឹង​ផ្ដល់ឱ្យ អ៊ុយ​ក្រែ​ន ដើម្បី​ប្រឆាំង រុស្ស៊ី នាពេលឆាប់ៗនេះ

    សហរដ្ឋ​អាម៉េរិក នឹង​ដឹកជញ្ជូន​ឱ្យ អ៊ុយ​ក្រែ​ន នូវ​ប្រព័ន្ធ​បាញ់​មី​ស៊ី​ល​ទំនើប និង​មី​ស៊ី​ល Javelin ចំនួន ១,០០០ គ្រាប់ នៅក្នុង​កិច្ចប្រឹងប្រែង​ថ្មី​បំផុត​ក្នុងការ​បំពាក់អាវុធ​ដល់ ទាហាន​អ៊ុយ​ក្រែ​ន ដើម្បី​ទប់ទល់​នឹង រុស្ស៊ី។

    យោងតាម CNBC សហរដ្ឋ​អាម៉េរិក បានឱ្យដឹងថា កញ្ចប់​ជំនួយ​ថ្មី​ខាងលើនេះ​មានតម្លៃ ៧០០ លាន​ដុល្លារ​អាម៉េរិក។ នេះ​គឺជា​កញ្ចប់​ជំនួយ​ទី ១១ ដែល សហរដ្ឋ​អាម៉េរិក ផ្ដល់ឱ្យ អ៊ុយ​ក្រែ​ន និង​ជា​ខ្ទង់​ជំនួយ​ដំបូង​នៃ​កញ្ចប់​ជំនួយ​តម្លៃ​ប្រហែល ៤០ ពាន់​លាន​ដុល្លារ ដែល សភា​អាម៉េរិក បាន​បែងចែក​ឱ្យ អ៊ុយ​ក្រែ​ន កាលពី​ខែឧសភា​កន្លងទៅ។

    កញ្ចប់​ជំនួយ​ជា​អាវុធ​ថ្មី​នេះ​រួមមាន៖ ប្រព័ន្ធ​បាញ់​កាំជ្រួច​ហ្វូង HIMARS ចំនួន ៤ និង​គ្រាប់រំសេវ, រ៉ា​ដា​ប្រឆាំង​កាំភ្លើង​ធំ ២ គ្រឿង, រា​ដា​គ្រប់គ្រង​ដែនអាកាស ២ គ្រឿង, មី​ស៊ី​ល Javelin ១,០០០ គ្រាប់ និង​ទម្រ ៥០ គ្រឿង, អាវុធ​ប្រឆាំង​រថក្រោះ ៦,០០០ គ្រាប់, គ្រាប់កាំភ្លើង​ធំ ១៥៥ ម​ម ១៥,០០០ គ្រាប់, ឧទ្ធម្ភាគចក្រ Mi-១៧ ៤ គ្រឿង, យាន​យោធា​យុទ្ធសាស្ត្រ ១៥ គ្រឿង រួម​នឹង​ឧបករណ៍ និង​គ្រឿងបន្លាស់​ជាច្រើន​ទៀត។

    អ្នកនាំពាក្យ​របស់ មន្ទីរ​បញ្ច​កោណ Todd Breasseale ឱ្យដឹងថា កញ្ចប់​ជំនួយ​ថ្មី​នេះ​បាន​ជួយ​ឱ្យ​ជំនួយ​សរុប​ដែល​រដ្ឋាភិបាល​របស់លោក បៃ​ដិ​ន ផ្ដល់ឱ្យ អ៊ុយ​ក្រែ​ន ឡើងដល់​ប្រមាណ ៤.៦ ពាន់​លាន​ដុល្លារ រាប់​ចាប់តាំងពី រុស្ស៊ី បាន​បើក​យុទ្ធនាការ​យោធា​នៅ អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី ២៤ កុម្ភៈ ២០២២។

  • មាន​មនុស្ស​ស្លាប់ និង​របួស​យ៉ាងតិច ៧ នាក់ នៅក្នុង​ហេតុការណ៍​រញ្ជួយ​ដី ២ លើក​ផ្ទួន​គ្នា នៅ ប្រទេស​ចិន

    មាន​មនុស្ស​ស្លាប់ និង​របួស​យ៉ាងតិច ៧ នាក់ នៅក្នុង​ហេតុការណ៍​រញ្ជួយ​ដី ២ លើក​ផ្ទួន​គ្នា នៅ ប្រទេស​ចិន

    យោងតាម AFP ទូរទស្សន៍ CCTV របស់ ចិន កាលពី​ថ្ងៃទី ០១ មិថុនា បាន​រាយការណ៍​ថា មនុស្ស​យ៉ាងតិច​ម្នាក់​បាន​បាត់បង់​ជីវិត និង ៦ នាក់​ទៀត​រងរបួស បន្ទាប់ពី​មាន​គ្រោះ​រញ្ជួយ​ដី ២ លើក​ក្នុង​ថ្ងៃ​តែមួយ នៅ​តំបន់​ភាគ​និរតី​នៃ​ប្រទេស​ចិន។

    ប្រភពព័ត៌មាន​ខាងលើ​ឱ្យដឹងថា ហេតុការណ៍រ​ញ្ជី​ដី​មួយ​ដែលមាន​កម្លាំង ៦.១ រិច​ទ័​រ បានកើត​ឡើង​នៅ​តំបន់​មិនសូវមាន​មនុស្ស​រស់នៅ នៃ​ខេត្ត Sichuan។ ៣ នាទី​ក្រោយពី​ហេតុការណ៍​នេះ​បានកើត​ឡើង ក៏​ស្រាប់​តែមាន​ហេតុការណ៍​គ្រោះ​រញ្ជួយ​ដី​កម្លាំង ៤.៥ រិច​ទ័​រ​មួយ​ផ្សេងទៀត​កើតឡើង​នៅក្បែរនោះ។

    បច្ចុប្បន្ន អាជ្ញាធរ​កំពុង​ញាប់ដៃ​ញាប់ជើង​ជួយសង្គ្រោះ​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​នេះ។ អាជ្ញាធរខេត្ត Sichuan ឱ្យដឹងថា អគារ​ស្នាក់នៅ​មួយចំនួន​បាន​រង​ការខូចខាត​ដោយសារតែ​គ្រោះធម្មជាតិ​ទាំងនេះ។

  • តំណាងរាស្ត្រ​លំដាប់​កំពូល​របស់ រុស្ស៊ី លើកឡើង​លក្ខខណ្ឌ​បញ្ចប់សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន

    តំណាងរាស្ត្រ​លំដាប់​កំពូល​របស់ រុស្ស៊ី លើកឡើង​លក្ខខណ្ឌ​បញ្ចប់សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន

    កាលពី​ថ្ងៃទី ១ មិថុនា ប្រធាន​គណៈកម្មការ​ការពា​រ​ជាតិ​នៃ​សភា​ជាន់​ទាប​រុស្ស៊ី Andrey Kartapolov ប្រកាសថា យុទ្ធនាការ​យោធា​របស់ មូ​ស្គូ នៅ អ៊ុយ​ក្រែ​ន អាច​ត្រូវ​បានបញ្ចប់ បើសិន ទីក្រុង​កៀវ យល់ព្រម​ចរចា។

    «យុទ្ធនាការ​កំពុង​ប្រព្រឹត្ត​ទៅតាម​ផែនការ។ តាម​ខ្ញុំ យុទ្ធនាការ​នេះ​នឹង​បញ្ចប់​នៅពេល​មេដឹកនាំ​អ៊ុយ​ក្រែ​ន សម្រេចចិត្ត​ចរចា» ទូរទស្សន៍​រុស្ស៊ី RT ដកស្រង់​សម្ដី​របស់លោក Kartapolov ដែល​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន RIA Novosti កាលពី​ថ្ងៃទី ១ មិថុនា។ មន្ត្រី​ខាងលើ​ឱ្យដឹងថា ស្ថានការណ៍​ជាក់ស្ដែង​បាន​ប្ដូរផ្លាស់ ហើយ​កងកម្លាំង​របស់ ទីក្រុង​កៀវ កំពុង​ចាប់ផ្ដើម​បែកបាក់។

    ប្រកាស​ខាងលើ​ត្រូវបាន​លើកឡើង​មួយថ្ងៃ​បន្ទាប់ពី ប្រធានសភា​ជាន់ខ្ពស់​រុស្ស៊ី Valentina Matviyenko ឱ្យដឹងថា ប្រទេស​នេះ​ត្រៀមខ្លួន​រួចរាល់​ហើយ​ដើម្បី​ចរចា និង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយចំនួន​ដែល​ឆ្ពោះទៅរក​សន្តិភាព​ជាមួយ អ៊ុយ​ក្រែ​ន។

    ចំណែក​ខាង អ៊ុយ​ក្រែ​ន វិញ បានប្រកាសថា ប្រទេស​នេះ​នឹងមិន​ឯកភាព​លើ​បទ​ឈប់​បាញ់​ជាមួយ រុស្ស៊ី ឡើយ បើសិន មូ​ស្គូ មិន​ដកទ័ព ព្រោះថា រុស្ស៊ី នឹង​កាន់កាប់​ទឹកដី​មួយផ្នែក​របស់ អ៊ុយ​ក្រែ​ន។ ប្រធានាធិបតី ហ្សេ​ឡែ​ន​ស្គី នឹង​ភ្ជាប់​ការចរចា​ឡើងវិញ​ដើម្បី​បញ្ចប់សង្គ្រាម នៅពេល រុស្ស៊ី ដក​កម្លាំង​ត្រលប់​ទៅកាន់​ទីតាំង​ដើម​នៅមុន​ថ្ងៃទី ២៤ កុម្ភៈ ២០២២ ជា​ថ្ងៃ​ដែល រុស្ស៊ី បានចាប់ផ្ដើម​ចូល​ឈ្លានពាន អ៊ុយ​ក្រែ​ន។

  • បាញ់ប្រហារ​នៅ​ឯ​មន្ទីរពេទ្យរបស់​ ​អាម៉េរិក សម្លាប់​មនុស្ស​យ៉ាង​តិច​ ៣ នាក់

    បាញ់ប្រហារ​នៅ​ឯ​មន្ទីរពេទ្យរបស់​ ​អាម៉េរិក សម្លាប់​មនុស្ស​យ៉ាង​តិច​ ៣ នាក់

    ខ្មាន់កាំភ្លើង​បាន​បាញ់ប្រហារ​នៅក្នុង​មន្ទីរពេទ្យ​មួយ​នៃ​ទីក្រុង Tulsa រដ្ឋ Oklahoma សហរដ្ឋ​អាម៉េរិក បណ្ដាលឱ្យមាន​មនុស្ស​ស្លាប់​យ៉ាងតិច ៣ នាក់។

    ករណី​បាញ់ប្រហារ​នៅ​មន្ទីរពេទ្យ St. Francis ក្នុង​ទីក្រុង Tulsa ដែល​កើតឡើង​កាលពី​ល្ងាច​ថ្ងៃទី ១ មិថុនា (ទៀបភ្លឺ​នៃ​ថ្ងៃទី ២ មិថុនា នៅ កម្ពុជា) នៅពេល​បុរស​ម្នាក់​កាន់​កាំភ្លើង​វែង​បង្ហាញខ្លួន​នៅក្នុង​ទីលាន​របស់​មន្ទីរពេទ្យ។

    «យើង​អាច​បញ្ជាក់ថា ជនសង្ស័យ​បាន​ស្លាប់​ទៅហើយ។ សមត្ថកិច្ច​កំពុង​ស្វែងរក​តាម​បន្ទប់​ក្នុង​មន្ទីរពេទ្យ​ដើម្បី​បង្ការ​ទប់ទល់​នឹង​ការគំរាមកំហែង​ផ្សេងទៀត» ស្នងការដ្ឋាន​នគរបាល​ក្រុង Tulsa បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​ដូច្នេះ និង​បន្ថែមថា យ៉ាងតិច​ក៏មាន​ជនរងគ្រោះ ៣ នាក់​បាន​បាត់​បង់ជីវិត និង​ច្រើន​នាក់​ទៀត​រងរបួស​នៅក្នុង​ហេតុការណ៍​បាញ់ប្រហារ​នេះ។

    បច្ចុប្បន្ន មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ថា ជនសង្ស័យ​បាន​ធ្វើ​អត្តឃាត​ ឬ​ត្រូវ​ប៉ូលិស​បាញ់​សម្លាប់​​។ អាជ្ញាធរ​ក៏​មិន​ទាន់​ប្រកាស​អំពី​អត្តសញ្ញាណ​របស់​ជនសង្ស័យ​នៅ​ឡើយ​ដែរ​។

    ហេតុការណ៍​នេះ​បានកើត​ឡើង​មួយ​សប្ដាហ៍​បន្ទាប់ពី​ករណី​ជនសង្ស័យ​ឈ្មោះ Salvador Ramos អាយុ ១៨ ឆ្នាំ បាន​បាញ់ប្រហារ​នៅក្នុង​សាលាបឋមសិក្សា Robb នៅ​ទីក្រុង Uvalde រដ្ឋ Texas សហរដ្ឋ​អាម៉េរិក ដែល​បាន​បណ្ដាលឱ្យមាន​មនុស្ស​ស្លាប់ ២១ នាក់។

  • ប្រទេស​ចិន អាច​នឹង​បញ្ចេញ​កំពូល​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ថ្មី​នៅក្នុង​សប្ដាហ៍​នេះ

    ប្រទេស​ចិន អាច​នឹង​បញ្ចេញ​កំពូល​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ថ្មី​នៅក្នុង​សប្ដាហ៍​នេះ

    ក្រោយពី​សមយុទ្ធ​យោធា​នានា​ក្នុងពេលថ្មីៗនេះ​ដើម្បី​បង្កើន​អំណាច​សម្រាប់​ក្រុម​ប្រយុទ្ធ​របស់​នាវា​ផ្ទុក​យន្តហោះ ទ័ពជើងទឹក​ចិន កំពុងតែ​ត្រៀមខ្លួន​បញ្ចេញ​កំពូល​នាវា​ផ្ទុក​យន្តហោះ​ថ្មី Type ០០៣។

    យោងតាម​ប្រភពព័ត៌មាន​យោធា​របស់ SCMP នាវា​ផ្ទុក​យន្តហោះ Type ០០៣ ថ្មី​របស់ ចិន អាច​ត្រូវបាន​បង្ហាញខ្លួន​ជា​លើកដំបូង​នៅក្នុង​ពិធីបុណ្យ​ទូក​នាគ​ដែល​នឹងត្រូវ​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី ៤ មិថុនា​ខាងមុខ។

    មាន​សញ្ញា​ជាច្រើន​បង្ហាញថា កំពូល​នាវា​ផ្ទុក​យន្តហោះ Type ០០៣ នឹងត្រូវ​បានបង្ហាញ​ខ្លួន​នៅ​ចុង​សប្ដាហ៍​នេះ ក្នុងនោះ​រួមមាន​ទាំង​ការជូនដំណឹង​របស់​នា​យក​ដ្ឋា​ន​សន្តិសុខ​ចរាចរណ៍​ដែនសមុទ្រ ចំពោះ​តំបន់​សមុទ្រ​ដែល​នៅ​ខាងក្រៅ​កំពង់ផែ​របស់​រោងចក្រ​ផលិត​កប៉ាល់ Jiangnan ជាទី​ដែល​កំពុង​សាងសង់​នាវា Type ០០៣ ផងដែរ។

    រូបភាព​ពីផ្សាយ​រណប​កាលពីដើម​ឆ្នាំ​ ២០២២ បង្ហាញ​ថា Type ០០៣ សាងសង់​ជិត​រួច​រាល់​ហើយ

    ពិធីបុណ្យ​ទូក​នាគ​ប្រចាំឆ្នាំ​នៅ ប្រទេស​ចិន គឺជា​ឱកាសល្អ​សម្រាប់​នាវា Type ០០៣ ដែលមាន​ទម្ងន់ displacement ៨៥,០០០ តោន​នេះ ចេញ​គោចរ​ជា​លើកដំបូង។

    Type ០០៣ ត្រូវបាន​ចាប់ផ្ដើម​ស្ថាបនា​កាលពី​ឆ្នាំ ២០១៨ ខណៈ Shandong ដែលជា​នាវា​ផ្ទុក​យន្តហោះ​ដំបូង​គេ​ស្ថាបនា​​នៅ ប្រទេស​ចិន មិនទាន់​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​នៅឡើយ។

  • ការ​​បញ្ចាំង​រូបភាព​មហាក្សត្រិយានី​អង់គ្លេស​ ទៅលើ​ផ្ទាំងសិលា​ពាន់​ឆ្នាំ អ្នក​រៀប​ចំ​រង​ការ​រិះគន់

    ការ​​បញ្ចាំង​រូបភាព​មហាក្សត្រិយានី​អង់គ្លេស​ ទៅលើ​ផ្ទាំងសិលា​ពាន់​ឆ្នាំ អ្នក​រៀប​ចំ​រង​ការ​រិះគន់

    ប្រទេស​អង់គ្លេស បញ្ចាំង​រូបភាព​មហាក្សត្រី​របស់​ពួកគេ ទៅលើ​បណ្ដុំ​ផ្ទាំង​ថ្ម​បុរាណ Stonehenge ក្នុង​ទិវា​ខួប​គម្រប់ ៧០ ឆ្នាំ​នៃ​ការ​គ្រង​រាជសម្បត្តិ​របស់​មហាក្សត្រី​អង្គ​នេះ ប៉ុន្តែ ទង្វើ​នេះ​ទទួលបាន​ការជំទាស់​ពី​សាធារណមតិ។

    ការសម្រេចចិត្ត​បញ្ចាំង​រូបភាព​របស់ មហាក្សត្រិយានី Elizabeth II ទៅលើ​ផ្ទាំង​ថ្ម​បុរាណ Stonehenge ដែលមាន​អាយុកាល ៥,០០០ ឆ្នាំនេះ ត្រូវបាន​ក្រុម​អ្នករៀបចំ​ព្រឹត្តិការណ៍​នេះ​ហៅថា «ការគោរព​ប្រកបដោយ​វេទមន្ត»។

    ក៏ប៉ុន្តែ អ្នកលេង​បណ្ដាញ​សង្គម​មួយចំនួន​មានមតិ​ថា បណ្ដុំ​ផ្ទាំងសិលា​បុរាណ Stonehenge នៅ Wiltshire នៃ ប្រទេស​អង់គ្លេស គួរតែ​ត្រូវបាន​រក្សា​ទ្រង់ទ្រាយ​ដើម ព្រោះតែ​នេះ​គឺជា​ទីតាំង​សាសនា​បុរាណ ខណៈដែល​អ្នកខ្លះ​ទៀត​បា​ន​បញ្ចេញ​ប្រតិកម្ម​ធ្ងន់ធ្ងរ​ជាង​នេះ ដោយ​សរសេរថា ពិតជា​សកម្មភាព​គួរឱ្យ «ពិបាក​ទ្រាំ» នៅពេល​ប្រែក្លាយ​វត្ថុ​បុរាណ​ឱ្យទៅជា​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម។

    ទោះជា​យ៉ាងណាក៏ដោយ ក៏​នៅមាន​មនុស្ស​ជាច្រើន​ដែល​បង្ហាញ​ភាព​រីករាយ​ជាមួយនឹង​គំនិត​ប្លែក​ខាងលើ។

    មានមតិ​ជាច្រើន​លើកឡើងថា បណ្ដុំ​ផ្ទាំង​ថ្ម​បុរាណ Stonehenge ត្រូវបាន​កសាងឡើង​ក្នុងអំឡុង​ពី​ឆ្នាំ ៣០០០ ដល់​ឆ្នាំ ១៥២០ មុន​គ្រិស្តសករាជ។ គោលបំណង​នៃ​ការកសាង​បណ្ដុំ​ថ្ម​បុរាណ​នេះ មិនទាន់​ត្រូវបាន​គេ​ដឹង​ច្បាស់​នៅឡើយ ប៉ុន្តែ អាជ្ញាធរ​គ្រប់គ្រង​បេតិកភណ្ឌ​របស់ អង់គ្លេស English Heritage សន្មត​ថា «ប្រាកដ​ជាមាន​មូល​ហេតុដែល​ទាក់ទង​នឹង​ព្រលឹង​វិញ្ញាណ (ឬ​ផ្លូវ​ងងឹត) ទើប​មនុស្ស​នៅក្នុង​យុគសម័យ​ថ្ម និង​ស្ពាន់ ខំប្រឹង​កសាង​វា​ឡើង​ដូច្នេះ»។

    English Heritage មិនបាន​ឆ្លើយតប​ទៅនឹង​ប្រតិកម្ម​របស់​សាធារណជន ប៉ុន្តែ​បានឱ្យដឹងថា ពួកគេ​ធ្លាប់បាន​បញ្ចាំង​រូបភាព​ទៅលើ​បណ្ដុំ​ផ្ទាំងសិលា Stonehenge ច្រើនលើក​មកហើយ។ ឆ្នាំ ២០២០ ផ្ទៃមុខ​របស់​បុគ្គល ៨ រូប​ដែល​បាន​ចូលរួម​ជួយ​ដល់​វិស័យ​សិល្បៈ និង​បេតិកភណ្ឌ​អង់គ្លេស​ក្នុងសម័យ​កូ​វីដ-១៩ ត្រូវបាន​បញ្ចាំង​លើ​បណ្ដុំ​ផ្ទាំងសិលា Stonehenge។ ឆ្នាំ ២០១៤ រូបភាព​ទាហាន​ក្នុងសម័យ​សង្គ្រាមលោកលើកទី​មួយ​ក៏​ត្រូវបាន​បញ្ចាំង​លើ​ផ្ទាំង​ថ្ម​ទាំងនេះ​ដើម្បី​ជា​ផ្នែក​មួយ​នៃ​ទិវា​រំឭក​វិញ្ញាណក្ខន្ធ។

    មហា​ព្រឹត្តិការណ៍​ខួប ៧០ ឆ្នាំ​នៃ​ការគ្រងរាជ្យសម្បត្តិ​រប​ស់​មហាក្សត្រិយ​នី​អង់គ្លេស ត្រូវបាន​ប្រារព្ធ​ឡើង​រយៈពេល ៤ ថ្ងៃ ចាប់ពី​ថ្ងៃទី ០២ មិថុនា ដល់ ៥ មិថុនា ក្នុងនោះ​ក៏មាន​ពិធី​ប្រគំ​តន្ត្រី និង​ព្យុហយាត្រា Trooping the Colour របស់ កងទ័ព​អង់គ្លេស ផងដែរ។

  • អាជ្ញាធរ Kherson ភាគ​ខាង​ត្បូង​អ៊ុយក្រែន ប្រកាសថា នឹង «ឆាប់​បង្រួបបង្រួម​ជាមួយ រុស្ស៊ី»

    អាជ្ញាធរ Kherson ភាគ​ខាង​ត្បូង​អ៊ុយក្រែន ប្រកាសថា នឹង «ឆាប់​បង្រួបបង្រួម​ជាមួយ រុស្ស៊ី»

    ក្រុមមន្ត្រី​នៅ​តំបន់ Kherson ភាគខាងត្បូង​អ៊ុយ​ក្រែ​ន គ្រោង​នឹង​បង្រួបបង្រួម​ទាំងស្រុង​ដើម្បី​ក្លាយជា​ផ្នែក​មួយ​នៃ​ទឹកដី​ផ្លូវការ​របស់ រុស្ស៊ី ក្នុង​អនាគត​ដ៏​ខ្លី​ខាងមុខ។

    Kirill Stremousov អភិបាលរង​នៃ​រដ្ឋបាល​យោធា-ស៊ីវិល​របស់​តំបន់ Kherson កាលពី​ម្សិលមិញ​បាន​បង្ហើប​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន TASS អំពី​គម្រោង​ច្របាច់​បញ្ចូល​ទឹកដី​នេះ​ទៅក្នុង សហព័ន្ធរុស្ស៊ី។ «តំបន់ Kherson គ្រោង​នឹង​ចូល​ជា​សមាជិក​សហព័ន្ធរុស្ស៊ី ក្នុង​អនាគត​ដ៏​ខ្លី​ខាងមុខ ក្លាយជា​ផ្នែក​មួយ​នៃ​ទឹកដី​ផ្លូវការ​របស់ រុស្ស៊ី» មន្ត្រី​រូបនេះ​និយាយ​ដូច្នេះ។

    កាលពី​ដើមខែ​នេះ មន្ត្រី​នៅ Kherson ក៏​ធ្លាប់​បានឱ្យដឹង​អំពី​បំណង​ច្របាច់​បញ្ចូល​ទៅក្នុង​ទឹកដី​របស់ រុស្ស៊ី ដោយ​និយាយថា «មុន​ដំណាច់​ឆ្នាំនេះ Kherson នឹង​ស្ថិតក្រោម​ការគ្រប់គ្រង​ទាំងស្រុង​ដោយ​ច្បាប់​របស់ រុស្ស៊ី»។ ពួកគេ​និយាយថា នឹង​បញ្ជូន​សំណើ​ទៅកាន់​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន ដោយ​មិនចាំបាច់​ធ្វើ​ប្រជាមតិ។

    មន្ត្រី​ភាគី​ខាង​អ៊ុយ​ក្រែ​ន មិនទាន់មាន​ប្រតិកម្ម​អ្វី​នៅឡើយ ទាក់ទិន​នឹង​ព័ត៌មាន​ខាងលើ។

  • ដា​ណឺ​ម៉ាក ថា រុស្ស៊ី កាត់ផ្ដាច់​ប្រភព​ផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ

    ដា​ណឺ​ម៉ាក ថា រុស្ស៊ី កាត់ផ្ដាច់​ប្រភព​ផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ

    ក្រុមហ៊ុន​ថាមពល​ដា​ណឺ​ម៉ាក Orsted បញ្ជាក់ថា រុស្ស៊ី កាត់ផ្ដាច់​ប្រភព​ផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ​ដល់​ប្រទេស​របស់ខ្លួន ចាប់ពី​ថ្ងៃទី ០១ មិថុនា ព្រោះ​បដិសេធ​ទូទាត់​ដោយ​ប្រាក់​រូ​ប្ល​រុស្ស៊ី។

    ក្រុមហ៊ុន Orsted កាលពី​ថ្ងៃទី ៣១ ឧសភា បានឱ្យដឹងថា ក្រុមហ៊ុន Gazprom របស់ រុស្ស៊ី ប្រកាសថា ប្រភព​ផ្គត់ផ្គង់​ឧស្ម័ន​របស់​ប្រទេស​នេះ​ត្រូវបាន​ផ្អាក​ចាប់ពី​ម៉ោង ០៦ ព្រឹក ថ្ងៃទី ០១ មិថុនា។ Orsted បាន​ត្រៀម​ទប់ទល់​នឹង​បញ្ហា​នេះ​ដោយ​ការ​បំ​ឃ្លាំង​នៅ ដា​ណឺ​ម៉ាក និង អាល្លឺម៉ង់ ដើម្បី​ធានា​ប្រភព​ផ្គត់ផ្គង់​ដល់​អតិថិជន។

    «ដោយសារតែ​មិនមាន​បំពង់​បង្ហូរ​ឧស្ម័ន​ផ្ទា​ល់ពី រុស្ស៊ី មកកាន់ ដា​ណឺ​ម៉ាក រុស្ស៊ី នឹង​មិនអាច​កាត់ផ្ដាច់​ដោយផ្ទាល់​នូវ​ប្រភព​ផ្គត់ផ្គង់​ឧស្ម័ន​មកកាន់​ប្រទេស​របស់​យើង ដូច្នេះហើយ ដា​ណឺ​ម៉ាក នៅតែមាន​លទ្ធភាព​ទទួល​បាន​ឧស្ម័ន» ប្រកាស​របស់​ក្រុមហ៊ុន Orsted លើកឡើង​ដូច្នេះ។

    ក៏ប៉ុន្តែ ក្រុមហ៊ុន Orsted បាន​និយាយថា ដា​ណឺ​ម៉ាក ត្រូវ​ស្វែងរក​ទិញ​ឧស្ម័ន​ពី​បណ្ដា​ប្រទេស​ដទៃ​នៅ អឺរ៉ុប ដើម្បី​បំពេញ​តម្រូវ​ការ។

    រុស្ស៊ី ប្រកាសថា នឹង​ទទួល​យកតែ​ការទូទាត់​វិក្ក​យ​ប័ត្រ​ទិញ​ឧស្ម័ន​ដោយ​ប្រា​ក់រូ​ប្ល​រុស្ស៊ី តែប៉ុណ្ណោះ ដោយ​អ្នកទិញ​ត្រូវបង្កើត​គណនី​ប្រា​ក់រូ​ប្ល មិន​ដូច្នេះ​ទេ នឹង​ត្រូវបាន​កាត់ផ្ដាច់​ការផ្គត់ផ្គង់។ វិធានការ​នេះ​ត្រូវបាន រុស្ស៊ី ដាក់ចេញ​ដើម្បី​ឆ្លើយតប​នឹង​ទណ្ឌកម្ម​អន្តរជាតិ បន្ទាប់ពី ទីក្រុង​មូ​ស្គូ ចូល​ឈ្លានពាន​ទឹកដី​របស់ អ៊ុយ​ក្រែ​ន ចាប់ពី​ថ្ងៃទី ២៤ កុម្ភៈ រហូតដល់​បច្ចុប្បន្ន។

    មុន​នោះ​មួយថ្ងៃ ក្រុមហ៊ុន​ថាមពល GasTerra របស់ ហូ​ឡង់ ក៏បាន​ប្រកាសថា Gazprom បាន​ផ្អាក​ការផ្គត់ផ្គង់​ឧស្ម័ន​ដល់​ប្រទេស​នេះ ព្រោះតែ​មិន​ព្រម​ទូទាត់​ដោយ​ប្រា​ក់រូ​ប្ល​រុស្ស៊ី។

  • រដ្ឋ​របស់ អូស្ត្រាលី អំពាវនាវ​ឱ្យ​​បោះ​បង់​​បារី​ ដើម្បី​​សុខ​ភាព​​សាធារណៈ

    រដ្ឋ​របស់ អូស្ត្រាលី អំពាវនាវ​ឱ្យ​​បោះ​បង់​​បារី​ ដើម្បី​​សុខ​ភាព​​សាធារណៈ

    ក្នុងឱកាស «ទិវា​ពិភពលោក​គ្មាន​ថ្នាំជក់» (World No-Tobacco Day) ស្ថាប័ន​សុខាភិបាល​រដ្ឋ New South Wales (NSW) របស់ ប្រទេស​អូស្ត្រាលី បាន​អំពាវនាវ​ឱ្យ​អ្នក​ទាំងឡាយ​ដែល​ជក់បារី នៅក្នុង​រដ្ឋ​នេះ បោះបង់​ការជក់បារី ដើម្បី​សុខភាព​ផ្ទាល់ខ្លួន និង​សហគមន៍។

    ចំនួន​មនុស្ស​ដែល​បាន​បោះបង់​ការជក់បារី​នៅក្នុង​រដ្ឋ NSW កំពុង​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ។ លទ្ធផល​នៃ​ការស្ទង់មតិ​មួយ​ដែល​ត្រូវបាន​ប្រកា​សនា​ថ្ងៃទី ៣១ ឧសភា​នេះ បង្ហាញថា អត្រា​នៃ​ការជក់បារី​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ​វ័យ​លើសពី ១៦ ឆ្នាំ នៅក្នុង​រដ្ឋ​នេះ បាន​ថយចុះ​ពី ៩.២% ក្នុង​ឆ្នាំ ២០២០ មក​នៅត្រឹម ៨.២% ក្នុង​ឆ្នាំ ២០២១។

    Kerry Chant ប្រធាន​នាយកដ្ឋាន​សុខាភិបាល​សាធារណៈ​របស់​រដ្ឋ NSW ឱ្យដឹងថា ជា​សរុប មនុស្ស​ប្រហែល ១.៥ លាន​នាក់​នៅក្នុង​រដ្ឋ​នេះ​បាន​បោះបង់ចោល​បារី​ដោយ​ជោគជ័យ។ ប៉ុន្តែ លោកស្រី​មានការ​បារម្ភ​អំពី​ការកើនឡើង​នៃ​ការប្រើប្រាស់​ថ្នាំជក់​អេឡិចត្រូនិក ឬ​ស្រូប​ផ្សែង​ពី​ប្រេង (vaping) នៅលើ​ក្រុម​យុវវ័យ។