Category: សុខភាព

  • លោកវេជ្ជបណ្ឌិត លី អ្នកប្រកាសអាសន្នពីវីរុសកូរ៉ូណាដំបូងគេ បានស្លាប់ហើយ ដោយសារមេរោគវីរុសកូរ៉ូណា

    លោកវេជ្ជបណ្ឌិត លី អ្នកប្រកាសអាសន្នពីវីរុសកូរ៉ូណាដំបូងគេ បានស្លាប់ហើយ ដោយសារមេរោគវីរុសកូរ៉ូណា

    Global Times ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ចិន បានរាយការណ៍កាលពីថ្ងៃទី6 កុម្ភៈម្សិលមិញថា លោកវេជ្ជបណ្ឌិតលី វឹនលៀង អាយុ 34ឆ្នាំ ដែលឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មី និងធ្លាក់ខ្លួនឈឺធ្ងន់នោះ បានស្លាប់បាត់បង់ជីវិតហើយកាលពីព្រលប់ថ្ងៃព្រហស្បតិ៍ ទី6 កុម្ភៈ។

    លោកវេជ្ជបណ្ឌិត លី វឹនលៀង ជាមន្ត្រីម្នាក់ក្នុងចំណោមមន្ត្រីពេទ្យ 8នាក់ដែលត្រូវមន្ត្រីនគរបាលក្នុងតំបន់រិះគន់ថា បានផ្សព្វផ្សាយព័ត៌មានចចាមអារ៉ាមម ក្រោយពីពួកគាត់បានក្លាយជាអ្នកផ្សព្វផ្សាយដំណឹង និងព្យាយាមប្រាប់ទៅគ្រូពេទ្យដទៃទៀតអំពីការឆ្លងរាលដាលនៃមេរោគវីរុសកូរ៉ូណាប្រភេទថ្មី តាំងពីចុងខែធ្នូ ឆ្នាំកន្លងទៅ មុនពេលដែលខ្លួនឯងបានឆ្លងមេរោគនេះ និងធ្លាក់ខ្លួនឈឺកាលពីចុងខែមករាកន្លងទៅ។

    កាលពីពេលមុននេះ សារព័ត៌មានចិនបានរាយការណ៍នៅថ្ងៃទី30 ធ្នូ ឆ្នាំទៅថា លោកវេជ្ជបណ្ឌិត លី បានផ្ញើដំណឹងទៅមិត្តរួមការងារពាក់ព័ន្ធនឹងស្ថានការណ៍ការឆ្លងរាលដាលនៃមេរោគនៅក្នុងផ្សារលក់អាហារសមុទ្រស្រស់ក្នុងទីក្រុងវូហាន ដោយសារតែគាត់បានឃើញលទ្ធផលនៃការពិសោធរបស់អ្នកជំងឺជាច្រើននៅពេលនោះ ដែលគាត់ជឿជាក់ថា ជាមេរោគវីរុសមួយដែលស្រដៀងនឹងមេរោគសារស៍។ គាត់ក៏បញ្ជូនដំណឹងទៅដាស់តឿនមិត្តរួមការងារ ដើម្បីឱ្យពួកគេយកចិត្តទុកដាក់ក្នុងការការពារ។

    មិនយូរប៉ុន្មាន បន្ទាប់ពីនោះ គាត់ក៏បានទទួលការព្រមានពីស្នងការដ្ឋានប៉ូលិសក្នុងតំបន់ ដែលបានចោទប្រកាន់គាត់ថា “បានផូស្តរឿងកុហកតាមប្រព័ន្ធបណ្ដាញសង្គម”។ ការិយាល័យសន្តិសុខសាធារណៈ បានកោះហៅរូបគាត់ និងសុំឱ្យគាត់ចុះហត្ថលេខាទទួលយកការព្រមាន និងបានព្រមានគាត់យ៉ាងធ្ងន់ធ្ងរថា គាត់នឹងត្រូវទទួលទោសតាមច្បាប់ បើគាត់មិនប្រតិបត្តិតាមការណែនាំរបស់រដ្ឋបាលក្នុងតំបន់វូហាននេះ។

    លោកវេជ្ជបណ្ឌិត លី វឹនលៀង បានតវ៉ាថា “សង្គមដែលរឹងមាំ មិនគួរមានសំឡេងតែមួយ”។

    លោកវេជ្ជបណ្ឌិតលី វឹនលៀង ជាមនុស្សម្នាក់ ក្នុងចំណោម 8នាក់ ដែលជា “អ្នកធ្វើខុស” ក្នុងបទចោទថា បាន “បង្កើត និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ក្នុង​សង្គម”។

    រហូតដល់ថ្ងៃទី1 កុម្ភៈកន្លងទៅ លោកវេជ្ជបណ្ឌិត លី វឹនលៀង បានសម្រេចចិត្តប្រកាសលទ្ធផលរបស់ខ្លួនដែលបានឆ្លងមេរោគវីរុសកូរ៉ូណា ព្រមជាមួយលទ្ធផលបញ្ជាក់ការវិនិច្ឆ័យថា គាត់កំពុងតែឈឺធ្ងន់ និងកំពុងតែទ្រាំទ្រយ៉ាងលំបាកជាមួយជំងឺរលាកសួតដោយមេរោគវីរុស និងបាននិយាយថា “បើសិនជាខ្ញុំជាសះស្បើយ ខ្ញុំក៏នឹងនៅតែត្រឡប់ទៅសមរភូមិមុខ ប្រយុទ្ធនឹងមេរោគដែលនៅតែរាតត្បាតនោះតទៅទៀត ខ្ញុំនឹងមិនក្លាយជាទាហានដែលរត់ចោលជួរជាដាច់ខាត”។

    លោកវេជ្ជបណ្ឌិត លី វឹនលៀង បានស្លាប់កាលពីពេលព្រលប់ នៃថ្ងៃព្រហស្បតិ៍ ទី6 កុម្ភៈ(ម្សិលមិញ) ក្រោយពីបានតស៊ូជាមួយអំឡុងពេលវិបត្តិរបស់ជំងឺអស់រយៈពេល 5ថ្ងៃ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • កិច្ច​ប្រជុំ​មួយនៅ​សិង្ហបុរី​ ត្រូវ​គេ​សង្ស័យ​ថា បាន​ធ្វើ​ឱ្យ​មេរោគ​កូរ៉ូណា ឆ្លង​រាល​ដាល​ទៅ​ប្រទេស​ជា​ច្រើន​​ក្នុង​ពិភព​លោក​

    កិច្ច​ប្រជុំ​មួយនៅ​សិង្ហបុរី​ ត្រូវ​គេ​សង្ស័យ​ថា បាន​ធ្វើ​ឱ្យ​មេរោគ​កូរ៉ូណា ឆ្លង​រាល​ដាល​ទៅ​ប្រទេស​ជា​ច្រើន​​ក្នុង​ពិភព​លោក​

    យ៉ាង​ហោច​ណាស់​មាន​ជន​ជាតិ​កូរ៉េ​ខាង​ត្បូង និង​ម៉ាឡេស៊ី 3នាក់ បាន​ឆ្លង​មេរោគ​​កូរ៉ូណាប្រភេទ​ថ្មី nCoV បន្ទាប់​ពី​បាន​ត្រឡប់​មក​ពី​ចូល​រួម​កិច្ច​ប្រជុំ​មួយ​នៅ​សិង្ហ​បុរី ដែល​នេះ​នាំ​ឱ្យ​ WHO ចាប់​ផ្ដើម​ធ្វើការ​ស្រាវ​ជ្រាវ​។

    អង្គការ​សុខ​ភាព​ពិភព​លោក (WHO) កំពុង​​សហការជា​​មួយ​ស្ថាប័ន​សុខា​ភិបាល​នៃ​បណ្ដា​ប្រទេស​ដើម្បី​ស្រាវជ្រាវ​ទៅ​លើ​កិច្ច​ប្រជុំ​​​របស់​ក្រុម​ហ៊ុន​ពហុ​ជាតិ​​មួយ​ដែល​បាន​ធ្វើ​ឡើង​នៅ​សិង្ហបុរី កាល​ពី​ខែ​មករា​ ឆ្នាំ​2020។ កិច្ច​ប្រជុំ​នេះ​​ត្រូវ​គេ​សង្ស័យ​ថា បាន​ធ្វើ​ឱ្យ​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី (nCoV) ឆ្លង​រាល​ដាល​ទៅ​ប្រទេស​ជា​ច្រើន​ក្នុង​ពិភពលោកតាម​រយៈ​អ្នក​ដែល​បាន​ចូល​រួម​កិច្ច​ប្រជុំ​នោះ។

    កិច្ច​ប្រជុំ​ខាង​លើ​ ត្រូវ​ក្រុមហ៊ុន​​មួយ​នោះ​ រៀប​ចំ​ឡើង​នៅ​ក្នុង​សណ្ឋា​គារ​ Grand Hayatt ចាប់​ពី​ថ្ងៃ​ទី​20 ដល់ 22មករា ឆ្នាំ​2020 ដោយ​មាន​ការ​ចូល​រួម​របស់​បុគ្គលិក​ 94នាក់ មក​ពី​បណ្ដា​ប្រទេស​ផ្សេង​ៗ និង​បុគ្គលិក​ជន​ជាតិ​សិង្ហបុរី​ 15​នាក់​ផងដែ​រ។ បន្ទាប់​ពី​ម៉ាឡេស៊ី និង​កូរ៉េខាង​ត្បូង​បាន​បញ្ជាក់​ថា បុគ្គលិក​3នាក់​នៃ​ក្រុម​ហ៊ុន​នោះ​ មាន​ផ្ទុក​មេរោគកូរ៉ូណា (nCoV) ក្រោយ​ពី​ត្រឡប់​មក​ពី​ចូល​រួម​កិច្ច​ប្រជុំ ក្រសួងសុខា​ភិបាល​សិង្ហ​បុរីក៏​បាន​បង្ហើប​ឱ្យ​ដឹង​ថា ជនជាតិ​សិង្ហ​បុរី​4នាក់​ដែល​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នោះដែរ បានចាប់​ផ្ដើម​មាន​រោគ​សញ្ញា​នៃ​ជំងឺ​រលាក​សួត​​ថ្មី nCoV។

    មន្ត្រី​សិង្ហបុរី មិន​បាន​បង្ហើប​ឱ្យ​ដឹង​អំពី​ឈ្មោះ​ក្រុម​ហ៊ុន​ ឬ​វិស័យ​ដែល​ក្រុម​ហ៊ុន​បាន​បើក​កិច្ច​ប្រជុំ​នោះ​កំពុង​រក​ស៊ី​នោះ​ទេ​។

    អ្នកនាំ​ពាក្យ​ WHO លោក Olivia Lawe-Davies បាន​ឱ្យ​ដឹង​ថា ៖ “នៅ​ពេល​ដែល​បណ្ដា​ប្រទេសទាំង​អស់​ នាំ​គ្នា​រឹត​បន្តឹង​វិធាន​ការ​គ្រប់​គ្រង​អាសន្ន​រោគ​ ករណី​ឆ្លង​ក្នុង​សហ​គមន៍​អាច​នឹង​ត្រូវ​​រក​ឃើញ​ច្រើន​​ក្នុង​ពេល​ខាង​មុខ​”។

    ក្រុម​មន្ត្រី​សុខា​ភិបាល​ម៉ាឡេស៊ី​ បាន​ឱ្យ​ដឹង​ថា កិច្ច​ប្រជុំ​ខាង​លើ​នោះ ក៏​មាន​ការ​ចូល​រួម​ពី​បុគ្គលិកជា​ច្រើន​នាក់​មក​ពី​​ប្រទេស​ចិន​ ក្នុង​នោះ​មាន​ម្នាក់​មក​ពី​ក្រុង​ Wuhan ដែល​ជា​សម្បុក​មេរោគ​រលាកសួត​​កូរ៉ូណា​ប្រទេស nCoV ដែល​បាន​ផ្ទុះ​ឆ្លងរាល​ដាល​​ចាប់​ពី​ខែ​ធ្នូ ឆ្នាំ2019 ហើយ​បច្ចុប្បន្ន មេរោគ​នេះ​បាន​សម្លាប់​មនុស្សចំនួន​ 638នាក់ នៅ​ទូទាំង​ពិភព​លោក។

    ម៉ាឡេស៊ី បាន​ដឹង​អំពីករណី​នេះ បន្ទាប់​ពី​ពួកគេ​បាន​រក​ឃើញ​ពលរដ្ឋ​ម៉ាឡេ​ស៊ី​ម្នាក់ ​អាយុ 41ឆ្នាំ បាន​ឆ្លង​មេរោគកូរ៉ូណា​ nCoV ក្រោយ​ពីបាន​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​មួយ​ ជា​មួយ​នឹង​មិត្ត​រួម​ការ​ងារ​ជា​ជន​ជាតិ​ចិន​ច្រើន​នាក់ផ្សេង​ទៀត។

    ប្រទេស​កូរ៉េខាង​ត្បូង​វិញ បាន​បញ្ជាក់​ថា​ ពល​រដ្ឋ​របស់​ខ្លួន​2រូប​ដែល​បាន​ឆ្លង​មេរោគ​ nCoV ក៏​ធ្លាប់​បាន​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​មួយ​នោះ​ដែរ។ យោង​តាម​សារ​ព័ត៌មាន​កូរ៉េ​ខាង​ត្បូង អ្នកដែល​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នោះ បាន​ទទួល​ទាន​អាហារ​​ជា​មួយ​គ្នា​ផងដែរ​។

    ពលរដ្ឋ​សិង្ហបុរី​4នាក់​ដែល​​មាន​រោគ​សញ្ញា​រលាក​សួត​កូរ៉ូណា​ ក្រោយ​​ពី​​ត្រឡប់​មក​ពី​កិច្ច​ប្រជុំ​នោះ​ បាន​ត្រូវ​បញ្ជូន​ទៅ​កាន់​​មជ្ឈមណ្ឌល​ជំងឺឆ្លង​ជាតិ នេះ​បើ​តាម​ក្រសួង​សុខា​ភិបាល​សិង្ហបុរី។ ក្រសួង​នេះ​បន្ថែម​ថា ជន​ជាតិ​បរទេស​ទាំង​អស់​ដែល​បាន​មក​ចូល​រួម​កិច្ច​ប្រជុំ​នោះ​ បាន​ចាក​ចេញ​ពី​សិង្ហ​បុរី​​ទៅ​ហើយ​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • បេះដូងឪពុក…មន្ត្រីចិនម្នាក់លាកូនស្រីទើបនឹងកើត មុនធ្វើដំណើរទៅតតាំងសង្គ្រាមមេរោគនៅ “វូហាន”

    បេះដូងឪពុក…មន្ត្រីចិនម្នាក់លាកូនស្រីទើបនឹងកើត មុនធ្វើដំណើរទៅតតាំងសង្គ្រាមមេរោគនៅ “វូហាន”

    នៅថ្ងៃទី7 កុម្ភៈនេះ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួ បានចុះផ្សាយរឿងរ៉ាវដ៏សែនរំជួលចិត្ត នៅពេលដែលកូនស្រីរបស់លោក ហាវ ធៀនតាន់ សមាជិកម្នាក់ក្នុងក្រុមគ្រូពេទ្យឈុតទី3 នៃមណ្ឌលសានស៊ី ដែលបានធ្វើដំណើរឆ្ពោះទៅមណ្ឌលហ៊ូពេយកាលពីថ្ងៃពុធ ទី5 ដើម្បីទៅរួមអន្តរាគមន៍ក្នុងភារកិច្ចតស៊ូជាមួយមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ទើបតែប្រសូតចេញមកបើកភ្នែកមើលពិភពលោកបានត្រឹមតែ 2ថ្ងៃប៉ុណ្ណោះ។

    ចាង សៃហុង ភរិយារបស់ ហាវ ធៀនតាន់ ក៏ជាមន្ត្រីម្នាក់ក្នុងក្រុមមន្ត្រីពេទ្យដូចគ្នាដែរ ទោះជានាងកំពុងស្ថិតក្នុងអំឡុងពេលសម្រាកស្ដារកម្លាំងក្រោយពេលឆ្លងទន្លេក្ដី តែក៏នាងនៅតែនិយាយយ៉ាងម៉ឺងម៉ាត់ថា “បងទៅចុះ…មិនបាច់បារម្ភទេ…នៅផ្ទះយើងនៅមានអូនម្នាក់ទៀតដែរ…”

    ហាវ បានពោលពាក្យលាភរិយា និងកូនស្រីអាយុ 2ថ្ងៃរបស់គេ និងបើទោះជានៅស្ទាក់ស្ទើរដែលចាំបាច់ត្រូវតែបែកពីកូន និងភរិយាជាទីស្រឡាញ់ក៏ដោយ តែក៏រូបគេជឿជាក់ថា កូនស្រីរបស់គេនឹងមានមោទនភាពខ្លាំងណាស់ចំពោះរូបគេ នៅពេលដែលនាងធំធាត់ឡើង…។

    ប្រភព៖ សារព័ត៌មានបរទេស

  • តើអ្នកដឹងទេ សំឡេងកូរពោះកើតឡើងដោយសារអ្វី?

    តើអ្នកដឹងទេ សំឡេងកូរពោះកើតឡើងដោយសារអ្វី?

    មនុស្សជាច្រើនប្រហែលជាឆ្លើយថា ដោយសារឃ្លាន និងលាន់ចេញមកពីក្រពះយ៉ាងពិតប្រាកដ  តែការពិតវិញ មិនត្រឹមត្រូវទាំងអស់ទេ  ព្រោះពេលមិនឃ្លានក៏កើតអាការកូរពោះបានដែរ  ដូច្នេះតើមានយន្តការអ្វីនៅក្នុងរាងកាយទៅ ទើប​ធ្វើឱ្យកើតសំឡេងកូរពោះនេះឡើង ហើយសំឡេងកូរពោះនេះវាលាន់ចេញមកពីផ្នែកណាមួយរបស់រាងកាយ?។

    មូលហេតុដែលធ្វើឱ្យកើតសំឡេងកូរពោះដោយសារតែ ៖
    ក្រពះនឹងបំពេញតួនាទីរំលាយអាហារ និងបញ្ជូនចូលឆ្ពោះទៅរកពោះវៀនតូច  ហើយសាច់ដុំរបស់ក្រពះ និងពោះវៀន​តូច បើដឹងថា គ្មានអាហារវានឹងបង្រួញខ្លួន ធ្វើឱ្យកើតអាការញ័រ និងមានសំឡេងលាន់ឮឡើង។ ការរួញសាច់ដុំដែលបណ្តាល​មកពីភាព​ឃ្លាន អាចនឹងយូរដល់ទៅ 10 – 20នាទីក្នុងអំឡុងពេលដំបូង និងបន្ទាប់ពីនោះមក វានឹងបង្រួញខ្លួនជាចង្វាក់ៗ ​រៀង​រាល់ 1 – 2ម៉ោង រហូតទាល់តែមានអាហារចូលក្នុងរាងកាយ។

    មូលហេតុដែលពោះច្រើនតែកូរនៅពេលឃ្លាននោះ ព្រោះតែ ៖
    ខួរក្បាលដែលជាផ្នែកគ្រប់គ្រងអារម្មណ៍ឃ្លានរបស់យើង នឹងចាំចាត់លំដាប់ការធ្វើការងាររបស់ក្រពះ ដោយ​ពិចារណាតាមរយៈសារជាតិអាហារនៅក្នុងឈាម  ដូច្នេះពេលដែលយើងឃ្លាន សារជាតិអាហារនៅក្នុងឈាមមានតិច ប្រព័ន្ធរំលាយអាហារនឹងធ្វើការកាន់តែលឿនឡើង  តែពេលឆ្អែត នៅក្នុងឈាមមានសារជាតិអាហារគ្រប់គ្រាន់ ខួរក្បាល​ក៏​នឹងបញ្ជាឱ្យប្រព័ន្ធរំលាយអាហារធ្វើការយឺតវិញ ទើបមិនសូវកើតមានឮសំឡេង។

    កើតឡើងតែពេលឃ្លានប៉ុណ្ណោះ ឬយ៉ាងណា?
    ទោះជាប្រក្រតី យើងបានឮសំឡេងកូរពោះពេលដែលឃ្លាន និងពោះទទេមែន  តែការពិត វាអាចកើតឡើងបាន​គ្រប់​ពេល​វេលា មិនថាតែពេលក្រពះទំនេរ ឬអត់ក៏ដោយ  ដូចជាពេលញ៉ាំបាយហើយថ្មីៗ សាច់ដុំក្រពះ និងពោះវៀនតូចច្របាច់ខ្លួន ដើម្បីច្របល់អាហារ និងធ្វើការរំលាយ ក៏កើតមានសំឡេងឡើងបានដូចគ្នា។

    ការញ៉ាំទឹកភេសជ្ជៈដែលមានហ្គាស់នៅក្នុងក្រពះក្នុងបរិមាណច្រើន  មានអាស៊ីតនៅក្នុងក្រពះច្រើន ឬកើតភាព​តាន​តឹងធុញថប់ខ្លាំង រហូតហុចផលដល់ការរំលាយអាហារ ឬកើតរោគរលាកពោះវៀន ក៏មានផលប៉ះពាល់ធ្វើឱ្យកើតមានសំឡេងកូរ​ពោះ​ ក្រៅពីពេលឃ្លានបានដែរ៕

     

  • រក​ឃើញ​អ្នក​ផ្ទុកមេរោគ​កូរ៉ូណា​ 41នាក់បន្ថែម​ទៀត​ នៅ​លើ​កប៉ាល់​ទេស​ចរណ៍​យក្ស​របស់​ជប៉ុន

    រក​ឃើញ​អ្នក​ផ្ទុកមេរោគ​កូរ៉ូណា​ 41នាក់បន្ថែម​ទៀត​ នៅ​លើ​កប៉ាល់​ទេស​ចរណ៍​យក្ស​របស់​ជប៉ុន

    កប៉ាល់​ទេស​ចរណ៍​យក្ស Diamond Princess ដែល​​តម្រូវ​ឱ្យ​ចូល​ចត​នៅ​ឯ​កំពង់​ផែ Yokohamn បាន​រក​ឃើញ​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​ចំនួន​41នាក់​បន្ថែម​ទៀត ធ្វើ​ឱ្យ​ចំនួន​អ្នក​ជំងឺ​នៅ​លើ​កប៉ាល់​នេះ កើន​ដល់ 61នាក់​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារ​ព័ត៌មាន​ AFP។

    “លទ្ធ​ផល​នៃ​ការ​ពិនិត្យ​រក​មេរោគ​កូរ៉ូណា​នៅ​លើ​ភ្ញៀវ​ទេស​ច​ចំនួន 171នាក់​ បាន​បង្ហាញ​ថា មាន​41នាក់​មាន​ផ្ទុក​មេរោគ​នេះ​។ ថ្ងៃ​នេះ ពួកគេ​នឹង​ត្រូវ​​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ ហើយ​យើង​ខ្ញុំ​កំពុង​រៀប​ចំ​សម្រាប់​កិច្ច​ការ​នេះ​។ ជា​សរុប ក្នុង​ចំណោម​អ្នក​ទេស​ចរ​ 273នាក់​ដែល​បាន​ធ្វើ​តេស្ត យើង​បាន​រក​ឃើញ​61នាក់​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​” នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់​រដ្ឋ​មន្ត្រី​ក្រសួង​សុខា​ភិបាល​ជប៉ុន លោក Katsunobu Kato ដែល​បាន​ចុះ​ផ្សាយ​ដោយ​សារ​ព័ត៌មាន​ Tokyo នៅ​ព្រឹក​នេះ។

    ក្រុម​មន្ត្រី​សុខាភិបាលជប៉ុន​ បាន​ចាប់​ផ្ដើម​ធ្វើ​តេស្តរក​មេរោគ​នៅ​លើ​អ្នក​ដំណើរ​ 3,700នាក់ និង​ក្រុម​​នាវិក​​ទាំង​អស់​នៅ​លើ​កប៉ាល់​ទេសចរណ៍​យក្ស Diamond Princess ដែល​គ្រប់​គ្រង​ដោយ​ក្រុម​ហ៊ុន Carnival Japan​ Inc បន្ទាប់​ពី​មាន​​អ្នក​ដំណើរ​វ័យ​ចំណាស់​ម្នាក់​អាយុ 80ឆ្នាំ មាន​ផ្ទុក​មេរោគ​កូរ៉ូណា nCoV។

    កប៉ាល់​ទេសចរណ៍​យក្ស Diamond Princess មុន​នេះ បាន​រក​ឃើញ​​អ្នក​ដំណើរ​ 20នាក់ ដែល​មាន​ផ្ទុក​មេរោគ​កូរ៉ូណា ហើយ​បាន​នាំ​ពួកគេ​ទៅ​កាន់​មន្ទីរ​ពេទ្យ​នៅ​ក្នុង​ខេត្ត Kanagawa ប្រទេស​ជប៉ុន​។ ក្រៅ​ពី​នេះ ភ្ញៀវ​ទេស​ចរ​ទាំង​អស់ និង​ក្រុម​នាវិក​ ត្រូវ​បាន​គេ​ស្នើ​ឱ្យ​នៅ​ក្នុង​កប៉ាល់​រយៈ​ពេល​យ៉ាង​តិច​ 2សប្ដាហ៍ ដើម្បី​តាម​ដាន​រក​មេរោគ​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • អ្នក​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា​ កើន​ដល់ 638នាក់ ក្នុង​នោះ​ក៏មាន​វេជ្ជបណ្ឌិត​ដែល​បាន​បញ្ចេញ​ព័ត៌មានមុន​គេ​​អំពី​មេរោគ​នេះ​

    អ្នក​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា​ កើន​ដល់ 638នាក់ ក្នុង​នោះ​ក៏មាន​វេជ្ជបណ្ឌិត​ដែល​បាន​បញ្ចេញ​ព័ត៌មានមុន​គេ​​អំពី​មេរោគ​នេះ​

    គិត​មក​ត្រឹម​ព្រឹក​នេះ (7កុម្ភៈ) មាន​អ្នក​ស្លាប់​បន្ថែម​ដល់​ទៅ​ 73នាក់ កើន 12,9% ធៀប​នឹង​ម្សិល​មិញ ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​សរុបទូទាំង​ពិភព​លោក​ ឡើង​ដល់ 638នាក់។

    គណៈកម្មការ​សុខាភិបាល​ខេត្ត Hubei ព្រឹក​នេះ​បាន​បញ្ជាក់ថា​ មាន​ករណី​ស្លាប់បន្ថែម​ដោយ​សារ​មេរោគ​កូរ៉ូណា​​ចំនួន 69នាក់​ ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​សរុប​នៅ​ក្នុង​ខេត្ត​នេះកើន​ដល់ 618នាក់​។

    ផែនទី​បង្ហាញ​ពី​ការ​រីក​រាល​ដាល​នៃ​មេរោគ​រលាក​សួត​ថ្មី Coronavirus 2019-nCoV

    ខេត្ត​ Hubei ក៏​មាន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​ 2,447នាក់​បន្ថែម​ទៀត នាំ​ឱ្យ​ចំនួន​អ្នក​ឆ្លង​រោគ​សរុប​កើន​​ដល់ 22,112នាក់​។

    នៅ​ទូទាំង​ប្រទេស​ចិន គិត​មក​ត្រឹម​ព្រឹក​នេះ ​អ្នក​ស្លាប់​សរុប ឡើង​ដល់ 637នាក់។ អ្នក​ឆ្លង​សរុប​នៅ​ប្រទេស​នេះ ឡើង​ដល់ 31,161នាក់។

    ដូច្នេះ នៅ​ទូទាំង​ពិភពលោក ចំនួន​អ្នក​ស្លាប់​បាន​កើន​ដល់ 638នាក់ រួម​និង​ករណី​ស្លាប់​ម្នាក់​នៅ​ហ្វីលីពីន​។ អ្នក​ដែល​កំពុង​ផ្ទុក​មេរោគ​នេះ មាន​ចំនួន 31.481នាក់ ក្នុង​នោះ​ 4,824នាក់​ កំពុង​ប្រឈម​និង​ហានិភ័យ​បាត់​បង់​ជីវិត​។ ចំណែក​អ្នក​ដែល​បាន​ជា​សះស្បើយ​ មាន​ចំនួន 1,563នាក់។

    លោក​វេជ្ជ​បណ្ឌិត Li Wenliang ដែល​បាន​បញ្ចេញ​ព័ត៌មាន​ដំបូង​ ទាក់​ទិន​នឹង​វីរុស​កូរ៉ូណា ប៉ុន្តែត្រូវ​អាជ្ញា​ធរ​ហៅ​ទៅ​ព្រមាន

    នៅ​ក្នុង​ចំណោម​ករណី​ស្លាប់​ថ្មី​ ក៏​មាន​ឈ្មោះ​លោក​វេជ្ជ​បណ្ឌិត Li Wenliang ដែល​ជា​អ្នក​ធ្លាប់​ត្រូវ​អាជ្ញាធរ​ហៅ​ទៅ​ព្រមាន​និង​ផ្ដិត​មេដៃ​ ដោយ​​ចោទ​ថា បាន​បញ្ចេញ​ព័ត៌មាន​មិន​ពិត​ស្ដី​អំពី​មេរោគ​កូរ៉ូណាដែល​កាល​ណោះ​មិន​ទាន់​មាន​អ្នក​ណា​ដឹង​នៅ​ឡើយ៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • បុគ្គលិក​ពេទ្យ​ 7,000នាក់​ ធ្វើកូដកម្ម​នៅ​ក្រុង​ហុង​កុង ខណៈអាសន្ន​រោគ​កូរ៉ូណារាត​ត្បាត​កាន់​តែ​ខ្លាំង​

    បុគ្គលិក​ពេទ្យ​ 7,000នាក់​ ធ្វើកូដកម្ម​នៅ​ក្រុង​ហុង​កុង ខណៈអាសន្ន​រោគ​កូរ៉ូណារាត​ត្បាត​កាន់​តែ​ខ្លាំង​

    នៅ​ក្រុង​ហុង​កុង បុគ្គលិក​ពេទ្យ​ប្រមាណជា​ 7,000នាក់ បាន​នាំ​គ្នា​ធ្វើកូដកម្ម​ថ្ងៃ​ទីបួន​ដើម្បីប្រឆាំង​ទៅ​នឹង​វិធានការ​ទប់​ទល់​នឹង​អាសន្នរោគ​កូរ៉ូណាដែល​អាជ្ញាធរ​បាន​ និង​កំពុង​ធ្វើ​។

    ចំនួន​អ្នក​ចូល​រួម​ធ្វើ​កូដកម្ម​នេះ​ មាន​ប្រហែល​ 10% នៃ​បុគ្គលិក​ពេទ្យ​នៅ​តំបន់​ស្វយ័ត​ពិសេស​នេះ នាំ​ឱ្យ​ក្រុម​មន្ត្រី​គ្រប់​គ្រងម​ន្ទីរពេទ្យ​រដ្ឋ​នៅ​ហុង​កុង​ ចេញ​សេច​ក្ដី​ជូន​ដំណឹង​ក្នុង​ថ្ងៃ​នេះ​ថា​ ពេល​នេះ​មន្ទីរ​ពេទ្យ​រដ្ឋ បាន​ត្រឹម​តែ​ផ្ដល់​សេវា​កម្ម​​ចាំ​បាច់​​ប៉ុណ្ណោះ។

    ក្រុម​មន្ត្រី​ខាង​លើ​បាន​អំពាវ​នាវ​ឱ្យ​ប្រជា​ជន​ដែល​មាន​បញ្ហា​សុខ​ភាព​កម្រិត​ស្រាល​ ​ទៅ​កាន់​មន្ទីរពេទ្យ​ឯកជន​ “ដោយ​សារ​តែ​នៅ​ក្នុង​មន្ទីរពេទ្យ​រដ្ឋ​ មាន​បុគ្គលិក​​តិច​ប្រចាំ​ការ​សម្រាប់​ករណី​បន្ទាន់​ប៉ុណ្ណោះ។ មន្ត្រី​គ្រប់​គ្រង​មន្ទីរ​ពេទ្យ​ក៏​បាន​អំពាវ​នាវ​ឱ្យ​ក្រុម​គ្រូពេទ្យ​ដែល​បាន​ទៅ​ចូល​រួម​ធ្វើ​កូដកម្ម​ ​ត្រឡប់​មកចូល​ធ្វើ​ការ​វិញ​ ដើម្បី​ផល​ប្រយោជន៍​របស់​អ្នក​ជំងឺ”។

    សូម​បញ្ជាក់​ថា បុគ្គលិក​ពេទ្យ​​រាប់​ពាន់​នាក់​មក​ពីមន្ទីរពេទ្យ​រដ្ឋ​នានា​ក្នុង​ក្រុង​ហុង​កុង បាន​​ផ្ដើម​ធ្វើ​កូដកម្ម​ចាប់ពី​ថ្ងៃ​ទី​ 3កុម្ភៈ ក្នុង​បំណង​​ដាក់​សម្ពាធ​ទៅ​លើ​អាជ្ញាធរ​ហុង​កុង​ ឱ្យបិទ​ច្រក​ព្រំ​ដែន​ទាំង​អស់​ជាមួយ​ចិន​ដីគោក ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង​រាល​ដាល​នៃ​មេរោគ​កូរ៉ូណា​ ដែល​បច្ចុប្បន្ន​ មាន​មនុស្ស​ 28,296នាក់ បាន​ឆ្លង​មេរោគ​នេះ និង​ 565នាក់​ផ្សេង​ទៀត​បាន​បាត់​បង់​ជីវិត​។

    ក្រុម​បាតុករ​បាន​ចោទ​ប្រកាន់​អាជ្ញាធរ​ក្រុង​ថា​ ចាត់​​វិធានការ​មិន​សម​ស្របទៅ​នឹង​ស្ថាន​ការណ៍ដ៏គួរ​ឱ្យ​ខ្លាច​នៃ​ការ​រាត​ត្បាត​របស់​មេរោគ​សាហាវ​នេះ​។

    ក្រៅ​ពី​ស្នើ​ឱ្យ​អាជ្ញាធរ​បិទ​ច្រក​ព្រំដែន​ទាំង​អស់​ជា​មួយ​ចិន​ដី​គោក បុគ្គលិក​ពេទ្យ​ដែល​ជា​ក្រុម​បាតុករ​ក៏​បាន​ស្នើ​ឱ្យ​អាជ្ញា​ធរ​ផ្ដល់​សម្ភារ​វេជ្ជ​សាស្រ្ត​ចាំបាច់​ឱ្យ​បាន​គ្រប់​គ្រាន់​ដល់​បុគ្គលិក​ពេទ្យ​ និង​ដាក់​អ្នក​ជំងឺ​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ឱ្យ​ត្រូវ​តាម​វេជ្ជ​សាស្ត្រ​។

    មេដឹកនាំ​ក្រុង​ហុង​កុង​ លោក​ស្រី Carrie Lam បាន​រិះ​គន់​ទៅ​លើ​ក្រុម​បាតុករ​ថា ៖ បាន​ធ្វើ​ឱ្យ​ផ្នែក​សុខា​ភិបាល​​ក្រុង​ត្រូវ​ថម​ថយ​កម្លាំង​ក្នុង​គ្រា​សំខាន់​ ហើយ​បុគ្គលិក​ដែល​នៅ​ធ្វើ​ការ​ត្រូវ​រ៉ាប់​រង​ការ​ងារ​​ធ្ងន់​ធ្ងរ​ជាង​មុន​ ដើម្បី​ជំនួស​ក្រុម​ការ​ងារ​ដែល​អវត្តមាន​” នេះ​បើ​តាម​សារ​ព័ត៌​មាន​ CNN។

    ក្រុង​ហុង​កុង មក​ដល់​ពេល​នេះ​ បាន​បិទ​ច្រក​ព្រំដែន​ចំនួន 10​ ក្នុង​ចំណោម​ច្រកព្រំដែន​ទាំង​13កន្លែង​ជាមួយ​ចិន​ដីគោក​។ អាជ្ញាធរ​ក្រុង​ហុង​កុង​ក៏បាន​និយាយ​ថា ចំនួនអ្នក​ដំណើរ​មក​ពី​ចិន​ដីគោក បាន​ថយ​ចុះ​យ៉ាង​ច្រើន​។ មេដឹក​នាំ​ក្រុងហុង​កុង​កាលពី​ម្សិល​មិញ​ក៏​បាន​​ប្រកាស​ថា​ នឹងចាត់​វិធានការ​បន្ទាន់​ថ្មីជា​ច្រើន​ទៀត​ ដើម្បី​ទប់​ស្កាត់​អាសន្នរោគ​ រួម​មាន​ដូច​ជា​ ការ​ដាក់​អ្នក​ដំណើរ​ទាំង​អស់​ដែល​មក​ពី​ចិន​ដី​គោក​ចំនួន 14ថ្ងៃ ដោយ​រួម​ទាំង​ពល​រដ្ឋ​​ក្រុង​ហុង​កុង​ផងដែរ បន្ទាប់​ពី​មាន​ករណី​ស្លាប់ដំបូង​​ដោយ​សារ​ឆ្លង​មេរោគ​កូរ៉ូណា​ កាល​ពី​ថ្ងៃ​ទី​ 4កុម្ភៈ៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • ថ្នាំវ៉ាក់សាំងទប់ស្កាត់មេរោគកូរ៉ូណា nCoV នឹងត្រូវបានពិសោធនៅដើមសប្ដាហ៍ក្រោយ

    ថ្នាំវ៉ាក់សាំងទប់ស្កាត់មេរោគកូរ៉ូណា nCoV នឹងត្រូវបានពិសោធនៅដើមសប្ដាហ៍ក្រោយ

    ក្រុមអ្នកវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យ Imperial College London បានឱ្យដឹងថា វ៉ាក់សាំងប្រឆាំងមេរោគកូរ៉ូណាប្រភេទ nCoV នឹងត្រូវបានពិសោធនៅលើសត្វ នៅដើមសប្ដាហ៍ក្រោយនេះហើយ។

    ក្រុមអ្នកវេជ្ជសាស្ត្រនៃប្រទេសអង់គ្លេស ដែលកំពុងព្យាយាមបង្កើតវ៉ាក់សាំងការពារមេរោគកូរ៉ូណាប្រភេទថ្មី បាន​​ឱ្យដឹងថា ពួកគេបានរកឃើញវិធីថ្មីមួយ ដែលអាចជួយកាត់បន្ថយរយៈពេលនៃការបង្កើតវ៉ាក់សាំងដែលធ្លាប់តែត្រូវចំណាយពេល 3ឆ្នាំ ឱ្យចុះមកនៅត្រឹមតែ14ថ្ងៃវិញ។

    សាស្ត្រាចារ្យ Robin Shattock ប្រធានផ្នែករោគឆ្លងនៃសាកលវិទ្យាល័យ Imperial College London បានឱ្យដឹងថា វ៉ាក់សាំងនេះនឹងត្រូវបានធ្វើតេស្តនៅលើសត្វនៅដើមសប្ដាហ៍ក្រោយនេះ។ តាមគម្រោង ការពិសោធន៍​នេះក៏នឹងត្រូវធ្វើឡើងនៅលើរាងកាយមនុស្សក្នុងរដូវក្ដៅឆ្នាំនេះផងដែរ។

    សាស្ត្រាចារ្យ Robin Shattock ថ្លែងថា ៖ “ជាមួយនឹងប្រភពជំនួយគ្រប់គ្រាន់ យើងខ្ញុំអាចសម្រេចកិច្ចការនេះក្នុងរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះ។ វានឹងមិនទាន់ហួសពេលទេ ដើម្បីធ្វើសកម្មភាពក្នុងករណីជំងឺនេះក្លាយជាមហាអាសន្នរោគ និងរាតត្បាតខ្លាំងក្នុងពិភពលោក។ យើងខ្ញុំមិនទាន់មានព័ត៌មានច្រើននៅឡើយ ប៉ុន្តែវីរុសនេះអាចនឹងថមថយទៅវិញក្នុងរដូវក្ដៅ គឺដូចនឹងមេរោគផ្ដាសាយដែរ”។

    រាជរដ្ឋាភិបាលអង់គ្លេស បានត្រៀមយន្តហោះរួចរាល់សម្រាប់ជើងហោះហើរចុងក្រោយទៅកាន់ក្រុង Wuhan ប្រទេសចិន ដើម្បីនាំពលរដ្ឋរបស់ខ្លួនត្រឡប់មកកាន់ស្រុកកំណើតវិញ។ ជើងហោះហើរនេះនឹងចេញដំណើរនៅព្រឹកថ្ងៃទី 9កុម្ភៈខាងមុខ។

    ក្រសួងការបរទេសអង់គ្លេសបានសង្កត់ធ្ងន់ថា អង់គ្លេសចង់ធានាឱ្យបានប្រាកដថា ពលរដ្ឋអង់គ្លេសទាំងអស់ នឹងបានចុះឈ្មោះបើសិនមានបំណងត្រឡប់មកប្រទេសវិញ។ មកដល់ពេលនេះ មានពលរដ្ឋអង់គ្លេសសរុប 94​នាក់ហើយដែលបានដឹកពីក្រុង Wuhan ត្រឡប់មកប្រទេសវិញដោយជើងហោះហើរ 2ជើងមុននេះ។

    ប្រទេសអង់គ្លេសបានចំណាយប្រាក់ 20លានផោន (26លានដុល្លារ) ទៅឱ្យសម្ព័ន្ធនវានុវត្តន៍ទប់ស្កាត់ការរីក​រាលដាលមេរោគ ហៅកាត់ថា CEPI (Coalition for Epidemic Preparedness Innovations)។ អង្គការអន្តរជាតិនេះ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ2017 ដើម្បីទប់ទល់នឹងវិបត្តិសុខភាពមានលក្ខណៈជាសកល។

    ចាប់តាំងពីមេរោគកូរ៉ូណាបានចាប់ផ្ដើមរាតត្បាត ប្រទេសជាច្រើនក្នុងពិភពលោកក៏បានចាប់ផ្ដើមរិះរកវិធីបង្កើតវ៉ាក់សាំងសម្រាប់ប្រឆាំងមេរោគនេះ។ ទន្ទឹមនឹងនេះ ប្រទេសមួយចំនួនក៏បានប្រើប្រាស់ថ្នាំរម្ងាប់មេរោគដែលមានស្រាប់ ដើម្បីព្យាបាលមេរោគកូរ៉ូណាប្រភេទ nCoVនេះ។

    នៅឯក្រុងបាងកកប្រទេសថៃ ក្រុមគ្រូពេទ្យបានប្រើប្រាស់ថ្នាំផ្ដាសាយ Oseltamivir ផ្សំជាមួយថ្នាំព្យាបាលជំងឺអេដស៍ (HIV) Lopinavir និង Ritonavir ដើម្បីព្យាបាលអ្នកជំងឺរលាកសួតកូរ៉ូណា។ លទ្ធផលបានបង្ហាញយ៉ាងច្បាស់ថា អ្នកជំងឺទាំង 3នាក់ដែលបានទទួលការព្យាបាលនោះ មានអាការធូរស្បើយគួរជាទីត្រេកអរ។

    ចំណែកអ្នកជំងឺដំបូងដែលមានផ្ទុកមេរោគ nCoV (មេរោគកូរ៉ូណាថ្មី) នៅអាមេរិក បានត្រូវអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យកាលពីថ្ងៃទី3កុម្ភៈ បន្ទាប់ពីបានជោគជ័យក្នុងការព្យាបាលដោយប្រើថ្នាំរម្ងាប់មេរោគ Remdesivir។ នេះបើតាមសារព័ត៌មាន Telegraph។

    ចំណែកក្រុមអ្នកវិទ្យាសាស្ត្រនៅសិង្ហបុរី អូស្ត្រាលី និងជប៉ុន ក៏កំពុងធ្វើការបណ្ដុះមេរោគកូរ៉ូណាប្រភេទថ្មី nCoV នៅខាងក្រៅប្រទេសចិន ដើម្បីបម្រើឱ្យការពិសោធស្រាវជ្រាវ។ ទាំងអស់នេះនឹងក្លាយជាការងារដែលមានន័យសម្រាប់ការកែច្នៃវ៉ាក់សាំង (យកវ៉ាក់សាំងរម្ងាប់មេរោគដែលមានស្រាប់មកថែមថយ ដើម្បីឱ្យមានប្រសិទ្ធភាពក្នុងការព្យាបាលមេរោគកូរ៉ូណាថ្មី) ពិសោធន៍វ៉ាក់សាំង និងកាត់បន្ថយពេលវេលាក្នុងការធ្វើតេស្តរកមេរោគនៅលើអ្នកជំងឺ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • ឱសថការីកំលោះម្នាក់ដាច់ខ្យល់ស្លាប់ ដោយសារខំប្រឹងធ្វើការជាប់ៗគ្នា 10ថ្ងៃ តតាំងនឹងវិបត្តិមេរោគវីរុសវូហាន

    ឱសថការីកំលោះម្នាក់ដាច់ខ្យល់ស្លាប់ ដោយសារខំប្រឹងធ្វើការជាប់ៗគ្នា 10ថ្ងៃ តតាំងនឹងវិបត្តិមេរោគវីរុសវូហាន

    ឱសថការីកំលោះជនជាតិចិនម្នាក់ បានធ្លាក់ខ្លួនឈឺ និងស្លាប់បាត់បង់ជីវិតបន្ទាប់ពីធ្វើការយ៉ាងខ្លាំងក្លាជាប់ៗគ្នា 10ថ្ងៃ ក្នុងភារកិច្ចតស៊ូជាមួយមេរោគវីរុសកូរ៉ូណាប្រភេទថ្មីដែលឆ្លងរាលដាលយ៉ាងសាហាវនៅក្នុងប្រទេសចិន។

    កាលពីថ្ងៃទី4 កុម្ភៈ ទីភ្នាក់ងារព័ត៌មាន វើលដ៍ អហ្វ បាហ្ស បានរាយការណ៍តាមរយៈសារព័ត៌មាន ដឹ ផេភើរ ថា ឱសថការីកំលោះជនជាតិចិនបានធ្លាក់ខ្លួនឈឺ និងបានស្លាប់ ក្រោយពីធ្វើការយ៉ាងខ្លាំងក្លាឥតឈប់សម្រាកជាប់ៗគ្នា 10ថ្ងៃ ក្នុងភារកិច្ចតស៊ូនឹងមេរោគវីរុសកូរ៉ូណាដ៏កាចសាហាវនោះ។

    ឱសថការី សុង យីងជី អាយុទើបតែ 28ឆ្នាំ ជាអនុប្រធានផ្នែកឱសថស្ថាន មានចំណែករួមយ៉ាងខ្លាំងក្នុងការថែរក្សាព្យាបាលអ្នកឆ្លងមេរោគទាំងអស់ នៅឯមជ្ឈមណ្ឌលសុខភាពក្នុងអនុមណ្ឌលហ៊ឹងសាន មណ្ឌលហ៊ូណាន ភាគកណ្ដាលប្រទេសចិន ដែលនៅជាប់នឹងមណ្ឌលហ៊ូពេយ ដើមកំណើតនៃការឆ្លងរាលដាលនៃមេរោគវីរុសកូរ៉ូណាប្រភេទថ្មីពីទីក្រុងវូហាន។

    ឱសថការី សុង យីង ជី មានតួនាទីទទួលខុសត្រូវក្នុងការចែកចាយវេជ្ជភណ្ឌទៅឱ្យមិត្តរួមការងារ បានខំប្រឹងធ្វើការយ៉ាងឥតឈប់សម្រាកជាប់ៗគ្នា 9យប់ 10ថ្ងៃ ក្នុងអំឡុងពេលដែលប្រទេសចិនកំពុងប្រយុទ្ធតស៊ូជាមួយមេរោគវីរុសកូរ៉ូណាប្រភេទថ្មី។

    រហូតមកដល់ថ្ងៃទី3 កុម្ភៈ ឱសថការី សុង ធ្វើការរួចរាល់ក្នុងវេនពេលអធ្រាត្រ និងត្រឡប់ទៅបន្ទប់វិញដើម្បីគេងសម្រាក មុននឹងមិត្តរួមការងារប្រទះឃើញរូបគេបានដេកស្លាប់បាត់បង់ជីវិតនៅក្នុងបន្ទប់របស់គេ។ សន្និដ្ឋានថា គេអាចនឹងស្លាប់ដោយសារបេះដូងឈប់ដំណើរការមួយខណៈពេលភ្លាមៗ ដោយសារតែការធ្វើការងារយ៉ាងខ្លាំងឥតឈប់សម្រាកកាលពីពេលកន្លងមក។ ខណៈនេះ មន្ត្រីពាក់ព័ន្ធកំពុងស៊ើបអង្កេតរកមូលហេតុពិតប្រាកដនៃការស្លាប់នេះជាបន្ត៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ថ្នាំជក់ ឃាតករថ្មី ហានិភ័យខ្ពស់សម្រាប់អ្នកញៀនបារី

    ថ្នាំជក់ ឃាតករថ្មី ហានិភ័យខ្ពស់សម្រាប់អ្នកញៀនបារី

    មនុស្សជាង 8លាននាក់បានស្លាប់ដោយសារការប្រើប្រាស់ផលិតផលថ្នាំជក់ ជារៀងឆ្នាំ​ ដែលភាគច្រើននៃអ្នកស្លាប់ ស្ថិតនៅក្នុងប្រទេសដែលមានចំណូលមធ្យម និងទាប។​ ចំណែកឯអ្នកស្រូបផ្សែងបារីពីគេ ក៏រងផលប៉ះពាល់ធ្ងន់ធ្ងរ បង្កឱ្យមានជំងឺផ្លូវដង្ហើម ជំងឺបេះដូង មហារីក និងជំងឺផ្សេងៗបណ្តាលឱ្យស្លាប់ប្រមាណ ១.២លាននាក់ក្នុង 1ឆ្នាំទូទាំងសកលលោក។ ដោយឡែកប្រជាជនកម្ពុជា ចំនួនប្រមាណ 15,000នាក់បានស្លាប់ជារៀងរាល់ឆ្នាំ ដោយសារការជក់បារី និងការស្រូបផ្សែងបារីពីគេ។ នេះបើយោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកឆ្នាំ2019 នៅក្នុងវគ្គបណ្តុះបណ្តាលស្តីពីផលប៉ះពាល់នៃការប្រើប្រាស់ផលិតផលថ្នាំជក់កាលពីថ្ងៃទី4 ខែកុម្ភៈ ឆ្នាំ2020 នេះ នៅសណ្ឋាគារលាភវិរៈសារ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ប្រធានអង្គការចលនាដើម្បីសុខភាពកម្ពុជា លោកវេជ្ជបណ្ឌិត មុំ គង់​ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះថ្វីបើមិនមានការផ្សាយពាណិជ្ជកម្មផលិតផលបារី តាមរយៈទូរទស្សន៍ តាមរយៈផ្ទាំងប៉ាណូធំៗ ប៉ុន្តែការបិទផ្សាយពាណិជ្ជកម្មតូចៗតាមកន្លែងលក់កាហ្វេ តាមហាងលក់គ្រឿងទេសផ្សេងៗ ក៏ដូចជាការបញ្ជូនស្ត្រីស្អាតដើរផ្សាយពាណិជ្ជកម្មបារី នៅតែបន្តមាននៅឡើយ  ខណៈដែលយើងកំពុងមានវិធានការតាមរយៈដំឡើងពន្ធផលិតផលថ្នាំជក់ឱ្យដល់កម្រិតមួយ ដែលធ្វើឱ្យចំណេញដល់សេដ្ឋកិច្ច និងកាត់បន្ថយអ្នកស្លាប់ដោយសារការប្រើប្រាស់ថ្នាំជក់។

    លោកវេជ្ជបណ្ឌិតបានមានប្រសាសន៍បន្ដទៀតថា ទន្ទឹមនេះយើងបានជំរុញការអប់រំប្រជាពលរដ្ឋឱ្យយល់ដឹងពីគ្រោះថ្នាក់នៃការជក់បារី តាមរយៈការដាក់សារព្រមានសុខភាពជារូបភាពធំៗនៅលើកញ្ចប់បារី និងជំរុញការហាមឃាត់ការជក់បារីនៅកន្លែងធ្វើការ និងកន្លែងសាធារណៈ ដូចជាតាមភោជនីយដ្ឋាន តាមសណ្ឋាគារ អាហារដ្ឋាន និងតាមតៀមកាហ្វេជាដើម​ ដែលតម្រូវឱ្យម្ចាស់ភោជនីយដ្ឋាន សណ្ឋាគារត្រូវបិទសញ្ញាហាមជក់ ហើយត្រូវប្រាប់ដល់ភ្ញៀវដែលជក់បារីឱ្យចេញទៅជក់នៅខាងក្រៅកន្លែងគ្មានមនុស្ស ដើម្បីការពារអ្នកមិនចេះជក់បារី ជាពិសេស​ស្ត្រី និងកុមារ។ តែទោះបីមានអនុក្រឹត្យតម្រូវឱ្យបោះពុម្ពសារព្រមានសុខភាពជារូបភាពលើផលិតផលថ្នាំជក់តាំងពីឆ្នាំ2016 មកក្ដី ក៏បច្ចុ​ប្បន្នយើងនៅតែសង្កេតឃើញថា ផលិតផលថ្នាំជក់មួយចំនួនពុំទាន់មានបោះពុម្ពផ្សាយសារព្រមាន​ពីការប៉ះពាល់សុខភាព ដូចការកម្រិតរបស់រាជរដ្ឋាភិបាលនៅឡើយ៕