Category: សង្គម និងសេដ្ឋកិច្ច

  • អាល្លឺម៉ង់​ផ្តល់​ទឹកប្រាក់​ជាង 9លាន​អ៊ឺ​រ៉ូ លើ​គម្រោង​ស​ម្រូ​ល​ពាណិជ្ជកម្ម​នៅ​កម្ពុជា

    អាល្លឺម៉ង់​ផ្តល់​ទឹកប្រាក់​ជាង 9លាន​អ៊ឺ​រ៉ូ លើ​គម្រោង​ស​ម្រូ​ល​ពាណិជ្ជកម្ម​នៅ​កម្ពុជា

    ភ្នំពេញ៖ ដើម្បី​ស​ម្រូ​ល​ដល់​ពាណិជ្ជកម្ម​ក្នុង​គោលដៅ​ដើម្បី​ជំរុញ​ការតភ្ជាប់​សេដ្ឋកិច្ចកម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ​ទៅនឹង​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ាន រដ្ឋាភិបាល​អាល្លឺម៉ង់​បានផ្តល់​ហិរញ្ញប្បទាន​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ជា 9.35លាន​អ៊ឺ​រ៉ូ​សម្រាប់​អនុវត្ត​គម្រោង​ខាងលើ​ឱ្យ​កាន់តែ​ប្រសើរឡើង។

    គម្រោង​នេះ​ត្រូវបាន​ប្រគល់​ដល់​កម្ពុជា​តាមរយៈ​ក្រសួងពាណិជ្ជកម្ម​ដែល​បានរៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​មួយថ្មីៗនេះ ជា​កិច្ច​ចាប់ផ្ដើម​បេសកកម្ម​វាយតម្លៃ​គម្រោង​ថ្មី​ដែល​រួមមាន​ការផ្ដល់​ហិរញ្ញប្បទាន​ដោយ​សហគមន៍​អឺរ៉ុប និង​រដ្ឋាភិបាល​ប្រទេស​អាល្លឺម៉ង់ និង​អង្គការ GIZ ជា​ភ្នាក់ងារ​អនុវត្ត​គម្រោង​ផ្ទាល់។

    លោកជំទាវ តឹក​រ៉េត កំរង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​បានឱ្យ​ដឹងថា គោលបំណង​ធំ​របស់​គម្រោង​ថ្មី​នេះ គឺ​ដើម្បី​ជំរុញ​ការតភ្ជាប់​សេដ្ឋកិច្ច​រប​ស់​កម្ពុជា​ទៅនឹង​ការធ្វើសមាហរណកម្ម​អាស៊ាន ជាពិសេស​ដើម្បី​ឱ្យមាន​សមត្ថភាព​ពេញលេញ​ក្នុងការ​ចូលរួម​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន។

    ក្រៅពី​នេះដែរ គម្រោង​នេះ​នឹង​បន្តការងារ​ដែល​សម្រេច​បាន​ក្រោម​ការអនុវត្ត​កម្មវិធី​គាំទ្រ​ការអភិវឌ្ឍ​ពាណិជ្ជកម្ម​ដែល​បានបញ្ចប់​នៅ​ឆ្នាំ2016 កន្លងទៅ ដើម្បី​ជំរុញ​សកម្មភាព​ទាំងនោះ​ឱ្យ​អភិវឌ្ឍ​បន្ថែម​មួយកម្រិត​ទៀត​សំដៅ​ទៅរក​ការ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា។ គម្រោង​ថ្មី​នេះ​នឹង​ផ្ដោតទៅលើ​សមាសភាព​ចំនួន3គឺ៖

    1.កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​បញ្ហា​អន្តរ​វិស័យ​នានា

    2.គោលនយោបាយ​ពាណិជ្ជកម្ម​សមាហរណកម្ម​អាស៊ាន ការពង្រឹង​សមត្ថភាព និង​ការអនុវត្ត​ច្បាប់

    3.ពង្រឹង​ការចូលរួម​របស់​វិស័យ​ឯកជន​ក្នុង​ការងារ​អភិវឌ្ឍន៍​ពាណិជ្ជកម្ម។

    នៅក្នុង​កិច្ចប្រជុំ​នេះដែរ​ក៏មាន​ការចូលរួម​ជា​យោបល់​បន្ថែម​ទៅលើ​ការរៀបចំ​គម្រោង​នេះ​ពី​បណ្ដា​នាយកដ្ឋាន​មួយចំនួន​ក្នុង​ក្រសួងពាណិជ្ជកម្ម ក៏ដូចជា​តំណាង​ពី​ក្រសួង និង​ស្ថាប័ន​ដទៃទៀត​ដែរ។ បេសកកម្ម​វាយតម្លៃ​គម្រោង​នេះ​នឹង​ត្រៀម​ធ្វើការ​បូកសរុប នៅ​ថ្ងៃទី16 ខែវិច្ឆិកា ឆ្នាំ2017 ខាងមុខ ដើម្បី​ឱ្យដឹងថា សកម្មភាព​នេះ​អនុវត្ត​ធ្វើឡើង​ទទួលបាន​ផល​បែបណា​ត្រឡប់មកវិញ​ក្នុង​គម្រោង​ជួយ​ឱ្យ​ដំណើរការ​សេដ្ឋកិច្ច​កាន់តែ​ប្រសើរឡើង​នាពេលនេះ៕

  • នារីម៉ូដែលកូរ៉េ ចំណាយប្រាក់ផ្ទាល់ខ្លួនរាប់លាន រៀបការជាមួយតារាថៃប្រុសសង្ហា

    នារីម៉ូដែលកូរ៉េ ចំណាយប្រាក់ផ្ទាល់ខ្លួនរាប់លាន រៀបការជាមួយតារាថៃប្រុសសង្ហា

    បើតាមសារព័ត៌មាន Mthai ដែលបានចេញផ្សាយនៅថ្ងៃទី10 ខែវិច្ឆិកា ឆ្នាំ2017 នេះ បានឱ្យដឹងថា នារីម៉ូដែលមានឈ្មោះល្បីនៅប្រទេសកូរ៉េ បានចំណាយប្រាក់ផ្ទាល់ខ្លួនអស់រាប់លានបាត ដើម្បីរៀបចំពិធីរៀបមង្គលការជាមួយតារាសម្ដែងថៃប្រុសស្រស់សង្ហា ទាំងខ្លួននាងមិនបានទទួលបណ្ណាការពីសាមីកូនកំលោះសូម្បីតែបន្តិចឡើយ ដោយខាងកូនកំឡោះបានអះអាងប្រាប់អ្នកសារព័ត៌មានថៃថា នេះគឺជាទំនៀមទម្លាប់ប្រពៃណីរបស់ប្រទេសកូរ៉េ។

    កូនក្រមុំមានឈ្មោះថា ប៉ាក ហ្យុន ស៊ុន(Park Hyun Sun) មានវ័យ 35 ឆ្នាំ ជាជនជាតិកូរ៉េ មានអាជីពជាតារាបង្ហាញម៉ូដ បានរៀបការជាមួយតារាថៃប្រុស លោក អួន រ៉ាំងស៊ីត នៅថ្ងៃទី5 ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ​។ លោក អួន រ៉ាំងស៊ីត បានប្រាប់អ្នកសារព័ត៌មានថៃថា  «ចំពោះរឿងបណ្ណាការ គឺសំណាងល្អខ្លាំងណាស់ ខាងស្រីមិនបានទាមទារអ្វីឡើយ ព្រោះមិនធ្លាប់មានពិធីបែបនេះពីមុនមកនៅប្រទេសគេ ។ ខាងស្រីបានប្រាប់ថា ជាធម្មតាសម្រាប់កូនប្រុសដែលគេត្រៀមខ្លួនចូលមកនៅផ្ទះខាងស្រី  ខាងស្រីជាភរិយាត្រូវតែត្រៀមអ្វីៗក្នុងរឿងទទួលកូនប្រុសបែបនេះហើយ  ហើយខាងស្រីថែមទាំងបានប្រាប់ទៀតថា នាងគ្រោងនឹងទិញគ្រឿងសង្ហារិមថ្មីៗសម្រាប់ទទួលរូបខ្ញុំទៀតផង តែខ្ញុំបានបដិសេធ»។

    គួរបញ្ជាក់ផងដែរថា តារាម៉ូដែលនាង ប៉ាក ហ្យុនស៊ុន មិនបានបកស្រាយរឿងនេះបញ្ជាក់បន្ថែមឡើយ ដោយគ្រាន់តែបានឱ្យដឹងថា នាងពិតជាបានចំណាយប្រាក់ផ្ទាល់ខ្លួនក្នុងការរៀបអាពាហ៍ពិពាហ៍នេះពិតប្រាកដមែន៕

  • ស្ពាន​កោះកុង​ត្រូវបាន​ប្រគល់ និង​ទទួលស្គាល់​ជា​ផ្លូវការ​ហើយ​នៅ​ព្រឹក​នេះ

    ស្ពាន​កោះកុង​ត្រូវបាន​ប្រគល់ និង​ទទួលស្គាល់​ជា​ផ្លូវការ​ហើយ​នៅ​ព្រឹក​នេះ

    ភ្នំពេញ៖ ពិធី​ប្រគល់-ទទួល​ស្ពាន​កោះកុង (ឬ​ហៅថា​ស្ពាន​មិត្តភាព​កម្ពុជា-ថៃ) ដើម្បី​ដាក់ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ឆ្លងកាត់​ដោយ​ឥតគិតថ្លៃ បានចាប់ផ្តើម​ជា​ផ្លូវការ​ហើយ​នៅ​ព្រឹក​ថ្ងៃទី10 ខែវិច្ឆិកា ឆ្នាំ2017នេះ​តទៅ។ នេះ​បើតាម​ការ​ឱ្យដឹងពី​អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ចួ​ន។

    ឯកឧត្តម វ៉ា ស៊ឹម​សូរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណការ​បានឱ្យដឹង​ថា ប្រជាពលរដ្ឋ​ដែល​រស់នៅ​ខេត្តកោះកុង ប្រទេស​កម្ពុជា ក៏ដូចជា​ប្រជាជន​រស់នៅ​ខេត្ត​ត្រាត ប្រទេស​ថៃ​ដែរនោះ បាន​សម្តែង​ការ​សាទរ​ចំពោះ​ចំណាត់ការ​របស់​រដ្ឋាភិបាល​ដែល​បាន​ទិញ​ស្ពាន​មួយ​នេះ​ពី​ក្រុមហ៊ុន​លី​យ៉ុង​ផាត់​មក​ដាក់​ជា​សម្បត្តិ​សាធារណ​របស់​រដ្ឋ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ក៏ដូចជា​អាជីវករ​ទូទៅ ធ្វើដំណើរ​ឆ្លងកាត់​ទៅមក​ដោយ​មិន​យកលុយ។

    សម្រាប់​តម្លៃ​ដែល​អ្នកធ្វើដំណើរ​ឆ្លងកាត់​ត្រូវ​បង់​កាលពីពេល​កន្លងមក ក្នុងនោះ​ឡានតូច​លក្ខណៈ​គ្រួសារ​ត្រូវបាន​បង់ប្រាក់​ចំនួន48បាត ឬ​ស្មើនឹង5000រៀល ឡានធំ​ត្រូវ​បង់ប្រាក់​ថ្លៃ​ឆ្លងកាត់​ចំនួន9000រៀល និង​ម៉ូតូ​ត្រូវ​បង់ប្រាក់1400រៀល ប៉ុន្តែ បន្ទាប់ពី​រដ្ឋាភិបាល​ប្រកាស​បើក​ឱ្យ​ប្រជាពលរដ្ឋ​ឆ្លងកាត់​មក​ដោយ​មិនបាច់​បង់ប្រាក់​មក ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​មានការ​សប្បាយរីករាយ ដោយបាន​នាំគ្នា​ជិះ​រថយន្ត ម៉ូតូ ទៅ-មក​កម្សាន្ត​នៅ​តំបន់​នោះ​ដូចជា​តំបន់​ទេសចរណ៍​មាត់ទន្លេ​នៅ​រាជធានី​ភ្នំពេញ​យើង​ដែរ។

    ស្ពាន​កោះកុង​ត្រូវបាន​គេ​មើលឃើញថា ជា​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​ផ្លូវ​ដែនសមុទ្រ​ភាគខាងត្បូង​របស់​កម្ពុ​ជា​ដែលមាន​សក្តានុពល​ខាង​ការដឹកជញ្ជូន​ផ្លូវ​ជិត​ជាងគេ​ពី​ប្រទេស​ថៃ​ឆ្លងកាត់​កម្ពុជា​ចេញចូល​ទៅ​ប្រទេស​វៀតណាម។ ឯកឧត្តម វ៉ា ស៊ឹម សូរិយា បាន​មានប្រសាសន៍​បន្ថែមថា «នេះ​គឺជា​គោលនយោបាយ​ត​ភ្ជាប់​ទំនាក់ទំនង​ក្នុង​តំបន់​នៅក្នុង​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន» ។

    គួរ​បញ្ជាក់ថា ស្ពាន​កោះកុង (ឬ​ស្ពាន​មិត្តភាព​កម្ពុជា-ថៃ) មាន​ប្រវែង​ប្រមាណ​ជា2,000ម៉ែត្រ ដែលជា​ស្ពាន​ឆ្លងកាត់​សមុទ្រ​វែង​ជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា ត្រូវបាន​សាងសង់ឡើង​ដោយ​ក្រុមហ៊ុន​លី​យ៉ុង​ផាត់​កាលពី​ឆ្នាំ2002៕

  • កម្ពុជា​នឹង​បង្កើត “ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង”

    កម្ពុជា​នឹង​បង្កើត “ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង”

    ភ្នំពេញ – ខណៈ​ភ្ញៀវទេសចរ​ជាតិ និង​អន្ដរជាតិ​កំពុងមាន​ការពេញនិយម​ក្នុង​ការដើរ​កម្សាន្ដ​នៅក្នុង​តំបន់​អេកូ​ទេសចរណ៍​នានា​ដែល​បាន​បង្កើត​ការងារ និង​ប្រាក់ចំណូល​ដល់​សហគម​ន៍​នោះ  ថ្មីៗនេះ​ថ្នាក់ដឹកនាំ​នៃ​ក្រសួងបរិស្ថាន​ត្រៀម​នឹង​បង្កើត​ឧទ្យាន​ជាតិ​សមុទ្រ​នៅ​កោះរ៉ុង ខេត្ត​ព្រះសីហនុ ជា​លើកដំបូង​ក្នុង​ប្រ​វ​ត្ដិ​សាស្ដ្រ​កម្ពុជា។

    ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ដ្រី​ក្រសួងបរិស្ថាន​បាន​លើកឡើងថា រាជរដ្ឋាភិបាល​បានសម្រេច​បង្កើត​ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង ដែល​គម្រោង​នេះ​នឹង​ដំណើរការ​ក្នុងពេលឆាប់ៗខាងមុខ។ ឯកឧត្ដម​បន្ដថា ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង បង្កើតឡើង​ដើម្បី​គ្រប់គ្រង​ធនធានធម្មជាតិ​នៅ​ទីនោះ ការបង្កើត​ឧទ្យាន​ជាតិ​សមុទ្រ​នេះ​ក៏​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​អេកូ​ទេសចរណ៍​នៃ​ប្រទេស​កម្ពុជា​ផងដែរ។

    រដ្ឋមន្ដ្រី​ក្រសួងបរិស្ថាន​បន្ថែមថា បច្ចុប្បន្ន​យើង​កំពុងតែ​ពិនិត្យមើល​លទ្ធភាព​ដៃគូ​សហការ​ដើម្បី​ជួយ​អភិវឌ្ឍ​ធនធានមនុស្ស (អ្នកស្រាវជ្រាវ អ្នកវិទ្យាសាស្ត្រ) ដើម្បី​កំណត់​ព្រំប្រទល់ និង​ផែនការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​ជីវចម្រុះ​នៅ​តំបន់​សមុទ្រ និង​ការពង្រឹង​សមត្ថភាព​ឧ​ទ្យា​នុ​រក្ស ដើម្បី​ពង្រឹង​បណ្តាញ​ការពារ​សមុទ្រ។

    កន្លងមក​ក្រសួងបរិស្ថាន​បានធ្វើ​កិច្ចការ​ទៅលើ​ការអភិរក្ស និង​ការពារ​ធនធានធម្មជាតិ​ទទួលបាន​ជោគជ័យ​យ៉ាង​ល្អ។ ក្នុងនោះ​បង្កើតបានជា​តំបន់ការពារធម្មជាតិ​ចំនួន 49កន្លែង និង​មាន​ផ្ទៃដី​រហូតដល់​ជាង7.5 លាន​ហិកតា។

    តំបន់​ឧទ្យាន​ជាតិ​សមុទ្រ មាន​ធនធានធម្មជាតិ ដូចជា​ផ្កាថ្ម ស្មៅ​សមុទ្រ ព្រៃកោងកាង​ដែលជា​សក្តានុពល​សម្រាប់​ពពួក​ត្រី​សមុទ្រ ជាពិសេស គឺ​សម្រាប់​សត្វ​ជិត​ផុត​ពូជ ដូចជា​ផ្សោត​ជាដើម។ នៅពេល​កម្ពុជា​បង្កើត​តំបន់​ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង​បាន​ហើយ​នោះ អាច​ថា វា​នឹង​ក្លាយជា​តំបន់​សក្ដានុពល​មួយ​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្ដរជាតិ​ឱ្យមក​កម្សាន្ដ​នៅ​ទីនោះ ដែល​អាចជួយ​លើក​កម្រិតជីវភាព​ប្រជាជន​ទូទាំង​ខេត្ដ​ឱ្យ​កាន់​តែមាន​លក្ខណៈ​ល្អប្រសើរ​ឡើង​បាន។

    ជាមួយគ្នានេះ នាយក​អង្គការ​សត្វព្រៃ និង​រុក្ខជាតិ​អន្តរជាតិ (FFI) លោក Ahab CW Downer បានលើកឡើង​ពី​ជំហរ​របស់ខ្លួន​ក្នុង​ការធ្វើ​សហប្រតិបត្តិការ​ដើម្បី​រៀបចំ​គម្រោង​បង្កើត​ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង​នេះ​ជាមួយ​ក្រសួងបរិស្ថាន​ថា តាមរយៈ​បទពិសោធ និង​ការងារ​របស់​អង្គការ​លោក​ដែល​ធ្លាប់​បានធ្វើ​នៅតាម​តំបន់​កោះ​រយៈពេល4ឆ្នាំ ដែល​បាន​កំពុង​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ នឹងធ្វើ​ការអភិរក្ស​ធ​ន​ធាន​សមុទ្រ​នៅក្នុង​តំបន់​កោះរ៉ុង​មួយ​នេះ​ឱ្យ​ទទួលបាន​និរន្ដរភាព​នៃ​តំបន់​អេកូ​ទេសចរណ៍៕

  • Song Joong Ki និង Song HyeKyo បង្ហាញគ្រឿងអលង្ការមាសជាកាដូក្រោយថ្ងៃរៀបការ

    Song Joong Ki និង Song HyeKyo បង្ហាញគ្រឿងអលង្ការមាសជាកាដូក្រោយថ្ងៃរៀបការ

    នៅថ្ងៃទី9 ខែវិច្ឆិកា ឆ្នាំ2017 បើតាមសារព័ត៌មាន Naver បានចេញផ្សាយឱ្យដឹងថា នៅលើបណ្ដាញទំនាក់ទំនងសង្គមអ៊ីនស្ដាក្រាមរបស់តារាស្រី​ Song HyeKyo បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលបង្ហាញពីកាដូក្រោយថ្ងៃរៀបអាពាហ៍ពិពាហ៍របស់នាង និង Song Joong Ki ។

    នៅក្នុងបន្ទប់គូស្នេហ៍  Song Joong Ki និង Song HyeKyo ដែលទើបតែរៀបមង្គលការហើយថ្មីៗ ពួកគេទាំងពីរបានបង្ហាញរូបភាពផ្អែមល្ហែម និងកាដូពិសេសៗដែលបានទទួលក្រោយពេលរៀបអាពាហ៍ពិពាហ៍រួចគឺ គ្រឿងអលង្ការមាសដែលមានតម្លៃថ្លៃ ដែលរួមមានចិញ្ចៀនគូស្នេហ៍ និងកងដៃមាសជាច្រើនខ្សែ។ បើតាមជំនឿនៃប្រទេស កូរ៉េ និងចិន ការទទួលកាដូជាគ្រឿងមាសក្រោយថ្ងៃមង្គលការនេះ ត្រូវបានគេជឿថា ស្វាមីភរិយាថ្មោងថ្មីនឹងមានកូនប្រុស ព្រោះពណ៌មាសជាតំណាងឱ្យស្ដេចនាគមាស និងភាពរីកចម្រើនរុងរឿងនៅក្នុងក្រុមគ្រួសារផងដែរ។

    គួររំឭកផងដែរថា អាពាហ៍ពិពាហ៍របស់ Song Joong Ki និង Song HyeKyo បានចំណាយប្រាក់សរុបទាំងអស់ជាង   200លានវ៉ុន ឬប្រហែលជា180,000ដុល្លារ៕

  • អ៊ីតាលី ជឿជាក់​ខ្ពស់​ក្នុងពេល​ជួប ស៊ុយអែត ក្នុង World Cup វគ្គ Playoff រាត្រី​នេះ

    អ៊ីតាលី ជឿជាក់​ខ្ពស់​ក្នុងពេល​ជួប ស៊ុយអែត ក្នុង World Cup វគ្គ Playoff រាត្រី​នេះ

    លោក Gian Piero Ventura គ្រូបង្វឹក​នៃ​ក្រុមបាល់ទាត់​ជម្រើសជាតិ​អ៊ីតាលី បានបញ្ជាក់​កាលពីដើម​សប្តាហ៍​នេះ​ថា រូបលោក​ផ្ទាល់ និង​ក្រុម​របស់លោក​មាន​ភាពច្បាស់​លាស់​ថា ក្រុម​ដែលមាន​រហស្សនាម​ថា Azzurri មួយ​នេះ​នឹង​ឈ្នះ​កៅអី​ដើម្បី​ទៅធ្វើ​ការ​ប្រជែង​ដណ្តើមពាន World Cup ជា​លើក​ទី5 ក្នុងប្រទេស​រុស្ស៊ី នៅ​ឆ្នាំក្រោយ ខណៈដែល​ពួកគេ​កំពុង​ត្រៀម​ធ្វើការ​ប្រកួត​វគ្គ Playoff ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ស៊ុយអែត​នៅ​រាត្រី​នេះ។

    លោក Ventura បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​នៅឯ​ទីលាន​ហ្វឹកហាត់​របស់​ក្រុម​នៅឯ​តំបន់ Coverciano ក្នុង​ទីក្រុង Tuscany ថា៖ «វា​ពិតជា​ពេល​វ​លា​ដ៏​សំខាន់​សម្រាប់​ខ្ញុំ សម្រាប់​អាជីព​ខ្ញុំ និង​សម្រាប់​កីឡាករ​របស់ខ្ញុំ។ ខ្ញុំ​មិន​គិតពី​ការមិនអាច​ឆ្លង​ផុត​វគ្គ​ជម្រុះ​ឡើយ។ ពិតណាស់ យើង​នឹង​ទៅ​ប្រទេស​រុស្ស៊ី»។ ក្រុម​ជម្រើសជាតិ​អ៊ីតាលី នឹងធ្វើ​ដំណើរ​ទៅកាន់​ទឹកដី​របស់​ស៊ុយអែត ដើម្បី​ធ្វើការ​ប្រកួត​ជើង​ទី1 នៃ​ការប្រកួត​វគ្គ Playoff របស់​ពួកគេ​នៅ​ថ្ងៃ​សុក្រ​នេះ ក្នុង​ទីក្រុង Stockholm ខណៈដែល​ការប្រកួត​ជើង​ទី2 នឹងត្រូវ​ប្រព្រឹត្តទៅ​នា​កីឡដ្ឋាន San Siro ក្នុង​ទីក្រុង Milan នៅ​ថ្ងៃ​ចន្ទ សប្តាហ៍​ក្រោយ។ លោក Ventura វ័យ69ឆ្នាំ ដែល​បាន​ចូលកាន់​តំណែង​កាលពី​ខែមិថុនា ឆ្នាំ2016 នៅពេលដែល​លោក Antonio Conte បាន​ចាកចេញ​ដើម្បី​ដឹកនាំ​ក្លិប Chelsea នោះ បាន​បញ្ជាក់ថា៖ «ខ្ញុំ​បាន​រកឃើញ​ក្រុម​ប្រកបដោយ​សុច្ឆន្ទៈ​ដ៏​អស្ចារ្យ និង​លើកទឹកចិត្ត​មួយ។ ខ្ញុំ​មាន​អារម្មណ៍​ស្ងប់ ពីព្រោះ​ខ្ញុំ​មាន​កីឡាករ​អាច​លេង​បាន ហើយពី​ព្រោះ​អ៊ីតាលី តែងតែ​បោះជំហាន​ទៅមុខ​ក្នុងដំណាក់កាល​ដ៏សំខាន់ៗបែបនេះ​ជានិច្ច»។

    ស្របពេល​ជាមួយគ្នានេះ ខ្សែការពារ​ពោរពេញ​ដោយ​បទពិសោធ Leonardo Bonucci បាន​និយាយថា៖ «យើង​ជា​អ៊ីតាលី ហើយ​ការ​អវត្តមាន​ក្នុង World Cup មិនមែនជា​ជម្រើស​មួយ​របស់​យើង​ស្រេច​ទៅហើយ»។ ការប្រកួត​នេះ​នៅ​រាត្រី​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង2:45ទៀបភ្លឺ៕

    ប្រភពពី៖ Sky Sports

  • មើម​ខ្ញី អាហារ​ឱសថ​បុរាណ​ដ៏​ល្អ​ដែល​ស្ត្រី​មានគភ៌​គួរ​ទទួលទាន

    មើម​ខ្ញី អាហារ​ឱសថ​បុរាណ​ដ៏​ល្អ​ដែល​ស្ត្រី​មានគភ៌​គួរ​ទទួលទាន

    ក្នុងខណៈ​តាំង​គភ៌ មាន​អាហារ​ច្រើន​ប្រភេទ​ណាស់​ដែល​ស្ត្រី​មានគភ៌​គួរ​ទទួលទាន និង​មិនគួរ​ទទួលទាន ដូច្នេះ​ទើប​ស្ត្រី​មាន​គភ៌​ត្រូវ​ផ្ចិតផ្ចង់​ក្នុងការ​ជ្រើសរើស​មុខម្ហូប​អាហារ​ល្អៗ​ជាពិសេស ហើយ​មុខម្ហូប​ឱសថ​បុរាណ​ដ៏​ល្អ​មួយ​ដែល​ស្ត្រី​មានគភ៌​ហាម​ខកខាន​នោះ​គឺ មើម​ខ្ញី​ហ្នឹងឯង។ ប្រហែលជា​នឹក​ឆ្ងល់​ហើយ​មែន​ទេ​ថា តើ​គុណប្រយោជន៍ និង​គុណសម្បត្តិ​របស់​ខ្ញី​ចំពោះ​ស្ត្រី​មានគភ៌​មាន​យ៉ាង​ណា​ខ្លះទៅ? កុំ​បង្អង់​យូរ យើង​នាំគ្នា​មក​មើល​ដូចតទៅ…។

    គុណប្រយោជន៍​របស់​ខ្ញី​ចំពោះ​ស្ត្រី​មានគភ៌សម្រាប់​គុណប្រយោជន៍​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​នឹង​បានទទួល​អំពី​ការទទួល​ទាន​ខ្ញី​នោះមាន​ច្រើនណាស់ តែ​ដែល​មើលឃើញ​លទ្ធផលច្បាស់ៗបំផុត​នោះ​មាន3ចំណុច​ដូចតទៅ ៈ

    1-សម្រាល​អាការ​ចាញ់កូនដោយសារតែ​ខ្ញី​មាន​ជាតិ​ប្រេង​ក្រអូប​រសាយ​ដែល​នឹង​ជួយ​ធ្វើឱ្យ​កើត​ភាព​ធូរស្រាល​ក្នុង​រាងកាយ​បានល្អ​នោះ ទើប​អាច​សម្រាល​អាការ​ក្អួតចង្អោរ វិលមុខ​ដែល​បណ្តា​លមកពី​ការ​ចាញ់កូន​ ហើយ​មើម​ខ្ញី​ថែមទាំង​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អនុ​មូល​ឥស្សរៈ​ដែល​នឹង​កម្ចាត់​មេរោគផ្សេងៗដែល​ចូលទៅក្នុង​រាងកាយ​របស់​ស្ត្រី​មានគភ៌​បាន​យ៉ាង​ល្អ​ទៀតផង។

    2-ជួយ​បណ្ដេញ​ខ្យល់ កែ​បញ្ហា​ឆ្អល់ពោះខ្ញី​មាន​ចំណែក​ក្នុង​ការបណ្ដេញ​ខ្យល់ និង​សម្រាល​អាការ​ចុក​ឆ្អល់ពោះ​របស់​ស្ត្រី​មានគភ៌​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ល្អ​សម្រាប់​ស្ត្រី​មានគភ៌​ដែលមាន​អាយុ​គភ៌​ច្រើន(ជិត​គ្រប់​ខែ) ព្រោះ​អំឡុង​ពេលនោះ កូន​ដែល​នៅក្នុង​ស្បូន​នឹង​ទៅ​ច្រាន​ផ្អឹប​ក្រពះ​រហូត​ធ្វើឱ្យ​កើត​អាការ​ចុក​ឆ្អល់ពោះ​ឡើងជា​ញឹកញាប់។

    3-ជំរុញ​ការផលិត​ទឹកដោះការទទួល​ទាន​ខ្ញី​ញឹកញាប់​តាំងពី​អំឡុងពេល​តាំង​គភ៌​នឹង​ជួយ​ជំរុញ​ការផលិត​ទឹកដោះ​បាន​យ៉ាង​ល្អ ធ្វើឱ្យ​ស្ត្រី​មាន​ទឹកដោះ​សម្រាប់​ឱ្យ​កូនបៅ​ច្រើនឡើង ដោយ​អាច​ទទួល​-ទានក្នុង​រូប​បែប​ជា​ខ្ញី​ស្រស់​ក្នុងការ​ច្នៃ​ជា​ម្ហូបអាហារ ឬ​ទទួលទាន​ក្នុង​រូប​បែប​ជា​ទឹក​ខ្ញី​ក៏បាន។ ក្រៅពីនេះ ក្រោយពេល​ប្រសូត​ហើយ ស្ត្រី​ក៏​គួរតែ​នៅ​ទទួលទានទឹក​មើម​ខ្ញី​ជា​បន្ត ដើម្បី​ឱ្យមាន​ទឹកដោះ​យ៉ាង​គ្រប់គ្រាន់​ពេញ​មួយ​អំឡុង​វ័យ​នៃ​ការ​បៅ​ទឹកដោះ​របស់​កូនតូច។

    មុខម្ហូប​ណែនាំ​សម្រាប់​ស្ត្រី​មានគភ៌សម្រាប់​ស្ត្រី​មានគភ៌​ដែល​នៅ​មិនទាន់​នឹកឃើញ​មុខម្ហូប​ដែលមាន​លាយ​ផ្សំ​ដោយ​ខ្ញី​នោះឡា​រ៉ែ​ន​ សូម​ណែនាំ​មុខម្ហូប​ងាយៗ​អំពី​​ខ្ញី ងាយស្រួល​ធ្វើ ហើយ​ថែមទាំង​ឆ្ងាញ់​ទៀតផង។ តើ​មាន​អ្វីខ្លះ​នោះ តោះ! នាំគ្នា​តាមដាន​ជា​បន្ត…។

    1-ញាំ​ខ្ញី ត្រី​ប្លាធូ
    ជា​មុខម្ហូបងាយៗដែល​នឹង​ជួយ​បង្កើន​ទឹកដោះ និង​វីតាមីន C ដល់​រាងកាយ​របស់​ស្ត្រី​មានគភ៌​បាន​យ៉ាង​ល្អ ឯ​វិធី​ការ​ញាំ​វិញ គឺ​ដូច​ម្ហូប​ញាំ​ធម្មតា​ហ្នឹងឯង គ្រាន់តែ​ដាក់​ខ្ញី​ហាន់វែងល្អិតៗចូលទៅ​ប្រមាណ​ជា1ស្លាបព្រា​បាយ បន្ថែម​រសជាតិ​ជូរ​ដោយ​ក្រូចឆ្មារ… តែ​ប៉ុណ្ណឹង​ក៏​ឆ្ងាញ់​ត្រូវចិត្ត​ទៅហើយ។ អូ! ភ្លេច​ប្រាប់ អាច​បន្ថែម​រសជាតិ​ផ្អែម ជូរ ប្រៃ​តាម​ចំណង់​ចំណូលចិត្តរបស់អ្នកក៏បាន។

    2-ទឹក​ខ្ញី
    សម្រាប់​ភេសជ្ជៈ​មួយ​នេះ​ក៏​អាច​ទទួលទាន​ដើម្បី​សម្រាល​អាការ​ចាញ់កូន និង​ជួយ​ជំរុញ​ការផលិត​ទឹកដោះ​បានល្អ​ដែរ ដោយ​យក​មើម​ខ្ញី​មក​ស្ងោរ​រយៈពេល​ប្រមាណ​ជា2-5នាទី រង់ចាំ​ឱ្យនៅ​ក្តៅឧណ្ហៗ ហើយ​ចាក់​ដាក់​ពែង​យកមក​ក្រេប​ឱ្យបាន​ញឹកញាប់ ឬ​ចង់​ដាក់​​ស្ករ​
    ចូល​បន្តិច​ក៏បាន។ឃើញ​ពី​គុណសម្បត្តិ​របស់​ខ្ញី​ល្អ​បែបនេះហើយ​មិនអាច​ខកខាន​បានទេ ស្ត្រី​ដែល​កំពុង​មានគភ៌​ទាំងឡាយ​ចូរ​សាកល្បង​ធ្វើ​មុខម្ហូប​ណា​ដែលមាន​លាយ​ផ្សំ​ដោយ​ខ្ញី​ទទួលទាន​សាកមើល (ខត្រី​ដាក់​ខ្ញី ឆា​ខ្ញី​សាច់​គៅ-ល-) ធានាថានឹ​ទទួលបានគុណ ប្រយោជន៍​យ៉ាង​គ្រប់គ្រឿង​ពិតប្រាកដ ហើយ​ថែមទាំង​ល្អ​ដល់​សុខភាព​របស់​កូនតូច​ក្នុង​ផ្ទៃ​ទៀតផង៕

  • ក្រូ​អាស៊ី លត់ ក្រិ​ក​ចាស់ដៃ ខណៈ​អៀរ​ឡង់​ខាងជើង​ផ្ទុះ​កំហឹង

    ក្រូ​អាស៊ី លត់ ក្រិ​ក​ចាស់ដៃ ខណៈ​អៀរ​ឡង់​ខាងជើង​ផ្ទុះ​កំហឹង

    ក្រុមបាល់ទាត់​ជម្រើសជាតិ​ក្រូ​អាស៊ី បាន​កត់ត្រា​ជ័យជម្នះ​ដោយ​ងាយ​ក្នុង​លទ្ធផល 4-1 លើ​ក្រុម​ជម្រើសជាតិ​ក្រិ​ក ក្នុង​ព្រឹត្តិការណ៍ World Cup វគ្គ Playoff ជើង​ទី1 កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ធ្វើដំណើរ​យ៉ាង​ប្រកៀក​ឆ្ពោះទៅកាន់​ជុំ​ផ្តាច់ព្រ័ត្រ​ក្នុងប្រទេស​រុស្ស៊ី​នៅ​ឆ្នាំក្រោយ។

    ខ្សែបម្រើ Luka Modric របស់​ក្លិប Real Madrid បា​នរក​គ្រាប់​បាល់​បើកឆាក​ក្នុង​ទីក្រុង Zagreb ពី​បាល់​ពិន័យ11ម៉ែត្រ នៅ​នាទី​ទី13 ក្រោយពី​អ្នកចាំទី​អន្តរជាតិ​ក្រិ​ក Orestis Karnezis បានធ្វើ​ឲ្យ​ខ្សែប្រយុទ្ធ Nikola Kalinic ដួល​ក្នុង​ប្រអប់​គ្រោះថ្នាក់។ ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី បាន​បន្ថែម​ការនាំ​មុខ​របស់ខ្លួន​ទៀត​ក្នុង​រយៈពេល6នាទី​ក្រោយមក នៅពេលដែល​កីឡាករ Kalinic បាន​ស៊ុត​បាល់​បំប៉ោង​សំណាញ់​ទី​យ៉ាង​ល្អ ក្រោយពី​ការបញ្ជូន​បាល់​ឱ្យ​របស់ Ivan Strinic។ បើទោះបីជា​ក្រុម​ភ្ញៀវ​បាន​វាយបក1គ្រាប់​វិញ​នៅ​នាទី​ទី30ក៏ដោយ ប៉ុន្តែ Ivan Perisic និង Andrej Kramaric នៅតែ​រកបាន2គ្រាប់​បន្ថែមទៀត​ដើម្បី​បំពេញ​ជ័យជម្នះ​ឱ្យ​ក្រុម​ខ្លួន និង​ដើម្បី​ធ្វើ​ឲ្យ​ក្រុម​ជម្រើសជាតិ​ក្រិ​ក​ប្រឈមមុខ​នឹង​ការងារ​មិនអាច​ទៅរួច​មួយ​ក្នុងការ​ប្រកួត​ជើង​ទី2ក្នុង​ទីក្រុង Piraeus នៅ​ថ្ងៃអាទិត្យ​ខាងមុខនេះ។ លោក Zlatko Dalic គ្រូបង្វឹក​របស់​ក្រូ​អាស៊ី បាន​ប្រាប់​ប៉ុស្តិ៍​ទូរទស្សន៍ HRT ថា៖ «វា​ជាការ​ប្រកួត​ដ៏​អស្ចារ្យ​មួយ។ ប៉ុន្តែ នេះ​គ្រាន់តែ​ជា​ជើង​ទី1ប៉ុណ្ណោះ យើង​មិនគួរ​សម្រាក​ឡើយ។ វា​មិនទាន់​ដល់ទី​បញ្ចប់​នៅឡើយ»។

    ស្របពេល​ជាមួយគ្នានេះ លោក Michael O’Neill គ្រូបង្វឹក​នៃ​ក្រុមបាល់ទាត់​ជម្រើសជាតិ​អៀរ​ឡង់​ខាងជើង បាន​និយាយថា លោក​ពិតជា​ខកចិត្ត និង​ស្រឡាំងកាំង​មែនទែន ដោយសារតែ​ការសម្រេចចិត្ត​ផ្តល់​បាល់​ប៉េ​ណា​ល់​ទី​ដ៏​ចម្រូងចម្រាស ដែល​បានធ្វើ​ឲ្យ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ស្វ៊ី​ស ទទួល​ជ័យជម្នះ 1-០ ក្នុងការ​ប្រកួត World Cup វគ្គ Playoff ជើង​ទី1 កាលពី​ថ្ងៃ​ព្រហស្បតិ៍។ លោក O’Neill ដែល​បច្ចុប្បន្ន​ត្រូវតែ​ដឹកនាំ​ក្រុម​របស់លោក​ទៅកាន់​ការប្រកួត​ជើង​ទី2 ក្នុង​ទីក្រុង Basel នៅ​ថ្ងៃអាទិត្យ ខាងមុខនេះ បាន​និយាយ​ទាំង​ខឹងសម្បា​ថា៖ «អាជ្ញាកណ្តាល​មិនបាន​ឃើញ​សកម្មភាព​នោះ​ឲ្យ​បានច្បាស់លាស់​ឡើយ»៕

    ប្រភពពី៖ The Guardian

  • ពន្យារកំណើត​ហើយម៉េច​នៅតែ​តាំង​គភ៌​ទៀត?

    ពន្យារកំណើត​ហើយម៉េច​នៅតែ​តាំង​គភ៌​ទៀត?

    ថ្ងៃនេះ​យើង​នាំគ្នា​មក​និយាយ​លម្អិត​អំពី​ការពន្យារ​កំណើត​តាម​វិធី​នីមួយៗ​ថា តើ​វា​មានឱកាស “ភ្លាត់ភ្លាំង” ដែល​យើង​តែង​បាន​ឮជា​ញឹកញាប់​ថា ពន្យារកំណើត​ហើយ ម៉េច​នៅតែ​មានកូន​ទៀត? តិច ឬ​ច្រើន​ប៉ុនណា និង​ហេតុអ្វី​បានជា​ពន្យារកំណើត​ហើយ នៅតែ​មាន​កូន​បាន​ទៀត​ដោយ​រៀង​តាម​វិធី​ពន្យារកំណើត​ដែល​ស្ត្រី​ទាំងឡាយ​និយម​ប្រើ។

    1- វិធី​ដាក់​កងការដាក់​កង​ពន្យារកំណើត​មានឱកាស​ភ្លាត់ភ្លាំង​ធ្វើឱ្យ​តាំង​គភ៌ 0.8 % អាចដាក់​បានយូរ​ដល់​ទៅ10ឆ្នាំ(អ្នកខ្លះ​ដាក់​រហូត​ភ្លេច​ក៏មាន ដល់ពេល​នឹកឃើញ ត្រូវឱ្យចៅៗនាំទៅ​មន្ទីរពេទ្យ​ដើម្បី​យកចេញ​ក៏មានដែរ។ កង​ពន្យារកំណើត​បែប​មា​អ័រម៉ូន មានឱកាស​តាំង​គភ៌​តិច​បំផុត​គឺ​ត្រឹមតែ0.2%ប៉ុណ្ណោះ ដោយ​កង​នឹង​បញ្ចេញ​អ័រម៉ូន​មក​ពន្យារកំណើត និង​អាចដាក់​បានយូរ​ដល់​ទៅ5ឆ្នាំ។

    2- ពន្យារកំណើត​បែប​ប្រើ​អ័រម៉ូនការចាក់​ថ្នាំ​ពន្យារកំណើត​កាលពី​សម័យមុន​ដែល​យើង​ធ្លាប់​ឃើញ​មាន​ការចាក់​ជាច្រើន​ម្ជុល​នោះ បច្ចុប្បន្ន​យើង​មាន​ថ្នាំ​ចាក់​តែមួយ​ម្ជុល​ប៉ុណ្ណោះ​នឹង​ពន្យារកំណើត​បាន3ឆ្នាំ។

    ឯ​ការចាក់​ថ្នាំ​ពន្យារកំណើត ចាក់​ម្តង​មួយ​ម្ជុល​រៀងរាល់3ខែ​ម្តងនោះ មានឱកាស​ភ្លាត់ភ្លាំង​ធ្វើឱ្យ​តាំង​គភ៌6% ឯការ​លេបថ្នាំ​ពន្យារ​កំណើត​ប្រភេទ​អ័រម៉ូន​រួម ឬ​ប្រភេទ​ប្រូ​ចេ​ស្ទី​ន​វិញ មានឱកាស​ភ្លាត់ភ្លាំង​ធ្វើឱ្យ​តាំង​គភ៌​បាន​ដល់​ទៅ9%ឯណោះ ព្រោះ​អ្នកខ្លះ​ក៏​ភ្លេច​​លេប​ខ្លះទៅ អ្នកខ្លះ​ទៀត​ថ្ងៃ​ខ្លះ​មិនបាន​លេប​ក៏មាន ដូច្នេះហើយ​ទើប​ធ្វើឱ្យ​យើង​ចេះតែ​ឆ្ងល់​ថា ញ៉ាំ​ថ្នាំ​ពន្យារកំណើត​ហើយ ម៉េច​នៅ​តែ​តាំង​គភ៌​បាន​ទៀត​ហ្នឹងឯង។

    3- ការពន្យារ​កំណើត​បែប​ប្រើ​ឧបករណ៍​បន្ថែម​ដើម្បី​រារាំង ស្រោមអនាម័យ​របស់​ម​នុស្ស​ប្រុស មានឱកាស​ភ្លាត់ស្នៀត​ធ្វើឱ្យ​មនុស្ស​ស្រី​តាំង​គភ៌​បានដល់ទៅ18%ឯណោះ។ ឈប់ៗ កុំ​អាល​បោះ​ស្រោមអនាម័យ​ចោល​អី ព្រោះ​បើ​ប្រើប្រាស់​បែប​ត្រឹមត្រូវ ឱកាស​ភ្លាត់ភ្លាំង​ធ្វើឱ្យ​មនុស្ស​ស្រី​តាំង​គភ៌​មាន​ត្រឹមតែ2-3%​ប៉ុណ្ណោះ។ ដែល​អាច​ភ្លាត់ភ្លាំង​ធ្វើឱ្យ​មានឱកាស​ក្នុងការ​តាំង​គភ៌​ច្រើន​បែបនេះ ក៏​ដោយសារតែ​ពាក់​ខុស​ផង ត្រូវ​ផង អ្នកខ្លះ​ក៏​យក​ស្រោម​​ដែល​ទើប​ប្រើ​ហើយ​ថ្មី​មក​ប្រើ​ម្តងទៀត និង​ប្រើ​ប្រេង​រំ​អិ​ល​ដែលជា​ហេតុ​ធ្វើឱ្យ​ស្រោម​
    បាត់បង់​ភាពរឹងមាំ ទៅជា​រហែក ឬ​លិច​ជាដើម​ក៏មាន។

    ស្រោមអនាម័យ​សម្រាប់​ស្ត្រី ពីមុន​ក៏​ធ្លាប់មាន​ដែរ តែដោយសារ​ការការពា​រ​មិនឱ្យ​មានគភ៌​មិនសូវមាន​ប្រសិទ្ធភាព ព្រោះ​មាន​ឱកាស​ភ្លាត់ភ្លាំង​ក្នុងការ​តាំង​គភ៌​ដល់​ទៅ28%ឯណោះ ទើប​បច្ចុប្បន្ន​លែងមាន​អ្នក​ប្រើ​តែម្តង។

    4- វិធី​ពន្យារកំណើត​បែប​ធម្មជាតិការរាប់​ថ្ងៃ (7 ថ្ងៃមុន និង​ក្រោយពេល​មាន​វដ្ដ​រដូវ មិន​ធ្វើឱ្យ​តាំង​គភ៌​ឡើយ) អាច​មានឱកាស​ភ្លាត់ភ្លាំង​ធ្វើឱ្យ​តាំង​គភ៌​ខ្ពស់​ដល់​ទៅ24%ឯណោះ ឯ​ការបញ្ចេញ​ទឹកកាម​នៅ​ខាងក្រៅ អាស្រ័យ​លើ​ជំនាញ​របស់​ខាង​ប្រុស​ក្នុង​ការដក​ប្រដាប់បន្តពូជ​ចេញមកក្រៅ​មុន​ពេល​បាញ់​ទឹកអសុចិ(ទឹកកាម​មេជី​វិត)នោះ អាច​មានឱកាស​ភ្លាត់ភ្លាំង​ធ្វើឱ្យ​តាំង​គភ៌​ខ្ពស់​ដល់​ទៅ22%ឯណោះ។

    ឥឡូវ​ឃើញ​ហើយ​ឬ​នៅ​ថា វិធី​ពន្យារកំណើត​តាមបែប​ធម្មជាតិ មានឱកាស​ភ្លាត់ស្នៀត​ធ្វើឱ្យ​ស្ត្រី​តាំង​គភ៌​ខ្ពស់​ណាស់ ដូច្នេះ​បើ​នៅ​មិនទាន់​ត្រៀមខ្លួន​ក្នុងការ​មាន​បុត្រ​ទេនោះ ចូរ​ជ្រើសរើស​ប្រើ​វិធី​ណា​ដែល​មានឱកាស​ភ្លាត់ភ្លាំង​តិច​បំផុត​ទើប​ជាការ​ប្រសើរ៕

  • ការប្រកាស​លក់​ដោយ​បង់​រំលស់​គ្មាន​ការប្រាក់ អាចជា​ការ​ឆបោក

    ការប្រកាស​លក់​ដោយ​បង់​រំលស់​គ្មាន​ការប្រាក់ អាចជា​ការ​ឆបោក

    អ្នកជំនាញ​អចលនទ្រព្យ​បានស្នើ​ឱ្យ​អ្នក​ប្រកប​អាជីវកម្ម​ក្នុង​វិស័យ​អចលនទ្រព្យ​បញ្ឈប់​ចំពោះ​ការប្រើប្រាស់​វិធីសាស្ត្រ​ភូតកុហក​ប្រជាពលរដ្ឋ តាមរយៈ​ការលក់​ផ្ទះ ឬ​ដី​ពុះ​ឡូត៍ ដោយ​គ្មាន​គិត​អត្រា​ការប្រាក់។

    លោក​បណ្ឌិត គីម ហ៊ាង ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​និយាយថា រាល់​ការលក់​អចលនទ្រព្យ​ទាំងអស់​ឱ្យតែ​បង់​រំលស់ គឺ​សុទ្ធតែ​មានការ​ប្រាក់​ចន្លោះ​ពី12%ទៅ18%ក្នុង1ឆ្នាំ​រួចជាស្រេច តែ​ដល់ពេល​ឃោសនា​ប្រកាស​លក់​គម្រោង គេ​បែរជា​និយាយថា លក់​ដោយ​ឥត​គិតការ​ប្រាក់​ទៅវិញ។ លោក​បណ្ឌិត​មានប្រសាសន៍ថា៖“ការប្រកាស​លក់​បែបនេះ គឺជា​ការបោកប្រាស់​សុទ្ធ​សាធ ខណៈ​មាន​ប្រជាពលរដ្ឋ​មួយចំនួន​មិនបាន​ដឹង​ពី​រូបមន្ត​ទាំងនេះ​ឡើយ។

    លោក​បណ្ឌិត​បាន​បន្តថា នៅក្នុង​រយៈពេល​ខ្លី​ការប្រកាស​បែបនេះ​ហាក់​មិនសូវ​ទទួលបាន​ការចាប់​អារម្មណ៍ និង​ចាប់កំហុស​ទេ តែ​ក្នុង​រយៈពេល​វែង (អាច​ថា​ក្នុង​រយៈពេល10ឆ្នាំ​ទៅមុខទៀត) បញ្ហា​ដែល​កើតចេញពី​រឿងនេះ​នឹង​រឹតតែ​រីក​ធំ ហើយ​ជម្លោះ​ក៏​នឹង​អាច​កើតមាន​រវាង​អ្នកលក់ និង​អ្នក ទិញ​ផងដែរ។

    ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​ពន្យល់ថា កាលពី​មុនគេ​មិនដែល​គិតថា ខ្ចីលុយ​ពី​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ជា​បញ្ហា​នោះទេ ដោយ​ពាក្យ​សាមញ្ញ​ទូទៅ​របស់​ប្រជាពលរដ្ឋ​យល់ថា ការខ្ចី​លុយ​រដ្ឋ ដល់ពេល​ចង់​លុបបំបាត់​ពាក្យ“ជំពាក់​លុយ​រដ្ឋ”បញ្ហា​បានកើត​មាន​មិនតូច​នោះទេ។ លោក​បណ្ឌិត​បាន​អះអាងថា ការលក់ដូរ​ដែល​គ្មាន​អត្រា​ការប្រាក់​មានតែ​មធ្យោបាយ​មួយគត់​នោះ​គឺ​ការលក់​ដែល​ឱ្យ​សាច់ប្រាក់​សុទ្ធ ឬ​ការលក់​ផ្តាច់ ដោយ​តម្លៃ​ណាមួយ​ជាក់លាក់ តែ​រាល់​ការបង់​រំលស់​គឺ​គេ​បានគិត​ការប្រាក់​រួចរាល់​ហើយ។

    លោក​យល់ថា អ្នក​អភិវឌ្ឍន៍​មិនគួរ​ត្រូវបាន​អនុញ្ញាត​ឱ្យទទួល​ការបង់​រំលស់​ដោយផ្ទាល់​ជាមួយ​អ្នកទិញ ទេ​ព្រោះ​វា​ជាការ​ងារ​របស់​ធនាគា​រ ហើយ​មាន​អ្នក​អភិវឌ្ឍន៍​ខ្លះ​បាន​យក​ប្លង់ដី​គម្រោង​ទៅ​បញ្ចាំ​នៅ​ធនាគារ ការប្រាក់7% ដល់8% តែ​គាត់​តម្រូវឱ្យ​អ្នកទិញ​បង់​រំលស់​ជាមួយ​គាត់​វិញ​ពី12%ដល់18% ប្រចាំឆ្នាំ។

    នៅពេល​ចុង​ក្រោយនេះ​មាន​គម្រោង​ជាច្រើន​ក្នុង​វិស័យ​អចលនទ្រព្យ ត្រូវបាន​គេ​ប្រកា​សលក់ ដោយ​អះអាងថា គ្មាន​គិត​អត្រា​ការប្រាក់ ហើយ​អតិថិជន​អាច​បង់ប្រាក់​តាម​ចំនួន​ណាមួយ​ដែល​ខ្លួន​យល់ព្រម ដែល​គម្រោង​ទាំងនោះ​មានដូចជា គម្រោង​ពុះ​ដីឡូត៍​លក់ គម្រោង​ផ្ទះល្វែង​ខ្នាតតូច គម្រោង​ខុន​ដូ ជាដើម៕