Category: សង្គម និងសេដ្ឋកិច្ច

  • រឿង​គួរ និង​មិនគួរ​ធ្វើ ដើម្បី​សក់​មាន​សុខភាព​ល្អ

    រឿង​គួរ និង​មិនគួរ​ធ្វើ ដើម្បី​សក់​មាន​សុខភាព​ល្អ

    បើ​និយាយ​ដល់​អត្ថបទ​ដែល​ទាក់ទង​ទៅនឹង​ការថែរក្សា​សក់ ដើម្បីឱ្យ​សក់​ស្អាត មាន​សុខ​ភាពល្អ មាន​សភាព​ទន់​រលោង ស្រស់ស្អាត ឡា​រ៉ែ​ន ស្ទើរតែ​មិនដែល​ភ្លេច​ទាល់តែសោះ​ក្នុងការ​លើកយក​នូវ​អត្ថបទផ្សេងៗជាច្រើន​ឱ្យ​ប្រិយមិត្ត​បាន​អាន និង​អនុវត្ត ដើម្បី​ទទួលបាន​នូវ​លទ្ធផល​ជាទី​គាប់ចិត្ត ប៉ុន្តែ​មិនដឹងថា​តើ​មិត្ត​អ្នកអាន​ប៉ុន្មាន​រូប​ទេ ដែល​បាន​អនុវត្តតាម​យ៉ាង​ត្រឹមត្រូវ​ជាប់លាប់​ទៅតាម​ក្បួន​នោះ។ មិន​ថា​លោកអ្នក​ធ្លាប់ ឬ​មិន​ធ្លាប់បាន​អាន​នោះទេ អត្ថបទ​មួយ​នេះ​នៅតែ​អាច​ផ្តល់​ជា​ប្រយោជន៍​សម្រាប់​អ្នក​ដែល​ចង់ឱ្យ​សក់​មាន​សុខភាព​ល្អ​ដដែល។ នេះ​គឺជា​ទង្វើ​ដែល​អ្នក​គួរ និង​មិនគួរ​ធ្វើ ប្រសិនបើ​ចង់បាន​សក់​ស្អាត​ដូច​បំណង។

    រឿង​គួរ​ធ្វើ
    – ម៉ាស្សា​ស្បែកក្បាល​ជា​រៀងរាល់ថ្ងៃ
    – សម្អាត​សក់​ជាមួយ​ទឹក​ត្រជាក់
    – សម្អាត​ស្បែកក្បាល មិនមែន​តែ​ចុង​សក់​នោះទេ
    – កក់សក់ជាមួយសាប៊ូដែល​អាចបន្ថែមសំណើមដល់សរសៃសក់​រាល់ពេល​ដែល​អ្នក​ងូតទឹក​ក្នុង​អាង​ហែល​ទឹក​រួច
    – ប្រើ​កន្សែង​ទន់ ងាយ​ជក់ទឹក សម្រាប់​ជូត​ស​ម្ងួ​ត​សក់
    – យកជាតិ​ទឹក​ចេញពី​សក់​ដោយ​ការ​ផ្តិត មិនមែន​ញីខ្លាំងៗ ឬ​ទាញ​នោះទេ។

    រឿង​មិនគួរ​ធ្វើ
    – ថ្នាំ​អប់​សក់ ឬ​ផលិតផល​ធ្វើ​ម៉ូដ​សក់ គួរប្រើ​ចំពោះតែ​សរសៃសក់ មិនត្រូវ​ឱ្យ​ប៉ះ​ដល់​ស្បែកក្បាល​ឡើយ
    – មិនត្រូវ​លាង ឬ​សម្អាត​សក់​ដោយ​ទឹក​ក្តៅ​ញឹកញាប់​ពេកទេ
    – កុំ​ធ្វើ​ម៉ូដ​សក់​ណា​ដែល​ត្រូវ​ចង ឬ​ទាញ​សក់ខ្លាំងៗពេក
    – កុំ​និយម​ម៉ូដ​សក់​ដែល​ប្រើ​កម្តៅ​ញឹកញាប់​ពេក
    – កុំ​សិតសក់​នៅពេល​វា​កំពុង​សើម។

    រឿង​ទាំងអស់នេះ​គឺងាយៗ ខ្លីៗ ស្រួល​ចាំ ដូច្នេះ​បើ​លោកអ្នក​ពិតជា​ធ្វើ​មែន​នោះ ធានាថា​សក់​របស់​អ្នក​ពិតជា​មិន​រងគ្រោះ​ឡើយ៕

  • 3ចំណុច​ក្នុង​ការបង្កើន​ចំណេះដឹង​ផ្នែកហិ​រញ្ញវត្ថុ

    3ចំណុច​ក្នុង​ការបង្កើន​ចំណេះដឹង​ផ្នែកហិ​រញ្ញវត្ថុ

    មនុស្ស​ជាច្រើន​បាន​យល់ច្រឡំ​ថា ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​គឺ​ទាល់តែ​បាន​សិក្សា​រៀនសូត្រ​នៅ​មហាវិទ្យាល័យ ទើប​មានចំណេះដឹង​ទាំងអស់នេះ ប៉ុន្តែ​វា​មិនមែន​ដូច​ការគិត​របស់​ពួកគេ​នោះទេ។ ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នៅទីនេះ ខុសប្លែក​ពី​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដែល​អ្នករៀន​នៅ​សាលា។

    ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ​ដែល​ជួយ​ឱ្យ​អ្នកមានចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​ភាព​ឆ្លាត​វៃ​ក្នុងការ​ប្រើប្រាស់​លុយ​ឱ្យបាន​ល្អ៖

    1) ទិញ​សៀវភៅ​អប់រំ​ផ្នែក​ហិរញ្ញវត្ថុ​មក​អាន

    ការវិនិយោគ​លុយ​របស់​អ្នក​ទៅលើ​ការទិញ​សៀវភៅ​ដែល​ទាក់ទង​ការអប់រំ​ផ្នែក​ហិរញ្ញវត្ថុ​មក​អាន នឹង​ជួយ​ឱ្យ​អ្នក​កាន់តែ​រីកចម្រើន។ អ្នក​អាច​ចំណាយលុយ​បន្តិច​បន្តូច​ក្នុង​ការទិញ​សៀវភៅ​ផ្នែក​នេះ​មក​អាន ប៉ុន្តែ​អ្នកនឹង​ចំណេញ​ច្រើន​ក្រោយពេល​អាន​រួច។

    2) អាន​អត្ថបទផ្សេងៗទាក់ទង​នឹង​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ

    ក្រៅពី​ការអាន​សៀវភៅ អ្នក​អាច​អាន​នូវ​អត្ថបទផ្សេងៗដែល​គេ​បាន​ចុះផ្សាយ​ទាក់ទង​នឹង​ផ្នែក​ហិរញ្ញវត្ថុ ដូចជា​កាសែត ទស្សនាវដ្ដី ជាដើម ដែល​អត្ថបទ​ទាំងនោះ ភាគច្រើន​ត្រូវបាន​គេ​ចុះផ្សាយ​ទាក់ទង​នឹង​ព្រឹត្តិការណ៍​ហិរញ្ញវត្ថុថ្មីៗ ដែល​អ្នក​អាច​ស្វែងយល់​ពី​វា​បាន​បន្ថែមទៀត។

    3) ចូលរួម​សិក្ខា​សិលា​បណ្ដុះបណ្ដាល

    គ្មាន​អ្វីដែល​ល្អប្រសើរ​ជាង​ការ​ចូលរៀន​ក្នុង​វគ្គ​សិក្សា​ជាមួយ​មនុស្ស​ដែលមាន​ផ្នត់គំនិត​ដូច​អ្នក​នោះទេ ពីព្រោះ​មនុស្ស​ដែលមាន​ផ្នត់គំនិត​ដូច​អ្នក នឹង​អាច​ចែក​រំ​លេក​នូវ​ចំណង​ចំណូលចិត្ត រួមជាមួយ​បទពិសោធន៍ល្អ។ ការចូលរួម​វគ្គ​បណ្ដុះបណ្ដាល​គឺជា​វិធីសាស្ត្រ​មួយ​ដ៏​ល្អ ព្រោះថា​អ្នកធ្វើ​បទ​បង្ហាញ​ភាគច្រើន​ជា​មនុស្ស​មានបទពិសោធន៍ និង​មានចំណេះដឹង ហើយ​អ្នក​ក៏មាន​ឱកាស​បាន​ស្គាល់​មនុស្សផ្សេង៕

  • ថ្ងៃនេះ អាកាសយានដ្ឋានតារាសាគរ ខេត្តកោះកុង ដំណើរការជាបណ្តោះអាសន្នសម្រាប់ជើងហោះហើរ ឆាតទើរ

    ថ្ងៃនេះ អាកាសយានដ្ឋានតារាសាគរ ខេត្តកោះកុង ដំណើរការជាបណ្តោះអាសន្នសម្រាប់ជើងហោះហើរ ឆាតទើរ

    នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងលោក លី ម៉ុងឈិន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Coastal Airport Investment Co., Ltd. អញ្ជើញជាអធិបតីពិធីក្រុងពលី និងសូត្រមន្តដាក់ឲ្យដំណើរការអាកាសយានដ្ឋានតារាសាគរនៃខេត្តកោះកុង ជាបណ្តោះអាសន្ន សម្រាប់កិច្ចស្វាគមន៍ជើងហោះហើរជួល ឆាតទើរ (Charter) ដែលជាកម្មវិធីហោះហើរសាកល្បងក្នុងស្រុកជំហានដំបូង។

    យោងតាមការបញ្ជាក់ពីលោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា អាកាសយានដ្ឋានតារាសាគរ ខេត្តកោះកុង នឹងដាក់សម្រាប់ការស្វាគមន៍ការជើងហោះហើរជួល «ឆាតទើរ»  (ឆាតទើរ គឺជាជើងហោះហើរជួលក្រៅកម្មវិធីហោះហើរ) ក្នុងស្រុកជំហានដំបូង នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ថ្នាក់ដឹកនាំក្រុមហ៊ុន មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ប្រមាណ១៥០នាក់។

    អាកាសយានដ្ឋានតារាសាគរ នឹងបើកជើងហោះ ឆាតទើរ ក្នុងស្រុក (Domestic Charter Flight) ពេញលេញ ស្របតាមអនុលោមភាព លក្ខខណ្ឌតម្រូវ និងបទដ្ឋានបច្ចេកទេសនាពេលខាងមុខ។

    អាកាសយានដ្ឋាន ដែលមានទីតាំងស្ថិតនៅស្រុកគិរីសាគរ និងបុទុមសាគរ ខេត្តកោះកុងនេះ ត្រូវបានអភិវឌ្ឍក្នុងដំណាក់កាលទី១ លើផ្ទៃដី២១៨ហិកតា និងមានដីបម្រុងសម្រាប់ការអភិវឌ្ឍបន្តចំនួន១ពាន់ហិកតា ដោយចំណាយថវិកាប្រមាណ ២០០លានដុល្លារអាមេរិក ដោយក្រុមហ៊ុនវិនិយោគ និងប្រតិបត្តិករ (ក្រុមហ៊ុនខូសថល អ៊ែរផត អ៊ិនវេសមិន (CAI))។
     
    បើតាមផែនការមេស្តីពីការអភិវឌ្ឍអាកាសយានដ្ឋានតារាសាគររយៈពេលខ្លី និងមធ្យម (ក្នុងករណីមានការបើកការហោះហើរជាលក្ខណៈពាណិជ្ជកម្ម ក្នុងស្រុក និងអន្តរជាតិពេញលេញ) អាកាសយានដ្ឋាននេះរំពឹងថានឹងទទួលបានអ្នកដំណើរ ៧លាននាក់ និងទំនិញ១ម៉ឺនតោនក្នុង១ឆ្នាំ និងបន្តកើនអ្នកដំណើរដល់២០លាននាក់ និងទំនិញ៦ម៉ឺនតោនក្នុង១ឆ្នាំ ចាប់ពីឆ្នាំ២០៣០-២០៥០៕

  • កម្ពុជា-វៀតណាម ប្ដេជ្ញាពង្រឹង និងពង្រីកការអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល

    កម្ពុជា-វៀតណាម ប្ដេជ្ញាពង្រឹង និងពង្រីកការអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល

    ក្នុងពិធីបើក វេទិកាជំរុញពាណិជ្ជកម្មនិងវិនិយោគ វៀតណាម-កម្ពុជា ក្រោមប្រធានបទ «បង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូ និកឆ្លងព្រំដែននិងសេដ្ឋកិច្ចឌីជីថល» នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ  ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា កម្ពុជា និងវៀតណាម គួរយកចិត្តដាក់បន្ថែម ក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទាំងក្នុងក្របខណ្ឌរដ្ឋាភិបាលនិងវិនិយោគធុរកិច្ច ដើម្បីជំរុញការអភិវឌ្ឍលើវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល សំដៅឆ្លើយតបនិងដើរឱ្យទាន់សភាពការណ៍នៃការវិវត្តិរបស់សាកលភាវូបនីយកម្មនៅក្នុងបរិបទឌីជីថល។

    ឯកឧត្តមក៏បានបញ្ជាក់បន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកសេដ្ឋកិច្ចឌីជីថលជាគោលដៅសំខាន់មួយសម្រាប់លើកកម្ពស់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ សម្រាប់អាណត្តិ ២០២៣-២០២៨។ ចាប់តាំងពីឆ្នាំ ២០២១ មក ក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិកម្ពុជាបានចេញគោលនយោបាយស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលជាតិសម្រាប់រយៈពេល ២០២១-២០៣៥ ដើម្បីបង្កើតជាច្រកចេញស្របច្បាប់មួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល នៅកម្ពុជា។

    ជាការឆ្លើយបត ឯកអគ្គរដ្ឋទូត ង្វៀន ហ៊ុយ តាំង បានលើកឡើងថា ការប្រារព្វធ្វើវេទិកានេះដោយយកប្រធានបទ «បង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិកនិងសេដ្ឋកិច្ចឌីជីថល» សម្រាប់ការពិភាក្សាគឺត្រឹមត្រូវនិងមានអត្ថន័យបំផុត ក្នុងបរិបទដែលរដ្ឋាភិបាលវៀតណាម និងកម្ពុជាកំពុងផ្តោតការយកចិត្តទុកដាក់លើការជំរុញការអភិវឌ្ឍមូលដ្ឋានគ្រឹះនិងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ពាណិជ្ជកម្មអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល។ នេះជាវេទិកាដ៏មានអត្ថន័យដែលជួយធុរកិច្ច និងអ្នកវិនិយោគនៃប្រទេសទាំងពីរបានស្វែងយល់អំពីការវិនិយោគនិងឱកាសអាជីវកម្មក្នុងទីផ្សាររបស់ប្រទេសនីមួយៗ ក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិកនិងសេដ្ឋកិច្ចឌីជីថល ដោយរួមចំណែកជំរុញពាណិជ្ជកម្មអន្តរជាតិនិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើនរវាងប្រទេសវៀតណាមនិងកម្ពុជានាពេលខាងមុខ។

    វាយតម្លៃលើវិស័យពាណិជ្ជកម្មអេឡិចត្រូនិកនិងសេដ្ឋកិច្ចឌីជីថលជារួម ឯកអគ្គរដ្ឋទូត ង្វៀន ហ៊ុយ តាំង បានឱ្យដឹងថា ទាំងរដ្ឋាភិបាលវៀតណាមនិងកម្ពុជាមានចំណាប់អារម្មណ៍ក្នុងការលើកកម្ពស់វិស័យនេះ ក៏ដូចជា សកម្មភាពគាំទ្រ និងចូលរួមយ៉ាងសកម្មក្នុងការបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីសេដ្ឋកិច្ចឌីជីថលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)។ ទាំងនេះគឺជាមូលដ្ឋានគ្រឹះនិងលក្ខខណ្ឌអំណោយផលដែលមានសារៈសំខាន់សម្រាប់ប្រទេសវៀតណាមនិងប្រទេសកម្ពុជា ដើម្បីជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែននិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលនាពេលខាងមុខ៕

  • មន្ទីរពិសោធន៍ DNA ដំបូងគេរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

    មន្ទីរពិសោធន៍ DNA ដំបូងគេរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

    មន្ទីរពិសោធន៍ DNA ដំបូងគេរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។

    មន្ទីរពិសោធន៍ DNA ដំបូងគេរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

    ថ្លែងក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត បានឲ្យដឹងថា មន្ទីរពិសោធន៍នេះត្រូវបានបង្កើតឡើង ក្រោមកិច្ចសហការស្អិតរមួតរវាងនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ ជាមួយការិយាល័យសម្របសម្រួលការអនុវត្តច្បាប់កម្ពុជា-ចិន និងដោយទទួលបានការគាំទ្រពីមជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់ «មេគង្គ-ឡានឆាង»។

    មន្ទីរពិសោធន៍ DNA នេះមានតួនាទីយ៉ាងសំខាន់ ដែលជួយដល់ការងារជាច្រើន ដូចជា៖

    * ជួយកំណត់ ឬបញ្ជាក់អត្តសញ្ញាណរបស់ជនល្មើស និងជនរងគ្រោះ

    * បញ្ជាក់នូវទំនាក់ទំនងរវាងជនល្មើស និងទីកន្លែងកើតហេតុ

    * ជួយកំណត់នូវទំនាក់ទំនងសាច់ញាតិ ឬឪពុកម្តាយបង្កើត

    * ជួយពន្លឿនក្នុងការស៊ើបអង្កេតចំពោះបទល្មើសព្រហ្មទណ្ឌ

    * កំណត់នូវភស្តុតាងជាលក្ខណៈវិទ្យាសាស្ត្រសម្រាប់វិស័យយុត្តិធម៌

    * ជួយសម្រួលក្នុងការកាត់បន្ថយនូវការចោទប្រកាន់ដែលគ្មានភស្តុតាងដាក់បន្ទុក

    * ជួយសម្រួលដល់ការសម្រេចសេចក្ដីរបស់ស្ថាប័នតុលាការជាដើម។

    ក្នុងន័យនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត បានស្នើឲ្យមានការគាំទ្របន្តទៀតពីសំណាក់មជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់ «មេគង្គ-ឡានឆាង» ដើម្បីលើកកម្ពស់សមត្ថភាពជំនាញក្នុងការធ្វើកោសល្យវិច្ច័យ បម្រើឲ្យការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស។ ចំពោះនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានធ្វើការណែនាំនូវកិច្ចការ សំខាន់ៗមួយចំនួន ដូចខាងក្រោម៖

    ទី១៖ បន្តចុះត្រួតពិនិត្យការអនុវត្តការងារជំនាញរបស់ការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ នៅតាមបណ្តាស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត រៀងរាល់៦ខែម្តង

    ទី២៖ បន្តបណ្តុះបណ្តាលជំនាញ DNA ដល់មន្ត្រីជំនាញនៃនាយកដ្ឋាន និងមន្ត្រីនៃស្នង ការដ្ឋាននគរបាលរាជធានី-ខេត្ត ស្របតាមកម្មវិធីរបស់នាយកដ្ឋាន ឬតាមសំណើ សំណូមពរ របស់ស្នងការដ្ឋាន

    ទី៣៖ បន្តការសហការជាមួយការិយាល័យសម្របសម្រួលការអនុវត្តច្បាប់កម្ពុជា-ចិន និងមជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់ «មេគង្គ-ឡានឆាង» រៀបចំកម្មវិធីបណ្តុះបណ្តាលមុខជំនាញ DNA និងអភិវឌ្ឍមន្ទីរពិសោធន៍ DNA របស់អគ្គស្នងការដ្ឋាននគរបាលជាតិ កាន់តែរីកចម្រើនឡើងថែមទៀត

    ទី៤៖ រៀបចំកសាងឃ្លាំងផ្ទុកទិន្នន័យ DNA (DNA Database) ឲ្យបានស្របតាមនិយាម និងត្រូវធានាឲ្យបាននូវសុវត្ថិភាពក្នុងការរក្សាទុកទិន្នន័យ DNA

    ទី៥៖ រួមគ្នាថែរក្សាមន្ទីរពិសោធន៍ DNA និងឧបករណ៍ សម្ភារជំនាញ ឲ្យបានគត់មត់ ទុកជាឧត្តមប្រយោជន៍ បម្រើការងារកោសល្យវិច្ច័យ

    ទី៦៖ ត្រូវចូលរួមសហការគ្រប់ករណីបទល្មើសព្រហ្មទណ្ឌ ដើម្បីប្រមូលភស្តុតាង កំណត់ អត្តសញ្ញាណជនសង្ស័យ បម្រើឲ្យការងារស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបឲ្យដល់ឫសគល់៕

  • ផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេ ចាប់ពីមុខប្រៃសណីយ៍កម្ពុជា ដល់មុខព្រះបរមរាជវាំងនឹងដាក់ឱ្យដំណើរការនៅចុងខែមករាខាងមុខនេះ

    ផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេ ចាប់ពីមុខប្រៃសណីយ៍កម្ពុជា ដល់មុខព្រះបរមរាជវាំងនឹងដាក់ឱ្យដំណើរការនៅចុងខែមករាខាងមុខនេះ

    ភ្នំពេញ៖ នៅចុងខែមករា ២០២៥ខាងមុខ ផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេ ចាប់មុខប្រៃសណីយ៍កម្ពុជា រហូតដល់មុខព្រះបរមរាជវាំង នឹងត្រូវបានដាក់ឱ្យដំណើរការ។

    ផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេ ចាប់ពីមុខប្រៃសណីយ៍កម្ពុជា ដល់មុខព្រះបរមរាជវាំងនឹងដាក់ឱ្យដំណើរការនៅចុងខែមករាខាងមុខនេះ

    រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំជាថ្មី ដើម្បីពិនិត្យវឌ្ឍនភាព នៃការរៀបចំផ្លូវថ្មើរជើង (Walkstreet) តាមបណ្តោយមាត់ទន្លេចតុមុខ ចាប់ពីមុខប្រៃសណីយ៏កម្ពុជារហូតដល់មុខព្រះបរមរាជវាំង ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងក្រសួងទេសចរណ៍ និងប្រៃសណីយ៍ អគ្គិសនីកម្ពុជា នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ។

    ផ្លូវថ្មើជើងនេះមានគម្រោងយូរមកហើយ តែអាស្រ័យដោយស្ថានភាពជួបការលំបាក ដូចជាជំងឺកូវីដ១៩ និងបញ្ហាលំបាកពីបញ្ហាថវិកាជាដើម។ តែទោះបីយ៉ាងណា រាជរដ្ឋាភិបាលបានណែនាំឲ្យខិតខំអនុវត្តឲ្យសម្រេចបានគំរោង ផ្លូវថ្មើរជើងនេះ ក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរ សម្រួលការកកស្ទះចរាចរណ៍ ក៏ដូចលើកកម្ពស់សោភណ្ឌភាពរាជធានីភ្នំពេញផងដែរ។

    ផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេ ចាប់ពីមុខប្រៃសណីយ៍កម្ពុជា ដល់មុខព្រះបរមរាជវាំងនឹងដាក់ឱ្យដំណើរការនៅចុងខែមករាខាងមុខនេះ

    លោកអភិបាលរាជធានី បានបញ្ជាក់ ដើម្បីឲ្យគម្រោងនេះ បានដំណើរការដោយរលូន ជាជំហានដំបូង គឺបើកផ្លូវថ្មើរជើងនេះចាប់ពីរៀងរាល់ល្ងាចថ្ងៃសុក្រ, ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយប្រកាសបិទចរាចរណ៍យានជំនិះគ្រប់ប្រភេទ រៀបចំណត បង្គន់អនាម័យ និងការងាររៀបចំសណ្តាប់ធ្នាប់ ការលក់ដូរនៅលើតម្រាយផ្លូវនេះឲ្យបានល្អ ដែលធានាថាគម្រោងនេះ នឹងប្រព្រឹត្តិទៅដោយរលូន ហើយទទួលបានការគាំទ្រពីប្រជាពលរដ្ឋ៕

  • ស្ពានអាកាសមរតកតេជោ ជាន់ទី១ ត្រូវបានតភ្ជាប់រួចរាល់ហើយ

    ស្ពានអាកាសមរតកតេជោ ជាន់ទី១ ត្រូវបានតភ្ជាប់រួចរាល់ហើយ

    ភ្នំពេញ ៖ ស្ពានអាកាសមរតកតេជោ​ ជាន់ទី១ បានរៀបចំពិធីតភ្ជាប់រួចរាល់នៅថ្ងៃទី១៧ ធ្នូ ២០២៤ ហើយគ្រោងនឹងដាក់ឱ្យដំណើរបណ្ដោះអាសន្ននៅមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងនេះ ដើម្បីចូលរួមចំណែក ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេស កាត់បន្ថយចំណាយ និងបង្កើនចំណូល ព្រមទាំងជួយជំរុញដល់ការបែងចែកផ្លែផ្កាសេដ្ឋកិច្ចប្រកបដោយសមធម៌ជូនប្រជាពលរដ្ឋ ។

    ផ្លូវ គឺ​ជាអាទិភាពគន្លឹះទី២ នៅក្នុងអាទិភាពគន្លឹះទាំង៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ ដោយកិច្ចការអាទិភាពទី២ ក្នុងបញ្ចកោណទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន បានផ្តោតគោលដៅយុទ្ធសាស្ត្រលើការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ, ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មី ៕

  • ក្រុមហ៊ុនចិន ចាប់អារម្មណ៍ចង់វិនិយោគលើវិស័យកែច្នៃកសិផលនៅកម្ពុជា

    ក្រុមហ៊ុនចិន ចាប់អារម្មណ៍ចង់វិនិយោគលើវិស័យកែច្នៃកសិផលនៅកម្ពុជា

    ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា អមដោយសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគិនចិន តំណាងដោយលោកស្រី ចូវ ហួយថុង អគ្គនាយករងក្រុមហ៊ុន ចុងខឺប៉ីហ្វាង មកពីទីក្រុង សិនយ៉ាង ខេត្ត លាវនីង សាធារណរដ្ឋប្រជាមានិតចិន។

    ក្រុមហ៊ុន ចុងខឺប៉ីហ្វាង ជាក្រុមហ៊ុនដែលមានសកម្មភាពធុរកិច្ចក្នុងវិស័យកសិកម្មជាយូរឆ្នាំមកហើយ។

    មានមតិក្នុងជំនួបខាងលើ ឯកឧត្តមអគ្គលេខាធិការបានសម្តែងនូវការស្វាគមន៍ជូនចំពោះគណៈប្រតិភូ និងបានគូសរំលេចពីកំណើននៃរំហូរវិនិយោគនៅកម្ពុជាជារួម ជាពិសេស កំណើនៃរំហូរវិនិយោគចិនមកកម្ពុជាក្នុងរយៈពេលប្រមាណ១ទសវត្សរ៍ចុងក្រោយនេះ ដែលប្រភពទុនពីប្រទេសចិនជាប់ចំណាត់ថ្នាក់លេខ១ ឬលេខ២ ជារៀងរាល់ឆ្នាំ។ ឯកឧត្តមអគ្គលេខាធិការក៏បានធ្វើអត្ថាធិប្បាយអំពីបរិយាកាស និងរបបវិនិយោគកម្ពុជាដែលមានភាពអំណោយផល និងបើកចំហសម្រាប់វិនិយោគិនដោយគ្មានរើសអើង។

    ជាការឆ្លើយតប លោកស្រី ចូវ ហួយថុង ប្រធានគណៈប្រតិភូបានថ្លែងអំណរគុណជូនចំពោះឯកឧត្តមអគ្គលេខាធិការ និងសហការីដែលបានចំណាយពេលវេលាដ៏មមាញឹកទទួលជួបពិភាក្សាការងារនាឱកាសនេះ។ លោកស្រីបានជម្រាបជូនថា លោកស្រីបានធ្វើការសិក្សាពីកាលានុវត្តភាពវិនិយោគនៅកម្ពុជាអស់រយៈពេលប្រមណ ២ឆ្នាំមកហើយ។ នៅពេលនេះ ក្រុមហ៊ុនមានបំណងបណ្តាក់ទុនវិនិយោគក្នុងវិស័យឧស្សាហកម្មកែច្នៃផលិតផលកសិកម្មសម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញ។

    ឯកឧត្តមអគ្គលេខាធិការ បានបង្ហាញនូវការស្វាគមន៍ចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន ហើយបានជម្រាបជូនថា វិស័យកសិកម្មជាវិស័យអាទិភាព និងមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។ មួយវិញទៀត កម្ពុជាមានដំណាំយុទ្ធសាស្រ្តជាច្រើន ដូចជា ស្រូវ ដំឡូងមី និងស្វាយចន្ទី ជាដើម ដែលទាមទារឱ្យមានការវិនិយោគកែច្នៃក្នុងស្រុកដើម្បីបង្កើតតម្លៃបន្ថែម។ ជាចុងបញ្ចប់ ឯកឧត្តមអគ្គលេខាធិការបានជំរុញលើកទឹកឱ្យក្រុមហ៊ុនរួសរាន់សម្រេចចិត្តបណ្តាក់ទុនវិនិយោគ ដើម្បីច្បាមយកផលចំណេញឱ្យបានឆាប់៕

  • រយៈពេល​១១ខែ អគារ​ជាប់គាំងជាង​១០០​គម្រោងនៅក្រុងព្រះសីហនុ​ ត្រូវបាន​ដោះស្រាយ​ និង​​ដំណើរការ​ឡើងវិញ​

    រយៈពេល​១១ខែ អគារ​ជាប់គាំងជាង​១០០​គម្រោងនៅក្រុងព្រះសីហនុ​ ត្រូវបាន​ដោះស្រាយ​ និង​​ដំណើរការ​ឡើងវិញ​

    ព្រះសីហនុ ៖ គិតចាប់ពី​ខែមករា​ដល់​ដំណាច់ខែ​វិច្ឆិកា ឆ្នាំ២០២៤ គម្រោងពាក់ព័ន្ធ​នឹង​អគារ​ជាប់គាំង​ ចំនួន​១០៣​គម្រោង ត្រូវបាន​អនុ​គ្រោះ​ សម្រួល​នីតិវិធី និង​ដោះ​ស្រាយ​វិវាទ ដើម្បី​ឱ្យ​ដំ​ណើរ​ការឡើងវិញ ។ នេះ​បើ​តាម​សេ​ចក្ដីប្រកាសព័ត៌មាន​របស់​ក្រុម​ការងារ​ជំរុញការ​វិនិយោគ​ក្នុង​ខេត្តព្រះសីហនុ នៅ​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ​២០២៤ ។​

    យោងតាមសេចក្ដីប្រកាសព័ត៌មានខាងលើ​នេះបានឱ្យដឹងថា គម្រោងពាក់ព័ន្ធនឹង​អគារ​ជាប់គាំង​ទាំង​១០៣ គម្រោងនេះ ស្មើនឹង​៤៨ភាគរយ​នៃ​គម្រោង​​ពាក់ព័ន្ធនឹងអគារ​ជាប់គាំង​សរុប មានទឹកប្រាក់​ប្រមាណ ២ ៥១០លា​ន​ដុ​ល្លា​រ​​​​អា​មេរិក ដែលប៉ាន់​ស្មាន​ថា​អាច​បង្កើត​ការងារ​បាន​​ចំនួនជាង​៤ពាន់​​កន្លែង ។​

    ក្នុង​រយៈពេល១១ខែ ក្នុងឆ្នាំ២០២៤​នេះដែរ ក្រុមការងារ​ជំរុ​ញ​ការ​វិនិយោគ​ក្នុ​ងខេត្តព្រះសីហនុ បាន​សម្រេច​ជាគោលការណ៍​ផ្ដល់​ការ​លើកទឹកចិត្ត​ ការ​អនុគ្រោះ ​ការ​សម្រួល​នីតិវិធី​ដោះស្រាយ​វិវាទ​ ចំនួន​២១៣គម្រោង​ ស្មើនឹង​២១៣ភាគរយ​លើស​គោលដៅ​សូចនាករកម្មសិទ្ធិ​ ដែល​បាន​កំណត់​ត្រឹម១០០​គម្រោង​ និង​មា​នទុ​នវិ​និយោ​គ​រហូតដល់ ​៦ ០២៦​លានដុល្លារអាមេរិក លើស​សូចនាករ​សមិទ្ធផល​ដែល​បានកំណត់​ត្រឹម​ ១០០០​លាន​​​ដុល្លារអាមេរិក ។

    ក្រៅពីនេះ ក្រុមការងារ​ជំរុញការ​វិនិយោគ​ក្នុង​ខេត្តព្រះសីហនុ ក៏បាន​ដោះស្រាយ​សម្របសម្រួល​ការ​វិនិយោគ​នូវ​គម្រោង​អគារ​ពុំ​ពាក់​ព័ន្ធ​នឹង​​អគារជាប់គាំង​ចំនួន ៨៦​គម្រោង មានទុនវិនិយោគ​សរុប​ប្រមាណ​ ២ ៦៩៩​លាន​ដុល្លារ​អាមេរិក  ដែល​ប៉ាន់​ស្មានថា​អាច​បង្កើត​ការ​ងារ​​បានចំនួន ៣ម៉ឺន​កន្លែង គម្រោងពង្រីក​ការ​វិនិយោគ​ចំនួន​ ១៧គម្រោង មានទុនវិនិយិោគ​ប្រមាណ​ ៧៦៨​លាន​ដុល្លារ​អា​មេ​រិក និង​គម្រោ​ង​វិនិយោគ ធុរកិច្ច​ដែល​មានស្រាប់ចំនួន៧គម្រោង​ មានទុនវិនិយោគ​ប្រមាណ​៣០​លានដុល្លារអាមេរិក ។​

    ឯកឧត្តម ​ម៉ាង ស៊ីណេត អភិបាល​ខេត្តព្រះសីហនុ ​បានថ្លែង​ថា​គម្រោង​អគារ​ជាប់គាំង​ក្នុង​ខេត្តព្រះសីហនុ​បានចាប់ផ្ដើម​ដំណើរការ​ជា​បន្ត​បន្ទា​ប់​​ឡើងវិញហើយក្នុងឆ្នាំ២០២៤ បន្ទាប់មានការ​ដាក់ចេញ​នូវ​កម្ម​វិ​ធី​ពិ​សេ​​ស​​​ជំរុញការ​វិនិយោគ​ក្នុងខេត្តព្រះសីហនុ ក្រោម​គំនិត​ផ្ដួច​ផ្ដើម​​របស់​សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នា​យ​​ករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពី​ដើមឆ្នាំ២០២៤​ ។

    ទន្ទឹមនឹង​នេះ ក៏មានគម្រោង​វិនិយោគ​ថ្មីៗមួយចំនួន​ បាន​បោះទុនវិនិយោគ​នៅក្នុង​ខេត្តព្រះសីហនុ និងធ្វើ​ឱ្យ​សកម្មភាព​នៃការ​វិនិយោគ ការសាង​​សង់​​អគារ​នៅក្នុង​ខេត្តព្រះ​សីហនុ​ ចាប់ផ្ដើម​មានសកម្មភាពមមាញឹក​ឡើង​វិញ​ ។​

    គួ​របញ្ជាក់ថា គម្រោង​ដែល​ត្រូវ​បានក្រុមការ​ងារ​ជំរុញការវិនិយោគ​ដោះស្រាយ​និងសម្រួល​ គ្របដណ្ដប់​លើ​វិស័យសំខាន់ៗរួមមាន​ វិស័យ​អច​លនទ្រព្យ ដូចជាអគារ​ពហុមុខ​ងារ និងគម្រោងអភិវឌ្ឍន៍​លំនៅឋាន ​មាន​ចំនួន ៨៦​គម្រោង មានទុនវិនិយោគ ២ ១៥៥​លាន​ដុល្លារ​អាមេរិក វិស័យ​ទេសចរណ៍​មាន​ចំនួន​៦០​គម្រោង មានទុនវិនិយោគ​ប្រមាណ​២ ១៨១​លានដុល្លារអាមេរិក​ ឧស្សាហកម្ម​ចំនួន ៣៥​គ​ម្រោ​ង មាន​ទុន​វិនិ​យោគ​ចំ​នួន  ១ ១៩០លានដុល្លារអាមេរិក និង​វិស័យ​ផ្សេងទៀត​​មានចំនួន ៣២គម្រោង និងមានទុនវិនិយោគ​ចំនួន ២​៣៧​លានដុល្លារអាមេរិក​ ៕

  • ក្រសួង​រៀបចំ​ដែនដី​ ចាប់ផ្ដើម​ដាក់ឱ្យប្រើ​​សេវា​សាធារណៈ​តាមអនឡាញ ​​នៅតាមបណ្ដាខេត្ត​-ក្រុង ជា​បន្តបន្ទាប់​

    ក្រសួង​រៀបចំ​ដែនដី​ ចាប់ផ្ដើម​ដាក់ឱ្យប្រើ​​សេវា​សាធារណៈ​តាមអនឡាញ ​​នៅតាមបណ្ដាខេត្ត​-ក្រុង ជា​បន្តបន្ទាប់​

    ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ឱ្យ​ដំណើរការ​សាកល្បងនូវ​សេវាសាធារណៈអនឡាញ​​ចំនួន ៤​ រួម​មាន ប្រព័ន្ធលក់ផ្ដាច់ អំណោយផ្ដាច់ ហ៊ីប៉ូតែក និង​បញ្ចាំ​ ចាប់​ពី​​ខែកក្កដា ឆ្នាំ២០២៤ ដោយផ្តើមដំបូងពីរាជធានីភ្នំពេញ និងខេត្តសៀមរាប ហើយជាលទ្ធផលត្រឹមតែនៅរាជធានីភ្នំពេញ មាន​ប្រតិបត្តិការ​តាម​អន​ឡាញ ចន្លោះពី ​១៥០​ ទៅ ​២៥០ ​ប្រតិបត្តិការ​ក្នុងមួយថ្ងៃ និង​អាច​​រកចំណូល​បានចន្លោះពី ១៥ ០០០​ដុល្លារ ​ទៅ ៣ម៉ឺនដុល្លារ​អា​មេ​រិក​​​ក្នុងមួយ​ថ្ងៃ ។

    នៅក្នុង​ឱកាស​បើក​វគ្គ​បណ្ដុះបណ្ដាលស្ដីពីការ​ដាក់ឱ្យប្រើប្រាស់​សេវាសាធារណៈចំនួន​៤ របស់​ក្រសួង​រៀប​ចំ​ដែ​​ន​ដី​ នគ​រូ​ប​នីយ​កម្ម​ និង​សំ​ណ​​ង់​ ព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការ​ក្រសួង​រៀប​ចំ​ដែ​​ន​ដី​ នគ​រូ​ប​នីយ​កម្ម​ និង​សំ​ណ​​ង់​ បានមានប្រសាសន៍ឱ្យដឹងថា ក្នុងការ​អនុវត្ត​សាកល្បង​ចាប់​តាំង​ពី​ខែកក្កដា ដល់​ខែធ្នូ​ ឆ្នាំ២០២៤​នេះ ​មាន​ប្រជា​ពលរដ្ឋ​ដែលជាអ្នកប្រើប្រាស់សេវា​តាមអនឡាញក្នុង​មួយថ្ងៃ មាន​១៥០​ ប្រតិ​បត្តិ​ការ​​ ទៅ​ ២៥០​ប្រតិបត្តិការ ​ហើយចំណូល​ដែលទទួលបានពីការ​ស្នើ​សុំ​នេះ មានចំនួនចន្លោះពី ១៥០០០ដុល្លារ​ ទៅ ​៣០០០០​ដុល្លារ​អា​មេ​រិក​​ផងដែរ​ក្នុងមួយថ្ងៃ ។

    លោក​ជំទាវ​បានបន្តថា​ ៖ «របាយការណ៍នេះ គឺគ្រាន់តែមន្ទីរ​នៅរាជធានីភ្នំពេញមួយប៉ុណ្ណោះ និងជា​មន្ទីរដែល​មានការ​ស្នើសុំ​ ឬក៏ប្រើ​ប្រាស់​សេវា​​តាមអនឡាញនេះច្រើន។ ​ជាមួយគ្នា​នេះដែរ យើងឃើញថា ​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម ​សំណង់ និងសូរិយោដី ខេត្ត​សៀម​រាប ​ក៏​ចាប់​ផ្ដើម​​មានកា​រប្រើប្រាស់សេវាអនឡាញរបស់​ក្រសួង​ផងដែរ ដោយក្នុងមួយថ្ងៃ​យ៉ាង​តិច​ក៏មាន ៤​ ទៅ ៥​ ប្រតិបត្តិការ ដោយថ្ងៃខ្លះអាចឡើង​ដល់ ២០ ​​ប្រតិបត្តិការ​ក៏មានដែរ»។

    លោកជំទាវបាន​បញ្ជាក់ឱ្យដឹងថា ក្រោយ​ការ​ដាក់ឱ្យអនុវត្ត​បានសង្កេតឃើញថា ​មន្ទីរ​ដែនដីទាំងពីរ (ភ្នំពេញ និង​ខេត្តសៀមរាប​) បាន​ឈានទៅមុខ​ជា​បន្ត​បន្ទាប់​​​ហើយ ។ ការអនុវត្តន​នេះ នឹងឈានទៅ​រកការ​កែប្រែ ​​និងបំពេញ​បន្ថែម​នូវ​កង្វះខាត​ ហើយក៏សូមឱ្យមានការ​ចូល​រួម​ទាំង​អស់​គ្នា​ពី​មន្ត្រី​ពាក់ព័ន្ធ ដើម្បីឱ្យការ​ប្រើប្រាស់​សេវា​តាម​អនឡាញនេះទទួលបានជោគជ័យ ។

    នៅក្នុងបទបង្ហាញរបស់​ ឯកឧត្តម​ គិត ច័ន្ទគ្រឹស្នា​ អនុរដ្ឋ​លេខាធិកា​រក្រសួង​រៀបចំដែន​ដី នគរូបនីយកម្ម និ​ងសំ​ណង់​ និងជា​ប្រធាន​ក្រុម​ការ​ងារ​​បរិវត្ត​ឌីជីថល​ បានឱ្យដឹងផងដែរថា ផែនការ​នៃសេវា​អនឡាញ​ ប្រព័ន្ធ​លក់ផ្ដាច់ អំណោយផ្ដាច់ ហ៊ីប៉ូតែក និង​បញ្ចាំ ​របស់ក្រសួង​ដែនដី នឹង​​ដាក់ឱ្យ​ប្រើប្រាស់​នៅតាមបណ្ដា​ខេត្ត​នានា​ជា​បន្តបន្ទាប់​ និង​ឱ្យ​បាន​គ្រ​ប់​ខេត្ត​ទូទាំង​ប្រទេស​ត្រឹមដើម​សប្ដាហ៍ទី​១ ឆ្នាំ ២០២៥​ខាងមុខនេះ។

    ឯកឧត្តម​បន្តថា សម្រាប់ខែធ្នូ​ ឆ្នាំ២០២៤ ​នឹង​ដាក់ឱ្យបាន​១៨ រាជធានី/ខេត្ត ហើយ​នៅសល់​៦ខេត្ត​ទៀត​នឹង​ត្រូវ​បញ្ចប់​នៅ​​សប្ដាហ៍ទី​១ នៃ​ខែ​​​មករា ឆ្នាំ២០២៥​ ។ សម្រាប់​សប្ដាហ៍នេះ ក្រសួង​មានផែនការ​ដាក់ឱ្យ​ប្រើប្រាស់សេវា​សាធារណៈអនឡាញ នៅខេត្ត​ចំនួន៥​បន្ថែម​ទៀត រួមមាន​ខេត្ត​កណ្ដាល ខេត្ត​បាត់ដំបង ខេត្ត​ប៉ៃលិន ខេត្ត​បន្ទាយ​មានជ័យ និង​ខេត្តឧត្តរមានជ័យ ។

    បើតាម​របាយការណ៍របស់​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ គិតត្រឹមខែធ្នូនេះ ប្រព័ន្ធលក់ផ្ដាច់ អំណោយផ្ដាច់ ហ៊ីប៉ូតែក និង​បញ្ចាំ​​ ដែលបានដាក់ឱ្យអនុវត្តជាផ្លូវការនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប មាន​អ្នកចុះឈ្មោះប្រើសេវាសរុបចំនួន ១៨៦០គណនី ហើយ​​​មាន​កា​រប្រើ​ប្រា​ស់សេវា​សាធា​រ​ណៈអ​​នឡា​​ញ​នេះ​ ​ស​​រុប​ចំ​​នួន​ ​១​៣ ៧៥៧លើក ។ ក្នុងនោះ ចាប់ពីខែសីហា ដល់ខែធ្នូនេះ ក្នុង​ភូមិ​​​​សាស្រ្តរាជធានីភ្នំពេញ មានការប្រើប្រាស់ចំនួន ១៣ ៥៤៩លើក ដោយសេវាលក់/អំណោយផ្ដាច់ មានចំនួន ៧៦០៤លើក ហ៊ីប៉ូតែ​ក​​ចំនួន ៤២៦៩លើក និងលុបបន្ទុកចំនួន ១៦៧៦លើក។ ចំណែកនៅខេត្តសៀមរាប ចាប់ពីដើមខែវិច្ឆិកាមក មា​ន​ការ​ប្រើ​ប្រាស់​សរុប​ចំនួន ២០៨លើក ដោយសេវាលក់/អំណោយផ្ដាច់ មានចំនួន ១០៩​លើ​ក​, ហ៊ីប៉ូ​​តែ​ក មាន​ចំនួន ៧១លើក និងលុបបន្ទុកចំនួន ២៨លើក ៕