Category: សង្គម និងសេដ្ឋកិច្ច

  • អ្នកមាន​ទ្រព្យ​ច្រើនជាងគេ​នៅ​អង់គ្លេស ទិញ​ក្រុម​បី​សាច​ក្រហម Man United

    អ្នកមាន​ទ្រព្យ​ច្រើនជាងគេ​នៅ​អង់គ្លេស ទិញ​ក្រុម​បី​សាច​ក្រហម Man United

    អ្នកមាន​ជាងគេ​នៅ​អង់គ្លេស Sir Jim Ratcliffe បាន​ចូល​រួមការ​ប្រជែង​ទិញ​ក្រុម​បី​សាច​ក្រហម Manchester United នេះ​បើតាម​សារព័ត៌មាន The Sun។

    ក្លឹប​ម្ចាស់​ទីលាន Old Trafford ត្រូវបាន​ប្រធាន Glazer ដាក់លក់​កាលពី​ខែវិច្ឆិកា 2022 ហើយថ្មីៗនេះ Ratcliffe បាន​បញ្ជាក់ថា លោក​កំពុង​ចូលរួម​ប្រជែង​ដើម្បី​ក្លាយជា​ម្ចាស់​ក្លឹប​នេះ។

    ទោះជា​យ៉ាងណាក៏ដោយ ការ​ទិញដូរ​អាចទៅរួច​លុះណាតែ Ratcliffe ហ៊ាន​ចំណាយ​ប្រាក់​មិន​ក្រោម 5 ពាន់​លាន​ផោន ដែល​ប្រហែល​នឹង 6 ពាន់​លាន​​ដុល្លារ​អាម៉េរិក ទៅឱ្យ​គ្រួសារ Glazer។

    មហាសេដ្ឋី Sir Jim Ratcliffe អ្នកមានជាងគេនៅអង់គ្លេស
  • គម្រោង​ស្ថាបនា​ព្រលានយន្តហោះ​អន្តរជាតិ​កោះរ៉ុង នឹង​ចំណាយ​ថវិកា 300 លាន​ដុល្លារ​អាម៉េរិក

    គម្រោង​ស្ថាបនា​ព្រលានយន្តហោះ​អន្តរជាតិ​កោះរ៉ុង នឹង​ចំណាយ​ថវិកា 300 លាន​ដុល្លារ​អាម៉េរិក

    នា​ថ្ងៃទី 18 មករា 2023 នេះ រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល និង​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ឌី​វេ​ឡូ​ប​មេន បានរៀបចំ​ពិធី​ចុះហត្ថលេខា​លើ​អនុស្សារណៈ​នៃ​ការយោគយល់ និង​ទទួលស្គាល់​ផែនការមេ លើ​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​អេកូ​ទេសចរណ៍​កោះរ៉ុង នៅ​តំបន់​អភិវឌ្ឍន៍​កោះរ៉ុង ខេត្ត​ព្រះសីហនុ។

    ពិធី​ចុះហត្ថលេខា​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​សណ្ឋាគារ Cambodiana ក្នុង​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល។

    យោងតាម​កិច្ចព្រមព្រៀង គម្រោង​សាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​កោះរ៉ុង (លំដាប់ 4 C) នឹង​ចំណាយ​ថវិកា​ប្រមាណ 300 លាន​ដុល្លារ និង​សាងសង់​ក្នុង​រយៈពេល 5 ឆ្នាំ។

  • ការ​​ស្ថាបនា​បណ្ដាញ​បំពង់​បង្ហូរ​អុកស៊ីសែន​លើ​ផ្ទៃ​ព្រះ​ចន្ទ កំពុង​ត្រូវ​បាន​ណា​សា​​ពិចារណា

    ការ​​ស្ថាបនា​បណ្ដាញ​បំពង់​បង្ហូរ​អុកស៊ីសែន​លើ​ផ្ទៃ​ព្រះ​ចន្ទ កំពុង​ត្រូវ​បាន​ណា​សា​​ពិចារណា

    (សហរដ្ឋ​អាម៉េរិក) – ណា​សា (NASA) កំពុង​ពិចារណា​លើ​ការប្រើប្រាស់​បណ្ដាញ​​បំពង់​បង្ហូរ​អុកស៊ីសែន​​ដើម្បី​នាំ​អុកស៊ីសែន​ទៅកាន់​ទីតាំងផ្សេងៗគ្នា​នៅ​ជុំវិញ​តំបន់​ប៉ូល​ខាងត្បូង​របស់​ព្រះ​ចន្ទ នៅក្នុង​បេសកកម្ម Artemis បន្ទាប់។

    Peter Curreri ប្រធាន​ផ្នែក​វិទ្យាសាស្ត្រ​របស់​ក្រុមហ៊ុន Lunar Resources Inc, បាន​អធិប្បាយ​លំអិត​អំពី​បញ្ហា​ចំពោះ​គម្រោង​ដឹក​អុកស៊ីសែន​ដោយ​រ៉ូ​បូត​ស្វ័យប្រវត្ត​បច្ចុប្បន្ន​របស់​ណា​សា។ Curreri បញ្ជូន​សំណើ​របស់​ខ្លួន​ទៅ​កាន់​ណាសា សម្រាប់​កម្មវិធី Innovative Advanced Concepts (NIAC) ដែល​អនុវត្ត​ដោយ​ទីភ្នាក់​ងារ​អវកាស​អាម៉េរិក​នេះ។ ក្រុម​របស់លោក Curreri ស្ថិតក្នុង​ចំណោម 14 ក្រុម​ដែល​ទទួលបាន​ថវិកា 175,000 ដុល្លារ ដើម្បី​អភិវឌ្ឍ​​គំនិត​របស់​ពួកគេ នេះ​បើតាម Interesting Engineering ចុះផ្សាយ​កាលពី​ថ្ងៃទី 17 មករា។

    បណ្ដាញ​បំពង់​បង្ហូរ​អុកស៊ីសែន​លើ​ផ្ទៃ​ព្រះ​ចន្ទ​នៅក្នុង​សំណើ​ដែលមាន​ឈ្មោះថា Lunar South Pole Oxygen Pipeline (LSPOP) ត​ភ្ជាប់​ជាមួយនឹង​មជ្ឈមណ្ឌល​រុករក​ទឹកកក​របស់​ណា​សា​នៅ​ប៉ូល​ខាងត្បូង​របស់​ព្រះ​ចន្ទ។ ទាំង​សហរដ្ឋ​អាម៉េរិក ចិន និង​រុស្ស៊ី សុទ្ធតែ​ផ្ដោតលើ​តំបន់​នេះ ដោយសារ​តែមាន​ផ្ទុក​ទឹកកក​ជាច្រើន រួម​នឹង​ធនធាន​ដទៃទៀត​នៅ​ខាងក្រោម​ស្រទាប​លើរបស់​ព្រះចន្ទ។ ទឹកកក​នោះ​នឹង​ជា​ផ្នែក​សំខាន់​មួយ​ក្នុង​គម្រោង​នាំ​មនុស្ស​ឡើងទៅ​កាន់​ឋាន​ព្រះ​ចន្ទ ព្រោះ​អាច​ចម្រាញ់​ជា​ទឹក​ផឹក​បាន និង​អុកស៊ីសែន​ដើម្បី​ដកដង្ហើម ក៏​ដូច​ជា​ការ​​ធ្វើជា​ឥន្ធនៈ​សម្រាប់​រ៉ុក្កែត។

    យោងតាម Curreri គម្រោង​ដំបូង​របស់​ពួកគេ​គឺ​ការស្ថាបនា​បណ្ដាញ​បំពង់​បង្ហូរ​មួយ​ប្រវែង 5 គីឡូម៉ែត្រ​ដើម្បី​នាំ​អុកស៊ីសែន​ពី​កន្លែង​ផលិត ទៅកាន់​រោងចក្រ​រក្សា​អុកស៊ីសែន​ដែល​នៅក្បែរ​មូលដ្ឋាន​ហោះហើរ​លើ​ព្រះ​ចន្ទ។ បើសិនជា​ត្រូវបាន​ណា​សា​យល់ព្រម​ប្រើ​ប្រាស់​​​គម្រោង LSPOP សម្រាប់​បេសកកម្ម Artemis បំពង់​បង្ហូរ​នេះ​នឹង​ត្រូវបាន​ផលិត​ទៅតាម​ដំណាក់កាល​នៅលើ​ផ្ទៃ​ព្រះ​ចន្ទ មុនពេល​ដំឡើង​ជា​បណ្ដាញ​ពេញ​លេញ​។ បំពង់​ទាំងនេះ​អាច​ត្រូវបាន​ផលិត​ពី​អា​លុយ​មី​ញូ​ម ដែលជា​វត្ថុ​ធាតុ​មាន​ច្រើន​នៅ​ប៉ូល​ខាងត្បូង​របស់​ព្រះ​ចន្ទ៕

  • សំបុត្រ​ពិសេស​ចូល​ទស្សនា Messi ប៉ះ​នឹង Ronaldo ត្រូវបាន​ទិញ​ក្នុងតម្លៃជិត 3 លាន​ដុល្លារ​អាម៉េរិក

    សំបុត្រ​ពិសេស​ចូល​ទស្សនា Messi ប៉ះ​នឹង Ronaldo ត្រូវបាន​ទិញ​ក្នុងតម្លៃជិត 3 លាន​ដុល្លារ​អាម៉េរិក

    (អា​រ៉ា​ប៊ី​សា​អូឌីត) – អ្នកជំនួញ Mushraf Al Ghamdi បានឈ្នះ​ក្នុងការ​ដេញថ្លៃ​សំបុត្រ​ពិសេស​ចូល​ទស្សនា​ការប្រកួតរ​វាង PSG និង Saudi All-Star ដែលមាន​ការចូលរួម​របស់​កំពូល​តារាបាល់ទាត់ Messi និង Ronaldo។

    «សូម​អបអរសាទរ។ សំបុត្រ​មនុស្សធម៌ «Above Imagination» លក់​ដេញថ្លៃ​បាន​ខ្ពស់បំផុត​គឺ 10 លាន​រី​យ៉ា​ល (ប្រហែល​នឹង 2.7 លាន​ដុល្លារ​អាម៉េរិក) ហើយ​ត្រូវបាន​ទិញ​ដោយ​អ្នកជំនួញ​ផ្នែក​អចលនទ្រព្យ Mushraf Al Ghamdi» មេដឹកនាំ​ក្នុង​វិស័យ​កំសាន្ត​របស់​អា​រ៉ា​ប៊ី​សា​អូឌីត Turki Al Sheikh ប្រកាស​នៅលើ Twitter កាលពី​ថ្ងៃទី 17 មករា។

    Mushraf Al Ghamdi ដែលជា​អ្នកជំនួញ​ផ្នែក​អចលនទ្រព្យ​នៅ អា​រ៉ា​ប៊ី​សា​អូឌីត បាន​នាំមុខគេ​ក្នុងការ​ដេញថ្លៃ​ដែល​បានចាប់ផ្ដើម​តាំង​ពីមួយ​សប្ដាហ៍​មុន។ ទឹកប្រាក់​ដែល​បាន​ពី​ការលក់​សំបុត្រ​ពិសេស​នេះ​នឹងត្រូវ​បាន​ផ្ទេរ​ទៅឱ្យ​អង្គការ​មនុស្សធម៌ Ehsan របស់​រដ្ឋាភិបាល​ប្រទេស​នេះ។

    ទន្ទឹមនឹង​ការចូលរួមចំណែក​ក្នុង​កិច្ចការ​មនុស្សធម៌ សំបុត្រ​ពិសេស​នេះ​ក៏​នឹង​អនុញ្ញាតឱ្យ​ម្ចាស់​កម្មសិទ្ធិ​ចូល​ទស្សនាការ​ប្រកួត​ពី​ជ្រុង​មួយ​យ៉ាង​ពិសេស។ ក្រោយពី​ការប្រកួត​បានបញ្ចប់ ម្ចាស់​សំបុត្រ​ថែមទាំង​មាន​សិទ្ធិ​ចូលទៅ​កាន់​បន្ទប់​ផ្លាស់​សម្លៀកបំពាក់​ជួប Messi និង Ronaldo ទៀតផង។

    ការប្រកួត​មិត្តភាព​រវាង PSG និង Saudi All-Star នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី 19 មករា ក្នុង​កីឡដ្ឋាន King Fahd នៅ​រាជធានី​រី​យ៉ា​ដ ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត។ នេះ​គឺជា​ការ​ប៉ះគ្នា​ដំបូង​របស់ Messi ដែលជា​កំពូល​កីឡាករ​របស់​ក្លឹប PSG និង Ronaldo កំពូល​កីឡាករ​របស់ Saudi All-Star រាប់​ចាប់ពី​ឆ្នាំ 2020។ PSG នឹង​ទទួលបាន 10 លាន​ដុល្លារ​អាម៉េរិក ពី​ការប្រកួត​មិត្តភាព​នេះ។

    Saudi All-Star គឺជា​ក្រុមបាល់ទាត់​ចម្រុះ​រវាង​ក្លឹប​ធំជាងគេ​​ពីរ​របស់​អា​រ៉ា​ប៊ី​សា​អូឌីត គឺ Al Nassr និង Al Hilal។ Ronaldo នឹង​ធ្វើជា​ប្រធាន​ក្រុម​កីឡាករ​របស់​ក្រុមចម្រុះ​នេះ៕

  • ឥណ្ឌូណេស៊ី​ជិត​ទទួលបាន​ការវិនិយោគ​ពីក្រុម​ហ៊ុនអាម៉េរិក Tesla និងក្រុម​ហ៊ុន​ចិន BYD

    ឥណ្ឌូណេស៊ី​ជិត​ទទួលបាន​ការវិនិយោគ​ពីក្រុម​ហ៊ុនអាម៉េរិក Tesla និងក្រុម​ហ៊ុន​ចិន BYD

    មន្ត្រី​ឥណ្ឌូណេស៊ី បាន​បង្ហើប​ឱ្យដឹងថា ប្រទេស​នេះ​កំពុង​បង្ហើយ​កិច្ចការ​សម្រាប់​កិច្ចព្រមព្រៀង​ជាមួយ BYD (ចិន) និង Tesla (អាម៉េរិក) ក្នុងការ​វិនិយោគ​លើ​ការបង្កើត​រោងចក្រ​ផលិត​រថយន្ត​អគ្គិសនី​នៅទីនេះ។

    លោក Luhut Pandjaitan រដ្ឋមន្ត្រីក្រសួង​កិច្ចការ​សមុទ្រ និង​វិនិយោគ​របស់​ឥណ្ឌូណេស៊ី បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា «បណ្ដា​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនីធំៗរបស់​ពិភពលោក​នឹង​មក​បណ្ដាក់ទុន​នៅទីនេះ។ ក្រុមហ៊ុន BYD លេខ​មួយ​លើ​ពិភពលោក Tesla លេខ​ពីរ រួម​នឹង Hyundai ជាដើម សុទ្ធតែ​កំពុង​បង្ហើយ​កិច្ចការ​សម្រាប់​កិច្ចព្រមព្រៀង​ជាមួយ​ឥណ្ឌូណេស៊ី»។ BYD កាលពី​ឆ្នាំ​កន្លង បាន​យកឈ្នះ​លើ Tesla ហើយ​ក្លាយជា​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ធំជាងគេ​លើ​ពិភពលោក​ស្ដីពី​បរិមាណ​រថយន្ត​ដែល​បាន​លក់​ចេញ។

    កាលពី​សប្ដាហ៍​កន្លង ប្រភពព័ត៌មាន​របស់ Bloomberg បានឱ្យដឹងថា Tesla និង​ឥណ្ឌូណេស៊ី កំពុង​ចរចា​គ្នា​អំពី​ការសាងសង់​រោងចក្រ​ផលិត​រថយន្ត​អគ្គិសនី​ឱ្យបាន 1 លាន​គ្រឿង​ជា​រៀងរាល់ឆ្នាំ។ បើសិនជា​កិច្ចព្រមព្រៀង​ខាងលើ​ត្រូវបាន​ចុះហត្ថលេខា នោះ​នឹង​ជា​រោងចក្រ​ទី​បី​របស់ Tesla ដែល​ស្ថិតនៅ​ខាងក្រៅ​សហរដ្ឋ​អាម៉េរិក បន្ទាប់ពី​រោងចក្រ​នៅ​ប្រទេស​ចិន និង​អាល្លឺម៉ង់។

    លោក Luhut Pandjaitan រដ្ឋមន្ត្រីក្រសួង​កិច្ចការ​សមុទ្រ និង​វិនិយោគ​របស់​ឥណ្ឌូណេស៊ី

    ឥណ្ឌូណេស៊ី តាំងពី​យូរ​មកហើយ បាន​អញ្ជើញ Tesla មក​បណ្ដាក់ទុន។ ប្រធានាធិបតី Joko Widodo បាន​ទៅ​ជួប CEO របស់ Tesla លោក Elon Musk កាលពី​ខែឧសភា 2022 និង​សម្រេចបាន​កិច្ចព្រមព្រៀង​ផ្គត់ផ្គង់​នី​កែ​លត​ម្លៃ 5 ពាន់​លាន​ដុល្លារ​អាម៉េរិក​កាលពី​ខែសីហា​ឆ្នាំ​កន្លង។ កាលណោះ លោក Widodo ក៏​ឱ្យដឹងថា ចង់ឱ្យ Tesla មក​ផលិត​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​នេះ។

    ឥណ្ឌូណេស៊ី កំពុង​ជំរុញ​ការវិនិយោគ​ទៅលើ​ការផលិត​ថ្ម​ផ្ទុក​អគ្គិសនី និង​រថយន្ត​អគ្គិសនី​ក្នុងប្រទេស​ដើម្បី​ប្រើប្រាស់​ប្រភពធនធាន​នី​កែ​ល​ដ៏​សម្បូរបែប​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព។

    ក្រុមហ៊ុន​កូរ៉េខាងត្បូង Hyundai បាន​សម្ពោធ​រោងចក្រ​នៅ​ឥណ្ឌូណេស៊ី កាលពី​ខែឧសភា​ឆ្នាំ​កន្លង ដើម្បី​ផលិត​រថយន្ត​អគ្គិសនី។ ចំណែក SGMW Motor Indonesia ដែលជា​ក្រុមហ៊ុន​បណ្ដាក់ទុន​រួម​រវាង SAIC Motor, General Motors និង Wuling Motor Holdings ក៏បាន​សាងសង់​បណ្ដា​រោងចក្រ​ដំឡើងរថយន្ត​អគ្គិសនី​នៅ​ឥណ្ឌូណេស៊ី​ផងដែរ។

    ឥណ្ឌូណេស៊ី​គឺជា​ច្រក​ចេញ​ដើម្បី​ឱ្យ​​បណ្ដា​ក្រុមហ៊ុន​ផលិត​រថយន្ត​ អាច​ចូលទៅ​កាន់​ទីផ្សារ​អាស៊ីអាគ្នេយ៍​ដែលមាន​ប្រជាជន​ជាង 675 លាន​នាក់។ ក៏ប៉ុន្តែ ទីនេះ​គឺជា​ទីផ្សារ​ដែល​លំបាក​សម្រាប់​អ្នក​ផលិត​រថយន្តប្រណិតៗ ដោយសារ​ថា រថយន្ត​ដែលមាន​តម្លៃ​ក្រោម 20,000 ដុល្លារ​អាម៉េរិក មាន​ចំណែក​ធំជាងគេ​នៅក្នុង​បរិមាណ​រថយន្ត​ដែល​បាន​លក់​ចេញ៕

  • ក្លឹប​បាល់ទាត់ PSG រៀប​គម្រោង​ទិញ​កីឡដ្ឋាន​ធំជាងគេ​នៅ​ប្រទេស​បារាំង

    ក្លឹប​បាល់ទាត់ PSG រៀប​គម្រោង​ទិញ​កីឡដ្ឋាន​ធំជាងគេ​នៅ​ប្រទេស​បារាំង

    ដោយសារតែ​បរាជ័យ​ក្នុង​ការទិញ​កីឡដ្ឋាន Le Parc des Princes ក្លឹប PSG បច្ចុប្បន្នកំពុង​ព្យាយាម​ក្នុងការ​កែប្រែ​កីឡដ្ឋាន​ជាតិ​បារាំង Stade de France ឱ្យទៅជា​ទីលាន​ផ្ទាល់ខ្លួន​របស់​ពួកគេ។

    ចាប់តាំងពី​បាន​បង្កើតឡើង​កាលពី​ឆ្នាំ 1970 ក្លឹប PSG តែងតែ​ផ្សារភ្ជាប់​ជាមួយនឹង​កីឡដ្ឋាន Le Parc des Princes ហើយ​នៅទីនេះ​មាន​អនុស្សាវរីយ៍​ជាច្រើន​របស់​ក្លឹប​បាល់ទាត់​រដ្ឋធានី​បារី​ស។

    កាលពី​ឆ្នាំ 2011 ប្រធាន Nasser Al Khelaifi រួម​នឹង​មូលនិធិ​ជាតិ​កាតា Qatar Investment Authority បានទទួល​ជោគជ័យ​ក្នុង​ការក្ដោបក្ដាប់​ក្លឹប PSG។ ប្រវត្តិ​របស់​ក្រុមបាល់ទាត់​នេះ​បាន​ឈាន​ចូលដល់​ទំព័រ​ថ្មី ដោយ​ក្លាយជា​ក្លឹប​ដ៏​ខ្លាំងក្លា​លំដាប់​កំពូល​នៅ​ប្រទេស​បារាំង និង​អឺរ៉ុប។

    ក្លឹប PSG បាន​ចំណាយ​ប្រាក់ 85 លាន​អឺរ៉ូ​ក្នុងការ​លើកកម្ពស់​គុណ​ភាព​របស់​កីឡដ្ឋាន Le Parc des Princes ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​កន្លង។ ហើយ​ក្នុង​ពេលខាងមុខ PSG គ្រោង​នឹង​ចំណាយ 500 លាន​អឺរ៉ូ​ដើម្បី​ស្ដារ​គុណភាព និង​ពង្រីក​កីឡដ្ឋាន​នេះ។

    ក៏ប៉ុន្តែ ការសម្រេចចិត្ត​ដកខ្លួន​ពី​ការសន្យា​លក់ Le Parc des Princes ឱ្យ PSG ដ៏​គួរឱ្យភ្ញាក់ផ្អើល​របស់​អភិបាលក្រុង​បារី​ស លោកស្រី Anne Hidalgo បាន​នាំឱ្យ PSG ប្រឈម​នឹង​ហានិភ័យ​មិនមាន​កីឡដ្ឋាន​ផ្ទាល់ខ្លួន​នាពេលខាងមុខ។ តាមពិត Le Parc des Princes មិនមែនជា​កម្មសិទ្ធិរ​បស់ PSG ឡើយ ប៉ុន្តែ​គឺជា​កម្មសិទ្ធិ​របស់​អាជ្ញា​ធរ​រដ្ឋធានី​បារី​ស។

    បើទោះជា PSG ព្យាយាម​ចរចា​ជាមួយ​លោកស្រី Anne Hidalgo ប៉ុន្តែ​គ្រប់យ៉ាង​បាន​បរាជ័យ។ ពេលនេះ ថ្នាក់ដឹកនាំ​របស់ PSG ត្រូវ​បង្ខំចិត្ត​ដាក់​ផែន​ការរក​កីឡដ្ឋាន​មួយ​ផ្សេងទៀត​ដើម្បី​ជំនួស Le Parc des Princes។

    កីឡដ្ឋាន​បាល់ទាត់​ដែល​ត្រូវបាន​ប្រធាន Nasser Al Khelaifi ចាប់អារម្មណ៍​ខ្លាំង​គឺ Stade de France ដែលជា​ពហុ​កីឡដ្ឋាន​ជាតិ​បារាំង។ កីឡដ្ឋាន​នេះ​អាចដាក់​មនុស្ស​បាន 81,000 នាក់ (ឈរ​លេខ​មួយ​នៅ​បារាំង​ស្ដីពី​កម្លាំង​ផ្ទុក)។ Stade de France គឺជា​កម្មសិទ្ធិ​របស់រ​ដ្ឋា​ភិ​បាល​បារាំង ហើយ​បច្ចុប្បន្នកំពុង​ត្រូវបាន​ពពាយនាយ​លក់។

    ក្នុងករណី​មិនអាច​ទិញ​បាន Stade de France ក្លឹប PSG នឹងត្រូវ​ចាក​ចេញពី​រដ្ឋធានី​បារី​ស និង​ស្វែងរក​កីឡដ្ឋាន​ផ្សេងទៀត​ដែល​សមស្រប៕

    កីឡដ្ឋាន Le Parc des Princes
    ពហុកីឡដ្ឋាន Stade de France គឺជាកម្មសិទ្ធិរបស់រដ្ឋាភិបាលបារាំង
    ពហុកីឡដ្ឋាន Stade de France គឺជាកម្មសិទ្ធិរបស់រដ្ឋាភិបាលបារាំង
  • ទួ​រ​ប៊ី​ន​ខ្យល់​ផលិត​អគ្គិសនី​លើ​សមុទ្រ​កម្ពស់​ស្មើនឹង​អគារ 70 ជាន់​របស់​ក្រុមហ៊ុន MingYang

    ទួ​រ​ប៊ី​ន​ខ្យល់​ផលិត​អគ្គិសនី​លើ​សមុទ្រ​កម្ពស់​ស្មើនឹង​អគារ 70 ជាន់​របស់​ក្រុមហ៊ុន MingYang

    ក្រុមហ៊ុន​ចិន អភិវឌ្ឍ​ទួ​រ​ប៊ី​ន​ខ្យល់​ដែលមាន​ស្លាប​កង្ហារ​វិល​ក្នុង​ផ្ទៃក្រឡា​ឡើងដល់ជាង 66,000 ម៉ែត្រក្រឡា និង​អាច​ផលិត​អគ្គិសនី​បាន 80 GWh ជា​រៀងរាល់ឆ្នាំ។

    កាលពី​ថ្ងៃទី 06 មករា ក្រុមហ៊ុន​សាងសង់​កប៉ាល់​ចិន (CSSC) បានប្រកាស​បង្ហាញ​ទួ​រ​ប៊ី​ន​ខ្យល់ (Wind turbine) H260 18MW យកឈ្នះ​លើ MySE 16.0-242 របស់​ក្រុមហ៊ុន MingYang និង​ក្លាយជា​ទួ​រ​ប៊ី​ន​ខ្យល់​ធំជាងគេ​បង្អស់​​នៅ​លើ​ពិភពលោក។ ក៏ប៉ុន្តែ ពេលនេះ MingYang បាន​វិល​មករក​ការប្រកួត ដោយ​បង្ហើប​ឱ្យដឹងពី​កំណែ​ទួ​រ​ប៊ី​ន​ខ្យល់​ថ្មី​ដែល​ធំ​ជាង​ឆ្ងាយ និង​មាន​ឈ្មោះថា MySE 18.X-28X ដោយ​មាន​កម្ពស់​ប្រហាក់ប្រហែល​នឹង​អគារ 70 ជាន់ នេះ​បើតាម New Atlas ចុះផ្សាយ​កាលពី​ថ្ងៃទី 15 មករា 2023។

    ក្នុង​គ្រា​ដែល H260 18MW របស់ CSSC មាន​ស្លាប​កង្ហារ​ប្រវែង 128 ម៉ែត្រ ទួ​រ​ប៊ី​នខ្យល់ MySE 18.X-28X ​របស់ MingYang នឹងមាន​កម្លាំង​លើសពី 18 MW ដោយមាន​ស្លាប​កង្ហារ​ប្រវែង 140 ម៉ែត្រ និង​វិល​ក្នុង​ផ្ទៃក្រឡា​ឡើងដល់ 66,052 ម៉ែត្រការ៉េ។

    ក្រុមហ៊ុន MinhYang ឱ្យដឹងថា ទួ​រ​ប៊ី​ន​ខ្យល់​ថ្មី​នេះ​អាច​ទប់ទល់​រាល់​ស្ថានភាព​អាកាសធាតុ​នៅលើ​សមុទ្រ រួមទាំង​ព្យុះ​ធំ​ដែលមាន​កម្លាំង​ខ្យល់​លើសពី 202 គីឡូម៉ែត្រ/ម៉ោង។ ដោយមាន​ខ្យល់​លើ​សមុទ្រ​ជា​មធ្យម 30.6 គីឡូម៉ែត្រ/ម៉ោង ក្រុមហ៊ុន​នេះ​ព្យាករ​ថា ទួ​រ​ប៊ី​ន​នេះ​នឹង​ផលិត​អគ្គិសនី​បាន 80 GWh ក្នុងមួយឆ្នាំៗ ដែល​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​តាម​តម្រូវការ​របស់​ប្រជាជន 96,000 នាក់។

    មូលហេតុ​ដែលនាំឱ្យ​បណ្ដា​ក្រុមហ៊ុន​នេះ​គ្នា​ផលិត​ទួ​រ​ប៊ី​ន​ខ្យល់ធំៗ គឺ​ដោយ​សារ​ចង់​​កាត់បន្ថយ​ការចំណាយ​ក្នុងការ​សាងសង់។ MingYang ឱ្យដឹងថា «ធៀប​នឹង​ការដំឡើង​បណ្ដា​ទួ​រ​ប៊ី​ន​ខ្យល់ 13 MW កម្លាំង​របស់ MySE18.X-28X នឹង​ជួយ​កាត់បន្ថយ​ឧបករណ៍​បាន 18 គ្រឿង​នៅពេល​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​កម្លាំង​ខ្យល់ 1 GW។ នេះ​មានន័យថា កាត់បន្ថយ​ការចំណាយ​ក្នុងការ​សាងសង់​បាន​ប្រហែល​ពី 120,000 ទៅ 150,000 ដុល្លារ/MW»។ ដូច្នេះ គម្រោង​មួយ​ដែលផលិត​អគ្គិសនី​បាន​ 1 GW នឹង​សំច័យ​ប្រាក់​បាន​ពី 120 លាន​ទៅ 150 លាន​ដុល្លារ​អាម៉េរិក៕

  • ម្ចាស់​ជើងឯក AFF Cup 2022 ទទួលបាន​ប្រាក់រង្វាន់​ប៉ុន្មាន​រៀល?

    ម្ចាស់​ជើងឯក AFF Cup 2022 ទទួលបាន​ប្រាក់រង្វាន់​ប៉ុន្មាន​រៀល?

    ក្រុម​ជម្រើសជាតិ​ថៃ បានទទួល​ប្រាក់រង្វាន់​យ៉ាងច្រើន គឺ​ឡើងដល់ជាង 35 លាន​បាត ប្រហែល​​នឹង​ 4,353,000,000 រៀល បន្ទាប់ពី​ដណ្ដើមបាន​តំណែង​ជើងឯក​នៅ AFF Cup 2022។

    ការប្រកួត​ជើង​ទី​ពីរ​នៃ​វគ្គ​ផ្ដាច់ព្រ័ត្រ​កាលពី​ព្រលប់​ថ្ងៃទី 16 មករា នៅ​កីឡដ្ឋាន Thammasat ថៃ​បាន​ផ្ដួល​វៀតណាម​ដោយ​​លទ្ធផល 1-0។ លទ្ធផល​ដែលនាំឱ្យ​ថៃ​ឈ្នះ​សរុប 3-2 ក្នុង​វគ្គ​ចុងក្រោយ​បាន​ជួយ​ឱ្យ​ថៃ​ក្លាយជា​ជើងឯក​លើក​លើក​ទី 7 នៅ AFF Cup បន្ទាប់ពី​ឆ្នាំ 1996, 2000, 2002, 2014, 2016 និង 2021។

    ក្រោយ​ពី​ការ​ការ​ពារ​ជើងឯក AFF Cup បាន​ជោគជ័យ ក្រុម​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​ថៃ បានទទួល​ប្រាក់រង្វាន់​ធំ។ ក្រៅពី 10 លាន​បាត​ (302,000 ដុល្លារ) ពី​សហព័ន្ធ​បាល់ទាត់​អាស៊ីអាគ្នេយ៍ (AFF) ក្រុម​ថៃ​ក៏​ទទួលបាន​ប្រាក់​បន្ថែម 20 លាន​បាត​ (605,000 ដុល្លារ) ពី​ប្រធាន​ប្រតិភូ​ក្រុម​ថៃ លោក​ស្រី Nualphan Lamsam និង 5 លាន​បាត (151,000 ដុល្លារ) ​ពី​ប្រធាន​សហព័ន្ធ​បាល់ទាត់​ថៃ លោក Somyot Boompanmuang ផងដែរ។

    ជា​សរុប Teerasil Dangda និង​ក្រុម​កីឡាករ​ថៃ បានទទួល 35 លាន​បាត​ (1,059,000 ដុល្លារ​អាម៉េរិក) សម្រាប់​តំណែង​ជើងឯក AFF Cup 2022។ ខ្ទង់​ប្រាក់​នេះ​អាច​នឹង​កើនឡើង​បន្ថែមទៀត បើសិន​មាន​ម្ចាស់​ឧបត្ថម្ភ​ដែល​ចង់​លើកតម្កើង​ក្រុម​ជម្រើសជាតិ។

    ក្រៅពីតំណែង និង​​កិត្តិនាម​រួម ខ្សែប្រយុទ្ធ​ថៃ Teerasil Dangda ក៏​ទទួលបាន​តំណែង​ «ស្ដេច​កម្ទេច​សំណាញ់​ទី» ​ដូច​ទៅនឹង Nguyen Tien Linh របស់​វៀតណាម ដោយ​រកបាន 6 គ្រាប់​ដូចគ្នា។ ចំណែក​ខ្សែបម្រើ​របស់​ថៃ Theerathon Bunmathan ក៏​ទទួលបាន​តំណែង​ «កីឡាករ​ឆ្នើម​បំផុត​នៅ AFF Cup 2022»៕

    ខ្សែប្រយុទ្ធ​ថៃ Teerasil Dangda ក៏​ទទួលបាន​តំណែង​ «ស្ដេច​កម្ទេច​សំណាញ់​ទី» ​ដូច​ទៅនឹង Nguyen Tien Linh របស់​វៀតណាម ដោយ​រកបាន 6 គ្រាប់​ដូចគ្នា
    ខ្សែបម្រើរបស់ថៃ Theerathon Bunmathan ក៏ទទួលបានតំណែង «កីឡាករឆ្នើមបំផុតនៅ AFF Cup 2022»
    ក្រុម​ជម្រើសជាតិ​ថៃ បានទទួល​ប្រាក់រង្វាន់​យ៉ាងច្រើន គឺ​ឡើងដល់ជាង 35 លាន​បាត ប្រហែល​​នឹង​ 4,353,000,000 រៀល បន្ទាប់ពី​ដណ្ដើមបាន​តំណែង​ជើងឯក​នៅ AFF Cup 2022
  • ប្រធាន​ក្រុម​កីឡាករ​វៀតណាមថា «ថៃ​ក្លាយជា​ជើងឯក AFF Cup 2022 គឺ​ស័ក្ដិសម»

    ប្រធាន​ក្រុម​កីឡាករ​វៀតណាមថា «ថៃ​ក្លាយជា​ជើងឯក AFF Cup 2022 គឺ​ស័ក្ដិសម»

    (ប្រទេស​ថៃ) – ប្រធាន​ក្រុម​កីឡាករ​វៀតណាម Do Hung Dung ទទួលស្គាល់ថា ក្រុម​ជម្រើសជាតិ​ថៃ​លេង​បានល្អ​ជាង​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ជើង​ទី​ពីរ និង​ស័ក្ដិ​សមជា​ជើងឯក AFF Cup 2022។

    ការប្រកួត​នៅ​កីឡដ្ឋាន Thammasat កាលពី​ព្រលប់​ថ្ងៃទី 16 មករា បានបញ្ចប់​ដោយ​ថៃ​ឈ្នះ​វៀតណាម 1-0 នៅ​នាទី​ទី 24 នាំ​​ឱ្យ​វៀតណាម​ចាញ់​សរុប 2-3 ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ និង​ជួយ​ឱ្យ​ថៃ​ក្លាយជា​ជើងឯក AFF Cup លើក​ទី 7។

    ប្រធាន​ក្រុម​កីឡាករ​វៀតណាម Do Hung Dung និយាយថា «យើង​​ចាញ់ ប៉ុន្តែ​ត្រូវតែ​ទទួលស្គាល់ថា ថៃ​គឺជា​ក្រុម​ខ្លាំង។ ពួកគេ​ឈ្នះ និង​ដណ្ដើមបាន​ពានរង្វាន់​ជើងឯក​គឺ​ស័ក្ដិសម។ យើង​បាន​លេង​មួយ​ប្រកួត​ដោយ​ការ​ខំប្រឹង និង​មិនមាន​អ្វី​ត្រូវ​ស្ដាយក្រោយ​ឡើយ​នៅថ្ងៃនេះ»។

    ប្រធានក្រុមកីឡាករវៀតណាម Do Hung Dung (លេខ 8)

    ខុសពី​ការប្រកួត​ជើង​ទីមួយ នៅ​ជើង​ទី​ពីរ​នេះ វៀតណាម​មិនអាច​បង្ក​ឱកាសច្បាស់ៗណាមួយ​ឡើង។ ចំណែក​ខាង​ថៃ​វិញ ក្រុម​កីឡាករ​សហការ​គ្នា​បានល្អ​នៅ​ខ្សែ​កណ្ដាល។ នេះ​គឺជា​បរាជ័យ​ទី​ពីរ​របស់​វៀតណាម ក្រោម​សម័យ​គ្រូបង្វឹក Park Hang-seo នៅ​ចំពោះមុខ​ក្រុម​ជម្រើសជាតិ​ថៃ​នៅ​ AFF Cup។ មុន​នោះ វៀតណាម​បាន​ចាញ់ 0-2 ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជើង​ទីមួយ​កាលពី​ឆ្នាំ 2021។

    ការ​ប្រកួត​វគ្គ​ផ្ដច់​ព្រ័ត្រ​ជើង​ទីមួយ​រវាង​ថៃ និង​វៀតណាម នៅ AFF Cup 2022

    ការ​ប្រកួត​វគ្គ​ផ្ដច់​ព្រ័ត្រ​ជើង​ទីពីរ​​រវាង​ថៃ និង​វៀតណាម នៅ AFF Cup 2022

    ជើង​ចុងក្រោយ​នៃ​វគ្គ​ផ្ដាច់ព្រ័ត្រ​កាលពី​ម្សិលមិញ​ក៏​ជាការ​ប្រកួត​បិទ​បញ្ចប់​វត្តមាន 5 ឆ្នាំ​របស់​គ្រូបង្វឹក​ជនជាតិ​កូរ៉េខាងត្បូង លោក Park Hang-seo នៅក្នុង​ក្រុម​ជម្រើសជាតិ​វៀតណាម។ កិច្ចសន្យា​រវាង​លោក Park និង​ក្រុម​វៀតណាម នឹង​ត្រូវអស់​សុពលភាព​ចាប់ពី​ថ្ងៃទី 31 មករា 2023៕

  • ក្រោយ​ឈ្នះ​វៀតណាម 1-0 គ្រូបង្វឹក Polking ថា «ថៃ​តែងតែ​លេខ​មួយ​នៅ​អាស៊ីអាគ្នេយ៍»

    ក្រោយ​ឈ្នះ​វៀតណាម 1-0 គ្រូបង្វឹក Polking ថា «ថៃ​តែងតែ​លេខ​មួយ​នៅ​អាស៊ីអាគ្នេយ៍»

    (ប្រទេស​ថៃ) – គ្រូបង្វឹក Mono Polking អះអាងថា ថៃ​បានបញ្ជាក់​អំពី​ឋានៈ​លេខ​មួយ​នៅ​អាស៊ីអាគ្នេយ៍ បន្ទាប់ពី​បាន​ផ្ដួល​វៀតណាម និង​ក្លាយជា​ជើងឯក AFF Cup 2022។

    «…យើង​តែងតែ​លេខ​មួយ និង​តែងតែ​ឈាន​ផុតពី​អាស៊ីអាគ្នេយ៍។ ថៃ​ត្រូវការ​បញ្ជាក់​នៅក្នុង​បណ្ដា​ពាន​ធំ​ជាង​នេះ មានដូចជា Asian Cup ជាដើម ដែលមាន​គូប្រជែងខ្លាំងៗ មាន​ជាអាទិ៍ ជប៉ុន កូរ៉េខាងត្បូង ឬ UAE» គ្រូបង្វឹក​ជនជាតិ​ប្រេ​ស៊ី​ល​របស់​ក្រុម​ជម្រើសជាតិ​ថៃ លោក Polking ថ្លែង​ដូច្នេះ​បន្ទាប់ពី​បាន​យកឈ្នះ​វៀតណាម 1-0 ក្នុងការ​ប្រកួត​ជើង​ចុងក្រោយ​នៃ​វគ្គ​ផ្ដាច់ព្រ័ត្រ និង​ឈ្នះ​សរុប 3-2 នៅ​វគ្គ​ផ្ដាច់ព្រ័ត្រនៅ AFF Cup 2022 កាលពី​ព្រលប់​ម្សិលមិញ។

    គ្រូបង្វឹករបស់ថៃ លោក Mono Polking

    គ្រូបង្វឹក​របស់​ថៃ​និយាយថា លោក​មាន​កីឡាករឆ្នើមៗ និង​លើកសរសើរ​ចំពោះ​​ស្មារ​តី​របស់​ក្រុម​ទាំងមូល។ ក្នុងការ​ប្រកួត​ជើង​ចុងក្រោយ​នៃ​វគ្គ​ផ្ដាច់ព្រ័ត្រ គ្រូបង្វឹក Polking រក្សា​វត្តមាន​កីឡាករ​ជម្រើស​ដំបូង​ទាំង 11 នាក់។ ថៃ​រកបាន 1 គ្រាប់​ដំបូង​ក្នុង​នាទី​ទី 24 ពេល Adisak Kraisorn បញ្ជូន​បាល់​ឱ្យ Theerathon Bunmathan ស៊ុត​ពី​ចម្ងាយ ផ្ដួល​អ្នកចាំទី​វៀតណាម Dang Van Lam នាំឱ្យ​ពួកគេ​ឈ្នះ​វៀតណាម 3-2 នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។

    ថៃឈ្នះ​វៀតណាម 3-2 នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​របស់ AFF Cup 2022

    ជ័យជម្នះ​ខាងលើ បាន​ជួយ​ឱ្យ​ថៃ​ក្លាយជា​ម្ចាស់​ជើងឯក AFF Cup លើក​ទី 7 ក្រោយពី​ឆ្នាំ 1996, 2000, 2002, 2014, 2016 និង 2020។ នេះ​ក៏​ជា​ជើងឯក​អាស៊ីអាគ្នេយ៍​លើក​ទី​ពីរ​របស់​គ្រូបង្វឹក Polking ផងដែរ។ គ្រូបង្វឹក​រូបនេះ​បាន​ចូល​ដឹកនាំ​ក្រុម​ជម្រើសជាតិ​ថៃ​មុន AFF Cup 2020 មកដល់ និង​បាន​ជួយ​ឱ្យ​ថៃ​ដណ្ដើមបាន​ជើងឯក ក្រោយពី​ផ្ដួល​វៀតណាម​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​ឈ្នះ​ឥណ្ឌូណេស៊ី​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ៕