Category: សង្គម និងសេដ្ឋកិច្ច

  • ក្នុង​រយៈ​ពេល​១០ខែ ឆ្នាំ​២០២៤ រាជធានីភ្នំពេញទទួល​បានគម្រោង​សាងសង់​ចំនួន ៥១៦​គម្រោង មាន​ទុន​វិនិយោគ​ជាង​១ពាន់​លានដុល្លារ​

    ក្នុង​រយៈ​ពេល​១០ខែ ឆ្នាំ​២០២៤ រាជធានីភ្នំពេញទទួល​បានគម្រោង​សាងសង់​ចំនួន ៥១៦​គម្រោង មាន​ទុន​វិនិយោគ​ជាង​១ពាន់​លានដុល្លារ​

    ភ្នំពេញ ៖ នៅក្នុង​រយៈ​ពេល​១០ ឆ្នាំ២០២៤ រាជ​ធានីភ្នំពេញ ទទួលបានគម្រោង​សាងសង់​ចំនួន ​​៥១៦គម្រោង លើ​ផ្ទៃ​ក្រឡា​សំណង់​សរុប​ជាង​ ២,៥៤​លាន​ម៉ែត្រ​​ក្រឡា ដែល​មានទំហំទុន​វិនិយោគ​ប៉ាន់​ស្មាន​ជាង​១​ពាន់​លាន​ដុល្លារ​អាមេរិក។​ នេះបើតាមប្រសាសន៍ឯកឧត្តម​ ឃួង ស្រេង អភិបាល​រាជធានីភ្នំពេញ ថ្លែង​នៅក្នុងពិព័រណ៍​ឧស្សាហ​កម្ម សំណង់អន្តរជាតិ​ ២០២៤ កាលពីព្រឹកថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០២៤ ។

    ឯកឧត្តម ឃួង ស្រេង ​បានមានប្រសាសន៍បញ្ជាក់ថា វិស័យ​សំណង់ក្នុង​រាជធានីភ្នំពេញ មានភាពរីក​ចម្រើន​យ៉ាង​ខ្លាំង ដែល​បានបង្ហាញឱ្យ​ឃើញ​តាម​រយៈ​វត្ត​មាន​ទីក្រុង​រណប​ អ​គារ​​ពាណិជ្ជកម្ម​ អគារ​ស្នាក់​នៅរួម (ខុនដូ) សណ្ឋាគារ​ និងខុនដូ​ប្រណីត​ៗ ត្រូ​វបាន​សាង​សង់​ឡើង​​ជា​បន្តបន្ទាប់ ដែល​ជារួម​​នៅរាជធានីភ្នំពេញ មាន​​សំណង់ បុរី​ បណ្ដុំផ្ទះល្វែង ​ចំនួន ​៤៤៨​កន្លែង និង​អគា​រ​​ខ្ពស់​ៗចាប់ពី៥ជាន់ឡើង​មានចំនួន​ ១ ៨៤៩​អគារ ។​

    បើតាម​ឯកឧត្តម ឃួង ស្រេង​ បានឱ្យដឹងថា តាមរយៈការអនុវត្ត​ប្លង់គោល​ប្រើប្រាស់​ដីធ្លី​ ឆ្នាំ២០៣៥ ដើម្បីធានាដល់ការ​ប្រើប្រាស់​ដីធ្លី​ និង​សក្ដា​នុពល​ដែលមានស្រាប់​ក្នុង​រាជធានីភ្នំពេញ​ប្រកបដោយ​ប្រសិទ្ធ​ភាពខ្ពស់ រដ្ឋ​បាល​រាជធានីភ្នំពេញ បាន​បន្តជំរុញ​ការអនុវត្តនីតិ​វិធីចុះ​បញ្ជី​ដីធ្លី​មានលក្ខណៈដាច់​ដោយដុំ​ និង​លក្ខណៈជា​ប្រព័ន្ធ​ ក្នុងនោះរយៈពេល​១០​ខែ ឆ្នាំ២០២៤​នេះ មន្ទីរជំនាញ​បាន​ប្រមូលទិន្នន័យ​ក្បាលដី​បាន​ចំនួន ៣៥.០៦២​ក្បាលដី ចុះបញ្ជីលើក​ដំបូង​តាមលក្ខណៈដាច់​ដោយ​ដុំ​បាន​ចំនួន៨៣​បណ្ណ និ​ងបានជំរុញ​ការ​ប្រមូល​ចំណូល​​ពន្ធ​ប្រថាប់ត្រា​បង់ចូល​ថវិកាជាតិ​ចំនួន ជាង​៧០​លានដុល្លារអាមេរិក​ ។​

    ឯកឧត្តម​ សាយ សំអាល់ ឧប​នាយករដ្ឋមន្ត្រី និងជារដ្ឋ​មន្ត្រី​ក្រសួង​រៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ បាន​ណែ​នាំ​​ និងលើក​ទឹកចិត្ត​ទៅដល់​អ្នកសាងសង់​ទាំងអស់ ត្រូវ​គិតគូរឱ្យ​ច្បាស់លាស់​ពីតម្រូវការ​របស់ខ្លួនក្នុងកា​រសាងសង់អ្វីមួយ គប្បី​កំណត់​ពីអ្វីដែលជា​តម្រូវការ និងអ្វីដែលមិន​ត្រូវ​ការ ហើយគួរមក​ប្រើ​នូវ​សម្ភារៈសំណង់ដែលមានស្រាប់​នៅ​ក្នុង​ប្រទេស ជៀស​វាង​ការ​នាំចូល​ពី​ខាងក្រៅហួស​ហេតុ លើស​ពីតម្រូវការ ។

    ឯកឧត្តម​ក៏បានលើក​ទឹកចិត្ត​ឱ្យអ្នកសាងសង់​កែច្នៃរបស់ក្នុង​ស្រុក​ ដែលអាច​យកធ្វើជា​គ្រឿងបង្គុំ​នៃការ​សាងសង់​សំណង់ ពីព្រោះថា​របស់ខ្លះ​នាំចូលមក​ប្រើ ហើយនៅពេល​សាងសង់រួច​ក៏​ត្រូវ​បោះចោល​ ដូច្នេះ ​អាច​ងាកមក​មើលសម្ភារៈក្នុងស្រុកណាដែលអាច​ប្រើប្រាស់​ក្នុងការដ្ឋានសាងសង់​បាន គួរ​ប្រើ​​ដើម្បីលើក​តម្កើងរបស់ក្នុង​ស្រុក ៕

  • កម្ពុជា ដែលជាសមាជិកអាស៊ាន កំពុងបន្តបោះជំហានទៅកាន់តំណែងជាអធិរាជគ្រាប់ស្វាយចន្ទីតាមមហិច្ឆតាគ្រោងទុក ខណៈពេលបច្ចុប្បន្នកំពុងបង្ហាញខ្លួននៅលើទីផ្សារសហភាពអឺរ៉ុប

    កម្ពុជា ដែលជាសមាជិកអាស៊ាន កំពុងបន្តបោះជំហានទៅកាន់តំណែងជាអធិរាជគ្រាប់ស្វាយចន្ទីតាមមហិច្ឆតាគ្រោងទុក ខណៈពេលបច្ចុប្បន្នកំពុងបង្ហាញខ្លួននៅលើទីផ្សារសហភាពអឺរ៉ុប

    ភ្នំពេញ ៖ ជាមួយនឹងមហិច្ឆតាដែលបានគ្រោងទុកឈានទៅរកតំណែងជាអធិរាជ និងជាអ្នកនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោក បច្ចុប្បន្ននេះ ក្រៅពីមានការវិវត្ត និងរីកចម្រើនយ៉ាងឆាប់រហ័សទៅលើការកែច្នៃក្នុងស្រុកដើម្បីបង្កើតតម្លៃបន្ថែមនោះ គ្រាប់ស្វាយចន្ទីកម្ពុជាក៏កំពុងទទួលបានការស្វាគមន៍ និងគាំទ្រគួរឱ្យកត់សម្គាល់នៅលើទីផ្សារអន្តរជាតិ ជាពិសេស សហភាពអឺរ៉ុបតែម្ដង ដែលតាមរយៈតែក្រុមហ៊ុនជប៉ុនវិនិយោគនៅកម្ពុជាតែមួយប៉ុណ្ណោះ ទទួលបានការបញញជាទិញពីទីផ្សារអឺរ៉ុបក្នុងដំណាក់ដំបូងរហូតដល់ទៅ២៥០តោន។

    ក្រុមហ៊ុនជប៉ុនដែលមកវិនិយោគ បង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជាដើម្បីនាំចេញ និងទទួលបានការបញ្ជាទិញពីទីផ្សារអឺរ៉ុបមួយនេះមានឈ្មោះថា MIRARTH Agri Tech មានទីតាំងនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលទើបតែដំណើរការនៅចុងត្រីមាសទី១ ឆ្នាំ២០២៤ ដោយមានសមត្ថភាពផលិតគ្រាប់ស្វាយចន្ទីទំហំ ១,៥០០ តោនក្នុងមួយឆ្នាំ។

    ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងដែរថា បច្ចុប្បន្ន ផ្ទៃដីដាំដុះដំណាំស្វាយចន្ទីទូទាំងប្រទេសមានប្រមាណ៥៨ម៉ឺនហិកតា តែពីរឬ៣ឆ្នាំទៀតអាចនឹងកើនឡើងជាង៦០ម៉ឺនហិកតា។ទទួលផលក្នុងឆ្នាំ២០២៤ មានចំនួន៨៧ម៉ឺនតោន ក្នុងនោះ៨៥ភាគរយបាននាំចេញប្រទេសវៀតណាម នៅសល់ជាង១០ភាគរយកែច្នៃនៅក្នុងស្រុកនិងមួយចំនួនទៀតនាំគ្រាប់ឆៅទៅកាន់ប្រទេសឥណ្ឌា ម៉ាឡេស៊ី ថៃ និងបង់ក្លាដែស។

    ដោយឡែក ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៤ កម្ពុជាមានសម្តថភាពផលិតគ្រាប់ស្វាយចន្ទីបានចំនួន៨៤ ម៉ឺនតោន កើន២៦ភាគរយ ក្នុងនោះនាំចេញទៅវៀតណាមបានជាង៧៩ម៉ឺនតោន គិតជាទឹកប្រាក់ចំនួន ១ពាន់ ១១០លានដុល្លារអាមេរិក កើន ៣១ភាគរយ ខណៈតម្លៃកើន ៩ភាគរយ ធៀបរយៈពេលដូចគ្នានៅឆ្នាំ២០២៣៕

  • អគារជាប់គាំងចំនួន ១៦គម្រោងនៅខេត្តព្រះសីហនុ ទទួលបានការបន្តសកម្មភាពសាងសង់ និងវិនិយោគឡើងវិញក្រោមការទទួលបានការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាល

    អគារជាប់គាំងចំនួន ១៦គម្រោងនៅខេត្តព្រះសីហនុ ទទួលបានការបន្តសកម្មភាពសាងសង់ និងវិនិយោគឡើងវិញក្រោមការទទួលបានការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាល

    ភ្នំពេញ៖ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំលើកទី១២ ដើម្បីពិនិត្យគម្រោងវិនិយោគ និងធុរកិច្ចដែលបានស្នើការលើកទឹកចិត្តការអនុគ្រោះ និងការសម្រួលនីតិវិធីក្នុងក្រប​ខ័ណ្ឌ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

    ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានមានប្រសាសន៍ឱ្យដឹងថា ៖ អង្គប្រជុំបានសម្រេចជាគោលការ​ណ៍​ផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោងចំនួន ៤៨ គម្រោង ដែលមានទុនវិនិយោគសរុប ៤៨៧ លានដុល្លារអាមេរិក។

    ឯកឧត្តមបណ្ឌិត បានបន្តថា៖ ក្នុងចំណោមគម្រោងវិនិយោគ និងធុរកិច្ចទាំង ៤៨ មានគម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង ចំនួន ១៦, គម្រោងថ្មី ចំនួន ២៨, និង ការពង្រីកគម្រោង ចំនួន ៤ ដែលមានទុនវិនិយោគជិត៥០០លានដុល្លារអាម៉េរិក ។ គម្រោងទាំងនេះរួមមានគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅស្រុកព្រៃនប់, គម្រោងរោងចក្រផលិត និង កែច្នៃអាលុយ​មីញ៉ូម, គម្រោងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះដើម្បីនាំចេញទៅទីផ្សារអ៊ឺរ៉ុប និង អាម៉េរិក,គម្រោងបង្កើតសហគមន៍អាជីវកម្មនៅក្រុងរាម,និងគម្រោ​ង​អាទិភាពផ្សេងៗទៀត។

    ជាមួយគ្នានេះ ក្រុមការងារបានសម្របសម្រួលដោះស្រាយវិវាទពាក់ព័ន្ធអគារជាប់គាំងដែលអូសបន្លាយ អស់រយៈពេល ៤-៥ ឆ្នាំកន្លងមកបានចំនួន ៦ គម្រោងដែលអនុញ្ញាតឱ្យ​ម្ចាស់​គម្រោងអាចប្រើប្រាស់អគារឡើងវិញសម្រាប់ប្រកបធុរកិច្ច។

    សូមជម្រាបជូនថា បន្ទាប់ពីការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការដោយសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៤,ក្រុមការ​ងា​របានសម្រេចជាគោលការ​ណ៍ផ្តល់ការលើកទឹកចិត្តពិសេស ចំនួន ២១៣ គម្រោង រួចមកហើយ គិតត្រឹមខែ ធ្នូ ឆ្នាំ២០២៤ នេះ ដែលក្នុងនោះរួមមាន គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង មានចំនួន ១០១, គម្រោងថ្មី មានចំនួន ៨៩, ការពង្រីកគម្រោង មានចំនួន ១៩ និង គម្រោងមានស្រាប់ មានចំនួន ៤ ។

    គម្រោងទាំងនេះក៏រាប់បញ្ចូលគម្រោងដែលមានសក្តានុពលសំខាន់ៗ ដូចជា គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅស្រុកព្រៃនប់, គម្រោងរោងចក្រផលិត និង កែច្នៃអាលុយមីញ៉ូម, គម្រោងផលិតផ្ទាំងសូឡា និង គ្រឿងបង្គុំ, គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មផ្កាយ ៥, និង គម្រោងសួនកសិ-ឧស្សាហកម្ម ជាដើម ។ ក្នុងនោះផងដែរ, គម្រោងដែលមានទុនវិនិយោគ លើសពី ១០០ លានដុល្លារអាម៉េរិក មានចំនួន ២៣ គម្រោង៕

  • គម្រោងសាងសង់លើកកម្ពស់គុណភាព និងធ្វើឱ្យប្រសើរឡើង ផ្លូវជាតិលេខ៤១ សម្រេចបានប្រមាណជាង ៩៧ភាគរយហើយ

    គម្រោងសាងសង់លើកកម្ពស់គុណភាព និងធ្វើឱ្យប្រសើរឡើង ផ្លូវជាតិលេខ៤១ សម្រេចបានប្រមាណជាង ៩៧ភាគរយហើយ

    យោងតាមក្រសួងសាធារណៈការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២៤ ផ្លូវជាតិលេខ៤១ ប្រវែងសរុប ៩៥,២៧ គីឡូម៉ែត្រ ចាប់ពីថ្នល់ទទឹង (ត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ៤) រហូតដល់ជុំគិរី(ភ្ជាប់ផ្លូវជាតិលេខ៣) សម្រេចលទ្ធផលសាងសង់បានជាង ៩៧,០១% ហើយ

    ឯកឧត្តម ស៊ុយ សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងស្ដារ និងលើកកម្រិតផ្លូវជាតិលេខ៤១ នៅថ្ងៃអង្គារ ទី៣ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារចុះពិនិត្យការងារសាងសង់ផ្លូវជាតិលេខ៤១ ដោយមានការចូលរួមអមដំណើរដោយ ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមទីប្រឹក្សា ក្រុមការងារ PMU PIU ក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន(CRBC) និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស WACC ផងដែរ។

    ការចុះពិនិត្យលើវឌ្ឍនភាពការងារនៅថ្ងៃនេះ ដើម្បីឈានទៅដំណាក់កាល នៃការប្រគល់-ទទួល នាពេលខាងមុខផងដែរ មានន័យថាគម្រោងនេះសម្រេចលទ្ធផលសាងសង់ជិតរួចរាល់ទាំងស្រុងហើយ ដោយឯកឧត្តមរដ្ឋលេខាធិការ តែងបានចុះជាប់ផ្ទាល់ប្រចាំ ដើម្បីដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុន សំដៅឱ្យការសាងសង់ប្រព្រឹត្តទៅស្របតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់ ធានាឱ្យបានការសាងសង់មានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង។

    សូមបញ្ជាក់ថា គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ប្រវែងសរុប ៩៥,២៧ គីឡូម៉ែត្រ
    (PK000+000 – PK095+270) ចាប់ផ្តើមពីភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល នៃខេត្តកណ្ដាល (ចំណុចប្រសព្វផ្លូវជាតិលេខ ៤) រហូតដល់ភូមិល្អាង ឃុំល្អាង ស្រុកដងទង់ នៃខេត្តកំពត (ចំណុចផ្លូវជាតិលេខ ៣)។

    គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២៤ ការអនុវត្តគម្រោងសម្រេចបានលទ្ធផលជារួមបាន ៩៧,០១% ហើយ ដោយក្នុងនោះ ការងារអ៊ុតកៅស៊ូ AC បានបញ្ចប់ស្ទើរ១០០ភាគរយ ការងារបំពាក់សម្ភារសុវត្តិភាពចរាចរណ៍(គំនូសចរាចរណ៍ ផ្លាកសញ្ញា ផ្លាកបង្ហាញទិសផ្លូវ របារ-Guardrail និងការងារចាំបាច់ផ្សេងៗ ក៏បានបញ្ចប់ស្ទើររួចរាល់ហើយដែរ៕

  • របាយការណ៍ ៖ គិតត្រឹមចុងឆ្នាំ២០២៤ មានក្រុមហ៊ុនចំនួន ៤ បានអភិវឌ្ឍន៍គម្រោងលំនៅឋាន តម្លៃសមរម្យនៅកម្ពុជា

    របាយការណ៍ ៖ គិតត្រឹមចុងឆ្នាំ២០២៤ មានក្រុមហ៊ុនចំនួន ៤ បានអភិវឌ្ឍន៍គម្រោងលំនៅឋាន តម្លៃសមរម្យនៅកម្ពុជា

    ភ្នំពេញ ៖ យោងតាមរបាយការណ៍ដែលចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា អនុវត្តតាមគោល នយោបាយជាតិ ស្ដីពីលំនៅឋាន និងគោល នយោបាយស្តីពីការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃ សមរម្យរបស់រាជរដ្ឋាភិបាលក្នុងគោលដៅផ្ដល់ ឱកាសជូនប្រជាពលរដ្ឋទូទាំងប្រទេសមានលំនៅឋានសមរម្យអាចរស់នៅបាន ប្រកបដោយផាសុកភាព សុវត្ថិភាព និង សេចក្ដីថ្លៃថ្នូរ ជាពិសេស ប្រជាពលរដ្ឋដែល មានប្រាក់ ចំណូលមធ្យម ប្រាក់ចំណូលទាប និងជនងាយ រងគ្រោះនោះ គម្រោងលំនៅឋានតម្លៃសមរម្យ ចំនួន ៤គម្រោង រួមមានលំនៅឋានសរុបចំនួន ៨ ៣៣១ខ្នងផ្ទះ និង ៣ ១៦៤ ចំណែកឯកជន (Unit) ត្រូវបានអភិវឌ្ឍន៍នៅភ្នំពេញ និងខេត្ត កណ្ដាល ។

    យោងតាម របាយការណ៍បូកសរុបរបស់ ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញពីក្រុមហ៊ុនចំនួន ៤ ដែលបានអភិវឌ្ឍ គម្រោងលំនៅឋានតម្លៃសមរម្យលក់ជូនដល់ ពលរដ្ឋ និងមន្ត្រីរាជការដែលមានប្រាក់ ចំណូលទាប និងមធ្យម ។ គម្រោងទាំង ៤នេះ រួមមាន ១. គម្រោងលំនៅឋានទីក្រុងរណប សិរីមង្គល ដែលគម្រោងនេះ អភិវឌ្ឍន៍ដោយក្រុមហ៊ុន WorldBridge Homes Co.,Ltd មានផ្ទះសរុបចំនួន ២ ៤៥៧ ផ្ទះ សាងសង់ឡើង លើផ្ទៃដីចំនួន ២៤ ហិកតា ស្ថិតនៅក្នុង ភូមិ កោះគរ សង្កាត់ រកាខ្ពស់ ក្រុងតាខ្មៅ ខេត្ត កណ្ដាល ។ គម្រោងនេះបានបញ្ចប់ ១០០ភាគរយហើយ ទាំងដំណាក់កាលទី១ និង ដំណាក់កាលទី២ ។

    គម្រោងអភិវឌ្ឍន៍ លំនៅឋានតម្លៃ សមរម្យ មួយទៀត គឺ លំនៅឋាន អារ៉ាខាវ៉ា អភិវឌ្ឍន៍ ដោយ ក្រុមហ៊ុន ARAKAWA Co.,Ltd មាន ចំនួនផ្ទះសរុប ៣ ១៦៤ ចំណែក ឯកជន (Unit) ស្ថិតនៅលើ ផ្ទះដី ១,៣៦ ហិចតា ជា ប្រភេទ អគារ សហកម្មសិទ្ធិ (Condo) ស្ថិតនៅភូមិន ទឹក ថ្លា សង្កាត់ទឹក ថ្លា ខណ្ឌសែន សុខ រាជធានីភ្នំពេញ ។ គម្រោងនេះ ក៏បាន បញ្ចប់ ទាំង ស្រុង ១០០ភាគរយហើយដែរ ទាំង ដំណាក់ កាលទី ១ និងដំណាក់ទី ២ ។

    សម្រាប់គម្រោង អភិវឌ្ឍន៍លំនៅឋាន តម្លៃ សមរម្យ ទី ៣ គឺ បុរី សែន មនោរម្យ ព្រែក តាទែន អភិវឌ្ឍន៍ ដោយ ក្រុមហ៊ុន B&BM Development Co.,Ltd មានផ្ទះសរុប ចំនួន ៥ ៣៤០ ស្ថិតនៅលើផ្ទៃដី ចំនួន ៨០ ហិចតា ក្នុង ភូមិ ស្លែងដីដុះ ឃុំ ព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល ។ គម្រោងនេះសម្រេច ប្រមាណ ៩៧ ភាគរយក្នុងដំណាក់កាលទី ១ ។

    ចំណែកគម្រោង លំនៅឋានតម្លៃសមរម្យមួយទៀត គឺគម្រោង បុរី ហ្គ្រេន ផាក អភិវឌ្ឍន៍ ដោយក្រុមហ៊ុន BRGP Property Development Co.,Ltd ដែលមាន ផ្ទះ ចំនួន ៥៣៤ ផ្ទះ លើផ្ទៃដីសរុប ចំនួន ៥,១៦ ហិចតា ស្ថិតនៅ ក្នុង ភូមទួលកី សង្កាត់ភ្លើងឆេះ រទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ គម្រោង នេះសម្រេច បាន១០០ភាគរយ ហើយ នៅក្នុងដំណាក់កាលទី ១ និង ប្រមាណ៣៧ភាគរយនៅក្នុងដំណាក់ទី២ ៕

  • អភិបាលខេត្តតាកែវ ស្នើក្រុមហ៊ុនចិន ឱ្យបង្កើតកំពង់ផែលើទឹកដីខេត្តតាកែវ នៅជាប់គម្រោងព្រែកជីកហ្វូណនតេជា

    អភិបាលខេត្តតាកែវ ស្នើក្រុមហ៊ុនចិន ឱ្យបង្កើតកំពង់ផែលើទឹកដីខេត្តតាកែវ នៅជាប់គម្រោងព្រែកជីកហ្វូណនតេជា

    សៀងហៃ : អភិបាលនៃគណៈអភិបាលខេត្តតាកែវ នៅក្នុងឱកាសដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្ត ធ្វើដំណើរទស្សនកិច្ចនៅក្រុមហ៊ុន Danong Development Group ក្នុងទីក្រុងសៀងហៃប្រទេសចិន រយៈពេល ១សប្ដាហ៍ អំពីគម្រោងវិនិយោគលើវិស័យកសិកម្មទំនើប នៅខេត្តតាកែវ នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានស្នើទៅដល់ក្រុមហ៊ុន Hangxaio Steel Structure របស់ចិន ឱ្យមកបណ្តាក់ទុកវិនិយោគបង្កើតកំពង់ផែនៅលើទឹកដីខេត្តតាកែវ នៅជាប់នឹងគម្រោងព្រែកជីកហ្វូណនតេជោ និងគម្រោងចិញ្ចឹមសត្វផងដែរ។

    ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានថ្លែងដោយបង្ហាញអំពីសន្តានុពលសំខាន់ៗ របស់ខេត្តតាកែវ ទៅកាន់តំណាងក្រុមហ៊ុន Hangxaio Steel Structure ដោយបច្ចុប្បន្នខេត្តតាកែវ កំពុងតែកសាងព្រែកជីកហ្វូណតេជោ ដែលព្រែកជីកនេះ ក្លាយជាផ្លូវដឹកជញ្ជូនបន្ថែមនៅលើផ្លូវដឹកជញ្ជូនដែលខេត្តតាកែវ មានស្រាប់បន្ទាប់ពីផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវអាកាស និងផ្លូវដែក ដូច្នោះជាគំនិតរបស់ក្រុមហ៊ុនដាណុងចង់បង្កើតកំពង់ផែ ក្នុងនាមរដ្ឋបាលខេត្តតាកែវ បើចង់បង្កើតកំពង់ផែន គួរតែបង្កើតកំពង់ផែនៅខេត្តតាកែវ ហើយណាមួយព្រែកជីកនេះ ក៏មានការរួមចំណែកពីរដ្ឋាភិបាលចិនផងដែរ ហើយឆ្លងកាត់ខេត្តតាកែវ ៥៧គីឡូម៉ែត្រ ការបង្កើតជារឿងសមស្របបំផុត ព្រោះនៅខេត្តតាកែវជាចំណុចកណ្តាលមួយ រោងចក្រសហគ្រិនយ៉ាងច្រើន ដែលផលិតស្បែកជើងកាបូប។

    ឯកឧត្តម អភិបាលខេត្តតាកែវ បន្ដថា ហើយផ្ទៃដីសម្រាប់បង្កបង្កើនផលសម្រាប់វិស័យកសិកម្មមានជាង ២២ម៉ឺន ហិចតាជាផ្ទៃដីសម្រាប់ដាំដុះដំណាំស្រូវ ក្នុងនោះទិន្នផលប្រមូលផលចន្លោះពី ៤តោន ទៅ ៨តោន ក្នុងមួយហិចតា ណាមួយយើងផលិតបានហើយ ប៉ុន្តែពុំមានកំពុងផែសម្រាប់ដឹកក៏ជាផលវិបាកមួយផងដែរ ដូច្នោះក្រុមហ៊ុនរបស់ចិន ដែលមានបំណងចង់វិនិយោគបណ្តាក់ទុនបង្កើតកំពុងផែន និងវិស័យកសិកម្មចិញ្ចឹមសត្វនោះ ខេត្តតាកែវជាខេត្តមួយដែលមានសន្តានុពល និងជាខេត្តដែលសាកសមបំផុតសម្រាប់វិនិយោគ។

    ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តាកែវ ក៏បានបង្ហាញអំពីតំបន់ទេសភាពបឹងព្រែកល្ពៅ ដែលជាតំបន់ធម្មជាតិយ៉ាងស្រស់ស្អាតរបស់ខេត្តតាកែវ ដែលមានទីតាំងនៅស្រុកបូរីជលសារផងដែរ។

    ជាការស្នើសុំក្រុមហ៊ុន Hangxaio Steel Structure របស់ចិន បានការយល់ព្រមតាមការស្នើសុំរបស់ ភាគីខេត្តតាកែវ ប៉ុន្តែទាល់តំណាងក្រុមហ៊ុន Hangxaio Steel Structure របស់ចិនមួយនេះ ចុះមកទស្សនៈកិច្ចសិក្សាដោយផ្ទាល់ នៅក្នុងខេត្តតាកែវ ពិសេសតំបន់ដែលឯកឧត្តមអភិបាលខេត្ត ស្នើសុំវិនិយោគ៕

  • រាជរដ្ឋាភិបាលសម្រេចផ្ដល់គោលការណ៍ចំនួន២ ជួយដល់វិស័យអចលនទ្រព្យ

    រាជរដ្ឋាភិបាលសម្រេចផ្ដល់គោលការណ៍ចំនួន២ ជួយដល់វិស័យអចលនទ្រព្យ

    ភ្នំពេញ : រាជរដ្ឋាភិបាលបានសម្រេចផ្តល់គោលការណ៍ចំនួន ២ ដើម្បីជួយលើវិស័យអចលនទ្រព្យ ដែលមានលក្ខណៈជាបុរី៖ ទី១/ សម្រាប់អ្នកដែលទិញលំនៅឋានគ្រប់ប្រភេទ ដែលមានតម្លៃក្រោម ៧ ម៉ឺនដុល្លារ គឺត្រូវលើកលែងពន្ធប្រថាប់ត្រារហូតដល់ដំណាច់ឆ្នាំ២០២៥ និងទី២/ សម្រាប់អ្នកទិញលំនៅឋានលើកទី១ ដែលមានតម្លៃក្រោម២១ម៉ឺនដុល្លារ ក៏ត្រូវបានលើកលែងពន្ធប្រថាប់ត្រា រហូតដល់ដំណាច់ឆ្នាំ២០២៥។

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងពិធី “បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំបន្ត របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់” នារសៀលថ្ងៃអង្គារ ទី២៦ វិច្ឆិកា ២០២៤ បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្តល់គោលការណ៍ចំនួន ២ ក្នុងការសង្គ្រោះ និងលើកកម្ពស់វិស័យសំនៅឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរី ក៏ដូចជាជួយដល់ប្រជាជនដែលជាម្ចាស់អចលនទ្រព្យក្នុងបុរី និងត្រៀមជាម្ចាស់អចលនទ្រព្យថ្មីក្នុងបុរី៖ ១/ ផ្តល់ការលើកលែងពន្ធប្រថាប់ត្រាសលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរីនិងមានតម្លៃក្រោម ៧ម៉ឺនដុល្លារ និង២/ ផ្តល់ការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរី សម្រាប់ម្ចាស់អចលនទ្រព្យក្នុងបុរីដែលជាអ្នកទិញលើកដំបូង និងមានតម្លៃក្រោម២១ម៉ឺនដុល្លារ។

    ជាមួយគ្នា សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានប្រកាសថានឹងមិនមានការកែសម្រួល ព្រំដីនៃបឹងទន្លេសាបទៀតនោះទេ ដោយមិនមានការកែប្រែតំបន់ ៣ មកតំបន់ ២ ព្រោះការបោះបង្គោលព្រំដីបឹងទន្លេសាប គឺបានសម្រេចរួចរាល់ ១០០% ដោយសម្រេចតម្កល់ការការពារបឹងទន្លេសាបជាការបម្រើផលប្រយោជន៍ប្រជាជនជាង ១៧លាននាក់, ការពារបរិស្ថាន, ការពារប្រព័ន្ធអេកូឡូស៊ី និង ជីវចម្រុះសម្រាប់កម្ពុជា។ ជាមួយគ្នានេះ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា សម្រាប់អ្នកដែលប្រើប្រាស់ដីក្នុងតំបន់ ២ គឺត្រូវគោរពតាមក្រឹត្យក្រមដែលបានកំណត់ និងការប្រើប្រាស់ជីឱ្យបានត្រឹមត្រូវ ដើម្បីបញ្ចៀសការបង្កហានិភ័យដល់ជីវចម្រុះ។

    មុននឹងបញ្ចប់ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានប្រកាសផងដែរថា រាជរដ្ឋាភិបាលបានកំណត់ចក្ខុវិស័យច្បាស់លាស់ក្នុងការការពារតំបន់ ៤០០គីឡូម៉ែត្រការ៉េ នៃតំបន់រមនីយដ្ឋានអង្គរ តាមរយៈការ៖ ១/ ការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងរក្សាឱ្យបានអត្តសញ្ញាណជាខ្មែរជាអាទិភាព ដោយបានណែនាំឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ស្ថាបត្យកម្ម និងវិនិយោគិន ត្រូវរៀបចំការគ្រប់គ្រងការសាងសង់ឱ្យបានស្របតាមការរចនាបទខ្មែរ គ្រប់គ្រងរូបភាពខាងក្រៅ និងអនុញ្ញាតឱ្យមានការធ្វើទំនើបកម្ម និងទាន់សម័យ ដោយត្រូវកំណត់ផែនការសម្រាប់រៀបចំភូមិក្នុងរយៈពេល ៥០ឆ្នាំមុខ។

    សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានបង្ហាញការគាំទ្រចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ដែលបានដាក់ចេញនូវសមរភូមិការងារសំខាន់ៗ ទាំង ៥ របស់ក្រសួង ដោយឈរលើមូលដ្ឋាននៃសមិទ្ធផលសម្រេចបាននាពេលកន្លងមក ព្រមទាំងការតម្រង់ទិសឆ្ពោះទៅរកចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ប្រកបដោយភាពជាក់ស្តែង និង ប្រាកដនិយម។ ក្នុងនោះសមរភូមិទាំង ៥រួមមាន៖ ១/ ការរៀបចំផ្ទះសម្បែងឱ្យរៀបរយ, ២/ ការកាត់បន្ថយ និងលុបបំបាត់បញ្ហាចម្រូងចម្រាសក្នុងសង្គម, ៣/ ការកសាង និងពូនជ្រំរដ្ឋបាលសាធារណៈទំនើប ឆ្លាតវៃ និងវាងវៃ, ៤/ ការងាររៀបចំដែនដី និងនគរូបនីយកម្ម និង ៥/ ស្ថាបត្យកម្មខ្មែរនាសហសម័យកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និង មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អនុវត្តការងារបន្តលើសមរភូមិការងាររបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាព និងសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ៕

  • ស្វែងយល់ពីសារសំខាន់ផ្លូវជាតិ៥១ ដែលជាខ្សែផ្លូវតភ្ជាប់ជាមួយផ្លូវអាស៊ានហាយវេ

    ស្វែងយល់ពីសារសំខាន់ផ្លូវជាតិ៥១ ដែលជាខ្សែផ្លូវតភ្ជាប់ជាមួយផ្លូវអាស៊ានហាយវេ

    ផ្លូវជាតិលេខ៥១ មានប្រវែង ៣៧,៩៥ គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកឧដុង្គ (ផ្លូវជាតិលេខ៥) ដល់ថ្នល់ទទឹង (ផ្លូវជាតិលេខ៤) បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ និងបានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។

    ផ្លូវជាតិលេខ៥១នេះ គឺជាផ្លូវខ្សែក្រវាត់ភ្នំពេញមួយ ដែលបានជួយសម្រួលការធ្វើដំណើរ ជាពិសេសអ្នកដែលរស់នៅដូចជា ខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង ជាដើម ដែលមានបំណងចង់ទៅខេត្តតំបន់មាត់សមុទ្រ គឺមិនចាំបាច់ឆ្លងកាត់រាជធានីភ្នំពេញទេ គឺអាចធ្វើដំណើរកាត់តាមផ្លូវជាតិលេខ៥១នេះ។ ខ្សែផ្លូវនេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យដឹកជញ្ជូន និងឧស្សាហកម្ម ព្រមទាំងជាតំបន់ទីប្រជុំជន អំណោយផលសម្រាប់គម្រោងអភិវឌ្ឍន៍វិស័យអចលនទ្រព្យ ដែលបានចូលរួមបង្កើតមុខរបរ និងបង្កើនប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋ ដែលរស់តាមបណ្តោយខ្សែផ្លូវនេះ។

    ផ្លូវជាតិលេខ៥១ ក៏ជាខ្សែផ្លូវយុទ្ធសាស្រ្តតភ្ជាប់ជាមួយផ្លូវអាស៊ានហាយវ៉េ លេខ១ (AH-1) នៃរបៀងសេដ្ឋកិច្ចខាងត្បូង ឆ្ពោះទៅច្រកព្រំដែនកម្ពុជា-ថៃ (ប៉ោយប៉ែត) និងផ្លូវអាស៊ានហាយវ៉េលេខ១១ (AH-11) ឆ្ពោះទៅកំពង់ផែសមុទ្រទឹកជ្រៅ ខេត្តព្រះសីហនុ ហើយអាចតភ្ជាប់តាមរយៈផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៣៣ ទៅកាន់ខេត្តកំពត និងខេត្តកែប ដែលជាខេត្តគោលដៅទេសចរណ៍ ធម្មជាតិ និង តំបន់ឆ្នេរដ៏ស្រស់ត្រកាលរបស់កម្ពុជា៕

  • ក្រសួងរៀបចំដែនដី បានកំណត់ការងារដែលជាសមរភូមិបន្ទាប់របស់ខ្លួន ជាការបើកទំព័រសករាជថ្មី

    ក្រសួងរៀបចំដែនដី បានកំណត់ការងារដែលជាសមរភូមិបន្ទាប់របស់ខ្លួន ជាការបើកទំព័រសករាជថ្មី

    ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការងារដែលជាសមរភូមិបន្ទាប់របស់ខ្លួន ជាការបើកទំព័រសករាជថ្មី ដោយផ្តោតទៅលើការរៀបចំដែនដី នគរូបនីយកម្ម និងស្ថាបត្យកម្មខ្មែរនាសហសម័យកម្ពុជា ដែលមានដូចជា សុវត្ថិភាព និងគុណភាពសំណង់ រចនាបថ និងការឌីហ្សាញ ឧស្សាហកម្មគ្រឿងផ្គុំសំណង់ ឧស្សាហកម្មគ្រឿងលម្អ ឧស្សាហកម្មគ្រឿងសង្ហារឹម ឧស្សាហកម្មអចលនទ្រព្យ ឧស្សាហកម្មប្រាក់កម្ចី (Mortgage) ព្រមទាំងការងារលំនៅឋាន និងការងារសម្បទានសង្គមនិងសេដ្ឋកិច្ចជាដើម។

    នេះជាប្រសាសន៍របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

    ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការកំណត់ទិសដៅនេះ គឺក្រោយពេលក្រសួងបានទទួលលទ្ធផលល្អលើការងារអាទិភាពដែលកំណត់ជាផែនទីឯកភាពការងាររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមមាន៖

    សមរភូមិទី១៖ ការរៀបចំផ្ទះសំបែងឱ្យរៀបរយ ដោយបន្តពូនជ្រំ និងបន្តនិរន្តភាពការងារ និងដំណើរការស្ថាប័នជារួម ឈរលើគោលការណ៍សាមគ្គីភាព ឯកភាពផ្ទៃក្នុង។
    សមរភូមិទី២៖ ការកាត់បន្ថយ និងលុបបំបាត់បញ្ហាចម្រូងចម្រាសក្នុងសង្គមដោយបង្កើតនូវបរិយាកាសគ្មានវិវាទតាមរយៈការចុះបញ្ជីដីបង្ហើយ ការដោះស្រាយវិវាទដីធ្លី និងសេវាគាប់ចិត្ត ការដោះស្រាយបញ្ហានៅតំបន់ទន្លេសាប តំបន់រមណីយដ្ឋានអង្គរ វិវាទតាមបុរី និងភូមិសាស្រ្តសនិ្តសុខនយោបាយ និងសេដ្ឋកិច្ច-សង្គម។

    សមរភូមិទី៣៖ ការកសាង និងពូនជ្រំរដ្ឋបាលសាធារណៈទំនើប ឆ្លាតវៃ និងវាងវៃ តាមរយៈការពង្រឹងសមត្ថភាពមន្ត្រី ពង្រឹងសមត្ថភាពស្ថាប័ន និងប្រព័ន្ធលើកទឹកចិត្តមន្ត្រី៕

  • រាជរដ្ឋាភិបាល គ្រោងថវិកា ជាង ១០០ លានដុល្លារអាមេរិកបន្ថែម ដើម្បីជំរុញការ វាស់វែង ចុះបញ្ជីឱ្យចប់សព្វគ្រប់

    រាជរដ្ឋាភិបាល គ្រោងថវិកា ជាង ១០០ លានដុល្លារអាមេរិកបន្ថែម ដើម្បីជំរុញការ វាស់វែង ចុះបញ្ជីឱ្យចប់សព្វគ្រប់

    ភ្នំពេញ ៖ រាជរដ្ឋាភិបាលអាណត្តិទី ៧ នៃរដ្ឋសភា បានជំរុញឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពន្លឿនការ វាស់វែង ដីធ្លី និងចុះបញ្ជីឱ្យ បានចប់សព្វគ្រប់ នៅពេលឆាប់ៗ ហើយ ក្នុង រយៈពេល ប្រមាណ១៥ខែ នៃ រដ្ឋាភិបាល ថ្មី នេះ ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន ជំរុញ ឱ្យ ក្រុមការងារ ចុះវាស់វែង និង ចុះ បញ្ជី សម្រេច លទ្ធផល យ៉ាង ល្អ ប្រសើរ ។

    សម្ដេច ហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានកើត សរសើរ ចំពោះ ការ ងារ របស់ ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចំពោះសកម្មភាព វាស់ វែង និងចុះបញ្ជីដីធ្លី ហើយ រ ដ្ឋា ភិបាល គ្រោង ថវិកា បន្ថែមចំនួន ១០០លានដុល្លារ ដើម្បីជំរុញការ ចុះ បញ្ជីដីធ្លី ឱ្យចប់នៅពេលឆាប់ៗនេះ ។

    ថ្លែង នៅក្នុង ពិធី បិទសន្និបាតបូក សរុប ការងារ របស់ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅ រសៀ ល ថ្ងៃ ទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៤  សម្ដេច ធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា តាំង ពី ដើម អា ណត្តិ មក សម្ដេច បាន ឯកភាពនូវ សំណើរ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លើការងារ វាស់វែង ចុះបញ្ជី ដីធ្លី ដោយ បាន បង្កើន កញ្ចប់ថវិកា សម្រាប់ធ្វើការ ងារ នេះ ។ កាលពីមុន ក្រុមការងារ សម្រាប់ធ្វើការងារ នេះ មានជា ក្រុមតូចៗ តែ សម្រាប់អាណត្តិថ្មីៗនេះបានរៀបចំ ក្រុមការងារ រហូតដល់ជាង ៥ពាន់នាក់ ។
    សម្ដេច បន្តថា ៖
    « សម្រាប់ការ ងារ នេះរដ្ឋាភិបាល បានគ្រោង ថវិកាចំនួន ១០០លានដុល្លារ អាមេរិក ដើម្បីរុញឱ្យចប់ ហើយសង្ឃឹមថា ក្នុងអាណត្តិទី៧នេះ នឹង អាច ចប់ តែម្ដង ព្រោះ យើង បាន ឃើញ បងប្ងូនក្រុមការងារ របស់ យើង បានចុះ ធ្វើ ការងារ ពេលខ្លះពួកគាត់ បានធ្វើការ ងារទាំង យប់ ទាំង ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ជាពិសេស នៅតំបន់ រោងចក្រ »។

    សម្ដេច បន្ថែមថា ការ វាស់វែង និងចេញ បណ្ណ កម្មសិទ្ធិ នេះ នឹង អាច បញ្ចប់ វិវាទ ដីធ្លី ហើយអាច ឱ្យបងប្អូនយក បណ្ណ នេះ សម្រាប់ប្រើប្រាស់ ក្នុងសកម្មភាពបង្កើន សេដ្ឋកិច្ចផ្សេងៗ ។ កិច្ច ការងារ នេះ គឺក្រសួងដែនដីបាននិងកំពុង តែ អនុវត្ត នូវ អ្វីដែល ប្រទេស ជាច្រើន នៅលើ ពិភពលោក បានធ្វើ ពីមូលធន ដែលស្លាប់ឱ្យ វា រស់ ឡើងវិញ តា ម រយៈ ការវាស់វែង ចុះបញ្ជី និងចេញបណ្ណឱ្យ ដើម្បី ឱ្យ ក្លាយជា ទ្រព្យ រស់ របស់ពលរដ្ឋ និង ដើម្បីឱ្យ មានភាព ច្បាស់លាស់ បញ្ចប់ នូវទំនាស់ ដីធ្លីទូទាំងប្រទេស ៕