Category: សុខភាព

  • គួរឱ្យអាសូរណាស់…ទារកទើបនឹងកើតបាន 30ម៉ោង តែមានផ្ទុកមេរោគវីរុសកូរ៉ូណា…

    គួរឱ្យអាសូរណាស់…ទារកទើបនឹងកើតបាន 30ម៉ោង តែមានផ្ទុកមេរោគវីរុសកូរ៉ូណា…

    មន្ត្រីសាធារណៈសុខាភិបាលចិនបានបញ្ជាក់ថា អ្នកផ្ទុកមេរោគដែលមិនទាន់បញ្ចេញអាការរោគ ក៏អាចចម្លងមេរោគបានដែរ ហើយអ្នកជំងឺដែលបង្ហាញអាការមិនច្រើនប៉ុន្មាន ក៏គួរតែត្រូវបង្ខាំងឱ្យនៅដោយឡែកដែរ ដោយសារតែថ្មីៗនេះ មានទារកទើបកើតនៅក្នុងទីក្រុងវូហានបានឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ទាំងទើបតែបានបើកភ្នែកមើលពិភពលោកនេះត្រឹមតែ 30ម៉ោងប៉ុណ្ណោះ តែបច្ចុប្បន្នអាការមិនបង្ហាញពីភាពធ្ងន់ធ្ងរទេ។ ករណីនេះបានក្លាយជារឿងមួយដែលសាងនូវក្ដីវិតក្កកង្វល់ និងភ័យព្រួយយ៉ាងខ្លាំងអំពីការឆ្លងមេរោគតាំងតែពីនៅក្នុងគភ៌របស់ទារក។

    សារព័ត៌មាន សៅ ឆាយណា ម៉នីង ផូស្ត បានរាយការណ៍កាលពីថ្ងៃម្សិលមិញ(ទី5កុម្ភៈ)ថា មានរបាយការណ៍មួយបានឱ្យដឹងថា ទារកទើបនឹងកើតនៅក្នុងទីក្រុងវូហានបានក្លាយជាអ្នកឆ្លងមេរោគវីរុសកូរ៉ូណា បន្ទាប់ពីប្រសូតចេញមកបានត្រឹមតែ 30ម៉ោងប៉ុណ្ណោះ…រឿងនេះបានសាងនូវក្ដីវិតក្កកង្វល់យ៉ាងខ្លាំងអំពីភាពដែលអាចទៅរួចដែលថា ទារកតូចៗទាំងឡាយអាចនឹងមានការឆ្លងមេរោគតាំងពីនៅក្នុងគភ៌ម្ដាយម្ល៉េះ។

    ដោយមានអំណះអំណាងពីប្រភពព័ត៌មាននៅក្នុងមន្ទីរពេទ្យកុមារក្នុងទីក្រុងវូហាន មណ្ឌលហ៊ូពេយ ស្ថានីយទូរទស្សន៍របស់រដ្ឋចិន CCTV បានរាយការណ៍ថា រកឃើញទារក 2នាក់មានលទ្ធផលនៃការពិនិត្យរកមេរោគវីរុសកូរ៉ូណាប្រភេទថ្មី “វិជ្ជមាន” ជាទារកដែលមានអាយុតិចបំផុតត្រឹមតែ 30ម៉ោងប៉ុណ្ណោះ។

    “ម្ដាយរបស់ទារកទើបនឹងកើតនោះជាអ្នកជំងឺមេរោគវីរុសកូរ៉ូណាប្រភេទថ្មី តែបច្ចុប្បន្ននេះ សញ្ញាជីពចររបស់ទារកនៅស្មើរនៅឡើយ”

    ហ្សេង លីង កុង វេជ្ជបណ្ឌិតចាស់វស្សាប្រចាំផ្នែកទារកទើបនឹងកើតបាននិយាយថា ករណីនេះ ជាការបញ្ជូនសញ្ញាមួយឱ្យយើងដឹងថា “យើងត្រូវតែព្រួយបារម្ភអំពីការឆ្លងមេរោគបែបថ្មីរបស់មេរោគវីរុសកូរ៉ូណា”

    សៅ ម៉នីង ផូស្ត បានរាយការណ៍ទៀតថា មន្ត្រីសាធារណៈសុខាភិបាលចិនបានចង្អុលបង្ហាញថា អ្នកជំងឺឆ្លងមេរោគដែលមិនទាន់បង្ហាញអាការ ក៏អាចចម្លងមេរោគបានដែរ ដូច្នេះអ្នកជំងឺដែលបង្ហាញអាការមិនទាន់ច្បាស់ គួរតែត្រូវបង្ខាំងឱ្យនៅដោយឡែក។

    លី ស៊ិង វ៉ាង ប្រធានផ្នែកជំងឺឆ្លង ប្រចាំនៅមន្ទីរពេទ្យប៉េកាំង ឌិតាន់ យល់ឃើញថា អ្នកជំងឺដែលមិនទាន់បង្ហាញអាការច្រើននោះ “ពាក់ព័ន្ធ” និង “ទទួលមេរោគ” ពីអ្នកជំងឺដែលបញ្ចេញអាការច្បាស់លាស់។

    “ក្រុម “អ្នកចម្លង” ទាំងនោះ មានមេរោគវីរុស និងអាចចម្លងមេរោគបាន ហើយចំនួនវីរុសនេះ វាសម្ព័ន្ធជា មួយនឹងករណីដែលថា តើមានអាការឈឺថ្កាត់ច្រើន ឬតិចប៉ុនណា? ដែលមានន័យថា អ្នកជំងឺដែលមានផ្ទុកមេរោគក្នុងចំនួនតិចតួច នឹងមានសមត្ថភាពក្នុងការចម្លងតិចតួចដែរ”

    ក្នុងការណែនាំនៃវិធីការព្យាបាល និងការវិនិច្ឆ័យថ្មី ដែលចេញមកពីគណៈកម្មការសុខភាពជាតិចិន (National​ Health Commission) ដែលបានបញ្ចេញមកកាលពីថ្ងៃពុធម្សិលមិញ បានរៀបរាប់ថា ក្នុងក្រុមមនុស្សដែលបញ្ចេញអាការមិនច្រើនប៉ុន្មាន ដូចជា មានគ្រុនក្ដៅខ្លួន អស់កម្លាំង និងក្អក តែគ្មានការឆ្លងមេរោគនៅក្នុងសួត គួរតែត្រូវបង្ខាំងឱ្យនៅដោយឡែក ដើម្បីបញ្ឈប់ការចម្លងមេរោគបន្ថែម។

    ក្រៅពីនេះ នៅក្នុងការណែនាំនេះ បានរៀបរាប់ទៀតថា ការឆ្លងមេរោគតាមប្រព័ន្ធរំលាយអាហារ និងការឆ្លងមេរោគតាមរយៈខ្យល់អាកាស ជាច្រកផ្លូវមួយទៀតរបស់ការឆ្លងរាលដាលនៃជំងឺមេរោគវីរុសកូរ៉ូណា ក្រោយពីរកឃើញកាកសំណល់របស់វីរុសនៅក្នុងលាមករបស់អ្នកជំងឺ។

    យ៉ាងណាក៏ដោយ លោកវេជ្ជបណ្ឌិត លី បានឱ្យដឹងទៀតថា ការឆ្លងមេរោគ 2ច្រកផ្លូវនេះ អាចនិយាយបានថា ជាភាពអាចទៅរួចមួយដែលប្រហែលជានៅត្រូវការការអះអាងបញ្ជាក់បន្ថែមទៀតជាបន្ត៕

    ប្រភព៖ សារព័ត៌មានបរទេស

  • ចំនួន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​​កូរ៉ូណា កើន​ដល់ 565នាក់

    ចំនួន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​​កូរ៉ូណា កើន​ដល់ 565នាក់

    វីរុសកូរ៉ូណា​ បាន​សម្លាប់​មនុស្ស​ 73នាក់​បន្ថែម​ទៀត​គិត​ត្រឹម​ថ្ងៃ​ទី​ 6កុម្ភៈនេះ ពោល​គឺ​កើន​ 14,8% បើ​ធៀប​នឹង​ម្សិល​មិញ ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​ កើន​ដល់ 565នាក់ និង​អ្នក​មាន​ផ្ទុក​មេរោគ​នេះ កើន​ 28,276នាក់។

    គណៈកម្ម​ការ​សុខា​ភិបាល​ខេត្ត Hubei នៃ​ប្រទេស​ចិន​ ថ្ងៃ​នេះ បាន​បញ្ជាក់​ថា មាន​ករណី​ស្លាប់​​ 70នាក់បន្ថែម​ទៀត ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​ក្នុងខេត្ត​នេះ ឡើង​ដល់ 549នាក់។ ចំនួន​អ្នក​ដែល​បាន​ឆ្លង​មេរោគ​នេះ​ កើន​ដល់ 19,665នាក់។

    ក្នុង​ខេត្ត​ Hubei គិត​ត្រឹម​ថ្ងៃ​ទី​ 5កុម្ភៈ ចំនួន​អ្នក​ជំងឺ​ដែល​កំពុង​ទទួល​ការ​ព្យា​បាលសរុប​ 14,314នាក់ ក្នុង​នោះ​ មាន​ 2,328នាក់​ ស្ថិត​ក្នុង​ស្ថាន​ភាព​​ធ្ងន់​ធ្ងរ​ នេះ​បើ​តាម​គណៈកម្ម​ការ​សុខា​ភិបាល​ខេត្ត Hubei។

    គណៈកម្ម​ការ​សុខា​ភិបាល​ចិន ក្នុង​ថ្ងៃ​នេះ​ ក៏​បាន​ប្រកាស​ថា​ ប្រទេស​ចិន មាន​ករណី​ឆ្លង​មេរោគ​ 3,887នាក់​បន្ថែម​ទៀត​ និង​ចំនួន​អ្នក​ឆ្លង​សរុប​កើន​ដល់ 28,211នាក់​។ ក្រៅ​ពី​ 70នាក់​ដែល​បាន​ស្លាប់​នៅ​ក្នុង​ខេត្ត​ Hubei ក៏​មាន​ករណី​ស្លាប់នៅ​ក្នុង​ខេត្ត​ផ្សេង​ៗ​នៃ​ប្រទេស​ចិន​ ចំនួន​ 3នាក់​បន្ថែម​ទៀតដែរ។

    គិត​មក​ដល់​ពេល​នេះ ចំនួន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា​ នៅ​ទូទាំង​ពិភព​លោក កើន​ដល់​​ 565នាក់ និង​អ្នក​ដែល​មាន​ផ្ទុក​មេរោគ​នេះ កើន​ដល់ 28,078នាក់៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • សម្តេច ហ៊ុន សែន ជាមេដឹកនាំដំបូង​គេ​ក្នុង​លោក ដែលបាន​អញ្ជើញ​ទៅដល់ប្រទេស​ចិន ខណៈប្រទេស​នេះ​កំពុង​រង​ការ​រាតត្បាត​ពី​មេរោគ​កូរ៉ូណា

    សម្តេច ហ៊ុន សែន ជាមេដឹកនាំដំបូង​គេ​ក្នុង​លោក ដែលបាន​អញ្ជើញ​ទៅដល់ប្រទេស​ចិន ខណៈប្រទេស​នេះ​កំពុង​រង​ការ​រាតត្បាត​ពី​មេរោគ​កូរ៉ូណា

    សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ក្លាយ​ជាមេដឹកនាំ​ដំបូងគេ​ដែល​បាន​អញ្ជើញ​ទៅ​ដល់​ប្រទេសចិន ខណៈប្រទេស​នេះ​កំពុង​រង​ការ​រាតត្បាត​អាសន្ន​រោគ​រលាក​សួត​ដ៏សាហាវ​​បង្ក​ឡើង​ដោយ​​វីរុស​​កូរ៉ូណា​នៅ​ទូទាំង​ប្រទេស​ ដែល​គិត​មក​ដល់​ពេល​នេះ វា​បាន​សម្លាប់​មនុស្ស​ដល់​ទៅ 493នាក់ និង​ជាង24,587នាក់ផ្សេង​ទៀត​កំពុង​​ផ្ទុក​មេរោគ​នេះ។

    ​រសៀល​ថ្ងៃ​ទី​5កុម្ភៈនេះ នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ សម្ដេច​ ហ៊ុន​ សែន បាន​ដឹក​នាំ​គណៈប្រតិ​ភូកម្ពុជា​ ចេញ​ពី​ក្រុង​សេអ៊ូល​ ប្រទេស​កូរ៉េ​ខាង​ត្បូង និង​បាន​អញ្ជើញ​ទៅ​ដល់អាកាសយានដ្ឋាន​ក្រុង​ប៉េកាំង។ រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង យី ក៏​បាន​អញ្ជើញ​មក​​ទទួល​សម្ដេច​ ហ៊ុន​ សែន​ ដោយផ្ទាល់។

    ក្នុង​ក្រុម​ប្រតិភូ​នេះ គេ​ឃើញ​មាន​វត្តមាន​របស់​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស និងសហប្រតិបត្តិការអន្តរជាតិ និង​លោក ហ៊ុន ម៉ាណែត រួម​និង​លោកឧកញ៉ា គិត​ ម៉េង​ផងដែរ​។

    សារ​ព័ត៌មាន​ CCTV បាន​រាយការណ៍​ថា សម្ដេច​ ហ៊ុន សែន​ បាន​មាន​ប្រសាសន៍​ច្រើន​ទាក់​ទិន​នឹង​បញ្ហា​អាសន្ន​រោគ​កូរ៉ូណា ហើយ​ថា កម្ពុជា​ជឿ​ជាក់​ថា ប្រទេស​ចិន​នឹង​ដោះ​ស្រាយ​បញ្ហា​នេះ​បាន​យ៉ាង​ឆាប់​រហ័ស។

    សម្ដេច​ ហ៊ុន​ សែន​ ក៏​បាន​ថ្លែង​ទៀត​ថា ប្រជា​ជន​កម្ពុជា នឹង​ចែក​រំលែក​ការ​លំបាក​របស់​ប្រជា​ជន​ចិន​ នេះ​បើ​តាម​ CCTV។

    ប្រភព​ព័ត៌មាន​បាន​ប្រាប់​ឱ្យ​ដឹង​ថា លោក​ស្រី Hua Chunying (​អ្នក​នយោបាយ​ចិន​ និង​ជា​ប្រធាននាយកដ្ឋាន​ព័ត៌មាន​នៃ​ក្រសួង​ការ​បរទេស​ចិន​) បាន​ថ្លែង​ថា ប្រទេស​ចិនពិត​ជា​យល់​អំពី​ការ​ព្រួយ​បារម្ភ​របស់​​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ ចំពោះ​និស្សិត​ខ្មែរ​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ក្រុង Wuhan។

    លោក​ស្រី​ Hua Chunying បន្ត​ថា ប្រទេស​ចិន​យក​ចិត្តទុក​ដាក់​លើ​សុវត្ថិ​ភាព​របស់​និស្សិត​កម្ពុជា​ ហើយ​ថា​នឹង​បន្ត​ប្រឹង​ប្រែង​ការ​ពារ​ពួកគេ​ដូច​ទៅ​នឹង​ប្រជាជន​ចិន​៕

    ប្រភព៖ សារព័ត៌មាន​បរទេស

  • ជប៉ុនរកឃើញអ្នកដំណើរក្នុងនាវាទេសចរណ៍កម្សាន្តមួយ ឆ្លងមេរោគ “វីរុសកូរ៉ូណា” យ៉ាងតិច 10នាក់

    ជប៉ុនរកឃើញអ្នកដំណើរក្នុងនាវាទេសចរណ៍កម្សាន្តមួយ ឆ្លងមេរោគ “វីរុសកូរ៉ូណា” យ៉ាងតិច 10នាក់

    រដ្ឋមន្ត្រីក្រសួងសាធារណៈសុខាភិបាលរបស់ប្រទេសជប៉ុនបានអះអាងនៅថ្ងៃនេះថា អ្នកដំណើរយ៉ាងតិច 10នាក់នៅលើនាវាទេសចរណ៍កម្សាន្តដែលត្រូវបានឃាត់ទុកពិនិត្យមេរោគនៅឯកំពង់ផែយ៉ូកូហាម៉ា មានលទ្ធផលពិនិត្យមេរោគវីរុសកូរ៉ូណាប្រភេទថ្មី “វិជ្ជមាន” និងរំពឹងថា នឹងរកឃើញអ្នកឆ្លងមេរោគនេះបន្ថែមទៀត ក្នុងអំឡុងពេលដែលក្រុមគ្រូពេទ្យកំពុងធ្វើការត្រួតពិនិត្យរាងកាយអ្នកដំណើរ និងក្រុមនាវិកជាង 3,000នាក់។

    ខាត់ស៊ីណូប៊ុ ខាតូ រដ្ឋមន្ត្រីក្រសួងសាធារណៈសុខាភិបាលជប៉ុន បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកមិញ(ថ្ងៃទី5 កុម្ភៈ)ថា អ្នកឆ្លងមេរោគទាំង 10នាក់ នឹងត្រូវបញ្ជូនទៅមន្ទីរព្យាបាលរោគមួយកន្លែង ចំណែកអ្នកដំណើរ និងក្រុមនាវិកប្រមាណជា 3,700នាក់ទៀត នឹងត្រូវបង្ខាំងការពាររោគនៅលើនាវាទេសចរណ៍កម្សាន្តរបស់ក្រុមហ៊ុន ខានីវ៉ាល់ ខប់ រយៈពេល 14ថ្ងៃ។

    លោក ខាតូ បានបញ្ជាក់ទៀតថា គ្រប់គ្នានៅលើនាវាទេសចរណ៍កម្សាន្តនោះ ធ្លាប់បានឆ្លងកាត់ការពិនិត្យសុខភាពរយៈដំបូងរួចមកហើយ ដែលតាមរយៈដំណាក់កាលនោះ នឹងនាំឆ្ពោះទៅរកការសុំពិនិត្យសុខភាពអ្នកដំណើរ និងក្រុមនាវិកចំនួនត្រឹមតែ 273នាក់ប៉ុណ្ណោះ ដោយក្នុងចំនួនអ្នកដែលដឹងលទ្ធផលហើយមានចំនួន 31នាក់ រកឃើញអ្នកផ្ទុកមេរោគវីរុសកូរ៉ូណា 10នាក់។ ទាំងអស់នេះ មន្ត្រីសុខាភិបាលជប៉ុននឹងនៅតែតាមដានសង្កេតមើលអ្នកដំណើរ និងក្រុមនាវិកទាំងនោះថា តើនឹងមានអាការឈឺថ្កាត់ដែរឬទេ និងអាចនឹងត្រូវមានការសុំពិនិត្យសុខភាពបន្ថែមទៀត។

    ស្ថានីយទូរទស្សន៍ NHK បានរាយការណ៍ថា ក្នុងចំណោមអ្នកឆ្លងមេរោគទាំងនោះ មានពលរដ្ឋជប៉ុន 3នាក់ និងទាំង 10នាក់នោះ មិនមានអាការធ្ងន់ធ្ងរទេ។ អ្នកឆ្លងមេរោគដែលរកឃើញ បានធ្វើឱ្យចំនួនអ្នកឆ្លងមេរោគវីរុសកូរ៉ូណាក្នុងប្រទេសជប៉ុនដែលបានអះអាងហើយ កើនឡើងដល់ 33នាក់។ កាលពីពេលមុននេះ NHK ធ្លាប់បានបញ្ជាក់ថា ក្រុមមន្ត្រីជប៉ុននឹងធ្វើការពិនិត្យសុខភាពអ្នកដែលបង្ហាញអាការគួរឱ្យសង្ស័យ ដូចជាមានអាការគ្រុនក្ដៅខ្លួន ឬធ្លាប់មានទំនាក់ទំនងជិតស្និទ្ធជាមួយបុគ្គលដែលមានអាការដូចខាងដើម ខណៈដែលមន្ត្រីក្រសួងសាធារណៈសុខាភិបាលម្នាក់បានអះអាងថា “មិនមែនគ្រប់គ្នាទេ” ដែលនឹងត្រូវឆ្លងកាត់ការពិនិត្យ PCR ឬ Polymerase Chain Reaction នេះ ដោយសារតែប្រើពេលវេលាយូរ និងមិនមានភាពចាំបាច់។

    ប្រតិបត្តិការពិនិត្យសុខភាពអ្នកដំណើរ និងក្រុមនាវិក បានចាប់ផ្ដើមតាំងពីពេលល្ងាចថ្ងៃចន្ទ(ទី3) បន្ទាប់ពីមានអ្នកក្រុងហុងកុងវ័យ 60ឆ្នាំម្នាក់ដែលធ្លាប់ធ្វើដំណើរតាមនាវាទេសចរណ៍កម្សាន្តនេះកាលពីខែមករា បានឆ្លងមេរោគវីរុសកូរ៉ូណា។

    ខានីវ៉ាល់ ជេភែន បានបញ្ជាក់កាលពីថ្ងៃអង្គារ ម្សិលមិញថា នាវាកម្សាន្តមួយទៀត គឺដាយម៉ន់ដ៍ ព្រីនសេស ចាំបាច់ត្រូវពន្យារពេលការចេញដំណើរចេញពីយ៉ូកូហាម៉ា និងកំពង់ផែកូបេ ក្នុងសប្ដាហ៍នេះ ដោយសារតែមានបញ្ជាឱ្យបង្ខាំងពិនិត្យមេរោគ។

    ជំងឺឆ្លងរាលដាលដែលមានដើមកំណើតមកពីមណ្ឌលហ៊ូពេយរបស់ចិន បានសម្លាប់ជីវិតមនុស្សរួចទៅហើយជាង 400នាក់ និងមានអ្នកឆ្លងជំងឺនេះជាង 20,000នាក់ទៀត៕

    ប្រភព៖ សារព័ត៌មានបរទេស

  • ទង្វើដ៏សែនងាយៗ 12យ៉ាងដើម្បីសុខភាពចិត្តកាយដ៏ល្អ

    ទង្វើដ៏សែនងាយៗ 12យ៉ាងដើម្បីសុខភាពចិត្តកាយដ៏ល្អ

    មិត្តអ្នកអានប្រហែលជាធ្លាប់បានឮពាក្យដែលគេនិយាយថា សុខភាពល្អមិនអាចរកទិញនៅទីណាបានឡើយ បើចង់បានទាល់តែអនុវត្តដោយខ្លួនឯង។ ទោះជាដឹង និងយល់ច្បាស់ពីប្រយោគនេះហើយក៏ដោយ តែមានជាច្រើនដងណាស់ ដែលយើងធ្វេសប្រហែស និងព្រងើយកន្តើយចំពោះរឿងងាយៗ ដើម្បីទៅប្រឈមមុខនឹងរឿងលំបាកៗ និងបញ្ហាជាច្រើនដែលនឹងកើតឡើងក្នុងពេលអនាគត នោះគឺមានន័យថា យើងរស់នៅពីមួយថ្ងៃទៅមួយថ្ងៃដោយគ្មានយកចិត្តទុកដាក់ពីរឿងមើលថែទាំសុខភាព ទាំងវាជារឿងដ៏ងាយសែនងាយ រហូតបណ្តោយឱ្យសុខភាពចុះទ្រុឌទ្រោម យ៉ាប់យ៉ឺន និងត្រូវព្យាបាលយ៉ាងសកម្ម ដែលជាចុងក្រោយទៅអាចនឹងគ្មានផ្លូវព្យាបាលឱ្យជាបានផងក៏មិនដឹង។ តទៅនេះគឺជាពាក្យណែនាំក្នុងការមើលថែទាំសុខភាពបែបងាយៗ ដែលធ្វើហើយនឹងបានទទួលលទ្ធផលល្អ ដែលមានចំណុចខ្លះ មនុស្សជាច្រើនអាចធ្លាប់ដឹងរួចមកហើយ តែភ្លេច ឬក៏មិនទាន់បានចាប់ផ្តើមធ្វើយ៉ាងពិតប្រាកដនៅឡើយ។

    1. ចេញទៅទទួលយកពន្លឺថ្ងៃនាពេលព្រលឹមការភ្ញាក់ពីព្រឹក ហើយចេញទៅទទួលយកពន្លឺថ្ងៃស្រទន់ៗ មុនម៉ោង 9:00 រៀងរាល់ថ្ងៃ 1ថ្ងៃ 10 -15នាទីនោះ នឹងជួយឱ្យរាងកាយបានទទួលវីតាមីន D យ៉ាងគ្រប់គ្រាន់ ខណ:ពេលជាមួយគ្នា ក៏នឹងធ្វើឱ្យលោកអ្នកមានអារម្មណ៍ស្រស់ស្រាយ ភ្លឺថ្លា និងមានជីវិតរស់រវើកផងដែរ។

    2. ក្រេបទឹកតែ អ៊ូលង់ ក្តៅៗក្រេបទឹកតែ អ៊ូលង់ មួយថ្ងៃឱ្យបាន 3ពេល នឹងមានចំណែកជួយកាត់បន្ថយបរិមាណជាតិខ្លាញ់រាវនៅក្នុងសរសៃឈាម និងកាត់បន្ថយកម្រិតកូលេស្តេរ៉ូលបានយ៉ាងល្អ ព្រោះសារធាតុនៅក្នុងស្លឹកតែ ឈ្មោះថា Catechin Polyphenol នឹងជួយកាត់បន្ថយបញ្ហាក្លិនមាត់ និងបាក់តេរីក្នុងប្រអប់មាត់ ហើយការពារធ្មេញមិនឱ្យពុកបានទៀតផង។

    3. ញ៉ាំទឹកលាយទឹកឃ្មុំ
    បើកើតអាការគេងមិនលក់ សូមកុំអាលនឹកដល់ថ្នាំគេងលក់ដែលមានឥទ្ធិពលខ្លាំងៗអី ចូរសាកល្បងទទួលទានទឹកឃ្មុំ 1ស្លាបព្រាបាយ លាយជាមួយទឹកក្តៅឧណ្ហៗ នៅពេលបាយល្ងាចរៀងរាល់ថ្ងៃ វានឹងជួយឱ្យយើងគេងលក់បានស្កប់ ភ្ញាក់ព្រឹកឡើងនឹងមានអារម្មណ៍ថា ធូរស្រាល និងស្រស់ស្រាយក្នុងពេលជាមួយគ្នា ហើយទឹកឃ្មុំនៅមានគុណសម្បត្តិជួយកាត់បន្ថយអាការលោហិតស្លេក ដោយ-សារតែទឹកឃ្មុំមានសារធាតុដែកដែលជាអង្គប្រកបមួយរបស់ហេម៉ូគ្លោប៊ីន ទើបវាអាចជួយបង្កើនគ្រាប់ឈាមក្រហមបាន។

    4. រកមើលឱសថបុរាណក្បែរៗខ្លួនមិនបាច់ស្វែងរកអ្វីដែលពិបាកៗនោះទេ ព្រោះឱសថបុរាណ គឺជារឿងក្បែរខ្លួនយើង និងមានគុណប្រយោជន៍ជាច្រើន លើកឧទាហរណ៍ងាយៗ ដូចជា ស្លឹកម្រះព្រៅមានឥទ្ធិពលក្នុងការបណ្តេញជាតិខ្លាញ់ និងជាតិស្ករដែលលើសចេញពីរាងកាយ ហើយស្លឹកម្រះព្រៅ ថែមទាំងជួយក្នុងការបញ្ចេញទឹកប្រមាត់ក្នុងថ្លើមឱ្យមកជួយរំលាយជាតិខ្លាញ់បានកាន់តែល្អឡើងទៀតផង ។

    5. ធ្វើម៉ាស្សាបន្ធូរអារម្មណ៍ និងរាងកាយ
    ឈ្លីសៀតផ្កាដោយប្រេង ភេផើរ៍មិនត៍ ឬទឹកប្រេងក្រអូបហើរតាមខ្យល់ផ្សេងទៀត នឹងជួយធ្វើឱ្យមានអារម្មណ៍ធូរស្រាលរួចផុតពីភាពតានតឹងធុញថប់អារម្មណ៍បាន។

    6. ជ្រើសរើសពាក់ស្បែកជើងបាតាល្អៗមួយគូការជ្រើសរើសពាក់ស្បែកជើងបាតាក្រណាត់ល្អៗ 1គូ វានឹងជួយឱ្យការហាត់ប្រាណតាមរយ:ការដើររបស់អ្នក ប្រព្រឹត្តទៅយ៉ាងរលូន និងក្រៅពីបានបញ្ចេញញើសហើយនោះ នៅបានជួយថ្នមសុខភាពប្រអប់ជើងទៀតផង។

    7. កុំភ្លេចញ៉ាំសាច់ត្រីផងណា!
    សាច់ត្រី គឺជាសាច់សត្វដែលមានគុណប្រយោជន៍ បើលោកអ្នកមានអាការស្ងួតភ្នែក ចូរសាកល្បងពិសាសាច់ត្រីសាល់ម៉ុន ឬត្រីម៉ាកខឺរេល ដែលមានសារធាតុអូមេហ្កា-3 ដែលរាងកាយប្រើប្រាស់សម្រាប់ផលិតទឹកភ្នែក។

    8. ហិតក្លិនផ្កាឡាវេនឌើរ៍ឡាវេនឌើរ៍ គឺជាក្លិនផ្កាដ៏មានថាមពល ជួយបន្ធូរ-បន្ថយភាពតានតឹងក្នុងអារម្មណ៍ និងធ្វើឱ្យគេងលក់ស្រួល និងថែមទាំងមានគុណសម្បត្តិក្នុងការសម្លាប់មេរោគ កាត់បន្ថយអាការផ្សាក្រហាយរបស់ស្បែក ព្រោះមានឬទ្ធិប្រឆាំងនឹងការរលាក។ ពេលបានហិតស្រូបក្លិនហើយ ឡាវេនឌើរ៍នឹងជួយកាត់បន្ថយអាការឈឺក និងរលាកបំពង់ខ្យល់បាន។

    9. ជជែកលេងជាមួយមិត្តភក្តិខ្លះផងការនិយាយជជែកលេងជាមួយមិត្តភក្តិ លេងហ្គេម ចោទសួរប្រស្នាគ្នាលេង ត្រឹមតែ 1ថ្ងៃ 10នាទី នឹងជួយថែរក្សាប្រព័ន្ធចងចាំឱ្យនៅល្អបាន។

    10. កុំចង់ឱ្យស្បែកឡើងពណ៌ខ្មៅស្រអែមអីការធ្វើឱ្យស្បែកឡើងពណ៌ខ្មៅស្រអែម ចាប់ផ្តើមទទួលបានការពេញនិយមនៅក្នុងចំណោមក្រមុំៗ កំលោះៗមួយចំនួនហើយ ព្រោះពួកគេមានជំនឿថា ការមានសម្បុរខ្មៅស្រអែម គឺជាមន្តស្នេហ៍ម៉្យាងដែរ តែការធ្វើឱ្យស្បែកឡើងពណ៌ខ្មៅស្រអែមដោយ Sun Bed គឺជារឿងមួយដែលមិនគួរធ្វើឡើយ ព្រោះអំពូលភ្លើងនឹងធ្វើឱ្យកើតកាំរស្មី UVA ដែលមានផលធ្វើឱ្យស្បែកឆាប់ចុះទ្រុឌទ្រោម ចាស់មុនអាយុ កើតស្នាមយារជ្រួញលើផ្ទៃមុខ ឬអាចឈានទៅដល់កើតរោគមហារីកស្បែកទៀតផង។

    11. បា៎យបា៎យ សូដាការញ៉ាំទឹកសូដាជាប្រចាំយ៉ាងហោចណាស់ 1ថ្ងៃ 2 កែវនោះ នឹងហុចផលឱ្យក្រលៀនឆាប់ចុះខ្សោយជាងអ្នកដែលមិនបានញ៉ាំដល់ទៅ 3ដងឯណោះ នោះគឺមានន័យថា អាចនឹងមានភាពប្រថុយក្នុងការកើតអាការក្រលៀនលែងធ្វើការ(គាំង) ហើយអ្នកដែលញ៉ាំសូដារាល់ថ្ងៃ អាចនឹងមានភាពប្រថុយប្រថានក្នុងការកើតរោគសរសៃឈាមក្នុងខួរក្បាលណែនស្ទះ និងជំងឺបេះដូង ដែលជាជំងឺដ៏មានគ្រោះថ្នាក់ខ្លាំងជាងអ្នកមិនញ៉ាំសូដា ដល់ទៅ 43% ឯណោះ។ ដូច្នេះបើអាចកាត់បន្ថយបាន ក៏គួរតែកាត់បន្ថយ និងបើចៀសវាងបាននោះ រឹតតែល្អទៅទៀត។

    12. ញ៉ាំទឹកម្តងបន្តិច តែញ៉ាំពេញ 1ថ្ងៃការញ៉ាំទឹកក្នុងបរិមាណច្រើនៗក្នុងពេលតែមួយ មិនមែនជាវិធីញ៉ាំទឹកដែលត្រឹមត្រូវឡើយ តែគួរញ៉ាំទឹកម្តងបន្តិចៗ តែឱ្យបានញឹកញាប់ពេញ 1ថ្ងៃ ដើម្បីឱ្យរាងកាយមានពេលវេលាក្នុងការបឺតជ្រាបវិញទើបជាការប្រសើរ៕

  • ជនជាតិចិនកំពុងរងការរើសអើងកាន់តែច្រើនឡើងៗ ដោយសារតែ…

    ជនជាតិចិនកំពុងរងការរើសអើងកាន់តែច្រើនឡើងៗ ដោយសារតែ…

    នៅប្រទេសជប៉ុន hashtag (ប្រភេទ tag ដែលត្រូវបានប្រើនៅលើបណ្ដាញសង្គម ដើម្បីងាយស្រួលឱ្យអ្នកផ្សេងស្វែងរកទិន្នន័យពាក់ព័ន្ធនឹងពាក្យដែលបានសរសេរក្នុង tag) ChineseDon’tComeToJapan (ជនជាតិ ចិនកុំមកប្រទេសជប៉ុន) ត្រូវបានគេប្រើប្រាស់ច្រើនគួរឱ្យព្រួយបារម្ភ។

    នៅឯប្រទេសសិង្ហបុរីឯណោះវិញ អ្នកស្រុករាប់ម៉ឺននាក់ បានចុះហត្ថលេខាលើញត្តិមួយច្បាប់ អំពាវនាវឱ្យរដ្ឋា ភិបាលចេញបញ្ជាហាមពលរដ្ឋចិនចូលមកទឹកដីរបស់ពួកគេ។

    ភោជនីយដ្ឋាន និងហាងទំនិញជាច្រើននៅប្រទេសកូរ៉េខាងត្បូង នាំគ្នាដាក់បង្ហាញបដាដែលមានសរសេរថា មិនទទួលស្វាគមន៍អ្នកមកពីចិនដីគោក។ល។ ចំណែកប្រជាជនក្រុងបាងកក ប្រទេសថៃឯណោះវិញ ម្នាក់ៗក៏មិនហ៊ានទៅកាន់ទីប្រជុំជនដែលមានជនជាតិចិនច្រើន(China Town)នោះដែរ ជាពិសេសផ្សារទំនើបកណ្ដាល​ក្រុងជាដើម។ នៅឯហាងកែសម្ផស្សមួយក្នុងតំបន់ Gangnam ដែលមានមនុស្សម្នាច្រើននៅក្នុងក្រុង សេអ៊ូល ប្រទេសកូរ៉េខាងត្បូង ក៏បានស្នើឱ្យបុគ្គលិករបស់ខ្លួនទទួលបម្រើតែភ្ញៀវក្នុងស្រុក និងភ្ញៀវ ចិនណាដែលបានមកកាន់កូរ៉េខាងត្បូងចាប់ពី 14ថ្ងៃឡើងទៅ គិតមកដល់ថ្ងៃដែលម្ចាស់ហាងនោះប្រកាស។

    ពលរដ្ឋ​កូរ៉េខាង​ត្បូង នាំ​គ្នា​ស្នើរដ្ឋាភិបាល​ ឱ្យ​ហាម​អ្នក​ទេស​ចរណ៍​ចិន​ចូល​ស្រុក​បណ្ដោះ​អាសន្ន

    Yaeko Suenaga ម្ចាស់ភោជនីយដ្ឋាន sushi មួយនៅក្នុងក្រុងតូក្យូ បាននិយាយថា គាត់យល់អំពីការភ័យព្រួយរបស់ម្ចាស់អាជីវកម្ម ដែលបានបដិសេធការទទួលបម្រើភ្ញៀវពីចិនដីគោក។

    Suenaga ឱ្យដឹងថា ៖ “ខ្ញុំមិនគិតថា ប្រការនេះចាប់ផ្ដើមពីការរើសអើងពូជសាសន៍នោះទេ ប៉ុន្តែ វាកើតឡើងពីការភ័យខ្លាចចំពោះហានិភ័យដែលអាចឆ្លងមេរោគមួយប្រភេទដែលអាចសម្លាប់មនុស្សបាន”។ ភោជនីយដ្ឋានរបស់អ្នកស្រី នៅតែបន្តទទួលភ្ញៀវ ប៉ុន្តែបុគ្គលិករបស់គាត់សុទ្ធតែត្រូវពាក់ម៉ាស់ការពារជាប់ជានិច្ច។

    Kwong Wing Catering ដែលជាបណ្ដាញភោជនីយដ្ឋានមួយនៅក្រុងហុងកុង ក៏បានចេញសេចក្ដីប្រកាសដែរថា ខ្លួនទទួលបម្រើតែភ្ញៀវណាដែលនិយាយភាសាអង់គ្លេស ឬភាសាចិនក្វាងតុងតែប៉ុណ្ណោះ។

    Karen Eggleston អគ្គនាយកនៃកម្មវិធីគោលនយោបាយសុខាភិបាលអាស៊ី នៃមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី-ប៉ាស៊ីហ្វិក របស់សាកលវិទ្យាល័យ Stanford បានឱ្យដឹងថា៖ “ការដែលរក្សាខ្លួនឱ្យនៅឆ្ងាយពីកត្តាដែលអាចធ្វើឱ្យឆ្លងអាសន្នរោគ គឺជាការប្រតិកម្មធម្មតារបស់មនុស្ស ពិសេសគឺចំពោះមេរោគដែលមិនទាន់មានថ្នាំព្យាបាល”។

    នៅ​ប្រទេស​ចិន តំបន់​មួយ​ចំនួន​បាន​បង្កើត​ក្រុម​ល្បាត​ពិសេស​ដើម្បី​ទប់​ស្កាត់​មិន​ឱ្យ​អ្នក​ស្រុក​ Wuhan ចូល​មក​ក្នុង​តំបន់​របស់​ពួកគេ

    នៅប្រទេសអូស្ត្រាលីវិញ The Herald Sun បានបង្ហោះពាក្យមួយឃ្លា “China Virus Panda-monium” នៅក្បែររូបភាពម៉ាស់ពណ៌ក្រហម (អានឱ្យខុសបន្តិច “pandemonium” ដែលមានន័យថា “មហាអាសន្នរោគ” ហើយបូកជាមួយ “panda” ដែលមានន័យថា ខ្លាឃ្លុំផេនដាដែលជាសត្វតំណាងឱ្យប្រទេសចិន)។ ទង្វើនេះបានធ្វើឱ្យជនជាតិអូស្ត្រាលីដើមកំណើតចិនចំនួន 46,000នាក់ មានការខឹងសម្បាយ៉ាងខ្លាំង ហើយបាននាំគ្នាចុះហត្ថលេខាលើញត្តិមួយ ហៅទង្វើនេះថា ជាការរើសអើងពូជសាសន៍ ដែលមិនអាចទទួលយកបាន។

    នៅឯអូស្ត្រាលីនោះដែរ Andy Miao អាយុ 24ឆ្នាំ ជានិស្សិតជនជាតិចិន ដែលទើបត្រឡប់មកពីប្រទេសចិន បានឱ្យដឹងថា អ្នកដំណើរនៅលើមធ្យោបាយធ្វើដំណើរសាធារណៈនានា សុទ្ធតែមើលមកគាត់ក្នុងន័យភ័យខ្លាច បើសិនគាត់មិនពាក់ម៉ាស់។

    នៅក្នុងមួយទសវត្សរ៍ចុងក្រោយនេះ គេសង្កេតឃើញថា ចំនួនទេសចរជនជាតិចិន បានកើនឡើងយ៉ាងច្រើន នៅទូទាំងពិភពលោក។ ប្រការនេះហើយ ធ្វើឱ្យបណ្ដាប្រទេសដែលទទួលឥទ្ធិពល ឬផលប្រយោជន៍ច្រើនពីចិន បានបង្ហាញសកម្មភាពទប់ស្កាត់ការរើសអើងអ្នកទេសចរដែលមកពីចិនដីគោក ដោយរូបភាពផ្សេងៗគ្នា។ នៅក្រុង Toronto ប្រទេសកាណាដា អ្នកនយោបាយ គណៈគ្រប់គ្រងសាលា និងក្រុមសង្គមស៊ីវិលមួយចំនួន បានអំពាវនាវកុំឱ្យពលរដ្ឋខ្លួនមានការរើសអើងដូចកាលឆ្នាំ 2003 ដែលពេលនោះ អាសន្នរោគ SARS បានសម្លាប់មនុស្ស 44នាក់នៅទីនោះ។

    អ្នក​ដំណើរ​ជន​ជាតិ​ចិន​

    នៅប្រទេសឥណ្ឌូនេស៊ី បើទោះបីជារដ្ឋាភិបាលបានផ្អាករាល់ជើងហោះហើរពីក្រុង Wuhan ប្រទេសចិនក្ដី តែអភិបាលរដ្ឋ West Sumatra លោក Irwan Prayitno មិនគាំទ្រឡើយចំពោះការស្នើរបស់តំណាងពលរដ្ឋមួយចំនួនដែលសុំឱ្យផ្អាកការទទួលយកភ្ញៀវទេសចរពីចិន។ កាលពីចុងខែមករា លោក Irwan Prayitno បានធ្វើដំណើរទៅទទួលអ្នកទេសចរចិនដីគោកចំនួន 174នាក់ដោយរូបលោកផ្ទាល់ទៀតផង។

    Michiko Kubota ដែលជាម្ចាស់ហាងសម្លៀកបំពាក់ធំមួយនៅឯក្រុងតូក្យូ បានឱ្យដឹងថា នាងសង្ឃឹមថា រាជរដ្ឋាភិបាលជប៉ុន អាចនឹងធ្វើសកម្មភាពដើម្បីជួយសម្រួលដល់ពលរដ្ឋចិនដែលកំពុងរស់នៅទីនោះ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • ជនជាតិតៃវ៉ាន់ 56នាក់បានស្លាប់ ដោយសារមេរោគផ្ដាសាយបក្សី

    ជនជាតិតៃវ៉ាន់ 56នាក់បានស្លាប់ ដោយសារមេរោគផ្ដាសាយបក្សី

    យ៉ាងហោចណាស់ ក៏មានជនជាតិតៃវ៉ាន់ 56នាក់ដែរ ដែលបានបាត់បង់ជីវិតដោយសារបានឆ្លងមេរោគផ្ដាសាយបក្សី H1N1 ក្នុងរយៈពេល 3ខែកន្លងមកនេះ ប៉ុន្តែមិនទាន់មានអ្នកណាម្នាក់ស្លាប់ដោយសារមេរោគកូរ៉ូណានៅឡើយ។

    មន្ត្រីនៃមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះអាសន្នរោគតៃវ៉ាន់ (CDC) កាលពីថ្ងៃទី3 កុម្ភៈ បានឱ្យដឹងថា H1N1 ឬហៅថា មេរោគផ្ដាសាយបក្សី គឺជាប្រភេទវីរុសដែលកើតច្រើនក្នុងរដូវត្រជាក់នៅលើកោះតៃវ៉ាន់ រយៈពេល 3ខែចុងក្រោយនេះ។ កំណត់ត្រារបស់ CDC បានបង្ហាញថា មានអ្នកឆ្លងមេរោគផ្ដាសាយបក្សី H1N1 ចំនួន 771នាក់ ដែលមានអាការធ្ងន់ធ្ងរ ចាប់តាំងពីថ្ងៃទី1តុលា ឆ្នាំកន្លង ក្នុងនោះមានអ្នកជំងឺ 56នាក់បានស្លាប់។

    CDC ក្នុងសប្ដាហ៍នេះ បានផ្អាកការប្រកាសអំពីចំនួនអ្នកស្លាប់ដោយសារមេរោគផ្ដាសាយបក្សី ប៉ុន្តែសារព័ត៌មាន​ក្នុងស្រុកបានឱ្យដឹងថា យ៉ាងហោចណាស់ក៏មានអ្នកស្លាប់បន្ថែមចំនួន 13នាក់ទៀតដែរ ដែលអ្នកជំងឺទាំងនេះ មានអាយុចាប់ពី 47-97ឆ្នាំ ក្នុងនោះមានទាំងលោកយាយអាយុ 80ឆ្នាំផងដែរ។

    វេជ្ជបណ្ឌិត Lin Yung-ching មកពី CDC បានប្រាប់ថា អ្នកដែលបានស្លាប់ ភាគច្រើនដោយសារផលប៉ះពាល់ខ្លាំងទៅលើសួត និងផ្លូវដង្ហើម។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន SCMP។

    ជំងឺផ្ដាសាយបក្សីតាមរដូវ គឺជាការគំរាមកំហែងដល់កោះតៃវ៉ាន់ ដែលវាធ្ងន់ធ្ងរជាងមេរោគ Corona (nCoV) ដែលកំពុងរាតត្បាតពិភពលោកទៅទៀត ចាប់ពីខែធ្នូ ឆ្នាំ2019 មកនេះ។ កោះតៃវ៉ាន់ បច្ចុប្បន្ន មានអ្នកផ្ទុកមេរោគ nCoV ចំនួន10នាក់ ប៉ុន្តែមិនទាន់មានអ្នកជំងឺណាម្នាក់បានបាត់បង់ជីវិតនៅឡើយ។

    ពលរដ្ឋ​តៃវ៉ាន់ នៅ​ក្រុង​តៃប៉ី

    គួររំឭកថា កាលពីថ្ងៃទី2កុម្ភៈ ប្រទេសចិនក៏បានប្រកាសអំពីការរកឃើញសម្បុកមេរោគផ្ដាសាយបក្សី H5N1 នៅក្នុងកសិដ្ឋានមួយ នៅក្រុង Shaoyang នៃខេត្ត Hunan ដែលបានធ្វើឱ្យមាន់ 4,500ក្បាលត្រូវងាប់។ H5N1 គឺជាវីរុសផ្ដាសាយបក្សីដែលអាចឆ្លងរាលដាលយ៉ាងឆាប់រហ័ស ក្នុងនោះមានប្រភេទខ្លះអាចឆ្លងមកមនុស្ស។ មន្ត្រីជំនាញនៅ Shaoyang បានប្រើប្រាស់វិធីទប់ស្កាត់មួយចំនួន ក្នុងនោះបានដុតកម្ទេចមាន់ចំនួន 17,828ក្បាលផងដែរ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • ចំនួន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា កើនដល់ 492នាក់ ខណៈ​អ្នក​ជំងឺ​ជាង 2,500នាក់​ ស្ថិត​ក្នុង​ស្ថាន​ភាព​ធ្ងន់ធ្ងរ

    ចំនួន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា កើនដល់ 492នាក់ ខណៈ​អ្នក​ជំងឺ​ជាង 2,500នាក់​ ស្ថិត​ក្នុង​ស្ថាន​ភាព​ធ្ងន់ធ្ងរ

    គិត​មក​ដល់​ព្រឹក​នេះ (5កុម្ភៈ) ចំនួន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា កើនដល់ 492​នាក់ ក្នុង​​នោះ​ 490​នាក់​​នៅ​ចិន​ដី​គោក ចំណែក​​អ្នក​ដែល​​កំពុង​ផ្ទុក​មេរោគ​នេះ កើន​ឡើង​ដល់ 24,551​នាក់។

    គណៈកម្ម​ការ​សុខាភិបាល​ខេត្ត Hubei ថ្ងៃ​នេះ បាន​បញ្ជាក់ថា មាន​អ្នក​ស្លាប់​ថ្មី​ចំនួន 65នាក់​ ដែល​នេះ​បាន​ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​សរុប​ក្នុង​​ខេត្ត​នេះ​ ឡើង​ដល់ 479នាក់​។ ខេត្ត​ Hebei ក៏​បាន​រក​ឃើញ​អ្នក​ជំងឺ​ថ្មី​ចំនួន 3,156នាក់​ផងដែរ​ ធ្វើ​ឱ្យ​ចំនួន​អ្នក​មាន​ផ្ទុក​មេរោគ​សរុប​ដល់​ទៅ 16,678នាក់​។ ក្នុង​ចំណោម​អ្នក​កំពុង​មាន​ផ្ទុក​មេរោគ​កូរ៉ូណា មាន​អ្នក​ជំងឺ​ជាង 2,500នាក់​ កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​ធ្ងន់ធ្ងរ និង​ធ្ងន់​ធ្ងរ​បំផុត​។

    យោង​តាម​គណៈកម្ម​ការ​សុខាភិបាល​ចិន ចំនួន​អ្នក​មាន​ផ្ទុក​មេរោគ​រលាក​សួត​កើន​បន្ថែម 3,887 នាក់ ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​សរុប​ឡើង​ដល់ 24,324នាក់៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • ចិនលេងមែនទែន! តុលាការជាន់ខ្ពស់មណ្ឌល ហ៊ើយ លង់ចៀង៖ អ្នកដែលមានចេតនាចម្លងមេរោគវីរុស អាចនឹងទទួលទោសដល់ថ្នាក់ប្រហារជីវិត…

    ចិនលេងមែនទែន! តុលាការជាន់ខ្ពស់មណ្ឌល ហ៊ើយ លង់ចៀង៖ អ្នកដែលមានចេតនាចម្លងមេរោគវីរុស អាចនឹងទទួលទោសដល់ថ្នាក់ប្រហារជីវិត…

    រដ្ឋបាលចិនបានចេញបញ្ជាឱ្យប្រើវិធានការជាច្រើនយ៉ាងដើម្បីព្យាយាមទប់ស្កាត់មេរោគវីរុសកូរ៉ូណា(Corona) ​ដែល​កំពុង​រាត​ត្បាត​ពិភព​លោក រួមទាំងការបិទមណ្ឌលហ៊ូពេយភាគកណ្ដាលទាំងស្រុង កន្លែងដែលមេរោគវីរុសបានបង្ហាញខ្លួនលើកដំបូងកាលពីខែធ្នូ និងសូមឱ្យគ្រប់គ្នាដែលធ្លាប់បានទៅទីនោះសម្ងំនៅម្នាក់ឯងរយៈពេល 14ថ្ងៃ។

    ចំនួនអ្នកស្លាប់នៅប្រទេសចិនដែលបណ្ដាលមកពីមេរោគវីរុសប្រភេទថ្មីនេះបានកើនឡើងដល់ 425នាក់ និងមានអ្នកឆ្លងមេរោគហើយជាង 20,000នាក់។

    បើតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន ស៊ីនហួ នៅថ្ងៃអង្គារនេះ បានឱ្យដឹងថា អង្គភាពសុវត្ថិភាពសាធារណៈនៅក្នុងមណ្ឌលធៀនជិនភាគខាងជើង បានចាប់ឃាត់ខ្លួនស្ត្រីម្នាក់ពីបទ “មានចេតនាលាក់បាំង” ថា ធ្លាប់ប៉ះពាល់ជិតដិតជាមួយអ្នកមកពីតំបន់ដែលឆ្លងរាលដាលរបស់មេរោគវីរុសកូរ៉ូណា និងរារាំងការព្យាយាមទប់ស្កាត់ការឆ្លងរាលដាលមេរោគ។

    ស្ត្រីសែលីវ​ វ័យ 36ឆ្នាំម្នាក់នេះ បានរារាំងការធ្វើការការពារ និងគ្រប់គ្រងវីរុសតាមរយៈទង្វើរបស់គាត់ ហើយមន្ត្រីនៃអង្គភាពខាងលើ បាននាំខ្លួនស្ត្រីម្នាក់នោះចូលទៅឃុំឃាំងការប្រព្រឹត្ត។

    ទីភ្នាក់ងារព័ត៌មានខាងលើ មិនបានរាយការណ៍លម្អិតពាក់ព័ន្ធនឹងអ្វីដែលស្ត្រីម្នាក់នោះបានធ្វើ ឬក៏បានប្រាប់ថា គាត់នឹងបានទទួលឥស្សរភាពវិញដែរឬទេ និងនៅពេលណាឡើយ។

    នៅក្នុងតំបន់ខ្លះ រដ្ឋបាលចិនបានគំរាមថា នឹងដាក់ទោសយ៉ាងធ្ងន់ធ្ងរចំពោះអ្នកណាក៏ដោយដែលល្មើសច្បាប់ពាក់ព័ន្ធនឹងការព្យាយាមតស៊ូជាមួយមេរោគវីរុសមរណៈនេះ។

    តុលាការជាន់ខ្ពស់នៃមណ្ឌល ហ៊ើយ លង់ចៀង ខាងភាគអាគ្នេយ៍ប្រទេសចិន បានបញ្ជាក់ច្បាស់ថា អ្នកដែលមានចេតនាចម្លងមេរោគវីរុស អាចនឹងទទួលទោសដល់ថ្នាក់ប្រហារជីវិត។ នេះបើយោងតាមសេចក្ដីប្រកាសរបស់តុលាការមួយនេះ កាលពីថ្ងៃទី31 មករា។

    ក្រុមប៉ូលិសនៅក្នុងមណ្ឌល ឈីងហៃ ក្នុងភាគអាគ្នេយ៍ប្រទេសចិនដូចគ្នា កំពុងសើបសួរបុរសអ្នកឆ្លងមេរោគវីរុសម្នាក់ ដែល “រារាំងការទប់ស្កាត់មេរោគវីរុសយ៉ាងខ្លាំងក្លា និងបង្កគ្រោះអន្តរាយដល់ប្រព័ន្ធសធារណៈសុខាភិបាល”។ នេះបើតាម សារព័ត៌មាន ស៊ីនហួ ដោយមិនបានអធិប្បាយបន្ថែម៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • អ្នកដែលជាពីជំងឺរលាកសួត Corona អាចនឹងឆ្លងមេរោគនេះសាជាថ្មី?

    អ្នកដែលជាពីជំងឺរលាកសួត Corona អាចនឹងឆ្លងមេរោគនេះសាជាថ្មី?

    អ្នកវិទ្យាសាស្ត្រនៃគណៈកម្មការសុខាភិបាលជាតិនៃប្រទេសចិន កាលពីថ្ងៃទី31មករា បានព្រមានថា អ្នកជំងឺរលាកសួត nCoV (Corona) ដែលបានជាសះស្បើយពីជំងឺនេះហើយ នៅតែអាចឆ្លងវីរុសនេះជាថ្មីម្ដងទៀតបានជានិច្ច។

    Zhan Qungyuan ប្រធានផ្នែកទប់ស្កាត់ និងព្យាបាលជំងឺរលាកសួតនៃមន្ទីរពេទ្យមិត្តភាពចិន-ជប៉ុន ដែលជាអ្នកដឹកនាំក្រុមជំនាញផ្នែក nCoV បានព្រមានថា សូម្បីតែអ្នកដែលបានជាសះស្បើយពីជំងឺនេះហើយ ក៏នៅតែអាចឆ្លងសាជាថ្មីម្ដងទៀតបានដែរ។ ថ្វីបើរាងកាយរបស់ពួកគេអាចបង្កើតអង្គបដិប្រាណ (antibody)បានមែន ប៉ុន្តែសម្រាប់អ្នកខ្លះ អង្គបដិប្រាណនេះមិនអាចគង់នៅបានយូរអង្វែងទេ។

    លោក Zhan Qungyuan បានណែនាំឱ្យអ្នកដែលបានជាសះស្បើយពីជំងឺអាសន្នរោគនេះ លើកកម្ពស់ការការពារការឆ្លងមេរោគ ថែរក្សាសុខភាព និងចៀសវាងអាកាសធាតុត្រជាក់ខ្លាំង ឬរោគផ្ដាសាយ។ អ្នកវេជ្ជសាស្ត្រចិនរូបនេះ ក៏បានស្នើឱ្យអ្នកជំងឺដែលបានជាសះស្បើយហើយ ត្រូវពិនិត្យសុខភាពតាមការកំណត់របស់គ្រូពេទ្យ។

    អម្បូរមេរោគ Corona គឺរួមទាំងវីរុសបង្កើតជំងឺផ្ដាសាយធម្មតា អាសន្នរោគ SARS និង MERS ។ ភាគច្រើននៃវីរុស Corona អាចបង្កជំងឺរលាកផ្លូវដង្ហើមផ្នែកខាងលើ ចាប់ពីស្រាល ដល់មធ្យម និងឆ្លងពីសត្វមកមនុស្ស។ នៅពេលមេរោគបានចូលក្នុងរាងកាយមនុស្ស វានឹងរកវិធីតោងទាម និងរុកចូលក្នុងកោសិកានៃរាងកាយមនុស្ស។ ដើម្បីទប់ទល់នឹងមេរោគនេះ ប្រព័ន្ធការពាររាងកាយរបស់មនុស្សនឹងបង្កើតអង្គបដិប្រាណ ដែលជាប្រូតិអ៊ីនមួយប្រភេទអាចកំណត់អត្តសញ្ញាណមេរោគ រួចបណ្ដេញវាចេញពីរាងកាយ។ នេះជាវិធីដែលជួយឱ្យមនុស្សមិនឆ្លងមេរោគមួយចំនួនដែលពួកគេធ្លាប់បានឆ្លងរួចមកហើយ។ វ៉ាក់សាំងក៏ជាវិធីសាស្ត្រមួយផ្សេងទៀតដើម្បីជួយចម្រើនអង្គបដិប្រាណនេះដែរ។

    Amira Roess សាស្ត្រាចារ្យផ្នែកសុខាភិបាល និងអាសន្នរោគ នៃសាកលវិទ្យាល័យ George Mason បាននិយាយថា៖ “ចំពោះជំងឺឆ្លងមួយចំនួន រាងកាយមនុស្សអាចបង្កើតប្រព័ន្ធអង្គបដិប្រាណដើម្បីទប់ស្កាត់មេរោគជាក់លាក់ណាមួយ ក្រោយពីបានឆ្លងមេរោគ។ ជាធម្មតា អ្នកដែលបានឆ្លងមេរោគម្ដងហើយ នឹងមិនឆ្លងម្ដងទៀតទេ បើទោះពួកគេបានប៉ះពាល់មេរោគនោះក៏ដោយ។ ក្នុងករណីអម្បូរមេរោគ Corona ថ្មី (nCoV) អ្នកវិទ្យាសាស្ត្រកំពុងតែស្វែងរកចម្លើយ ដើម្បីដោះស្រាយបញ្ហានេះ”។

    ក្រុមគ្រូពេទ្យ និងអ្នកមេរោគវិទ្យា មិនទាន់ដឹងច្បាស់នៅឡើយអំពី nCoV ដើម្បីប្រាកដថា តើរាងកាយមនុស្សអាចបង្កើតអង្គបដិប្រាណបានគ្រប់គ្រាន់ដែរឬទេ បន្ទាប់ពីបានឆ្លងមេរោគដ៏សាហាវនេះ?។ លោក Zhan Qungyuan បន្តថា ក្រុមអ្នកវិទ្យាសាស្រមិនទាន់ប្រាកដថា អង្គបដិប្រាណដែលរាងកាយមនុស្សផលិតនោះ អាចការពារពួកគេពីការឆ្លងមេរោគម្ដងទៀតឬយ៉ាងណានៅឡើយ?។ មេរោគ Corona ថ្មី ប្រភេទ nCoV ក៏អាចរីកចម្រើន និងប្រែកាយយ៉ាងលឿនដែរ ដូច្នេះអង្គបដិប្រាណដែលអាចទប់ស្កាត់មេរោគប្រភេទនេះ ក៏មិនអាចធានាបានថា អាចទប់ស្កាត់មេរោគប្រភេទផ្សេងបានដែរ។

    អង្គការសុខភាពពិភពលោក WHO បានប្រកាសភាពអាសន្នចំពោះមេរោគរាតត្បាត Corona ប្រភេទថ្មី (nCoV) នេះកាលពីថ្ងៃទី 30មករាកន្លងទៅ។ គិតមកដល់ថ្ងៃទី 4មករានេះ ចំនួនអ្នកស្លាប់ដោយសារអាសន្នរោគនេះបានកើនដល់ 427នាក់ និងអ្នកបានឆ្លងមេរោគនេះ កើនដល់ 20,622នាក់៕

    ប្រភព៖ សារព័ត៌មានបរទេស