Category: អន្តរជាតិ

  • រថយន្តក្រុង​បរ​ធ្លាក់​ពីលើ​ស្ពាន​ចូល​ទន្លេ​នៅ កេ​ន​យ៉ា សម្លាប់​មនុស្ស​ជាង ២០ នាក់

    រថយន្តក្រុង​បរ​ធ្លាក់​ពីលើ​ស្ពាន​ចូល​ទន្លេ​នៅ កេ​ន​យ៉ា សម្លាប់​មនុស្ស​ជាង ២០ នាក់

    ប៉ូលិស​កេ​ន​យ៉ា បានឱ្យដឹងថា មនុស្ស​យ៉ាងតិច ២៤ នាក់​បាន​ស្លាប់​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​កាលពី​ថ្ងៃទី ២៤ កក្កដា នៅពេល​រថយន្តក្រុង​មួយគ្រឿង​បាន​ជ្រុល​ចង្កូត​ធ្លាក់​ពីលើ​ស្ពាន​ចូលទៅ​ទន្លេ​នៅក្បែរ​ផ្លូវ​ល្បឿន​លឿន។

    ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​ប្រហែល ១៨ កន្លះ (ម៉ោង​ក្នុងស្រុក) គ្រា​ដែល​រថយន្តក្រុង​ដែល​ជួប​គ្រោះថ្នាក់​នេះ​កំពុងធ្វើដំណើរ​ពី​ទីរួមស្រុក Meru (ភាគ​កណ្ដាល​ប្រទេស​កេ​ន​យ៉ា) ទៅកាន់ រដ្ឋធានី​ណៃ​រ៉ូ​ប៊ី។

    សមត្ថកិច្ច​កេ​ន​យ៉ា បានឱ្យដឹងថា មូលហេតុ​ដំបូង​អាច​បណ្ដាលមកពី​រថយន្ត​មាន​បញ្ហា​ហ្វាំ​ង នេះ​បើ​យោងតាម​ល្បឿន​យ៉ាង​លឿន​របស់​រថយន្ត​នៅក្នុងពេល​ជួប​គ្រោះថ្នាក់។

    យោងតាម​វិទ្យុ Capital News របស់ កេ​ន​យ៉ា ហេតុការណ៍​នេះ​បានសម្លាប់​មនុស្ស​យ៉ាងតិច ២៤ នាក់ និង​ជាង ២០ នាក់​ផ្សេងទៀត​រងរបួស ខណៈដែល​មនុស្ស​ជាច្រើន​នាក់​បាន​បាត់​ខ្លួន។ សមត្ថកិច្ច​និយាយថា តួលេខ​អ្នកស្លាប់​អាច​បន្ត​កើនឡើង​ទៀត។ ចំណែក​ស្ពាន ជាទី​ដែល​រថយន្តក្រុង​នេះ​ជួប​គ្រោះថ្នាក់ ក៏ត្រូវ​បានចាត់ទុក​ថា​ជា​កន្លែង «ជើងកប» ដោយសារ​តែមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​នៅទីនេះ​ជា​ញឹកញាប់៕

  • នាយករដ្ឋមន្ត្រី​អង់គ្លេស ចនសុន គប់​​គ្រាប់​បែក សាកល្បង​មី​ស៊ី​ល​ប្រឆាំង​រថក្រោះ ជាមួយ​ទាហាន​អ៊ុយ​ក្រែ​ន

    នាយករដ្ឋមន្ត្រី​អង់គ្លេស ចនសុន គប់​​គ្រាប់​បែក សាកល្បង​មី​ស៊ី​ល​ប្រឆាំង​រថក្រោះ ជាមួយ​ទាហាន​អ៊ុយ​ក្រែ​ន

    នាយករដ្ឋមន្ត្រី​អង់គ្លេស ដែល​ជិត​ចាក​ចេញពី​តំណែង លោក បូរី​ស ច​ន​សុន បាន​ចូលរួម​ពិធី​ហ្វឹកហ្វឺន​សម្រាប់​ក្រុម​ទាហាន​របស់ អ៊ុយ​ក្រែ​ន នៅក្នុង​ស្រុក Yorkshire ខាងជើង កាលពីដើម​សប្ដាហ៍​នេះ។

    យោងតាម​ទូរទស្សន៍ RT លោកនាយ​រដ្ឋមន្ត្រី ច​ន​សុន បាន​បង្ហោះ​វីដេអូ​ថត​សកម្មភាព​របស់លោក​ដែល​ស្លៀកពាក់​ឈុត​ទាហាន កំពុង​សាកល្បង​អាវុធ​ច្រើន​ប្រភេទ ក្នុងនោះ​មាន​ទាំង​មី​ស៊ី​ល​ប្រឆាំង​រថក្រោះ និង​កាំភ្លើងយន្ត​បាញ់​ផ្លោង​គ្រាប់បែក​ជាដើម។

    ក្នុង​វីដេអូ​នោះ មេដឹកនាំ​អង់គ្លេស ក៏បាន​សាកល្បង​គប់​គ្រាប់បែក​មួយគ្រា​ប់។ លោក ច​ន​សុន បាន​សរសើរ​ចំពោះ​ស្មារតី​អង់អាច​ក្លាហាន​របស់ ទាហាន​អ៊ុយ​ក្រែ​ន និង​ស្រែក​ហ៊ោ​ជយឃោស​ជា​ភាសា​អ៊ុយ​ក្រែ​ន ផងដែរ។

    «សប្ដាហ៍​នេះ ខ្ញុំ​បាន​ទៅ​សួរ​សុខ​ទុ​ក្ឋ​ទាហាន​របស់ អ៊ុយ​ក្រែ​ន ដែល​កំពុង​ត្រូវបាន​កងកម្លាំងប្រដាប់អាវុធ​របស់ អង់គ្លេស បណ្ដុះបណ្ដាល​នៅ Yorkshire ខាងជើង» នាយករដ្ឋមន្ត្រី ច​ន​សុន និយាយ​ដូច្នេះ និង​បន្ថែមថា លោក​បាន​ជួប​ទាហាន​របស់ អ៊ុយ​ក្រែ​ន ប្រហែល ៤០០ នាក់។ មុន​នោះ នៅក្នុង​ដំណើរ​ទស្សនកិច្ច​ទីក្រុង​កៀវ កាលពី​ខែ​កន្លង លោក ច​ន​សុន បានប្រកាស​អំពី​កម្មវិធី​បណ្ដុះបណ្ដាល​សម្រាប់​ទាហាន ១០,០០០ នាក់​របស់ អ៊​យ​ក្រែ​ន នៅ​ប៉ុន្មាន​ខែ​ខាងមុខ។

    នាយករដ្ឋមន្ត្រី​អង់គ្លេស ឱ្យដឹងថា ខ្ទង់​ជំនួយ​យោធា​របស់ អង់គ្លេស សម្រាប់ អ៊ុយ​ក្រែ​ន បច្ចុប្បន្ន​បាន​ឡើងដល់ ២.៣ ពាន់​លាន​ផោន រួម​នឹង​អាវុធ​ប្រឆាំង​រថក្រោះ ៦,៩០០ ដើម និង​រថពាសដែក ១២០ គ្រឿង​ផងដែរ។

    ទីក្រុង​មូ​ស្គូ បាន​ព្រមាន​ចំពោះ​ក្រុម​ប្រទេស​លោកខាងលិច​ថា មិនគួរ​បញ្ជូន​អាវុធ​មកឱ្យ អ៊ុយ​ក្រែ​ន ឡើយ ដោយបាន​អះអាងថា ទង្វើ​នេះ​នឹង​គ្រាន់តែ​ធ្វើឱ្យ​សង្គ្រាម​អូសបន្លាយ​ពេល​យូរ​ប៉ុណ្ណោះ៕

  • ផ្ទុះ​ភ្នំភ្លើង អាជ្ញាធរ​ជប៉ុន ប្រកាសអាសន្ន​កម្រិត​ខ្ពស់បំផុត

    ផ្ទុះ​ភ្នំភ្លើង អាជ្ញាធរ​ជប៉ុន ប្រកាសអាសន្ន​កម្រិត​ខ្ពស់បំផុត

    ភ្នំភ្លើង Sakurajima ក្នុង​ខេត្ត Kagoshhima នៅ​ភាគ​និរតី​នៃ ប្រទេស​ជប៉ុន បាន​ផ្ទុះឡើង​កាលពី​ម្សិលមិញ បណ្ដាលឱ្យ​រាជរដ្ឋាភិបាល​ត្រូវ​ប្រកាសអាសន្ន​កម្រិត​ទី ៥ ។

    អាជ្ញាធរ​គ្រប់គ្រង​ស្ថានការណ៍​បន្ទាន់ និង​ប៉ូលិស​ក្នុង​តំបន់ បានឱ្យ​ដង​ថា ក​ម្អែ​ភ្នំភ្លើង និង​ដុំថ្ម​ជាច្រើន​បាន​ធ្លាក់​លើ​ទីតាំង​ដែលមាន​ចម្ងាយ​ប្រហែល ២.៥ គីឡូម៉ែត្រ ពី​មាត់​ភ្នំភ្លើង ប៉ុន្តែ មិនទាន់មាន​របាយការណ៍​ស្ដីពី​ការខូចខាត​ទ្រព្យសម្បត្តិ ឬ​បាត់បង់​អាយុជីវិត​មនុស្ស​នៅឡើយ។

    បន្ទាប់ពី​ភ្នំភ្លើង​បាន​ផ្ទុះឡើង​ភ្លាម នាយកដ្ឋាន​ឧតុនិយម​ជប៉ុន បាន​ដំឡើង​កម្រិត​ប្រកាសអាសន្ន​ពី​កម្រិត ៣ ដល់​កម្រិត ៥ ដែលជា​កម្រិត​ខ្ពស់បំផុត និង​ណែនាំ​ឱ្យ​ប្រជាជន​ភៀសខ្លួន​ទៅរក​ទី​សុវត្ថិភាព។

    Sakurajima គឺជា​ភ្នំភ្លើង​មួយ​ក្នុងចំណោម​ភ្នំភ្លើង​ដែល​សកម្ម​បំផុត​នៅ ជប៉ុន និង​ត្រូវបាន​ភ្ជាប់​ជាមួយ​ឧបទ្វីប Osumi នៃ​កោះ Kyushu នៅ​ភាគ​និរតី​របស់​ប្រទេស​នេះ។

    https://www.youtube.com/watch?v=opFvIrBhqLw

  • មេឃ​ក្ដៅ​ខ្លាំង​ ទីក្រុង​នៅ សហរដ្ឋ​អាម៉េរិក ក្រាល​កាវ​ពិសេស​លើ​ដងផ្លូវ ដើម្បី​បង្កើន​ភាព​ត្រជាក់

    មេឃ​ក្ដៅ​ខ្លាំង​ ទីក្រុង​នៅ សហរដ្ឋ​អាម៉េរិក ក្រាល​កាវ​ពិសេស​លើ​ដងផ្លូវ ដើម្បី​បង្កើន​ភាព​ត្រជាក់

    ទីក្រុង Phoenix ទប់​ទល់នឹង​កម្ដៅថ្ងៃ​ដោយ​វិធី​ក្រាល​កាវ​ពិសេស​មួយ​ប្រភេទ​លើ​ដងផ្លូវ​កៅស៊ូ ដើម្បី​ជួយ​បង្កើន​ប្រសិទ្ធភាព​ចំណាំងផ្លាត​ពន្លឺព្រះអាទិត្យ​របស់​ដងផ្លូវ។

    «ពលរដ្ឋ​នៅ Phoenix និយាយថា ពួកគេ​ទទួលបាន​ភាពខុសប្លែក» Kate Gallego អភិបាលក្រុង​នៅលើ​សមុទ្រ​ខ្សាច់​ភាគ​ខាងលិច នៃ សហរដ្ឋ​អាម៉េរិក ឱ្យដឹង​ដូច្នេះ និង​បន្ថែម ផ្ទៃ​របស់​ដងផ្លូវ​នេះ បន្ទាប់ពី​ត្រូវបាន​ក្រាល​កាវ​ពិសេស នឹង​ត្រជាក់​ជាង​ពី ១០ ទៅ ១២ អង្សា​សេ ធៀប​នឹង​ផ្ទៃ​ផ្លូវ​ដែល​ក្រាល​កៅស៊ូ។

    ផ្លូវ​ប្រវែង​ប្រហែល ១១៨ គីឡូម៉ែត្រ នៅ​ទីក្រុង Phoenix ក្នុង​រដ្ឋ Arizona ត្រូវបាន​ក្រាល​កាវ​ពិសេស ក្នុង​គម្រោង​សាកល្បង​បន្សាប​កម្ដៅ​ផ្ទៃ​ផ្លូវ តម្លៃ ៣.៣ លាន​ដុល្លារ របស់​ទីក្រុង​នេះ។

    បម្រែបម្រួល​អាកាសធាតុ កំពុងតែ​ធ្វើឱ្យ​សីតុណ្ហភាព​នៅក្នុង​ទីក្រុង​ដែល​ក្ដៅ​ជាងគេ​នៅ សហរដ្ឋ​អាម៉េរិក កាន់តែ​ឡើងក​ម្ដៅ​ខ្ពស់។ កាលពី​ឆ្នាំ ២០២០ ទីក្រុង Phoenix បាន​ឆ្លងកាត់​កម្ដៅ​ជាង ៤៣ អង្សា​សេ ក្នុង​រយៈពេល ៥៣ ថ្ងៃ បណ្ដាលឱ្យ​មនុស្ស​ជិត ២០០ នាក់​បាន​បាត់​ជីវិត ដោយសារតែ​រលក​កម្ដៅ។

    ទីក្រុង Phoenix , Los Angeles និង Miami បាន​បង្កើត​គណកម្មកា​រ​ដើម្បី​ស្វែងរក​វិធី​ទប់ស្កាត់​ផលប៉ះពាល់​ពី​កម្ដៅថ្ងៃ ក្នុង​គ្រា​ដែល​បណ្ដា​ទីក្រុង​នៅ សហរដ្ឋ​អាម៉េរិក ក៏ដូចជា​បណ្ដា​ទីក្រុង​នៅ​ពាសពេញ​ពិភពលោក កំពុង​ប្រឈម​នឹង​ការឡើង​កម្ដៅ​ទ្វេដង​ធៀប​នឹង​មធ្យមភាគ ព្រោះតែ​ការ​ស្រូប និង​រក្សា​កម្ដៅ​របស់​អគារ និង​ផ្ទៃ​ផ្លូវ​ក្នុង​ទីក្រុង៕

     

  • «កាឡាក់ស៊ី​ខ្មោច» ក្នុង​រូប​ដែល​បាន​ចម្រាញ់​ពណ៌ ថត​ដោយ​កែវយឹត​អវកាស James Webb

    «កាឡាក់ស៊ី​ខ្មោច» ក្នុង​រូប​ដែល​បាន​ចម្រាញ់​ពណ៌ ថត​ដោយ​កែវយឹត​អវកាស James Webb

    រូបភាព​ដែល​បានមកពី​ទិន្នន័យ​នៃ​ការសង្កេត​ថ្មី​របស់​តេ​ឡេ​ស្កុប​អវកាស James Webb បង្ហាញថា កាឡាក់ស៊ី Messier 74 មាន​រូបរាង​ដូច​ទៅនឹង​កំណួច​ទឹក​ដ៏​មហា​ប្រល័យ។

    តេ​ឡេ​ស្កុប​អវកាស James Webb ថត​បាន​កាឡាក់ស៊ី Messier 74 ឬ​ហៅថា NGC 628 ឬក៏​កាឡាក់ស៊ី​ខ្មោច កាលពី​ថ្ងៃទី ១៧ កក្កដា និង​បាន​ផ្ញើមក​កាន់​ផែនដី។ យោងទៅលើ​ទិន្នន័យ​ដំបូង​ដែល ណា​សា បានប្រកាស សាស្ត្រាចារ្យ​ផ្នែក​តារាសាស្ត្រ Gabriel Brammer មកពី​សាកលវិទ្យាល័យ Copenhagen របស់ ដា​ណឺ​ម៉ាក បាន​បង្កើតជា​រូបភាព​ចម្រាញ់​ពណ៌​មួយ​ដែល​ប្រកបដោយ​ភាព​ទាក់ទាញ​ខ្លាំង ទាក់ទង​នឹង​រចនាសម្ព័ន្ធ​រាងគូទខ្យង​របស់ NGC 628។

    រូបភាព​បង្ហាញថា Messier 74 មាន​រូបរាង​ដូច​ទៅនឹង​កំណួច​ទឹក​ដ៏​មហា​ប្រល័យ ដោយមាន​សរសៃ​រាងគូទខ្យង​ពណ៌​ស្វាយ​ដ៏​ចម្លែក។ ក៏​ប៉​ន្តែ នេះ​មិនមែនជា​អ្វីដែល​យើង​អាច​មើលឃើញ​ជាក់ស្ដែង​ដោយ​ភ្នែក។ ពណ៌​ស្វាយ​បានមកពី​រលក​ដែល​បាញ់​ចេញពី​វិទ្យុសកម្ម​ក្នុង​កាឡាក់ស៊ី ហើយ​មនុស្ស​មិនអាច​មើលឃើញ​ដោយផ្ទាល់។

    Messier 74 ដែល​ថត​បាន​ដោយ​តេឡេស្កុបអវកាស​ James Webb

    ស្ថិតក្នុង​រយៈ​ចម្ងាយ​ពី​ផែនដី​ប្រហែល ៣២ លាន​ឆ្នាំ​ពន្លឺ និង​នៅក្នុង​កញ្ចុំ​ផ្កាយ Pisces កាឡាក់ស៊ី Messier 74 មាន​ដៃ​រាងគូទខ្យង​លាតសន្ធឹង​ប្រហាក់ប្រហែលគ្នា។ កាឡាក់ស៊ី​នេះ មាន​អង្កត់ផ្ចិត​ប្រវែង​ឡើងដល់ ៩៥,០០០ ឆ្នាំ​ពន្លឺ និង​មាន​ផ្កាយ​ប្រហែល ១០០ ពាន់​លាន​ដួង៕

     

  • រុស្ស៊ី អះអាងថា មិន​ផ្គត់ផ្គង់​ប្រេង​ដល់​បណ្ដា​ប្រទេស​ដែល​កំណត់​តម្លៃ​ពិតាន

    រុស្ស៊ី អះអាងថា មិន​ផ្គត់ផ្គង់​ប្រេង​ដល់​បណ្ដា​ប្រទេស​ដែល​កំណត់​តម្លៃ​ពិតាន

    ទេសាភិបាល​ធនាគារជាតិ​រុស្ស៊ី ប្រកាសថា ទីក្រុង​មូ​ស្គូ នឹងមិន​ផ្គត់ផ្គង់​ប្រេង​ដល់​បណ្ដា​ប្រទេស​ដែល​កំណត់​តម្លៃ​ពិតាន​ចំពោះ​ប្រេង ក្នុង​គ្រា​ដែល​លោកខាងលិច​កំពុង​រក​វិធី​លុបបំបាត់​ចំណូល​ពី​ថាមពល​របស់ រុស្ស៊ី។

    ទេសាភិបាល​ធនាគារជាតិ​រុស្ស៊ី Elvira Nabiullina បានប្រកាស​ដូចខាងលើ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃទី ២២ កក្កដា ដើម្បី​ឆ្លើយតប​នឹង​ផែនការ​កំណត់​តម្លៃ​ពិតាន​ចំពោះ​ប្រេង​ដែល​នាំចូល​ពី ប្រទេស​រុស្ស៊ី។

    លោកស្រី Nabiullina ព្រមាន​ថា សំណើ​របស់​ក្រុម​ប្រទេស​អភិវឌ្ឍ​លំដាប់​កំពូល​ពិភពលោក (G7) ក្នុង​បំណង​លុបបំបាត់​ប្រភព​ចំណូល​ពី​ថាមពល​របស់ រុស្ស៊ី ទាក់ទិន​នឹង​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន នឹង​រុញច្រាន​តម្លៃ​ប្រេង​ពិភពលោក​ឱ្យ​ឡើងថ្លៃ​ខ្ពស់។

    ទេសាភិបាល​ធនាគារជាតិ​រុស្ស៊ី ថ្លែងថា «យើង​នឹងមិន​ផ្គត់ផ្គង់​ប្រេង​ដល់​បណ្ដា​ប្រទេស​ដែល​នឹង​កំណត់​តម្លៃ​ពិតាន។ ប្រេង និង​ផលិតផល​ធ្វើ​ពី​ប្រេង​របស់​យើង នឹង​ផ្គត់ផ្គង់​ដល់​ប្រទេស​ទាំងឡាយ​ដែល​ព្រម​សហការ​ជាមួយ​យើង​តែប៉ុណ្ណោះ»។

    សូមបញ្ជាក់ថា បច្ចុប្បន្ន រុស្ស៊ី គឺជា​អ្នក​ផលិត​ប្រេង​ធំជាងគេ​លំដាប់​ទី​ពីរ​ក្នុង​ពិភពលោក បន្ទាប់ពី ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត។

    ការអះអាង​របស់​ទេសាភិបាល​ធនាគារជាតិ​រុស្ស៊ី ត្រូវបាន​លើកឡើង​នៅក្នុង​គ្រា​ដែល សហរដ្ឋ​អាម៉េរិក និង​ប្រទេស​ជាច្រើន​ទៀត ពិសេស​គឺ​បណ្ដា​ប្រទេស​នៅ អឺរ៉ុប កំពុង​ពិចារណា​អំពី​ការកំណត់​តម្លៃ​ពិតាន​ចំពោះ​ប្រេង​ដែល​នាំចូល​ពី ប្រទេស​រុស្ស៊ី ដើម្បី​ប្រឆាំងនឹង​យុទ្ធនាការ​យោធា​ពិសេស​របស់ ទីក្រុង​មូ​ស្គូ នៅ អ៊ុយ​ក្រែ​ន៕

     

  • មេដឹកនាំ​មួយរូប​របស់ ឥណ្ឌា ត្រូវ​ចូល​ពេទ្យ បន្ទាប់ពី​ពិសា​ទឹកទន្លេ​ពិសិដ្ឋ (វីដេអូ)

    មេដឹកនាំ​មួយរូប​របស់ ឥណ្ឌា ត្រូវ​ចូល​ពេទ្យ បន្ទាប់ពី​ពិសា​ទឹកទន្លេ​ពិសិដ្ឋ (វីដេអូ)

    មេដឹកនាំ​រដ្ឋ Punjab ត្រូវបាន​គេ​ជឿថា បាន​ចូល​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដោយសារតែ​ឈឺពោះ​ខ្លាំង បន្ទាប់ពី​បាន​ពិសា​ទឹកទន្លេ​ពិសិដ្ឋ Kali Bein។

    កាលពី​ចុង​សប្ដាហ៍​កន្លង អភិបាលរដ្ឋ Punjab លោក Bhagwant Mann រួម​នឹង​ក្រុមមន្ត្រី​អមដំណើរ បាន​ចូលរួម​ពិធី​រម្លឹក​អនុស្សាវរីយ៍ ២២ ឆ្នាំ នៃ​ការចាប់ផ្ដើម​យុទ្ធនាការ​សម្អាត​ទន្លេ Kail Bein ដែល​ត្រូវបាន​ក្រុម​អ្នក​កាន់សាសនា​ស៊ី​ក ចាត់ទុកជា​ទន្លេ​ពិសិដ្ឋ។

    តំណាងរាស្ត្រ និង​ជា​អ្នកការពារ​បរិស្ថាន​ដ៏​ល្បីឈ្មោះ​នៅ ឥណ្ឌា លោក Baba Balbir Singh Seechewal បាន​អញ្ជើញ​អភិបាលរដ្ឋ Punjab ពិសា​ទឹកទន្លេ​ដែល​ហូរ​កាត់​ទីក្រុង Sultanpur Lodhi រដ្ឋ Punjab ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា។ លោក​អភិបាលរដ្ឋ​ក៏បាន​ពិសា​ទឹក​ពិសិដ្ឋ​នេះ​អស់ ១ កែវ ហើយ​មនុស្សម្នា​នៅ​ជុំវិញ​ក៏​ស្រែក​សាទរ។

    India Express កាលពី​ម្សិលមិញ ដកស្រង់​ប្រភពព័ត៌មាន​ច្បាស់​ការណ៍​មួយ​ឱ្យដឹងថា នៅ​ព្រលប់​ថ្ងៃទី ១៩ កក្កដា ២ ថ្ងៃក្រោយ​ការ​ពិសា​ទឹកទន្លេ Kali Bein អភិបាលរដ្ឋ​ខាងលើ​ក៏មាន​អាការ​ឈឺពោះ​យ៉ាងខ្លាំង​ក្លា។ លោក​ក៏​ត្រូវបាន​ដឹក​តាម​ឧទ្ធម្ភាគចក្រ​ពី​ភូមិគ្រឹះ​របស់លោក​នៅ Chandigarh ទៅកាន់​មន្ទីរពេទ្យ​នៅ ទីក្រុង​ដេលី។

    ប្រភពព័ត៌មាន​នានា​បានឱ្យដឹងថា អភិបាលរដ្ឋ Punjab លោក Mann ត្រូវ​ចូល​ពេទ្យ​គឺ​ដោយសារតែ​ការ​ពិសា​ទឹកទន្លេ Kali Bein។ NDTV ផ្សាយ​ថា ទន្លេ Kali Bein តែងតែ​កខ្វក់ ព្រោះតែ​ទឹក​ដែល​បង្ហូរ​ចេញពី​ទីរួមស្រុក និង​ទីប្រជុំជន​នានា​នៅក្បែរនោះ។

    ក្រុម​មេដឹកនាំ​បក្ស Aam Aadmi (AAP) បញ្ជាក់​អំពី​ព័ត៌មាន​ដែលថា​លោក Mann ចូល​ពេទ្យ ប៉ុន្តែ​និយាយថា អភិបាលរដ្ឋ​រូបនេះ​ទៅពិនិត្យ​សុខភាព​តាម​ការ​ណាត់ និង​បាន​ចេញពី​ពេទ្យ​វិញ​ហើយ៕

  • រថយន្តក្រុង​ដឹក​អ្នកដំណើរ​ជិត ៣០ នាក់ ជ្រុល​ចង្កូត​ធ្លាក់​ជ្រោះ

    រថយន្តក្រុង​ដឹក​អ្នកដំណើរ​ជិត ៣០ នាក់ ជ្រុល​ចង្កូត​ធ្លាក់​ជ្រោះ

    (វៀតណាម)-រថយន្ត​ដឹក​អ្នកដំណើរ​ជិត ៣០ នាក់ ពី ដា​ឡា​ត (Da Lat) ទៅកាន់ ហ្វា​ន​ធៀ​ត (Phan Thiet) បាន​ជួប​គ្រោះថ្នាក់​នៅ​ព្រឹក​នេះ​នៅលើ​ភ្នំ​មួយ បណ្ដាលឱ្យ​មនុស្ស​ច្រើន​នាក់​រងរបួស​ធ្ងន់ធ្ងរ។

    វេលា​ម៉ោង​ប្រហែល ៥ ព្រឹក ថ្ងៃទី ២៣ កក្កដា រថយន្តក្រុង​មួយគ្រឿង​ដឹក​ទេសចរ ២៧ នាក់ ដែល​ភាគច្រើន​ជា​ស្ត្រី និង​កុមារ បាន​ជ្រុល​ចង្កូត​ធ្លាក់ចូល​ជ្រោះ​នៅក្នុង​ខេត្ត ប៊ិ​ញ​ធួន (Binh Thuan) ភាគ​និរតី​ប្រទេស​វៀតណាម។

    ក្នុង​ហេតុការណ៍​នេះ មាន​មនុស្ស ៣ នាក់​រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​សង្គ្រោះបន្ទាន់។ មនុស្ស ២៤ នាក់​ផ្សេងទៀត​រងរបួស​ស្រាល ត្រូវបាន​បញ្ជូន​ទៅកាន់​មណ្ឌល​សុខភាព​នៅក្បែរនោះ។

    ជាង ១ ម៉ោង​បន្ទាប់ពី​ហេតុការណ៍​បានកើត​ឡើង ប៉ូលិស​ក៏បាន​ទៅដល់​កន្លែងកើតហេតុ ឯ​ក្រុម​សង្គ្រោះ​ក៏​កំពុងធ្វើដំណើរ​តាម​ពីក្រោយ។

  • តំណាងរាស្ត្រ​អាម៉េរិក​មួយរូប វិះ​នឹងត្រូវ​ខ្មាន់​អាវុធ​ចាក់​ប្រហារ​នៅក្នុង​ហ្វូងមនុស្ស (វីដេអូ)

    តំណាងរាស្ត្រ​អាម៉េរិក​មួយរូប វិះ​នឹងត្រូវ​ខ្មាន់​អាវុធ​ចាក់​ប្រហារ​នៅក្នុង​ហ្វូងមនុស្ស (វីដេអូ)

    តំណាងរាស្ត្រ Zeldin ដែលជា​អតីត​ទាហាន​មួយរូប បាន​ប្រតិកម្ម​ទាន់ពេល និង​ចាប់​ជាប់ដៃ​របស់​ជនសង្ស័យ​ម្នាក់​ដែល​កាន់​វត្ថុ​ស្រួច ប្រុង​នឹង​ចាក់​តម្រង់​ក​របស់គាត់​នៅ​កណ្ដាល​ព្រឹត្តិការណ៍​ឃោសនា​រក​សំឡេងឆ្នោត។

    តំណាងរាស្ត្រ​របស់ បក្ស​សាធារណរដ្ឋ លោក Lee Zeldin កាលពី​ថ្ងៃទី ២១ កក្កដា បាន​ប្រារព្ធ​ពិធី​ជួបជុំ និង​ឃោសនា​មួយ​នៅ​ជាយក្រុង New York ដើម្បី​រក​សំឡេងឆ្នោត​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​អភិបាលរដ្ឋ។ ពេល​លោក Zeldin កំពុង​ថ្លែងការណ៍​នៅលើ​វេទិកា ក៏​ស្រាប់តែ​បុរស​មាត​ធំ​ម្នាក់​ដែលមាន​អាវុធ​ស្រួច​ក្នុង​ដៃ ដើរ​ចូលមក​ក្បែរ និង​ប្រុង​ចាក់​តម្រង់​ក​របស់គាត់។

    ភ្លាមនោះ លោក Zeldin ក៏បាន​ប្រតិកម្ម​ទាន់ពេល ដោយ​ចាប់ដៃ​បុរស​នោះ​ជាប់ មុនពេល​ក្រុម​សន្តិសុខ និង​ប្រជាពលរដ្ឋ​រត់​មកជួយ។ គណៈកម្មការ​ឃោសនារ​ក​សំឡេងឆ្នោត​របស់លោក Zeldin ឱ្យដឹងថា តំណាងរាស្ត្រ​រូបនេះ​មិនបាន​រងរបួស​ក្នុង​ហេតុការណ៍​នេះ​ទេ។

    លោក Zeldin បាន​សរសេរ​នៅលើ Twitter ថា «គាត់​មក​ក្បែរ​ខ្ញុំ ហើយ​និយាយថា «អ្ហែង​ចប់​ហើយ» មុនពេល​បម្រុង​នឹង​ចាក់​ប្រហារ​ខ្ញុំ។ សំណាង​ណាស់​ដែល​ខ្ញុំ​ចាប់​កដៃ​អា​គាត់​នេះ​ទាន់ពេល»។

    ប៉ូ​លេស​ក្នុង​តំបន់​មិនទាន់មាន​ការអធិប្បាយ​អ្វី​នៅឡើយ ទាក់ទិន​នឹង​ហេតុការណ៍​ខាងលើ។ អភិបាលរដ្ឋ New York លោកស្រី Kathy Hochul ដែលជា​សមាជិក​បក្ស​ប្រជាធិបតេយ្យ បានឱ្យដឹងថា លោកស្រី​ត្រេកអរ​ណាស់​ដែល​តំណាងរាស្ត្រ Zeldin មិនបាន​រងរបួស និង​បន្ថែមថា ជនសង្ស័យ​កំពុង​ត្រូវបាន​ស៊ើបអង្កេត។

    តំណាងរាស្ត្រ Zeldin អាយុ ៤២ ឆ្នាំ ធ្លាប់ជា​ទាហាន និង​ត្រូវបាន​ជ្រើសតាំង​ជា​បេក្ខភាព​អភិបាលរដ្ឋ New York របស់ បក្ស​ប្រជាធិបតេយ្យ តាំងពី​ខែមិថុនា​កន្លងទៅ។

  • ឥណ្ឌា មាន​ប្រធានាធិបតី​ជា​ស្ត្រី​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ដែលមាន​ប្រភពពី​សហគមន៍​ជនជាតិដើម​ភាគតិច

    ឥណ្ឌា មាន​ប្រធានាធិបតី​ជា​ស្ត្រី​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ដែលមាន​ប្រភពពី​សហគមន៍​ជនជាតិដើម​ភាគតិច

    លោកស្រី Draupadi Murmu អាយុ ៦៤ ឆ្នាំ ក្លាយជា​ប្រធានាធិបតី​ជា​ស្ត្រីភេទ​ដំបូង​របស់ ឥណ្ឌា ដែលមាន​ដើមកំណើត​ពី​សហគមន៍​ជនជាតិដើម​ភាគតិច។

    នៅ​ថ្ងៃទី ២២ កក្កដា​នេះ លោកស្រី Murmu ទទួលបាន​សំឡេងឆ្នោត​គាំទ្រ ៦៨% នៅពេល​តំណាងរាស្ត្រ​ជិត ៥,០០០ រូប​របស់ សភា​ឥណ្ឌា បាន​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី។ ជាមួយនឹង​លទ្ធផល​នេះ លោកស្រី​ក្លាយជា​ប្រធានាធិបតី​ជា​ស្ត្រីភេទ​ដំបូង​គេ​របស់ ប្រទេស​ឥណ្ឌា ដែលមាន​ដើមកំណើត​ពី​សហគមន៍​ជនជាតិដើម​ភាគតិច និង​ជា​ប្រធានាធិបតី​ភេទ​ស្រី​ទី​ពីរ​របស់​ប្រទេស​នេះ បន្ទាប់ពី​លោកស្រី Pratibha Patil។

    លោកស្រី Draupadi Murmu ត្រូវបាន បក្សសម្ព័ន្ធ​ប្រជាធិបតេយ្យ​ជាតិ (NDA) ដែល​កំពុង​កាន់អំណាច ជ្រើសរើស​ជា​បេក្ខភាព​ប្រធានាធិបតី។ លោកស្រី​នឹង​ចូលកាន់​អំណាច​បន្ទាប់ពី ប្រធានាធិបតី​ឥណ្ឌា Ram Nath Kovind ដែល​នឹង​អស់​អាណត្តិ​នៅ​ថ្ងៃទី ២៤ កក្កដា​ខាងមុខ។

    ក្រោយពី​លទ្ធផល​នៃ​ការរាប់​សន្លឹកឆ្នោត​ត្រូវបាន​ប្រកាស គេ​ឃើញ​មាន ប្រជាពលរដ្ឋ​ឥណ្ឌា ជាច្រើន ក្នុងនោះ​មាន​ទាំង​ប្រជាជន​មកពី​សហគមន៍​ជនជាតិដើម​ភាគតិច​ផងដែរ ប្រមូលផ្ដុំ​គ្នា​តាម​ដងផ្លូវ​ដើម្បី​អបអរសាទរ​ប្រធានាធិបតី​ថ្មី។

    លោកស្រី Draupadi Murmu ចាប់កំណើត​នៅ​ថ្ងៃទី ២០ មិថុនា ១៩៥៨ ក្នុង​គ្រួសារ​មួយ​នៃ​កុលសម្ព័ន្ធ Santali នៅ​ខណ្ឌ Mayurbhanj រដ្ឋ Odisha ភាគ​ខាងកើត​នៃ ប្រទេស​ឥណ្ឌា។ ទាំង​លោកឪពុក និង​លោកតា​របស់​លោកស្រី សុទ្ធតែ​បាន​ជាប់ឆ្នោត​ជា​មេដឹកនាំ​ក្នុង​ប្រព័ន្ធ​អាជ្ញាធរ​ស្វ័យគ្រប់គ្រង​នៅ​តំបន់​ជនបទ​ក្នុង ប្រទេស​ឥណ្ឌា។

    លោកស្រី Draupadi Murmu និង​នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi

    នាយករដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi ក៏បាន​សម្ដែង​ការអបអរសាទរ​ដល់​លោកស្រី Murmu និង​បាន​ហៅ​ជ័យជម្នះ​របស់លោក​ស្រី​ថា ជា​ជោគជ័យ​ដ៏​គួរឱ្យ​ភ្ជាប់​ផ្អើល។

    សហគមន៍​ជនជាតិដើម​ភាគតិច​នៅ ឥណ្ឌា រួមមាន​ប្រហែល ១០៤ លាន​នាក់ ប្រមាណ​ជា ៨.៦% នៃ​ប្រជាជន​សរុប​របស់​ប្រទេស​នេះ។ សហគមន៍​ទាំងនេះ​ភាគច្រើន​រស់នៅក្នុង​តំបន់​ដាច់ស្រយាល និង​មិនសូវ​ទទួល​បានការ​គាំពារ​ល្អ​ផ្នែក​សុខុមាលភាព និង​អប់រំ។

    ការជាប់ឆ្នោត​របស់លោក​ស្រី Murmu ត្រូវបាន​ក្រុមអ្នកវិភាគ​ជឿថា នឹង​នាំមក​នូវ​ការផ្លាស់ប្ដូរ​សម្រាប់​សហ​គម​ន៍​ជនជាតិដើម​ភាគតិច​នៅ ឥណ្ឌា។

    សូមបញ្ជាក់ថា ប្រធានាធិបតី​ឥណ្ឌា គឺជា​មេដឹកនាំ​កំពូល​របស់​ប្រទេស ប៉ុន្តែ​មិន​កាន់អំណាច​ប្រតិបត្តិ​ច្រើន​ដូច​នាយករដ្ឋមន្ត្រី៕