Category: សង្គម និងសេដ្ឋកិច្ច

  • លោក ហ៊ុយ យ៉ាឡេង ដឹកនាំតួ​2ដួងក្នុងរឿង«វិកលចរិត» ចូលឆាកអន្ដរជាតិ

    លោក ហ៊ុយ យ៉ាឡេង ដឹកនាំតួ​2ដួងក្នុងរឿង«វិកលចរិត» ចូលឆាកអន្ដរជាតិ

    ស្របពេលដែល​រឿង “វិលចរិត” នឹងដាក់បញ្ចាំងជាថ្មីក្នុង3ប្រទេស​ដំណាលគ្នា​មាន កម្ពុជា  ថៃ  និងឡាវនោះ លោក ហ៊ុយ យ៉ាឡេង បានដឹកនាំតួសំខាន់ៗពីរដួងផ្សេងទៀតគឺ កញ្ញា ឆុំ វត្តី និងលោក វណ្ណី ពិសិដ្ឋ និងបានផ្តល់បទសម្ភាសផ្តាច់មុខ​ជាមួយគេហទំព័រ ឡារ៉ែន កាលពីល្ងាចថ្ងៃទី​19 ខែកក្កដា ឆ្នាំ​2017 នៅផ្សារទំនើបអ៊ីអនម៉ល។​

    ផលិតករ ហ៊ុយ យ៉ាឡេង បានប្រាប់ថា សម្រាប់រឿង «វិកលចរិត» ដែលនឹងដាក់បញ្ចាំងក្នុង3ប្រទេសដំណាលគ្នានោះនឹងធ្វើឡើងនៅថ្ងៃទី​3 ខែសីហា ឆ្នាំ​2017 ខាងមុខនេះ។​ លោកថា ការយករឿងទៅដាក់បញ្ចាំងនៅក្រៅប្រទេស ជាពិសេសប្រទេសថៃ តែម្តង ពិតជាមានផលលំបាកខ្លាំងណាស់ ដោយត្រូវទៅរក​អ្នកបកប្រែភាសាថៃធ្វើការទំនាក់ទំនង​សព្វបែបយ៉ាង ដូចជាបញ្ចូលសំឡេងជាភាសាថៃ ដោយប្រើប្រាស់ពេលវេលាដល់ទៅ៤ខែឯណោះ។​

    តួសុភាព(ហ៊ុយ យ៉ាឡេង) ក្នុងរឿងវិកលចរិកខាងលើ បានបន្តថា ផលលំបាកធំបំផុត គឺការឆ្លងរឿងទៅកាន់ប្រទេសគេ ត្រូវប្រើប្រាស់ រយៈពេល ១ខែ ទើបអាច​ដាក់បញ្ចាំង ក្នុងរោងកុនបាន។ លោកថា ការឆ្លងពិបាក ដោយសារតែ​រឿងគេ មានរាប់រយរឿង ហើយរឿងយើងទៅក្រោយគេ នៅក្រោមគេ ទម្រាំដល់យើង ត្រូវប្រើប្រាស់ពេលយូរ ។​

    បើទោះបីជាប្រើប្រាស់ពេលយូរយ៉ាងនេះក្តី លោកបំណងចង់បង្ហាញស្នាដៃនៃខ្សែភាពយន្តខ្មែរ ទៅកាន់ប្រទេសគេ យើងត្រូវ​អត់ធ្មត់ ក៏ព្រោះតែចង់ឲ្យថៃ​ទទួលស្គាល់ស្នាដៃខ្មែរ ដូច​ជំនាន់មុន​ ខណៈរឿងខ្មែរខ្ពស់ជាងគេ តែពេលនេះគេខ្ពស់ជាងយើង​។​

    លោកថា ការចង់បង្ហាញរឿង វិកលចរិក ទៅកាន់ថៃ និង ឡាវ​ ព្រោះតែចង់ឲ្យប្រទេសគេ គិតថា កុនខ្មែរមិនអន់នោះទេ ផលិតឡើង មានគុណភាព និងកំពុងងើបឡើងវិញហើយ ។​

    ដោយឡែកលោក វណ្ណី ពិសិដ្ឋ និង កញ្ញា ឆុំ វត្តី ក៏បានប្រាប់ថា ដល់ពេលឃើញរឿង«វិកលចរិក» ដែលខ្លួនសម្តែង ចេញបង្ហាញ ខ្លួនលើឆាកអន្តរជាតិ ជាពិសេស​ដាក់បញ្ចាំងនៅ ថៃ និងឡាវ អ៊ីចឹង ពួកយើងពិតជាសប្បាយចិត្ត រកអ្វីថ្លែងមិនត្រូវនោះទេ ។ ពួកយើង គិតថាវា​ជាមោទនភាពមួយ សម្រាប់ខ្លួនឯង និងសង្គមជាតិទាំងមូល ដែលរឿងខ្មែរ អាចដាក់បញ្ចាំង បាននៅក្រៅប្រទេស យ៉ាងដូច្នោះ ។ ម្យ៉ាងវិញពួកយើងគិតថា វាជាចំណែកមួយ ដែលជួយឲ្យ ភាពយន្តខ្មែរ ងើបឡើងវិញ ដើម្បីប្រកួតប្រជែង លើទីផ្សារ អន្តរជាតិ ។

    ដើម្បីឱ្យកាន់តែជាក់ច្បាស់សូមទស្សនា វីដេអូសម្ភាស ហ៊ុយ យ៉ាឡេង ដឹកនាំតួ​ពីរដួងក្នុងរឿង«វិកលចរិក» ចូលឆាកអន្ដរជាតិផ្តល់សម្ភាសន៍ផ្តាច់មុខអោយឡារ៉ែន ខាងក្រោមនេះ៖​

  • វណ្ណី ពិសិដ្ឋ ល្បីមធ្យម តែសម្ងំថតសុទ្ធតែរឿងចេញបញ្ចាំងនៅក្រៅប្រទេស

    វណ្ណី ពិសិដ្ឋ ល្បីមធ្យម តែសម្ងំថតសុទ្ធតែរឿងចេញបញ្ចាំងនៅក្រៅប្រទេស

    លោក វណ្ណី ពិសិដ្ឋ តួអង្គសំខាន់នៅក្នុងរឿង “វិកលចរិត” បច្ចុប្បន្ននេះកំពុងមមាញឹកយ៉ាងខ្លាំងនៅក្នុងអាជីពសម្តែង និងការងារសិល្បៈផ្សេងៗទៀត មិនថាការងារជាពិធីករ ឬដឹកនាំកម្មវិធីផ្សេងៗនោះទេ។ ទន្ទឹមនឹងនេះរឿង “វិកលចរិត” ក៏កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្លាពីសំណាក់ប្រិយមិត្តតាមបណ្តាញសង្គមនានា ដោយសារតែនេះជាខ្សែភាពយន្តភ័យរន្ធត់ដំបូងគេរបស់ខ្មែរដែលមានលក្ខណៈខុសប្លែកពីខ្សែភាពយន្តនានាកន្លងមកទាំងបច្ចេកទេស និងគុណភាព។

    តារាសម្បុរខ្មៅស្រអែមរូបនេះមានសមត្ថភាព និងទេពកោសល្យសម្តែងខ្ពស់ ទើបលោកតែងតែមានឱកាសទទួលបានការអញ្ជើញឲ្យដើរលើកម្រាលព្រំក្រហមក្នុងមហោស្រពភាពយន្តអន្តរជាតិនៅតាមបណ្តាប្រទេសផ្សេងៗ ដូចជា ប្រទេសចិន កូរ៉េ ជប៉ុន និងស្វ៊ីស ជាដើម។ ក្នុងនេះរឿងដែលលោកបានចូលរួមសម្ដែង និងបានឆ្លងទៅបញ្ចាំងនៅលើឆាកអន្ដរជាតិមានដូចជារឿង “គ្រាប់ពេជ្រចុងក្រោយ” រួមទាំងរឿង “វិកលចរិត” នេះផងដែរ។

    យ៉ាងណាមិញ វណ្ណី ពិសិដ្ឋ បានប្រាប់អ្នកយកព័ត៌មានគេហទំព័រ ឡារ៉ែន ថា នៅថ្ងៃទី3 ខែសីហា ឆ្នាំ2017​ នេះនឹងមានការចាក់បញ្ចាំងរឿង “វិកលចរិត” នៅក្នុងប្រទេសកម្ពុជាដំណាលគ្នាជាមួយប្រទេសថៃ និងឡាវផងដែរ លោកថា “សម្រាប់ខ្ញុំ ការចូលរួមគាំទ្រទាំងអស់គ្នាពីសំណាក់ទស្សនិកជន ចំពោះសិល្បករ សិល្បការិនី ក៏ដូចជាផលិតករ គឺជាការលើកទឹកចិត្តដើម្បីផលិតរឿងឱ្យកាន់តែល្អឡើងថែមទៀតនៅថ្ងៃខាងមុខ”។

    គួររំឭកផងដែរថា អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺ រឿងនេះធ្លាប់ត្រូវបានគណៈកម្មការវាយតម្លៃភាពយន្តអន្តរជាតិចេញលិខិតទទួលស្គាល់គុណភាពចំពោះខ្សែភាពយន្តមួយនេះ ហើយក៏ត្រូវបាននាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជ្រើសរើសធ្វើជាតំណាងភាពយន្តកម្ពុជាយកទៅចាក់បញ្ចាំងនៅមហោស្រពភាពយន្តអន្តរជាតិនៅប្រទេសចិននាពេលកន្លងមកដែរ៕

  • អ្នកដាំស្វាយកុំទាន់អស់សង្ឃឹម! ប្រទេសកាហ្សាក់ស្ថានកំពុងចរចាទិញផ្លែស្វាយពីកម្ពុជាហើយ!

    អ្នកដាំស្វាយកុំទាន់អស់សង្ឃឹម! ប្រទេសកាហ្សាក់ស្ថានកំពុងចរចាទិញផ្លែស្វាយពីកម្ពុជាហើយ!

    ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជំនួញជាមួយឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មកម្ពុជាកាលពីថ្ងៃទី18 ខែកក្កដានេះ ឯកឧត្តម Beketzhan Zhumakhanov ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកាហ្សាក់ស្ថានប្រចាំនៅកម្ពុជា ឡាវ និងវៀតណាមបានបញ្ជាក់ថា ប្រទេសកាហ្សាក់ស្ថានមានបំណងទិញផ្លែស្វាយ និងដំណាំកសិកម្មដទៃមួយចំនួនទៀតដើម្បីយកទៅលក់បន្តនៅទីផ្សារសហគមន៍អឺរ៉ុប។

    ឯកឧត្តមឯកអគ្គរដ្ឋទូតមានប្រសាសន៍ថា គោលបំណងនៃជំនួបរបស់លោក និងគណប្រតិភូនាពេលនេះ គឺដើម្បីពិភាក្សាលើការផ្លាស់ប្តូរជំនួញរវាងប្រទេសទាំងពីរលើវិស័យកសិកម្ម ព្រមទាំងស្នើសុំការណែនាំពីបែបបទ និងនីតិវិធីក្នុងការនាំចូល និងនាំចេញទំនិញរវាងប្រទេសទាំងពីរ។ ក្រៅពីនេះឯកឧត្តមឯកអគ្គរដ្ឋទូតក៏ចង់ស្វែងយល់ពីការស្នើសុំវិញ្ញាបនបត្រក្នុងការនាំចូលសាច់សត្វ និងមានបំណងនាំចេញផ្លែស្វាយ និងដំណាំផ្សេងទៀតពីកម្ពុជា ហើយទស្សនកិច្ចលើកនេះ លោកក៏មានបំណងពិនិត្យមើលនូវលទ្ធភាពនៃការសហការដៃគូជាមួយសហគ្រិនមួយចំនួនផងដែរ។

    ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានបង្ហាញពីមធ្យោបាយក្នុងការដឹកជញ្ជូនទំនិញរវាងប្រទេសទាំងពីរ ដោយប្រើប្រាស់រយៈពេលត្រឹមតែ14ថ្ងៃប៉ុណ្ណោះ ដោយត្រូវឆ្លងកាត់កំពង់ផែប្រទេសចិន ហើយក៏អាចប្រើប្រាស់កំពង់ផែនោះធ្វើការនាំផលិតផលនានាចេញទៅកាន់ទីផ្សារប្រទេសអឺរ៉ុបផងដែរ។

    ជាការឆ្លើយតបឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានថ្លែងស្វាគមន៏ចំពោះការចាប់ដៃគូសហការ និងផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានបញ្ជាក់អំពីកសិផលដែលមានសក្តានុពលនាំចេញដែលរួមមានដូចជា ផ្លែស្វាយ និងម្រេច ដែលបច្ចុប្បន្នកំពុងប្រកាសរកទីផ្សារនាំចេញ។ ចំពោះបែបបទក្នុងការនាំចេញ-ចូល ឯកឧត្តមរដ្ឋមន្រ្តីបានស្នើឱ្យភាគីកាហ្សាក់ស្ថានបញ្ជូនមន្រ្តីជំនាញមកពិភាក្សាលម្អិតជាមួយមន្រ្តីជំនាញក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទអំពីបែបបទ និងនីតិវិធីក្នុងការនាំចេញ-ចូល និងពិនិត្យមើលនូវលក្ខខណ្ឌអនាម័យ និងភូតគាមអនាម័យ។

    ជាមួយគ្នានេះដែរឯកឧត្តមរដ្ឋមន្រ្តីបានស្នើឱ្យឯកឧត្តមឯកអគ្គរដ្ឋទូតពិចារណាក្នុងការគាំទ្រដល់ការពង្រីកកំពង់ផែសមុទ្រ និងទឹកសាបនៅកម្ពុជាដើម្បីឈានទៅប្រកួតប្រជែងតម្លៃនៃការនាំចេញ និងបង្កើនល្បឿនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕

  • Man City និង Chelsea កំពុងប្រជែងគ្នាទិញ Danilo ពី Real

    Man City និង Chelsea កំពុងប្រជែងគ្នាទិញ Danilo ពី Real

    ក្លិបយក្សអង់គ្លេស Manchester City និង Chelsea កំពុងតែប្រជែងគ្នាទិញយកខ្សែការពារអន្តរជាតិស្លាបស្តាំ Danilo ពីក្លិប Real Madrid ក្នុងតម្លៃខ្លួន26លានផោន (ស្មើនឹង34លានដុល្លារអាមេរិក)។ លោក Pep Guardiola អ្នកចាត់ការទូទៅរបស់ Man City ចាត់ទុក Danilo ជាកីឡាករដែលអាចលេងបានទាំងក្នុងតំបន់ការពារស្លាប និងតំបន់បម្រើ ស្របពេលដែលគ្រូបង្វឹករបស់ក្លិបតោខៀវ Chelsea លោក Antonio Conte ចង់ពង្រឹងតំបន់ការពារក្នុងក្រុមរបស់លោក។ ប៉ុន្តែ លោក Conte នឹងមិនចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធ Sergio Aguero របស់ក្លិប Man City ឡើយ។ នេះបើយោងទៅតាមការបញ្ជាក់របស់លោក Guardiola។ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានឲ្យដឹងថា៖ «រូបគេជាកីឡាកររបស់យើង ហើយរូបគេនឹងនៅតែបន្តនៅទីនេះ»។

    លោក Conte ពិតជាចង់ចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធរូបនេះ ដើម្បីជំនួសខ្សែប្រយុទ្ធអេស្ប៉ាញ ដែលធ្លាក់ចេញពីការចាប់អារម្មណ៍គឺ Diego Costa។ Danilo វ័យ26ឆ្នាំ បានចូលរួមជាមួយនឹងក្លិប Real Madrid ក្រោយពីចាកចេញពីក្លិប Porto កាលពីឆ្នាំ2015 ប៉ុន្តែ រូបគេបានក្លាយជាខ្សែការពារស្លាបស្តាំជម្រើសទី2របស់ក្លិបអេស្ប៉ាញមួយនេះ ក្នុងការប្រកួតភាគច្រើនកាលពីរដូវកាលមុន។
    រូបគេបានចូលលេងក្នុងជម្រើសទាំង11នាក់ដំបូងនៃក្របខ័ណ្ឌ La Liga ចំនួន17ប្រកួតសម្រាប់ក្រុម Real Madrid ខណៈដែលកីឡាករ Dani Carvajal ត្រូវបានប្រើប្រាស់ច្រើនជាងសម្រាប់ការប្រកួតធំៗភាគច្រើន ក្នុងនោះរាប់បញ្ចូលទាំងការប្រកួតក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រទៀតផង។

    Man City ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ3នៃក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុននោះ បានចុះហត្ថលេខាជាមួយនឹងកីឡាករថ្មី4នាក់រួចជាស្រេច ដែលរួមមានអ្នកចាំទី Ederson Moraes ខ្សែការពារស្លាបស្តាំ Kyle Walker ខ្សែបម្រើស្លាប Bernardo Silva និងខ្សែបម្រើ Douglas Luiz៕
    ប្រភពពី៖ BBC

  • សុរ៉ាមភូមិ៖ អាជីពជាអ្នកដឹកនាំរឿងនឹងធ្វើឱ្យខ្ញុំឈរនៅទីខ្ពស់

    សុរ៉ាមភូមិ៖ អាជីពជាអ្នកដឹកនាំរឿងនឹងធ្វើឱ្យខ្ញុំឈរនៅទីខ្ពស់

    បន្ទាប់ពីលោក ស៊ឹម សុរ៉ាមភូមិ ផ្អាកពីការងារសិល្បៈអស់រយៈពេល 4ឆ្នាំមក គេនាំគ្នាគិតថា លោកប្រហែលជាឆ្អែតឆ្អន់ជាមួយនឹងអាជីពនេះហើយ ខណៈដែលគេដឹងថា លោកមានសង្សារកំណាន់ចិត្ដដែលរស់នៅបរទេសកំពុងតែចង់ឱ្យចេញទៅរស់នៅទីនោះជាមួយគ្នា តែថ្មីៗនេះលោកក៏បានត្រឡប់មកវិញក្នុងអាជីពជាអ្នកដឹកនាំរឿង។

    ក្នុងឱកាសប្រារព្ធពិធីក្រុងពាលីរឿង «រថយន្ដទៅសៀមរាប» លោកសុរ៉ាមភូមិបានធ្វើឱ្យអ្នកសិល្បៈដែលបានចូលរួមសម្ដែងនៅក្នុងរឿងនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈលោកបង្ហាញវត្ដមានក្នុងនាមជាអ្នកដឹកនាំរឿងឱ្យផលិតកម្មចក្រវាឡិ៍ពេជ្រភាពយន្ដ។

    ជុំវិញបញ្ហានេះលោក សុរ៉ាមភូមិ បញ្ជាក់ប្រាប់ថា លោកស្រឡាញ់អាជីពជាអ្នកដឹកនាំរឿងនេះជាយូរមកហើយប៉ុន្ដែគ្មានឱកាសបានសិក្សា ប៉ុន្តែស្របពេលដែលលោកបានផ្អាកពីការងារសម្ដែងអស់រយៈពេលបួនឆ្នាំមកនេះ លោកបានខិតខំស្វះស្វែងដើម្បីសិក្សាលើផ្នែកនេះជាមួយអ្នកជំនាញជាច្រើន។ អតីតតារាសម្ដែងរូបនេះបានបញ្ជាក់ថា៖ «ខ្ញុំបានចេញទៅរៀននៅថៃ បន្ទាប់មកបានរៀនជាមួយគ្រូជនជាតិអាមេរិក និងគ្រូខ្មែរនៅក្នុងស្រុកផងដែរ។ ជាងនេះទៅទៀត ដើម្បីបង្កើនសមត្ថភាពរបស់ខ្ញុំឱ្យកាន់តែខ្លាំងឡើង នាពេលខាងមុខនេះ ខ្ញុំនឹងចេញទៅរៀនផ្នែកបច្ចេកទេសនៅប្រទេសជប៉ុនបន្ថែមទៀត»។

    សុរ៉ាមភូមិ បន្ដថា៖ «ពេលខ្ញុំអាចយល់ដឹងពីបច្ចេកទេសនៃការដឹកនាំរឿងច្រើនហើយ វាប្រៀបដូចជាខ្ញុំឈរនៅទីខ្ពស់អ៊ីចឹង មានន័យថានៅពេលខ្ញុំក្លាយជាអ្នកដឹកនាំរឿងដែលឆ្លងកាត់បទពិសោធមកច្រើន ខ្ញុំនឹងអាចយល់ពីអារម្មណ៍របស់តារាសម្ដែងបានច្បាស់ ដូច្នេះនៅពេលខ្ញុំទទួលយកការងារគ្រប់គ្រងការសម្ដែងឱ្យផលិតកម្មរបស់អ្នកដទៃ ខ្ញុំពុំចាំបាច់ព្រួយបារម្ភឡើយ»។

    ដោយឡែកពាក់ព័ន្ធនឹងការដឹកនាំរឿង «រថយន្ដទៅសៀមរាប» លោកបញ្ជាក់ថា នៅក្នុងរឿងនេះលោកបានចូលរួមនិពន្ធ និងដឹកនាំរឿងផងដែរ ដោយខ្លឹមសារសាច់រឿងចង់បង្ហាញពីជីវិតដ៏ស្មុគស្មាញរបស់អ្នកបើករថយន្ដឈ្នួល។ ទោះបីរឿងនេះជាស្នាដៃទីមួយរបស់លោកក៏ដោយ ក៏លោកបានតាំងចិត្ដធ្វើរឿងនេះឱ្យមានគុណភាពដែរ ខណៈក្នុងរឿងនេះលោកក៏មានភាគហ៊ុន 50%ផងដែរ។

    ទោះយ៉ាងណាលោកបានបញ្ជាក់ប្រាប់ថា បើទោះជាថ្ងៃអនាគតលោកទទួលបានកេរ្ដិ៍ឈ្មោះល្បីល្បាញក្នុងអាជីពអ្នកដឹកនាំរឿងក៏ដោយ ក៏លោកមិនបោះបង់ចោលការងារសម្ដែងដែរ ព្រោះលោកបានមើលឃើញតារាសិល្បៈអន្ដរជាតិជាច្រើនបានធ្វើជាតារាសម្ដែងផង និងជាអ្នកដឹកនាំរឿងផង៕

  • ក្លិប Chelsea ប្រកាសពីការយល់ព្រមទិញ Morata ពីក្លិប Real Madrid

    ក្លិប Chelsea ប្រកាសពីការយល់ព្រមទិញ Morata ពីក្លិប Real Madrid

    ក្លិបតោខៀវ Chelsea កំពុងតែស្ថិតយ៉ាងប្រកៀកក្នុងការពង្រឹងតំបន់ប្រយុទ្ធរបស់ខ្លួនសម្រាប់យុទ្ធនាការការពារពានក្របខ័ណ្ឌ Premier League របស់ពួកគេ ក្រោយពីបានយល់ព្រមលើតម្លៃខ្លួនជាកំណត់ត្រារបស់ក្លិបក្នុងទឹកប្រាក់58លានផោន (ស្មើនឹង75.5លានដុល្លារអាមេរិក) ជាមួយនឹងក្លិប Real Madrid ដើម្បីទិញខ្សែប្រយុទ្ធអន្តរជាតិអេស្ប៉ាញ Alvaro Morata។

    ការពិភាក្សាផ្សេងៗកំពុងតែបន្តជាមួយនឹងក្លិប Real Madrid ចាប់តាំងពីក្លិប Chelsea បានចាញ់ក្រុម Manchester United ក្នុងការប្រជែងទិញខ្សែប្រយុទ្ធ Romelu Lukaku ប៉ុន្តែពួកគេបានទទួលជោគជ័យវិញលើគោលដៅទី2របស់ពួកគេកាលពីថ្ងៃពុធ។ Man United បានចំណាយប្រាក់ជាគោលចំនួន75លានផោនទៅឲ្យក្លិប Everton សម្រាប់ខ្សែប្រយុទ្ធអន្តរជាតិបែលហ្ស៊ិក(Romelu Lukaku )រូបនោះ។

    តម្លៃខ្លួនរបស់ Chelsea សម្រាប់ខ្សែប្រយុទ្ធ Morata នឹងមានចំនួនច្រើនជាង50លានផោនដែលពួកគេបានចំណាយទៅឲ្យក្លិប Liverpool ដើម្បីទិញខ្សែប្រយុទ្ធ Fernando Torres កាលពីឆ្នាំ2011 ហើយអាចនឹងកើនដល់70លានផោន បើបូកទាំងប្រាក់ឧបត្ថម្ភផ្សេងៗទៀតផងនោះ។ ក្លិប Chelsea បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា ក្លិបទាំងពីរបានឈានដល់ការព្រមព្រៀងគ្នាមួយសម្រាប់ការផ្ទេរនេះ។ ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League មួយនេះបានឲ្យដឹងថា៖ «បច្ចុប្បន្នការផ្ទេរនេះ នឹងត្រូវបំពេញក្រោយពីរូបគេ(Morata )យល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនផ្សេងៗ និងត្រួតពិនិត្យសុខភាពរួចហើយ»។

    ប្រាក់បៀវត្សរ៍ត្រូវបានរំពឹងទុកថា នឹងមិនក្លាយជាឧបសគ្គឡើយ ខណៈដែល Morata នឹងត្រូវទទួលបាន15ម៉ឺនផោនក្នុងមួយសប្តាហ៍សម្រាប់កុងត្រារយៈពេល5ឆ្នាំ។ រូបគេកំពុងតែស្ថិតនៅលើទឹកដីសហរដ្ឋអាមេរិកជាមួយនឹងសមាជិក្រុមផ្សេងទៀតរបស់លោក Zinedine Zidane រួចហើយនឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសអង់គ្លេស ដើម្បីត្រួតពិនិត្យសុខភាព៕
    ប្រភពពី៖ The Guardian

  • ឆ្អឹង​ស្លាក់​ជាប់​ក្នុង​បំពង់ក គួរ​ធ្វើយ៉ាងណា ពេល​ជួប​បញ្ហា​នេះ?​

    ឆ្អឹង​ស្លាក់​ជាប់​ក្នុង​បំពង់ក គួរ​ធ្វើយ៉ាងណា ពេល​ជួប​បញ្ហា​នេះ?​

    ឡា រ៉ែ​ន​ ជឿថា មិត្ត​អ្នកអាន​គ្រប់រូប​ប្រហែលជា​ធ្លាប់​ហើយ ជាមួយនឹង​អាការ​ឆ្អឹង​ត្រី​ដោត​ជាប់​នៅក្នុង​បំពង់ក ដោយសារតែញ៉ាំ​អាហារ​ប្រភេទ​ត្រី ជាពិសេស​ត្រី​ជាច្រើន​ប្រភេទ​ដែលមាន​ឆ្អឹងតូចៗមុត​ស្រួច​លាក់ខ្លួន​នៅក្នុង​សាច់ ដោយ​វា​នឹង​ហុច​ផល​ឱ្យ​កើត​អា​ការឈឺ​អួល ឬ​ឈឺផ្សារ​នៅក្នុង​បំពង់ក​កន្លែង​ដែលជា​សាច់​ខ្ចី។ ឆ្អឹង​ត្រី​ទាំងនោះ ពេលខ្លះ​ក៏​របូត​ចេញ​វិញ​ដោយ​ខ្លួនឯង តែ​ពេលខ្លះ​ក៏​វា​មិន​ព្រម​របូត​ចេញ​ដែរ និង​ថែមទាំង​បង្ក​ឱ្យ​កើតការ​រំខាន​ចិត្ត​រហូតដល់​អស់​អារម្មណ៍​លែង​ចង់​ញ៉ាំ​អាហារ​តទៅទៀត​ក៏មាន។

    ប្រាកដ​ណាស់​ថា ការកែ​បញ្ហា​រឿងនេះ ប្រហែលជា​មិនអាច​យកដៃ​លូក​ចាប់ទាញ​ចេញមកធម្មតាៗបាន​នោះទេ ព្រោះ​នៅក្នុង​បំពង់ក​គឺជា​ផ្នែក​ជ្រៅ​មួយ​របស់​រាងកាយ និង​មាន​អវយវៈ​សំខាន់​ផ្សេងទៀត​ជាច្រើន ដូច្នេះហើយ​ទើប​មាន​អ្នក​រិះគិត​រក​វិធី​កែប​ញ្ហា​នេះ​ជាច្រើន​វិធី​ដូចខាងក្រោម។

    1 . ញ៉ាំ​ទឹក​ត្រជាក់ ជួនកាល​ការ​ញ៉ាំ​ទឹក​ត្រជាក់​ក៏​អាចជួយ​ឱ្យ​ឆ្អឹង​ត្រី​ទាំងនោះ​របូត​ចេញពី​បំពង់ក​ទៅ​បានដែរ​ក្នុងករណី​ដែល​វា​មុត​ជាប់​មិន​ជ្រៅ ឬ​មិន​ជាប់​នៅក្នុង​កន្លៀត​ពេក។ គន្លឹះ​ក្នុងការ​លេបទឹក​គឺ ក្នុងអំឡុងពេល​ញ៉ាំ ចូរ​ខ្ពុរ​ទឹក​នោះ​នៅក្នុង​បំពង់​កនៅ​កន្លែង​ដែល​ឈឺ​នោះ​ទៅមក រួចហើយ​សឹម​លេប​ចូលទៅ។

    2 . ទឹក​ផ្លែ​ក្រូចឆ្មារ ដោយសារតែ​ទឹក​ក្រុ​ច​ឆ្មារ​មាន​ឬ​ទ្ធិ​ជា​អាស៊ីតតិចៗនោះ ដូច្នេះ​ទើប​មានគុណ​សម្បត្តិ​ក្នុង​ការជួយ​រំលាយ​ឆ្អឹងតូចៗ ប្រភេទ​ឆ្អឹង​ត្រី​បាន តែ​ត្រូវ​ញ៉ាំ​បែបសន្សឹមៗ និង​លេប​ចូលទៅយឺតៗឱ្យ​ទឹក​ក្រូចឆ្មារ​ឆ្លងកាត់​កន្លែង​ដែល​ឆ្អឹង​ដោត​ជាប់​នោះ។

    អ្នកខ្លះ​អាច​នឹង​រអ៊ូ​ថា វិធី​នេះ​ពិបាកធ្វើ ព្រោះ​ទឹកក្រូច​ឆ្មារ​មាន​រសជាតិ​ជូរ ដូច្នេះ ​ឡា រ៉ែ​ន​ សូម​ណែនាំ​ឱ្យ​លាប​អំ​បឹ​ល​ហ្មត់តិចៗនៅលើ​មាត់​កែវ នឹង​ជួយ​ឱ្យ​ការ​ញ៉ាំ​ងាយស្រួល​ឡើង​បន្តិច។

    3 . លេបបាយ​មួយ​ដុំ​ធំ ឡា រ៉ែ​ន ​ណែនាំ​ឱ្យប្រើ​បាយដំណើប​សុទ្ធ​ពូត​ជា​ដុំមូលៗ ហើយ​ដាក់​ចូលក្នុង​មាត់ លេប​ចូល​ទៅដោយ​ហាម​ទំពា​ឱ្យ​ល្អិត យក​ល្មមតែ​អាច​លេប​ចូលទៅ​បាន។ ពេលបាយ​ដំណើប​ឆ្លងកាត់​បំពង់ក វា​នឹង​ជួយ​ធ្វើឱ្យ​ឆ្អឹង​ត្រី​ដែល​ចាក់​ជាប់​ក្នុង​បំពង់ក​របូត​មកជា​ប់​នឹង​បាយដំណើប រួច​ធ្លាក់​ចូលទៅក្នុង​ពោះ​បាន។

    4 . យកដៃ​លូក​ខ្វេះ នៅពេល​វិធី​ទាំងអស់​ដែល​ណែ​នាំមក​ខាងលើ​នោះ មិនបាន​ទទួលលទ្ធផល ឡា រ៉ែ​ន ​សូម​ណែនាំ​ឱ្យប្រើ​ម្រាមដៃ​រុំ​ជាមួយ​ក្រណាត់​ស្អាត លូក​ចូលទៅ​កៀរ​ក្នុង​បំពង់ក​កន្លែង​ដែលមាន​អារម្មណ៍​ថា ស្លាក់ឆ្អឹងត្រី​នោះ តែ​ត្រូវធ្វើ​ដោយ​ក្តី​ប្រយ័ត្នប្រយែង ព្រោះ​ក្នុង​បំពង់ក​របស់​មនុស្ស​យើង​ពេញ​ទៅដោយ​ផ្នែកផ្សេងៗដែល​សំខាន់​ជាច្រើន បើ​មិន​ប្រយ័ត្ន ឬ​ម្រាមដៃ​មិន​ស្អាត​អាចធ្វើឱ្យ​កើតមាន​ដំបៅ​ឡើង និង​តាម​មក​នូវ​ការ​រលាក​ក្លាយ​ក្នុង​បំពង់ក ឬ​ប្រអប់មាត់​នោះ ម្តងនេះ​ច្បាស់​ជា​លំបាក​ជាង​មុន​មិន​ខាន។

    5 . បើ​សាកល្បង​ធ្វើ​គ្រប់​វិធី​ហើយ នៅតែ​មិនបាន​ផល​ល្អ​នោះ ប្រហែលជា​ត្រូវ​ទៅ​ជួប​លោកគ្រូ​ពេទ្យ​ហើយ ព្រោះ​ពេលខ្លះ​ឆ្អឹង​ត្រី​ទាំងនោះ​អាច​នឹង​ទៅ​មុត​នៅត្រង់​កន្លែង​សំខាន់​ណាមួយ ដូចជា បំពង់​អាហារ គល់​អណ្តាត ក្រពេញ​ថ​ល់​ស៊ិន ដែល​បើសិនជា​ដូច្នោះ​មែន ការ​ទៅ​ជួប​លោកគ្រូ​ពេទ្យ​គឺជា​ជម្រើស​មួយ​ដែល​ល្អ​បំផុត ព្រោះ​គ្រូពេទ្យ​នឹងមាន​ការព្យាបាល​ដែល​ត្រឹមត្រូវ​តាម​វិធី និង​មាន​សុវត្ថិភាព​ជាង អាច​និយាយបានថា ទៅ​ជួប​លោកគ្រូ​ពេទ្យ​ហ្នឹងហើយ កក់ក្តៅ​បំផុត។

    ដែល​រៀបរាប់​មក​ទាំងអស់នេះ ជា​វិធី​កែ​បញ្ហា​ដែល​ពេញនិយម និង​បានទទួល​ការអះអាង​ហើយ​ថា (ភាគច្រើន) បានទទួល​លទ្ធផល​ល្អ​មក​ច្រើន​នាក់​ហើយក៏​ពិតមែន តែ​ប្រហែលជា​នឹង​ល្អ​ជាង បើសិនជា​យើង​ចេះ​ប្រយ័ត្នប្រយែង​ក្នុងការ​ទទួលទាន​អាហារ​ប្រភេទ​ត្រី ដោយ​ពិនិត្យ​ឱ្យបាន​ល្អិតល្អន់​ថា បាន​យក​ឆ្អឹង​ចេញ​អស់ហើយ​ឬ​នៅ​មុននឹង​ទទួលទាន​ចូលទៅ តែ​ប៉ុណ្ណឹង​អាការ​ស្លាក់ឆ្អឹងត្រី​ក៏​ប្រហែលជា​មិន​កើតឡើង​ចំពោះ​យើង​ទេ៕

  • ធនាគារអភិវឌ្ឍន៍អាស៊ី ចាត់ទុកកម្ពុជាថាជា “ខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ី”

    ធនាគារអភិវឌ្ឍន៍អាស៊ី ចាត់ទុកកម្ពុជាថាជា “ខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ី”

    ភ្នំពេញ៖ ទោះបីសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជាជាច្រើន ដែលរួមមានទាំងហានិភ័យ និងបញ្ហាប្រឈមទាំងក្នុងប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍ ក៏សេដ្ឋកិច្ចកម្ពុជានៅតែអាចបន្តកំណើនខ្ពស់ និងរឹងមាំក្នុងរយៈពេលខ្លី និងមធ្យមនាពេលខាងមុខនេះដែរ។

    ជាមួយនឹងសមិទ្ធផលនេះ ធនាគារអភិវឌ្ឍន៍អាស៊ីបានចាត់ទុកប្រទេសកម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅតំបន់អាស៊ី ហើយបានប្រសិទ្ធនាមប្រទេសកម្ពុជាថាជា “ខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ី” ទៀតផង។ ដោយក្នុងឆ្នាំ 2016 កន្លងទៅ កម្ពុជារក្សាបាននូវកំណើនសេដ្ឋកិច្ចក្នុងអត្រា 7.0% ដោយសារការងើបឡើងវិញនៃកំណើនក្នុងវិស័យកសិកម្ម បន្ទាប់ពីស្ទើរតែគ្មានកំណើនសោះក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ខណៈដែលកំណើនវិស័យឧស្សាហកម្ម និងសេវាកម្មមានភាពថមថយបន្តិច។ ការថមថយនៃកំណើនក្នុងវិស័យឧស្សាហកម្ម និងសេវាកម្មនេះ បានបង្ហាញពីភាពចាំបាច់ និងបន្ទាន់នៃការអនុវត្តវិធានការគោលនយោបាយកែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ច និងការធ្វើពិពិធកម្មក្នុងគោលដៅស្វែងរកចន្ទល់ថ្មីៗដែលមានតម្លៃបន្ថែមខ្ពស់ដល់សេដ្ឋកិច្ច ដើម្បីបន្តធានាចីរភាពនៃកំណើនក្នុងរយៈពេលមធ្យម និងវែង។

    យោងតាមទិន្នន័យស្ថិតិផ្លូវការដើមឆ្នាំ 2017 របស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ2017 ត្រូវបានប៉ាន់ប្រមាណថា នឹងរក្សាបានកំណើនក្នុងរង្វង់ 7,0%។ ក្នុងនោះវិស័យឧស្សាហកម្មនឹងនៅតែមានកំណើនរឹងមាំក្នុងអត្រាពីរខ្ទង់ដដែល ពោលគឺប្រមាណ 10,7% ដែលនឹងបន្តដើរតួនាទីជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចទីមួយដឹកមុខដោយវិស័យកាត់ដេរ និងការរីកធំធាត់នៃវិស័យមិនមែនកាត់ដេរ បើទោះបីជាវិស័យសំណង់មានការថមថយបន្តិចក្តី។ វិស័យកសិកម្មអាចនឹងមានកំណើនល្អ ពោលគឺក្នុងអត្រា 2,0% បើប្រៀបធៀបនឹងឆ្នាំ 2016 ក្នុងអត្រា 1,8% ដោយសារកត្តាអាកាសធាតុដែលមានស្ថានភាពល្អប្រសើរជាងឆ្នាំមុន និងការងើបឡើងវិញនៃតម្លៃទំនិញ ខណៈដែលវិស័យសេវាកម្មអាចនឹងមានកំណើនយឺតជាងឆ្នាំមុនជាមួយនឹងអត្រាកំណើន 6,5% ដោយសារការបន្តថមថយនៃវិស័យទេសចរណ៍ និងអចលនទ្រព្យ។

    ជាមួយនឹងកំណើនរឹងមាំក្នុងឆ្នាំ 2017 នេះ ផ.ស.ស ថ្លៃបច្ចុប្បន្នត្រូវបានប៉ាន់ប្រមាណថា នឹងកើនឡើងដល់ 22. 2 ប៊ីលានដុល្លារអាមេរិក ដែលធ្វើឱ្យ ផ.ស.ស សម្រាប់មនុស្សម្នាក់អាចនឹងកើនឡើងដល់ 1,434 ដុល្លារអាមេរិក។ លើសពីនេះ កម្ពុជាអាចរក្សាបាននូវអតិផរណា ដែលស្ថិតក្នុងកម្រិតទាប និងអាចគ្រប់គ្រងបាន ដោយអតិផរណាជាមធ្យមប្រចាំឆ្នាំត្រូវបានប៉ាន់ស្មានថា នឹងមានអត្រា 3,8% ក្នុងឆ្នាំ 2017 កើនពី 3,0% ក្នុងឆ្នាំ 2016 ដោយសារនិន្នាការកើនឡើងនៃតម្លៃប្រេងក្នុងទីផ្សារអន្តរជាតិ និងតម្លៃម្ហូបអាហារក្នុងស្រុក។ ជាមួយគ្នានេះដែរ អត្រាប្តូរប្រាក់នៅបន្តមានស្ថិរភាពជាមួយនឹងការរំពឹងទុកថា ប្រាក់រៀលនឹងនៅបន្តរក្សាបាននូវតម្លៃប្រមាណ 4,037 រៀលក្នុង 1ដុល្លារអាមេរិកនៅក្នុងឆ្នាំ 2017 នេះ៕

  • ក្រសួងហាមមន្រ្តីគយព្រំដែនមិនឱ្យយកកម្រៃនាំចេញផលិតផលកសិកម្ម

    ក្រសួងហាមមន្រ្តីគយព្រំដែនមិនឱ្យយកកម្រៃនាំចេញផលិតផលកសិកម្ម

    ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកាលពីម្សិលមិញបានចេញគោលការណ៍ថ្មីមួយដោយហាមមន្រ្តីកាំក្រុងត្រូល និងមន្រ្តីគយនៅតាមច្រកព្រំដែនយកកម្រៃសេវាពីការនាំចេញកសិផលពោត ដើម្បីជាការសម្រួលកុំឱ្យតម្លៃពោតធ្លាក់ចុះ។

    ការដាក់ចេញគោលការណ៏ថ្មីនេះ គឺជាការឆ្លើយតបនឹងការតវ៉ារបស់ប្រជាពលរដ្ឋជុំវិញការធ្លាក់ចុះតម្លៃពោតក្រហមពី 440រៀលមកត្រឹម 360រៀលក្នុងឆ្នាំ2017 នៅក្នុងស្រុកកំរៀង និងស្រុកភ្នំព្រឹក នៃខេត្តបាត់ដំបងកាលពីពេលថ្មីៗនេះ។

    ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ក្នុងកិច្ចប្រជុំកាលពីរសៀលម្សិលមិញនេះ ដោយបានដាក់ចេញនូវគោលការណ៍មួយចំនួនគឺ៖
    1. ភ្នាក់ងារគយនិងកាំកុងត្រូលត្រូវបញ្ឈប់ការយកកម្រៃលើការនាំចេញកសិផលពោតចាប់ពីថ្ងៃនេះតទៅ។ 2.ក្រសួងពាណិជ្ជកម្មនឹងចងក្រងរបាយការណ៍ដើម្បីស្នើសុំទៅប្រមុខរាជរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធ ធ្វើការកាត់បន្ថយការបង់ប្រាក់ចំណាយក្រៅផ្លូវការឱ្យបាន100%។
    3.ធនាគារអភិវឌ្ឍន៍ជនបទនឹងបើកចំហ និងត្រៀមខ្លួនដើម្បីធ្វើការជាមួយម្ចាស់សៃឡូដែលត្រូវការខ្ចីប្រាក់ដើម្បីទិញកសិផលពោត ឬធ្វើឡសម្ងួត និងពង្រីកឃ្លាំងស្តុកកសិផលជាដើម។ បច្ចុប្បន្នធនាគារពិភពលោកមានគោលការណ៍ប្រើប្រាស់ឥណទានរបស់ខ្លួនដែលមានទឹកប្រាក់សរុប27លានដុល្លារអាមេរិកជាមួយអត្រាការប្រាក់ពីចន្លោះ5% ទៅ7%ក្នុងមួយឆ្នាំ សម្រាប់វិស័យឯកជនជាមួយលក្ខណ្ឌការងារ។
    4. ក្រុមហ៊ុនផលិតចំណីសត្វ CP នឹងប្រមូលទិញកសិផលពោតទៅតាមស្តង់ដារឱ្យបានល្អប្រសើរជាងមុន។
    5.ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនឹងសិក្សាបន្ថែមលើលទ្ធភាពបន្ធូរបន្ថយពន្ធលើប្រាក់ចំណេញសម្រាប់ទំនិញប្រភេទកសិផល។
    6. អគ្គនាយកពាណិជ្ជកម្មក្រៅប្រទេស វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ នាយកដ្ឋានអភិវឌ្ឍន៍ជនបទនៃក្រសួងពាណិជ្ជកម្មនឹងធ្វើការសិក្សាបន្ថែមលើការអនុវត្តយន្តការកិច្ចសន្យាកសិកម្ម (Contract Farming) រវាងក្រុមហ៊ុនផលិតចំណីសត្វ និងកសិករដាំពោត ដើម្បីធានាបានស្ថេរភាពតម្លៃទីផ្សារក្នុងស្រុក និងការផ្គត់ផ្គង់។

    ក្នុងឱកាសនោះដែរ ឯកឧត្តម កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា បច្ចុប្បន្នយើងមានថវិកាបម្រុងក្នុងដៃប្រមាណជា 27លានដុល្លារអាមេរិកដែលអាចប្រើប្រាស់បានលើការផ្តល់កម្ចីសម្រាប់កសិផលពោតជាបណ្តោះអាសន្នសិន ហើយនឹងមានបន្ថែមទៀតដែលអាចកើនដល់ប្រមាណជា 50លានដុល្លារ។

    សូមបញ្ជាក់ថា តាមរបាយការណ៍ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា កាលពីឆ្នាំ2016កន្លងទៅ តម្រូវការនាំចេញពោតពីប្រទេសកម្ពុជាទៅកាន់ទីផ្សារពិភពលោកមានប្រមាណ10ម៉ឺនតោន ដែលមានតម្លៃស្មើនឹង 14លានដុល្លារអាមេរិក៕

  • អាការ9យ៉ាង​នៃ​អ្នក​ចាប់ផ្តើម​មាន​ផ្ទៃពោះ ដែលនារីៗទាំងឡាយ​គួរ​ដឹង

    អាការ9យ៉ាង​នៃ​អ្នក​ចាប់ផ្តើម​មាន​ផ្ទៃពោះ ដែលនារីៗទាំងឡាយ​គួរ​ដឹង

    សញ្ញា​នៃ​ការតាំង​គភ៌​មិន​មែនមាន​ត្រឹមតែ​ការ​ក្អួតចង្អោរ​ប៉ុណ្ណោះ​ទេ ព្រោះ​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុង​រយៈ​ដំបូង​អាច​មិន​ដូចគ្នា​ទាំងអស់​នោះទេ អ្នកខ្លះ​ចាញ់​ខ្លាំង ឬ​អ្នកខ្លះ​សឹងតែ​គ្មាន​អាការ​ចាញ់កូន​សោះ​ក៏មាន ឯ​អ្នក​ខ្លះទៀត​កើត​អាការប្លែកៗដែល​ធ្វើឱ្យ​យល់ច្រឡំ​ថា ជា​អាការ​ជំងឺ​អ្វីមួយ​ទៅវិញ ដូច្នេះ​នៅពេលនេះ ឡា​រ៉ែ​ន សូម​រួបរួម​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុងលក្ខណៈផ្សេងៗមក​ជម្រាប​ជូនជ្រាប ជាពិសេស​សម្រាប់នារីៗដែល​មិនទាន់មាន​បទពិសោធ​ក្នុងការ​តាំង​គភ៌​ដូចតទៅ។

    1. បាត់​វដ្ត​រដូវ
    បើ​វដ្ត​រដូវ​ប្រចាំខែ​ដែល​ធ្លាប់តែ​មកជា​ប្រក្រតី​មិនដែល​បាត់ តែ​ដល់​ពេលវេលា​ហើយ​នៅតែ​មិនឃើញ​មកទៀត​នោះ បញ្ជាក់ថា អ្នក​អាច​កំពុង​តាំង​គភ៌​ហើយ ព្រោះ​ក្រោយពី​ការចាប់បដិសន្ធិ វដ្ត​រដូវ​នឹង​បាត់​លែង​មក ដូច្នេះ ឡា​រ៉ែ​ន សូម​ណែនាំ​ឱ្យទៅ​ទិញ​ប្រដាប់​ពិនិត្យ​ការតាំង​គភ៌​មក​ធ្វើការ​ពិនិត្យមើល​ទើប​ប្រាកដ។

    2. ក្អួតចង្អោរ
    ជា​អា​ការដែល​ជួប​ញឹកញាប់​រហូត​ក្លាយជា​និមិត្តសញ្ញា​របស់​ការតាំង​គ​ភ៌​ក៏​អាច​ថា​បានដែរ។ អាការ​ក្អួតចង្អោរ​ច្រើនតែ​កើតឡើង​ក្រោយពី​តួ​កំណើត​ចាប់បដិសន្ធិ​បាន1ខែ តែ​អាការ​នេះ​នឹង​ថមថយ​ទៅវិញ​ពេល​ចូលដល់​ត្រីមាស​ទី2។

    3. ធុំក្លិន​នេះ ធុំក្លិន​នោះ
    អាការ​នេះ​បណ្តាលមកពី​អ័រម៉ូន អេស​ត្រូ​ជេន​កើនឡើង នារីៗដែល​កំពុង​តាំង​គភ៌​អាច​ក្លាយជា​មនុស្ស​ពូកែ​ច្រមុះ ធុំក្លិន​អ្វី​ក៏​ស្អុយ​រហូតដល់​ចង់តែ​ក្អួត​ទាំងអស់។ ពេល​ហ្នឹងហើយ​ដែល​ត​ឱ្យ​សាច់គោ​ឆា​ខាត់ណា​ដែលជា​អាហារ​សំណព្វចិត្ត​ក៏​លែង​ចង់​ដែរ។

    4. ដើមទ្រូង​ហើម និង​ឈឺ
    ដើមទ្រូង​របស់​អនាគត​អ្នក​ម្តាយ​ត្រីមាស​ដំបូង​អាច​នឹង​ហើម ព្រោះ​មាន​ឈាម​រត់​ចូលទៅ​ចិញ្ចឹម​នៅ​បរិវេណ​នោះ​ច្រើន​រហូត​មាន​អារម្មណ៍​
    ថា ឈឺ​អួល រួមទាំង​មាន​អារម្មណ៍​ថា​ឆាប់​ដឹង​នៅពេល​ប៉ះ​នឹង​អ្វីមួយ​ស្រដៀង​នឹង​អាការ​មុន​មាន​វដ្ត​រដូវ​ដែរ។

    5. ឆាប់​នឿយហត់
    មាន​អារម្មណ៍​ថា នឿយ​ល្វើយ​ខ្លាំងណាស់ ទាំង​មិនបាន​ធ្វើ​អ្វី​សោះ​មែន​ទេ? មាន​អារម្មណ៍​ងងុយ​ងោក​ស្ងាប​ចង់​គេង​ពេញ​មួយថ្ងៃ​មែន​ទេ? នេះ​អាចជា​លទ្ធផល​បណ្តា​លពី​កម្រិត​អ័រម៉ូន​ប្រូ​ជេ​ស្ទើ​រ៉ូ​ន​ដែល​កើនឡើង​យ៉ាង​ឆាប់រហ័ស តែ​មិនចាំបាច់​កង្វល់​ទេ ព្រោះ​ចូលដល់​ត្រីមាស2 កម្លាំង​ថាមពល​របស់​អ្នកនឹង​ត្រឡប់មកវិញ​មិន​ខាន។

    6. មាន​ឈាម​ចេញមក​តាម​រន្ធ​ស្បូន
    អំឡុង​ពេលដែល​តួ​កំណើត​ទម្លាក់ខ្លួន​ចូលទៅក្នុង​ស្បូន អនាគត​អ្នក​ម្តាយ​មួយចំនួន​អាច​នឹងមាន​ឈាម​ហូរ​ចេញមក​តាម​រន្ធ​ស្បូន។ អាការ​នេះ​ច្រើន​កើតឡើង​ក្រោយពី​តួ​កំណើត​ចាប់បដិសន្ធិ​បាន11-12ថ្ងៃ (ពេល​ជាមួយគ្នា​នឹង​ពេលដែល​អ្នក​ចាប់ផ្តើម​សង្កេត​ដឹងថា​បាត់​វដ្ត​រដូវ)។ ឈាម​ដែល​ហូរ​ចេញមក​ច្រើន​មាន​ពណ៌ស្លេកៗឬ​ពណ៌​ផ្កាឈូក ហើយនឹង​ឈប់​ហូរ​ចេញមក​ក្នុង​រយៈពេល1-2ថ្ងៃ។ យ៉ាងណាក៏ដោយ បើ​អ្នក​ដឹងខ្លួន​ថា​តាំង​គភ៌​ហើយ និង​ឃើញថា​មាន​ឈាម​ហូរ​ចេញមក​តាម​រន្ធ​ស្បូន រួមជាមួយ​អាការ​ឈឺពោះផង​នោះ គួរ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជាបន្ទាន់ព្រោះ​អាចជា​សញ្ញា​នៃ​សភាវ​កូនក្រៅស្បូន​ក៏​អាច​ថា​បានដែរ។

    7. ពោះ​ឡើង​ប៉ោង
    ឈប់! កុំអាល​ភ្ញាក់ផ្អើល​អី អ្នក​នៅ​មិនទាន់​ក្លាយជា​ស្ត្រី​តាំង​គភ៌​ពោះ​ប៉ោង​មូល​តាំងពី​ត្រីមាស​ដំបូង​នោះទេ ក្បាលពោះ​ដែល​រាបស្មើ​របស់​អ្នកគ្រាន់តែ​រាង​ធំ​ចេញមក​បន្តិច និង​មាន​អារម្មណ៍​ថា ចង្កេះ​ខោ​រាង​ណែន​ជាង​មុន​បន្តិច​ប៉ុណ្ណោះ។

    8. បត់ជើងតូច​ញឹកញាប់
    អា​ការឈឺ​បត់ជើងតូច​ញឹកញាប់ ជា​រឿង​ប្រក្រតី​របស់​ស្ត្រី​ដែល​ចាប់ផ្តើម​មានគភ៌ ព្រោះ​រាងកាយ​នឹង​ផលិត​ឈាម​ទៅ​ចិញ្ចឹម​ផ្នែកផ្សេងៗកាន់តែ​ច្រើនឡើង ធ្វើឱ្យ​ក្រលៀន​បញ្ចេញ​កាកសំណល់​ក្នុង​រូប​ភាពជា​វត្ថុ​រាវ​ច្រើនឡើង​តាម​នោះដែរ។

    9. មាន​អាការ​ទល់លាមក
    មូលហេតុ​ដែលបណ្តាលមកពី​ការប្រែប្រួល​របស់​រាងកាយ​នៅពេល​មានការ​តាំង​គភ៌ ធ្វើឱ្យ​ការ​ច្របាច់​ខ្លួន​របស់​ពោះវៀន​ថយចុះ ស្បូន​អាច​នឹង​ទៅ​សង្កត់​លើ​ពោះវៀនធំ។ ការកែ​បញ្ហា​រឿង​ទល់លាមក​នៅពេល​តាំង​គភ៌​នេះ​គឺ ព្យាយាម​ទទួលទាន​អាហារ​ដែលមាន​ជាតិ​កាក​សរសៃ​ច្រើន(បន្លែ​ផ្លែឈើ) ទទួលទាន​ទឹកច្រើនៗ និង​ហាត់ប្រាណបន្តិចៗល្មម​សមរម្យ នឹង​ជួយ​កែ​បញ្ហា​រឿង​ទល់លាមក​នេះ​បាន។

    បើ​វដ្ត​រដូវ​របស់​អ្នក​មក​មិន​ប្រក្រតី​ស្រាប់​ហើយ ឬ​មិន​ចាំ​ថា មាន​វដ្ត​រដូវ​លើកចុងក្រោយ​នៅពេលណា​នោះ អាការ​ទាំងអស់​ខាងលើ​គឺជា​កត្តា​ជួយ​បញ្ជាក់​ប្រាប់ថា អ្នក​អាច​កំពុង​តាំង​គភ៌​ហើយ ចូរ​សាកល្បង​ទៅ​ទិញ​ប្រដាប់​ពិនិត្យ​គភ៌​មក​ពិនិត្យមើល បើ​លទ្ធផល​ចេញមក​វិជ្ជមាន សូម​កុំអាល​ស្រែក​ប្រកាសប្រាប់​នរណា តែ​ចូរ​ទូរស័ព្ទ​ទៅ​ណាត់​គ្រូពេទ្យ ដើម្បី​ពិនិត្យ​ឱ្យ​ប្រាកដ​ម្តងទៀត​ទើប​ជាការ​ល្អ​បំផុត៕