Author: វល័ក្ខ

  • ក្លិប Pahang អនុញ្ញាតឱ្យ​ចាន់ វឌ្ឍនាកា ចាកចេញ និង​យក Nakajima ជំនួស​វិញ

    ក្លិប Pahang អនុញ្ញាតឱ្យ​ចាន់ វឌ្ឍនាកា ចាកចេញ និង​យក Nakajima ជំនួស​វិញ

    ខ្សែប្រយុទ្ធ​អន្តរជាតិ​កម្ពុជា ចាន់ វឌ្ឍនាកា ត្រូវបាន​អនុញ្ញាតឱ្យ​ចាកចេញ​កាលពី​ថ្ងៃ​អង្គារ ដោយ​ក្លិប Pahang FA ក្រោយពី​ការបង្ហាញ​ទម្រង់​លេង​មិន​បានល្អ​ក្នុង​រយៈពេល​ដ៏​ខ្លី​របស់គេ​ជាមួយនឹង​ក្លិប​របស់​ក្របខ័ណ្ឌ​ម៉ាឡេស៊ី Super League មួយ​នេះ ក្រោយពី​បាន​ចូលក្នុង​នាម​ជា​កីឡាករ​ខ្ចី​ជើង កាលពីដើម​ឆ្នាំនេះ។

    ក្លិប Pahang FAបាន​នាំយក​ខ្សែប្រយុទ្ធ​កាណាដា Issey Nakajima-Farran មក​ជំនួស​វិញភ្លាមៗ ដើម្បី​ពង្រឹង​ក្រុម​នេះ និង​ដើម្បី​ប្រជែង​យកពាន​ក្របខ័ណ្ឌ​ម៉ាឡេស៊ី Super League។ ជាមួយគ្នានេះ ពួកគេ​ក៏បាន​នាំយក​ខ្សែប្រយុទ្ធ Austin Amutu ដើម្បី​ជំនួស​កន្លែង​របស់ Francis Forkey Doe ដែលមាន​បញ្ហា​របួស​ជ​ង្គ​ង់​រយៈពេល​វែង​ផងដែរ កាលពី​ខែមីនា។ លោក DollahSalleh គ្រូបង្វឹក​របស់​ក្រុម Pahang បានឱ្យដឹងថា៖ «យើង​សង្ឃឹមថា វត្តមាន​កីឡាករ​ទាំង 2នេះ នឹង​បង្កើន​គុណភាព​ក្នុង​ក្រុម​របស់​យើង។

    Amutu អាច​នឹងមាន​បញ្ហា​មួយចំនួន​ក្នុងការ​សម្រប​ខ្លួន​ក្នុង​ក្រុម​នេះ ប៉ុន្តែ​ខ្ញុំ​ប្រាកដ​ក្នុង​ចិត្ត​ថា បទពិសោធ​របស់​ពួកគេ​នឹង​ជួយ​ដល់​យើង»។ ការចាកចេញ​របស់​វ​ឌ្ឍ​នា​កា ត្រូវបាន​រំពឹងទុក​ជាមុន​ទៅហើយ ក្រោយពី​ខ្សែបម្រើ​ស្លាប​រូបនេះ​បានបង្ហាញ​ពី​ទម្រង់​លេង​ដ៏​គួរឱ្យ​ទាក់ទាញ​តិចតួច​បំផុត​ក្នុងការ​ចំណាយពេល​ដ៏​ខ្លី​របស់គេ​ជាមួយនឹង Pahang។ លោក Dollah បាន​ប្រាប់​បណ្តាញសារព័ត៌មាន FOX Sports Asia ថា លោក​ចង់ឱ្យមាន​ការបង្ហាញ​ពី​ទម្រង់​លេង​កាន់តែ​ល្អប្រសើរ​ជាង​មុន​ពី វឌ្ឍនាកា ក្រោយពី​ការបញ្ចប់​ក្នុង​លទ្ធផល​ស្មើ 2-2 ជាមួយនឹង​ក្រុម Kuala Lumpur FAកាលពី​ថ្ងៃទី15 ខែមេសា៕

    ប្រភពពី៖ FOX Sports Asia

  • PSG ផ្តួល​ក្រុម Les Herbiers ដើម្បី​លើក​ពាន French Cup

    PSG ផ្តួល​ក្រុម Les Herbiers ដើម្បី​លើក​ពាន French Cup

    ក្រុម​ជើង​ខ្លាំង Paris Saint-Germain ត្រូវតែ​ជម្នះ​ទៅលើ​ការបង្ហាញ​ពី​ទម្រង់​លេង​ដ៏​រឹងមាំ​ពី​សំណាក់​ក្រុម​លំដាប់​ទាប Les Herbiers ដើម្បី​កត់ត្រា​ជ័យជម្នះ​ក្នុង​លទ្ធផល 2-០ ក្នុងការ​ប្រកួត​ពាន French Cup កាលពី​ថ្ងៃ​អង្គារ។

    កីឡាករ Giovani Lo Celso និង​ EdinsonCavani សុទ្ធសឹង​រក​គ្រាប់​បាល់​បាន​ដូចគ្នា​សម្រាប់​ក្រុម PSG ដោយ​គ្រាប់​បាល់​ទី2 គឺជា​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី ដើម្បី​ផ្តួល​ក្រុម​ស្ថិតក្នុង​ក្របខ័ណ្ឌ​លំដាប់​ទី៣ Les Herbiers និង​ដើម្បី​បំពេញ​ការ​ឈ្នះ​ពាន​ក្នុងស្រុក​ទាំង៣សម្រាប់​ក្រុម PSG។ Les Herbiers ត្រូវបាន​សង្គ្រោះ 3លើក​ដោយរ​បាទី ក្នុងការ​ប្រកួត​ដើមតង់​ទី1 ហើយ​បន្ទាប់មក Les Herbiers បាន​បាត់បង់​គ្រាប់​បាល់​ទី2 របស់ខ្លួន ដោយសារតែ​ប្រព័ន្ធ​វីដេអូ​ជំនួយការ​អាជ្ញាកណ្តាល។

    ប៉ុន្តែ ទោះបីជា​យ៉ាងណា Les Herbiers នៅតែ​មិនអាច​រារាំង​ក្រុម PSG មិនឱ្យ​ឈ្នះ​ពាន French Cup សម្រាប់​រយៈពេល 4ឆ្នាំជាប់ៗគ្នា​បាន​ដដែល។ ក្រុម PSG បាន​ឈានទៅ​កាន់ការ​ប្រកួត​នេះ ក្រោយពី​បានឈ្នះ​ពាន League Cup និង​ពាន​ក្របខ័ណ្ឌ Ligue 1 រួចជាស្រេច។ បច្ចុប្បន្ន ពួកគេ​បានឈ្នះ​ពាន French Cup និង League Cup សម្រាប់​រយៈពេល 4ឆ្នាំជាប់ៗគ្នា ក្នុងនោះ​ពួកគេ​បានឈ្នះ​ពាន3 ក្នុង​រដូវ​កាល​តែ1។ បច្ចុប្បន្ន​ក្រុម PSG មិន​ស្គាល់​ចាញ់​សោះ​ពី​ការប្រកួត​ពាន​ក្នុងស្រុក​ចំនួន 42ប្រកួត បើ​គិត​ចាប់តាំងពី​ថ្ងៃទី22 ខែមករា ឆ្នាំ2014 មក៕

    ប្រភពពី៖ Channel News Asia

  • កម្មវិធី ABC Exceptional Night ជាមួយ​ក្រុម​តូច (SWSB)

    កម្មវិធី ABC Exceptional Night ជាមួយ​ក្រុម​តូច (SWSB)

    ភ្នំពេញ៖ កាលពី​ថ្ងៃ​សុក្រ ទី 04 ខែឧសភា ឆ្នាំ2018 ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត បាន​បន្ត​រៀបចំ​កម្មវិធី ABC EXCEPTIONAL NIGHT នៅ Motor Café Pub ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ក្រុម​តារាចម្រៀង​វ័យក្មេង​ដែលមាន​ទេពកោសល្យ ហើយ​តែងតែ​បង្កើត​នូវ​អ្វីដែល​ថ្មី ដើម្បី​ជា​អត្តសញ្ញាណ​របស់​ពួកគេ ពួកគេ​ជា​សិល្បករ សិល្បការ​នី​នៃ​ក្រុម​តូច – Small World Small Band (True Blue Exceptional) ។

    កម្មវិធី​រាត្រី​ដ៏​ល្អ​ឯក (ABC Exceptional Night) មិន​ត្រឹមតែ​មានការ​សម្តែង​ដ៏​អស្ចារ្យ​របស់​ក្រុម​តូច  និង​ក្រុម​តារា​បង្ហាញ​ម៉ូត  ព្រមទាំង​សកម្មភាព​កម្សាន្ត​ផ្សេងទៀត។ លើសពីនេះ អតិថិជន​របស់​ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត ក៏បាន​ភ្លក់​នូវ​រសជាតិ​ដ៏​ល្អ​ឯក​ពី​ការ​លាយ​ប​ញ្ជូ​ល​គ្នា​ជា​ស្រា​ក្រឡុក ABC អិ​ច​ស្ត្រា​ស្តោ​ត ពី​សំណាក់​អ្នក​ក្រឡុក​ស្រា​ដ៏​ជំនាញ ។

    កម្មវិធី ABC EXCEPTIONAL NIGHT គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ “ជា​ឧត្តមភាព​ដ៏​ល្អ​ឯក” របស់ ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត ដែល​ផ្តល់នូវ​អំណរ​សារ​ទរ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​ទទួលបាន​ជោគជ័យ​ដោយបាន​បង្ហាញ​ពី​ចំណុចខ្លាំង ចំណេះដឹង និង​សមិទ្ធផល​របស់ខ្លួន​នៅក្នុង​វិស័យ​សិល្បៈ ពាណិជ្ជកម្ម និង​ការកសាង​សហគមន៍។

    ABC អិ​ច​ស្ត្រា​ស្តោ​ត នៅតែ​ជា​ម៉ាក​សញ្ញា​ស្រា​បៀរ​ទឹកខ្មៅ​លំដាប់ថ្នាក់​អន្តរជាតិ​ដែល​ឈានមុខ​គេ​គ្មាន​គូ​របៀប​នៅលើ​ទីផ្សារ ស្រា​បៀរ​ទឹកខ្មៅ​គុណភាព​ខ្ពស់បំផុត​នៅក្នុង​ប្រទេស​កម្ពុជា ដែល​អតិថិជន​ជ្រើសរើស​យកមក​ទទួលទាន ”ក្រេប​រសជាតិ​ដ៏​ល្អ​ឯក” នៃ​ស្រា​បៀរ​ទឹកខ្មៅ ដែល​ផលិត​ពី​គ្រឿងផ្សំ​មាន​គុណភាព​ខ្ពស់បំផុត និង​បានឈ្នះ​ពានរង្វាន់​ជាច្រើន ជាពិសេស​កំពុង​ទទួល​បានការ​គាំទ្រ​កាន់តែខ្លាំង​ឡើង​ពី​ស្រទាប់​យុវវ័យ មជ្ឈដ្ឋាន​សិល្បករ និង​ពាណិជ្ជករ​លំដាប់​ថ្នាក់ខ្ពស់។

    កម្មវិធី ABC EXCEPTIONAL NIGHT នឹង​បន្ត​ប្រារព្ធ​ធ្វើឡើង​នៅ​ទីតាំង​កិ្ល​ប 2ND Night នៅ​ថ្ងៃ​ពុធ ទី 09 ខែឧសភា​ខាងមុខនេះ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​កំពូល​តារាចម្រៀង​ដ៏​ល្បី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា កញ្ញា មាស សុខ​សោភា។

    សូម​ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ​ដើម្បី​ទទួលបាន​បទពិសោធន៍​ដ៏​ល្អ​ឯក​ពី ABC អិ​ច​ស្ត្រា​ស្តោ​ត!

    ចំពោះ​ព័ត៌មាន​បន្ថែម​អំពី​កម្មវិធី​ពិសេស​នេះ ចូលទៅ​កាន់​គេហទំព័រ​ផ្លូវការ៖ https://www.facebook.com/ABC.ExtraStoutCambodia/

    សូម​រីករាយ​ទទួលទាន ABC អិ​ច​ស្ត្រា​ស្តោ​ត ដោយ​ការទទួលខុសត្រូវ

  • កំពូល​ចុងភៅ​មកពី​បារាំង នឹង​បង្ហាញ​ស្មា​ដៃ​ចម្អិនម្អូ​ប​ដ៏​អស្ចារ្យ​សម្រាប់​អាហារ​ពេល​ល្ងាច​នៅ​សណ្ឋាគារ​សូ​ហ្វិ​តែ​ល​ភ្នំពេញ

    កំពូល​ចុងភៅ​មកពី​បារាំង នឹង​បង្ហាញ​ស្មា​ដៃ​ចម្អិនម្អូ​ប​ដ៏​អស្ចារ្យ​សម្រាប់​អាហារ​ពេល​ល្ងាច​នៅ​សណ្ឋាគារ​សូ​ហ្វិ​តែ​ល​ភ្នំពេញ

    ភ្នំពេញ៖ កំពូល​ចុងភៅ​មកពី​ប្រទេស​បារាំង លោក Jean-Yves Guého និង​ជា​ម្ចាស់​ជ័យលាភី​ចុងភៅ Michelin នឹង​បង្ហាញ​ស្មា​ដៃ ក៏ដូចជា​ទាក់ទាញ​ចំណាប់អារម្មណ៍​ភ្ញៀវ​ក​ត្តិ​យស​ដែល​ចូលចិត្ត​មុខម្ហូប​ឈ្ងុ​ញ​ឆ្ងាញ់ នៅ​សណ្ឋាគារ​សូ​ហ្វិ​តែ​ល​ភ្នំពេញ ភូ​គី​ត្រា និង​សណ្ឋាគារ​សូ​ហ្វី​តែ​ល អង្គរ ភូ​គី​ត្រា ហ្គូ​ហ្វ & ស្ដា នា​ថ្ងៃទី09 ខែឧសភា ឆ្នាំ 2018។

    អស់លោក​ដែល​ធ្លាប់​ស្គាល់​មុខម្ហូប​ឈ្ងុ​ញ​ឆ្ងាញ់​នៅក្នុង​ប្រទេស​កម្ពុជា​នឹង​មានឱកាស​ទទួលទាន​អាហារ​នាពេល​ល្ងាច​របស់​ចុងភៅ Michelin គឺ​លោក Jean-Yves Guého ដែលជា​ម្ចាស់​ជ័យលាភី​ពានរង្វាន់ L’Atlantide នៅ​ទីក្រុង Nates ប្រទេស​បារាំង។ អាហារ​ពេល​ល្ងាច​ដ៏​ពិសេស​នេះ នឹង​ផ្សំ​ឡើង​ពី​គ្រឿងទេស និង​ម្រេច​មកពី ឡា​ផ្លេ​ន​ថេ​សិន (La Plantation ខេត្តកំពត។ មុខ​ម្អូ​ប​រួមមាន​បង្កង​កាណាដា និង​ឆៃថាវ​ជូ​អែម​ផ្សំ​រសជាតិ​ជាមួយនឹង​អំបិល​ខេត្ត​កែប និង​ម្រេច​ក្រហម​កំពត ព្រមទាំង​សាច់គោ​ហ្វី​ឡេ ថ្លើម​ទា​ចម្អិន​ស្រស់ទឹក និង​អន្ទង់​ឆ្អើរ​ផ្សំ​រស់ជាតិ​ជាមួយ​ម្រេចខ្មៅ​កំពត។

    ឱកាស​ទទួលទាន​អាហារ​ពេល​ល្ងាច​របស់​ចុងភៅ Michelin គឺ​លោក Jean-Yves Guého ដែលជា​ម្ចាស់​ជ័យលាភី​ពានរង្វាន់ L’Atlantide នេះ អាច​ប្រព្រឹត្តទៅបាន​ក្រោម​ការចូល​រួមសហការ​ជាមួយ​ក្រុមហ៊ុន Thai Airways, AusKhmer និង La Plantation៕

  • សារៈសំខាន់​របស់​លេខ​បារ​កូដ​ដែល​អាជីវករ​ក្នុងស្រុក​គួរ​យល់ដឹង

    សារៈសំខាន់​របស់​លេខ​បារ​កូដ​ដែល​អាជីវករ​ក្នុងស្រុក​គួរ​យល់ដឹង

    ជាទូទៅ​គ្រប់​ផលិតផល​ដែល​ដាក់លក់​នៅក្នុង​ទីផ្សារ​តែងតែមាន​លេខ​បារ​កូដ​ដែល​ធ្វើឱ្យ​អតិថិជន​អាច​ដឹងបាន​ថា ផលិតផល​នោះ​ផលិត​ចេញពី​ប្រទេស​ណា។ ជាក់ស្តែង​ផលិតផល​ដែល​ផលិត​នៅ​កម្ពុជា យើង​មាន​លេខ​បារ​កូដ​សម្រាប់​សម្គាល់​នៅខាងមុខ 3ខ្ទង់​គឺ 884។

    លោក ​ឡូញ ​គឹម​អៀន​ នាយក​​ប្រតិបត្តិ​​ស្ថាប័ន​​បារ​​កូដ​​កម្ពុជា​

    បច្ចុប្បន្ន​ស្ថាប័ន​តែមួយគត់​ដែលមាន​សិទ្ធិ​ក្នុងការ​គ្រប់គ្រង បែងចែក​លេខ​បារ​កូដ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ស្ថាប័ន​បារ​កូដ​កម្ពុជា ឬ​ហៅ​កាត់​ថា ជី​អេស1កម្ពុជា (GS1cambodia) ស្ថាប័ន​នេះ​ត្រូវបាន​តែងតាំងឡើង​ដោយ ជី​អេស1អន្តរជាតិ (GS1Internaational)គឺជា​ស្ថាប័ន​មិន​ស្វែងរក​ប្រាក់ចំណេញ និង​ជា​ស្ថាប័ន​ដែល​សាមញ្ញ និង​ច្បាស់លាស់​ពី​ច្បាប់​គ្រប់គ្រង កំណត់​មូលដ្ឋានគ្រឹះ​សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម។

    ដូច្នេះ​អាជីវករ​ក្នុងស្រុក​ដែលជា​ម្ចាស់​ក្រុមហ៊ុន ឬ​សហគ្រាស​ឯកជន​ត្រូវតែ​ស្វែងយល់​ពី​អត្ថ​ប្រ​យោ​ជ​ន៏ និង​សារៈសំខាន់​នៃ​ការប្រើប្រាស់​បារ​កូដ​កម្ពុជា​ដើម្បី​ពង្រឹងគុណភាព​ផលិតផល​របស់ខ្លួន​ឱ្យ​ឈានទៅរក​ភាពល្អ​ប្រសើរឡើង​ក្នុង​ទីផ្សារ​ស្របទៅតាម​ការជំរុញរ​បស់​រដ្ឋាភិបាល និង​សហគមន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍។

    អគ្គនាយក​សភាពាណិជ្ជកម្ម លោក ងួន ម៉េង​តិច បាន​មានប្រសាសន៍ថា ចំពោះ​បារ​កូដ​កម្ពុជា កន្លងមក​យើង​ធ្លាប់បាន​ជូន​ព័ត៌មាន​ទៅដល់​បងប្អូន​អ្នករកស៊ី​ច្រើន​ហើយ តែ​ពូក​គាត់​នៅ​មិនទាន់​យល់ ដូច្នេះ​ទើប​ការចុះឈ្មោះ​ផលិតផល​ក្នុង​បញ្ជី​បារ​កូដ​នេះ​នៅមាន​ចំនួន​តិច​នៅឡើយ។ លោក​បាន​បន្តថា៖ “លោក​មានបំណង​ចង់ឱ្យ​ពាណិជ្ជករ​យើង​ទាំងអស់​មានការ​យល់់ដឹង​ពី​លេខ​បារ​កូដ​នេះ​ឱ្យ​កាន់តែច្បាស់​ឡើង ពីព្រោះ​បារ​កូដ​នេះ​ជា​តួលេខ​មួយ​ដែល​អាច​ដឹងបាន​ថា​ផលិតផល​ចេញ​មកពី​ប្រទេស​ណាមួយ ព្រោះ​ក្នុង​ប្រទេសមួយ​គេ​ផ្តល់​តួលេខ​បារ​កូដ​ឱ្យតែ​មួយ​ទេ​ជា​តំណាង​របស់​ជាតិ។ ពិភពលោក​គេ​ប្រើប្រាស់ បារ​កូដ​នេះ​ជា​ចាំបាច់​ដើម្បី​គ្រប់គ្រង​ផលិតផល និង​គ្រប់គ្រង​តម្លៃនៅលើទីផ្សារ។

    លោកស្រី​ឧកញ៉ា កែវ មុំ នាយិកា​ក្រុមហ៊ុន​លី​លី​ផលិត​នំ​ស្រួយ​បាន​មានប្រសាសន៍​អំពី​បារ​កូដ​សម្រាប់​ផលិតផល​ជាទូទៅ​នេះ​ថា៖ “សម្រាប់​ក្រុមហ៊ុន​របស់ខ្ញុំ ខ្ញុំ​បាន​ចុះបញ្ជី​បារ​កូដ​នេះ​តាំងពី​ជាង 10ឆ្នាំមុន​មកម្ល៉េះ នេះ​ក៏ដោយ​សារ​ខ្ញុំ​បាន​យល់​ពី​អត្ថប្រយោជន៍​នៃ​ការចុះបញ្ជី​បារ​កូដ​សម្រាប់​ផលិតផល​របស់​យើង។

    លោកស្រី​នាយិកា​ក៏បាន​ឱ្យដឹង​ផងដែរ​ពី​អត្ថប្រយោជន៍​នៃ​ការចុះ​លេខ​បារ​កូដ​ទៅលើ​ផលិតផល​ដោយបាន​បញ្ជាក់ថា៖“ចំពោះ​អត្ថប្រយោជន៍​នៃ​លេខ​បារ​កូដ​នេះ​គឺ​វា​ផ្តល់ឱ្យ​យើង​ច្រើនណាស់ ពីព្រោះ​ការចុះ​បារ​កូដ​ទៅលើ​ផលិតផល គឺ​ពេលណា​ផលិតផល​ដែល​យើង​ផលិត​បាន យើង​ចង់​យកទៅលក់​នៅលើ​ទីផ្សារ ដូចជា​នៅក្នុង​ផ្សារ​ទំនើប (Super Market) ឬ​ក្នុង​ម៉ា​ត (Mart)គេ​ត្រូវការ​ស្គែ​ន​បារ​កូដ​នេះ​ដើម្បី​គ្រប់គ្រង​ការលក់ និង​តម្លៃផ្សេងៗបាន​ដោយ​ស្រួល ហើយ​វា​ក៏​ជា​អត្តសញ្ញាណ​មួយ​បញ្ជាក់ថា​ផលិតផល​របស់​យើង គឺ​យើង​មានការ​ចុះបញ្ជី​ត្រឹមត្រូវ។

    នៅពេលដែល​យើង​ចុះបញ្ជី​បារ​កូដ​ហ្នឹង​ពេល​យើង​ស្គែ​ន​ទៅ យើង​នឹង​ឃើញ​ឈ្មោះ​ក្រុមហ៊ុន អាសយដ្ឋាន លេខ​ទូរស័ព្ទ និង​ព័ត៌មានផ្សេងៗសម្រាប់​ទំនាក់ទំនង​នៅក្នុង​បារ​កូដ​នោះ។ ចង់​បញ្ជាក់ថា ក្រុមហ៊ុន​យើង​ជា​ក្រុមហ៊ុន​ពិតប្រាកដ​ច្បាស់លាស់​មានការ​ចុះបញ្ជី​ត្រឹមត្រូវ។

    លោកស្រី​បន្តថា៖ នៅពេល​យើង​ចុះបញ្ជី​បារកូដ​ហ្នឹង​ត្រឹមត្រូវ គឺ​យើង​អាច​នាំយក​ផលិតផល​របស់​យើង​ទៅ​លក់​នៅក្រៅ​ប្រទេស​បាន ពីព្រោះ​ស្រុក​ក្រៅ គឺ​គេ​ត្រូវការបា​រកូដ រាល់​ផលិតផល​ទាំងអស់​គឺ​ត្រូវតែមាន​លេខ​បារ​កូដ​សម្គាល់ ហើយ​បារ​កូដ​នេះ​មិនមែន​ចេះតែ​ចុះ​ផ្តេសផ្តាស​បានទេ ពីព្រោះ​នៅពេលដែល​គេ​ស្គែ​ន​ទៅ គេ​នឹង​ឃើញ​លេខ​បារ​កូដ​ប្រទេស​ដែលជា​ទិន្នន័យ​អត្តសញ្ញាណ​សម្រាប់​សម្គាល់ តែបើ​ក្លែងក្លាយ​នឹង​ពុំ​ឃើញ​មាន​ទិន្នន័យ​ទាំងអស់។

    លោក ឡូញ គឹម​អៀន នាយក​ប្រតិបត្តិ​ស្ថាប័ន​បារ​កូដ​កម្ពុជា​បាន​មានប្រសាសន៍ថា តាំងពី​ស្ថាប័ន​បារ​កូដ​កម្ពុជា​បង្កើតឡើង​រហូតមកទល់​ពេលបច្ចុប្បន្ន យើង​មាន​សមាជិក​កើន​ឡើងជា​រៀងរាល់ឆ្នាំ​ព្រោះ​មានការ​យល់ដឹង​ពី​អត្ថប្រយោជន៍​នៃ​បារ-កូដ​នេះ​កាន់តែ​ច្រើនឡើង​ហើយ។ ម្យ៉ាងវិញទៀត​ផលិតផល​មួយចំនួន​ប្រសិនបើ​មិនមាន​លេខ​បារ​កូដ​ទេ គេ​នឹងមិន​ទទួល​ទិញ​ទេ​នៅតាម​ម៉ា​ត ឬ​នៅតាម​ផ្សារ​ទំនើប​មួយចំនួន​នោះទេ។

    បច្ចុប្បន្ន​គេ​លែង​ប្រើ​ការបិទ​តម្លៃ​នៅលើ​ផលិតផល​ទៀតហើយ គឺ​គេ​ប្រើការ​ស្គែ​ន​តម្លៃ​តាមរយៈ​បារ​កូដ​នេះឯង ហើយក៏​ដោយសារ​គេ​ងាយ​គ្រប់គ្រង​ទិន្នន័យ​ស្តុក​ទំនិញ និង​ចំនួន​នៃ​ការលក់​ចេញ​ជាដើម​ផងដែរ។ គ្រប់​ក្រុមហ៊ុន សហគ្រាស និង​សិប្បកម្ម​តូចតាច​ក៏​អាច​ចុះ​លេខ​បារ​កូដ​បានដែរ​ឱ្យតែ​មាន​ផលិតផល​របស់ខ្លួន។

    លោក​បានឱ្យដឹងថា ការចុះ​លេខ​បារ​កូដ​នេះ​មិនមែនជា​ការធ្វើ​ឡើង​ដោយ​នឹក​សង្ឃឹមថា​ទទួលបាន​ជោគជ័យ​ទេ តែ​វា​គឺ​ជោគជ័យ​តែម្តង ដោយសារ​នៅលើ​ជាង 100ប្រទេស​គេ​ប្រើ​ប្រព័ន្ធ​តែមួយ ហើយ​ការចុះ​លេខ​បារ​កូដ​នេះ ក្រុមហ៊ុន សហគ្រាស​គាត់​អាច​យកទៅលក់​នៅ​ប្រទេស​ណា​ក៏បាន​ដែរ​គឺ​គេ​ទទួលស្គាល់​ផលិតផល​ដែល​បាន​ចុះ​លេខ​បារ​កូដ​នេះ​ដោយ​ស្ថាប័ន​បារ​កូដ​ឬ GS1(Global System1)មានន័យថា “ប្រព័ន្ធ​តែមួយ ដំណោះស្រាយ​តែមួយ និង​ស្តង់ដារ​តែមួយ។

    កិច្ច​ប្រជុំ​ក្នុង​សភាពាណិជ្ជកម្ម​កម្ពុជា

    យោងតាម​បទ​បង្ហាញ​របស់​ស្ថាប័ន​បារ​កូដ​កម្ពុជា​ស្តីពី​សកម្មភាព​ការងារ​ស្នូល​របស់ខ្លួន ស្ថាប័ន​នេះ​បាននិងកំពុង​សហប្រតិបត្តិ​ការ​ជាមួយ​ក្រសួងកសិកម្ម​ក្នុងការ​ជំរុញ និង​ពង្រឹង​សុវត្ថិភាព​ចំណីអាហារ​ក្នុង​វិស័យ​កសិកម្ម។ ទន្ទឹមនឹងនេះ​ក៏បាន​បង្កើត​គម្រោង​កម្ម​វិធី​ទូរទស្សន៍ និង​វីដេអូ​ឯកសារ​ស្តីពី​ការប្រើប្រាស់​លេខ​បារ​កូដ និង​ការបង្កើត​គំរូ​បារ​កូដ​សម្រាប់​ប្រើប្រាស់​លើ​ផលិតផល​ផងដែរ ដោយ​រួមទាំង​កិច្ចប្រជុំ​ទាំង​ក្នុង និង​ក្រៅប្រទេស​សំដៅ​អភិវឌ្ឍ​ជី​អេស1កម្ពុជា​ក្នុងការ​ជំរុញ​បង្កើន​ទីផ្សារ​ឱ្យ​កាន់តែ​ទូលំទូលាយ៕

  • តើ​នាពេល​អនាគត ទីក្រុង​របស់​យើង​នឹង​ក្លាយជា​បែបណា?

    តើ​នាពេល​អនាគត ទីក្រុង​របស់​យើង​នឹង​ក្លាយជា​បែបណា?

    ក្រោយពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី32 នៅ​ប្រទេស​សិង្ហ​បុរី ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ទាំងអស់​នៅក្នុង​តំបន់​អាស៊ាន​បានសម្រេច​កិច្ចព្រមព្រៀង​រួមគ្នា​ជាច្រើន​ដែល​អាចជួយ​ជំរុញឱ្យមាន​ការ​អភិវ​ឌ្ឍ​កាន់តែខ្លាំង ដោយ​ក្នុងនោះ​មាន​ចំណុច​សំខាន់​មួយ គឺ​ការបង្កើត​ឱ្យ​ទីក្រុង​នានា​នៅក្នុង​តំបន់​ក្លាយជា​ទីក្រុង​ឆ្លាត​វៃ (Smart City)។

    សម្រាប់​ប្រទេស​កម្ពុជា ប្រមុខ​រាជរដ្ឋាភិបាល​បាន​លើកឡើងថា ប្រទេស​កម្ពុជា​ជឿជាក់ថា តាមរយៈ​គំនិត​ផ្តួចផ្តើម​ក្នុងការ​បង្កើត​បណ្តាញ​ទីក្រុង​ឆ្លាត​វៃ​អាស៊ាន​នេះ​នឹង​អាច​ស្វែងរក​វិធីសាស្ត្រថ្មីៗដើម្បី​ទាក់ទាញ​អត្ថប្រយោជន៍​នៃ​បច្ចេកវិទ្យា ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច និង​លើកកម្ពស់​ការរស់នៅរ​បស់​ប្រជាជន។ ហេតុនេះ​ក្នុង​ការរៀបចំ​ការអនុវត្ត​ជាក់ស្តែង ទីក្រុង​ឆ្លាត​វៃ​អាស៊ាន​ក៏ត្រូវ​យកចិត្តទុកដាក់​ផងដែរ​លើ​ចំណុច​មួយចំនួន​ច​ជាការ​បង្កើត​យន្តការ​គ្រប់គ្រង​ប្រតិបត្តិការ​ដោយ​ខ្លួនឯង បង្កើត​យន្តការ​ហិរញ្ញវត្ថុ​ដែល​អនុគ្រោះ ហើយ​អាចអនុវត្ត​ជាក់ស្តែង​ដើម្បី​ជួយ​អភិវឌ្ឍ​ទីក្រុង​ឆ្លាត​វៃ​សម្រាប់​ប្រទេស​សមាជិក​អាស៊ាននីមួយៗ និង​បង្កើត​ស្តង់ដារ​រួម និង​យន្តការ​ដើម្បី​ទ្រទ្រង់​ការអភិវឌ្ឍ​ទីក្រុង​អាស៊ាន​ទាំងមូល។

    ស្រប​នឹង​បញ្ហា​នេះ​កម្ពុជា​ក៏ដូចជា​ប្រទេសនីមួយៗបាន​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​បង្កើន​ភាពទំនើប​ក្នុងការ​រស់នៅ​របស់​ប្រជាជន ដោយ​ចាប់ផ្តើម​ពី​ការអភិវឌ្ឍ​ផ្នែក​បច្ចេកវិទ្យា បណ្តាញត​ភ្ជាប់​ទំនាក់ទំនង និង​ប្រព័ន្ធថ្មីៗជាច្រើន​ផ្សេងទៀត។ ជា​បន្តបន្ទាប់ ទីក្រុង​ទាំងអស់​នឹង​វិ​វ​ឌ្ឍ​ទៅរក​របត់​មួយ​ដែល​ស្រដៀង​គ្នា​ទៅនឹង​ទីក្រុងសំខាន់ៗនាពេល​បច្ចុប្បន្ន ដូចជា​ទីក្រុង​តូ​ក្យូ ទីក្រុង​សិង្ហ​បុរី ទីក្រុង​សិន​ជិន និង​ទីក្រុង​ឌូ​បៃ​ជាដើម។

    ទីក្រុង​ឆ្លាត​វៃ ឬ Smart City ត្រូវបាន​អ្នកជំនាញ​បញ្ជាក់ថា ជាទី​ក្រុង​ដែលមាន​ប្រើប្រាស់​ដោយ​ម៉ាស៊ីន​ស្វ័យប្រវត្តិ​នៅក្នុង​ប្រតិបត្តិការ​ទីក្រុង​ជាច្រើន ដោយ​រួមទាំង​វិស័យ​សាធារណៈ​មួយចំនួន ការសម្រួល​ចរាចរណ៍ និង​វិស័យ​ដឹកជញ្ជូន ប្រកបដោយ​ភាពរលូន។ ចំណែកឯ​ការគ្រប់គ្រង​លើ​អភិបាលកិច្ច​ទីក្រុង​វិញ​នឹង​ចាប់ផ្តើម​ធ្វើ​ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ដែលមាន​ប្រសិទ្ធភាព​ខ្ពស់ និង​ឆាបរហ័ស។

    ចំពោះ​លក្ខខណ្ឌ​ចរាចរណ៍​វិញ​អាច​នឹងមាន​លក្ខខណ្ឌ​ល្អប្រសើរ ព្រោះ​មនុស្ស​នឹង​ចាប់ផ្តើម​ប្រើប្រាស់​បណ្តាញ​អន​ឡាញ​ដើម្បី​បញ្ជា​ទិញ​របស់របរ​ប្រើប្រាស់​នានា ឬ​ទិញ​ទំនិញសំខាន់ៗនៅក្នុង​ផ្ទះ (house shopping) ដែល​វា​អាច​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ ប្រសិនបើ​បណ្តាញ​អុ​ី​ន​ធើ​ណិ​ត​ត្រូវបាន​គេ​រៀបចំ​ឱ្យមាន​ល្បឿន​លឿន និង​មាន​គុណភាព​ខ្ពស់។

    ទីក្រុង​ដែល​មាន​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម័ន្ធ​ផ្លូវ​ថ្នល់​ដ៏​ទំនើប

    ងាក​មក​វិស័យ​ដឹកជញ្ជូន​អ្នកដំណើរ​សាធារណៈ​វិញ គឺ​មិន​ខុសពី​ទីក្រុងធំៗប៉ុន្មាន​នោះទេ បណ្តាញ​ដឹកជញ្ជូន​អ្នកដំណើរ​ស្វ័យប្រវត្តិ​ដោយ​គ្មាន​មនុស្ស​បើក​នឹង​ចាប់ផ្តើម​ប្រកួតប្រជែង ហើយ​ក្លាយជាវិធីសាស្ត្រ​សំខាន់​សម្រាប់​ការរស់នៅ​របស់​ប្រជាជន​នៅក្នុង​ក្រុង​ដែល​អភិវឌ្ឍ​ខ្លួន​ឱ្យក្លាយ​ជាទី​ក្រុង​ឆ្លាត​វៃ។ ចំពោះ​ប្រព័ន្ធ​ផ្ទុកទំនិញ ឬ​ឃ្លាំង​វិញ​ក៏​នឹង​ចាប់ផ្តើម​ផ្លាស់ប្ដូរ ដោយ​ជំនួស​មកវិញ​នូវ​ចំនួន​គ្រឿង​ម៉ាស៊ីន​ស្វ័យប្រវត្តិ​ហើយ​កាត់បន្ថយ​ចំនួន​មនុស្ស បន្ទាប់មកទៀត​ការធ្វើការងារ​ដោយ​ការចាប់ផ្តើម​ប្រើប្រាស់​ដ្រូ​ន​ក្នុង​វិស័យ​ដឹកជញ្ជូន​ទំនិញ​ឯកជន​ក៏​នឹង​ចាប់ផ្តើម​រីកដុះដាល​ឡើង ដែល​អាចធ្វើឱ្យ​ការចែក​ចាយ​ទំនិញ​ពី​ក្នុង​ឃ្លាំង​ទៅកាន់​អតិថិជន​បាន​កាន់តែ​លឿន​ឡើង។

    ចំពោះ​វិស័យ​សុខាភិបាល​វិញ យើង​នឹង​ឃើញថា នឹងមាន​ការចាប់ផ្តើម​ប្រើប្រាស់​បណ្តាញ​បច្ចេកវិទ្យា​ទំនើប​ព្រោះ​ការភ្ជាប់​ទំនាក់​ទំនងជា​មួយ​នឹង​ស្ថាប័ន​សុខាភិបាល​អាច​ប្រើប្រាស់​តាម​បណ្តាញបច្ចេកវិទ្យា​ដែលមាន​នៅក្នុង​ទូរស័ព្ទដៃ​របស់​មនុស្សម្នាក់ៗបាន ហើយ​ផ្នែក​កសិកម្ម​នៅ​តំបន់​ជាយក្រុង​ក៏​នឹង​ប្រែក្លាយ​ពី​ការប្រើប្រាស់​មនុស្ស និង​គ្រឿងចក្រ​ពាក់កណ្តាល​ស្វ័យប្រវត្តិ​ទៅជា​ប្រព័ន្ធ​ស្វ័យប្រវត្តិ​ទាំងស្រុង។

    បច្ចេកវិទ្យា​ទាំងអស់នេះ​ត្រូវបាន​គេ​មើលឃើញថា អាច​នឹង​ធ្វើឱ្យ​មនុស្ស​ដែល​រស់នៅក្នុង​ទីក្រុង​ឆ្លាត​វៃ (smart city) អាច​នឹងមាន​ភាពងាយស្រួល​ច្រើន ហើយ​ថែមទាំង​អាច​កាត់បន្ថយ​ការបំពុល​បរិស្ថាន​បាន​ច្រើន​ផងដែរ។ លើសពីនេះទៅទៀត ការរកស៊ី និង​ការភ្ជាប់​ទំនាក់ទំនងរ​វាង​ប្រជាជន​នៃ​ប្រទេសនីមួយៗនឹង​ចាប់ផ្តើម​កាន់តែ​មាន​ភាព​ងាយស្រួល​ឡើង ដែល​អាចធ្វើឱ្យ​កើតមាន​អា​ជីវ​កម្ម​ពហុ​ជាតិ​សាសន៍ រួមទាំង​នវានុវត្តន៍ថ្មីៗជាច្រើន​ផ្សេងទៀត​ដែល​ឆ្លើយតប​ទៅនឹង​របត់​ថ្មី​នៃ​ការរស់នៅ​របស់​មនុស្ស​ក្នុង​ពិភពលោក៕

  • ឱកាស​សម្រេច​ក្តី​ស្រមៃ​ទៅ​សិក្សា​នៅ​ប្រទេស​សិង្ហ​បុរី​បានមក​ដល់​ហើយ!

    ឱកាស​សម្រេច​ក្តី​ស្រមៃ​ទៅ​សិក្សា​នៅ​ប្រទេស​សិង្ហ​បុរី​បានមក​ដល់​ហើយ!

    ការ​បាន​ទៅ​សិក្សា​នៅឯ​ប្រទេស​អភិវឌ្ឍន៍ ឬ​ប្រទេស​ដែលមាន​ភាពល្បីល្បាញ​ផ្នែក​អប់រំ គឺជា​ក្តី​ស្រមៃ​យ៉ាង​ធំ​មួយ​របស់​សិស្ស ហើយ​វា​ក៏​ជា​មោទនភាព​មួយ​ផងដែរ​សម្រាប់​ក្រុមគ្រួសារ និង​ជីវិត​ខ្លួនឯង​ផ្ទាល់​ដែរ។

    សិង្ហ​បុរី ដែលជា​ប្រទេសមួយ​មាន​ភាព​ល្បីល្បាញ​ផ្នែក​អប់រំ​នៅលើ​ពិភពលោក ថ្មីៗនេះ​បានប្រកាស​ផ្តល់​អាហារូបករណ៍​សម្រាប់​សិស្ស​កម្រិត​មធ្យម​នៅក្នុង​បណ្ដា​ប្រទេស​ក្នុង​អាស៊ានដែល​ក្នុងនោះ សិស្ស​ពី​កម្ពុជា​ក៏​អាចមាន​សិទ្ធិ​ក្នុងការ​សម្រេច​ក្តី​ស្រមៃ​របស់ខ្លួន​ដើម្បី​បន្ត​ការសិក្សា​ដោយ​ឥត​បង់ប្រាក់​នៅ​សិង្ហ​បុរី​បានដែរ។

    អាហារូបករណ៍​ដែល​ផ្តល់ជូន​នេះ​ជា​អាហារូបករណ៍​របស់​ក្រសួង​អប់រំ នៃ​ប្រទេស​សិង្ហ​បុរី ដែល​ក្នុងនោះ​គឺមាន​ការផ្គត់ផ្គង់​ដល់​អ្នក​ប្រឡង​ជាប់​ទាំងអស់​នូវ​ប្រាក់​សម្រាប់​ការហូបចុក រ៉ាប់រង​លើ​ថ្លៃ​សិក្សា ការ​ស្នាក់នៅ និង​សំបុត្រ​យន្តហោះ ទៅ-មក​កម្ពុជា-សិង្ហ​បុរី​ទៀតផង។

    ចំពោះ​លក្ខខណ្ឌ​នៃ​ការជ្រើសរើស​គឺ​បេក្ខជន​ទាំងអស់​ត្រូវតែ​ជា​សមាជិក ឬ​ប្រជាជន​ដែល​ស្ថិតនៅ​តំបន់​អាស៊ាន (ASEAN) ដែល​កើត​នៅ​ចន្លោះ​ឆ្នាំ2002 ដល់​ឆ្នាំ2004 ដែលជា​សិស្ស​ពូកែ និង​ជា​សិស្ស​ដែល​កំពុង​សិក្សា​នៅ​ថ្នាក់​ទី10 ឬ​ទី11 នៅ​សាលា​មធ្យមសិក្សា​ចំណេះ​ទូទៅ។ បេក្ខជន​ត្រូវតែ​ជា​អ្នក​ដែលមាន​ចំណេះដឹង​ជ្រៅជ្រះ​លើ​ភាសា​អង់គ្លេស​ដែល​អាច​ប្រើប្រាស់​បាន​ទាំង​ការទំនាក់ទំនង និង​ការសិក្សា​ជា​ផ្លូវការ​នៅ​ប្រទេស​សិង្ហ​បុរី។

    ចំណែកឯ​ដំណាក់កាល​នៃ​ការជ្រើសរើស​គឺ ក្រោយពី​បេក្ខជន​ជាប់​ដំណាក់កាល​ទី1 ឬ​ត្រូវបាន​ជាប់​ជា​ជម្រើស​សម្រាប់​ការប្រឡង​ហើយ បេក្ខជន​ត្រូវ​ចូលរួម​ប្រឡងប្រជែង​សមត្ថភាព​ទូទៅ​ដូចជា​ភាសា​អង់គ្លេស និង​គណិតវិទ្យា ហើយ​ត្រូវ​ចូលរួម​សម្ភាស​ជា​បន្តបន្ទាប់។ ការប្រឡង និង​ការសម្ភាស​នឹង​ប្រព្រឹត្តទៅ​នៅ​ភ្នំពេញ ហើយ​ចំពោះ​បេក្ខជន​ដែល​ទទួលបាន​ជោគជ័យ​ជា​ស្ថាពរ​នឹងត្រូវ​ប្រកាស​លទ្ធផល​នៅ​ចុងខែ​កញ្ញា ឆ្នាំ2018នេះ។

    សម្រាប់​លក្ខខណ្ឌ​ក្នុងការ​ដាក់ពាក្យ​សម្រាប់​សិស្ស​កម្ពុជា គឺ​ត្រូវ​ដាក់ពាក្យ​នៅ​ការិយាល័យ​អាហារូបករណ៍ និង​កម្មសិក្សា​នៃ​នាយកដ្ឋាន​ទំនាក់ទំនង​វប្បធម៌ និង​អាហារូបករណ៍​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយ​បេក្ខជន​តម្រូវឱ្យ​ដាក់ពាក្យ​ជា Hard Copy។ ប្រសិនបើ​បេក្ខជន​ចង់​ដាក់ពាក្យ​តាម​បណ្តាញ​អន​ឡាញ ក៏​អាចដាក់​ពាក្យ​បាន​តាម​គេហទំព័រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ចាប់ផ្តើម​បើក​ពី​ថ្ងៃទី2 ខែឧសភា ឆ្នាំ2018 នេះ​តទៅ៕

  • កាន់តែ​អស្ចារ្យ ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​អន្តរជាតិ​របស់​ស្រា​បៀរ​អាន់​ឆ័​រ

    កាន់តែ​អស្ចារ្យ ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​អន្តរជាតិ​របស់​ស្រា​បៀរ​អាន់​ឆ័​រ

    បន្ទាប់ពី​បាន​បើកឆាក​នៃ​ការប្រកួត​លើកដំបូង​កាល​ព្រឹក​ថ្ងៃទី04 ខែមេសា កន្លងទៅ​ក្រោម​វត្តមាន​របស់​ក្រុមកីឡា​ជាប់​ជម្រើស​វិលជុំ​ដែល​មកពី​បណ្តា​ប្រទេសផ្សេងៗសរុប​ចំនួន17ប្រទេស​នោះ​រួចមក សម្រាប់​ថ្ងៃទី2 នៃ​ការប្រកួត​លើ​ទីលាន​ឆ្នេរ​ខ្សាច់​អន្តរជាតិ​សិប្បនិម្មិត នៅ​កោះ​ពេជ្រ កាន់តែ​មាន​ភាព​ទាក់ទាញ និង​អស្ចារ្យ​ជាទីបំផុត ដោយ​ក្រុម​កីឡាការិនី​ទាំងអស់​បាន​បញ្ចេញ​នូវ​សមត្ថភាព​របស់ខ្លួន ដើម្បី​ប្រកួត​ដណ្ដើមយក​ជ័យលាភី​យ៉ាង​ស្វិតស្វាញ។

    នៅក្នុង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​ក្រោម​ការផ្តល់​ពិន្ទុ និង​កាត់សេចក្ដី​យ៉ាង​សុ​ក្រិត​ពី​សំណាក់​អ្នកជំនាញ​ផ្នែក​កីឡាបាល់ទះ​អន្តរជាតិ នៅក្រោម​ក្រសែភ្នែក​មហាជន ដែល​ចូលរួម​ទស្សនា​ដោយផ្ទាល់​យ៉ាងច្រើន​កុះករ​នាពេលនោះ គេ​សង្កេតឃើញថា គ្រប់​ក្រុម​កីឡាក​រិ​នី ដែលជា​សមាសភាព​ស្ថិតនៅលើ​ទីលាន​ឆ្នេរ​ខ្សាច់​បានបង្ហាញ​ពី​សកម្មភាព​យ៉ាង​ស្វាហាប់​ក្នុងការ​ទប់ទល់​ទៅនឹង​ការ​វាយ​សម្រុករ​បស់ដៃ​គូប្រកួត​ប្រជែង​ជាខ្លាំង ។ យ៉ាងណាក៏ដោយ ចំពោះ​ការប្រកួត​រហូតដល់​វេលា​បញ្ចប់​នា​ថ្ងៃទី2 ជា​លទ្ធផល គណៈកម្មការ​ផ្តល់​ពិន្ទុ​នៅ​មិនទាន់​អាច​រកឃើញ​ក្រុម​ដែល​អាចមាន​លទ្ធភាព​លើក​ពាន​នៅឡើយ ខណៈដែល​ការប្រកួត​កំពុងស្ថិត​នៅក្នុង​វគ្គ​សន្សំ​ពិន្ទុ​នៅឡើយ ។

    គួរបញ្ជាក់​ផងដែរ​ថា កម្មវិធី International Beach Volleyball 2-Star FIVB World Tour គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី Anchor International Beach Volleyball Carnival 2018 របស់​ស្រា​បៀរ​អាន់​ឆ័​រ ដែល​បានរៀបចំ​សន្និសីទកាសែត​ប្រកាស​បើក​ជា​ផ្លូវការ​កាលពី​ថ្ងៃទី 27ខែកុម្ភៈ ឆ្នាំ 2018 នៅ​សណ្ឋាគារ កាំបូឌីយ៉ាណា។ កម្មវិធី​នេះ​បានចាប់ផ្តើម​ពីថ្ងៃ​ទី 24 ខែមីនា រហូតដល់​ថ្ងៃទី 27 ខែឧសភា ឆ្នាំ 2018 នៅ​ខេត្ត​ក្រុង​ធំ​ចំនួន 8 រួមមាន ខេត្តកំពង់ស្ពឺ ព្រះសីហនុ បន្ទាយមានជ័យ បាត់ដំបង កំពង់ចាម រាជធានី​ភ្នំពេញ រតនគិរី និង​សៀមរាប។

    ចំពោះ​ម៉ោង​ប្រកួត​កម្មវិធី International Beach Volleyball 2-Star FIVB World Tour ចាប់ផ្តើម​ពី​ម៉ោង 9 ព្រឹក​ដល់ 5ល្ងាច​ចាប់ពី​ថ្ងៃទី 4 ដល់​ថ្ងៃទី 6 ខែឧសភា នៅ​បរិវេណ​កោះ​ពេជ្រ រាជធានី​ភ្នំពេញ។ បន្ទាប់ពី​កម្មវិធី​ប្រកួត​នេះ ក៏មាន​ការប្រគុំ​តន្ត្រី​របស់​ស្រា​បៀរ​អាន់​ឆ័​រ​ក្រោម​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​តារា​ល្បី​ជាច្រើន ដូចជា កញ្ញា ភា​មា (Pia Mia) ដែលជា​កំពូល​តារាចម្រៀង​ស្រី​ដ៏​ល្បី​ប្រចាំ​សហរដ្ឋអាមេរិក ព្រមទាំង​តារា​ប្រុស-ស្រី ល្បីឈ្មោះ​ប្រចាំ​ព្រះរាជា​ណា​ច​កម្ពុជា​ជាច្រើនរូប​ផងដែរ ដូចជា កញ្ញា ឱក សុគន្ធ​កញ្ញា, លោក ខេមរៈ សេរី​មន្ត ,លោក នី​កូ ,លោក ឆន សុវណ្ណ​រាជ ,អ្នកនាង សុគន្ធ នីសា , អ្នកនាង សុខ ស្រី​នាង , កញ្ញា ទេព បូ​ព្រឹក្ស , កញ្ញា សួស វី​ហ្សា , អ្នកនាង ពេជ្រ សោភា , កញ្ញា វី ឌី​ណែ​ត , លោក ស្តិ​ប (Step) និង​លោក ជី ដេវីត ៕

  • វិនិយោគិន​ជប៉ុន​ត្រៀម​ផ្តល់​កម្ចី​ការប្រាក់​ទាប​ជូន​កសិករ​ខ្មែរ​សម្រាប់​វិស័យ​កសិកម្ម

    វិនិយោគិន​ជប៉ុន​ត្រៀម​ផ្តល់​កម្ចី​ការប្រាក់​ទាប​ជូន​កសិករ​ខ្មែរ​សម្រាប់​វិស័យ​កសិកម្ម

    ក្នុង​គោលបំណង​លើកកម្ពស់​កម្រិតជីវភាព​កសិករ និង​លើកស្ទួយ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរឡើង ក្រុម​អ្នកវិនិយោគ​ជប៉ុន​គ្រោង​នឹង​បោះទុន​វិនិយោគ​លើ​វិស័យ​ហិរញ្ញវត្ថុ សម្រាប់​ផ្តល់​ជា​កម្ចី​ក្នុង​អត្រា​ការប្រាក់​ទាប​ជូន​ដល់​កសិករ​កម្ពុជា។

    គម្រោង​វិនិយោគ​លើ​វិស័យ​មីក្រូហិរញ្ញវត្ថុ​នេះ​ត្រូវបាន​បង្ហើប​ឱ្យដឹង​នៅក្នុង​ជំនួប​រវាង​ថ្នាក់ដឹកនាំ​ក្រសួងពាណិជ្ជកម្ម​កាលពី​ចុង​សប្តាហ៍​មុន​ជាមួយ​ក្រុម​អ្នកវិនិយោគ​ក្រុមហ៊ុន Idemitsu Saison Microfinance ។

    នៅក្នុង​ជំនួប​នោះ​លោក Koichi Watanabe តំណាង​របស់​ក្រុមហ៊ុន Idemitsu Saison Microfinance បានលើកឡើង​អំពី​ប្រវត្តិ និង​ចក្ខុវិស័យ​របស់​ក្រុមហ៊ុន​ដែល​ផ្តោត​សំខាន់​លើ​ការចូលរួម​ពង្រីក​ឥណទាន​សម្រាប់​វិស័យ​កសិកម្ម​តាមរយៈ​សេវាកម្ម​ផ្ដល់ប្រាក់​កម្ចី​រយៈពេល​វែង និង​ការប្រាក់​ទាប​ដល់​កសិក​រ​ផ្ទាល់ ឬ​ដល់​សហគមន៍​ណាមួយ​ក្រោមរូបភាព​ដាក់​ទ្រព្យ​បញ្ចាំ​និង​មិនមាន​ទ្រព្យ​បញ្ចាំ។

    ជា​កិច្ច​ឆ្លើយតប​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​ថ្លែង​ស្វាគមន៍​ចំពោះ​វត្តមាន​ក្រុមហ៊ុន​ខាងលើ​ដែល​បានរួម​ចំណែក​ជួយ​ដល់​វិស័យ​កសិកម្ម និង​កសិករ​កម្ពុជា។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា ការពង្រីក​ឥណទាន​ក្នុង​វិស័យ​កសិកម្ម គឺជា​កិច្ចការ​អាទិភាព​មួយ​របស់​រាជរដ្ឋាភិបាល ហើយ​ការវិនិយោគ​របស់​ក្រុមហ៊ុន Idemitsu Saison នឹង​រួមចំណែក​ដោះស្រាយ​បញ្ហា​ដែល​កសិករ និង​ម្ចាស់​អាជីវកម្ម​ខ្នាតតូច​ភាគច្រើន​បាន​ជួបប្រទះ​ដោយសារតែ​ឥណទាន​កសិកម្ម​មាន​សារៈសំខាន់​ដល់​ការពង្រីក​មុខរបរ ក៏ដូចជា​បង្កើន​ផលិតកម្ម​ឱ្យស្រប​ទៅនឹង​តម្រូវការ​នៃ​ទីផ្សារ។

    ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​ស្នើ​សុំឱ្យ​ក្រុមហ៊ុន បន្ត​សហការ​ឱ្យបាន​ស្អិតល្មួត​ជាមួយ​ប្រជាកសិករ សហគ្រាស​ធុន​តូច និង​មធ្យម និង​សមាគម​កសិកម្ម​មួយចំនួន​ថែមទៀត​ដូចជា ស្រូវ-អង្ករ ដំឡូង​មី ម្រេច ពោត កៅស៊ូ ស្វាយ និង​ស្វាយចន្ទី-ល- ដោយសារតែ​ផលិតផល​ទាំងអស់នោះ មាន​សក្ដានុពល​ខ្ពស់​សម្រាប់​អភិវឌ្ឍ​ខ្សែចង្វាក់​តម្លៃ ដើម្បី​ធ្វើ​ពិពិធ​កម្ម​ការនាំចេញ​ទៅកាន់​ទី​ផ្សារ​អន្តរជាតិ៕

  • ប្រមើលមើល​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ2018 និង2019 ទៅជា​យ៉ាងណា?

    ប្រមើលមើល​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ2018 និង2019 ទៅជា​យ៉ាងណា?

    ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​កម្ពុជា​នៅក្នុង​ឆ្នាំ2017 មាន​ភាពល្អប្រសើរ ដោយ​អាច​សម្រេចបាន​កំណើន​ក្នុង​រង្វង់ 7.0% ដែល​គាំទ្រ​ដោយ​វិស័យ​សំណង់ វិស័យ​កាត់ដេរ ទេសចរណ៍ និង​កសិកម្ម។ ចុះ​ចំណែក​ឆ្នាំ2018 ដែលជា​ឆ្នាំ​បោះឆ្នោត និង​ឆ្នាំ2019 ខាងមុខ​បន្ទាប់​ទៀត តើ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​នឹង​ទៅជា​យ៉ាងណា?។

    លោក​បណ្ឌិត ចាប សុថា​រិ​ទ្ធ សេដ្ឋវិទូ​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិ​ការ និង​សន្តិភាព (CICP) ដែល​បានបញ្ចប់​ថ្នាក់បណ្ឌិត​មកពី​សាកល​វិទ្យាល័យ (Sydney)ប្រទេស​អូស្ត្រាលី​បាន​មានប្រសាសន៍ថា យោងតាម​ការស្រាវជ្រាវ​កន្លងមក សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ2018 និង2019នឹង​រក្សា​កំណើនថេរ​ក្នុង​រង្វង់ 6.9% ឬ7.1%ប្រហាក់ប្រហែល​នឹង​ឆ្នាំ2017កន្លងទៅ​ដែរ។

    លោក​បណ្ឌិត​បញ្ជាក់បន្ថែម​ថា ទោះ2018 ជា​ឆ្នាំ​បោះឆ្នោត​សកល​ក៏ដោយ ប៉ុន្តែ​តាម​ការសិក្សា​ស្រាវជ្រាវ​បានបង្ហាញ​ថា កម្ពុជា​នៅតែមាន​ស្ថិរភាព​នយោបាយ​ល្អប្រសើរ ធ្វើឱ្យ​វិស័យសំខាន់ៗដែល​ទ្រទ្រង់​សេដ្ឋកិច្ច​នៅតែ​បន្ត​បោះជំហាន​ទៅ​មុខជា​លំដាប់ ពិសេស​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​ដែលថ្មីៗនេះ​សហរដ្ឋអាមេរិក​ទើបតែ​បន្ត​ការអនុគ្រោះ​ពន្ធ​នាំចេញ​រយៈពេល 2ឆ្នាំ​បន្ថែមទៀត។

    សំណង់ផ្ទះល្វែង

    ចំណែក​វិស័យ​សំណង់ និង​ដីធ្លី​អាច​នៅ​ទ្រឹង​បន្តិច​នៅពេល​បោះឆ្នោត ប៉ុន្តែ​មិនមាន​ភាព​អសកម្ម ឬ​ថយចុះ​នោះទេ​ពោលគឺ​សំណង់​បុរី​មួយចំនួន​នៅតែ​បន្ត​ការសាងសង់ ចំណែក​អតិថិជន​ក៏បាន​ត្រៀម​ថវិកា​គ្រប់គ្រាន់​សម្រាប់​ទិញ​សំណង់​បុរី​លំនៅឋាន​ទាំងនោះ​ដែរ ដោយ​មិន​ពឹងផ្អែក​ទៅលើ​កម្ចី​ធនាគារ​ទាំងស្រុង​នោះឡើយ ហើយ​វិស័យនេះ​អាចមាន​សម្ទុះ​ល្អ​ឡើងវិញ​នៅក្រោយពេល​បោះឆ្នោត​រួច។

    ចំណែក​វិស័យ​កសិកម្ម​ទោះបី​ជាមាន​កំណើន​យឺត​ក៏ដោយ ប៉ុន្តែ​នៅតែ​បន្ត​ភាពប្រសើរឡើង​បន្តិចម្តងៗជា​រៀងរាល់ឆ្នាំ ពិសេស​ប្រជាជន​កម្ពុជា​បានធ្វើការ​ផ្លាស់ប្តូរ​ពី​កសិកម្ម​ខ្នាតតូច​មកជា​កសិកម្ម​ខ្នាត​ធំ​តាមរយៈ​ការប្រើ​គ្រឿងយន្ត​ជំនួស​ឱ្យ​ការប្រើ​សត្វ​គោក្របី​ដូច​មុន​ទៀត។ ប៉ុន្តែ​យ៉ាងណាក៏ដោយ លោក​បណ្ឌិត សុថា​រិ​ទ្ធ បាន​អះអាងថា ប្រជាជន​ខ្មែរ​នៅ​ខ្វះ​បច្ចេកទេស​រក្សា​គុណភាព និង​សោភ័ណភាព​សម្បក​វេច​ខ្ចប់​ផលិតផល​ដើម្បី​ដណ្តើមយក​ទីផ្សារ​ជាមួយ​ប្រទេសជិតខាង ដែល​ករណីនេះ​លោក​បាន​ជំ​រុញឱ្យ​ប្រជាពលរដ្ឋ​គួរតែ​ផ្លាស់ប្តូរ​ទម្លាប់​ចាស់​ពី​ការលក់​ស្រូវ​ទៅឱ្យ​ឈ្មួញ មកជា​ការវិនិយោគ​ល​ក្ខ​ណៈ​គ្រួសារ​កិន និង​លក់​ជា​អង្ក​រវេច​ខ្ចប់​ឱ្យបាន​ល្អ និង​ប្រកបដោយ​សោភ័ណភាព និង​គុណភាព​ដើម្បី​ទទួលបាន​ប្រាក់ចំណេញ​កាន់តែច្រើន។

    យោងតាម​ឯកសារ​ក្របខ័ណ្ឌ​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច និង​គោលនយោបាយ​ហិរញ្ញវត្ថុ​សាធារណៈ​សម្រាប់​ការរៀបចំ​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ2019 របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​បង្ហាញថា ក្នុង​ឆ្នាំ2018 និង​ឆ្នាំ2019 សេដ្ឋកិច្ចកម្ពុជា​ត្រូវបាន​រំពឹងថា​នឹង​នៅ​បន្ត​កំណើន​ក្នុង​រង្វង់​ប្រមាណ 7.0% ដែល​ទ្រទ្រង់​ដោយ​មូលដ្ឋាន​កំណើន​ស្រដៀង​គ្នា​នឹង​ឆ្នាំ2017។

    ផ្អែកលើ​និន្នាការ​ខាងលើ សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ 2018 និង2019 ត្រូវបាន​ព្យាករ​តាម​វិស័យ​សំខាន់4 រួមមាន 1.វិស័យ​កសិកម្ម​នឹង​បន្ត​សម្រេចបាន​កំណើន​យឺត​ក្នុង​រង្វង់1.8%ក្នុង​ឆ្នាំ2018 និង​ឆ្នាំ2019។ អនុវិស័យ​ដំណាំ​ត្រូវបាន​រំពឹងថា​នឹងមាន​កំណើន 2.2%ក្នុង​ឆ្នាំ​ទាំងពីរ ដោយ​កត្តា​អាកាសធាតុ​អំណោយផល ភាពប្រសើរឡើង​នៃ​ប្រព័ន្ធធារាសាស្ត្រ ព្រមទាំង​ការកើនឡើង​នៃ​ថ្លៃ​អង្ករ​នៅលើ​ទីផ្សារ​អន្តរជាតិ។

    ម្យ៉ាងទៀត​កម្រិត​ខ្ពស់​នៃ​តម្លៃ​កៅស៊ូ​លើ​ទីផ្សារ​អន្តរជាតិ គួបផ្សំ​នឹង​កំណើន​ខ្ពស់​នៃ​ផ្ទៃដី​ចៀរ​ជ័រកៅស៊ូ​នឹង​លើកទឹកចិត្ត​ឱ្យ​កសិករ​ខ្នាតតូច និង​ក្រុមហ៊ុន​ឯកជន​បង្កើន​ផលិតកម្ម​កៅស៊ូ​សម្រាប់​ការនាំចេញ។ អនុវិស័យ​កសិកម្ម​ត្រូវបាន​គេ​រំពឹងថា​នឹងមាន​កំណើន​ល្អប្រសើរ​ផងដែរ ដែល​ត្រូវ​ជំរុញ​ដោយ​ការបន្ត​កំណើន​ខ្ពស់​នៃ​វារីវប្បកម្ម​នៅពេល​ដែលមាន​និន្នាការ​កើនឡើង​នៃ​ការវិនិយោគពី​សំណាក់​វិស័យ​ឯកជន និង​ដៃគូ​អភិវឌ្ឍន៍។

    ការចិញ្ចឹម​សត្វ​ក៏ត្រូវ​បាន​ព្យាករ​ដែរ​ថា​នឹងមាន​កំណើន​ល្អ​ដោយសារ​ការបន្ត​កំណើន​នៃ​ការចិញ្ចឹម​គោ និង​មាន់ និង​កំណើន​ផលិតកម្ម​ជ្រូក ដោយសារតែ​ការ​ងើបឡើង​វិញ​នៃ​តម្លៃ​ជ្រូក​រស់។ ទោះជា​ដូច្នេះ​ក្តី វិស័យ​កសិកម្ម​នៅតែ​បន្ត​ជួយ​បញ្ហា​ប្រឈម​ច្រើន ដូចជា​កំណើន​ផលិតភាព​ទាប កង្វះ​ការវិនិយោគ​លើ​ការកែច្នៃ​ផលិត​ពាណិជ្ជនីយកម្ម​ក​សិ​កម្ម និង​បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។

    2.ចំណែក​វិស័យ​ឧស្សាហកម្ម​នឹង​បន្ត​រក្សា​កំណើន​រឹងមាំ​ក្នុង​អត្រា​ប្រចាំឆ្នាំ​ក្នុង​រង្វង់10% និង​ឆ្នាំ 2018 និង​ឆ្នាំ2019 ដែល​គាំទ្រ​ដោយ​ភាពរឹងមាំ​នៃ​វិស័យ​សំណង់ និង​ការបន្ត​កំណើន​នៃ​វិស័យ​កាត់ដេរ​ស្រប​នឹង​សម្ទុះ​កំណើន​ខ្ពស់​នៃ​វិស័យ​កម្មន្តសាល​មិនមែន​កាត់ដេរ ទាំង​សម្រាប់​នាំចេញ និង​បម្រើ​ទីផ្សារ​ក្នុងស្រុក។

    ក្នុងនោះ​ការរីកចម្រើន​វិស័យ​សំណង់ ជាមួយនឹង​អត្រាកំណើន​ប្រមាណ​ជា16.7%ក្នុង​ឆ្នាំ2018 និង​ឆ្នាំ16.9%ក្នុង​ឆ្នាំ2019 ត្រូវបាន​ឆ្លុះបញ្ចាំង​តាមរយៈ​ការបន្ត​ការ​ងាក​ទៅរក​ប្រភេទគម្រោង​សំណង់​តម្លៃ​ទាប និង​មធ្យម​ដែល​ជួយ​ប៉ះប៉ូវ​ដល់​កំណើន​យឺត​នៃ​ប្រភេទ​ថ្លៃ​ខ្ពស់។ ភាពរឹងមាំ​នៃ​វិស័យនេះ​ត្រូវបាន​បន្ត​គាំទ្រ​ដោយ​ការអនុវត្ត​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​តម្លៃ​សមរម្យ ការប្តេជ្ញាចិត្ត​របស់​រា​ជ​រដ្ឋាភិបាល​ក្នុងការ​អភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត និង​ភាពជឿជាក់​ចំពោះ​ការវិនិយោគ​មួយចំនួន​ក្នុង​ឆ្នាំ2018 ដែលជា​ឆ្នាំ​ត្រូវ​បោះឆ្នោត​ក៏ដោយ។

    វិស័យ​កាត់ដេរ​នៅ​រក្សា​កំណើន​ក្នុង​រង្វង់ 5.0%ក្នុង​ឆ្នាំ2018 និង2019 ដោយសារ​សេដ្ឋកិច្ចពិភពលោក ជាពិសេស​សេដ្ឋកិច្ច​នៃ​បណ្តា​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​របស់​កម្ពុជា​មាន​ភាពប្រសើរ​ជាង​ការរំពឹងទុក។ ទោះបីជា​យ៉ាងនេះ​ក្ដី ក៏​វិស័យនេះ​អាច​បន្ត​ប្រឈម​នឹង​សម្ពាធ​ថ្លៃដើម​ផលិតកម្ម ដែល​ប៉ះពាល់​ដល់​ការប្រកួតប្រជែង កំណើន​បៀវត្សរ៍​ដែល​លឿន​ជាង​ផលិតភាព ភាពមិនច្បាស់លាស់​នៃ​ការបញ្ជាទិញ និង​ការប្រកួតប្រជែង​កាន់តែខ្លាំង​ជាង​មុន​ពី​បណ្តា​ប្រទេស​ផ្សេងទៀត​ដែល​នាំចេញ​ផលិតផល​កាត់ដេរ​ដូច​កម្ពុជា​ដែរ។

    វិស័យ​ឧស្សាហកម្ម​ផ្សេងទៀត​ត្រូវបាន​រំពឹងថា នៅ​រក្សាបាន​កំណើន​ល្អ​ដដែល​ក្នុង​រង្វង់11.9% ក្នុង​ឆ្នាំ2018 និង12.2%ក្នុង​ឆ្នាំ2019 ដោយសារ​ការពង្រីក​ការវិនិយោគ​ដែលមាន​ស្រាប់ និង​ការវិនិយោគ​ថ្មី​ក្នុង​អនុវិស័យ​កម្មន្តសាល​មិនមែន​កាត់ដេរ​ដែលជា​ជ​ន្ទ​ល់​កំណើន​មួយ​ដ៏​រឹងមាំ​រួមមាន​ការផលិត​ម្ហូបអាហារ និង​ភេសជ្ជៈ គ្រឿង​ផ្គុំ​អេឡិចត្រូនិក គ្រឿងបន្លាស់ គ្រឿងសង្ហារិម កង់ និង​ស៊ីម៉ង់ត៍​ជាដើម។

    3.វិស័យ​សេវាកម្ម​ត្រូវបាន​ព្យាករ​ថា នឹង​មានកំ-ណើ​ន​ខ្ពស់​ក្នុង​រង្វង់​ប្រមាណ 7%ក្នុង​ឆ្នាំ2018 និង2019 ដោយសារ​ការរំពឹងទុក​នៃ​កំណើន​ល្អប្រសើរ​នៃ​វិស័យ​ទេសចរណ៍ លក់ដុំ លក់រាយ អចលនទ្រព្យ និង​វិស័យ​ដឹកជញ្ជូន និង​ទូរគមនាគមន៍។ ក្នុងនោះ​វិស័យ​ទេសចរណ៍​ត្រូវបាន​រំពឹងថា នឹង​បន្ត​ងើបឡើង​ក្នុង​អត្រាកំណើន 4.5%ក្នុង​ឆ្នាំ2018 និង4.70%ក្នុង​ឆ្នាំ2019 ដោយសារ​កំណើន​ខ្ពស់​នៃ​ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ ជាពិសេស​ពី​តំបន់​អាស៊ី ការខិតខំ​ប្រឹងប្រែងរ​បស់​រាជរដ្ឋាភិបាល​ក្នុងការ​ផ្សព្វផ្សាយ ការលើកទឹកចិត្ត​ឱ្យមាន​ការបើក​ជើងហោះហើ​រ​ត្រង់និង​ការដាក់ចេញ​នូវ​គោលនយោបាយ​នានា​ក្នុង​គោលបំណង​ទាក់ទាញ​ទេសចរ​បន្ថែម។

    ទោះ​យ៉ាងនេះ​ក្តី​ការធ្វើ​ពិពិធ​កម្ម​ផលិតផល និង​គោលដៅ​ទេសចរណ៍ ព្រមទាំង​ការទាក់ទាញ​ភ្ញៀវ​ចំណាយ​ខ្ពស់​នៅតែ​ជា​ប្រការ​ចាំបាច់ និង​បន្ទាន់​សំដៅ​ធានា​ចីរភាព​កំណើន​វិស័យនេះ ដើម្បី​បន្ត​តួនាទី​ជា​ជ​ន្ទ​ល់​សំខាន់​មួយ​សម្រាប់​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ។

    វិស័យ​លក់ដុំ និង​រាយ​ត្រូវបាន​ព្យាករ​ថា នឹងមាន​កំណើន​រឹងមាំ​ក្នុង​អត្រា 7.2%ក្នុង​ឆ្នាំ2018 និង7.3ក្នុង​ឆ្នាំ2019 ដោយសារ​ការរំពឹងទុក​នៃ​ការបន្ត​ការកើនឡើង​នៃ​ការប្រើប្រាស់​ក្នុងស្រុក។ ជាក់ស្តែងក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ កា​ប្រើប្រាស់​ក្នុងស្រុក​ត្រូវបាន​វាយតម្លៃថា​មាន​សម្ទុះ​ខ្លាំង ហើយ​និន្នាការ​នេះ​នឹង​នៅតែ​បន្ត​ដោយសារ​កំណើនប្រជាជន​ដែលមាន​ចំណូល​មធ្យម និង​ការផ្លាស់ប្តូរ​ឥរិយាបថ​នៃ​ការចាយវាយ​ដែល​ឆ្លុះបញ្ចាំង​តាមរយៈ​កំណើន​ហាង​លក់ដុំ និង​រាយ និង​បណ្តា​ភោជនីយដ្ឋាន​ក្នុងស្រុក និង​ភោជនីយដ្ឋាន និង​ភេសជ្ជៈ​អន្តរជាតិ​ជាច្រើន។

    លើសពីនេះ ការបង្កើន​ចំណាយ​របស់​រាជរដ្ឋាភិបាល​លើ​បៀវត្សរ៍​ជូន​មន្ត្រីរាជការ​ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ ព្រមទាំង​ការបង្កើន​ការវិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗក៏​នឹង​រួមចំណែក​យ៉ាងសំខាន់​ក្នុងការ​ជំរុញ និង​បង្កើន​សមត្ថភាព​ចំណាយ​ក្នុងស្រុក​ផងដែរ។

    វិស័យ​អចលនទ្រព្យ​ត្រូវបាន​រំពឹងថា នឹង​នៅតែមាន​កំណើន​រឹងមាំ​ក្នុង​រង្វង់8.5% ក្នុង​ឆ្នាំ2018 និង​ឆ្នាំ2019 ដែលមាន​និន្នាការ​ស្របគ្នា​ទៅនឹង​វិស័យ​សំណង់។ កំណើន​នេះ​នឹងត្រូវ​ទ្រទ្រង់​ដោយ​ការកើនឡើង​នៃ​សកម្មភាព​ទិញ-លក់ សំណង់​អគារ​ពាណិជ្ជកម្ម និង​លំនៅស្ថាន​ដែលមាន​តម្លៃ​ទាប និង​មធ្យម ដែល​ប៉ះប៉ូវ​ដល់​ការ​ថមថយ​នៃប្រតិបត្តិ​ការទិញ-លក់ និង​ជួល​លំនៅឋាន​ថ្លៃ​ខ្ពស់ ដោយសារ​កំណើន​ខ្លាំង​នៃ​ការផ្គត់ផ្គង់​ធៀប​នឹង​តម្រូវការ។

    វិស័យ​ដឹកជញ្ជូន និង​ទូរគមនាគមន៍ ត្រូវ​បានឮ​រំពឹងថា​នឹង​បន្ត​កំណើន​ក្នុង​អត្រា 7.3% ក្នុង​ឆ្នាំ2018 និង7.5% ក្នុង​ឆ្នាំ2019។កំណើន​វិស័យនេះ​ត្រូវបាន​ជំរុញ​ដោយ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធថ្មីៗដូចជា ការបើកផ្លូវ​រថភ្លើង​ថ្មី ការពង្រីក​ព្រលានយន្តហោះ និង​កំពង់ផែ​នានា និង​ការធ្វើឱ្យ​កាន់តែ​ប្រសើរឡើង​នៃ​ប្រព័ន្ធ​ឡូ​ជី​ស្ទីក ដែល​នឹង​ជួយ​ប៉ះប៉ូវ​ដល់​កំណើន​យឺត នៃ​ការនាំចេញ​ផលិតផល​កាត់ដេរ។

    សម្រាប់​ផ្នែក​ទូរគមនាគមន៍ ផែនការ​វិនិយោគ​ថ្មី​លើ​បច្ចេកវិទ្យា 5G និង​ការពង្រីក​វិសាលភាព​គ្របដណ្តប់​តំបន់​ដាច់ស្រយាល នឹង​ជួយ​ជំរុញ​ទីផ្សារ​អ៊ី​ន​ធើ​ណិ​ត​ឱ្យមាន​សម្ទុះ​ខ្លាំង​ក្នុង​រយៈពេល​ខ្លី និង​មធ្យម​ខាងមុខ។ ទោះយ៉ាងណា​វិស័យនេះ ក៏​ជួបប្រទះ​បញ្ហា​ប្រឈម​ទៅនឹង​កង្វះខាត​ប្រព័ន្ធ​ដឹកជញ្ជូន ពហុ​មធ្យោបាយ ព្រមទាំង​ភាព​មាន​កម្រិត​នៃ​ជំនាញ​និង​វិជ្ជាជីវៈ​ក្នុង​វិស័យ​ឡូ​ជី​ស្ទីក៕