Category: អន្តរជាតិ

  • ថ្ងៃនេះ ណា​តូ ចាប់ផ្ដើម​អនុម័ត​ផ្លូវការ​លើ​សំណើ​សុំចូល​ជា​សមាជិក​របស់ ហ្វាំ​ង​ឡង់ និង ស៊ុយអែត

    ថ្ងៃនេះ ណា​តូ ចាប់ផ្ដើម​អនុម័ត​ផ្លូវការ​លើ​សំណើ​សុំចូល​ជា​សមាជិក​របស់ ហ្វាំ​ង​ឡង់ និង ស៊ុយអែត

    ដំណើរការ​នៃ​ការអនុម័ត​ឱ្យ ហ្វាំ​ង​ឡង់ និង ស៊ុយអែត ចូល​ជា​សមាជិក​របស់ សម្ព័ន្ធ​យោធា​ណា​តូ នឹង​អាស្រ័យ​លើ​ប្រទេសនីមួយៗដែលជា​សមាជិក ប៉ុន្តែ វា​តែង​ស៊ីពេល​ពី ៨ ដល់ ១២ ខែ។

    ប្រទេស​ចំនួន ៣០ ដែលជា​សមាជិក​របស់​ណា​តូ (អង្គការ​ស​ន្ធឹ​សញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង-NATO) ថ្ងៃនេះ (៥ កក្កដា) នឹង​ចុះហត្ថលេខា​លើ​ពិធីសារ​ស្ដីពី​ការបញ្ចូល ហ្វាំ​ង​ឡង់ និង ស៊ុយអែត ទៅក្នុង​សម្ព័ន្ធ​យោធា​ណា​តូ ដើម្បី​បើកផ្លូវ​ឱ្យមាន​ការចាប់ផ្ដើម​ដំណើរការ​អនុម័ត​លើ​ពាក្យស្នើសុំ​ចូល​ជា​សមាជិក​របស់​ប្រទេស​អឺរ៉ុប​ខាងជើង​ទាំងពីរ​នេះ។

    ដើម្បី​បាន​ក្លាយជា​សមាជិក​រប​ស់ ណូ​តូ ប្រទេស​ហ្វាំ​ង​ឡង់ និង ស៊ុយអែត ត្រូវការ​ការយល់ព្រម​ពី​សភា​របស់​ប្រទេស​ទាំង ៣០ ដែលជា​សមាជិក​បច្ចុប្បន្ន​របស់ ណា​តូ។

    ការដែល ហ្វាំ​ង​ឡង់ និង ស៊ុយអែត ចូល​ជា​សមាជិក​ណា​តូ នឹង​ក្លាយជា​ព្រឹត្តិការណ៍​សំខាន់ បង្កើតបានជា​ការផ្លាស់​ប្ដូរ​រចនាសម្ព័ន្ធ​សន្តិសុខ​ធំ​បំផុត​នៅ អឺរ៉ុប រាប់​ចាប់តាំងពី​សង្គ្រាមត្រជាក់​បានបញ្ចប់ និង​ត្រូវបាន​ចាត់ទុកថា​ជា​លទ្ធផល​ដែល​កើតឡើង​ដោយសារ​សង្គ្រាម​រវាង រុស្ស៊ី និង អ៊ុយ​ក្រែ​ន។

    ដំណើរការ​នៃ​ការអនុម័ត​ឱ្យ ហ្វាំ​ង​ឡង់ និង ស៊ុយអែត ចូល​ជា​សមាជិក​របស់ សម្ព័ន្ធ​យោធា​ណា​តូ នឹង​អាស្រ័យ​លើ​ប្រទេសនីមួយៗដែលជា​សមាជិក ប៉ុន្តែ វា​តែង​ស៊ីពេល​ពី ៨ ដល់ ១២ ខែ។ ទោះជា​យ៉ាងណាក៏ដោយ នៅក្នុង​សន្និបាត​កំពូល​កាលពី​សប្ដាហ៍​កន្លង សមាជិក​ទាំងអស់​រប​ស់ ណា​តូ សុទ្ធតែ​បាន​សន្យាថា នឹង​ព​ន្លឿ​ន​ដំណើរការ​នេះ។

  • រដ្ឋមន្ត្រីការបរទេស​របស់ ប្រទេស​រុស្ស៊ី ធ្វើ​ទស្សនកិច្ចនៅ​ ​វៀតណាម

    រដ្ឋមន្ត្រីការបរទេស​របស់ ប្រទេស​រុស្ស៊ី ធ្វើ​ទស្សនកិច្ចនៅ​ ​វៀតណាម

    រដ្ឋមន្ត្រី​ក្រសួងការបរទេស​រុស្ស៊ី លោក Sergey Lavrov គ្រោង​នឹង​បំពេញ​ទស្សនកិច្ច​រយៈពេល ២ ថ្ងៃ នៅ ប្រទេស​វៀតណាម តប​តាម​ការអញ្ជើញ​របស់ រដ្ឋមន្ត្រីការបរទេស​វៀតណាម Bui Thanh Son។

    លោក Sergey Lavrov នឹងធ្វើ​ទស្សនកិច្ច​នៅ វៀតណាម ចាប់ពី​ថ្ងៃទី ៥ ដល់ទី ៦ កក្កដា ក្នុង​គ្រា​ដែល ប្រទេស​រុស្ស៊ី និង វៀតណាម ឈានដល់​របត់ ១០ ឆ្នាំ​នៃ​ការបង្កើត​ទំនាក់​ទំនងជា​ដៃគូ​យុទ្ធសាស្ត្រ​ពេញលេញ។

    រុស្ស៊ី និង វៀតណាម បាន​បង្កើត​ទំនាក់ទំនង​ការទូត​កាលពី​ឆ្នាំ ១៩៥០ និង​បាន​ផ្ដើម​កែលម្អ​ទំនាក់ទំនង​ទ្វេភាគី​ចាប់ពី​ឆ្នាំ ២០០១។ ១១ ឆ្នាំ​ក្រោយមក ប្រទេស​ទាំងពីរ​ក៏បាន​ក្លាយជា​ដៃគូ​សហការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ។

    ពាណិជ្ជកម្ម​ទ្វេភាគី​ក្នុង​ឆ្នាំ ២០២០ រវាង រុស្ស៊ី និង វៀតណាម បាន​ឡើងដល់ ៤.៨៥ ពាន់​លាន​ដុល្លារ​អាម៉េរិក កើន ៩% ធៀប​នឹង​ឆ្នាំ ២០១៩។ ក្នុង​ឆ្នាំ ២០២១ ការដោះដូរ​ទំនិញ​ទៅមក បាន​ឡើងដល់ ៧.១ ពាន់​លាន​ដុល្លារ កើន​ជាង ២៥% ធៀប​នឹង​ឆ្នាំ ២០២០។ នៅក្នុង ទឹកដី​វៀតណាម រុស្ស៊ី មាន​គម្រោង​រកស៊ី​ចំនួន ១៥១ គម្រោង ដែលមាន​ទុនវិនិយោគ​សរុប​ជាង ៩៥០ លាន​ដុល្លារ​អាម៉េរិក។

  • ជនសង្ស័យ​ក្នុងករណី​បាញ់ប្រហារ​នៅ​ពិធីបុណ្យ​ឯករាជ្យ​អាម៉េរិក ត្រូវបាន​ចាប់ខ្លួន!

    ជនសង្ស័យ​ក្នុងករណី​បាញ់ប្រហារ​នៅ​ពិធីបុណ្យ​ឯករាជ្យ​អាម៉េរិក ត្រូវបាន​ចាប់ខ្លួន!

    សមត្ថកិច្ច​នៅ Highland Park បានកំណត់​អត្តសញ្ញាណ និង​ចាប់បាន​ជន​ដែល​គួរឱ្យ​សង្ស័យ​នៅក្នុង​ករណី​បាញ់ប្រហារ​កាលពី​ថ្ងៃទី ៤ កក្កដា ដែល​បាន​ស្លាប់​មនុស្ស​យ៉ាងតិច ៦ នាក់ នៅក្នុង​ពិធី​ដង្ហែ​ក្បួន​អបអរ​ទិវា​ឯករាជ្យ​អាម៉េរិក។

    Lou Jogmen ដែលជា​ស្នងការ​ប៉ូលិស​ក្រុង Highland Park នៃ​រដ្ឋ Illinois សហរដ្ឋ​អាម៉េរិក កាលពី​ថ្ងៃទី ៤ កក្កដា បានឱ្យដឹងថា Robert E. Crimo III អាយុ ២២ ឆ្នាំ គឺជា​ជនសង្ស័យ​ដែល​ទាក់ទិន​នឹង​ករណី​បាញ់ប្រហារ​លើ​ហ្វូងមនុស្ស​ដែល​កំពុង​ហែ​ក្បួន​អបអរ​ទិវា​បុណ្យ​ឯករាជ្យ។ ក៏ប៉ុន្តែ មន្ត្រីប៉ូលិស​រូបនេះ​និយាយថា ជននេះ​មិនទាន់​ត្រូវបាន​ចាត់ទុកថា​ជា​ជនសង្ស័យ​ពេញលេញ​នៅឡើយ។

    ក្រុមមន្ត្រី​មិនបាន​បង្ហើប​ឱ្យដឹង​អំពី​មូលហេតុ​ដែល Crimo ត្រូវបាន​កំណត់ថា​ជា​ជន​គួរឱ្យ​សង្ស័យ​នោះទេ។ អង្គភាព​ប៉ូលិស​មួយ​នៅ Chicago ខាងជើង បានឃើញ Crimo និង​បាន​ដេញតាម និង​ចាប់ខ្លួន​ជននេះ​នាំទៅ​កាន់​ការិយាល័យ​ប៉ូលិស Highland Park។

    អាជ្ញាធរ​ក្នុង​តំបន់​បាន​រកឃើញ​កាំភ្លើង​មួយ​ដើម​នៅលើ​ដំបូលផ្ទះ​ក្បែរ​កន្លែងកើតហេតុ និង​បាន​បន្ថែមថា ករណី​បាញ់ប្រហារ​នេះ​គឺ «មាន​ចេតនា»។

    ករណី​បាញ់ប្រហារ​នេះ​កើតឡើង​ប្រហែល ១០ នាទី បន្ទាប់ពី​ក្បួន​ដង្ហែ​បានចាប់ផ្ដើម​នៅលើ​ដងផ្លូវ​ក្នុង​ទីក្រុង Highland Park កាលពី​ព្រឹក​ថ្ងៃទី ៤ កក្កដា បណ្ដាលឱ្យ​មនុស្ស​រាប់រយ​នាក់​ត្រូវ​រត់​យករួចខ្លួន។ អាជ្ញាធរ​ឱ្យដឹងថា យ៉ាងតិចណាស់​មាន​មនុស្ស ៦ នាក់​បាន​ស្លាប់ និង ៣១ នាក់​រងរបួស​ក្នុង​ហេតុការណ៍​នេះ។

    ហេតុការណ៍​នៅ Highland Park នេះ កើតឡើង​ជាង​មួយខែ​បន្ទាប់ពី​ករណី​បាញ់ប្រហារ​នៅ​សាលាបឋមសិក្សា​មួយ​នៅ Uvalde រដ្ឋ Texas សហរដ្ឋ​អាម៉េរិក ដែល​បានសម្លាប់​មនុស្ស ២១ នាក់ ក្នុងនោះ​មាន​កុមារ​ចំនួន ១៩ នាក់​ផងដែរ៕

  • ករណី​បាញ់ប្រហារ​ក្នុង​ពិធីបុណ្យ​ឯករាជ្យ​អាម៉េរិក ៖ សាក្សី​រៀបរាប់​អំពី​វិនាទី​ដ៏​គួរឱ្យ​តក់ស្លុត

    ករណី​បាញ់ប្រហារ​ក្នុង​ពិធីបុណ្យ​ឯករាជ្យ​អាម៉េរិក ៖ សាក្សី​រៀបរាប់​អំពី​វិនាទី​ដ៏​គួរឱ្យ​តក់ស្លុត

    ឮ​សំឡេង​ស្រែក​របស់​ប្រពន្ធ Shawn Cotreau ក៏​ងាកក្រោយ ហើយក៏​បានឃើញ​បុរស​ម្នាក់​ស្លៀកពាក់​ឈុត​ទាហាន​កំពុងតែ​បាញ់រះ​សំដៅ​ហ្វូងមនុស្ស​ដែល​កំពុង​ហែ​ក្បួន​នៅ Highland Park។

    Shawn Cotreau អាយុ ៤៧ ឆ្នាំ ដែល​បានរួម​ដំណើរ​ជាមួយ​ភរិយា និង​កូន ៣ នាក់ ទៅកាន់​ទីក្រុង Highland Park ក្នុង​រដ្ឋ Illinois របស់ សហរដ្ឋ​អាម៉េរិក ដើម្បី​ជួប​គ្រួសារ​ខាង​ភរិយា បានឱ្យដឹងថា មនុស្សម្នា​គិតថា មាន​ការបាញ់​កាំជ្រួច​អបអរ​នៅក្បែរ​តំបន់​ប្រារព្ធ​ពិធី​ហែ​ក្បួន​នេះ។

    «ភរិយា​របស់ខ្ញុំ​មើលទៅ​លើ និង​ស្រែកខ្លាំងៗ «ក្រោក​ឡើង រត់​ទៅ»។ ខ្ញុំ​ងាកមើល​ក្រោយ ក៏​ឃើញ​ខ្មាន់កាំភ្លើង​ម្នាក់» Cotreau និយាយ​ដូច្នេះ។ គ្រួសារ​របស់លោក​អង្គុយ​ចម្ងាយ​ប្រហែល ៦ ម៉ែត្រ ពី​ខ្មាន់កាំភ្លើង និង​បានឃើញ​ជននេះ​បាញ់ប្រហារ​ពីលើ​ដំបូល​ហាង​លក់​គ្រឿងសំអាង​មួយកន្លែង។

    អាជ្ញាធរ Highland Park ប្រកាសថា យ៉ាងហោច​មាន​មនុស្ស ៦ នាក់ បាន​ស្លាប់ និង ៣១ នាក់ រងរបួស​នៅ​ក្នុងករណី​បាញ់ប្រហារ​សំដៅ​ហ្វូងមនុស្ស​ដែល​កំពុង​ហែ​ក្បួន​អបអរ​ទិវា​បុណ្យ​ឯករាជ្យ​កាលពី​ថ្ងៃទី ៤ កក្កដា។

    Cotreau ប្រាប់ថា ជនដៃដល់​ប្រដាប់​ដោយ​កាំភ្លើង​ធុន​ធ្ងន់ ស្លៀកពាក់​ឈុត​ទាហាន និង​បិទ​មុខមាត់។ Cotreau បន្ថែមថា ករណី​បាញ់ប្រហារ​នេះ​កើតឡើង​នៅពេល​ក្បួ​រ​ដង្ហែ​មិនទាន់​ទៅដល់​ទីលាន​ប្រារព្ធ​កម្មវិធី ដូច្នេះ​ជនដៃដល់​ក៏បាន​បាញ់​សំដៅលើ​ហ្វូងមនុស្ស​ដែល​កំពុង​អង្គុយ​រង់ចាំ​នៅ​ចំណុច​ផ្លូវកែង។ Cotreau បីកូន​អាយុ ២ ឆ្នាំ នាំ​គ្រួសារ​រត់គេចខ្លួន ចំណែក​មនុស្សម្នា​ក៏​រត់​ប្រសាច​តាម​ក្រោយ។

    គ្រួសារ​របស់ Cotreau បានរ​ត់ទៅ​ពួន​ក្បែរ​ដើមឈើ «ពួកយើង​នៅតែ​ឮ​សំឡេង​គ្រាប់កាំភ្លើង​ផ្ទុះ»។

    Diego Rosas ធ្វើការ​នៅក្នុង​ហាង​ទំនិញ​មួយ​នៅក្បែរ​ផ្លូវ​ដែល​ក្បួន​ដង្ហែ​ដើរ​ឆ្លងកាត់ ក៏​បានឮ​សំឡេង​ផ្ទុះ​របស់​កាំភ្លើង​ប្រហែល ៣០ គ្រាប់ ក្នុង​គ្រា​ដែល​ហ្វូងមនុស្ស​រត់​ចូលក្នុង​ហាង។

    Lisa Schulkin ជាមួយ​មិត្តភក្ដិ​កំពុងស្ថិត​នៅក្នុង​កន្លែង​ចត​រថយន្ត នៅពេល​ហេតុការណ៍​កំពុង​កើតឡើង។ «ផ្លូវ​ដើរ​ពេញ​ដោយ​មនុស្ស ក្មេងៗស្រែកយំ​ទ្រហឹង» Schulkin រៀបរាប់​ដូច្នេះ ហើយ​ថា នាង​ក៏​ពួន​ក្បែរ​រថយន្ត។

    លោកតា Miles Zaremski អាយុ ៧៣ ឆ្នាំ ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កន្លែងកើតហេតុ ក៏បាន​ប្រាប់ថា ដំបូង​គាត់​ស្មានថា​ជា​សំឡេង​របស់​កាំជ្រួច​ដែល​គេ​បាញ់​អបអរ ៖ «ខ្ញុំ​ឃើញ​ស្ត្រី​ម្នាក់​ប្រឡាក់​ឈាម​ពេញ​ខ្លួន។ មនុស្ស​ជាច្រើន​រងរបួស ឬក៏​ស្លាប់»។

    លោកតា Zaremski ដែល​បាន​រស់នៅក្នុង​តំបន់ Highland Park អស់​ជាច្រើន​ទសវត្សរ៍​មកហើយ ប៉ុន្តែ​មិនដែល​បានឃើញ​ហេតុការណ៍​បែបនេះ​ឡើយ។ លោកតា​និយាយថា «គ្រប់កន្លែង​នៅ​ជាយក្រុង​គួរតែមាន​ការព្រមាន។ ហេតុការណ៍​បែបនេះ​អាច​កើតឡើង​គ្រប់កន្លែង»៕

  • រថយន្តក្រុង​ធ្លាក់ចុះ​ជ្រលង​ភ្នំ​ជ្រៅ​នៅ ឥណ្ឌា បណ្ដាលឱ្យ​មនុស្ស​ជាង ១០ នាក់ បាត់បង់​ជីវិត

    រថយន្តក្រុង​ធ្លាក់ចុះ​ជ្រលង​ភ្នំ​ជ្រៅ​នៅ ឥណ្ឌា បណ្ដាលឱ្យ​មនុស្ស​ជាង ១០ នាក់ បាត់បង់​ជីវិត

    អាជ្ញាធរ​ឥណ្ឌា នៅ​ថ្ងៃទី ៤ ខែ​កក្កដា​ ២០២២ នេះ បានឱ្យដឹងថា មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បានកើត​ឡើង បណ្ដាលឱ្យ​មនុស្ស ១២ នាក់ បាត់បង់​ជីវិត និង​មនុស្ស​ជាច្រើន​នាក់​ផ្សេងទៀត​រងរបួស នៅពេល​រថយន្តក្រុង​មួយគ្រឿង​បាន​ធ្លាក់ចូល​ជ្រលង​ភ្នំ​ជ្រៅ​នៅក្នុង​រដ្ឋ Himachal Pradesh ប្រទេស​ឥណ្ឌា។

    ប្រភពព័ត៌មាន​មួយចំនួន​បានឱ្យដឹងថា មនុស្ស​ប្រហែល ២០ នាក់ នៅលើ​រថយន្តក្រុង​ដែល​បាន​ជួប​គ្រោះថ្នាក់​នៅ​ជ្រលង​ភ្នំ Sainj ក្នុងស្រុក Kullu រដ្ឋ Himachal Pradesh ភាគ​ខាងជើង​នៃ ប្រទេស​ឥណ្ឌា។ តួលេខ​អ្នកស្លាប់​អាច​កើនឡើង​បន្ថែមទៀត ដោយសារតែ​នៅមាន​អ្នករងរបួស​ជាច្រើន​ស្ថិតក្នុង​សភាព​ធ្ងន់ធ្ងរ។ បេសកកម្ម​ជួយសង្គ្រោះ​កំពុង​ត្រូវបានធ្វើ​យ៉ាង​យ៉ាង​ញាប់ដៃ​ញាប់ជើង។

    នៅលើ​ទំព័រ Twitter ផ្ទាល់ខ្លួន នាយករដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi យល់ថា នេះ​គឺជា​ករណី​ឧបទ្ទវ​ហេតុដែល​គួរឱ្យ​ឈឺចាប់​បំផុត និង​បាន​សម្ដែង​ទុក្ខសោក និង​ការសោកស្ដាយ​ចំពោះ​ហេតុការណ៍​នេះ​ផងដែរ។

  • ល្ងាច​នេះ (៤ កក្កដា ២០២២) ផែនដី​ស្ថិតនៅ​ឆ្ងាយ​ពី​ព្រះអាទិត្យ​បំផុត

    ល្ងាច​នេះ (៤ កក្កដា ២០២២) ផែនដី​ស្ថិតនៅ​ឆ្ងាយ​ពី​ព្រះអាទិត្យ​បំផុត

    ផែនដី​គោចរ​ទៅដល់​ចំណុច​ឆ្ងាយ​បំផុត​នៅលើ​គន្លង​ជុំវិញ​ព្រះអាទិត្យ​នៅ​ល្ងាច​ថ្ងៃទី ៤ កក្កដា ក្នុង​គម្លាត ១៥២.១ លាន​គីឡូម៉ែត្រ។

    ក្រុម​អ្នក​តារាសាស្ត្រ​បាន​ហៅ​ព្រឹត្តិការណ៍​នេះ​ថា​ជា «Aphelion» (ចំណុច​ឆ្ងាយ​ពី​ព្រះអាទិត្យ​បំផុត) ហើយ​វា​កើតឡើង​នៅវេលា​ម៉ោង ១៤ ល្ងាច​ថ្ងៃនេះ (ម៉ោង​នៅ ភ្នំពេញ)។ ពេលនេះ ផែនដី​នៅ​ឆ្ងាយ​ពី​ព្រះអាទិត្យ ១៥២.១ លាន​គីឡូម៉ែត្រ (ប្រហែល​នឹង ១ ឯក​តា​តារាសាស្ត្រ (១ AU ស្មើនឹង ១៤៩.៦ លាន​គីឡូម៉ែត្រ) ឆ្ងាយ​ជាង ១.៦៧% ធៀប​នឹង​ចម្ងាយ​មធ្យម​រវាង​ផែនដី និង​ព្រះអាទិត្យ។

    មនុស្ស​ជាច្រើន​ប្រហែលជា​មិន​នឹកស្មានថា ផែនដី​នៅ​ឆ្ងាយ​ពី​ព្រះអាទិត្យ​ដូច្នេះ​សោះ​នៅក្នុង​រដូវក្ដៅ។ Chris Vaughan ដែលជា​អ្នកស្រាវជ្រាវ​មួយរូប​របស់ Space.com បាន​បកស្រាយ​ថា ការប្រែប្រួល​នៃ​សីតុណ្ហភាព​ទៅតាម​រដូវ​គឺ​កើតឡើង​ដោយសារ​កម្រិត​នៃ​ភាព​ទ្រេត​របស់​អ័ក្ស​ផែនដី។

    ផ្ទុយ​ពី​ចំណុច Aphelion គឺ​ចំណុច Perihelion ដែល​ផែនដី​គោចរ​ទៅដល់​ចំណុច​ជិត​ព្រះអាទិត្យ​បំផុត ក្នុង​ថ្ងៃទី ៤ មករា (២០២៣) ដែល​នៅពេលនោះ វា​នឹងមាន​ចម្ងាយ​ពី​ផ្កាយ​មេ​ប្រហែល ១៤៧.១ លាន​គីឡូម៉ែត្រ។

  • បាតុកម្ម​កើតឡើងជា​បន្ត​បន្ទាប់​​នៅ សហរដ្ឋ​អាម៉េរិក បន្ទាប់ពី​ករណី​ប៉ូលិស​បាញ់សម្លាប់​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់

    បាតុកម្ម​កើតឡើងជា​បន្ត​បន្ទាប់​​នៅ សហរដ្ឋ​អាម៉េរិក បន្ទាប់ពី​ករណី​ប៉ូលិស​បាញ់សម្លាប់​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់

    មនុស្ស​រាប់រយ​នាក់​បាន​បន្ត​ចេញ​ធ្វើបាតុកម្ម​ក្នុង​ថ្ងៃទី ៣ កក្កដា នៅ​ទីក្រុង Akron រដ្ឋ Ohio (សហរដ្ឋ​អាម៉េរិក) ក្រោយពី​វីដេអូ​ដែល​ថត​បាន​សកម្មភាព​ប៉ូលិស​បាញ់សម្លាប់​បុរស​ស្បែក​ខ្មៅ​ម្នាក់ ត្រូវបាន​គេ​ផ្សព្វផ្សាយ។

    បាតុកម្ម​ត្រូវបានធ្វើ​ឡើងជា​បន្តបន្ទាប់ និង​បាន​ឈាន​ចូលដល់​ថ្ងៃទី ៤ ប៉ុន្តែ​ប្រកបដោយ​សណ្ដាប់ធ្នាប់។ ក្រុមបាតុករ​នាំគ្នា​កាន់​បដា​ដែល​ខ្លះ​មាន​សរសេរថា «រក​យុត្តិធម៌​ជូន Jayland»។ Jayland Walker គឺជា​បុរស​វ័យ ២៥ ឆ្នាំ​ដែល​បាន​ស្លាប់​កាលពី​ថ្ងៃទី ២៧ មិថុនា ដោយសារតែ​ត្រូវ​ប៉ូលិស​បាញ់​នៅពេល​សមត្ថកិច្ច​ព្យាយាម​បញ្ឈប់រថយន្ត​រប​ស់បុ​រស​នេះ ព្រោះតែ​បាន​បំពាន​ច្បាប់​ចរាចរណ៍។

    បាតុកម្ម​បានអូសបន្លាយ​ដល់​យប់ និង​មិនមាន​ករណី​ប្រើ​អំពើហិង្សា​នោះទេ។ ប៉ុន្តែ ដើម្បី​បង្ការ​បញ្ហា​កើតឡើង សមត្ថកិច្ច​បាន​ដំឡើង​របង​នៅក្បែរ​ប៉ូ​ស្ដិ៍​ប៉ូលិស និង​បាន​អំពាវនាវ​ឱ្យ​ប្រជាជនមាន​ការអត់ធ្មត់។

    មេ​ប៉ូលិស Steve Mylett បានឱ្យដឹងថា នៅលើ​ដងខ្លួន​របស់ Jayland មាន​ស្នាមរបួស​ជាង ៦០ កន្លែង។ ចំណែក​ប៉ូលិស​ទាំង ៨ រូប​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការស្លាប់​របស់ Jayland ក៏ត្រូវ​បាន​ផ្អាក​ពី​ការងារ​រហូតដល់​ការស៊ើបអង្កេត​បានបញ្ចប់។

    មុន​នោះ ក្នុង​ថ្ងៃ​ដដែល អាជ្ញាធរ​ក្រុង Akron បាន​បញ្ចេញ​វីដេអូ​ចំនួន ២ បង្ហាញថា ប៉ូលិស​ព្យាយាម​បញ្ឈប់រថយន្ត​របស់ Jayland ប៉ុន្តែ​ជននេះ​បាន​បើកឡាន​គេចខ្លួន។ ប៉ុ​លិ​ស​ឱ្យដឹងថា ស្នូរ​កាំភ្លើង​មួយគ្រា​ប់​បាន​បាញ់​ចេញពី​រថយន្ត​របស់ Jayland ហើយ​បុរស​នេះ​ក៏មាន​សកម្មភាព​ធ្វើឱ្យ​សមត្ថកិច្ច​ជឿថា ជាការ​គំរាមកំហែង​ដល់​ជីវិត​មនុស្ស។ ក្នុង​វីដេអូ គេ​ឃើញ​សមត្ថកិច្ច​ជាច្រើន​នាក់​បាន​ដេញតាម Jayland និង​សុទ្ធតែ​បាន​ផ្ទុះអាវុធ។

    កាលពី​ឆ្នាំ ២០២០ សហរដ្ឋ​អាម៉េរិក កើតមាន​បាតុកម្ម​ដែល​អូសបន្លាយ​ពេល​អស់​ជាច្រើន​សប្ដាហ៍ និង​មិន​ធ្លាប់មាន​ពីមុនមក ដើម្បី​ប្រឆាំងនឹង​ការរើសអើង​ពូជសាសន៍ និង​ការប្រើប្រាស់​អំពើហិង្សា​រប​ស់ប៉ុ​លិ​ស ក្រោយពី George Floyd ដែលជា​បុរស​ជនជាតិ​អាម៉េរិក ដើមកំណើត​អាហ្វ្រិក ត្រូវ​ប៉ូលិស​នៅ Minneapolis រដ្ឋ Minnesota ក្រៀក និង​សង្កត់ក​រហូតដល់​ស្លាប់។ បាតុកម្ម​នេះ ក្រោយមក​ក៏បាន​រាលដាល​ដល់​ប្រទេស​មួយចំនួន​ផងដែរ៕

  • ក្រោយពី ប្រទេស​ថៃ «ធ្វើឱ្យ​កញ្ឆា​ស្របច្បាប់» ប្រទេស​ជាច្រើន​ក៏​ធ្វើការ​ព្រមាន​លើ​បញ្ហា​នេះ

    ក្រោយពី ប្រទេស​ថៃ «ធ្វើឱ្យ​កញ្ឆា​ស្របច្បាប់» ប្រទេស​ជាច្រើន​ក៏​ធ្វើការ​ព្រមាន​លើ​បញ្ហា​នេះ

    ក្រោយពី អាជ្ញាធរ​ថៃ សម្រេចចិត្ត​ដក​កញ្ឆា និង​ដើម​កញ្ឆា​ចេញពី​បញ្ជី​គ្រឿងញៀន​ដែល​ត្រូវ​ហាមឃាត់ ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក​ក៏បាន​បញ្ចេញ​ប្រតិកម្ម​នឹង​បញ្ហា​នេះ។

    យោងតាម Straits Times ប្រទេស​ជាច្រើន​បាន​ព្រមាន​ដល់​ទេសចរ​ថា ការរក្សា​ទុក ឬ​ការប្រើប្រាស់​កញ្ឆា នៅតែ​ជា​អំពើ​ខុសច្បាប់​នៅក្នុង​ប្រទេស​ស្ទើរតែ​ទាំងអស់​ក្នុង​ពិភពលោក។

    ស្ថានទូត​ថៃ ប្រចាំ​នៅ ប្រទេស​ឥណ្ឌូណេស៊ី, កូរ៉េខាងត្បូង និង ជប៉ុន បាន​ណែនាំ ពលរដ្ឋ​ថៃ កុំឱ្យ​នាំយក​កញ្ឆា ឬ​ផលិតផល​ដែល​ទាក់ទង​នឹង​កញ្ឆា ចូលទៅ​កាន់​ប្រទេស​ទាំងនេះ។ បើសិន​ជាមាន​ចេតនា ពួកគេ​នឹង​អាច​ប្រឈម​នឹង​ការកាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ ឬ​ទោស​ប្រហារជីវិត នៅពេល​ត្រូវបាន​ចាប់ខ្លួន។

    ចំណែក សិង្ហ​បុរី និង ប្រទេស​ចិន ក៏បាន​ក្រើនរំលឹក​ដល់​ពលរដ្ឋរ​បស់​ខ្លួន​នៅ​បរទេស កុំឱ្យ​ប្រើប្រាស់​កញ្ឆា ទោះជា​ក្រោមរូបភាព​ណាក៏ដោយ។ នៅ សិង្ហ​បុរី អ្នក​ដែល​មានទោស​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​គ្រឿងញៀន​អាច​ត្រូវ​ជាប់ពន្ធនាគារ ១០ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ឡើងដល់ ២០,០០០ ដុល្លារ​សិង្ហ​បុរី។

    ឆ្លើយតប​នឹង The Straits Times អំពី​ការដែល អាជ្ញាធរ​ថៃ ធ្វើឱ្យ​កញ្ឆា​ក្លាយជា​ថ្នាំជក់​ស្របច្បាប់ អាជ្ញាធរ​ជាតិ​ប្រឆាំង​គ្រឿងញៀន​សិង្ហ​បុរី (CNB) បានឱ្យដឹងថា បច្ចុប្បន្ន ប្រទេសមួយ​ចំនួន​បាន​កែប្រែ​ច្បាប់ ធ្វើឱ្យ​គ្រឿងញៀន «មាន​សេរីភាព​ជាង​មុន»។ ប៉ុន្តែ CNB ច្រានចោល​ការដែល​យល់​ឃើញថា កញ្ឆា​គឺជា «ថ្នាំ​ទន់» មាន​ផលប្រយោជន៍​ផ្នែក​សុខាភិបាល និង​មិនសូវ​ធ្វើឱ្យ​ញៀន ឬ​មិនសូវ​គ្រោះថ្នាក់​ធៀប​នឹង «ថ្នាំ​រឹង»។

    CNB បានលើកឡើង​នូវ​ភ័ស្តុ​តា​ផ្នែក​វិទ្យាសាស្ត្រ ក្នុងនោះ​មាន​ទាំង​របាយការណ៍​របស់ គណៈកម្មការ​គ្រប់គ្រង​គ្រឿងញៀន​អន្តរជាតិ បង្ហាញថា កញ្ឆា​គឺជា​គ្រឿងញៀន និង​មាន​គ្រោះថ្នាក់។ បើសិនជា​ប្រើប្រាស់​កញ្ឆា​ក្នុង​រយៈពេល​យូរ អ្នកប្រើប្រាស់​នឹងមាន​ហានិភ័យ​កើតមាន​រោគសញ្ញា​ផ្លូវចិត្ត និង​ជំងឺ​វិកលចរិត៕

  • នាយករដ្ឋមន្ត្រី​អូស្ត្រាលី ធ្វើ​ទស្សនកិច្ច​នៅ អ៊ុយ​ក្រែ​ន! សន្យាថា នឹង​បង្កើន​ជំនួយ​យោធា

    នាយករដ្ឋមន្ត្រី​អូស្ត្រាលី ធ្វើ​ទស្សនកិច្ច​នៅ អ៊ុយ​ក្រែ​ន! សន្យាថា នឹង​បង្កើន​ជំនួយ​យោធា

    នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក អាល់​បា​នី​ស ទើបតែ​បានធ្វើ​ទស្សនកិច្ចភ្លាមៗទៅកាន់ ប្រទេស​អ៊ុយ​ក្រែ​ន និង​បាន​ពិភាក្សា​ជាមួយ ប្រធានាធិបតី ហ្សេ​ឡែ​ន​ស្គី ក្នុងនោះ លោក​បាន​សន្យាថា នឹង​ផ្ដល់ជំនួយ​បន្ថែម​ប្រមាណ ១០០ លាន​ដុល្លារ​អូស្ត្រាលី (ប្រហែល ៦៨ លាន​ដុល្លារ​អាម៉េរិក) ដល់​ប្រទេស​អឺរ៉ុប​ខាងកើត​មួយ​នេះ ដោយ​រួមមាន​ទាំង​អាវុធ​ផងដែរ។

    កាលពី​ព្រលប់​ថ្ងៃទី ៣ កក្កដា (ម៉ោង​នៅ អូស្ត្រាលី) នាយករដ្ឋមន្ត្រី អាន់​ថូ​នី អាល់​បា​នី​ស (Anthony Albanese) បាន​បំពេញ​ទស្សនកិច្ចភ្លាមៗទៅកាន់ អ៊ុយ​ក្រែ​ន និង​មាន​ជំនួប​រយៈពេល ២ ម៉ោង ជាមួយ ប្រធានាធិបតី ហ្សេ​ឡែ​ន​ស្គី នៅ រដ្ឋធានី​កៀវ។ លោកនាយក​រដ្ឋមន្ត្រី​អូស្ត្រាលី ក៏បាន​ធ្វើ​ទស្សនកិច្ច​ទៅកាន់​តំបន់​ក្បែរ​ខាង​ដែល​បាន​រង​ការខូចខាត​ដោយសារ​សង្គ្រាម។

    ក្នុងជំនួប​ជាមួយ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក អាល់​បា​នី​ស បាន​សន្យាថា អូស្ត្រាលី នឹង​ជួយ​ដល់​ការស្ដារ​ប្រទេស​អ៊ុយ​ក្រែ​ន ឡើងវិញ បន្ទាប់ពី​សង្គ្រាម​បានបញ្ចប់ ប៉ុន្តែ ដើម្បី​ទប់ទល់​នឹង​ស្ថានការណ៍​បច្ចុប្បន្ន អូស្ត្រាលី នឹង​ផ្ដល់ជំនួយ​យោធា​តម្លៃ​ជិត ១០០ លាន​ដុល្លារ​អូស្ត្រាលី ដល់​ប្រទេស​នេះ។

    ក្នុង​សេចក្ដីប្រកាស​មួយ​ដែល​ត្រូវបាន​លើកឡើង​នា​ព្រឹក​នេះ នាយករដ្ឋមន្ត្រី អាល់​បា​នី​ស បាន​អះអាងថា ដំណើរ​ទស្សនកិច្ច ទៅកាន់​រដ្ឋធានី​កៀវ របស់លោក គឺ​ដើម្បី​បញ្ជាក់​យ៉ាងច្បាស់​ថា អូស្ត្រាលី នឹង​ប្រកៀក​ស្មា​ជាមួយ ប្រជាជន​អ៊ុយ​ក្រែ​ន។

    លោក អាល់​បា​នី​ស ជឿជាក់ថា ផ្លូវ​ដើរ​នៅខាងមុខ​នៅតែមាន​ការលំបាក​ច្រើន ប៉ុន្តែ អ៊ុយ​ក្រែ​ន នឹងមាន​ប្រៀប​ជាង រុស្ស៊ី។

    កញ្ចប់​ជំនួយ​ថ្មី​របស់ អូស្ត្រាលី រួមមាន រថពាសដែក Bushmaster ចំនួន ២០ គ្រឿង, រថពាសដែក​ដឹក​ទាហាន M113 ចំនួន ១៤ គ្រឿង, ឧបករណ៍​យោធា​ជាច្រើន​ទៀត​ដូចជា យន្តហោះ​គ្មាន​មនុស្ស​បើក រួម​នឹង​ជំនួយ​តាមរយៈ NATO ជាដើម។

    ជាង​នេះ អូស្ត្រាលី ក៏បាន​សន្យា​ផ្ដល់ជំនួយ​ជិត ៩ លាន​ដុល្លារ​អូស្ត្រាលី ដើម្បី​ជួយ​បង្កើន​សមត្ថភាព​របស់​កងទ័ព​ការពារ​ព្រំដែន​របស់ អ៊ុយ​ក្រែ​ន ព្រមទាំង​មិន​យកពន្ធ​ចំពោះ​ទំនិញ​ដែល​នាំចូល​ពី​ប្រទេស​នេះ​ផងដែរ។

    កញ្ចប់​ជំនួយ​ថ្មី​បំផុត​នេះ បានរួម​ចំណែក​ធ្វើឱ្យ​ខ្ទង់​ជំនួយ​យោធា​របស់ អូស្ត្រាលី សម្រាប់ អ៊ុយ​ក្រែ​ន ឡើងដល់​ជិត ៣៩០ លាន​ដុល្លារ​អូស្ត្រាលី (២៦៥,០០០,០០០ ដុល្លារ​អាម៉េរិក)។ ក្រៅពីនេះ អូស្ត្រាលី ក៏បានផ្ដល់​ជំនួយ​មនុ​ស្ស​ធម៌​ជាច្រើន​ដល់ អ៊ុយ​ក្រែ​ន ផងដែរ៕

  • ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ប្រកាសថា នឹង​វាយ​ដណ្ដើមយក Lysychansk មកវិញ

    ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ប្រកាសថា នឹង​វាយ​ដណ្ដើមយក Lysychansk មកវិញ

    លោក ហ្សេ​ឡែ​ន​ស្គី ទទួលស្គាល់ថា កងទ័ព​អ៊ុយ​ក្រែ​ន បាន​ដកថយ​ចេញពី​ទីក្រុង Lysychansk ប៉ុន្តែ ប្រកាសថា នឹង​ដណ្ដើមយក​មកវិញ​ដោយ​ប្រើប្រាស់​អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ​របស់ បស្ចិម​លោក។

    «បើសិនជា​មេបញ្ជាការ​កងទ័ព​រប​ស់​យើង​ដក​ទាហាន​ចេញពី​ទីតាំង​មួយចំនួន​នៅក្នុង​សមរភូមិ ជាទី​ដែល​កម្លាំង​អាវុធ​ធុន​ធ្ងន់​របស់​សត្រូវ​មានប្រៀប​ជាង ប្រការនេះ​គឺមាន​ន័យ​តែ​ម្យ៉ាង​គត់ ហើយ​បញ្ហា​នេះ​ក៏​ត្រឹមត្រូវ​សម្រាប់ Lysychansk» ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡែ​ន​ស្គី ឱ្យដឹង​ដូច្នេះ​កាលពី​ថ្ងៃទី ៣ កក្កដា។ «យើង​នឹង​ត្រលប់​មកវិញ ដោយ​ប្រើប្រាស់​យុទ្ធសាស្ត្រ​របស់​យើង និង​គាំទ្រ​ដោយ​ការផ្គត់ផ្គង់​អាវុធ​ទំនើប​ដែលមាន​កាន់តែច្រើន»។

    លោក ហ្សេ​ឡែ​ន​ស្គី បញ្ជាក់ថា រុស្ស៊ី កំពុង​ផ្ដោត​អាវុធ​ធុន​ធ្ងន់​ទៅលើ​សមរភូមិ Donbass នៅ​ភាគ​ខាងកើត​ប្រទេស ប៉ុន្តែ អ៊ុយ​ក្រែ​ន នឹង​ឆ្លើយតប​ដោយ​អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ ដូចជា​ប្រព័ន្ធ​កាំជ្រួច​ហ្វូង​ប្រតិកម្ម​រហ័ស HIMARS ដែល​ផ្ដល់ជំនួយ​ដោយ សហរដ្ឋ​អាម៉េរិក។

    មុន​នោះ​មួយថ្ងៃ ក្រសួងការពារជាតិ​រុស្ស៊ី បានប្រកាសថា កងទ័ព​ប្រទេស​នេះ និង​ក្រុម​ផ្ដាច់ខ្លួន «បាន​រំដោះ​សាធារណរដ្ឋ​ប្រជាមានិត Lugansk (LPR)»។ យុទ្ធនាការ​យោធា​ប្រព្រឹត្តឡើង​ដោយ​ជោគជ័យ កងកម្លាំងប្រដាប់អាវុធ​របស់ សហព័ន្ធរុស្ស៊ី និង​បណ្ដា​អង្គភាព​របស់ LPR កំពុង​គ្រប់គ្រង​ទីក្រុង Lysychansk និង​បណ្ដា​តំបន់​ប្រជុំជន​នៅក្បែរនោះ» ប្រកាស​របស់ ក្រសួងការពារជាតិ​រុស្ស៊ី មាន​ឃ្លា​សរសេរ​ដូច្នេះ។

    អ្នកជំនាញ​ផ្នែក​យោធា​នៅ បស្ចិម​លោក យល់ថា ការគ្រប់គ្រង​បាន Lysychansk គឺជា​ជ័យជម្នះ​របស់ រុស្ស៊ី។ ប្រការនេះ​មានន័យថា រុស្ស៊ី និង​ក្រុម​ផ្ដាច់ខ្លួន កំពុង​គ្រប់គ្រង​មួយ​ភាគ​ធំ​នៃ​តំបន់ Donbass ដែលមាន ២ ខេត្ត គឺ Lugansk និង Donetsk ជា​តំបន់​ដែលមាន​អណ្ដូងរ៉ែ​ច្រើន និង​វាលស្រែ​ធំធេង។