Category: សុខភាព

  • អ៊ីស្រាអែល ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ កូ​វីដ-១៩ ដូ​ស​ទី ៤ (ដូ​ស​ជំរុញ​ទី ២)

    អ៊ីស្រាអែល ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ កូ​វីដ-១៩ ដូ​ស​ទី ៤ (ដូ​ស​ជំរុញ​ទី ២)

    មន្ទីរពេទ្យ​មួយ​នៅ​ប្រទេស អ៊ីស្រាអែល ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ កូ​វីដ-១៩ ដូ​ស​ទី ៤ ដល់​ក្រុមមនុស្ស​ដែល​ត្រូវ​ពិសោធន៍ រួមមាន បុគ្គលិក​សុខាភិបាល​ជាដើម នៅក្នុង​ស្ថានភាព​ដែល អូ​មី​ក្រុង នៅតែ​បន្ត​រាតត្បាត។

    មជ្ឈមណ្ឌល​សុខាភិបាល Sheba នៅក្បែរ​ទីក្រុង តែ​ល អា​វីវ របស់​ប្រទេស អ៊ីស្រាអែល កាលពី​ម្សិលមិញ បានចាប់ផ្ដើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី ៤ សម្រាប់​បុគ្គលិក​សុខាភិបាល និង​បាន​ហៅ​យុទ្ធនាការ​នេះ​ថា​ជាការ​ស្រាវជ្រាវ​ធំ​ដំបូង​ស្ដីពី​សមត្ថភាព​ទប់ទល់​នឹង វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង នៅលើ​អ្នក​ដែល​បានទទួល​ការចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​ទី ២ (ដូ​ស​ទី ៤)។

    «ការពិសោធ​នៅលើ​មនុស្ស​ចំនួន ១៥០ នាក់ នឹង​កំណត់​បាន​នូវ​ប្រសិទ្ធភាព​ក្នុងការ​បង្កើត​អង្គ​ប​ដិ​ប្រាណ​របស់ វ៉ាក់សាំង ក៏ដូចជា​កម្រិត​សុវត្ថិភាព ដើម្បី​វាយតម្លៃ​ឱ្យបាន​ច្បាស់​ថា ត្រូវ​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី ៤ ដែរ ឬ​អត់។ លទ្ធផល​នៃ​ការពិសោធ​នឹងត្រូវ​បានដាក់​ជូន​ក្រសួងសុខាភិបាល នៅ​ប្រមាណ ២ សប្ដាហ៍​ខាងមុខ» អ្នកនាំពាក្យ​របស់​មជ្ឈមណ្ឌល​សុខាភិបាល Sheba បានឱ្យដឹង​ដូច្នេះ។

    ក្រុមមន្ត្រី​របស់ អ៊ីស្រាអែល ក៏បាន​ប្រកាស​កាត់បន្ថយ​ពេលវេលា​ចន្លោះ​ពី​ដូ​ស​ទី ២ ទៅ​ដូ​ស​ជំរុញ ពី ៥ ខែ មក​នៅត្រឹម ៣ ខែ ដើម្បី​ទប់ទល់​នឹង អូ​មី​ក្រុង។

    អ៊ីស្រាអែល គឺជា​ប្រទេស​នាំមុខគេ​មួយ ក្នុងចំណោម​ប្រទេស​ដែល​បានធ្វើ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​មុនគេ។ ពលរដ្ឋ ៦៣% ក្នុងចំណោម ៩.៤ លាន​នាក់​របស់ អ៊ីស្រាអែល បានទទួល​ការចាក់​វ៉ាក់សាំង ២ ដូ​ស​រួចហើយ ខណៈដែល​ពលរដ្ឋ​ជិត ៤៥% ត្រូវបាន​ចាក់​ដូ​ស​ទី ។ ប្រទេស​នេះ បាន​រកឃើញ​ករណី​ឆ្លង ឬ​សង្ស័យថា​ឆ្លង អូ​មី​ក្រុង ជិត ២,០០០ នាក់ ក្នុងចំណោម​ករណី​ឆ្លង​ថ្មី​សរុប​ដែល​បាន​កើនឡើង​ក្នុង​សប្ដាហ៍​កន្លង៕

  • ស្ថិតិ​​នៃ​ករណី​ឆ្លង​​ជំងឺ​​កូវីដ-១៤​ នៅ​ ​កម្ពុជា​​ គិត​​ត្រឹម​ព្រឹក​​ព្រលឹម​​ ​ថ្ងៃ​ទី​ ២៣​ ខែ​ធ្នូ ​ឆ្នាំ ​២០២១

    ស្ថិតិ​​នៃ​ករណី​ឆ្លង​​ជំងឺ​​កូវីដ-១៤​ នៅ​ ​កម្ពុជា​​ គិត​​ត្រឹម​ព្រឹក​​ព្រលឹម​​ ​ថ្ងៃ​ទី​ ២៣​ ខែ​ធ្នូ ​ឆ្នាំ ​២០២១

    កម្ពុជា​ រកឃើញអ្នកឆ្លងថ្មី ៤ នាក់ទៀត ខណៈ​អ្នក​ជាសះស្បើយ​ថ្មី​ មាន​ ១០ នាក់ និង​ពុំ​មាន​​អ្នក​ស្លាប់​ថ្មី​​ដោយ​សារ​ជំងឺ​កូវីដ-១៩​ នោះ​ទេ នៅ​ក្នុង​អំឡុង​ ២៤​ ម៉ោង​ នៃ​ថ្ងៃទី ២២ ខែ​ធ្នូ ឆ្នាំ​ ២០២១​។

  • អ្នកជំនាញ​នៅ អាហ្វ្រិក​ខាងត្បូង ថ្លែង​ថា ករណី​ឆ្លង អូ​មី​ក្រុង ស្ទើរតែ​ទាំងអស់ អាច​ត្រូវបាន​ព្យាបាល​ដោយ​វិធីងាយៗ

    អ្នកជំនាញ​នៅ អាហ្វ្រិក​ខាងត្បូង ថ្លែង​ថា ករណី​ឆ្លង អូ​មី​ក្រុង ស្ទើរតែ​ទាំងអស់ អាច​ត្រូវបាន​ព្យាបាល​ដោយ​វិធីងាយៗ

    ប្រធាន​សមាគម​វេជ្ជសាស្ត្រ​អាហ្វ្រិក​ខាងត្បូង ឱ្យដឹងថា ស្ទើរតែ​ទាំង​អស់នៃ​ករណី​ឆ្លង វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង នៅ​ប្រទេស​នេះ សុទ្ធតែ​បានជា​សះស្បើយ​បន្ទាប់ពី​ទទួល​ការព្យាបាល​តាម​វិធី​សាមញ្ញ។

    «ក្រោយពី​បានធ្វើ​រោគវិនិច្ឆ័យ​ភ្លាម យើង​ចាប់ផ្ដើម​ព្យាបាល​ដោយ​ប្រើ​ថ្នាំ cortisone និង​ថ្នាំ​ប្រភេទ ibuprofen កម្រិត​ស្រាល​ជាដើម ដើម្បី​ជួយ​កាត់បន្ថយ​ការឈឺចាប់​សាច់ដុំ និង​ឈឺក្បាល។ ទាំងអស់​គឺមាន​តែ​ប៉ុណ្ណឹង។ មិនចាំបាច់​ប្រើប្រាស់​អុកស៊ីសែន និង​ថ្នាំ​ប្រឆាំង​វីរុស» វេជ្ជបណ្ឌិត Angelique Coetzee ប្រធាន​សមាគម​វិ​ជ្ជ​សាស្ត្រ​អាហ្វ្រិក​ខាងត្បូង ថ្លែង​ដូច្នេះ​កាលពី​ថ្ងៃទី ២១ ធ្នូ ២០២១។

    ក្រោយ​ការតាមដាន​ករណី​ឆ្លង អូ​មី​ក្រុង នៅ អាហ្វ្រិក​ខាងត្បូង អស់​រយៈពេល ៥ សប្ដាហ៍ អ្នកស្រី Coetzee បង្ហើប​ឱ្យដឹងថា អ្នកជំងឺ​សុទ្ធ​តែមាន​រោគសញ្ញា​ឈឺ​សាច់ដុំ ឈឺក្បាល និង​អស់កម្លាំង។

    «ពួកគេ​អាចមាន ឬ​មិនមាន​រោគសញ្ញា​ក្អក។ បើសិនជា​ក្អក គឺ​ក្អក​ស្ងួត អម​ជាមួយនឹង​អាការ​ឈឺបំពង់ក» អ្នកស្រី Coetzee ថ្លែង​ដូច្នេះ និង​បន្ថែមថា «យោងតាម​ការស្រាវជ្រាវថ្មីៗនេះ អូ​មី​ក្រុង បង្ក​ផលប៉ះពាល់​ដល់​ផ្លូវដង្ហើម​ផ្នែក​ខាងលើ​ប៉ុណ្ណោះ ពោលគឺ​មិនមែន​បង្ក​គ្រោះថ្នាក់​ដល់​ផ្លូវដង្ហើម​ផ្នែក​ខាងក្រោម​ដូច ដេ​លតា»។

    ករណី​ឆ្លង​ថ្មី កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង នៅ អាហ្វ្រិក​ខាងត្បូង នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ បានចាប់ផ្ដើម​មាន​សញ្ញា​ថយចុះ។ ជាក់ស្ដែង ករណី​ឆ្លង​ប្រចាំថ្ងៃ កាលពី​ថ្ងៃទី ១៦ ធ្នូ បាន​ឡើងដល់​ជិត ២៧,០០០ នាក់ ចំណែក​ថ្ងៃទី ២១ ធ្នូ បាន​ថយ​មក​នៅត្រឹម ១៥,៤២៤ នាក់។ ប្រការនេះ​ធ្វើឱ្យ​សហគមន៍​អ្នក​វេជ្ជសាស្ត្រ​អះអាងថា អូ​មី​ក្រុង បាន​ឆ្លង​ផុត​ដំណាក់កាល​កំពូល​រួចហើយ នៅ អាហ្វ្រិក​ខាងត្បូង។

    បច្ចុប្បន្ន អូ​មី​ក្រុង កំពុង​ឆ្លង​រាលដាល​ក្នុង​ល្បឿន​យ៉ាង​លឿន​មិន​ធ្លាប់មាន និង​ត្រូវបាន​រកឃើញ​នៅក្នុង​ប្រទេស​ចំនួន ១០៦ នៅ​ទូទាំង​ពិភពលោក ប៉ុន្តែ ក្រុម​អ្នកវិទ្យាសាស្ត្រ​មិនទាន់​អាច​កំណត់​បានជា​ក់លាក់ និង​ជា​ផ្លូវការ​នៅឡើយ អំពី​ភាព​សាហាវ ឬ​សមត្ថភាព​នៃ​ការ​គេច​ពី​វ៉ាក់សាំង​របស់​វា៕

  • ក្រុម​អ្នកវិទ្យាសាស្ត្រ​នៃ​ប្រទេស​មួយចំនួន​និយាយថា អូ​មី​ក្រុង (Omicron) មិនសូវ​បង្ក​អាការ​ធ្ងន់ធ្ងរ​ដល់​អ្នកជំងឺ

    ក្រុម​អ្នកវិទ្យាសាស្ត្រ​នៃ​ប្រទេស​មួយចំនួន​និយាយថា អូ​មី​ក្រុង (Omicron) មិនសូវ​បង្ក​អាការ​ធ្ងន់ធ្ងរ​ដល់​អ្នកជំងឺ

    ការសិក្សា​ស្រាវជ្រាវ​ទ្រង់ទ្រាយ​តូច និង​បឋម​មួយចំនួន​បានបង្ហាញ​ថា កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង បង្ក​អាការ​ស្រាល​ជាង ធៀប​នឹង វីរុស​បំប្លែង​ខ្លួនមុនៗ បើទោះជា​តួលេខ​នៃ​ករណី​ឆ្លង​កំពុង​កើនឡើង​យ៉ាង​លឿន​នៅ​តំបន់​ជាច្រើន​ក្នុង​ពិភពលោក។

    លទ្ធផល​នៃ​ការស្រាវជ្រាវ​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​ប្រចាំ​ស្ថាប័ន​សុខាភិបាល​សាធារណៈ របស់​ប្រទេស​ស្កុ​តឡែ​ន (PHS) នៃ ចក្រភព​អង់គ្លេស បង្ហាញថា អត្រា​នៃ​អ្នកជំងឺ​ដែល​ឆ្លង អូ​មី​ក្រុង ត្រូវ​ចូល​ពេទ្យ គឺមាន​ភាគរយ​ទាប ពោលគឺ ទាប​ជាង ២/៣ ធៀប​នឹង វ៉ា​រ្យ៉​ង់ ដេ​លតា។ នេះ​បើតាម​សម្ដី​របស់​វេជ្ជបណ្ឌិត Jim McMenamin ប្រធាន​ផ្នែក​គ្រប់គ្រង​ករណី​អាសន្ន​របស់ PHS។

    ក៏ប៉ុន្តែ ក្រុម​របស់ McMenamin នៅតែ​ព្រមាន​ថា ប្រព័ន្ធ​មន្ទីរពេទ្យ​នៅតែ​អាច​ប្រឈម​នឹង​ការរង​សម្ពាធ​ធ្ងន់ធ្ងរ​ពី អូ​មី​ក្រុង ព្រោះថា វីរុស​បំប្លែង​ខ្លួន​នេះ ឆ្លង​រាលដាល​លឿន​ជាង វ៉ា​រ្យ៉​ង់ មុន។

    ក្នុង​ថ្ងៃ​ដដែល​នោះដែរ ក្រុម​អ្នកស្រាវជ្រាវ​ប្រចាំ​សាកលវិទ្យាល័យ Imperial College London របស់ អង់គ្លេស ក៏បាន​ប្រកាស​លទ្ធផល​ដូច​ទៅនឹង ក្រុម​របស់ McMenamin។ ពួកគេ​រកឃើញថា អ្នក​ឆ្លង អូ​មី​ក្រុង មាន​ហានិភ័យ​ត្រូវ​ចូល​ពេទ្យ​ទាប​ជាង​ពី ១៥ ទៅ ២០% និង​បង្ក​អាការ​ធ្ងន់ធ្ងរ​ទាប​ជាង ធៀប​នឹង ដេ​លតា។

    ក្រៅពីនេះ លទ្ធផល​នៃ​ការស្រាវជ្រាវ​មួយ​ដែល​មិនទាន់​ត្រូវបាន​ផ្ទៀងផ្ទាត់ របស់​វិទ្យាស្ថាន​ជាតិ​គ្រប់គ្រង​ជំងឺឆ្លង​នៃ ប្រទេស​អាហ្វ្រិក​ខាងត្បូង ចុះផ្សាយ​នៅលើ​ទំព័រ MedRxiv កាលពី​ថ្ងៃទី ២១ ធ្នូ បានឱ្យដឹង​ដែរ​ថា អ្នកជំងឺ​ទាំងឡាយ​ដែល​ឆ្លង អូ​មី​ក្រុង មាន​ហានិភ័យ​ត្រូវ​ចូល​ពេទ្យ​ទាប​ជាង ៨០% ធៀប​នឹង​អ្នក​ដែល​ឆ្លង វ៉ា​រ្យ៉​ង់ ដទៃ។

    ទោះជា​យ៉ាងនេះ​ក្ដី ក្រុម​ស្រាវជ្រាវ​ខាងលើ​ក៏បាន​ព្រមាន​ថា នេះ​គ្រាន់តែ​ជា​លទ្ធផល​នៃ​ការស្រាវជ្រាវ​បឋម​ប៉ុណ្ណោះ។

    មកដល់​បច្ចុប្បន្ន ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅតែ​មិនទាន់​អាច​កំណត់​បានជា​ក់លាក់ និង​ជា​ផ្លូវការ​នៅឡើយ អំពី​ភាព​សាហាវ ឬ​សមត្ថភាព​នៃ​ការ​គេច​ពី​វ៉ាក់សាំង​របស់ វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង ខណៈដែល​វា​កំពុង​ឆ្លង​រាលដាល​ក្នុង​ល្បឿន​យ៉ាង​លឿន​មិន​ធ្លាប់មាន និង​ត្រូវបាន​រកឃើញ​នៅក្នុង​ប្រទេស​ចំនួន ១០៦ រួចហើយ នេះ​បើតាម WHO៕

     

  • WHO និយាយថា ការចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ អាច​នាំឱ្យ​ជំងឺ​រាតត្បាត​សកល អូសបន្លាយ​ពេល​កាន់តែ​យូរ

    WHO និយាយថា ការចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ អាច​នាំឱ្យ​ជំងឺ​រាតត្បាត​សកល អូសបន្លាយ​ពេល​កាន់តែ​យូរ

    ប្រធាន​អង្គការ​សុខភាព​ពិភពលោក បាន​ព្រមាន​ថា និន្នាការ​រក្សាទុក​វ៉ាក់សាំង​សម្រាប់​ចាក់​ដូ​ស​ជំរុញ​ក្នុង​ទ្រង់ទ្រាយ​ធំ​របស់​បណ្ដា​ប្រទេស​អ្នកមាន នឹង​បណ្ដាលឱ្យ​ជំងឺ​រាតត្បាត​សកល អាច​អូស​បន្លាយពេល​យូរ ជាជាង​ការបញ្ចប់។

    «យុទ្ធនា​ការចាក់​វ៉ាក់សាំង​ដូ​ស​បន្ថែម ឬ​ដូ​ស​ជំរុញ​ក្នុង​ទ្រង់ទ្រាយ​ធំ​នានា អាចធ្វើឱ្យ​ប្រភព​ផ្គត់ផ្គង់​វ៉ាក់សាំង ត្រូវ​បង្វែរ​ទិស​ទៅរក​បណ្ដា​ប្រទេស​ដែលមាន​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​ខ្ពស់ ដែល​នេះ​នឹង​ផ្ដល់​ឱកាសល្អ​ដល់​ការឆ្លង​រាលដាល និង​បំប្លែង​ខ្លួន​របស់​វីរុស (នៅក្នុង​បណ្ដា​ប្រទេស​ក្រីក្រ ដែល​មិនមាន​លទ្ធភាព​ទិញ​វ៉ាក់សាំង)» ប្រធាន​អង្គការ​សុខភាព​ពិភពលោក លោក Tedros Adhanom Ghebreyesus (WHO) ថ្លែង​ដូច្នេះ​កាលពី​ថ្ងៃទី ២២ ធ្នូ។

    ស្ថាប័ន​សុខាភិបាល​របស់​អង្គការសហប្រជាជាតិ តាំងពី​យូរ​មកហើយ បាន​ព្រមាន​ថា បញ្ហា​វិសមភាព​នៅក្នុង​ការផ្គត់ផ្គង់​វ៉ាក់សាំង នឹង​ធ្វើឱ្យ​ប្រជាជន​ដែល​ងាយ​រងគ្រោះ​ជាច្រើន​នៅក្នុង​បណ្ដា​ប្រទេស​ក្រីក្រ មិន​ទទួលបាន​ការចាក់​វ៉ាក់សាំង​យ៉ាងតិច ១ ដូ​ស ស្រប​ពេលដែល​បណ្ដា​ប្រទេស​អ្នកមាន បង្កើន​យុទ្ធនា​ការចាក់​វ៉ា់ក់សាំង​ដូ​ស​ជំរុញ​ទ្រង់ទ្រាយ​ធំ។

    «ពុំមាន​ប្រទេស​ណាមួយ​អាច​បន្ថែម​កម្លាំង​តែឯង​ដើម្បី​ចាក​ផុតពី​ជំងឺ​រាតត្បាត​សកល​ឡើយ» លោក Tedros បញ្ជាក់​ដូច្នេះ។

    ប្រសាសន៍​របស់​មេដឹកនាំ WHO នេះ ត្រូវបាន​លើកឡើង​នៅពេល កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង កំពុង​ក្លាយជា​ឧបសគ្គ​ចំពោះ​ក្ដីសង្ឃឹម​ដែលថា «ប្រការ​អាក្រក់​បំផុតរ​បស់​ជំងឺ​រាតត្បាត​សកល បាន​កន្លងផុតទៅ»។ WHO បានឱ្យដឹងថា អូ​មី​ក្រុង កំពុង​ឆ្លង​រាលដាល​ក្នុង​ល្បឿន​យ៉ាង​លឿន​មិន​ធ្លាប់មាន និង​ត្រូវបាន​រកឃើញ​នៅក្នុង​ប្រទេស​ចំនួន ១០៦ រួចហើយ។

    ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅតែ​មិនទាន់​អាច​កំណត់​បានជា​ក់លាក់ និង​ជា​ផ្លូវការ​នូវ​ភាព​សាហាវ ឬ​សមត្ថភាព​នៃ​ការ​គេច​ពី​វ៉ាក់សាំង​របស់ វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង នៅឡើយ៕

  • បច្ចុប្បន្នភាព​នៃ​​ស្ថាន​ភាព​​របស់ ជំងឺ​កូវីដ-១៩​ នៅ​ កម្ពុជា​ ក្នុង​​​ថ្ងៃ​ទី​ ២១​ ខែធ្នូ ​ឆ្នាំ ​២០២១

    បច្ចុប្បន្នភាព​នៃ​​ស្ថាន​ភាព​​របស់ ជំងឺ​កូវីដ-១៩​ នៅ​ កម្ពុជា​ ក្នុង​​​ថ្ងៃ​ទី​ ២១​ ខែធ្នូ ​ឆ្នាំ ​២០២១

    កម្ពុជា​ បាន​រកឃើញអ្នកឆ្លងថ្មី ៣ នាក់, ជាសះស្បើយ ៩ នាក់ និងករណី​​ស្លាប់ដោយ​សារ​ ជំងឺ​កូវីដ-១៩ ​មាន​ ១​ នាក់​ នៅ​ក្នុង​អំឡុង​ ២៤​ ម៉ោង​ នៃ​ថ្ងៃទី ២១ ខែ​ធ្នូ ឆ្នាំ​ ២០២១​។

     

  • យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ ជំងឺ​កូ​វីដ-១៩ ដូ​ស​ទី ៤ នឹងត្រូវ​ធ្វើឡើងឆាប់ៗនេះ នៅ ប្រទេស​អ៊ីស្រាអែល

    យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ ជំងឺ​កូ​វីដ-១៩ ដូ​ស​ទី ៤ នឹងត្រូវ​ធ្វើឡើងឆាប់ៗនេះ នៅ ប្រទេស​អ៊ីស្រាអែល

    នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បានឱ្យដឹងថា ប្រទេស​នេះ​កំពុង​ត្រៀមខ្លួន​ដើម្បី​ចាប់ផ្ដើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ ជំងឺ​កូ​វីដ-១៩ ដូ​ស​ទី ៤ សម្រាប់​ពលរដ្ឋ​ដែលមាន​វ័យ​លើសពី ៦០ ឆ្នាំ និង​បុគ្គលិក​សុខាភិបាល។

    «ខ្ញុំ​បានស្នើ​ឱ្យ​ត្រៀម​សម្រាប់​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី ៤ ជាបន្ទាន់។ ពិភពលោក​នឹង​ដើរ​តាម​ក្រោយ​យើង» នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក Naftali Bennett បាន​សរសេរ​ដូច្នេះ នៅលើ​ទំព័រ Twitter កាលពី​ថ្ងៃទី ២១ ធ្នូ ២០២។

    អ្នកនាំពាក្យ​មួយរូប​របស់ នាយករដ្ឋមន្ត្រី ក៏បាន​ឱ្យដឹងថា អ៊ីស្រាអែល នឹង​ជា​ប្រទេស​ដំបូង​គេ​ក្នុង​ពិភពលោក ដែល​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ ជំងឺ​កូ​វីដ-១៩ ដូ​ស​ទី ។

    ការសម្រេច​ខាងលើនេះ​គឺ​យោងទៅតាម​អនុសាសន៍​របស់​គណៈកម្មកា​រ​ជំនាញ​ផ្នែក​ជំងឺ​រាតត្បាត​សកល​របស់ អ៊ីស្រាអែល ដែលថា គួរ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី ៤ សម្រាប់​ពលរដ្ឋ​ដែលមាន​វ័យ​លើសពី ៦០ ឆ្នាំ និង​ក្រុម​បុគ្គលិក​សុខាភិបាល។ លោក Bennett បាន​ហៅ​សេចក្ដីសម្រេច​នេះ​ថា​ជា «ព័ត៌មាន​ដ៏​អស្ចារ្យ»។

    ក្រសួងសុខាភិបាល​អ៊ីស្រាអែល កាលពី​ថ្ងៃទី ២១ ខែធ្នូ បានឱ្យដឹងថា ប្រទេស​នេះ​បាន​រកឃើញ​អ្នក​ឆ្លង វីរុស​កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង ចំនួន ១,១៤៨ នាក់ ក្នុងនោះ​មាន​ជាង​ពាក់កណ្ដាល ជា​ពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចរាល់។ ប្រទេស​នេះ​ក៏មាន​ករណី​ស្លាប់​ដំបូង​ដោយសារ អូ​មី​ក្រុង ផងដែរ។

    ជាង ៤.១ លាន​នាក់ ក្នុងចំណោម​ប្រជាជន​សរុប ៩.៣ លាន​នាក់ នៅ ប្រទេស​អ៊ីស្រាអែល បាន​ចាក់​វ៉ាក់សាំង​បង្ការ ជំងឺ​កូ​វីដ-១៩ ដូ​ស​ទី ៣ រួចរាល់។ ប៉ុន្តែ អត្រា​នៃ​ការចាក់​វ៉ាក់សាំង​នៅលើ​កុមារ​តូច និង​ក្មេង​ជំទង់ នៅមានកម្រិត​ទាប។ អត្រា​នៃ​ការចាក់​វ៉ាក់សាំង​ជូន​កុមារ​ចាប់ពី​អាយុ ១ ឆ្នាំ ដល់ ១១ ឆ្នាំ នៅ​ប្រទេស​នេះ សម្រេចបាន​មិន​ដល់ ១% នៅឡើយ សម្រាប់​ដូ​ស​ទី ១៕

  • WHO អនុម័ត​ឱ្យ​ប្រើ​​ប្រាស់​វ៉ាក់សាំង​បង្ការ ​ជំងឺ​កូវីដ-១៩ របស់​ក្រុម​ហ៊ុន​ Novavax

    WHO អនុម័ត​ឱ្យ​ប្រើ​​ប្រាស់​វ៉ាក់សាំង​បង្ការ ​ជំងឺ​កូវីដ-១៩ របស់​ក្រុម​ហ៊ុន​ Novavax

    អង្គការ​សុខភាព​ពិភពលោក​ (WHO) បាន​សម្រេច​អនុម័ត​​ឱ្យ​ប្រើ​ប្រាស់​បន្ទាន់​នូវ​វ៉ាក់សាំង​បង្ការ​ ជំងឺ​កូវីដ-១៩ របស់​ក្រុម​ហ៊ុន​ Novavax ដែល​នេះ​ក៏​ជា​វ៉ាក់សាំង​ទី​ ១០ ដែល​ត្រូវ​បាន​ស្ថាប័ន​អន្តរ​ជាតិ​មួយ​នេះ​អនុម័ត​។

    ការ​សម្រេច​របស់​ WHO ត្រូវ​បាន​ធ្វើ​ឡើង​​កាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ​ ២០២១ ១ ​ថ្ងៃ​ បន្ទាប់​ពី​អាជ្ញាធរ​គ្រប់​គ្រង​ឱសថ​អឺរ៉ុប (EMA) បាន​អនុញ្ញាត​ឱ្យ​ចរាចរ​ដោយ​មាន​លក្ខខណ្ឌ​ចំពោះ​វ៉ាក់សាំង​បង្ការ​ ជំងឺកូវីដ-១៩ របស់​ក្រុម​ហ៊ុន​ផលិតឱសថ​អាម៉េរិក​ Novavax ដែល​មាន​ឈ្មោះ​ថា Nuvaxovid ជា​ប្រភេទ​វ៉ាក់សាំង​ចាក់​ ២ ដូស​។

    យោង​តាម​លទ្ធផល​​ដែល​បាន​មក​ពី​ការ​ពិសោធ​លើ​មនុស្ស​ចំនួន​ ២ លើក​ នៅ​លើ​អ្នក​ស្ម័គ្រ​ចិត្ត​ជាង​ ៤៥,០០០​ នាក់ វ៉ាក់សាំង​ Nuvaxovid មាន​ប្រសិទ្ធភាព​​ជាង​ ៩០% នៅ​ក្នុង​ការ​ទប់​ស្កាត់​ការ​ឆ្លង ​វីរុស​កូវីដ-១៩ សម្រាប់​អ្នក​ដែល​មាន​អាយុ​ចាប់​ពី ១៨ ឆ្នាំ​ឡើង​ទៅ​។ ផល​វិបាក​ដែល​កើត​ឡើង​ដោយ​សារ​វ៉ាក់សាំង​នេះ​ មាន​កម្រិត​ស្រាល​ ឬ​មធ្យម​ ហើយ​នឹង​បាត់​ទៅវិញ​ក្រោយ​ការ​ចាក់​បាន​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​។

    ក្រុម​មន្ត្រី​របស់ WHO បាន​ណែនាំ​ឱ្យ​ប្រើប្រាស់វ៉ាក់សាំង​នេះ​ចំពោះ​មនុស្ស​ពេញ​វ័យ​ ដោយ​ត្រូវ​ទុក​គម្លាត​ចន្លោះ​ពី​ការ​ចាក់​ដូស​ទី ១ និង​ដូស​ទី ២ ចាប់​​ពី​ ៣ ទៅ ៤ សប្ដាហ៍​។ វ៉ាក់សាំង​ Nuvaxovid ត្រូវ​បាន​អះអាង​ថា អាច​រក្សា​ទុក​ក្នុង​សីតុណ្ហ​ភាព​ចាប់​ពី​ ២ ដល់ ៨ អង្សាសេ​ គ្រាន់​បើ​ជាង​បណ្ដា​វ៉ាក់សាំង​​ប្រើ​បច្ចេក​វិទ្យា​ mRNA ដែល​ត្រូវ​រក្សា​ទុក​ក្នុង​សីតុណ្ហភាព​ត្រជាក់​ខ្លាំង​។

    Nuvaxovid គឺជា​វ៉ាក់សាំង​បង្ការ​ ជំងឺ​កូវី-១៩ ទី ១០ ដែល​ត្រូវ​បាន​ WHO អនុម័ត​ឱ្យ​ប្រើប្រាស់​បន្ទាន់​។ នៅ​ក្នុង​ចំណោម​​វ៉ាក់សាំង​​​បង្ការ​ ជំងឺ​កូវីដ-១៩​ ដែល​ទទួល​បាន​ការ​អនុម័ត​​ឱ្យ​ប្រើ​ប្រាស់​ពី​ WHO ក៏​មាន​វ៉ាក់សាំង​ Covovax ​ជា​កំណែ​វ៉ាក់សាំង​របស់ Novavax ដែល​ត្រូវ​បាន​ផលិត​ដោយ​​វិទ្យាស្ថាន​សេរ៉ូម​ឥណ្ឌា​ ក្រោម​ការ​អនុញ្ញាត​ពី​ក្រុម​ហ៊ុន​​​អាម៉េរិក​៕

  • ស្ថិតិស្ដីពី កូវីដ-១៩ នៅ កម្ពុជា ក្នុង​អំឡុង​ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ​ ២០២១

    ស្ថិតិស្ដីពី កូវីដ-១៩ នៅ កម្ពុជា ក្នុង​អំឡុង​ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ​ ២០២១

    កម្ពុជា​ បាន​រកឃើញអ្នកឆ្លងថ្មី ៤ នាក់, ជាសះស្បើយ ១២ នាក់ និងពុំ​មាន​អ្នក​ស្លាប់ដោយ​សារ​ ជំងឺ​កូវីដ-១៩ ​ឡើយ​ នៅ​ក្នុង​អំឡុង​ ២៤​ ម៉ោង​ នៃ​ថ្ងៃទី ២០ ខែ​ធ្នូ ឆ្នាំ​ ២០២១​។

  • អូ​មី​ក្រុង (Omicron) «បែងភាគ បង្កើត​កូនចៅ​» នៅក្នុង​ប្រព័ន្ធ​ផ្លូវដង្ហើម បាន​លឿន​ជាង​ឆ្ងាយ ធៀប​នឹង វ៉ា​រ្យ៉​ង់ ដេ​លតា (Delta)

    អូ​មី​ក្រុង (Omicron) «បែងភាគ បង្កើត​កូនចៅ​» នៅក្នុង​ប្រព័ន្ធ​ផ្លូវដង្ហើម បាន​លឿន​ជាង​ឆ្ងាយ ធៀប​នឹង វ៉ា​រ្យ៉​ង់ ដេ​លតា (Delta)

    ក្រុមមន្ត្រី​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​បញ្ជាក់ថា វីរុស​បំប្លែង​ខ្លួន​ថ្មី អូ​មី​ក្រុង កំពុងតែ​ឆ្លង​រាលដាល​យ៉ាង​លឿន និង​មាន​សមត្ថភាព​ឆ្លង​ដល់​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង ឬ​ធ្លាប់​វិជ្ជមាន​នឹង កូ​វីដ-១៩ ទៀតផង។

    «មាន​ភ័ស្ដុតាង​ជាក់ស្ដែង​បង្ហាញថា អូ​មី​ក្រុង កំពុង​ឆ្លង​រាលដាល​លឿន​ជាង​គួរឱ្យកត់សម្គាល់ បើ​ធៀប​នឹង វ៉ា​រ្យ៉​ង់ ដេ​លតា។ អ្នក​ដែល​បានទទួល​ការចាក់​វ៉ាក់សាំង​រួចហើយ ឬ​អ្នក​ដែល​បានជា​ពី​ជំងឺ​កូ​វីដ-១៩ ក៏មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការឆ្លង ឬ​ឆ្លង​ជាថ្មី​នូវ វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង» ប្រធាន WHO លោក Tedros Adhanom Ghebreyesus បញ្ជាក់​ដូច្នេះ​កាលពី​ថ្ងៃទី ២០ ធ្នូ នៅ ប្រទេស​ស្វ៊ី​ស។

    ការស្រាវជ្រាវ​មួយ​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​ផ្នែក​វេជ្ជសាស្ត្រ​ប្រចាំ​សាកលវិទ្យាល័យ​ហុងកុង ដែល​ត្រូវបាន​ប្រកាស​កាលពី​សប្ដាហ៍​មុន បានឱ្យដឹងថា វីរុស​កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង «បែងភាគ បង្កើត​កូនចៅ​នៅក្នុង​ប្រព័ន្ធ​ផ្លូវដង្ហើម​របស់​មនុស្ស បាន​លឿន​ជាង ៧០ ដង ធៀប​នឹង វ៉ា​រ្យ៉​ង់ ដេ​លតា» ប៉ុន្តែ វា​ទំនងជា​បង្ក​គ្រោះថ្នាក់​ដល់​សួត​តិចជាង ធៀប​នឹង វ៉ា​រ្យ៉​ង់ ដំបូង។

    សាស្ត្រាចារ្យ Neil Ferguson ទីប្រឹក្សា​ផ្នែក​សុខាភិបាល​របស់ រាជរដ្ឋាភិបាល​អង់គ្លេស រួម​នឹង​ក្រុម​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ Imperial College London កាលពី​ថ្ងៃទី ១៧ ធ្នូ ២០២១ បញ្ចេញ​របាយការណ៍​ប​ង្ហា​ញ​ថា «ពុំមាន​ភ័ស្ដុតាង​ណាមួយ​បញ្ជាក់ថា អូ​មី​ក្រុង បង្ក​គ្រោះ​ថ្នាក់ទាប​ជាង ដេ​លតា ឡើយ»។

    ក្រុម​អ្នកវិទ្យាសាស្ត្រ​គណនា​ឃើញថា ហានិភ័យ​ដែល​បណ្ដាលឱ្យ​អ្នក​ដែល​បានជា​ពី​ជំងឺ​កូ​វីដ-១៩ ឆ្លង វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង គឺមាន​ខ្ពស់ជាង ៥.៤ ដង ធៀប​នឹង ដេ​លតា។ Ferguson សង្កត់ធ្ងន់ថា ការស្រាវជ្រាវ​របស់លោក ក៏បាន​បង្ហាញ​អំពី​សមត្ថភាព​ដែល អូ​មី​ក្រុង អាច​គេច​ពី​អង្គ​ប​ដិ​ប្រាណ​នៅលើ​មនុស្ស​ដែល​បាន​ចាក់​វ៉ាក់សាំង ឬ​ធ្លាប់​ឆ្លង កូ​វីដ-១៩ និង​បាន​ព្រមាន​ថា អូ​មី​ក្រុង អាច​នឹង​បង្ក​ការគំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​សុខភាព​សាធារណៈ​ក្នុងពេលឆាប់ៗខាងមុខ៕