Category: សុខភាព

  • អ៊ីស្រាអែល សម្រេច​ចាក់​វ៉ាក់សាំង COVID-19 ដូសទី 3 ជូន​ពលរដ្ឋ

    អ៊ីស្រាអែល សម្រេច​ចាក់​វ៉ាក់សាំង COVID-19 ដូសទី 3 ជូន​ពលរដ្ឋ

    អ៊ីស្រាអែល បាន​ក្លាយជា​ប្រទេស​ដំបូង​គេ​ក្នុង​ពិភពលោក ដែល​បាន​អនុញ្ញាតឱ្យ​ពលរដ្ឋ​ពេញវ័យ​ដែលមាន​ជំងឺ​ប្រចាំកាយ​ធ្ងន់ធ្ងរ ទទួល​ការចាក់​វ៉ាក់សាំង Pfizer ជា​ដូ​ស​ទី​បី។

    ក្រសួងសុខាភិបាល អ៊ីស្រាអែល នា​សប្ដាហ៍​នេះ បានឱ្យដឹងថា នឹង​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស COVID-19 ម្ជុល​ទី​បី សម្រាប់​ពលរដ្ឋ​ពេញវ័យ​ដែល​ត្រូវបាន​គេ​ចាត់ទុកថា មាន​ហានិភ័យ​ឆ្លង COVID-19 ពិសេស​គឺ​ក្រុមមនុស្ស​ដែលមាន​អង់​ទី​ក័​រ​ខ្សោយ ឬ​ទើប​ឆ្លងកាត់​ការវះកាត់។

    សេចក្ដីសម្រេច​របស់រ​ដ្ឋា​ភិ​បាល អ៊ីស្រាអែល ត្រូវបាន​ធ្វើឡើង​នៅក្នុង​គ្រា​ដែល​ករណី​វិជ្ជមាន​នឹង COVID-19 នៅ​ប្រទេស​នេះ កើនឡើង​យ៉ាង​ឆាប់រហ័ស ដោយសារ​វ៉ា​រ្យ៉​ង់ (វីរុស​បំប្លែង​ខ្លួន) Delta។ មុននេះ អ៊ីស្រាអែល ត្រូវបាន​គេ​លើកសរសើរ ព្រោះតែ​បានធ្វើ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បាន​លឿន​ជាងគេ​ក្នុង​ពិភពលោក ដោយ​ពលរដ្ឋ​ជាង 5 លាន​នាក់​ក្នុងចំណោម 9 លាន​នាក់​របស់​ប្រទេស​នេះ បានទទួល​ការចាក់​វ៉ាក់សាំង​ម្ជុល​ទី​ពីរ។ បច្ចុប្បន្ន ករណី​វិជ្ជមាន​ថ្មី​ប្រចាំថ្ងៃ​នៅ អ៊ីស្រាអែល បាន​កើន​លើស 400 នាក់/ថ្ងៃ។

    ទន្ទឹមនឹងនេះ ការជជែក​អំពី​ការចាក់​វ៉ាក់សាំង​ម្ជុល​ទី​បី នៅតែ​កើតមាន។ មន្ត្រី​សុខាភិបាល អាមេរិក យល់ថា ការចាក់​ដូ​ស​ទី​បី គឺជា​រឿង​មិនចាំបាច់។ ចំណែក​ក្រុមហ៊ុន Pfizer វិញ ក៏បាន​ឱ្យដឹងថា នឹង​ស្នើ​ដល់​ស្ថាប័ន​គ្រប់គ្រង អនុម័ត​លើ​ការចាក់​វ៉ាក់សាំង​ម្ជុល​ទី​បី។ ប្រទេស​មួយចំនួន មានដូចជា បា​រ៉ែ​ន និង អារ៉ាប់​រួម (UAE) ជាដើម កំពុង​ចាក់​វ៉ាក់សាំង Pfizer ចំនួន 1 ដូស​ទៀត សម្រាប់​ពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង Sinopharm របស់ ចិន គ្រប់ 2 ដូ​ស៕

    ប្រភព៖ CNBC
    ប្រែ​សម្រួល៖ បុត្រា

  • វៀតណាម ទទួលបាន​ការធានា​ផ្គត់ផ្គង់​វ៉ាក់សាំង COVID-19 ចំនួន 105 លាន​ដូ​ស រួចហើយ

    វៀតណាម ទទួលបាន​ការធានា​ផ្គត់ផ្គង់​វ៉ាក់សាំង COVID-19 ចំនួន 105 លាន​ដូ​ស រួចហើយ

    វៀតណាម បានកំណត់​គោលដៅ ទិញ​វ៉ាក់សាំង COVID-19 ចំនួន 150 លាន​ដូ​ស ដើម្បី​ចាក់​ជូន​ពលរដ្ឋ​ឱ្យមាន 70% ហើយ​មកដល់​បច្ចុប្បន្ន វ៉ាក់សាំង​ប្រមាណ 105 លាន​ដូ​ស ត្រូវបាន​ចុះកិច្ចសន្យា​រួចរាល់។

    ក្នុងចំណោម​វ៉ាក់សាំង​បង្ការ​វីរុស COVID-19 ចំនួន 105 លាន​ដូ​ស ដែល វៀតណាម បាន​ធានាថា​នឹង​ទទួលបាន មាន 38.9 លាន​ដូ​ស​ស្ថិតក្នុង​កម្មវិធី ជំនួយ COVAX របស់​អង្គការ​សុខភាព​ពិភពលោក, 30 លាន​ដូ​ស​ជា AstraZeneca ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន​វៀតណាម VNVC, 31 លាន​ដូ​ស ជា វ៉ាក់សាំង Pfizer ដែល​ចុះហត្ថលេខា​ជាមួយ​រដ្ឋាភិបាល និង 5 លាន​ដូ​ស Moderna ប្រគល់​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន Zuellig Pharma Viet Nam ជា​អ្នកចាត់ចែង។ នេះ​បើតាម​ប្រកាស​របស់​ក្រសួងការបរទេស វៀតណាម។

    ទន្ទឹមនឹងនេះ វៀតណាម ក៏​កំពុង​ចរចា​ទិញ​វ៉ាក់សាំង​បន្ថែមចំនួន 55 លាន​ដូ​ស​ទៀត រួមមាន 40 លាន​ដូ​ស ជា​វ៉ាក់សាំង Sputnik V របស់ រុស្ស៊ី និង 15 លាន​ដូ​ស​ជា​វ៉ាក់សាំង Covaxin របស់ ឥណ្ឌា។

    គិ​ម​ត្រឹម​ថ្ងៃទី 12 ខែកក្កដា វៀតណាម បានទទួល​វ៉ាក់សាំង​បង្ការ COVID-19 ប្រមាណ 8 លាន​ដូ​ស​រួចហើយ។ នាពេលខាងមុខ ពោលគឺ​ក្នុងអំឡុង​ចាប់ពី​ខែកក្កដា ដល់​ខែកញ្ញា វៀតណាម នឹង​បានទទួល​វ៉ាក់សាំង Pfizer-BioNTech ចំនួន​ជាង 1 លាន​ដូ​ស​ទៀត ពី​កម្មវិធី COVAX បន្ថែម​ពីលើ​ប្រហែល 4.5 លាន​ដូ​ស ដែល​កម្មវិធី​នេះ​បានប្រគល់​ឱ្យ វៀតណាម កាលពី​មុននេះ។ កន្លងមក សហរដ្ឋអាមេរិក ក៏បាន​សម្រេច​ផ្ដល់ជំនួយ​ជា​វ៉ាក់សាំង Moderna ចំនួន 2 លាន​ដូ​ស ទៅឱ្យ វៀតណាម តាមរយៈ​កម្មវិធី COVAX។

    បន្ទាប់ពី​បានផ្ដល់​ជំនួយ​ជា​វ៉ាក់សាំង AstraZeneca ចំនួន 2 លាន​ដូ​ស ដល់​វៀតណាម ប្រទេស ជប៉ុន ក៏​សន្យាថា​នឹង​ផ្ដល់​ជំ​នួន​បន្ថែម 1 លាន​ដូ​ស​ទៀត​នៅ​ថ្ងៃទី 16 ខែកក្កដា។

    ជាង​នេះ នៅក្នុង​បញ្ជី​ឈ្មោះ​វ៉ាក់សាំង ដែល វៀតណាម បានទទួល ក៏​នៅមាន​វ៉ាក់សាំង Vero Cell របស់​ក្រុមហ៊ុន ចិន Sinopharm ចំនួន 500,000 ដូ​ស និង Sputnik V របស់ រុស្ស៊ី ចំនួន 1,000 ដូ​ស​ផងដែរ។

    អូស្ត្រាលី បាន​សន្យា​ផ្ដល់ជំនួយ​ជា​វ៉ាក់សាំង AstraZeneca ចំនួន 1.5 លាន​ដូ​ស ចាប់ពីពេលនេះ រហូតដល់​ចុងឆ្នាំ និង​ជំនួយ​ជា​ប្រាក់​ចំនួន 13.5 លាន​ដុល្លារ​អូស្ត្រាលី (ជាង 10 លាន​ដុល្លារ​អាមេរិក) ដល់​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ ដើម្បី​ទិញ​វ៉ាក់សាំង COVID-19 តាមរយៈ​មូលនិធិ​កុមារ​នៃ​អង្គការសហប្រជាជាតិ (UNICEF)។

    ចំណែក​ប្រទេស អង់គ្លេស វិញ ក៏បាន​សន្យា​ផ្ដល់ជំនួយ​ជា​វ៉ាក់សាំង​បង្ការ COVID-19 មួយចំនួន​ដល់ វៀតណាម ផងដែរ តាមរយៈ​កម្មវិធី COVAX និង​ទ្វេភាគី៕

    ប្រភព៖ VNexpress
    ប្រែ​សម្រួល៖ បុត្រា

  • Novavax វ៉ាក់សាំង​កូ​វីដ-19 ប្រសិទ្ធ​ភាព​​មិនធម្មតា!

    Novavax វ៉ាក់សាំង​កូ​វីដ-19 ប្រសិទ្ធ​ភាព​​មិនធម្មតា!

    ក្រៅពី Pfizer និង Moderna ដែល​មនុស្ស​ភាគច្រើន ផ្ដល់​ការចាប់អារម្មណ៍​ហើយ​នោះ នៅមាន​វ៉ាក់សាំង 1ប្រភេទ​ទៀត​គឺ Novavax ឬ​ណូ​វ៉ា​វ៉េ​កស៍ ដែលមាន​ប្រសិទ្ធ​ភាពល្អ មិន​ចាញ់​គ្នា​ប៉ុន្មាន​ឡើយ ទោះជា​កំពុងស្ថិត​ក្នុងការ​សាកល្បង និង​ប្រមូល​ទិន្នន័យ និង​មិនទាន់​ទទួលបាន​ការធានារ៉ាប់រង​ពី WHO ក៏ដោយ តែ​ដោយ​តិច​ណូ​ឡូ​ជី​ក្នុង​ការផលិត​បែប Protein-based ដែល​ហាក់ដូចជា​វិធី​បែប​បុរាណ​នោះ ទើប​ធ្វើឱ្យ ក្លាយជា​វ៉ាក់សាំង​ដែលមាន​សុវត្ថិភាព មាន​ផលប៉ះពាល់​តិចតួច និង​មានតម្លៃ​មិន​ថ្លៃ។

    អី​លូវ​យើង​នាំគ្នា​មក​ស្គាល់ “ណូ​វ៉ា​វ៉េ​កស៍” (Novavax) ដូចតទៅ៖

    ឈ្មោះ​ផ្លូវការ៖ វ៉ាក់សាំង NVX-CoV2373

    ផលិត​ដោយ៖ ក្រុមហ៊ុន Novavax រដ្ឋ Maryland ប្រទេស​សហរដ្ឋអាមេរិក

    ប្រភេទ​របស់​វ៉ាក់សាំង៖ Protein-based ផលិត​ដោយ​បង្កើត​ប្រូតេអ៊ីន​របស់​មេរោគ​វីរុស ដោយ​ប្រព័ន្ធ cell culture, yeast, baculovirus ជាដើម ហើយ​នាំយកមក​ផ្សំ​ជាមួយ​សារធាតុ​ជំរុញ​ប្រព័ន្ធ​ភាពស៊ាំ។ នៅពេល​ចាក់​ចូលទៅក្នុង​រាងកាយ​មនុស្ស នឹង​ជំរុញ​ឱ្យ​រាងកាយ​បង្កើត​អង់ទីគ័រ ប្រឆាំង​ប្រូតេអ៊ីន​ស្ប៉ៃ​ខ៍ របស់​វីរុស​ជំងឺ​កូ​វីដ-19 ដោយ​តិច​ណូ​ឡូ​ជី​នេះ ត្រូវបាន​ប្រើប្រាស់​ក្នុង​ការផលិត​វ៉ាក់សាំង​ជាច្រើន​ប្រភេទ ដូចជា វ៉ាក់សាំង​ការពារ​ជំងឺ​គ្រុន​ផ្ដាសាយធំ វ៉ាក់សាំង​ការពារ​វីរុស​រលាក​ថ្លើម ប្រភេទ​B ជាដើម។

    អាយុ​ដែល​អាច​ចាក់​បាន៖ ចាប់ពី 18ឆ្នាំ​ឡើងទៅ តែ​កំពុង​សាកល្បង​ជាមួយ​អាយុ 14-17ឆ្នាំ។

    ចំនួន​ដែល​ត្រូវ​ចាក់៖ 2ម្ជុល ដោយ​ឆ្ងាយ​ពីគ្នា​ប្រមាណ 3សប្ដាហ៍។

    ផលប៉ះពាល់​ដែល​ជួបប្រទះ៖ មិនទាន់​រកឃើញ​អាការ​បន្ទាប់បន្សំ​ដែល​ធ្ងន់ធ្ងរ​នៅឡើយ ជួបតែ​អាការ​បន្ទាប់បន្សំ​ដូច​វ៉ាក់សាំង​ទូទៅ​ដែរ ដូចជា ឈឺ និង​ហើម​កន្លែង​ចាក់ គ្រុនក្ដៅ​ខ្លួន អស់កម្លាំង ឈឺក្បាល ជាដើម។

    ប្រសិទ្ធភាព​ក្នុងការ​ការពារ​ការឆ្លង​មេរោគ​វីរុស៖ ការពារ​កូ​វីដ-19 ប្រភេទ​ចាស់ បាន 96.4%, ប្រភេទ​អាល់​ហ្វា 86% និង​ប្រភេទ​បេ​តា ការពារ​បាន 55% និង​ដោយសារតែ​អាច​ការពារ​កូ​វីដ-19 បាន​ច្រើន​ប្រភេទ​នេះហើយ ទើប​ក្លាយជា​វ៉ាក់សាំង​មួយ ដែល​មនុស្ស​ទូទាំង​ពិភពលោក​កំពុង​ចាប់អារម្មណ៍។

    ប្រសិទ្ធភាព​ក្នុងការ​កាត់បន្ថយ​អាការ​ធ្ងន់ធ្ងរ​ដល់​ជីវិត៖ 100%

    ប្រសិទ្ធភាព​ក្នុងការ​កាត់បន្ថយ​ការចម្លង​មេរោគ៖ មិនមាន​ទិន្នន័យ

    ប្រទេស​ដែល​ចាក់៖ មិនទាន់​បានទទួល​ការអនុញ្ញាត​ឱ្យប្រើ​ជា​ផ្លូវការ នៅក្នុង​ប្រទេស​ណាមួយ​នៅឡើយ ដោយសារតែ​កំពុងស្ថិត​ក្នុងដំណាក់កាល​សាកល្បង តែមាន​ការសាកល្បង​ប្រើ​ជាមួយ​អ្នកជំងឺ​នៅក្នុង​ប្រទេស​ជាច្រើន​រួចមកហើយ ដូចជា សហរដ្ឋអាមេរិក អូស្ត្រាលី ឥណ្ឌា ចក្រភព​អង់គ្លេស អាហ្វ្រិក​ខាងត្បូង មិ​ក​ស៊ិ​ក និង​ពើ​តូ​រី​កូ ជាដើម។

    ឋានៈ​ការធានារ៉ាប់រង​ដោយ WHO មិនទាន់​បានទទួល​ការចុះបញ្ជី ឱ្យ​ក្លាយជា​វ៉ាក់សាំង ដែល​ប្រើ​បាន​ក្នុងករណី​អាសន្ន​ដោយ WHO នៅឡើយ។

    ចំណុច​ល្អ៖ ដោយសារ​តិច​ណូ​ឡូ​ជី​ក្នុង​ការផលិត បែប Protein-based ជា តិច​ណូ​ឡូ​ជី ដែល​អ្នកស្រាវជ្រាវ និង​គ្រូពេទ្យ​ធ្លាប់​ស្គាល់​ស្រាប់​មកហើយ​នោះ ទើប​ហាក់ដូច​ជាមាន​សុវត្ថិភាព មាន​ប៉ះពាល់​តិចតួច ហើយ​លទ្ធផល​សាកល្បង ដែល​ចេញមក រហូតដល់​បច្ចុប្បន្ន(ថ្ងៃ13 កក្កដា 2021) នៅតែ​ស្ថិតក្នុង​កម្រិត​គួរឱ្យ​ពេញចិត្ត ព្រោះ​ជា​ប្រូតេអ៊ីន​បន្លា ដែល​ចាក់​ចូលទៅក្នុង​រាងកាយ​ដោយផ្ទាល់ មិនចាំបាច់​ឆ្លងកាត់​តួ​ផ្សំ​កណ្ដាល ឬ​កម្មវិធី​បង្កើត​ប្រព័ន្ធ​ភាពស៊ាំ​របស់​រាងកាយ​ឡើយ។ ក្រៅពីនេះ តម្លៃ​ថែមទាំង​ធូរ​ថ្លៃ​ទៀតផង ដោយ 2ដូ​ស(ឬ 2ម្ជុល) តម្លៃ​ត្រឹមតែ 16ដុល្លារ​អាមេរិក ឬ​ប្រមាណ​តែ​ជាង 60,000រៀល​ប៉ុណ្ណោះ។

    ចំណុច​គួរ​ប្រយ័ត្ន៖ នៅ​ត្រូវ​រង់ចាំ​លទ្ធផល​សរុប នៃ​ការសាកល្បង​ក្នុងដំណាក់កាល​ចុងក្រោយ​សិន រួមទាំង​រង់ចាំ​ការទទួលស្គាល់ និង​ចុះបញ្ជី ជា​វ៉ាក់សាំង ដែល​ប្រើ​ក្នុងករណី​អាសន្ន​បាន ពី WHO ម្ដងទៀត៕

    ប្រែ​សម្រួល​ដោយ​អ្នកគ្រូ ឆវី

  • ឥណ្ឌូនេស៊ី «យកឈ្នះ» ឥណ្ឌា ក្លាយ​ជាទី​ដែលមាន​ករណី​វិជ្ជមាន​ប្រចាំថ្ងៃ ច្រើនជាងគេ​នៅ អាស៊ី

    ឥណ្ឌូនេស៊ី «យកឈ្នះ» ឥណ្ឌា ក្លាយ​ជាទី​ដែលមាន​ករណី​វិជ្ជមាន​ប្រចាំថ្ងៃ ច្រើនជាងគេ​នៅ អាស៊ី

    ឥណ្ឌូនេស៊ី រកឃើញ​ករណី​វិជ្ជមាន​នឹង COVID-19 ប្រចាំថ្ងៃ លើសពី 40,000 នាក់ រយៈពេល 2 ថ្ងៃជាប់ៗគ្នា ដែល​តួលេខ​នេះ ខ្ពស់ជាង ឥណ្ឌា ទៅទៀត នាំឱ្យ ឥណ្ឌូនេស៊ី ក្លាយជា​សម្បុក COVID-19 ថ្មី នៅក្នុង​ទ្វីបអាស៊ី។

    សម្បុក​វីរុស COVID-19 ធំជាងគេ​នៅក្នុង​តំបន់ អាស៊ីអាគ្នេយ៍ (ឥណ្ឌូនេស៊ី) កាលពី​ម្សិលមិញ បាន​រាយការណ៍​ថា បាន​រកឃើញ​ករណី​វិជ្ជមាន​នឹង COVID-19 ថ្មី ចំនួន 47,899 នាក់ ខ្ពស់ជាង​ឆ្ងាយ​បើ​ធៀប​នឹង 40,427 នាក់​ក្នុង​មួយថ្ងៃ កាលពី​មួយថ្ងៃ​មុន​នោះ។ ចំណែក តួលេខ​នៃ​អ្នកជំងឺ​ថ្មី​នៅ​ប្រទេស ឥណ្ឌា វិញ គឺមាន 32,906 នាក់ (កាលពី​ថ្ងៃទី 13 កក្កដា) ថយចុះ​បន្តិច​ធៀប​នឹង 37,154 នាក់ កាលពី​ថ្ងៃទី 12 កក្កដា។

    ប្រការ​ដែល​គួរឱ្យ​ប្រកាសអាសន្ន នោះ​គឺ តួលេខ​អ្នកជំងឺ​ថ្មី​ប្រចាំថ្ងៃ​នៅ ឥណ្ឌូនេស៊ី ខ្ពស់ជាង ឥណ្ឌា បើទោះជា​ចំនួន​ប្រជាជន​សរុប​របស់​ប្រទេស​នេះ ស្មើនឹង 1/5 ប៉ុណ្ណោះ ធៀប​នឹង​ចំនួន​ប្រជាជន​សរុប​របស់ ឥណ្ឌា។ យោងតាម​ទំព័រ Our World in Data ឥណ្ឌូនេស៊ី បច្ចុប្បន្ន រកឃើញ​ប្រហែល 132 ករណី​ក្នុងចំណោម​ពលរដ្ឋ 1 លាន​នាក់ ខណៈដែល​អត្រា​នេះ​នៅ ឥណ្ឌា មាន​ត្រឹមតែ 26 ករណី​ប៉ុណ្ណោះ គិត​ត្រឹម​ថ្ងៃទី 11 ខែកក្កដា។

    អត្រា​នៃ​ការស្លាប់​ដោយសារ COVID-19 ជា​មធ្យម​នៅ ឥណ្ឌូនេស៊ី គឺ​ចំនួន 3 នាក់ ក្នុងចំណោម​ពលរដ្ឋ 1 លាន​នាក់ ស្រប​ពេលដែល ឥណ្ឌា មាន​មិន​ដល់ 1 នាក់/លាន​នាក់។

    ជា​សរុប ឥណ្ឌា នៅតែ​ជា​សម្បុក​វីរុស​ធំជាងគេ​នៅក្នុង​ទ្វីបអាស៊ី ដោយមាន​អ្នក​ឆ្លង​សរុប ជាង 30.9 លាន​នាក់ ក្នុងនោះ​មាន​អ្នកស្លាប់ 410,784 នាក់។ ឥណ្ឌូនេស៊ី ឈរ​លំដាប់​លេខ 2 ដោយមាន​អ្នក​ឆ្លង​សរុប ជាង 2.6 លាន​នាក់ ក្នុងនោះ​មាន 68,219 នាក់​បាន​ស្លាប់៕

    ប្រភព៖ Nikkei
    ប្រែ​សម្រួល៖ បុត្រា

  • COVID-19 នៅ​កម្ពុជា និង​នៅ​​​ទូទាំង​ពិភព​លោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 13 ខែកក្កដា ឆ្នាំ 2021

    COVID-19 នៅ​កម្ពុជា និង​នៅ​​​ទូទាំង​ពិភព​លោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 13 ខែកក្កដា ឆ្នាំ 2021

    នា​ព្រឹក​ថ្ងៃទី 13 ខែកក្កដា ឆ្នាំ 2021 នេះ ក្រសួងសុខាភិបាល បានឱ្យដឹងថា កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 830 នាក់, អ្នកជា​ចំនួន 1,012 នាក់ និង​អ្នកស្លាប់​ចំនួន 28 នាក់​បន្ថែមទៀត នៅក្នុង​ថ្ងៃទី 12 ខែកក្កដា ឆ្នាំ 2021។

    ព័ត៌មាន​លម្អិត​បន្ថែម សូម​អាន​របាយការណ៍​សង្ខេប របស់​ក្រសួងសុខាភិបាល ដែលមាន​ដូចខាងក្រោម៖

    នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ មាន​អ្នកជំងឺ Covid-19 សរុប​ចំនួន​ជាង 188,080,000 នាក់ ត្រូវបាន​រកឃើញ ក្នុងនោះ​មាន​ជាង 172,013,000 នាក់ បានជា, ជាង 4,055,800 នាក់ បាន​ស្លាប់ និង​ជាង 12,010,000 នាក់ កំពុង​ព្យាបាល។

    ប្រទេស​ចំនួន 3 ដែលមាន​អ្នកជំងឺ COVID-19 ច្រើនជាង 10 លាន​នាក់ រួមមាន សហរដ្ឋអាមេរិក (34,766,404 នាក់), ឥណ្ឌា (30,904,734 នាក់) និង ប្រេ​ស៊ី​ល (19,106,971 នាក់)៕

    ប្រភព៖ ក្រសួងសុខាភិបាល, Worldometers
    ដកស្រង់៖ បុត្រា

  • វ៉ាក់សាំង COVID-19 ៖ WHO ព្រមាន​ចំពោះ​ការចាក់​វ៉ាក់សាំង​លាយឡំ​គ្នា

    វ៉ាក់សាំង COVID-19 ៖ WHO ព្រមាន​ចំពោះ​ការចាក់​វ៉ាក់សាំង​លាយឡំ​គ្នា

    អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ព្រមាន​ដល់​បណ្ដា​ប្រទេស​ថា មិនគួរ​ប្រញាប់​ចាក់​វ៉ាក់សាំង​លាយឡំ​គ្នា រវាង​វ៉ាក់សាំង​ប្រភេទ​ផ្សេងគ្នា ដោយសារតែ​មិនទាន់មាន​ទិន្នន័យ​វិទ្យាសាស្ត្រ​ជាក់លាក់​ដែល​បញ្ជាក់ថា មាន​ប្រសិទ្ធភាព។

    ពិភពលោក បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង COVID-19 សរុប​ជាង 188 លាន​នាក់ ក្នុងនោះ​មាន​ជាង 4 លាន​នាក់​បាន​ស្លាប់, ជាង 171 លាន​នាក់​បានជា និង​ជាង 12 លាន​នាក់​កំពុង​ព្យាបាល។ នេះ​បើតាម​គេហទំព័រ Worldometers។

    Soumya Swaminathan ដែលជា​ប្រធាន​ក្រុម​អ្នកវិទ្យាសាស្ត្រ​របស់ WHO មាន​យោបល់​ថា មិនគួរ​យក​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​មួយ មកចាក់​លា​ឡំ​ជាមួយ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ផ្សេង លើ​មនុស្ស​ម្នាក់​នៅឡើយ។ លោកស្រី Soumya Swaminathan ថ្លែងថា នេះ​គឺជា «ប្រការ​គ្រោះថ្នាក់» ព្រោះថា មិនទាន់​ដឹង​ច្បាស់​អំពី​ផលប៉ះពាល់​ដល់​សុខភាព។

    លោក​ស្រី Soumya Swaminathan

    ប្រធាន WHO លោក Tedros Adhanom Ghebreyesus ក៏បាន​អំពាវនាវ​ដល់​បណ្ដា​ប្រទេស​ថា មិនគួរ​ប្រញាប់​បញ្ជា​ទិញ និង​ផ្ដើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ដូ​ស​បន្ថែម ទៅលើ​អ្នក​ដែល​បានទទួល​ការចាក់​វ៉ាក់សាំង​រួចរាល់ ក្នុង​គ្រា​ដែល​ប្រទេស​ជាច្រើន មិនទាន់មាន​វ៉ាក់សាំង។

    «ប្រទេស និង​ដែនដី​មួយចំនួន កំពុង​បញ្ជា​ទិញ​វ៉ាក់សាំង​សម្រាប់​ចាក់​បន្ថែម (ដូ​ស​ទី​បី) ចំនួន​រាប់លាន​ដូ​ស ខណៈ​ប្រទេស​ដទៃ​ជាច្រើន ពុំទាន់​មាន​វ៉ាក់សាំង​ដើម្បី​ចាក់ឱ្យ​បុគ្គលិក​សុខាភិបាល និង​ក្រុម​ពលរដ្ឋ​ងាយ​រងគ្រោះ។ ជំនួស​ឱ្យ​ការប្រើប្រាស់ Moderna និង Pfizer ជា​ដូ​ស​បន្ថែម នៅក្នុង​ប្រទេស​ដែលមាន​អត្រា​ការចាក់​វ៉ាក់សាំង​កម្រិត​ខ្ពស់ យើង​ស្នើឱ្យ​ពួកគេ​បង្វែរ​កម្លាំង​ទាំងស្រុង​មកឱ្យ COVAX ដែលជា​កម្មវិធី​ផ្គត់ផ្គង់​វ៉ាក់សាំង​ដល់​បណ្ដា​ប្រទេស​ក្រីក្រ ប្រទេស​ដែលមាន​ប្រាក់ចំណូល​ទាប និង​មធ្យម ដែលមាន​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​ទាប» លោក Tedros ថ្លែង​ដូច្នេះ។

    COVAX បានឱ្យដឹងថា បាន​ចុះ​កិច្ចព្រមព្រៀង​ទិញ-លក់​វ៉ាក់សាំង​ចំនួន 550 លាន​ដូ​ស ជាមួយ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​របស់ ចិន ចំនួន 2 គឺ Sinopharm និង Sinovac ដើម្បី​ផ្ដល់ឱ្យ​បណ្ដា​ប្រទេស​ក្រីក្រ៕

    ប្រភព៖  Reuters, CNN
    ប្រែ​សម្រួល៖ បុត្រា

  • Covid-19 នៅ វៀតណាម ៖ អ្នក​វិជ្ជមាន​​ជាង 1,700 នាក់ ត្រូវបាន​រកឃើញ ចាប់ពី​ព្រឹក ដល់​ថ្ងៃត្រង់ នៃ​ថ្ងៃទី 12 ខែកក្កដា

    Covid-19 នៅ វៀតណាម ៖ អ្នក​វិជ្ជមាន​​ជាង 1,700 នាក់ ត្រូវបាន​រកឃើញ ចាប់ពី​ព្រឹក ដល់​ថ្ងៃត្រង់ នៃ​ថ្ងៃទី 12 ខែកក្កដា

    វៀតណាម នា​ល្ងាច​ថ្ងៃទី 12 ខែកក្កដា ឆ្នាំ 2021 នេះ បានឱ្យដឹងថា បាន​រកឃើញ​ករណី​ឆ្លង Covid-19 ចំនួន 1,112 នាក់​បន្ថែមទៀត ក្នុងនោះ​មាន 1,105 នាក់ ជា​ករណី​ឆ្លង​ក្នុងស្រុក និង 7 នាក់ ជា​ករណី​នាំចូល​ពី​បរទេស។

    ក្នុងចំណោម​អ្នកជំងឺ​ថ្មី​ខាងលើ មាន 879 នាក់ ត្រូវបាន​រកឃើញ​នៅ​ទីក្រុង​ហូជីមិញ ខណៈ​រដ្ឋធានី​ហាណូយ មានតែ 82 នាក់​ប៉ុណ្ណោះ។ រាប់​ចាប់ពី​ព្រឹក រហូតដល់​ម៉ោង 2 ល្ងាច​ថ្ងៃនេះ វៀតណាម បាន​រកឃើញ​អ្នក​វិជ្ជមាន​សរុប​ចំនួន 1,764 នាក់ នៅ​ទូទាំងប្រទេស។

    គិត​មកដល់​បច្ចុប្បន្ន វៀតណាម បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 27.259 នាក់ ក្នុងនោះ​មាន 19.125 នាក់ កំពុង​ព្យាបាល, 8.025 នាក់​បានជា និង 105 នាក់ បាន​បាត់​បង់ជីវិត៕

    ប្រភព៖ ក្រសួងសុខាភិបាល​វៀត​ណាម
    ប្រែ​សម្រួល៖ បុត្រា

  • វ៉ាក់សាំង Sinovac របស់ ចិន មាន​ប្រសិទ្ធភាព​​ពិត​ ដល់​កម្រិតណា?

    វ៉ាក់សាំង Sinovac របស់ ចិន មាន​ប្រសិទ្ធភាព​​ពិត​ ដល់​កម្រិតណា?

    វ៉ាក់សាំង​របស់​ក្រុមហ៊ុន ចិន ស៊ី​ណូ​វ៉ា​ក់ (Sinovac) ជួយ​ទប់ស្កាត់​ការឆ្លង Covid-19 ការ​ត្រូវ​ចូល​ពន្យា​បាល​នៅ​មន្ទីរពេទ្យ និង​អត្រា​នៃ​ការស្លាប់ ប៉ុន្តែ កម្រិត​នៃ​ប្រសិទ្ធភាព​របស់​វា ថយចុះ​ទៅតាម​ពេលវេលា និង​ខ្សោយ នៅ​ចំពោះមុខ វ៉ា​រ្យ៉​ង់ (វីរុស​បំប្លែង​ខ្លួន) ឈ្មោះ Delta។

    វ៉ាក់សាំង​របស់​ក្រុមហ៊ុន ចិន Sinovac Biotech គឺជា​វ៉ាក់សាំង​ប្រឆាំង Covid-19 ដែល​ត្រូវបាន​ប្រើប្រាស់​ច្រើន​បំផុត​ក្នុង​ពិភពលោក ដោយមាន​ជាង 943 លាន​ដូ​ស ត្រូវបាន​ផ្គត់ផ្គង់។ នេះ​បើតាម​សារព័ត៌មាន South China Morning Post។

    ទិន្នន័យ​នៃ​ការចាក់​វ៉ាក់សាំង​ខាងលើ នៅ​ប្រទេស ឈី​លី ដែល​ត្រូវបាន​ចុះផ្សាយ​លើ​គេហទំព័រ​វេជ្ជសាស្ត្រ New England Journal of Medicine កាលពី​សប្ដាហ៍​មុន បាន​បង្ហាញថា វ៉ាក់សាំង Sinovac មាន​ប្រសិទ្ធភាព 65.9% ក្នុងការ​ទប់ស្កាត់​ការឆ្លង​នៃ​វីរុស Covid-19, 87.5% ក្នុងការ​ទប់ស្កាត់​ការចូល​ពេទ្យ និង 86.3% ក្នុងការ​ទប់ស្កាត់​មិនឱ្យ​អ្នកជំងឺ​បាត់បង់​ជីវិត។

    បច្ចុប្បន្ន នៅមាន​កង្វះខាត​ច្រើន ទាក់ទិន​នឹង​ការសិក្សា​ស្រាវជ្រាវ​អំពី​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង នៅ​ចំពោះមុខ​ឥទ្ធិពល​របស់ វ៉ា​រ្យ៉​ង់ Delta នៃ​វីរុស Covid-19។ Feng Zijian អនុប្រធាន​នៃ​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺឆ្លង​របស់ ចិន កាលពី​ខែមិថុនា បានន​និយាយថា អង្គ​ប​ដិ​ប្រាណ​ដែល​បង្កើតឡើង​ដោយសារ​វ៉ាក់សាំង Covid-19 ចំនួន 2 ប្រភេទ​របស់ ចិន មាន​ប្រសិទ្ធភាព​តិច នៅ​ចំពោះមុខ វ៉ា​រ្យ៉​ង់ Delta បើ​ធៀប​នឹង វ៉ា​រ្យ៉​ង់ ដទៃ ប៉ុន្តែ វ៉ាក់សាំង​នេះ​នៅតែ​ជួយ​ការពារ​បាន។ លោក Feng Zijian មិនបាន​បង្ហើប​ឱ្យដឹង​អំពី​ឈ្មោះ​របស់​វ៉ាក់សាំង​ទាំង 2 ខាងលើនេះ​ទេ។

    ក្រុមមន្ត្រី​សុខាភិបាល កំពុង​ស្នើឱ្យ​មានការ​សិក្សា​បន្ថែម​អំពី​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​ខាងលើ នៅ​ចំពោះមុខ​វីរុស​បំប្លែង​ខ្លួន Delta និង​ថា តើ​ចាំបាច់​ត្រូវ​ចាក់​ម្ជុល​ទី​បី​ដែរ ឬទេ ដើម្បី​បង្កើន​កម្លាំង​ការពារ​រាងកាយ។

    ឥណ្ឌូនេស៊ី គឺជា​ប្រទេសមួយ ក្នុងចំណោម​ប្រទេស​ដែល​ប្រើប្រាស់​វ៉ាក់សាំង Sinovac ច្រើនជាងគេ។ ទិន្នន័យ​របស់​ក្រុម​ស្រាវជ្រាវ​ឯករាជ្យ LaporCovid-19 បង្ហាញថា បុគ្គលិក​សុខាភិបាល​របស់ ឥណ្ឌូនេស៊ី ជាង 130 នាក់ បាន​ស្លាប់​ដោយសារ Covid-19 រាប់​ចាប់ពី​ខែមិថុនា ក្នុងនោះ​មាន 58 នាក់ បាន​ស្លាប់​ក្នុង​ខែកក្កដា។ ក្រុម​ស្រាវជ្រាវ មិនបាន​ឱ្យដឹងថា មាន​ជនរងគ្រោះ​ប៉ុន្មាន​នាក់​បានទទួល​ការចាក់​វ៉ាក់សាំង​រួចរាល់​នោះទេ ប៉ុន្តែ មាន​បុគ្គលិក​សុខាភិបាល ឥណ្ឌូនេស៊ី ចំនួន​ប្រហែល 95% បានទទួល​ការចាក់​វ៉ាក់សាំង។

    អ្នកជំនាញ​ផ្នែក​រោគ​ឆ្លង ជនជាតិ ឥណ្ឌូនេស៊ី Dicky Budiman មកពី​សាកលវិទ្យាល័យ​អូស្ត្រាលី Griffith និយាយថា បុគ្គលិក​សុខាភិបាល​ជាច្រើន​នាក់ បើ​ទោះ​បាន​ឆ្លង​វី​រូស ប៉ុន្តែ នៅតែ​គេច​ផុតពី​ការស្លាប់ និង​មាន​រោគសញ្ញាស្រាល។ «ប្រការនេះ​នាំឱ្យ​យើង​ជឿថា វ៉ាក់សាំង Sinovac មាន​ប្រសិទ្ធភាព​ក្នុង​កម្រិត​ណាមួយ ក្នុងការ​ប្រឆាំងនឹង​វ៉ា​រ្យ៉​ង់​ថ្មី។ នេះ​ជា​មូលហេតុ​ដែល​យើង​លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ ទទួលយក​ការចាក់​វ៉ាក់សាំង​នេះ» លោក Budiman បញ្ជាក់បន្ថែម។

    ករណី​ដែល​បុគ្គលិក​សុខាភិបាល​បាត់បង់​ជីវិត​ដោយសារ Covid-19 ត្រូវបាន​លោក Budiman អះអាងថា អាច​បណ្ដាលមកពី​ការចុះ​ថយ​នៃ​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង ទៅតាម​ពេលវេលា និង​ថមថយ​ឥទ្ធិពល នៅ​ចំពោះមុខ​វ៉ា​រ្យ៉​ង់ Delta។

    នៅឯ​ប្រទេស ទួរគី វិញ ការស្រាវជ្រាវ​លើ​បុគ្គលិក​សុខាភិបាល​ចំនួន 1,053 នាក់ បាន​បង្ហាញថា ក្រោយ​ការចាក់​វ៉ាក់សាំង Sinovac រួចរាល់​បាន 3 ខែ 23% ក្នុងចំណោម​នេះ មាន​អង្គ​ប​ដិ​ប្រាណ​តិចជាង​មុន និង​ក្រោម​កម្រិត​នៃ​ប្រសិទ្ធភាព។ ក៏ប៉ុន្តែ ក្នុងចំណោម​បុគ្គលិក​សុខាភិបាល​ដែល​បាន​ចាក់​វ៉ាក់សាំង គឺមាន ត្រឹមតែ 2.8% ប៉ុណ្ណោះ ដែល​បាន​ឆ្លង​វីរុស និង​ពុំមាន​អ្នកណាម្នាក់​ត្រូវ​ចូល​ពេទ្យ​នោះឡើយ ក្រោយ​ការចាក់​វ៉ាក់សាំង ចន្លោះ​ពី 1 ដល់ 3 ខែ។

    សាស្ត្រាចារ្យ​មួយរូប មកពី​មហាវិទ្យាល័យ​ជីវ​វេជ្ជសាស្ត្រ នៃ​សាកលវិទ្យាល័យ​ហុងកុង យល់ថា ប្រសិទ្ធភាព​របស់ Sinovac ប្រាកដជា​នឹង​ថយចុះ​នៅ​ចំពោះមុខ​វីរុស​បំប្លែង​ខ្លួន Delta ប៉ុន្តែ ថយចុះ​ប៉ុន្មាន​ភាគរយ គេ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ។ លោក​យល់ថា ត្រូវការ​កែស​ម្អ​ប្រសិទ្ធភាព និង​សាកល្បង​ចាក់​ម្ជុល​ទី​បី សម្រាប់​ក្រុមមនុស្ស​ដែលមាន​ហានិភ័យ​ខ្ពស់ ឬ​ចាក់​លាយ​ជាមួយ​វ៉ាក់សាំង​ដទៃ។

    ចំណែក​ Yin Weidong ​ដែល​ជា​ប្រធាន​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Sinovac បាន​និយាយថា លទ្ធផល​នៃ​ការពិសោធ​លើ​មនុស្ស បង្ហាញថា អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​បី បន្ទាប់ពី​បាន​ចាក់​ដូ​ស​ទី​ពីរបាន​ពី 3 ដល់ 6 ខែ មាន​អង្គ​ប​ដិ​ប្រាណ​កើនឡើង​ច្រើនជាង​មុន 10 ដង ដោយ​ប្រើពេល​ត្រឹមតែ 10 ថ្ងៃ ក្រោយពី​បាន​ចាក់៕

    ប្រភព៖ SCMP
    ប្រែ​សម្រួល៖ បុត្រា

  • ស្ថានភាព COVID-19 នៅ​កម្ពុជា និង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 12 ខែកក្កដា ឆ្នាំ 2021

    ស្ថានភាព COVID-19 នៅ​កម្ពុជា និង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 12 ខែកក្កដា ឆ្នាំ 2021

    ក្រសួងសុខាភិបាល នា​ព្រឹក​ថ្ងៃទី 12 ខែកក្កដា ឆ្នាំ 2021 នេះ បានឱ្យដឹងថា កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 911​​ នាក់​, អ្នក​ជា​ចំនួន​ 1,002​ នាក់​ និង​អ្នកស្លាប់​ចំនួន 23​​ នាក់​​បន្ថែមទៀត នៅក្នុង​ថ្ងៃទី 11​ ខែកក្កដា ឆ្នាំ 2021។

    ព័ត៌មាន​លម្អិត​បន្ថែម​ សូម​អាន​របាយការណ៍​សង្ខេប​ របស់​ក្រសួង​សុខាភិបាល​ ដែល​មាន​នៅ​ខាង​ក្រោម​៖

    នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ មាន​អ្នកជំងឺ​ Covid-19 សរុប​ចំនួន 187,642,740 នាក់ ​ត្រូវបាន​រកឃើញ ក្នុងនោះ​មាន 171,597,756 ​នាក់ ​​បានជា, 4,049,289 ​នាក់​ បាន​ស្លាប់ និង 11,995,695 ​​​​នាក់ ​កំពុង​ព្យាបាល៕

    ប្រភព៖ ក្រសួងសុខាភិបាល, Worldometers
    ដកស្រង់៖ បុត្រា

  • វ៉ាក់សាំង​បង្ការ Covid-19 ចំនួន 4 លាន​ដូ​ស​ទៀត បាន​ដឹក​មកដល់ កម្ពុជា ហើយ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ

    វ៉ាក់សាំង​បង្ការ Covid-19 ចំនួន 4 លាន​ដូ​ស​ទៀត បាន​ដឹក​មកដល់ កម្ពុជា ហើយ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ

    វ៉ាក់សាំង​បង្ការ​ជំងឺ Covid-19 ចំនួន 4 លាន​ដូ​ស ក្នុងនោះ មាន វ៉ាក់សាំង ស៊ី​ណូ​ហ្វា​ម (Sinopharm) ចំនួន 1 លាន​ដូ​ស និង វ៉ាក់សាំង ស៊ី​ណូ​វ៉ា​ក់ (Sinovac) ចំនួន 3 លាន​ដូ​ស ដែល​កម្ពុជា​បាន​បញ្ជា​ទិញ​ពី​ចិន ត្រូវបាន​ដឹក​មកដល់ កម្ពុជា នៅ​ព្រឹក​ថ្ងៃទី 10 ខែកក្កដា ឆ្នាំ 2021 នេះហើយ។

    គិត​ត្រឹម​យប់​ថ្ងៃទី 9 ខែកក្កដា ឆ្នាំ 2021 ក្រសួងសុខាភិបាល និង​ក្រសួងការពារជាតិ បាន​ចាក់​វ៉ាក់សាំង​បង្ការ Covid-19 ជូន​ពលរដ្ឋ​នៅ​ទូទាំងប្រទេស សរុប​ចំនួន 4,793,197 នាក់។ កម្ពុជា​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ បាន 47.93% រួចហើយ នៅក្នុង​ចំណោម​ពលរដ្ឋ​គោលដៅ​ចំនួន 10 នាក់។

    រហូតមកដល់​ពេលនេះ កម្ពុជា បាន និង​កំពុង​ប្រើប្រាស់​វ៉ាក់សាំង​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ចំនួន 3  រួមមាន វ៉ាក់សាំង Sinopharm (របស់​ចិន), COVISHIELD (AstraZeneca) និង  Sinovac (របស់​ចិន)៕