Category: សង្គម និងសេដ្ឋកិច្ច

  • កូនក្រមុំ​ពាក់​មាស​ទម្ងន់​រហូត​ដល់ 10 គីឡូក្រាម ចំណែក​គ្រែ​វិញ ត្រូវ​ក្រាល​ពេញ​ដោយ​បាច់​ប្រាក់

    កូនក្រមុំ​ពាក់​មាស​ទម្ងន់​រហូត​ដល់ 10 គីឡូក្រាម ចំណែក​គ្រែ​វិញ ត្រូវ​ក្រាល​ពេញ​ដោយ​បាច់​ប្រាក់

    (ប្រទេស​ចិន)-កូនក្រមុំ​ម្នា​ក់នៅ​ខេត្ត Fujian ទទួលបាន​ចំណងដៃ​ជា​សាច់​ប្រាក់សុទ្ធ​ចំនួន 880,000 យុន (ជិត 138,000 ដុល្លារ​អា​ម៉​រិ​ក) រួម​នឹង​មាស​ទម្ងន់ 10 គីឡូក្រាម នៅក្នុង​ថ្ងៃ​រៀប​មង្គលការ។

    គណនី Weibo ឈ្មោះ Zhang Xiaolei កាលពី​សប្ដាហ៍​មុន បាន​បង្ហោះ​អត្ថបទ​មួយ​ស្ដីពី​រឿងរ៉ាវ​នៃ​ពិធី​រៀប​អាពាហ៍ពិពាហ៍​ដ៏​ប្រណិត​មួយ​ដែលមាន​ចំណងដៃ​ជា​មាស និង​ប្រាក់​យ៉ាងច្រើន​សន្ធឹក របស់​កូនក្រមុំ​មួយរូប​ដែលមាន​វ័យ​ខ្ទង់​ជាង 20 នៅ​ទីក្រុង Putian នៃ​ខេត្ត Fujian ធ្វើឱ្យ​អ្នកលេង​បណ្ដាញ​សង្គម​នៅ​ប្រទេស​ចិន មានការ​ភ្ញាក់ផ្អើល។

    យោងតាម​ការចែករំលែក​របស់ Zhang កូនក្រមុំ​កើត​ក្នុង​ត្រកូល​អ្នកមាន ដែល​ឪពុកម្ដាយ​មានទ្រព្យ​សម្បត្តិ​មហាសាល​ដោយសារ​ជំនួញ។ នាង​ត្រូវបាន​ឪពុកម្ដាយ​ចាត់ទុក​ដូចជា​ត្បូង​ពេជ្រ​ដ៏​កម្រ មិនអាច​កាត់ថ្លៃ​បាន និង​រស់នៅក្នុង​ភាពសម្បូរ​សប្បាយ​តាំងពី​តូច។ ប៉ុន្តែ ព័ត៌មាន​ស្ដីពី​កូនកំលោះ មិន​ត្រូវបាន​បង្ហើប​ឱ្យដឹង​ឡើយ។

    ក្នុង​ថ្ងៃ​រៀបការ សាច់ប្រាក់​សុទ្ធ​ជា​ចំណងដៃ​ពី​ឪ​ទុក​ម្ដាយ​របស់ មាន​ចំនួន 8880,000 យុន (ជិត 138,000 ដុល្លារ)  ត្រូវបាន​ចង​ជា​បាច់ ក្រាល​ពេញ​លើ​គ្រែ ខណៈ​មាស​ជា​គ្រឿងអលង្ការ រួមមាន ខ្សែក កងដៃ និង​ចិញ្ចៀន​ជាដើម មាន​ទម្ងន់​សរុប 10 គីឡូក្រាម ក៏ត្រូវ​បាន​បំពាក់​ពេញ​លើ​រាងកាយ​កូនក្រមុំ។

    អ្នកលេង​បណ្ដាញ​សង្គម​នៅ ប្រទេស​ចិន បាន​សម្ដែង​ការភ្ញាក់ផ្អើល​នឹង​ភាពមានបាន​របស់​គ្រួសារ​កូនក្រមុំ ក្នុងនោះ​មាន​អ្នកខ្លះ​ស្ងើចសរសើរ តែ​ក៏មាន​អ្នកខ្លះ​បញ្ចេញមតិ​ថា៖ «សុភមង្គល​មិនអាច​វាស់​បាន​ដោយ​ប្រាក់កាស» ហើយ​អ្នកខ្លះ​ក៏​ថា៖ «ដូចជា​សម្ញែង​ទ្រព្យសម្បត្តិ​ពេក​ហើយ»។ល។

  • ឥណ្ឌា មានបំណង​ដាក់​បម្រាម និង​ការកំណត់​លើ​រូបិយវត្ថុ​ឌីជីថល​​ របស់​ឯកជន​ ដើម្បី​ទុក​លទ្ធភាព​ឱ្យ​រដ្ឋ

    ឥណ្ឌា មានបំណង​ដាក់​បម្រាម និង​ការកំណត់​លើ​រូបិយវត្ថុ​ឌីជីថល​​ របស់​ឯកជន​ ដើម្បី​ទុក​លទ្ធភាព​ឱ្យ​រដ្ឋ

    រដ្ឋាភិបាល​ឥណ្ឌា ជិត​ដាក់​សេចក្ដីព្រាងច្បាប់​ថ្មី ឡើងទៅ​សភា ក្នុង​បំណង​ទប់ស្កាត់​រូបិយវត្ថុ​ឌីជីថល​ឯកជន​ស្ទើរតែ​ទាំងអស់ មុនពេល​ធនាគារជាតិ​បញ្ចេញ​ប្រាក់​ឌីជីថល​ផ្ទាល់ខ្លួន។

    រដ្ឋាភិបាល​ឥណ្ឌា កាលពី​ថ្ងៃទី 23 វិច្ឆិកា បានឱ្យដឹងថា សេចក្ដីព្រាងច្បាប់ «ប្រាក់​ឌីជីថល និង​ការកំណត់​អំពី​សេចក្ដីព្រាងច្បាប់​ស្ដីពី​ប្រាក់​ឌីជីថល» នឹង​អនុញ្ញាតឱ្យ​ប្រើប្រាស់​ប្រាក់​ឌីជីថល តែមួយ​ចំនួន​តូច​ប៉ុណ្ណោះ។ សេចក្ដីព្រាងច្បាប់​នេះ​នឹងត្រូវ​បានដាក់​ឡើងទៅ​កាន់​សភាជាតិ​ដើម្បី​ពិនិត្យ អនុម័ត នៅក្នុង​កិច្ចប្រជុំ​នា​រដូវ​ត្រជាក់ ដែល​ចាប់ផ្ដើម​ពី​ចុងខែ​វិច្ឆិកា 2021។

    តាមរយៈ​សេចក្ដីព្រាងច្បាប់​នេះ ឥណ្ឌា ក៏​កំពុង​តែមាន​គម្រោង​ដាក់ឱ្យ​ប្រើប្រាស់​រូបិយវត្ថុ​ឌីជីថល ដែល​បោះផ្សាយ​ដោយ​ធនាគារជាតិ (RBI) ផងដែរ។ កន្លងមក RBI បាន​សម្ដែង​ការព្រួយបារម្ភ​ខ្លាំង​អំពី​ប្រាក់​ឌីជីថល​ឯកជន ហើយ​គ្រោង​នឹង​បញ្ចេញ​រូបិយវត្ថុ​ឌីជីថល​ដោយឡែក​របស់ខ្លួន​នៅ​ធ្នូ 2021។

    Bitcoin ជា​រូបិយវត្ថុ​ឌីជីថល មានតម្លៃ​ខ្ពស់​ជាងគេ​ក្នុង​ពិភពលោក កំពុង​ត្រូវបាន​ជួញដូរ​ក្នុង​រង្វង់ 60,000 ដុល្លារ/Bitcoin។ ប្រាក់​ឌីជីថល​ឯកជន​នេះ បាន​ឡើងថ្លៃ​ទ្វេដង រាប់​ចាប់ពី​ដើមឆ្នាំ 2021 និង​កំពុង​ទាក់ទាញ​អ្នកវិនិយោគ​យ៉ាងខ្លាំង​ក្លា។

    ប្រទេស​ឥណ្ឌា បច្ចុប្បន្ន​មាន​អ្នកវិនិយោគ​លើ​ប្រាក់​ឌីជីថល ប្រមាណ​ពី 15 ទៅ 20 លាន​នាក់ ជាមួយនឹង​ខ្ទង់​ប្រាក់​សរុប​ប្រហែល 400 ពាន់​លាន​រូពី (5.39 ពាន់​លាន​ដុល្លារ​អាម៉េរិក)។

    ថ្មីៗនេះ នាយករដ្ឋមន្ត្រី Narendra Modi បាន​បើក​កិច្ចប្រជុំ​មួយ​ដែល​ពិភាក្សា​អំពី​អនាគត​របស់​ប្រាក់​ឌីជីថល ក្នុង​គ្រា​ដែលមាន​ការព្រួយបារម្ភ​ថា ទីផ្សារ​ហិរញ្ញវត្ថុ​ឌីជីថល​ដែល​មិន​ត្រូវបាន​គ្រប់គ្រង អាច​បង្កលក្ខណៈ​ងាយស្រួល​ដល់​សកម្មភាព​លាង​លុយ និង​ការគាំទ្រ​អំពើ​ភេរវកម្ម៕

  • IMF ថា ប្រទេស​អែល​សាល់​វ៉ា​ឌ័​រ មិនគួរ​ប្រើប្រាស់ Bitcoin ជា​រូបិយវត្ថុ​គោល​របស់ខ្លួន

    IMF ថា ប្រទេស​អែល​សាល់​វ៉ា​ឌ័​រ មិនគួរ​ប្រើប្រាស់ Bitcoin ជា​រូបិយវត្ថុ​គោល​របស់ខ្លួន

    មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) កាលពី​ថ្ងៃទី 22 វិច្ឆិកា បាន​ព្រមាន​ដល់ ប្រទេស​អែល​សាល់​វ៉ា​ឌ័​រ ថា មិនគួរ​ប្រើប្រាស់ Bitcoin ធ្វើជា​រូបិយវត្ថុ​ផ្លូវការ​របស់​រដ្ឋ​ទេ ដោយសារតែ​ប្រាក់​ឌីជីថល​នេះ​មាន​ផ្ទុក​ហានិភ័យ​ច្រើន។

    ក្នុង​ប្រកាស​មួយ​ដែល​បាន​ផ្ញើ​ទៅកាន់ ប្រទេស​អែល​សាល់​វ៉ា​ឌ័​រ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ បាន​សង្កត់ធ្ងន់ថា ដោយសារតែ​តម្លៃ​របស់ Bitcoin មានការ​ប្រែប្រួល​ខ្លាំង ការប្រើប្រាស់ Bitcoin ជា​រូបិយវត្ថុ​ស្របច្បាប់ នឹង​នាំឱ្យមាន​ហានិភ័យ​ខ្ពស់​ក្នុង​បញ្ហា​ការពារ​អតិថិជន តម្លាភាព និង​ស្ថិរភាព​ផ្នែក​ហិរញ្ញវត្ថុ។ យោងតាម IMF ការប្រើប្រាស់ Bitcoin ក៏មាន​ហានិភ័យ​បង្ក​ជា​ខ្ទង់​បំណុល​ហិរញ្ញវត្ថុភ្លាមៗផងដែរ ដូច្នេះ Bitcoin មិនគួរ​ត្រូវបាន​ប្រើប្រាស់​ជា​ប្រាក់​ស្របច្បាប់។

    IMF ក៏បានផ្ដល់​អនុសាសន៍​ដល់ អែល​សាល់​វ៉ា​ឌ័​រ ថា គួរ​បង្រួម​វិសាលភាព​របស់​ច្បាប់​របស់​ប្រទេស​នេះ ដែល​​បាន​​អនុញ្ញាត​ឱ្យ​ Bitcoin ក្លាយជា​រូបិយវត្ថុ​ស្របច្បាប់។ ទន្ទឹមនឹងនេះ IMF ក៏បាន​ជំរុញ​ឱ្យ អែល​សាល់​វ៉ា​ឌ័​រ រឹតបន្តឹង​លើ​ការកំណត់ និង​គ្រប់គ្រង​ប្រព័ន្ធ​ទូទាត់​ថ្មី ទាក់ទង​នឹង Bitcoin

    សូម​រំលឹកថា មុននេះ​មួយថ្ងៃ អែល​សាល់​វ៉ា​ឌ័​រ បានប្រកាស​អំពី​គម្រោង​សាងសង់ «ទីក្រុង Bitcoin» ដំបូង​គេ​ក្នុង​ពិភពលោក ដោយ​ប្រើប្រាស់​ទុនវិនិយោគ​ដំបូង​ដែល​ប្រមូលបាន​ពី​មូល​ប​ត្រ​បំណុល​របស់ Bitcoin។

    អែល​សាល់​វ៉ា​ឌ័​រ បាន​ប្រើប្រាស់​ប្រាក់​ដុល្លារ​អាម៉េរិក អស់​រយៈពេល 2 ទសវត្សរ៍​មកហើយ។ កាលពី​ខែកញ្ញា 2021 អែល​សាល់​វ៉ា​ឌ័​រ បាន​ក្លាយជា​ប្រទេស​ដំបូង​គេ​ក្នុង​លោក​ដែល​បានទទួល​ស្គាល់​ប្រាក់​ឌីជីថល Bitcoin នៅក្នុង​ការទូទាត់ ក្រោយពី​ការអនុម័ត​ពី​សភាជាតិ៕

  • (វីដេអូ)-ទិដ្ឋភាពពន្លារបស់ កម្ពុជា ​ក្នុង​​​ព្រឹត្តិការណ៍​ពិព័រណ៍​ពិភពលោក នៅ សហភាព​អារ៉ាប់​រួម

    (វីដេអូ)-ទិដ្ឋភាពពន្លារបស់ កម្ពុជា ​ក្នុង​​​ព្រឹត្តិការណ៍​ពិព័រណ៍​ពិភពលោក នៅ សហភាព​អារ៉ាប់​រួម

    ក្រុមការងារ​របស់ កម្ពុជា កំពុង​រៀបចំ​តាំង​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ពិភពលោក រយៈពេល 6 ខែ នៅក្នុង​ទីក្រុង​ឌូ​បៃ របស់ សហភាព​អារ៉ាប់​រួម។

    ការចូលរួម​របស់ កម្ពុជា ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ពិភពលោក នៅ សហភាព​អារ៉ាប់​រួម លើក​នេះ មាន​សារៈប្រយោជន៍​ខ្លាំងណាស់ ទន្ទឹមនឹង​ការបង្កើត​ទំនាក់ទំនង​ល្អជា​មួយ​ភាគី​ម្ចាស់ផ្ទះ។ ក្នុងនោះ កម្ពុជា មានឱកាស​ផ្សព្វផ្សាយ​អំពី​តំបន់​ទេសចរណ៍ វប្បធម៌ ផលិតផល​សក្តានុពល និង​សមិទ្ធផលធំៗជាច្រើន​របស់ កម្ពុជា ឱ្យ​ពិភពលោក​បាន​ស្គាល់។

    ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ទៅ​ចូលរួម​គាំទ្រ និង​ទស្សនា​ពន្លា​ជាតិ​កម្ពុជា ដែល​កំពុង​រៀបចំ​តាំង​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ពិភពលោក​នេះ​ផងដែរ នៅក្នុង​ឱកាស​ដែល​ប្រតិភូ អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​លើក​ទី 40 របស់​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី នា​ព្រឹក​ថ្ងៃទី 22 ខែវិច្ឆិកា។

    គណៈប្រតិភូ​កម្ពុជា ទៅ​ចូលរួម​គាំទ្រ និង​ទស្សនា​ពន្លា​ជាតិ​កម្ពុជា ដែល​កំពុង​រៀបចំ​តាំង​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ពិភពលោក នៅ​ សហភាព​អារ៉ាប់រួម

    ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ក៏មាន​វត្តមាន​របស់ ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ឯកឧត្តម វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ​គណៈកម្មកា​រ​ជាតិ​អូឡាំពិក​កម្ពុជា រួម​នឹង​មន្ត្រីជាន់ខ្ពស់​មួយចំនួនទៀត នៃ​ក្រសួងទេសចរណ៍ និង​គណៈ​អភិបាល​រាជធានី​ភ្នំពេញ។

  • កម្ពុជា ខាតបង់​ថវិកា​ប្រមាណ 2.3 ពាន់​លាន​ដុល្លារ​អាម៉េរិក ដោយសារ​តែ​ជំងឺ​រាតត្បាត COVID-19

    កម្ពុជា ខាតបង់​ថវិកា​ប្រមាណ 2.3 ពាន់​លាន​ដុល្លារ​អាម៉េរិក ដោយសារ​តែ​ជំងឺ​រាតត្បាត COVID-19

    កម្ពុជា បាន​ខាតបង់​ថវិកា​ស្មើនឹង​ការសាងសង់​ស្ពាន​ចំនួន 20 ខ្សែ ព្រោះតែ​ជំងឺ COVID-19 ដោយ​ថវិកា​ជាតិប្រមាណ 2.3 ពាន់​លាន​ដុល្លារ​អាម៉េរិក ត្រូវបាន​ចំណាយ​ក្នុងការ​ដោះស្រាយ​បញ្ហា​វិបត្តិ​សុខភាព​ក្នុងសម័យ COVID-19។ នេះ​បើតាម​ប្រសាសន៍​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា។

    «ខ្ញុំ​សោកស្ដាយ​ណាស់​នៅត្រង់ថា អា COVID-19 នេះ វា​បាន​ស៊ី​ស្ពាន​របស់ខ្ញុំ​ប្រហែលជា 20 ស្ពាន អាហ្នឹង​គិត​តម្លៃ​ខ្ពស់​ផង…។ អីចឹង​ធ្វើឱ្យ​យើង​ត្រូវ​បន្ត​ស្នើសុំ​មិត្ត ចិន ជួយ​បន្តទៀត ហើយ​មិត្ត ចិន នឹង​បន្ត​ជួយ​ទៅតាម​គម្រោង​ដែល​យើង​បានដាក់» សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន មានប្រសាសន៍​ដូច្នេះ កាលពី​ព្រឹក​ថ្ងៃទី 23  ខែវិច្ឆិកា ក្នុងឱកាស​អញ្ជើញ​ជា​អធិបតីភាព ជាមួយ​ឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​នៅ កម្ពុជា ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ស្ពាន​មិត្តភាព​កម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និង​បើក​ការដ្ឋាន​គម្រោង​សាងសង់​ផ្លូវ​លេខ 71C ក្រោម​ហិរញ្ញប្បទាន​សម្បទាន​ពី ប្រទេស​ចិន។

    ស្ពាន​មិត្តភាព​កម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ

    សម្ដេច ហ៊ុន សែន បាន​បញ្ជាក់ថា នៅមុន​ផ្ទុះ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ COVID-19  រាជរដ្ឋាភិបាល​កម្ពុជា មាន​គម្រោង​សាងសង់​ស្ពាន​ជាច្រើន​កន្លែង ឆ្លងកាត់​ទន្លេ និង​ស្ទឹង​នានា​នៅ​ទូទាំងប្រទេស បន្ទាប់ពី កម្ពុជា ទទួលបាន​ប្រាក់​សន្សំ​ច្រើន៕

  • កំលោះ​ជា​និស្សិត​ខ្សត់​ប្រាក់ ដឹកនាំ​ក្រុមការងារ​ដែល​ខ្វះ​លុយ រហូត​ក្លាយជា CEO របស់​ក្រុមហ៊ុន​ធុរកិច្ច​ថ្មី តម្លៃ 6.3 ពាន់​លាន​ដុល្លារ៖ ពេលខ្លះ​នៅក្នុង​គណនី​ធនាគារ​របស់​ក្រុមហ៊ុន នៅសល់តែ​ជាង 200 ដុល្លារ​គត់!

    កំលោះ​ជា​និស្សិត​ខ្សត់​ប្រាក់ ដឹកនាំ​ក្រុមការងារ​ដែល​ខ្វះ​លុយ រហូត​ក្លាយជា CEO របស់​ក្រុមហ៊ុន​ធុរកិច្ច​ថ្មី តម្លៃ 6.3 ពាន់​លាន​ដុល្លារ៖ ពេលខ្លះ​នៅក្នុង​គណនី​ធនាគារ​របស់​ក្រុមហ៊ុន នៅសល់តែ​ជាង 200 ដុល្លារ​គត់!

    សហ​ស្ថាបនិក​របស់​​ក្រុមហ៊ុន​បច្ចេកវិទ្យា Personio និយាយថា៖ គាត់​នៅ​រក្សា​រូប​ដែល​បាន​ថត​ពី​អេក្រង់ ទាក់ទង​នឹង​គណនី​ធនាគារ​ដែល​នៅសល់តែ​ជាង 200 ដុល្លារ​ប៉ុណ្ណោះ ដែល​នោះ​គឺជា​អនុស្សាវរីយ៍​មិនអាច​ភ្លេច​បាន។

    គ្រាន់តែ​រយៈពេល 6 ឆ្នាំ​សោះ Personio បាន​ក្លាយជា startup មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ធុរកិច្ច​ថ្មី​ដែលមាន​តម្លៃ​ជាងគេ​នៅ ទ្វីបអឺរ៉ុប ដោយ​ត្រូវ​បានកំណត់​តម្លៃ​ឡើងដល់ 6.3 ពាន់​លាន​ដុល្លារ​អាម៉េរិក។ ប៉ុន្តែ មុនពេល​រកឃើញ​ជោគជ័យ​នោះ CEO Hanno Renner បាន​ឆ្លងកាត់​ដំណាក់កាលលំបាកៗជាច្រើន​ទាក់ទង​នឹង​បញ្ហា​ប្រាក់កាស។

    Renner បាន​ប្រាប់ CNBC ថា៖ «មាន​ពេល​មួយ​នោះ យើង​នៅសល់តែ 226 ដុល្លារ​គត់ ក្នុង​គណនី​ធនាគារ មុនពេល​បានទទួល​ប្រាក់​វិនិយោគ​ដំបូង»។

    លោក​ Renner រួម​នឹង Roman Schumacher, Arsenity Vershinin និង Ignaz Forstmeier បាន​បង្កើត​ក្រុមហ៊ុន Personio នៅក្នុង​ទីក្រុង Munich (ប្រទេស​អាល្លឺម៉ង់) កាលពី​ឆ្នាំ 2015។ ពួកគេ​បាន​ជួបគ្នា​នៅពេល​កំពុង​សិក្សា​ផ្នែក​បច្ចេកវិទ្យា នៅឯ​សាកលវិទ្យាល័យ​មួយ​នៅ Munich។

    Personio ត្រូវបាន​បង្កើតឡើង បន្ទាប់ពី​ម្នាក់​ក្នុងចំណោម​ពួកគេ​និយាយ​អំពី​ឧបសគ្គ​ក្នុងការ​គ្រប់គ្រង​ធនធានមនុស្ស​នៅក្នុង​ក្រុមហ៊ុន ព្រោះតែ​មិនមាន​កម្មវិធី​ផ្នែក​ទន់ (software) ដែល​ជួយ​ដល់​កិច្ចការ​នោះ។

    ដោយសារតែ​នៅ​ជា​និស្សិត និង​ពុំទាន់​មានលទ្ធភាព​ជួល​ការិយាល័យ​សម្រាប់​ធ្វើការ​នឹង​គេ ដូច្នេះ ពួកគេ​ត្រូវ​ធ្វើការ​នៅ​កន្លែង​ណា​ក៏បាន ឱ្យតែ​អាច​បង្កើតបាន​ផលិតផល​ដំបូង។ ពួកគេ​ត្រូវ​ប្រើប្រាស់​ប្រាក់​សន្សំ​ផ្ទាល់ខ្លួន​ដើម្បី​ផ្គត់ផ្គង់​ការចំណាយ។

    ក្រោយពី​ទទួលបាន​ប្រាក់​ពី​អតិថិជន ពួកគេ​ក៏​យកប្រាក់​ចំណូល​នោះ​ទៅ​ចុះឈ្មោះ​ស្នើសុំ​ប័ណ្ណ​ប៉ាតង់ ជួល​បន្ទប់​ការិយាល័យ​តូច​មួយ និង​ជ្រើសរើស​បុគ្គលិក​មួយចំនួន។ ឆ្នាំ 2016 Personio ប្រមូល​ទុន​បាន 2.1 លាន​ដុល្លារ ពី Global Founders Capital ជា​ក្រុមហ៊ុន​ដែល​បាន​វិនិយោគ​ទៅលើ LinkedIn និង Facebook។

    សហស្ថាបនិក​របស់​ក្រុម​ហ៊ុន​ Personio

    មុនពេលអ្វីៗដំណើរការ​ដោយ​រលូន សហ​ស្ថាបនិក​របស់ Personio ត្រូវ​ដោះស្រាយ​បញ្ហា​ជាច្រើន ក្នុងនោះ​មាន​បញ្ហា​ហិរញ្ញវត្ថុ​គឺជា​រឿង​ធំ។

    «ខ្ញុំ​នៅ​រក្សា​រូប​ដែល​ថត​បាន​ពី​អេក្រង់​ស្ដីពី​គណនី​ធនាគារ​ដែល​នៅសល់តែ​ជាង 200 ដុល្លារ​ប៉ុណ្ណោះ។ នោះ​គឺជា​អនុស្សាវរីយ៍​ដែល​មិនអាច​ភ្លេច​បាន» Renner និយាយ​ដូច្នេះ។

    ស្ថានភាព​ហិរញ្ញវត្ថុ​របស់ Personio បាន​ប្រែប្រួល​ខ្លាំង​បន្ទាប់ពី​ទទួលបាន​ខ្ទង់​វិនិយោគ 2.1 លាន​ដុល្លារ។ ក្នុងការ​ប្រមូល​ទុន​ថ្មី​បំផុត​នៃ​ស៊េរី E កាលពី​ខែ​មុន ក្រុមហ៊ុន Personio រកបាន​ទុនវិនិយោគ 270 លាន​ដុល្លារ និង​ត្រូវ​បានកំណត់​តម្លៃ​ឡើងដល់ 6.3 ពាន់​លាន​ដុល្លារ។ នេះ​គឺជា​ជំហាន​ដ៏​វែង​សម្រាប់ Personio ព្រោះថា កាលពីដើម​ឆ្នាំនេះ ក្រុមហ៊ុន​ត្រូវបាន​កំណត់​តម្លៃ​ត្រឹមតែ 1.7 ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ។

    គិត​មកដល់​បច្ចុប្បន្ន ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ Personio ប្រមូល​ទុន​​​បាន​សរុប​ចំនួន​​ជាង 500 លាន​ដុល្លារ​អាម៉េរិក ពី​ក្រុម​អ្នកវិនិយោគ។

    ខ្ទង់​​ប្រាក់​វិនិយោគ​ថ្មី​បំផុត​​ដែល​​ប្រមូល​បាន​ កំពុង​ត្រូវបាន​ប្រើប្រាស់​ដើម្បី​អភិវឌ្ឍ​ប្រភេទ​កម្មវិធី​ថ្មី​ដែលមាន​ឈ្មោះថា People Workflow Automation។ កម្មវិធី​នេះ​នឹង​ជួយ​លុបបំបាត់​រនាំង​រវាង​ផ្នែក​គ្រប់គ្រង​ធនធានមនុស្ស និង​ផ្នែកផ្សេងៗរបស់​ក្រុមហ៊ុន។

    Renner បាន​បញ្ជាក់ថា៖ «ចំពោះ​ខ្ញុំ ការបង្កើត​ក្រុមហ៊ុន​មួយ​ឡើង មិនមែន​ដើម្បី​ក្លាយជា​ថៅកែ​របស់​គ្រប់គ្នា​នោះទេ។ ខ្ញុំ​​តែង​តែ​​មាន​បំណង​ធានា​ឱ្យ​ប្រាកដថា បុគ្គលិក​ទាំងអស់​រប​ស់​ក្រុមហ៊ុន ទទួលបាន​សិទ្ធិ​ក្នុងការ​សម្រេចចិត្ត​ត្រឹមត្រូវ ក៏ដូចជា​ធ្វើ​សកម្មភាព​ដូច​ទៅនឹង​ម្ចាស់​អាជីវកម្ម​មួយរូប​ពិតប្រាកដ»៕

  • ByteDance បញ្ចេញ App ផ្សារ​អន​ឡាញ ជួយ​ដល់​អ្នក​លក់រាយ​លើ​បណ្ដាញ​សង្គម TikTok

    ByteDance បញ្ចេញ App ផ្សារ​អន​ឡាញ ជួយ​ដល់​អ្នក​លក់រាយ​លើ​បណ្ដាញ​សង្គម TikTok

    ByteDance បានចេញ​កម្មវិធី​សម្រាប់​អ្នកលក់​ទំនិញ​នៅលើ TikTok ដើម្បី​ជួយ​សម្រួល​ដល់​ការគ្រប់គ្រង​ហាង​ឌីជីថល​របស់​ពួកគេ ដែល​នេះ​ត្រូវបាន​គេ​មើលឃើញថា ជាការ​ចាប់យក​ឱកាស និង​ទីផ្សារ​ដ៏​ធំ​សម្បើម​ដែល​ខ្លួន​កំពុង​មានប្រៀប​ជាង​គូប្រជែង។

    សារព័ត៌មាន SCMP បានឱ្យដឹងថា កម្មវិធី (App) ដែល​ត្រូវបាន​ក្រុម TikTok នៅ សិង្ហ​បុរី អភិវឌ្ឍ បានបង្ហាញ​ខ្លួន​កាលពី​សប្ដាហ៍​មុន ក្នុង​គ្រា​ដែល​ស្ថាបនិក​របស់ ByteDance លោក Zhang Yiming បាន​ទៅកាន់​ទីនោះ។

    ByteDance ថ្មីៗនេះ បាន​ពង្រីក​ក្រុមការងារ​របស់ខ្លួន​នៅ សិង្ហ​បុរី ដើម្បី​ជួយ​ដល់​ការពង្រីក​ខ្លួន​ជាស​កល​របស់​ក្រុមហ៊ុន​នេះ។

    កាលពី​ខែកុម្ភៈ ពួកគេ​បាន​ឧទ្ទេសនាម Seller University ដែលជា​មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​មួយ ជួយ​ដល់​អ្នកជំនួញ លក់ទំនិញ​នៅលើ TikTok។ កាលពី​រដូវក្ដៅ ក្រុមហ៊ុន​នេះ​ក៏បាន​ដំណើរការ​សាកល្បង​មុខងារ TikTok Shopping នៅ សហរដ្ឋ​អាម៉េរិក អង់គ្លេស និង កាណាដា ដែល​បាន​សហការ​ជាមួយ Shopify។

    យោងតាម​សារព័ត៌មាន​ចិន បច្ចុប្បន្ន កម្មវិធី TikTok Seller កំពុង​ត្រូវបាន​ប្រើប្រាស់​ភាគច្រើន​ដោយ​អ្នកជំនួញ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ ក្រៅពី​ប្រទេស​ចិន បច្ចុប្បន្ន TikTok បានចាប់ផ្ដើម​សាកល្បង​ដំណើរការ​មុខងារ​លក់រាយ​អន​ឡាញ​នៅ ឥណ្ឌូនេស៊ី និង អង់គ្លេស កាលពីដើមឆ្នាំ។

    តាម​ការ​ព្យាករ​ឆ្នាំ 2021 របស់ Adobe Digital Economy Index វិស័យ​ពាណិជ្ជកម្ម​ទូទាំង​ពិភពលោក មានតម្លៃ 4.2 ពាន់​លាន​ដុល្លារ៕

  • សូម​អញ្ជើញ​ចូលរួម​​បើកបរ​​សាក​ល្បង​​រថយន្ត ​Ford Territory ស៊េរី​ថ្មី ដោយ​សេរី និង​ឥតគិតថ្លៃ នៅ​ទីលាន​បើកបរ​យានយន្ត យ៉ាម៉ា​ម៉ូតូ ថ្ងៃទី 27 ខែ​វិ​ចិ្ឆ​កា ឆ្នាំ2021 នៅ​តំបន់​អភិវឌ្ឍន៍​ក​សិ​ទេសចរណ៍ ម៉ុង ឬ​ទ្ធី សែន​ជ័យ ខេត្តកំពង់ស្ពឺ

    សូម​អញ្ជើញ​ចូលរួម​​បើកបរ​​សាក​ល្បង​​រថយន្ត ​Ford Territory ស៊េរី​ថ្មី ដោយ​សេរី និង​ឥតគិតថ្លៃ នៅ​ទីលាន​បើកបរ​យានយន្ត យ៉ាម៉ា​ម៉ូតូ ថ្ងៃទី 27 ខែ​វិ​ចិ្ឆ​កា ឆ្នាំ2021 នៅ​តំបន់​អភិវឌ្ឍន៍​ក​សិ​ទេសចរណ៍ ម៉ុង ឬ​ទ្ធី សែន​ជ័យ ខេត្តកំពង់ស្ពឺ

    សូម​អញ្ជើញ​ចូលរួម​បើកបរ​សាកល្បង​រថយន្ត Ford Territory ស៊េរី​ថ្មី ដោយ​សេរី និង​ឥតគិតថ្លៃ នៅ​ទីលាន​បើកបរ​យានយន្ត យ៉ាម៉ា​ម៉ូតូ ថ្ងៃទី 27 ខែ​វិ​ចិ្ឆ​កា ឆ្នាំ2021 នៅ​តំបន់​អភិវឌ្ឍន៍​ក​សិ​ទេសចរណ៍ ម៉ុង ឬ​ទ្ធី សែន​ជ័យ ខេត្តកំពង់ស្ពឺ។ រាល់​ការចូលរួម​កម្មវិធី​នេះ លោក​អ្នកនឹង​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​ដូចជា៖

    • ចូលរួម​បើកបរ​សាកល្បង​រថយន្ត Ford Territory ស៊េរី​ថ្មី​ដោយ​ឥតគិតថ្លៃ
    • ទទួលបាន​បទពិសោធ​ន៍​នៃ​ការបើកបរ និង​ការបណ្តុះបណ្តាល​ផ្ទាល់​ជាមួយ​អ្នកជំនាញ ឯកទេស​របស់​ក្រុមហ៊ុន Ford
    • យល់ដឹង​អំពី​ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកទេស​នៃ​ការបើកបរ​រថយន្ត
    • យល់ដឹង​អំពី​បច្ចេកទេស​នៃ​ការថែទាំ​យានយន្ត
    • យល់ដឹង​អំពី​បច្ចេកវិទ្យា និង​អត្ថប្រយោជន៍​នៃ​រថយន្ត Ford Territory ស៊េរី​ថ្មី
    • ទទួលបាន​ការ​ញុំ​ា​អាហារ​ថ្ងៃត្រង់​ដោយ​ឥតគិតថ្លៃ
    • ទំនាក់ទំនង​ចុះឈ្មោះ​ចូលរួម: 092 888 496 | 087 333 139
    • សម្រាប់​ទីតាំង​សូម​ចុច​លើ តំណរ​ភ្ជាប់ មួយ​នេះ https://bit.ly/3lV0C9a

    ***បញ្ជាក់: អាហារ​ថ្ងៃត្រង់​ធ្វើការ​ផ្តល់ជូន​សម្រាប់តែ​អ្នក​ដែល​បាន​ចុះឈ្មោះ​ទុកជាមុន​តែប៉ុណ្ណោះ។

  • តម្លៃ​មាស​ពិភពលោក ដាំ​ក្បាល​ចុះ ក្រោយ​មាន​ដំណឹង​ថា​ ​ប្រធាន Fed នឹង​កាន់តំណែង​នេះ​ក្នុង​អាណត្តិ​បន្ទាប់

    តម្លៃ​មាស​ពិភពលោក ដាំ​ក្បាល​ចុះ ក្រោយ​មាន​ដំណឹង​ថា​ ​ប្រធាន Fed នឹង​កាន់តំណែង​នេះ​ក្នុង​អាណត្តិ​បន្ទាប់

    មាស​ក្នុង​មួយ អោន (1 ounce = 8.29426 ជី) ធ្លាក់​ថ្លៃ​ជាង 40 ដុល្លារ​អាម៉េរិក កាលពី​យប់​ម្សិលមិញ ដោយមាន​តម្លៃ​ក្បែរ 1,800 ដុល្លារ ក្រោយពី​មាន​ព័ត៌មាន​ថា ប្រធាន​របស់ Fed ត្រូវបាន​ជ្រើសតាំង​សម្រាប់​អាណត្តិ​ទី​ពីរ។

    ការជួញដូរ​ចុងក្រោយ​នៃ​ថ្ងៃទី 22 វិច្ឆិកា តម្លៃ​មាស​ពិភពលោក​ប្រគល់​ភ្លាម បាន​ធ្លាក់​មក​នៅត្រឹម 1,804 ដុល្លារ ទាប​បំផុត​រាប់​ចាប់ពី​ថ្ងៃទី 5 វិច្ឆិកា។ ប​ប្ចុ​ប្បន្ន មាស​ក្នុង​មួយ អោន ត្រូវបាន​ជួញដូរ​ក្នុង​រង្វង់ 1,809 ដុល្លារ។

    មូលហេតុ​ដែលនាំឱ្យ​តម្លៃ​មាស​ធ្លាក់ចុះ​ជាង 2% កាលពី​យប់ម្សិល​មិញ​គឺ​ដោយសារ​ប្រាក់​ដុល្លារ​អាម៉េរិក ឡើងថ្លៃ បន្ទាប់ពី​ប្រធាន Fed លោក Jerome Powell ត្រូវបាន​ជ្រើសតាំង​សម្រាប់​អាណត្តិ​ទី​ពីរ។ ប្រការនេះ​ធ្វើឱ្យ​មានការ​រំពឹងថា ធនាគារកណ្ដាល​របស់ អាម៉េរិក អាច​នឹង​បន្ត​ដក​ខ្ទង់​ថវិកា​ជំរុញ​កំណើនសេដ្ឋកិច្ច។

    ប្រាក់​ដុល្លារ​ឡើងថ្លៃ ធ្វើឱ្យ​មាស​ឡើងថ្លៃ​សម្រាប់​អ្នកទិញ​ជា​ជនបរទេស។ អត្រា​ការប្រាក់​កើនឡើង​ក៏​នាំឱ្យ​ការចំណាយ​លើ​ឱកាស​នៃ​ការក្ដោបក្ដាប់​ទ្រព្យ​មិន​បង់​ការប្រាក់​ដូចជា​មាស ត្រូវ​កើនឡើង​ផងដែរ។

    ក្រុមមន្ត្រី​របស់ Fed (Federal Reserve System/ធនាគារ​កណ្ដាល​របស់​ សហរដ្ឋ​អាម៉េរិក) នឹង​លើកយក​បញ្ហា​នៃ​ការដក​ខ្ទង់​ថវិកា​ជំរុញ​កំណើនសេដ្ឋកិច្ច ដើម្បី​ទប់ទល់​នឹង​អតិផរណា នៅក្នុង​ខែធ្នូ​ខាងមុខ។

    មាស​ត្រូវបាន​ព្យាករ​ថា នឹងមាន​តម្លៃ​ចន្លោះ​ពី 1,800 ទៅ 1,850 ដុល្លារ/អោន រហូតដល់​ពាក់កណ្ដាល​ខែធ្នូ ឆ្នាំ 2021៕

  • វៀតណាម ជិត​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ «ស្ពាន​គោក​លើ​ពពក» ខ្ពស់​ជាងគេ​បង្អស់​នៅ​ប្រទេស​នេះ

    វៀតណាម ជិត​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ «ស្ពាន​គោក​លើ​ពពក» ខ្ពស់​ជាងគេ​បង្អស់​នៅ​ប្រទេស​នេះ

    ស្ពាន ម៉ុង​សេន (Cau Mong Sen) ដែល​ស្ថិតនៅក្នុង​ខេត្ត​ឡាវ​កាយ (Lao Cai) ភាគ​ខាងជើង​ប្រទេស​វៀតណាម កំពុង​ត្រូវបាន​សាងសង់​ដំណាក់កាល​ចុងក្រោយ​ដើម្បី​អាច​សម្រេច​ជា​ស្ថាពរ​នៅ​ចុងខែ​ធ្នូ 2021។

    តាម​គម្រោង ស្ពាន​នេះ​នឹង​ត្រូវបាន​សាងសង់​រួចរាល់​នៅ​ថ្ងៃទី 31 ធ្នូ 2021។ បច្ចុប្បន្ន ក្រុម​អ្នកវិនិយោគ​កំពុង​ញាប់ដៃ​ញាប់ជើង​ដើម្បី​បង្ហើយ​ការងារ​ចុងក្រោយ ឱ្យ​ត្រូវ​តាម​ពេលវេលា។

    ក្រោយ​ការសាងសង់​រយៈពេល 2 ឆ្នាំ គម្រោង​ស្ពាន ម៉ុង​សេន ដែល​ប្រើប្រាស់​ទុនវិនិយោគ​ជាង 450 ពាន់​លាន​ដុង (ជាង 19 លាន​ដុល្លារ​អាម៉េរិក) សាងសង់​សម្រេចបាន 90% រួចហើយ ធៀប​នឹង​ការគ្រោងទុក។

    ស្ពាន ម៉ុង​សេន គឺជា​ស្ពាន​ឆ្លងកាត់​តំបន់​គោក​ដែលមាន​បង្គោល​ខ្ពស់​ជាងគេ​បង្អស់​នៅ ប្រទេស​វៀតណាម។

    ស្ពាន​ដែលមាន​គន្លង​សម្រាប់​រថយន្ត​ចំនួន 4 នេះ មាន​ប្រវែង​ជាង 600 ម៉ែត្រ ទទឹង 14.5 ម៉ែត្រ និង​មាន​បង្គោល​ទ្រ​ចំនួន 5។ ស្ពាន​នេះ​ត្រូវបាន​សម្ពោធ​ការដ្ឋាន​សាងសង់​កាលពីដើម​ខែកុម្ភៈ 2020៕